ជំពូក១ សុបិន
«ឯង ឯង និងឯង ឆាប់ទៅប្រមូលអ្នកភូមិមកភ្លាម! ទៅៗ ! លឿនឡើង!»
“អឺៗ!!!” លីដើរឈានថយក្រោយទាំងទីរទើរ រុញរានិងទាំងតក់ស្លុត….
«ទៅៗ» មិត្តគេគំហកតឿន។
លី កាលបើត្រូវមិត្តបង្ខំកាលណាក៏ស្រែកវ៉ាស បែរខ្នងរត់ចូលភូមិ ។
….ទីនេះ….កណ្តាលភាពងងឹតគួរឱ្យភ័យខ្លាចនេះ ជេមស៍ក៏នៅសល់តែម្នាក់ឯង…..មនុស្សចាស់កំណាចម្នាក់នោះបាត់ស្រមោលហើយ….តែគេដឹងថា គាត់គេចទៅតាមណា…..ជេមស៍បែរខ្លួនមករកទិសផ្សេងមួយខុសពីទីដែលលីជាមិត្តគេ ទើបនឹងរត់ចេញ…..ដោយក្តាប់ដៃជើងបង្កើនសេចក្តីក្លាហាន ជេសម៍ប្រាប់បេះដូងស្ងាត់ៗ….
«ពេលយើងមិនទាន់ទៅដល់ ពួកឯងកុំទាន់ស្លាប់ឲ្យសោះ! យើងត្រូវតែនៅរស់ ចាកចេញពីកន្លែងនេះទាំងអស់គ្នាអាសក្តិ!»
«កន្លែងស្អីឯងទៅអ្ហះជេមស៍?»ផាវីសួរតិចៗ។
«បឹងនោះ! បឹងបិសាចមួយនោះ!» ជេមស៍ឆ្លើយទាំងបិទភ្នែក។ ផាវីញញឹម។ គេងនេះអង្គុយក្បែរនាងហើយដេកយលសប្តិបានជ្រៅយ៉ាងនេះទៀត? នាងងើបមុខសម្លឹងទៅជួរកៅអីរំលងមួយពីមុខខ្លួន….បុរសមាឌមាំ…នាងឃើញតែស្មាគេទេ…គេមិនបានគេងឡើយ…គេសម្លឹងទៅក្រៅឡានក្រុងមួយនេះ….បេះដូងគេជាប់នឹងរឿងអ្វីសំខាន់ឬមួយទេសភាពដ៏ល្អដូចព្រេងនិទាននៅអមរៀងតាមផ្លូវនេះ….?
លោកនេះធំធេងមែន ហើយមានកន្លែងខ្លះនៅលើផែនដីយើងនេះពិតរក្សាបានជានិច្ចនូវអាថ៌កំបាំងរបស់វា។ ទោះយ៉ាងណា មិនមែនមានន័យសំដៅដល់ទីកន្លែងដែលមិនធ្លាប់មានមនុស្សទៅដល់ទេ។
រថយន្តក្រុងបោលលឿន ចាកចេញពីទីក្រុងភ្នំពេញសំដៅទៅកាន់ខេត្តរតនគិរី ដែលជាទឹកដីភាគឦសាននៃប្រទេសកម្ពុជា។
ធ្វើដំណើរជិត៩ម៉ោងហើយ ផលិតវ័យក្មេងមួយក្រុមនេះ ហាក់អស់កម្លាំងល្ហិតល្ហៃ ខ្លះគេងលង់លក់ ខ្លះក៏សំងំ។ ការស្វែងរកទីតាំង គឺជាដំណើរការដ៏សំខាន់មួយនៅក្នុងដំណាក់កាលមុន ផលិត ខ្សែភាពយន្ត និងការថតរូបពាណិជ្ជកម្មនានា ។ នៅពេលដែលអ្នកនិពន្ធ ផលិតករ ឬអ្នកដឹកនាំរឿងបានសម្រេចចិត្តថា តើប្រភេទទេសភាពបែបណាដែលពួកគេត្រូវការ សម្រាប់ផ្នែកផ្សេងៗនៃការងារថត ក្រៅស្ទូឌីយោ ការស្វែងរកកន្លែងសមរម្យ ឬ “ទីតាំង” នៅខាងក្រៅស្ទូឌីយោជាបេសកកម្មសំខាន់នាពេលចាប់ផ្តើម។
សក្តិផ្អែកស្មាដ៏ទូលាយរបស់គេរំពៃពិនិត្យគ្រប់យ៉ាងតាមដងផ្លូវមិនហ៊ានប្រហែសឡើយ។
រោមចិញ្ចើមក្រាស់ឃ្មឹកនៅពីលើកែវភ្នែកថ្លាយង់ ចរណៃ បុរសអង្គុយពំនាក់ដៃលើបង្អួចឡានគិតអំពីផែនការ រុករកទីតាំងក៏ ដ៏អស្ចារ្យ ណាមួយ គួរឱ្យចាប់អារម្មណ៍សិនមុនពេល មានមូលដ្ឋានទិន្នន័យសម្រាប់សម្រេចចិត្តអំពីឈុតឆាកនៃភាពយន្ត។
យុវកម្លោះនេះ ជាប្រធានក្រុមម្នាក់ មានចិត្តមុះមុត មិនងាយចុះចាញ់ជាមួយភាពហត់នឿយ ឬស្មុគស្មាញអ្វីឡើយ។
«កុំៗៗៗ»
គេងាកទៅតាមសម្រែករវើរវាយ។ សំណើចក្អាកក្អាយលាន់បន្ទរឡើងពីក្រោយខ្នងមិត្តគេម្នាក់ដែលគេងមមើស្រែក។
«ឱ អាលីអ្ហើយ! ឯងឯណេះស្មានតែកុនចាប់ផ្តើមលេង! ដាច់សុបិនស្នហ៍អស់វ៉ី»
សក្តិញញឹមសម្លឹងភាពមមីងមមាំងរបស់លី ដែលសើងមើងឡើងពីគេងហើយត្រូវជេសម៍ឌឺទៀត។
«ស្រក់ទឹកមាត់ទៀតអ្ហ៎ាមនុស្សធាត់ចឹងមែន!» ជេមស៍បង្អាប់មិនឈប់ទេ ព្រោះលីតបតមិនរួច កំពុងនៅងោគងុយ។
នេះជាលើកទីមួយហើយ ដែលយុវវ័យមួយក្រុមនេះ ទទួលបានគម្រោងចុះទៅថតផ្សព្វផ្សាយពីបឹងមួយឯខេត្តរតនៈគិរី។ ប្រាក់ថ្លៃឈ្នួលមិនច្រើនទេ សម្រាប់ពួកគេ តែដោយសារចិត្តស្រឡាញ់ខាងវិស័យថតរូបនិងវិឌីអូ ទើបជំរុញឲ្យពួកគេឈ្មុសឈ្មុល។
សក្តិបែរមកពិនិត្យទេសភាពតាមដងផ្លូវបន្តិចរួច ងាកមកប្រាប់មិត្តរួមក្រុមរបស់ខ្លួន ដែលក្រោកឡើងវិញបណ្តើរៗ….
“ក្រោកៗៗ ដល់ហើយ”
ហត្ថានាយឈោងទៅ រុញក្បាលមិត្តជិតដិតដដែល អង្គុយជាប់គ្នាឲ្យផ្ដាច់ចេញពីដំណេកដែរ។
«យីអើ គេដាស់ហើយ ឌឺផង វាដេកវិញបានទៀត !អាលី !ក្រោកអស់ហើយវ៉ី!!»
លីយកដៃញីភ្នែកតិចៗ មុនពេលគេសម្លឹងមិត្តនិងមើលទៅក្រៅបង្អួច៖
“អី….ដល់បានលុងហើយ?”
ទុកឱ្យម៉ាប់នៅពត់ប្រាណ សក្តិក្រោកបែរក្រោយខ្នងរកនាងតូច ដែលនៅឈ្ងោកមុខកៅអីក្រោយខ្នងគេ។ នាយយកដៃស៊ីញ៉ូបោយកាត់ពីមុខធ្វើឱ្យ ស្រីស្អាតជាម៉ូឌែលថ្មីប្រចាំក្រុមមាន រាងតូចច្រឡឹង ងើបវង់ភ័ក្រហមព្រឿងៗពណ៌ស៊ីជម្ពូ បើកបិទៗនូវកែវភ្នែកខ្មៅដូចនិល ហើយលើកដងចិញ្ចើមងរខ្ទើតសម្លឹងមកមេក្រុម។
«ដល់មែន?!»
នាងស្ងាបផងក៏ សំដីនៅតែផ្អែមស្រទន់។ អេណា ពោលសួរពីរម៉ាត់យ៉ាងខ្លីហាក់បីទមិនទាន់ចង់ផ្តាច់និស្ស័យពីដំណេកនៅឡើយ។ កំលោះសក្តិញញឹមធ្វើមុខឌឺដង ញាក់ស្មាបង្អាប់ ៖
“តោះចេញដំណើរទៅចោលអេណា”។
“ហើយប្រញាប់ម្ល៉េះអ្ហា៎!”
ជេមស៍ បុរសសង្ហាកាមេរ៉ាដៃឯក ដែលទើបនឹងបើកភ្នែកពីក្រោយជួរកៅអីរបស់អេណាទៅទៀតស្រែកឡើង ។ ពេលពត់ខ្លួនអែនអនទាំងភាពស្ពឹកស្រពន់ចុករោយ គេឆ្លៀតមកថាឱ្យសក្តិ៖
“អត់ដេកទេមេ? គិតតែពីលបមើលគេដេកផងដឹង?»
សក្តិមិនឆ្លើយទេភ្នែកគេដៀងមករកអេណា ធ្វើឱ្យនាងញញឹមសម្លក់ នាយ។
លីងាកមកដែរ ហើយក្រោកឡើងមកនិយាយបង្អាប់៖
«មើលអេណាដេកស្រម៉ុកហ្នឹងហើយ! មានមើលអ្នកណាទៀត !»
លីមាឌធំម៉ាប់ៗ ដែលអង្គុយក្បែរសក្តិ សូម្បីតែពេលនេះក្រោកឡើងមកបែរក្រោយនិយាយក៏ មិនខ្ចីបើកភ្នែកទាល់តែសោះហ្មងហើយ ទើបធ្វើឱ្យសក្តិវាយស្មាភូស…..
