ប្រទេសភូមា នៅចន្លោះសតវត្សទី ១១ រជ្ជកាលរាជវង្សទូងូដែលបានកសាងអាណាចក្រធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ និងបានធ្វើសង្រ្គាម រាប់សតវត្សរ៍ជាមួយ សៀម (១៥៤៧-១៨៥៥) មានកិត្តិនាមជាជាតិសាសន៍ដែលកម្លាំងយោធាខ្ពស់ផុតគេនៅ អាស៊ីអាគ្នេយ៍ដីគោក។ មានរឿងនិទានតំណាលជាច្រើនផងដែរពីសម័យកាលនោះ….
ភ្លើងចន្លុះនិងភ្លើងគប់ ភ្លឺច្រាលពេញភូមិ។
សព្វដងភូមិនេះ មិនដែលមានពន្លឺច្បាស់ដូច្នេះសោះទេក្នុងរយៈពេលច្រើនឆ្នាំមកនេះព្រោះគេខ្លាចថា មានកងទ័ពព្រៃដែលគិតថាអ្នកស្រុកមានទ្រព្យសម្បត្តិច្រើនមកលបលួចចូលឆក់ប្លន់។ភូមិនេះធ្លាប់តែងងឹតនឹងរងារគួរឲ្យខ្លាចនៅក្នុងរដូវរំហើយបែបនេះជារៀងរាល់ឆ្នាំ។
ថ្ងៃនេះគ្រប់យ៉ាងបានផ្លាស់ប្ដូរដោយសារតែពិធីមង្គលការដ៏គួរឲ្យរន្ធត់មួយនៅថ្ងៃស្អែក។ បុប្ផាជាង១០០មុខ ត្រូវបានគេរកមកចងករងព្យួរតាំង តុបតែងលម្អនិងក្រាលទាំងមុខផ្ទះខ្ញុំតាមថ្នាំងបង្អួច តាមធ្មឹមរបង និងពោរពាសបន្ទប់របស់ខ្ញុំ។
ពីទីនេះទៅ ខ្ញុំអាចមើលឃើញទូកមរណៈដែលត្រូវបានគេតុងតែងបណ្តែតក្នុងកំពង់ជាស្រេច។ អាចារ្យបានដុតទានជុំវិញវាបំភ្លឺច្បាស់ទែងដូចជាពេលថ្ងៃ។
បានជាខ្ញុំត្រូវហៅថា ទូកមរណា ពីព្រោះថ្ងៃស្អែកឡើង ខ្ញុំនឹងត្រូវជិះទូកនេះទៅ ក្នុងនាមកូនក្រមុំបណ្តែតសែនអារក្ស។
កូនកំលោះរបស់ខ្ញុំមិនមែនជាមនុស្សទេ គឺជាអារក្សដែលមានជីវិតមករាប់រយឆ្នាំហើយ។ មនុស្សស្រីជាច្រើនជំនាន់ តែងតែត្រូវបានមេភូមិនិងមេសាសនាបង្ខំយកទៅរៀបការជាមួយអារក្ស។
ពួកគេទាំងនោះមិនដែលឃើញបានវិលត្រឡប់មកភូមិវិញទេ។
តាមឮមក កាលពី២០ ឆ្នាំមុន មានមីងម្នាក់អាយុតិចជាងម្ដាយខ្ញុំ តែជាមិត្តភក្កិរត់លេងនឹងម្ដាយរបស់ខ្ញុំឈ្មោះកេន្ន ជាភាសារបស់យើងប្រែថា ល្អបណ្តាច់ ដែលគាត់គឺជាកូនស្រីរបស់អ្នករកស៊ីគ្រឿងស្ពាន់ម្នាក់ គាត់គ្មានម្ដាយនោះទេ។ គេន្ន ជាកូនក្រមុំនៃគ្រួសារមានទ្រព្យសម្បត្តិ មានអ្នកបម្រើ ថែមទាំងមានអ្នកធ្វើការជំនួយលើទូកសម្រាប់ឪពុកនាងផងតែនាងអភ័ព្វណាស់ ។ ម្ដាយខ្ញុំតំណាលថា មីងគេន្នដោយមានខែឆ្នាំត្រូវនឹងអ្វីដែលអារក្សកំណាចនោះវាចង់បាន រវាងពេលឆ្នាំម្ដង គាត់ត្រូវគេចាប់រៀបការជាសំណែនឱ្យអារក្ស។
