៥សំណួរជាមួយម្ចាស់រឿង«តាមរកក្តីស្រមៃ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! នាងខ្ញុំឈ្មោះ ឆេន សុខណេត មានអាយុ ២២ ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្ននាងខ្ញុំជានិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសមាជិកក្រុមឥន្រ្ទីយ៍នៃ MST writer ។ ស្នាដៃរបស់នាងខ្ញុំដែលចេញផ្សាយនៅ MST writer មានចំណងជើងថា «តាមរកក្ដីស្រមៃ»។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលធ្វើអោយខ្ញុំសម្រេចចិត្តយកសាច់រឿងមួយនេះមកដាក់ផ្សាយ ព្រោះចង់បង្ហាញស្នាដៃរបស់ខ្លួនទៅកាន់មិត្តអ្នកអានកម្សាន្តអារម្មណ៍ កែអផ្សុក និងទទួលបានការអប់រំដែលបានបង្កប់នៅក្នុងសាច់រឿងទាំងមូល។ ដោយសារតែការអានសៀវភៅ ជម្រុញអោយខ្ញុំស្រឡាញ់ការសរសេរ មួយវិញដោយសារតែឃើញមានយុវជនជាច្រើនដែលកំពុងជួបប្រទះបញ្ហាទៅលើការសិក្សាជំនាញដែលខ្លួនមិនពេញចិត្ត ទាំងនេះជាកម្លាំងចិត្តជម្រុញអោយខ្ញុំស្រមើលស្រមៃសរសេរចេញជាស្នាដៃមួយនេះឡើងមកដើម្បីលើកទឹកចិត្តដល់ពួកគាត់។ នៅក្នុងសាច់រឿងទាំងមូលនិយាយអំពីការតស៊ូរបស់តួអង្គកញ្ជនាដែលរងសម្ពាធពីគ្រួសារដោយសារតែនាងមានក្ដីស្រមៃមួយចង់ក្លាយជាអ្នកនិពន្ធ ប៉ុន្តែ គ្រួសារជំទាស់ដាច់ខាតមិនអោយនាងចាប់អាជីបនេះ ដោយសារតែមានក្ដីស្រមៃធ្វើឲ្យនាងអាចឆ្លងកាត់រាល់ឧបសគ្គទាំងឡាយ រហូតទៅដល់គោលដៅមួយដែលនាងចង់បាន។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំពេញចិត្តជាងគេគឺនៅត្រង់ថាតួអង្គកញ្ជនាមិនបោះបង់ក្ដីស្រមៃខ្លួនឯងចោល ហើយព្យាយាម អត់ធ្មត់ ជាមួយបញ្ហាទាំងឡាយដែលរាំងស្ទះក្ដីស្រមៃរបស់ខ្លួន ហើយអាចធ្វើឲ្យគ្រួសារដែលធ្លាប់តែជំទាស់ បែរជាមានមោទនភាពចំពោះនាងទៅវិញ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងរបស់ខ្ញុំក្នងការដាក់ផ្សាយរឿងមួយនេះ គ្រាន់តែចង់បង្ហាញស្នាដៃរបស់ខ្លួនទៅកាន់មិត្តអ្នកអាន ជាពិសេសខ្ញុំគ្រាន់តែចង់សរសេរលើកទឹកចិត្តដល់យុវវ័យទាំងឡាយដែលមានក្ដីស្រមៃ សូមកុំបោះបង់អោយសោះ ត្រូវតែបន្តធ្វើវាទោះបីជាជួបឧសគ្គយ៉ាងណាក៏នៅតែទៅមុខរហូតដល់គោលដៅមួយដែលយើងចង់បាន។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថាក្រោយពីអានស្នាដៃរបស់នាងខ្ញុំ មិត្តអ្នកអាននឹងទទួលបានកម្លាំងចិត្តបន្ថែមហើយបន្តក្ដីស្រមៃរបស់ខ្លួនអោយទៅដល់គោលដៅមួយដែលចង់បាន ហើយជាចុងក្រោយនាងខ្ញុំក៏សូមអភ័យទោសរាល់កំហុសឆ្គងទាំងឡាយនៅក្នុងសាច់រឿង នាងខ្ញុំស្វាគមន៍ជានិច្ចទទួលយកនូវការរិះគន់ពីសំណាក់មិត្តអ្នកអានគ្រប់គ្នាដោយក្ដីរីករាយ។

ចុចអានរឿងតាមរកក្តីស្រមៃ