…..អំឡុងពេលដើរទៅផ្ទះវិញ…
“អ្នកនាងតើអ្នកនាងនឹងរកអ្នកណាធ្វើជាទ្រនឹបឱ្យអានឹម?” មីងចាន់ដើរបណ្តើរសួរបណ្តើរ
“គឺមនុស្សធម្មតាម្នាក់ទៀតដែលមានមុខដូចខ្ញុំ”
“ថាម៉េចតើអ្នកនាងរកមកបានយ៉ាងម៉េច?”
“កុំបារម្ភអី! នៅទីនោះមានមនុស្សជាច្រើនដែលមុខដូចខ្ញុំ
“បើមុខដូចគ្នា គេម្នាក់នោះជាបងប្អូនភ្លោះនឹងអ្នកនាងឬ? មិនបានទេអ្នកនាង វាខុសខ្លាំងណាស់ មីងមិនព្រមទេ!”
“ទេ! ខ្ញុំបានប្រាប់មីងហើយថាខ្ញុំគ្មានសាច់ញាតិ! មីងមិនដឹងឬថានៅទីនោះគេអាចធ្វើឱ្យមនុស្សមុខដូចគ្នាទូទាំងពិភពលោកក៏បាន” ទេវីនីចាប់ដៃមីងចាន់លួងលោមឱ្យគាត់ធូរចិត្ត ។
“អ៎! អ៊ីចឹងទេអ្ហេស?” មីងចាន់ញញឹមយល់ព្រម ……
……មីងចាន់បានបរិយាយប្រាប់នរៈទៅតាមការស្រមៃរបស់ខ្លួន។
“បើដូច្នោះ… គេម្នាក់នោះជានីរ៉ានេះឬមីង?” នរៈស្រែកសួរខ្លាំងៗ
“លោកប្រុស ឱ្យខ្ញុំសូមទោសណា លោកប្រុស ខ្ញុំខុសខ្លួនឯងដែលមិនហាមឃាត់អ្នកនាង..” មីងចាន់អង្រួនដៃនរៈហើយស្រែកយំ
“នេះមីងជឿហេតុផលឆ្កួតៗទាំងនោះដោយរបៀបណា? មីងឆ្លើយមក!! មីងដឹងទេ? ថានីរ៉ាក៏ធ្លាប់មានបងប្អូនភ្លោះ” នរៈនិយាយខ្លាំងៗដាក់មីងចាន់
“ថាម៉េច? អ្នកនាងនីរ៉ាធ្លាប់មានបងប្អូនភ្លោះដែរឬ? ស្លាប់ហើយ មិនគួរទេខ្ញុំ” គាត់និយាយបណ្តើរវាយតបធ្វើបាបខ្លួនឯងបណ្តើរ
“ប៉ុន្តែ គេប្រហែលមិនមែនជាវីនីនោះទេ!”
មីងចាន់ឈប់ទ្រឹងហើយសួរ ៖
“លោកប្រុសប្រាកដចិត្តដែរទេ?”
“ប្រាកដ! ព្រោះប្អូននីរ៉ាជាប្រុសមិនមែនស្រី” ។ មីងចាន់ធ្លាក់ថ្លើមក្តុក ញ័របបូរមាត់ ដៃញ័រដូចគេកន្រ្តាក់ គាត់មិនមាត់ហើយចាប់ផ្តើមសម្រួលអារម្មណ៍ ។
“លោកប្រុស! ឆាប់ទៅរកអ្នកនាងនីរ៉ាឥឡូវនេះទៅមុនពេលគ្រប់យ៉ាងហួសពេល!” គាត់និយាយហើយប្រញាប់ប្រញាល់ក្រោកឡើង
“នេះមីងដឹងឬថាគេធ្វើពិធីនៅឯណា?”
“ខ្ញុំល្មមអាចស្មានដឹង”
“លោកប្រុសៗ កញ្ចក់ដែលយើងបានឃើញកាលពីពេលនេះបានបាក់បែកអស់ទៅហើយ!” អ្នកយាមម្នាក់បានមករាយការណ៍
“កញ្ចក់? កញ្ចក់អ្វីទៅលោកប្រុស?” មីងចាន់សួរ
……ពួកគេក៏ធ្វើដំណើរសំដៅទៅមើលកញ្ចក់នោះ…
“នេះហើយមីង!” នរៈនិយាយទៅកាន់មីងចាន់ព្រមជាមួយដៃបើកក្រណាត់ដែលគ្របពីលើកញ្ចក់នោះ“មីង!” នរៈស្រែកភ្លាត់មាត់ក្រោយឃើញមីងចាន់វិះដួលទៅនឹងដី
“លោកប្រុស! លោកប្រុស! បានកញ្ចក់នេះមកពីណា?” មីងចាន់សួរទាំងភិតភ័យ បែកញើសជោកខ្លួន
“គឺនៅកណ្តាលព្រៃជិតនេះ មានអ្វីដែរទេមីង?”
“នេះ…នេះជាកញ្ចក់របស់អ្នកនាងទេវីនី! អ្នកនាងធ្លាប់បានប្រាប់ខ្ញុំថាបើពេលណានាងរៀនវិជ្ជាធ្មប់បានសម្រេចនាងនឹងបញ្ជូនកញ្ចក់រូបរាងមេអំបៅដែលមានស្នាមប្រេះបែកនោះមកឱ្យខ្ញុំធ្វើជាសញ្ញា!”
“បើអ៊ីចឹង បញ្ជាក់ថានាងធ្វើបានសម្រេចហើយ! ហ៊ើយ…” នរៈនិយាយហើយ ទៅទាត់វត្ថុក្នុងបន្ទប់នោះបែកខ្ទេចអស់ ហាក់ទាល់ច្រកមិនដឹងធ្វើយ៉ាងណា ព្រោះគ្រប់យ៉ាងវាហួសពេលទៅហើយ
“បើមីងជាចំណែកក្នុងរឿងនេះ! ហេតុអ្វីមីងមិនដឹងថាពេលនេះនាងនៅទីណា?” នរៈស្រែកសួរមីងចាន់ទាំងកំហឹង
“គឺអ្នកនាងមិនបានប្រាប់ខ្ញុំច្បាស់ឡើយ នាងប្រាប់តែថានាងនឹងនៅផ្ទះធំដដែល លុះត្រាតែវិជ្ជាទាំងនោះកាច់នាងខ្លាំងដែលធ្វើឱ្យនាងមិនអាចទ្រាំលាក់លោកប្រុសនិងអ្នកស្រីធំបានទើបនាងមកនៅផ្ទះខ្ញុំ ប៉ុន្តែ… កន្លងពីការរៀនវិជ្ជាមកបានប្រហែលដប់ទៅម្ភៃថ្ងៃអ្នកនាងមិនដែលមករកខ្ញុំម្តងណាឡើយ ។ ខ្ញុំធ្លាប់ទៅរកអ្នកនាងដែរ តែអ្នកនាងបានដេញឱ្យខ្ញុំមកផ្ទះវិញ មិនឱ្យសូម្បីតែជួបមុខគាត់។ រហូតដល់ពេលដែលអ្នកប្រុសមកប្រាប់ថាអ្នកនាងបាត់ខ្លួននោះឯង” មីងចាន់រៀបរាប់ទាំងទឹកភ្នែក។
“អ៊ីចឹងតើបានជាវីនីធ្វើខ្លួនប្លែកៗ មិនសូវចេញមកហូបបាយ មិនសូវបង្ហាញខ្លួន សំងំតែក្នុងបន្ទប់ សួរពេលណានាងបានតែនិយាយថានាងឈឺនេះឈឺនោះ ។ ខ្ញុំក៏មិនសូវបានមើលថែនាង ព្រោះរវល់នឹងកិច្ចការងារពេក” នរៈដកដង្ហើមធំហើយបន្ត
“តើពេលនេះឱ្យខ្ញុំទៅរកនាងនៅទីណា? នីរ៉ាត្រូវធ្លាក់ក្នុងគ្រោះថ្នាក់ក៏ដោយសារតែខ្ញុំ”
“ទោះអ្នកនាងមិនបានប្រាប់ខ្ញុំ តែខ្ញុំអាចស្មានដឹងខ្លះថាការរៀនវិជ្ជាធ្មប់នេះ គឺត្រូវធ្វើនៅកន្លែងស៊ុបទ្រុបស្ងប់ស្ងាត់ ឬជាកន្លែងដែលកំបាំងដោយវេទមន្តកម្រមានអ្នកទៅដល់ តើលោកប្រុសអាចស្គាល់កន្លែងណាខ្លះទេ?”
“កន្លែងកំបាំងដោយវេទមន្ត?” នរៈគិតបន្តិចហើយដូចជានឹកឃើញ “មែនហើយ!! ព្រៃអាគម”
“ប៉ុន្តែ លោកប្រុសទីនោះមិនងាយនឹងអាចចូលឡើយ លុះត្រាតែអ្នកប្តេជ្ញាចិត្តធ្វើជាសភាវអាក្រក់ទើបអាចទៅបាន!” អ្នកយាមម្នាក់តឿនរំឮកដល់នរៈ
“មិនពិតទេ! តាមការពិតទៅលោកពុកគ្រាន់តែមិនចង់ឱ្យមានអ្នកណាប្រើប្រាស់កន្លែងសក្តិសិទ្ធិធ្វើជាកន្លែងដែលប្រព្រឹត្តិខុសតែប៉ុណ្ណោះ។ ព្រៃអាគមជាព្រៃពោរពេញទៅដោយអាគម ដែលអនុញ្ញាតតែអ្នកណាដែលតាំងចិត្តចង់ប្រើអាគមក្នុងផ្លូវល្អ ប៉ុន្តែបន្ទាប់ពីមានគ្រូអាគមម្នាក់ទៅតាំងសមាធិនៅទីនោះហើយស្រូបវិជ្ជាទាំងឡាយដើម្បីមកប្រព្រឹត្តិខុសនៅក្នុងចក្រភពនេះ ទើបធ្វើឱ្យព្រៃនោះប្រែប្រួលលែងដូចដើម មានទាំងសភាវល្អនិងអាក្រក់នៅលាយឡំគ្នា”
“អានឹម!” មីងចាន់បន្លឺឡើង
“បានន័យថាម៉េចមីង?”
“គឺអានឹមនេះហើយជាគ្រូអាគមម្នាក់នោះ ម្តាយវាផ្ញើនឹងខ្ញុំឱ្យជួយមើលថែតាំងពីនៅក្មេងមកម្ល៉េះ ។ តែជាអកុសលក្មេងម្នាក់នេះចូលចិត្តខាងវិជ្ជាវេទមន្តតាំងពីក្មេង ខ្ញុំបានព្យាយាមហាមឃាត់វាហើយតែវាមិនស្តាប់ វាបែរទៅប្រព្រឹត្តិរឿងអាក្រក់ៗ ទល់សព្វថ្ងៃ ដោយនឹកឃើញថាវាជាសាច់ញាត់តែម្នាក់របស់ខ្ញុំដែលនៅសល់ទើបខ្ញុំមិនហ៊ានប្រាប់លោកប្រុសពីរឿងនេះ ឱ្យខ្ញុំសុំទោសផងលោកប្រុស” មីងចាន់រៀបរាប់ទាំងអួលដើមក ។
“អត់ទេមីង! មីងមិនមែនជាអ្នកខុស! គឺបុគ្គលទាំងនោះទៅវិញទេដែលជ្រើសរើសផ្លូវខុស” នរៈចាប់ស្មាហើយនិយាយលួងលោមមីងចាន់ហើយបន្តបន្លឺ
“បើអ៊ីចឹងយើងឆាប់ទៅទីនោះទៅ ខ្ញុំមិនចង់បាត់បង់អ្នកណាម្នាក់ទៀតទេ”។ ពួកគេក៏រៀបចំការចេញដំណើរឆ្ពោះទៅកាន់ព្រៃអាគមនោះទៅ ។
………………………….
“ឯងបានប្រាប់មីងចាន់ដែរទេ?”
“អត់ទេ! ហេតុផលអីឱ្យវាដឹងហើយមករារាំងផែនការយើងនោះ? ហាសៗ ហា!”
“ល្អ!” ដោយសរសំឡេងនិយាយគ្នាទៅមកខ្សាវៗក្នុងត្រចៀកទើបតឿនស្មារតីឱ្យត្រលប់មកជាថ្មី ។ ខ្ញុំព្យាយាមបើកភ្នែកសន្សឹមៗ មើលទៅខាងលើឃើញតែព្រៃខ្ពស់ៗដុះជុំជិតបាំងមេឃាស្ទើគ្មានពន្លឺអាចជ្រៀតចូលបាន ។ ខ្ញុំខំប្រឹងក្រោកមួយៗទាំងខ្លួននៅអស់កម្លាំងនៅឡើយ ព្រោះទឹកតែមួយម៉ាត់មិនបានចូលពោះសោះ ជាហេតុធ្វើឱ្យខ្លួនខ្ញុំខ្សោះទៅៗ។
“ភ្ញាក់ហើយឬ?” សំឡេងស្អកៗដដែលបានបន្លឺឡើង។ ខ្ញុំព្យាយាមសម្លឹងរកមើលប្រភពសំឡេងក៏ភ្ញាក់ខ្លួនព្រើត ។ ខ្ញុំកំពុងស្ថិតនៅក្នុងបន្ទាត់ខណ្ឌនៃខ្សែសីម៉ាដែលរុំព័ទ្ធនឹងបង្គោលឫស្សីបួនទិសតម្រូវមួយតួខ្លួនដូចដែលខ្ញុំបានឃើញមុននេះ ។ ដៃនិងជើងខ្ញុំត្រូវបានចងដោយច្រវ៉ាក់បំណងមិនឱ្យរបូតទៅណា។ ញើសហូរជោកពេញខ្លួនប្រាណដែលកំពុងញ័រទទ្រើករបស់ខ្ញុំ ទឹកភ្នែកដក់ពេញភ្នែកក្រហមហាក់ខំប្រឹងប្រមូលស្មារតីមកវិញហើយសម្លឹងរកមើលដើមហេតុ ។
“នេះពួកនាងចង់ធ្វើអីខ្ញុំ? តើខ្ញុំបានទៅធ្វើស្អីដាក់នាងណាស់ណាទៅចាំបាច់ធ្វើរឿងគ្មានហេតុផលទាំងនេះឡើងមកដែរ?” ខ្ញុំនិយាយទាំងអួលដើមក ស្រែកសួរទៅកាន់ទេវីនីដែលកំពុងអង្គុយមួយកន្លែងបែរខ្នងហាក់មិនខ្ចីឱ្យឃើញមុខ ។
“គឺនាងជាអ្នកខុស! នាងមិនគួរមានរូបរាងនៅលើលោកនេះឡើយ! បើមាននាងគឺគ្មានខ្ញុំ បើមានខ្ញុំគឺត្រូវតែគ្មាននាង!” នាងតបម៉ាត់ៗហាក់មានគំនុំនឹងខ្ញុំតាំងពីជាតិមុនមកម្ល៉េះអ៊ីចឹង ។ យ៉ាងណាមិញចម្លើយរបស់នាងមិនបានឱ្យខ្ញុំយល់នូវសេចក្តីច្បាស់លាស់ទាល់តែសោះ
“នាងនិយាយពីអី? ឬនាងខឹងនឹងខ្ញុំដែលខ្ញុំនិងលោកនរៈនិយាយគ្នាច្រើន? ខ្ញុំធ្លាប់ប្រាប់នាងហើយ គ្រប់យ៉ាងគឺព្រោះយើងទាំងពីរចង់ស្វែងរកនាង។ នាងដឹងទេ? លោកនរៈខូចចិត្តប៉ុនណាពេលដែលដឹងថាខ្ញុំមិនមែននាង មិនមែនមនុស្សដែលគេស្រឡាញ់ស្ទើលេបនោះ?”
