ហេមន្តរដូវមួយនេះពិតជារងាណាស់ គឺរងាជាងរាល់ដង….. ព្រោះសារ៉ាដឹងថា នឹងត្រូវឃ្លាតពីលោកប៉ារបស់នាងហើយ។
ពន្លឺភ្លើងគោមពណ៌លឿង ចាំងជះទៅលើកម្រាលទឹកកកដែលក្រាលក្រាស់ឃ្មឹកនា ដងវិថីទាំងឡាយក្នុងទីក្រុងឡុងដុង……នេះជាទីក្រុងនាងធ្លាប់តែអាន។
ទីក្រុងឡុងដ៍ពិតជាល្បីណាស់ ……
មើលចុះ ភ្លើងគោមបំភ្លឺអមតាមវិថីហាងទំនិញអភិជនចាំងភាពប្រណីតមកក្រៅទាំងកណ្តាលថ្ងៃព្រោះមេឃងងឹតស្លុប ហាក់ដូចជាពេលយប់ពិតៗ។
មិនថាយប់ឬថ្ងៃ….ទីក្រុងនេះ ងងឹតទាំងអស់ជាមួយចំហាយសែនត្រជាក់ខ្លាំង។
សារ៉ាអាយុ៧ឆ្នាំហើយតេនាងអានបានច្រើននិងចេះគិតច្រើនជាងវ័យនាងឆ្ងាយ។ ស្រីតូចអង្គុយក្នុងរទេះសេះជាមួយប៉ារបស់នាង ដែលកំពុងបរយឺតៗកាត់តាមដងផ្លូវច្រវ៉ាត់ក្នុងទីក្រុងដ៏ត្រជាក់នេះ….
ប៉ាបានឱបនាងឱ្យទំរេត។
ស្រីតូចសម្លឹងក្រៅតាមបង្អួច….នាងហាក់ពិចារណា ទៅក្រុមមនុស្សម្នាដែលកំពុងឆ្លងកាត់ចុះឡើង…..ភ្នែករបស់នាងហាក់បង្កប់ការរិះគិតអ្វីមួយចាស់ទុំជាងវ័យ…..
នាងជាក្មេងស្រីតូចដែលគេមិនរំពឹងថាឃើញទឹកមុខបែបនោះនៅលើផ្ទៃមុខនាងទេ។ នោះគួរតែជាទឹកមុខក្មេងវ័យ១២ឆ្នាំ ប៉ុន្តែ សារ៉ា គ្រូវី ទើបតែមានវ័យប្រាំពីរឆ្នាំប៉ុណ្ណោះ។ ទោះយ៉ាងណាការពិតគឺនាងតែងតែស្រមៃ និងគិតរឿងចាស់ៗ និងមិនអាចចាំខ្លួនឯងបានថាពេលណាមួយដែលនាងមិនគិតពីរឿងមនុស្សពេញវ័យ និងពិភពលោកដែលពួកគេរស់នៅ។ នាងមានអារម្មណ៍ថា នាងបានរស់នៅលើពិភពលោកនេះជាយូរយារណាស់មកហើយ។
នៅពេលនេះនាងកំពុងនឹកឃើញដល់ដំណើរតាមនាវាដែលនាងទើបតែបានមកពីបុបបៃជាមួយប៉ារបស់នាងកាពីទែន គ្រូវី។ នាងកំពុងគិតដល់នាវាដ៏ធំ ឡាស្កា ដែលមានក្មេងៗលេងនៅលើដំបូលក្ដៅហែង និងភរិយាវ័យក្មេងរបស់មន្ត្រីខ្លះដែលធ្លាប់ព្យាយាមនិយាយជាមួយពួកគេ និងសើចពេលដែលនាងនិយាយរឿងអ្វីមួយ។
តាមពិតនាងកំពុងគិតដល់រឿងប្លែកមួយដែលពេលខ្លះមនុស្សនៅឥណ្ឌាក្រោមពន្លឺទិនករក្ដៅហែង ហើយក្រោយមកនៅកណ្ដាលមហាសាគរ ហើយបន្ទាប់មកទៀតជិះក្នុងឡានចម្លែកកាត់តាមផ្លូវចម្លែកដែលពេលថ្ងៃដូចជាពេលយប់។ នាងងឿងឆ្ងល់នឹងរឿងនេះខ្លាំងណាស់ទើបនាងរំកិលទៅកាន់តែកៀកប៉ារបស់នាង។
“ប៉ាប៉ា” នាងនិយាយដោយសំឡេងអាថ៌កំបាំងយ៉ាងស្រាលដែលស្ដាប់ទៅដូចជាសំឡេងខ្សឹប “ប៉ាប៉ា”។
”យ៉ាងម៉េច កូនសម្លាញ់?”
កាពីទែន គ្រូវី តប ដោយឱបនាងឲ្យមកកាន់តែជិត និងសម្លឹងចុះមករកមុខនាង។ “សារ៉ា កំពុងគិតពីអ្វី?”