«បើកភ្នែកអាលី!»
អេណាសើចស្រស់រផៀបចំសម្ភារៈរបស់នាង។ មាត់ស្រីស្រដីសួរ៖
«ហើយមិញស្រែកមមើឮម៉េះ?!»
«យប់សប្តិឃើញខ្មោចវ៉ី!»
ជេសម៍សើចចំអក៖
«ច្របាច់កឯងមិនមែន? ដឹងអ៊ីចឹងកុំដាស់វា!
នារីម្នាក់ក្នុងចំណោមពួកគេ និយមស្លៀកពាក់ដូចក្មេងប្រុសជំទង់ លាក់សម្រស់របស់ខ្លួនក្នុងចរិតលក្ខណៈសែនស្ងប់ស្ងាត់ គឺអ្នកនិពន្ធស្រីស្រងូតស្រងាត់ចម្លែកខុសគេ ផារី។ ទោះនាងមានធម្មជាតិ កើតជាមកជាស្រីស្អាតម្នាក់ តែការលាក់ខ្លួនក្នុងសម្បកដូចជាមនុស្សប្រុសជាក្តីសុខរបស់នាង។
ផារី តែងតែស្លៀកខោខូវប៊យ អាវក្រឡាប្រុស កឌុបជិតៗជាមួយចរិតលក្ខណៈនឹងនរហួសស្មាន។ លើកនេះឃើញជេមស៍បង្អាប់លីពេក នាងទ្រាំស្ងាប់ទៀតមិនបានទេ….
«ជេសម៍ឯង ក្រែងលបយល់សប្តិឃើញខ្មោចដែរតើហ្អី?!»
ជាលើកដំបូង ដែលមនុស្សឯកោដូចផារីមកដើរតាមគេតិចៗ។ នាងធម្មតាមិនខ្វល់ស្រដីរកនរណាទេ ហើយក៏គ្មាននរណានឹកនាហ៊ានលេងច្រើនជាមួយ នាងដែរគេខ្លាចចិត្ត។ បាននាងថាឱ្យ ជេសម៍បង្អង់ជើងងាកមកសួរឌឺវិញ៖
«បានឱ្យអង្គុយជិតម្តង ចេះបន្លំធ្វើចរិតជាស្រីស្អាតលេងបង្អាប់ឯងវិញទៀត? មើល៍ និយាយមក ខ្ញុំមមើថាម៉េចខ្លះ!»
«បឹងខ្មោច ! បឹងបិសាចអីមិនដឹងទេ !ភ្លេចហើយ!»
«បានន័យថាមិនពិត!»
ផារីញញឹមស្របអេណារត់មកកៀកកកាន់ជើងមិត្តនាង៖
«មនុស្សផារីនិយាយអីពិតទាំងអស់! ឯងប្រយ័ត្នខ្លួន!»
ជេមស៍ពេបមាត់គប់អេណាមួយសម្បកស្ករកៅស៊ូដែលគេខ្មូរញ៉ុកកំពុងរកធុងសម្រាម។
«ខេត្តរតនគិរីនេះជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ភាគច្រើននៃប្រជាជន ជាជនជាតិភាគតិច ជនជាតិខ្មែរយើងមិនដល់ ២០% ផង។»
សំឡេងឮៗរបស់អ្នកបើកឡាន ដែលចុះមកសម្រាកនិងកំពុងឈរឆ្ការដៃនិយាយប្រាប់សក្តិ ។ នេះធ្វើឱ្យមិត្តឯទៀតរួសរាន់រត់ទៅចោមរោមស្តាប់ដែរ។ ម៉ាប់នៅក្រោយគេ កឺក្បែរឃ្លុបនៅឡើយ។ គេអូសវ៉ាលីសផងសម្ភារៈថតផង។
«អេណាជួយផងមើល៍!»
អេណាងាកក្រោយចងចិញ្ចើមសម្លក់ពីចំងាយ ហើយក្តាប់មាត់រត់ទៅជួយអូសទាំងបន្ទោសខ្សឹបៗ៖
«តាកាម៉ាប់? មនុស្សម៉ាគំនរប្រើងតែឯងស្រីស្អាត? មិនដឹងគ្នា ចង់ទៅស្តាប់ពូតៃកុងប្រាប់ព័ត៌មានអីខ្លះទេ? !»
«ចង់ទៅក្បែរមេសក្តិដឹង?!» ម៉ាប់បង្អាប់ហើយសើចស្ញាញមាត់ទំពារនំដំឡូងបារាំងញ៉ាច់ៗផង។
អេណាលើក្រញ៉រមកដូចប្រុសនឹងខោក តែម៉ាប់ក៏មិនខ្ចីគេ ចព្រោះនាងមិនដែលខោកឡើយ។ មិនតែប៉ុណ្ណោះ ស្រីស្អាត ងាកកាយទៅមើលសក្តិមែន ។ នាងប្រើក្រសែភ្នែកយ៉ាងទន់ភ្លន់សម្លឹងមេក្រុមខ្លួន។
ម៉ាប់អូសវ៉ាលីសដើរហួសទៅទាំងរអ៊ូ ឱ្យនាងឮ៖
«មើលគេប្រើខ្សែភ្នែក….ឡើងផ្អែម! ឯងវិញ ហៅជួយបន្តិច….សម្លក់!»
អេណាមិនរវល់ទេ គេជាប់ចិត្តនឹងស្តាប់សំឡេងគត់មត់របស់មេក្រុមសង្ហា។
សក្តិកំពុងនិយាយតបទៅពូតែកុង៖
«បេសកកម្មរបស់ក្រុមខ្ញុំ ចង់ហួសទៅស្រុកលំផាត់ពូ!»
« ២៦ គីឡូម៉ែត្រ ខាងត្បូងក្រុងបានលុងយើងនេះទេក្មួយ!» អ្នកបើកឡាននិយាយផង ធ្វើកាយវិកាវាសដៃបង្ហាញផ្លូវផង។
«អូ បាទ! ខ្ញុំហៅឡានឈ្នួលមកជិតដល់ហើយ »
«កន្លែងនោះស្អាតមែនក្មួយ! ថតកុន អស់ទាស់ហើយ! ណាមួយជាទីរួមខេត្តចាស់របស់រតនៈគិរីដែរ!»
ជេមស៍លូកមាត់៖
« មានរមណីដ្ឋានទឹកជ្រោះអីច្រើនទេពូ?!»
«មិនខ្វះទេ មាន ព្រៃ ភ្នំ ជ្រោះតូចៗស្អាតៗ ដើមឈើខ្ពស់ៗចាស់ឆ្នាំ អាកាសធាតុល្អណាស់! តែ….តមពាក្យតមសម្តីបន្តិច! កុំនិយាយប៉ផ្លូចណា៎….មានតំណមដែរ នៅហ្នឹង!»
ជេសម៍ងាកមើលមុខម៉ាប់។
«ឯង ! »
«យើងស្អី?»ម៉ាប់សួរតប។
ជេមស៍មិនមាត់ ធ្វើដៃជាសញ្ញាដេរមាត់ដាក់ម៉ាប់ បានន័យថា កុំឱយនិយាយប៉ផ្លូច។ ផារីវិញ នាងងាកមកឃើញអេណា ក៏ឈានមួយជំហានថយទៅជួយទាញអីវ៉ាន់ជាមួយគ្នា។
«ខ្ញុំជម្រាបលាសិនហើយពូ តាក់ស៊ីជិតមកដល់ហើយ!»
សក្តិបិទMab ហើយបែរមកជួយម៉ាប់ទាញកេសអីវ៉ាន់ថតដែរ។
«ចាំ!!! កុំនិយាយប៉ប៉ោចលេងឱ្យសោះណា៎ក្មេងៗ»
ពូតៃកុងស្រែកប្រាប់មកពីក្រោយខ្នង។
«បាទពូ!» គេងាកមកបង្គាប់គ្នីគ្នា« ម៉ោះស្រូតពួកយើង! ព្រលប់ហើយ! ងងឹតស្លុបអាឡូវហើយហ្នឹង! ជួយទាញអីវ៉ាន់គ្នាទៅគែមផ្លូវ!»
ជំពូក
បឹងគោលដៅ
«អូរនេះឈ្មោះសៀនឡៃ! ទឹកធ្លាក់នេះមាន ៤ ជាន់ ! មួយជាន់ៗ មានកម្ពស់៤ម៉ែត្រ ! និយាយទៅទឹកធ្លាក់គ្រប់រដូវហ្មង! »
សក្តិបរិយាយប្រាប់មិត្តភក្តិទាំងដៃរៀបចំជើងកាម៉េរា ម៉ាប់នៅនាយនៅឡើយ កំពុងលើកធុងទឹកកកចុះជម្រាល ឯជេមស៍រៀបកាម៉េរ៉ាមុខក្រញូវៗ។
«ឋានសួគ៌ក្រោមមេឃ !»
ផារីនិយាយតិចៗម្នាក់ឯង តែម៉ាប់ដែលដើរកាត់បានឮក៏ពោលបង្អាប់ឡើង៖
«បានសម្រាក កវី!»
ដាក់ធុងចុះរួចគេបញ្ជាទៅអេណា៖
«មើល៍ចុចគ្នាបួនប្រាំបុស្តិ៍មើល៍!»
សក្តិងាកមកឃាត់៖
«ឆាប់ពិនិត្យនិងកត់ត្រាទុកមកថតលើកក្រោយ! យើងឆៀងចូលមើលទឹកជ្រោះនេះតែមួយភ្លែតទេ! រហ័ស បន្តិច យើងត្រូវទៅឱ្យដល់បឹង!»
«ចុម? ហើយឯងឯណេះខំយកធុងទឹកកកចុះមក!»