“បិទមាត់របស់នាងទៅ! យើងមិនចង់ស្តាប់អ្វីទាំងអស់។ ដល់ពេលវេលាធ្វើពិធីពេលណា យើងក៏សមបំណងគ្រប់យ៉ាង!” នាងនិយាយបញ្ចេញនូវសំឡេងដែលពោរពេញទៅដោយគំនុំនិងផែនការ ដែលធ្វើឱ្យខ្ញុំវង្វេងរកផ្លូវស្រាយមិនចេញ ។
“នែ៎នាង! ជិតដល់ពេលមែនទែនហើយ!”
“ហេតុអីលោកតានៅមិនទាន់មកដល់ទៀត?” ទេវីនីសម្លឹងទៅរកផ្លូវហាក់កំពុងរង់ចាំអ្នកណាម្នាក់ទៀតមកដល់
“អ្នកណា?” គ្រូអាគមសួរទាំងចម្ងល់
“គឺបុគ្គលដ៏សំខាន់ម្នាក់ទៀត” នាងនិយាយបណ្តើរបង្ហាញនូវស្នាមញញឹមដ៏ពិសពុលលើផ្ទៃមុខបណ្តើ
“នេះ ក្រែងយើងមានតែពីរនាក់ទេតើហ្អី? ឬនាងមិនជឿហើយមើលស្រាលលើសមត្ថភាពយើង?” គ្រូអាគមចាប់ផ្តើមខឹង
“នេះឯងចង់តវ៉ាអ្ហេស? ឯងគិតថាឯងចង់បានអ្វីពីយើងក៏បានឬ?”
ទេវីនីនិយាយចប់ ក៏ប្រើអាគមរបស់នាងចាប់ច្របាច់កគ្រូអាគមឱ្យហោះឡើងគួរឱ្យព្រឺព្រួច។ គ្រូអាគមព្យាយាមសូត្រអ្វីក៏មិនដឹងជីបអូចៗ តែម្នាក់ឯងតែហាក់ដូចជាធ្វើអ្វីទេវីនីមិនបានសោះ។ ខ្យល់បក់គួចខ្លាំងទៅៗ ហាក់គាំទ្រនិងសាទរនូវឫទ្ធិអំណាច់របស់នាង ។
“វីនី!” សំឡេងពីម្ខាងផ្លូវបានបន្លឺឡើង ធ្វើឱ្យទេវីនីទម្លាក់គ្រូអាគមចោលខ្ពោកនឹងដី ហើយរត់ទាំងត្រេកអរទៅកាន់ម្ចាស់សំឡេង។ បុរសម្នាក់រាងចំណាស់បន្តិច សក់ស្កូវ ទឹកមុខញឹមៗ ដើរចូលមកទាំងដៃម្ខាងកាន់ឈើច្រត់ ។
“លោកតា!” ទេវីនីរត់សម្តៅទៅឱបបុរសម្នាក់នោះទាំងក្តីគោរពនិងស្រឡាញ់ជាពន់ពេក
“យ៉ាងម៉េចហើយចៅ?” បុរសម្នាក់នោះសួរសុខទុក្ខទៅកាន់វីនី
“គឺយើងកំពុងរៀបចំពិធីហើយលោកតា”
“លោកតា!” សំឡេងខ្ញុំបន្លឺឡើងក្រោយពីបានឃើញមុខបុរសម្នាក់នោះច្បាស់
“អ្នកណានឹងចៅ?” បុរសម្នាក់នោះសួរទៅកាន់វីនីក្រោយបានឮសំឡេងខ្ញុំ
“គឺជារូបរាងថ្មីរបស់ខ្ញុំនឹងណាលោកតា”
“លោកតា! លោកតាមកនៅទីនេះបានយ៉ាងម៉េច?” ខ្ញុំស្ទុះក្រោកឡើងក្រោយពីស្គាល់មុខនិងសំឡេងច្បាស់ថាគាត់ជាមនុស្សតែម្នាក់ដែលតែងតែចញ្ចឹងបីបាច់ខ្ញុំរហូតមកទោះខ្ញុំមិនមែនជាសាច់ញាតិពិតប្រាកដរបស់គាត់ឡើយ ។
“ក្រែងលោកតាបានស្លាប់ហើយឬ? ហេតុអីលោកតាមកនៅទីនេះ? លោកតា! ខ្ញុំគឺនីរ៉ា ជាចៅស្រីដែលលោកតាបានរើសយកមកចញ្ចឹមនោះអី!” ខ្ញុំប្រឹងស្រែកនិយាយឱ្យគាត់បានឮទាំងទឹកភ្នែកហូរម៉ាត់ៗ ។ “មើលទៅគេដូចជាស្គាល់តាដែរទេវីនី?” លោកតាសួរឡើង
“អត់ទេលោកតា គេប្រហែលជាចំណាំមនុស្សខុស លោកតាឆាប់ចូលទៅអង្គុយសិនចុះ” វីនីនិយាយនិងគ្រាហ៍លោកតាម្នាក់នោះឱ្យអង្គុយ ។
“នេះលោកតាមើលមិនឃើញទេឬ?” ខ្ញុំហាក់ស្វាងចែស
“មែន! ទោះនាងខំស្រែកប៉ុនណាក៏គ្មានបានអី អ៊ីចឹងឆាប់ស្ងាត់មាត់ទៅ!” វីនីនិយាយទាំងបែរមកម្តងបន្តិចព្រមជាមួយនឹងក្រណាត់ស្បៃរុំមុខមួយកំណាត់ត្រឹមច្រមុះមើលឃើញតែភ្នែក ។
“តើនេះមានរឿងអីកើតឡើងទៅ? តើនាងធ្វើអីលោកតា?” ខ្ញុំស្រែកគំហក
“នាងនិយាយពីស្អី? ស្ងាត់មាត់ភ្លាមទៅ!” នាងតបទាំងកែវភ្នែកសម្លក់មកកាន់ខ្ញុំ ។ ពេលនេះខ្ញុំចាប់ផ្តើមវង្វេងជាថ្មី ព្រោះចម្ងល់គ្រប់បែបយ៉ាងមិនបានរំលេចនូវដំណោះស្រាយសូម្បីតែមួយ ។
……នៅក្នុងខ្ទមស្លឹក……..
“វីនី!” លោកតាហៅឈ្មោះវីនីទាំងញញឹម ព្រមទាំងភ្នែកសម្លឹងទៅណាក៏មិនដឹង បញ្ជាក់ឱ្យឃើញថាគាត់មើលមិនឃើញអ្វីឡើយ។
“ចាស?” វីនីឆ្លើយទាំងទន់ភ្លន់ផ្តល់ការគោរពនិងស្រឡាញ់ចេញពីចិត្ត
“ចៅគិតច្បាស់ហើយឬ?”
វីនីសម្លឹងមុខលោកតានាងទាំងកែវភ្នែកប្រកបដោយក្តីទុក្ខសោក ហាក់បញ្ចេញភាពគ្រាំគ្រាក្នុងចិត្តចំពោះមុខព្រះនេត្រខ្វាក់មួយគូរនោះ
“លោកតាមិនបាច់បារម្ភទេ! លើលោកនេះខ្ញុំមិនសល់អ្នកណាម្នាក់ឡើយ ក្រៅពីលោកតា ដូច្នេះខ្ញុំនឹងធ្វើគ្រប់យ៉ាងឱ្យលោកតាអាចមើលឃើញនូវភាពចម្រើនរបស់ចៅ។”
“វីនីអើយ! តាចាស់ណាស់ហើយ ទោះពិធីនេះធ្វើឱ្យតាមើលឃើញវិញ តាក៏រស់មិនបានយូរដដែល ។ ចៅសុខចិត្តលះបង់សាងបាបព្រោះតែតាចាស់ម្នាក់នេះឬ? វាមិនចំណេញទេចៅ” ។ វីនីលែងដៃគាត់ហើយក្រោកឈរនិយាយដោយម៉ឺងម៉ាត់ ៖
“សុំទោសផងលោកតាតែ ទោះជាលោកតានិយាយប៉ុន្មានដងទៀតក៏ខ្ញុំមិនប្តូរចិត្តដែរ ខ្ញុំបានសម្រេចចិត្តដើរផ្លូវនេះទៅហើយ ខ្ញុំបកក្រោយមិនបាន” និយាយហើយនាងក៏ដើរទៅក្រៅបាត់ទៅ ទុកឱ្យលោកតាចំណាស់ នៅអង្គុយដកដង្ហើមធំពិបាកចិត្តម្នាក់ឯង ។
……នៅតាមផ្លូវ……
“យើងសម្រាកនៅទីនេះសិនទៅ!” នរៈស្រែកបង្គាប់ទៅកាន់កូនចៅទាំងប៉ុន្មាន
“នេះយើងមកដល់ណាហើយលោកប្រុស?” មីងចាន់សួរទាំងដង្ហក់ទៅកាន់នរៈ ។
“ខ្ញុំក៏មិនច្បាស់ដូចគ្នាណាមីង តែខ្ញុំគិតថាយើងកាន់តែនៅកៀកវីនីខ្លាំងហើយ ព្រោះចំហាយនៃអាគមងងឹតកំពុងតែបញ្ចេញឫទ្ធិមកខ្លាំងហើយ ដូច្នេះយើងត្រូវត្រៀមខ្លួនឱ្យបានល្អ” នរៈបង្គាប់បញ្ជាទាំងហ្មត់ចត់។
“លោកប្រុសៗ!” អង្គរក្សម្នាក់រត់មកទាំងត្រហេបត្រហប
“មានការអី?”
…………
ពន្លឺព្រះអាទិត្យដែលបាំងដោយពពកក្រាស់ បានបញ្ចេញរស្មីតិចៗតាមចន្លោះប្រហោងនៃមែកឈើខ្ពស់បញ្ជាក់ឱ្យដឹងពីពេលវេលាកណ្តាលថ្ងៃត្រង់។
“ដល់វេលាហើយនាង” គ្រូអាគមស្រែកប្រាប់ទៅទេវីនី
“ចាប់ផ្តើមពិធីឥឡូវនេះទៅអ៊ីចឹង” ពោលចប់នាងក៏ដើរទៅខាងមុខហើយដៃកាន់កាំបិតមុតស្រួចមួយផ្លែ ។
“នែ៎នាងៗចង់ធ្វើស្អីទៅ?” គ្រូអាគមហាក់មិនយល់ពីបំណងទេវីនីពិតប្រាកដសោះ
“បើឯងចង់ដឹងទៅហើយ ចាំយើងប្រាប់ទៅចុះ! មុនពេលពិធីចាប់ផ្តើម យើងត្រូវបូជាថ្វាយគ្រាប់ភ្នែកទាំងគូ នេះឱ្យទៅលោកតា”
“ហាស? ថាម៉េច? នេះនាងឆ្កួតទេឬ? ការធ្វើពិធីពីរក្នុងពេលតែមួយ វាមានភាគរយតិចណាស់ដែលអាចប្រព្រឹត្តទៅបាន ។ បើនាងថ្លោះធ្លោយតែបន្តិចនាងនឹងសោកស្តាយ” គ្រូអាគមរម្លឹក
“បិទមាត់គំរក់ៗនិងអពមង្គលរបស់ឯងទៅ ហើយចាំធ្វើតាមនូវអ្វីដែលយើងប្រាប់ទៅបានហើយ”
“នេះនាងចង់ប្តូរគ្រាប់ភ្នែកនោះឱ្យទៅលោកតាឬ?” ខ្ញុំសួរទាំងហួសចិត្ត
“មែន!”
“យករបស់ខ្ញុំទៅ” ខ្ញុំតបទាំងទឹកភ្នែក
“របស់នាងអ្ហេស? បន្តិចទៀតវាក៏ក្លាយជារបស់យើងហើយកុំបារម្ភអី តែ… នាងស្គាល់លោកតាដែរឬ?”
“ហេតុអីខ្ញុំមិនស្គាល់មនុស្សដែលចិញ្ចឹមខ្ញុំនិងឱ្យខ្ញុំរៀនសូត្រមកកន្លះជីវិតទៅហើយនោះ?”
