រឿង៖ ពិភពសត្យ ភាគ១

មន្ទិល…
នាពេលព្រឹកព្រលឹម ព្រះអាទិត្យកំពុងធ្វើដំណើរគោចររះឡើងនាទិសខាងកើតបន្តិចម្តងៗ បញ្ចេញនូវកាំរស្មីពណ៌មាសយ៉ាងត្រចះត្រចង់មកលើទីក្រុងទាំងមូល ។ សំឡេងអ៊ូអរក៏បានឮឡើងងំទៅៗ បញ្ជាក់ថាប្រព័ន្ធគ្រប់យ៉ាងត្រូវបានដំណើរការជាថ្មីម្តងទៀត។ បក្សាបក្សីចេចចាចៗហោះទាំងហ្វូងៗទៅគ្រប់ទិសទី ឯមនុស្សរាល់គ្នាកំពុងមមាញឹកនឹងការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំ។ សំឡេងមែកឈើត្រកួតគ្នាទៅមកៗ បង្កជាចង្វាក់តន្ត្រីនៃធម្មជាតិរេរាំតាមខ្យល់អាកាសគួរជាទីទស្សនីយភាព ។
ម៉ោង ០៦:៣០នាទីព្រឹក
ទ្រឺង ទ្រឺង… សំឡេងម៉ោងរោទ៍លាន់ឮឡើងចេញពីកូនផ្ទះតូចល្មមមួយខ្នង ដែលមានក្បាច់រចនាប្លែកភ្នែកគួរឱ្យចង់រស់នៅ។ នៅខាងក្នុងផ្ទះមានការតុបតែងលម្អដោយកូនឈើតូចៗដែលលូតលាស់យ៉ាងខៀវខ្ចីបញ្ជាក់ថា ម្ចាស់នៅទីនេះមានការយកចិត្តទុកដាក់បានយ៉ាងល្អ។ ប្លែកអ្វីតែ គេហដ្ឋានដ៏គួរឱ្យចង់ផ្ញើក្តីសុខជាមួយមួយនេះបែរជាស្ងាត់រងំ គ្មានចរន្តសំឡេងអ៊ូអរទាល់តែសោះ។
ម៉ោងរោទ៍នៅតែបន្តរោទ៍មិនឈប់ គឺរោទ៍រង់ចាំដើម្បីដាស់តឿនមនុស្សឱ្យក្រោកឡើងព្រមខ្លួនស្វាគមន៍ទទួលថ្ងៃថ្មី។
“អើយ… ដល់ម៉ោងទៀតហើយឬ?”
ខ្ញុំនិយាយតែឯងខ្សឹបៗ ព្រមជាមួយនឹងដៃរាវរកបិទម៉ោងរោទ៍នោះ។ ថ្ងៃនេះក៏មិនខុសពីម្សិលមិញ ខ្ញុំរៀបចំទៅធ្វើការដូចសព្វដង ។ នេះជាថ្ងៃទីប្រាំមួយហើយដែលខ្ញុំចូលធ្វើការនៅកន្លែងសារព័ត៌មានមួយកន្លែង។ អស់រយៈពេលប្រហែល៥ឆ្នាំហើយដែលខ្ញុំចូលមករស់នៅផ្ទះនេះ ។
វាជាទ្រព្យសម្បត្តិចុងក្រោយដែលលោកតាប្រគល់ឱ្យខ្ញុំមុនពេលគាត់បាត់បង់ជីវិតទៅ ។ ខ្ញុំសម្លឹងទៅរូបថតដែលព្យួរជាប់ទៅនឹងជញ្ជាំង ទាំងទឹកមុខក្រៀមក្រំនឹកគ្រានោះក្រៃលែង។ វាជាថ្ងៃដែលខ្ញុំបញ្ចប់ជីវិតនៅវិទ្យាល័យ ហើយលោកតាក៏បានទៅចូលរួមអបអរជាមួយដែរ។
មិនភ្លឹកយូរតទៅទៀតខ្ញុំក៏ដើរទៅជិតកូនឈើកូនផ្កាដែនៅជាប់មាត់បង្អួច ហើយស្រោចទឹកឱ្យវាដូចសព្វមួយដងហើយរៀបចំទៅធ្វើការ។ ខ្ញុំធ្វើដំណើរដោយថ្មើរជើងព្រោះការិយាល័យនៅជិតនេះដែរ។ ដល់តូបកាហ្វេមួយកន្លែងខ្ញុំក៏ចូល ព្រោះវាជាកន្លែងដែលខ្ញុំចូលជាប្រចាំ ៖
“បង! កាហ្វេមួយដូចរាល់ដង” ខ្ញុំនិយាយព្រមទាំងទឹកមុខញញឹមទៅកាន់អ្នកលក់
“ចាស អូន” គាត់តបទាំងធ្វើមុខឆ្ងល់ ។
ប្រហែលពីរនាទីក្រោយ គាត់ក៏ហុចកាហ្វេឱ្យ។ ខ្ញុំក្រេបបន្តិចហើយក៏ឈ្លក់ព្រោះមិនមែនជារសជាតិដែលខ្ញុំធ្លាប់ទិញឡើយ។ ខ្ញុំគិតបន្តិចក៏សួរ៖
“បងហា៎! ប្រហែលបងច្រឡំហើយ វាល្វីងខ្លាំងណាស់។ បងមិនទាន់ចំណាំខ្ញុំទេមើលទៅ” ខ្ញុំនិយាយទាំងសើចតិចៗ ។
“ហាក!! បងស្គាល់អូនច្បាស់ណាស់ ព្រោះមកទិញច្រើនដង តែចម្លែកអីថ្ងៃនេះមកទិញម្តងហើយម្តងទៀតព្រមទាំងយករសជាតិផ្សេងគ្នាទៀត”
គាត់ឆ្លើយវែងអន្លាយហាក់ដូចកាត់ចម្ងល់ដែលសន្សំទុកជាយូរ ។
ខ្ញុំគាំងមិននិយាយអីហើយចាប់ផ្តើមគិតតែឯង “គាត់ច្រឡំទេដឹង?” ហើយក៏សួរបញ្ជាក់៖
“ បងច្រឡំមនុស្សទេដឹងព្រោះខ្ញុំទើបតែមកម្តងនេះទេតើ?”
“អត់ទេអូន អូនឈ្មោះនីរ៉ាត្រូវទេ?” គាត់ឆ្លើយនិងសួរបញ្ជាក់ទាំងប្រាកដក្នុងចិត្ត
“ ចាស បង! តែខ្ញុំពិតជាមកលើកទីមួយពិតមែនក្នុងថ្ងៃនេះ”។
“ បងចាំច្បាស់ណាស់គឺអូននេះហើយ អូនថែមទាំងបានសរសេរអ្វីម៉្យាងទុកទៀតផង” និយាយចប់គាត់ក៏ដើរទៅយកក្រដាសតូចមួយមកឱ្យខ្ញុំ ។
«ថ្ងៃទីប្រាំពីរ…»
ខ្ញុំយកមកមើលទាំងងឿងឆ្ងល់ព្រោះវាដូចជាអក្សរខ្ញុំបេះបិទ ទាំងដែលខ្ញុំមិនបានសរសេរឡើយ ហើយខ្ញុំមិនទាំងយល់ពីអត្ថន័យនៃឃ្លាមួយនោះផង ។ មិននៅយូរខ្ញុំដើរកាន់ក្រដាសមួយសន្លឹកនោះដើរទៅក្នុងការិយាល័យធ្វើការបាត់ទៅ ។
…ពេលទៅដល់…
ខ្ញុំដើរចូលទៅកន្លែងធ្វើការដោយចាប់អារម្មណ៍ថាគ្រប់គ្នាសម្លឹងមកខ្ញុំបែបប្លែក ព្រមទាំងនិយាយខ្សឹបខ្សៀវគ្នាពីអ្វីម្យ៉ាងហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ណាស់ ។ ទៅដល់តុធ្វើការ ខ្ញុំអង្គុយចុះទាំងងឿងឆ្ងល់ជាខ្លាំង គិតត្រឹមថ្មើរនេះ ខ្ញុំជួបរឿងចម្លែកដល់ទៅពីរទៅហើយ ។ មិនចាំយូរ ខ្ញុំក៏ងាកទៅសួរអ្នកជិតនោះ ៖
“ មេត្តា!! តើគេមានរឿងអីមែនទេ?”
“ នេះឯងមិនដឹង ឬធ្វើមិនដឹង?” មេត្តាសួរខ្ញុំទាំងខឹង ហើយងើបទៅបាត់ទៅ ។
មកដល់ត្រឹមនេះ ខួរក្បាលរបស់ខ្ញុំហាក់លែងដំណើរការ។ ខ្ញុំពិតជាមិនដឹងថានេះជាសុបិនឬជាអ្វីឱ្យប្រាកដ ហេតុអ្វីគ្រប់យ៉ាងផ្លាស់ប្តូរខ្លាំងយ៉ាងនេះ? ខ្ញុំក៏ក្រោកទៅបន្ទប់ទឹក ពេលទៅដល់ ៖
ប្រាវ…!!! ទូរសព្ទខ្ញុំធ្លាក់ពីដៃ…
“ អត់ទេ! មិនពិត! តើនេះជារឿងស្អីទៅ?” ខ្ញុំយំផងនិយាយផងបន្ទាប់ពីបានឃើញមុខខ្លួនឯងក្នុងកញ្ចក់ ដាច់រហែកសាច់ ឈាមរឹមៗចេញពីថ្ពាល់ ។
“ តើនេះជាសុបិនមែនទេ? តើមានរឿងអីកើតឡើងចំពោះខ្ញុំ?” ខ្ញុំនិយាយផង ស្រែកផង វាយខ្លួនឯងដូចមនុស្សសតិមិនល្អ ។
ក្រោយមកខ្ញុំដើរចេញទាំងសក់កន្រ្ទើង មិនមើលមុខអ្នកណា តម្រង់ទៅតូបបងលក់កាហ្វេថាបម្រុងនឹងសួរនាំរឿងខ្លះ តែ…គ្រប់យ៉ាងកាលពីព្រឹកមិញបានរលាយសូន្យប្រែជារូបភាពផ្សេងដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ តូបកាហ្វេប្រែក្លាយទៅជាចំណតរង់ចាំឡានក្រុង ក្រឡេកមកមើល office ប្រែជាផ្ទះមួយខ្នងមានឡានចតពីមុខ មានក្មេងពីរនាក់កំពុងរត់លេងនៅបរិវេណមុខផ្ទះ ។ ខ្ញុំហៀបនឹងដើរចូលទៅមើលជិតថាជាអ្នកណាហើយស្រាប់តែ…
ទីតៗ ទីតៗ… សំឡេងស៊ីផ្លេរថយន្តបានមកកាត់ចង្វាក់ ធ្វើឱ្យរូបភាពទាំងអស់រលាយទៅបាត់មួយរំពេចទើបខ្ញុំដឹងថាខ្ញុំកំពុងតែឈរនៅចំពាក់កណ្តាលផ្លូវ មានរថយន្តជាច្រើនកំពុងបញ្ចាំងភ្លើងនិងនិយាយទាំងកំហឹងមកកាន់ខ្ញុំ៖
“ នេះបើខ្ញុំចាប់ស្រ្វាំងមិនទាន់ នាងនឹងស្លាប់ជាមិនខានឡើយ” បុរសចំណាស់ម្នាក់ស្រែកឱ្យខ្ញុំ ។
ខ្ញុំមិនតបតអ្វីទាំងអស់ ព្រោះត្រឹមតែមួយប៉ប្រិចភ្នែក អ្វីនៅជុំវិញខ្លួនខ្ញុំបានប្រែប្រួល ខ្ញុំពិតជាមិនបានដឹងរឿងអ្វីបន្តិចសោះឡើយ។ គិតចប់ស្រាប់តែដូចមានអ្វីមកឆក់យកស្មារតីឱ្យចេញខ្សាវពីខ្លួន…ព្រុស…
………………….
