រឿង៖ ក្រោកឈរ

មិនថា អ្នកដើរដួលប៉ុន្មានដងទេអ្វីដែលអ្នកត្រូវធ្វើគឺក្រោកឈរហើយដើរទៅរកក្ដីស្រមៃត្រូវចាំថា បើអ្នកមិនបោះបង់ខ្លួនឯង គ្មានអ្នកណាបោះបង់អ្នកឡើយ។
គ្រប់គ្នាតែងនិយាយថា ស្អែកថ្ងៃថ្មី អ្វីៗនឹងប្រសើរឡើង ប៉ុន្តែពាក្យមួយឃ្លានេះគ្រាន់តែជាពាក្យលើកទឹកចិត្តសម្រាប់មនុស្សព្រមចុះចាញ់ប៉ុណ្ណោះ។ ឆ្លងផុតយប់នេះជាថ្ងៃថ្មីពិតមែន ប៉ុន្តែមិនប្រាកដថា អ្វីគ្រប់យ៉ាងនឹងប្រសើរឡើងតាមអ្វីដែលយើងប៉ងឬរំពឹងទេ បើយើងមិនជំនះពុះពារនោះទេ អ្វីគ្រប់យ៉ាងក៏មិនអាចប្រសើរឡើងបានដែរ ប្រៀបបីដូចជា មនុស្សអ៊ីចឹង បើមនុស្សម្នាក់ខ្ជិលមិនស្វះស្វែងសម្រេចគោលដៅខ្លួនទេ មនុស្សម្នាក់នោះនឹងក្លាយជាមនុស្សបរាជ័យមិនអាចឈានដល់គោលដៅរបស់ខ្លួនជារៀងរហូតអ៊ីចឹងដែរ។
ខ្ញុំ “ ឡាលីន” តែងគិតថា រឿងមួយនោះនឹងធ្វើឱ្យខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងទាំង កេរ្តិ៍ឈ្មោះ កិត្តិយស ក្ដីស្រមៃជាដើម ប៉ុន្តែផ្ទុយទៅវិញ វាបែរក្លាយជាបទពិសោធន៍មួយដែលខ្ញុំចងចាំមិនភ្លេច ទោះបីវាជាហេតុការណ៍ដែលគួរឱ្យខ្លាចក្នុងមួយឆាកមួយជីវិតរបស់ខ្ញុំក៏ដោយតែវាជាមេរៀនមួយអាចធ្វើឱ្យខ្ញុំឈានដល់ចំណុចនេះបាន។
៤ឆ្នាំមុន…
កាលពីនៅវិទ្យាល័យ ខ្ញុំតែងយល់ថា ជីវិតនៅមហាវិទ្យាល័យប្រហែលជាអាចនឹងល្អប្រសើរជាងពេលរៀនវិទ្យាល័យ ប៉ុន្តែអ្វីទាំងនោះវាគ្រាន់តែជាការយល់ខុសរបស់ខ្ញុំទេ។ នេះជាឆ្នាំទី៣ នៃការសិក្សានៅសកលវិទ្យាល័យរបស់ខ្ញុំហើយ មួយប៉ប្រិចភ្នែក៣ឆ្នាំកន្លងផុតទៅ ពិតជាលឿនណាស់ រៀនផងធ្វើការផងនេះជាជីវិតដ៏សែនរីករាយរបស់ខ្ញុំ។ ខ្ញុំឈ្មោះ សុវណ្ណ ឡាលីនជានិស្សិតឆ្នាំទី៣នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកឌីហ្សាញ(រចនាម៉ូត)។ ក្ដីស្រមៃរបស់ខ្ញុំគ្រាន់តែចង់រៀនឱ្យចប់មានការងារធ្វើ ជាពិសេសខ្ញុំសង្ឃឹមថា នឹងអាចដេគ័រហាងកាហ្វេមួយដែលជារបស់ខ្លួនឯង ហើយនឹងមើលថែម៉ាក់ឱ្យបានល្អ។
សូរសំឡេងកណ្ដឹងរោទ៍បន្លឺឡើងប្រាប់ជាសញ្ញាថា ដល់ពេលបាយថ្ងៃត្រង់ហើយ…
មនុស្សប្រុសម្នាក់មាឌមាំ រាងខ្ពស់ស្រឡះ សង្ហារដូចកូនកាត់ចិនបានដើរសម្ដៅមកតុអាហាររបស់ខ្ញុំរួចនិយាយ
“សួស្ដី ខ្ញុំសុំអង្គុយដែរបានអត់?”
“ចាសបាន!” ខ្ញុំងើយមើលមុខរបស់គាត់រួចក៏និយាយហើយញញឹម
គាត់ឈ្មោះ វិទូ ជាសិស្សច្បងរៀនសាលាជាមួយគ្នា។ អ្នកណាមិនស្គាល់ជាកូនអ្នកមានដែលល្បីខាងពូកែញ៉ែស្រីលេខមួយប្រចាំសាលា គ្រាន់តែគាត់មកអង្គុយញ៉ាំបាយជាមួយខ្ញុំភ្លាមមានអារម្មណ៍ថា ដូចជាមិនសូវស្រួលចិត្តយ៉ាងម៉េចមិនដឹងទេហើយឱ្យស្រួលចិត្តម៉េច បើគេគ្រប់គ្នាកំពុងតែសម្លឹងមកមិនដាក់ភ្នែកអ៊ីចឹង។ ប៉ុន្តែ ខ្ញុំគិតថា ប្រហែលមកពីខ្ញុំគិតច្រើនហើយ មនុស្សដែលជាកូនអ្នកមានដូចគាត់ម៉េចនឹងអាចមកចាប់អារម្មណ៍នឹងមនុស្សស្រីធម្មតាៗដូចខ្ញុំទៅ ជាពិសេស គាត់ក៏មិនមែនជាប្រភេទមនុស្សប្រុសដែលខ្ញុំចូលចិត្តដែរ។
តាំងពីថ្ងៃនោះមក ខ្ញុំក៏តែងតែជួបគាត់ជារឿយៗមិនថា ពេលទៅញ៉ាំបាយ ពេលរៀនឬក៏ទៅណាទេ គឺតែងតែជួបគាត់រហូតហ្មង។ ប៉ុន្តែ បន្ទាប់ពីបានស្គាល់គាត់មក ខ្ញុំគិតថា គាត់ដូចមិនមែនជាមនុស្សប្រុសដែលគ្រប់គ្នាតែងនិយាយផង មើលទៅគាត់ឡើងសុភាព ហើយពូកែហ្មត់ចត់ទៀត។
១ សប្ដាហ៍ក្រោយមក
“ឡាលីន” សំឡេងធំគ្រលរដង្ហោយហៅខ្ញុំពីក្រោយពេលដែលខ្ញុំដើរចេញពីថ្នាក់រៀន
“ សិស្សច្បង! ហៅខ្ញុំមានការអីមែន?” ខ្ញុំងាកក្រោយហើយតបទៅបុរសដែលកំពុងតែកាន់តែទឹកដោះគោនៅនឹងដៃ។
“គឺបងគ្រាន់តែអញ្ជើញឡាលីនញ៉ាំបាយ បានអត់?” គាត់និយាយមកកាន់ខ្ញុំបែបប្រាកដប្រជា
“អញ្ជើញខ្ញុំ?” ខ្ញុំយកដៃចង្អុលខ្លួនឯងហើយឆ្លើយទាំងងឿងឆ្ងល់នឹងការអញ្ជើញរបស់គាត់ ព្រោះអីមនុស្សទើបតែស្គាល់គ្នាមិនទាន់បានកន្លះខែផង ហើយអត់សូវជិតស្និទ្ធិទៀត។ គាត់បែរជាអញ្ជើញខ្ញុំញ៉ាំបាយមិនឱ្យឆ្ងល់យ៉ាងម៉េច?
“បាទ! មានអញ្ជើញនរណាទៀត បើនៅទីនេះមានតែបងនិងឡាលីនហ្នឹង” គាត់និយាយហើយញញឹម។ “បងគ្រាន់តែចង់ធ្វើជាមិត្តជាមួយឡាលីនអត់បានដែរមែន?”