រៀងរាល់ម្ភៃឆ្នាំម្តង ប្រសិនបើអារក្សនោះចាប់ផ្ដើមចង់បានប្រពន្ធពីក្នុងភូមិរបស់យើងទៅ វាទាមទារសំណែនតាមរបៀបបង្កើតឱ្យមានព្យុះភ្លៀង 7យប់ 7ថ្ងៃមិនរាំង មេឃមិនស្គាល់យប់មិនស្គាល់ថ្ងៃងងឹតងងល់ជានិច្ច 24ម៉ោងលើ 24ម៉ោង។ មានអ្នកស្លាប់ប្រុសស្រីក្មេងចាស់រាល់ថ្ងៃ ហើយភ្លៀងកាន់តែខ្លាំងឡើងៗ រហូតទាល់តែយើងព្រមបញ្ជូនពិធីដាក់ឈ្មោះ មោខាវណ្ណ ដោយ ឱ្យស្រីក្រមុំទាំងអស់នៅក្នុងភូមិផ្ញើអក្សរជាឈ្មោះថ្ងៃខែកើតទៅតាមទឹកទើបបានបង្អង់ព្យុះមានពន្លឺព្រះអាទិត្យមកវិញបាននៅពេលនោះ។
ប្រសិនបើអ្នកសាសនាដែលនៅរង់ចាំនាមាត់ច្រាំងនៃការធ្វើពិធីគ្រប់បាន 3 ថ្ងៃ ដោយមិនឃើញមានអណ្តែតរូបថតឬក៏ឈ្មោះថ្ងៃខែនៃស្រី្តក្រមុំអ្នកណាឡើងមកទេ បានន័យថា សំណែនទាំងនោះមិនត្រូវនឹងចិត្តវាទេ។ ខាងយើងក៏ចាំបាច់ត្រូវរួសរាន់រកសំណែនថ្មីបញ្ជូនទៅទៀត។ តែប្រសិនបើមានអណ្ដែតឡើងនូវឈ្មោះនារីណាម្នាក់ គ្រួសារនោះត្រូវតែរៀបចំពិធីរៀបការនាងឲ្យ ដូច តាមក្បួនបុរាណនៃជនជាតិទូង៉ា ហៅថា មោខោវណ្ណយ៉ៃគឺដូចដែលផ្ទះខ្ញុំកំពុងធ្វើយប់នេះ។
អារក្សទឹកមិនដែលយកប្រពន្ធពីរនោះទេ។
ជារៀងរាល់ 20 ឆ្នាំ វាស្នើយកតែប្រពន្ធម្នាក់ទៅតែប៉ុណ្ណោះ ហើយលើកនេះគឺខ្លួនខ្ញុំព្រោះវាបណ្តែតឈ្មោះខ្ញុំឡើងមក។
តុៗៗៗ
ទ្វារនេះលាន់មកសំឡេងគោះសុំចូល។
ខ្ញុំគ្មានកម្លាំងរស់ ភ័យស្លុតនិងមិនចង់ក្រោកទៅបើកទេ ។ ទាល់តែខ្ញុំដឹងថាគឺជាអ្នកម្ដាយរបស់ខ្ញុំ។
លើកនេះប្រសិនបើខ្ញុំមិនទៅបើកទ្វារជួបមែទេហើយទុកឲ្យកាលវេលារំលងទៅរហូតដល់ស្អែក ជាពេលដែលខ្ញុំលែងបានឃើញម្ដាយខ្ញុំជារៀងរហូត។
ម្តាយកម្សត់របស់ខ្ញុំ ចូលមកជាមួយនឹងអ្វីម្យ៉ាងនៅក្នុងត្រឡោកដូង។ គាត់យំឡើងហើមភ្នែកហើយ។
«វាជាអ្វីទៅអ្នកម៉ែ?»