ខ្យល់បក់មកត្រជាក់ៗ សំឡេងចាប់ចេចចាច ខ្លះទុំលើដើមឈើ និងខ្លះទៀតហោះហើរលើរវេហាដែលមានពណ៌ទឹកសមុទ្រមានពពកតម្រៀបរាងដូចស្រការត្រី ។ ខ្ញុំបើកភ្នែកព្រឹមៗរហូតអាចសម្លឹងបានច្បាស់ ចោលភ្នែកមើលគ្រប់ទីកន្លែងនៅទីនេះ ដែលហាក់ជាកន្លែងថ្មីស្រឡាងមួយផ្សេងទៀត ។ បន្ទាប់ពីយល់ស្ថានការណ៍ ខ្ញុំក៏ស្ទុះងើបឡើងក្រោកឈរ ដើរមើលគ្រប់ជ្រុងជ្រោយ ទើបដឹងថានេះមិនមែនជាផ្ទះរបស់ខ្ញុំឡើយ ។ កំពុងតែសញ្ជឹងគិតពីហេតុភេទមុនពេលមកដល់ទីនេះសុខៗ…
តុកៗ តុកៗ…សំឡេងគោះទ្វារបន្លឺឡើងឆក់យកព្រលឹងភ្ញាក់ក្រញាង។
ខ្ញុំក៏ដើរយឺតៗទៅបើកទ្វារ ។
មានស្ត្រីចំណាស់ម្នាក់កំពុងឈរកាន់ថាសអាហារនិងរ៉ូបមួយសម្រាប់ ដូចជាត្រៀមឱ្យអ្នកណាម្នាក់។ ខ្ញុំក៏សួរទៅគាត់ ៖
“នេះអ្នកជាអ្នកណា? ជាអ្នកចាប់ជំរិតមែនទេ? ហើយទីនេះជាកន្លែងណា? ឆាប់ដោះលែងខ្ញុំទៅខ្ញុំគ្មានសាច់ញាតិឱ្យអ្នក ជំរិតទារប្រាក់នោះទេ។” ខ្ញុំនិយាយស្ទើរភ្លេចដកដង្ហើម តែស្រ្តីចំណាស់នោះគ្រវីក្បាលតិចៗព្រមទាំងញញឹមពព្រាយមកកាន់ខ្ញុំ ។
“ នេះជាបបរនិងថ្នាំ។ ឆាប់ហូបទៅអ្នកនាង។” គាត់តបវិញទាំងសម្តីផ្អែម។
ខ្ញុំហាក់ងឿងឆ្ងល់បន្តិចដែរ តែមិនគិតច្រើនព្រោះខ្ញុំជួបរឿងចម្លែកច្រើនមកហើយ ។ ខ្ញុំបានត្រឹមតែគិតថានេះគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ ហើយបន់ឱ្យតែឆាប់ភ្ញាក់អាលនឹងបានចេញពីរឿងអពមង្គលទាំងនេះ។
“ នេះខ្ញុំអាចយល់សប្តិបានយូរដល់ថ្នាក់នេះ?” ខ្ញុំនិយាយទាំងសើចខ្លួនឯងតិចៗ។ ស្តី្រចំណាស់ម្នាក់នោះងើយមើលមុខខ្ញុំទាំងញញឹមស្មើៗ ហើយក៏បែរត្រលប់ទៅវិញ ។
ហៀបនឹងចេញទៅហើយ គាត់ហាក់ភ្លេចប្រាប់អ្វីម្យ៉ាងគាត់ក៏បែរមកម្តងទៀត
“លោកប្រុសនៅចាំនៅខាងក្រៅ ។ គាត់ផ្តាំឱ្យអ្នកនាងទៅជួបគាត់។”
ខ្ញុំនៅអង្គុយចំហរមាត់ស្តាប់បណ្តើរគិតបណ្តើរ មិនអស់ចិត្តក៏ងើបទៅប្រុងនឹងផ្លាស់សម្លៀកបំពាក់ ក៏ក្រឡេកឃើញខ្លួនឯងក្នុងកញ្ចក់
“ នេះ…នេះជាខ្ញុំឬ?” ខ្ញុំនិយាយព្រមជាមួយភ្នែកមើលភ្លឹកទៅនឹងសម្រស់ខ្លួនឯងក្នុងកញ្ចក់។ ស្នាមដែលខ្ញុំមានកាលពីម្សិលមិញ បានបាត់អស់ ជំនួសមកវិញនូវមុខស មដ្ឋខៃដែលខ្ញុំខ្លួនឯងស្ទើរតែមិនជឿនឹងភ្នែក
“ស្អីគេឱ្យប្រាកដទៅ?” ខ្ញុំគិតក្នុងចិត្ត ។
“ទូរសព្ទខ្ញុំ” ខ្ញុំស្ទាបលើហោប៉ៅនិងស្វែងរកនៅជិតៗនោះដើម្បីរកទូរសព្ទទើបខ្ញុំចាំបានថាវាបានជ្រុះនៅបន្ទប់ទឹកឯការិយាល័យធ្វើការបាត់ទៅហើយ ៖
“អើយ!! ហេតុអ្វីខ្ញុំសយយ៉ាងនេះ? តើឱ្យខ្ញុំទៅសុំខ្ចីទូរសព្ទពីចោរអស់នេះឬយ៉ាងម៉េច?” ខ្ញុំនិយាយទាំងធុញថប់។
… បន្ទាប់ពីបានផ្លាស់់សម្លៀកបំពាក់ហើយ ខ្ញុំក៏បើកទ្វារចេញទៅខាងក្រៅដូចស្ត្រីចំណាស់នោះប្រាប់។ បើកទ្វារភ្លាម អ្វីៗគ្រប់យ៉ាងនៅទីនេះគឺប្រៀបបានដូចជាឋានសួគ៌ដែលគ្រប់គ្នាប្រាថ្នាចង់ទៅ ។ មានដើមឈើដុះតម្រៀបគ្នាតាមសងខាងផ្លូវ មានផ្កាចម្រុះពណ៌ដុះត្រៀបត្រាបញ្ចេញសោភណ័យ៉ាងល្អប្រណិត។
វាលស្មៅដ៏ធំល្វឹងល្វើយរកទីបញ្ចប់គ្មាន ដុះលូតយ៉ាងខៀវខ្ចី រួមជាមួយសត្វបក្សាបក្សី ហោះហើរជជែកគ្នាយ៉ាងកងរំពង ហាក់ផ្តល់អារម្មណ៍ធម្មជាតិឱ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លា វិះភ្លេចនឹងភាពគ្រោះថ្នាក់ដែលខ្លួនកំពុងជួប ។
ហឹប… ដៃដ៏ធំនិងណែនទាំងទ្វេបានមកក្រសោបឱបរាងកាយរបស់ខ្ញុំពីក្រោយដូចមនុស្សធ្លាប់ស្និទ្ធិស្នាលគ្នាពីមុនមក។
“ ទីបំផុត បងរកអូនឃើញហើយ” សំឡេងធំល្មមបន្លឺឡើងក្បែរត្រចៀក ធ្វើឱ្យព្រឺសព្វកាយា ខ្ញុំក៏ប្រញាប់ដកដៃគេចេញ
“ លោកជាអ្នកណា? ជាអ្នកចាប់ជំរឹតខ្ញុំមែនទេ?” ខ្ញុំនិយាយឡើងទាំងញញើតញញើម
“ ទេវីនី!! នេះអូននិយាយពីអ្វី?” បុរសម្នាក់នោះនៅតែបន្តសួរ
“ នេះ…លោកស្គាល់នារីម្នាក់នោះដែរមែនទេ? តើនាងជាអ្នកណា?”
ខ្ញុំហាក់ស្រឡាំងកាំង ក្រោយពេលគេហៅឈ្មោះនារីម្នាក់ដែលដេកស្លាប់យ៉ាងអាថ៌កំបាំងនៅកណ្តាលផ្លូវកាលពីម្សិលម្ងៃ បន្សល់ទុកត្រឹមតែផ្លាកឈ្មោះដែលគឹបជាប់អាវថា ទេវីនី ។
“ លោកប្រុសៗ លោកស្រីធំមិនស្រួលខ្លាំងហើយ”
បុរសម្នាក់មើលទៅដូចជាអ្នកយាមទ្វារបាននិយាយទាំងដង្ហក់ទៅកាន់បុរសម្នាក់នោះ ។ ពួកគេក៏រត់ទៅបាត់ មិនខ្ចីមើលមុខខ្ញុំបន្តិចឡើយ ។ ខ្ញុំអាចសន្និដ្ឋានបានថា ប្រហែលជាលោកស្រីធំម្នាក់នោះជាបុគ្គលសំខាន់នៅទីនេះ ។ កំពុងតែស្លុងអារម្មណ៍នឹងរឿងទាំងនោះ ដៃមួយបានចាប់ទាញដៃខ្ញុំចេញវឹង។ ខ្ញុំដើរបណ្តើរសួរបណ្តើរ
“ នេះប្រុងអូសខ្ញុំទៅណាដែរ?” ។
បុរសម្នាក់មានសាក់ពេញខ្លួន ហាក់ដូចគ្រូមន្តអាគមអូមអាម ឈប់ដើរហើយងាកមក ផ្អៀងផ្អងមើលថែមទាំងបន្លឺថា
“ នេះនាងជាគេម្នាក់នោះមែនទេ?” ជារឿងមួយទៀតហើយដែលធ្វើឱ្យខ្ញុំធុញនឹងគិត ព្រោះគ្មានហេតុផលទាល់តែសោះដែលជីវិតខ្ញុំបានមកជួបរឿងស្អីមិនដឹងទាំងនេះ ។ មិនគិតយូរខ្ញុំក៏ ៖
“ លោកតាលោកយាយជួយកូនចៅឱ្យភ្ញាក់ឆាប់ៗផង” ខ្ញុំនិយាយបណ្តើរ សំពះបណ្តើរ បិទភ្នែកបួងសួង
ផាច់…!! អូយ…!!
គ្រូអាគមម្នាក់នោះទះថ្ងាសខ្ញុំមួយដៃហាក់ដាស់ស្មារតីខ្ញុំឱ្យភ្ញាក់ឡើងហើយដឹងខ្លួនថាមិនមែនជាសុបិន
“ ឯងត្រូវតែមកបម្រើយើង ” គ្រូអាគមនោះនិយាយទាំងសើចតិចៗបញ្ចេញធ្មេញខ្មៅនិងភាពរីករាយជាខ្លាំង។ គាត់វិះនឹងអូសដៃខ្ញុំទៅហើយ ស្រាប់តែមានដៃមួយផ្សេងទៀតមកចាប់ទាញដៃខ្ញុំម្ខាងទៀត។
“លែងអ្នកនាងទៅ នេះឯងចង់នាំអ្នកនាងទៅណា?” ជាស្ត្រីចំណាស់ម្នាក់នោះ ។ គ្រូអាគមក៏លែងដៃខ្ញុំយ៉ាងស្រួល ទើបខ្ញុំនិងស្ត្រីចំណាស់ដើរទៅផ្ទះវិញ ។
“អ្នកនាងយ៉ាងម៉េចហើយ?” គាត់សួរទាំងក្តីបារម្ភ
“ គេម្នាក់នោះជាអ្នកណា?”
