កាលពីថ្ងៃទី២៨ខែសីហាកន្លងទៅ អ្នកនិពន្ធម៉ីសន សុធារីបានប្រកាសជាផ្លូវការអំពីកម្មវិធី MST Writer រដូវកាលទី១ ជាដាក់ផ្សាយដោយសេរីសម្រាប់អ្នកនិពន្ធថ្មីៗដែលមានបំណងចង់ផ្សាយស្នាដៃរបស់ខ្លួននៅលើវេបសាយ meysansotheary.com។ សម្រាប់ការចេញផ្សាយអស់រយៈពេលមួយខែកន្លងទៅ យើងឃើញថាមានអ្នកនិពន្ធចំនួន៣រូប ដែលរឿងរបស់គាត់បានចូលក្នុងចំណោមមាតិកាកំពូលទាំង១០ មានអ្នកចូលអានច្រើនជាងគេប្រចាំខែកញ្ញា។
១. អ្នកនិពន្ធសៀក ម៉ាវិន ម្ចាស់រឿង«សំណែន»
ចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលឃើញ MST Writer ដំបូងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះពេលនោះខ្ញុំកំពុងតែស្វែងរកវិធីសាស្រ្តតែងនិពន្ធឱ្យបានល្អប្រសើរប៉ុន្តែអត់ដឹងថាត្រូវរកជំនួយពីអ្នកណា ស្រាប់តែ MST Writer ប្រកាសឡើងមកធ្វើឱ្យខ្ញុំពេញចិត្តជាខ្លាំង។ មូលហេតុដែលខ្ញុំដាក់រឿងផ្សាយជាមួយ MST Writer គឺដើម្បីចង់ឱ្យមានអ្នកអានរឿងរបស់ខ្ញុំពិតប្រាកដ និងមានការណែនាំនៅចំណុចខ្វះខាតនៅក្នុងរឿងនោះអំពីក្រុមការងារ MST Writer ក៏ដូចជាអ្នកដែលបានអានស្នាដៃរបស់ខ្ញុំទាំងអស់។ កម្លាំងដែលជម្រុញឱ្យខ្ញុំចង់ដាក់ស្នាដៃរបស់ខ្ញុំចូលពីព្រោះតែចង់មានឱកាសចូលរួមរៀនវិធីតែងនិពន្ធជាមួយអ្នកគ្រូម៉ីសន សុធារី។
សំណែនជារឿងនិយាយអំពីអ្នកកម្លោះភ្នំពេញធ្វើដំណើរទៅលេងស្រុកកំណើតរបស់ម្តាយគាត់ ហើយជួបនូវរឿងអបិយជំនឿមួយចំនួនដែលនឹកស្មានមិនដល់ហើយគាត់មិនធ្លាប់ដឹងទាល់តែសោះ។ ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំងក្រោយពីបានដាក់ផ្សាយ ព្រោះមានអ្នកចូលចិត្តរឿងដែលខ្ញុំសរសេរច្រើនហើយគាត់សរសើរថាខ្ញុំសរសេរបានល្អ។ ខ្ញុំមិនធ្លាប់គិតនោះទេថាស្នាដៃរបស់ខ្ញុំមានអ្នកចូលអានច្រើនរហូតទៅដល់ Top 5 ប្រចាំខែដំបូងនេះ។ ចំពោះរឿងនេះខ្ញុំពិតជាមិននឹកស្មានទេ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តនៅពេលដែលខ្ញុំមាន Fan ពិតប្រាកដ មិនត្រឹមតែប៉ុណ្ណឹងថែមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តទៀតផង។ ចំពោះសំណួរដែលសួរថាមានវិធីអ្វីខ្លះដែលអាចជួយឱ្យរឿងរបស់យើងមានអ្នកអានច្រើននោះខ្ញុំក៏មិនបានអាចឆ្លើយបានទេ ព្រោះខ្ញុំមិនមានវិធីអ្វីនោះទេគ្រាន់តែព្យាយាមសរសេររឿងឱ្យមានភាពទាក់ទាញនឹងសរសេរឱ្យបានល្អប្រសើរ។
