១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំសូមប្រើត្រឹមឈ្មោះប៉ាកកាគឺ កូនស្វាតូចឬកូនស្វា បច្ចុប្បន្នមានអាយុ ២២ឆ្នាំនិងជាបុគ្គលិកបម្រើការលើផ្នែកបច្ចេកវិទ្យាពោលគឺ Cloud Solutions។ «ផ្ទះចាស់ភូមិម៉ាស៊ីនបូម» ជាស្នាដៃដំបូងរបស់ខ្ញុំដែលចេញផ្សាយនៅ MST Writer។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុនិងកម្លាំងបណ្ដាលចិត្តដែលនាំឱ្យខ្ញុំសម្រេចចិត្តយករឿងនេះមកដាក់ផ្សាយគឺទីមួយព្រោះវារឿងដែលខ្ញុំបានសរសេរចប់សព្វគ្រប់និងខ្លឹមសារពេញលេញស្របពេលដែលស្នាដៃផ្សេងៗរបស់ខ្ញុំមិនទាន់បានបញ្ចប់រួចរាល់ឬខ្លះបានសរសេរបញ្ចប់ទៅហើយប៉ុន្តែគ្មានខ្លឹមសារច្បាស់លាស់មិនអាចយកជាការបាន។ ចំណែកហេតុផលទីពីរគឺយោងទៅតាមហេតុផលទីមួយនេះហើយទើបខ្ញុំយករឿងនេះមកផ្សាយដើម្បីទទួលបានមតិកែលម្អនិងយោបល់ផ្សេងៗពីបងប្អូនទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តទៅសរសេរបញ្ចប់នូវស្នាដៃផ្សេងៗទៀតរបស់ខ្ញុំ។ «ផ្ទះចាស់ភូមិម៉ាស៊ីនបូម» នេះដែរជាប្រភេទរឿងនិទានអំពីព្រឹត្តិការណ៍ពិតដែលកើតឡើងជាក់ស្ដែងទៅលើគេហដ្ឋានមួយនៅក្នុងខេត្តបាត់ដំបងដែលនាងខ្ញុំបានឮចាស់ៗតំណាលប្រាប់រួចយកមកចងក្រងដោយប្រតិដ្ឋនូវពាក្យពេចន៍ខ្លះបញ្ចូលឱ្យមានន័យស៊ីសង្វាក់គ្នា។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តជាងគេនៅក្នុងរឿងនេះគឺនៅត្រង់ឈុតដែលពូថននិងពូចាបត្រូវខ្មោចលងរហូតលោតចេញពីលើផ្ទះដោយផ្លោះជណ្ដើរ៩កាំ ព្រោះដ្បិតថាវាជាព្រឹត្តិការណ៍ព្រឺព្រួចប៉ុន្តែនៅពេលដែលពូថនគាត់តំណាលពីហេតុការណ៍មួយនេះប្រាប់ខ្ញុំគាត់បានប្រែវាទៅជារឿងកំប្លែងទៅវិញ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងនេះគឺដើម្បីចែករំលែកនៅរឿងរាវពិតបែបអភិនីហារដែលជាផ្នែកមួយនៃជំនឿក្នុងសង្គមខ្មែរក៏ហេតុភេទមួយដែលវិទ្យាសាស្រ្តមិនទាន់អាចរកចម្លើយឱ្យបានសមស្របនៅឡើយ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ខ្ញុំមិនមានជាចំណាប់អារម្មណ៍អ្វីច្រើនទៅកាន់អ្នកអាននោះទេគ្រាន់តែរំពឹងទុកថាអ្នកអានទាំងអស់គ្នានឹងចូលចិត្តនូវស្នាដៃមួយនេះព្រមទាំងអាចផ្ដល់ជាយោបល់វិភាគពីការយល់ឃើញរបស់ខ្លួនទាំងលើការសរសេរនិងព្រឹត្តិការណ៍ក្នុងសាច់រឿងផងដែរ។
ចុចអានរឿងផ្ទះចាស់នៅភូមិម៉ាស៊ីនបូម