ម៉ែ ខ្ញុំរុញខ្ញុំឱ្យមកអង្គុយលើជ្រុងគ្រែបានលើកដៃញ័រទទ្រើកមកផាត់សក់ឱ្យខ្ញុំហើយជូតទឹកភ្នែកឲ្យខ្ញុំទៀត។
ដៃរបស់គាត់ត្រជាក់ល្អូក។
ខ្ញុំដឹងថាគាត់ភ័យជាងខ្ញុំទៅទៀត។ ខ្ញុំសម្លឹងទៅក្នុងត្រឡោកដែលគាត់កំពុងកាន់នោះហើយសួរគាត់ម្ដងទៀត៖
«ក្នុងនេះជាប្រេងអ្វីទៅអ្នកម៉ែ ឬអ្នកជួយរំដោះកម្មខ្ញុំដោយឱ្យលេបវាបង់ជីវិតពេលនេះក៏ល្អ»
ម្តាយខ្ញុំយំឱបកូនពេញទ្រូង។
«មិនបានទេ!កុំនិយាយអារក្សកំណាចវាស្តាប់បានរាប់រយគីឡូម៉ែត្រ! កុំនិយាយឱ្យវាមកពន្លិចភូមិនេះ!»
ថាចប់ម្តាយខ្ញុំសរសេរសំបុត្រមួយមកបង្ហាញខ្ញុំថា ៖
«ឱកូនស្រីតែមួយនៃម្តាយ! ប្រេងនេះឯងត្រូវលាបសព្វខ្លួន កូននៅម៉ោងបួនទៀបភ្លឺ នៅពេលដែលកូនត្រូវគេសែនទៅអារក្សនោះ ទៅដល់ហើយប្រេងនេះមនុស្សមិនអាចដឹងក្លិនក៏វាអាចស្រង់បានច្បាស់ទែង ថែមមិនអាចប៉ះពាល់ខ្លួនកូនបានទេ ដោយសារវាត្រូវនឹងពាក្យតំណមចាស់! វានឹងបោះបង់ការយកកូនស្រីជាប្រពន្ធ! »
ខ្ញុំបើកភ្នែកធំៗសម្លឹងទៅរបស់ក្នុងត្រឡោក។ តាមពិតដូចគាត់មានប្រសាសន៍ហើយ។ ក្នុងនោះគឺជាពពួកប្រេងរំអិលមែន។
ខ្ញុំមិនដែលដឹងថា ដើមស្រឡៅអាចធ្វើទៅជាប្រេងបែបនេះទេ តែទើបនឹងនឹកដល់ពាក្យពាក្យចចាមអារ៉ាមថា យូរមកហើយមានមនុស្សស្រីធ្លាប់ត្រូវគេចាប់សែន តែនាងបានរត់រួច ទៅរស់នៅកន្លែងផ្សេងដោយសារតែលាបប្រេងស្រឡៅនេះ។ ទោះយ៉ាងណា គ្មានអ្នកណាជឿថាជារឿងពិតទេ ព្រោះមិនដែលឮថាស្រឡៅមានប្រេង។
គ្រប់យ៉ាងដូចជារៀងតំណាលមិនមានប្រភព ប៉ុន្តែថ្ងៃនេះម្ដាយខ្ញុំរកវាមកបានមែនព្រោះស្រលាញ់កូន។
មានពាក្យគេនិយាយថា ស្រឡៅដែលចង់ចម្រាញ់យកតែប្រេងគឺពិបាកណាស់ទៅហើយព្រោះដើមវាធំ ហើយមាំណាស់ ឬសរបស់វាក៏ពិបាករកជីកមកបានផង ចំណែកពេលយកមកចម្រាញ់គឺច្រើនគំនរឬសឹងតែមិនបានបីបួនដំណក់ប្រេង។
តាមធាតុពិតពេលនេះម្ដាយខ្ញុំបានរបស់នេះដាក់ដន្លាប់ត្រឡោកមកឱ្យកូនពីណាទៅ?
