រឿង៖ ពេជ្រប្រឡាក់ភក់

ក្រោមម្លប់រុក្ខាចោលចុះមកត្រជាក់ត្រឈឹងត្រឈៃជាទីមនោរម្យក្រៃលែងដល់សិស្សានុសិស្សជ្រកដើម្បីរំឭក មេរៀនរបស់ខ្លួនផងដែរ ។ មើលចុះសុទ្ធសឹងតែរៀបការ៉ូយ៉ាងរលើបរលោងជាកៅអី និងតុជាកន្លែងដែលសិស្សអាច ធ្វើស្វ័យសិក្សាបាន ។ សិស្ស ខ្លះរត់លេងដណ្ដើមសៀវភៅគ្នា ខ្លះកំពុងជក់ចិត្តដិតអារម្មណ៍នឹងសៀវភៅប្រលោមលោក ខ្លះឈរម្នាក់ឯងមានទឹកមុខទូទុក្ខបៀមសេចក្ដីសោកដែលលេចឡើងនៅលើផ្ទៃមុខ ខ្លះទៀតកំពុងឈរជិតក្លោងទ្វារ ហាក់អឹមអៀននឹងអ្នកយាមទ្វារ ។
សិស្សទាំងឡាយស្លៀកពាក់សម្លៀកបំពាក់តាមវិន័យសាលាគ្រប់គ្នា តែទោះជាយ៉ាង ណាក៏នៅមានអ្នកល្មើសវិន័យសាលាស្លៀកពាក់លេចលើលេចក្រោមដែរ ។ មនុស្សម្នាផងទាំងឡាយទាំងសិស្សទាំងគ្រូ ពេញចិត្តនឹងការមានសណ្ដាប់ធ្នាប់ល្អនេះណាស់ ។ ក្នុងវេលាសិក្សា សិស្សតែងលើកដៃសួរពីចម្ងល់របស់ខ្លួន រឹងរឹតតែ ធ្វើឱ្យគ្រូមានទឹកចិត្តបង្រៀនខ្លាំងឡើង ។ ទីធ្លាសាលា មានសភាពអ៊ូអរទៅដោយហ្វូងសិស្សកម្សាន្តលេងល្បែងផ្សេងៗ ខ្លះលេងសីដក់ ខ្លះលេងទាត់សីធម្មតា ខ្លះទៀតលេងទាត់បាល់ ខ្លះដទៃទៀតលេងល្បែងក្នុងទូរសព្ទរបស់ខ្លួនយ៉ាងជក់ចិត្ត ។ មិនតែប៉ុណ្ណោះ គេឃើញក្រុមសិស្សកំពុងធ្វើស្វ័យសិក្សាយ៉ាងមនោរម្យ ហើយទទួលនូវពុទ្ធិពីគ្នាទៅវិញទៅមក ផងដែរ ។
កំហឹងទល់កំហល់…
ពេលធម្មតាក៏ដូចជាពេលណា គេឃើញក្រុមសិស្សដែលខុសវិន័យលបលួចចូលរៀនជានិច្ច ។ នារីមួយក្រុម កំពុងអង្គុយក្រោមដើមអំពិលបារាំងរៀងលឹបលហាក់ស្ទាក់ស្ទើរមិនហ៊ានចូលថ្នាក់រៀន ។ ពេលនោះ ក៏មានសំឡេង មួយលាន់ឮឡើង
_ នាងនី ! នាងហ៊ានធ្វើបាបកនិដ្ឋាយ៉ាងនេះផងហេស៎ !
_ យ៉ាងម៉េច ? នាងចង់ត្រូវដែរមែនទេ ?
_ ហ៊ឹស ! នាងនេះកែលែងឡើងហើយមើលទៅ !
_ នឹងមកពីវាចេះដឹងរឿងយើងថា រៀនឬមិនរៀនធ្វើអី !
_ ហ៊ឹស ! កោតណាស់ដែលកនិដ្ឋានៅសង្ឃឹមថា នាងនៅអាចកែខ្លួនបាន !
_ កែខ្លួន ! កែអី ? យើងគ្មានខុសអ្វីនោះទេ ! ឬមួយពួកនាងចង់មកសងសឹកជំនួសនាងថានោះមែនទេ ? អ៊ីចឹងចូលមកចុះ !
_ បាន! ចាំមើលពួកនាងខ្លាំងប៉ុនណា ? យើងប្រាំនាក់ដូចគ្នាទេ ! យើងសងសឹកឱ្យបាន !
_ អ៊ីចឹងចូលមកចុះ ! យើងស្វាគមន៍ជានិច្ច !
ឈុតឆាកប្រយុទ្ធតតាំងគ្នាបានកើតឡើងធ្វើឱ្យផ្អើលសិស្សានុសិស្សមកឈរមើលត្រៀបត្រាយ៉ាងកកកុញបីដូច ជារឿងកុនលើកញ្ចក់ទូរទស្សន៍អ៊ីចឹង ។
_ ហក៎ ! យកមួកំផ្លៀងនេះទៅ !
_ (ផាច់)
_ អូយ ! នាងនី ! នាងឯងហ៊ានវាយយើងផងហេស៎ !
_ ចង់សងសឹក ! ជាមួយអ្នកណាបាន ! ជាមួយើងស្គាល់ស្ដើងពេកហើយ !
យ៉ានីស្ទុះសើយសំពត់ខ្លីទាត់នារីម្នាក់ផង ។ ស្រីស្រែកឡើង ៖
_ អូយ ! នាងនី ! នាងឯងទាត់យើងជាមួយនឹងនីតាផងហេស៎ !
_ យ៉ាងម៉េចប៉ុណ្ណឹង ! មិនទាន់រាងចាលទៀតហេស៎ !
គូកនយ៉ានីផ្សេងទៀតប្រតាយប្រតប់គ្នា ខ្លះក្របួចសក់គ្នា ខ្លះទះកំផ្លៀងគ្នាទៅវិញទៅមក ។
_ បានហើយ ! បានហើយ ! ឈប់វាយគ្នាទៀតទៅ ! យ៉ានី ! មិត្តទាំងអស់គ្នាឆាប់ឈប់ប្រយុទ្ធគ្នាភ្លាមទៅ ! អ្នក ទាំងអស់គ្នាមិនខ្មាសគេទេឬ ? នីតា ! ហេតុអ្វីក៏មកវាយគ្នា ?
ឮសូរសំឡេងបែបនេះ នីតា និងមិត្តនាងផ្សេងទៀត រួមជាមួយដៃគូបានឈប់វាយគ្នា ហើយងាកទៅរកម្ចាស់ សំឡេង ។ នាងក៏ឧទានឡើង ៖
_ កនិដ្ឋា ! គ្នាមកជួយសងសឹកឱ្យមិត្ត !
_ មិត្តរាប់អានខ្ញុំយូរហើយ ! មិត្តពុំដឹងចិត្តខ្ញុំទេឬ ?
_ សុំទោសកនិដ្ឋា ឱ្យគ្នាសុំទោស !
_ ពៀររម្ងាប់ដោយការមិនចងពៀរ ! មិត្តដឹងទេ ?
_ នែ ! ឈប់វាយហើយហេស៎ ! កំពុងតែជក់ដៃផង !
_ យ៉ានី ! មិត្តដឹងខ្លួនឡើង ! ត្រលប់មកជាមិត្តខ្ញុំដូចដើមវិញទៅ ! មិត្តនឹងស្ដាយក្រោយូវអំពើរបស់ខ្លួន !
_ ជាមួយអ្នកណាបាន ! ជាមួយយើងមិនចេះស្ដាយក្រោយទេ ចេះស្ដាយតែមុខ !
_ និយាយនេះពិតជាខុស ! បើថ្ងៃណាមួយ មិត្តស្ដាយក្រោយ ! មិត្តនេះនឹងនៅទទួលមិត្តជានិច្ច !
_ តុះ ! ពួកយើងទៅរកអ្វីសប្បាយវិញ ! ខ្ជិលនៅស្ដាប់លោកទេសនាណាស់ !
_ បើអ៊ីចឹងរកបងដនទៅ វាស្រេចបាត់ទៅហើយ !
_ អើ ! អ៊ីចឹងក៏បានដែរ !
_ អេ ! អីក៏សប្បាយចិត្តម្ល៉េះ !
_ គឺពួកយើងទើបនឹងបានទះកំផ្លៀងមនុស្សខ្លះ !
_ កុំធ្វើមុខអ៊ីចឹង ! ឈប់រម្លឹកទៅ ! តុះ ! ទៅបាររាំលេងញ៉ាំបៀរឱ្យត្រជាក់ចិត្តទៅ !
ក្រោមពន្លឺអំពូលពណ៌ដែលមើលមិនសូវច្បាស់ មនុស្សម្នាក្មេងចាស់ផឹកស្រាមើលអ្នករាំ ។ អ្នកខ្លះរាំចេញក្បាច់ ប្លែកៗ ខ្លះរាំដោយភាពស្រវឹង គេចេះតែលើកដៃលើកជើងទៅតាមភ្លេង ហើយអំពូលវិញក៏ម្ដងភ្លឺ ម្ដងងងឹតដែរ ។ គេ ឃើញក្មេងស្រីដប់ប្រាំ ដប់ប្រាំមួយឆ្នាំកំពុងតែកាន់កែវស្រាទង្គិចគ្នាលាន់ឮសូរ (ពើង) ហើយក៏សើចក្អាកក្អាយដែរ ។ យុវជនម្នាក់មាឌធំបានបន្លឺឡើង ៖
_ យ៉ាងម៉េចឡើងរាំជាមួយបងបន្តិចបានទេ ?
_ មានអី !
យ៉ានីក៏ត្រូវយុវជននោះដឹកដៃទៅ រួចចូលក្នុងវង់រាំនឹងគេដែរ ។ ពេលនោះ ស្រាប់តែភ្លេងស្ល៊ូចាប់ប្រគំឡើង នាំ ឱ្យយុវជនយកដៃឆ្វេងចាប់ដៃស្ដាំយ៉ានី ចំណែកដៃស្ដាំរាវបបោសអង្អែលកាយាស្រី ។ បន្តិចក្រោយមក ឮសំឡេងអឺងកង ឡើង ហើយបានប្រកូកប្រកាសឡើង ៖
_ អាដននៅឯណា ? ឱ្យវាមកជួបអញភ្លាម !
_ ស្អី ? អាឆក! អញមានគំនុំអីនឹងឯង បានជាឯងអុកឡុកដល់ទីនេះ ?
_ អើ ! ម៉េចបានឯងវាយអាដែនកូនចៅអញ ? ឯងមិនស្គាល់អញទេអ្ហី ?
_ បើថាមករករឿង គឺមករករឿងទៅ ! ចាំបាច់សូញសាញច្រើនទេ !
នាយដនកាន់ដបស្រាវាយឱ្យបែកនៅមួយកំណាត់នៅនឹងដៃធ្វើជាអាវុធ ។ រីនាយឆកកាន់ដបបែកធ្វើជាអាវុធ ដែរ ។ ឈុតឆាកប្រយុទ្ធគ្នាបានបង្អើលភ្ញៀវរត់ពីបារអស់ ។ យ៉ានីសួរទៅនាយដនដោយភិតភ័យឡើង ៖
_ បងចុះអូនធ្វើយ៉ាងម៉េចទៅ ?
_ អូនឆាប់រត់គេចខ្លួនសិនទៅតាមគេតាមឯងសីនទៅ !
ភ្លាមនោះ កែវល្អបាននាំគ្នីគ្នារត់ចេញទៅជាមួយភ្ញៀវដទៃទៀតទៅ ។ គេមិនដឹងថា ឈុតឆាកបន្ទាប់យ៉ាងណា នោះទេ ?
សន្ទុះចិត្តក្រមុំ…
នាបច្ចូសកាលចូលមកដល់ គេឃើញស្រមោលខ្មៅស្ទុងៗកាត់តាមសួនច្បារយឺតៗលបៗហាក់មិនចង់ឱ្យ នរណាឃើញឬមួយខ្លាចអ្វីមួយអ៊ីចឹង ។ ភ្លាមនោះ សំឡេងធំគ្រលរបានលាន់ឮឡើង ៖
_ យ៉ើស ! មីក្មេងជើងល្អ ! មកដល់ផ្ទះវិញហើយហេស៎ !
_ ចុះកូនមានពិការជើងពីណា ?
