ស្ថានីយទូរទស្សន៍ភីអិនអិនបានបញ្ចេញសមិទ្ធិផល រឿងភាគខ្មែរថ្មីមួយគឺ រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ក្រោយថតចប់រួចរាល់ដោយប្រើរយៈពេលពេញមួយឆ្នាំ។
នៅក្នុងវីដេអូមួយនេះ ស្ថានីយទូរទស្សន៍ Pnnចាត់ទុក រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាខ្សែវីដេអូភាគធំរបស់ខ្លួនប្រចាំឆ្នាំ២០១៩។
អ្នកផលិតរឿងនេះគឺ លោក ឈរ ហ្សង់ ជាខ្មែរសញ្ជាតិបារាំងមកពី ផលិតកម្ម La film បានអះអាងថាលោកបានប្រើវិធីសាស្ត្រថ្មី គឺអោយតារាសម្តែងលេងតាមគំនិតនិង
មនោសញ្ចេតនារបស់គេផ្ទាល់ហើយកាមេរ៉ាគឺនៅចាំចាប់រហូតមិនកាត់ពួកគេ ជាហេតុធ្វើអោយពួកគេចូលតួបានល្អនិងមានកាយវិការស់រវើក។
អ្នកនិពន្ធ ម៉ី សនសុធារី វិញក៏បានអះអាងដែរថា អ្នកស្រីមានមោទនភាពចំពោះរឿងភាគមួយនេះដោយបាន បន្តសាច់រឿងថ្មីបន្ថែមខ្លះពីលើរឿងចាស់ដើម្បីអោយកាន់តែមានភាពទំនើបកម្មនិងដើរទាន់បច្ចុប្បន្នភាពរបស់សង្គមកម្ពុជា។ អ្នកស្រីអះអាងថាយើងថតកុនយើងដើរទៅមុខមិនមែនបកក្រោយទេ ដូច្នេះលំបាកឬស្រណុក វាជារឿងធម្មតា បើបកក្រោយគួរតែមិនធ្វើល្អជាង។
ចំណែកអ្នកនិពន្ធអត្ថបទភាពយន្តគឺ កញ្ញាម៉ានិត បានអះអាងដែរថា សាច់រឿងបំឡែងពីប្រលោមលោកមួយនេះត្រូវការពេល៥ខែគត់ក្នុងការសរសេរឡើងវិញ ហើយថាខ្លួនបានរៀនច្រើនពីសិល្បៈកំណត់ចរិតតួអង្គក្នុងរឿងដ៏ល្អនេះ។
លោកលៀក លីដា ផលិតករដ៏មានបទពិសោធន៍ ដែលជាទីប្រឹក្សាសម្រាប់ខ្សែរឿងភាគនេះអះអាងថា នេះជាសាច់រឿងដំបូងដែលលោកស្រលាញ់អស់ពីបេះដូង។ រឿងភាគថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់ក៏នឹងមានផ្សាយបន្តនៅលើ Soyoផងដែរដែល លោកស៊ុត ឈាងឡេង អ្នកគ្រប់គ្រង Soyo អះអាងថា នេះជាកុនដែលមានតម្លៃ Digital Right ខ្ពស់បំផុតក្នុងឆ្នាំនេះ៕
























