៥សំណួរជាមួយម្ចាស់រឿង«កុំស្នង»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំឈ្មោះនី ស្រីពេជ្រ ជាអ្នកខេត្តកណ្ដាល។ ស្នាដៃដែលបានប្រសូតចេញ ហើយបានដាក់ផ្សាយនៅក្នុងMST Writerគឺរឿងដែលមានចំណងជើងថា ” កុំស្នង ” ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុចំបងដែលធ្វើអោយនាងខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយក៏ព្រោះ ខ្ញុំមិនអាចឱ្យឪកាសដែលជាស្ពានចម្លងស្នាដៃរឿងខ្លី របស់ខ្ញុំរសាត់ឆ្ងាយពីមិត្តអ្នកអានឡើយ។ ម្យ៉ាងមួយវិញទៀតខ្ញុំចង់ទទួលបានការណែនាំកែតម្រូវនូវកំហុសឆ្គងដែលមាននៅក្នុងសាច់រឿងដោយអចេតនា ដើម្បីឱ្យខ្ញុំបានកែប្រែនូវកំហុសឆ្គងមួយនេះ។ កម្លាំងបណ្តាលចិត្តដែលជម្រុញឱ្យខ្ញុំអាចសរសេររឿង និងបានដាក់ផ្សាយក្នុងថ្ងៃនេះគឺ ទីមួយខ្លួនឯងដែលមិនបោះបង់ចោលក្តីស្រមៃមួយនេះ ទីពីរគឺមិត្តភក្តិដែលរាប់អានយើងពិតប្រាកដតែងលើកទឹកចិត្តខ្ញុំអោយបន្តទៅមុខរហូតកុំបោះបង់។ រឿងដែលខ្ញុំបានសរសេរនេះគឺចង់និយាយអំពីមនុស្សដែលជឿទៅលើអបិយជំនឿហួសប្រមាណ ដោយមិនគិតពីការវិនាសដែលនៅខាងមុខ។ ការតាំងចិត្ត ភាពអត់ធ្មត់ មិនចុះចាញ់ពិតជាឪសថទិព្វមែនក្នុងការកំចាត់អំណាចអាក្រក់។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលនាងខ្ញុំចូលចិត្តនិងស្រលាញ់ជាងគេនោះគឺ ត្រង់កន្លែងដែលលោកយាយ លោកតា កែវ និងកែវកេសីធ្វើពិធីនៅខាងលើផ្ទះដើម្បីជំនះអំណាចខ្មៅ កម្លាំងសាមគ្គីជាធ្លុងមួយពិតជាអាចបំបាក់ពពួកអមនុស្សបាន។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងរបស់នាងខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺ កុំជឿងប់ងល់នឹងអ្វីមួយដោយបាត់ការពិចារណា។ មួយវិញទៀតចង់ដាក់បង្ហាញស្នាដៃដំបូងរបស់ខ្ញុំដល់មហាជនអ្នកអាន ព្រោះនេះជាលើកដំបូងហើយដែលខ្ញុំបានបង្ហាញស្នាដៃការសរសេរនេះជាសាធារណៈ។ មួយទៀតដើម្បីសម្រេចក្តីសុបិនដែលបានគិតទុកមកជាយូរហើយ ថាចង់មានស្នាដៃដែលជារបស់ខ្លួនឯងបានដាក់ចេញផ្សាយ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ក្នុងចំណាប់អារម្មណ៍នាងខ្ញុំ គឺចង់ផ្ញើរឿងខ្លីមួយនេះអោយចូលទៅដល់់ក្រអៅបេះដូងរបស់អ្នកអានគ្រប់គ្នាៗ ហើយនាងខ្ញុំនឹងនៅចាំទទួលរាល់ការរិះគន់ក្នុងន័យស្ថាបនាទាំងអស់ពីមិត្តអ្នកអាន។

ចុចអានរឿងកុំស្នង