_ នៅតមាត់ឡើងប៉ប៉េះទៀត !
_ ចុះកូនថាហ្នឹងត្រូវទេតើ !
_ ដើរលេងជួនយប់ក៏មកដល់ ជួនដាច់យប់ក៏មកដល់ !
_ កូននៅផ្ទះពួកម៉ាកកូនទេតើ !
_ ពួកម៉ាករបៀបហ្នឹងនាំកូនឱ្យដើរលេងបែបហ្នឹងហេស៎ ! ដែលហៅថាពួកម៉ាក !
_ មនុស្សយើងត្រូវតែដើរលេងខ្លះហើយ មិនមែននៅរៀនរហូតនាំឱ្យស្មុគនោះទេ !
_ ដើរលេងរហូតត្រូវគេផ្ញើសំបុត្រមកដល់ផ្ទះបែបនេះ ដែលហៅថាដើរលេង ?
_ មនុស្សទាន់សម័យ គេដើរលេង…
_ ចូលបារ ផឹកស្រា ជក់គ្រឿងញៀនអ៊ីចឹងហេស៎ !
_ ឱ្យតែសប្បាយ កុំទៅគិតរឿងឥតប្រយោជន៍ !
_ ដើរលេងជាមួយជនអន្ធពាល តើកូនមានខូចខ្លួនជាមួយអាដន ហើយឬនៅ ?
_ កូនមិនមែនងាយទេ !
_ នីកូន ! ដើរលេងជាមួយប្រុសឈ្មោលអ៊ីចឹងមិនល្អទេ !
_ មិនឱ្យខ្ញុំដើរជាមួយយ៉ាងម៉េច ? បើគាត់ជាសង្សាររបស់ខ្ញុំ ហើយវាជាសិទ្ធិរបស់ខ្ញុំណាម៉ាក់ !
_ ដើរនៅជាមួយគេអ៊ីចឹង វាខុសនឹងប្រពៃណីខ្មែរខ្លាំងណាស់បែបនេះនោះ !
_ គ្មាននរណាល្អដូចសំពត់ក្នុងផ្នត់ទេ គឺវាកាន់ក្អែលតាមស្នាមផ្នត់នោះហើយ ។ ត្រូវទេ ?
_ ឈប់ជជែកជាមួយមីកូនក្បាលរឹងទៀតទៅ !
_ មកពីក្បាលរបស់ខ្ញុំ វាសុទ្ធតែឆ្អឹងទើបវារឹង ! (ផាច់)
_ លោកប៉ា ! លោកប៉ាហ៊ានវាយកូនផង ! លោកប៉ាគួរឱ្យស្អប់ណាស់ !
ថាហើយ មាណវីបានរត់ចេញពីផ្ទះបាត់ស្រមោលសូន្យឈឹងទៅ…
នៅក្នុងបន្ទប់សិក្សានៃអគារវិទ្យាល័យ សិស្សមួយក្រុមកំពុងតែអើតលើមនៅមាត់បង្អួច ខ្លះអង្គុយ ខ្លះឈរ ខ្លះទៀតរអ៊ូរងិរងូសព្រោះមិនបានមើល ។ តើពួកគេកំពុងមើលអ្វី ? តើពួកគេកំពុងមើលក្មេងៗកំពុងលេងទោង មឹកខួង ឬដេញប្រឡែងគ្នាមែនទេ ? មិនមែនទេ ! អ៊ីចឹងតើគេមើលអី ?
បើសម្លឹងតាមបង្អួច គេឃើញគូស្នេហ៍ពីរនាក់កំពុងឱបថើបគ្នា ។ ដៃរបស់បុរសបានស្ទាបអង្អែលកាយាស្រីធ្វើឱ្យ រំភើបញាប់ញ័រត្រកត្រអាលនឹងភ្លើងស្នេហ៍ដុតរោល ។ កំពុងតែលង់ក្នុងកាមារម្មណ៍អណ្ដែតអណ្ដូងរកកោះរកត្រើយ ពុំឃើញ ។ ស្រាប់តែ បុរសម្នាក់បានស្រែកឡើង ៖
_ ឈប់ភ្លាម ! យ៉ាងម៉េចក៏ប្អូនមកធ្វើអំពើអនាចារបែបនេះទៅវិញ មិនចេះខ្មាសអៀនអ្នកលួចមើលពីខាងលើ ទេហេស៎ !
ឮពាក្យសម្ដីខ្លាំងៗ ហើយចង្អុលមករកពួកខ្លួនក្រុមសិស្សដែលលួចមើលក៏បំបែកគ្នា។ បុរសដែលឱបថើបយ៉ានី សួរទៅរកយ៉ានីដោយបន្លឺវាចាឡើង ៖
_ លោកជានរណា ?
_ គាត់ជាបងប្រុសរបស់អូន !
_ អូហ៍ ! អ៊ីចឹងទេ !
_ លោកជាអ្នកណាទៅ បានមកស្ទាបអង្អែលប្អូនស្រីរបស់យើងបែបនេះទៅវិញ ?
_ គាត់ជាសង្សាររបស់អូនណា៎បងប្រុស !
_ សង្សារ ! គ្រាន់តែសង្សារប៉ុណ្ណោះ ហ៊ានធ្វើអំពើពាលាបែបនេះនៅទីសាធារណៈកណ្ដាលថ្ងៃចែសទៅហើយ !
_ តែពួកយើងស្រឡាញ់គ្នា !
_ ស្រឡាញ់ ! ម៉េចមិនឱ្យគេចូលស្ដីដណ្ដឹងតាមច្បាប់ទម្លាប់តាមប្រពៃណីទៅ !
_ បង ! ពួកយើង…..
_ ប្អូនរើសទៅរវាងបងនិងគេ ! ប្អូនយកអ្នកណា?
_ បងដន ! ម៏! យើងទៅកន្លែងផ្សេងវិញ !
_ ថ្ងៃក្រោយ កុំឱ្យបងឃើញទៀតឱ្យសោះ !
នាយឈរមើលប្អូនរហូតដល់ផុតកន្ទុយភ្នែក ចិត្តមួយព្រួយបារម្ភ ចិត្តមួយស្រឡាញ់ប្អូន ។ ការស្រឡាញ់វាពេញ ប្រៀបក្នុងជម្រៅដួងចិត្តជាបងប្រុសនេះអស់ទៅហើយ ។
មានថ្ងៃមួយ នរៈជាបងបានជួបយ៉ានីតាមផ្លូវ ហើយនាងក៏ស្រែកហៅឡើង ៖
_ អេ ! បងប្រុស !
_ អានី ! មានការណ៍អ្វី ?
_ គឺរឿងតិចតួចហ្នឹងណា៎ !
_ នេះប្អូនផឹកស្រាផង ?
_ ញ៉ាំតែបន្តិចតើ !
_ មានការណ៍អី ?
_ សុំលុយចាយហ្នឹងណា៎ !
_ ក្រែងប្អូននៅជាមួយអាដននោះអី ! ម៉េចមិនសុំលុយគេ !
_ បងកុំសូញសាញពេក ! មានឬក៏អត់ ?
_ ណេះ ! បងមានតែមួយម៉ឺនរៀលតែប៉ុនហ្នឹង ! យកអត់ ?
_ ប៉ុនហ្នឹងក៏បាន !
_ ប្អូនគួរតែទៅជួបម៉ាក់ប៉ាផង !
_ ដឹងហើយ ! ចាំគិតមើលសិន ! (និយាយបណ្ដើរ រាប់លុយបណ្ដើរ)
_ ហើយប្អូននៅទីណាឥឡូវ ?
_ បងកុំចង់ដឹង !
_ បងព្រួយបារម្ភពីប្អូនទើបសួរទៅ !
_ កុំបារម្ភអី ! ខ្ញុំមិនមានគ្រោះថ្នាក់ទេ !
_ អើ ! ឱ្យតែពូកែទៅ !
_ អ៊ីចឹង ! ខ្ញុំលាបងសិនហើយ !
យុទ្ធនាការបំបែកសម្បុក…
វីឡាមួយខ្នងធំចង្គ្រាង លាន់ឮតែមនុស្សស្រែកឡូឡាអ៊ូអែ ។ នៅខាងមុខវិឡា យ៉ានីឈរហួចបណ្ដើរ ដើរឈូស ដីបណ្ដើរ ។ កំពុងតែស្លុងអារម្មណ៍ ស្រាប់តែឮសំឡេងបងប្រុសស្រែកឡើង ៖
_ យ៉ានី !
_ អូ! បងប្រុស !
_ ប្អូនស្រីម៉េចក៏នៅទីនេះដែរ ?
_ ខ្ញុំនៅទីនេះជាមួយសង្សាររបស់ខ្ញុំប៉ុណ្ណោះតើ !
_ កន្លែងនេះមិនល្អទេ ! ប្អូនឆាប់ទៅជាមួយបងវិញទៅ !
_ ទេ ! (រួចរត់ចូលទៅក្នុងវីឡាបាត់)
ក្នុងវិឡាវិញ មានមនុស្សអ៊ូអរជាច្រើន ខ្លះលេងបៀ ខ្លះលេងអាប៉ោង ខ្លះទៀតក៏រាំញ័រញាក់តាមបែបបទបរទេស យ៉ាងសប្បាយរីករាយក្នុងចិត្តក្រៃលែង ។ ភ្លាមនោះ សំឡេងមួយបានស្រែកលាន់ឮឡើង ៖
_ ស៊យមែន! ចាញ់ឱ្យរហូត ! យ៉ាប់មែន !
_ យ៉ាងម៉េចហើយ ? អូនសម្លាញ់ ! លេងបៀចាញ់មែនទេ ? ប្ដូរបរិយាកាសវិញទៅ ! ម៏! ! ទៅរាំជាមួយបង វិញយ៉ាងម៉េចដែរ ?
_ អ៊ីចឹងក៏បាន !
ធីតាងើបឡើងដើរទៅវង់រាំ ហើយរាំលេងយ៉ាងសប្បាយរីករាយក្នុងចិត្តក្រៃលែង ។ អស់ពីរាំលេងសប្បាយ នាយ ដនបានឱ្យនាងជក់គ្រឿងញៀនដោយភរថា ថ្នាំសប្បាយ ។ លុះដល់ជាតិថ្នាំបានគ្រប់គ្រងអារម្មណ៍របស់នាង ហើយ នាយដនបានគ្រាហ៍នាងចូលក្នុងបន្ទប់ ។ នាយដនបានបើកអំពូលភ្លើងស្រទំ គេឃើញប្រាណស្រស់ស្រីដេកស្ដូកស្ដឹង ។
នាយក៏បានចាប់ផ្ដើមបបោសអង្អែលកាយស្រីយ៉ាងថ្នមៗ ។ យ៉ានីនាងលង់ក្នុងអំណាចជាតិថ្នាំធ្វើឱ្យអារម្មណ៍ស្រើបស្រាលបានគ្របដណ្ដប់អារម្មណ៍នាងទាំងមូល ហើយនាងហាក់អណ្ដែតលើអាកាស ។ អ្នកទាំងពីរលង់ក្នុងកាមារម្មណ៍ លែងដឹងលែងឮអ្វីៗទាំងអស់ ។ កំពុងតែបបោសអង្អែល ហើយចាប់ផ្ដើមដោះសម្លៀកបំពាក់ ។ ស្រាប់តែ សំឡេងមួយ កាត់ផ្ដាច់សង្វាក់ដោយលាន់ឮឡើង ៖
_ បងដន ! អ៊ើ! បងដន !
សំឡេងនេះធ្វើឱ្យនាយដនខឹងសម្បារយ៉ាងខ្លាំង ហើយឆ្លើយទាំងកំហឹងក្រេវក្រោធយ៉ាងខ្លាំងឡើង ៖
_ វាស្អីអ្ហា ! មានរឿងអី ? ខូចអារម្មណ៍អស់រលីងវ៉ី !
_ គឺ…! គឺ…!
_ គឺស្អី ?
_ គឺប៉ូលីសព័ទ្ធផ្ទះយើងជិតហើយណា៎បង !
_ អ្ហាក៎ ! ម៉ាយូរហ្អើយ អ្ហែងទើបតែប្រាប់អញ !
_ លឿនឡើង ! បង !
_ អ៊ើអញទៅហ្អើយ !
_ បងដន ! ចុះអូនវិញ ?
_ អូនទៅតាមទ្វារក្រោយទៅ !