“ហាសៗ ហា! កុហក! នាងរស់នៅមានភាពកក់ក្តៅមករហូត រឿងអីខ្ញុំត្រូវជឿនាង? នាងគិតថាធ្វើបែបនេះហើយយើងនឹងដោះលែងនាងឬ? ហាសៗ ហា! គ្មានផ្លូវឡើយ” នាងនិយាយនិងសើចដូចមនុស្សរោគចិត្តនៅចំពោះមុខខ្ញុំហើយក៏ចាប់ផ្តើមសូត្របាលីគាថាអ្វីម្យ៉ាងពីរនាក់គ្រូអាគមនោះ ។ បានមួយសន្ទុះនាងក៏កាន់កាំបិតហើយចាប់ផ្តើមឆ្គឹះឆ្គៀលយកគ្រាប់ភ្នែកទាំងសងខាងទាំងក្តីឈឺចាប់វេទនាជាទីបំផុត ។
“អូយយយ….” នាងស្រែកទាំងក្តីខ្លោចផ្សារនិងដង្ហក់ជាខ្លាំង
“ឈប់ទៅចៅ!” លោកតាដើរស្ទាបៗ ព្យាយាមស្រែកទាំងភ្លាត់សំឡេង
“បានហើយវីនី! ប៉ុណ្ណឹងបានហើយចៅ តាមិនចង់បានវាឡើយ”
“អត់ទេលោកតា! ខ្ញុំបានសម្រេចចិត្តហើយ” នាងមិនស្តាប់អ្នកណាទាំងអស់ក្រៅពីខ្លួននាង ។ មិនយូរប៉ុន្មានសំឡេងស្រែកទាំងវេទនាបានបាត់ទៅ ។ បន្សល់ទុកតែគ្រាប់ភ្នែកមួយគូរនៅលើជើងពានមួយ ។ “ខ្ញុំធ្វើវាបានហើយ ហាសៗ ហា ខ្ញុំធ្វើបានសម្រេចហើយ គ្រូនឹម! ចាប់ផ្តើមធ្វើពិធីផ្ទេរប្រស្រីភ្នែកឥឡូវនះភ្លាមទៅ” ពួកគេក៏ចាប់ផ្តើមសូត្រអាគមគាថាជាថ្មី ដោយឱ្យលោកតាម្នាក់នោះមកអង្គុយទល់មុខទេវីនី ហើយចាប់ដៃគ្នាទាំងសងខាង ។ ពិធីប្រព្រឹត្តទៅ មិនយូរប៉ុន្មានសំឡេងអ៊ូៗតិចៗបានឈប់ ។
“មានរឿងអី?” ទេវីនីសួរឡើង
“គឺលោកតានាងមិនព្រមបើកចិត្តទទួលទាល់តែសោះ” គ្រូអាគមតប
“លោកតា! ឆាប់បើកចិត្តភ្លាមទៅ! យើងគ្មានពេលច្រើននោះទេលោកតា” ទេវីនីបង្ខំទាំងតក់ក្រហល់ ។ “…” គ្មានសំឡេងឆ្លើយតប
“លោកតា! លឿនឡើងលោកតា! លោ….” សំឡេងស្រែកបង្ខំបានបាត់ស្ងាត់ បន្ទាប់ពីនាងទទួលដឹងនូវសីតុណ្ហភាពចុះត្រជាក់ពីដៃរបស់លោកតា ។
“លោកតា? លោកតាឆាប់ឆ្លើយតបភ្លាមមក! លោកតា!” ដៃស្រវេស្រវាមិនដឹងទិសតំបន់ ភ្នែកទាំសងខាងសល់តែក្រហូងពីរ ដែលប្រើការអ្វីលែងបានតទៅទៀត ទេវីនីខំប្រវាចាប់អង្រួនស្មាលោកតា តែហាក់គ្មានអ្វីតបតសោះ សូម្បីតែសំឡេងមួយម៉ាត់ ។ នៅពេលនោះហើយដែលទេវីនីដឹងថា លោកតាបានស្លាប់ទៅហើយ ។ ខ្ញុំអង្គុយគាំងស្តូក ស្រក់ទឹកភ្នែកម៉ាត់ៗ ព្រោះមនុស្សជាទីស្រឡាញ់របស់ខ្ញុំពេលនេះបានស្លាប់ទៅត្រឹមមួយប៉ប្រិចភ្នែក ។ ខ្ញុំហាក់ទន់ជង្គង់ ចង់ក្រោកឈរក៏តាំងជំហរមិនជាប់ ដៃកម្រើកលែងរួចដូចមានគេចាក់ថ្នាំស្ពឹកឱ្យទ្រឹងមួយកន្លែងដូចមនុស្សរុក្ខជាតិ ។
“លោកតា!” សំឡេងខ្សាវៗចេញពីមាត់ដែលហើបមិនចង់រួចរបស់ខ្ញុំ ខុសដាច់កាលពី ៥ឆ្នាំមុន…
កាលពី១២ឆ្នាំមុន…
….វ៉ែវៗ វ៉ែវៗ វ៉ែវៗ…… សំឡេងសឺរ៉ែនចេញពីរថយន្តរបស់ភ្នាក់ងារពន្លត់អគ្គិសភ័យបានបន្លឺឡើង ផ្អើលមនុស្សកុះករឱ្យមកផ្តុំគ្នាមើលអណ្តាតភ្លើងដែលកំពុងលេបត្របាក់កូនផ្ទះមួយ បន្តិចម្តងៗ ក្នុងកណ្តាលថ្ងៃចែស ។
“លោកតា!” ខ្ញុំរត់ចុះពីតាក់ស៊ីសំដៅមកកាន់ផ្ទះតូចយ៉ាងស្លន់ស្លោ
“នីរ៉ា! នីរ៉ា! កូនអើយឆេះអស់ហើយកូន” មីងអ្នកជិតខាងដែលបានតេទូរសព្ទមកប្រាប់ខ្ញុំ រត់មកទាំងត្រហេបត្រហប យំផងនិយាយផង ក្រោយបានឃើញខ្ញុំ
“មីង! ចុះលោកតានោះ?” ខ្ញុំគិតអ្វីមិនចេញក្រៅពីលោកតាឡើយ
“មីងមិនដឹងទេក្មួយ! មីងចេញមកក៏ឃើញផ្ទះឆេះបាត់ទៅហើយ មីងខំស្រែកហៅដែរតែ មិនឃើញតារបស់ឯងទាល់តែសោះ” ខ្ញុំឮបែបនេះ មិនបង្អង់យូរ ព្រោះក្នុងចិត្តមិនស្រួលបាត់ទៅហើយ លោកតាមិនដែលបែបនេះ គាត់មិនដែលមិនឆ្លើយតបបែបនេះទេ ហើយថ្ងៃនេះគាត់ទំនេរនៅផ្ទះថែមទៀត ។ តើមានរឿងអីចំពោះលោកតាទៅ? មិនបង្អង់យូរ ខ្ញុំរត់ប្រជ្រៀតគេ សម្រុកចូលបម្រុងនឹងទៅរកលោកតាទាំងសម្លៀកបំពាក់ជាសិស្សនៅឡើយ ។
“នីរ៉ា! ក្មួយ!” មីងម្នាក់នោះស្រែកភ្លាត់សំឡេងក្រោយឃើញខ្ញុំរត់ស្រទៅ
“នាង! មិនអាចចូលបានទេ វាគ្រោះថ្នាក់! សូមរង់ចាំនៅកន្លែងដែលមានសុវត្ថិភាពសិនទៅ” អ្នកពន្លត់អគ្គិសភ័យម្នាក់បានស្ទាក់ផ្លូវខ្ញុំ
“អត់ទេ! លោកតារបស់ខ្ញុំៗទៅជួយគាត់ លោកតា! លោកតា!” ខ្ញុំព្យាយាមកន្រ្តាក់ដៃចេញ សតិខ្ញុំលែងនឹងន សន្លប់ស្មារតីបាត់ទៅ។
………….នៅក្នុងមន្ទីរពេទ្យ…….
ខ្ញុំបើកភ្នែកហើយញីភ្នែកសម្លឹងមើលទើបដឹងថាជាមន្ទីរពេទ្យ។ មួយសន្ទុះក្រោយទើបខ្ញុំនឹកឃើញ
“លោកតា!” ខ្ញុំនិយាយក៏រត់ចេញពីបន្ទប់មន្ទីពេទ្យទាំងសម្លៀកបំពាក់អ្នកជម្ងឺនៅឡើយ
“អ្នកនាង! ចង់ទៅណាដែរ?” គិលានុបដ្ឋាយិកាម្នាក់បានសួរខ្ញុំ
“គឺ លោកតា ខ្ញុំទៅរកលោកតា”
“អ្នកនាង មិនទាន់ស្រួលខ្លួនមែនទែនទេ កុំទាន់ប្រញាប់អី ទុកឱ្យប៉ូលីសជាអ្នករកវិញទៅអ្នកនាង”
“អត់ទេ” ខ្ញុំថាហើយក៏រត់ទៅបន្ទប់វិញប្តូរសម្លៀកបំពាក់ ។ ចេញពីបន្ទប់ទឹកវិញស្រាប់តែមនុស្សប្រុសស្រីពីរនាក់នៅឈរចាំខ្ញុំ ឯកសណ្ឋានដូចជាភ្នាក់ងារប៉ូលីស
“ប្អូនស្រី! យ៉ាងម៉េចទៅហើយ?” ស្ត្រីម្នាក់នោះសួរខ្ញុំ
“ចាស ខ្ញុំមិនអីទេ! ចុះពួកបងមករកខ្ញុំឬ?”
“មែនហើយ! គឺមកនិយាយពីហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃមិញនេះ ប្អូនត្រៀមខ្លួនហើយឬ?” “ចាស ខ្ញុំនឹងទទួលស្តាប់គ្រប់យ៉ាង!” ខ្ញុំព្យាយាមសម្រួលអារម្មណ៍ហើយអង្គុយចុះ។
“គឺ ផ្ទះរបស់ប្អូនបានឆេះអស់ប្រហែល៣០ភាគរយទៅហើយ មុនពេលក្រុមការងារពន្លត់អគ្គិសភ័យទៅដល់ហើយមូលហេតុដែលបណ្តាលឱ្យឆេះអាចមកពីការផ្ទុះធុងហ្គាស ព្រោះអ្នកដែលនៅជិតៗនោះបានឮសំឡេងផ្ទុះអ្វីម្យ៉ាងដែរ ក្រោយពីការពន្លត់បានបញ្ចប់យើងបានរកឃើញសាកសពមួយដែលឆេះក្នុងភ្លើង មើលស្ទើមិនយល់ទៅហើយ។”
“សាកសព? តើគេមានរូបរាងបែបណា?” ខ្ញុំសួរទាំងបេះដូងលោតញាប់រន្ធាន់។
“នេះជារូបថតដែលយើងបានថត ដើម្បីយកមកសួរប្អូនថាជាលោកតារបស់ប្អូនដែរទេ?” ខ្ញុំយករូបនោះមកមើល ហើយស្រក់ទឹកភ្នែកម៉ាត់ៗ
“នេះ…មិនមែនលោកតាខ្ញុំទេ!”
ប៉ូលីសទាំងពីរមើលមុខគ្នាហើយ ហើយសួរខ្ញុំបញ្ជាក់៖
“ប្អូនច្បាស់ទេ?”
“ចាសច្បាស់! ព្រោះម្រាមដៃក្នុងរូបនេះមានស្នាមសាក់ លោកតាគ្មានទេ!” ខ្ញុំឆ្លើយព្រោះច្បាស់ណាស់ ហើយក៏ធូរចិត្តសំណាងហើយដែលដៃសាកសពនោះនៅល្អមិនរលួចខ្ទេច បើអ៊ីចឹងមិនអាចប្រាកដបានថមិនមែនជាលោកតាឡើយ។
“ប៉ូលីសនឹងស៊ើបអង្កេតបន្តថាសាកសពមួយនេះជាអ្នកណា ហើយពួកយើងជួយស្វែងរកលោកតារបស់នាងត្រលប់មកវិញ!”
“ខ្ញុំអរគុណ Madam ណាស់!”
“ពួកយើងទៅវិញហើយ! នាងសម្រាកចុះ!”
សាកសពមិនមែនលោកតា លោកតាទៅណា?
…………………………
“ខ្ញុំមិនស្មានសោះថាលោកតាមបានមកដល់ពិភពតស្យនេះ? តើដោយរបៀបណា?”
“នាង! កុំរវល់តែទួញសោក ពេលនេះនាងបរាជ័យពិធីទីមួយទៅហើយ! ឆាប់ធ្វើពិធីទីពីរឥឡូវនេះទៅ បើមិនចង់ហួសពេល” គ្រូអាគមតឿនទេវីនី ហើយក៏យកសពលោកតាទៅដាក់ក្នុងខ្ទមស្លឹកមួយឡែកសិន ។ ទេវីនីហាក់អស់កម្លាំងនឹងធ្វើអ្វីតទៅទៀត ឯណាភ្នែកក៏បានខ្វេះខ្វៀលមកហើយ ឯណាលោកតាបានស្លាប់ទៀត ។ សំឡេងខ្សឹកខ្សួលរបស់នាងបន្លឺឡើងពោរពេញដោយការឈឺចាប់ជាខ្លាំង គ្មានទាំងភ្នែកសម្រាប់យំទៀត ។ បើមនុស្សធម្មតាប្រាកដជាស្លាប់ទៅហើយ តែដោយសារតែមន្តអាគមទើបនាងអាចនៅពន្យាពេលបានខ្លះ ។ ទេវីនីព្យាយាមសម្រួលអារម្មណ៍ ៖
“ចាប់ផ្តើមពេលនេះទៅ!”
ពិធីទីពីរបានចាប់ផ្តើម នាងសូត្រអ្វីក៏មិនដឹងជាមួយគ្រូអាគម ។ បន្តិចក្រោយ គ្រូអាគមក៏ងើបចេញហើយដើរទៅយកស្នៀតសក់មួយមានក្បាលរូបមេអំបៅដែលដាកនៅក្នុងជើងពានជិតនោះមកហុចឱ្យទេវីនី ។ “នៅសល់ពេលប៉ុន្មានទៀត?”
“ប្រហែលជាមួយសន្ទុះទៀត ដោយសារយើងចំណេញពេលពីពិធីទីមួយមកខ្លះ”
“ដូច្នេះឆាប់ទៅរៀបចំចុះ យើងសម្រាកយកកម្លាំងបន្តិចចុះ”
គ្រូអាគមក៏ដើរតម្រង់មកកាន់ខ្ញុំ ហើយយកអ្វីម្យ៉ាងមកដាក់លើក្បាលខ្ញុំ ទំនងដូចជាក្រណាត់សរមួយចំណែកដែលដាក់អក្សរលើនោះថា «ទេវីនី» ហើយស្រាយខ្សែទាំងប៉ុន្មានដែលចងជើងដៃខ្ញុំចេញ។
“កុំរត់ឱ្យសោះនាងតូច បើមិនចង់ស្លាប់!” គ្រូអាគមគំរាមខ្ញុំហាក់លែងចង់តបត លែងចង់ឮរឿងទាំងអស់ ទោះឱ្យខ្ញុំរត់ក៏ខ្ញុំរត់លែងទៅមុខដែរ ព្រោះរាងកាយ ថាមពលក្នុងខ្លួនពេលនេះវាអស់ស្ទើខ្សោះខ្លួនទៅហើយ ។
ការលះបង់….
ទ្រឹបៗ.. ទ្រឹបៗ… សម្រឹបជើងមនុស្សទាំងហ្វូង កំពុងដើរតម្រង់ទៅកាន់ទិសដៅតែមួយ ។
“នេះឯងប្រាកដទេថា ឯងបានឮសំឡេងមនុស្សស្រែកមកពីខាងនេះ?” នរៈសួរទៅកានអង្គរក្សម្នាក់នោះ
“ពិតណាស់លោកប្រុស!” គេតបទាំងប្រាកដចិត្ត
“អ៊ីចឹងប្រាកដណាស់ ថាយើងមកត្រូវផ្លូវហើយលោកប្រុស” មីងចាន់យល់ស្រប
“មែន! ចំហាយអាគមខ្មៅក៏កាន់តែសាយភាយឡើងខ្លាំងដែរ ដូច្នេះសូមអ្នកទាំងអស់គ្នាត្រៀមខ្លួននិងប្រុងប្រយ័ត្នទាំងអស់គ្នា” នរៈបញ្ជាទាំងក្តីហ្មត់ចត់ ។
……….