“មិនមែនអ៊ីចឹងទេ សិស្សច្បង។ ខ្ញុំគ្រាន់តែរាងចម្លែកបន្តិច។”
“អ៊ីចឹងបងសម្រេចថា ឡាលីនយល់ព្រមហើយណា៎។ ល្ងាចជួបគ្នា លាសិនហើយ សិស្សប្អូនសំណព្វចិត្ត។” និយាយចប់គាត់ក៏ដើរទៅបាត់
“តែ… ខ្ញុំមិនបានថា យល់ព្រមឯណា ហ្ហើយ…។ សំណាងហើយ ដែលល្ងាចមិនត្រូវទៅធ្វើការ កុំអីច្បាស់ជាស្លាប់មិនខាន។”
ពេលល្ងាច…
“សុំទោសផង សិស្សច្បងដែលខ្ញុំមកយឺត។” ខ្ញុំដកដង្ហើមមិនដល់គ្នារួចនិយាយទាំងដង្ហក់ព្រោះតែខ្ញុំរត់មកខ្លាចមកមិនទាន់ការណាត់របស់សិស្សច្បង
“មិនអីទេ បងក៏ទើបតែមកដែរ” គាត់ញញឹម
“អូនឯងចង់ញ៉ាំអី បងអត់ទាន់បានកុម្ម៉ង់ទេ។” គាត់បានហុចសៀវភៅមុខម្ហូបឱ្យខ្ញុំ
“សិស្សច្បង កុម្ម៉ង់ទៅ ខ្ញុំញ៉ាំអីក៏បានដែរ។” ខ្ញុំនិយាយហើយរុញសៀវភៅមុខម្ហូបឱ្យគាត់វិញ
“ចឹងក៏បាន។”
១០នាទីក្រោយមក…
“អធ្យាស្រ័យបង” អ្នករត់តុម្នាក់និយាយគួរសម ព្រោះគាត់ត្រូវដាក់ម្ហូបមកលើតុខ្ញុំតបជាការគោរព
“ចាស បង”
“ឡាលីន បងមានរឿងចង់និយាយជាមួយអូនឯង។” គាត់ដាក់ស្លាបព្រាចុះ រួចក៏និយាយព្រមជាមួយនឹងទឹកមុខហ្មត់ចត់និងប្រាកដប្រជា
“មានរឿងអីឱ្យខ្ញុំជួយមែន? សិស្សច្បង” ខ្ញុំឆ្លើយតបទៅគាត់ហាក់មិនទាន់ច្បាស់នឹងសម្ដីរបស់គាត់
“បងសុំនិយាយតាមត្រង់ហើយអ៊ីចឹង ឡាលីន..អូនឯង…អាចធ្វើជាមិត្តស្រីរបស់បងបានអត់?” គាត់បានសម្លឹងមកខ្ញុំមិនដាក់ភ្នែកហាក់បីជាកំពុងរងចាំចម្លើយរបស់ខ្ញុំជាយូរមកហើយ។
ខេះៗ… សំឡេងក្អករបស់ខ្ញុំបានបន្លឺឡើងហាក់នឹកស្មានមិនដល់នឹងសំណួរដែលគាត់បានសួរ។ ខ្ញុំក៏លើកទឹកមកក្រេបផ្សើមបំពង់ក រួចនិយាយបន្ទាប់ពីគិតមួយសន្ទុះ៖
“សិស្សច្បង ខ្ញុំអរគុណបងដែលបានប៉ាវ(អញ្ជើញ)បាយខ្ញុំល្ងាចនេះ ប៉ុន្តែខ្ញុំអត់អាចធ្វើជាមិត្តស្រីរបស់បងបានទេ ខ្ញុំពិតជាសុំទោសណាស់ សិស្សច្បង” ខ្ញុំនិយាយបដិសេធដោយមានការគោរពទៅកាន់រៀមច្បង
“កើតអី ម៉េចក៏មិនអាច??” ទឹកមុខរបស់គាត់ប្រែទៅជាស្រពោន
“ខ្ញុំមិនដែលគិតចង់បានសង្សារទេហើយខ្ញុំគិតថា ពួកយើងធ្វើជាមិត្តនឹងគ្នាល្អស្រាប់ទៅហើយ ។”
“មិនអីទេ ជាមិត្តនឹងគ្នាក៏បាន ចាត់ទុកថា ពាក្យអម្បាញ់មិញ បងមិនបាននិយាយទៅចុះ ទោះបីជាឡាលីនមិនស្រឡាញ់បង ប៉ុន្តែឡាលីនមិនអាចហាមបងមិនឱ្យស្រឡាញ់ឡាលីនបានទេ។”
ខ្ញុំញញឹម ព្រោះគាំងនឹងចម្លើយរបស់គាត់។
មោហ៍បាំង…
ស្រលាញ់មនុស្សម្នាក់មិនចាំបាច់មានហេតុផល
ចាប់តាំងពីថ្ងៃនោះមក សិស្សច្បងបានធ្វើរឿងជាច្រើនដែលខ្ញុំស្មានមិនដល់គឺគាត់តែងតែចាំខ្ញុំចេញពីរៀន ទៅញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នា ជាពិសេសគាត់ក៏ចាប់ផ្ដើមមិនធ្វើចរិតជាព្រាននារីដូចពីមុនទៀតហើយ។ ទោះបីជាខ្ញុំមិនបានស្រឡាញ់គាត់ ប៉ុន្តែក៏មានចិត្តរំភើបខ្លះដែរ នៅពលគាត់បានធ្វើរឿងជាច្រើនដើម្បីខ្ញុំ។
នៅថ្ងៃមួយ ពេលចេញពីធ្វើការមានមនុស្សប្រុសមួយក្រុមដើរតាមខ្ញុំ ហាក់បីដូចជា ខុសពីធម្មតា។ នៅពេលនោះខ្ញុំក៏ខំដើរឱ្យលឿនស្រាប់តែមនុស្សម្នាក់ចាប់ដៃខ្ញុំ ហើយនិយាយថា៖
“ ហេ ! អូនស្រីទៅណាហ្នឹង យប់ថ្មើរនេះហើយដើរតែម្នាក់ឯងចាំបងជូនទៅផ្ទះ។” ពួកគេនិយាយហើយងាកមើលមុខគ្នារួចញញឹម
“លែងដៃខ្ញុំ។” ខ្ញុំនិយាយទាំងភិតភ័យយ៉ាងខ្លាំងមិនដឹងថា ត្រូវធ្វើយ៉ាងណាទេពេលហ្នឹងអ្ហ៎!
“ផ្ទះនៅណា ចាំបងជូនទៅ។” ពួកគេនៅបន្តនិយាយហើយចាប់ដៃខ្ញុំកាន់តែខ្លាំង
ខ្ញុំក៏បានស្រែកឱ្យគេជួយ ប៉ុន្តែហាក់មិនមាននរណាម្នាក់ឆ្លើយតបនឹងការហៅជំនួយរបស់ខ្ញុំទេ ស្រាប់តែពេលនោះមានមនុស្សម្នាក់ចេញពីខាងណាមិនដឹង បានវាយពួកនោះឱ្យរត់អស់រលីង។ ពេលខ្ញុំបើកភ្នែកភ្លាមបានឃើញសិស្សច្បង ខ្ញុំក៏ស្ទុះទៅឱបគាត់យ៉ាងណែនព្រោះបើគាត់មកមិនទាន់ទេ មិនដឹងថាខ្ញុំនឹងទៅជាយ៉ាងណាទេ។ នៅពេលនោះខ្ញុំមានអារម្មណ៍ច្របូកច្របល់គិតអ្វីមិនចេញទេ ហើយខ្ញុំខ្លាចយ៉ាងខ្លាំង។
មួយសន្ទុះក្រោយមក…
“ញ៉ាំទឹកសិនទៅ” គាត់បានហុចទឹកមួយដបមកឱ្យខ្ញុំ
ខ្ញុំទទួលរួចនិយាយ “ថ្ងៃនេះពិតជាអរគុណសិស្សច្បងខ្លាំងណាស់ដែលបានជួយខ្ញុំ ខ្ញុំមិនដឹងនឹងត្រូវសងគុណបងយ៉ាងម៉េចទេ។”
“ឱ្យតែឡាលីនមិនកើតអី បងក៏សប្បាយចិត្តដែរ” គាត់និយាយមកកាន់ខ្ញុំដោយទឹកមុខរីករាយ
“បើសិនជាបងមានអីឱ្យខ្ញុំជួយអាចប្រាប់ខ្ញុំបាន ឱ្យតែបងប្រាប់ខ្ញុំនឹងជួយបងឱ្យអស់លទ្ធភាព។”
“បងមិនចង់បានអីទេ គ្រាន់តែចង់ឱ្យឡាលីនសាកស្រឡាញ់បងបានអត់?”
“ចាស?” ខ្ញុំឆ្លើយគំហកទៅកាន់គាត់
“ហ៊ឹម… បងនិយាយលេងទេកុំយកដាក់ក្នុងចិត្តអី យប់អ៊ីចឹងមិនសូវសុវត្ថិភាពប៉ុន្មានទេ ចាំបងជូនទៅផ្ទះ ”
“អរគុណបងម្ដងទៀត សិស្សច្បង”
“បាទ”
ស្អែកឡើង នៅសាលា…
“សួស្ដី ឡាលីន!”
“ចាស សួស្ដីសិស្សច្បង” ខ្ញុំងាកទៅរកគាត់ហើយនិយាយទាំងទឹកមុខរួសរាយរាក់ទាក់
“យប់មិញអត់អីណាហី? នៅភ័យទៀតអត់?” គាត់សួរហាក់បីដូចជាកំពុងបារម្ភនឹងខ្ញុំ
“ចាស អត់អីទេ សិស្សច្បង ខ្ញុំលែងអីហើយ”
“បងគិតថា អូនឯងគួរតែធ្វើការយប់អ៊ីចឹងទៅ វាមិនសុវត្ថិភាពទេ”
“ខ្ញុំប្រហែលជាត្រូវឈប់មែនហើយ ព្រោះខ្ញុំជិតរកបានការងារថ្មីហើយ។”
“មែនហី?”
“ចាស “ ខ្ញុំញញឹម
“អបអរផងណា ពេលបងឮអ៊ីចឹង គ្រាន់ធូរទ្រូងបន្តិច” គាត់យកដៃរឹតទ្រូងហើយនិយាយទាំងដែលមើលទៅទឹកមុខគាត់សប្បាយចិត្ត មិនចាញ់ខ្ញុំប៉ុន្មានទេ។
“អរគុណសិស្សច្បង ប្រហែលទាល់តែ២ ៣ខែទៀតហ៎។”
“ម៉េចក៏យូរម្ល៉េះ?”
“ខ្ញុំមិនសូវដឹងដែរ តែលោកគ្រូគាត់ថា គេអត់ទាន់ចង់ឌីហ្សាញហាងហ្នឹងឥឡូវទេ អ៊ីចឹងទៅ ខ្ញុំនៅតែធ្វើការយប់ដដែល ទាល់តែគេព្រមបានខ្ញុំឈប់”
“អ៊ីចឹងចាប់ពីពេលនេះទៅ ចាំបងអ្នកជូនឡាលីនទៅផ្ទះពេលចេញពីធ្វើការ”
“ខ្ញុំគិតថា មិនបាច់ក៏បានដែរ ខ្ញុំមិនចង់រំខានសិស្សច្បងទៀតទេ” ខ្ញុំឆ្លើយបដិសេធ
“បងគិតថា ចាំបងអ្នកជូនទៅផ្ទះវិញ ក្រែងឡាលីនចង់សងបងហី? អ៊ីចឹងឱ្យបងជូនទៅផ្ទះទៅ មិនបាច់និយាយទៀតទេ សម្រេចអ៊ីចឹងហើយ”
នៅផ្ទះឡាលីន…
ហ៊ឹម…ខ្ញុំដកដង្ហើមធំហើយគិតពីអ្វីដែលបានកើតឡើង។ ហេតុអីក៏គាត់ល្អដាក់ខ្ញុំម្ល៉េះហ្ន? ទាំងដែលខ្ញុំគ្មានអ្វីគ្រប់យ៉ាងទាំងឋានៈ មុខមាត់ ការស្លៀកពាក់មិនស្មើនឹងសង្សារមុនៗគាត់ផងហ្នឹង! ហ្ហើយ… តែពេលដែលគិតដល់គាត់ម្ដងៗ ខ្ញុំមានអារម្មណ៍ថា បើប្រៀបធៀបជាមួយមនុស្សប្រុសដទៃ គាត់មើលទៅខុសពីគេ ទោះបីជាគាត់ធ្លាប់មានប្រវត្តិមិនល្អក៏ដោយ តែឥឡូវគាត់មិនដូចពីមុនផង។ តើខ្ញុំគួរតែផ្ដល់ឱកាសឱ្យគាត់ម្ដងដែរឬអត់ហ្ន? ខ្ញុំធ្លាប់ឮគេនិយាយថា ស្រឡាញ់គ្នាមិនបាច់គិតពីអតីតកាលទេ តើខ្ញុំគួរធ្វើយ៉ាងម៉េចហ្ន? ណ្ហើយ! ឈប់គិតច្រើនហើយដេកទៅឡាលីន បើស្រឡាញ់គេផ្ដល់ឱកាសឱ្យគេម្ដងទៅ មើលទៅដូចជាគ្មានខាតអីផង។ អូខេ សម្រេចអ៊ីចឹងហើយ។
ស្អែកឡើង…
ស្គាល់រសស្នេហ៍នៅគ្រាស្រឡាញ់ៗៗ ចិត្តស្រីចុះចាញ់ជាឈ្លើយ ស្រី…លះបង់គ្មានសល់អ្វីឡើយ ពេលប្រុសថ្នាក់ថ្នមកៀកកើយ បងជាខ្នើយដួងចិត្ត។ ស្គាល់រសស្នេហ៍នៅគ្រាបងថ្នមៗៗ លួងលោមបីបមឱបរឹត…
ខ្ញុំកំពុងតែលង់នៅក្នុងបទចំរៀងម៉ោងរោទ៍របស់ខ្ញុំដែលជាសំនៀងដើមរបស់ អ្នកស្រី រស់សេរីសុទ្ធាតែដល់ពេលបើកភ្នែកហើយទាញទូរសព្ទមើលម៉ោង អីគេហ៍ នេះម៉ោង៨ កន្លះហើយ រវល់តែដេកគិត ឃើញអត់ឥឡូវដេកខកទាល់តែបាន។
៣៥នាទីក្រោយមក នៅសាលា…
“ឡាលីន ម៉េចក៏ថ្ងៃនេះមករៀនយឺតម្ល៉េះ?”
