១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរមិត្តអ្នកអានទាំងអស់គ្នា! នាងខ្ញុំ ហេង សុមេធា ឬអាចហៅថា «ហាម៉ូនី» ខ្ញុំមានអាយុ ២១ ឆ្នាំ និងជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ «សង្សារក្នុងបេះដូង» ជាស្នាដៃរឿងដំបូងរបស់ខ្ញុំដែលបានចេញផ្សាយនៅលើ MST Writer រដូវកាលទីមួយនេះ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
ចំពោះការសរសេររឿង ខ្ញុំខ្លួនឯងមិនធ្លាប់ដឹងថាខ្លួនឯងអាចសរសេររឿងបាននោះទេ តែនៅពេលសាកល្បងហើយអាចលេចរូបរាងមកក៏ចាប់អារម្មណ៍យកមកដាក់ផ្សាយនៅ MST Writer ជាមួយស្នាដៃបងៗអូនៗមិត្តអ្នកនិពន្ធជាច្រើននៅទីនេះដែរ ព្រោះអាចថាជាអ្នកអានម្នាក់ដែលចូលចិត្តស្រលាញ់ប្រលោមលោកបែបខ្មែរយើង ដែលការប្រើពាក្យពេចន៍បរិយាយមានភាពពិរោះ ហើយអាចផ្ដល់មកនូវអារម្មណ៍ចម្រុះមកដល់អ្នកអាន បានជក់ចិត្តចាំជាប់ក្នុងបេះដូងជានិច្ច ហើយការសម្រេចចិត្តយករឿងមកផ្សាយនៅទីនេះក៏ជាការចែករំលែកនូវទឹកចិត្តស្រលាញ់ប្រលោមលោកខ្មែរ និងចែករំលែកសេចក្ដីសុខតូចៗក្នុងការសរសេររបស់ខ្ញុំខ្លួនឯងផងដែរ។ ស្នាដៃរឿង «សង្សារក្នុងបេះដូង» រៀបរាប់អំពីគូស្នេហ៍មួយគូ ជានិស្សិតមកសិក្សានៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ពួកគេត្រូវបានបែកគ្នាគ្មានថ្ងៃនឹងវិលត្រឡប់មកចួបគ្នាវិញម្ដងទៀតជារៀងរហូត ដោយសារឧបទ្ទវហេតុរថយន្តដ៏ធំមួយបានកើតមានឡើងនៅក្នុងរាត្រីឆ្លងឆ្នាំនោះ វាបាននាំយកជីវិតរបស់មនុស្សជាទីស្រលាញ់ឱ្យចាកចោលគ្នា បន្សល់ត្រឹមម្នាក់ទៀតឱ្យរស់នៅថែរក្សាបេះដូងតែម្នាក់ឯងនៅលើផ្លូវជីវិតដ៏វែងឆ្ងាយនិងគ្រាំគ្រា…
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចាប់អារម្មណ៍ជាងគេពីស្នាដៃរឿងរបស់ខ្លួនឯង ព្រោះខ្ញុំសរសេររួចក៏ចូលកែកុនចូលអានរឿងខ្លួនឯងមិនដឹងប៉ុន្មានដង ហុហុ ទម្រាំអាចរកឃើញ…គឺជាការផ្ដល់នូវអារម្មណ៍មួយឱ្យទៅតួអង្គនារី ដែលទោះបីជាត្រូវបាត់បង់មនុស្សជាទីស្រលាញ់យ៉ាងណា នាងអាចរឹងមាំបាន ផ្ដល់ឱ្យនាងនូវអារម្មណ៍មួយដែលគ្រប់ពេលឱ្យនាងហាក់យល់ថាដូចជាមិននៅឯកាតែម្នាក់ឯង នៅក្នុងបេះដូងនាង ដង្ហើមដកចេញចូលរបស់នាង គឺមានតួអង្គបុរសនៅក្បែរនាងជានិច្ច ក៏អរគុណខ្លួនឯងផងដែរដែលផ្ដល់កាដូរមានតម្លៃមួយជាកម្លាំងជម្រុញចិត្តឱ្យដល់តួអង្គ កុំឱ្យនាងមានអារម្មណ៍ថាដំណើរទៅមុខពិបាកប្រឈមខ្លាំងពេក។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
ខ្ញុំគ្រាន់តែចង់ចែករំលែកទឹកចិត្តស្រលាញ់ប្រលោមលោកខ្មែរ ហើយអាចទទួលបានបទពិសោធល្អៗពីវិស័យតែងនិពន្ធនេះត្រឡប់មកវិញ ក៏ដូចជាចង់បានមតិយោបល់ដើម្បីស្ថាបនាស្នាដៃរបស់ខ្លួនដែលអាចជាជំនួយបង្កើនទឹកដៃសរសេរសម្រាប់ស្នាដៃលើកៗក្រោយទៀត។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ជូនចំពោះមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំរំភើបចិត្តណាស់ដែលបានដាក់ផ្សាយស្នាដៃរបស់ខ្លួនចែកជូនទាំងអស់គ្នាដើម្បីអានកម្សាន្ត សង្ឃឹមថាក្រោយពេលដែលអានហើយ ទាំងអស់គ្នាអាចរកឃើញចំណុចតូចៗណាមួយដែលខ្លួនចាប់អារម្មណ៍ចូលចិត្តនៅក្នុងសាច់រឿងឃើញ ខ្ញុំក៏សូមអភ័យទោសទុកជាមុនចំពោះកំហុសឆ្គងផ្សេងៗដែលកើតមានឡើង ព្រោះនៅក្នុងសាច់រឿងទំនាក់ទំនងគូស្នេហ៍មើលទៅរាងចាស់ទុំបន្តិចដែលខ្ញុំខ្លួនឯងនៅមិនទាន់យល់ច្បាស់ប៉ុន្មានទេ ហើយខ្ញុំក៏លើកយកទីតាំងមួយដែលខ្លួនមិនធ្លាប់បានទៅដល់មកសរសេរផងដែរ បើមានខ្វះខាតលើសលស់ខ្ញុំសូមអធ្យាស្រ័យទុកជាមុន ខ្ញុំរីករាយរង់ចាំស្ដាប់មតិយោបល់ដើម្បីកែលម្អពីគ្រប់គ្នាជានិច្ច។ ជាចុងក្រោយខ្ញុំសូមអរគុណយ៉ាងខ្លាំងដល់អ្នកគ្រូ ម៉ីសន សុធារី និងបងៗក្រុមការងារទាំងអស់គ្នាដែលបានបង្កើត MST Writer នេះឡើង ខ្ញុំធ្លាប់តែបានអាននិងស្រលាញ់ស្នាដៃតែងនិពន្ធរបស់អ្នកគ្រូពីមុនមក ឥឡូវក៏អាចដាក់បង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មវិធីរបស់អ្នកគ្រូបង្កើតឡើងហើយ ក៏សប្បាយចិត្តខ្លាំងជាមួយបងៗក្រុមការងារដែលនៅពីក្រោយកម្មវិធីជួយសម្រួលអ្វីៗគ្រប់យ៉ាងបានយ៉ាងរលូនល្អ។
សង្ឃឹមថាមិត្តអ្នកអានគ្រប់គ្នាទទួលបានបទពិសោធន៍ដ៏រីករាយនៅក្នុងការអានស្នាដៃរឿងជាច្រើនប្រភេទនៅ MST Writer សូមអរគុណច្រើនដែលបានចំណាយពេលអានមកដល់ត្រង់នេះ…