“ទេវីនី! នាងចង់ធ្វើអីឱ្យប្រាកដ?” ខ្ញុំសួរទាំងសំឡេងអស់កម្លាំងទៅកាន់នាងដែលអង្គុយទ្រឹងនៅនឹងមុខ ។“ឯងមិនដែលយល់ពីខ្ញុំ! ពួកអ្នករាល់គ្នាមិនដែលយល់ពីអារម្មណ៍ខ្ញុំសូម្បីម្តង!” នាងនិយាយពីអ្វីក៏មិនដឹង ដែលធ្វើឱ្យខ្ញុំកាន់តែមិនយល់
“នាងនិយាយពីអ្វី? នាងនិងខ្ញុំធ្លាប់ជួបគ្នាដែរឬ បានជានាងតាមចងកម្មពារខ្ញុំបែបនេះ? នាងជាអ្នកណា?នាង…” សំឡេងសួរឥតដាច់របស់ខ្ញុំបានបញ្ឈប់ បន្ទាប់ពីទេវីនីដោះស្បៃមុខចេញចំពោះមុខខ្ញុំ ។
“នេះ…ឯង…” ខ្ញុំគាំងនៅនឹងកន្លែង បន្ទាប់ពីបានឃើញផ្ទៃមុខដែលដូចខ្ញុំបេះបិត ដែលអាចឱ្យខ្ញុំចាំថាខ្ញុំមានបងប្អូនភ្លោះម្នាក់គឺ នីរាជ ។
“មែន! ខ្ញុំគឺនីរាជ” ទេវីនីនិយាយឯកភាពភ្លាមៗ ទាំងដែលខ្ញុំមិនចង់ឱ្យវាជាការពិតទាល់តែសោះ ។
“នេះជារឿងស្អីអ៊ីចេះ?” គ្រូអាគមនិយាយតិចៗម្នាក់ឯង
“នេះឯងជានីរាជមែនឬ? តើឯងបាត់ទៅណា? ឯងមិនដឹងទេឬថាពួកយើងបារម្ភប៉ុនណា?” ខ្ញុំសួរយកៗ
“ហាសៗ ហា! បារម្ភអ្ហេស? យើងស្តាប់មិនចូលត្រចៀកទេ យកកំណាត់ញ៉ុកមាត់វាទៅហើយ ឆាប់ចាប់ផ្តើមបន្តពិធីឥឡូវនេះទៅ!” នាងមិនស្តាប់អ្វីទាំងអស់ ហើយបញ្ជាគ្រូអាគមឱ្យធ្វើពិធីត។
ពិធីបានបន្ត ដូចសព្វដងគឺពួកគេសូត្រអ្វីជីបអ៉ូចៗ តែលើកនេះគឺខុសពីមុនបន្តិចគឺពួកគេមានទឹកមួយផ្តិលដែលនីរាជបានច្របាច់មេអំបៅចូលក្នុងទឹកនោះ ហើយអារដៃសម្រកឈាមនាងចូល ដោយមានការជួយពីគ្រូអាគម ។ មួយសន្ទុះក្រោយគេក៏ឈប់សូត្រហើយគ្រូអាគមបានដើរតម្រង់មកកាន់ខ្ញុំជាមួយនិងទឹកមួយផ្តិលនោះ ។ ខ្ញុំភ័យស្លន់ស្លោមិនដឹងជាគេចង់ធ្វើអ្វីខ្ញុំឡើយ។ ខ្ញុំព្យាយាមសួរទាំងមាត់ជាប់កំណាត់និយាយមិនបាន ។ គ្រូអាគមក៏ដកកំណាត់នោះចេញ
“នេះឯងចង់ធ្វើអីខ្ញុំៗត្រូវនិយាយជាមួយនីរាជឱ្យដឹងរឿងសិន”
“ឱ្យវាផឹកទៅ!” សំឡេងនីរាជបន្លឺឡើង ឱ្យខ្ញុំនឹកឃើញកាលពីក្មេងដែលគេបង្ខំឱ្យខ្ញុំញ៉ាំមេអំបៅទាំងរស់ ។ ខ្ញុំទប់ទឹកភ្នែកមិនបានឡើយ ព្រោះប្អូនប្រុសដែលខ្ញុំស្រឡាញ់ស្ទើលេប បែរជាស្អប់ខ្ញុំដល់ឆ្អឹងដលថ្នាក់ហ៊ានធ្វើរឿងទាំងនេះឡើង
“ឯងឆ្កួតឬ? ឯងចង់សម្លាប់បងឱ្យស្លាប់ឬ? បាន បើអ៊ីចឹងសម្លាប់បងពេលនេះតែម្តងទៅ កុំធ្វើរឿងឆ្កួតឡប់ទាំងនេះទៀតអី បើឯងមានអីឱ្យបងជួយ បងនឹងខំជួយឯងណា៎ កុំរត់ដូចពីមុនទៀតអីនីរាជ” ខ្ញុំព្យាយាមលួងលោមគេ ។
“ពិតឬបងស្រី?” នីរាជបន្លឺឡើងទាំងសំឡេងស្រទន់ហើយទឹកមុខស្រពោន
“មែនហើយ!”
“បងអាចជួយខ្ញុំបានគ្រប់រឿងមែនឬ?”
“ពិតណាស់នីរាជ!” ខ្ញុំឆ្លើយតបយ៉ាងលឿន ទាំងសង្ឃឹមថាគេនឹងដូរចិត្តវិញ ។ តែ…
“បើអ៊ីចឹង… ឯងជួយផឹកទឹកនោះឱ្យយើងបន្តិចទៅណា៎ ហាសហាៗ” គេតបទាំងសើចចេញសំឡេងឃោរឃៅបំផុត។ ខ្ញុំខកចិត្តជាខ្លាំង ព្រោះគិតថាគេនឹងភ្ញាក់ខ្លួន តែខ្ញុំបែរជាអ្នកដែលគិតខុសទៅវិញ
“ឆាប់ផឹកទៅនាងតូច” គ្រូអាគមបង្ខំហើយចាប់បញ្ច្រក
“ទេ! ចេញទៅ! អត់ទេ! អឺក អ៊ាក់…” ខ្ញុំតបបណ្តើរគេចចេញពីទឹកនោះបណ្តើរ ។
“តែប៉ុណ្ណឹងសោះ!” គ្រូអាគមសើចតិចៗហើយដើទៅវិញក្រោយបញ្ច្រកខ្ញុំចូលបាន ៤ទៅ៥ ក្អឹក។
“រួចរាល់ហើយនាង!” គ្រូអាគមផ្តល់សញ្ញាហើយគ្រាហ៍នីរាជដើមកកាន់ខ្ញុំ ព្រមទាំងដៃកាន់ស្នៀតសក់នោះ
“ឯងចង់ធ្វើអី?” នីរាជមិនតបតែយារដៃបម្រុងនឹងចាក់ខ្ញុំនឹងស្នៀតសក់នោះតែខ្ញុំគេចទាន់ ។
“កុំរើ” គ្រូអាគមក៏មកចាប់ខ្ញុំពីក្រោយជាប់មនឱ្យរើរួច ។ នីរាជក៏លើកដៃយ៉ាងខ្ពស់ប្រុងនឹងចាក់ខ្ញុំ…
“ឈប់ភ្លាម វីនី!” សំឡេងលោកនរៈបានបន្លឺឡើងពីចម្ងាយ ។ នីរាជគាំងស្តុបមួយកន្លែងហើយបែរទៅបន្តិចម្តងៗ ទាំងគ្មានប្រស្រីភ្នែកសម្រាប់មើលសោះ ។
“បងនរៈ! បងនរៈ” នាងនិយាយទាំងត្រេកអរ
“វីនី? មានរឿងអីចំពោះភ្នែកអូន?” នរៈសួរឡើងបន្ទាប់ពីបានឃើញសភាពភ្នែកនាង ។ វីនីក៏បែរមកវិញភ្លាម អាការៈមិនចង់ឱ្យនរៈឃើញសភាពខ្លួនពេលនេះ
“បងមកទីនេះធ្វើអី?”
“អូនគួរតែដឹងច្បាស់ហើយថា ពេលនេះអូនកំពុងធ្វើអីនោះ” នរៈតបទាំងខកចិត្តចំពោះនាងជាខ្លាំង
“បន្តិចទៀត អូនក៏នឹងបានត្រលប់ទៅវិញហើយ។ បងចាំអូនបន្តិចសិនចុះ”
“ឈប់ទៅវីនី! អូនដឹងទេថាវាខុសខ្លាំងប៉ុនណា?”
“ខុសអ្ហេស? បងគិតថាអូនខុសឬ? គ្រាន់តែអូនចង់នៅជាមួយមនុស្សដែលអូនស្រឡាញ់ឱ្យបានយូរបំផុត បងគិតថាអូនខុសខ្លាំងណាស់មែនទេ?”
“វីនី ស្តាប់បងសិន!”
“ខ្ញុំមិនស្តាប់អ្នកណាទាំងអស់!”
“អ្នកនាង!” មីងចាន់ខ្សឹកខ្សួលបណ្តើរនិយាយបណ្តើរ
“ស្ងាត់មាត់ទៅ! មីងមែនទេ? ដែលប្រាប់រឿងសម្ងាត់ដែលខ្ញុំលាក់មករហូតនេះ?” នាងសួរទាំងកម្រោល“សុំទោសណាអ្នកនាង គឺខ្ញុំគ្រាន់តែមិនចង់ឃើញអ្នកនាងខុសធ្ងន់ហើយសាងបាបជាងនេះទៀតឡើយ។”
“មួយម៉ាត់ណាក៏ខុស ពីរម៉ាត់ណាក៏សាងបាប បើមីងជាខ្ញុំ បើអ្នករាល់គ្នាជាខ្ញុំតើអ្នករាល់គ្នានិងធ្វើយ៉ាងណា នៅពេលដឹងថាខ្លួនសល់ពេលមិនយូរដែលអាចនៅក្បែរមនុស្សជាទីស្រឡាញ់នោះ?”
“វីនី! បងដឹងថាអូនលះបង់ប៉ុនណា បងក៏មិនយល់ស្របនឹងគោលការណ៍គ្មានបានការទាំងនោះដែរ! ប៉ុន្តែធ្វើយ៉ាងណា? បងក៏គង់នឹងបែកពីអូនដូចគ្នា បងក៏មានគម្រោងបញ្ជូនអូនទៅវិញ តែមិនទាន់មានឱកាស បែរឱ្យអូនមកធ្វើរឿងទាំងនេះឡើង បងសុំទោសដែលបងមើលថែអូនមិនបាន គ្រប់យ៉ាងជាកំហុសបង” “អត់ទេនរៈ! បងមិនខុស គ្មានអ្នកណាខុសឡើយក្រៅពីនាងម្នាក់នេះ!” នីរាជនិយាយទម្លាក់កំហុសទាំងអស់មកលើខ្ញុំស្រស់ៗ
“ឯងបានន័យថាយ៉ាងម៉េច?” ខ្ញុំសួរទាំងទឹកភ្នែក
“មិនបាច់មកធ្វើពុតជាមនុស្សល្អទេ! នាងគ្មានតម្លៃគ្រប់គ្រាន់ឱ្យយើងអាណិតឡើយ។ ព្រោះនាងតែម្នាក់ទើបជីវិតយើងធ្លាក់មកនៅចំណុចសូន្យ នាងគួរតែស្លាប់ឱ្យបាត់ពីលើលោកនេះ” នីរាជនិយាយហើយចាប់ច្របាច់កខ្ញុំ
“តែនាងជាបងស្រីអ្នកនាងបង្កើតណា!” មីងចាន់ស្រែកប្រកាសទាំងទន់ជង្គង់ ។ គ្រប់គ្នានៅទីនោះហាក់ស្រឡាំងកាំងឡើង ព្រោះមិនដឹងថាវាជារឿងអ្វីឱ្យប្រាកដឡើយ ។ ឯនីរាជនិងខ្ញុំក៏ដូចគ្នា មិននឹកស្មានថាមីងចាន់ដឹងពីរឿងពីនេះទាល់តែសោះ ។ កម្លាំងដៃនីរាជហាក់ខ្សោយទៅៗ បន្ទាប់ពីបានឮបែបនេះ
“នេះ..មីងដឹងឬ? មីងដឹងតាំងពីពេលណា?” នីរាជស្រែកសម្លុតមីងចាន់
“មីងៗច្រឡំទេដឹង? ព្រោះបងប្អូនភ្លោះរបស់នីរ៉ាជាមនុស្សប្រុស មិនមែនមនុស្សស្រី!” នរៈជជីកសួរទាំងមិនយល់
“មែន! ប្អូនបង្កើតរបស់អ្នកនាងនីរ៉ាជាមនុស្សប្រុស មានមុខមាត់ដូចអ្នកនាងបេះបិទ ហើយគេកំពុងតែឈរយារដៃប្រុងនឹងសម្លាប់បងស្រីខ្លួននៅចំពោះមុខយើងនេះហើយ!” មីងចាន់ទម្លាយការពិត
“ស្ងាត់មាត់ឥឡូវនេះភ្លាមទៅ!” នីរាជចាប់ផ្តើមអារម្មណ៍លែងនឹងន
“ទទួលយកការពិតទៅអ្នកនាង! អ្នកនាងជាមនុស្សប្រុសមិនមែនមនុស្សស្រី! ខ្ញុំរស់នៅជាមួយអ្នកនាងយូរហើយ ហេតុអីថាខ្ញុំមិនដឹងថាអ្នកនាងជាមនុស្សប្រុស?” មីងចាន់ដាក់មួយម៉ាត់ អ្នករាល់គ្នានៅទីនោះនាំគ្នាចំហមាត់ ព្រោះមិនដែលគិតដល់សោះឡើយ
វឹប… នីរាជហោះសំដៅទៅដល់មីងចាន់តាមរយៈការស្តាប់សំឡេង ហើយចាប់ច្របាច់ក បោកមីងចាន់ទៅនឹងដី
“មីងចាន់”
“នាងចាន់!” លោកនរៈ ខ្ញុំ និងគ្រូអាគម ស្រែកភ្លាត់មាត់ក្រោយឃើញហេតុការណ៍បែបនេះ ។ គ្រូអាគមក៏ទៅជួយលើកគ្រាហ៍មីងចាន់ឡើង ៖
“នាងឆ្កួតទេឬ? នេះនាងចាន់ ជាមនុស្សដែលស្រឡាញ់នាងដូចកូនបង្កើត ព្រមធ្វើតាមនាងគ្រប់យ៉ាង នាងហ៊ានធ្វើបែបនេះផង?” គ្រូអាគមស្រែកសម្លុតសួរខ្លាំងៗ
“ស្រឡាញ់អ៊ីចឹងឬ? វាកំពុងមកបំផ្លាញពិធីយើងនេះឬដែលហៅថាស្រឡាញ់?”
“វីនី អូនកំពុងតែឆ្កួតហើយដឹងខ្លួនទេ?” នរៈនិយាយហើយរត់ទៅមើលមីងចាន់
“មែនហើយ! ខ្ញុំវាឆ្កួត តែដឹងទេថាខ្ញុំធ្វើរឿងឆ្កួតទាំងនេះដើម្បីអ្នកណា? គឺដើម្បីបង ដើម្បីបានរួមរស់ជាមួយបង បងជាមនុស្សដែលខ្ញុំស្រឡាញ់បំផុត ហ៊ាននិយាយពាក្យនេះដាក់ខ្ញុំ បងឈប់ស្រឡាញ់ខ្ញុំហើយឬ?” នាងនិយាយរវើរវាយតែឯង
“វីនី បងមិនដឹងទេថារឿងដែលមីងចាន់និយាយទាំងអស់ជារឿងពិតដែរទេ បងចង់ឮពីមាត់អូនផ្ទាល់ តើវាពិតទេវីនី?”
“មិនពិតទេ មិនពិត! វានិយាយកុហក វាចង់ឱ្យយើងឈ្លោះគ្នាតែប៉ុណ្ណោះ បងកុំជឿវាអី” នាងនិយាយទាំងគ្រវីក្បាលមិនហ៊ានទទួលយកការពិត
“កុហកឬ? អ្នកនាងល្មមទទួលស្គាល់ការពិតហើយ” មីងចាន់និយាយទាំងឈាមពេញមាត់នៅឡើយ “នាងកញ្ចាស់ឯងឆាប់បិទមាត់ទៅ! និយាយបូរបាច់ដូចជាម្ចាស់នាងអ៊ីចឹង យើងធុញ យើងមិនចង់ស្តាប់ ឬនាងចង់ស្លាប់ម្នាក់ដែរ?”
“នេះអ្នកនាងបានន័យយ៉ាងម៉េច? ម្ចាស់នេះអ្នកនាងសំដៅលើអ្នកណា?” មីងចាន់ហាក់ទាយដឹងអ្វីម្យ៉ាង
“ហាសៗ ហា! មិនចាំបាច់ចង់ដឹងទេ គង់តែទៅបានជួបគ្នាឆាប់ៗនេះទេ!”