“គឺគ្រូអាគមនោះអី អ្នកនាងមិនចាំអ្វីទេឬ?”
“មីង! ខ្ញុំមិនមែនជាអ្នកនាងរបស់មីងនោះទេ។ ខ្ញុំមិនដែលស្គាល់មីង ប្រហែលមីងចាំច្រឡំមនុស្សហើយ” គាត់ព្យាយាមសម្លឹងមុខខ្ញុំយ៉ាងយូរ ហើយក៏ក្រោកដើរចេញទៅក្រៅបាត់ទៅ ។
ស្អែកឡើង….
សំឡេងសម្រឹបជើងត្រៀបត្រាតម្រង់ទៅបន្ទប់មួយ ។ “អ្នកម៉ែ” សំឡេងមាំមួយបានបន្លឺឡើងទាំងក្តុកក្តួលក្នុងហឫទ័យជាពន់ពេក ។
“នរៈ… ផ្តាំប្រាប់នាងផង.. ថា…ម៉ា..ក់..សូ..ម..ទោស…” ស្ត្រីវ័យប្រហែលជា៥០ទៅ៦០ផ្លាយ ម្នាក់ខំនិយាយទាំងត្រដរខ្យល់ ។
“សូម…ទោស..ទេ..វី..” មិនទាំងចប់សេចក្តីផងគាត់បានដាច់សង្ខារពេលនោះទៅ ។
“អត់ទេអ្នកម៉ែ! កុំទៅចោលកូនអី! អ្នកម៉ែ…”
សំឡេងយំខ្សឹកខ្សួលជិតរាងកាយស្តូកស្តឹង ទ្រហោយំហាក់មិនចង់ឃ្លាត ។ ភាពរឹងមាំទាំងអស់បានរត់ចោលស្មារតីអស់មួយរំពេច បន្សល់ទុកតែភាពទន់ជ្រាយ ភាពសោកស្តាយលើរូបកាយអ្នកកំលោះ ។
ឱ! អ្នកម្តាយកូនអើយ ឱ្យកូនរស់ដូចម្តេចទៅ ដ្បិតអ្នកជាកម្លាំងចិត្ត ជាសេចក្តីស្រឡាញ់ឱ្យកូនរស់ដល់សព្វថ្ងៃ តែព្រហ្មលិខិតចិត្តអាក្រក់បានឆក់សង្ខារម្ចាស់ថ្លៃជីវិតកូនចេញពីកូនទៅហើយ…។
…ក្នុងពិធីបុណ្យ…
ភាពស្ងប់ស្ងាត់បង្កប់ដោយភាពក្រៀមក្រំបានបៀមជាប់នៅក្នុងចក្រភពទាំងមូលឱ្យសោកសៅទៅតាមដែរ“ កាលពីនៅមានជីវិត លោកស្រីរ័ត្នមន្នី ជាស្ត្រីដ៏ក្លាហាននិងមានចិត្តទន់ភ្លន់បំផុតដែលអាចឱ្យប្រជាជនទាំងពួងរស់បានសុខក្រោមម្លប់ដ៏ត្រជាក់របស់លោកស្រី តែក្រោយពេលនាងស្រីចង្រៃអពមង្គលនោះឈានជើងចូលមកកាន់ទឹកដីនេះ អ្វីៗបានរលាយក្លាយជាផេះផង់”
ស្ត្រីវ័យកណ្តាលម្នាក់ក្នុងចំណោមស្ត្រីពីរបីនាក់ពោលទាំងទុក្ខសោកលាយឡំនឹងកំហឹងដែលមិនអាចពណ៌នាឱ្យអស់សេចក្តី។
“ មែនហើយ! នាងនោះសមតែស្លាប់ តែព្រហ្មលិខិតមិនមេត្តា បែរជាត្រូវធ្លាក់លើលោកស្រីទៅវិញ” ស្រ្តីម្នាក់បន្ថែមសេចក្តី។
“អ្នកនាង!” ស្ត្រីចំណាស់ហៅខ្ញុំពីក្រោយគុម្ពព្រៃដោយសំឡេងខ្សឹបៗ ។
“ មីង ! តើពួកគេកំពុងនិយាយពីអ្នកណា ហើយអ្នកណាបានស្លាប់ទៅ?” ខ្ញុំសួរទាំងមីងមាំងព្រោះគ្មានដឹងដំណើរដើមទងអ្វីសោះឡើយ ។
ស្ត្រីចំណាស់ម្នាក់នោះសម្លឹងមុខខ្ញុំដោយក្តីសង្ស័យអ្វីម្យ៉ាង ទើបពោល
“ គឺលោកស្រីធំបានស្លាប់ហើយ”
“ គាត់ស្លាប់ដោយសារអ្វីទៅមីង ហើយគាត់ជាអ្នកណា?” ខ្ញុំឈ្លេចសួរ
“អាហារថ្ងៃត្រង់រៀបចំរួចហើយអ្នកនាង” គាត់ដើរចេញព្រមជាមួយពាក្យពេចន៍ប៉ុន្មានម៉ាត់នេះ ។ ខ្ញុំក៏ដើរទៅជាមួយគាត់ទាំងភាពមន្ទិលដដែល ។
… ភាពស្ងប់ស្ងាត់បានមកគ្របដណ្តប់ស្បៃរាត្រីឱ្យលន្លង់លន្លោចទៅតាម ។ ខ្ញុំគេងមិនលក់ក៏ដើរចេញមកក្រៅស្រូបយកខ្យល់អាកាសបន្តិច ។ នៅទីនេះមានភាពចម្លែកជាច្រើនដែលធ្វើឱ្យខ្ញុំចង់ដឹងចង់យល់ថាមានរឿងអ្វីកើតឡើង? ខ្ញុំមកទីនេះដោយរបៀបណា? ហេតុអ្វីគ្រប់យ៉ាងបានប្រែប្រួលដូច្នេះ? មានសំណួររាប់លានកោដបានដក់ជាប់ក្នុងខួរក្បាលដ៏តូចមួយនេះ ឱ្យគិតទាំងយប់ទាំងថ្ងៃ នៅតែស្រមៃមិនចេញ។ កំពុងអណ្តែតអណ្តូងស្លុងអារម្មណ៍ គ្រានោះខ្ញុំបានឃើញពន្លឺចង្កៀងស្ទុងៗ នៅត្រង់ចំណុចមួយនៅក្បែរដើមឈើមួយដើម។ ដោយហេតុចង់យល់សេចក្តី ខ្ញុំក៏បានដើរសសៀរៗទៅ ។
“ឯងនៅឱ្យឆ្ងាយពីនាងសិនទៅ កុំឱ្យមានគេសង្ស័យ” សំឡេងស្ត្រីម្នាក់បានបន្លឺឡើងយ៉ាងមាំ ។
“ប៉ុន្តែនាងជាទ្រនឹបរបស់ខ្ញុំ” បុរសម្នាក់បានតប ។ មកដល់ត្រឹមនេះខ្ញុំអាចដឹងថា បុរសម្នាក់នោះជាគ្រូអាគមកាលពីថ្ងៃមិញព្រោះជាសំឡេងដែលខ្ញុំអាចចាំបាន ប៉ុន្តែចុះស្ត្រីម្នាក់ទៀត? ខ្ញុំព្យាយាមអើតមើលស្រាប់តែជើងជាន់នឹងកម្ទេចអ្វីម្យ៉ាងបង្កជាសំឡេងដល់ពួកគេទាំងពីរ។ ពួកគេក៏បំបែកគ្នាភ្លាមៗ ខ្ញុំអង្គុយចុះពួនសឹងមិនទាន់។ ពន្លឺព្រាលៗអាចឱ្យខ្ញុំស្មានដឹងថា វាជាខ្សែកមួយខ្សែ។ ខ្ញុំប្រុងនឹងឱនទៅរើសមកហើយតែ ភ្លាមនោះដៃក្តៅឧនៗមួយគូរបានមកចាប់ក្រសោបទាញដៃខ្ញុំរត់ទៅម្ខាង ។ ខ្ញុំអាចទាយដឹងថា គាត់ជាស្ត្រីចំណាស់ម្នាក់នោះ ។ គាត់ក៏ដឹកដៃខ្ញុំទៅបន្ទប់វិញ ហើយនិយាយ៖
“អ្នកនាងមិនគួរចេញមកខាងក្រៅផ្តេសផ្តាសនោះទេ វាអាចមានគ្រោះថ្នាក់ពេលយប់អាធ្រាត្របែបនេះ” គាត់ពោលទាំងព្រួយចិត្ត ។
“មីងជួយប្រាប់បានទេ? តើអ្នកទាំងអស់គ្នាកំពុងធ្វើអី? តើខ្ញុំត្រូវនៅទីនេះយូរប៉ុនណាទៀត?” ខ្ញុំសួរមិនឈប់មួយម៉ាត់ ។ គាត់បានត្រឹមអង្គុយសម្លឹងមុខខ្ញុំ ហាក់មានរឿងបៀមទុកមិនហ៊ានវាចា ។
“ មីងឆាប់ឆ្លើយមក កុំស្ងាត់បែបនេះ ។ មានរឿងអ្វីកើតឡើងចំពោះខ្ញុំ?”
“អ្នកនាងធ្វើពុតជាបាត់ការចងចាំមែនទេ?” គាត់សួរបក
“ ខ្ញុំមិនបានបាត់សតិអ្វីទាំងអស់ ខ្ញុំគឺ នីរ៉ា ជាអ្នកសារព័ត៌មានមួយរូបនៅទីក្រុង” ខ្ញុំព្យាយាមពន្យល់ប្រាប់គាត់ ។
“ ខ្ញុំមិនយល់នូវអ្វីដែលអ្នកនាងនិយាយនោះទេ យប់ជ្រៅហើយឆាប់សម្រាកចុះ” គាត់តបទាំងមិនយល់
“តែ…”
“ខ្ញុំលាសិនហើយ” គាត់ត្រលប់ទៅវិញទាំងដែលខ្ញុំនិយាយមិនទាន់ចប់ ណ្ហើយ!! ខ្ញុំប្រហែលត្រូវល្ងង់អស់មួយជីវិតហើយ” ថាហើយខ្ញុំក៏ប្រះខ្លួនគេងទៅ ។
ថ្ងៃបន្ទាប់…..
