បឹងអតីត ភាគទី៤

ជំពូក១១

 ខ្ញុំមិនមែនមនុស្សឆ្កួតទេ

“អាកែម! ឯងមែនទេ? ផ្ញើសំបុត្រមិនឲ្យលោកគ្រូវុធ មកទីនេះវិញ”

បុរសចំណាស់ម្នាក់វ័យប្រហែល៥០ឆ្នាំ សក់ស្កូវព្រោង មាឌធំ អង្គុយក្នុងផ្ទះ ឧទានឡើងពេលដែលឃើញកែមដើរចូលទៅដល់។

          “អ៊ុំកែន! ខ្ញុំមិនបានធ្វើអីទេ អ៊ុំ” កែមព្យាយាមប្រកែក ដោយភាពភ័យខ្លាចបង្ហាញឡើង តាមកែវភ្នែករបស់គេ។

“ចុះសំបុត្រឯងផ្ញើតាមគ្រូសៅ ទៅឲ្យគ្រូវុធនោះជាអ្វី? ឯងសរសេរអ្វីខ្លះ?”  បើទោះជាកែមប្រកែក តែមើលទៅគាត់មិនអាចឲ្យកែមរួចខ្លួនស្រួលៗទេ។ តាមមើល គាត់ប្រហែលទទួលទទួលបានតម្រុយ និងភស្ដុតាងច្បាស់ហើយ ទើបប្រាកដប្រជាយ៉ាងនេះ។

“អ៊ុំកែនយល់ច្រលំហើយ! ខ្ញុំមិនដឹងអីទេ។ ហើយមានមូលហេតុអ្វី ដែលខ្ញុំត្រូវធ្វើបែបនេះ?”

“ព្រោះឯងស្រឡាញ់កឹមកូនស្រីយើង” មិនឲ្យកែមបូបាច់បន្ត អ៊ុំកែនក៏ចាក់ចំមូលហេតុសំខាន់តែម្ដង។

“ខ្ញុំមើលទៅ លោកគ្រូវុធហ្នឹង បោកប្រាស់កឹមទេ គេមិនស្រឡាញ់នាងឡើយ។ គេច្បាស់ជាមិនវិលមកវិញនោះទេ!”

“ឯងគិតថា ធ្វើបែបនេះ យើងឲ្យនាងកឹមការជាមួយឯងមែនទេ?” 

“តែ…”

“អញនឹងប្រាប់នាង កុំសង្ឃឹមថា យើងឲ្យកូនយើងធ្វើជាមនុស្សដូចឯង”

អ៊ុំកែនមិនព្រមស្ដាប់ហេតុផលរបស់កែមបន្ត ហើយក៏ដើរចេញពីទីនោះយ៉ាងលឿនតែម្ដង។ ឃើញស្ថានភាពទៅជាបែបនេះ កែមមិនស្រណុកចិត្តប៉ុន្មានទេ គេក៏ស្ទុះចូលទៅចាប់ដៃគាត់ជាប់។

“ឈប់សិន អ៊ុំ! កុំប្រាប់កឹមអី…” កែមបង្ហាញកែវភ្នែកគួរឲ្យអាណិត ហាក់ព្យាយាមលួងលោមចិត្តរបស់អ៊ុំកែន កុំឲ្យយករឿងមួយនេះទៅប្រាប់កូនស្រីរបស់គាត់ ព្រោះនាងអាចនឹងខឹង ហើយលែងជួបមុខគេ។

“លែងដៃអញ! អញនឹងប្រាប់នាង” អ៊ុំកែនបេះដៃកែមចេញ ហើយក៏ដើរចេញយ៉ាងលឿន។

“កុំអី អ៊ុំ!”

ប្រ៉ាវ!!

អ៊ុំកែនដួលខ្ពាកទៅលើជញ្ជាំងផ្ទះខាងឆ្វេង។ អំបាញ់មិញ កែមស្ទុះចូលទៅចាប់គាត់ទាញមកវិញ តែជ្រុលដៃប្រើកម្លាំងខ្លាំង រហូតគាត់ដួលផ្ងាកក្រោយយ៉ាងដូច្នេះ។

“អ៊ុំយ៉ាងម៉េចហើយ?”

កែមរហ័សចូលទៅកៀកគាត់ ហើយបម្រុងនឹងលើកគាត់ឡើង ក៏ប៉ុន្តែ…

“ភ្លើង! ភ្លើងឆេះហើយ”

កែមស្រែកភ្លាត់មាត់ ព្រោះពេលនេះ ភ្លើងដែលមានមុខងារសម្រាប់បំភ្លឺក្នុងផ្ទះ កំពុងឆាបឆេះផ្ទះនោះហើយ។ ភ្នែកដ៏ស្រទន់របស់កែម ប្រែជាស្រឡាំងកាំង។ គេដើរប្រុងនឹងចូលទៅជួយអ៊ុំកែន តែស្រាប់តែទុចដំណើរ…

ទំនាស់ចាប់ផ្ដើមកើតឡើងប្រឆាំងគ្នា ក្នុងខ្លួនកែម។ គេមិនប្រាកដចិត្តឡើយ ថាគេគួរតែជួយអ៊ុំកែន ឬយ៉ាងណា? បើជួយគាត់ គាត់ច្បាស់ជាយករឿងនោះ ទៅប្រាប់កឹមមិនខាន ប៉ុន្តែបើទុកគាត់ឲ្យនៅក្នុងនោះបែបនេះ គាត់នឹងស្លាប់។ គិតចុះគិតឡើង នៅតែគ្មានច្រកចេញ ណាមួយ រឿងហេតុថ្ងៃនេះ ក៏បង្កឡើងពីរូបគេ បើគាត់នៅរស់ គេច្បាស់ជាមិនរួចខ្លួនឡើយ។

ភាពច្របូកច្របល់ ចាប់ផ្ដើមរួមរិតសតិអារម្មណ៍កែមទាំងមូល គេមិនដឹងធ្វើយ៉ាងណាឲ្យល្អទាំងសងខាងឡើយ រវាងគេ និងអ៊ុំកែន ត្រូវតែមានម្នាក់ស្លាប់ ដូច្នេះ អ្នកដែលនៅរស់ កែមច្បាស់ជាជ្រើសយករូបគេ។ សម្រេចចិត្តហើយ កែមក៏ចាកចេញពីក្នុងផ្ទះនោះ ដោយមិនខ្វល់ពីអ៊ុំកែនដែលកំពុងដេកស្ដូកស្ដឹងមិនដឹងខ្លួន។

“ភ្លើងឆេះផ្ទះ! ជួយ! ជួយផង ភ្លើងឆេះផ្ទះខ្ញុំហើយ” កឹមទើបតែមកដល់ផ្ទះ ភ័យខ្លាំងឥតឧបមា ពេលឃើញផ្ទះខ្លួន ត្រូវអណ្ដាតភ្លើងគ្រប់ដណ្ដប់បែបនេះ។

“កែម!!” គ្រាន់តែឃើញកែមឈរនៅជ្រុងម្ខាងនៃផ្ទះនោះ កឹមក៏ស្រែកភ្លាត់មាត់ ព្រោះពិភាល់ក្នុងចិត្ត។

“ហេតុអ្វីក៏កែមនៅទីនេះ? ឬមួយ…” កឹមយកដៃខ្ទប់មាត់ ដោយសារភ្ញាក់ផ្អើលនូវគំនិតមួយ ដែលផុតក្នុងខួរក្បាល់របស់នាង។ អាចទេ? ដែលកែមជាអ្នកធ្វើរឿងនេះ។ ហេតុក៏គេមិនជួយពន្លត់ភ្លើង ឬក៏ស្រែកឲ្យគេជួយ? តើឪពុកនាងនៅក្នុងផ្ទះនោះឬទេ?

