៥សំណួរជាមួយម្ចាស់រឿង«មនុស្សសំខាន់»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្តី ខ្ញុំរ៉ាហ្ស៊ី…វិលមកចួបខ្ញុំជាថ្មី ជាមួយរឿងខ្លីក្រោមចំណងជើងថា “មនុស្សសំខាន់” បន្ទាប់ពីអត្ថបទរឿងខ្លី “បើសិនក្លាយជាប្ដីគេ” ដែលបានដាក់ផ្សាយរួចមកហើយនៅ MST Writer។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

កត្តាដែលជម្រុញឱ្យខ្ញុំសម្រេចចិត្តចេញផ្សាយរឿងខ្ញុំម្ដងទៀតនៅទីនេះ ព្រោះខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំបានសរសេរទៅដល់មហាជន ក៏ដូចជាការស្វែងយល់ពីចំនុចខ្វះខាតដែលខ្លួនមានពីក្រុមការងារត្រួតពិនិត្យរបស់អ្នកគ្រូ ម៉ីសន សុធារី និងពីគំនិតយោបល់របស់ប្រិយមិត្តអ្នកអាន។ ពិតណាស់ ខ្ញុំមានកម្លាំងចិត្តព្រោះខ្ញុំឃើញមានមិត្តអ្នកអានគាំទ្រចំពោះអត្ថបទរឿងមុន “បើសិនក្លាយជាប្ដីគេ” ដែលខ្ញុំមិនដែលគិតថា ខ្ញុំនឹងសមមានមនុស្សច្រើនចូលចិត្តវា ខ្ញុំពិតជារីករាយជាខ្លាំង។

រឿង “មនុស្សសំខាន់” ខ្ញុំសរសេរឡើងមួយនេះ មានបំណងក្នុងការបង្ហាញប្រាប់ពីតម្លៃពិតនៃអ្វីការផ្ដល់តម្លៃសំខាន់ដល់មនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដ…ពេលខ្លះមនុស្សសំខាន់ ដែលយើងមើលរំលងព្រោះតែសម្ដីអាក្រក់ មិនពិរោះឬគ្រោតគ្រាតពីគាត់ តែធាតុពិតក្នុងចិត្តរបស់គាត់ គឺពោរពេញដោយចិត្តស្រលាញ់ ហ៊ានព្រមលះបង់គ្រប់យ៉ាង ដើម្បីយើង…ព្រោះយើងជាមនុស្សសំខាន់របស់គាត់។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រលាញ់បំផុតក្នុងរឿងនេះគឺ ការលះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដ មិនចាំបាច់ត្រូវបង្ហាញប្រាប់តាមរយៈពាក្យសម្ដីរបស់ខ្លួនឯងឡើយ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងសំខាន់ក្នុងការផ្សាយរឿងនេះគឺ ខ្ញុំចង់យកសាច់រឿងមួយនេះមកដាស់រំលឹកដល់អ្នកអានគ្រប់គ្នា ក៏ខ្ញុំខ្លួនឯងផងដែរថា ពេលខ្លះអ្នកដែលយើងគិតថាគេជាមនុស្សសំខាន់របស់យើង តែធាតុពិតគេមិនមែនឡើយ ផ្ទុយពីដែលអ្នកដែលតែងតែផ្ដល់តម្លៃនិងនៅក្បែរយើងគ្រប់ពេល បែរជាយើងមិនដែលគិត មើលឃើញរូបគាត់ជាមនុស្សសំខាន់របស់ខ្លួនយើងទៅវិញ…ដល់ពេលមួយដែលហួសពេល ទើបយើងខ្លួនឯងដឹងខ្លួនខុស មានតែពាក្យថា សូមទោស ពោលទៅកាន់ពួកគេ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

សម្រាប់ខ្ញុំ ខ្ញុំគ្មានអ្វីច្រើននិយាយទេ គឺមានតែពាក្យអរគុណ ដែលបានអាននិងគាំទ្ររឿងនេះ និងសូមទោសជាមុន ប្រសិនខ្ញុំមានប្រព្រឹត្តកំហុសឆ្គងអចេតនា តាមការប្រើពាក្យពេចន៍ខុសឬកំហុសឆ្គងអក្ខរាវិរុទ្ធ។ ចុងក្រោយខ្ញុំសង្ឃឹមថា រឿងខ្លី “មនុស្សសំខាន់” បានជាប្រយោជន៍ក្នុងការប្រលោមចិត្តអ្នកអាន រំសាយពីក្ដីអផ្សុក និងប្រាសចាកពីទុក្ខសោកផ្សេងៗ។

ចុចអានរឿងមនុស្សសំខាន់