ធ្វើការប្រឹបៗចំណាំទីតាំងទិដ្ឋភាពនានា ដើមឈើ ប្រភេទរុក្ខជាតិអស់ហើយ សក្តិផ្ទាត់ម្រាមដៃ ស៊ីញូជាសំឡេងឡើងបម្រុងនាំគ្នីគ្នាធ្វើដំណើរទៅមុខទៀត ទាំងមិនដាច់អាល័យនឹងទេសភាពដ៏កម្ររកនេះទេ។ មិនទាន់ដើរឡើងផ្លូវជាតិតម្រង់រកឡានឈ្នួលទេ ផារីឆ្លៀតដើរមកក្បែរនិយាយសួរតិចៗ៖
«សក្តិ យប់មិញក្រែងអ្នកនៅផ្ទះសំណាក់លំផាត់ប្រាប់ថាទី តាំងបឹងដែលយើងចង់មកថតហ្នឹង ដាច់ផ្លូវពិបាកចូលទៅដល់ហ្អី? បើចឹង ដូរSCRIPTមកជាជ្រោះនេះវិញម៉េចដែរ? ស្អាតណាស់!»
សក្តិដៀងសម្លឹងជុំវិញខ្លួនឃើញអេណាអង្គុយប៉ប្រះថ្ម យកដៃក្បង់ទឹកមកលុបមុខយ៉ាងស្រស់ស្រាយ។ នាយស្លុងភ្លេចសូម្បីឆ្លើយនឹងផារី ។
«មិញសួរថាម៉េច?!»
ដឹងថាសម្តីខ្លួនបាត់ចំណាប់អារម្មណ៍នាងមិនស្រងូត តែខំរក្សាមុខស្មើថយចេញទុកឱ្យខាងប្រុសលបមើលទៅខាងស្រីតូចស្អាតតាមសម្រួល។
រហូតដល់សម្លាញ់របស់ផារី គឺជេមស៍ ដែលនៅជិតនាងស្រដីឡើងជំនួសព្រោះទិស៖
“អាសក្តិសម្លឹងមើលអេណាអត់មានដាក់ភ្នែកសោះ តិចចង់កែសាច់រឿងទៅជាចំណងជើងស្រីស្អាតម្ចាស់ជ្រោះអ្ហ៎ា? អើបើថាកែៗឱ្យហើយទៅក៏បាន សោះខ្ចិលទៅសល់ណាទៀត ថតហ្នឹងហ្មងទៅ!”
អេណាជះទឹកវឹងដាក់ជេមស៍។
ពេលងាកមក នាងឃើញកែវភ្នែករបស់សក្តិដែលកំពុងតែសម្លឹងខ្លួនស្រទន់ដែរ មិនទាន់ដកទៅណា នៅឡើយទោះជាគ្រប់គ្នាបង្អាប់។ ស្រីតូចញញឹមស្រស់បង្អាប់វិញ៖
«កុំលង់ខ្ញុំឮនៅ?!»
មានតែសម្តីកែវល្អប៉ុណ្ណោះ អាចធ្វើឲ្យសក្តិដឹងខ្លួនមកវិញ ប្រញាប់ងាកភ្នែកចេញទាំងមុខក្រហមស្តាយ ថា នៅសុខៗក្លាយជាមេក្រុម លង់សម្រស់ភ្លេចការងារចំពោះមុខ។
“អាជីពអ្នកដឹកនាំរឿង មិនមែនជាបុរស ក្នុងក្ដីស្រមៃខ្ញុំទេ!” អេណានិយាយចំអកលេងទៀត តែពាក្យលេងៗរបស់នាង បានបុកទម្លុះដូចអាវុធម្យ៉ាងចូលជ្រៅក្នុងបេះដូងសក្តិ។
“ឮទេ?»
ជេមស៍និយាយឌឺដូច្នោះ ព្រោះតែធ្លាប់បានដឹងពីប្រវត្តិស្នេហារបស់ពួកម៉ាកគេ ថាជាមនុស្សប្រុសត្រូវស្រីបោះបង់ចោលដោយមិនបានប្រាប់មុនមិនតិចលើកទៅហើយ។ សក្តិធ្វើដូចធម្មតា ហើយក៏ចាក់បណ្តោយតាមហ្នឹង៖
“តោះៗឡើងលើ ៗ”
ផារីដើរទៅមុន ដូចមិនបានដឹងមិនបានឮរឿងអ្វីទាំងអស់ តែបេះដូងនាងផ្សេង……
“ផារី!»
នាងបន្ថយល្បឿនព្រោះសក្តិរត់មកតាម ។
«ខ្ញុំចង់ប្រាប់ថា កែសាច់រឿងមិនបាន ម្ចាស់គេបញ្ជាក់ច្បាស់ថាបឹងមិនមែនជ្រោះទេ!»
«អូខេ!»នាងតបស្រទន់ ទាំងញឹមៗ។
ជេមស៍នៅតែតាមឌឺដងពីក្រោយខ្នង ផារី ៖
“អាងតែខ្លួនឯងមិនលីកាម៉េរ៉ា”
សក្តិក្តាប់មាត់ ហើយបែរក្រោយ ទាញយកពីដៃជេមស៍៖
«ឱ្យម៉ោះណេះ! យីវ៉ី លីជំនួសក៏បាន! ហើយឈប់អាមាត់ប៉ប៉ាច់ហ្នឹងសិន ! ចាំសម្តីពូតែកងុឡានផងវ៉ី! បឹងនោះនៅឆ្ងាយមែន មិនដែលមានគេមកដល់ ឬបានថតវាពីមុនមកទេ! អាហ្នឹង បានវាត្រូវ Concept ដែលSponsor គេត្រូវការ! ការងារស្រួលៗ ថតកន្លែងដែលគេទៅឃើញគ្រប់គ្នាឡើងស៊ាំភ្នែកទៅហើយ មានអីអស្ចារ្សទៅ?»
ឡានឈ្នួលដាក់យុវវ័យទាំងប្រាំដល់ច្រកផ្លូវមួយ ដែលពួកគេមានគោលដៅចាំបាច់។ ឡានបន្តទៅបាត់បន្សល់នូវសំឡេងចាបយំ បរិយាកាសស្ងប់ស្ងាត់ កម្រឃើញ។
«ផ្លូវនេះហ្អី?»
អេណាសួររារែក ពេលគ្រប់គ្នាកំពុងដើរមើលទីតាំងនិងស្ទាបស្ទង់ពីកន្លែងដាក់ភ្លើង និងប្លង់សម្រាប់ថតទៅតាម Story ដែលគេបានកំណត់។
“អេណាមិនបាច់ចូលទៅជាមួយពួកខ្ញុំក៏បានដែរ។ មើលទៅពិបាកដើរចូលមែន”
សក្តិនិយាយទៅកាន់អេណាទាំងបារម្ភ។ នាងញញឹមញញែមគ្រប់កន្សែងជិតមុខ ត្រចៀកដូចខ្លាច តែថា ពន្លឺថ្ងៃត្បិតតែមិនក្តៅ ក៏អាចនឹងនាំឱ្យខូចសក់និងស្បែកនាង។ មាត់ស្រីតបមកមេក្រុមវិញថ្នមៗ៖
«ធ្វើចឹងម៉េចបាន? មកជាមួយគ្នា!»
ផារីដើរហួសទៅ ចេតនាមិនចង់នៅចំកណ្តាលភាសាផ្អែមល្ហែមរបស់ពួកគេឡើយ។
“អេណាឯងនៅស្ងៀមៗនៅហ្នឹងក៏ល្អ! ដើរតាមទៅនាំតែមេសក្តិបែកអារម្មណ៍ទេ” ជេមស៍ថាចាក់បណ្តោយភ្នែកតាមសម្លឹងស្រណោញអាណិត ផារីដែលគ្មានអ្នកណា យល់ពីចិត្តស្នេហ៍អាថ៌កំបាំងរបស់នាង។
“តែគេក៏ចង់ទៅឃើញទីនោះដែរ” អេណាឈរញិកញក់ ពត់ពែនខ្លួនទទូចចង់ទៅដែរ ជេមស៍ចាត់ទុកថា នាងហាក់កំពុងចង់បានចំណាប់អារម្មណ៍ច្រើនជាងនេះ។
សក្តិមិនមាត់ នាយមើលទៅអេណាដោយទឹកមុខស្រទន់ទាងដៃរៀបកាម៉េរ៉ា ។ ព្រោះចង់ឲ្យនាងយល់ទឹកចិត្តខ្លួនគេនៅធ្វើជាសុភាពបុរសទាំងហត់នឿរោយស្រពន់ពេញខ្លួន។
“យើងនេះសុំអត់ទៅដែរបានអត់អ្ហា៎? ព្រៃអ៊ីចឹង អញមិនហ៊ានចូលទៅទេ ស្បែកជើងអញមិនមាំទេវ៉ី”
ម៉ាប់ជ្រួញមុខឡើងជូហាក់បីដូចហត់ហេវ។
“អត់ទេ! ដើរទៅអាលី” សក្តិធ្វើមុខមាំសម្លុតឲ្យលី ដែលព្យាយាមចង់គេចវេសមិនចង់ទៅ។
“យី! ខ្លាចមើល៍តែស្រីអានេះ” ជេមស៍បន្ទរពីក្រោយសក្តិ ស្តីឌឺឲ្យលីបន្ថែម។
“អើ! កតញ្ញូតែចំពោះស្រីស្អាតទេ យើងវិញមិនស្មើធូលីផង”
“ទៅទាំងអស់គ្នាទៅ ! ” ផារីក៏ផ្ដើម និយាយឡើងធ្វើឱ្យគ្រប់គ្នាក៏បង្វែរខ្សែចក្ខុ សំដៅទៅរកនាង។
ឃើញគ្រប់គ្នាដូចភ្ញាក់ផ្អើលផារីក៏និយាយបន្ថែម៖
«មកជាមួយគ្នា មិនចាំបាច់ជជែកអីវែងទេ ទៅណាទៅហ្នឹងទាំងអស់គ្នាដែរទៅ!”
ជេមស៍ញញឹមស្ញេញកំដរសម្តីមិត្តព្រោះសមហេតុផលមនិង ហាក់ដូចជាពេញចិត្តណាស់ ដែលមិនឱ្យសក្តិបានទំយើអេណា លី មិត្តកាម៉ា់ប់របស់គេ ក៏មិនបានយកលេសខ្ចិល។
“ផារីនៅទីនេះហើយ នឹងបានជួយមើលការពារអេណាផង”
ពាក្យមួយឃ្លារបស់សក្តិនេះ បានធ្វើឲ្យទឹកមុខផារីធ្លាក់ចុះស្រពោនឯជេមស៍ឈ្លីថ្ងាស់ហួសចិត្ត។ ម្តងទៀត មិនគួរណាគេនិយាយបែបនេះចេញមកសោះ។
“អាសក្តិ! កន្លែងស្រួលៗ ម៉េចមិនថតអ្ហា៎?”
