១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សួស្ដីនាងខ្ញុំ ឈ្មោះស៊ួន អ៊ីនាង ជាម្ចាស់ស្នាដៃរឿង “សុបិនម៉ែ”។ខ្ញុំពិតសប្បាយចិត្តខ្លាំងណាស់ដែលបានដាក់ផ្សាយរឿងរបស់ខ្ញុំជាលើកដំបូង។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលធ្វើអោយខ្ញុំសម្រេចចិត្តដាក់ផ្សាយនូវសាច់រឿងមួយនេះ ដោយសារតែខ្ញុំទទួលបានមតិកែលម្អពីមិត្តៗអ្នកអានទាំងឡាយក៏ដូចជាដើម្បីទទួលបាននូវឱកាសដ៏ពិសេសក្នុងការចូលរួមការសិក្សាវគ្គខ្លីរបស់ MST Writer របស់អ្នកគ្រូ ម៉ីសន សុធារី ផងដែរ។ កម្លាំងបណ្ដាលចិត្តដែលខ្ញុំទទួលបានក្នុងការដាក់ផ្សាយរឿងនេះគឺបានមកពីមិត្តភក្ដិរបស់ខ្ញុំក៏ដូចជាការស្រលាញ់របស់ខ្ញុំផ្ទាល់ និងការអាននៅស្នាដៃរបស់រៀមច្បងមុនៗទើបធ្វើឱ្យខ្ញុំសម្រេចចិត្ដខិតខំសរសេររឿងមួយនេះឡើងដើម្បីដាក់ផ្សាយ។
រឿង”សុបិនម៉ែ”គឺជាសាច់រឿងដែលនិយាយរៀបរាប់អំពីជីវិតរបស់ម្ដាយកូនពីរនាក់ដែលរស់នៅឆ្ងាយគ្នាដោយសារតែការងារ ការតស៊ូលះបង់គ្រប់យ៉ាងដើម្បីក្ដីស្រមៃ។
នៅពីក្រោយដំណើរនៃការឆ្ពោះទៅរកក្ដីសុបិនរបស់កូនគឺតែងតែមានឪពុកម្ដាយជាបង្គោលដើម្បីឱ្យកូនដើរទៅដល់ក្ដីសុបិននោះ។ ចុះកូនធ្លាប់គិតទេ ថាឪពុកម្ដាយរបស់អ្នកពួកគាត់ក៏មាននូវក្ដីសុបិនរបស់គាត់ដូចគ្នា?ប៉ុន្ដែចុះអ្នកណានឹងនៅពីក្រោយសុបិនរបស់គាត់? ទាំងនេះគឺជាសាច់រឿងដែលខ្ញុំបានដាក់បញ្ចូលនៅក្នុងរឿង”សុបិនម៉ែ” ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយជាមួយសាច់រឿងខ្លីមួយនេះ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំស្រលាញ់និងចូលចិត្តជាងគេនៅក្នុងសាច់នេះគឺត្រង់កន្លែងដែលនឹងប្រាប់អ្នកពីអ្វីទៅជាសុភមង្គលពិតប្រាកដដែលគ្រប់គ្នាស្វែងរក?
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងដែលខ្ញុំដាក់ផ្សាយរឿងនេះគឺខ្ញុំគ្រាន់តែចង់ចែករំលែកគំនិតយោបល់ដែលខ្ញុំមានទាំងប៉ុន្មាននៅក្នុងសំណេរនេះទៅកាន់អ្នកដែលចូលចិត្តអានដើម្បីជាការកម្សាន្ដអារម្មណ៏របស់ពួកគាត់។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ខ្ញុំពិតជាសូមអរគុណក៏ដូចជាសូមអភ័យទោសដល់មិត្តៗអ្នកអានទាំងអស់ ចំពោះកំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាទាំងឡាយ ដែលមាននៅក្នុងអត្ថបទរឿងមួយនេះ ហើយខ្ញុំក៏សូមបើកចិត្តយ៉ាងរីករាយក្នុងការទទួលយកនៅមតិរិះគន់ក្នុងន័យស្ថាបនារបស់អ្នកគ្រប់គ្នាផងដែរ។
ជាចុងក្រោយនាងខ្ញុំក៏សង្ឃឹមថាសាច់រឿងខ្លីមួយនេះអាចនាំអារម្មណ៏អ្នកទាំងអស់គ្នាទៅកាន់ពិភពលោកថ្មីមួយផ្សេងទៀត។
សូមអរគុណ!