ជាចុងក្រោយខ្ញុំសូមឱ្យអ្នកដែលគាត់ដែលបានចេញផ្សាយរឿងកុំទាន់អន់ចិត្ត ទោះបីជាមិនទាន់បានជាប់ក្នុង Top ក៏ដោយ។ យើងព្យាយាមធ្វើអ្វីដែលយើងស្រលាញ់ ធ្វើអ្វីដែលយើងគិតថាត្រឹមត្រូវនោះវានឹងឱ្យផលនៅពេលខាងមុខ ហើយក៏សូមសំណូមពរដល់អ្នកដែលអានឱ្យនៅតែបន្តគាំទ្រគ្រប់ប្រភេទស្នាដៃប្រលោមទាំងអស់ដើម្បីលើកស្ទួយដល់ការសរសេរនៅក្នុងស្រុកឱ្យកាន់តែរីកលូតលាស់ ការអានច្រើននិងផ្តល់ចំណេះដឹងច្រើនព្រោះនៅក្នុងប្រលោមលោកនីមួយៗសុទ្ធតែមានបង្កប់នៅអត្ថន័យអប់រំនៅក្នុងនោះ។
២. អ្នកនិពន្ធហេង អ៊ីឈង ម្ចាស់រឿង«គ្រូយើង»
នាងខ្ញុំមានបំណងចង់ក្លាយជាអ្នកនិពន្ធ តែមិនដឹងចាប់ផ្តើមជំហានដំបូងនៅកន្លែងណារហូតដល់ពេលឃើញការប្រកាសកម្មវិធី អ្នកនិពន្ធក្រៅសាលារបស់អ្នកគ្រូម៉ីសន សុធារី ដំបូងនាងខ្ញុំពិតជាចាប់អារម្មណ៍និងចង់ចូលរួម ដើម្បីធ្វើឱ្យក្តីសុបិនក្លាយជាការពិត។ មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្ញុំមកផ្សាយ គឺដើម្បីចាប់យកឱកាសដ៏ពិសេសនេះ ចង់បើកបង្ហាញស្នាដៃរបស់ខ្ញុំ និងដឹងពីកម្រិតនៃការសរសេរ ទទួលបានបទពិសោធថ្មីៗ ចង់អភិវឌ្ឍខ្លួនបន្ថែមលើវិថីនេះ។
រឿងដែលចេញជារូបរាងដំបូងរបស់នាងខ្ញុំ បានចេញផ្សារលើ meysansotheary.com មានចំណងជើងថា «គ្រូយើង» និយាយពីគ្រូបង្រៀនម្នាក់មិនដែលនិយាយស្ដីល្អ ប្រើសម្តីគំរោះគំរើយ បង្ខំសិស្សទៅទិញនំនៅតូបប្រពន្ធគាត់ សិស្សទាំងអស់នាំគ្នាស្អប់គាត់ រហូតដល់មានសិស្ស២នាក់ស្វែងយល់និងសង្កេតស្ថានការណ៍របស់គាត់ ហើយបានដឹងពីការពិតពីក្រោយភាពសោះកក្រោះរបស់គាត់។ ក្រោយពេលខ្ញុំបានបញ្ជូនរឿងទៅកាន់ក្រុមការងារ MST Writer និងពេលចេញ Cover ខ្ញុំពិតជារំភើប ព្រោះដឹងថារឿងរបស់ខ្ញុំ ក្រុមការងារសម្រេចចេញផ្សាយ។ ខ្ញុំមិនបានរំពឹងទេថា ស្នាដៃមួយនេះបានចូលក្នុងចំណោម Top 10 ដែលមានអ្នកចូលអានច្រើន។
ពេលឃើញការប្រកាសថា «Another Good News 🙂 @ហេងអ៊ីឈង» នាងខ្ញុំពិតជារំភើបញញឹមបិទមាត់មិនជិត ព្រោះវាជារឿងដែលមិននឹកស្មានដល់ ចំពោះរឿងគ្រូយើងដែលឈរក្នុង Top7។ នាងខ្ញុំគិតថាមកពីរឿងនេះខ្ញុំបានសរសេរស្ដែងពីជីវិតពិតដែលធ្លាប់ជួបប្រទះ អ្នកដែលធ្លាប់ជួបប្រទះរឿងនេះដូចគ្នាគេច្បាស់ជា ចង់ដឹងពីការបញ្ចប់រឿងរបស់នាងខ្ញុំ មួយចំណុចទៀតគេច្បាស់ជាចង់ដឹងពីសម្ថភាព ស្នាដៃដែលចេញជារូបរាងដំបូងរបស់ខ្ញុំមួយនេះ មួយវិញទៀតនាងខ្ញុំបានចែករំលែករឿងនេះតាមលទ្ធភាពផងដែរ។ ជាចុងក្រោយចំណាប់អារម្មណ៍របស់ខ្ញុំគឺថ្លែងអំណរគុណដល់អ្នកអាន ដែលបានអានរឿងរបស់នាងខ្ញុំ។ សម្រាប់អ្នកដែលចង់ចេញផ្សាយស្នាដៃរបស់គាត់នាងខ្ញុំលើកទឹកចិត្តដល់គាត់ក្នុងការចាប់យកឱកាសដ៏ពិសេសនេះ។
