គ្រោះថ្នាក់…
ម៉ោងប្រមាណជាប្រាំមួយល្ងាចមេឃចាប់ផ្តើមធ្លាក់ពន្លឺរស្មីកប់ចូលជើងមេឃដែលនៅឆ្ងាយសន្លឹមទៅហើយ។ ខ្ញុំកំពុងជិះម៉ូតូចេញពីហាងកាហ្វេក្នុងក្រុងដែលជាកន្លែងខ្ញុំធ្វើការឆ្ពោះទៅមាត់ទន្លេមុខព្រះបរមរាជវាំង។ អ្នកទាំងអស់គ្នាអ្នកខ្លះប្រហែលជាដូចខ្ញុំតែប្រហែលអ្នកមួយចំនួនមិនដូចខ្ញុំទេមើលទៅ ខ្ញុំចេញពីធ្វើការភ្លាមខ្ញុំមិនដែលទៅផ្ទះភ្លែតនោះទេខ្ញុំតែងជិះទៅនេះទៅនោះចួនក៏ទៅញ៉ាំអីជាមួយមិត្តភក្តិគឺនិយាយទៅធ្វើយ៉ាងណាឱ្យទៅដល់ផ្ទះយប់អាចថាបើទៅដល់ផ្ទះហើយអត់ឃើញអ្នកនៅក្នុងផ្ទះខ្ញុំអង្គុយត្រៀបត្រាពេញក្នុងផ្ទះទៀតរឹតតែប្រសើរ។
ខ្ញុំមកអង្គុយស្រូបយកខ្យល់បរិសុទ្ធនៅមាត់ទន្លេម្នាក់ឯង ក៏បន្ធូរអារម្មណ៍តានតឹងបានខ្លះ តែថា បែរជាឯកាលើសដើមទៅវិញ ព្រោះតថភាពម៉ោងថ្មើរនេះ មានមនុស្សប្រុសស្រីចាស់ក្មេងមកច្រើនណាស់ ដែលពួកគាត់មកមានគ្នានិយាយឆ្លើយឆ្លងគ្នារីករាយនិងខ្យល់ធម្មជាតិកាន់តែធ្វើឱ្យពួកគាត់សប្បាយទ្វេឡើង ចំណែកខ្ញុំអង្គុយសោកាម្នាក់ឯងគ្មានអ្នកខ្វល់។
ចេញពីកន្លែងអង្គុយនៅមាត់ទន្លេ ខ្ញុំក៏ទៅញុំាអីតិចតួចនៅក្បែរនោះ រួចបន្តជិះឆ្វែលក្រុងលេងមួយជុំពីរ។ តែអារម្មណ៍ខ្ញុំនៅតែតានតឹង ធុញទ្រាន់នឹងជីវិតខ្លួនឯងដដែល ហេតុអ្វីក៏ជីវិតដ៏ហត់នឿយនេះ ជួបតែរឿងដែលធ្វើឱ្យខ្ញុំរកផ្លូវចេញមិនឃើញបែបនេះ។ ខ្ញុំនឹងស៊ូបញ្ចប់រឿងគ្រប់យ៉ាង មុនពេលដែលខ្ញុំមិនទាន់បោះបង់ចោលខ្លួនឯង។ អារម្មណ៍អណ្ដែតរសាត់របស់ខ្ញុំធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ចុះដោយមិនដឹងខ្លួន ដៃខ្ញុំចេះតែមួលម៉ូតូប៉ះនិងខ្យល់កាន់តែធ្វើឱ្យទឹកភ្នែកខ្ញុំគិតតែពីហូរលើសដើម ក្នុងខ្លួនស្រាលស្ងើកដូចគ្មានពោះវៀនពោះតាំងគិតឱ្យខ្លីចង់តែបាត់មុខពីខ្លួនឯងទេវ៉ើយ។
!!!!!! បាំង ប្រាវ!!!!!
សំឡេងលាន់ដូចរន្ទះ ធ្វើឱ្យខ្ញុំភ្ញាក់ក្រញាងអស់ព្រលឹងពីក្នុងខ្លួន។ ខ្ញុំខំប្រមូលអារម្មណ៍ផ្ចង់ស្មារតីឡើងមកវិញ ទាំងដៃញ័រទទ្រើតទាញចង្កូតម៉ូតូដែលរ៉េសឹងតែចូលឡាន ដែលបើកស្របទិសគ្នាជាមួយខ្ញុំអម្បាញ់មិញនេះមកហើយ។
គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅម្ដុំស្ពានជ្រោយចង្វាត្រើយខាងលិច រវាងម៉ូតូនិងឡានដែលបានបើកទិសដៅស្របគ្នាពីលិចទៅកើត។ មកដល់ចំណុចកើតហេតុរថយន្តបង្កហេតុច្រឡំជើងជាន់ល្បឿនបន្ថែម ស្មានថាជាហ្រ្វាំង បានជ្រុលដោយទៅបុកម៉ូតូជនរងគ្រោះមួយទំហឹង អូសម៉ូតូប្រមាណចង់ដប់ម៉ែត្រកៀបជាប់ ម៉ូតូនៅក្រោមឡាន ចំណែកឯស្ត្រីដែលជាជនរងគ្រោះគឺត្រូវខ្ទាតទៅម្ខាងនៃផ្លូវ ។
ជនរងគ្រោះមានវ័យ ប្រហែលជា២៣ឆ្នាំ ក្នុងសម្លៀកបំពាក់អាវពណ៌សដៃវែង ដែលដាមដោយឈាមក្រហមច្រាលជោក ខោខ្មៅ ជើងវែងមានប្រឡាក់ឈាមលាយដីមើលពណ៌សឹងមិនយល់។ ភិនភាគផ្សេងទៀតក្រៅពីនេះ យើងមិនអាចពណ៌នាបានទេព្រោះមុខនារីរងគ្រោះខ្ទេចសុទ្ធតែឈាម។ ឡានពេទ្យរបស់មន្ទីរពេទ្យកាល់ម៉ែត បានមកដល់កន្លែងកើតហេតុភ្លាមៗ ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកពូសមត្ថកិច្ចដែលប្រចាំការនៅស្ពានជ្រោយចង្វាខណ្ឌឫស្សីកែវ បានធ្វើការទាក់ទងទៅគ្រួសារសាច់ញាតិរបស់ជនរងគ្រោះភ្លាមៗដូចគ្នា តាមរយៈអត្តសញ្ញាណបណ្ណ និងទូរសព្ទដៃដែលគ្មានលេខសម្ងាត់។