សំឡេងឧគ្ឃោសនសព្ទប្រកាសរបស់ក្រុមសមត្ថកិច្ចចម្រុះបានប្រកាសស្រែកឱ្យមនុស្សក្នុងវីឡាព្រមប្រគល់ខ្លួន ។ តែអ្នក ទាំងនោះមិនព្រម ដូច្នេះក្រុមសមត្ថកិច្ចបានបង្ក្រាបដោយការបាញ់បោះដាក់គ្នាយ៉ាងខ្លាំងក្លា ។ ការបង្ក្រាបត្រូវបានចាក់ ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដោយផ្ដិតយករូបភាពផ្ទាល់មកជាមួយផង ។ នៅក្នុងអាហារដ្ឋានមួយ ដោយគេបានបើក មើលព័ត៌មានសន្តិសុខសង្គមនេះមកឱ្យភ្ញៀវមើល ។ ភ្លាមនោះ យ៉ានីបានបានមើលឃើញការបាញ់បោះនេះ ។ ឃើញ ក្រុមសមត្ថកិច្ចដូច្នេះ នាយដនបានស្រែកឡើង ៖
_ អញមិនឱ្យពួកអ្ហែងចាប់អញបានឡើយ ! អញសុខចិត្តងាប់ !
ពេលនោះ នាយដនបានត្រូវក្រុមសមត្ថកិច្ចបាញ់ត្រូវក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។ យ៉ានីបានស្រែកទួញ យ៉ាងខ្លាំងឡើងផ្អើលអ្នកចូលហូបចុកងាកមើលលាន់ទាំងអស់គ្នាដោយបន្លឺឡើង ៖
_ បងដន ! បងស្លាប់ចោលអូនហើយ ! តើឱ្យអូនទីពឹងលើអ្នកណា ?
នាងខ្ទប់មុខរត់ចេញ ធ្វើឱ្យភ្ញៀវក្នុងអាហារដ្ឋានលាន់មាត់ឡើង ៖
_ យី ! នាងនេះ ! ចំជាចម្លែកម្ល៉េះ ! ទៅអាណិតចោរទៅវិញ !
វិប្បដិសារៈ…
នៅមុខហាងលក់សម្លៀកបំពាក់ដ៏ទំនើបមួយ មានរថយន្តទំនើបជាច្រើនបានមកចតត្រៀបត្រាខ្លះពណ៌ស ខ្លះ ពណ៌ខ្មៅ ពណ៌កាត់ស្តាំងជាដើម ។ ចរាចរណ៍នៅលើដងវិថីមានសភាពអ៊ូអរប្រកបទៅដោយរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន កង់ធ្វើដំណើរទៅមកឥតដាច់ ។ មនុស្សម្នាមានសភាពអ៊ូអរកុះករ ខ្លះដើរទៅ ខ្លះកានថង់ចេញពីហាង ផ្សេងៗ ខ្លះក៏ដើរតែម្នាក់ឯង ខ្លះមានគ្នាពីរនាក់ដើរសាសងគ្នា ខ្លះដើរច្រើនគ្នាក៏មាន ។
នារីម្នាក់បានដើរចេញពីក្នុងហាង ហើយស្លៀករ៉ូបវៀលខ្នងពណ៌ក្រហមមានជាយរ៉ូបខើចខ្លី ដៃកាន់ថង់សម្លៀក បំពាក់ជ្រែកដៃជ្រែកជើង ។ ភ្លាមនោះ សំឡេងមួយបានមកបង្អាក់ដំណើរ នាងងាកមករកប្រភពសំឡេងភ្លាមដែរ ។ នាងបានឃើញនារីម្នាក់ស្លឿកពាក់រយីករយាកប្រឡាក់ប្រឡូសទៅដោយធូលី ហើយនិយាយស្ដីមកកាន់នាង ៖
_ អាដា ! ឯងអត់ស្គាល់គ្នាទេអី ?
_ នាងជាអ្នកណា ? កុំនិយាយច្រើន ! ឆាប់ថយចេញ ! រំខានពេលវេលាយើងណាស់ ! បើសុំលុយប្រាប់ថាសុំ លុយទៅ ! កុំបូរបាច់ច្រើន ! យើងធុញនឹងអ្នកក្រណាស់ ! ម្អេះម្អួយច្រើនណាស់ !
_ អាដា ! ឯងពិតជាមិនស្គាល់គ្នាមែនហេស៎ ? គ្នាគឺយ៉ានីណា៎ !
_ យ៉ានី ! បងដនស្លាប់បាត់ហើយ ! នាងក៏គ្មានសារៈសំខាន់អីសម្រាប់យើងដែលត្រូវរាប់អានទៀតដែរ !
_ អាដា ! ម៉េចក៏ឯងនិយាយអ៊ីចឹងទៅវិញ ! នេះឯងមើលឃើញតែលុយមែនទេ ?
_ ថាអ៊ីចឹងក៏បាន ! មនុស្សស៊ីវិល័យដូចជាយើងនេះ ! មើលទៅរាប់អានតែនាងពេលមានលុយប៉ុណ្ណោះ ទើប វាសក្ដិសមនឹងយើងណា៎ !
_ ពុទ្ធោ !
_ គ្មានពុទ្ធោពុទ្ធំអីនៅទីនេះទេ ! ងាកចេញ ! យើងប្រញាប់ !
និយាយចប់ នាងដាក៏បោះថង់សម្លៀកបំពាក់ទៅក្នុងបាំងក្រោយរបស់រថយន្ត រួចក៏ចូលបញ្ជាយានឱ្យថយ ហើយបើកចេញទៅ ។ ទុកឱ្យយ៉ានីយំខ្សឹកខ្សួលតែម្នាក់ឯងគ្មានគ្នាឡើយ ។ សំឡេងមួយបានលាន់ឮពីក្រោយខ្នងនាង ៖
_ យ៉ានី! ម៉េចក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះ ?
_ ពួកនាងច្រឡំហើយ ! ខ្ញុំឈ្មោះនួន មិនមែនយ៉ានីនោះទេ !
_ ទោះបីជាមិត្តទៅជាផេះ ក៏គ្នានៅតែស្គាល់មិត្តដែរ !
_ ទេ ! ទេ ! ពួកនាងច្រឡំហើយ !
និយាយរួច ស្រស់ស្រីក៏រត់គេចចេញពីពួកកនិដ្ឋា ហើយចូលពួននៅផ្លូវតូចមួយ ។ នាងនិយាយខ្សឹបៗឡើង ៖
_ សុំទោសកនិដ្ឋា ! សុំទោសនីតា ! សុំទោសអ្នកទាំងអស់គ្នា ! ខ្ញុំខុសហើយ !
និយាយបានប៉ុណ្ណេះ រាងកាយរបស់យ៉ានីចាប់ញ័រកន្ត្រាក់ដូចជាខ្សែភ្លើងឆក់ អារម្មណ៍ច្របូកច្របល់ នាងដឹង ច្បាស់ថា នាងកំពុងញៀនថ្នាំហើយ ។ នាងខំប្រឹងប្រឆាំងយកឈ្នះទាំងក្ដីលំបាក ទាំងភាពហេវហត់អស់កម្លាំង ហើយ ក៏ដេកលង់លក់ទៅ ។
នាងបានយល់សុបិន្តថា មានភ្លៀងមួយមេធំស្រោចស្រពមកលើខ្លួនរបស់នាងធ្វើឱ្យនាងទទឹកជោកប្រាណទាំងមូល។ នាងបានបើកភ្នែកស្រប ពេលនឹងសំឡេងមួយបាននិយាយឡើង ៖
_ អ៊ើ ! ស្មានថាអត់មនុស្ស !
តាមពិតទៅ គេដឹងតែធ្វើជាមិនដឹង ដើម្បីដេញមនុស្សដែលតែងតែមកដេកនៅតាមសំយ៉ាបផ្ទះនោះប៉ុណ្ណោះ ។
ប្រទេសជិតខាង…
យ៉ានីបានធ្វើដំណើររសាត់អណ្ដែតដូចជាចកត្រូវខ្យល់បក់ផាត់គ្មានគោលដៅហាលភ្លៀងហាលខ្យល់ដើរ អនាថាស្ទើរគ្រប់ច្រកល្ហក ។ ជួនកាលនាងឆក់នំចំណីរបស់ក្មេងមកញ៉ាំ ជួនកាលទៀតនាងរើសអាហារតាមធុងសម្រាម យកមកហូបក៏មាន ។ សំណាងល្អបានកើតឡើង ឆោមល្អបានជួបជាមួយស្ត្រីម្នាក់បុរសម្នាក់ ។ ស្ត្រីនោះបានពោល លាន់មាត់ឡើង ៖
_ អ៊ើ ! រកឧសប្រទះឈើងាប់មែន ! គ្រប់ចំនួនមនុស្សត្រូវបញ្ជូនទៅធ្វើការងារនៅប្រទេសថៃល្មមហើយ !
_ មីងថាទៅធ្វើការនៅប្រទេសថៃមែនទេ ? តើជាការងារអ្វីដែរ ?
_ ការងារសំណង់ ឧស្សាហកម្ម ធ្វើការងារតាមផ្ទះមានធ្វើម្ហូបអាហារ មើលក្មេង ថែសួនជាដើម ។
_ គួរឱ្យចាប់អារម្មណ៍ណាស់ ! ខ្ញុំចង់ទៅធ្វើការនៅទីនោះណាស់ ! សូមអ្នកមីងជួយខ្ញុំផង !
_ នេះជាសំណុំបែបបទចេញទៅធ្វើការ ក្មួយបំពេញវាទៅ !
_ ចាស៎ !
ក្រោយពីបំពេញសំណុំបែបបទហើយ យ៉ានីក៏ហុចទៅឱ្យស្ត្រីម្នាក់នោះ ហើយសួរទៅទៀត ៖
_ តើគេទៅអង្កាល់ ?
_ ប្រហែលជាពីរបីថ្ងៃទៀតប៉ុណ្ណោះ !
_ អ៊ីចឹង ! ខ្ញុំសូមអរគុណមីងទុកជាមុន !
តាមពិតទៅ ស្ត្រីនោះគឺជាឈ្មួញជួញដូរមនុស្សយកទៅធ្វើការតាមការដ្ឋានសំណង់ ជាអ្នកនេសាទត្រីប៉ុណ្ណោះ ។
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈររកធ្វើអ្វីមិនទាន់ឡើយ ។ ស្ត្រីនោះបានហៅយ៉ានីឱ្យទៅជួបជុំគ្នាជា មួយអ្នកដទៃទៀតជាច្រើននាក់ ។ ភ្លាមនោះ រថយន្តទូរីសពីរគ្រឿងបានមកឈប់ចតនៅពីមុខពួកគេ ។ ស្ត្រីនោះបាន ប្រាប់ដល់ពួកគេ ៖
_ នេះគឺជាឡានដែលដឹកពួកយើងដាក់នៅកន្លែងធ្វើការហើយ ! អ្នកទាំងអស់គ្នាប្រញាប់ឡើងទៅ !
និយាយចប់ មនុស្សម្នាមួយហ្វូងធំបានឡើងទៅក្នុងរថយន្ត ហើយរថយន្តក៏ចេញដំណើរទៅ ។ យ៉ានីបាន សម្រក់ទឹកភ្នែក ព្រោះត្រូវឃ្លាតចាកឆ្ងាយពីមាតុភូមិដ៏ល្អត្រកាលគួរឱ្យស្រឡាញ់ពេញចិត្តក្រៃលែង ។ នាងយំខ្សឹបដាក់ ក្នុងចិត្ត ៖
_ មាតុភូមិជាទីស្នេហា ! ខ្ញុំត្រូវឃ្លាតពីអ្នកក្នុងពេលនេះហើយ! មិនដឹងថ្ងៃណា ខ្ញុំនឹងបានវិលត្រលប់មករកអ្នក វិញនោះទេ !
ធ្វើដំណើរអស់ពេលយ៉ាងយូរ ទើបទៅដល់ច្រកព្រំដែន ។ គេឃើញថា ស្ត្រីម្នាក់នោះចុះទៅនិយាយជាមួយ ទាហានយាមច្រកព្រំដែន ។ អស់រយៈពេលយ៉ាងយូរ ទើបរថយន្តចេញដំណើរទៅមុខកាត់តាមដងវិថីដ៏រលោងស្រិល ។ នេះហើយជាប្រទេសថៃ !