“គឺលោកស្រីធំ!” គ្រប់គ្នាស្រឡាំងកាំងជាថ្មី ក្រោយបានឮគ្រូអាគមនិយាយពាក្យនេះ
“ហាស? ឯងចង់បានន័យថាម៉េចអានឹម?” នរៈសួរ
“សុំទោសផងលោកប្រុសធំ! ខ្ញុំដឹងខ្លួនខុសហើយ ខ្ញុំបានធ្វើអាគមដាក់សម្លាប់លោកស្រីធំ! ខ្ញុំដឹងខុសហើយលោកប្រុស” គ្រូអាគមនិយាយសារភាពទាំងឱនមុខចុះ
“ឯង!” នរៈស្ទុះទៅដាល់គ្រូអាគមមួយកណ្តាប់ដៃកណ្តាលមុខ
“ឯងធ្វើបែបនេះទៅកើត?” នរៈដាល់យកៗមិនសំចៃ
“បានហើយលោកប្រុសខ្ញុំសុំ!” មីងចាន់អង្វរនរៈ ទើបនាយឈប់
“ស្តាប់ខ្ញុំសិនទៅលោកប្រុស! អ្នកដែលផ្តើមគំនិតក្នុងរឿងសម្លាប់លោកស្រីធំគឺនាងជាងអ្នកធ្វើ! ខ្ញុំគ្រាន់តែជាអ្នកផលិតរបស់តែប៉ុណ្ណោះ!” គ្រូអាគមពោលឡើងទម្លាយការពិតស្ទើរគ្មានសល់ចន្លោះ
“ឯងថាម៉េច?” លោកនរៈ
“ឯងនិយាយពីស្អី? ឯងឆ្កួតឬ? នេះឯងចង់សម្លាប់អ្នកម៉ែហើយទម្លាក់កំហុសឱ្យយើងអ៊ីចឹងអ្ហេស? បងនរៈកុំស្តាប់វាអី វាកុហកទេ”នីរាជនិយាយទាំងញ័រដៃ
“គឺនាងនេះឯង សន្យាថានឹងឱ្យទ្រនឹបមកយើងទាំងមាសប្រាក់កែវកង និងស្អីផ្សេងច្រើនទៀត! លោកប្រុសអត់ទោសឱ្យខ្ញុំផង ខ្ញុំគ្មានចេតនាទេ ដោយហេតុចង់បានប្រាក់ពេកធ្វើឱ្យខ្ញុំគិតខុសមួយគ្រា ដ្បិតលោកស្រីក៏ជាអ្នកមានគុណដល់ខ្ញុំផងដែរក្នុងការគ្រប់គ្រងចក្រភពនេះឱ្យរស់ស្ងប់សុខ” គ្រូអាគមដឹងកំហុស
“នេះវាពិតឬអ្នកនាង?” មីងចាន់ហូរទឹកភ្នែកម៉ាត់ៗ
“អត់ទេមិនពិតទេ មីងចាន់ មីងជឿខ្ញុំមែនទេ មីងកុំជឿវាឱ្យសោះណា មីងត្រូវជឿខ្ញុំ” ទេវីនីចាប់ផ្តើមរកគ្នា“ឬជាថ្ងៃនោះ? ដែលអ្នកនាងដេញខ្ញុំទៅក្រៅ! អ្នកនាងរៀបគម្រោងនឹងអានឹមសម្លាប់លោកស្រីធំអ៊ីចឹងអ្ហេស?” មីងចាន់ឈឺចិត្តជាពន់ពេក
“វីនី នាងថ្លើមធំពេកហើយ!” នរៈខឹងជាខ្លាំង
“នេះ! អ្នករាល់គ្នាជឿអាគ្រូអាគមនេះជាងខ្ញុំអ៊ីចឹងឬ?”
“តើនាងមានអ្វីឱ្យទុកចិត្តទៀតទៅវីនី? នាងកំពុងធ្វើអីនាងដឹងដែរទេ? អ្នកម៉ែមិនដែលស្អប់ឬខឹងអ្វីនឹងនាងឡើយ! គាត់ហាមឃាត់ពួកយើងនេះព្រោះគាត់បារម្ភនាង ខ្លាចនាងត្រូវស្លាប់ទទេរៗព្រោះតែស្នេហា ហើយវាខុសនឹងច្បាប់ចក្រភព។ ហេតុអីនាងហ៊ានធ្វើដល់ថ្នាក់នេះ?” នរៈទឹកភ្នែកស្រក់ហូរតក់ ទាំងក្តីទុក្ខសោកជាក្រៃលែង មិននឹកស្មានថាមនុស្សដែលខ្លួនស្រឡាញ់ហ៊ានធ្វើរឿងអស់ទាំងនេះ។
“បារម្ភអ្ហេស? ចង់តែសើចឱ្យបែកព្រៃនេះទេ! នាងកញ្ចាស់ម្នាក់នោះដែលចាត់ទុកខ្ញុំជាកូនប្រសារតាំងពីពេលណា? មិនដែលសូម្បីនិយាយល្អជាមួយខ្ញុំ ឱ្យវាស្លាប់បែបនេះទៅវាល្អហើយ យើងក៏នឹងបានរស់នៅជាមួយគ្នានោះអីបងនរៈ” នាងនៅតែមិនព្រមដឹងកំហុសរបស់ខ្លួនទាល់តែសោះ។
“វីនី បានហើយ! ឆាប់ដោះលែងនីរ៉ាឥឡូវនេះ!” នរៈនិយាយព្រមទាំងសម្លឹងមកកាន់ខ្ញុំ ដែលមានសភាពដូចឆ្មាធ្លាក់ទឹក
“ដោះលែង? នេះបងបារម្ភពីវាឬ? បងស្រឡាញ់វាហើយមែនទេ?” នីរាជនិយាយមិនដឹងក្បាលកន្ទុយ
“គេជាបងនាងបង្កើត នាងហ៊ានធ្វើបែបនេះ?” នរៈនិយាយមុខស្ងួត
“អត់ទេ! នាងមិនមែនបងខ្ញុំៗជាកូនកំព្រានោះអី បងចាំបានទេ?” នាងនិយាយហើយរាវរកចាប់ដៃនរៈឡើង
“អ្នកនាងឈប់ទៅ! វាគ្រប់គ្រាន់ហើយ” មីងចាន់អង្វរ
“បងនរៈកុំជឿពួកវាអី អូនស្រឡាញ់បងអូនធ្វើគ្រប់យ៉ាងដើម្បីបានរស់នៅជាមួយបង។ បងត្រូវរង់ចាំអូនសិនណានរៈ”
“លែងខ្ញុំ! ស្រឡាញ់ខ្ញុំឬ? វាខុសហើយគ្រប់យ៉ាងដែលនាងធ្វើគឺនាងធ្វើដើម្បីតែខ្លួនឯងមិនខ្វល់ប៉ះពាល់អ្នកណា ពេលនេះទើបខ្ញុំដឹងថា នាងស្រឡាញ់តែខ្លួនឯងទេ!” នរៈកន្រ្តាក់ដៃនីរាជចេញ ហើយដើរសំដៅមកកាន់ខ្ញុំ
“មិនពិតទេ!!!!” នីរាជស្រែកកងរំពងពេញព្រៃ ខ្យល់ក៏បក់បោកខ្លាំងស្ទើរកួចទាំងមនុស្សយកទៅ ។ អ័ព្ទក៏ធ្លាក់ចុះមកធ្វើឱ្យមើអ្វីមិនឃើញសោះ តែ… ខ្ញុំហាក់មានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងរឹតកខ្ញុំ។
“នីរាជ!” គឺពិតណាស់នីរាជកំពុងរឹតកខ្ញុំនិងកាន់ស្នៀតសក់នោះបម្រុងនឹងចាក់សម្លាប់ខ្ញុំក៏មិនដឹង
“អាគមធ្មប់?” គ្រូអាគមនិយាយតិចៗ
រូបរាងកាយរបស់ទេវីនីដែលជានារីរូបស្រស់ស្អាត ទន់ភ្លន់ម្នាក់បានប្រែក្លាយទៅជាយាយធ្មប់មុខមើលមិនយល់ទៅវិញ។ សក់ដែលធ្លាប់តែវែងត្រង់ស្អាត ពេលនេះទៅវាកន្ទ្រើងរញ៉េរញ៉ៃពេញក្បាល មុខមាត់ធ្លាប់តែស្រទន់មានមន្តស្នេហ៍ ប្រែទៅជាស្លេកស្លាំងបបូរមាត់ខ្មៅ ភ្នែកដែលបានខ្វេះបានទៅរកកន្លែងដើមវិញគ្រាន់តែប្តូរពីកែវភ្នែកដ៏ស្លូតបូត ទៅជាក្រហមឆ្អៅពោរពេញទៅដោយភាពចងគំនុំសងសឹក។ រ៉ូបពណ៌សអម្បាញ់មិញបានរលាយទៅនៅសល់តែឈុតពណ៌ខ្មៅមានរូបមេអំបៅរាយពាសពេញរ៉ូប។
ទិដ្ឋភាពស្រស់ស្អាត មានខ្ទមស្លឹក មានបក្សាបក្សី ស្មៅខៀវខ្ចីមុននេះបានប្រែក្លាយទៅជាទីកន្លែងងងឹតៗ ដើមឈើទ្រស្លឹកពណ៌ខ្មៅដែលក្រៀមផ្អេះមិនព្រមជ្រុះគ្រប់ៗដើម ។ គ្រូអាគមដើរសំដៅមកជិតនរៈហើយនិយាយ៖
“វិជ្ជាធ្មប់កំពុងតែបញ្ចេញឫទ្ធិហើយ វិជ្ជានេះមានអំណាចខ្លាំងក្លាជាគេទាំងអស់ដែលខ្ញុំធ្លាប់បានជួបពីមុនមក វាបញ្ជាក់ថាចិត្តរបស់មនុស្សម្នាក់នេះរឹងមាំហើយពោរពេញទៅដោយភាពចងកម្មសាហាវខ្លាំងក្លាណាស់ សូមលោកប្រុសប្រយ័ត្នខ្លួនផង!”
“តើនាងកំពុងចង់ធ្វើអី?” មីងចាន់សួរ
“នាងកំពុងចង់ប្តូររូបនឹងនាងតូចម្នាក់នោះហើយ។ កាលណាស្នៀតសក់នោះបានចាក់ទៅលើរាងកាយនាងតូចហើយ វិញ្ញាណនាងនឹងចេញពីកាយភ្លាមៗក្រោយពេលស្នៀតសក់រលាយអស់។ ហើយពេលនោះទេវីនីនឹងចាក់សម្លាប់ខ្លួនឯងដើម្បីចេញពីរាងកាយដែលស្លាប់ ទៅចូលរាយកាយនាងតូចនោះឯង” គ្រូអាគមនិយាយទាំងដកដង្ហើមធំ
“បើអ៊ីចឹងយើងឆាប់ទៅរារាំងនាងឥឡូវនេះទៅ!” នរៈនិយាយឡើងទាំងបារម្ភចំពោះនីរ៉ា
“បងទៅផ្ទះវិញសិនទៅ ព្រឹកឡើងបងក៏នឹងបានឃើញខ្ញុំហើយ!”នីរាជនិយាយទាំងញញឹម
“ឆាប់ដោះលែងនីរ៉ាឥឡូវនេះ!” នរៈបញ្ជាទាំងសំឡេងមាំ
“គ្មានផ្លូវទេ! នាងនេះសមតែស្លាប់!” នីរាជរឹងរូស
នរៈក៏ដើរចូលមក ហើយនីរាជក៏រឹតកខ្ញុំថយទៅបន្តិចម្តងៗដែរ ឆ្លៀតពេលនោះ គ្រូអាគមក៏ដើរមកពីក្រោយនីរាជបម្រុងនឹងចាប់ដណ្តើមយកខ្ញុំ តែនីរាជដឹងខ្លួនទាន់ក៏ស្ទុះទៅប្រយុទ្ធនឹងគ្រូអាគម។ ឱកាសបានមកដល់នរៈក៏ចាប់ឱបខ្ញុំយកទៅម្ខាង គេឱបខ្ញុំយ៉ាងណែនមិនចង់លែងដៃហើយអង្អែលក្បាលថ្នមៗកុំឱ្យខ្ញុំភ័យ។
ទេវីនីនិងគ្រូអាគមប្រយុទ្ធគ្នាយ៉ាងសាហាវដោយប្រើប្រាស់អាគមវិជ្ជាដែលបានរៀនមក ។ ដោយឡែកទេវីនីខ្លាំងយ៉ាងណាក៏មិនអាចទប់ទល់នឹងគ្រូអាគមដែលជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំជាងនាងនោះដែរ នៅទីបញ្ចប់គ្រូអាគមផ្តួលទេវីនីទៅនឹងដី ហើយប្រុងនឹងយារដៃសម្លាប់ទេវីនីតែនាងគេចទាន់ហើយច្បាមដីខ្សាច់មួយក្តាប់បាច់ពេញភ្នែកគ្រូអាគម ឆាកប្រយុទ្ធក៏បន្តឡើង តែដោយវីវក់នឹងដីខ្សាច់ចូលភ្នែកឈឺផងផ្សារផង គ្រូអាគមភ្លាត់ស្នៀតត្រូវទេវីនីចាក់នឹងកាំបិតអាគមទៅ។
“អានឹម!” មីងចាន់លាន់មាត់ហើយស្ទុះទៅគ្រាហ៍នាយនឹម
“ឆាប់នាំលោកប្រុសចេញពី…ទីនេះទៅ!” គ្រូអាគមខំត្រដរនិយាយទាំងដកចង្កាមាន់
“អានឹម! ឯងកុំកើតអីណា! ឯងជាក្មួយយើងតែម្នាក់ឯងត្រូវតែរស់ជាមួយយើង អានឹម” មីងចាន់អណ្តឺតអណ្តក
“មីង..ចាន់..ខ្ញុំ..អរ…គុណ…ហើយក៏…សូម…ទ..” និយាយមិនទាំងចប់សេចក្តីផងនាយនឹមក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។
ឯទេវីនីក៏ដើសម្តៅទាំងវេទនាព្រោះត្រូវរបួសខ្លះក្នុងពេលប្រយុទ្ធ សំដៅទៅរកនរៈនិងខ្ញុំ
“នាងស្លាប់ទៅ!” នាងថាហើយក៏កាន់ស្នៀតសក់រត់សំដៅទៅកាន់ខ្ញុំដែលកំពុងឈរបែរខ្នងឱបនរៈ។ នរៈឃើញបែបនេះក៏ស្ទុះដូរខាងបម្រុងនឹងរងជំនួសខ្ញុំ…
….ច្រឹប…. សំឡេងចាក់ទម្លុះស្បែកបានបន្លឺឡើង។ ទេវីនីបើកភ្នែកធំៗហើយគ្រវីក្បាល៖
“អត់ទេ! អត់ទេ! មីងចាន់” សំឡេងស្រែកបានបន្លឺឡើងក្រោយពេលមនុស្សដែលត្រូវចាក់មិនមែនខ្ញុំមិនមែនលោកនរៈតែជាមីងចាន់ទៅវិញ។
“មីងចាន់ៗ!” ខ្ញុំនិងលោកនរៈស្រែកដណាលគ្នាហើយស្ទុះទៅត្រកងមីងចាន់ ។ ស្នៀតសក់បានរលាយជាផ្សែងខ្មៅបន្តិចម្តងៗ ក្នុងពេលនោះមីងចាន់ក៏ឆ្លៀតនិយាយជាពាក្យលាចុងក្រោយ
“អ្នកនាងនីរ៉ានិងលោកប្រុសឆាប់រត់ទៅ!”
