៥សំណួរជាមួយម្ចាស់រឿង«ខ្មោចស្រីរបាំ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរសាជាថ្មីម្តងទៀតអ្នកទាំងអស់គ្នា! នាងខ្ញុំឈ្មោះ មួង ពិសី ហៅសីសីក៏បាន នាមប៉ាកកា សោតា ជាសមាជិកជំនាន់ទី១ របស់ MST Family។ រឿងដែលដាក់ផ្សាយក្នុង MST Writer មានតែមួយឲ្យគត់ ជាប្រភេទរឿងរន្ធត់គឺរឿង«ខ្មោចស្រីរបាំ»ហើយក៏ជារឿងដំបូងបំផុត ដែលខ្ញុំចាប់ផ្តើមសរសេររឿងខ្មោច។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ចំពោះរឿងមួយនេះខ្ញុំបានចំណាយពេលជាង២ឆ្នាំ ទម្រាំតែសរសេរចប់ក្នុងឆ្នាំ២០១៨ ហើយខ្ញុំក៏សម្រេចយករឿងនេះមកដាក់ផ្សាយជាមួយ MST Writer ដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យត្រលប់មកសរសេរសារជាថ្មីម្តងទៀត ព្រោះថាខ្ញុំបានបាត់បង់ចំណូលចិត្តនៃការសរសេរនេះជាង ២ឆ្នាំមកហើយដោយមូលហេតុការងារនិងកត្តាជុំវិញខ្លួន។ ដោយសារតែខ្ញុំបានឃើញ MST Writer ទើបតែបង្កើត និងមានមនុស្សជាច្រើនចូលរួម ព្រមទាំងមិត្តភក្តិជំរុញលើកទឹកចិត្ត ទើបខ្ញុំសម្រេចចិត្តដាក់ស្នាដៃមួយនេះចូលរួមជាមួយពួកគាត់ដែរ។ វាអាចជាកន្លែងលើកទឹកចិត្តដ៏ល្អសម្រាប់អ្នកដែលចង់បញ្ចេញស្នាដៃរបស់ខ្លួនឯងតែមិនហ៊ាន។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ជាងគេក្នុងរឿងខ្មោចស្រីរបាំមួយនេះ គឺការតាំងចិត្តបញ្ចប់រឿងរបស់ខ្លួននិងវិលមករកការសរសេរវិញ ដែលខ្ញុំបានទុកចោលអស់២ឆ្នាំ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំគ្មានអ្វីក្រៅពីចែករំលែកភាពភ័យរន្ធត់តាមរយៈរឿងមួយនេះដល់អ្នកអានឡើយ ហាហា។ ខ្ញុំសង្ឃឹមថារឿងមួយនេះអាចធ្វើឱ្យអ្នកអានរំសាយអារម្មណ៍ បំបាត់អផ្សុកបានមួយផ្នែក។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយ ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នា និងសមាជិកជំនាន់ក្រោយៗ បើពិតជាចង់ក្លាយជាអ្នកនិពន្ធ កុំខ្លាចនឹងបង្ហាញស្នាដៃរបស់យើងទៅកាន់ពិភពលោក។

ចុចអានរឿងខ្មោចស្រីរបាំ