ឈ្មោះជនរងគ្រោះ…
ខ្ញុំជិះម៉ូតូត្រលប់មកផ្ទះវិញសឹងមិនចង់ដល់ ញ័រដៃញ័រជើងអស់ហើយ អារម្មណ៍ស្លុតរន្ធត់នៅជាប់ក្នុងខ្លួន នៅឡើយព្រោះហេតុការណ៍នេះវាស្ដែងពេកគឺឡាននោះហើយដែលខ្ញុំវិះនឹងរ៉េចង្កូតចូល។ នោះហើយដែល ជាឡានបង្កហេតុទៅបុកម្នាក់ស្រីនោះមួយទំហឹងឈាមដាបថ្នល់។
ខ្ញុំមកដល់ផ្ទះម៉ោង ៧ជាង ផ្ទះរបស់ខ្ញុំងងឹតសូន្យឈឹងដូចគ្មានអ្នកស្នាក់នៅ។ ចូលមកដល់ក្នុងផ្ទះខ្ញុំរាដៃឈោងបើកភ្លើងបំភ្លឺ ភ្លើងស្រាប់តែភ្លីឡើងធ្វើ ឱ្យខ្ញុំភ្ញាក់ព្រើតពេលឃើញវត្តមានម៉ាក់របស់ខ្ញុំអង្គុយលើកៅអីនៅតុអាហារ ដោយគ្មាននិយាយមួយម៉ាត់មករកខ្ញុំឡើយ។
” ម៉ាក់!! ” គ្មានការឆ្លើយតបមកខ្ញុំវិញសោះ គាត់នៅតែធ្វើមុខស្មើធេង ដូចគ្មានចាប់អារម្មណ៍ថាខ្ញុំហៅគាត់នោះទេ។
” ម៉ាក់ ! មកអង្គុយត្រង់នេះ ធ្វើ… “
មិនទាន់ចប់ប្រយោគរបស់ខ្ញុំផង ម៉ាក់ក៏ងើបវឹងដើរឡើងទៅខាងលើផ្ទះ ធ្វើមិនដឹងដូចមិនឮមិនចាប់អារម្មណ៍វត្តមានរបស់ខ្ញុំដែលឈរមើលគាត់ទាល់តែសោះ ។ ខ្ញុំទទួលស្គាល់ថា តាំងពីម៉ាក់រៀបការជាមួយប្ដីក្រោយរបស់គាត់មក ម៉ាក់ខ្ញុំមិនដូចពីមុនទេ គាត់មុនធ្វើអ្វីមួយ និយាយអ្វីមួយ គឺមិនលះនោះទេ ខ្លាចចិត្តប្ដីក្រោយរបស់គាត់ សូម្បីតែជាមួយខ្ញុំដែលជាកូនបង្កើតរបស់គាត់ក៏គាត់នៅធ្វើរាងស្ទាក់ស្ទើរដែរ។ គ្រាន់តែរឿងលុយ ១ម៉ឺនរៀល ខ្ញុំសុំម៉ាក់ទៅធ្វើការ ក៏ម៉ាក់ខ្ញុំសុំការអនុញ្ញាតពីប្ដីគាត់សិនដែរ ទាំងរាល់ខែខ្ញុំឱ្យប្រាក់ខែខ្ញុំទៅគាត់គ្មានបាត់មួយសេន។
ហ៊ើយ!! ខ្ញុំដកដង្ហើមធំមួយ បន្ទាប់ពីឈរមើលដំណើរម៉ាក់ដើរចេញទៅទាំងមិនខ្វល់ពីខ្ញុំ។ ខ្ញុំឈានជើងដើរទៅបន្ទប់ទាំងធ្ងន់ក្បាលព្រោះខ្ញុំទូលរឿងឈឺក្បាលច្រើនពេកហើយថ្ងៃនេះ។
មកដល់ក្នុងបន្ទប់ខ្ញុំផ្ដេកខ្លួនលើគ្រែដៃចាប់បើកទូរសព្ទមើល ដើម្បីរំសាយចោលនូវអារម្មណ៍មិនល្អខ្លះ។ រូបភាពគ្រោះថ្នាក់ចរាចរណ៍ កាលពីល្ងាចមិញនេះ បានផុសឡើងក្នុងការគិតរបស់ខ្ញុំសាជាថ្មី បន្ទាប់ពីខ្ញុំបានបើកទូរសព្ទទៅឃើញមានការចែកបន្តពីមួយទៅមួយពេញក្នុងបណ្ដាញសង្គម។
ខ្ញុំក៏ដាច់ចិត្តចូលទៅចុចមើលលើការផ្សាយរបស់ផេកព័ត៌មានមួយ ទាំងអារម្មណ៍នៅតក់ស្លុតនៅឡើយ ព្រោះខ្ញុំខ្លួនឯងក៏ជាម្នាក់ដែលបានស្ថិតនៅនិងបានឃើញហេតុការណ៍នោះដែរ។ ខ្ញុំអានព័ត៌មានទាំងទឹកភ្នែករលីងរលោងអាណិតជនរងគ្រោះ មិនដឹងយ៉ាងណាហើយនោះទេ ទោះមានការជួយពីលោកគ្រូពេទ្យអ្នកគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យក៏ដោយ ព្រោះតាមខ្ញុំឃើញសភាពរបស់ជនរងគ្រោះមិនស្រាលប៉ុន្មានទេ។
ភឹប!ខ្ញុំសឹងធ្លាក់ថ្លើមដល់ដីបេះដូងខ្ញុំលោតបុកទ្រូងញាប់រន្ថើន ពេលដែលខ្ញុំវាសភ្នែកទៅប៉ះនឹងអក្សរមួយឃ្លាដែលបញ្ជាក់ថាជាឈ្មោះរបស់ជនរងគ្រោះ វាដូចនឹងឈ្មោះរបស់ខ្ញុំទាំងស្រុង ” សឿ ស្រីនិច ” ។
ខុសមុន…