កែមពេលបានជួបកឹមក្នុងពេលនោះ គេស្រាប់តែឈរគាំងនិយាយមិនចេញ។ គេមិនដឹង ថាគួរឆ្លើយប្រាប់នាងបែបណានោះទេ។

“គឺ…”

“ហេតុអ្វីក៏កែមដុតផ្ទះខ្ញុំ? ហើយពុកនៅក្នុងផ្ទះនោះដែរទេ?”  កឹមស្រែកសួរទៅកែម ព្រោះគេមិនទាន់ឆ្លើយនឹងសំនួរនាងនៅឡើយទេ។

“ខ្ញុំមិនបានដុតទេ! គឺ… គឺអ៊ុំកែនគាត់ធ្វើដួលចង្កៀង ឆេះខ្លួនឯងទេ កឹម” កែមនិយាយញ័រមាត់ញ័រក ស្ទើរមិនអាចនិយាយរួច។

“មានន័យថា… ពុកនៅខាងក្នុងមែនទេ?” កឹមបើកភ្នែកធំៗ ព្រោះរន្ធត់ចិត្តជាខ្លាំង។

“ពុក…”  និយាយមិនទាន់ផុតមាត់ផង កឹមក៏ស្ទុះវ៊ឹង ចូលទៅក្នុងទីនោះ ទាំងភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

“កុំអី! កុំចូលទៅអី។ កឹមអាចស្លាប់ណា”

កែមរហ័សចូលទៅចាប់កឹមជាប់មិនលែង ព្រោះគាត់មិនអាចបណ្ដោយឲ្យមនុស្សស្រីដែលគាត់ស្រឡាញ់ត្រូវស្លាប់ទាំងបែបនេះឡើយ។

“លែងយើងភ្លាម! ឯងជាឃាតកសម្លាប់ពុកយើង។ ហេតុអ្វីឯងជាមនុស្សព្រៃផ្សៃម្ល៉េះ?” កឹមនិិយាយឡើង ទាំងទឹកភ្នែកហូរជោកថ្ពល់ ស្រែកយំខ្សិបខ្សួល ដោយសារបាត់បង់ឪពុកជាទីស្រឡាញ់។ កាលមុន ម្ដាយនាងទៅចោលនាងម្ដងហើយ នាងមិនចង់ឃ្លាតឆ្ងាយពីពុកនាងម្នាក់ទៀតទេ។

“ខ្ញុំមិនបានសម្លាប់ គាត់ទេ! កឹមកុំខឹងខ្ញុំអី”

គ្រាំង!!!

គ្រោងផ្ទះទាំងមូល ត្រូវបានលេបត្របាក់ទាំងស្រុងហើយ។ ទីនោះ គេមិនអាចឃើញផ្ទះដ៏រឹងមាំ ដែលមានគ្រួសារមួយ រស់នៅដោយសុភមង្គលតទៅទៀតឡើយ ព្រោះពេលនេះ កន្លែងនោះសល់ត្រឹមផេះ និងធូលីរាយប៉ាយពាសពេញផ្ទៃជុំវិញនោះ។

“ពុក! ពុកកុំទៅចោលខ្ញុំអី ហិហិ…” កឹមទ្រហូរយំកាន់តែខ្លាំងឡើងៗ។ ឯកែមវិញមិនអាចធ្វើអ្វីបាន មានតែប្រឹងចាប់នាងឲ្យជាប់ កុំឲ្យគិតខ្លីទៅបូជាខ្លួនក្នុងភ្នក់ភ្លើងជាមួយឪពុកតែប៉ុណ្ណោះ។

“ឯង! ឯងសម្លាក់ពុកខ្ញុំ ខ្ញុំនឹងទៅប្រាប់អ្នកភូមិ” កឹមមិនដឹងបានកម្លាំងមកពីណា រើបម្រះខ្លួនរហូតរបូតចេញពីរង្វង់ដៃរបស់កែម ហើយរត់ចេញពីគេយ៉ាងលឿន។

កែមភិតភ័យជាខ្លាំង ព្រោះខ្លាចថា កឹមនឹងប្រាប់រឿងនោះដល់អ្នកភូមិមែន គេក៏ប្រញាប់ទៅតាមនាងពីក្រោយ ដើម្បីបញ្ឈប់ដំណើរនាង។

“ឈប់!”

សម្រែកកែមលាន់ឮខ្លាំង ពីក្រោយការបោះជំហានញាប់ស្មេរបស់កឹម តែវាមិនបានធ្វើឲ្យនាងឈប់ស្ងៀម មិនបន្ដដំណើរឡើយ។

“ឮខ្ញុំហៅទេ! ម៉េចបានមិនឈប់?”

កែមសង្គ្រប់ចាប់កឹមពីក្រោយយ៉ាងណែន រហូតនាងមិនអាចរើខ្លួនរួច។

“លែងយើងភ្លាម!”

“កឹម! ខ្ញុំស្រឡាញ់កឹម។ កុំធ្វើបែបនេះបានអត់?”

“យើងមិនស្រឡាញ់ឯងទេ ហើយក៏គ្មានថ្ងៃស្រឡាញ់ឯងដែរ។ ឯងជាឃាតកសម្លាប់ពុកយើង” កឹមប្រកែកជាមួយកែមដោយភាពស្វាហាប់ ហើយព្យាយាមរើខ្លួនចេញពីកែម។

“មកពីអាគ្រូវុធហ្នឹងមែនទេ? វាមិនមករកកឹមវិញទេ កុំចាំវាអី។ ខ្ញុំសន្យាថា នឹងមិនឲ្យនាងពិបាកឡើយ” កែមព្យាយាមលួងលោមកឹម ដោយភាសាភ្លន់ភ្លន់ តែពាក្យទាំងនោះហាក់មិនបានចូលក្នុងត្រចៀករបស់កឹមឡើយ។

“បងវុធមិនក្បត់ឡើយ គាត់នឹងវិលមកវិញ!”

“នាងជឿវា! ចាំវា! ទាំងដែលវានឹងមិនវិលមករកនាងវិញ។ តែខ្ញុំ នាងមិនដែលឲ្យឱកាសម្ដងណាឡើយ។ ហេតុអ្វីអ្ហាស៎?”

កែមស្រាប់តែច្រលោតដូចកម្រោលចូល ហើយក្ដាប់កដៃនាងយ៉ាងណែន។ កែវភ្នែកគេ ចាប់ផ្ដើមច្រាលដោយកំហឹង។

“ឈឺ! លែងដៃភ្លាម” 

“ពីថ្ងៃនេះទៅ កឹមត្រូវតែស្រឡាញ់ខ្ញុំតែម្នាក់ប៉ុណ្ណោះ មិនអាចនឹកគិតវាទៀតឡើយ”

បីសាចកំហឹង ហាក់ចូលសន្ឋិតក្នុងខ្លួនកែម។ គេប្រែជាមនុស្សដែលមានសតិម្នាក់ ក្លាយជាមនុស្សដែលមានត្រឹមកាយ តែខួរក្បាលត្រូវខ្មោចគ្រប់គ្រង។  

“ជួយផងៗ ជួយខ្ញុំផង!” កឹមប្រមូលថាមពលដែលសេសសល់ទាំងប៉ុន្មាន ស្រែកខ្លាំងៗឡើង ដើម្បីដង្ហើយរកជំនួយ។

“គ្មានអ្នកណាគេមកទីនេះ ជួយនាងឡើយ!”

 “យើងនឹងប្រាប់អ្នកភូមិ ពីភាពព្រៃផ្សៃរបស់ឯង។ ឯងសម្លាប់ពុកយើង!”

“អ្នកណាជឿនាង?” កែមនិយាយ ទាំងសើចចុងមាត់។

“…….”