គាត់សរសេរប្រាប់វិញថា ៖
«តាំងពីយូរណាស់មកហើយ ដោយសារយើងមានកូនស្រី ម៉ែនិងពុកឯងបានសន្សំធ្វើវាតាំងពីកូនឯងនៅក្មេងៗ»
ពេលនេះខ្ញុំទើបតែដឹងថាអ្នកស្រុកនៅទីនេះ អ្នកទាំងឡាយណាដែលមានកូនស្រីតែងតែរកវិធីធ្វើយ៉ាងណារក្សាប្រេងស្រឡៅមាននៅក្នុងផ្ទះ។
មានពាក្យចចាមអារ៉ាមទៀតថាកាលពីប្រមាណជាជាង១០០ឆ្នាំមុន ធ្លាប់មានខ្សែរាជវង្សម្នាក់ឈ្មោះវ៉ាន្នុតត្រូវបានអារក្សពេញចិត្ត ។ ព្រះនាងត្រូវគេបង្ខំរៀបការបញ្ជូនទៅដូចគ្នាដែរ។ ដោយម្ដាយឪពុកនាងបានត្រៀមប្រេងស្រឡៅលាបជុំវិញទូក ខ្លួនប្រាណផង អារក្សមិនអាចទទួលយកនាងចុះទៅក្រោមទឹករស់នៅជាមួយវាបានទេ។
និទានតំណាលថា នាងក៏បានរត់ទៅភូមិឆ្ងាយហើយមិនវិលមកវិញជារៀងរហូត។ អារក្សមិនសុខចិត្តក៏កើតជាព្យុះភ្លៀងរហូតដល់អ្នកភូមិតវ៉ា ដោយប្រើអាចារ្យដែលចេះវិធីឆ្លើយឆ្លងជាមួយវា។ មេដឹកនាំសាសនាប្រាប់ថា មនុស្សបានបញ្ជូនទៅហើយ មិនដែលឃើញត្រឡប់មកវិញទេលុះណាតែឯងអាចរកនាងត្រឡប់មកសងអ្នកភូមិវិញ ទើបអាចតវ៉ាទាមទារប្រពន្ធមួយទៀតបាន។ ហេតុផលនេះ អារក្សបានចាញ់អ្នកភូមិ វាក៏សុខចិត្តមិនមានប្រពន្ធរហូតដល់២០ឆ្នាំក្រោយមក។
ខ្ញុំអរខ្លាំងណាស់ពេលនេះ ដែលខ្ញុំបានទុកដន្លាប់ទៅនោះទៅម្ខាងដោយប្រយ័ត្នប្រយែង។ ពុកខ្ញុំគាត់ជាគ្រូពេទ្យបុរាណនៅក្នុងភូមិចំណែកខ្ញុំនេះគឺជាកូនស្រីតែមួយគត់របស់គាត់។
ដែលខ្ញុំយំសោកហើមភ្នែកគឺមិនយល់ថា បើសិនជាខ្ញុំរៀបការទៅស្លាប់បែបនេះ មានអ្នកណាអាចនៅថែរក្សាឪពុកម្ដាយខ្ញុំពេលគាត់ចូលជរាទៅ ហេតុអ្វីពួកមេភូមិមានចិត្តកំណាចសែនអត្មានិយមម្ល៉េះ។
ពេលនេះបញ្ហាថ្មីទៀតគឺបើសិនពាក្យចចាមអារ៉ាមអំពីប្រេងស្រឡៅសក្ត័សិទគឺជាការពិតតើខ្ញុំនឹងរត់ទៅណាទៅ?
ខ្ញុំនឹងកសាងជីវិតថ្មីដោយរបៀបណា?