“អ៎! គឺខ្ញុំគេងយប់ជ្រៅទើបមករៀនយឺតសិស្សច្បង។ ចុះសិស្សច្បងមករកខ្ញុំមានការអីដែរមែន?”
“អ៊ឹម បងយកទឹកដោះគោនិងនំបុ័ងមកឱ្យអូនឯងហ្នឹងអ្ហាះ!” គាត់និយាយហើយក៏ហុចថង់មួយមកឱ្យខ្ញុំ
“ចាស! អរគុណច្រើនសិស្សច្បង” ខ្ញុំទទួលហើយញញឹម
“អ៊ីចឹង បងទៅសិនហើយណា៎។”
“សិស្សច្បង…”
“បាទ!”
“គឺល្ងាចនេះ បងទំនេរឬអត់? ខ្ញុំ…អ៊ឹម… មានរឿង…ចង់ប្រាប់សិស្សច្បង។”
“បាទ សម្រាប់ឡាលីនបងទំនេររហូតហ្នឹង”
“អ៊ីចឹងល្ងាចជួបគ្នានៅហាងកាហ្វេជិតសាលាណា”
“បាទ! អ៊ីចឹងបងទៅហើយណា៎”
“ចាស!”
នៅហាងកាហ្វេ…
“ឡាលីន ញ៉ាំ Ice-Latte មែន? បងកុម្ម៉ង់រួចហើយ។”
“ចាស! អរគុណសិស្សច្បង។”
“និយាយអ៊ីចឹង ឡាលីនមានអីចង់ប្រាប់បងមែន?”
“ចាស ខ្ញុំ…ចង់សួរបងថា តើពាក្យដែលបងនិយាយពីមុននៅយកជាការណ៍ទៀតអត់?”
“ពាក្យអីគេ?” គាត់ងឿងឆ្ងល់នឹងសំណួរដែលគ្មានក្បាលគ្មានកន្ទុយរប់សខ្ញុំ
“គឺបងនិយាយថា ឱ្យខ្ញុំសាកស្រឡាញ់សិស្សច្បងអ្ហ៎។” ខ្ញុំឱនមុខចុះហើយនិយាយដោយមានអារម្មណ៍រាងភ័យបន្តិចដែរ។
“ឡាលីនព្រមធ្វើមិត្តស្រីបងហើយមែន?” គាត់និយាយដោយភាពភ្ញាក់ផ្អើល
“បើសិន…នៅយកជាការណ៍ ខ្ញុំព្រម”
“អរគុណឡាលីនដែលព្រមទទួលយកបង បងសន្យាថា មិនធ្វើឱ្យឡាលីនពិបាកចិត្តដោយសារបងទេ។” គាត់ស្ទុះមកឱបហើយហើយនិយាយ
“ខ្ញុំក៏អរគុណបងដែលតែងតែនៅក្បែរខ្ញុំរហូតមក” ខ្ញុំយកដៃអង្អែលខ្នងគាត់ថ្នមៗ
ខ្ញុំមិនដឹងថា ចាប់ផ្ដើមតាំងពីពេលណាទេដែលខ្ញុំស្រឡាញ់គាត់ប៉ុន្តែខ្ញុំគិតថា គាត់ជាមនុស្សប្រុសម្នាក់ដែលខ្ញុំអាចទុកចិត្តបាន ប្រហែលតាំងពីថ្ងៃដែលគាត់ជួយខ្ញុំ ឬក៏តាំងពីមុនហ្នឹងទៀតខ្ញុំមិនដឹងទេ ប៉ុន្តែឥឡូវគាត់ជាមនុស្សប្រុសម្នាក់ដែលខ្ញុំស្រឡាញ់មិនអាចខ្វះបាន មិនខ្វល់ថា គាត់ធ្លាប់មានអតីតកាលយ៉ាងម៉េចខ្លះទេ ខ្ញុំទទួលយកទាំងអស់។ អាចនិយាយបានថា ស្រឡាញ់មនុស្សម្នាក់មិនចាំបាច់មានហេតុផលអីច្រើនទេ ដឹងត្រឹមថា ខ្ញុំស្រឡាញ់គាត់ គាត់ស្រឡាញ់ខ្ញុំ ខ្ញុំត្រូវការគាត់ គាត់ត្រូវការខ្ញុំ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។
វាបានកន្លងផុតទៅប្រហែលជា ៣ខែហើយដែលខ្ញុំនិងគាត់បានទាក់ទងគ្នា ពួកយើងតែងតែទៅញ៉ាំបាយជាមួយគ្នា ដើរលេង គាត់ជូនខ្ញុំទៅផ្ទះ ទៅធ្វើការងារសាលា(Project) ជាដើម អ្វីគ្រប់យ៉ាងបានដំណើរការទៅយ៉ាងរលូន ខ្ញុំពិតជាមានក្ដីសុខអណាស់ តាំងពីបានគាត់មកធ្វើជាសង្សារ ខ្ញុំសង្ឃឹមថា វាបែបហ្នឹងរហូតទៅចុះ។
“ឡាលីន មកនេះមួយភ្លែត”
“ចាស លោកគ្រូ”
“គឺគម្រោងដែលលោកគ្រូប្រាប់ឯងលើកមុន ឥឡូវម្ចាស់គេចង់ដំណើរការហើយ ឯងសាកទាក់ទងទៅខាងគេមើល លោកគ្រូបានប្រាប់គេថា ឯងជាសិស្សពូកែផ្នែកយើងទើបគេឱ្យឯងសាកទៅរចនាហាងគេហ្នឹង គេបើកហាងកាហ្វេមួយកន្លែង ប៉ុន្តែឥឡូវគេចង់បើកមួយកន្លែងទៀត រឿងម៉ូតឯងទាក់ទងគេខ្លួនឯងទៅ លោកគ្រូសង្ឃឹមថា ឯងមិនធ្វើឱ្យលោកគ្រូបាក់មុខទេណា”
“ចាស! អរគុណលោកគ្រូ ខ្ញុំនឹងមិនធ្វើឱ្យលោកគ្រូអស់សង្ឃឹមទេ” ខ្ញុំលើកដៃសំពះហើយនិយាយទាំងសប្បាយចិត្តព្រមទាំងទទួលនៅនាមប័ណ្ណរបស់ម្ចាស់ហាងកាហ្វេនោះ។
“អ៊ីចឹងលោកគ្រូមានការណ៍ ទៅមុនហើយណា ចាំទាក់ទងទៅគេផង កាន់តែលឿនកាន់តែល្អកុំឱ្យគេចាំ”
“ចាស លោកគ្រូ”
ពេលថ្ងៃត្រង់នៅអាហារដ្ឋានសាលា…
“អូនឯងមើលទៅដូចជាសប្បាយចិត្តដល់ហើយ”
“ត្រូវតែអ៊ីចឹងហើយ គម្រោងដែលអូនបានប្រាប់បងហើយកាលពីលើកមុនឥឡូវចាប់ផ្ដើមដំណើរការហើយ”
“អ៊ីចឹងតើបានសប្បាយចិត្ត” គាត់យកដៃមកអង្អែលក្បាលខ្ញុំថ្នមៗ
“បង ល្ងាចហ្នឹងអូនត្រូវទៅជួបគាត់និយាយពីការរចនាហាងកាហ្វេរបស់គាត់ បងឯងអូនទៅបន្តិចបានអត់?”
“អូ! ល្ងាចហ្នឹងអ្ហ៎ បងខ្លាចតែអត់បានទេដឹង បងរវល់ អូនឯងទៅខ្លួនឯងបានអត់? ចាំពេលនិយាយគ្នាហើយ ចាំបងទៅទទួលវិញ? អូខេអត់?”
“ចាស អ៊ីចឹងក៏បាន ចឹងល្ងាចកុំភ្លេចមកយកអូនណា”
“បាទ បងដឹងហើយ”
Level coffee shop ម៉ោង ៥ :១០នាទីរសៀល…
ខ្ញុំដើរចូលទៅក្នុងហាងកាហ្វេនោះ មើលពីក្រៅឡើងសាមញ្ញ តែដល់ពេលចូលទៅខាងក្នុងមានអារម្មណ៍ថា បរិយាកាសនៅហាងកាហ្វេនេះឡើងប្លែកខុសពីហាងដទៃ សូម្បីតែការរៀបចំកន្លែងអង្គុយ ការតុបតែងហាង ជាពិសេសការប្រើប្រាស់ពណ៌សម្រាប់ដេគ័រហាងក៏អាចមើលដឹងដែរថា ម្ចាស់ហាងប្រហែលជាមនុស្សដែលឯករាជ្យ ហើយចូលចិត្តធ្វើអ្វីដែលថ្មីហើយមើលទៅ។
“សួស្ដីបង បងត្រូវការកុម្ម៉ង់ភេសជ្ជៈអីដែរ?” សំឡេងសែនស្រទន់ចេញពីកន្លែងorder(កុម្ម៉ង់)សួរមកកាន់ខ្ញុំ
“ អត់ទោសបង ខ្ញុំមករកម្ចាស់ហាងកាហ្វេនេះបង”
“ចាស បងអញ្ជើញអង្គុយលេងសិន មេគាត់នៅខាងក្នុងចាំខ្ញុំទៅប្រាប់គាត់ឱ្យ។”
“ចាស! អរគុណច្រើនបង!”
“បង ពិសារទឹកសិន”
មើលទៅ សេវាកម្មនៅហាងនេះល្អម្យ៉ាងចង់ជួបម្ចាស់ហាងដល់ហើយ ប្រហែលគាត់ជាមនុស្សពូកែណាស់ហើយសូម្បីតែកូនចៅក៏ពូកែ។
មួយសន្ទុះក្រោយមក…
“សួស្ដីអូន បងឈ្មោះ ពិសុទ្ធជាម្ចាស់កាហ្វេនៅទីនេះ” សំឡេងមនុស្សប្រុសវ័យប្រមាណជាម្ភៃឆ្នាំជាងបាននិយាយមកកាន់ខ្ញុំ
“ ចាស សួស្ដីបង ខ្ញុំឈ្មោះឡាលីនជានិស្សិតឆ្នាំទី៣ នៅសាលាភូមិន្ទវិចិត្រសិល្បៈដែលលោកគ្រូគាត់បាននិយាយប្រាប់បង” ខ្ញុំលើកដៃសំពះនិងណែនាំខ្លួនព្រោះពួកយើងទើបតែជួបគ្នាដំបូង
“បាទ តើអូនគិតយ៉ាងណាដែរចំពោះហាងកាហ្វេរបស់បង?”
“សម្រាប់ខ្ញុំ ខ្ញុំគិតថា ការរៀបចំក៏ដូចជាការចនាម៉ូតនៅទីនេះគឺមានលក្ខណៈខុសពីកាហ្វេដទៃ ចុះហាងថ្មីដែលបងចង់ឱ្យដេគ័រហ្នឹង បងចង់បានបែបណាដែរ?”