“រួសរាន់ឡើង ជិតដល់ពេលហើយ!! លឿនឡើង!!” សំឡេងអ្នកយាមតឿនអ្នកស្រុកអ្នកភូមិឱ្យប្រញាប់ជញ្ជូនរបស់ទៅកន្លែងប្រារព្ធពិធី ។
“ លោកប្រុស! ជិតដល់វេលាហើយហេតុអ្វីអ្នកនាងនៅមិនទាន់មកដល់ទៀត?” អ្នកចាត់ការពិធីសួរទៅកាន់នរៈ ។
“មីងចាន់ជួយទៅមើលវីនីផង” នរៈពោលទាំងទឹកមុខគ្មានជីវិតជីវាសោះ ។ ស្ត្រីចំណាស់ក៏ដើរទៅរកនីរ៉ានៅផ្ទះតូចមួយឯត្រើយម្ខាងទៀត។
“នីរ៉ា? នីរ៉ា?…” ស្ត្រីវ័យប្រហែល៣០ឆ្នាំស្តើងបានបក់ដៃស្រែកហៅខ្ញុំ ឯបុរសវ័យប្រហែល៤០ឆ្នាំក្រាស់ម្នាក់ទៀតកំពុងដឹកដៃកូនប្រុសអាយុប្រហែល៣ឆ្នាំ ឈរទន្ទឹមគ្នាយំប្រឡាក់ឈាមពេញខ្លួនស្ទើរមើលមិនយល់ ។ ខ្ញុំដើរទៅជិតពួកគេសន្សឹមៗ ដើម្បីមើលឱ្យបានច្បាស់ថាគេនោះជាអ្នកណា។ ប៉ុន្តែ…
តុកៗ…តុកៗ…. សំឡេងគោះទ្វារបានបន្លឺឡើងមកកាត់ចង្វាក់ឱ្យភ្ញាក់ពីសុបិននិមិតភ្លាម ។
“ អ្នកនាងៗ” ស្ត្រីចំណាស់ដដែលបានហៅខ្ញុំ ។
“ចាស មីង!” ខ្ញុំងើបទាំងមមើរទៅបើកទ្វារឱ្យគាត់ ។
“អ្នកនាងឆាប់រៀបចំខ្លួនទៅ ពិធីជិតចាប់ផ្តើមហើយ ។” គាត់និយាយហើយចូលមកក្នុងបន្ទប់រៀបចំគ្រែ និងរកសម្លៀកបំពាក់ទុកឱ្យខ្ញុំ ។
“ ពិធីអីទៅ?” វាជាចម្ងល់មួយផ្សេងទៀតក្នុងចំណោមចម្ងល់រាប់លានកោដ
“ ពិធីរៀបការ!” ខ្ញុំទុចង៉ក់បន្ទាប់បានឮគាត់តប ។
“ រៀបការអ្នកណា?” ខ្ញុំហាក់តាមមិនទាន់ពីពួកគេសោះ ។
“អ្នកនាងឆាប់ឡើង” មិននៅយូរគាត់រុញខ្ញុំឱ្យរៀបចំខ្លួនយ៉ាងប្រញាប់ប្រញាល់ ។
……..ក្នុងពិធី……
ភ្ញៀវកុះករបានមកចូលរួម ប៉ុន្តែមុខម្នាក់ៗបញ្ចេញភាពមិនពេញចិត្ត និយាយខ្សឹបខ្សៀវគ្នា ពេបជ្រាយមាក់ងាយទៅលើកូនក្រមុំ ។
“នេះលោកប្រុសបានដឹងរឿងហើយនៅតែព្រមនឹងវាទៀង?” មីងដីបានពោលទាំងកំហឹង ។
“ មែនហើយ! ដឹងហើយថានាងជាស្រីបីសាចស្រីធ្មប់ ហេតុអ្វីនៅយល់ព្រមទៀត ។ មិនតែប៉ុណ្ណោះនាងថែមទាំងជាឃា…”
“នែ៎! ស្ងាត់មាត់” មីងសាយនិយាយមិនទាំងអស់សេចក្តីផង មីងដីបានឃាត់ ។
“កុំនិយាយពីរឿងនេះទៀតឱ្យសោះ លោកប្រុសបានហាមហើយ” មីងដីបន្ថែម ។
“ អ្នកនាងបានមកដល់ហើយ” សំឡេងស្រែកប្រកាសបានបន្លឺឡើងលេចចេញនូវរូបរាងកាយតូចច្រឡឹងគ្រងឈុតកូនក្រមុំបែបព្រៃភ្នំមួយរូបដែលធ្វើឱ្យគ្រប់គ្នាភ្លឹកនឹងសម្រស់ដ៏អស្ចារ្យរបស់នាង ។ បន្ទាប់ពីបានឮសម្តីរបស់អ្នកប្រកាសហើយ ខ្ញុំអាចកាត់ន័យបានហើយថាកូនក្រមុំជាអ្នកណា ។ ទោះបីខ្ញុំមិនទាន់ព្រមចំពោះពិធីរៀបការ តែខ្ញុំត្រូវតែធ្វើដើម្បីបានដឹងរឿងបន្ត ។ ខ្ញុំពិតជាចង់ដឹងណាស់ថាមានរឿងអ្វីកើតឡើងលើជីវិតខ្ញុំ ហើយពួកគេហាក់មានគំនុំស្អប់ខ្ញុំរឿងអ្វី បានជាម្នាក់ៗដូចចង់ខ្ញាំខ្ញុំឱ្យខ្ទេចអ៊ីចឹង?
“នាងស្រីស្អាត ចិត្តបីសាច…”
“បានតែរូបសម្រស់ទេ មាយាទវិញ…ហ៊ឺយ…” មីងសាយពោលឡើង
ក្រោយពេលពិធីរៀបការដ៏ខ្លីមួយបានចប់ មីងចាន់ក៏ដើរនាំខ្ញុំត្រលប់ទៅផ្ទះវិញ ។
“គ្រាន់តែប្រកាសថាខ្ញុំជាភរិយាប៉ុណ្ណឹង ហៅថាពិធីរៀបការដែរ? ហ៊ឺម…មិននឹកស្មានថាពិធីសំខាន់របស់ខ្ញុំគ្មានន័យបែបនេះសោះ” ខ្ញុំនិយាយទាំងធុញថប់។
“នោះជាតម្រូវការរបស់អ្នកនាងទេតើ” មីងចាន់ពោលឡើងធ្វើឱ្យខ្ញុំនឹកឃើញរឿងមួយ។
“មីង!! តើមីងទំនេរទេ?”
“អ្នកនាងមានអ្វីឱ្យខ្ញុំធ្វើឬ?” គាត់សួរ
“គឺខ្ញុំចង់ឱ្យមីងនិយាយរឿងរ៉ាវរបស់កូនក្រមុំបន្តិចបានទេ?”
គាត់ជ្រួញចញ្ចើមហើយសួរ៖
“កូនក្រមុំគឺអ្នកនាងនេះហើយ ឱ្យខ្ញុំនិយាយពីអ្វីទៀត?” ។
“គឺខ្ញុំដូចជាភ្លេចរឿងខ្លះ ទើបខ្ញុំចង់ឱ្យមីងរម្លឹកឡើងវិញ” ខ្ញុំត្រូវនិយាយកុហកដើម្បីបានដឹងរឿងខ្លះ ។
“អ្នកនាងចង់ដឹងពីរឿងអ្វីខ្លះ?”
“តើទេវីនីជាអ្នកណា?” សំណួរដំបូងដែលផុសក្នុងខួរក្បាលរបស់ខ្ញុំ
“អ្នកនាងទេវីនីជាស្ត្រីមានរូបសម្ផស្សស្រស់ស្អាតម្នាក់ដែលមិនដឹងមានប្រភពមកពីណា។ ថ្ងៃមួយអ្នកនាងបានរត់មកភូមិរបស់យើងឈាមប្រឡាក់ពេញខ្លួន ប្រាប់ឱ្យពួកយើងជួយអ្នកនាងផង។ ពួកយើងក៏មើលថែអ្នកនាងរហូតនាងបានជាសះស្បើយ” គាត់និយាយទាំងទឹកមុខញញឹម ។
“ ចុះហេតុអ្វីទេវីនីត្រូវរៀបការជាមួយលោកនរៈដែរ?”
“គឺកើតចេញក្តីស្រឡាញ់” ។ ខ្ញុំងក់ក្បាល ហើយប្រាប់ឱ្យគាត់ទៅសម្រាកព្រោះគាត់នឿយហត់ច្រើនហើយថ្ងៃនេះ ។
…ភាពងងឹតបានឆក់យកពន្លឺឱ្យរសាត់បាត់ទៅ បន្សល់ទុកតែព្រះចន្ទបញ្ចេញពន្លឺតិចៗជះលើទឹកដីដ៏អាថ៌កំបាំងមួយនេះ
“ នេះមិនទាន់ចូលគេងទៀតអ្ហេស?” ខ្ញុំសួរទាំងញញឹមពព្រាយទៅរកគេ
ប្រអប់ដៃធំមាំបានមកក្រសោបឱបកាយាខ្ញុំជាថ្មី ។ ខ្ញុំអាចឮសំឡេងខ្សឹកខ្សួលដែលពិបាកនឹងពណ៌នាបន្លឺឡើង។ បែបគេស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំងហើយមើលទៅ ។ ខ្ញុំនៅស្ងៀម យកដៃទះខ្នងគេតិចៗផ្តល់ជាកម្លាំងចិត្តទោះខ្ញុំមិនបានដឹងក៏ដោយថាគេប្រទះនឹងបញ្ហាអ្វីខ្លះ។
“រឹងមាំឡើងណា៎” ខ្ញុំពោលលើកទឹកចិត្តឱ្យគេបានស៊ូបន្ត ទោះពេលនេះខ្ញុំមិនដឹងថាគេមានបំណងល្អឬអាក្រក់ឡើយ ។ ខ្ញុំស្រមៃដល់សម្តីមីងចាន់កាលពីថ្ងៃមិញមុនពេលគាត់ចេញទៅ៖
“ អ្នកនាង! លោកប្រុសមិនរឹងមាំខ្លាំងដើម្បីមកទទួលរឿងទាំងនេះទេ។ តែខ្ញុំដឹងតែម្យ៉ាង អ្នកនាងជាកម្លាំងចិត្តដ៏សំខាន់បំផុតរបស់គាត់” ។
ខ្ញុំអាចស្មានដឹងថា ទេវីនីម្នាក់នេះជាមនុស្សស្រីល្អខ្លាំងណាស់ តែតើទេវីនីនោះពិតជាស្លាប់ហើយមែនឬ? តើមានរឿងអ្វីកើតឡើងចំពោះនាង? កាន់តែគិត សំណួរក៏ចេះតែផុសឡើងមិនឈប់ ។ គេលែងខ្លួនខ្ញុំស្រាលៗ ហើយសម្លឹងមុខខ្ញុំបង្ហាញកែវភ្នែកទន់ជ្រាយបំផុត ហាក់ចង់ប្រាប់ថា គេពិតជាពិបាកចិត្តខ្លាំងណាស់ ។
“នេះលោក ! កុំសម្លឹងមុខខ្ញុំបែបនេះ ខ្ញុំអៀន” ខ្ញុំនិយាយទាំងមុខក្រម៉ូវដាក់។ ខ្ញុំកំពុងសម្តែងទាំងស្រុង គឺដើម្បីដោះដូរចម្លើយគ្រប់យ៉ាងពីស្រីម្នាក់ឈ្មោះទេវីនី តែខ្ញុំ ត្រូវសម្តែងធ្វើជាឱបថើបជាមួយគេទៀតឬ? ឯងគិតត្រូវដែរទេ ដែលលះបង់ថ្នាក់នេះនាងនីរ៉ាអើយ?