ខ្ញុំទើបតែអាយុ១៥ ឆ្នាំតែប៉ុណ្ណោះពេលណាទើបខ្ញុំអាចជួបឪពុកម្ដាយខ្ញុំទៀត។
ម៉ែហើយនិងពុកទៅចាំកូននៅកន្លែងផ្សេងទៅ! កូននឹងរត់ទៅនោះ! យើងនឹងទៅរស់នៅឆ្ងាយពីទីនេះទាំងអស់គ្នា។ ខ្ញុំសរសេរទៅកាន់គាត់បន្ថែមថាដូច្នេះតែម្ដាយខ្ញុំបញ្ចេញការពិតគួរឱ្យអស់សង្ឃឹមមកវិញថាស្រ័ង្គងារកូនម្ដាយអើយពីពេលនេះទៅយើងនឹងអស់បានជួបឃើញគ្នាជារៀងរហូតហើយ។ ម្ដាយនិងពុកត្រូវនៅក្នុងភូមិនេះរហូតដល់អស់ជីវិតក៏មិនអាចជួបមុខកូនសូមឱ្យកូនយកទ្រព្យសម្បត្តិនេះទៅរៀបចំមង្គលការជាមួយមនុស្សប្រុសល្អម្នាក់ ដូរឈ្មោះ ឈប់នឹកដល់ពុកម្ដាយ ឈប់មកក្បែរៗភូមិករនេះ ឈប់រំឮករឿងអតីតកាល កុំទាក់ទងអ្នកស្គាល់គ្នាសូម្បីម្នាក់ណាឡើយ ។ ប្រសិនបើអារក្សតវ៉ា អាចារ្យនឹងប្រាប់វាថាដរាបណាវារកកូនមិនឃើញទៅ វាព្រមចាញ់ តែប្រសិនបើ វាអាចរកកូនឃើញកូននឹងមានគ្រោះថ្នាក់។
ដោយភាពព្រួយស្រពោនគាត់បានឲ្យកញ្ចប់មួយពីចង្កេះសំពត់ឲ្យមកខ្ញុំ។ វាធ្ងន់ហើយរដាក់រដុប ដែលគ្រាន់តែស្ទាបទៅខ្ញុំមានអារម្មណ៍ថាជាគ្រឿងអលង្ការដែរ។
ខ្ញុំកាន់តែពិបាកចិត្តដែលអ្នកម្ដាយសរសេរ ប្រាប់ខ្ញុំថែមដូច្នេះ ខ្ញុំយំយ៉ាងខ្លាំងៗឡើង។
យប់នោះខ្ញុំមិនបានគេងរហូតទល់ភ្លឺ។
ម្តាយខ្ញុំបានរៀបថ្នាំសង្កូវហើយនឹងភ្ជាប់គ្រឿងអលង្ការមានតម្លៃជុំវិញចង្កេះរបស់ខ្ញុំ មានម្សៅសំណរនិងស្ពាន់ធម៌ ដែកភ្លើង ។ល។
ម៉ោងបួនទៀបភ្លឺ ពុកនិងម៉ែចូលមកហើយឱបខ្ញុំយំ។ យើងនិយាយគ្នាខ្ញុំបានបន្តិចខ្ញុំក៏ថ្វាយបង្គំសំពះលាឪពុកម្ដាយយ៉ាងសោកសៅ។
ពុកខ្ញុំបានលាបក្រមួននៅលើចុងសក់ទាំងអស់របស់ខ្ញុំជាទម្លាប់ចាស់ៗដែលត្រូវលាបក្រមួននិងសូត្រធម៌សុខសប្បាយឲ្យខ្ញុំការពារខ្លួនផង។
បន្ទាប់មកខ្ញុំបានរៀបចំលាបប្រេងស្រឡៅទាំងអស់ពាសពេញខ្លួនខ្ញុំសិនទើបម៉ែអនុញ្ញាតឲ្យអ្នកភូមិស្រីៗចូលមកជួយតុបតែងខ្លួនខ្ញុំ។ ពួកគេស្លៀកសំពត់វែង ពាក់ខ្សែក្រវ៉ាត់ និងអាវវែង
ផាយ និងចាក់ដេរផ្កា ពេញក្បាលនិងក្រងផ្កាពាក់ជុំវិញកជើងខ្ញុំដែរ។
មិនយូរទេ មេភូមិបានមកដល់ជាមួយនឹងក្រុមមនុស្សជាច្រើនទៀតដែលចាំដង្ហែនាំខ្ញុំឡើងទៅលើទូក។ តាមផ្លូវខ្ញុំត្រូវគេដោយគ្របក្រណាត់មិនឲ្យ បានឃើញអ្នកណាទាំងអស់។