“គឺបងចង់ឱ្យវាមើលទៅមានលក្ខណៈដូចនឹងហាងនេះដែរ ប៉ុន្តែអាចថា មើលទៅអត់សាំភ្នែកនិងពណ៌រាងស្រស់ជាងនឹងបន្តិច”
“ចាស ចឹងខ្ញុំនឹងរៀបចំរចនាតាមអ្វីដែលបងបាននិយាយ ចាំសប្ដាហ៍ក្រោយខ្ញុំនឹងយកមកឱ្យបងមើល បន្ទាប់ពីនោះបងអាចសម្រេចចិត្តកែក៏ដូចជារៀបចំដេគ័របានហើយ។”
“បាទ អរគុណច្រើនអូន”
“ចាស អ៊ីចឹងបើអស់ការណ៍អីហើយ ខ្ញុំសុំទៅវិញសិនហើយណា៎បង”
“បាទ! តាមសម្រួលអូន”
“ចាស ជម្រាបលាបង”
“បាទ ជម្រាបលា”
៣០នាទីក្រោយមក…
នេះម៉ោងជិត៨ហើយ បងវិទូនៅមិនទាន់មកយកខ្ញុំទៀត ខ្ញុំគួរតែខលទៅសួរគាត់សិន។
“បងឯងនៅណា?” ខ្ញុំសួរទៅគាត់ទាំងអារម្មណ៍មិនសូវល្អ
“បងនៅផ្ទះមិត្តភក្តិបង”
“ចុះបងឯងអត់មកយកអូនទេ?”
“អ៎! បងភ្លេច បងរវល់តែធ្វើកិច្ចការសាលាជាមួយមិត្តភក្តិ បងជូនអូនទៅផ្ទះអត់កើតទេ ពេលអូនឯងទៅដល់ផ្ទះខលប្រាប់ផងណា អ៊ីចឹងប៉ុណ្ណឹងបានហើយ”
ទឺតៗ… សូរសំឡេងកាត់ផ្ដាច់ទូសរព្ទទាំងពីរក៏បានដាច់
ណ្ហើយ…ខ្ញុំមិនទាន់បាននិយាយអីផង គាត់ចុចបិទទូរសព្ទបាត់ ប្រហែលជាថ្ងៃហ្នឹងគាត់រវល់ខ្លាំងណាស់ហើយបានជាគាត់ភ្លេចអ៊ីចឹង។
មួយសប្ដាហ៍ក្រោយមក…
នៅហាងកាហ្វេពិសុទ្ធ
“បងមើលសិនទៅ នេះជាម៉ូតដែលខ្ញុំបានច្នៃឱ្យបង បងអាចសាកមើលសិនបើបងពេញចិត្តឬមិនពេញចិត្តត្រង់កន្លែងណាអាចប្រាប់ខ្ញុំបាន”
“អ៊ឹម… បងចង់បានម៉ូតបែបនេះ ប៉ុន្តែបងចង់ប្ដូរវាបន្តិចព្រោះមើលទៅដូចជាពណ៌ពេកហើយ អាចបន្ថយជាងនេះបន្តិចបានអត់?”
“ចាស! បានអត់អីទេបង ចុះមានកន្លែងត្រូវការទៀតអត់?”
“ដូចជាអត់មានទេ”
“អ៊ីចឹងបើអត់មានអីកែទេ អាចចាប់ផ្ដើមរចនាបានហើយ ប្រហែលជា១ខែទៅ២ខែ ហាងរបស់បងនឹងអាចបើកដំណើរការហើយ”
“បាទ អ៊ីចឹងសម្រេចចឹងចុះ”
ខ្ញុំនិងបងពិសុទ្ធក៏ចាប់ផ្ដើមស្គាល់គ្នា ចំណង់ចំណូលចិត្តក៏ស្រដៀងគ្នា គាត់អញ្ជើញខ្ញុំញ៉ាំបាយ ទោះបីជាពួកយើងទើបតែស្គាល់គ្នា ប៉ុន្តែពួកយើងមើលទៅដូចជា បានស្គាល់គ្នារាប់ឆ្នាំអ៊ីចឹង។ ខ្ញុំសប្បាយចិត្តដែលមានមិត្តភក្តិដែលយល់ចិត្តខ្ញុំអ៊ីចឹង។ ចំណែកឯ ការរចនាហាងថ្មីរបស់បងពិសុទ្ធ វាបានដំណើរការប្រហែលជាជិតមួយខែហើយ នៅសល់ពេលប្រហែលជាជាងកន្លះខែទៀត អាចបើកដំណើរការបានហើយ។
“ឡាលីន អូនឯងចេញពីធ្វើការនៅ?” បងវិទូគាត់មកយកខ្ញុំចេញពីធ្វើការ
“តិចទៀតដល់ម៉ោងហើយ ចាំតិចទៀត”
“បាទ ”
បងវិទូបានសម្លឹងមើលទៅមុខបងពិសុទ្ធមិនដាក់ភ្នែក ខ្ញុំខ្លាចតែគាត់យល់ច្រឡំហេ ព្រោះអីគេចេញពីធ្វើការអស់នៅសល់តែខ្ញុំនិងគាត់ពីរនាក់។
“បងពិសុទ្ធ ចាំខ្ញុំណែនាំឱ្យស្គាល់។ នេះជាបងវិទូគាត់ជាសង្សាររបស់ខ្ញុំ”
“បងវិទូ នេះបងពិសុទ្ធ គាត់ជាម្ចាស់កាហ្វេដែលខ្ញុំធ្លាប់និយាយប្រាប់បង”
ពួកគាត់ទាំងពីរបានចាប់ដៃគ្នាទៅវិញទៅមកហើយញញឹម។
“បងពិសុទ្ធ ខ្ញុំនិងបងវិទូទៅសិនហើយណា ព្រោះអីដល់ម៉ោងចេញពីធ្វើការដែរហើយ”
“បាទ”
៣ថ្ងៃក្រោយមក…
នៅហាងកាហ្វេពិសុទ្ធ…
“សួស្ដីបង បងត្រូវការកុម្ម៉ង់ភេសជ្ជៈអីដែរ?”
“អូនចង់ញ៉ាំអី ហៅមក បងយកដូចអូនដែរ”
“សំឡេងនេះស្ដាប់ទៅដូចប្រហែលៗ” ពិសុទ្ធគិតក្នុងចិត្ត
“បងយកតែទឹកដោះគោ២កែវមកអ៊ីចឹង”
“ចាស បងអញ្ជើញទៅអង្គុយសិនទៅ ចាំខាងប្អូនលើកជូន”
“តុះ! យើងទៅអង្គុយសិនទៅ”
“នេះសំឡេងដូចម្នាក់អីសង្សាឡាលីន?” ពិសុទ្ធដើរតាមម្ចាស់សំឡេងស្រាប់តែឃើញវិទូកំពុងបណ្ដើរស្រីផ្សេងដែលមិនមែនជាឡាលីន អាមនុស្សថោកទាប ខ្លួនមួយជិះទូកពីរ ខ្ញុំគួរតែថតទុកឱ្យឡាលីនបានដឹងពីធាតុពិតវាម្ដង។
នៅហាងកាហ្វេថ្មី…
“ឡាលីន សង្សារអូនឯងអត់មកយកហេ ថ្ងៃនេះ?” ពិសុទ្ធសួរឡាលីន
“អ៎! គាត់ថា ប្រហែលជាមកយឺតបន្តិច ព្រោះជាប់ធ្វើកិច្ចការសាលាជាមួយមិត្តភក្តិ”
“អូនឯងជឿដែរ?”
“បងពិសុទ្ធ បងឯងនិយាយអីប្លែកៗ គាត់ជាសង្សារខ្ញុំបើខ្ញុំមិនជឿគាត់ ឱ្យជឿនរណាគេ”
“បងប្រាប់អូនតាមត្រង់ថ្ងៃមិញ បងឃើញអាម្នាក់ហ្នឹងបណ្ដើរស្រីផ្សេងមកហាងកាហ្វេបង” ពិសុទ្ធបានរៀបរាប់ពីអ្វីដែលខ្លួនបានឃើញពីកាលពីថ្ងៃមិញឱ្យឡាលីនស្ដាប់
“បងឯង ប្រហែលជាច្រឡំមនុស្សហើយ បងវិទូគាត់មិនមែនជាមនុស្សអ៊ីចឹងទេ”
“តែបង…” ពិសុទ្ធមិនបាននិយាយចប់ផង ឡាលីននិយាយកាត់៖
“បើបងនៅចាត់ទុកខ្ញុំជាមិត្តទៀត បងឯងមិនបាច់និយាយអីទៀតទេ ខ្ញុំជឿនិងទុកចិត្តគាត់ថា បងវិទូ គាត់មិនធ្វើអ៊ីចឹងដាច់ខាត”
ផ្លូវទាល់…
គិតមិនចេញ ធ្វើមិនត្រូវ
២ សប្ដាហ៍បានកន្លងផុតទៅ
“ទីបំផុត ការរចនាហាងរបស់បងពិសុទ្ធបានធ្វើរួចរាល់ហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ សង្ឃឹមថា នៅថ្ងៃមុខ ខ្ញុំនឹងអាចរចនាហាងកាហ្វេរបស់ខ្ញុំបានដែរ”
“រឿងអីមិនអាច បងគិតថា ឡាលីននឹងអាចធ្វើបាន”
“អរគុណច្រើនបងពិសុទ្ធ ខ្ញុំសង្ឃឹមអ៊ីចឹងចុះ”
“ឡាលីន!” វិទូដង្ហើយហៅឡាលីននៅខាងមុខហាង
“បងពិសុទ្ធ ខ្ញុំទៅសិនហើយណា៎ បងវិទូមកយកខ្ញុំហើយ”
……………………..
“យប់នេះ ជប់លៀងសម្រាប់ឡាលីនក្នុងឱកាសដែលឡាលីនបានធ្វើការជោគជ័យ”
“ចាស សម្រេចតាមបងទៅ។”
“តែថ្ងៃនេះយើងទៅជប់លៀងនៅផ្ទះមិត្តភក្តិបង អូនឯងអូខេអត់?”
“ឱ្យតែមានបងឯងទៅណាក៏បានដែរ”
“អ៊ីចឹងឡើងមក ក្មេងតូចរបស់បង” គាត់និយាយហើយក៏យកដៃមកអង្អែលក្បាលខ្ញុំថ្នមៗ
“ចាស!”
