៥សំណួរជាមួយម្ចាស់រឿង«បណ្ដាសាកូនស្រី»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ! នាងខ្ញុំមានឈ្មោះ ម៉ៃ (Mai) អាយុ២៨ឆ្នាំ ។ សព្វថ្ងៃជាគ្រូបង្រៀនបឋមម្នាក់នៅខេត្តកំពត។ ស្នាដៃដែលខ្ញុំបានដាក់នៅMST Writer មានចំណងជើងថា «បណ្ដាសាកូនស្រី»។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ក្នុងការសម្រេចចិត្តដាក់ស្នាដៃក្នុងកម្មវិធីនេះខ្ញុំក៏មានការស្ទាក់ស្ទើដែរដោយសារតែខ្ញុំគិតម្ដងទៀត ក៏យល់ថាខាងកម្មវិធី និងក្រុមការងារពិតខ្នះខ្នែងក្នុងការលើកស្ទួយស្នាដៃអ្នកនិពន្ធថ្មីៗណាស់ ទើបខ្ញុំសម្រេចចិត្តដាក់រឿង«បណ្ដាសាកូនស្រី» នេះដើម្បីឱ្យបងៗក្រុមការងារជួយពិនិត្យនិងកែលម្អដើម្បីចេញផ្សាយតែម្ដង។ កម្លាំងបណ្ដាលចិត្តនោះគឺថា ខ្ញុំចង់បានការកែលម្អពីក្រុមការងារដើម្បីចង់ចឹងថាកន្លែងណាដែលខ្ញុំត្រូវកែ ដើម្បីអភិវឌ្ឍស្នាដៃផ្សេងៗ។ ចំណែករឿង«បណ្ដាសាកូនស្រី»នេះនិយាយពីការសាងកម្មពាររបស់ត្រកូលអភិជនកាលពីជំនាន់បារាំងទៅលើក្មេងស្រីម្នាក់។ ហើយរឿងនេះក៏និយាយពីគំនុំចងអាឃាត តតំណផងដែរ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ជាងគេនៅក្នុងរឿងនេះគឺការលះបង់របស់ម្ដាយដើម្បីការពារកូនជាទីស្រឡាញ់របស់ខ្លួន ហើយក៏ពេញចិត្តនូវការចេះលើកលែងអហោសិកម្មឱ្យគ្នាផងដែរ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

រឿងមួយនេះខ្ញុំគ្រាន់តែចង់ចែករំលែកដល់អ្នកឱ្យបានក្រេបនូវរសជាតិមនោសញ្ចេតនា ដែលខ្ញុំបានប្រិតប្រៀងម្ដងហើយម្ដងទៀតមួយនេះ។ បើទោះបីជាវាជាស្នាដៃដែលមិនសូវជាល្អប៉ុន្មានតែខ្ញុំពិតជាសង្ឃឹមថារឿងមួយនេះ នឹងបានចូលរួមបណ្ដុះចិត្តមេត្តា ការខន្តី ការលើកលែង ការចេះអហោសិកម្មដល់គ្នា និងលះបង់នូវគំនុំចងពៀររវាងគ្នានិងគ្នា ព្រោះថាការចងគំនុំមិនបាននាំក្ដីសុខដល់យើងឡើយ ផ្ទុយទៅវិញ វាប្រៀបដូចជាភ្លើងដែលចាំដុតរាងកាយយើងគ្រប់ពេលវេលា។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថាមិត្តអ្នកអាននឹងចូលចិត្តរឿងមួយនេះ។ ខ្ញុំសូមគោរពអរគុណទុកជាមុនសម្រាប់បងប្អូនដែលបានអានរឿង បណ្ដាសាកូនស្រី ហើយក៏សូមជូនពរបងប្អូនជួបប្រទះនឹងសេចក្ដីសុខគ្រប់ៗគ្នា។

ចុចអានរឿងបណ្ដាសាកូនស្រី