ខ្ញុំអាចមើលឃើញតែក៏ជើងខ្លួនឯងនិងម្រាមដៃភ័យញ័រ។
មកដល់មាត់ទន្លេ ខ្ញុំឮសំឡេងម្ដាយខ្ញុំស្រែកទ្រហោយំ។
ពួកប្រុសៗជាទាហានរបស់មេភូមិបានលើកសែងខ្ញុំដាក់ទៅលើទូក។ នៅលើនោះម្ដាយខ្ញុំបានក្រាលនូវភួយសូត្រក្រាស់ មានខ្នើយដែលកើយទៅកាលណា ដូចជាមានអ្វីលាក់ទុកជាច្រើននៅក្នុងនោះ។
ម្ដាយខ្ញុំប្រាកដជាបានលាក់សម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ឲ្យខ្ញុំឱបវារត់ទៅ នៅពេលដែលមានឱកាស។
មនុស្សបានដកក្រណាត់ចេញពីខ្លួនខ្ញុំធ្វើឲ្យខ្ញុំអាចឃើញពន្លឺថ្ងៃដ៏ស្រស់ត្រកាលបានហើយ។ ពេលនោះខ្ញុំគិតថា នេះជាប្រហែលជាលើកចុងក្រោយ សម្រាប់ការមើលឃើញពន្លឺព្រះអាទិត្យរបស់ខ្ញុំមិនខាន។
លើផ្ទៃទន្លេមួយនេះ អ្នកភូមិរាប់រយនាក់បានចូលមកឈរអម សញ្ជឹងសញ្ជប់សូត្រធម៌ស្ងាត់ៗ វាជាទម្លាប់នៅពេលដែលគេបញ្ជូនសំណែនឲ្យអារក្ស ពួកគេត្រូវសូត្រដូច្នេះ។ ខ្ញុំរេភ្នែកសម្លឹងភូមិកំសត់របស់យើងជាចុងក្រោយ ឃើញក្មេងស្រីៗជាច្រើនស្រែកយំឡើង ហើយសន្លប់ដួល។ ខ្ញុំបិទភ្នែកទាំងសងខាង លើកដៃសំពះមេឃ សូមសច្ចាថា អារក្សមិនអាចធ្វើអ្វីអ្នកភូមិបានទេ នៅក្រោយការរត់គេចរបស់ខ្ញុំ។ ប្រេងស្រឡៅពិតជារលើបធំ ពេញមួយតួខ្លួននេះ ទោះគ្មានអ្នកណាសង្ស័យតែ សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ដឹងអំពីវានិងកក់ក្តៅមានសង្ឃឹមខ្លះៗ។
ភ្លាមនោះនៅលើមាត់ច្រាំង ខ្ញុំបានឮសូរសម្លេងប្រទេចផ្ដាសា ។ ខ្ញុំភ្ញាក់ឡើងយ៉ាងញាប់ញ័រពីការស្មឹងស្មាធនេះ ។ ក្នុងបេះដូងចុកណែនជាខ្លាំងព្រោះនោះគឺជាសំឡេងរបស់បងមិង្ងាកា គេគឺជាមនុស្សប្រុសម្នាក់ដែលធ្លាប់ស្បថថានឹងដណ្ដឹងខ្ញុំធ្វើជាប្រពន្ធបើសិនជាខ្ញុំមិនត្រូវបានអារាក់ជ្រើសរើស។
ជាទម្លាប់នៅក្នុងភូមិនេះទៅហើយ សម្រាប់ក្មេងស្រីធំឡើងក្នុងសម័យកាលរបស់ខ្ញុំ ព្រោះថានេះគឺជាជំនាន់ ដែលអ្នកភូមិដឹងច្បាស់ថា អារក្សនឹងមកទាររកស្រីក្រមុំទៀតមិនលែង។ ព្រោះហេតុនេះ បណ្តាគ្រួសារណាដែលមានកូនស្រីទាំងឡាយតែងតែបន់ឱ្យកូនៗគេនឹងគ្រប់ការនៅមុនហេតុការណ៍ព្យុះ៧យប់ ៧ថ្ងៃ នឹងបានរៀបការភ្លាមៗទៅកម្លោះណាម្នាក់ឱ្យក្លាយជាស្រីមានប្តីនឹងបានរួចទុក្ខ។
