១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
នាងខ្ញុំឈ្មោះ ម៉ែន ស្រីពៅ នាមប៉ាកកា កូនជ្រូកខ្មៅ អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល។ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ ជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយកន្លែង។ ស្នាដៃដែលបានចេញផ្សាយនៅ MST Writer គឺ «ដើរតាមបេះដូង» ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
ក្នុងការដែលខ្ញុំសម្រេចចិត្តយករឿងនេះមកដាក់ផ្សាយ ក៏ព្រោះតែចង់ដឹងពីការសរសេររបស់ខ្លួនឯង ថាតើសំណេរនេះពិតជាអាចធ្វើឱ្យអ្នកអានបានរីករាយ និងទទួលយកបានចំពោះការសរសេររបស់ខ្លួនដែរឬក៏អត់? ហើយចំពោះកម្លាំងបណ្តាលចិត្តនោះគឺ ខ្លួនឯងផ្ទាល់ពិតជាចង់បង្ហាញចំណែកមួយនៃគំនិតមួយចំនួនរបស់ខ្លួនទៅកាន់អ្នកអាន និងសង្ឃឹមថា សំណេរនេះអាចផ្តល់នូវគតិខ្លះៗជូនដល់អ្នកអាន។
ចំពោះរឿងនេះ និយាយពីមនុស្សស្រីម្នាក់ដែលមានអាយុច្រើនហើយតែមិនទាន់មានគូ នាងតែងតែបដិសេធលើការជ្រើសរើសផ្សំផ្គុំពីគ្រួសារ រហូតដល់មិត្តភក្តិណែនាំទៀត ទោះបុរសម្នាក់នោះមានចំណុចល្អច្រើន ក៏នាងនៅតែគិតថាខ្លួនឯង នៅមិនទាន់មានភាពគ្រប់គ្រាន់ចំពោះបុរសម្នាក់នោះ ទើបជាហេតុធ្វើឱ្យអ្នកទាំងពីរបានត្រឹមតែជាមិត្តល្អនឹងគ្នា «ណារីត្រូវចាំថា គ្មានគូរស្នេហ៍ណាដែលល្អឥតខ្ចោះនោះទេ បើយើងមិនចេះយោគយល់ឱ្យគ្នា គិតតែការចង់បានតែម្ខាងនោះ វាគ្មានសុភមង្គលទេ។ សូមណារីធ្វើជាណារី កុំផ្លាស់ប្តូរខ្លួនឯងដើម្បីតែអ្នកដទៃ ព្រោះណារីមានចិត្តដ៏ល្អហើយ តែមកពីណារីមិនទាន់បើកចិត្ត បើកបេះដូងខ្លួនឯងឱ្យទូលាយ ទើបណារីមានសម្ពាធក្នុងការសម្រេចចិត្តជ្រើសរើសអ្នកណាម្នាក់ចូលទៅក្នុងជីវិតរបស់ណារី»។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តបំផុតគឺត្រង់ការឌឺដងរបស់បងប្អូនស្រីទាំងពីរ។ ឱ្យតែអានដល់ចំណុចនេះ ស្នាមញញឹមលេចចេញមកតែម្តង។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
បំណងដែលខ្ញុំដាក់ផ្សាយរឿងនេះគឺ ចង់ធ្វើជាចំណែកនៃស្នាមញញឹមរបស់អ្នកអាន។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ជាចុងក្រោយ ខ្ញុំពិតជាអរគុណចំពោះ អ្នកគ្រូដែលបានផ្តល់ឱកាសមួយនេះដល់ខ្ញុំ បើនិយាយជារួមក្នុងទីនេះ ខ្ញុំបីដូចអ្នកអានម្នាក់ដូចគ្នា ព្រោះតែខ្ញុំមិនដែលបានសរសេរបញ្ចេញរឿងអ្វីជាសាធារណៈឡើយ ហើយនេះជាលើកដំបូងរបស់ខ្ញុំហើយដែលបានបង្ហាញ អ្វីដែលខ្លួនលាក់ទុក និងស្រលាញ់ចេញមក។ ហើយខ្ញុំក៏ដឹងខ្លួនឯងថា ចំពោះសំណេរមួយនេះ នៅមានចំណុចខ្វះខាតជាច្រើន តែខ្ញុំនឹងព្យាយាមរៀនសូត្រ ស្វែងយល់លើផ្នែកនេះឱ្យកាន់តែប្រសើរជាងនេះ។ ហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងទទួលបានមតិរិះគន់ស្ថាបនាពីបងប្អូនអ្នកអានផងដែរ។
សូមអរគុណ!