៥សំណួរជាមួយម្ចាស់រឿង«កំពូលកូន»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្តីមិត្តអ្នកអានជាទីស្រឡាញ់! នាងខ្ញុំឈ្មោះ ឈន ស្រីទូច នាមប៉ាកកា អមររ័ត្ន មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត។ ស្នាដៃរបស់នាងខ្ញុំដែលចេញផ្សាយនៅ MST writer មានចំណងជើងថា កំពូលកូន។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលធ្វើឱ្យខ្ញុំសម្រេចចិត្តយកសាច់រឿងមួយនេះមកដាក់ផ្សាយ ព្រោះចង់បង្ហាញស្នាដៃរបស់ខ្ញុំទៅកាន់មិត្តអ្នកអានកម្សាន្តអារម្មណ៍ កែអផ្សុក និងលើកកម្ពស់ទៅលើការអាន។ ស្របពេលជាមួយគ្នានេះដែរ ក៏ធ្វើឱ្យអ្នកអានគ្រប់រូបទទួលបាននូវការអប់រំដែលបានបង្កប់នៅក្នុងសាច់រឿងទាំងមូលដូចជា ឱ្យយើងចេះស្ដាប់បង្គាប់ម្ដាយឪពុក មិនចចេស មានៈដាក់លោកទាំងពីរ។ មួយវិញទៀត ឱ្យយើងចេះដឹងគុណគាត់ ដែលលោកបានខិតខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើងជាកូន។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានបង្ហាញឱ្យយើងចេះអនាម័យខ្លួនប្រាណ ថែរក្សាសុខភាព ដើម្បីចៀសពីជំងឺអាសន្នរោគផ្សេងៗ។ បន្ថែមលើនេះទៅទៀតនោះ គឺបានផ្ដល់នូវបទពិសោធន៍ជីវិតដល់អ្នកអានឱ្យស្គាល់ពីអារម្មណ៍តែលតោល ឯកានៅពេលដែលសាច់ញាតិមិននៅជិតខ្លួន ហើយជម្រុញចិត្តឱ្យចេះថែរក្សានូវរបស់ល្អនៅក្បែរប្រាណ ចៀសវាងមានការស្ដាយក្រោយ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ចូលចិត្តជាងគេនៅក្នុងរឿងមួយនេះគឺនៅត្រង់តួអង្គឯកប្រុសជួបនូវអារម្មណ៍ឯកាក្នុងជីវិតដែលគេមិនធ្លាប់ជួបពីមុនមក ហើយធ្វើឱ្យគេបាក់ស្បាតលែងចង់ជួបអារម្មណ៍បែបហ្នឹងបន្តទៀត។ បន្ទាប់មកធ្វើឱ្យគេនឹកឃើញពីទង្វើមិនល្អដែលធ្លាប់ធ្វើដាក់អ្នកមានគុណរបស់គេ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺចង់អប់រំដល់មិត្តអ្នកអានអំពីសីលធម៌នៃការស់នៅក្នុងសង្គម។ នាងខ្ញុំសូមខន្ដីអភ័យទោសនូវរាល់ចំណុចខុសឆ្គង ខ្វះខាតនៅក្នុងសាច់រឿងដែលកើតឡើងដោយអចេតនាណាមួយ។ នាងខ្ញុំរីករាយនឹងទទួលរាល់ការរិះគន់ក្នុងន័យដើម្បីស្ថាបនា។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយ នាងខ្ញុំសូមជូនពរដល់មិត្តអ្នកអានឱ្យជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

ចុចអានរឿងកំពូលកូន