១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរ! នាងខ្ញុំឈ្មោះ ឡង់ឌី អាយុ២០ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប។ ខ្ញុំបានចេញផ្សាយនូវរឿងមួយដែលមានចំណងជើងថា បេះដូងកាមេរ៉ា នៅ MST Writer។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលនាងខ្ញុំសម្រេចចិត្តយករឿងនេះមកចេញផ្សាយ ព្រោះនាងខ្ញុំចង់សាកល្បងពីសមត្ថភាពរបស់ខ្លួនឯងលើការតែងនិពន្ធ។ ដោយមានការជម្រុញលើកទឹកចិត្តពីក្រុមគ្រួសារនិងមិត្តភក្តិ រួមជាមួយនឹងខ្ញុំខ្លួនឯងផ្ទាល់។ រឿងមួយនេះគឺនិយាយអំពីជីវិតរបស់ក្មេងស្រីម្នាក់ឈ្មោះចន្ទនា ដែលដើរចូលប្រឡូកក្នុងវិស័យការងារជាអ្នកថតរូបម្នាក់ ទាំងដែលនាងគ្មានជំនាញនោះទាល់តែសោះ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលនាងខ្ញុំស្រឡាញ់ជាងគេនៅក្នុងរឿងនេះគឺត្រង់ពេលដែលចន្ទនាជួបប្រទះនូវភាពអស់សង្ឃឹមក្នុងការងាររបស់នាង នាងមិនបានបោះបង់វាចោលឡើយ។ នាងសុខចិត្តទុកពេលឲ្យខ្លួនឯងបានសម្រាកខ្លះ ហើយក៏បន្តធ្វើវាតទៅទៀត។ ក្រៅពីនេះ នាងខ្ញុំចូលចិត្តចរិតមួយរបស់ចន្ទនាចំពោះរឿងស្នេហានិងការសិក្សា។ នាងសុខចិត្តបោះបង់ចោលស្នេហាដើម្បីការសិក្សារៀនសូត្ររបស់នាង។ ត្រង់នេះពិតជាគួរឲ្យសរសើរខ្លាំងណាស់។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
ក្នុងការដាក់ផ្សាយរឿងមួយនេះ នាងខ្ញុំចង់ចែករំលែកនូវបទពិសោធន៍ខ្លះៗទាក់ទងនឹងការថតរូប។ ពេលខ្លះគ្រាន់តែមើលនឹងភ្នែក យើងនឹងមិនអាចដឹងបានទេថាវាចួបប្រទះនូវបញ្ហាអ្វីខ្លះ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ដូច្នេះនាងខ្ញុំសំណូមពរឲ្យមិត្តអ្នកអានគ្រប់រូប អានប្រកបដោយការពិចារណា ព្រោះនាងខ្ញុំដឹងថារឿងតែមួយពិតមែន តែការយល់ឃើញមិនដូចគ្នាទេ។ នាងខ្ញុំនឹងរង់ចាំទទួលការកែតម្រូវផ្សេងៗពីមិត្តអ្នកអាន ដើម្បីកែលម្អចំណុចខ្វះខាតរបស់នាងខ្ញុំ។
សូមអរគុណ!