២០នាទីក្រោយមក…
“ គ្នាយើងដើម្បីអបអរឡាលីនធ្វើការបានសម្រេចយ៉ាងរលូន យើងនាំគ្នាលើកដាច់ បើមិនស្រវឹងមិនឈប់ទេ” បងវិទូនិងមិត្តភក្តិប្រុសបស់គាត់ប៉ុន្មាននាក់ក៏នាំគ្នាលើកកែវជល់គ្នា
“ឡាលីន មកបងជូនអូនមួយកែវ” មិត្តភក្តិបងវិទូនិយាយមកកាន់ខ្ញុំដោយហុចកែវស្រាឱ្យខ្ញុំ
“ខ្ញុំ…”
បងវិទូក៏ទាញកែវស្រាពីដៃមិត្តភក្តិគាត់រួចក៏ផឹក ពេលនោះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានសំណាងណាស់ដែលបានមនុស្សល្អដូចគាត់មកធ្វើជាសង្សារ។ ខ្ញុំក៏សម្រេចចិត្តលើកកែវស្រាមកផឹកដើម្បីកុំឱ្យពិបាកដល់បងវិទូ បន្ទាប់ពីខ្ញុំផឹកហើយខ្ញុំមានអារម្មណ៍ថា វិលមុខមែនទែន ព្រោះខ្ញុំមិនចេះផឹកទេ គ្រាន់តែស្រាមួយសោះធ្វើឱ្យវិលមុខដើរសឹងតែមិនត្រង់ផ្លូវទៅហើយ។ ម៉ោងប្រហែលជា ៩ កន្លះយប់ រឿងដែលខ្ញុំនឹកស្មានមិនដល់និងគួរឱ្យខ្លាចមួយបានកើតឡើងចំពោះមនុស្សស្រីធម្មតាៗដូចខ្ញុំ។
“បងវិទូ នេះយប់ដែរហើយ តុះ! ពួកយើងគួរតែផ្ទះទៅ មិនគួរនៅយប់អ៊ីចឹង ព្រោះស្អែកប៉ះម៉ោងរៀនពេលព្រឹកផង” ខ្ញុំបានទាញដៃរបស់គាត់ដើម្បីត្រឡប់ទៅវិញ នៅពេលនោះស្រាប់តែបងវិទូបែរដូចជាក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាមនុស្សដែលមិនធ្លាប់ពីមុន
“បងថា យប់នេះអូនគេងនៅទីនេះហើយ បងស្រវឹងហើយ បងជូនអូនឯងទៅផ្ទះមិនកើតទេ” គាត់និយាយហើយរួចមសម្លឹងមុខខ្ញុំដោយយកដៃរបស់គាត់មកអង្អែលរាងកាយរបស់ខ្ញុំធ្វើឱ្យខ្ញុំមានអារម្មណ៍ថា គាត់ដូចជាមិនមែនជាគាត់
“បងនិយាយអីហ្នឹង? នៅទីនេះមានតែមិត្តភក្តិបង២នាក់ហើយឱ្យខ្ញុំគេងនៅឯណា?” ខ្ញុំសួរទៅកាន់គាត់ទាំងភិតភ័យ
“អូនឯងគេងជាមួយបងទៅ ក្រែងអូនឯងធ្លាប់និយាយថា ឱ្យតែមានបងឯងទៅណាក៏បានដែរហេស?” គាត់ក៏យកដៃរបស់គាត់មកអង្អែលភ្លៅរបស់ខ្ញុំ
“នេះ…វាមិនដូចគ្នាទេ” ខ្ញុំគ្រវាសដៃរបស់គាត់ចេញហើយឆ្លើយទាំងត្រដិតហើយកាន់តែភ័យខ្លាចនឹងទង្វើរបស់គាត់
“កុំភ័យអី បងនឹងធ្វើឱ្យអូនមានក្ដីសុខមិនអាចបំភ្លេច” គាត់និយាយហើយខិតមកជិតខ្ញុំ
“បើបងចង់គេង បងគេងជាមួយមិត្តភក្តិបងទៅ បងស្រវឹងហើយខ្ញុំទៅផ្ទះខ្លួនឯងក៏បានដែរ” និយាយចប់ខ្ញុំក៏ស្ទុះងើបហើយដើរចេញ នៅពេលនោះគាត់ស្រាប់តែទាញដៃខ្ញុំឱ្យដួលទៅលើពូកជិតកន្លែងផឹកស៊ីហើយសង្រ្គុបខ្ញុំជាប់ហើយគាត់និយាយ៖
“ពួកឯងទាំងពីរទៅយាមនៅខាងមុខទៅ នៅពេលរួចហើយចាំយើងប្រគល់ឱ្យពួកឯងម្ដង” ពេលនោះខ្ញុំស្លុតចិត្តយ៉ាងខ្លាំងថា អ្វីដែលកើតឡើងពីមុនគ្រាន់តែជាការសម្ដែងរបស់គាត់ទាំងអស់។ ទឹកភ្នែករបស់ខ្ញុំហូរលាយជាមួយការឈឺចាប់ដែលដូចគេយកកាំបិតរាប់ពាន់ដើមមកចាក់ ខ្ញុំខំប្រឹងរើបម្រាស់ពីគាត់តែគ្មានបានផលទេ ព្រោះខ្ញុំគ្មានកម្លាំងទេ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ឆ្អើម ខ្ពើមនឹងរាងកាយខ្លួនឯងណាស់។ បន្ទាប់ពីនោះ គាត់បែរជាឱ្យមិត្តភក្តិរបស់គាត់ធ្វើរឿងថោកទាបបែបនេះមកលើខ្ញុំទៀត គាត់មិនខុសពីពួកតិរច្ឆានដែលស្រែកឃ្លានតណ្ហាទេ។ អ្វីដែលខ្ញុំស្មានមិនដល់ គាត់បែរជាបានថតរូបខ្ញុំទុកដើម្បីគម្រាមខ្ញុំទៀត ខ្ញុំសឹងតែមិនជឿថា មនុស្សដែលខ្ញុំទុកចិត្តបំផុតបែរជាធ្វើរឿងថោកទាបអ៊ីចឹងមកលើខ្ញុំទេ។
នៅពេលដែលមនុស្សដែលយើងស្រឡាញ់ ទុកចិត្តនិងជឿជាក់បំផុត ធ្វើរឿងដែលមិនគប្បីនិងគួរឱ្យស្អប់ខ្ពើមបំផុតមកលើយើង ទំនុកចិត្តនិងការជឿជាក់ទាំងនោះត្រូវបានបាត់បង់មួយរំពេច ហើយធ្វើឱ្យយើងឈឺចាប់បំផុត។ ខ្ញុំបានបាត់បង់អ្វីគ្រប់យ៉ាងដែលខ្ញុំបានខំប្រឹងអស់រយៈពេលជាច្រើនក្នុងពេលមួយប៉ប្រិចភ្នែក តើខ្ញុំរស់នៅដើម្បីអ្វីទៀតទៅ គួរតែទៅស្លាប់ឱ្យបាត់ទៅល្អជាង។
“បើមិនចង់ឱ្យរូបភាពហ្នឹងបែកធ្លាយទេ គួរតែបិទមាត់ឱ្យជិតទៅ ហើយចាប់ពីថ្ងៃនេះទៅខ្ញុំនិងនាងគ្មានអីជាប់ទាក់ទងគ្នាទៀតទេ”
ខ្ញុំសម្លឹងមើលមុខគាត់ហើយក៏ទាញកាបូបរត់ចេញមកទាំងមិនដឹងថា គួរខ្ញុំទៅទីណា គួរប្រឈមមុខនឹងគ្រប់គ្នាបែបណាទេ អ្វីគ្រប់យ៉ាងបានក្លាយជាអាសារបង់ព្រោះតែមនុស្សថោកទាបទាំងនោះ។ ខ្ញុំបានដើរបណ្ដើរយំបណ្ដើរមិនដឹងទីណាឬដើរដល់ទីណាទេ ខ្ញុំស្រាប់តែបានដើរមកដល់ស្ពានមួយ…
“គ្មានអ្វីនៅសេសសល់ទៀតទេ អ្វីគ្រប់យ៉ាងបានរលាយអស់ហើយ បើអ៊ីចឹងទៅហើយនៅរស់នៅមានន័យអីទៀតទៅ បើសិនជាខ្ញុំស្លាប់ប្រហែលជាជម្រើសដ៏ល្អបំផុត” ខ្ញុំនិយាយចប់បម្រុងនឹងលោត…
“នរណាអ៊ីចេះ មើលទៅដូចជាឡាលីន ប៉ុន្តែម្ដេចបានជាឡាលីនមកដើរអីតែម្នាក់ឯងជិតពាក់កណ្ដាលអធ្រាត្រទៅហើយ ហើយមើលទៅសម្លៀកបំពាក់វិញឡើងរញ៉េរញ៉ៃទៀត អ្ហេ! តិចក្រែងលោស្រីម្នាក់ហ្នឹង ចង់សម្លាប់ខ្លួនទេដឹង លែងខ្វល់ហើយ ទើបីជាឡាលីនឬមិនមែនខ្ញុំត្រូវតែជួយ មិនឱ្យនាងធ្វើរឿងល្ងង់ខ្លៅអ៊ីចឹងទេ។” គិតរួចគាត់ក៏ផ្ដួលកង់ចោល រួចទាញដៃខ្ញុំដែលរៀបនឹងលោតសម្លាប់ខ្លួនទៅហើយ
“អ្ហេ! នេះឡាលីនតើ អូនឯងចង់ធ្វើអីហ្នឹង?” គាត់ច្រឡោតសួរខ្ញុំ
“ខ្ញុំមិនចង់រស់ទៀតទេ លែងខ្ញុំទៅ មនុស្សប្រុសសុទ្ធតែដូចគ្នាទាំងអស់ហ្នឹង គ្មានអ្នកណាខុសអ្នកណាទេ” ខ្ញុំឆ្លើយទាំងនៅតក់ស្លុតនឹងហេតុការណ៍ដែលបានកើតឡើងមុននោះ
“អូនឯងនិយាយអីហ្នឹង អាវិទូ វាធ្វើអីអូនឯងខ្លះ?”
ហ៊ិះៗៗៗ… ខ្ញុំមិនចង់នៅទីនេះទៀតទេ ខ្ញុំចង់ទៅផ្ទះ។ ខ្ញុំស្រែកយំយ៉ាងខ្លាំងរហូតដល់សន្លប់បាត់បង់ស្មារតី
ស្អែកឡើង នៅមន្ទីពេទ្យ…
ខ្ញុំបើកភ្នែកតិចៗ សង្ឃឹមថា អ្វីដែលបានកើតឡើងគ្រាន់តែជាសុបិនទៅចុះ ប៉ុន្តែអ្វីគ្រប់យ៉ាងមិនមែនជាសុបិនទេ។
“កូនមិនអីទេ មែនទេ?” ម៉ាក់ចាប់ដៃខ្ញុំហើយសួរទាំងបារម្ភយ៉ាងខ្លាំងពីអ្វីដែលបានកើតឡើងចំពោះខ្ញុំ
“ម៉ាក់…” ខ្ញុំយំហើយស្ទុះទៅឱបម៉ាក់
“សុំទោសម៉ាក់ដែលខ្ញុំលមិនអាចមើលថែខ្លួនឯងឱ្យល្អ”
“មិនអីទេ ឱ្យតែកូនមិនអីទៅបានហើយ មិនបាច់គិតរឿងហ្នឹងទេ ឈប់យំហើយសំងំគេងបន្តិចទៀតទៅ តិចទៀតនឹងលែងអីហើយ” និយាយចប់គាត់ក៏ដើរចេញទៅក្រៅបាត់
……………….