“គឺកន្លែងនេះមែនទេ?” សារ៉ា និយាយដោយនៅតែរំកិលទៅជិតគាត់។
“ត្រូវទេ ប៉ាប៉ា?”
“បាទ ត្រូវហើយ សារ៉ាតូច។ ទីបំផុតពួកយើងមកដល់ហើយ។” ~
ហើយទោះបីជានាងមានអាយុទើបតែប្រាំពីរឆ្នាំ នាងដឹងថាគាត់មិនសប្បាយចិត្តពេលគាត់និយាយពាក្យនេះ។
គាត់ហាក់ដូចជាបានរៀបចំរយៈពេលច្រើនឆ្នាំមកសម្រាប់ការនាំនាងមកកន្លែងនេះ ព្រោះនាងតែងតែហៅឈ្មោះទីនេះ។ ម្ដាយរបស់នាងបានស្លាប់នៅពេលនាងកើតមក ដូច្នេះនាងមិនស្គាល់ឬនឹកគាត់ទេ។ លោកប៉ាសង្ហា អភិជន វ័យក្មេង ហាក់ដូចជាអ្នកមានទំនាក់ទំនងជាមួយនាងតែម្នាក់គត់នៅក្នុងពិភពលោកនេះ។ អ្នកទាំងពីរតែងតែលេងជាមួយគ្នា និងចូលចិត្តគ្នា។ នាងគ្រាន់តែដឹងថាគាត់ជាអ្នកមានព្រោះនាងឮអ្នកគ្រប់គ្នានិយាយដូច្នោះ នៅពេលពួកគេគិតថានាងមិនស្ដាប់ពួកគេនិយាយ ហើយនាងក៏ដឹងថាពួកគេនិយាយថា ពេលនាងធំដឹងក្ដីឡើងនាងនឹងក្លាយជាអ្នកមានដែរ។ នាងមិនដឹងថា ជាអ្នកមានន័យបែបណានោះទេ។ នាងតែងតែរស់នៅក្នុងវិមានដ៏ស្កឹមស្កៃរនិងស្រស់ស្អាតរហូតមក ហើយធ្លាប់តែឃើញអ្នកបម្រើជាច្រើនដែលគោរពចំពោះនាង និងហៅនាងថា “អ្នកនាង សាហ៊ីប” ហើយបណ្ដោយនាងគ្រប់យ៉ាងតាមដែលនាងត្រូវការ។ នាងមានតុក្កតា និងសត្វចិញ្ចឹមជាច្រើន ហើយមានមេដោះម្នាក់ដែលគោរពនាង ហើយបន្តិចម្ដងៗនាងដឹងថា មនុស្សដែលជាអ្នកមានគឺមានអ្វីទាំងអស់នេះ។ ទោះជាយ៉ាងណា នោះគឺអ្វីដែលនាងអាចដឹងបាន។
អំឡុងពេលការរស់នៅដ៏ខ្លីរបស់នាងមកនេះ នាងមានបញ្ហាតែមួយគត់ ហើយបញ្ហានោះគឺកន្លែង ដែលនាងត្រូវគេបញ្ជូនទៅនៅថ្ងៃណាមួយ។ អាកាសធាតុនៅឥណ្ឌាមិនល្អសម្រាប់ក្មេងៗទេ ហើយមិនយូរមិនឆាប់គេនឹងបញ្ជូនក្មេងចេញ ជាទូទៅគឺទៅអង់គ្លេស និងសាលា។ នាងធ្លាប់ឃើញក្មេងៗផ្សេងទៀតទៅឆ្ងាយ ហើយធ្លាប់ឮឪពុកម្ដាយក្មេងទាំងនោះនិយាយពីសំបុត្រដែលពួកគាត់ទទួលបានពីកូនៗ។ នាងដឹងថា នាងនឹងត្រូវទៅដូចជាពួកគេ ហើយទោះបីជាពេលខ្លះរឿងដំណើរតាមសមុទ្រ និងប្រទេសថ្មីរបស់ប៉ានាងបានទាក់ទាញចិត្តនាង នាងរកាំរកូសចិត្តពេលគិតថាគាត់មិនអាចនៅជាមួយនាងបាន។
«ប៉ាមិនអាចទៅនៅសាលាជាមួយកូនទេមែនទេ? »
នាងបានសួរសំនួរនេះ ពេលនាងទើបតែអាយុបាន៥ឆ្នាំ។
“ប៉ាទៅសាលាដែរបានទេ? កូននឹងជួយធ្វើមេរៀនឲ្យប៉ា!”