រថយន្តក៏បានទម្លាក់មនុស្សខ្លះៗនៅតាមគោលដៅនីមួយៗ ហើយចំណែកយ៉ានីវិញ គេឱ្យធ្វើការនៅការដ្ឋាន សំណង់មួយ ។ ថ្ងៃដំបូង គេបានឱ្យនាងសម្រាកមួយថ្ងៃសិន ព្រឹកស្អែកទើបចាប់ធ្វើការងារដូចគេដទៃជាធម្មតា ។ ដល់ ថ្ងៃធ្វើការ គេតម្រូវឱ្យនាងជញ្ជូនខ្សាច់ ក្រួស ថ្មលិ្អតៗ ឥដ្ឋដែលជាការងារដែលនាងពុំដែលធ្វើសោះ ។ លុះដល់ថ្ងៃត្រង់ ជាពេលដែលនាងបានឈប់សម្រាកពីការងារ នាងជូតញើសបណ្ដើរ កាន់កញ្ចប់បាយបរិភោគបណ្ដើរ ។ ឃើញបែបនេះ ស្ត្រីម្នាក់បានខ្ជាក់សំណួរឡើង ៖
_ ក្មួយស្រី ! មីងមើលទៅក្មួយហាក់ដូចជាកូនអ្នកមានទេ ! ម្ដេចក៏ធ្លាក់ខ្លួនមកធ្វើការបែបនេះអ៊ីចឹងទៅវិញ ?
_ រឿងខ្ញុំ វែងឆ្ងាយណាស់ ! នោះដល់ម៉ោងធ្វើការហើយ !
យ៉ានីនាងពុំដែលធ្វើការងារធ្ងន់ធ្ងរអស់ទាំងនេះឡើយ ។ ដូច្នេះ នាងឧស្សាហ៍ឈឺណាស់ ។ មេការសំណង់រអ៊ូ រទាំរាល់ថ្ងៃ ៖
_ ហ៊ឹស ! ក្មេងស្រីនេះ វាងាកខ្ជិលអ៊ីចឹង ! ងាកឈឺនេះ ! ងាកឈឺនោះ ! អ៊ីចឹងតើបានជាការងារមិនរីក ចម្រើនទៅមុខសោះ ! បានតែកាត់ប្រាក់ខែទេតើ !
ពាក្យសម្ដីរអ៊ូរទាំបែបនេះធ្វើឱ្យយ៉ានីនឹកឃើញមិត្តសម្លាញ់ទាំងប្រាំមួយនាក់ ជាពិសេសមិត្តកនិដ្ឋាដែលធ្លាប់តែ ផ្ដល់ឱកាសនាងបានកែខ្លួន ប៉ុន្តែនាងផង់ក្នុងភាពភ្លើតភ្លើនតាមកម្លាំងភ្លើងពណ៌ទៅវិញ ។ វាមិនខុសអ្វីពីសត្វមមាចប្រឡែងខ្លួណនឹងភ្លើងនោះទេ ។
ជារៀងរាល់ថ្ងៃ នាងត្រូវជញ្ជូនខ្សាច់ ក្រួស ថ្ម និងឥដ្ឋឡើងពីរបីដំណាក់ក៏មាន ។ លុះដល់ចុងខែ ថៅកែថៃបានបញ្ឈប់យ៉ានីពីការងារ ព្រោះយកលេសថា នាងទម្រន់ឈឺច្រើនពេក ។ ហេតុនេះ គេត្រូវបញ្ឈប់នាងចោលពីការងារ ។ យ៉ានីបានដើរអនាថាតាមដងវិថីរហូតត្រូវតម្រួតថៃចាប់ដាក់គុកចំនួនបីខែ ទើបលែងនាងនិងបញ្ជូននាងឱ្យមកប្រទេសខ្មែរវិញ ។ ភាពល្វីងជូរចត់របស់យ៉ានីដែលរស់នៅក្នុងប្រទេសរបស់គេ ពុំល្អឡើយ ។ គ្មានប្រទេសណា ដែលល្អជាងប្រទេសខ្លួនឡើយ ជាពិសេសគឺ ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈនេះតែម្ដង ។
គ្រោះប្រែជាលាភ…
យ៉ានីដើរដាច់សង្វែងអនាថាតែម្នាក់ឥតគោលដៅ បន្ទាប់ពីត្រូវគេបញ្ជូនមកប្រទេសខ្មែរនោះ ។ នាងឃ្លានផង ហត់ផង ព្រោះគ្មានអាហារបរិភោគសោះ ។ លុយដែលជាប្រាក់ខែធ្វើការនោះបានចាយអស់ទៅហើយ ។
កំពុងតែដើរតែម្នាក់ឯង ស្រាប់តែជួបនឹងបុរសម្នាក់ដែលសម្គាល់បានថាជា ជនជាតិខ្មែរដែរនោះ ។ នាងបាន ប្រាស្រ័យទាក់ទងដោយវាចាផ្អែមល្ហែមឡើង ៖
_ ពូ ! ពូជាខ្មែរមែនទេ ?
_ មែនហើយ ! តើក្មួយចង់ផ្ញើសំបុត្រទៅអ្នកផ្ទះមែនទេ ?
_ អត់ទេ ! ពូ ! ទីនេះជាស្រុកខ្មែរមែនឬទេ ?
_ ទីនេះជាដីថៃនៅឡើយទេ !
_ បើអ៊ីចឹង ខ្ញុំចង់ឆ្លងទៅស្រុកខ្មែរវិញបានដែរឬទេ ?
_ អ៊ីចឹងក៏បាន ! ពូជួយក្មួយចុះ ! មកតាមពូចុះ !
_ បើបានឆ្លងទៅខ្មែររួច ! ខ្ញុំមិនភ្លេចគុណពូទេ !
នាងបានដើរតាមបុរសម្នាក់នោះ ហើយបុរសម្នាក់នោះក៏នាំនាងទៅទីដ៏ស្ងាត់មួយ ។ យ៉ានីបានទៅដល់ទីស្ងាត់ ក៏ស្រដីសួរទៅរកបុរសម្នាក់នោះឡើង ៖
_ ទីនេះជាទឹកដីខ្មែរហើយឬពូ ?
_ ស្រីល្ងង់ ! នាងបានចូលមកដល់ដីខ្មែរ តាំងតែពីជួបយើងម្ល៉េះ ។
លុះនិយាយចប់ បុរសនោះក៏បានខ្ទប់មាត់នាង ហើយផ្ដួលនាងទៅលើដី ។ នាងបានខាំដៃបុរសនោះ ហើយសួរ ឡើង ៖
_ ម៉េចក៏ពូធ្វើដូច្នេះ ! ក្រែងពូជួយខ្ញុំមែនទេ ? ម្ដេចបានជាពូបោកប្រាស់ខ្ញុំ ?
_ មែនហើយ ! តែនាងមកដល់ស្រុកខ្មែរ តាំងពីយូរមកហើយតើ ! គឺនាងល្ងង់ចង់ឱ្យយើងជួយទេតើ !
_ តើពូចង់បានអ្វីពីខ្ញុំ ?
_ និយាយនេះដូចជាធ្វើពើអ៊ីចឹង ! មានអី ក្រៅអំពីខ្លួនប្រាណនាងនោះអី !
_ ទេ! កុំអី ! ខ្ញុំសុំអង្វរ !
_ ស្ងៀម ! ស្ងៀម ! ព្រមតាមសម្រួលទៅ ! កុំឱ្យអញប្រើអំពើហិង្សាឱ្យសោះ !
_ ទេ! ទេ! (នាងនិយាយផង រើបម្រះផង)
តែកម្លាំងដ៏តិចរបស់យ៉ានីនេះមិនអាចយកឈ្នះលើកម្លាំងដ៏ខ្លាំងក្លារបស់បុរសនោះឡើយ ។ ទីបំផុត នាងអស់ កម្លាំងលែងកម្រើក ជាឱកាសឱ្យអារម្មណ៍បុរសនោះដុតរោល ។ បុរសនោះបានថើបញក់ញីទៅលើរូបកាយរបស់យ៉ានី តាមអំពើចិត្តរបស់ខ្លួន ។ កំពុងតែស្លុងអារម្មណ៍នឹងការបបោសអង្អែល នាំឱ្យបុរសនោះមានអារម្មណ៍ត្រេកត្រអាលជា ខ្លាំង ស្រាប់តែ ឮសូរសំឡេងលាន់ឡើង ៖
_ ឈប់សិន ! ម៉េចក៏លោកហ៊ានរំលោភបំពានលើស្ត្រីនៅទីសាធារណៈបែបនេះទៅវិញ ?
_ លោកមកចេះស្អីដែរ ? នាងនេះជាប្រពន្ធរបស់យើង ! លោកកុំមកចេះដឹងរឿងយើងឱ្យសោះ !
_ ទេ ! កុំជឿគាត់អី !
_ ស្ងាត់ ! បិទមាត់ទៅ ! (និយាយបណ្ដើរ ទះកំផ្លៀងរបស់យ៉ានីបណ្ដើរ)
_ ទោះយ៉ាងនេះក៏ដោយ លោកត្រូវគោរពសិទ្ធិនាងដែរ ! មិនត្រូវចាប់បង្ខំនាងទេ !
កំពុងតែជជែក ស្រាប់តែយ៉ានីលួចរត់ បុរសនោះក៏ក្របួចសក់ក្បាលនាងជាប់ក្នុងដៃ ហើយស្រែកឡើង ៖
_ យ៉ើស ! ស្រីល្អ ! ចង់ទៅណា ?
_ លែងខ្ញុំទៅ ! លែង !
_ លោកឆាប់លែងនាងទៅ !
_ អ្ហែងចេះស្អី ? ម៉េចចង់ត្រូវ ? (ថាបណ្ដើរ ព្រលែងសក់យ៉ានីស្ទុះទៅវាយបុរសដែលរំខានក្ដីសុខបណ្ដើរ)
ភ្លាមនោះ យ៉ានីបានឱកាសលួចរត់ចេញពីទីនោះដោយពុំមានងាកក្រោយសម្លឹងមើលគូប្រយុទ្ធថា តើយ៉ាងណាអីយ៉ាងណានោះទេ ។ យ៉ានីរត់គេចពីបុរសកំណាចនោះ មិនដឹងថា អស់ចម្ងាយប៉ុន្មាន និងរយៈពេលប៉ុន្មានដែរនោះទេ ។ លុះអស់កម្លាំង នាងក៏ដួលដេកលើថ្នល់ជាតិដោយមិនដឹងខ្លួន ។
គាប់ចួន ពេលនោះមានរថយន្តមួយដឹករបស់របរពីក្រោយ តែមិនជាច្រើនណាស់ណាទេ ។ លុះរថយន្តរំកិលមក ដល់ជិតយ៉ានី ទើបបុរសពីរនាក់ជជែកគ្នាដោយម្នាក់ជាអ្នកបើក ម្នាក់ទៀតជាអ្នកកំដរ ។ ការសន្ទនានោះគឺ ៖
_ មានក្មេងស្រីម្នាក់ដួលសន្លប់លើផ្លូវ តើយើងគិតធ្វើយ៉ាងម៉េចទៅ ?
_ ចុះទៅមើលសិនទៅ !
និយាយរួច អ្នកទាំងពីរក៏ចុះពីរថយន្ត រួចពិនិត្យមើលក្មេងស្រីនោះ ក៏ឮសូរមាត់និយាយតិចៗ ៖
_ ជួយខ្ញុំផង ! ជួយ…ខ្ញុំ…ផង !
_ បងគិតយ៉ាងម៉េចដែរ ?
_ ខ្ញុំជួយនាងទៅចុះ !
_ បងមិនខ្លាចនាងជាជនបោកប្រាស់ទេហី ?
_ មើលទៅទឹកមុខ និងរូបរាងរបស់នាង! ខ្ញុំយល់ថា មិនអីទេ ! ព្រោះខ្ញុំហាក់ដូចជាមាននិស្ស័យជាមួយនាង ណាស់ !
_ បើអ៊ីចឹង ស្រេចតែលើបងចុះ !