“អត់ទេមីង! មីងមិនត្រូវកើតអីទេ! មីងកុំទៅណាចោលខ្ញុំអី!” នរៈយំដូចក្មេងដែលជិតបែកពីម្តាយជាទីស្រឡាញ់ហើយ ដ្បិតនរៈតែចាត់ទុកមីងចាន់ជាសាច់ញាតិ ជាមនុស្សសំខាន់ក្នុងគ្រួសារ ដោយសារគាត់តែងតែបានជួយមើលថែ ប្រៀនប្រដៅហើយជាមនុស្សដែលយល់ចិត្តនាយជាងគេ តែពេលនេះមនុស្សម្នាក់នេះក៏កំពុងរលាយចេញពីជីវិតនាយទៅហើយ ។
មីងចាន់ងាកទៅកាន់អ្នកនាងជាទីស្រឡាញ់របស់គាត់ដែលឈរគ្រវីក្បាលដៃញ័រទទ្រ្ទើកមិនហ៊ានទទួលយកការពិត
“អ្នក..នាង..ឈប់ធ្វើរឿងដែលខុស…ទៀតទៅ… អ្នកនាង…មីងស្រឡាញ់អ្នកនាង..ណា៎..!” សំឡេងក៏បានដាច់ទៅបញ្ជាក់ឱ្យដឹងថា ម្ចាស់សំឡេងលែងនៅទីនេះទៀតហើយ ។
“មីងចាន់ អត់ទេ! មីង!” លោកនរៈយំយកៗ ឯខ្ញុំក៏ទប់ទឹកភ្នែកមិនជាប់ ព្រោះមីងចាន់ក៏តែងតែមើលថែខ្ញុំមករហូតមកតាំងពីខ្ញុំមកនៅទីនេះ ។ ក្រឡេកទៅនីរាជវិញកំពុងតែទន់ជង្គង់ចុះ ទឹកភ្នែកស្រក់ចុះឥតដាច់ មកចាប់កាន់ដៃមីងចាន់ទាំងញ័រអស់សព្វប្រាណ ហើយអង្គុយយំស្រែកតែពាក្យថា មិនពិតទេៗ មួយគត់ ។ មួយសន្ទុះក្រោយ ស្រាប់តែនាងងាកមកកាន់ខ្ញុំទាំងទឹកមុខចងកំហឹងជាខ្លាំង ខ្យល់ក៏បន្តបក់ខ្លាំងៗឡើង នាងក៏ក្រោកឈរឡើងហើយនិយាយ ៖
“ព្រោះនាង! ព្រោះនាងទើបមីងចាន់ស្លាប់ នាងកើតមកបំផ្លាញអ្វីគ្រប់យ៉ាង! ប៉ាម៉ាក់ស្រឡាញ់តែនាង មិនដែលស្រឡាញ់យើង នាងសមតែស្លាប់ទេនីរ៉ា!” នាងថាហើយក៏ទាញកាំបិតមួយផ្សេងទៀតឡើង
“ឯងដឹងច្បាស់ម្ល៉េះ? អ្នកណាប្រាប់ឯងថាគាត់មិនដែលស្រឡាញ់ហើយមិនដែលយកចិត្តទុកដាក់នឹងឯង?” ខ្ញុំសួរទាំងយំ
“គឺទង្វើ គាត់មិនដែលឱ្យនូវអ្វីដែលយើងត្រូវការសូម្បីម្តង មិនដែលមានមោទកភាពដែលមានយើងជាកូន តែងតែជំទាស់រាល់ពេលដែលយើងចង់ធ្វើជាខ្លួនឯង ហើយឯងវិញ គាត់ស្រឡាញ់តែឯង តែងតែផ្គត់ផ្គង់គ្រប់យ៉ាង! មានមោទកភាពដែលមានឯង! ចុះយើង? យើងក៏ជាកូនម្នាក់ ហេតុអី? ហេតុអីយើងមិនដែលទទួលបានអារម្មណ៍កក់ក្តៅពីប៉ាម៉ាក់សោះ?” ថាហើយក៏ស្រមៃទៅដល់
អតីតកាលដ៏ឈឺចាប់…
…..ក្រោយពីចេញពីហាង…
“នេះពួកគាត់ពិតជាមិនមករកយើងពិតមែនឬ?” នីរាជនិយាយតែឯងហើយដើរបន្តទៅមុខមិនដឹងទិសតំបន់នៅឡើយ។
ពេលព្រលប់ក៏បានមកដល់….
នីរាជដើរចុះឡើងទៅដល់កន្លែងសាឡនមួយកន្លែងក៏ឈរមើលគេពីក្រៅ ដ្បិតខ្លួនស្រឡាញ់អាជីពនោះណាស់តែព្រហ្មលិខិនមិនមេត្តាទៅវិញ។ រៀបនឹងដើចេញពីមុខហាងនោះហើយ ស្រាប់តែមានស្រ្តីវ័យកណ្តាលម្នាក់បានចេញមកហើយសួរទៅកាននីរាជ ៖
“នេះក្មួយមានការអីដែរទេ ឃើញសម្លឹងមកយូរហើយ”
“ចា…អូបាទ! អត់មានអីទេ”
“នេះក្មួយជាស្រីឬ?”
“អត់ទេ ខ្ញុំជាមនុស្សប្រុស”
“មីងដឹងណា៎ថាក្មួយលាក់បាំង ហើយក្មួយមកពីណាដែរ?”
“អ្នកផ្ទះរបស់ខ្ញុំគេលែងត្រូវការខ្ញុំហើយ”
“មានរឿងអីមែនទេក្មួយ?” នីរាជក៏និយាយដំណើរដើមទងប្រាប់នារីម្នាក់នោះ
“ហ៊ឹម… យ៉ាប់ណាស់ក្មួយ សង្គមសម័យនេះគេមិនសូវឱ្យតម្លៃដល់មនុស្សភេទទីបីសោះ តែចំពោះមីងៗមិនដែលរើសអើង ព្រោះមនុស្សមានសិទ្ធិមានជីវិតមួយស្មើគ្នា គេយ៉ាងម៉េចវាជាធម្មជាតិរបស់គេ ហើយនេះក្មួយមិនចង់ទៅផ្ទះវិញទេឬ? បើចង់មីងនាំជូនទៅ”
“ខ្ញុំមិនចាំផ្លូវនោះទេ ព្រោះពេលជិះមកខ្ញុំបានគេងលក់ ហើយផ្ទះរបស់ខ្ញុំមិនមានលេខផ្ទះនោះទេ។ ហើយតំបន់ដែលខ្ញុំរស់នៅគឺនៅឆ្ងាយពីទីនេះខ្ញុំមិនដឹងប្រាប់ផ្លូវយ៉ាងម៉េចទេមីង”
“បើអ៊ីចឹងក្មួយចង់តេទៅពួកគាត់ទេ?”
“ខ្ញុំមិនចាំលេខអ្នកណាទេមីង ខ្ញុំមិនមែនមនុស្សពូកែចាំឡើយអ៊ីចឹងហើយបានជាខ្ញុំរៀនអន់ ប៉ាម៉ាក់មិនចូលចិត្ត”
“កុំគិតដូច្នោះអីក្មួយ ជួនកាលគាត់ខ្លាចក្មួយត្រូវគេរើសអើងទើបគាត់ប្រឆាំង បើអ៊ីចឹងក្មួយគិតធ្វើយ៉ាងណាវិញ?”
“ខ្ញុំគិតថា បើពួកគាត់ចង់ឱ្យខ្ញុំត្រលប់ទៅផ្ទះវិញ គាត់នឹងមករកខ្ញុំហើយ គាត់ស្គាល់ភ្នាក់ងារប៉ូលីសច្រើន ដូច្នេះវាមិនពិបាកទេមីង តែខ្ញុំសូមនៅទីនេះម្នាក់ផងបានទេ? ខ្ញុំនឹងជួយធ្វើការមីង”
“ប្រាកដជាបាន បើអ៊ីចឹងមកតាមមីងមកចាំមីងបង្រៀន”…..
…………
“ឯងគិតតែបន្ទោសគេគ្រប់គ្នា! តែឯងដែលដឹងទេ ថាខ្លួនឯងទៅវិញទេដែលធ្វើខ្លួនផ្តេសផ្តាស មិនស្គាល់ល្អមិនខំរៀន ដើរលេងបាត់ពីផ្ទះយប់ៗ ខ្លួនជាប្រុសតែមិនមានចិត្តជាប្រុស រឿងនេះប៉ាម៉ាក់ក៏មិនថា ដំបូងពួកគាត់ក៏ឯកភាពឱ្យឯងធ្វើជាខ្លួនឯង តែឯងដឹងទេថាមានគេមកប្រាប់គាត់ថាយ៉ាងម៉េច? គ្រូរបស់ឯងមកប្រាប់ប៉ាម៉ាក់ថា បើបណ្តោយឱ្យកូនបែបនេះប្រយ័ត្នកូនមានគ្រោះថ្នាក់ ការរស់នៅក្នុងសង្គមមួយដែលមានការរើសអើងប្រឆាំងនឹងភេទទីបី វាមិនងាយស្រួលនោះទេ ឯងអាចមានគ្រោះថ្នាក់បានបើពួកប្រុសៗទាំងនោះវាចង់វាយធ្វើបាប ក្រោមហេតុផលតែម្យ៉ាងគឺ ស្អប់ខ្ពើមភេទទីបី” ខ្ញុំរៀបរាប់ទាំងនឹកដល់ប៉ានិងម៉ាក់
“មិនពិត! ឯងកុហក! ឯងចង់ប្រាប់ឱ្យយើងដឹងខ្លួនហើយដោះលែងឱ្យឯងទៅងាយៗឬ? គ្មានផ្លូវទេ!”
“មិនពិតឬ? មិនពិតសូម្បីតែប៉ាម៉ាក់ត្រូវស្លាប់ព្រោះឯងឬ?” ខ្ញុំបញ្ចេញការពិតដ៏ក្រៀមក្រំមួយ
នីរាជងាកមកខ្ញុំហើយស្រឡាំងកាំង
“នាងថាយ៉ាងម៉េច? ប៉ាម៉ាក់ស្លាប់ហើយ? តាំងពីពេលណា?”
“នេះឯងពិតជាមិនដឹងមែនឬ? ពួកគាត់ស្លាប់តាំងពី១២ឆ្នាំមុនមកម្ល៉េះ…” ខ្ញុំក៏និយាយរឿងរ៉ាវព្រមទាំងស្រមើស្រមៃ
……កាលពី១២ឆ្នាំមុន…..
នៅក្នុងបន្ទប់គេងដ៏ស្ងប់ស្ងាត់សំឡេងមនុស្ស ឮតែស្នូរភ្លៀងរន្ទះខ្លាំងៗពីក្រៅ ។ តីនិងសានគេងដាក់ដៃគងថ្ងាសទាំងពីរនាក់ហាក់កំពុងពិបាកចិត្តរឿងអ្វី ។
“អូន! បងគិតថាយើងគួរតែទៅរកវាទៅ មិនដឹងជាពេលនេះយ៉ាងណាទៅហើយ ភ្លៀងផង” សាននិយាយទៅកាន់ប្រពន្ធទាំងក្តីបារម្ភពីកូន
“តុះបង! យើងឆាប់ទៅ!” អ្នកទាំងពីរក៏ចេញទៅទាំងកាត់យប់
“ប៉ាម៉ាក់!” នីរ៉ាស្រែកហៅ
“នីរ៉ាហេតុអីកូននៅពាក់សម្លៀកបំពាក់សិស្សសាលាទៀត?”
“គឺកូនមានកិច្ចការត្រូវធ្វើទើបមិនទាន់បានរៀបចំចូលគេង ហើយនេះម៉ាក់និងប៉ាប្រុងទៅណាដែរ?”
“ កូននៅទីនេះម្នាក់ឯងបានទេ? ម៉ាក់ចេញទៅរកនីរាជ!”
“អត់ទេម៉ាក់កូនចង់ទៅដែរ! កូនក៏ចង់ទៅរកប្អូនដែរ!” នីរ៉ានិយាយបែបនេះទៅហើយ ណាមួយខ្លាចយឺតយ៉ាវពេលបើរវល់តែប្រកែក ទើបសាននិងតីសុខចិត្តឱ្យកូនទៅតាមទៅ។ ពួកគេជិះរថយន្តទៅគ្រប់កន្លែងដែលសង្ស័យថានីរាជនៅទីនោះរហូត យប់អាធ្រាត្រភ្លៀងនៅតែមិនព្រមឈប់ មើលអ្វីក៏មិនច្បាស់។
“បង! នេះយើងមកច្រើនកន្លែងហើយ តែដូចជាមិនឃើញនីរាជសោះ”
“មែនហើយ! បងមិនដឹងថាត្រូវទៅទីណាទៀតទេ” សានងាកមកតបទាំងដកដង្ហើមធំ ស្រាប់តែ…
“លោកប៉ា ប្រយ័ត្ន!!”
គ្រាំង… សំឡេងរថយន្តបុកនឹងដើមឈើមួយដើមពេញមួយទំហឹង ដោយសារព្យាយាមគេចពីម៉ូតូមួយដែលឈប់កណ្តាលផ្លូវមិនដឹងម្ចាស់នៅទីណា។ បន្តិចក្រោយមកមានបុរសវ័យចំណាស់ម្នាក់ដើរមកពីផ្លូវម្ខាងទៀតកាន់ដបសាំងមួយដបតម្រង់មកម៉ូតូដែលឈប់នោះ ។ ឃើញហេតុការណ៍បែបនេះហើយគាត់មិនបង្អង់យូរ ក៏ទូរសព្ទរកប៉ូលីស និងក្រុមអ្នកសង្រោះបន្ទាន់មកភ្លាមៗ ។
….ប្រហែលមួយរំពេចក្រោយ…
“លោកអ៊ំមានអ្វីទាក់ទងនឹងម្ចាស់រថយន្តនេះដែរទេ?” ប៉ូលីសបានសាកសួរ
“អត់ទេលោក! ខ្ញុំមកពីទិញសាំងវិញក៏ឃើញបែបនេះទៅហើយ”
“ឯណាម៉ូតូលោកអ៊ំ?”
“នោះហើយ ខ្ញុំភ័យពេកមិនទាន់បានចាក់សាំងនៅឡើយ”
“លោកអ៊ំ! លោកអ៊ំមិនគួរដាក់ម៉ូតូបែបនេះទេ វាហាក់ស៊ីសាច់ផ្លូវពេកដោយសារផ្លូវនៅទីនេះតូចទើបវាអាចបង្កឱ្យមានគ្រោះថ្នាក់ដូចពេលនេះបាន” ប៉ូលីសព្យាយាមពន្យល់ណែនាំ
“បាទៗ អរគុណណាស់លោក! ហើយតើពួកគេយ៉ាងម៉េចទៅហើយ?”
“យើងសង្ស័យថាពួកគេបានបាត់បង់ជីវិតទៅហើយ”
“លោកនាយ! មានក្មេងនៅមានជីវិត!”
“អូ! អ៊ីចឹងខ្ញុំសុំទៅពិនិត្យមើលសិនហើយ អរគុណលោកអ៊ំ”
“នែ៎! លោកប៉ូលិស! តើពួកគេមានសាច់ញាតិមកហើយឬនៅ?”
“ដូចជាមិនឃើញមានអ្នកណាជាសាច់ញាតិមកនោះទេ ប៉ុន្តែដូចជាបានឮអ្នកដែលនៅជិតផ្ទះពួកគាត់ថា មិនដែលឃើញគាត់មានសាច់ញាតិឯណាទេ យ៉ាងណាៗខ្ញុំនឹងប្រាប់ព័ត៌មានបន្ថែមទៀត”
“បាទ!” គាត់តបទាំងទឹកមុខស្រពោនទំនងជានឹកអាណិតក្មេងដែលត្រូវបាត់បង់ឪពុកម្តាយទាំងវ័យក្មេងបែបនេះ។
………………..