“អត់ទេ តែកូនសម្លាញ់ ប៉ាសន្យា កូននឹងនៅទីនោះមិនយូរពេកទេ សារ៉ា។”
គាត់តែងតែនិយាយបែបនេះ។
“កូននឹងទៅនៅផ្ទះស្អាត ដែលនឹងមានក្មេងៗច្រើន ហើយកូននឹងបានលេងជាមួយពួកគេ ហើយប៉ានឹងផ្ញើសៀវភៅទៅឲ្យកូនច្រើន ហើយកូននឹងធំលឿន ដែលមើលទៅមិនដូចកាលពីមួយឆ្នាំមុនទេ ដែលកូនធំល្មម និងឆ្លាតល្មមអាចមកមើលថែប៉ាៗវិញបាន។”
នាងចូលចិត្តគិតបែបនោះ។
នៅផ្ទះជាមួយប៉ា ឬជិះឡានជាមួយគាត់ ឬអង្គុយនៅក្បាលតុធ្វើការរបស់គាត់ ឬពេលគាត់មានពិធីជប់លៀងពេលល្ងាចញាំនិង និយាយច្រើនចេចចាចជាមួយគាត់ អានសៀវភៅរបស់គាត់ ជាអ្វីដែលនាងត្រូវការបំផុតនៅក្នុងលោកនេះ ។
បើក្មេងម្នាក់ត្រូវទៅកន្លែងមួយនៅឯប្រទេសអង់គ្លេសដើម្បីទទួលបានការសិក្សា និងបទពិសោធន៍សម្រើនវ័យ នាងត្រូវតែកាត់ចិត្ត។
សារ៉ា មិនខ្វល់ច្រើនពីក្មេងស្រីផ្សេងៗទេ ប៉ុន្តែបើនាងមានសៀវភៅច្រើននាងអាចលួងលោមខ្លួនឯងបាន។ នាងចូលចិត្តសៀវភៅជាងអ្វីផ្សេងទាំងអស់ ហើយការពិតនាងតែងតែប្រឌិតរឿងដ៏អស្ចារ្យហើយនិយាយប្រាប់ខ្លួនឯង។ ពេលខ្លះនាងប្រាប់រឿងទាំងអស់នោះដល់ប៉ារបស់នាង ហើយគាត់ចូលចិត្តរឿងទាំងនោះដូចដែលនាងចូលចិត្តដែរ។
“ត្រូវហើយ ប៉ាប៉ា បើយើងនៅទីនេះយើងត្រូវលាឈប់ពីការងារ។” នាងនិយាយដោយសំឡេងស្រទន់។
គាត់សើចនឹងសំដីបែបមនុស្សចាស់របស់នាង ហើយថើបនាង។ គាត់មិនចាំបាច់ត្រូវលាឈប់ពីការងារទេ ទោះបីជាគាត់ដឹងថាគាត់ត្រូវលាក់រឿងនោះជាអាថ៌កំបាំង។ សារ៉ា កូនតូចរបស់គាត់គឺជាដៃគូជីវិតដ៏អស្ចារ្យរបស់គាត់ ហើយគាត់មានអារម្មណ៍ថាគាត់នឹងក្លាយជាមនុស្សឯកោពេលដែលគាត់ត្រលប់ទៅវិមាននៅឥណ្ឌាវិញ។ គាត់ធ្លាប់ចូលទៅក្នុងវិមានរបស់គាត់ដោយរំពឹងថាឃើញក្មេងតូចម្នាក់រត់សំដៅមករកគាត់។
……………………………………..
“សារ៉ា យើងមកដល់ហើយ!” កាពីទែន គ្រូវី និយាយធ្វើសំឡេងដោយជារីករាយ។ បន្ទាប់មកគេលើកនាងដាក់ចុះពីឡាន ហើយពួកគេដើរសំដៅទៅចុចកណ្ដឹង។ ជាញឹកញាប់ សារ៉ា គិតថា ផ្ទះនោះគឺដូចជាកញ្ញា មីនជីន។ មើលពីក្រៅនោះជាផ្ទះស្អាត គួរឲ្យគោរព និងរៀបចំបានល្អ ប៉ុន្តែគ្រប់យ៉ាងនៅខាងក្នុងពិតជាពិបាកភ្នែក។
ពេលដែលនាងអង្គុយចុះនៅលើកៅអី សារ៉ា និយាយចេញពីអ្វីដែលនាងទើបតែបានឃើញ។
“ខ្ញុំមិនចូលចិត្តទីនេះទេ ប៉ាប៉ា ប៉ុន្តែខ្ញុំហ៊ាននិយាយថាទាហាន សូម្បីតែទាហានដែលក្លាហាន ក៏មិនចូលចិត្តទៅធ្វើសង្គ្រាមដែរ។”
កាពីទែន គ្រូវី ផ្ទុះសំណើចនឹងសំដីនេះ។ គេជាបុរសវ័យក្មេង និងរួសរាយ គេមិនដែលធុញទ្រាន់នឹងការស្ដាប់សំដីរបស់សារ៉ា ទេ។
“អូ! សារ៉ា តើប៉ាធ្វើយ៉ាងម៉េចទៅ ពេលគ្មានអ្នកនិយាយរឿងម៉ឺងម៉ាត់ឲ្យប៉ាស្ដាប់? គ្មានអ្នកណានិយាយម៉ឺងម៉ាត់ដូចជាកូនទេ។”