លីវិញកំពុងតែរត់ទៅរកកន្លែងគន់មើលទៅបឹងពីចម្ងាយ ។ វារីដែលមានព្រៃដុះជុំជិត បន្សល់ទុកមកតែកូនផ្លូវថ្មើរជើងតូចមួយប៉ុណ្ណោះសម្រាប់ចូលទៅ។
លីមិនសប្បាយចិត្តប៉ុន្មានទេព្រោះថា គេជាមនុស្សធាត់មាឌធំ ពេលមកដើរនៅលើដីស្អិតៗ និងទីទួលម្តងខ្ពស់ម្តងទាបបែបនេះ ពិបាកសឹងដកដង្ហើមមិនបាន មកត្រូវសក្តិបង្ខំឲ្យចូលទៅរុលលើព្រៃស្ដុកនឹងអាលរកថតកន្លែងLocationពិសេសថែមទៀតដូចគ្មានជម្រើស។
ឃើញជេមស៍ឡូឡានៅតែកែគំនិតសក្តិមិនបាន លីមានតែរំងាប់ចិត្ត ដើរយោលយោកៗ តាមពីក្រោយសក្តិ និងជេមស៍តែម្ដងទៅ។
“ទីតាំងល្អៗធុននេះ មិនងាយមានអ្នកណាមកដល់ទេ យើងត្រូវតែចាប់ឱកាសសាងកេរ្តិ៍ឈ្មោះ”
សក្តិនិយាយតិចៗប្រាប់ក្រុមទាំងបង្វិលក្រសែភ្នែកដ៏មុតស្រួចរេពិនិត្យបណ្តាទេសភាពគ្រប់ច្រកល្ហកជុំវិញបឹង ។ អារម្មណ៍ផ្ទាល់ពិតជាបានបណ្តែតត្រសែតពេញទីនោះស្វែងរកប្លង់នឹងអាលកសាងដំណើរការថត។
“មើលតែពីចម្ងាយ ក៏យល់ថា…..កន្លែងហ្នឹងមិនសូវស្រួលដែរអ្ហ៎ា” លីត្អូញត្អែរ ធ្វើឱ្យជេមស៍ស្តីឱ្យ៖
“បិទមាត់កាកឯងទៅ! និយាយពាក្យឥតប្រយោជន៍ មិនចាំពូតៃកុងប្រាប់ទេ?”
ជេមស៍និយាយបណ្ដើរ ទាញកាម៉េរាផ្តិតថតត្រង់នេះបន្តិច ត្រង់នោះបន្តិចប្រៀបយ៉ាងរំភើប មិនខ្វល់ពីសម្ដី របស់លីទៀតទេ ព្រោះជាបណ្តើរៗក្នុងនាមអ្នកថត គេបានទៅលង់នឹងសម្រាប់ទីតាំងបឹងនោះហើយ។
ថ្វីត្បិតតែបឹងនេះ គ្មានការរៀបចំឲ្យមានរបៀបរៀបរយ ដោយមានត្រឹមតែរានហាលតូចមួយនៅមាត់បឹង និងមានព័ទ្ធជុំវិញដោយរុក្ខជាតិតូចធំពណ៌ខៀវស្រងាត់ ក៏ប៉ុន្តែ ឲ្យតែអ្នកណាបានចូលទៅដល់ទីនោះហើយ ច្បាស់ជាលង់សម្រស់ និងស្រលាញ់ជាប់ចិត្តដិតអារម្មណ៍នឹងបឹងនេះ ដកចិត្តមិនរួចទេ លើកលែងលី ជាមនុស្សគ្មានមនោសញ្ចេតនាជាមួយធម្មជាតិ។
«អូខេហើយ! សម្រេចថាយកកន្លែងនេះ តែយើងត្រូវការអនុញ្ញាតពីមេភូមិសិន!»សក្តិថាហើយដើរបកចេញមករកផ្លូវធំវិញនាំមុខដោយលីដែលរត់តាមដោយអំណរ។
“អឺ តោះៗ” លីញញឹមញញែមសប្បាយអរ ពេលឮសក្តិនិយាយដល់កន្លែងស្នាក់នៅ។
“ឯងឃ្លានមែនអាលី? ឬងុយគេង?” ជេមស៍សួរ ហើយក៏អស់សំណើច។ លីធ្វើមុខឆ្ងល់ហើយសួរបកឌឺដងផ្លែផ្កាឲ្យជេមស៍វិញ៖
“ថីអ្ហា៎? មកដេញដោលសួរអញមើលតែកូនក្តី អាណាមិនឃ្លាន អាណាមិនចង់ដេក យីអានេះ គ្មានដឹងអីមែន”
ស្រដីបានតែត្រឹមនេះ លីក៏ដើរចេញពីទីនោះធ្វើព្រងើយ មិនខ្វល់នឹងតបតជាមួយជេមស៍ដែលព្យាយាមផ្ចាញ់ផ្ចាលរូបគេ។
ជំពូក៣
តំបន់ហាមឃាត់
ដោយម្នាក់ៗមានសំពាយជាប់នឹងខ្លួនរយីងរយោងដូចអ្នកចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសពួកគេបានបង្កជាការកត់សម្គាល់របស់អ្នកស្រុកបាត់ទៅហើយ។ មិនយូរប៉ុន្មានទាំង៥កាយបានមកសល់ច្រកចូលភូមិ…ផ្ទះដំបូងគេបានបង្ហាញឡើងនៅចំពោះមុខយុវវ័យយើង…
លីមាឌធំជាងគេដែលមានរបស់ធ្ងន់ៗ រាប់រងលើស្មាឆ្លៀតទុចជើងខ្សឹបខ្សៀវដាក់អេណា៖
«ឃើញ តាម្នាក់ មាឌមាំហ្នឹងដែរអេណា? សក់សព្រោងនុះ! ស្ពាយកូនកន្ត្រកឫស្សីមួយជាប់នឹងស្មា!»
«ឃើញ!»
«ចម្លែកដែរ គាត់សម្លឹងមកយើងរហូត!»
«អឺ មានមើលខ្លួនយើងក្នុងកញ្ចក់ទេ ? មើលចប់នឹងដឹងថា ម៉េចបានគេសម្លឹងមកហើយ!»
«ជម្រាបសួរលោកអ៊ំ» សក្តិឱនគួរសមជម្រាបសួរបុរសចំណាស់ពីចម្ងាយ ខណៈលីឆ្លៀតលើកទូរសព្ទមកចុចកាម៉េរ៉ាឆ្លុះមុខរួចងាកមក លាន់មាត់ខ្សឹបដាក់អេណា«នៅសង្ហាដដែល!»។
អេណាសម្លក់លេងហើយដើរហួសទៅក្បែរសក្តិ។
មនុស្សដែលមានវ័យចាស់សម្លឹងយុវវ័យដែលលើកដៃសំពះមកបន្តបន្ទាប់គ្នាម្តងម្នាក់ៗមិនរំលងអ្នកណាទាំងអស់។ លី ទម្លាក់សំពាយពីស្មារួចលើកដៃគោរពដោយរម្យទម្យដែរ។
« ក្មួយៗ…ទៅណាមកហ្នី?»
អ៊ំចាស់សួរយឺតៗទាំងដាក់កែវភ្នែកសង្ស័យ មុនពេលលើកដៃសំពះតប។ ការងឿងឆ្ងល់ក្នុងខ្សែភ្នែក គាត់មិនចម្លែកចិត្តទេសម្រាប់សក្តិព្រោះ៥នាក់ខ្លួនជាអ្នកចំងាយមុខតែប្លែកទាំងLifeStyleទាំងរបៀបនិយាយស្តីហើយសម្រាប់ពលរដ្ឋនៅសហគមន៍នេះ។
«ក្មួយចង់សួររកផ្ទះអ៊ំ កែមមេភូមិលោកអ៊ំ?»
«អ៊ំកែមនៅណេះនឹងមុខហ្នឹងហើយ មានការអីទេនៀក ? ម៉ោះៗ អ៊ំបោសគ្រែឱ្យអង្គុយ»
គាត់ស្ទុះទៅរៀបចំគ្រែរនាប ឯជេមស៍លបក្រឡេកមួយឆាច់ចាប់បានកែវភ្នែកមុតថ្លាដែលបុរសនេះលបសម្លឹងមក។ លុះឃើញជេមស៍តាមសម្គាល់គាត់ក៏ងាកមុខចេញធ្វើជាញញឹមស្លូតបូតវិញ….
«លោកអ៊ំកុំបារម្ភអី ពួកក្មួយក្រុមថតកុន មកពីភ្នំពេញ…»
គាត់ទ្រឹងដៃពេលឮសក្តិនិយាយដល់ពាក្យថា«ភ្នំពេញ»។ ទឹកមុខរបស់តាកែមប្រែប្លែកឡើងៗ និងក្រោកមកយឺតៗទាំងមុខស្មើ….
«ថតនៅឯណាទៅ?!»
«បឹងនោះអ៊ុំ!»លីឆ្លើយទាំងសើចស្ញាញ។
« មិនបានជាដាច់ខាត!»
ប្រាំម៉ាត់នេះបង្អង់គ្រប់គ្នាឱ្យស្ងាត់ដូចគេចុក។ សក្តិមិនទាន់បានបរិយាបំណងនិងការងារលំអិតត្រឹមត្រូវផងស្រាប់តែត្រូវ តាកែមងាកមកជាមួយការផ្ទួនបញ្ជាក់ជាលើកទីពីរ៖
«បឹងនោះមិនអាចចូលទៅក្បែរៗដាច់ខាត!»
សក្តិសម្រួលអារម្មណ៍បន្តិច មុននឹងរកពាក្យសួរបញ្ជាក់ជាមួយតាកែមតែអេណាមិនបានអត់ធ្មត់៖
«ហេតុអ្វីទៅអ៊ំ?»
«មិនបាន គឺមិនបានហើយ!»