“មីងអរគុណពិសុទ្ធណាស់ដែលបានមើលថែឡាលីននិងផ្ដល់ដំណឹងឱ្យមីង”
“បាទ មិនអីទេមីងប៉ុន្តែអ្វីដែលបានកើតឡើងចំពោះឡាលីន…”
“មីងគិតថា ចាំពេលឡាលីនបានធូរស្បើយបន្តិចចាំសួរគេពីរឿងហ្នឹងទៅចុះ”
“បាទ! អ៊ីចឹងខ្ញុំទៅវិញសិនហើយ បើមីងត្រូវការអ្វីអាចទាក់ទងខ្ញុំបាននេះលេខទូរសព្ទរបស់ខ្ញុំ”
“មីង អរគុណច្រើនហើយ ក្មួយពិសុទ្ធ”
“បាទ មិនអីទេអ្នកមីង ខ្ញុំនិងឡាលីនជាមិត្តនឹងគ្នា ត្រូវតែជួយគ្នាអ៊ីចឹងហើយ”
២ ម៉ោងក្រោយមក…
“ម៉ាក់…ខ្ញុំ…” ខ្ញុំស្ទាក់ស្ទើរនឹងនិយាយ…
“មានការអីមែនទេកូន? កូនអាចប្រាប់ម៉ាក់បាន ត្រូវចាំថា ក្នុងនាមជាម្ដាយមិនថា កូនក្លាយទៅជាបែបណាទេ ក៏ម្ដាយមិនដែលស្អប់កូនដែរ យល់ដែរទេ? ម៉ាក់តែងតែនៅក្បែរកូននិងជួយកូនជានិច្ច” និយាយហើយគាត់ឱបខ្ញុំហើយយកដៃអង្អែលខ្ញុំថ្នមៗ ពេលនោះខ្ញុំមានអារម្មណ៍បានធូរស្រាលនិងមានក្ដីសុខណាស់ដែលមានម្ដាយដូចជាគាត់
“ខ្ញុំចង់ឈប់រៀន”
“តើកូនមិនចង់ប្រាប់ម៉ាក់ពីអ្វីដែលបានកើតឡើងទេហេស? មិនបាច់ខ្លាចទេមានម៉ាក់នៅទីនេះហើយ”
ខ្ញុំក៏សម្រេចចិត្តរៀបរាប់ពីអ្វីដែលបានកើតឡើងបន្ទាប់ពីគាត់បានប្រើពាក្យពេចន៍ជាច្រើនលួងលោមខ្ញុំ។ ខ្ញុំរៀបរាប់ទាំងទឹកភ្នែកសូម្បីតែពេលបិទភ្នែកក៏ខ្ញុំឃើញពីរូបភាពទាំងធ្វើឱ្យខ្ញុំខ្លាចខ្លាំងណាស់ ខ្ញុំមិនចង់ទៅសលាទេ។
“កុំយំអី កូនស្រីម្ដាយ អស់អីហើយ ម៉ាក់នៅទីនេះហើយ គ្មានអ្នកណាអាចធ្វើបាបកូនទៀតទេ” និយាយចប់ម៉ាក់ក៏សម្រេចចិត្តនឹងប្ដឹងវិទូពីអ្វីដែលបានកើតឡើង។
“ម៉ាក់! ប៉ុន្តែពួកយើងគ្មានលុយទេ បណ្ដោយតាមហ្នឹងទៅ ទោះបីប្ដឹងក៏មិនប្រាកដថា យើងនឹងឈ្នះដែរ គេជាអ្នកមាន យើងគ្មានលុយសូម្បីមួយរយផង” ម៉ាក់ក៏ប្រែទៅស្ងាត់ហើយគាត់ក៏ដើរទៅក្រៅបាត់ទៅ
មួយសន្ទុះក្រោយមក…
“លីន តើអូនឯងសម្រេចធ្វើយ៉ាងម៉េចចំពោះវិទូ?” ពិសុទ្ធចិតប៉ោមបណ្ដើរសួរខ្ញុំបណ្ដើរ
“កុំនិយាយឈ្មោះគេ ខ្ញុំចង់ឮទេ” ខ្ញុំប្រែទឹកមុខទៅជាតក់ស្លុតមួយរំពេច
“ខ្ញុំសុំទោស…”
“ខ្ញុំឈប់រៀនហើយ ខ្ញុំចង់ទៅទីនោះទៀតទេ ខ្ញុំមិនចង់ឃើញទេ ខ្ញុំមានអារម្មណ៍ថាខ្លាច ខ្ញុំបានបាត់បង់អស់ហើយ ” រំពេចនោះទឹកភ្នែករបស់ខ្ញុំក៏ស្រក់មកដូចទឹកហូរធ្លាក់មកព្រោះខ្ញុំមិនដឹងថា អាចធ្វើអ្វីបានក្រៅពីយំនោះទេ
“កុំពិបាកចិត្តអី លីននៅមានខ្ញុំតើ លីនចង់ប្ដឹងវាទេ ខ្ញុំនឹងជួយ ទុកចិត្តចុះមនុស្សអាក្រក់មិនអាចរួចផុតពីសំណាញ់ច្បាប់បានទេ” គ្រាន់តែឮពាក្យទាំងនោះអារម្មណ៍ខ្ញុំប្រែជាធូរស្រាល
“ប៉ុន្តែខ្ញុំ…”
“រឿងលុយមែនទេ? ខ្ញុំមានមិត្តភក្តិជាមេធាវីម្នាក់ ខ្ញុំនឹងពឹងឱ្យគេជួយ ចំណែករឿងរៀបចំសំណុំឯកសារផ្សេងៗ ចាំខ្ញុំចេញ ហើយពេលលីនមានលុយអាចសងខ្ញុំពេលណាក៏បានដែរ នៅមានរឿងមួយទៀត បញ្ឈប់គំនិតចង់សម្លាប់ខ្លួននឹងទៅ មិនមែនការសម្លាប់ខ្លួនអាចដោះស្រាយបញ្ហាបានទេ ឈប់ធ្វើរឿងដែលល្ងង់អ៊ីចឹងទៀតទៅ បើលីនគិតថា គ្រាន់តែសម្លាប់ខ្លួនហើយអាចដោះស្រាយបញ្ហាបាន នោះលីននឹងក្លាយជាមនុស្សដែលអន់និងគ្មានតម្លៃម្នាក់ប៉ុណ្ណោះ ចុះបើលីនស្លាប់មែន អ្នកមីងគិចយ៉ាងម៉េច លីននឹងធ្វើឱ្យគាត់ឈឺចាប់ឱ្យគាត់រស់នៅយ៉ាងម៉េច! ត្រូវចាំទុកថា ខ្ញុំនិងអ្នកមីងតែងតែនៅក្បែរលីនជានិច្ច”
“អរគុណបងហើយ បងពិសុទ្ធ ខ្ញុំមិនធ្វើរឿងល្ងង់អ៊ីចឹងទៀតទេ” ខ្ញុំញញឹម
“ប៉ុន្តែខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងហើយ”
“គ្រាន់រឿងប៉ុណ្ណឹងមិនប្រាកដថា នឹងបាត់បង់អ្វីគ្រប់យ៉ាងទេ បើប្រៀបទៅនឹងអ្នកដែលពិការឬអ្នកដែលអត់ឃ្លាន អ្នកដែលកំព្រា គ្មានជម្រក គ្មានទីពឹង និងអ្នកដទៃទៀត គាត់ប្រឹងណាស់ដើម្បីរស់ ឆាកជីវិតគៀបសង្កត់គាត់មិនស្រាន តែគ្មានអ្នកណាចុះចាញ់ទេ យើងសំណាងជាងគាត់ឆ្ងាយណាស់ ចាត់ទុកថាវាជាបទពិសោធន៍ជីវិតមួយទៅចុះ ជីវិតអាចនឹងជួបប្រទះរឿងជាច្រើនទៀតគ្មានអ្នកណាដឹងទេប៉ុន្តែយើងត្រូវដឹងថា តើយើងអាចជំនះនិងដោះស្រាយបញ្ហាទាំងនោះបែបណា នោះវានឹងធ្វើឱ្យយើងក្លាយជាមនុស្សដែលរឹងមាំជាងមុនបាន”
“បងគិតអ៊ីចឹង ប៉ុន្តែគ្រប់គ្នានឹងរើសអើងនិងមើលងាយខ្ញុំ”
“ការគិតរបស់មនុស្សមិនដូចគ្នាទេ កុំយកក្ដីសុខខ្លួនឯងទៅផ្ញើលើមាត់អ្នកដទៃ គេមើលងាយយើង គេរើសអើងយើង មិនប្រាកដថា គេនោះល្អជាងយើង ធ្វើអ្វីជាខ្លួនឯងនិងដើរទៅរកក្ដីស្រមៃរបស់ខ្លួនឯងទៅបានហើយ ប៉ុណ្ណឹងយល់នៅ?”
“ខ្ញុំពិតជាអរគុណបងខ្លាំងណាស់បងពិសុទ្ធដែលបានផ្ដល់ដំបូន្មានជាច្រើនឱ្យខ្ញុំ”
អរគុណគ្រប់យ៉ាង
អរគុណអ្នក ពន្លឺនៃក្ដីសង្ឃឹមរបស់ខ្ញុំ
កន្លះខែក្រោយមក…
នៅហាងកាហ្វេថ្មី ពិសុទ្ធ
“អ្ហេ! ឯងមើលម្នាក់ក្នុងព័ត៌មាននេះដូចម្នាក់ប្រុសនៅសាលាយើងដែលល្បីខាងញ៉ែស្រីហ្នឹងមែន ឈ្មោះអីគេ វិទី វិទូយ៉ាងម៉េចមិនដឹងទេ ឥឡូវត្រូវប៉ូលីសចាប់បាត់ហើយ” មនុស្សស្រីដែលកំពុងផឹកកាហ្វេម្នាក់កំពុងនិយាយទៅកាន់មិត្តរបស់នាង
“ហា! ម្ដេចក៏អ៊ីចឹង វាមិនដែលនៅសុខៗ ប៉ូលីសចាប់ទេវ៉ើយ!”
