៥សំណួរជាមួយម្ចាស់រឿង«ផ្កាលីលី»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ នាងខ្ញុំឈ្មោះឃឿន ស្រីហ៊ួ ឆ្នាំនេះខ្ញុំមានអាយុ១៧ឆ្នាំនិងជាសិស្សវិទ្យាល័យមួយនៅក្នុងខេត្តព្រៃវែង។ រឿង ផ្កាលីលី ជារឿងដែលនាងខ្ញុំបានដាក់ក្នុងកម្មវិធី MST writer seasons 1 ហើយក៏ជាលើកទីមួយដែលខ្ញុំសរសេររឿង ឱ្យតួឯកអភ័ព្វស្នេហ៍បែបនេះ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿង ផ្កាលីលី ទៅដាក់ផ្សាយ ព្រោះចង់បានមតិកែលម្អពីក្រុមការងារអ្នកគ្រូ ម៉ីសន សុធារីនិងផ្សាយបានដល់អ្នកអានបានកាន់តែទូលាយតាមរយៈ កម្មវិធី MST writer seasons 1។ កម្លាំងបណ្តាលចិត្ត គឺបានមកពីមិត្តរបស់ខ្ញុំទាំងស្គាល់តាមបណ្តាញសង្គមនិងមិត្តរួមជំនាន់ ហើយនៅមានរៀមច្បងនៅក្នុងវិស័យតែងនិពន្ធ ម្យ៉ាងទៀតខ្ញុំចង់ចូលរួមក្នុងការលើកកម្ពស់ការអាននៅកម្ពុជា។ រឿង ផ្កាលីលី និយាយពីជីវិតស្នេហាកំលោះ IT ម្នាក់ គេបានយល់ច្រឡំថាលីលី ជាមិត្តរួមការងារបានស្រឡាញ់គេ ប៉ុន្តែធាតុពិតនាងចាត់ទុកគេត្រឹមជាបងប្រុសប៉ុននោះ។

នៅថ្ងៃមួយថ្ងៃដែលលីលី ត្រលប់មករកទិនករវិញ ជាថ្ងៃដែលទិនករមិនចង់ចួបលីលី ព្រោះមិនចង់ឃើញទឹកភ្នែកនាងជាលើកចុងក្រោយដោយសារតែខ្លួន។ ចង់ដឹងអត់ ហេតុអ្វីខ្ញុំប្រើប្រយោគ “ព្រោះមិនចង់ឃើញទឹកភ្នែកនាងជាលើកចុងក្រោយដោយសារតែខ្លួន” បើចង់ដឹងកុំភ្លេចចូលអានផងណា។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តនិងស្រឡាញ់ជាងគេគឺ ត្រង់ប្រយោគតួឯកប្រុសនិយាយទៅកាន់តួឯកស្រីថា “បើនឹកបង សូមអូនមើលព្រះអាទិត្យ” វាពិតជាឈឺចាប់ណាស់មែនអត់ ពេលមនុស្សដែលយើងស្រឡាញ់និយាយពាក្យនេះមកកាន់យើងមុនគេចាកចេញទៅគ្មានថ្ងៃវិលត្រលប់។ ត្រង់ឈុតនេះ គឺតួឯកប្រុសនិងតួឯកស្រីស្ថិតលើដំបូលមន្ទីរពេទ្យមើលព្រះអាទិត្យលិច ខ្ញុំស្អប់ព្រះអាទិត្យលិចណាស់ ព្រោះវាស្រងោះស្រងោចឯកាទើបរើសជ្រើសឈុតនេះជាឈុតចុងក្រោយដែលតួឯកប្រុសបានមើលឃើញទីក្រុងទាំងមូល។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បើនិយាយថា ខ្ញុំចង់ផ្សាយដោយមិនចង់ចូល TOP  ចង់បានតែមតិកែលម្អដូចកុហកពេកហើយ។ ត្រូវខ្ញុំពិតជាចង់ចូល TOP ណាស់ដើម្បីបានប្រាក់រង្វាន់មកបោះពុម្ពប្រលោមលោកដែលខ្ញុំស្រឡាញ់ដូចពេជ្រចរណៃ ហើយក៏ចង់បានមតិកែលម្អនិងឱ្យមានអ្នកបានអានរឿងរបស់ខ្ញុំកាន់តែទូលាយ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

អ្នកអានទាំងអស់គ្នា ខ្ញុំមានអាយុតិចបទពិសោធន៍គឺនៅក្មេងខ្ចី រឿងរបស់ខ្ញុំមិនបានល្អគ្រប់គ្រាន់ឡើយ ដូច្នេះបើមានកំហុសខុសឆ្គងត្រង់ប្រកាណាមួយនាងខ្ញុំសូមអភ័យទោសផង។ ខ្ញុំរីករាយជានិច្ចក្នុងការទទួលមតិស្ថាបនាពីអ្នកទាំងអស់គ្នា អរគុណច្រើន។

ចុចអានរឿងផ្កាលីលី