«ពួកខ្ញុំពិតជាត្រូវការថតបឹងនេះចាំបាច់ សូមអ៊ំអនុញ្ញាតផង ! យើងទាំង៥នាក់ កាត់មកពីឆ្ងាយណាស់អ៊ំ ណាមួយសន្យាថាមិនប៉ះស្មៅមួយទងណាទេ! » សក្តិនិយាយលួងលោមគាត់បន្ត។
«ខ្ញុំធានាជូនអ៊ុំ មិនប៉ះធម្មជាតិ មិនបង្កសម្រាម!»ផារីបន្ទរខណៈលីទៅជាចំហរមាត់នឹងឬកពារ អ៊ំដែលប្រែទឹកមុខ ដូចជាខឹងសម្បារខ្លាំងឡើងៗភ្នែកប្រែជា សម្លក់ពួកគេរេម្តងម្នាក់ៗគួររអាព្រឺព្រួច។
«បើអ៊ំមិនប្រាប់ហេតុផលផង ធ្វើម៉េចពួកខ្ញុំ…..?» ជេមស៍ជួយនិយាយព្រោះឃើញស្ថានភាពតានតឹង ស្រាប់តែ….
«វាគ្រោះថ្នាក់ណាស់! ឮទេ? បឹងហ្នឹងបុរាណហាមមកយូរហើយ! កន្លែងរបស់ ពួកអមនុស្សមានអំណាច»
«ថាមែនៗ! » តាកែមនិយាយមិនទាន់ផុតមាត់ផង លីក៏រអ៊ូបន្ទរមក ពីក្រោយពួកគេ ដោយរេភ្នែកសម្លឹងឆ្វេងស្តាំមិនទុកចិត្ត។
«ពួកក្មួយសម្រាកបន្តិចហើយ ក៏ឡើងឡានទៅវិញទៅ! ទៅថតនៅខេត្តទៅ…»
«ប៉ុន្តែពួកខ្ញុំបានទៅដើរមើលជុំវិញទីនោះហើយ គ្មានអ្វីគួរឲ្យខ្លាច និងចម្លែកផង»ជេមស៍ប្រកែកទាំងមិនសប្បាយចិត្តទេ ធ្វើឱ្យ តាកែមងាកមកឃ្វាំង សឹងបណ្តាលឱ្យលីភ័យរបូតសាក់កាដូពីដៃ។
តាមេភូមិសួរបញ្ជាក់ឡើងវិញ ទាំងទឹកមុខកាន់តែគួរឲ្យខ្លាច៖
«ថាម៉េច?!»
«បាទ ទីនោះស្អាតណាស់ ហើយ…» សក្តិញញឹម។
«ហ៊ានណាស់! ហ៊ឹម ចប់ហើយខ្ញុំ! យីអើ គ្មានយល់ការណ៍អីមែនក្មេងៗនេះ! ឈាមរាវ ឥឡូវមិនបាច់ចចារទេ ! ចេញ! ឆាប់ចេញពីភូមិនេះឲ្យឆាប់! »
តាកែមថាកាចៗទាំងចង្អុលមុខអ្នកដំណើរយើង។
យុវវ័យសម្លឹងទៅកាយវិកាគាត់ដែលកំពុងគ្រវាត់គ្រវែងក្រម៉ា ខឹងញ័រខ្លួនបានតែត្រឹមមួយប៉ប្រិចភ្នែក។
«សូមទោសលោកអ៊ំ! ពួកខ្ញុំគ្មានចេតនាទេ បើមាន លើសលោះ….»
ផារីឃើញថាស្ថានភាពហាក់តានតឹង នាងក៏ព្យាយាមដើរចូលទៅកៀក ហើយ ពិភាក្សាសង្ឃឹមបានបន្ទន់ចិត្តគាត់ ស្រាប់តែបុរសអារម្មណ៍ចម្លែកម្នាក់នេះងាកឃ្វាំងមកក្រឡេកសម្លឹងស្រីពីលើដល់ក្រោម។
ទាំងភ្នែកមិនពេញចិត្តStyleតុបតែងរបស់នាង មាត់គាត់បានលេសឡូឡា ៖
«ស្រីទេ? ម្តេចស្លៀកដូចប្រុស! ទៅៗៗៗ មិនស្វាគមន៍ មិនស្វាគមន៍!»
សក្តិមកឱនសំពះនិយាយសូមទោសញាប់មាត់ដែរ តែតាកែមហាក់នៅមិនខ្វល់ គិតតែពីក្ដាប់ដៃជាប់ ដូចជា រឹងប៉ឹងក្នុងការបណ្តេញក្រុមយុវជន។
មិនមែនត្រឹមតែសក្តិទេ អ្នកឯទៀត ក៏បង្ហាញទឹកមុខស្លន់ស្លោររកថាមិនត្រូវដែរ។ បើគ្រាន់តែចូលទៅបឹងនោះថតសោះ មានហេតុផលអ្វីធ្វើឲ្យតាកែមខឹងខ្លាំងបែបនេះ?
«ដោយសារពួកក្មួយមិនបានដឹង ទើបជ្រុលជាទទួលការងារគេមកហើយក្មួយពិតជាសុំទោស! សូមលោកអ៊ំលើកលែងទោសហើយបំភ្លឺដំណោះស្រាយឲ្យពួកខ្ញុំផង» ផាវីបន្ថែមតែបុរសនៅតែរក្សាជំហរ៖
«មិនបាច់! ចេញពីភូមិនេះឥឡូវទៅបានហើយ»
តាកែមនិយាយហើយក៏ដើរចេញ យ៉ាងលឿន ហាក់មិនចង់ស្ដាប់ឬបន្តចចារអ្វី ធ្វើ ឱ្យយុវវ័យទាំងអស់ម្នាក់ៗធ្លាក់ទឹកមុខ ព្រោះ មើលទៅ សភាពរបស់គាត់ដាច់ខាត និងមិនអនុញ្ញាតដោយសុំត្រឹមនិយាយហេតុផលក៏គ្មាន។
សក្តិ ជេមស៍ និងផារី ចាប់លើកឥវ៉ាន់មកស្ពាយលើ ស្មាវិញទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន។ ឆ្លៀតពេលនោះ លីខ្សឹបនិយាយដើមបុរសចំណាស់៖
«តោះ !បាន! ទៅរកកន្លែងផ្សេងទៅ។ មនុស្សដូចអ៊ំហ្នឹង ពិបាកនិយាយគ្នាណា តឹងសរសៃក ដូចខ្មោចចូលអ៊ីចឹង»
សក្តិឃើញលីរអ៊ូ បង្ហាញការមិនពេញចិត្តជាមួយតាកែម ដែលជាមេភូមិរអុះៗក៏ឃាត់ខ្លាចគាត់វិលមកវិញស្តាប់ឮនាំរឿងរ៉ាវ៖
«បានហើយ! ឈប់និយាយទៅ! បិទមាត់បានបិទសិនទៅ! កំពុងស្មុគស្មាញ»
លីសម្លឹងម្ចាស់សម្តីដែលថារួចខាំមាត់ជាប់នៅស្ងៀម ហាក់កំពុងគិតរកមធ្យោបាយ ថាតើគេគួរធ្វើអ្វីបន្ត។ តើអាចមានឱកាសខ្លះទេ ដែលគេអាចមកថតនៅបឹងនេះបាន?
ជេមស៍ដើរចូលទៅក្បែរសក្តិ ហើយបង្ហាញការព្រួយបារម្ភចំពោះឧបសគ្គដ៏ធំនៃដំណើរការអនុវត្តគម្រោងរបស់ពួកគេទោះយ៉ាងណាគេមានគំនិតសម្ងាត់ គេខ្សឹបល្មមតែឮពីរនាក់៖
«សក្តិ! គ្នាគិតថា នាំគ្នាយើងថយសិនទៅ! គាត់គ្មានថ្ងៃឲ្យពួកយើងចូលថតទេ! ថយសិនចាំរកវិធី!»
«យើងកំពុងតែគិតជេមស៍! ទីតាំង យើងមិនអាចប្ដូរបានឡើយ!»
«មិនប្តូរទេ! តែដកថយសិន! ឱ្យគាត់ប្រហែសចិត្តសិន! បើយើងរឹងនៅអង្វរហ្នឹង នាំតែរឿងតឹងតែងឡើងទេ!»
សក្តិនិយាយមួយៗ ទាំងសញ្ជឹងគិត៖
«អូខេ!យល់ស្រប! សម្រេចថានៅតែថត ! យកកន្លែងហ្នឹងហើយ! ទេសភាពស្អាតណាស់!»
«តោះ» អេណាធ្វើមុខញិកញក់ហៅពីចម្ងាយទៅកាន់សក្តិ ទាំងដែលស្ថានភាពកំពុងក្ដៅគគុក រកទឹកមកពន្លត់កម្ដៅបញ្ហាមិនទាន់ឃើញនៅឡើយ។
«នៅដល់ណាទៀត គេថាមិនឲ្យយើងថតផងហ្នឹង!»នាងថាមកបន្ថែមឮហាក់អន់ចិត្តនិងចង់ឱ្យជនចំណាស់បានដឹងថាក្មេងៗកំពុងសៅហ្មង។
បានដូចសេណារីយោ ជេមស៍នឹងសក្តិញាក់ចិញ្ចើមរកគ្នាធ្វើជាប្រកូកឮៗ ។
«តោះៗ គេមិនឱ្យថតទេ! ទៅរកកន្លែងផ្សេង!»
«ឬមួយមកពីយើងមិនបានឲ្យលុយគាត់?» ពេលចេញមកតាមផ្លូវ លីឆ្លៀតខ្សឹបសួរជេមស៍។
«មិនមែនទេ! មនុស្សត្រូវការលុយ គេនិយាយផ្សេង តែគាត់ដូចជាមិនចង់ឲ្យអ្នកណាទៅកាន់បឹងនោះសោះតែម្ដង» ផារីដែលនៅក្បែរឆ្លើយជំនួស។
ជេមស៍ដេលនៅសញ្ជឹងគិតមួយសន្ទុះ ស្រាប់តែលាន់មាត់ខ្សឹបដាក់ផារី៖
«ស្រមៃទៅមើលអាកប្បកិរិយារបស់តាកែមមុន អាចទេ? ដែលថាកន្លែងនោះមានលាក់ទុកអ្វីមួយ ឬវត្ថុមានតម្លៃ របស់អ្នកស្រុក បានជាក្នុងនាមមេភូមិ គាត់ក៏មិនចង់ឲ្យអ្នកណាទៅរំខាន?»