“ស្ដាប់គ្នាអាន ឱ្យចប់សិនមើល”
“គ្នាអានសិន ចាំស្ដាប់ណា”
“អឺ! និយាយឱ្យលឿនមក កំពុងតែចង់ដឹងរឿងគេផង”
“ព័ត៌មានក្ដៅៗហុយៗដូចបាយពុះ…”
“អីក៏ម្ល៉េះៗ”
“ឈប់ៗ ស្ដាប់សិនមើល គេកំពុងតែអានចេះតែមកកាត់ចង្វាក់គេ”
“ដឹងហើយៗ”
“ព័ត៌មានក្ដៅៗហុយៗដូចបាយពុះ មាននិស្សិតប្រុសម្នាក់ឈ្មោះ វិទូ ត្រូវបានឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើនិស្សិតស្រីម្នាក់ និស្សិតឈ្មោះខាងលើនិងអ្នកផ្សំគំនិតត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់”
“ដល់ក! អាប៉ិហ្នឹង មុខសង្ហារៗអ៊ីចឹងមិនគួរណា ថោកទាបអ៊ីចឹងសោះ ស្មានតែល្អ ម្ដាយអ្ហើយ! ចរិតឡើងថោកទាប ងាប់ហើយអញ ឱ្យវាជាប់គុកសមមុខវាហើយ”
“មែនហ្នឹង មិនគួរណាមករៀនសាលាជាមួយមនុស្សអ៊ីចឹងសោះ”
“…”
ពេលរសៀល…
“បងពិសុទ្ធ អរគុណបងដែលបានជួយខ្ញុំ”
“ជួយរឿងអីគេ?” គាត់សួរទាំងងឿងឆ្ងល់
“រឿងរបស់វិទូ ខ្ញុំបានឮហើយ គឺខ្ញុំឮពីអ្នកដែលមកហាងកាហ្វេថ្ងៃមិញ អរគុណបងដែលជួយខ្ញុំដោះស្រាយរឿងហ្នឹង បើគ្មានបងទេ ខ្ញុំមិនដឹងថា នឹងត្រូវដោះស្រាយបែបណាទេ ចំណែករឿងលុយវិញ ខ្ញុំនឹងធ្វើការនៅហាងកាហ្វេបងជាសំណងវិញ”
“មិនបាច់គិតច្រើនទេ ចាំពេលមានពេលណាចាំសងបងវិញក៏មិនអីដែរ”
“នៅមានទៀត អរគុណបងដែលតែងតែមើលថែខ្ញុំកន្លងមក ជាពិសេសបងបានធ្វើឱ្យខ្ញុំដឹង កាលដែលសម្លាប់ខ្លួន វាគ្រាន់តែជាវិធីទាល់ច្រកដែលមនុស្សប្រើនៅពេលមិនអាចរកដំណោះស្រាយបានប៉ុណ្ណោះ ហើយខ្ញុំពិតជាមានវិប្បដិសារីយ៉ាងខ្លាំងនូវទង្វើដែលខ្ញុំបានធ្វើកាលពីមុន ខ្ញុំសន្យាថា មិនជ្រើសរើសវិធីដែលល្ងង់ខ្លៅអ៊ីចឹងទៀតទេ”
“ល្អណាស់! ដែលអូនចេះគិតអ៊ីចឹង តាមពិតទៅបងក៏ធ្លាប់មានបទពិសោធន៍អ៊ីចឹងពីមុនមកដែរ បទពិសោធន៍នោះហើយដែលធ្វើឱ្យរៀនចេះពីវាយ៉ាងច្រើន មិនថាបងជួបឧបសគ្គប៉ុនណាក៏បងមិនបោះបង់ដែរ”
“ ចាស អរគុណបងម្ដងទៀត”
“ចុះឡាលីនគិតថា នឹងចូលរៀនវិញដែរទេ?”
នៅពេលដែលខ្ញុំគិតពីសំណួរនេះ វាធ្វើឱ្យខ្ញុំពិបាកប្រឈមនឹងវាណាស់ ខ្ញុំខ្លាច ខ្ញុំមិនចង់ទៅកន្លែងដែលម្នាក់នោះធ្លាប់ទៅទេ ខ្ញុំមានអារម្មណ៍ថា វាគួរឱ្យខ្លាចខ្លាំងណាស់។
“ខ្ញុំ…ខ្ញុំមិនដឹងទេ” ខ្ញុំឆ្លើយដោយទម្លាក់ទឹកមុខចុះ មិនដឹងថាគួរប្រឈមនឹងបញ្ហាបន្តទៀតយ៉ាងម៉េចទេ
បរិយាកាសប្រើទៅជាស្ងាប់ស្ងាត់ បងពិសុទ្ធបងបាននិយាយលួងលោមខ្ញុំឱ្យគិតពិចារណាពីការបន្តការសិក្សាឡើងវិញ ព្រោះគាត់មិនចង់ឃើញអនាគតរបស់ខ្ញុំត្រូវបានបំផ្លាញព្រោះតែរឿងមួយហ្នឹងទេ។
“មិនអីទេ លីនអាចធ្វើការនៅហាងបងសិន ចាំពេលចង់ទៅរៀនវិញ ចាំបងនាំទៅចុះឈ្មោះក៏បានដែរ”
“ចាស”
វាឆ្លងកាត់ពេលវេលាយ៉ាងយូរដែលខ្ញុំបានធ្វើការនៅហាងកាហ្វេរបស់បងពិសុទ្ធពីថ្ងៃប្រែទៅជាខែ ពីខែទៅជាឆ្នាំប្រហែលកន្លះឆ្នាំហើយ ខ្ញុំបានរៀនពីមេរៀនជាច្រើន ជួបប្រទះបញ្ហាជាច្រើនដែលខ្ញុំសឹងតែនឹកស្មានមិនដល់ ប៉ុន្តែអ្វីគ្រប់យ៉ាងប្រែវាល្អនិងមានន័យបំផុតនៅពេលដែលមានបងពិសុទ្ធ។ ខ្ញុំធ្លាប់និយាយថា មនុស្សប្រុសសុទ្ធតែដូចគ្នា ប៉ុន្តែគាត់បែរជាមិនស្អប់ខ្ពើមខ្ញុំ គាត់ថែមទាំងជួយខ្ញុំ ផ្ដល់ការងារឱ្យខ្ញុំ ជម្រកឱ្យខ្ញុំនិងជាមិត្តល្អរបស់ខ្ញុំដែលចាំជួយជ្រោមជ្រែងខ្ញុំ ធ្វើឱ្យខ្ញុំអាចដើរចេញពីអតីតកាលដ៏សែនឈឺចាប់ ធ្វើឱ្យអាចមើលឃើញពន្លឺនៃក្ដីសង្ឃឹមឡើងវិញ។
“បងពិសុទ្ធ ខ្ញុំចង់មានរឿងប្រាប់បង”
“បាទ មានការអីមែន?”
“សំណួរដែលបងបានសួរពីមុន ពេលនេះខ្ញុំរកឃើញចម្លើយហើយ”
“ហាស? សំណួរអីគេបានជាញញឹមរហូតហ្នឹង”
“គឺខ្ញុំសម្រេចចិត្តថា នឹងបន្តក្ដីស្រមៃរបស់ខ្ញុំទៅមុខទៀត ខ្ញុំគិតថា វាដល់ពេលហើយដែលខ្ញុំគួរតែដើរទៅមុខ ឈប់រស់នៅក្នុងស្រមោលអតីតកាលទៀត”
“គិតអ៊ីចឹងល្អហើយ បងគាំទ្រអូនជានិច្ច”
“ខ្ញុំអរគុណគ្រប់យ៉ាងដែលបងបានធ្វើសម្រាប់ខ្ញុំ”
ដើរទៅរកក្ដីស្រមៃ…
មិនថា អ្នកដើរដួលប៉ុន្មានដងទេអ្វីដែលអ្នកត្រូវធ្វើគឺ ក្រោកឈរហើយដើរទៅរកក្ដីស្រមៃ
ពន្លឺនៃក្ដីសង្ឃឹមបានបំភ្លឺសុះសាយពេញផ្ទៃផែនដី ដើម្បីអមដំណើរខ្ញុំឆ្ពោះទៅរកក្ដីស្រមៃប្រកបដោយទំនុកចិត្តនិងភាពជឿជាក់។ លើកនេះ គ្មានឧបសគ្គណា អាចរារាំងឡាលីនពីដំណើរផ្សងព្រេងរបស់នាងបានទេ នាងនឹងបន្តស្វែងរកផ្លូវដើរទៅរកក្ដីស្រមៃរបស់នាងរហូតបានជោគជ័យ។ ឮនៅ? ឡាលីន ឯងអាចធ្វើបាន ត្រូវចាំថា គ្មានអ្នកណាអាចជោគជ័យទេ បើពួកគេមិនខំប្រឹងនោះ។
“អ្ហេ! ឡាលីន ឯងបាត់ទៅណាប៉ុន្មានខែនេះ មិនឃើញមករៀនសោះ” មិត្តរួមថ្នាក់របស់ខ្ញុំម្នាក់សួរមកកាន់ខ្ញុំ
“អ៎! គឺនៅផ្ទះមានរឿងកើតឡើងតិចតួចធ្វើឱ្យខ្ញុំមិនអាចមករៀនបាន ប៉ុន្តែចាប់ពីថ្ងៃនេះខ្ញុំមិនផ្អាករៀនទេ”
“តាមពិតអ៊ីចឹងទេហី? ស្មានតែឯងឈប់រៀនហើយ”
“គ្នាទៅសិនហើយណា៎ គ្នារវល់” ខ្ញុំញញឹមហើយក៏ដើរចេញទាំងដែលការពិតខ្ញុំគ្មានរវល់អីទេព្រោះខ្ញុំមិនចង់ឮពីអ្វីដែលពួកគេសួរមកកាន់ខ្ញុំទេ ខ្ញុំគ្រាន់តែចង់បន្តរៀនឱ្យចប់ប៉ុណ្ណោះ។
ពេលរសៀល នៅហាងកាហ្វេថ្មី…
“ឡាលីន ថ្ងៃនេះមិនរៀនទេហេស? ម្ដេចមកធ្វើការលឿនម្ល៉េះ?”
“អ៎! ថ្ងៃនេះខ្ញុំរៀនតែព្រឹកទេ ពេលរសៀលទំនេរអ៊ីចឹងក៏មកជួយនៅហាងកាហ្វេទៅ ចុះបងពិសុទ្ធមិនទៅមើលហាងមួយទៀតទេហី?”