ពេលនេះខ្ញុំស្រាប់តែមកប្រាកដខ្លួននៅលើផ្លូវដែលមានដុតបំភ្លឺដោយភ្លើងទៀនអបសងខាងផ្លូវ និងមានទង់ក្រពើដោតអមសងខាងថែមទៀត ខ្ញុំមើលទៅមុខងាកទៅក្រោយផ្លូវដ៏វែង ដាច់កន្ទុយភ្នែកនេះ មិនដឹងចុងនៃផ្លូវនៅទីណានោះទេ ខ្ញុំចេះតែដើរទៅមុខតាមពន្លឺភ្លឺទៀន និងមានទង់ក្រពើបក់រវិចៗតាមកំលាំងខ្យល់បក់ ធ្វើឱ្យខ្ញុំព្រឺសម្បុរខ្ញាកដោយមិនដឹងទិសដៅនៅឯណា។
ព្រឹកព្រហាមស្រាងឡើង ដោយសារតែរឿងកើតឡើងកាលពីម្សិលមិញច្រើនពេក ធ្វើឱ្យកាលពីយប់មិញខ្ញុំគេងមិនលក់សោះចេះតែមមើគិតវែងឆ្ងាយឃើញសព្វគ្រប់បែបយ៉ាង។ ខ្ញុំរៀបចំខ្លួនទៅធ្វើការចុះមកដល់ផ្ទះបាយ មិនឃើញមាននរណាម្នាក់សោះ ទាំងម៉ាក់ ប្ដីគាត់ កូនប្រុសក្រោយរបស់គាត់ ពួកគាត់ទៅណាទាំងព្រឹកព្រលឹមបានជាមិនឃើញបែបនេះ។ តែថា…ប្រញាប់ទៅធ្វើការវិញល្អជាង ព្រឹកនេះជាព្រឹកថ្ងៃថ្មីរបស់ខ្ញុំ ខ្ញុំនឹងធ្វើឱ្យរឿងដែលកើតឡើងនៅថ្ងៃនេះ នឹងក្លាយជារឿងល្អសម្រាប់ខ្ញុំ។
ម៉ូតូរបស់ខ្ញុំធ្វើដំណើរទៅមុខក្នុងល្បឿនមធ្យម ឆ្លងកាត់ផ្លូវតូចធំក្នុងទីក្រុងភ្នំពេញ តែពេលជិះមកដល់កន្លែងកើតហេតុកាលពីម្សិលមិញភ្លាមៗខ្ញុំស្រាប់តែមានអារម្មណ៍ថា ទុក្ខសោកពិបាកចិត្តយ៉ាងម៉េចមិនដឹងទេ រកថាមិនត្រូវ។ មុនមកដល់ទីនេះ ខ្ញុំគិតថាចង់រកផ្លូវវាងដែរ តែមិនដឹងថាត្រូវវាងទៅផ្លូវណា បើមានតែផ្លូវមួយខ្សែនេះហ្នឹងដែលឆ្ពោះទៅកន្លែងដែលខ្ញុំធ្វើការ។ ខ្ញុំមិនដឹងថាត្រូវទទួលអារម្មណ៍បែបនេះយូរប៉ុនណាទេ តែអាចត្រឹមមួយអាទិត្យប្រហែលសាបហើយ។
មកដល់កន្លែងធ្វើការ ខ្ញុំធ្វើខ្លួនធម្មតា អារម្មណ៍សោកសៅមុននេះក៏រលាយបាត់ដោយមិនដឹងខ្លួន។ ថ្ងៃនេះមានភ្ញៀវមកទិញកាហ្វេច្រើនជាងធម្មតាខុសសព្វមួយដង តែបែរជាមិនមានបុគ្គលិកគ្រប់គ្រាន់នៅក្នុងហាងទៅវិញ។
” បងរត្ន័ថ្ងៃហ្នឹងបុគ្គលិកទៅណាអស់ហើយ ” ខ្ញុំរៀងទំនេរដៃពីការឆុងកាហ្វេបន្តិច ក៏ងាកទៅសួរបងរ័ត្នដែលឈរឆុងកាហ្វនៅជិតខ្ញុំ។
” ទៅបុណ្យអស់ហើយ ” គាត់ឆ្លើយខ្លីទាំងទឹកមុខស្មើធេង
” ទៅបុណ្យអ្នកណាបង? ”
ខ្ញុំលើកចិញ្ចើមឡើងលើបន្តិចធ្វើមុខឆ្ងល់ហើយងាកទៅសួរបងរត្ន័សារជាថ្មី។
” ទៅបុណ្យឯងហ្នឹង ”
បងរ័ត្នឆ្លើយភ្លាមដូចព្រៀងទុក តែគាត់នៅរក្សាទឹកមុខស្មើធេងស្ងប់ស្ងាត់ដដែល។ ឆ្លើយរួច គាត់ក៏ដើរចេញទៅលើកកាហេ្វឱ្យភ្ញៀវដោយមិនបានមើលមុខខ្ញុំអីបន្តិច។ ខ្ញុំវិញនៅធ្មឹងគិតពាក្យគាត់និយាយមុននេះ តែថាអាចគាត់ហត់ពេក ហើយធុញនឹងខ្ញុំសួរគាត់ច្រើនពេក បានជាគាត់ឆ្លើយបែបនេះឱ្យខ្ញុំឈប់សួរ ប្រហែល។
ម៉ោងសម្រាកបាយថ្ងៃត្រង់ បងរត្ន័គាត់ក៏ត្រលប់ទៅផ្ទះ អ៊ីចឹងក្នុងហាងនេះមានតែខ្ញុំម្នាក់ទេ និងមានពូសន្តិសុខម្នាក់ទៀតដែលនៅខាងក្រៅ។ ខ្ញុំដើរចេញពីហាងទៅរកសុំពឹងពូសន្តិសុខឱ្យជួយទៅទិញបាយឱ្យនៅផ្សារ ព្រោះថាបើខ្ញុំទៅអត់មានអ្នកមើលហាងទេ។ ចេញមកដល់មុខហាងភ្លាមខ្ញុំធំក្លិនផ្សែងធូបឈួលពេញក្នុងច្រមុះ ខ្ញុំងាករកប្រភពក្លិនក៏ប្រទះឃើញមានគេដុតធូប និងមានការសែននំផ្លែឈើនៅលើកៅអីមុខហាងទាំងថ្ងៃនេះមិនមែនជាថ្ងៃសីលផង។
