១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! ខ្ញុំបាទឈ្មោះ រ៉េត សុភ័ក្រ មានអាយុ២១ឆ្នាំ អ្នករស់នៅភ្នំពេញ។ ខ្ញុំជានិស្សិតរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំទី៥ ជាសមាជិកក្រុមហង្សៈនៃ MST writer ។ ស្នាដៃរបស់ខ្ញុំដែលចេញផ្សាយនៅ MST writer មានចំណងជើងថា «កោះមរណៈ»។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលធ្វើឱ្យខ្ញុំសម្រេចចិត្តយកសាច់រឿងមួយនេះមកដាក់ផ្សាយ ព្រោះចង់បង្ហាញស្នាដៃរបស់ខ្លួនទៅកាន់មិត្តអ្នកអានកម្សាន្តអារម្មណ៍ កែអផ្សុក និងទទួលបានការអប់រំដែលបានបង្កប់នៅក្នុងសាច់រឿងទាំងមូល។ ដោយសារតែការអានសៀវភៅ ជម្រុញឱ្យខ្ញុំស្រឡាញ់ការសរសេរ មួយវិញទៀតដោយសារតែឃើញមានយុវជនជាច្រើន មមាញឹកនឹងការសិក្សា ទើបកត្តានេះចង់ឱ្យគាត់មានពេលសម្រាកពីការសិក្សា ហើយយកពេលកម្សាន្តមកអានសៀវភៅខ្លះ។ នៅក្នុងសាច់រឿងទាំងមូលនិយាយអំពីវិស្សមកាលរបស់និស្សិតមួយក្រុម នាំគ្នាទៅកោះមួយ តែចៃដន្យត្រូវមិត្តភក្តិស្រីក្នុងក្រុមម្នាក់ មានបញ្ហាជាមួយពពួកខ្មោចព្រាយបិសាច ហើយធ្វើឱ្យពួកគេត្រូវជាប់នៅលើកោះនោះ ដើម្បីរកវិធីសាស្រ្តជួយមិត្តភក្តិរបស់គេ តែសំណាងល្អមិត្តភក្តិរបស់គេ ត្រូវបានរស់រានមានជីវិតដោយសារតែលោកយាយម្នាក់នៅលើកោះមួយនោះជាអ្នកជួយ ហើយពួកគេក៏ត្រឡប់មកផ្ទះពួកគេវិញដោយសុខសាន្ត។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំពេញចិត្តជាងគេគឺនៅត្រង់ថាទោះបីជារឿងអ្វីក៏ដោយ ក៏ពួកគេតែងតែនៅកំដរជាមួយគ្នាគ្រប់ពេលវេលា។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះ គ្រាន់តែចង់បង្ហាញស្នាដៃរបស់ខ្លួនទៅកាន់មិត្តអ្នកអាន ហើយឱ្យមនុស្សមួយចំនួនមានភាពក្លាហានក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនទៅដល់អ្នកអាន។ ប្រសិនបើអ្នកខ្លាច នោះអ្នកគ្មានថ្ងៃបានមើលឃើញភាពជោគជ័យដែលអ្នកបានគិតទុកនោះទេ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ខ្ញុំសង្ឃឹមថាក្រោយពីអានស្នាដៃរបស់ខ្ញុំ មិត្តអ្នកអាននឹងទទួលបានការកម្សាន្តបន្ថែម មិនតែប៉ុណ្ណោះខ្ញុំសង្ឃឹមថាមិត្តអ្នកអានចេះស្រលាញ់មនុស្សដែលធ្វើអំពើល្អដាក់ខ្លួន ដែលនៅជុំវិញខ្លួនឱ្យបានច្រើន។ ហើយជាចុងក្រោយខ្ញុំក៏សូមអភ័យទោសរាល់កំហុសឆ្គងទាំងឡាយនៅក្នុងសាច់រឿង ខ្ញុំបាទស្វាគមន៍ជានិច្ចទទួលយកនូវការរិះគន់ពីសំណាក់មិត្តអ្នកអានគ្រប់គ្នាដោយក្ដីរីករាយ។