«មានស្អីអាថ៌កំបាំងដឹង? លាក់កងទ័ព លាក់ចោរ?…..ធ្វើអាភៀន….លាក់កូនស្រីគេ?»
«បាន!បាន! បានអាលី ! យោបល់ឯងទុកពេលទំនេរសរសេរកុនខ្នាតខ្លីទៅប្រលងនឹងគេទៅ! ស្រមើស្រមៃអាស្រមើស្រមៃនេះ!» ជេសម៍ថាឱ្យលេង។
«តែវាក៏អាចដែរតើ!» សក្តិនិយាយខ្សឹប ពីក្រោយខ្នងពួកគេ។ ជេមស៍ងាកទៅឃើញមេក្រុមបង្ហាញទឹកមុខយល់ឃើញស្រដៀងនឹងយោបល់លី។
«សក្តិអ្ហា៎! កុំដូរកន្លែងអី ខ្ញុំចង់ថតទីនេះ»
អេណានៅតែបន្តនិយាយអង្វរ ព្រោះមិនដឹងម៉ូរបស់សក្តិនិងជេមស៍។ នាងអាចហត់នឹងការដូរទីតាំងថតឬនាងអាចស្រលាញ់ទេសភាពពិតមែនក៏ថាបាន។
សក្តិដៀងភ្នែកទៅសម្លឹងដោយចិត្តទោរទន់ ឃើញទឹកមុខបុរសនេះកាលណា អេណារឹតនិយាយម្ញិកម្ញ៉ក់មកបន្ថែម៖
«មិនដឹងយ៉ាងម៉េចទេ គ្រាន់តែបានមកដល់បានបន្តិច ក៏យល់ថាជាប់ចិត្តស្រលាញ់បឹងនោះខ្លាំងណាស់គឺ ចូលចិត្តប្លែកខុសពីធម្មតា!»
«មនុស្សសង្ហានៅជ្រងោរៗ មិនថាចូលចិត្តទៅ? ទៅស្រលាញ់ស្អីបឹងនោះ ? វាមានបេះដូងពីណាមក !ខុសទំនង!» លីហ៊ានឌឺអេណាបែបនេះ ក៏ធ្វើឱ្យស្រីស្អាតស្ទុះទៅដេញវាយផាច់ៗខណៈសក្តិញញឹមបានចិត្តនឹងទឹកមុខក្រហមរបស់នាង។
ភាពតានតឹងជំនួសមកវិញនូវស្នាមសំណើចកក្អឹកៗ….
«មិនបាច់ដូរទេ! »
សក្តិស្រែកឡើង ធ្វើឱ្យជេមស៍ឌឺបន្ទរតាមក្រោយ៖
«ព្រោះអេណាស្រលាញ់កន្លែងនេះហើយ ចឹងមេមិនឱ្យដូរ!»
បានជេមស៍ជួយនិយាយភាសាបេះដូងឲ្យជំនួសទៅហើយ សក្តិលួចដៀងមើលប្រតិកម្មអេណាដែរ។ ក្រៅពីបានវាយវាត់ទៅលីបន្លប់ហើយ អេណាក៏លបដៀងមកសម្លឹងមេក្រុមដូចគ្នា។ ភ្នែកប៉ះភ្នែកហើយ អ្វីដែលលីមើលឃើញហើយខ្លាច គឺមិត្តខ្លួនផារី។ តើអាចមិនសប្បាយចិត្តទេពេលឮភាសាអស់នេះនិងកែវភ្នែកឆក់គ្នារវាងអេណានិងសក្តិ?
ខុសពីអ្នកគ្រប់គ្នា ផារីគិតលើការងារជាង នាងដើរយឺតៗទម្រាំសក្តិមកទន្ទឹមក្បែរនាងនិងជេមស៍ទើបនិយាយសួរវិញ៖
«តាមពិតពួកយើង គ្មានអ្នកណាចង់ដូរទីតាំងថតទេ! តែកំពុងគិតថា គួរធ្វើបែបណាទើបល្អ?»
«មិនដូរទេ គ្រាន់តែត្រូវការគិតថា ធ្វើយ៉ាងណាកុំឱ្យអ្នកស្រុកខឹង!»សក្តិនិយាយតិចៗ ។
ផារីដឹងថា ទំនាស់ជាមួយអ្នកស្រុកមិនដែលជាបំណងសម្រាប់ក្រុមអ្នកថតកុនទេ វាមិនមែនជាប្រផ្នូលល្អឡើយដែលនៅសុខៗមកជួបឧបសគ្គដែលមិននឹកស្មានដល់មួយនេះ។ ធម្មតាអ្នកភូមិស្រុកខ្មែរ តែងតែមានចិត្តល្អរាក់ទាក់និងស្វាគមន៍ណាស់សម្រាប់យុវវ័យក្នុងការមកដល់ទីតាំងប្រណីតផ្សព្វផ្សាយជូនភូមិស្រុករបស់ពួកគាត់ទាក់ទាញអ្នកទេសចរមកបន្ថែម ។ មិនសម ថាទីកន្លែងដ៏ពិសេសនោះ ក្លាយជាទីមានបម្រាម?
តែ ឮបម្រាមបែរជាគ្រប់គ្នារឹតចង់ធ្វើការងារជាមួយវាទៅវិញ។ នាងនិយាយទាំងជ្រែងហោប៉ៅ៖
« ទីបម្រាម បានន័យថា គ្មានអ្នកណាបានថតពីមុនឡើយ ឃ្លីបយើងនឹងឡូយ!»
នាងវាចាឡើងតិចៗ ទាំងដឹងថា សក្តិកំពុងរកមធ្យោបាយចង់ជំនះនូវរបាំងឧបសគ្គមួយនេះ ហើយគិតដូចនាងគឺយកការងារជាធំមិនមែនយកចិត្តស្រលាញ់លេងសើចជាធំឡើយ។
«យើងជួយគិតគ្នាទៅ!»ជេមស៍និយាយបន្ទរហាក់យល់ស្របជាមួយផារី។
ផារីចចារបន្ថែមឡើង៖
«អ៊ីចេះណ៎ា រកកន្លែងក្រាលហូបអីសិន ចាំរកភូមិផ្សេងក្បែរៗនេះសម្រាកហើយសួរនាំដំណឹងគេ!»
សក្តិងក់ក្បាល។
ជំពូក៤ រាត្រីដំបូងនៅភូមិតូច
លី អង្គុយសម្លឹងជេមស៍ដែលជូតសម្អាតត្រីវិស័យ។ ក្រៅតែពីទឹកសាបនិងអាហារ គេដឹងថា នេះឧបករណ៍ដ៏ល្អបំផុតមួយត្រូវការចាំបាច់ណាស់សម្រាប់ការធ្វើដំណើរទៅកាន់តំបន់ណាដែលយើងមិនស្គាល់។
«ត្រីវិស័យនេះយកមកតាមដឹងពីរបៀបប្រើដែរ?»លីសួរធ្វើឱ្យជេសម៍ងាកមកសម្លក់លេងនិងមិនហើបមាត់ឆ្លើយទេ។
«សម័យណេះ គេមាន GPS គ្រប់គ្នាហ្នឹងអ្ហា៎!»លីនិយាយបន្ថែមឌឺភ្នែកសម្លក់របស់ជេសម៍។
«បើកទូរសព្ទអ្ហែងមើលម្តងទៀតមើលអាលី!»
លីឪហើយ ក្តាប់មាត់ពេបបន្តិចដាក់មិត្ត ទើបឱនមកចុចបើកពិនិត្យ ។ គេក៏បើកភ្នែធំៗ៖
«អុញ? សេវាសូន្យកាំ?!»
ឧបករណ៍កលាពីព្រលប់មិនអី តែពេលនេះមិនមានសញ្ញាសេវាផងកុំថាឡើយ internet។ ផារីកំពុងពិនិត្យផែនទីនៅក្បែរនោះដូចជាសិក្សាអំពីផ្លូវដែលគ្រោងទុកទៅកាន់បឹងនោះដោយមិនបាច់ឆ្លងកាត់កន្លែងផ្ទះឬភូមិតាកែម។
«ស្បែកជើងអ្ហែង អញសង្ស័យមកវិញដើរជើងទទេទេវ៉ី!»
ជេមស៍ចំអកទាំងបូញមាត់ទៅរករកស្បែកជើងរបស់លី ដែលកំពុងថ្ពក់ហាលលើរបងកូនឈើផុតពីដី។
«អូ ជាប់១០០ឆ្នាំអាម៉ាក!»
លីថាទាំងជឿជាក់។
ជេសម៍សើចក្អាកក្អាយទាំងដៃទុកត្រីវិស័យនិងរៀបចំពិល ដែកកេះទុក្នុងសាកាដូសុទ្ធសឹងរបស់ចាំបាច់ក្នុងករណីវង្វេង។
ភ្នែកលីពិនិត្យសម្ភារៈរបស់គេក៏សួរហាក់ឆ្ងល់៖
«អានេះរើអីវ៉ាន់យកមកតាមដូចដឹងមុនអ្ហា៎?»
«ដឹងស្អីមុន?!»
«ដឹងថាយើងត្រូវមេភូមិមិនអនុញ្ញាត្តិឱ្យចូល និងត្រូវលុកព្រៃដើរផ្លូវវាង!»
«អើអញគ្រូទាយ!»ជេសម៍ចាក់បណ្តោយ។
លីចង្អុលទៅផារី៖
«ផារីក៏មានផែនទីមកទៀត! អញដេកហើយ ! រៀបតាមសម្រួលទៅពួកអ្នកផ្សងព្រេង!»
តាមពិតលីគួរដឹងថា ជេមស៍ជាមនុស្សម៉ត់ចត់ណាស់។ គេយល់ថា ការដើរឆ្ងាយ សំខាន់ខ្លាំងផងដែរ ដែលនៅពេលដែលបានរៀបចំសម្ភារៈ និងគម្រោងការជាលម្អិតទាំងផែនទី អាហារ ប្រដាប់ការពារ។ល។
អេណាដើរចូលមកពីងូតទឹក ស្មានៅគ្របកន្សែងពោះគោសួរនាំអ្នកទាំងបី៖
«ឯណាសក្តិ?!»