” ពូ! នរណាយកអីមកសែននៅទីនេះ? ” ខ្ញុំសួរទៅពូសន្តិសុខដែលអង្គុយនៅជិតនោះ។
” ម្ចាស់ហាងជាអ្នកសែន បើអស់ធូបក្មួយយកហូបទៅមិនបាច់ទៅទិញបាយក៏បាន”
ពូសន្តិសុខដែលមានទឹកមុខស្រពោនខុសធម្មតាឆ្លើយមកកាន់ខ្ញុំដោយនិយាយមួយៗ មិនចង់ឮ។ ខ្ញុំមានអារម្មណ៍ចម្លែកចិត្តដល់ហើយម៉េចម្នាក់ៗដូចខុសសព្វដងអ៊ីចឹង ហើយម៉េចពូសន្តិសុខដឹងថាខ្ញុំចង់ទិញបាយទាំងដែលខ្ញុំមិនទាន់បាននិយាយប្រាប់គាត់ផង។ មិនទាន់ទាំងបានសួរអីទៀតផង ពូសន្តិសុខអម្បាញ់មិញមិនដឹងជាគាត់ទៅណាបាត់ ទាំងស្រមោលឈឹង។ អ៊ីចឹងសរុបមកបាយថ្ងៃត្រង់របស់ខ្ញុំគឺរបស់សែននេះហើយ ព្រោះគ្មានអ្នកណាចំាហាងឱ្យទៅទិញបាយនោះទេ។
ល្ងាចជិតយប់ខ្ញុំត្រលប់មកពីធ្វើការវិញ តែថ្ងៃនេះខ្ញុំមិនបានទៅជិះលម្ហែកាយអីទេ ហត់អស់កម្លាំងពីខ្លួនរលើង។ មកដល់ផ្ទះគិតថាបានសម្រាកឱ្យធូរកាយតែបែរជាមកតឹងចិត្តជាមួយអ្នកផ្ទះទៅវិញ។
” ម៉ាក់ទិញឱ្យកូនមែន? ”
សំឡេងភ្ញាក់ផ្អើលរបស់វិបុល ក៏បានលាន់ឡើង ដោយសារម៉ាក់បានទិញម៉ូតូថ្មីឱ្យគេ ទាំងដែលគេទើបតែរៀនថ្នាក់ទីប្រាំបួន។
” ចា៎! ប៉ានិងម៉ាក់ជាអ្នកទិញឱ្យកូន ” ប៉ាក៏បន្ថែមពីលើសម្ដីរបស់ម៉ាក់
” កូនស្រលាញ់ឬទេ “
” បាទ! ស្រលាញ់ប៉ា “
” ខំរៀនណាកូន ម៉ាក់និងប៉ានឹងទិញទូរសព្ទថ្មីឱ្យកូន “
” បាទ! កូននឹងខំរៀនឱ្យពូកែ មិនបោះបង់ការរៀនដូចបងនិចឡើយ “
ភ្នែកទាំងគូរបស់ប៉ាម៉ាក់ខ្ញុំ រ៉េមកមើលខ្ញុំភ្លឹះៗ ដោយការមិនពេញចិត្តក្នុងរឿងអ្វីមួយ។ រឿងនោះមិនខុសអីពីរឿងរៀននោះទេ ខ្ញុំឈប់រៀនមកពីអី គឺមកពីអ្នកផ្ទះហ្នឹងហើយ មិនដែលនិយាយពាក្យលើកទឹកចិត្តឱ្យកូនខំរៀនមានតែបន្ទោសថាខ្ញុំរៀនចាញ់ប្អូន ស្រលាញ់កូនលំអៀង ។ ខ្ញុំរៀនបានត្រឹមទី 12 ទាំងត្រដាបត្រដួស ជួនមានលុយទៅរៀនជួនក៏អត់ ខ្ញុំទទួលស្គាល់ថាខ្ញុំខ្សោយបញ្ញាឆាប់អន់ចិត្តគិតច្រើនច្រណែនដែលម៉ាក់ប៉ាស្រលាញ់កូនប្អូន ច្រើនជាងស្រលាញ់ខ្ញុំ លទ្ធផលដែលខ្ញុំទទួលបានគឺប្រលងធ្លាក់ក៏បោះបង់ការរៀនបន្តនៅសាកលវិទ្យាល័យមកធ្វើការនៅហាងកាហ្វេបានមួយឆ្នាំមកនេះ។
តែខ្ញុំមិនព្រមចាញ់វាសនាទេ ទោះខ្ញុំរៀនអន់ ក៏មិនធ្វើខ្លួនគ្មានប្រយោជន៍ដល់អ្នកផ្ទះដែរ ខ្ញុំប្រឹងណាស់ ទោះគ្មានចំណេះអ្វីអាចចិញ្ចឹមជីវិត គឺខ្ញុំប្រឹងប្រើកម្លាំងកាយដ៏បរិសុទ្ធរកប្រាក់ដោយញើសឈាមខ្លួនឯង ខ្ញុំមិនចាញ់ខ្លួនឯងឡើយ ទោះដឹងថា ខ្ញុំមិនអាចឈ្នះអ្នកណាបាន។
ខ្ញុំមិនអាចប្រឈមនឹងក្រសែភ្នែកដែលប៉ាម៉ាក់បានសម្លឹងមុខខ្ញុំពេលនេះទេ។ ខ្ញុំដើរឡើងទៅបន្ទប់របស់ខ្ញុំព្រោះមិនចង់ឮមិនចង់ឆ្លើយមិនចង់ដឹងមេរៀនគ្រប់យ៉ាងនៃការសន្ទនារបស់ពួកគាត់ទៀត។ ក្នុងបន្ទប់ដែលបិទជិតមានតែភ្លើងអំពូលពេលរាត្រីដែលភ្លឺផ្លុងៗនៅលើក្បាលដំណេករបស់ខ្ញុំភ្លឺចែសពន្លឺស្រាលៗក្នុងបន្ទប់ល្មមអាចមើលមុខគ្នាឃើញ។ ក្លិនភាយផ្សែងធូបហើរមកប៉ះនិងចុងច្រមុះរបស់ខ្ញុំឈួលតែម្ដង ខ្ញុំហាក់ចម្លែកចិត្តណាស់ម៉េចក៏មានផ្សែងធូបធំក្លិនមកដល់ទីនេះ។ ខ្ញុំក្រឡេកមើលជុំវិញបន្ទប់តែដូចជាមិនឃើញមាន…តែនរណាយកថាសបាយម្ហូបមកដាក់ទីនេះ?