តែប្រសិនជាការមិនទាន់ គេដាក់ឈ្មោះធ្វើពិធីដែរតែនាំគ្នាបន់ស្រន់សុំឱ្យមិនមែនជាកូនស្រីរបស់គេទៅចុះនៅពេលអារក្សបណ្តែតសងក្រដាស់មកវិញ។
ពេលដែលត្រូវនឹងឈ្មោះខ្ញុំដែលឃើញឡើងមកពីទឹក ផ្ទះដទៃដែលមានកូនក្រមុំ គេសប្បាយចិត្តអំណរ ចំណែកឯឪពុកម្ដាយរបស់ខ្ញុំដែលកើតទុក្ខម្នាក់ឯងរីងរៃ។
តាមពិតទៅបើសិនជាខ្ញុំគ្រប់ការតាំងពីប៉ុន្មានខែមុនប្រហែលជាពុ កខ្ញុំរកវិធីឲ្យខ្ញុំអាចរៀបការជាមួយបងមិងង្ងារស្រេចទៅហើយ ព្រោះបងនេះគឺជាជីទួតមួយរបស់ខ្ញុំ។ ពីរនាក់យើង
លេងជាមួយគ្នាតាំងពីតូចមក ដែលឪពុកម្ដាយរបស់ខ្ញុំតែងតែនិយាយថា នៅពេលកូនគ្រប់ការពេលណាម៉ែហ្នឹងរៀបការកូនភ្លាមៗខ្ញុំតែងតែយល់ថានេះគឺជាការសម្រេចចិត្តឆាប់ប៉ុន្តែដល់ពេលខ្ញុំធំដឹងក្តីបានដឹងថា ជាវិធីដែលគ្រប់គ្នាអាចធ្វើឲ្យកូនស្រីរបស់គេជៀសផុតពីសំណែនអារក្ស។
នេះមានន័យថាមានតែស្រីក្រមុំបរិសុទ្ធមិនធ្លាប់គេងជាមួយមនុស្សប្រុសឬមិនធ្លាប់រៀបការប៉ុណ្ណោះដែលត្រូវបានអារក្សជ្រើសរើស។
ខ្ញុំយំជាខ្លាំងនៅពេលដែលបងមិងង្ងារស្រែករោទ៍ឡើងឆ្ងាយទៅៗ ប្រហែលត្រូវអ្នកភូមិលើកសែងចេញទៅ។
គាត់មិនសុខចិត្តនោះទេចំពោះការយកខ្ញុំទៅស្លាប់ទាំងអយុត្តិធម៌ដូច្នេះ។
ខ្ញុំក៏ស្រែកយំឡូឡាឮៗដូចគ្នាធ្វើអោយមនុស្សស្រីចាស់រត់ចុះមកស្រហើយប្រាប់ខ្ញុំដោយតក់ស្លុតថា ខ្ញុំមិនអាចយំបានទេបើសិនស្ដេចអារក្សឃើញរឿងនេះវានឹងពន្លិចភូមិនេះទាំងមូលឱ្យឳពុកម្តាយខ្ញុំស្លាប់បាន។
ពេលនោះមេភូមិបានស្រែកឡូឡាថាដល់ម៉ោងស្រេចហើយ ក៏ត្រែបានគេផ្លុំតាមរបៀបស្ដេចអង់គ្លេស អ្នកភូមិចាប់ផ្ដើមស្រែកហ៊ោកញ្ជ្រៀវឡើងតាមប្រពៃណីរបស់យើង។
ខ្ញុំលែងឮសំឡេងម្ដាយខ្ញុំ។
ព្រោះតែខ្ញុំចង់ចងចាំនូវសំឡេង របស់គាត់ជាប់ក្នុងបេះដូង ខ្ញុំក៏គិតឡើងថា នៅថ្ងៃណាមួយកូននឹងត្រឡប់មកជួបពុកម៉ែវិញ។
ខ្ញុំតាំងចិត្តយ៉ាងដូច្នេះដោយដាក់ម្រាមដៃស្ដាំ៦មកបន់លើទ្រូង។
ជាមួយនោះ ចាប់ផ្តើមមានអារម្មណ៍ថា ទូកនេះបានរំកិលចេញពីច្រាំងហើយ។ មនុស្សទាំងនេះពួកគេដែលចិត្តដាច់ណាស់ដែលចាប់បញ្ជូនខ្ញុំចេញទៅស្លាប់ស្រស់ៗដូច្នេះ ដើម្បីសេចក្តីសុខរបស់ពួកគេ។
វាជាទម្លាប់របស់អ្នកភូមិខ្ញុំមិនមានអ្នកណាតវ៉ាកើតទេ។