“ប៉ុន្តែហេតុអ្វីរឿងម៉ឺងម៉ាត់ធ្វើឲ្យប៉ាសើចដូច្នេះ?” សារ៉ា សួរ។
“ព្រោះកូនគួរឲ្យចង់សើចពេលកូននិយាយរឿងទាំងនោះ។” គេឆ្លើយដោយសើចម្ដងទៀត។ ហើយភ្លាមនោះ គេត្រកងនាងមកក្នុងរង្វង់ដៃ ហើយថើបនាងយ៉ាងខ្លាំង ឈប់សើចភ្លាម ហើយមើលទៅទឹកភ្នែកហាក់កំពុងច្រាលចេញពីភ្នែករបស់គេ។
ពេលនោះហើយដែលកញ្ញា មីនជីន ចូលមកក្នុងបន្ទប់។ សារ៉ា មានអារម្មណ៍ថា នាងពិតជាដូចផ្ទះរបស់នាងណាស់ ខ្ពស់ហើយមាឌធំ និងគួរឲ្យគោរព ហើយអាក្រក់។ នាងមានភ្នែកធំ និងញញឹមបើកមាត់ធំៗ។ នាងញញឹមដោយបើកមាត់កាន់តែធំពេលឃើញ សារ៉ា និងកាពីទែន គ្រូវី។ នាងបានស្ដាប់រឿងល្អៗរបស់ទាហានវ័យក្មេងនេះជាច្រើនពីស្ត្រីដែលបានណែនាំសាលារបស់នាងទៅគេ។ មួយក្នុងចំណោមរឿងទាំងនោះគឺ នាងបានឮថា គេជាអ្នកមានដែលមានបំណងចំណាយប្រាក់ជាច្រើនដើម្បីកូនស្រីតូចរបស់គេនេះ។
“នេះជាកិត្តិយសដ៏ធំធេងដែលបានមើលថែក្មេងស្រីដ៏ស្រស់ស្អាត និងវៃឆ្លាត កាពីទែន គ្រូវី។” នាងនិយាយដោយចាប់ដៃរបស់ សារ៉ា ហើយអង្អែលតិចៗ។ “អ្នកស្រី ម៉េរ៉េឌីដ បានប្រាប់ខ្ញុំពីភាពឆ្លាតវៃខុសពីធម្មតារបស់នាង។ ក្មេងឆ្លាតវៃគឺជាទ្រព្យសម្បត្តិដ៏មហាសាលនៅក្នុងការបង្កើតកន្លែងដូចជាកន្លែងរបស់ខ្ញុំ។”
សារ៉ា ឈរដោយស្ងៀមស្ងាត់ ដោយបើកភ្នែកមើលមុខរបស់កញ្ញា មីនជីន។ នាងកំពុងគិតរឿងចម្លែកដូចរាល់ដង។
“ហេតុអ្វីគាត់និយាយថាខ្ញុំជាក្មេងស្រស់ស្អាត? ខ្ញុំមិនស្អាតទេ។ កូនស្រីរបស់វរសេនីយ៍ឯកហ្គ្រែននាង អាយសូប៊េល ទើបស្អាត។ នាងមានថ្ពាល់ក្រហម និងខួច ហើយសក់វែងពណ៌មាស។ ខ្ញុំមានសក់ខ្លីពណ៌ខ្មៅ ហើយភ្នែកបៃតង ក្រៅពីនេះខ្ញុំជាក្មេងស្គម។ ខ្ញុំជាក្មេងអាក្រក់បំផុតក្នុងចំណោមក្មេងដែលខ្ញុំបានឃើញ។ គាត់កំពុងនិយាយកុហកហើយ។”
ទោះយ៉ាងណានាងយល់ខុស នៅក្នុងគំនិតរបស់នាង នាងគឺក្មេងអាក្រក់។ នាងមិនស្អាតដូច អាយសោប៊េល ហ្គ្រែន ដែលជាក្មេងស្រស់ស្អាតនៅកងវីរសេនាធំ ប៉ុន្តែនាងមានភាពស្រស់ស្អាតរបស់នាងដាច់ដោយឡែក។ នាងមានរាងស្ដើង ខ្ពស់បន្តិចបើនិយាយពីវ័យរបស់នាង ហើយមានទឹកមុខគួរឲ្យទាក់ទាញ។ សក់របស់នាងក្រាស់ឃ្មឹក ខ្មៅក្រឹប និងអង្កាញ់បន្តិចនៅខាងចុង ភ្នែករបស់នាងប្រផេះលាយបៃតងនិងធំៗ ជាភ្នែកដ៏ស្រស់ស្អាតជាមួយនឹងរោមភ្នែកខ្មៅវែងៗ ហើយទោះបីនាងមិនចូលចិត្តពណ៌នេះ តែមនុស្សជាច្រើនចូលចិត្ត។ នាងនៅតែច្បាស់ក្នុងចិត្តថា នាងជាក្មេងស្រីតូចអាក្រក់ ហើយនាងមិនពេញចិត្តនឹងពាក្យបញ្ជោររបស់កញ្ញា មីនជីន ទាល់តែសោះ។
“បើខ្ញុំនិយាយថាគាត់ស្អាតនោះខ្ញុំនឹងនិយាយកុហកហើយ ហើយខ្ញុំគួរតែដឹងថាគាត់និយាយកុហកខ្ញុំ។ ខ្ញុំជឿថាខ្ញុំក៏អាក្រក់ដូចជាគាត់ដែរ។ គាត់និយាយបែបនោះធ្វើអ្វី?” នាងគិតនៅក្នុងចិត្ត។