“អូនទៅទីនោះធ្វើអី?” គេសួរឡើងហាក់ចង់ដឹងណាស់
“ ទីណាដែរ?” ខ្ញុំមិនដឹងឆ្លើយថាម៉េចព្រោះមិនដឹងគេសួរពីអ្វីផង
“គឺទឹកដីមនុស្សធម្មតា” គេសម្លឹងភ្នែកខ្ញុំ។
“ទឹកដីមនុស្សធម្មតាស្អីទៅ? លោកជាសត្វចម្លែកឬ? ហើយខ្ញុំក៏មិនមែនទេវីនី ខ្ញុំគឺនីរ៉ា អ្នកសារព័ត៌មាន ហើយខ្ញុំក៏មិនដឹងថាលោកចាប់ខ្ញុំមកធ្វើអីដែរ ឱ្យមកលេងល្ខោនឆ្កួតៗអស់ទាំងនេះឬ? ខ្ញុំមិនយល់ថាពួកលោកកំពុងធ្វើអ្វីទេ តែខ្ញុំសុំឱ្យលោកលែងខ្ញុំទៅ ខ្ញុំមានការងារត្រូវធ្វើច្រើនទៀត។”
ខ្ញុំនិយាយសម្លុតគេដែលឈរទ្រឹងនៅនឹងមុខ
“នាងមិនមែនទេវីនី!!” គេហាក់ទ្រឹងស្ងៀមទាំងជ្រួញចិញ្ចើមជាប់ និងរហ័សចាប់ម្រាមដៃខ្ញុំមើលភ្លែត
“គ្មានចិញ្ចៀន??នាងជាអ្នកណា? នាងយកវីនីទៅលាក់ទុកឯណា? គេហាក់កញ្ច្រោលមួយរំពេច ទើបចាប់ស្មាខ្ញុំអង្រួនខ្លាំងៗ ស្រែកគំហកដាក់ខ្ញុំ ។
“ លែង!! ខ្ញុំឈឺ” ខ្ញុំព្យាយាមប្រលេះដៃគេចេញតែកម្លាំងដៃគេធ្ងន់ណាស់។
“ លោកជាអ្នកចាប់ខ្ញុំមក តើឱ្យខ្ញុំដឹងយ៉ាងម៉េចទៅ? លោកចាប់ខុសមនុស្សហើយ ឆាប់លែងខ្ញុំទៅ។”
គេក៏ប្រលែងស្មាខ្ញុំហាក់ដឹងស្មារតីឡើងវិញ
“ អ៊ីចឹងនាងជាអ្នកណា?” គេសម្រួលអារម្មណ៍ហើយសួរ។ ខ្ញុំក៏ណែនាំខ្លួនសារជាថ្មីដល់គេ ។
“អ្នកនាង? អ្នកនាង?” មិនទាន់បានដឹងរឿងច្រើនផង មីងចាន់ក៏ហៅកាត់។ លោកនរៈក៏ឱ្យខ្ញុំត្រលប់ទៅវិញខ្លាចគាត់បារម្ភ ចាំនិយាយរឿងនេះពេលក្រោយចុះ ខ្ញុំក៏ដើរត្រលប់ទៅវិញទៅ។
ទៅដល់ផ្ទះខ្ញុំក៏លាមើលខ្សែក មួយខ្សែនោះមើល ព្រោះខ្ញុំចេញក្រៅថ្ងៃនេះគឺដើម្បីទៅរកវានេះឯង ។ ខ្សែកនេះមានរូបរាងដូចបេះដូងពណ៌ស្វាយ មានគន្លឹះអាចបើកបិទបាន។ ខ្ញុំក៏បើកមើល តែអ្វីដែលមិននឹកស្មានដល់នោះគឺមានរូបមួយសន្លឹកតូចបិទជាប់ក្នុងនោះ ខ្ញុំក៏បើកមើល ស្រាប់តែ….
“អូយ!” ក្បាលរបស់ខ្ញុំចាប់ផ្តើមឈឺខ្លាំងទៅៗ ហើយរូបភាពឆ្វេចឆ្វាច បានគ្របដណ្តប់ខួរក្បាលខ្ញុំឱ្យស្រមៃចេញរូបភាព ឃើញបុរសស្ត្រីពីរនាក់ប៉ុន្តែមើលមុខមិនច្បាស់សោះ បានហុចខ្សែកឱ្យទៅក្មេងប្រុសនិងក្មេងស្រី មួយខ្សែម្នាក់…ពួកគេមើលទៅជាគ្រួសារដែលមានក្តីសុខណាស់… ។ ក្រោយពីរូបភាពបាត់អស់ខ្ញុំក៏សម្រួលអារម្មណ៍ដោយដកដង្ហើមវែងៗដូចសព្វដង។
“នេះកើតស្អីទៀតហើយ?” ខ្ញុំនិយាយតែឯងហើយផ្ទៀងមើលរូបក្នុងបន្តោងខ្សែក នោះ។
“ធ្វើយ៉ាងម៉េចដឹងថាជាអ្នកណាទៅ?” ខ្ញុំរអ៊ូឡើងក្រោយពីបានឃើញរូបមនុស្សប្រុសស្រីពីរនាក់ថតទន្ទឹមគ្នាពាក់កណ្តាលខ្លួន ។ ប៉ុន្តែអ្វីដែលចម្លែកគឺរូបនោះត្រូវបានគេឆ្កឹះឆ្កៀលយកផ្នែកផ្ទៃមុខចេញអស់បាត់ទៅហើយ ។ “តើពួកគេជាអ្នកណា? ហើយខ្សែកនេះជារបស់អ្នកណា? ហេតុអ្វីមកជ្រុះនៅម្តុំនេះ?…
លក្ខខណ្ឌ…..
ខ្យល់បក់ខ្លាំង រង្គើព្រៃប្រឹក្សា ផ្ទៃមេឃខ្មៅងងឹតស្លុបរកកលចង់ភ្លៀង ។ បរិវេណព្រៃទាំងមូលគ្របដណ្តប់ដោយអ័ព្ទក្រាស់ ស្ទើរមិនអាចមើលឃើញផ្លូវខាងមុខបាន។ ខ្ញុំព្យាយាមសម្លឹងទៅខាងមុខ បានឃើញកញ្ចក់មួយមានឆ្លាក់ក្បាច់រចនាជារាងមេអំបៅ ខ្ញុំបានត្រឹមឈរមើលពីចម្ងាយដោយសារមេអំបៅជាសត្វដែលខ្ញុំខ្លាច។ ប៉ុន្តែ…វឺប… មានអ្វីមួយបានរុញខ្ញុំឱ្យសំដៅទៅកាន់កញ្ចក់មួយនោះ ខ្ញុំភ័យជាខ្លាំង ខំស្រែកហៅឱ្យគេជួយប៉ុន្តែការស្រែករបស់ខ្ញុំវាហាក់បីដូចខ្យល់ដែលខ្សាវចេញពីមាត់ គ្មានអ្នកណាអាចឮបាន។
ខ្ញុំក្រោកឈរមួយៗ ដោយជើងញ័រទទ្រ្ទើក ខ្ញុំបានឃើញរូបរាងកាយមួយទៀតក្នុងកញ្ចក់ មានគ្រងឈុតដែលមានសភាពដូចនឹងមេអំបៅ ឈរសម្លក់មកដោយភាពចងគំនុំ តែអ្វីដែលចម្លែកគឺនាងមានមុខដូចខ្ញុំ។
“នាងត្រូវតែស្លាប់!” នាងនិយាយមកកាន់ខ្ញុំ តែ…សំឡេងនាងមានសភាពស្អកៗ មិនទន់ភ្លន់ដូចរូបរាងកាយរបស់នាងទេ ហើយវាក៏មិនមែនសំឡេងខ្ញុំ។ ថាហើយនាងក៏សើចដូចមនុស្សរោគចិត្តបញ្ចេញសំឡេងកងរំពងពេញព្រៃ ។ ខ្យល់ក៏បក់កាន់តែខ្លាំង ដើមឈើមួយដើមរង្គើដោយសម្ពាធខ្យល់កំពុងទេរមករកខ្ញុំ…អា…!!!។
…ហ៊ឹក… ខ្ញុំក្រោកពីសុបិនដ៏គួរឱ្យខ្លាចបំផុតមួយនោះ ទាំងទឹកភ្នែកនិងញើសហូរពេញខ្លួន ។ អាចនិយាយបានថា តាំងតែពីខ្ញុំបានមកនៅទីនេះ គ្មានម្តងណាទេដែលខ្ញុំគេងលក់ស្ងប់ តែងតែមានសុបិនអាក្រក់ជារៀងរាល់យប់ ។ ខ្ញុំព្យាយាមសម្រួលអារម្មណ៍ ដោយដកដង្ហើមវែងៗ ហើយក៏ក្រោកទៅរៀបចំខ្លួន។
…ថ្ងៃនេះអាកាសធាតុល្អណាស់ វាលស្មៅខៀវខ្ចី រេរាំតាមខ្យល់បក់មកតិចៗ រំលេចនូវសោភ័ណគួរឱ្យចង់រស់នៅណាស់។ ទោះបីខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងទៀត ប៉ុន្តែខ្ញុំសុំប្រើជីវិតក្នុងថ្ងៃនេះឱ្យល្អបំផុតតាមដែលអាចទៅបាន ។ ខ្ញុំឈរឱបដៃស្រពាប់ស្រពោន ព្រោះនឹកថា លើលោកនេះខ្ញុំមានតែម្នាក់ឯងគត់ ធំឡើងជាមួយលោកតាជាទីស្រឡាញ់តែម្នាក់ប៉ុន្តែ… គាត់លែងនៅជិតខ្ញុំទៀតហើយ។ ខ្ញុំពិតជាមិនធ្លាប់ដឹងថា អារម្មណ៍កក់ក្តៅដែលបានមកពីប៉ាម៉ាក់វាយ៉ាងម៉េចឡើយ ។ ខ្ញុំក៏ស្រមៃដល់ថ្ងៃទីមួយដែលខ្ញុំបើកភ្នែកឡើង ៖
….នៅមន្ទីរពេទ្យ…
ខ្ញុំបើកភ្នែកមួយៗ សម្លឹងឃើញបុរសវ័យចំណាស់ម្នាក់នៅអង្គុយក្បែរខ្ញុំ។ គាត់សប្បាយចិត្តជាខ្លាំងក្រោយដឹងថាខ្ញុំដឹងស្មារតីឡើងវិញ ។ ខ្ញុំមិនបានចាំថាគាត់ជាអ្នកណាឡើយ ព្រោះ សូម្បីតែខ្លួនខ្ញុំផ្ទាល់ខ្ញុំមិនដឹងខ្លួនឯងជាអ្នកណាផង ។
“ចៅយ៉ាងម៉េចហើយ?” គាត់សួរខ្ញុំដោយក្តីបារម្ភ
“ខ្ញុំ…មិនអីទេ” ខ្ញុំតបទាំងសំឡេងស្អកព្រោះស្ងួតក ខ្លាំងពេក ។ គាត់ក៏ចាក់ទឹកឱ្យខ្ញុំព្រមទាំងនិយាយ
“តាជាតារបស់ចៅណា។ ចាប់ពីពេលនេះចៅនឹងរស់នៅជាមួយតា។”
“តើខ្ញុំ..ជាអ្នកណា?” គាត់កាន់ក្រដាសមួយជម្រៀកតូចដែលមានសរសេរឈ្មោះថា «នីរ៉ា» ហើយបែរមកប្រាប់
“ចៅឈ្មោះនីរ៉ា ជាចៅតាចាប់ពីពេលនេះទៅ”
“ ហើយ មានរឿងអ្វីចំពោះខ្ញុំទៅ?”