ខ្ញុំចោទជាសំណួរគិតក្នុងចិត្តឡើង មិនយល់ថាហេតុអ្វីបានជាមានថាសបាយម្ហូបនៅក្នុងបន្ទប់ខ្ញុំទៅវិញ។
” ប្រហែលម៉ាក់លើកយកមកឱ្យហើយមើលទៅ “
តែធម្មតាគាត់មានដែរធ្វើអ៊ីចឹងនោះទេ។ បាយម្ហូបនៅក្ដៅៗនៅឡើយ ចុះម៉េចមុននេះម៉ាក់មិនប្រាប់ខ្ញុំ។ គិតចុះគិតឡើងខ្ញុំនៅតែមិនយល់ តែមិនបាច់គិតក៏បានព្រោះនៅតែគ្មានចម្លើយដដែល។ ខ្ញុំលើកថាសម្ហូបមកហូប
” ឆ្ងាញ់ដល់ហើយមនុស្សកំពុងតែឃ្លានស្រាប់ផង “
” នេះមួយថ្ងៃពេញហើយដែលខ្ញុំធំក្លិនផ្សែងធូបមើលតែខ្ញុំទៅវត្តថ្ងៃចូលឆ្នាំទៅហើយ “
អង្គុយម្នាក់ឯងនៅក្នុងបន្ទប់ម្នាក់ឯងនិយាយម្នាក់ឯងឯកាណាស់។ ហូបបាយរួចខ្ញុំក៏យកថាសបាយយកចុះទៅផ្ទះបាយវិញតែមិនឃើញមាននរណាអង្គុយនៅក្រោមផ្ទះទៀតទេ ក្នុងផ្ទះប្រែជាស្ងប់ស្ងាត់។
ថ្ងៃទីប្រាំបន្ទាប់ពីគ្រោះថ្នាក់នោះ…
ផ្លូវនេះទៀតហើយដែលខ្ញុំបានឃើញកាលពីប៉ុន្មានថ្ងៃមុន ដែលមានដុតទៀនបំភ្លឺអមសងខាងផ្លូវ។ តែលើកនេះមានទាំងទៀនដុតអមសងខាងផ្លូវហើយខ្ញុំនៅឮសំឡេងស្រែកហៅឈ្មោះខ្ញុំល្វើយៗ តែខ្ញុំមិនដឹងប្រភពសំឡេងមកពីខាងណានោះទេ។ ខ្ញុំនៅតែបន្តដើរទៅមុខទាំងមិនដឹងទិសដៅ អាប់ក្រាស់ខ្មៅចូលមកគ្របលើផ្លូវដែលខ្ញុំដើរកាន់តែងងឹតទៅៗ ខ្ញុំសឹងតែមើលផ្លូវមិនឃើញតែបានអំណាចនៃភ្លើងទៀនដែលបំភ្លឺអមសងខាងផ្លូវទើបខ្ញុំអាចបន្តដំណើរទៅមុខបាន។
ព្រឹកថ្ងៃទី ៥ ខែធ្នូ ខ្ញុំមកធ្វើការដូចសព្វដង ត្រូវជិះតាមផ្លូវដែលមានគ្រោះថ្នាក់ចរាចរណ៍កាលពី ៥ថ្ងៃមុនដដែល។ ខ្ញុំឃើញមានគេអុចធូបសែនសំណែន ៥ ថ្ងៃជាប់គ្នាហើយនេះ។ ក្នុងចិត្តខ្ញុំនៅមិនស្ងប់ទាល់តែសោះគិតថាម្នាក់ស្រីដែលជួបគ្រោះថ្នាក់ថ្ងៃមុន ប្រហែលជាស្លាប់បាត់បង់ជីវិតហើយមើលទៅ បានជាឃើញមានអ្នកមកសែនត្រង់នេះរាល់ថ្ងៃ ដើម្បីហៅព្រលឹងនាងឱ្យទៅផ្ទះវិញដើម្បីធ្វើបុណ្យឧទ្ទិសកុសលឱ្យនាងទៅកាន់សុខគតិភព ព្រោះខ្ញុំធ្លាប់ឮចាស់ៗដំណាលមកថា មនុស្សដែលស្លាប់ភ្លាមៗមិនដឹងថាខ្លួនឯងស្លាប់នោះទេលុះគម្រប់ ៧ថ្ងៃបានដឹងខ្លួនឯងថាខ្លួនស្លាប់។
ម៉ោងសម្រាកបាយថ្ងៃត្រង់ខ្ញុំទាញទូរសព្ទមកចុចមើលព័ត៌មានក្នុងបណ្ដាញសង្គម។ ផេកព័ត៌មានមួយដែលខ្ញុំបានមើលកាលពីប៉ុន្មានថ្ងៃមុន គេមានការចុះផ្សាយព័ត៌មានថ្មី តែបើមើលតាមថ្ងៃខែចុះផ្សាយគឺថ្ងៃទី២ ខែធ្នូ ។ ខ្ញុំក៏រហ័សដៃចុចចូលអានយ៉ាងប្រញាប់ ព្រោះវាមានជាប់ពាក់ព័ន្ធជាមួយនឹងរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃមុន។ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តបុកពីក្រោយម៉ូតូនៅជិតស្ពានជ្រោយចង្វា
” កាលពីល្ងាចថ្ងៃទី១ ខែធ្នូឆ្នាំ ២០២១ ដែលបង្កឱ្យស្ត្រីដែលជាជនរងគ្រោះឈ្មោះ សឿ ស្រីនិច អាយុ ២៣ ឆ្នាំបានបាត់បង់ជីវិតពាក់កណ្ដាលផ្លូវពេលរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត ដឹកយកទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះផងដែរ សមត្ថកិច្ចក៏បានទាក់ទងទៅក្រុមគ្រួសារសាច់ញាតិនៃសពស្ត្រីរងគ្រោះ យកទៅធ្វើបុណ្យសពតាមប្រពៃណី “
អានសឹងមិនចប់ ខ្ញុំស្លុតចិត្តពេកធ្លាក់ទូរសព្ទចុះពីដៃ ទឹកភ្នែកខ្ញុំក៏បានហូរស្រក់ចុះអត់មូលហេតុដំណាលគ្នា។ គ្រួសារនៃសពមានអារម្មណ៍បែបណាពេលបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន។ តើអ្នកស្លាប់ដឹងខ្លួនថាខ្លួនស្លាប់ឬទេ? នឹកដល់ចំណុចនេះទ្រូងខ្ញុំអួលអាក់ឈឺខ្ទោកៗឥតគណនា។ ចេញពីធ្វើការខ្ញុំជិះម៉ូតូត្រលប់មកផ្ទះវិញ ទាំងអារម្មណ៍នៅគិតរឿងថ្ងៃមិញមិនបាត់។