បន្ទាប់ពីនាងស្គាល់កញ្ញា មីនជីន យូរទៅ នាងក៏ដឹងថាហេតុអ្វីបានជានាងនិយាយពាក្យនោះ។ នាងដឹងថាគាត់និយាយពាក្យនេះដូចគ្នាទៅម៉ាក់ និងប៉ា ដែលនាំកូនមកសាលារបស់គាត់។
សារ៉ា ឈរនៅជិតប៉ារបស់នាង ហើយស្ដាប់ខណៈដែលគាត់និងកញ្ញា មីនជីន និយាយគ្នា។ នាងត្រូវបាននាំមកសាលាជាន់ខ្ពស់ព្រោះកូនស្រីតូចៗពីរនាក់របស់អ្នកស្រី ម៉េរ៉េឌីដ បានទទួលការអប់រំនៅ ទីនេះ ហើយកាពីទែនគ្រូវី គោរពចំពោះបទពិសោធន៍របស់អ្នកស្រី ម៉េរ៉េឌីដ ខ្លាំងណាស់។ សារ៉ា ត្រូវមកទីនេះជាក្មេងដែលមកស្នាក់រៀន ហើយនាងត្រូវទទួលបានអ្វីៗពិសេសជាងក្មេងដែលមកស្នាក់នៅផ្សេងទៀត។ នាងត្រូវមានបន្ទប់គេងស្អាត ហើយមានបន្ទប់អង្គុយលេងផ្ទាល់ខ្លួន នាងត្រូវមានកូនសេះ និងរទេះមួយ ហើយអ្នកមើលថែម្នាក់ដើម្បីជំនួសមេដោះដែលមើលថែនាងនៅឥណ្ឌា។
“ខ្ញុំមិនតក់ក្រហល់ពីការអប់រំរបស់នាងទេ។ រឿងសំខាន់គឺកុំឲ្យនាងរៀនលឿន និងប្រឹងខ្លាំងពេក។ នាងតែងតែអង្គុយហិតសៀវភៅជាមួយនឹងច្រមុះតូចរបស់នាង។ នាងមិនអានសៀវភៅទេ កញ្ញា មីនជីន គឺនាងលេបវាដូចជានាងគឺជាចចកតូចមួយ មិនមែនក្មេងតូចទេ។ នាងតែងតែចង់បានសៀវភៅថ្មីយកមកលេប ហើយនាងចង់បានសៀវភៅមនុស្សធំ សៀវភៅធំហើយក្រាស់ ជាប្រវត្តិសាស្ត្របារាំង អាល្លឺម៉ង់ និងអង់គ្លេស និងសៀវភៅកំណាព្យ និងគ្រប់ប្រភេទ។ ជួយនាំនាងចេញពីសៀវភៅខ្លះពេលនាងអានច្រើនពេក ឲ្យនាងជិះកូនសេះមួយជុំពីរជុំ ឬចេញទៅក្រៅទិញតុក្កតា។ នាងគួរតែលេងជាមួយតុក្កតាឲ្យបានច្រើន។” កាពីទែន គ្រូវី និយាយទាំងសើចតិចៗ។
“ប៉ាប៉ា ប៉ាដឹងទេបើពីរបីថ្ងៃខ្ញុំចេញទៅក្រៅទិញតុក្កតាម្ដង អញ្ចឹងខ្ញុំនឹងមានតុក្កតាច្រើនពេកដែលមិនដឹងត្រូវស្រលាញ់មួយណា។ តុក្កតាគួរតែជាមិនជិតស្និទ្ធ ហើយអ៊េមីលី នឹងជាមិត្តជិតស្និទ្ធរបស់ខ្ញុំ។” សារ៉ា និយាយ។
កាពីទែន គ្រូវី សម្លឹងកញ្ញា មីនជីន ហើយកញ្ញា មីនជីន សម្លឹងកាពីទែន គ្រូវី។
“អ៊េមីលី ជាអ្នកណា?” នាងសួរ។
“ប្រាប់គាត់ទៅ សារ៉ា” កាពីទែន គ្រូវី និយាយដោយញញឹម។
ភ្នែករបស់សារ៉ា មើលទៅបង្ហាញពីភាពម៉ឺងម៉ាត់ និងស្រទន់ពេលដែលនាងឆ្លើយ។
“នាងគឺជាតុក្កតាដែលខ្ញុំមិនទាន់មាននៅឡើយ នាងគឺជាតុក្កតាដែលប៉ាប៉ា នឹងទិញឲ្យខ្ញុំ។ ពួកយើងនឹងទៅក្រៅជាមួយគ្នាដើម្បីរកនាង។ ខ្ញុំបានដាក់ឈ្មោះនាងថា អ៊េមីលី។ នាងនឹងក្លាយជាមិត្តរបស់ខ្ញុំពេលប៉ាប៉ាទៅបាត់។ ខ្ញុំចង់ឲ្យនាងនិយាយពីគាត់។”
កញ្ញា មីនជីន ញញឹមដោយភ្ញាក់ផ្អើល។
“ពិតជាក្មេងឆ្លាតមែន ក្មេងអីគួរឲ្យស្រលាញ់យ៉ាងនេះ!”