៣.អ្នកនិពន្ធទឹកសន្សើម ម្ចាស់រឿង«អ្នកដទៃក្នុងបេះដូងបង»
សម្រាប់ស្នាដៃដែលបានចុះផ្សាយជាមួយកម្មវិធី MST Writer រឿង«អ្នកដទៃក្នុងបេះដូងបង» គឺជារឿងដំបូងសម្រាប់ខ្ញុំដោយប្រើនាមប៉ាកកាថា ទឹកសន្សើម។ ខ្ញុំក៏កំពុងព្យាយាមសរសេររឿងបន្ទាប់ដើម្បីផ្ញើទៅខាងក្រុមការងារ ព្រោះអ្នកនិពន្ធម្នាក់អាចសរសេររឿងប៉ុន្មានក៏បានតាមលទ្ធភាពអំឡុងពេលនៃរដូវកាលទីមួយនេះ។
រឿង«អ្នកដទៃក្នុងបេះដូងបង» ស្តីពីក្តីស្រលាញ់របស់នារីឈ្មោះ សុបិន ដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីសមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់របស់នាង។ នាងលួចស្រលាញ់មិត្តរួមថ្នាក់ម្នាក់ជាងប្រាំឆ្នាំតែមិនដែលគិតថានឹងសារភាព ឬប្រាប់គេនោះដាច់ខាត។ នាងបង្កើតមនោសញ្ចេតនាម្នាក់ឯង តែងគេងយល់សប្តិ និងសរសេររៀបរាប់ពីគេពេញកំណត់ហេតុ ដែលនាងគិតថានេះជាសុភមង្គលនៃក្តីស្រលាញ់របស់នាងបើទោះគេត្រឹមជាអ្នកដទៃដែលមិនដឹងអ្វីសោះ។ តែពេលមួយដែលនាងគិតថាព្រមបំភ្លេចគេ ស្រាប់តែគេមករកនាងហើយប្រាប់ថា ដឹងរឿងគ្រប់យ៉ាងក្នុងចិត្តនាង…។ ចំណុចដែលខ្ញុំស្រលាញ់ជាងគេគឺឈុតចុងក្រោយនៃរឿងដែលបង្ហាញថាក្តីស្រលាញ់ពេលខ្លះគឺជាការលះបង់ ឬការផ្តល់ឱ្យ។ ត្រង់នោះដែរក៏បង្ហាញពីការស្តាយក្រោយរបស់អ្នកទាំងពីរ ដែលការពិតបើសិនជាពួកគេមានភាពក្លាហានហ៊ាននិយាយគ្នាបន្តិច ពួកគេក៏មិនត្រូវបែកគ្នាបែបហ្នឹងដែរ។
អរគុណសម្រាប់ការចូលចិត្តនូវស្នាដៃមនោសញ្ចេតនាមួយនេះដែលអាចឱ្យរឿង«អ្នកដទៃក្នុងបេះដូងបង»ហក់ឡើងដល់ Top 8 ប្រចាំខែកញ្ញា។ វាហួសពីការរំពឹងទុករបស់អ្នកនិពន្ធដែលគ្រាន់តែគិតថា សប្បាយចិត្តនឹងការចុះផ្សាយស្នាដៃរបស់ខ្លួនដល់អ្នកអានដែលមានចំនួនច្រើនប្រចាំវេបសាយ ទោះមិនបានគេចុចមើលត្រឹមឃើញចំណងជើងឬរឿងរបស់ខ្លួនលើវេបសាយក៏អស់ចិត្ត។
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកនិពន្ធថ្មីៗដែលមានបំណងសម្រេចក្ដីស្រមៃរបស់ខ្លួន និងទទួលបានការលើកទឹកចិត្តបន្ថែមផង សូមផ្ញើស្នាដៃរបស់ខ្លួនមកកាន់ក្រុមការងារ MST Writer ឥឡូវនេះ។