“ចៅធ្លាក់ពីលើកាំជណ្តើរហ្នឹងណា៎ ហាហា” គាត់និយាយទាំងសើចតិចៗ ឱ្យខ្ញុំសើចតាមដែរ
លោកតាមិនចាស់ពេកទេ គាត់មានវ័យអាចធ្វើជាប៉ាខ្ញុំបានតែគាត់ចង់ធ្វើជាលោកតារបស់ខ្ញុំទៅវិញ ។ រស់នៅជាមួយគាត់គឺមានសេចក្តីសុខជាខ្លាំង គាត់ផ្តល់ទាំងលុយកាក់សម្រាប់សិក្សា ផ្តល់ទាំងដំបូន្មានប្រៀនប្រដៅ និង ភាពកក់ក្តៅក្នុងនាមជាសាច់ញាតិតែម្នាក់របស់ខ្ញុំ ។
“នាងតូច” សំឡេងធំគ្រលរមួយបានមកកាត់ចង្វាក់ ការគិតស្រមៃរបស់ខ្ញុំឱ្យរសាត់បាត់ទៅ ។ ខ្ញុំអាចចាំបានថាគាត់ជាគ្រូអាគមម្នាក់នោះ
“យើងមានរឿងនិយាយគ្នា” ថាតែប៉ុណ្ណេះគាត់នាំខ្ញុំទៅដល់អាស្រមរបស់គាត់ភ្លាម
“លោកជាអ្នកណា? ស្គាល់ខ្ញុំដែរ? ហើយនាំខ្ញុំមកទីនេះធ្វើអី?” ខ្ញុំសួរទាំងភ័យ ព្រោះមិនទាន់ទាំងបានយល់ព្រមមកជាមួយគាត់ផង ។
“នែ៎នាងតូច កុំចង់រត់”
“លោកជាអ្នកណាហើយមកចាប់ខ្ញុំធ្វើអី?”
“ កុំចចេសឆាប់មកតាមយើងភ្លាម”
“លែងដៃខ្ញុំ..” ខ្ញុំព្យាយាមចាប់ប្រលេះដៃគាត់
“នាង! នាង!” សំឡេងផ្សេងមួយទៀតស្រែកហៅខ្ញុំពីខាងក្រៅ ខ្ញុំអាចដឹងបានថាជាសំឡេងលោកនរៈ ។
“ឆាប់នាំខ្ញុំទៅវិញទៅ ខ្ញុំមានការងារសំខាន់ត្រូវធ្វើ”
គ្រូអាគមក៏រលាយចេញបាត់ទៅ ។ ខ្ញុំហាក់ស្រឡាំងកាំងដែរព្រោះមិននឹកស្មានថាវេទមន្តវាមានពិតមែន ។ ពេលងាកមកវិញក៏ឃើញលោកនរៈ ឈរសម្លឹងមុខខ្ញុំទាំងឆ្ងល់
“គឺ ខ្ញុំចេះតែដើរៗមកលេងនៅជិតៗនេះហ្នឹងណា” ខ្ញុំនិយាយនិងស្ញេញតិចៗ កុំឱ្យគេសង្ស័យ ។ ខ្ញុំបន្ត “និយាយអ៊ីចឹង តើលោកមករកខ្ញុំធ្វើអី?”
“យើងត្រូវមានរឿងនិយាយគ្នា” គេពោលដោយទឹកមុខមាំ។ ពួកយើងក៏ដើរទៅដល់មាត់បឹងមួយកន្លែងហើយអង្គុយលើឈើក្បែរនោះ ។
“លោកចង់ដឹងអ្វីពីខ្ញុំ?”
“ តើទេវីនីនៅឯណា?”
“ខ្ញុំប្រាប់លោកហើយថាខ្ញុំមិនដឹងទេ ។ សូម្បីខ្ញុំមកដល់ទីនេះដោយរបៀបណាខ្ញុំមិនដឹងផង”
គេបែរមកសម្លឹងមុខខ្ញុំហើយចាប់មុខខ្ញុំផ្អៀងផ្អងចុះឡើងទើបសួរ
“ហើយហេតុអ្វីនាងមានមុខដូចទេវីនី? ពួកនាងជាបងប្អូនគ្នាឬ?”
“ខ្ញុំជាកូនទោល ខ្ញុំគ្មានបងប្អូនឯណាទេ ។ លោកទៅវិញទេដែលចំណាំមនុស្សខុស” ខ្ញុំនិយាយហើយបែរមុខចេញ។
“យើងចំណាំមិនខុសឡើយ ! តើយើងមិនស្គាល់មនុស្សដែលយើងស្រឡាញ់បានយ៉ាងម៉េច?”គេនិយាយបញ្ចេញទឹកមុខស្មោះត្រង់ចំពោះទេវីនីជាខ្លាំង
“អ៊ីចឹងខ្ញុំសួរលោកវិញ តើលោកចាប់ខ្ញុំមកធ្វើអី?”
“យើងមិនបានចាប់នាងមកទេ។ គឺយើងគិតស្មានថានាងជាទេវីនី ហើយឃើញដេកសន្លប់កណ្តាលផ្លូវទើបទៅយកមកនេះឯង” គេប្រកែកដោយមានហេតុផល
“ពិតមែនហើយ! នៅថ្ងៃនោះមានរឿងកើតឡើងចម្លែកៗចំពោះខ្ញុំ” ខ្ញុំនិយាយបណ្តើរខួរក្បាលស្រមៃឃើញរឿងអស់ទាំងនោះឡើងមកវិញ ។
“នាងជាមនុស្សធម្មតា តែហេតុអីអាចចូលមកទីនេះបានដោយគ្មានការហាមឃាត់ដូច្នោះ?” គេនិយាយទាំងងឿងឆ្ងល់
“ចុះនេះជាទីណាវិញទៅ?”
“ចក្រភពសត្យ! ជាចក្រភពដែលជាចំណែកតូចមួយដែលនៅក្នុងភពផែនដី ។ លោកពុកយើងជាអ្នកបង្កើតឡើង ដោយលោកទទួលនូវសំណងពាក្យសត្យពីទេវរាជអាណាចក្រសួគ៌ដោយការភ្នាល់”
“ភ្នាល់ពីអ្វីទៅ” ខ្ញុំជក់សាច់រឿងនិងចង់ដឹងបន្ត
“ គឺភ្នាល់ថា បើអ្នកម៉ែកើតបានកូនស្រីទេវរាជនឹងរៀបអភិសេកជាមួយ តែបើបានកូនប្រុស លោកនឹងប្រទានសិទ្ធិឱ្យបង្កើតចក្រភពវេទមន្តមួយឡើងដែលមានតែប្រជាជនយើងតែប៉ុណ្ណោះដែលអាចរស់នៅទីនេះ” គេស្រាយចម្ងល់ខ្ញុំចេញ
“ដូចរឿងព្រេងនិទាន!” ខ្ញុំនិយាយទាំងសើចតិចៗ
“នាងមិនជឿឬ?” គេសួរទាំងខឹង
“ អត់ទេ!! ជឿទេតើ!! ហើយនេះពួកលោកជាមនុស្សដែរទេ?”
“ពួកយើងជាមនុស្ស គ្រាន់តែមនុស្សនៅចក្រភពនេះមានការរៀនពីវិជ្ជាមន្តអាគមសិល្បគ្រប់គ្នាទើបវាមានលក្ខណៈចម្លែកពីភពកណ្តាលបន្តិច”
“ ដូច្នេះអ្នកគ្រប់គ្នានៅទីនេះសុទ្ធសឹងតែជាអ្នកមានវេទមន្តមែនទេ?”
គេងក់ក្បាលបន្តិចហើយតប
“ការរៀនពីវិជ្ជានេះគឺពួកយើងរៀនតៗគ្នាតាំងពីយូរណាស់មកហើយ ដោយសារចង់បន្តវេនដល់កូនចៅ និងប្រើជាប្រយោជន៍ជួយគ្នាកសាងចក្រភពនេះឱ្យកានតែធំធាត់ឡើង។ ប៉ុន្តែក៏មានអ្នកខ្លះ ប្រើវិជ្ជានេះក្នុងផ្លូវអវិជ្ជមាន ដែលនាំឱ្យបាត់បង់ភាពស្ងប់សុខក្នុងចក្រភពទាំងមូល”
ខ្ញុំងក់ក្បាលតិចៗច្រើនដង ព្រោះបានដឹងរឿងជាច្រើនក្រោយពេលគេបកស្រាយ
“អូ! អ៊ីចឹងតើបានជាស្នាមរបួសរបស់ខ្ញុំបាត់រលាយអស់ មកពីលោកប្រើវេទមន្តព្យាបាលវាមែនទេ?” គេងក់ក្បាលបញ្ជាក់ថាពិតហើយទើបខ្ញុំសួរបន្ត
“ហើយម្យ៉ាងទៀត… ហេតុអ្វីលោកចាំបាច់តាមរកអ្នកនាងទេវីនី?” ខ្ញុំចាប់ផ្តើមចង់ដឹងពីនាងកាន់តែខ្លាំង
“ គឺវីនីបានបាត់ខ្លួន”
“ហេតុអីទើបបាត់ខ្លួន? មានរឿងអីកើតឡើងចំពោះនាងទេដឹង?”
“នៅទៅនេះ មានមនុស្សជាច្រើនមិនចូលចិត្តទេវីនី ដោយសារពួកគេគិតថានាងជាបិសាចធ្មប់ ។ ទេវីនីតែងតែរងនូវពាក្យរិះគន់ជាច្រើន។ យើងខ្លាចថានាងរត់ចេញបាត់ពីទីនេះ ដោយរឿងអស់ទាំងនោះ” គេដកដង្ហើមធំ
“ ហើយលោកជឿពួកគេដែរទេ?” ខ្ញុំចង់ដឹងចិត្តគេ
“ប្រាកដណាស់អត់ទេ! ទេវីនីជាស្ត្រីទន់ភ្លន់ មិនសូវនិយាយច្រើន នាងជាមនុស្សដែលមានភាពកក់ក្តៅ ចេះចែករំលែកក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នា។ ហើយរឿងនាងធ្វើឱ្យអ្នកម៉ែធ្លាក់ខ្លួនឈឺដុនដាបនោះវាមិនអាចទៅរួចឡើយ។ ព្រោះនាងមិនត្រូវកំណត់ឱ្យរៀនពីវេទមន្តទេ”
“អុញ! ហេតុអីទៅ?” ខ្ញុំកាន់តែចង់ដឹង
“ គឺទេវីនី ក៏ជាមនុស្សភពកណ្តាលដូចជានាងដែរ!”