“ត្រូវហើយ នាងជាក្មេងគួរឲ្យស្រលាញ់។ ជួយមើលថែនាងឲ្យខ្ញុំផង កញ្ញាមីនជីន។” កាពីទែន គ្រូវី និយាយដោយទាញសារ៉ា មកជិតខ្លួន។
សារ៉ា ស្នាក់នៅសណ្ឋាគារជាមួយប៉ារបស់នាងជាច្រើនថ្ងៃ តាមពិតនាងនៅជាមួយគាត់រហូតដល់ពេលគាត់ចេញនាវាទៅឥណ្ឌាវិញ។ ពួកគេចេញក្រៅចូលក្នុងហាងធំៗជាច្រើន ហើយទិញរបស់ល្អៗជាច្រើន។ ជាការពិតពួកគេទិញរបស់ច្រើនជាងអ្វីដែលសារ៉ា ត្រូវការ ប៉ុន្តែកាពីទែន គ្រូវី តក់ក្រហល់ចង់ឲ្យកូនស្រីតូចរបស់គាត់មានអ្វីគ្រប់យ៉ាងដែលនាងស្រលាញ់។
ហើយនៅទីបំផុតពួកគេស្វែងរក អ៊េមីលី ឃើញ ប៉ុន្តែពួកគេបានទៅហាងតុក្កតាជាច្រើន ហើយមើលតុក្កតាស្អាតៗជាច្រើនមុនពេលពួកគេរកឃើញអ៊េមីលី នៅទីបញ្ចប់។
“ខ្ញុំចង់ឲ្យនាងមើលទៅមិនដូចជាតុក្កតាទេ ខ្ញុំចង់ឲ្យនាងមើលដូចជាចេះស្ដាប់ពេលខ្ញុំនិយាយទៅកាន់នាង។” សារ៉ា និយាយ ខណៈពួកគេដើរមើលតុក្កតាតូចធំ ទាំងតុក្កតាដែលស្លៀកពាក់ និងតុក្កតាដែលមិនស្លៀកពាក់។
“ប៉ាឃើញទេ? បើយើងរកនាងឃើញ ហើយនាងគ្មានសម្លៀកបំពាក់ យើងអាចយកនាងទៅហាងកាត់ដេរ ហើយឲ្យគេកាត់សម្លៀកបំពាក់ឲ្យសមនឹងនាង។ នាងស្លៀកទៅប្រាកដជាសម។”
ក្រោយពីខកចិត្តនៅតាមហាងជាច្រើន ពួកគេសម្រេចចិត្តដើរមើលតាមបង្អួចហាង ហើយឲ្យឡានបើកតាមក្រោយ។ ពួកគេដើរហួសហាងពីរ ឬបីដោយមិនចូលមើល ពេលដែលពួកគេដើរជិតដល់ហាងមួយដែលមិនសូវជាធំប៉ុន្មាននោះ សារ៉ា ស្រាប់តែចាប់ផ្ដើមអង្រួនដៃរបស់ប៉ានាង។
“អូ! ប៉ាប៉ាៗ! នោះគឺអ៊េមីលី!” នាងស្រែក។
ទឹកមុន និងពន្លឺភ្នែករបស់នាងហាក់បានជួបនរណាដែលនាងស្គាល់ ជិតស្និទ្ធ និងចូលចិត្ត។
“នាងប្រាកដជានៅចាំយើងហើយ ហើយចៅទៅជួបនាងទៅប៉ាប៉ា” នាងនិយាយ។
“ប៉ាមានអារម្មណ៍ថាយើងត្រូវមានអ្នកណាម្នាក់ណែនាំពីពួកយើង”
“ប៉ាត្រូវណែនាំខ្ញុំ ហើយខ្ញុំនឹងណែនាំប៉ាឲ្យនាងស្គាល់ ប៉ុន្តែខ្ញុំស្គាល់នាងនៅពេលដែលខ្ញុំជួបនាងភ្លាម ដូច្នេះនាងក៏ប្រហែលជាស្គាល់ខ្ញុំដែរ។”
ប្រហែលជាតុក្កតាស្គាល់នាង ភ្នែករបស់នាងហាក់ដូចជាវៃឆ្លាតណាស់ពេលដែលសារ៉ា យកនាងមកឱប។ នោះជាតុក្កតាធំ តែមិនធំពេកទេគឺល្មមនឹងឲ្យនាងឱបបានដោយស្រួល នាងមានសក់ពណ៌ទង់ដែងបែបធម្មជាតិ ហើយភ្នែកជ្រៅៗ ពណ៌ខៀវប្រផេះស្រទន់ រោមភ្នែកក្រាស់ដែលជារោមភ្នែកពិត ហើយមិនមានលាបថ្នាំនោះទេ។
“ត្រូវហើយប៉ាប៉ាៗ នេះគឺអ៊េមីលី” សារ៉ា និយាយមើលទៅមុខតុក្កតាខណៈដែលនាងទប់តុក្កតានៅនឹងជង្គង់របស់របស់នាង។