កឹមមិនមាត់បន្ត ព្រោះនាងដឹងថានាងនឹងគ្មានឱកាសត្រូវគេជួយសង្គ្រោះឡើយ។ ម្យ៉ាងកន្លែងនោះជាកណ្ដាលព្រៃស្ងាត់ និងជាពេលយប់ថែមទៀត គ្មានអ្នកណាគេទៅកាន់ទីនោះទៀតទេ។

ដោយខ្លាចថា កន្លែងនោះពុំសូវមានសុវត្ថិភាពក្នុងការលាក់បំបាំងនូវកឹម កែមក៏វាយនាងឲ្យសន្លប់ ហើយអូសនាងចូលទៅក្នុងព្រៃកាន់តែជ្រៅ រួចចង់ជាផ្អោបនឹងគល់ឈើមួយ។ ក្នុងខណះនោះ ដើម្បីប្រាកដចិត្តថានាងនឹងមិនអាចរត់គេចចេញពីទីនោះបាន គេក៏វាយបំបាក់ជើងឆ្វេងនាងទៀត។ គេគិតជាប់រហូត ហើយនៅតែខ្លាចថា កឹមអាចនឹងយករឿងគ្រប់យ៉ាងរបស់ខ្លួនប្រាប់ឲ្យអ្នកភូមិបានដឹង។

“ឲ្យខ្ញុំសូមទោសកឹម ខ្ញុំធ្វើបែបនេះ ក៏ដើម្បីយើងទាំងពីរដែរ”

កែមនិយាយតែប៉ុណ្ណេះ ក៏ចាកចេញពីទីនោះតែម្ដង ព្រោះភារកិច្ចគេបន្ទាប់ គឺសម្រួលអ្នកភូមិ កុំឲ្យមានភាពចលាចល និងប្រាប់អ្នកភូមិឲ្យបានដឹងពីដំណឹងស្លាប់របស់កឹម និងឪពុកនាង ដែលស្លាប់យ៉ាងអណោចអធមក្នុងអគ្គីភ័យនោះ។

 …………….

តាកែមដើរមួយៗ ចេញពីក្នុងផ្ទះខ្មោចនោះដោយក្ដីអស់សង្ឃឹម បន្ទាប់ពីរកកកាយទីនោះស្ទើរខ្ទេចខ្ទីអស់ហើយ នៅតែគ្មានតម្រុយពីយាយកឹមដដែល។

“តាឃើញគាត់អត់?”

តាកែមសម្លឹងមុខអនត្លែ ហើយដកដង្ហើមធំមួយមុុននឹងនិយាយ៖

“នាងចង់កុហកយើងឬ? យ៉ាងណាក៏ផ្ទះនេះគ្មានអ្នកណាគេរស់នៅដែរ បើនាងរស់នៅជាមួយបានមានតែខ្មោចទេ”

អនស្រាប់តែបើកភ្នែកធំៗហើយនិយាយឡើង៖

“ទេ! មិនមែនខ្មោចទេ យាយជាមនុស្សធម្មតា”

“មនុស្សធម្មតាខ្មោចយក៍អីហាស់! គ្មានអ្នកណានៅក្នុងហ្នឹងទេ”។

តាកែមចាប់ផ្តើមក្ដៅឆ្ួលពេញខ្លួន ហើយមួម៉ៅខ្លាំងមួយរំពេចន៍ ព្រោះតែអ្វីដែលអនបានលើកឡើងនិងអ្វីដែលគាត់ទៅដល់វាមិនដូចគ្នាទាល់តែសោះ។ មិនមានលោកយាយណាម្នាក់នៅក្នុងផ្ទះនោះឡើយ មានតែភាពងងឹតសូន្យសុង និងឥវ៉ាន់បន្តិចបន្តួចរបស់អនប៉ុណ្ណោះ។

“មិនពិតទេ មិញហ្នឹងគាត់នៅខាងក្នុងតើ” អននៅតែនិយាយថាលោកយាយនៅខាងក្នុងផ្ទះដដែល ព្រោះនាងច្បាស់ក្នុងចិត្ត។

“ខាងក្នុងអី បើយើងចូលទៅអំបាញ់មិញគ្មានអ្នកណាផងហ្នឹង!”

“អត់ទេមាន?” អនគំហកសួរដាក់តាកែមវិញ។

“នាងឈប់កហុកយើងទៅ យើងថាគ្មានអ្នកណា គឺគ្មានអ្នកណាហើយ ម៉េចក៏នាងមិនជឿយើងអ៊ីចឹងអ្ហាស៎?”

សំឡេងប្រកែកគ្នាពីមួយទៅមួយរហូតដល់សំឡេងរបស់បុរសម្នាក់បានបន្លឺឡើងមក៖

“អនមានរឿងអីហ្នឹង?”

គ្រាន់តែបានឃើញកំលោះមកដល់ភ្លាម នាងស្រាប់តែមានទំនុកចិត្តឡើងមក ហើយឆាប់និយាយទៅរកមនុស្សប្រុសដែលទើបមកដល់៖

“សក្តិជួយខ្ញុំផង តានេះចោទខ្ញុំថាជាមនុស្សឆ្កួត តាមពិតខ្ញុំមិនបានឆ្កួតអ្វីឡើយ។ កុំជឿសម្តីគាត់អី”។

តាកែមនិយាយទៅកាន់សក្តិភ្លាម៖

“ឯងមកល្អហើយ! ឯងស្គាល់នាងនេះដែរ?”

“បាទខ្ញុំស្គាល់តា” សក្តិនិយាយដោយការគោរពបំផុត ហើយក៏មិនស្រណុកក្នុងចិត្តប៉ុន្មានដែរ។

គ្រាន់តែចម្លើយបានបង្ហើបឡើងភ្លាម តាកែមក៏បន្ត៖

“ស្គាល់ល្អហើយ តែយើងប្រាប់ឱ្យដឹងថា នាងនេះវាឆ្កួតទេ នាងត្រូវខ្មោចសណ្ខិតមិនខាន”។

អនស្លុតចិត្តណាស់ ដែលតាកែមនៅតែចោទនាងថាជាមនុស្សឆ្កួតបែបនេះ។ គាត់ដូចជាកំពុងព្យាយាមរុញអនឲ្យដល់ផ្លូវទាល់ ហើយព្រមទទួលស្គាល់ថា ទីនោះគ្មានអ្នកណាផ្សេងក្រៅពីនាងឡើយ។ ម៉េចបានជាគាត់ធ្វើបែបនេះ? ម៉េចបានគាត់ចេះតែគិតថានាងជាមនុស្សឆ្កួតយ៉ាងហ្នឹង ឬមួយគាត់មិនចង់ជឿការពិតដែលខ្លួនបានឃើញនឹងភ្នែកទេ ថានាងជាមនុស្សធម្មតា មិនបានឆ្កួតអ្វីឡើយ។

“អត់ទេតា ខ្ញុំមិនបានឆ្កួតអ្វីទេ គឹលោកយាយពិតជានៅខាងក្នុងផ្ទះមែន​ ម៉េចក៏តាចូលទៅមិនឃើញទៅវិញ?” អនមិនអាចទទួលយកការចោទប្រកាន់បាន ក៏ខំប្រឹងប្រកែក។

សក្តិឈរស្តាប់អ្នកទាំងពីរប្រកែកគ្នា ព្រោះតែមិនទាន់ក្ដាប់បានស្ថានការដែលអ្នកទាំងពីរកំពុងតែឆ្លងកាត់ជាមួយគ្នា។ គេមិនបាននិយាយអ្វីបន្តទេ គេស្តាប់តាកែមនិយាយដោយយកចិត្តទុកដាក់បំផុត៖

“មិនឃើញស្អីទេ! បើយើងចូលទៅមើលហើយ តែគ្មានឃើញផង នាងត្រូវខ្មោចនៅបឹងនេះសណ្ខិតហើយ”

“អត់ទេ!!!” អនងាកមករកសក្តិ។

“តាខ្ញុំហ៊ានអះអាងណាថា អនមិនមែនឆ្កួតឡើយ”

តាកែមគ្រាន់តែឮសក្តិនិយាយដូច្នោះភ្លាម គាត់ស្រាប់តែសម្លុតសក្តិដូចអនអ៊ីចឹងដែរ៖

“មិនមែនឆ្កួតក្បាលឯងអី? ចង់ឱ្យយើងដេញទាំងឯងចេញពីភូមិដែរមែន?”

តាកែមយករឿងដេញចេញពីភូមិមកគំរាម ព្រោះមិនចង់ឱ្យការពិតមួយចំនួនលេចរូបរាងឡើងនៅចំកណ្តាលមុខគាត់។ បើតាមទឹកមុខគាត់ ពេលទើបតែចេញពីក្នុងផ្ទះខ្មោចនោះ វាបានបញ្ជាក់យ៉ាងច្បាស់ថា គាត់ច្បាស់ជារកឃើញភាពមិនប្រក្រតីណាមួយ បង្ហាញពីដំណើរយាយកឹមមិនខាន តែគាត់បែរជាធ្វើមិនដឹងរឿងអីទាំងអស់ ហើយព្យាយាមឈប់ឲ្យគ្រប់គ្នាគិត ពីវត្តមានលោកយាយចម្លែកនេះទៅវិញ។ តើគាត់មានបំណងអ្វីឲ្យប្រាកដទៅ?