បានឱកាសជេមស៍ឌឺ៖
«អ្ហាក៎! ស្មានថាទៅសាសងជាមួយអេណាឯងហើយ?»
លីដៀងសម្លឹងប្រតិកម្មផារីពេលជេមស៍និយាយអំពីសក្តិ។ ផារី មិនមែនមិនឮទេ នាងធ្វើជាបិទផែនទីហើយងើបមុខសម្លឹងខោអាវគេង ដៃវែងជើងវែងរបស់មិត្ត ។ អេណាពិតជាស្អាតលើគ្រប់ការស្លៀកពាក់ ។ ដើម្បីបន្លប់បេះដូងរងារបស់ខ្លួនដែលនឹកសក្តិ ផារីធ្វើជានិយាយ៖
«តោះយើងងូតម្តង!»
«ថ្វីត្បិតតែភូមិនេះតូច និងដាច់ស្រយាលបន្ដិច ក៏ប៉ុន្តែមានតំបន់រមនីយដ្ឋានច្រើនគួរសមនៅក្បែរៗ ធ្វើឲ្យភូមិនេះមិនស្ងាត់ទេ!»អេណាខ្សឹបខ្សៀវប្រាប់មិត្តៗ។
«បានដើរឆ្វែលហើយ?!»ជេសម៍សួរបក។
«នៅ! តែបាននិយាយលេងជាមួយអ្នកដែលធ្វើការនៅផ្ទះសំណាក់នេះ !»
«នេះខ្ទម! មិនថារាប់ថាផ្ទះសំណាក់ទេ?!»លីនិយាយរអ៊ូពីលើអង្រឹងមក។
«បិទមាត់ឯង! តិចគេដេញចេញ លែងឱ្យដេកដូចកាលផ្ទះកែម!»អេណាថា ឱ្យតិចៗធ្វើឱ្យជេសម៍សើចឌឺលីក្អាកក្អាយឮៗឡើង។
អេណាអង្គុយចុះក្បែរជេមស៍ ៖
«នេះធ្វើអីចិបចុបទៀតជេមស៍? ទៅងូតទឹកសិនទៅ គេយកមាន់មកឥឡូវហើយហូបជុំគ្នា! សក្តិបាត់ទៅណាក៏មិនដឹង តិចទៅលួចទៅបឹងនោះតែឯងទៅ?»
ត្បឹតតែលីដឹងថា អេណានិយាយលេង ព្រោះសក្តិមិនអាចទៅម្នាក់ឯងទាំងយប់ទេ តែគេនៅតែមិនអស់ចិត្តទើបនិយាយពីលើអង្រឹងមក៖
«មិនយល់ទេ! បើអ៊ំមេភូមិគាត់មិនឲ្យថតកន្លែងហ្នឹងហើយ សួរអ្នកស្រុកនេះរកបឹងផ្សេងបានអត់?»
«កូនប្រុសសម្តីជាមាស យើងទទួល Project ហើយ!ចង់ដូរទៅណាវិញ?»ជេមស៍ថាទាំងក្រោកទាញក្រមាមកពាក់ក។
«អ៊ំមេភូមិហ្នឹងដែរ! និយាយគ្មានហេតុផល! មាត់អាក្រក់ ចិត្តអាក្រក់ទៀត! »
លីនិយាយឮៗ ទាល់តែអ្នកលក់លើកមាត់និងបាយមកដល់ហើយដាក់អាហារឱ្យពួកគេមុខបន្ទប់ ទើបព្រមឈប់និយាយ។
«ពិសារបាយប្អូនៗ!»
លីចុះមកភ្លែតទាំងលាន់មាត់៖
«មានលក់មានដុតទៀត!»
«មាន! ឱ្យតែកុម្ម៉ង់! ស្អែកចង់ហូបអីអាចប្រាប់មុនបានណ៎ា »
ជេសម៍ក្រលេកមើលទៅស្ត្រីនេះគាត់ហាក់រាក់ទាក់ណាស់ ។ អេណាជួយទទួលថាសមកដាក់ និងរៀបចាន ជេមស៍ឆ្លៀតមិនទាន់ចេញទៅងូតទឹកទេគេបែរមកសួរសិន៖
«មីង ? មីងដឹងដែរ? ថាម៉េចបានជាអ្នកភូមិលើកំណាញ់ម៉េះ ?គេមិនអនុញ្ញាតឱ្យក្រុមខ្ញុំចុះថតនៅបឹងស្អាតមួយនោះសោះ…»
«បឹងកំណាចមែន?»
ស្តី្រអ្នកលក់រូបនេះ ភ្លាត់មាត់ឡើង កាត់សម្តីជេសម៍ ទាំងបើកភ្នែកក្រឡើងៗរង់ចាំឱ្យក្រុមអ្នកដំណើរបញ្ជាក់។ ទឹកមុខគាត់ហាក់ភ្ញាក់ផ្អើលខ្លាំងពេលដែលពួកគេនិយាយដល់បឹងនោះ។ តើបឹងនោះឈ្មោះបឹងកំណាចមែនទេ? ម៉េចក៏ដាក់ឈ្មោះគួរឲ្យខ្លាចម្ល៉េះ? លី ហារមាត់ដែលរៀបនឹងពមភ្លៅមាន់ ងាកមកសម្លឹងអេណា។ អេណាដៃកាន់ស្លាបព្រាទាំងដុំ កំពុងរៀបចំចានក្បាន ក៏គាំងដែរ…..
«យ៉ាងម៉េចមីង? បឹងហ្នឹងឈ្មោះចឹង?»
«ហ្នុងហើយ ! អើយ! មិនបានទេ! សូម្បីខ្ញុំកើតជានៅណេះ ក៏មិនដែលហ៊ានបំពានដែរ! អត់ដែលទៅសោះតែម្ដង!»
«បំពាន?!»ជេសម៍បញ្ជាក់សំណួរហាក់ចង់ភ្ញោចស្ត្រីម្ចាស់ទីស្នាក់នេះឱ្យនិយាយចេញនូវរឿងរ៉ាវបន្ថែម។ បានឱកាសគាត់ទម្លាក់ប្រដាប់ប្រដារអាហារចុះអស់ចាប់និយាយ៖
«អ្នកដែលហាមហ្នឹង គាត់គ្រាន់តែចង់ការពារសុវត្ថិភាពភ្ញៀវទេណា៎ តាមស្មាន!»
«ចង់ការពារសុវត្ថិភាព អីមីង ស្ដីឲ្យខ្លាំងៗហើយ ដេញ!ដេញចេញពីភូមិហ្មងណឹង! និយាយមិនតាមសម្រួលទេ !» លីធ្វើមុខស្អុយប៉ែពេលរំលឹកដល់តាកែម។
«អឺអ៊ីចេះណា គេថា សម្ដីអាក្រក់ តែចិត្តល្អ! »
«ចាស៎ មីង»អេណានិយាយផ្តាច់ចោលការត្អូញរិះគន់របស់លីធ្វើឱ្យស្ត្រីនេះព្រមពន្យល់ក្រុមគេទៀត៖
«ថាទៅ មួយរយៈមុន ក៏ឮថាមានអ្នកមកពីភ្នំពេញ ចង់ទៅបឹងនោះដែរ! តែត្រូវអ៊ំកែមដេញទៅវិញ បាត់ដូចគ្នា។ មិនមែនតែពួកក្មួយទេ! អ្នកណាក៏គាត់ហាមមិនឲ្យទៅដែរ។ »
កាយវិកាខ្លាចរបស់គាត់ដូចជាទំនងនឹងសាច់រឿងដែលគាត់កំពុងនិយាយណាស់អ៊ីចឹង ធ្វើឲ្យអេណា និងលីមើលចំហមាត់។
«ហេតុអីមីង?» ផារីចូលមកពីងូតទឹក ប្តូរជេសម៍ចេញទៅម្តង។ នាងមកអង្គុយក្បែរគាត់ ហើយសួរ ព្រោះចម្ងល់កំពុងតែផ្ទុះឡើងៗពេញទ្រូងគ្រប់គ្នា។
«អ្នកភូមិនេះ ម៉េចបានខ្លាចបឹងហ្នឹងខ្លាំងម្ល៉េះ? គួរតែមានដំណើរដើមទងដែរ»
«មិនជាច្បាស់ដែរទេ! តែចាស់ៗហាមតគ្នាមក ! មិនឲ្យទៅទេ គ្មានអ្នកណាហ៊ានទេ!»
«ទីហ្នឹងមានចំហាយខ្មោច ឬអមនុស្សហ្មែន?» លីនិយាយបង្ហើយ ព្រោះឃើញថាបងស្រីនោះ ដូចជាមិនហ៊ានបញ្ជាក់ពីហេតុផលឲ្យច្បាស់លាស់ទាល់តែសោះ។
«ថាអ៊ីចឹងក៏បាន! គ្រាន់តែឮថា កាលពីយូរឆ្នាំហើយ ធ្លាប់មានមនុស្សស្លាប់និងបាត់ខ្លួននៅបឹងនោះទៀត! ហេតុអីឱ្យជាក់ក៏មិនដឹង គ្រាន់តែឮចាស់ៗគាត់និទាន តែនិយាយទៅ តាំងពីមីងបានដឹងក្ដីមក គ្មានអ្នកណាបានជួបអីចម្លែកផង អាចថាប្រហែលមកពីគ្មានអ្នកណាបំពានទៅបឹងនោះ! អុះ ខ្លោចត្រីហើយខ្ញុំ !ទៅសិនហើយ! អូនែ ហូបហើយសម្រាកទៅ បឹងនោះមិនបាច់ទៅទេណា៎»
«ចាស!»
ផារីឆ្លើយទីទើរនិងដៀងមើលលីរួចស៊ីញ៉ូដាក់អេណា ឱ្យឈប់នាំគាត់និយាយ។ រហូតដល់ស្រ្តីនោះដើរចេញទៅបានបន្តិច អេណាខ្សឹបដាក់លីទាំងខាំមាត់៖
«មីលី! ឈប់ប៉ប៉ោចបានហើយ ឈប់និយាយអាក្រក់ពីមេភូមិនោះទៀតទៅ ប្រយ័ត្នគេស្គាល់គ្នា យើងដេកលើដីគេទេណា៎»
ផារីងក់ក្បាលខ្សឹបៗប្រាប់មិត្តវិញ៖
«សក្តិសម្រេចចិត្តនៅតែថតបឹងហ្នឹង! ចឹងយើងឈប់រអ៊ូ ឈប់និយាយច្រើន ! ជួយធ្វើការគ្នាស្ងាត់ៗល្អជាង!»