ខ្ញុំធ្លាប់សួរថា ហេតុអ្វីយើងមិនរើភូមិចេញៗរស់នៅ កន្លែងណាផ្សេងតែមានតែចម្លើយថា មានតែទីនេះដែលយើងអាចរស់នៅសុខសាន្តប្រកបរបរនេសាទធ្វើកសិកម្មសម្បូរហូរហៀរមានទ្រព្យសម្បត្តិសឹងតែគ្រប់ផ្ទះដូចនេះ។
បេបនេះទេដឹងចាស់ៗយល់ថាការបរិច្ចាគកូនស្រីម្នាក់រៀងរាល់២០ឆ្នាំទៅឲ្យអារក្ស គឺជាទម្លាប់សងគុណដល់ការផ្តល់ទឹកភ្លៀងនិងទន្លេធ្វើការប្រកបរបរបស់ពួកគេ។
មានតំណាលថា ជំនាន់តាទួតខ្ញុំ ក៏ធ្លាប់មានមនុស្សទៅទូលស្ដេចអំពីរឿងនេះឲ្យចាត់ហ្មចុះមកជួយដោះស្រាយជាមួយអារក្សទឹក ប៉ុន្តែមានមេទ័ពពីរបីនាក់មកហើយ ត្រូវបានបាត់ខ្លួនដោយសារការចេញទៅស្វែងរកគុហារបស់អារក្ស មិនឃើញពួកគេបានជោគជ័យវិលមកវិញទេ។
ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា អារក្សនោះមានរូបរាងអាក្រក់អាក្រី ហើយមនុស្សស្រីដែលរស់នៅជាប្រពន្ធរបស់វាតែងស្លាប់នៅរយៈពេល ២០ ឆ្នាំក្រោយមក។
គ្មានអ្នកណាដឹងថា តើវាមានកូនពូនជាចៅដែរឬទេ គ្រាន់តែនិយាយតតៗគ្នាថាវាមានមន្តអាគមសាកសិទ្ធនៅក្នុងទឹក ប៉ុន្តែមិនអាចឡើងមកលើគោកបានឡើយ។
សភាពពេលនេះនាំឱ្យខ្ញុំនឹកឃើញទៅដល់រឿងជាច្រើនទាំងភ័យរន្ធត់ តក់ស្លុតម្នាក់ឯង ព្រោះថា ទូកបានរំកិលឆ្ងាយទៅៗពីសំឡេងធម៌ទាំងអស់នោះ នេះបានន័យថាខ្ញុំរសាត់មកដល់កណ្ដាលទន្លេ។
ហើយភ្លាមៗនោះ ស្រាប់តែខ្ញុំចាប់អារម្មណ៍យល់ថា ទន្លេឡើងរលកទឹកគ្របលើទុករបស់ខ្ញុំខ្លួនចាប់ផ្ដើមសើមនិងលិចស្រឹមៗទៅក្នុងទឹក។
ខ្ញុំរន្ធត់ភ័យស្លន់សួរខ្លួនឯងជានិច្ចថា តើខ្ញុំនេះនឹងស្លាប់បាត់ទៅ ឬធ្លាក់ចុះបាតទន្លេក្លាយជាភរិយារបស់អារក្សចង្រៃមួយនោះ?
គ្មានអ្នកណាអាចឆ្លើយនឹងខ្ញុំបានទេពីព្រោះមនុស្សដែលធ្លាប់ទៅមុនៗតែងតែបាត់ខ្លួនសូន្យ។ ខ្ញុំចាប់ផ្ដើមបន់ស្រន់បួងសួងសង្ឃឹមថា ក្លិនប្រេងស្រឡៅនេះធ្វើឲ្យអារក្សវាអត់ឃើញមុខខ្ញុំហើយបោះបង់ខ្ញុំចោល។
ខណៈនេះវិញ ខ្ញុំចាប់ផ្ដើមលេចទាំងស្រុងទៅក្នុងទឹកហើយ។
ខ្លួនខ្ញុំបានអណ្ដែតចេញចោលទូក កុំថាឡើយខ្នើយសូម្បីតែភួយនិងអាហារទាំងអស់បានជ្រុះទៅក្នុងទឹកខ្ចាត់ខ្ចាយ។ ខ្លួនខ្ញុំអាចហែលបានប៉ុន្តែខ្ញុំហែលដោយលំបាកណាស់ដោយសារខ្ញុំត្រូវស្លៀកសំពត់ធ្ងន់និងខោអាវកូនក្រមុំតុបតែងយ៉ាងច្រើនជាន់។ ដូច្នេះខ្ញុំខំប្រឹងហែលយ៉ាងខ្លាំង រហូតដល់ជើងខ្ញុំត្រូវបានចាប់ដោយដៃពីរ។