“តែអនពិតជាមិនឆ្កួតទេ តា” សក្តិនិយាយតបតិចៗ

“បើមិនឆ្កួត ម៉េចនាងអាចនៅផ្ទះនេះបាន?”

“ខ្ញុំថានាងមិនឆ្កួតទេ ព្រោះខ្ញុំក៏បានឃើញយាយម្នាក់នោះដែរ គាត់លបមើលនាងនិងសក្តិនិយាយគ្នា”

សំឡេងផារីបានបន្លឺឡើង នាងដើរមកដល់ទីនេះដូចគ្នា។ ហើយអ្វីដែលនាងកំពុងតែនិយាយពេលនេះ កំពុងតែប្រឆាំងនឹងគំនិតតាកែមហើយ។ នាងប្រហែលមិនទាន់ដឹងរឿង និងយល់សាច់ការណ៍នៅឡើយ ថាតាកែមស្អប់ប៉ុនណា នូវមនុស្សដែលបដិសេដគំនិតរបស់គាត់ និងអ្វីដែលគាត់ចង់ឲ្យពួកគេជឿ។

“នាងប្រហែលជាព្រិលភ្នែកហើយ ផារី។ ទីនេះ គ្មានមនុស្សណារស់នៅឡើយ បើឃើញមែន ច្បាស់ជាខ្មោចយាមបឹងមិនខាន”

“ក៏ប៉ុន្តែ ខ្ញុំឃើញច្បាស់ណាស់!” ផារីប្រកែក

“ច្បាស់ណាស់ស្អី បើយើងនៅទីនេះមួយជីវិតហើយ មិនដែលដឹងថាអ្នកណានៅផង។ ពួកឯងកុំមកធ្វើឱ្យស្រុកភូមិនេះចលាចលជាថ្មីឲ្យសោះ បើមិនចង់ចេញពីទីនេះទេ កុំនិយាយអីផ្តេសផ្តាសទៀត។ បើតាមយើងមើល ពួកឯងប្រាកដជាបានធ្វើអ្វីបំពានដល់គេហើយ ត្រូវតែសែនឲ្យខ្មោចនៅទីនេះ ហើយឈប់រំលឹកពីរឿងហ្នឹងទៀត”

“តែ…” ផារីប្រុងនឹងតមាត់គាត់ទៀត តែត្រូវសក្តិដែលនៅជិតហ្នឹងឃាត់ទាន់ ព្រោះគេហាក់ដូចសង្ស័យរឿងម្យ៉ាងនូវប្រតិកម្មរបស់តានៅពេលនោះ។

“ផារីបានហើយ កុំតតាំងជាមួយនឹងគាត់អី” សក្តិទាញដៃផារីទៅជ្រុងម្ខាង ហើយនិយាយតិចៗទៅកាន់នាង។

“តែខ្ញុំពិតជាបានឃើញយាយចាស់នោះពិតមែន” ផារីតបវិញ។

“យប់ហើយ យើងទៅសម្រាកទៅ និយាយអីក៏គ្មានប្រយោជន៍ដែរ”។

បើអ្នកផ្សេងឃាត់ប្រហែលជាផារីមិនស្ងាត់ទេ តែនេះសក្តិឃាត់ច្បាស់ណាស់នាងត្រូវបញ្ឈប់គ្រប់យ៉ាងឱ្យឈប់ត្រឹមប៉ុណ្ណឹងសិន។ សក្តិ ផារីនិងអន ព្រមទាំងតាកែមក៏បាននាំគ្នាដើរចូលភូមិវិញ។ សក្តិបានសម្រេចឱ្យអនទៅស្នាក់នៅជាមួយនឹងអេណានិងផារី ដែលនៅក្បែរតង់របស់គេ។

យប់នោះ អនគេងមិនលក់ឡើយ នាងខ្វល់ចិត្តអង្គុយគិតគ្រប់ពាក្យគ្រប់ម៉ាត់ដែលតាកែមបាននិយាយមកកាន់ខ្លួនថាជាមនុស្សឆ្កួត។ ការដែលត្រូវគ្រប់គ្នាយល់ថាខ្លួនជាមនុស្សវិកលចរិក អនមិនសប្បាយចិត្តឡើយ ហើយការផ្សងព្រេងដ៏គ្រោះថ្នាក់មកកាន់បឹងកំណាចនេះ ក៏ដើម្បីចង់ដឹងពីរឿងពិតនៅពីក្រោយ ការយល់ឃើញរបស់ចាស់ទុំក្នុងគ្រួសារ ដែលថានាងត្រូវមានជំងឺតត្រកូលពីជីតានាង ដោយត្រូវអំពើអំពាន់របស់គេដែរ។

ភ្នក់ភ្លើងនៅចំពោះមុខអន កំពុងតែត្រូវដុតឆេះ បង្កើតបានជាអណ្ដាតភ្លើងភ្លឺចិញ្ចាច ក៏ប៉ុន្តែវាមិនអាចបំភ្លឺចិត្ត និងចម្ងល់របស់អនឲ្យមានរស្មីចាកចេញពីភាពងងឹតសូន្យឈឹងបានឡើយ។

អនអង្គុយសម្លឹងទៅផ្កាភ្លើង ដោយអារម្មណ៍សោកសៅបំផុត…..

សក្តិដែលគេងមិនលក់ដូចគ្នាស្រាប់តែបានឃើញអនកំពុងតែអង្គុយម្នាក់ឯង គេក៏បានដើរមកជិត ហើយសម្រួលឥរិយាបទអង្គុយក្បែរនាង៖

“នៅគិតរឿងកាលពីល្ងាចមិញទៀតមែនទេ?”

អនសម្លឹងមើលសក្តិដោយទឹកមុខប្លែកខុសពីធម្មតា ហាក់ចង់បានការយល់ចិត្ត និងពាក្យលួងលោមពីគេជាខ្លាំង។

“អនកុំគិតច្រើនអីណា មិនមានអ្នកណាគិតដូចជាតាកែមទេ“ ព្រោះតែអនមិនឆ្លើយ សក្តិក៏និយាយបន្ត៖

“តែខ្ញុំមិនសប្បាយចិត្តសោះ”

អននិយាយទាំងទឹកមុខស្រពោនសម្លឹងមើលផ្កាភ្លើងកំពុងឆេះ៖

“កុំអ៊ីចឹងអី កុំគិតច្រើនអីណា អនប្រហែលជាត្រូវប្រើពេលបន្តិច ទើបអាចផ្លាស់ប្ដូរទស្សនៈគេបាន”

ទោះបីសក្តិព្យាយាមនិយាយលើកទឹកចិត្តនាងយ៉ាងណា ក៏អននៅតែខ្វល់ចិត្តដដែលហ្នឹង ព្រោះគ្រប់យ៉ាងដែលតាកែមគិតអាចជាការពិត នាងក៏ធ្លាប់ត្រូវអ្នកផ្ទះគិតថានាងជាមនុស្សបែបហ្នឹងដែរ​។ អនជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ តែមិនមែនរស់នៅឯកោឡើយ។ នាងធុញទ្រាន់ ពេលត្រូវរងសម្ពាធពីគ្រួសារ ដោយយល់ថា ជាត្រូវអំពើរបស់គេ ហើយមានសតិមិនប្រក្រតី។ រឹតតែចង់បញ្ជាក់ កាន់តែបន្ថែមការយល់ច្រឡ ដូច្នេះនាងមានតែចេញមកស្វែងរកការពិតដោយខ្លួនឯង។ អនបន្ធូរដង្ហើមធំមួយ បន្ថយភាពតានតឹង៖

“មែនហើយ ខ្ញុំក៏គិតអ៊ីចឹងដែរ”

ការសន្ទនាដ៏វែងអន្លាយ បានរំខានដំណេករបស់ផារីយ៉ាងខ្លាំង។ ផារីគេងមិនលក់ទាល់តែសោះ កាលបើបានឮពាក្យសាសងគ្នារបស់សក្តិ និងអន ម្យ៉ាង រឿងចម្លែកៗ ដែលបានកើតឡើងទាំងប៉ុន្មាន ហាក់មិនអាចរលុបចេញពីការចង់ចាំរបស់ផារីងាយៗឡើយ។

ផារីដើរចេញពីតង់ ហើយឈរសម្លឹងមើលអ្នកទាំង២ដោយកែវភ្នែកដក់ជាប់ដោយភាពច្រណែន និងចងចិត្តស្អប់ បន្ទាប់មកនាងក៏ដើរហួសសំដៅទៅរកផ្ទះរបស់តាកែមតែម្ដង។

ក្រោយពីគោះទ្វារយ៉ាងយូរ តែគ្មានសំឡេងតប ផារីក៏សាករុញទ្វារលមើល។ ទ្វារបន្ទប់ក៏របើកឡើង៖

“តា! តា! ហើយគាត់ទៅណាហ្នឹង?”