មកដល់កន្លែងចំណុចកើតហេតុនោះ ខ្ញុំក៏ងាកទៅមើលថាមានអ្វីប្លែកឬអត់ បេះដូងខ្ញុំចាប់លោតបោកទ្រូងភឹបៗដៃខ្ញុំព្យាយាមមួលល្បឿនម៉ូតូឱ្យលឿន ទៅមុខតាមដែលអាចធ្វើទៅបាន តែភ្នែកខ្ញុំនៅតែចោលសម្លឹងទៅមើលមនុស្សស្រីម្នាក់ដែលអង្គុយបោយដៃសុំខ្ញុំទៅជាមួយ ដែលខ្លួនរបស់នាងប្រឡាក់សុទ្ធតែឈាម មុខរបស់នាងគ្របជិតដោយសក់ខ្មៅក្រិប តែអារម្មណ៍ខ្ញុំបានឱ្យដឹងថានាងកំពុងសម្លឹងមើលមកខ្ញុំមិនដាក់ភ្នែកនោះទេ។
មកដល់ផ្ទះសឹងមិនទាន់ ខ្ញុំរូតរះតម្រង់ទៅបន្ទប់របស់ខ្ញុំ តែជើងរបស់ខ្ញុំត្រូវបានឈប់ឆ្កឹងពេលឃើញម៉ាក់របស់ខ្ញុំកំពុងរៀបចំម្ហូបអាហារផ្លែឈើទឹកក្រូចនំចំណីជាច្រើន សឹងធ្វើកម្មវិធីបុណ្យមួយបាន។
” ម៉ាក់ម៉េចទិញអីវ៉ាន់ម្ហូបអាហារច្រើនម្ល៉េះ”
” ម៉ាក់ធ្វើខួបកំណើតឱ្យកូន ” ឮបែបនេះខ្ញុំអរក្នុងចិត្តផើត តែខ្ញុំគិតថាប្រហែលខ្ញុំស្ដាប់ច្រឡំ ។ ខ្ញុំរកនិយាយសួរម៉ាក់បញ្ជាក់តែគាត់និយាយកាត់ខ្ញុំមុន។
” ម៉ាក់សុំទោស!” ខ្ញុំហាក់ស្រឡាំងកាំងនឹងពាក្យម៉ាក់បន្តិច
” ម៉ាក់សុំទោសរឿងអី “
” គឺរឿងកន្លងដែលម៉ាក់មិនបានបំពេញតួនាទីជាម៉ាក់ល្អសម្រាប់ឯង”
“ម៉ាក់!!” ខ្ញុំហៅម៉ាក់មួយម៉ាត់ហើយទឹកភ្នែករបស់ខ្ញុំជាច្រើនហូរមក អួលណែនដើមករកថាមិនត្រូវ។
” ម៉ាក់សុំទោស ម៉ាក់គឺជាម៉ាក់ដែលអាត្មានិយមបំផុត ដែលគិតតែសេចក្តីសុខរបស់ប៉ានិងប្អូនប្រុសក្រោយ ភ្លេចគិតក្ដីសុខកូនរយៈពេលកន្លង”
” ម៉ាក់…! ” ខ្ញុំកាន់តែយំលើសដើម ពេលដែលខ្ញុំឃើញទឹកភ្នែករបស់ម៉ាក់ហូរ ម៉ាក់ឱបខ្ញុំ ខ្ញុំឱបម៉ាក់យំទាំងអស់គ្នាគឃូស។
ប្រាំពីរថ្ងៃ…
ភ្លឹប!! ភ្លើងក្នុងផ្ទះរបស់ខ្ញុំស្រាប់តែត្រូវបានកាត់ផ្ដាច់ភ្លាមៗ ។ ដៃខ្ញុំដែលកំពុងតែឱបម៉ាក់មុននោះ បែរជាបាត់ម៉ាក់ទៅណាមិនឃើញ។ ខ្ញុំបែរជាមកប្រាកដខ្លួននៅលើដងផ្លូវដែលមានបំភ្លឺដោយភ្លើងទៀននោះសារជាថ្មី ទាំងដែលមុននេះខ្ញុំនៅក្នុងផ្ទះខ្លួនឯងសោះ កាន់តែគិតកាន់តែធ្វើឱ្យខ្ញុំវិលវល់។ អមដោយភ្លើងទៀនបំភ្លឺផ្លូវ ខ្ញុំនៅតែបន្តដើរទៅមុខដើរបានប៉ុន្មានជំហាន សំឡេងដែលស្រែកហៅឈ្មោះខ្ញុំដែលខ្ញុំបានឮកាលពីថ្ងៃប៉ុន្មានមុន ថ្ងៃនេះខ្ញុំក៏បានឮម្ដងទៀត។
” សឿ ស្រីនិច “
” និចកូនមកផ្ទះវិញកូន “
” និចកូនៗ មានឮម៉ាក់ហៅកូនទេ មកផ្ទះយើងវិញកូន “
សំឡេងស្រែកហៅខ្ញុំល្វើយៗពីចម្ងាយ តែខ្ញុំអាចដឹងបានថាជាសំឡេងរបស់ម៉ាក់ខ្ញុំច្បាស់ណាស់ ទោះបីជាគាត់ខាននិយាយពាក្យពីរោះនេះជាមួយខ្ញុំយូរមកហើយក៏ដោយ ក៏ខ្ញុំនៅតែអាចចាំបានព្រោះគ្រប់ពាក្យពេចន៍ របស់ម៉ាក់ខ្ញុំចាំគ្មានភ្លេចនោះទេ។
” ម៉ាក់ខ្ញុំចង់ទៅផ្ទះវិញ តែខ្ញុំរកផ្លូវទៅអត់ឃើញទេ “
ខ្ញុំខំនិយាយស្រែកឮៗ ប្រាប់ទៅម៉ាក់វិញ។ និយាយបណ្ដើរខ្ញុំយំអណ្តឺតអណ្តក ភ័យខ្លាចរកផ្លូវទៅផ្ទះអត់ឃើញភ័យខ្លាចអត់បានជួបម៉ាក់ឱបម៉ាក់ម្ដងទៀត។ ស្ងាត់បាត់ម៉ាក់មិនឮឆ្លើយ តែបែរជាជំនួសដោយសំឡេងព្រះធម៌លោកទេសនា លោកអាចារ្យសូត្រធម៌ឧទ្ទិសកុសលផលបុណ្យដល់ឧបាសិកា សឿ ស្រីនិច ដែលបានទទួលអនិច្ចកម្មទៅគម្រប់ខួប ៧ថ្ងៃ។ ហេតុអ្វីខ្ញុំឮឈ្មោះនេះទៀតហើយ តើខ្ញុំជាប់ពាក់ព័ន្ធអីជាមួយម្នាក់ស្រីដែលស្លាប់ហ្នឹង បានជាខ្ញុំតែងនឹករលឹកឃើញឮគ្រប់យ៉ាងពីនាងបែបនេះ។
” ម៉ាក់មកយកខ្ញុំទៅផ្ទះផង ខ្ញុំខ្លាច “
ខ្ញុំស្រែកយំហៅម៉ាក់ ជើងខ្ញុំទាំងគូខំប្រឹងរត់តាមដែលអាចធ្វើបាន នៅលើផ្លូវដែលមានអបដោយភ្លើងទៀនរាប់រយ។ មានសំឡេងលាន់សូរឡើងពីក្រោយខ្នងរបស់ខ្ញុំធ្វើឱ្យខ្ញុំផ្អាកជើងឈប់រត់ឈរត្រង់ភ្លឹងនៅមួយកន្លែង។
” និចកូន “
” បងនិច “
” និចឱ្យប៉ាសុំទោស មកផ្ទះយើងវិញមកកូន “
” បងស្រីឱ្យខ្ញុំសុំទោស បងមកផ្ទះយើងវិញមកបង “