“នេះគាត់តាមរកយើងឬ?” នីរាជហាក់ភ្ញាក់ខ្លួនឈរលែងត្រង់ខ្លួន
“គាត់ព្យាយាមទៅរកទាំងយប់ទាំងភ្លៀង ព្រោះព្រួយខ្លាចឯងរកផ្ទះមិនឃើញ។ គ្រាន់តែពាក្យសម្តីស្តីថារបស់ពួកគាត់ប៉ុន្មានម៉ាត់ ឯងខឹងរត់ចេញមិនសូម្បីរកផ្លូវមកផ្ទះវិញ។ ឯងនៅគិតថាឯងត្រូវទៀតឬ?”
“មិនពិត! ប៉ាម៉ាក់មិនទាន់ស្លាប់ ប៉ាម៉ាក់រស់នៅជាមួយនាងយ៉ាងមានក្តីសុខ នាងចង់មកកុហកយើងឬ? យើងនឹងទៅរកពួកគាត់ មកនិយាយឱ្យដឹងរឿង” នីរាជចាប់ផ្តើមបាត់សតិម្តងទៀត
“នីរាជ! ឈប់ទៅ! ឈប់កុហកខ្លួនឯងតទៀតទៅ!” ខ្ញុំស្រែកសម្លុតគេទាំងសំឡេងអួលដើមក
“អត់ទេ! នាងកុហក ប៉ាម៉ាក់មិនទាន់ស្លាប់ នាងចង់ឱ្យយើងដោះលែងទើបនិយាយប្រតិដ្ឋរឿងឡើងមកឬ?” នាងមកចាប់អង្រួនដៃខ្ញុំខ្លាំងៗ
“បើឯងគិតថាបងនៅជាមួយពួកគាត់សុខសប្បាយ ឯងគិតខុសទាំងស្រុងហើយ! បងនៅជាមួយលោកតាតាំងពីបងបាត់ការចងចាំមក លោកតាលាក់បាំងរឿងប៉ាម៉ាក់មករហូតព្រោះមិនចង់ឱ្យបងគិតច្រើន រហូតបងចងចាំគ្រប់យ៉ាងវិញ ហើយលោកតាក៏បាត់ខ្លួន កាលពីប៉ុន្មានឆ្នាំមុន រហូតដល់ពេលនេះទើបបងឃើញលោកតានៅជាមួយឯង ភ្នែកមើលមិនឃើញ ថែមទាំងពេលនេះគាត់បានលាចាកលោកនេះទៀត នេះតើឯងធ្វើស្អីលោកតា? ឯងធ្វើអីពួកយើងរហូតដល់រឿងធ្លាក់មកដល់ដំណាក់កាលនេះ?”
“លោកតា! លោកតាជាអ្នកមកនៅជាមួយយើងគាត់ជាអ្នកជួយយើងបង្ហាត់បង្រៀនឱ្យយើងចេះមន្តវិជ្ជាឆ្លងមកទីនេះបាន ឯងនិយាយថាលោកតាជាអ្នកចិញ្ចឹមឯងអ៊ីចឹងអ្ហេស?”
“ឯងជួបលោកតាបានយ៉ាងម៉េច?”
“លោកតាជាអ្នកមកជួយយើងចេញពីគ្រោះថ្នាក់ ហើយគាត់ជាអ្នករងគ្រោះថ្នាក់ខ្លួនឯងទៅវិញ ដោយសាររថយន្តបុកប៉ះនឹងបរិវេណភ្នែកនិងក្បាលខ្លាំងដែលធ្វើឱ្យគាត់មើលលែងឃើញហើយបាត់បង់ការចងចាំ ចំណាំផ្លូវទៅផ្ទះមិនបាន យើងក៏នាំគាត់ទៅនៅជាមួយ”
“ហើយនាងចូលមកទីនេះបានយ៉ាងម៉េច?” នរៈសួរ
“គឺលោកតាជាអ្នកនាំមក!”
“បានដោយរបៀបណា? លោកតានាងជាអ្នកណា?”
“ជាមនុស្សនៅទីនេះពីមុនមក!” ខ្ញុំដូចជាគាំងខ្លះដែរបន្ទាប់បានដឹងរឿងដែលខ្ញុំមិនដែលដឹងសោះ។
“អា!!!!….” សំឡេងនីរាជស្រែកគងរំពងព្រៃម្តងទៀត
“អត់ទេ! ម៉ាក់ប៉ាមិនទាន់ស្លាប់!”
“នីរាជ ទទួលស្គាល់ការពិតហើយឈប់ធ្វើរឿងទាំងនេះទៅ!”
“ឈប់អ្ហេស? យើងជាអ្នកចាញ់ឯងនេះឬ? គ្មានផ្លូវទេ! ម៉ាក់ប៉ាមិនទាន់ស្លាប់ទេ! ឯងឆាប់ប្រាប់ការពិតមក” នីរាជនិយាយលែងដឹងអី សតិលែងនឹងនទៅទៀត។
“ម៉ាក់ប៉ាស្លាប់ហើយ!!” ខ្ញុំស្រែកដាក់គេខ្លាំងៗ គេហាក់ទន់ជង្គង់ជាថ្មី យកដៃបោចសក់ដូចមនុស្សរោគចិត្ត។
“នីរាជ!” ខ្ញុំដើរទៅជិតគេម្តងបន្តិចៗប្រុងនឹងលួងលោម
“នីរាជបងសុំទោស! ព្រោះបងមើលថែឯងមិនល្អ ជាកំហុសបង អភ័យទោសឱ្យបងផងណា៎” ពួកយើងយំឱបគ្នា
ជ្រឹប… សំឡេងចាក់មួយកាំបិតបានបន្លឺឡើង
“នីរាជ” សំឡេងខ្ញុំបានបន្លឺឡើងក្រោយត្រូវបានចាក់ដោយកាំបិតមុតស្រួចក្នុងដៃនីរាជ
“ឯងគិតថាយើងព្រមចាញ់ឯងឬ?”
“នីរ៉ា!” នរៈស្រែកហើយមកត្រកងបីខ្ញុំ
“ស្រឡាញ់គ្នាណាស់មែនទេ? បើអ៊ីចឹងក៏ស្លាប់ជាមួយគ្នាទៅ”
នរៈហាក់គ្មានសង្ឃឹមថាបានរួចជីវិតឡើយ ព្រោះអំណាចនីរាជខ្លាំងក្លាពេក។ អ្នកយាម អង្គរក្សទាំងប៉ុន្មានក៏ត្រូវបាននីរាជសម្លាប់អស់ ចៀសមិនផុតពីការប្រើមន្តវិជ្ជាអាគម ។ នរៈដាក់នីរ៉ាទៅមួយកន្លែងសិន ហើយក្រោកឈរតតាំងនឹងនីរាជ ។
“បងចង់ប្រយុទ្ធនឹងអូនឬ?”
“នាងមិនមែនជាទេវីនីដែលខ្ញុំធ្លាប់ស្គាល់ពីមុន! ទេវីនីដែលទន់ភ្លន់ សុភាពរាបសារ មិនពុតត្បុត មិនកុហកធ្វើរឿងមិនគប្បី។”
“ទេវីនីពីមុនវាបានស្លាប់ទៅហើយ! ហើយបងដឹងទេថាមកពីអី? គឺបង! បងជាមូលហេតុដែលធ្វើឱ្យខ្ញុំហ៊ានលះបង់គ្រប់យ៉ាង រហូតធ្លាក់ក្នុងសភាពបែបនេះ។”
“មែនហើយ! ព្រោះខ្ញុំ បើអ៊ីចឹងនាងសម្លាប់ខ្ញុំទៅ! ហើយឈប់ធ្វើបាបអ្នកណាតទៀត! ចូលមកវីនី សម្លាប់ខ្ញុំទៅ ហើយចេញពីនេះទៅរកក្តីសុខឱ្យខ្លួនឯងចុះ ខ្ញុំខុសដែលមិនគួរទាញនាងមកចូលជីវិតតាំងពីដំបូង”
“ក្តីសុខឬ? តើឱ្យខ្ញុំរកក្តីសុខពីទីណាទៀត? បើបងជាក្តីសុខខ្ញុំ ជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំនោះ?”
“តែវីនី រឿងយើងគឺមិនអាចទៅរួច”
“មិនអាចទៅរួច? ចុះពីមុនម៉្តេចអាចទៅបាន? ឬព្រោះពេលនេះបងដឹងថាខ្ញុំជាមនុស្សប្រុស?”
“វីនី! ស្តាប់ខ្ញុំ! ខ្ញុំមិនដែលប្រកាន់ភេទ មិនដែលរើសអើង”
“ចុះហេតុអី? ហេតុអីទៅ? ឬបងស្រឡាញ់វា? មែនហើយវាជាស្រីពេញលក្ខណៈ មិនដូចខ្ញុំដែលស្រីមិនចំស្រីនឹងអ្ហេស?”
“វីនី! នាងដឹងហើយថាយើងនៅកន្លែងពីរផ្សេងគ្នា នាងក៏ដឹងលក្ខខណ្ឌថានាងនឹងត្រូវជួបអ្វីខ្លះ តើនាងគិតឬថាខ្ញុំចង់ឃើញមនុស្សដែលខ្ញុំស្រឡាញ់រងទុក្ខនោះ?” នីរាជហាក់រៀងទន់ចិត្ត មិនតបទើបនរៈបន្ត៖
“ស្តាប់ខ្ញុំណា៎វីនី! នាងឆាប់ចេញពីទីនេះទៅរកកន្លែងដើមរបស់នាងចុះ គ្រប់យ៉ាងនឹងរលាយបាត់ បើនាងចាកចេញហើយសន្យានឹងមិនត្រលប់មកវិញទៀត!” នីរាជសម្លឹងមុខនរៈដោយទឹកមុខស្រពាប់ស្រពោន ទឹកភ្នែកហូរឥតដាច់ ។
“គ្មានកន្លែងណា៎ដែលសក្តិសមនឹងខ្ញុំឡើយ!” ថាហើយនាងក៏លើកកាំបិតដែលចាក់ខ្ញុំអម្បាញ់មិញឡើង ហើយដើរសំដៅទៅកាន់នរៈ
“វីនី នាងចង់ធ្វើអី?”
“ក្នុងពេលដែលខ្ញុំជិតស្លាប់ ខ្ញុំក៏សុំស្លាប់លើដៃប្រុសដែលខ្ញុំស្រឡាញ់ជាលើកចុងក្រោយចុះ!” ថាហើយនាងក៏យកកាំបិតចាក់ខ្លួនឯងមួយទំហឹងជាច្រើនដង ទោរទន់ដួលទៅនឹងដីតែបាននរៈបីត្រកង
“វីនី!” “នីរាជ!” លោកនរៈនិងខ្ញុំស្រែកភ្លាត់សំឡេង ។ ខ្ញុំស្ទុះងើបទាំងខ្ទប់របួសព្រោះវាមិនសូវជ្រៅប៉ុន្មានឡើយ ដើរសំដៅមកកាន់ប្អូន
“នីរាជ! នីរាជកុំកើតអីណា!” ខ្ញុំចាប់ដៃគេទាំងញ័រអស់សព្វប្រាណ ។ គេបើកភ្នែកតិចៗហើយបែរសម្លឹងមកកាន់ខ្ញុំ ទាំងញញឹមលាយទឹកភ្នែក
“បង នីរ៉ា! ខ្ញុំ…ខ្ញុំ សុំ..ទោសចំពោះគ្រប់យ៉ាង បងនឹង…លើក..លែង..ឱ្យខ្ញុំ…មែនទេ?”
“មែនហើយនីរាជ បងមិនដែលខឹងឯងឡើយ!”
“ផ្តាំ…សុំទោស…ម៉ាក់..និង..ប៉ាផង ខ្ញុំ..ដឹង..ខុ..ខុសហើយ”
“អត់ទេនីរាជឯងត្រូរឹងមាំទៅសំពះគាត់ដល់ផ្នូរជាមួយគ្នាណា៎”
“ខ្ញុំ..សល់ពេល.. មិនច្រើនទេ តែ..ខ្ញុំស្រឡាញ់…ប៉ា..ម៉ាក់ និង..បងណា៎!” នីរាជខំនិយាយទាំងត្រដររខ្យល់ ខ្ញុំសែនអាណិតប្អូនពន់ពេក ។ ថារួចនីរាជក៏ងាកមុខទៅនរៈវិញម្តងព្រមទាំងញញឹមដោយភាពក្រៀមក្រំ ឈាមជោកពេញខ្លួន លើកដៃទៅស្ទាប់អង្អែលថ្ពាល់នរៈ
“បង..នរៈ! សុំទោសណា៎.. ដែល..អូន..មិនស្តាប់បង..”
“វីនី! បងមិនដែលខឹង បងមានតែសោកស្តាយដែលបងមិនអាចធ្វើឱ្យអូនមានក្តីសុខបាន មិនអាចជ្រើសផ្លូវដោយខ្លួនឯងបានមើលថែអូនរហូតទៅ”
“អត់..ទេ..នរៈ ! បងធ្វើបាន…ល្អបំផុត…ហើយ! អូនអរគុណចំ…ពោះក្តីស្រឡាញ់..កន្លងមក អូន…ស្រឡាញ់…បង..!” បានតែប៉ុណ្ណេះ នីរាជក៏ធ្លាក់ដៃចុះ ជាសញ្ញាបញ្ជាក់ថា ទេវីនីឬនីរាជនៅពេលនេះ បានរលាយបាត់សូន្យពីលោកនេះហើយ។
“អត់ទេ! នីរាជ! ងើបមកនិយាយនឹងបងសិន នីរាជ បងមិនព្រមទេ! នីរាជ អត់ទេ” ខ្ញុំហាក់ទទួលយកមិនបាន ព្រោះប្អូនប្រុសដែលបែកគ្នាជាង១២ឆ្នាំទៅហើយ ពេលបានជួបគ្នាតែបន្តិចក៏ត្រូវបែកគ្នាជារៀងរហូត ។ ខ្ញុំទ្រហ៊ោយំឥតឈប់ឈរ ព្រោះពេលនេះទើបខ្ញុំដឹងច្បាស់ថា ខ្ញុំនឹងត្រូវក្លាយជាមនុស្សខ្លួនមួយចាប់ពីពេលនេះទៅហើយ។ ងាកទៅលោកនរៈ ក៏ខូចចិត្តមិនតិចជាងខ្ញុំប៉ុន្មាន ទោះដឹងថានីរាជកុហកបោកប្រាស់ក៏នៅតែមានចិត្តអាល័យ ដ្បិតទេវីនីជាមនុស្សខ្លួនស្រឡាញ់ស្ទើរលេបទៅហើយលែងនៅជិតខ្លួន តើអ្នកណាមិនខូចចិត្ត? ខ្ញុំចាប់ដៃប្អូនមកថើបប៉ះជាលើកចុងក្រោយ ឱ!នីរាជជាទីស្រឡាញ់អើយ! សូមឱ្យឯងបានទៅស្ថានដែលពោរពេញដោយក្តីសុខទៅចុះ កុំឱ្យអភ័ព្វដូចជាតិនេះទៀត។ អំឡុងពេលចាប់ដៃនីរាជ ខ្ញុំបានស្ទាបប្រទះនឹងរបស់អ្វីម្យ៉ាងរបូតចេញពីដៃគេ
“ចិញ្ចៀន?” ខ្ញុំសួរខ្លួនឯងតិចៗហើយមើលមុខលោកនរៈ
“វីនីអស់អាល័យហើយ! ដរាបណានាងឈប់ស្រឡាញ់និងអស់និស្ស័យនឹងខ្ញុំ នោះជាពេលដែលចិញ្ចៀនផ្តាច់បណ្តាសាររវាងខ្ញុំនិងនាងហើយ” ពេលនោះស្រមោលខ្មៅម្យ៉ាងហោះចេញពីខ្លួននីរាជ សាយភាយអណ្តែតឡើងទៅលើខ្ពស់ទៅៗមើលដាច់កន្ទុយនេត្រា។
……………….