ផារីលាន់មាត់ម្នាក់ឯង ព្រោះក្នុងផ្ទះនោះ ពុំឃើញស្រមោលតាកែមឡើយ។ តើគាត់បាត់ទៅណាអ៊ីចេះ? គំនិតផារីដែលចង់ប្រឹក្សានឹងតាកែមទាំងប៉ុន្មានក៏បានរលាយអស់។

“តើគាត់ទៅណា បានមិនឃើញនៅកន្លែងគេងគាត់អ៊ីចឹង?”

នាងដើរនិយាយតែម្នាក់ឯងត្រលប់មករកតង់នាងវិញ ហើយនាងគិតក្នុងចិត្តថា៖

“ស្លាប់ហើយ តិចតាកែមទៅរកយាយនោះទេដឹង?”

ផារីចាប់ផ្ដើមពិភាល់ក្នុងចិត្តខ្លាំងឡើង។

“រាល់ដងមិនឃើញគាត់បែបហ្នឹងផង ព្រលប់ឡើងគេង តែនេះ…”

អេណាដែលនៅក្នុងតង់ជាមួយនឹងនាងនិយាយឡើង៖

“និយាយអីហ្នឹងផារី បានអត់ដេកអត់ពួនអ៊ីចឹង? ហើយទើបមកពីណា?”

“គ្មានមកពីណាទេ!” ផារីឆ្លើយកាត់ៗ

“អ៎ទៅលួចមើលអននិងសក្តិនិយាយគ្នាមែន?”

សំណួរនេះចាក់ដល់បេះដូងផារីតែម្តងហើយ ម៉េចក៏អេណានិយាយដូច្នោះកើត តែទឹកមុខមាំរបស់ផារីនៅតែអាចលាក់បាំងភាពទន់ខ្សោយក្នុងនាមជាមនុស្សស្រីរបស់នាងដដែល។

“អត់ទេ!”

ផារីមិនខ្វល់និយាយជាមួយអេណាបន្ត ហើយក៏ចូលទៅដេកជាមួយនឹងកង្វល់ក្នុងចិត្ត។ កាន់តែគិត ផារីកាន់តែមិនយល់។ នាងយល់ថា អាកប្បកិរិយារបស់តាកែមប្លែកៗយ៉ាងម៉េចមិនដឹងទេ។ តើគាត់បាត់ខ្លួនទៅណា ដោយអាថ៌កំបាំងទាំងយប់បែបនេះ? ឬមួយកាត់មានអ្វីលាក់បាំងជាមួួយពួកគេ?

យប់នោះ ផារីបានដេកលង់លក់ជាមួយនឹងចម្ងល់ជាច្រើនចាក់ស្រេះប្រទាក់ក្រលា ដែលមិនអាចស្រាយបាន។

ជំពូក១២ ចម្ងល់

ព្រឹកព្រលឹមឡើង ផារីក៏រូតរះទៅរកជេមស៍ ដើម្បីប្រាប់នូវរឿងម្យ៉ាង ដែលនាងកំពុងឆ្ងល់។ ផារីទើបតែចាប់អារម្មណ៍នូវសំឡេងដ៏ចម្លែកមួយ ដែលឮចេញពីបន្ទប់តាកែមដែលនៅជិតហ្នឹង។ គ្រាន់តែនាងរៀបរាប់ប្រាប់រឿងរ៉ាវដែលនាងសង្ស័យភ្លាម ពេលនោះជេមស៍ស្រាប់និយាយឡើង៖

“អឺមែនតើ យើងក៏ឮដែរ”

ឮជេមស៍និយាយដូច្នេះ ស្រាប់តែផារីដើរលឿនទៅរកបន្ទប់តាកែម ទាំងដែលព្រះអាទិត្យមិនទាន់រះស្រួលបួលផង ថាមិនត្រូវ តាកែមមិនទាន់ភ្ញាក់ពីដំណេកនៅឡើយទេ។ ពេលនោះជេមស៍ចាប់ដៃនាងជាប់៖

“ផារីទៅណាហ្នឹង?” ជេមស៍សួរនាង

“ទៅសួរគាត់ឱ្យដឹង”

ជេមស៍មិនប្រលែងដៃអនុញ្ញាតឲ្យនាងចេញទៅ ហើយស្តីឱ្យផារី៖

“ផារីឆ្កួតទេអ្ហី? ធ្វើបែបនេះ អាចនឹងធ្វើឲ្យតាកែមខឹងណា”

“តែខ្ញុំគ្រាន់តែចង់បញ្ជាក់រឿងនេះ ឲ្យច្បាស់តែប៉ុណ្ណោះ”

“កុំទៅអី! ជឿខ្ញុំទៅ។ ខ្ញុំក៏យល់ថាចម្លែកដែរ តែនេះយើងមកសុំគាត់ជ្រកកោន កុំទៅបំពានរឿងផ្ទាល់ខ្លួនគាត់អី”

“តែបើគាត់ពិតជាមានរឿងលាក់បាំងមែន យើងអាចនឹងគ្រោះថ្នាក់គ្រប់ពេលណា” ផារីចាប់បេះដៃជេមស៍ចេញពីកដៃរបស់នាង ហើយសម្លឹងមើលកែវភ្នែករបស់គេ ដូចព្យាយាមប្រាប់ឲ្យគេព្រមលែងនាង និងយល់ស្របឲ្យនាងទៅស្វែងរកការពិតនៅពីក្រោយនោះ។

“ផារីកុំអី! ចាំពិភាក្សាជាមួយអាសក្តិសិនទៅ”

“កុំទៅរំខានសកិ្ត គ្រាន់តែរឿងអនម្នាក់ គេពិបាកចិត្តណាស់ទៅហើយ”

ទោះជេមស៍ព្យាយាមឃាត់ផារីយ៉ាងណា ប្រើហេតុផលបែបណាក៏មិនអាចឃាត់ដំណើរនាងបានដែរ។ បន្ទាប់ពីជេមស៍ព្រមលែងដៃនាងហើយ ផារីក៏ដើរយ៉ាងលឿនសំដៅទៅរកផ្ទះរបស់តាកែម។

ដើរទៅដល់ភ្លាម ផារីក៏លើកដៃគោះទ្វារខ្លាំងៗ ដើម្បីប្រាកដថា តាកែមនៅខាងក្នុងឬក៏អត់។ សំឡេងគោះទ្វារដំបូង មិនទាន់បានដាច់សូរផង ទ្វារផ្ទះក៏របើកឡើង ដោយបង្ហាញវត្តមានតាកែមឡើង។

“មានការអី?” ទឹកមុខកំណាចរបស់តាកែមប្រៀបដូចមនុស្សជាប់ពិរុទ្ធបានបញ្ចេញមក។

“តា!” ផារីនិយាយឡើងទាំងស្លុតចិត្ត ព្រោះនាងភ្ញាក់ផ្អើល ពេលដែលឃើញស្ថានភាពគាត់ទៅជាបែបនេះ។

“មានការអីទាំងព្រឹក ពួកឯងមិនទៅថតទេអ្ហាស៎?”

