៥សំណួរជាមួយម្ចាស់រឿង«ស្នេហ៍រវាងយើង»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្ដីមិត្តអ្នកអានទាំងអស់គ្នា! នាងខ្ញុំ ហាម៉ូនី ចំពោះមិត្តអ្នកអានដែលបានអានរឿង «សង្សារក្នុងបេះដូង» ជាស្នាដៃទីមួយរបស់ខ្ញុំដែលបានដាក់ផ្សាយលើ MST Writer ប្រហែលជាអាចនៅចាំតិចៗដែរ ឥឡូវខ្ញុំបានដាក់ផ្សាយស្នាដៃរឿងខ្លីមួយរឿងទៀតគឺ «ស្នេហ៍រវាងយើង» ជាលើកទីពីរហើយនៅក្នុងកម្មវិធី។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ខ្ញុំគ្រាន់តែចង់ចែករំលែករឿងខ្លីៗដែលខ្លួនឯងបានសរសេរដល់មិត្តអ្នកអានបានអានកម្សាន្តអារម្មណ៍ រំសាយភាពនឿយហត់បន្ទាប់ពីមួយថ្ងៃដ៏រវល់ជាមួយការបំពេញការងារ ឬការសិក្សា។ រឿងខ្លីមួយរឿងនេះដែរនិយាយអំពីតួអង្គតែបីនាក់ប៉ុណ្ណោះ មានក្មេងស្រីតូច មានឳពុកក្មេងស្រី និងម៉ាក់ចុងរបស់ក្មេងផងដែរ ដែលអ្នកជាប៉ាជាប់រវល់តែជាមួយការងារខ្លាំងពេករហូតភ្លេចខ្វល់គិតពីកូនស្រីខ្លួនឯង ធ្វើឱ្យភរិយាចាំបាច់ចេញមុខមកវែកញែកដោះស្រាយជាមួយគ្នា ចុងក្រោយមិនត្រឹមតែរឿងរបស់កូនស្រីដែលដោះស្រាយបាន រឿងស្នេហារវាងទាំងពីរនាក់ប្ដីប្រពន្ធក៏ហាក់ដូចជាមានសញ្ញាល្អជាមួយគ្នាដែរ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលចូលចិត្តជាងគេគឺត្រង់ឈុតរបូតកន្សែង! អូហ៍ អត់ទេ សុំទោសផង ហិហិ ខ្ញុំចង់ប្រាប់ថាចូលចិត្តទៅលើភាពកំប្លែងតិចតួចដែលខ្ញុំព្យាយាមរៀបរាប់បញ្ចូលទៅក្នុងសាច់រឿងទៅវិញទេ ហិហិ…ខ្ញុំនៅចាំថ្ងៃដែលខ្ញុំសរសេររឿងនេះគឺខ្ញុំកំពុងមានបញ្ហាផ្ទាល់ខ្លួនខ្លះ កំពុងស្មុគស្មាញក្នុងចិត្តក៏ស្រ្តេសណាស់ដែរ ហើយក៏រកអីមកជួយសម្រាលអារម្មណ៍ខ្លួនឯងមកវិញ ក៏សរសេររឿងខ្លីមួយនេះកាត់ស្រ្តេសតែម្ដងទៅ ដោយមិនមានគម្រោងអីត្រឹមត្រូវទេ ដែលពេលភ្លេចខ្លួនសរសេរចប់អារម្មណ៍ក៏ហាក់បានធូរស្រាលមកវិញ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

ខ្ញុំគ្រាន់តែចង់ចែករំលែករឿងខ្លីៗរបស់ខ្លួនបានសរសេរ ជាពិសេសទោះតិចឬច្រើន សង្ឃឹមថាអាចឱ្យមិត្តអ្នកអានបានកម្សាន្តអារម្មណ៍និងរកឃើញចំណុចដែលខ្លួនឯងចូលចិត្តឃើញដូចគ្នា ខ្ញុំសរសេរវាក្នុងពេលដែលអារម្មណ៍ខ្ញុំមិនសូវជាស្រឡះល្អ តែបន្ទាប់ពីសរសេរចប់ខ្ញុំអាចរីករាយមកវិញខ្លះ អ៊ីចឹងខ្ញុំគ្រាន់តែចង់ចែករំលែកទៅដល់គ្រប់គ្នាថា សម្ពាធឬបញ្ហាលំបាកដែលបានជួបប្រទះ ពេលខ្លះយើងគួរព្យាយាមរំសាយភាពសោកសៅទាំងអស់នោះកុំទុកយូរអី អាចសាកល្បងទៅតាមវិធីផ្សេងៗដែលខ្លួនអាចធ្វើបាន ក្នុងសកម្មភាពតិចតួច មិនថាហាត់ប្រាណ ស្ដាប់តន្រ្តី អានសៀវភៅ ឬសាកល្បងសរសេរប្រលោមលោកក៏ដោយ គឺទៅតាមការចូលចិត្តរាងខ្លួន យ៉ាងណានោះកុំទុកឱ្យខ្លួនឯងលំបាកចិត្តយូរពេកអី។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថាមិត្តអ្នកអានអាចរីករាយជាមួយការអានរឿងមួយនេះ និងរឿងទីមួយរបស់ខ្ញុំទោះតិចឬច្រើនក្ដី ហើយក៏សូមអរគុណយ៉ាងខ្លាំងដែលបានចូលអានដូចគ្នា ខ្ញុំរីករាយជានិច្ចរង់ចាំស្ដាប់រាល់មតិយោបល់ពីគ្រប់គ្នាដើម្បីស្ថាបនាស្នាដៃរបស់ខ្លួនបន្តទៀត សូមអរគុណច្រើន។

ចុចអានរឿងស្នេហ៍រវាងយើង