១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរ! នាងខ្ញុំ វេន សំណាង ហៅ “និស្សិតស្រីកំសត់” មានអាយុ២៤ឆ្នាំនិងជាគរុនិស្សិតនៅវិទ្យាស្ថានមួយក្នុងរាជធានីភ្នំពេញ។ រឿង “និស្ស័យកម្ម” គឺជារឿងលើកដំបូងដែរនាងខ្ញុំបានចេញផ្សាយនៅលើ MST writer ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយព្រោះខ្ញុំចង់បង្ហាញនូវស្នាដៃការតាក់តែងនិពន្ធដំបូងរបស់ខ្ញុំ។កម្លាំងបណ្តាលចិត្តរបស់ខ្ញុំគឺខ្ញុំចូលចិត្តកត់ត្រានិងសិក្សាពីចិត្តមនុស្ស ពិសេសចូលចិត្តស្តាប់រឿងប្រលោមលោកច្រើន និងឆ្លៀតអានសៀវភៅការតែងនិពន្ធក្រោយពីទំនេរពីការសិក្សាបែបនេះហើយទើបខ្ញុំសម្រេចចិត្តសរសេររឿងនិស្ស័យកម្ម ព្រោះចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងតាមក្តីស្រមៃ។
រឿងនេះនិយាយអំពីដំណើរជីវិតរបស់និស្សិតស្រីម្នាក់ដែលមានចិត្តតស៊ូខិតខំរៀនសូត្រវាមានឧបគ្គសអ្វីខ្លះទម្រាំទទួលបានជោគជ័យក្នុងការសិក្សានឹងចេះបែងចែកដាច់ស្រាច់ពីបញ្ហាការសិក្សានិងបញ្ហាផ្ទាល់ខ្លួននាងជាមនុស្សដែលមានភាពឯករាជ្យប៉ុន្តែនាងជាមនុស្សដែលអភ័ព្វចំពោះរឿងស្នេហានាងបរាជ័យជាច្រើនលើកច្រើនសា។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តឬស្រលាញ់ជាងគេក្នុងសាច់រឿងមួយនេះគឺ មិនថាមានបញ្ហាអ្វីក៏ដោយក៏នូណាមិនព្រមចុះចាញ់នាងព្យាយាមកែប្រែចំនុចខ្វះខាតខ្លួនឯងឡើងវិញទាំងអស់ទាំងចិត្តទាំងការគិតហើយទីបំផុតនាងក៏ទទួលបានជោគជ័យដោយសារការហ៊ានប្រឈមមុខដោះស្រាយបញ្ហានិងរៀនទទួលយកការពិតហ្នឹងចេះច្នៃវិបត្តិឱ្យក្លាយទៅជាឱកាសអភិវឌ្ឍសមត្ថភាពបន្ថែម។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងនៃការដាក់ផ្សាយរឿងមួយនេះគឺចង់ឱ្យអ្នកអានចេះធ្វើការបែងចែកឱ្យដាច់ចំពោះរឿងបញ្ហាការសិក្សានិងបញ្ហាផ្ទាល់ខ្លួនហើយត្រូវតែចេះតស៊ូព្យាយាមសិក្សារៀនសូត្រដើម្បីជោគជ័យនិងសម្រេចតាមគោលដៅដែលបានកំណត់។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ខ្ញុំចង់ឱ្យអានសិក្សាពីគុណសម្បត្តិនិងគុណវិបត្តិនៃស្នេហាហើយថ្លឹងថ្លែងវាអោយបានច្បាស់ទើបអ្នកអាចទទួលបានជោគជ័យទាំងការសិក្សានិងរឿងស្នេហា។