“ទៅតើ តា!” ជេមស៍រហ័សឆ្លើយតបជំនួស ហើយក៏អូសផារីចេញជាប្រញាប់។

នៅតាមផ្លូវត្រលប់មកវិញផារីនិយាយ៖

“ឈប់សិនមើល៍ ជេមស៍អូសខ្ញុំមកធ្វើអី?”

“ផារីមានឃើញជើងតាកែមប្រឡាក់អីទេ?”

“ឃើញតើ! ជើងគាត់ប្រឡាក់ភក់ និងសំរាមមួយចំនួន ដូចទើបតែមកពីដើរក្នុងព្រៃអ៊ីចឹង” ផារីនិយាយទាំងមិនសប្បាយចិត្ត ហើយស្រមៃទៅរូបរាងតាកែមអំបាញ់មិញ។

“ខ្ញុំគិតថា តាកែមទើបនឹងមកពីបឹងនោះទេ។ មុខគាត់ភ័យយ៉ាងម៉េចមិនដឹងទេ គួរឲ្យសង្ស័យណាស់។ គាត់ថា កន្លែងនោះជាកន្លែងហាមឃាត់មិនឲ្យអ្នកណាទៅទេ ម៉េចក៏គាត់បែរជាលួចទៅទីនោះស្ងាត់ៗទៅវិញ ហើយសំឡេងចម្លែកនោះ ខ្ញុំ និងជេមស៍ក៏ឮរាល់តែថ្ងៃហ្នឹង ឬមួយគាត់ទៅបឹងនោះរាល់យប់?” ផារីឧទានឡើង ទាំងបើកភ្នែកធំៗ។ នាងដូចជាកំពុងនឹកឃើញនូវអ្វីមួយ។ នាងចាប់ផ្ដើមស្មុគស្មាញកាន់តែខ្លាំងហើយ។

“ចុះគាត់ទៅទីនោះរាល់យប់ធ្វើអី?” ជេមស៍សួរព្រោះមិនទាន់យល់ការវិភាគវែកញែក និងការសន្និដ្ឋាខរបស់ផារី។

“រឿងហ្នឹង ដែលខ្ញុំឆ្ងល់។ តើគាត់ទៅទីនោះធ្វើអី?”

ផារីនៅស្ងៀមទ្រឹង ឯមាត់ទន្ទីងសំនួរនេះជាប់ ដូចកំពុងស្វែងរកចំណុចសង្ស័យឲ្យច្រើនជាងនេះ ដើម្បីឆ្ពោះទៅរកការពិតណាមួយ។

មិនខ្វល់តបជាមួយជេមស៍បន្ត ផារីក៏ដើរចាកចេញពីទីនោះយ៉ាងលឿនតែម្ដង។ ផារីចេញផុតទៅហើយ តែជេមស៍នៅតែគិតមិនយល់នូវអ្វីដែលនាងនិយាយ ហើយនឹងរឿងដែលនាងកំពុងសង្ស័យនាពេលហ្នឹង។ ជេមស៍ដឹងត្រឹមថា តាកែមចម្លែក តែគេមិនដឹងថា គេចាំបាច់អ្វីត្រូវសង្វាតរកការពិតនៅពីក្រោយនោះទេ។

          ម៉ោងប្រហែល ៧កន្លះ គ្រប់គ្នាបានចាកចោលដំណេករៀងៗខ្លួន ដើម្បីរៀបចំកាយាទៅបន្តការងាររបស់ពួកគេ។ ពេលស្រស់ស្រូបអាហារពេលព្រឹក សក្តិបានប្រាប់ផារីឱ្យជួយទៅតាមអនដែលមិនទាន់មកដល់កន្លែងញុំា ព្រោះនាងមិនដឹងថាពេលព្រឹកអ្នកនៅទីនេះគេក្រោកមកញុំាអាហារពេលព្រឹកបែបនេះនោះទេ។ ផារីនាងដើរចេញទៅរកអនទាំងមិនសប្បាយចិត្ត។

          “អាសក្តិ! ឯងគិតប្រុងទុកអនម្នាក់ហ្នឹង នៅក្នុងក្រុមយើងដែរមែនទេ?” ផារីចេញផុត ជេមស៍ក៏ងាកមកសួរសក្តិ។

          “យើងមិនទាន់ដឹងទេ តែនាងនៅទីនេះ ក៏គ្មានទីពឹងដែរ គួរតែនៅជាមួយពួកយើងហើយ ទើបមានសុវត្ថិភាព” សក្តិតបវិញមួយៗ ដោយមិនបានងាកទៅរកជេមស៍វិញ។

“ចុះឯងស្គាល់គេតាំងពីពេលណា?” ជេមស៍បន្តសួរ។

          “ពេលយើងមកទីនេះបានមួយថ្ងៃ។ ពួកឯងចាំអត់? រឿងភ្លើងចម្លែកចេញពីផ្ទះខ្មោចនោះ។ អនគឺជាម្ចាស់ភ្លើងហ្នឹង”

“អ៎ អ៊ីចឹងតើ បានជាបាត់រហូត។ តាមពិតទៅលួចញ៉ែស្រីស្អាតសោះ។ ឯងនេះចំជាពូកែលាក់បាំងមែន ខ្លាចតែយើងដណ្ដើម សុទ្ធតែបង្កើតរឿងកុហកពួកយើងថា ជាភ្លើងអំពិលអំពែក” លីពោលឡើង ដំណាលគ្នានឹងដៃរបស់គេ វាយចំកណ្ដាលក្បាលសក្តិ ធ្វើឲ្យគេចង់ឈ្លក់បាយ។

          “ប្រាប់ពួកឯងយ៉ាងម៉េច! យើងមិនទុកចិត្តពួកឯងទេ ហាសហា” សក្តិសើចស្រស់ឌឺទៅពួកគេ។

“ចុះចំណែករឿងរបស់នាង សក្តិគិតយ៉ាងម៉េច?” អេណានៅស្ងៀមៗ និយាយឡើងក្រោមក្រសែភ្នែកបែបព្រួយបារម្ភខ្លាំងនូវរឿងដែលនាងលើកឡើងអំបាញ់មិញ។

          “ខ្ញុំនឹងជួយអន បញ្ជាក់ថានាងមិនបានត្រូវខ្មោចសណ្ឋិត ឬរស់នៅជាមួយខ្មោចទេ”

“ឯងគិតចង់ជួយយ៉ាងម៉េច?”

          “តាមមើល មានតែរកយាយនោះឲ្យឃើញតែប៉ុណ្ណោះ” សក្តិឆ្លើយតបនឹងជេមស៍វិញ ជាមួយភាពប្រាកដប្រជា។

“តើឯងនឹងរកគាត់ដោយរបៀបណា? យើងគិតថា មិនមែនមានតែឯងទេ ដែលចង់រកគាត់ ប៉ុន្តែនៅមានអ្នកផ្សេងទៀតកំពុងដុតដៃដុតជើង ចង់រកគាត់ដូចគ្នា។ យើងគិតថា រឿងមួយចំនួន យើងមិនគួរលូកដៃទេ” ជេមស៍និយាយដូចមិនច្បាស់លាស់សោះ វាកាន់តែធ្វើឲ្យសក្តិស្ដាប់មិនយល់ហើយ។

          “ឯងចង់និយាយពីអ្នកណា?” សក្តិជ្រួញចិញ្ចើមឆ្ងល់។

“អញស្ដាប់មិនយល់ពួកឯងនិយាយអ្វីទេ តែអញដឹងរឿងម្យ៉ាងថា ចាប់តាំងពីឯងឲ្យអនមកកាន់ទីនេះ ផារីដូចជាប្រែប្រួលច្រើនណាស់” លីកាត់សម្ដីសក្តិ និងជេមស៍។

          “ប្រែប្រួល?”