ក្រោយស្ដាប់ប្រយោគទាំងពីរនេះចប់ ខ្ញុំចាប់ឈួលច្រមុះអួលដើមកយំហ៊ូ។ ប៉ានិងប្អូនប្រុសកំពុងឈរនៅក្រោយខ្នងរបស់ខ្ញុំ ខ្ញុំអាចទទួលអារម្មណ៍ដឹងច្បាស់ថាពួកគាត់ឈរនៅជិតខ្ញុំនេះឯងព្រោះសំឡេងរបស់ពួកគាត់នៅជិតត្រចៀករបស់ខ្ញុំណាស់។
” ខ្ញុំមិនទៅវិញទេ “
ខ្ញុំនិយាយទាំងអួលដើមក មិនដឹងហេតុអ្វីបានជាខ្ញុំឆ្លើយបែបនេះ ដាក់ប៉ានិងប្អូនប្រុសរបស់ខ្ញុំទេ គ្រាន់តែខ្ញុំដឹងថាខ្ញុំមិនចង់កើតទុក្ខ ហត់នឿយនឹងខ្លួនឯង ដែលទ្រាំរស់ទាំងគ្មានអ្នកចាប់អារម្មណ៍ខ្វល់សុខទុក្ខនោះទេ ចិត្តមួយចង់ទៅផ្ទះ ចិត្តមួយទៀតមិនចង់ទៅវិញដាច់ខាត។
” ងាកមកនិយាយជាមួយប៉ាសិនមកកូន ប៉ាដឹងថាកាលកន្លងប៉ាធ្វើខុសឆ្គងលើកូនខ្លាំងណាស់ ប៉ាដឹងខុសហើយលើសទោសឱ្យប៉ាផង “
” បងស្រីប្អូនប្រុសម្នាក់នេះក៏សុំទោសបងដែរបង ងាកមកនិយាយជាមួយខ្ញុំ និងប៉ាសិនមកបង កុំដើរទៅមុខទៀតអីព្រោះបងមកឆ្ងាយហើយ “
កាន់តែឮពាក្យអង្វរ ខ្ញុំកាន់តែចង់ដើរទៅមុខ មិនចង់ងាកមើលមុខពួកគាត់នោះទេ ព្រោះមិនដឹងថាពាក្យដែលប៉ានិងប្អូនខ្ញុំនិយាយពិតឬអត់នោះទេ។ ទ្រូងខ្ញុំវាឈឺ ទឹកភ្នែកខ្ញុំកាន់តែហូរ ហេតុអ្វីក៏ជាខ្ញុំតែម្នាក់ ដែលត្រូវមកជួបរឿងប្លែកៗ បែបនេះខ្ញុំចង់មានប៉ាមួយម៉ាក់មួយមានគ្រួសារដែលកក់ក្ដៅ មិនមែនមកត្រូវមានប៉ាចុងស្រលាញ់កូនបង្កើតខ្លួន មិនចូលចិត្តកូនចុង ក្នុងគ្រួសារម្ដងក្ដៅម្ដងត្រជាក់ ម្ដងដេញម្ដងហៅមកវិញ តើទុកខ្ញុំជាអ្វីឱ្យប្រាកដ ហេតុអ្វីមិនផ្តល់ភាពកក់ក្តៅឱ្យខ្ញុំដូចកូនបង្កើតផង?
” កូននិចមកផ្ទះជាមួយម៉ាក់វិញមក ម៉ាក់មកទទួលកូនទៅផ្ទះយើងវិញហើយ “
ខ្ញុំស្រវាយោងដៃមកជូតទឹកភ្នែកចេញពីលើមុខឡើងរហ័ស ពេលដែលឮសំឡេងរបស់ម៉ាក់និយាយឡើង។ តែខ្ញុំមិនទាន់ប្រាកដចិត្តងាកទៅនិយាយជាមួយពួកគាត់នោះទេ ព្រោះខ្ញុំគិតថាហេតុអ្វីបានជាម៉ាក់មកប្រាកដខ្លួននៅទីនេះភ្លាមៗ បែបនេះ។
” ម៉ាក់ តើជាម៉ាក់មែនទេ ? “
” ម៉ាក់គឺជាម៉ាក់របស់កូន “
” បើម៉ាក់ជាម៉ាក់របស់ខ្ញុំ ម៉េចក៏ទុកឱ្យខ្ញុំរស់នៅឯការម្នាក់ឯងយូរយ៉ាងនេះ ម៉ាក់មានដឹងទេថាខ្ញុំរងារ ខ្ញុំខ្វះភាពកក់ក្តៅពីម៉ាក់ពីគ្រួសារទាំងមូល។ ខ្ញុំមិនដែលទទួលបានការលើកទឹកចិត្តពីម៉ាក់ពីប៉ានោះទេ មានតែការស្ដីបន្ទោសនិងការប្រៀបធៀប។ ម៉ាក់មានដឹងទេថាខ្ញុំនេះឈឺចាប់ប៉ុនណា? ” រៀបរាប់រឿងក្នុងចិត្តបណ្ដើរ ខ្ញុំយំដូចកូនក្មេងអមការរៀបរាប់របស់ខ្ញុំបណ្តើរព្រោះខ្ញុំលាក់ភាពឈឺចាប់ឯការនេះមកច្រើនឆ្នាំហើយ។
” ឱ្យម៉ាក់សុំទោសកូន ” និយាយចប់ម៉ាក់ស្រែកយំមួយទំហឹងខ្ញុំអាចស្មានដឹងពីទំហំនៃការឈឺចាប់របស់ម៉ាក់បាន។ ប៉ានិងប្អូនប្រុសរបស់ខ្ញុំក៏យំឡើងដូចគ្នា សំឡេងយំរៀបរាប់របស់ពួកគាត់សុំទោសមកកាន់ខ្ញុំធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកមិនចាញ់ពួកគាត់ប៉ុន្មានឡើយ។
” បងស្រីទៅផ្ទះយើងវិញទៅណា ចាំយើងរីករាយថ្ងៃកំណើតរបស់បងជាមួយគ្នា “
” មែនហើយនិចកូន ម៉ាក់បានរៀបចំកម្មវិធីខួបកំណើតរបស់កូនហើយៗ នៅចាំតែកូនទៅផ្ទះវិញប៉ុណ្ណោះ យើងនឹងបានឆ្លងថ្ងៃកំណើតរបស់កូនជុំគ្នា “
” ប៉ាក៏បានទិញកាដូឱ្យកូនដែរ មកកូនយើងទៅផ្ទះយើងវិញ “
ភាពឯការដែលកប់ក្នុងប្រអប់ទ្រូងរបស់ខ្ញុំរាប់ឆ្នាំមកនេះត្រូវបានរលាយបាត់ម្ដងបន្ដិចៗ ដោយសារតែទឹកភ្នែកយំអង្វររៀបរាប់របស់គ្រួសាររបស់ខ្ញុំ។ ចំហាយនៃភាពកក់ក្តៅដែលខ្ញុំបានបាត់បង់ជាយូរមកហើយនោះពេលនេះវាបានវិលត្រលប់មកវិញហើយនៅពេលដែលខ្ញុំព្រមទម្លាក់ចោលនូវចិត្តឯការ ខឹង ស្អប់ នៃរឿងកន្លងមក។ ខ្ញុំព្រមងាកទៅនិយាយជាមួយម៉ាក់ប៉ានិងប្អូនប្រុសរបស់ខ្ញុំ។