មកដល់ត្រឹមនេះខ្ញុំហាក់ស្រឡាំងកាំង បើនាងមានមុខដូចខ្ញុំ តើអាចទៅរួចយ៉ាងម៉េចដែលខ្ញុំមានបងប្អូនបង្កើតដែរនោះ? លោកតាមិនបានប្រាប់ថាខ្ញុំមានបងប្អូនឯណា។ គេបន្ត
“ជាទូទៅ មនុស្សភពផ្សេងដែលមកដល់ទីនេះ គឺទាល់តែមានឧបនិស្ស័យអ្វីម្យ៉ាងដែលអាចមករស់នៅទីនេះ ។ អ្វីដែលសំខាន់ ពួកគេត្រូវរងរបួសយ៉ាងដំណំទាំងក្នុងខ្លួននិងសំបកកាយ ព្រោះអ្នកយាមទ្វារនេះ នឹងមិនទទួលយកអ្នកប្លែកមុខងាយឡើយ ។”
“អ៊ីចឹង តើទេវីនីមកទីនេះដោយរបៀបណា?” វាជាមន្ទិលម្យ៉ាងទៀត
“ យើងក៏មិនបានដឹងពីហេតុផលដូចគ្នាដឹងត្រឹមថាពួកយើងបានឃើញនាងរត់មកពីទីណាក៏មិនដឹង មកដល់មុខផ្ទះមីងចាន់ ឈាមប្រឡាក់ពេញខ្លួនដួលសន្លប់នៅនឹងមុខ ទើបមីងចាន់មើលថែនាងរហូតមក”
“លោកប្រហែលស្រឡាញ់ជានាងខ្លាំងណាស់ហើយ” ខ្ញុំនិយាយទាំងគិតក្នុងចិត្តថានាងសំណាងម៉្លេះ
គេដកដង្ហើមធំជាថ្មីហើយបន្ត
“ពួកយើងស្រឡាញ់គ្នាណាស់។ យើងពិតមិនចង់បាត់បង់នាងសូម្បីវិនាទីណាក៏ដោយ គ្រាន់តែ…” គេទុចង៉ក់បន្តិចទើបខ្ញុំសួរ
“គ្រាន់តែអីទៅ?”
“គឺច្បាប់នៅទីនេះ គឺហាមមិនឱ្យមានស្នេហាជាមួយមនុស្សធម្មតាឡើយ បើដូច្នោះចក្រភពទាំងមូលនឹងរលាយសាបសូន្យ វាជាបណ្តាសារ”
ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង និងបានសួរ
“ដូច្នេះលោកធ្វើខុសនឹងច្បាប់មែនទេ?”
“ ថាដូច្នោះក៏បានតែ ដោយសារយើងនៅមានលក្ខខណ្ឌផ្សេងទៀតដែលអាចលើកលែងបាន ។ ដំបូងខ្ញុំចង់ដោះលែងវីនី ឱ្យទៅកន្លែងដើមវិញ ព្រោះយើងមិនយល់ព្រមនឹងលក្ខខណ្ឌគ្មានបានការនោះបានឡើយ តែដោយសារតែយើងស្រឡាញ់វីនីខ្លាំង ហើយនាងបានអង្វរយើងឱ្យនាងនៅទីនេះផង ព្រោះនាងមិនចង់វិលត្រលប់ទៅទីនោះវិញឡើយ ទើបយើងយល់ព្រមតាមសំណើរនោះ” គេបកស្រាយទាំងទឹកមុខស្រពាប់ស្រពោន
“ប៉ុន្តែ តើលក្ខខណ្ឌនោះជាអ្វីទៅ?”
“ គឺ…វីនីមានជម្រើសពីរ ទីមួយនាងនឹងត្រូវស្លាប់នៅអាយុ២៣ឆ្នាំ និងទីពីរ នាងត្រូវរៀនអាគមដើម្បីក្លាយជាធ្មប់ ទើបនាងអាចរស់នៅបន្តបាន”
ទឹកភ្នែកគេហូរចុះមកដោយមិនដឹងខ្លួន។ ខ្ញុំឃើញបែបនេះក៏យកដៃចាប់ហើយទះស្មារគេតិចៗ ជាការយល់ចិត្ត។
“ប៉ុណ្ណឹងសិនចុះណា៎លោក បើលោកទៅមិនរួចក៏សម្រាកសិនចុះ” គេងើបមើលមុខខ្ញុំដោយទឹកមុខទន់ជ្រាយជាខ្លាំង ខ្ញុំក៏ផ្តេកក្បាលគេលើស្មាឱ្យគេយំឱ្យអស់ចិត្ត ។ ត្រឹមមួយប៉ប្រិចភ្នែកគេបាត់បង់មនុស្សសំខាន់ដល់ទៅពីរនាក់ ទោះមនុស្សរឹងមាំប៉ុនណាក៏មិនអាចលាក់ទំព័រនៃភាពឈឺចាប់បានយូរដែរ។
…ខ្ញុំនិងគេក៏បំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ។
“ ប្តីប្រពន្ធពិតមែន ប៉ុន្តែគេងផ្សេងគ្នា ខ្ញុំពិតជាមិនសូវយល់ពីទេវីនីម្នាក់នោះឡើយ ។ សូម្បីតែថ្ងៃរៀបមង្គលការក៏នាងជាអ្នកកំណត់ បែបបទនៃពិធីក៏នាងជាអ្នកស្នើរសុំ ហើយនៅមកគេងដោយឡែកពីគ្នាទៀត ។ តើនាងមានហេតុផលអីទៅ? ឬមួយនាងមិនចេះគេងពីរនាក់? ហាស់ ហា”
ខ្ញុំនិយាយហើយសើចខ្លាំងៗតែឯងដូចមនុស្សឆ្កួត ទើបដឹងខ្លួនថាឮខ្លាំងពេកក៏ងាកមើលឆ្វេងស្តាំហើយរត់តែម្តងទៅ ។…
របួស…
ង៉ា…ង៉ា…ង៉ា….សំឡេងទារកយំលាន់ឮពេញមន្ទីរពេទ្យ គ្រូពេទ្យទាំងឡាយកំពុងស្រូតដៃស្រូតជើងដើម្បីជួយជីវិតក្មេងជាច្រើននាក់ឱ្យបានឃើញពន្លឺថ្ងៃ ។ អ្នកគ្រូពេទ្យម្នាក់រត់មកក្រៅហៅឪពុកក្មេង
“លោក! កូនរបស់លោកមានសុវត្ថិភាពហើយ!”
“ ពិតឬអ្នកគ្រូពេទ្យ?” លោកសាន ក្រោកឈរឡើងទាំងញ័រដៃរំភើបចង់ហោះ រត់សំដៅទៅរកភរិយានិងកូនៗជាទីស្រឡាញ់ ។
“មកណេះមកណាកូន” លោកបីបមកូនតូចដោយក្តីស្រឡាញ់និងត្រេកអរជាពន់ពេក
“ យ៉ាងម៉េចដែរបងកូនយើងស្អាតទេ?” អ្នកស្រីតី សួរទាំងទឹកមុខស្លេកស្លាំងដោយអស់កម្លាំងមុននេះ ប៉ុន្តែទឹកចិត្តជាម្តាយឪពុក ទោះហត់យ៉ាងណាក៏អាចញញឹមរីករាយនឹងវត្តមានកូនៗ បានដែរ។
“ស្អាតណាស់អូន! កូនស្រីកាត់ទៅរកអូន” លោកនិយាយទាំងងាកទៅមើលកូនតូចម្នាក់ដែលដេកនៅលើទ្រូងប្រពន្ធ។ លោកបន្ត
“រីឯ នែក៎! កូនប្រុសក៏កាត់ទៅរកអូន ” លោកនិយាយទាំងសើចកក្អឹក
“មានឯណា! ពួកគេកាត់រកយើងទាំងពីរនាក់ហ្នឹងហើយ” តីនិយាយទាំងឱនមុខទៅថើបថ្ងាសកូនមួយខ្សឺតដោយក្តីពេញចិត្តក្រែលែង។
“ និយាយអ៊ីចឹងអូន! ម្នាក់ណាបងម្នាក់ណាប្អូនបងអរពេកមិនបានពិនិត្យមើលក្រដាសស្រង់ព័ត៌មានសោះ “ កូនស្រីនេះជាកូនច្បង ហើយកូនដែលបងកំពុងពរគឺប្អូន”
“ នេះនែ៎! កើតតែម្តងបានពីរតែម្តង ”
សំឡេងសើចសប្បាយរីករាយលាន់ពេញបន្ទប់ បង្កនូវបរិយាកាសរីករាយដល់គ្រួសារដែលទើបតែពេញលក្ខណៈថ្មីៗ។
…៥ឆ្នាំកន្លងផុតទៅ…
“ អ្នកម៉ាក់ខ្ញុំចង់ទុកសក់វែងដែរហើយក្រងដូចជាបងស្រីដែរ” ក្មេងប្រុសម្នាក់និយាយទៅកាន់ម៉ាក់ដែលកំពុងក្រងសក់ឱ្យបងស្រីរបស់គេ ។
តីឈប់ទ្រឹង ទឹកមុខចាប់ផ្តើមខឹងឡើង
“មិនបាន!” តីសម្លុតដាក់កូនប្រុសរបស់នាងទាំងទឹកភ្នែកហូរស្រក់ចុះ ។
“ហឹកៗ…ហេតុអីទៅអ្នកម៉ាក់ ខ្ញុំគ្រាន់តែចង់ដូចបងស្រីដែរទេតើ ហេតុអីចាំបាច់ស្រែកដាក់ខ្ញុំ?” ក្មេងប្រុសយំបណ្តើរ សួរទៅកាន់ម៉ាក់គេបណ្តើរ
តីឃើញកូនយំក៏សម្រួលអារម្មណ៍ហើយមកលួងលោមឱបកូន
“ម៉ាក់សុំទោសនីរាជ! កុំយំអីកូន! កូនមិនអាចធ្វើបែបនោះបានឡើយ ព្រោះកូនជាមនុស្សប្រុសហើយនីរ៉ាជាមនុស្សស្រី កូនជាកូនប្រុសកូនត្រូវរឹងមាំដូចជាលោកប៉ាណា ដើម្បីជួយការពារខ្លួននិងគ្រួសារយើង”
… ១២ឆ្នាំក្រោយ…
“ស្រស់ស្អាតណាស់កូន” តីនិយាយទៅកាន់នីរ៉ាទាំងញញឹម
“នីរាជរបស់ប៉ាក៏សង្ហារមិនធម្មតាដែរ ។ កូនៗរបស់ប៉ាពិតជាស្រស់ស្អាតគ្រប់គ្នាតែម្តងហើយ” សាននិយាយបណ្តើរសើចបណ្តើរ។
“ប៉ុន្តែ…ខ្ញុំមិនចូលចិត្តឈុតនេះទេលោកប៉ា។ ខ្ញុំចូលចិត្តឈុតដូចបងស្រីជាង តើខ្ញុំសុំស្លៀកវាបានទេ” នីរាជជំទាស់ទាំងមិនពេញចិត្ត
តីនិងសានមើលមុខគ្នាដោយក្តីក្រៀមក្រំ សានក៏លួងលោមកូន
“នីរាជ! កូនគឺជាមនុស្សប្រុស កូនធំហើយ កូនជាកូនប្រុសតែម្នាក់របស់ប៉ា កុំធ្វើឱ្យប៉ាអស់សង្ឃឹមណា៎”