“នាងយ៉ាងម៉េចហើយ?” លោកនរៈសួរខ្ញុំព្រោះឃើញហូរឈាមច្រើន
“ចាស មិនអីទេ!”
“វាជាកាំបិតអាគមខ្មៅ ដូច្នេះត្រូវព្យាបាលដោយអាគមខ្លាំងក្លាណាស់ នាងត្រូវអត់ទ្រាំបន្តិចណា៎” បន្ទាប់ពីការព្យាបាលត្រូវបានបញ្ចប់ របួសត្រូវបានរលាយបាត់ពីរាងកាយដូចគេបេះបាត់ ។
“នាងមិនអីទេមែនទេ?” គេសួរទាំងឱបខ្ញុំជាប់នឹងទ្រូង
“ចាស! ខ្ញុំលែងអីហើយ”
“មនុស្សមានអាគមពិសពិតជាមិនអាចព្យាបាលខ្លួនឯងទេ ពេលត្រូវកាំបិតនេះ នាងជាមនុស្សបរិសុទ្ធ ទើបមិនអាចស្លាប់ពេលត្រូវកាំបិតអាគមខ្មៅរបស់វីនី”
ខ្ញុំសម្លឹងមុខគេបន្តិចហើយ ដកដង្ហើមធំ
“តើលោកប្រុងធ្វើយ៉ាងម៉េចបន្ត?”
គេមើលមុខខ្ញុំទាំងពិបាកក្នុងចិត្ត៖
“អ្វីដែលសំខាន់នៅពេលនេះ គឺនាងត្រូវចាកចេញពីទីនេះ” គេនិយាយទាំងឈ្ងោកមុខចុះ ។ ខ្ញុំភ្ញាក់ផ្អើល ព្រោះខ្ញុំមិនទាន់ទាំងបានជួយគេមួយរឿងសោះឡើយ
“ហេតុ…ហេតុអី? លោកចង់ឱ្យខ្ញុំទៅចោលលោកនេះអ្ហេស? ទេ ខ្ញុំមិនទៅណាទាំងអស់!”
“នីរ៉ា! ខ្ញុំមិនចង់បាត់បង់នាងដូចជាវីនីម្នាក់ទៀតនោះទេ ខ្ញុំពិតជាមិនចង់ឱ្យប្រវត្តិសាស្រ្តច្រំដែលនោះទេ”
គេនិយាយលាយទឹកភ្នែក ខ្ញុំពិតជាយល់ពីអារម្មណ៍គេច្បាស់
“ចុះលោក! លោកនៅម្នាក់ឯងបានឬ?”
“នេះជាទឹកដីរបស់ខ្ញុំ! ខ្ញុំត្រូវតែរឹងមាំដើម្បីរាស្ត្ររបស់ខ្ញុំ” គេនិយាយទាំងម៉ឺងម៉ាត់ឱ្យខ្ញុំទុកចិត្ត។
……..ពួកយើងក៏ធ្វើដំណើរមកកាន់ទ្វាររវាងទឹកដីទាំងពីរ
“ថែរក្សាខ្លួនឱ្យល្អណា៎!” គេជូនពរខ្ញុំជាប់ដោយភាពក្រៀមក្រំលើផ្ទៃមុខ។ ខ្ញុំស្ទុះឱបគេយ៉ាងណែនហាក់មិនចង់ឃ្លាតពីទ្រូងប្រុសម្នាក់នេះសោះឡើយ។
“លោកក៏ដូចគ្នា!” អ្នកយាមទ្វាក៏បើកទ្វាចាំខ្ញុំត្រលប់ទៅវិញ…
………………
ព្រះពាយផាយផាត់រសាត់តាមអាកាស បក់ព្រៃប្រឹក្សាឱ្យរេរាំតាមចង្វាក់ធម្មជាតិសែនស្រស់ត្រកាលនាពេលព្រឹកព្រលឹមស្រាងៗ ។ ទោចក្រយាន្តយន្តទាំងឡាយ ឆ្វេចឆ្វាចទៅមកៗតាមវិថីដែលអមទៅដោយរុក្ខជាតិ ព្រោងព្រាតមីដេសដាសត្រចះត្រចង់គួរឱ្យចង់គយគន់លង់នេត្រា។ ក្រឡេកទៅមើលមេឃា ពណ៌ទឹកសមុទ្រ អមដោយពពកខៀវប្រៀបដូចរលកហែលទៅហែលមកមិនឈប់ឈរ។ មនុស្សទាំងឡាយហាក់សប្បាយនឹងសម្រស់ធម្មជាតិ ដើរជជែកគ្នាចេចចាចឥតដាច់ ។
នៅក្នុងផ្ទះតូចមួយខ្នង ដែលមានដាំដើមឈើអមសងខាងផ្ទះ ជះនូវក្លិនពិដោរនៃលម្អងផ្កាតាមខ្យល់បក់មកជិតច្រមុះអ្នកទាំងឡាយឱ្យទទួលដឹងនូវអារម្មណ៍ឈ្ងុយឈ្ងប់។
ទឺតៗ ទឺតៗ….
សំឡេងម៉ោងរោទ៍ជាថ្មីនៃថ្ងៃបន្ទាប់ ជាសញ្ញាប្រាប់ថា នេះជាថ្ងៃថ្មីដែលមនុស្សគ្រប់គ្នាត្រូវបំពេញកិច្ចការខ្លួនដូចសព្វដង ។ មិនយូរប៉ុន្មានសំឡេងរោទ៍ក៏បាត់ទៅ ក្នុងផ្ទះក៏ស្ងាត់ឡើងម្តងទៀត។ ខ្ញុំងើបឡើងអង្គុយទ្រឹងនៅលើគ្រែ មួយសន្ទុះទើបក្រោកទៅរៀបចំខ្លួនទៅធ្វើការដូចសព្វដង។
ប៉ុន្មាននាទីក្រោយ ការរៀបចំខ្លួនបានបញ្ចប់ ប៉ុន្តែទឹកមុខដែលទ្រឹងៗមួយកន្លែងហាក់មិនទាន់បញ្ចប់សោះ។
តុកៗ..តុកៗ…
សំឡេងគោះទ្វាបានបន្លឺឡើង….ខ្ញុំក៏ដើរទៅបើកទ្វា
“នីរ៉ា! ឯងយ៉ាងម៉េចទៅហើយ?” មេត្តាស្ទុះទៅចាប់ដៃហើយសួរទាំងបារម្ភ
ខ្ញុំញញឹមទាំងមុខស្ងួតហើយឆ្លើយតប៖
“ខ្ញុំមិនអីទេ!”
“នេះឯងបាត់ទៅណាប្រាំពីរថ្ងៃនេះ? បានជាមិនទៅធ្វើការ?”
“ប្រាំពីរថ្ងៃអ្ហេស?”
“មែនហើយ បើរាប់មកដល់ថ្ងៃនេះគឺប្រាំពីរថ្ងៃល្មម”
ខ្ញុំឈរស្ងៀមមិនតបមួយសន្ទុះ ទើបមើលមុខនាងហើយសួរ៖
“ឯងមកទីនេះបានយ៉ាងម៉េច? ផ្ទះឯងឆ្ងាយយ៉ាងនេះ តើត្រូវងើបម៉ោងប៉ុន្មានទៅ?”
“គឺយប់ម្សិលមិញពូនៅទូរសព្ទប្រាប់ខ្ញុំថាទើបតែឃើញឯងត្រលប់មកពីណាក៏មិនដឹងសភាពមិនប្រក្រតីសោះ ទើបព្រឹកឡើងខ្ញុំប្រញាប់មករកឯងភ្លាមហ្នឹងណា៎”
“នេះ…ឯងឈប់ខឹងខ្ញុំហើយឬ?”
“ខឹងរឿងស្អីឯង?”
“គឺ…ខ្ញុំក៏មិនដឹងដូចគ្នា ថ្ងៃនោះគ្រប់គ្នាខឹងខ្ញុំ ព្រមទាំងឯងដែរ”
ផាច់!!….
“អូយ! នេះឯងធ្វើស្អី” មេត្តាទះថ្ងាសខ្ញុំមួយដៃ
“គឺធ្វើឱ្យឯងក្រោកពីសុបិនហ្នឹងណា៎! ឯងនិយាយអ្វីក៏មិនដឹង” ថាហើយនាងដើរទៅចាក់ទឹកឱ្យខ្ញុំមួយកែវ
“ឈប់សិនមេត្តា! នេះឯងមិនបានខឹងខ្ញុំមែនឬ?” ចម្ងល់បានហោះឡើងមកជាថ្មី
“បានហើយ! នែសទឹក! ផឹកទៅក្រែងលស្វាងហើយអាលនឹងបានទៅធ្វើការ។ ការងាររបស់ឯងគរខ្ពស់ជាងភ្នំទៅទៀតណា៎” ខ្ញុំផឹកទឹកបណ្តើរលួចគិតបណ្តើរ តើវាអាចជាសុបិនដែរទេ?….
បន្ទាប់ពីសួរសុខទុក្ខគ្នាហើយ ពួកយើងក៏ដើរទៅធ្វើជាមួយគ្នាតែម្តង។ ពេលទៅដល់តូបកាហ្វេ
“បង! កាហ្វេដូចរាល់ដងពីរកែវ” មេត្តាហៅកុម្ម៉ង់កាហ្វេភ្លាម
“នេះ នីរ៉ាបាត់ទៅណាប៉ុន្មានថ្ងៃនេះ”
“គឺ ជាប់រវល់យល់សប្តិទេដឹង” មេត្តានិយាយចំអន់ខ្ញុំទាំងសើច
“បងខ្ញុំសុំសួរបន្តិចបានទេ?”
“ចា៎បានអូន”
“ប៉ុន្មានថ្ងៃមុនតើខ្ញុំបានមកទិញការហ្វនៅទីនេះពីរដងហើយបានសរសេរអ្វីនៅលើក្រដាសដែរទេ?”
“អត់ទេអូន រាល់ដងអូនមកទិញធម្មតាតែពេលព្រឹក ម្តងហើយមិនបានសរសេរអ្វីនោះទេ អូនច្រឡំទេដឹង”
“មិនអីទេបង នាងទើបតែងើបពីយល់សប្តិ”
“អ! ចាសប្រហែលខ្ញុំច្រឡំហើយ” ។
បន្ទាប់ពីទិញកាហ្វេរួចពួកខ្ញុំក៏ដើរទៅការិយាល័យធ្វើការដូចរាល់ដង តែអ្វីដែលប្លែកនោះគឺខ្ញុំធ្វើខ្លួនមិនត្រូវ មិនដឹងថាគ្រប់យ៉ាងជាអ្វីឱ្យប្រាកដឡើយ។
“ណ្ហើយ! គ្រប់យ៉ាងគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ” ខ្ញុំប្រាប់ខ្លួនឯងថា គ្រប់យ៉ាងគឺមិនអីទេ វាគ្រាន់តែជាអ្វីដែលកន្លងទៅមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ គ្រប់យ៉ាងដែលខ្ញុំបានឃើញវាគ្រាន់តែជាឈុតឆាកដែលទេវីនីបង្កើតឡើងដើម្បីឱ្យខ្ញុំយល់ថាពេលដែលនាងត្រូវគេរើសអើងខ្សឹបខ្សៀវពីក្រោយខ្នង តើវាមានអារម្មណ៍យ៉ាងណា? ឬអាចនិយាយបានម្យ៉ាងទៀតថា វាជាការស្រមើស្រមៃរបស់ខ្ញុំតែប៉ុណ្ណឹងឯង។ កំពុងដើរសុខៗ មេត្តាក៏ទុចង៉ក់ ហើយឱនរើសអ្វីម្យ៉ាង។
“មានអ្វីដែរទេមេត្តា?” ខ្ញុំសួរនាង
“គឺចិញ្ចៀនណា៎ឯង!” នាងហុចឱ្យខ្ញុំមើល
“នីរ៉ា!” មិនទាន់ទាំងបានមើលផង ស្រាប់តែលោកប្រធានហៅ ខ្ញុំក៏ដាក់វាក្នុងកាបូបសិន។
“នេះនាងទើបតែមកពីណា? បាត់មុខបាត់មាត់ប៉ុន្មានថ្ងៃហើយ?”
“គឺ ខ្ញុំមិនសូវស្រួលខ្លួនទើបឈប់សម្រាកសិន!”
“បើអ៊ីចឹងប្រញាប់ទៅធ្វើការចុះ ដល់ម៉ោងហើយ”
ខ្ញុំនិងមេត្តាក៏នាំគ្នាប្រញ៉ាប់ដើរទៅកន្លែងរៀងខ្លួន។ ពេលទៅដល់តុធ្វើការ អ្វីដែលខ្ញុំឃើញមុនគេគឺឯកសារធ្វើការគរលើគ្នាស្ទើតែសង្កត់តុបាក់ជាពីរ។
“នេះ! រឿងជនរងគ្រោះទេវីនីម្នាក់នោះដែលជាការងាររបស់នាង” លោកប្រធានដើរយកឯកសារមួយច្បាប់ទៀតមកឱ្យ។
“នេះមិនទាន់មានអ្នកយករឿងនេះទៅផ្សាយជំនួសខ្ញុំទៀតឬ?”
“ក្រុមការងារទាំងអស់មានកិច្ចការងាររៀងខ្លួន ដូច្នេះឯងត្រូវធ្វើការងាររបស់នាងដូចគ្នា”
“ប៉ុន្តែលោកប្រធាន! រឿងក្តីចាស់កំរិលបែបនេះមានអ្នកចង់អានដែរឬ?” លោកប្រធានដើរទៅបាត់មិនស្តាប់ខ្ញុំសោះ
“ទេវីនីទៀតហើយឬ?” ខ្ញុំនិយាយទាំងធុញទ្រាន់ហើយបើកមើល គ្រលៀសទៅប៉ះភ្នែកនឹងរូបថតរបស់នាងដែលបិទនៅលើនោះ។
“នេះឬទេវីនី? មុខមិនដូចខ្ញុំបន្តិចទេ! ដូច្នេះគ្រប់យ៉ាងប្រាកដជាសុបិន” ថារួចខ្ញុំក៏លូកដៃចូលកាបូបបម្រុងនឹងរកទូរសព្ទ តែបែរប្រទះនឹងអ្វីម្យ៉ាង ពេលដកមកក៏ឃើញថាជាចិញ្ចៀនដែលមេត្តារើសបាន។ ខ្ញុំក៏ផ្អៀងផ្អងមើលស្រាប់តែ…
«សត្យ» ជាពាក្យដែលបានឆ្លាក់នៅលើចញ្ចៀននោះ៕
ចប់…