១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សួស្តីប្រិយមិត្តអ្នកអានជាទីរាប់អាននាងខ្ញុំឈ្មោះ ពុធ ច័ន្ទសិរីរ័ត្ន នាមប៉ាកកា«រតនៈបក្សី» មានស្រុកកំណើតនៅខេត្តកំពង់ធំ។ សម្រាប់ស្នាដៃដែលបានដាក់ចេញផ្សាយនៅ MST Writerគឹរឿង «សំណៅជីវិត» កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្មីៗនេះ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយកអត្ថបទរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
ចំពោះមូលហេតុដែលខ្ញុំបានសម្រេចចិត្តយករឿងដាក់ផ្សាយ ព្រោះខ្ញុំចង់លើកទឹកចិត្តចំពោះអ្នកដែលកំពុងជួបប្រទះបញ្ហាលំបាកក្នុងជីវិត ជាពិសេសអំឡុងពេលកូវីតកើតមាននេះមនុស្សកាន់តែច្រើនឡើង រហូតដល់ថ្នាក់អ្នកខ្លះ ក្លាយទៅជាមនុស្សដែលមានបញ្ហាបាក់ទឹកចិត្ត អស់កម្លាំងចិត្ត បាត់អស់ក្តីសង្ឃឹមក្នុងជីវិត។
ចំពោះកម្លាំងជម្រុញចិត្តដោយសារការមានចំណុចខ្វះខាត បរាជ័យ ភាពក្រីក្រ ទទួលរងការមើលងាយមើលស្រាល ទើបខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលមានគុណតំលៃម្នាក់ដោយខ្លួនឯងផ្ទាល់។ មនុស្សគ្រប់គ្នាប្រហែលជាធ្លាប់ឆ្លងកាត់ចំណុចទាំងនេះ ព្រោះតែភាពឈឺចាប់ទាំងនេះហើយដែលខ្ញុំចង់កែរឿងចោលម្សៀតកន្លងមករយៈ២៩ជាងឆ្នាំក្នុងជីវិត ឳ្យក្លាយជាមេរៀនដ៏ល្អសម្រាប់ជីវិតរបស់ខ្ញុំផ្ទាល់ និងអាចចែករំលែកតាមរយៈការតាក់តែងនិពន្ធ ដើម្បីជួយជម្រុញលើកទឹកចិត្តមនុស្សដែលកំពុងមានបញ្ហាជីវិត។
នៅក្នុងសាច់រឿងខ្ញុំបានសរសេរសង្កត់ធ្ងន់លើ៤ចំនុចសំខាន់៖
ទី១.ការព្យាយាមស្វែងរកខ្លួនឯង រកឳ្យឃើញពីអ្វីដែលខ្លួនចង់ធ្វើ ហើយធ្វើវាឳ្យអស់ពីលទ្ធភាពដើម្បីកុំឳ្យជីវិតជួបនូវការសោកស្តាយ
ទី២.គឺការយកចិត្តទុកដាក់ឳ្យតម្លៃចំពោះវត្តមានមនុស្សសំខាន់ៗក្នុងជីវិត
ទី៣.កុំធ្វេសប្រហែសចំពោះជំងឺបាក់ទឹកចិត្តព្រោះវាជាមេរោគមួយដែលអាចបំផ្លាញពេលវេលា សេចក្តីសុខ សុភមង្គលក្នុងជីវិត
ទី៤.គ្មានការចាប់ផ្តើមណា ប្រសើរជាងការទទួលយក និងសម្រេចចិត្តត្រូវតែផ្លាស់ប្តូរ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងអត្ថបទមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំពេញចិត្តបំផុតនៅក្នុងសាច់រឿងដែលខ្ញុំនិពន្ធគឹ ត្រង់សម្រង់សម្តីឈឺចាប់៥ឃ្លា ដែលជាតម្លៃអប់រំ ចេញពីតួអង្គប្រុសក្នុងរឿងJoker ដែលមានអត្ថន័យជ្រាលជ្រៅបំផុតប្រកបដោយភាពឈឺចាប់ ការបាក់ទឹកចិត្ត ដោយសារការមើលងាយ មើលស្រាល ជិះជាន់ ភាពក្រីក្រលំបាកវេទនា នាំឳ្យខ្លួនរងសម្ពាធផ្លូវចិត្តជាទម្ងន់។ ចេតនាដែលខ្ញុំលើកចំនុចនេះឡើងជាឧទាហរណ៍នៅក្នុងសាច់រឿង គឹខ្ញុំចង់បញ្ជាក់ថា មនុស្សម្នាក់ៗសុទ្ធតែមានសិទ្ធិក្នុងការគិត ដោយគំនិតវិជ្ជមាន ទោះបីយើងត្រូវបានហ៊ុំព័ទ្ធនៅក្នុងភាពអវិជ្ជមានក៏ដោយ។ កុំឳ្យសំឡេងនៃការមើលងាយ មើលស្រាលបង្ខំយើងឳ្យក្លាយជាមនុស្សដែលបោះបង់សូម្បីតែក្តីសង្ឃឹមសម្រាប់ជីវិតរបស់ខ្លួន និងប្រព្រឹត្តរឿងដែលមិនគួរធ្វើក្នុងជីវិត។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយអត្ថបទមួយនេះ?
គោលបំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺដើម្បីឳ្យមនុស្សគ្រប់រូប បានដឹងថា ទោះយើងធ្លាប់ឆ្លងកាត់បទពិសោធឈឺចាប់ក្តី បរាជ័យក្តី ក៏យើងត្រូវរក្សាឳ្យបាននូវភាពវិជ្ជមាន ហើយរក្សាក្តីសង្ឃឹមពុះពារជម្នះវាឳ្យអស់លទ្ធភាព «អ្នកនឹងក្លាយជាអ្នកឈ្នះ ប្រសិនបើអ្នកមិនបោះបង់» កុំឳ្យបញ្ហាគ្រាន់តែមកលង មកលេងជាមួយអ្នកក្នុងរយៈពេលណាមួយសោះ មកបំបាក់ការតាំងចិត្ត សេចក្តីក្លាហាន និងក្តីសង្ឃឹមរបស់អ្នកឳ្យសោះ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ជាចុងក្រោយ ខ្ញុំមានតែពាក្យថ្លែងអំណរគុណចំពោះខ្លួនឯងដែលបានចងក្រងសាច់រឿង«សំណៅជីវិត» ស្តែងពីការរើបម្រះជម្នះវាសនា តតាំងការឈឺចាប់ លំបាកវេទនា និងសម្រេចទទួលយកការផ្លាស់ប្តូរ ទុកជាទុនគំនិតជូនដល់មិត្តអ្នកអានដែលកំពុងពើបប្រទះនឹងបញ្ហាជីវិត អស់កម្លាំងចិត្ត អស់ក្តីសង្ឃឹមក្នុងជីវិត ឳ្យចេញជាគំនិត និងមានដំណោះស្រាយណាមួយល្អប្រសើរសម្រាប់ខ្លួនឯង អាចជួយផ្លាស់ប្តូរខ្លួនឯងឳ្យក្លាយជាបុគ្គលដែលមានភាពរីកចម្រើនម្នាក់ជាចំណែកធនធានក្នុងសង្គម ហើយខ្ញុំក៏សង្ឃឹមថានឹងមានឳកាសនិពន្ធរឿងជាច្រើននាពេលក្រោយៗ ដើម្បីចូលរួមចែករំលែក និងជួយជាដំណោះស្រាយទៅកាន់មិត្តអ្នកអានជាទីស្រលាញ់។