” ខ្ញុំព្រមទៅផ្ទះវិញហើយ តែសូមកុំទុកឱ្យខ្ញុំនៅឯកោម្នាក់ឯងទៀតព្រោះខ្ញុំខ្លាច ខ្ញុំមិនចង់វិលទៅរកភាពឯការបែបនោះទៀតទេ ” ប៉ាម៉ាក់និងប្អូនប្រុសរបស់ខ្ញុំស្ទុះចូលមកឱបខ្ញុំយំ ធ្វើឱ្យខ្ញុំទប់ទឹកភ្នែកអត់ជាប់យំគឃូសឱបពួកគាត់វិញ។
ភ្លឹប!! ភ្លើងស្រាប់តែភ្លឺមកវិញឡើងរហ័ស គ្រប់យ៉ាងដែលខ្ញុំឃើញមុននេះគឺខុសពីសភាពនៅមុខខ្ញុំទាំងស្រុង ខ្ញុំបែរជាមកឈរឆ្ងក
នៅមុខផ្ទះរបស់ខ្ញុំទៅវិញ ។ រោងពិធីដែលមានលម្អដោយពណ៌សខ្មៅ មានមនុស្សមកចូលរួមក្នុងពិធីស្លៀកពាក់អាវសសំពត់និងខោពណ៌ខ្មៅដើរតម្រង់ចូលក្នុងរោងពិធីជាហូរហែ។ ធ្លាក់ថ្លើមក្តុកទឹកភ្នែករបស់ខ្ញុំក៏ច្រាលធ្លាក់ចុះមកជាថ្មីពេលខ្ញុំងើយសម្លឹងមើលឈ្មោះអ្នកស្លាប់នៅខាងមុខរោងបុណ្យសពគម្រប់ខួប៧ថ្ងៃ។
” ហេតុអ្វីក៏ជាខ្ញុំ? “
” ហេតុអ្វីឈ្មោះដូចខ្ញុំម្នាក់ទៀតហើយ? “
” ក្នុងគ្រួសារខ្ញុំមានអ្នកណាស្លាប់? “
” ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ ម៉េចក៏ធ្វើរោងបុណ្យសពទៅវិញ “
សំណួរជាច្រើនកំពុងរត់ត្របាញ់ពេញខួរក្បាលរបស់ខ្ញុំ ទាំងគ្មានចម្លើយឆ្លើយតបមកកាន់សំណួរវិញ។
” ម៉ាក់ ! ម៉ាក់នៅណា…? “
ខ្ញុំរត់ចូលទៅក្នុងផ្ទះទាំងទឹកភ្នែកសស្រាក់សំដៅទៅរកម៉ាក់។ ស៊ុមរូបថតដែលមានលម្អដោយផ្កាភ្ញី ដែលដាក់តាំងនៅជិតតុដែលមានដាក់សែនបាយម្ហូប បានប្រាប់គ្រប់សកម្មភាពរបស់ខ្ញុំឱ្យឈប់គាំង ចម្លែកតែទឹកភ្នែករបស់ខ្ញុំនៅតែហូរស្រក់សឹងក្លាយជាទន្លេហើយ។
” គឺរូបខ្ញុំ “
” ខ្ញុំអត់ទាន់ចង់ស្លាប់ទេ “
” ហេតុអី? ម៉ាក់ជួយខ្ញុំផងខ្ញុំអត់ទាន់ចង់ស្លាប់ទេ ខ្ញុំចង់នៅទទួលបានភាពកក់ក្តៅពីម៉ាក់និងប៉ា ប្អូនប្រុសសិន “
ខ្ញុំឈរយំយែករៀបរាប់តែគ្មានការឆ្លើយតបពីអ្នកឡើយ នេះខ្ញុំប្រហែលជាត្រូវទទួលស្គាល់ហើយថាខ្ញុំបានចាកចេញហើយគឺប្រាំពីរថ្ងៃដែលខ្ញុំចេញពីធ្វើការហើយធ្វើដំណើរត្រលប់មកផ្ទះវិញ ខ្ញុំក៏ឃើញគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីដែលជួបគ្រោះថ្នាក់នោះគឺជាខ្ញុំ ខ្ញុំខ្លួនឯងដែលឃើញខ្លួនឯងគ្រោះថ្នាក់។ បែបនេះបានន័យថារឿងគ្រប់យ៉ាងដែលខ្ញុំបានឃើញបានឮកន្លងមកគឺជាការស្រមៃរបស់ខ្ញុំទាំងអស់។ ក្លិនផ្សែងធូប ទៀនបំភ្លឺផ្លូវ ថាសអាហារផ្លែឈើ ដែលខ្ញុំបានឃើញបានទទួលទៀនគឺសុទ្ធតែជាការឧទ្ទិសបុណ្យកុសលពីគ្រួសារញាតិមិត្តបងប្អូនដែលស្រឡាញ់អាណិតខ្ញុំ។
” ខ្ញុំសុំទោសម៉ាក់ប៉ានិងប្អូន ដែលមិនបាននៅបម្រើមើលថែលោកឱ្យដល់ចាស់ ។ សុំលើកទោសរឿងកាលកន្លងដែលខ្ញុំធ្លាប់ធ្វើលើសលួសលើលោកទាំងពីរផង ។ កូនស្រីម្នាក់នេះសុំក្រាបសំពះលាលោកទាំងពីរហើយ”
ខ្ញុំលុតជង្គង់ក្រាបសំពះលាប៉ានិងម៉ាក់ជាលើកដំបូងនិងជាលើកចុងក្រោយ ក្នុងឆាកជីវិតនេះមុនខ្ញុំរលត់ផុតទៅ។
” ខ្ញុំសុំលាលោកហើយ ប្អូនប្រុសកុំបន្ទោសបងណាដែលឱ្យប្អូននៅរ៉ាប់រងម្នាក់ឯង បងក៏មិនចង់អ៊ីចឹងដែរតែបងអស់វេលាហើយ ជួយមើលថែម៉ាក់ប៉ាជំនួសបងផង បងសុំលាឯងហើយ “
” លាហើយអ្នកទាំងអស់គ្នា! លាគ្មានថ្ងៃនឹងជួប… “
ខ្ញុំគ្រាន់តែដឹងថាខ្ញុំស្តាយណាស់ ដែលរវល់យកពេលវេលាស្អប់ខឹងម៉ាក់ ច្រណែនប្អូនប្រុស បើពេលនៅរស់ខ្ញុំទម្លាក់រឿងនេះចោល ហើយទទួលយកអ្វីដែលខ្លួនមាន ធ្វើជាមនុស្សដែលរឹងមាំជាងនេះ ភាពកក់ក្តៅទាំងនោះប្រហែលមិនមែនត្រឹមតែក្តីស្រមៃនោះទេ។ ខ្ញុំពិតជាចង់ឱ្យមនុស្សទាំងអស់ចេះផ្តល់ក្តីស្រឡាញ់ឱ្យបានច្រើនដល់មនុស្សជុំវិញខ្លួន មិនថាគេនោះជាអ្នកណាក៏ដោយ កូនបង្កើត ប្អូនចុង។
ម៉ាក់…ខ្ញុំស្រលាញ់ម៉ាក់៕
ចប់