«អូខេៗ…(លីនិយាយទាំងពមសាច់ពេញមាត់ ) តែយើងក៏គួរជជីកសួរដឹងរឿងហេតុ ហើយមិញនេះគាត់ថាឱ្យយើងកុំបំពាន ព្រោះមានគេធ្លាប់……រឿងនេះគួរតែទៅប្រាប់អាសក្តិដែរ? »
«ប្រុងអត់ហ្មែន? តែថា សក្តិនៅហ្ន៎ាឥឡូវនៀក ? អត់បាយទឹកទេ? ញាំល្មៗទុកគ្នាផងវ៉ី »អេណាថាផងអើតមើលផ្លូវមេក្រុមផង។
ផារីខ្វល់ពីសក្តិពេកហើយតែមិនហ៊ាន ឲ្យអេណាដឹងចិត្តបានជាធ្វើដួសបាយ។
ជំពូក៥
យប់ដ៏អន្ទះសា
សក្តិបោះជំហានមួយៗទាំងមេឃងងឹតតាមពីក្រោយអ្នកនាំផ្លូវ។
ពួកគេដើរកាត់ចំការសណ្ដែកដី និងដំឡូងមីដ៏ធំល្វឹងល្វើយ ដេកសន្ធឹងនៅចន្លោះព្រៃឈើក្រាស់ឃ្មឹកអមសងខាងទម្រាំដល់ខ្ទមចាំចំការមួយអុចចង្កៀងផ្លុងៗ។
បុរសចំណាស់ជាអ្នកនាំផ្លូវម្នាក់នេះ តាមពិតទៅសក្តិបានជជែកសុំគាត់ កាលពីនៅផ្ទះសំណាក់របស់គាត់។ គាត់ជាស្វាមីនៃស្ត្រីលក់មាន់ដុត ដែលសក្តិបានសុំអង្វរគាត់ឱ្យជួយនាំមករកតាកែមជាថ្មី។ ដោយដើរមួយៗសំដៅទៅរកតាកែម លើផ្លូវពេញដោយអាចម៍បំណាស់ដីថ្មីៗក៏ឃើញ តាកែមអង្គុយចាំចម្ការរបស់គាត់និងជក់ថ្នាំបង្ហុយ។ បុរសមេភូមិក៏រហ័សគ្រវាសភ្នែកចំមកគេហើយ រួចស្រែកសួរយ៉ាងលឿន៖
«ក្មេងនេះនៅ មិនទាន់ចេញពីភូមិទៀត?»
ត្បិតតែតាកែមស្រែកសម្លុតពីចម្ងាយ មិនបានបង្អាក់សកម្មភាពរបស់ខ្លួនអ្នកនាំផ្លូវនិងសក្តិទេ។
«បាយទឹកនៅល្បង »
«រួចហើយសុខ! តែសុខឯងនាំក្មេងនេះមកធ្វើអី?»
សក្តិលើកដៃសំពះគាត់ដោយទឹកមុខរមទម្យ។ តាកែមនៅតែសម្លឹងមកយ៉ាងមាំទាំងបារីបង្ហុយក្នុងដៃ។ គាត់បោសក្តារគ្រែដោយក្រម៉ាទទួលពូសុខតែទឹកមុខនៅតែកាចដាក់យុវជនយើង ។ តាកែមបន្ទោស៖
«ក្មេងៗនេះមិនដឹងគ្រោះថ្នាក់ទេ! សុខឯងដឹងហើយ យើងក៏មិនចង់ឲ្យអ្នកណាទៅរំខានបឹងនោះដែរ» តាកែមនិយាយមួយៗ ប្រកាន់គោលជំហរដដែល ដោយមិនងាកមកចចារជាមួយសក្តិទេសំពះតបក៏មិន។
«ខ្ញុំសន្យាអ៊ំ! ពេលថតចប់ហើយ នឹងចេញពីភូមិនេះភ្លាម»។
សក្តិនិយាយទន់ភ្លន់ឯតាកែមក៏មិនមាត់រកដដែលបែរជាសម្លឹងមើលទៅពូសុខមិនដាក់ភ្នែក។
«ហើយសុខឯងយល់ព្រមដែរ?!»
ពូសុខហាក់នៅទីរទើរមុនពេលពន្យល់៖
«ល្បង ! ក្មេងជាប់កុងត្រាគេ! គ្មានលុយសងគេទេបើមិនបានថត!»
ឮហើយតាកែមដៀងភ្នែកមើលមកសក្តិបញ្ជាក់ពីលើសម្តីពូសុខ ថាពិតឬក៏មិនពិតអ្វី។
បានឱកាសសក្តិងក់ក្បាលបញ្ជាក់ ស្រាប់តែគាត់ស្រែកឡើង៖
«កន្លែងផ្សេង ម៉េចក៏មិនទៅ? ត្រូវការអីតែកន្លែងហ្នឹង? ហ៊ឹម… »
និយាយបានត្រឹមនេះ តាកែមដកដង្ហើមធំសម្លឹងមើលទៅសុខ។ ជនចំណាស់ទាំងពីរនាក់ ជក់បង្ហុយជាមួយគ្នាទ្រលោមហាក់កំពុងសាញចិត្តណាស់។
«ចចេសម្ល៉េះ?!» គាត់បន្ទោសខ្លីហើយរក្សា នូវភាពស្ងៀមស្ងាត់បន្តិច ក៏ដាច់ចិត្តនិយាយបន្ត៖
«បានជាចាស់ស្រុក មិនហ៊ានឱ្យទៅ ព្រោះកន្លែងហ្នឹង បឹងមួយហ្នឹង មាន មាន….មានព្រលឹងខ្មោចស្រីកំណាច ! និយាយទៅ ពិបាកពន្យល់អ្នកក្រុង អ្នកចម្ងាយណាស់! »
គ្រប់ពាក្យពេចន៍របស់តាកែម មេក្រុមយុវវ័យយើងត្រងស្ដាប់ឥតបាត់មួយពាក្យឡើយ។ គេក៏តែងតែសង្កេតមើលទឹកមុខគាត់ដើម្បីបញ្ជាក់ថា អ្វីដែលតាកែមនិយាយ អស់សេចក្តីឬពិតកម្រិតណា?
«ត្រូវហើយក្មួយ! ចាស់ៗមិនឱ្យអ្នកណាមកធ្វើអ្វីរំខានបឹងនោះទេ គេជឿមកយូរហើយរឿងហ្នឹង!»
សក្តិងាកមកសម្លឹងពូសុខដែលបន្ទរ។
«…បឹងហ្នឹង ធ្លាប់ជាបឹងមួយដែលសំខាន់បំផុតសម្រាប់ភូមិស្រុកយើងនេះ វាជាប្រភពទឹកធំបង្អស់សម្រាប់អ្នកភូមិ និងផ្ដល់ត្រីយ៉ាងច្រើន។ ប៉ុន្តែ អ្វីគ្រប់យ៉ាងក៏បានប្រែប្រួល…» និយាយដល់ត្រឹមនេះ គាត់ក៏បង្អាក់សម្ដី នៅស្ងាត់មិនមាត់បន្ត។
«ប្រែប្រួលយ៉ាងណាវិញអ៊ំ?» សក្តិសួរ តាកែមងាកមកមើលមុខគេបន្តិច ហើយបន្ត៖
«កាលពីជាង៥០ឆ្នាំមុន មានអ្នកភ្នំពេញម្នាក់មកធ្វើគ្រូនៅភូមិនេះ។ គេបានស្រលាញ់កូនស្រីអ្នកភូមិ ហើយក៏ជ្រុលជ្រួសខុសប្រពៃណី និងបង្កជាគ្រោះចង្រៃដល់ភូមិ»។
ធ្លាប់តែឮរឿងស្រដៀងនេះ ក្នុងកុនពីមុនមក មិននឹកថាពេលនេះ យប់ថ្មើរណេះឮចេញពីមាត់អ្នកស្រុកផ្ទាល់សោះ។
អាកាសត្រជាក់ស្រៀវស្រាញបានបង្កើតអារម្មណ៍មួយអាថ៌កំបាំងដល់យុវកម្លោះយើង។ គេឈ្ងោកគិតបន្តិច ហើយចចារសួរឡើងខ្សោយៗ៖
« ក្រោយមកយ៉ាងម៉េចទៅអ៊ំ?»
ក្រោមស្បៃរាត្រី តាកែមងាកទៅសម្លក់ធម្មជាតិជាមួយទឹកមុខគួរឲ្យខ្លាច។
ហើយមិនឆ្លើយអ្វីទាំងអស់…..
«អ៊ីចេះបានទេល្បង ! ឱ្យគ្នាថតទៅ ឮថាតែពីរម៉ោងទេ ហើយថតតែនៅខាងកើតបឹងឯណេះហ្នឹង ! មិនឱ្យឆ្លងទៅទេ ! ថតចប់កាលណាដេញទៅវិញភ្លាម!»
គាត់បង្ហុយបារីគិតបន្តិចទើបនិយាយ ៖
«បានបើសុខឯងអះអាង!…..តែ»
គាត់ងាកមកសម្លុតសក្តិ៖
« តែកុំភ្លេចសម្តី និងហាមបំពារបំពានបឹង!»
ក្រោយពេលភ្លៀង មេឃក៏ស្រឡះ។ សក្តិ សប្បាយចិត្តណាស់លាគាត់វិលមកវិញ ឃើញជេមស៍ និងផារី អេណា លីចាំបាយរហង់។ អាហារពេលល្ងាចបែបជនបទភាគឥសាន បានប្រព្រឹត្តទៅយ៉ាងរលូន និងស្ងប់ស្ងាត់សម្រាប់អ្នក ទីក្រុងទាំង៥ដែលលាក់ចំណោទនិងចម្ងល់ក្នុងចិត្តរៀងៗខ្លួន។