បុរសទាំងពីរលើកនាងដាក់ផ្នែកខាងក្រោយរបស់រថយន្ត ចៃដន្យអ្វីទំនិញថ្ងៃនេះមិនសូវមានច្រើនណាស់ណា ទេ ។ ក្រោយមក រថយន្តក៏បន្តដំណើរទៅទៀតដោយសារផ្លូវឆ្ងាយ ។ តាមផ្លូវ យ៉ានីបានរម្លឹកឡើងវិញ ៖
_ យ៉ើស ! នាងថា នាងឯងដឹងរឿងយើងច្រើនណាស់ ! ហ៊ានទៅប្រាប់ម៉ាក់ប៉ារឿងយើងដើរលេងមិនចូល សាលាផងហេស៎ !
_ យ៉ានី ! មិត្តគួរតែកែខ្លួនឱ្យទៅជាល្អវិញទៅ ! ឈប់ទៅតាមពួកអស់នោះទៅ !
_ កុំចេះ ! នាងឯងគិតតែខ្លួនឯងឱ្យល្អទៅ ! កុំគិតពីគេពេក !
_ នី ! មិត្តប្រយ័ត្នស្ដាយក្រោយណា៎ !
_ យើងយ៉ានីមិនចេះស្ដាយក្រោយទេ ចេះស្ដាយតែមុខ !
…សុំទោសកនិដ្ឋា ! សុំទោសនីតា ! សុំទោសអ្នករាល់គ្នា ! ខ្ញុំពិតជាស្ដាយក្រោយណាស់ ! បើសិនជាអាចឱ្យខ្ញុំត្រលប់ទៅកាលពីមុន ! ខ្ញុំនឹងកែខ្លួនវិញ ! សូមទេវតាជួយខ្ញុំឱ្យជួបជុំនឹងក្រុមគ្រួសារវិញ ! ខ្ញុំនឹងអរគុណទេវតាជា ពន់ពេក ! ខ្ញុំនឹកឃើញ ថ្ងៃមុន ! ខ្ញុំរកប្រាក់ក្នុងទូ ស្រាប់តែឃើញសំបុត្រកំណើតបួនច្បាប់ ! ក្នុងនោះគ្មានឈ្មោះ កង យ៉ានីទេ តែឃើញឈ្មោះ កង កែវមណីលក្ខណ៍ ។ ត្រូវហើយ ! ខ្ញុំត្រូវតែកែខ្លួន ! ខ្ញុំមិនមែនយ៉ានីទៀតទេ ! ខ្ញុំជា កង កែវមណីលក្ខណ៍ ។ ខ្ញុំងងុយដេកណាស់ ! ខ្ញុំអស់កម្លាំងណាស់ ! ឪ
មិនដឹងរថយន្តបរអស់រយៈពេលប៉ុន្មានទេ ។ លុះនាងភ្ញាក់ដឹងខ្លួនឡើង នាងឃើញស្ត្រីចំណាស់ម្នាក់ ហើយគាត់ បានលាន់មាត់ឡើង ៖
_ អ៎ ! ភ្ញាក់ហើយ ! ម៏! ហូបបាយទៅ !
_ អរគុណអ៊ំ !
នាងទទួលបាយយ៉ាងរហ័សឥតបង្អង់ ឃើញបែបនេះស្ត្រីម្នាក់នោះបានពោល ៖
_ ហូបតាមសម្រួលទៅ ! កុំបង្ខំពេក ! ប្រយ័ត្នអួល !
_ ប្រណីអូន ! គ្នាប្រហែលជាអត់ច្រើនថ្ងៃហើយមើលទៅ !
_ អរគុណហើយអ៊ំទាំងពីរ និងបងទាំងពីរផងដែរ !
_ តើក្មួយឈ្មោះអ្វីដែរ ? គ្រាន់ពួកយើងទាំងអស់គ្នាហៅណា៎ !
_ ហៅខ្ញុំថា អាលក្ខណ៍ចុះ !
_ អ៊ីចឹងក៏បាន !
លុះបរិភោគឆ្អែតហើយ នាងសំងំដេក ព្រោះអស់កម្លាំងពេក ។ ខ្យល់ជំនោរត្រជាក់បក់រំភើយរត់កាត់តាមបង្អួច យ៉ាងត្រសៀកប្រកបដោយគន្ធពីដោរក្រអូបឈ្ងុយឈ្ងប់ ។
ជួបជុំ…
ក្រោមម្លប់ឈើដ៏ត្រជាក់មុខផ្ទះក្បឿងបីខ្នង អង្គុយជុំគ្នាចាំស្ដាប់រឿងរ៉ាវរបស់លក្ខណ៍ឬយ៉ានីយ៉ាងជក់ចិត្ត ។ នាង ឱទានឡើង ៖
_ អរគុណអ៊ំទាំងពីរ បងទាំងពីរដែលសុខចិត្តនៅអង្គុយស្ដាប់រឿងរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ ។ ខ្ញុំពិតជា រអៀសខ្លួនខ្លាំងណាស់ !
_ មិនចាំបាច់រអៀសខ្លួនទេ ! កូនសម្លាញ់មាសឪពុក !
លក្ខណ៍ក៏ងាកក្រោយ ក៏ឃើញជាក់ជាឪពុកខ្លួន បងប្រុស និងកនិដ្ឋាជាមិត្រសម្លាញ់ធ្លាប់ណែនាំនាង ។ នាង ចុះពីគ្រែរនាបឫស្សីដ៏រលោងស្រិល ហើយបោះជំហានសំដៅលោកដ៏មានគុណ ។ ដល់ហើយ នាងលុតជង្គង់ចំពោះ ឪពុក ហើយពោលឡើង ៖
_ លោកប៉ា ! ឱ្យកូនសុំខមាទោសគ្រប់យ៉ាងចំពោះលោកប៉ា !
_ បានហើយ ! ប៉ាបានដឹងអស់ហើយ ! ប៉ាបានស្ដាប់រឿងរបស់កូនពីដើមរហូតដល់ចប់មកម្ល៉េះ !
អ៊ំស្រីម្ចាស់ផ្ទះក៏បានងាកសម្លឹងស្តីទៅឆ្កែដែលអង្គុយបក់កន្ទុយរវេច៖
_ យី ! អាឆ្កែអស់នេះ ! វាមិននៅយាមផ្ទះ ! វាគិតតែដោយញីវាទៅវិញ ! ភ្ញៀវមកមិនដឹងខ្លួនសោះ !
_ កូនស្រីឆាប់ក្រោកឡើង !
នរនាថក្រោកឡើង ហើយងាកទៅនិយាយជាមួយកនិដ្ឋា ៖
_ អាឋា ! ឱ្យគ្នាសុំទោសឯងផង !
_ ខ្ញុំជាមិត្តនឹងឯងជានិច្ច ! ខ្ញុំគ្មានទោសពៃរ៍អ្វីឱ្យឯងទេ !
_ បងប្រុស !
_ កុំសុំទោសបងអី ! ឱ្យតែចេះកែខ្លួនទៅបានទៅហើយ !
រំពេចនោះ ទូរសព្ទវិសាលបានរោទិ៍ ហើយវិសាលទទួល ៖
_ អាឡូ ! ជម្រាបសួរម៉ាក់ !
_ យ៉ាងម៉េចហើយរកឃើញប្អូនទេ ?
_ បាទ ! យ៉ានីរកមិនឃើញ តែ…
_ តែយ៉ាងម៉េច ?
_ គឺរកឃើញតែ កង កែវមណីលក្ខណ៍ ប៉ុណ្ណោះ !
_ កង កែវមណីលក្ខណ៍ ! (ពោលបណ្ដើរ រកនឹកបណ្ចើរ) អ៎ ! ម៉ាក់យល់ហើយ ! ឆាប់ឱ្យម៉ាក់ជួបនឹងប្អូនកូន បន្តិច !
_ អាឡូ ! លក្ខណ៍ !
_ អាឡូ ! ជម្រាបសួរម៉ាក់ !
_ តើកូនសុខសប្បាយជាទេ ?
_ ចាស៎ !កូនសុខសប្បាយជាទេ ។ កូនសុំខមាទោសចំពោះម៉ាក់គ្រប់យ៉ាង !
_ មិនអីទេ ! ម៉ាក់តែងតែសណ្ដោសប្រណីកូនជានិច្ច !
_ កូនសូមអរគុណម៉ាក់ ! (ស្រាប់តែការសន្ទនាគ្នាត្រូវបានកាត់ផ្ដាច់)
_ ចាំខ្ញុំហៅទូរសព្ទទៅអ្នកមីង ! (និយាយចប់ ក៏លើកទូរសព្ទហៅមករកម្ដាយរបស់លក្ខណ៍វិញ)
_ អាឡូ ! ជម្រាបសួរ ! អ្នកមីង !
_ លើកដៃថ្វាយព្រះ ! ម៉េចក៏ដាច់ការទាក់ទងគ្នាអ៊ីចឹង !
_ គឺទូរសព្ទបងវិសាលអស់ភ្លើង !
_ យ៉ាប់មែន ! កូននេះ ! តើក្មួយរកឃើញនាងនៅទីណា ?
_ នៅខេត្តសៀមរាបឯណេះទេ !
កំពុងជជែកនិយាយទូរសព្ទ អ៊ំប្រុសជួយសង្គ្រោះលក្ខណ៍បានផ្អៀងផ្អងមើលឪពុករបស់លក្ខណ៍រួចពោល ៖
_ លោកប្អូនខាងណេះ ! ខ្ញុំដូចជាធ្លាប់ស្គាល់ ! លោកប្អូនឈ្មោះ សំខាន់ មែនទេ ?
_ ត្រូវហើយ ! លោកបងជានរណា ?
_ បងគឺ កង សំអុន នោះណា៎ !
_ ពិតមែនឬ ? ខ្ញុំត្រេកអរណាស់ ! បែកអស់ជិតម្ភៃឆ្នាំ គិតទៅទេវតាជួយមនុស្សល្អមែន !
_ ខាងណេះ ! គឺប្រណី ជាបងថ្លៃរបស់ប្អូន !
_ ជម្រាបសួរ !
_ ចាស៎ ! អរគុណ !
_ ខាងនេះគឺកូនប្រុសបងឈ្មោះ និស្ស័យ និងកូនប្រសារឈ្មោះ ប្រាថ្នា ។
_ ជម្រាបសួរ ! (អ្នកទាំងពីរសម្ដែងការគួរសមដាក់លោកសំខាន់)
_ ចំណែកខ្ញុំមានភរិយាម្នាក់ឈ្មោះ កែវ មណី មានកូនប្រុសម្នាក់ឈ្មោះ វិសាល និងកូនដែលលោកបងបាន ជួយនេះ ។
ក្រោយនិយាយទូរសព្ទចប់ និងសន្ទនាពីសាវតារខ្លួនចប់សព្វគ្រប់ហើយ គឺបាយថ្ងៃត្រង់ល្មម ។ គ្រាន់តែរៀបចំ អាហាររួចរាល់ហើយ អ្នកទាំងអស់គ្នាក៏ស្រស់ស្រូបអាហារជាមួយគ្នាតែម្ដង ។ អស់ប៉ុន្មានថ្ងៃកន្លងមកនេះ នៅខេត្ត សៀមរាបកនិដ្ឋាបានសាងអនុស្សាវរីយ៍ជាមួយវិសាលជាច្រើន ។ លុះត្រលប់ទៅភ្នំពេញវិញ រថយន្តបានបរចូលផ្ទះវីឡា មួយស្អាតដោយរចនានូវសួនច្បារយ៉ាងល្អប្រណីតគួរឱ្យចង់រស់នៅ ។ ដល់ហើយ លក្ខណ៍បានបើកទ្វាររថយន្តរត់ទៅ ស្រវាឱបម្ដាយ ៖
_ ម៉ាក់ ! ឱ្យកូនសុំទោស ! (និយាយផង លុតជង្គង់ផង ដៃសំពះជើងម្ដាយ)
_ បានហើយ ! កូនម្ដាយ ! កូនគ្មានទោសពៃរ៍អ្វីទេ ! កូនជាគ្រាប់ពេជ្រដែលប្រឡាក់ភក់ប៉ុណ្ណោះ ! ឆាប់ក្រោក ឡើង !
ឆោមស្រស់ក៏ក្រោកឡើងទាំងទឹកភ្នែកហូររហាមលើផ្ទៃភក្ត្រា ។ ឃើញបែបនេះ ធ្វើឱ្យកនិដ្ឋាស្រក់ទឹកភ្នែកដែរ ព្រោះអាណិតស្រឡាញ់មិត្រជាពន់ពេក ។ ភ្លាមនោះ សំឡេងទូរសព្ទរបស់កនិដ្ឋាបានរោទិ៍ឡើង ។ នាងលើកឡើង និយាយ ៖
_ អាឡូ ! នីតាមានការណ៍អ្វី ?