“ផារី គេស្រឡាញ់ឯង។ កុំប្រាប់យើងថា ឯងមិនដឹងរឿងនេះឲ្យសោះ ហើយការដែលឃើញឯងស្និទ្ធស្នាលជាមួយមនុស្សស្រីផ្សេងបែបនេះ តើអាចឲ្យនាងសប្បាយចិត្តបានដោយវិធីណា?” លីបកស្រាយពន្យល់សក្តិទៅតាមការយល់ឃើញរបស់គេ។

          សក្តិមិននិយាយបន្ត ហើយក៏ទម្លាក់ទឹកមុខស្រពោន ដូចកំពុងគិតអ្វីម្យ៉ាង។

          និយាយពីផារីវិញ ពេលដែលនាងដើរទៅដល់កន្លែងអនហើយ នាងស្រាប់តែរឹងមាត់និយាយមិនចង់រួច។

“សក្តិឲ្យខ្ញុំមកហៅអន ទៅញ៉ាំអាហារពេលព្រឹក”

សំឡេងផារីបានបន្លឺឡើង ទាំងដែលចិត្តនាងមិនចង់ហាមាត់និយាយរកអន។

“ខ្ញុំមិនចង់ញ៉ាំអីទេ អរគុណ” អននិយាយធម្មតា។

“តែសក្តិចង់ឲ្យនាងទៅញ៉ាំ”

          “ខ្ញុំអត់ឃ្លានទេ!” អនតបទាំងសំឡេងល្វើយៗ។

“ម៉េចក៏នាងចចេសម្ល៉េះ? ឬក៏ចង់ឲ្យសក្តិគេមកហៅ?” អាកប្បកិរិយារបស់ផារីចាប់ផ្ដើមផ្លាស់ប្ដូរ។ អននិយាយធម្មតាទេ តែសម្រាប់ផារី បែរជាយល់ថានាងលេងចរិកទៅវិញ។

          “នាងចង់និយាយថាម៉េច?” អនឆ្ងល់ ហើយក៏មិនយល់ពីចេតនាពិតរបស់ផារីដែរ ហេតុអ្វីក៏នាងប្រើពាក្យបែបនេះជាមួយខ្លួន?

“គ្មានអីទេ!”

          ផារីនិយាយតែប៉ុណ្ណេះ ក៏ដើរចេញពីកន្លែងនោះយ៉ាងលឿនតែម្ដង ព្រោះមិនអាចទ្រាំប្រឈមមុខជាមួយមនុស្សដែលជាគូប្រជែងស្នេហ៍របស់ខ្លួន ម្យ៉ាង តាំងពីសក្តិបានជួបនឹងអនមក គេក៏ប្រែប្រួលទាំងស្រុង។ អនសម្លឹងមើលផារីពីក្រោយ ដោយចងចិញ្ចើមជាប់ មិនយល់ពីនាង។

ដើម្បីគេចចេញពីភាពអ៊ូអរ និងការជួបមុខមនុស្សច្រើននាក់ទៀត អនក៏ដើរចេញពីទីនោះជាមួយភាពសោកសៅរួមរិតក្នុងអារម្មណ៍ និងខួរក្បាលមិនរសាយ។

ជំនោរខ្យល់នាពេលព្រឹក ហាក់ធ្វើឲ្យអន ព្រឺញ័រអស់ប្រាណ ហើយក៏ស្រមៃនឹកដល់ពាក្យប្រៀនប្រដៅរបស់យាយកឹម ដែលនាងបានបំពាន។ បើសិនជានាងស្ដាប់គាត់ ម្ល៉េះសមពេលនេះ មិនមានរឿងអ្វីកើតឡើងនោះទេ។

ច្រើនថ្ងៃកន្លងផុតទៅ អនតែងតែដើរទៅអង្គុយក្នុងផ្ទះដែលនាងធ្លាប់រស់នៅជាមួយនឹងលោកយាយពីមុន ដោយអារម្មណ៍នឹកស្រណោះដល់គាត់ពន់ពេក។ នាងនិយាយឡើងតែម្នាក់៖

“លោកយាយ តើយាយទៅណាហើយ”។

ទឹកភ្នែកអនស្រាប់តែស្រក់ចុះមួយរំពេចន៍ បង្ហាញនូវទុក្ខសោកដែលកំពុងមានក្នុងខ្លួននាង។ 

“ម៉េចក៏យាយទៅបាត់ស្ងាត់អ៊ីចឹង?”

អនជូតទឹកភ្នែកខ្លួនដែលស្រក់ចុះដោយមិនដឹងខ្លួន។ នាងសម្លឹងមើលបរិវេណជុំវិញ ដោយនឹកក្នុងចិត្តថាលោកយាយនឹងបង្ហាញខ្លួន ហើយគាត់នឹងមកបកស្រាយឱ្យអ្នកនៅក្នុងភូមិឈប់គិតខុសមកលើនាងទៀត។

ទោះបីមានសក្តិ និងផារីអះអាងថានាងមិនមែនជាមនុស្សឆ្កួតក៏ពិតមែន តែបើលោកយាយមិនបង្ហាញខ្លួន នាងក៏នៅតែមិនអាចបកស្រាយឲ្យគ្រប់គ្នាជឿដដែល។ មិនត្រឹមតែរឿងនេះមួយទេ តែអនក៏ចង់ជួបលោកយាយសារជាថ្មី និងចង់សួរគាត់នូវរឿងពាក់ព័ន្ធនឹងតានាងដែរ ព្រោះបើតាមវ័យរបស់គាត់ ប្រហែលជាអាចដឹងនូវរឿងរ៉ាវរបស់តានាង ដែលធ្លាប់មកធ្វើជាគ្រូបង្រៀននៅភូមិមួយនេះ។

អនមិនយល់ទាល់តែសោះ ហេតុអ្វីក៏យាយកឹមព្យាយាមគេចខ្លួន ពីអ្នកភូមិយ៉ាងនេះ? គាត់ជាមនុស្សចម្លែក និងគួរឲ្យខ្លាចសម្រាប់គ្រប់គ្នា តែសម្រាប់នាង អនបែរជាយល់ថា នៅក្បែរគាត់មានភាពកក់ក្ដៅ និងស្និទ្ធស្នាលទៅវិញ។ 

ពេលអនដើរត្រលប់មកពីផ្ទះខ្មោចវិញ ស្រាប់តែបានជួបសក្តិនៅតាមផ្លូវ។ នាងភ្ញាក់ព្រើត ពេលដែលស្រាប់តែជួបគេបែបនេះ។

“សក្តិ!” 

“អនទើបមកពីណា?”

“ខ្ញុំ…” អនមិនហ៊ាននិយាយប្រាប់សក្តិតាមត្រង់

“ទៅចាំផ្លូវលោកយាយទៀតមែនទេ?”

តាមពិត ទោះអនមិននិយាយក៏សក្តិអាចស្មានដឹងដែរ ព្រោះគេតែងតែទុកអននៅក្នុងបេះដូងគេជានិច្ច បើទោះបីអនមានរឿងអ្វី ក៏គេអាចដឹងដោយអារម្មណ៍ខ្លះដែរ។

“ត្រូវហើយ ខ្ញុំមិនបានជួបគាត់ឡើយ។ មិនដឹងថា ពេលនេះគាត់ទៅដល់ណាហើយទេ“

អនព្រោះតែមិនអាចលាក់បាំងបាន នាងក៏បា្រប់តាមត្រង់ ណាមួយនាងចង់ឱ្យសក្តិបានដឹងរឿងគ្រប់យ៉ាងចេញពីមាត់នាងដែរ។

“កុំគិតច្រើនអី” សក្តិអង្អែលស្មាររបស់អនថ្នមៗ។

អ្នកទាំងពីរដើរជាមួយគ្នាបណ្តើរនិយាយគ្នាបណ្តើរ ពេលនោះសូរសំឡេងមិនសូវជាសប្បាយក្នុងចិត្តប៉ុន្មានរបស់អនបាននិយាយឡើង៖

“ខ្ញុំបារម្ភពីគាត់ណាស់។ គ្រប់យ៉ាងគឺកើតឡើងដោយសារខ្ញុំ បើខ្ញុំមិននាំមនុស្សទៅដល់កន្លែងគាត់ស្នាក់នៅទេ គាត់ក៏មិនបាត់ខ្លួនដូចបែបនេះដែរ”

សក្តិសម្លឹងមើលមុខនាង ហើយក៏គិតក្នុងចិត្តថា ខ្លួនក៏ជាចំណែកមួយ ដែលធ្វើឲ្យអនមិនសប្បាយចិត្តដែរ។ បើសិនជាអនមិនបានជួបគេទេ ក៏រឿងមិនអាចឈានទៅដល់ថ្នាក់ហ្នឹង។

“កុំបន្ទោសខ្លួនឯងអី! ប្រហែលជាគាត់ គ្រាន់តែលាក់ខ្លួនមួយរយះប៉ុណ្ណោះ”

“ខ្ញុំក៏សង្ឃឹមដូចជាសក្តិអ៊ីចឹង” អននិយាយថ្នមៗ។

ពេលនោះស្រាប់តែសក្តិលើកពាក្យមួយឃ្លា៖

“មែនហើយ តើគាត់អាចនឹងចាកចោលចៅស្រីគួរឲ្យស្រឡាញ់ដូចជាអនយ៉ាងម៉េចនឹងបានទៅ?”

