៥សំណួរជាមួយម្ចាស់រឿង«កេសាចងពៀរ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ! សួស្ដី! ខ្ញុំឈ្មោះ សុំ សុធារ៉ាមានអាយុ 20ឆ្នាំ។ សព្វថ្ងៃខ្ញុំគឺជាគរុនិស្សិត 12+4 នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ហើយខ្ញុំរស់នៅក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបងផ្ទាល់តែម្ដង។ ខ្ញុំមាននាមប៉ាកកាថា “ទឹកភ្នែកសម្ងាត់” ហើយខ្ញុំគឺជាម្ចាស់ស្នាដៃរឿង “កេសាចងពៀរ” ដែលចេញផ្សាយនៅ MST Writerកាលពីពេលថ្មីៗនេះ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្ញុំមកដាក់ផ្សាយនៅ MST Writer គឺដើម្បីចែករំលែកនូវសារអប់រំតាមរយ:ស្នាដៃរបស់ខ្ញុំក្នុងបំណងទទួលបានមកវិញនូវចំណេះដឹងនិងបទពិសោធថ្មីៗ ក៏ដូចជាការរិះគន់ក្នុងន័យស្ថាបនាពីមិត្តអ្នកអានដើម្បីឈានទៅរកការកែលម្អសាច់រឿងក្រោយៗរបស់ខ្ញុំឱ្យមានភាពល្អប្រសើរឡើងដើម្បីអភិវឌ្ឍខ្លួនខ្ញុំឱ្យឈានឆ្ពោះទៅចាប់យកអាជីពក្នុងក្ដីស្រមៃគឺក្លាយជាអ្នកនិពន្ធម្នាក់ប្រកបដោយចំណេះដឹងនិងសីលធម៌វិជ្ជាជីវ:។

បើនិយាយពីសាច់រឿងរបស់ខ្ញុំគឺរឿង “កេសាចងពៀរ” នេះគឺនិយាយអំពីដំណើរកម្សាន្តទៅខេត្តសៀមរាបរបស់គរុនិស្សិតមួយក្រុមដែលនៅទីនោះពួកគេបានស្នាក់ក្នុងផ្ទះបុរាណមួយដែលជាស្នាក់សហគមន៍ក្នុងតំបន់។ នៅទីនោះតួឯកប្រុសបានដោះលែងវិញ្ញាណមនុស្សស្រីម្នាក់ចេញមកពីរូបថតដោយអចេតនា។ រឿងប្លែកៗក៏ចាប់ផ្ដើមកើតឡើងរហូតឈានដល់រឿងរ៉ាវកាលពីអតីតជាតិដែលនាំឱ្យវិញ្ញាណមនុស្សស្រីម្នាក់នេះចងអាឃាតមិនព្រមទៅចាប់កំណើតហើយរង់ចាំសម្លាប់អ្នកដែលបំបែកបំបាក់គូស្នេហ៍នាងកាលពីជាតិមុននិងនាំគូស្នេហ៍នាងដែលជាតួឯកប្រុសរបនៅជាតិនេះទៅរស់នៅជាមួយនាងវិញ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់បំផុតក្នុងសាច់រឿងមួយនេះគឺត្រង់ចំណុចដែលដូនជីបានពន្យល់ណែនាំវិញ្ញាណមនុស្សស្រីក្នុងរូបថតនោះឱ្យលះបង់នូវការចងពៀរដោយលើកយកនូវអំណះអំណាងដ៏សមស្របផ្សារភ្ជាប់នឹងសីលប្រាំព្រមទាំងច្បាប់កម្មផល។ ត្រង់នេះគឺជាស្នូលនៃសារអប់រំរបស់ខ្ញុំគឺថា “បើយើងស្រឡាញ់នរណាម្នាក់យើងក៏ត្រូវទុកចំណែកមួយស្រឡាញ់ខ្លួនឯងដែរ!” “ពៀរមែងមិនរម្ងាប់ដោយការចងពៀរឡើយ!” “បុគ្គលណាសាងអ្វីគេនឹងទទួលផលនៃកម្មនោះដោយចៀសមិនផុតគ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ!” ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺក្នុងចេតនាបញ្ជ្រាបសារអប់រំក្នុងសាច់រឿងទៅកាន់មិត្តអ្នកអាន។ កំហឹង ការខឹងក្រោធ ការគុំកួន ការចងពៀរ ការចងអាឃាតព្យាយាទទាំងឡាយគឺសុទ្ធតែជាការយកដុំភ្លើងមកដេកឱប។ មុននឹងយើងបានចោលដុំភ្លើងនោះទៅលើគេ យើងក៏បានឆេះមុនគេរួចទៅហើយ។ ដូច្នេះប្រយោជន៍អ្វីដែលយើងត្រូវដេកឱបភ្លើងនោះ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំណាប់អារម្មណ៍របស់ខ្ញុំទៅកាន់មិត្តអ្នកអានគឺថាខ្ញុំរំពឹងយ៉ាងមុតមាំថាមិត្តអ្នកអានពិតជាទទួលបាននូវសារអប់រំតាមរយ:សាច់រឿងរបស់ខ្ញុំ។ ខ្ញុំជ្រើសយកសារអប់រំមួយនេះគឺក្នុងន័យសរសេរក្រើនរំឭកអប់រំខ្លួនឯងផងហើយនិងផ្សព្វផ្សាយទៅឱ្យមិត្តអ្នកអានបានដឹងផង។ ខ្ញុំបញ្ចប់រឿងដោយឱ្យវិញ្ញាណខ្មោចលះបង់នូវពៀរដើម្បីបញ្ជាក់ឱ្យឃើញថាការលះបង់នូវពៀរគឺស្មើរនឹងការដោះលែងខ្លួនឯងឱ្យមានសេរីភាពយ៉ាងដូច្នេះដែរ។ បែរត្រឡប់មកកាន់សាច់រឿងវិញ ខ្ញុំដឹងថាសាច់រឿងរបស់ខ្ញុំនៅខ្វះចន្លោះច្រើន ហើយខ្ញុំរីករាយជានិច្ចក្នុងការទទួលយកមតិរិះគន់ក្នុងន័យស្ថាបនារបស់មិត្តអ្នកអានដើម្បីកែលម្អសាច់រឿងក្រោយៗទៀតរបស់ខ្ញុំឱ្យមានភាពប្រសើរឡើងជាលំដាប់។ សូមអរគុណសម្រាប់ការចូលរួមអានរបស់មិត្តអ្នកអានជាទីស្រឡាញ់ទាំងអស់គ្នា។

ចុចអានរឿងកេសាចងពៀរ