_ ចេះសួរខូងខូង ! កើតខូងខូង ! មិត្តរកខូងខូង ! អានីខូងខូង ! ឃើញទេខូងខូង ?
_ ឃើញតើ ! ខុសពីមុនបន្តិចត្រង់គេ…
_ គេយ៉ាងម៉េច ?
_ គឺគេប្ដូរជា កង កែវមណីលក្ខណ៍ ហើយ !
_ ប្ដូរយ៉ាងម៉ែច ?
_ ចាំស្អែក គ្នានាំទៅជួប ហើយប្រាប់ឯងផង !
_ អើខូងខូង ! ក៏បានខូងខូង !
អ្នកស្រី កែវ មណី បានស្ដាប់កនិដ្ឋានិទានរឿងរ៉ាវរបស់ កង កែវមណីលក្ខណ៍ យ៉ាងជក់ចិត្តបណ្ដើរ ដៃម្ខាងកាន់ កូនកន្សែងជូតទឹកភ្នែកបណ្ដើរ ព្រោះគាត់អាណិតកូនខ្លាំងពេកដោយព្រហ្មវិហារធម៌គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។ អ្នកស្រីឧទានទាំងរន្ធត់ឡើង ៖
_ ពុទ្ធោ ! ម្ដេចក៏កូនឆ្លងកាត់ការលំបាកច្រើនបែបនេះ ?
_ ម៉ាក់ ! ព្រោះកូនខ្មាសអៀន និងស្ដាយក្រោយជាពន់ពេក ។
_ បានហើយ ! អ្វីៗត្រូវតែចាប់ផ្ដើមឡើងវិញទាំងអស់ ! កូនដឹងទេ ? កនិដ្ឋាព្រោះតែកូន គេត្រូវរៀនត្រួតថ្នាក់ !
_ សុំទោសកនិដ្ឋា !
_ គ្មានទោស គ្មានពៃរ៍ទេ ! ខ្ញុំធ្វើនេះ ដើម្បីមិត្តប៉ុណ្ណោះ !
_ ឯងពិតជាកល្យាណមិត្តដែលមិនគួរឱ្យខ្ញុំមើលរំលងឡើយ ។
_ គ្នាធ្វើទៅតាមចំណងមិត្តភាពប៉ុណ្ណោះ !
_ បានហើយ ! ល្ងាចនេះ ក្មួយកនិដ្ឋានៅផ្ទះមីងសិនទេ ?
_ អត់ទេ ! ក្មួយទៅសម្រាកនៅផ្ទះក្មួយវិញ ចាំថ្ងៃស្អែកខ្ញុំមកម្ដងទៀតណា៎មីង !
លក្ខណ៍ក្រោយពីស្រស់ស្រូបអាហារពេលល្ងាចហើយ នាងរៀបចំបន្ទប់គេងសាជាថ្មី ស្លាកស្នាមពីអតីតត្រូវ សម្អាតចោល ។ តាំងពីសម្លៀកបំពាក់ដល់រូបភាពនៅក្នុងកុំព្យូទ័រ រូបថតក្នុងទូរសព្ទក៏លុបចោល ហើយបោះចោលដែរ ។
ដោយអស់កម្លាំងពេក នាងបានផ្ដេកខ្លួនលើគ្រែលង់លក់ទៅ ៖
_ នែ ! កង កែវមណីលក្ខណ៍ !
_ យី ! នាងជាអ្នកណា ?
_ នាងមិនស្គាល់យើងទេឬ ?
_ អ៎ ! ទេពធីតាឆ្នាំថ្មី ឆ្នាំនេះទេតើ ! ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំ !
_ ចូរចម្រើន ! ចូរចម្រើន !
មានព្រះសវនីយ៍ចប់ ទេពធីតាច្បូតទឹកកន្ទីមកឱ្យ លក្ខណ៍ត្រងយកមកផឹក និងលុបមុខជ្រងសក់ឡើង ។ តែប៉ុណ្ណេះ នាងក៏ភ្ញាក់ដឹងខ្លួនឡើង ។ មេឃភ្លឺហើយ សុរិយារះភ្លឺចិញ្ចែងចិញ្ចាចពេញនភាល័យ ។ ភ្លាមនោះ នាងឮសំឡេងគោះទ្វារ ៖
_ តុក ! តុក ! តុក !
_ នរណាគេ ?
_ គឺម៉ាក់ ! តើម៉ាក់អាចចូលបានទេ ?
_ ចាស៎ ! បាន !
_ កូនកំពុងតែធ្វើអ្វីហ្នឹង ?
_ កូនរៀបចំបន្ទប់ឡើងវិញទេតើ !
_ អ៊ីចឹងទេ !
សាងខ្លួន …
លក្ខណ៍បានពាក់អាវពណ៌លឿង ស្លៀកសំពត់បត់ពណ៌ទឹកប៊ិកយ៉ាងស្រស់ស្អាតចេញមើលទេសភាពនៅក្នុង បរិវេណខាងក្រៅផ្ទះ ។ ស្រាប់តែ…
_ អីយ៉ាស់ ! អូ ! សូមទោសអ្នកនាង !
_ មិនអីទេ ! ពូ !
ពេលទុយោទឹករៀបចំស្រួលបួលហើយ ស្រស់ធីតាក៏ដាក់បង្គុយលើកៅអីថ្មដែលជូតរួចជាស្រេច ។ ពេលបាន អង្គុយស្រូបយកខ្យល់អាកាស លក្ខណ៍បានបណ្ដែតអារម្មណ៍ទៅយ៉ាងឆ្ងាយដាច់អាល័យរកកោះរកត្រើយពុំឃើញ ឡើយ ។ សំឡេងស៊ីផ្លេបានលាន់ឮឡើង ៖
_ ទីត ! ទីត ! ទីត !
_ អ៎ ! អាឋាទេ ! ម៏! មកអង្គុយលេង !
_ គ្នាមកបបួលមិត្តទៅសួរសុខទុក្ខនីតាណា៎ ! មិត្តទៅអត់ !
_ ចាំ ! គ្នាសុំអនុញ្ញាតពីប៉ាម៉ាក់សិន !
_ ទៅ ! ទៅ ! ឮថានីតាកើតផ្ដាសាយធំផង ! ទៅជួយសួរសុខទុក្ខនាងជំនួសម៉ាក់ផង !
_ អរគុណម៉ាក់ !
ស្រស់ស្រីឡើងជិះទោចក្រយានយន្តពីក្រោយកនិដ្ឋា ហើយក៏បរចេញទៅ ។ រំពេចនោះ ផ្ទះវីឡាមួយខ្នងបាន ប្រាកដឡើងនៅចំពោះមុខ នរនាថស្គាល់ច្បាស់ជាផ្ទះរបស់មិត្តខ្លួន ។ ទោចក្រយានយន្តក៏រំកិលខ្លួនទៅក្នុងបរិវេណខាង ក្រៅផ្ទះនោះ ហើយចុះចាកយានទៅទាំងពីរនាក់តែម្ដង ។ អ្នកទាំងពីរបានគំនាប់ម្ចាស់ផ្ទះ ៖
_ ជម្រាបសួរ ! មីង !
_ អ្នកណាឱ្យនាងមក !
_ គឺខ្ញុំជាអ្នកនាំគេមក ! បើមីងចង់បន្ទោស សូមបន្ទោសទាំងខ្ញុំទៅ ! កុំបន្ទោសគេអី !
_ បានហើយ ! អាឋា ! ឯងឈប់និយាយទៅ ! គ្នាធ្វើខុស ចំពោះគេដទៃច្រើនណាស់ ! នេះជាកម្មពៀរ របស់គ្នាទេ !
_ ព្រះអង្គុលីមាលត្ថេរធ្លាប់សម្លាប់គេអស់៩៩៩នាក់ ម៉េចអាចក្លាយជាព្រះអរហន្តបាន ! គ្រាន់តែឯងធ្វើខុស ហើយជម្រុះចោលនូវទង្វើកន្លងមកបាននោះ ! មិនខ្វះទេ អ្នកស្វាគមន៍មិត្ត ! មីង ! ពួកខ្ញុំសុំចូលទៅជួបនីតាបន្តិច !
_ កនិដ្ឋា ! ក្មួយអាចចូលបាន ! តែចំពោះនាង ! (គាត់ពោលផង លើកដៃចង្អុលមុខផង) យើងមិនឱ្យចូលទេ !
ឆោមល្អឱនមុខចុះស្ទើរតែស្រក់ទឹកភ្នែក ដោយនឹកឃើញពីកំហុសខ្លួន ។ ស្រាប់តែសំឡេងក្អកលាយឡំនឹងពាក្យ ពេចន៍បានបន្លឺឡើង ៖
_ ម៉ាក់ ! ខូង ! ខូង ! ឱ្យ ! ខូង ! ខូង ! គេចូល ! ខូង ! ខូង ! មក !
_ តែ ! (គាត់ថាបន្ដើរ សម្លឹងមុខកូនបណ្ដើរ)
បន្តិចក្រោយមក គាត់ក៏អនុញ្ញាតឱ្យចូលទាំងពីរនាក់លែងឃាត់ឃាំងដូចមុនទៀតហើយ ។
នៅក្នុងបន្ទប់…
_ នី ! អូហ៍ ! លក្ខណ៍ !
_ មិនអីទេ ! ឯងហៅមួយណាក៏បាន ស្រេចតែចិត្តឯងចុះ !
_ មិត្តបាត់ទៅណា? យូរម្ល៉េះ !
_ រឿងនោះគឺអ៊ីចេះ…
កនិដ្ឋារៀបរាប់ដំណើរផ្សងព្រេងរបស់លក្ខណ៍ តាំងតែពីពេលដែលនាងរត់ចេញពីផ្ទះដល់ពេលកនិដ្ឋារកឃើញ នាង ។ នីតាស្ដាប់បណ្ដើរ ជូតទឹកភ្នែកបណ្ដើរ ព្រោះអាណិតមិត្តជាពន់ពេក ។
_ នីតា ! មិត្តភ្លេចឬនៅកងដៃនេះ !
_ មិត្តនៅរក្សាវាដែរ !
_ អឺ ! គ្នារក្សាវាទុកជានិច្ច ! ពេលគ្នានៅម្នាក់ឯង គ្នាតែងឱបវាយំជានិច្ច !
_ គ្នាក៏ដូចជាមិត្តដែរ ! គ្នារក្សាចិញ្ចៀននេះជានិច្ច ! បន់ស្រន់ឱ្យតែមិត្តបានសេចក្ដីសុខជានិច្ច !
អ្នកទាំងពីរយំឱបគ្នាឡើងទ្រហឹងពេញបន្ទប់ ។ ភ្លាមនោះ មិត្តដទៃទៀតបានមកដល់ ហើយស្រែកឡើង ៖
_ យើ ! នាងនីទេតើ ! បាត់យូរដូចជាប្លែកជាងមុន !
_ ស្រីម៉ាប់ លម្អង មនោកែវ រស្មី ពួកមិត្តកុំធ្វើបាបអាលក្ខណ៍អី !
_ ស្អីដូរឈ្មោះពីអង្កាល់ ?
កនិដ្ឋាធ្វើជាអ្នកសម្របសម្រួលផ្ដើមដំណាលពីដំណើរជីវិតរបស់យ៉ានីដែលប្ដូរមកជា កង កែវមណីលក្ខណ៍ ។ អ្នកទាំងអស់គ្នាចាប់ដៃគ្នាចាប់បង្កើតចំណងមិត្តភាពសាឡើងវិញ ។ ភាពស្ងប់ស្ងាត់ក្នុងបន្ទប់ បានប្រែក្លាយជាអ៊ូអរឡើង វិញប្រកបដោយភាពសប្បាយរីករាយ ។ អ្នកម្ដាយរបស់នីតា បានដឹងអំពីរឿងរ៉ាវទាំងអស់ ក៏ប្ដូរចិត្តជាស្រឡាញ់លក្ខណ៍ វិញ ។
បវេសនកាលបានចូលមកដល់ គេឃើញលក្ខណ៍ស្លៀកពាក់សម្លៀកបំពាក់ជាសិស្សគឺអាវស សំពត់ពណ៌ទឹកប៊ិក អាវដាក់ក្នុងសំពត់យ៉ាងត្រឹមត្រូវតាមវិន័យសាលា ។ ភាពភ្ញាក់ផ្អើលបានកើតឡើងពេញក្នុងវិទ្យាល័យ ជាពិសេស សិស្សដែលធ្លាប់សេពគប់ទាំងអម្បាលម៉ានបានកើតពិភាល់ឆ្ងល់ និងពេបជ្រាយនឹងការភ្ញាក់រឭករបស់លក្ខណ៍ជាបន្ត បន្ទាប់ ។
នៅចំពោះមុខ លោកនាយកសាលា លោក កង សំខាន់ជាឪពុកបាននាំលក្ខណ៍មកជួប ៖
_ ជម្រាបសួរ ! លោកគ្រូនាយក !