អនចាប់មានស្នាមញញឹមឡើងមកបន្ទាប់ពីបានស្តាប់សម្តីរបស់សក្តិ។ ពេលនេះនាងពិតជាត្រូវការការលួងលោម និងភាពកក់ក្ដៅខ្លាំងណាស់ ពិសេសការជំរុញលើកទឹកចិត្តពីសក្តិក្នុងពេលនោះ។

តាមពិតទៅ អនមិនមែនជាមនុស្សនិយាយច្រើនទេ នាងចូលចិត្តស្ងៀមស្ងាត់ តែពេលនៅជាមួយនឹងសក្តិ នាងបែរជាចេះនិយាយច្រើនយ៉ាងចម្លែក។ ពេលខ្លះអនក៏ឆ្ងល់ដែរ ហេតុអ្វីបានជានាងក្លាយជាមនុស្សផ្សេងពេលនៅក្បែរសក្តិទៅវិញ?

អននាងតែងតែទៅរង់ចាំលោកយាយគ្រប់ពេល ព្រោះនាងគិតថាគាត់ច្បាស់ជាមកទីនោះម្ដងទៀតមិនខានទេ។ លោកយាយធ្លាប់ប្រាប់នាងរឿងមួយថា ផ្ទះនេះជាកន្លែងតែមួយគត់ ដែលគាត់នឹងរងចាំមនុស្សម្នាក់ រហូតទាល់តែដល់ថ្ងៃគាត់ស្លាប់។

នៅក្រោមដើមឈើមួយ អនកំពុងតែអង្គុយរង់ចាំលោកយាយដោយមិនមានការហត់នឿយឡើយ។ ជាច្រើនថ្ងៃដែលអនមករង់ចាំនៅទីនេះ នាងមិនដែលគេចផុតពីក្រសែភ្នែករបស់ផារីទេ។ ដូចគេថាមនុស្សកាន់តែស្អប់គ្នា មនុស្សពីរនាក់ហ្នឹងកាន់តែដឹងរឿងពីគ្នាជានិច្ច អាចជានិស្ស័យហើយមើលទៅ តែថាមិនត្រូវ មកពីផារីចង់ដឹងរឿងអនផង។

ផារីលួចមើលអនពីចម្ងាយ ហើយគិតក្នុងចិត្តថា៖

“អនធ្វើខ្លួនចម្លែកៗណាស់ ឬមួយក៏នាងមានតម្រុយពីយាយម្នាក់នោះ?”

រំពេចន៍នោះ ផារីបានឃើញអនដើរទៅខាងក្រោយផ្ទះ ប្រហែលជាបម្រុងនឹងចូលទៅក្នុងផ្ទះខ្មោចទៀតហើយ។

“ខ្ញុំនឹងទៅតាមនាង” ផារីនិយាយឡើងម្នាក់ឯង។

ដូចដែលផារីគិតមិនខុសទេ គឺអនមករង់ចាំលោកយាយពិតមែន ប៉ុន្តែថ្ងៃនេះមិនដូចរាល់ដងទេ ព្រោះការអត់ធ្មត់ទន្ទឹងរងចាំរបស់អន មិនអត់ប្រយោជន៍នោះទេ។ អនបានជួបលោកយាយនៅក្នុងផ្ទះខ្មោច ដូចជាកំពុងស្វែងរកអ្វីម្យ៉ាង ដែលគាត់លាក់ទុក។ នាងរហ័សរត់ទៅឱបដៃលោកយាយ ហើយនិយាយឡើង៖

“លោកយាយ យាយពិតជាមកមែន”

លោកយាយចំណាស់បានបេះដៃនាងចេញ ហាក់ដូចកំពុងតែបង្ហាញភាពស្អប់ចំពោះនាង ដែលបានធ្វើឱ្យគាត់ខកបំណង។

“ម៉េចក៏ឯងនៅតែមកតាមយើងទៀត?”

“លោកយាយ ខ្ញុំសូមទោស!”

អនលុតជង្គង់ចុះសម្រក់ទឹកភ្នែកដោយដឹងកំហុសដែលនាងបានធ្វើ។

“សូមទោសអី ឯងចេញឱ្យឆ្ងាយពីយើងទៅ យើងមិនចង់ពាក់ព័ន្ធនឹងមនុស្សនៅទីនេះទៀតទេ។ យើងមិនគួរណាចិត្តទន់ចំពោះឯងតាំងពីដំបូង”

ទឹកភ្នែកអនកាន់តែស្រក់ចុះទ្វេដងថែមទៀត៖

“លោកយាយមានរឿងអី? អាចប្រាប់ខ្ញុំបានទេ ហេតុអ្វីក៏យាយចង់លំបាកខ្លួន ដោយនៅលាក់ខ្លួនបែបនេះ?“

អនឱបជើងរបស់លោកយាយជាប់ ស្របជាមួយទឹកភ្នែកហូរត្រដាបត្រដួស។ យាយកឹមមិនបង្ហាញការអាណិតអាសូរដល់អន ដូចពេលមុនទៀតឡើយ។

“យើងស្អប់មនុស្សគ្រប់គ្នា ដែលក្បត់យើង។ មានរឿងអី យើងព្រមទៅរស់នៅជាមួយពួកគេ”

យាយកឹមពោលឡើងមួយៗ ហើយកែវភ្នែកគាត់ប្រែជាក្រហមតែត ដូចត្រូវភ្លើងគំនុំកំពុងដុតកម្លោច។

“តើគ្រប់គ្នាបានធ្វើអ្វីចំពោះយាយ?” អនសួរទៅយាយកឹម ព្រោះចង់ដឹងឲ្យកាន់តែច្បាស់ជាងនេះ។

“ច្រើនណាស់! គេព្រៃផ្សៃ គេបំផ្លាញជីវិតយើង…” យាយកឹមនឹកឃើញអតីតកាលដ៏ជូរចង់បំផុត ហើយនិយាយឡើងដោយញ័រមាត់។

“ខ្ញុំចង់យាយជួយខ្ញុំបកស្រាយរឿងមួយ ថាខ្ញុំមិនបានឆ្កួតទេ”

“ហេតុអ្វី?”

យាយកឹមមិនខ្វល់ស្ដាប់អនបន្ត ហើយក៏ចាកចេញពីទីនោះតែម្ដង។ គាត់មិនចង់ជួបមុខអ្នកណាឡើយ ពិសេសគឺតាកែម ដែលជាអ្នកបំផ្លាញជីវិតរបស់គាត់ទាំងមូល។

រឿងរ៉ាវជីវិត ដែលកើតឡើងរវាងយាយកឹម និងតាកែម នឹងមិនត្រូវបានជនទីបីដឹងនោះឡើយ សូម្បីតែអ្នកភូមិនៅទីនោះ។ ម្យ៉ាង វត្តមានយាយកឹមរស់នៅមកដល់សព្វក៏គ្មានអ្នកណាដឹង សូម្បីតែតាកែម ក៏មិនច្បាស់ក្នុងចិត្តដែរ។ គំនុំ និងរឿងគ្រប់យ៉ាងនឹងបានក្លាយជាអាថ៌កំបាំងជារៀងរហូត ហើយវានឹងស្លាប់ទៅជាមួយនឹងបឹងអតីត ដែលតាកែមខំអភិរក្សមិនឱ្យនរណាទៅជិត ខ្លាចក្រែងលុបបាត់អនុស្សារបស់គាត់នោះដែរ។