ដូច្នោះពួកគេទិញអ៊េមីលី ហើយយកនាងទៅហាងកាត់សម្លៀកបំពាក់ក្មេងៗ ហើយកាត់រ៉ូបឲ្យនាងស្អាតដូចជារ៉ូបរបស់សារ៉ាដែរ។ តុក្កតារបស់សារ៉ា មានសំពត់ អាវ មួក អាវធំ និងសម្លៀកបំពាក់ក្នុងដ៏ស្រស់ស្អាត និងមានស្រោមដៃ កន្សែងដៃ និងរោមសត្វ។
“ខ្ញុំគួរតែស្រលាញ់នាងឲ្យមើលទៅដូចជានាងជាក្មេងដែលមានម្ដាយល្អ។ ខ្ញុំជាម្ដាយរបស់នាងទោះបីជាខ្ញុំនឹងក្លាយជាអ្នករួមបន្ទប់របស់នាងក៏ដោយ។” សារ៉ា និយាយ។
កាពីទែន គ្រូវី នឹងរីករាយដើរផ្សាររាល់ថ្ងៃ ប៉ុន្តែភាពក្រៀមក្រំបានបង្ហាញវត្តមាននៅក្នុងបេះដូងរបស់គេ។ នេះមានន័យថា គេនឹងត្រូវបែកគ្នាពីមិត្តតូចរបស់គេ។
គេក្រោកពីគ្រែរបស់គេនៅពាក់កណ្ដាលយប់ ហើយដើរទៅសម្លឹងមើល សារ៉ា ដែលគេងលង់លក់ឱបអ៊េមីលី នៅក្នុងដៃ។ អ៊េមីលី មើលទៅដូចជាក្មេងស្រីពិតប្រាកដ ដែលធ្វើឲ្យកាពីទែន គ្រូវី មានអារម្មណ៍ថាសប្បាយចិត្តដែលមាននាងនៅទីនេះ។ គេឈរមើលនាងដោយដកដង្ហើមធំ។
“ឱ សារ៉ា តូចអើយ! ប៉ាមិនជឿថា កូនដឹងថាប៉ារបស់កូននឹងនឹកកូនខ្លាំងយ៉ាងណានោះទេ។” គេនិយាយនឹងខ្លួនឯង។
ស្អែកឡើងគេយកនាងទៅជួបកញ្ញា មីនជីន ហើយទុកនាងនៅទីនោះ។ គេត្រូវចេញនាវានៅព្រឹកស្អែក។ គេបានពន្យល់កញ្ញា មីនជីន ថា អ្នកលក់របស់គាត់នៅ មេស៊ើ បារ៉ូ និងស្គីពវូស ទទួលកិច្ចការរបស់គាត់នៅអង់គ្លេស ហើយនឹងផ្ដល់គ្រប់ដំបូន្មានដែលនាងត្រូវការ ហើយពួកគេនឹងបង់ថ្លៃចំណាយរបស់សារ៉ា។ គេនឹងសរសេរមកលេង សារ៉ា មួយសប្ដាហ៍ពីរដង ហើយមីនជីន រីករាយនឹងទទួលពាក្យដែលគេផ្ដែផ្ដាំ។
បន្ទាប់មកគេទៅបន្ទប់តូចជាមួយសារ៉ា ដែលអ្នកទាំងពីរត្រូវនិយាយលាគ្នា។ សារ៉ា អង្គុយលើជង្គង់របស់គេ ហើយកាត់ជាយអាវធំរបស់គេដោយដៃតូចរបស់នាង ហើយសម្លឹងមើលមុខគេយ៉ាងយូរ ដោយទឹកមុខរឹងប៉ឹង។
“កូនរៀនពីប៉ាដោយបេះដូងមែនទេ សារ៉ា?” គេនិយាយដោយអង្អែលសក់របស់នាង។
“អត់ទេ ខ្ញុំដឹងពីប៉ាដោយបេះដូង ប៉ានៅក្នុងបេះដូងរបស់ខ្ញុំ។” សារ៉ាឆ្លើយ ហើយពួកគេឱបនិងថើបគ្នា ហាក់នឹងមិនព្រមបែកពីគ្នានៅឡើយ។
ពេលឡានបើកចេញទៅ សារ៉ា នៅអង្គុយលើកម្រាលឥដ្ឋក្នុងបន្ទប់អង្គុយលេងរបស់នាង ដោយដាក់ដៃទល់ចង្កា ហើយភ្នែកនាងតាមសម្លឹងរហូតឡានបត់ទៅបាត់នៅផ្លូវកាត់ជ្រុង។ អ៊េមីលី នៅអង្គុយក្បែរនាង ហើយក៏សម្លឹងទៅឡានដែរ។ ពេលដែលកញ្ញា មីនជីន ឲ្យប្អូនស្រីនាង អាម៉េឡា មកមើលថាក្មេងកំពុងធ្វើអី នាងដឹងថាទ្វារនោះមិនអាចបើកបាន។