_ អ៊ើ ! បាត់យូរដល់ឃើញវិញ រាងចេះគួរសមជាងមុន !
ឆោមល្អបានក្រហមមុខ ព្រោះនឹកអៀនខ្មាសនឹងប្រវត្តិរបស់ខ្លួន ។ លោក សំខាន់ ផ្ដើមឡើង ៖
_ ពេលនេះ កូនខ្ញុំប្ដូរនិស្ស័យហើយ ! ខ្ញុំនាំគេមកប្ដូរឈ្មោះក៏ដូចជាចុះឈ្មោះថ្មីដែរ !
_ មានអី ! សំខាន់ ! រឿងបន្តិចបន្តួចហ្នឹង គ្មានបញ្ហាទេ !
_ ជម្រាបសួរ ! អ្នកគ្រូ ! លោកគ្រូ !
_ ល្អហើយ ! យ៉ានី ! គ្រាន់បើជាងមុន តាំងពីបាត់មុខយូរ !
_ អ្នកគ្រូ ! លោកគ្រូ ! ខ្ញុំសូមណែនាំមិត្តថ្មីរបស់ខ្ញុំម្នាក់នេះដល់លោកគ្រូអ្នកគ្រូទាំងបីនាក់ម្ដង !
_ តើមានអ្វីកើតឡើងចំពោះប្អូនយ៉ានី ?
កនិដ្ឋាចូលខ្លួនមកនិយាយត្រួសៗពីរឿងរ៉ាវពី យ៉ានី ប្ដូរមកជា កង កែវមណីលក្ខណ៍ ឱ្យលោកគ្រូអ្នកគ្រូទាំងបី នាក់បានជ្រាបច្បាស់ ។ លោកទាំងបីបានដឹង និងកោតសរសើរពីសេចក្ដីក្លាហានរបស់លក្ខណ៍ដែលនាងហ៊ានលាត ត្រដាងពីឆាកជីវិតខ្លួនឱ្យគេដទៃបានដឹងឮយ៉ាងដូច្នេះ ។ ស្រាប់តែសំឡេងទូរសព្ទដៃរោទិ៍ ស្រស់ស្រីលើកទូរសព្ទឡើង ៖
_ អាឡូ ! បងនិស្ស័យ ! ខ្ញុំទៅលេងនៅថ្ងៃបុណ្យភ្ជុំ !
និយាយតែបន្តិច ក៏ដាច់ការទាក់ទងទៅ ឃើញដូច្នេះ កនិដ្ឋាសួរឡើង ៖
_ មានការណ៍អី?
_ គឺបងនិស្ស័យនឹក ហើយអ៊ំទាំងពីរនាក់សួររក ! គាត់ក៏ហៅទូរសព្ទមក តែប្រហែលអស់លុយឬអស់ភ្លើង ទើប គាត់ដាច់ការទាក់ទង ។
_ អ៊ីចឹងទេ ! ស្មានថាមានរឿងអ្វី ?
_ អូនពិដោរ ! បងនឹងខំបង្ហាត់បង្រៀន លក្ខណ៍ ឱ្យជាសិស្សពូកែ !
_ បងពិភក្ដិ ! អូនក៏មានគោលបំណងដូចជាបងដែរ !
_ បើអ៊ីចឹង កូនខ្ញុំនឹងចូលរៀនដូចគេដទៃដែរហើយ !
ពេលវេលារត់ទៅមុខយ៉ាងលឿនដូចគ្រាប់ព្រួញដែលបាញ់ចេញទៅ ពិធីបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ ។ គេ ឃើញរថយន្តពីរគ្រឿងបានឈប់នៅមុខផ្ទះលោកសំអុន មួយគ្រឿងមានវិសាល កនិដ្ឋា លក្ខណ៍ និងស្រីម៉ាប់ ហើយ មួយគ្រឿងទៀតគឺមិត្តរបស់លក្ខណ៍ ដែលមានបួននាក់ទៀត ។ លោកសំអុនឃើញបែបនេះ ក៏លាន់មាត់ឡើង ៖
_ ថ្ងៃនេះ ផ្ទះអ៊ំពិតជាសំណាងណាស់ ! បានក្មួយស្រីស្អាតៗច្រើននាក់មកលេង !
_ លោកអ៊ំ ! ក្មួយៗ ! សូមជម្រាបសួរ ! (ធីតាទាំងប្រាំពីរឆ្លើយព្រមគ្នា)
_ ល្អហើយ ! លើកដៃថ្វាយព្រះ ! ក្មួយៗ! មកដាក់បង្គុយលើគ្រែឱ្យបាត់ហត់សិន !
_ ចាស៎ ! ចា៎ !
_ ធាតុអាកាសត្រជាក់ស្រួលណាស់ ! ស្រឡះមុខស្រឡះមាត់ គួរឱ្យចង់នៅណាស់ !
ស្រាប់តែ សំឡេងក្មេងយំ ង៉ា !
_ អ៊ើ ! ៗ ! ៗ ! ហ៊ើយ ! គ្រាន់តែឮមាត់មនុស្សអ៊ូអរដឹងតែធ្វើបាបខ្ញុំម៉ង៎ ! ចង់តែបោះចោលទេ !
_ កុំអី ! ទុកឱ្យខ្ញុំលួងមើល !
លក្ខណ៍លូកដៃទៅត្រកងបីទារិកា ហើយពោលលួង ៖
_ អ៊ើ ! ៗ ! ក្មេងឆ្លាតកុំយំ !
_ អុញ ! លក្ខណ៍ ! អ្ហែងមានស្នេហ៍មែន ! បានគ្រាន់តែបីបាត់យំ ! (មនោកែវពោល)
_ អត់ទេ ! វានឹកហ្នឹង បាត់យូរមិននៅជាមួយហ្នឹងណា៎ !
មួយស្របក់ក្រោយមក…
_ ឆ្ងល់តែមួយភ្លែត បាត់ខ្លួនអាលក្ខណ៍ !
_ ចង់ដឹងទៅផ្ទះបាយទៅ ! ដឹងហើយ ! (ប្រាថ្នាប្រាប់មនោកែវ)
_ ទុកឱ្យខ្ញុំទៅមើល ! ថាគេធ្វើអី ! (ស្រីម៉ាប់ពោល)
_ នាងនេះ ជំនាញណាស់អារឿងស៊ើបការណ៍ ! (មនោកែវពោលបន្ទោស)
_ យ៉ៃ ! ធ្វើអីហ្នឹង !
_ ណេះ ! កាន់ទៅ ! (លក្ខណ៍ហុចមួយចានឱ្យស្រីម៉ាប់កាន់)
លក្ខណ៍ងាកមុខបាត់ ស្រីម៉ាប់លើកសាច់មួយដុំដាក់ក្នុងមាត់ តែលក្ខណ៍ឃើញ
_ ហេ ! កុំរលិចរលាបមើល៍ ! អ៊ំទាំងពីរមិនទាន់ពិសារទេ ! (និយាយបណ្ដើរ សម្លឹងមុខបណ្ដើរ)
_ នែ ! ហូបបាយ ! (និយាយបណ្ដើរ លើកថាសបណ្ដើរ)
_ មិត្តនេះជំនាញណាស់អារឿងស៊ី ប្រយ័ត្នដូចត្បាល់កិនដាច់វ័ណ្ឌទៅ ។
_ ធាត់មិនងាយទេ ! មានអ្នកខ្លះខំប្រឹងញ៉ាំត្បិតត្បៀតខ្លាចធាត់ ខ្លះអត់អាហារពេលល្ងាច ! រឿងធាត់វាស៊ីសង ទៅលើមនុស្សហ្នឹង ! ត្រូវធាត់វាធាត់ហើយ !
_ បានហើយ ! ឈប់ឈ្លោះគ្នាទៅ ! (មនោកែវឃាត់)
ពេលបាយថ្ងៃត្រង់ដ៏សែនមនោរម្យបានកន្លងផុតទៅគួរឱ្យសោកស្ដាយ ។ សាយណ្ហកាលចូលមកដល់ បុប្ផាប្រាំ ពីរទងរីកស្គុសស្គាយ កន្លង់តាមឆ្វែលច្រវាត់ឥតដាច់ ។ គិតគ្នាស្រេច បុប្ផាប្រាំពីរទងបបួលទៅលេងអង្គរវត្តដែលជា កេតនភណ្ឌជាតិខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលមិនអាចកាត់ថ្លៃបាន ។ បុប្ផាប្រាំពីរទងអមដោយការ ស្លៀកសំពត់ហូលពណ៌តាមថ្ងៃទាំងប្រាំពីរគឺ កនិដ្ឋា ពណ៌ក្រហម លក្ខណ៍ ពណ៌លឿង ស្រីម៉ាប់ ពណ៌ស្វាយ នីតា ពណ៌បៃតង លម្អង ពណ៌ស៊ីលៀប មនោកែវ ពណ៌ខៀវ និង រស្មី ពណ៌និលព្រិល ហើយម្នាក់ៗសុទ្ធតែពាក់អាវប៉ាក់ខ្ទាស់ កន្សែងពានាដូចសំពត់ដែលស្លៀកដែរ ។ នារីទាំងប្រាំពីរម្នាក់ៗសៀតផ្កាកុលាបក្រហម រំដួល ត្របែកព្រៃ ចំប៉ា ចំប៉ី ម្លិះ និងអង្គាបុស្ស ។ វិសាលដើរតាមពីក្រោយ ចៃដន្យនារីទាំងប្រាំពីរងាកបែរមកចំព្រមគ្នា ។ វិសាលក៏ច្រៀងសាសព្ទឡើង ៖
ស្នាមញញឹមខ្មែរ…
សាសព្ទសូរសំនៀងសរសើរអស់សម្រស់ស្នាមញញឹមនារីទាំងប្រាំពីរតំណាងឱ្យស្នាមញញឹមខ្មែរទូទាំងប្រទេសមានមោទនភាព ព្រោះបានកើតមកជាខ្មែររសនៅលើដែនដីសន្តិភាព(Peaceland)និងជាព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) ។ សម្រស់អង្គរវត្តអមដោយសម្រស់បុប្ផាប្រាំពីរទងកាន់តែលើកសម្រស់ឱ្យល្អត្រកាលឡើង ថែមមួយកម្រិតទៀត ។ ប្រាង្គប្រាសាទដែលឈរយ៉ាងរឹងមាំអស់ប្រាំបួនសតវត្សរ៍បានត្រូវបុប្ផាទាំងប្រាំពីរទងទស្សនា អស់គ្មានសល់ ។
រាត្រីត្រជាក់ធ្លាក់ជំនោរពីទិសអាគ្នេយ៍នៅឡើយ ផ្ទៃមេឃលម្អទៅដោយហ្វូងផ្កាយ ។ រស្មីបានពោលឡើង ៖
_ ពេលយប់នៅស្រុកស្រែស្អាតណាស់ ! មើលចុះផ្កាយជាច្រើនបានរះភ្លឺមីរដេរដាសគួរឱ្យចង់គយគន់ណាស់ ។
_ មិត្តមើលចុះ ! (លក្ខណ៍និយាយផង ចង្អុលផង)
_ នៅណា ?
_ គឺផ្កាយកូនមាន់ នក !
_ គ្នាឃើញហើយ !