“បងរៀបនឹងទៅបន្តិចទៀតហើយ តែចង់នៅបង្ហើយការងារសិន”
“មិនអីទេ បងទៅចុះ ការងារទីនេះ ទុកឱ្យខ្ញុំជាអ្នកធ្វើក៏បានដែរ”
“បាទ! អរគុណច្រើន ឡាលីន”
“បងមិនបាច់គួរសមអីទេ ខ្ញុំជាកូនចៅ បងជាចៅហ្វាយ ជាតួនាទីស្រាប់ហើយ”
“អ៊ីចឹងបងផ្ញើហាងផងណា បងទៅហើយ”
“ចាស បង”
ទំនាក់ទំនងខ្ញុំនិងបងពិសុទ្ធកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ គាត់យល់ពីអ្វីដែលខ្ញុំធ្វើ មានគំនិតដូចខ្ញុំ ជាពិសេសគាត់ជាកម្លាំងចិត្តពិសេសដែលធ្វើឱ្យខ្ញុំអាចបន្តក្ដីស្រមៃបានបន្ទាប់ពីម៉ាក់។ ខ្ញុំតែងតែចង់មានមនុស្សម្នាក់ដែលយល់ពីខ្ញុំនិងដឹងពីអ្វីដែលខ្ញុំចង់បាន ឥឡូវខ្ញុំបានជួបហើយមនុស្សដែលអាចដើរតួគ្រប់យ៉ាងដើម្បីធ្វើឱ្យខ្ញុំសប្បាយចិត្ត មិនថា ជាមិត្តភក្តិ ជាចៅហ្វាយ ជាអ្នកលើកទឹកចិត្ត គាត់អាចធ្វើគ្រប់យ៉ាងដើម្បីទាញខ្ញុំពីស្រមោលដ៏ខ្មៅងងឹត។ មិនយូរទៀតទេ ខ្ញុំនឹងបញ្ចប់ការសិក្សាហើយ អ្វីដែលខ្ញុំត្រូវធ្វើបន្តទៀតគឺស្វែងរកការងារដែលល្អ នៅពេលនោះខ្ញុំកាន់តែខិតទៅជិតក្ដីស្រមៃរបស់ខ្ញុំមួយជំហានទៀតហើយ។
ថ្ងៃបញ្ចប់ការសិក្សា…
ថ្ងៃដែលខ្ញុំរង់ចាំបានមកដល់ហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ ទីបំផុតខ្ញុំបានបញ្ចប់ការសិក្សាហើយ នៅសល់តែបន្តិចទៀតទេ ខ្ញុំនឹងអាចសម្រេចក្ដីស្រមៃរបស់ខ្ញុំបានហើយ។ ឃើញអត់? គ្មានអ្វីដែលជាឧបសគ្គយើងទេ ឱ្យតែយើងព្យាយាមជំនះវា មិនថា បញ្ហាលំបាកប៉ុនណា គង់តែបានជោគជ័យទេ មានពាក្យមួយឃ្លាបាននិយាយថា ឱ្យតែយើងមិនបោះបង់ខ្លួនឯង គ្មានអ្នកណាម្នាក់បោះបង់យើងទេថ្ងៃណាមួយយើងនឹងសម្រេចជោគជ័យ។
“ឯណា ថ្នាក់យើង? ប្រធានថ្នាក់ទៅហៅមិត្តភក្តិមកដើម្បីថតរូបទុកជាអនុស្សាវរីយ៍។” លោកគ្រូប្រាប់ប្រធានឱ្យទៅរកសមាជិកថ្នាក់ដើម្បីថតរូបជុំគ្នា
“បាទ! លោកគ្រូ ឥឡូវមកជុំគ្នាអស់ហើយ”
“តុះ! អ៊ីចឹងឈរឱ្យជិតគ្នាបន្តិចទៅ”
“ ខ្ញុំរាប់ពីមួយដល់បី” ជាងថតនិយាយ
“ មួយ ពីរ បី”
ក្រិប… សំឡេងថតបន្លឺពីកាម៉េរ៉ារបស់ជាងថត
“ជយោ! ទីបំផុត ពួកយើងរៀនចប់ហើយ” គ្រប់គ្នាស្រែកហ៊ោ សប្បាយចិត្តបន្ទាប់ពីការសិក្សា៤ឆ្នាំបានបញ្ចប់ជាស្ថាពរ ជាពិសេស ខ្ញុំរឹតតែសប្បាយចិត្តមិនដឹងបរិយាយបែបណាពីការបញ្ចប់សិក្សាដ៏សែនមានន័យដែលនិស្សិតគ្រប់តែងប្រាថ្នាចង់មានថ្ងៃនេះ។
“ឡាលីន” សំឡេងបុរសសង្ហាដែលតែងតែជ្រោមជ្រែងខ្ញុំបានស្រែកហៅខ្ញុំ ខ្ញុំក៏បែររកតាមទិសដៅនៃសំឡេងនោះ
“ ម៉ាក់ បងពិសុទ្ធ ម្ដេចក៏អ្នកទាំងពីរមកទីនេះ?” គ្រាន់តែឃើញពួកគាត់ភ្លាមធ្វើឱ្យខ្ញុំកាន់តែរំភើបនិងសប្បាយចិត្តលើសដើមដែលពួកគាត់បានមកទីនេះព្រមទាំងកាន់បាច់ផ្កាមកជាមួយទៀត
“នេះឯងកំពុងតែនិយាយអីហ្នឹង នេះជាថ្ងៃបញ្ចប់ការសិក្សារបស់កូនស្រីទាំងមូលមិនឱ្យម៉ាក់មកយ៉ាងម៉េចនឹងកើត?”
“កូនមានថាអីឯណា គ្រាន់តែរំភើបពេកដែលឃើញម៉ាក់មកទីនេះ” ខ្ញុំនិយាយហើយក៏យកដៃទាំងពីរឱបម៉ាក់មកផ្អិបនឹងខ្លួនរបស់ខ្ញុំ
“នេះបាច់ផ្កាសម្រាប់អូន បងចូលរួមអបអរសាទរផងណា ជិតឈានដល់ក្ដីស្រមៃមួយកម្រិតទៀតហើយ”
“អរគុណបងហើយណាដែលនាំម៉ាក់ខ្ញុំមកទីនេះ” ខ្ញុំទទួលបាច់ផ្កាហើយញញឹម
“តុះ! ម៉ាក់ បងពិសុទ្ធពួកយើងមកថតរូបជុំគ្នា”
“អត់ទោស ប្រធានជួយថតរូបឱ្យខ្ញុំបន្តិចបានទេ?”
“បាទ”
“មួយ ពីរ បី ”
“នេះទូរសព្ទ”
“ចាសអរគុណច្រើន ប្រធានថ្នាក់។”
ថ្ងៃចូលធ្វើការដំបូង…
“សួស្ដី រៀមច្បងទាំងអស់គ្នា ខ្ញុំឈ្មោះ សុវណ្ណ ឡាលីនជានិស្សិតដែលទើបតែបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រីករាយណាស់ដែលបានស្គាល់ សូមអ្នកទាំងអស់គ្នាជួយណែនាំផង”
ពិតណាស់ ការចូលធ្វើការថ្ងៃដំបូងជាមិនសូវល្អប៉ុន្មានទេ គេម្នាក់ៗរវល់ធ្វើការរៀងខ្លួនគ្មានអ្នកណាខ្វល់នឹងក្មេងហាត់ការដូចជាខ្ញុំទេ ប៉ុន្តែខ្ញុំជឿថា ឱ្យតែខ្ញុំខំប្រឹង ថ្ងៃណាមួយគេនឹងមើលពីតម្លៃរបស់ខ្ញុំ ពីមួយជំហានទៅមួយជំហាន ពិតប្រាកដណាស់វាមិនស្រួលដូចនិយាយទេ។ បន្ទាប់ចេញពីធ្វើការហើយ ខ្ញុំត្រូវទៅជួយបងពិសុទ្ធនៅឯហាងកាហ្វេទៀត ព្រោះគាត់ត្រូវទៅមើលហាងចាស់ អ៊ីចឹងហើយ គាត់ពិតជារវល់ណាស់ ណាមួយខ្ញុំគ្រាន់តែចង់ខំប្រឹងឱ្យខ្លាំងបន្តិចដើម្បីកាន់ឆាប់សម្រេចក្ដីស្រមៃរបស់ខ្ញុំបាន។
១១ :៣០ នាទី នៅហាងកាហ្វេថ្មី…
“នេះឡាលីន មិនទៅសម្រាកទេហី?”
“បងពិសុទ្ធ ម្ដេចក៏មកនៅមកហាងទៀត?”
“បងទើបតែរៀបចំបិទហាងខាងនោះហើយ ទើបឈៀងចូលមកមើលហាងបន្តិចនឹងណា”
“ខ្ញុំរៀបនឹងទៅផ្ទះហើយ”
“តុះ! អ៊ីចឹងទៅតែម្ដងទៅអ៊ីចឹង”
“ចាស!”
“យ៉ាងម៉េចហើយ ទៅធ្វើការថ្ងៃដំបូង?” គាត់បើកឡានបណ្ដើរសួរខ្ញុំពីការងារបណ្ដើរ
“គឺមិនអីទេបង”
“អរគុណបងហើយដែលជូនខ្ញុំមកដល់ផ្ទះ បើកបរត្រលប់ទៅវិញឱ្យស្រួលបួលណា”
“បាទ! រាត្រីសួស្តី!”
“ចាស រាត្រីសួស្ដី!”
“…”
បន្ទាប់ពីការខិតខំប្រឹងជាង២ឆ្នាំរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំក្លាយជាអ្នកគ្រប់គ្រងផ្នែកឌីហ្សាញម្នាក់ដូចដែលខ្ញុំប៉ង បើកកាហ្វេមួយដែលច្នៃម៉ូតដោយខ្លួនឯង ទាំងនេះសុទ្ធតែបានពីញើសឈាមរបស់ខ្ញុំតាំងពីនៅរៀនរហូតចេញធ្វើការ ខ្ញុំនៅតែប្រកាន់ជំហរថា គ្មានអ្វីដែលជាឧបសគ្គយើងទេ ឱ្យតែយើងព្យាយាមជំនះវា មិនថា បញ្ហាលំបាកប៉ុណ្ណា គង់តែបានជោគជ័យទេ ឱ្យតែយើងមិនបោះបង់ខ្លួនឯង គ្មានអ្នកណាម្នាក់បោះបង់យើងទេថ្ងៃណាមួយយើងនឹងសម្រេចជោគជ័យ។
ប្រយោគទាំងនេះដែលធ្វើឱ្យខ្ញុំមានឱ្យថ្ងៃនេះ អរគុណគ្រប់យ៉ាង អរគុណមនុស្សដែលនៅជុំវិញខ្ញុំ អរគុណបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់និងពើបប្រទះ អរគុណពេលវេលាដ៏មានតម្លៃដែលខ្ញុំបានចំណាយ ជាពិសេសខ្ញុំពិតជាអរគុណអ្នកម៉ាក់ជាទីស្រឡាញ់របស់ខ្ញុំដែលតែងតែនៅក្បែរខ្ញុំ ចាំជួយជ្រោមជ្រែងនិងលើកទឹកចិត្តខ្ញុំ ក្នុងនោះក៏មានបងពិសុទ្ធដែរដែលឈរនៅពីក្រោយខ្ញុំ ដែលជួយខ្ញុំឱ្យក្រោកឈរពេលខ្ញុំដួល អរគុណអ្នកទាំងពីរខ្លាំងណាស់ ហើយនៅមានម្នាក់ទៀត ខ្ញុំពិតជាអរគុណខ្លួនឯងណាស់ដែលបានព្យាយាមជំនះគ្រប់ឧបសគ្គ ។
ត្រូវចាំថា ដរាបណាយើងនៅមានជីវិត មិនថាឧបសគ្គលំបាកប៉ុណ្ណាមិនត្រូវចុះចាញ់ដាច់ខាត អ្វីដែលយើងឆ្លងកាត់និងជួបប្រទះវាផ្ដល់ជាបទពិសោធន៍និងមេរៀនសម្រាប់យើង ដូច្នេះហើយ យើងត្រូវក្រោកឈរដើម្បីជំនះនិងដោះស្រាយបញ្ហាទាំងនោះ។
ជីវិតតែងជួបបញ្ហា ការពិតខ្លះមិនមែនការប្រាថ្នាតែកុំឈប់ត្រឹមប៉ុណ្ណឹងណាដំណើរជីវិតនៅសល់វែងឆ្ងាយ រស់ថ្ងៃនេះឱ្យល្អបំផុត ទើបមិនមានវិប្បដិសារី បើដួលហើយអ្នកត្រូវតែក្រោកឈរ ក្លាហានឈានជើងដើរជាថ្មី ត្រូវរស់នៅជាមួយការពិត ត្រូវព្រមទទួលស្គាល់បរាជ័យ បើដួលហើយអ្នកត្រូវតែក្រោកឈរ ជំហានអ្នកមានតម្លៃ។
បទចម្រៀងមួយនេះមានចំណងជើងថា ក្រោកឈរ ច្រៀងដោយអ្នកនាង ឱក សុគន្ធកញ្ញា ខ្ញុំផ្ញើបទនេះជូនអ្នកដែលអានសាច់រឿងរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងក្រោកឈរដើរទៅរកក្ដីស្រមៃរបស់អ្នកទាំងអស់គ្នា ពីខ្ញុំ ឡាលីន ៕