“ហេតុអី? ហេតុអីខ្ញុំមានមុខដូចនាងតែខ្ញុំមិនអាចធ្វើអ្វីដូចនាងបាន? ហេតុអីខ្ញុំត្រូវធ្វើតាមប៉ាម៉ាក់? ហេតុអីតែងតែនិយាយថាខ្ញុំជាមនុស្សប្រុសៗ ខ្ញុំជាមនុស្សស្រី ខ្ញុំចង់ក្លាយជាមនុស្សស្រីដូចនាងដែរនីរ៉ា ឱ្យរ៉ូបនេះមកខ្ញុំមក”
នីរាជចាប់ស្មានីរ៉ាអង្រួនខ្លាំង ស្រែកទ្រហោយំនៅកណ្តាលផ្សារ គេផ្អើលមើលគ្រប់គ្នា
ផាច់!!…
សំឡេងយំខ្សឹកខ្សួលទាំងអស់ត្រូវរលត់បាត់ ដោយសារស្នូរទះកំផ្លៀងបានឮឡើង ។
“នេះឯងឆ្កួតទេឬ? ហេតុអីឯងមិនមែនជាប្រុសក្នុងពេលដែលឯងជាប្រុស? ហេតុអីឯងធ្វើឱ្យយើងខ្មាសគេម្តងហើយម្តងទៀត? យើងបានប្រាប់ហើយថា ឯងត្រូវតែធ្វើជាមនុស្សប្រុសរឹងមាំដូចយើង មិនមែនគិតតែរាំច្រៀងតែមុខកញ្ចក់ធ្វើខ្លួនប្រុសមិនចំប្រុសស្រីមិនចំស្រី រៀនក៏មិនពូកែដូចនីរ៉ា តើឯងអាចពឹងខ្លួនឯងបានទេពេលយើងចាស់ទៅ? ឯង! ធ្វើឱ្យយើងអស់សង្ឃឹមណាស់” សានស្រែកគំហកឱ្យនីរាជខ្លាំងៗនៅមុខមនុស្សចោមរោម ។
“បង! បានហើយ ចាំទៅនិយាយនៅឯផ្ទះទៅ” តីឃាត់ប្តី
“យ៉ាងម៉េចហើយកូន មកទៅផ្ទះយើងវិញ” តីនិយាយទៅកាន់នីរាជទាំងយកដៃទៅអង្អែលថ្ពាល់ ។ នីរាជប្រលេះដៃតីចេញ ហើយច្រាននីរ៉ាឱ្យដួល ៖
“ចេញទៅ! ម៉ាក់ក៏អស់សង្ឃឹមចំពោះខ្ញុំដែរត្រូវទេ? ហើយនាង ឈប់ហៅយើងថាប្អូននាងទៅ យើងស្អប់នាង” និយាយតែប៉ុណ្ណេះនីរាជក៏រត់ចេញបាត់ទៅ…
…ឡា…ឡា…ឡា…… សំឡេងស្អកៗបានបន្លឺឡើងជាចង្វាក់ភ្លេងលន្លង់លន្លោចផ្តិតជាប់នូវរូបភាពស្ត្រីវ័យក្មេងម្នាក់ដែលមានរូបសម្ផស្បដ៏ស្រស់ត្រកាលឈរច្រៀងតែម្នាក់ឯងនៅមុខកញ្ចក់រាងមេអំបៅរបស់នាង ក្នុងព្រៃដ៏ស្ងប់ស្ងាត់ ពោរពេញទៅដោយអ័ព្ទក្រាស់ៗ និងសត្វមាមជាច្រើនក្បាលទំលើមែកឈើក្បែរនោះ ។ នាងមើលទៅក្នុងកញ្ចក់ សម្រក់ទឹកនេត្រាម៉ាត់ៗ ដ្បិតរឿងកាលពី១២ឆ្នាំមុននៅតែងដក់ជាប់ក្នុងទ្រូងដ៏សែនខ្លោចផ្សារនេះ ។
“ហេតុអី…????” សំឡេងស្រែកកងរំពងពេញព្រៃពោរពេញដោយភាពឈឺចាប់បានបន្លឺឡើង ផ្អើលអស់សព្វសត្វ នាំគ្នារត់និងហើរចេញពីទីនោះ ។
…ប៉ុកៗ ប៉ុកៗ… សំឡេងបុកគ្រឿង បង្ហើរចេញពីផ្ទះបាយ ខ្ញុំក៏ដើរសំដៅទៅកាន់សំឡេងនោះបានឃើញមីងចាន់កំពុងធ្វើម្ហូបមើលទៅដូចជំនាញណាស់។
“ថ្ងៃនេះបានម្ហូបអីដែរទៅមីង?” ខ្ញុំសួរទាំងញញឹមញញែម
“ចាស អ្នកនាង គឺឆាគ្រឿងសាច់មាន់និងសម្លសម្លក់”
“ខ្ញុំស្មានថាអ្នកនៅទីនេះគេហូបសម្លអីផ្សេងពីស្រុកខ្ញុំ តាមពិតទៅគឺមានសម្លដូចគ្នាដែរ”
“មែនហើយអ្នកនាងព្រោះ អ្នកនៅទីនេះក៏មិនខុសពីមនុស្សធម្មតាគ្រាន់តែទំនៀមទម្លាប់នៃការរស់នៅខុសប្លែកគ្នាបន្តិចបន្តួចតែប៉ុណ្ណឹង” គាត់ពន្យល់ប្រាប់ខ្ញុំដោយក្តីពេញចិត្ត។
“ធ្វើអ្វីនឹងស្រីៗ?” សំឡេងលោកនរៈចេញមកស្ងាត់ៗ ខ្ញុំស្ទើរលួសព្រលឹង ។
“នេះលោកមកជួយមីងចាន់ធ្វើម្ហូបដែរមែនទេ?” ខ្ញុំចម្អន់លេង
“មែនហើយ! ថ្វីដៃយើងគឺមិនអន់ឯណា” គេវាយបកវិញមីងចាន់អង្គុយសើច
“អ៊ីចឹងលោកនៅគ្រាន់បើជាងខ្ញុំ ព្រោះអាខាងស្រ្តីមេផ្ទះអីនេះ គឺខ្ញុំល្ងង់សុទ្ធតែម្តងហើយ។”
សំឡេងបុកគ្រឿងបានស្ងាត់បាត់ទៅ ឯមីងចាន់អង្គុយធ្មឹងហាក់ភ្ញាក់ផ្អើលនឹងអ្វីមួយ។ លោកនរៈសម្លឹងមុខខ្ញុំគ្រវីក្បាលហួសចិត្តហើយដកដង្ហើមធំ។
“នេះ.. តើមីងកើតអ្វីដែរទេ?” ខ្ញុំសួរទាំងបារម្ភ
មីងចាន់ងើយសម្លឹងមុខខ្ញុំមួយៗ ហើយសួរទាំងញ័របបូរមាត់
“តើ…តើអម្បាញ់មិញ..នេះ អ្នកនាងនិយាយថាយ៉ាងម៉េច?”
“គឺ…”
“មីងចាន់ ពួកយើងមានរឿងចង់ប្រាប់” ខ្ញុំមិនទាន់ទាំងបាននិយាយផងលោកនរៈក៏កាត់។ ពួកយើងក៏បានប្រាប់ការពិតដល់មីងចាន់ គាត់ក្តុកក្តួលជាខ្លាំង ព្រោះគាត់ស្រឡាញ់ទេវីនីដូចកូនគាត់បង្កើតដូច្នោះដែរ។ ពួកយើងបានលួងលោមគាត់ហើយសន្យាថានឹងរកទេវីនីមកវិញឱ្យបាន ទើបគាត់រៀងស្ងប់ចិត្ត។
“នែ៎លោក! ហេតុអីទើបមីងចាន់ដឹង?” ខ្ញុំបបួលលោកនរៈមកក្រៅទុកពេលវេលាខ្លះឱ្យមីងចាន់
“ គឺវីនី ចូលចិត្តធ្វើម្ហូបណាស់ ហើយធ្វើបានឆ្ងាញ់ថែមទៀត”
“ហ៊ើយ…ខ្ញុំនេះពិតជាចង្រៃមែន។ តែថាទៅអ្នកនាងទេវីនីនេះពិតជាកុលស្ត្រីខ្មែរពិតមែន” ខ្ញុំសរសើរចេញពីចិត្ត
“កុំបន្ទោសខ្លួនឯងអី យើងមកថ្ងៃនេះគឺគ្រោងនឹងប្រាប់គាត់ពីរឿងនេះដូចគ្នា ព្រោះនឹកថាគាត់ជាចាស់ទុំម្នាក់របស់យើងនិងវីនី”
“អ៊ីចឹងធូរទ្រូងបន្តិច! តែលោកតើការឆ្លងចូលមកទឹកដីនេះអាចធ្វើឱ្យបាត់ការចងចាំដែរទេ?” ខ្ញុំមានការសង្ស័យអ្វីមួយ
“អត់ទេ! ការឆ្លងមកនេះគឺគ្រាន់តែត្រូវការវាយប្រហារពីអ្នកយាមទ្វាតែប៉ុណ្ណោះ”
“តែហេតុអីទើបមីងចាន់សួរខ្ញុំថា តើខ្ញុំធ្វើជាបាត់ការចងចាំឬអត់ធ្វើអី?”
នរៈឈប់ដើរហើយងាកមករកខ្ញុំ “គាត់សួរនាងបែបនោះមែនឬ?”
“មែនហើយ!” គេគិតបន្តិចហើយក៏និយាយ
“ប្រហែលគាត់មើលទៅនាងប្លែកៗហើយ បើជាខ្ញុំក៏ខ្ញុំសួរដូចគ្នា” ខ្ញុំងក់ក្បាលជាសញ្ញាយល់ស្របហើយក៏ឈប់គិតពីរឿងនោះទៅ ។
“លោក! តើទីនេះគ្មានប្រព័ន្ធអ៊ីនធឺណែត ឬគ្រឿងអេឡិចត្រូនិចខ្លះទេឬ?” ខ្ញុំទើបនឹកឃើញពីរឿងនេះ
“នាងនិយាយពីអី?” គេតបទាំងឆ្ងល់
“ហ៊ើយ!!! គ្មានអីទេលោក” ខ្ញុំតបទាំងមុខស្អុយ ។ ពួកយើងក៏បន្តដើរទៅមុខទៀត។
…វេលាកណ្តាលអាធ្រាត្រ…
…តុកៗ តុកៗ… សំឡេងគោះទ្វាបានបន្លឺឡើង។ ទ្វារបើកក្រាក..
“នេះឯងមករកយើងធ្វើអីកណ្តាលយប់នេះ?” គ្រូអាគមសួរ
“យើងមានរឿងចង់ប្រាប់ឯង” សំឡេងម៉ាត់ៗ បានតប
“រឿងស្អីទៅសំខាន់នោះ យើងត្រូវការដេកនិយាយលឿនៗមក” គ្រូអាគមនិយាយទាំងស្ងាប
“គឺរឿងអ្នកនាងវីនី”
គ្រូអាគមឈប់ស្ងាបហើយសម្រួលសតិចាំស្តាប់។
“លោកនរៈបានដឹងការពិតហើយ!”
“ថាម៉េច? បើអ៊ីចឹងយើងត្រូវធ្វើដូចម្តេច?” គ្រូអាគមភ័យស្លន់ស្លោ
“ធ្វើម៉េចយើងដឹង! បើពេលនេះអ្នកនាងនៅទីណាយើងមិនដឹងផង” អ្នកម្ខាងទៀតនិយាយទាំងស្រពាប់ស្រពោន
“ប៉ុន្តែ បើលោកនរៈដឹងការពិតទាំងអស់នោះ យើងប្រាកដជាស្លាប់មិនខាន”
“ធ្វើខ្លួនធម្មតាទៅបើមិនចង់ស្លាប់នោះ កុំចេញដើរផ្តេសផ្តាសឱ្យគេឃើញដូចថ្ងៃមុនទៀត។ រង់ចាំថ្ងៃធ្វើពិធីមកដល់សិនទៅ !”
“ម្យ៉ាងទៀត ទេវីនីត្រូវតែគោរពពាក្យសន្យា បើមិនដូច្នោះទេ យើងមិនព្រមជាដាច់ខាត”
“ចាំរឿងគ្រប់យ៉ាងទៅតាមផែនការសិនទៅ” ។
ភាគបន្ត…