_ មែនហើយ !ៗ! (អ្នកទាំងអស់គ្នាឱទានតគ្នា)
_ នេះបើឈ្មោះអន្ដរជាតិនៃកញ្ចុំផ្កាយនេះគឺ Pleiades តំណាងឱ្យបងប្អូនស្រីទាំងប្រាំពីរដូចជាពួកយើងទាំង អស់គ្នាដែលស្រឡាញ់រាប់អានគ្នាស្ទើរតែជាបងប្អូននឹងគ្នាទៅហើយ ។
_ ផ្កាយធំមួយក្រុមនោះ ! (រស្មីសួរផង ចង្អុលផង)
_ ហ្នឹងឯងគឺផ្កាយក្រពើ ! ផ្កាយនេះមានពីរ ពេលជិតភ្លឺទើបយើងមើលឃើញច្បាស់នៅខែខ្លះ ។
_ អ៊ីចឹងប្រាប់យើងពីផ្កាយទាំងពីរមើល៍ !
_ ផ្កាយមានពីរ មានធំ មានតូច អាធំចាស់ៗចំណាំហៅផ្កាយក្រពើនេនធន់ បើតាមឈ្មោះអន្តរជាតិគេហៅថា ផ្កាយខ្លាឃ្មុំធំណា៎ ! តែពួកបស្ចឹមប្រទេសខ្លះហៅថា ផ្កាយបោយធំ ព្រោះវាមានរាងដូចបោយដងទឹក ។
_ ចុះអាតូច ?
_ អាតូចគឺចាស់ៗចំណាំហៅថា ផ្កាយក្រពើសុពណ៌កាលី បើតាមឈ្មោះអន្ដរជាតិគេហៅថា ផ្កាយខ្លាឃ្មុំតូចដឹង ទេ ? ចាំមានឱកាសល្អដូចជាពេលនេះខ្ញុំនឹងប្រាប់ពីមូលហេតុនៃឈ្មោះផ្កាយទាំងពីរតាមបែបអន្តរជាតិដល់ពួកមិត្ត ទាំងអស់គ្នា ។
_ ស្ដាប់ទៅដូចជាយល់ដឹងពីផ្កាយច្រើនណាស់ !
_ នោះគឺ ផ្កាយយាមនង្គ័ល បើតាមផ្កាយបួនដែលភ្លឺព័ទ្ធផ្កាយភ្នាលនង្គ័លនេះ(លក្ខណ៍ចង្អុលបង្ហាញ) ផ្គុំបានជា ចតុកោណព្នាយសាមញ្ញ បើតាមអ្នកខ្លះថាផ្កាយនង្គ័លនេះដូចជាគេទុកនង្គ័លចោលកណ្ដាលស្រែអ៊ីចឹង ។
_ មែន ! គ្នាមើលទៅដូចជាអ៊ីចឹងមែន !
_ ផ្កាយនេះ បើបស្ចឹមប្រទេស គេហៅផ្កាយមេទ័ពឬអ្នកប្រមាញ់ (Orion) បើជប៉ុនឬចិន គេហៅផ្កាយស្គរ ។
_ ស្ដាប់ឯងនិយាយដូចជាជក់ចិត្តណាស់ !
_ អ៊ើ ! ក្មួយ ៗ !
_ ចាស៎ ! ចា៎ ! លោកអ៊ំ !
_ ហ៊ើស ! ពួកក្មួយទៅវិញហើយ ! ផ្ទះអ៊ំពិតជាស្ងាត់ទៀតហើយ ! ហ៊ឺ !
_ កុំពិបាកចិត្តអីអ៊ំ ! ចូលឆ្នាំចាំពួកខ្ញុំមកលេងទៀត !
_ បើអ៊ីចឹង ! អ៊ំធូរចិត្តបន្តិច !
_ ចាំបុណ្យកម្សាន្តភូមិឆ្នាំនេះ ពួកខ្ញុំរាំជូនពរ !
_ យី ! ពួកក្មួយចេះរាំទៀត !
_ លក្ខណ៍ ! ឯងចេះរាំដែរ !
_ ស៊ីសងសាកមើលទេ !
ក្រោយពីទៅកម្សាន្តខេត្តសៀមរាបហើយ ពួកនាងខំប្រឹងប្រែងស្វាធ្យាយរៀនសូត្រដោយគ្មានពេលសម្រាក ។ បុណ្យកម្សាន្តភូមិមកដល់ ព្រឹត្តិការណ៍ដ៏កម្របានកើតឡើង ។ នារីរាំរបាំជូនពរនៅទីលានមួយវាលល្អជិតនោះដែរ ។ សាសព្ទតូរ្យតន្ត្រីបុរាណបានលាន់ឮឡើង សំឡេងច្រៀងយ៉ាងគ្រលួចបានផ្សាយផ្សព្វឮពេញភូមិ ។ លក្ខណ៍ ! ទោះបី ខានរាំជាច្រើនខែដោយនាងបានឈ្លក់វង្វេងភ្លើតភ្លើននឹងវប្បធម៌គេ តែដួងចិត្តដែលស្រឡាញ់ការរាំរបាំនៅដក់ជាប់នៅ ក្នុងចិត្តជានិច្ចឥតមានបំភ្លេចមួយគ្រាឡើយ ។ នាងរាំលើកដៃយ៉ាងសមសួនឥតមានឆ្គងត្រង់កន្លែងណាឡើយ ។
ស្នូរសំឡេងទះដៃលាន់ឮឡើងម្ដងទៀត ធ្វើឱ្យអ្នករាំកាន់តែមានមោទនភាពថែមមួយកម្រិតទៀត ។ អ្នករាំសំពះ គោរពជាលើកទីពីរ ហើយក៏ផ្លាស់សម្លៀកបំពាក់ទៅ ។ នៅក្នុងសភាពធម្មតា នារីទាំងប្រាំពីរមិនផ្លាស់ពីចរិតអឹមអៀន ឡើយ ។ វិសាលបានចូលមកចាប់ដៃកនិដ្ឋា ក្នុងភាពជាគូដណ្ដឹង មិនដឹងតាំងពីអង្កាល់ ។ កនិដ្ឋាវាយដៃ ហើយច្រាន ចេញ ព្រមជាមួយវាចាពោលឡើង ៖
_ កុំធ្វើអ៊ីចឹងមើល ! ខ្មាសគេ ! ចាប់ដៃចាប់ជើងអី !
_ បងមិនខ្មាសទេ ព្រោះជាគូដណ្ដឹងបង !
_ ទោះយ៉ាងណាក៏ទុកកិត្តិយសឱ្យអូនដែរ !
_ បងថ្លៃ ! (លក្ខណ៍ហៅលេងបន្លំមែន)
_ ភ្ជាប់សាច់ភ្ជាប់ឈាមឱ្យហើយទៅ ! (មនោកែវចំអក)
_ ឯងនឹងក៏ម្នាក់ដែរ ! មិនកាន់ជើងគ្នាទេ ! មានតែច្រានថែម ! (និយាយបណ្ដើរ ក្ដិចបណ្ដើរ)
_ ក្មួយអ៊ំតែងខ្លួនហើយ ស្អាតៗណាស់ !
ឮអ៊ំសំអុនពោលបែបនេះ ម្នាក់ៗអៀនមុខក្រហមគ្រប់គ្នា ។
_ បានហើយ ! កុំអៀន កុំអន់អី ! អ៊ំនិយាយតាមត្រង់ទេ!
_ បងៗ ! រាំបានស្អាតណាស់ ! សម្ផស្សក៏ស្អាតដែរ !
_ កុំសរសើរបង ! បើប្អូនស្រឡាញ់ចង់រៀន ចូលរៀនសាលាទៅ ! បើមិនដឹង ចាំបងទាក់ទងឱ្យ ! (លក្ខណ៍ពោល)
_ ពួកខ្ញុំក៏ចង់ដែរ !
_ ចាំបងទាក់ទងឱ្យ ! ណេះ ! យកលេខបងទុកក៏បានដែរ !
_ អរគុណបងហើយ !
_ ឧស្សាហ៍ហៅទូរសព្ទទៅលេងផង ! កុំហៅទៅពេលថ្ងៃរសៀល និងពេលព្រឹក ។ បងជាប់រៀន ! ពេលយប់ ត្រឹមម៉ោងប្រាំបួនកន្លះ ! បានហើយ ! បានហើយ ! ទៅដើរលេងទៅ !
_ អាលក្ខណ៍ ! ឯងមានចិត្តល្អណាស់ ! ក្មេងគេស្រឡាញ់ឯងណាស់ !
_ កុំច្រណែននឹងគ្នាអី ! យើងជាខ្មែរដូចគ្នា ត្រូវតែជួយគ្នា !
អវសាន…
ក្រោយពីអង្គុយស្ដាប់រឿងរបស់លក្ខណ៍ដល់ត្រឹមនេះ ។ ស្រាប់តែឮសំឡេងស្រែកហៅឡើង ៖
_ លក្ខណ៍ ! លក្ខណ៍ ! នៅណាហ្នឹង ?
_ អឺ ! គ្នានៅនេះ ! សុំទោស ! បងត្រូវទៅហើយ ! អូនមាលតី !
_ ចាស៎ ! ចា៎ ! អរគុណបងដែលនិទានរឿងជាហូហែអស់រយៈពេលយ៉ាងយូរមកនេះ !
_ បងទៅហើយណា៎ !
_ ចា៎ !
មាលតីជាយុវតីដែលមានចរិតស្លូតបូតឆ្លាតវៃ ។ នាងរៀនបានពូកែណាស់ប្រឡងប្រចាំខែបានចំណាត់ថ្នាក់ លេខមួយរាល់ខែ ហើយមាននិស្ស័យចង់ចេះចង់ដឹង ។ គ្រាន់តែឮសិស្សមួយចំនួននិយាយឡើង៖
_ កាលពីមុន ដូចតែឯងសោះ ! ឥឡូវមកធ្វើខ្លួនជាសិស្សល្អអីណា៎ !
តែប៉ុណ្ណឹង នាងលួចសួរលក្ខណ៍ឱ្យនាងជួយចែករំលែកបទពសោធន៍ខ្លួនឱ្យនាងផង ហើយថែមទាំងនិយាយ រឿងហូរហែដូចបានរៀបរាប់ខាងលើស្រាប់ ។ មាលតីលួចញញឹម ភ្នែកទាំងគូសម្លឹងជូនដំណើរលក្ខណ៍រហូត ។ ចំណែក លក្ខណ៍ទៅជួបលោកគ្រូនាយក ព្រោះនាងជាពិធីការិនីនៅថ្ងៃបើកបវេសនកាលនេះ ។
ក្រោយពីបានស្ដាប់ម្ដាយនិយាយរឿងខ្លួន មណីរ័ត្នពេញចិត្តនឹងខ្លួនជាកូនរបស់លក្ខណ៍ខ្លាំងណាស់ ។ ស្វាមីដ៏ ឧត្តមរបស់លក្ខណ៍គឺ លោក រស់ សម្បត្តិ ជាប្រធានក្រុមហ៊ុនទេសចរណ៍មួយបានអង្គុយស្ដាប់រឿងភរិយាខ្លួនទាំងចំហមាត់ធ្លុង ។
រំពេចនោះ សំឡេងរថយន្តទូរីសមួយបានចូលមកដល់មុខផ្ទះ ហើយស៊ីផ្លេ ៖
_ ទីត ! ទីត ! ទីត !
មណីរ័ត្នចុះពីលើផ្ទះទៅទទួលដោយមានអ្នកបម្រើម្នាក់ទៅជួយបើកទ្វាររបង ដើម្បីឱ្យរថយន្តបរចូលមកក្នុង បរិវេណខាងក្រៅផ្ទះ ហើយមណីរ័ត្នបានពោលទាំងគំនាប់ឡើង ៖
_ អ៎ ! អ៊ំនិស្ស័យ អ៊ំប្រាថ្នា បងស្រីមរកត អ៊ំកនិដ្ឋា អ៊ំវិសាល បងប្រុសឧត្តម ! ខ្ញុំសូមជម្រាបសួរ !
_ ជម្រាបសួរ ! លើកដៃថ្វាយព្រះណា៎ ! មណីរ័ត្ន !
លក្ខណ៍ឈរមើលញាតិសាច់សាលោហិតដែលមកលេងទាំងក្នុងចិត្តកក់ក្ដៅ ព្រោះមួយជីវិតនេះ នាងបានងាក មកដើរផ្លូវត្រូវវិញបានទាន់ពេល ។ គ្មានអ្នកណាដឹងពីជម្រៅដួងចិត្តនាងថា នាងសប្បាយចិត្តយ៉ាងណាដែលនាង បានកើតមកជាកូនខ្មែរ ៕