“ខ្ញុំបានចាក់សោហើយ ខ្ញុំចង់នៅស្ងាត់ម្នាក់ឯង តើបានទេ?” សំឡេងក្មេងស្រី និយាយចេញមកពីក្នុងបន្ទប់ដោយសំឡេងតិចៗ និងគួរសម។
កញ្ញា អាម៉េឡា ធាត់ និងទាបក្រអាញ ហើយគោរពបងស្រីរបស់នាងណាស់។ នាងពិតជាមនុស្សផ្សេងគ្នាដែលមិនសមជាបងប្អូន ប៉ុន្តែនាងមិនធ្លាប់មិនស្ដាប់តាមកញ្ញា មីនជីន នោះទេ។ នាងចុះទៅជាន់ក្រោមមើលទៅដូចជាប្រញាប់ប្រញាល់។
“ខ្ញុំមិនដែលឃើញក្មេងអីចរិតចាស់ទុំអីចឹងទេ បងស្រី។ នាងចាក់សោខ្លួនឯងនៅក្នុងបន្ទប់ហើយ មិនយំឬស្រែកឡូឡាទេ។” នាងនិយាយ។
“វាប្រសើរជាងនាងទាត់ និងស្រែកដូចជាក្មេងផ្សេងទៀតធ្លាប់ធ្វើ បងគិតថាក្មេងដែលត្រូវបានគេទម្រើសដូចជានាងនឹងនឹងស្រែកខ្ទរជាន់លើមិនខាន។” កញ្ញា មីនជីន ឆ្លើយ។
“ខ្ញុំបានបើកកន្លែងដាក់ឥវ៉ាន់របស់នាង ហើយទុករបស់របរនាងក្នុងនោះអស់ហើយ។ ខ្ញុំមិនដែលឃើញរបស់បែបនោះទេ រោមសត្វ និងកំប្រុកនៅលើអាវធំរបស់នាង ខោអាវក្នុងក៏មានគ្រឿងតុបតែងដែរ។ បងធ្លាប់ឃើញសំលៀកបំពាក់ក្មេងបែបនោះទេ? បងគិតយ៉ាងម៉េចដែរ?”
“បងគិតថាពិតជាគួរឲ្យអស់សំណើចណាស់ ប៉ុន្តែនៅខាងមុខគេមើលទៅមិនអីទេ ពេលដែលយើងយកក្មេងៗទៅវិហារនៅថ្ងៃអាទិត្យ។ គេផ្ដល់គ្រប់យ៉ាងឲ្យនាង ហាក់បីដូចជានាងជាព្រះនាងតូច។” កញ្ញា មីនជីន ឆ្លើយភ្លាម។
ហើយនៅជាន់លើក្នុងបន្ទប់ចាក់សោជាប់ សារ៉ា និងអ៊េមីលី អង្គុយនៅលើកម្រាលឥដ្ឋ ហើយសម្លឹងទៅផ្លូវកាច់ជ្រុងដែលឡានបានបាត់ខ្លួនទៅ ខណៈដែលកាពីទែន គ្រូវី សម្លឹងក្រោយ ថើបដៃ និងលើកដៃបក់ហាក់ដូចជាគេមិនអាចឈប់បាន។
ពេលសារ៉ា ចូលក្នុងថ្នាក់រៀននៅព្រឹកបន្ទាប់ អ្នកគ្រប់គ្នាបើកភ្នែកធំៗមើលនាងដោយភាពភ្ញាក់ផ្អើល។ នៅពេលនោះសិស្សគ្រប់គ្នាចាប់ពី ឡាវីនី ហ៊ើប៊ើត ដែលអាយុជិត១៣ឆ្នាំទៅហើយ ឡូទី ឡេហ្គ ដែលទើបតែមានអាយុបួនឆ្នាំ និងក្មេងនៅសាលាបានស្ដាប់ពីរឿងអស្ចារ្យរបស់នាង។ ពួកគេដឹងច្បាស់ថា នាងជាសិស្សដែលមកស្នាក់នៅពិសេសរបស់កញ្ញា មីនជីន ហើយត្រូវបានគេគិតថាជាកិត្តិយសសម្រាប់សាលារបស់នាង។
ម្នាក់ឬពីរនាក់ក្នុងចំណោមពួកគេបានលួចសម្លឹងមិត្តរួមថ្នាក់សញ្ជាតិបារាំងរបស់នាង ម៉ារីតេ ដែលបានមកដល់កាលពីល្ងាចមុននោះមួយថ្ងៃ។ ឡាវីនី អាចដើរកាត់បន្ទប់របស់សារ៉ា ពេលដែលទ្វារបើកចំហ ហើយឃើញ ម៉ារីតេ បើកប្រអប់មួយដែលគេទើបតែផ្ញើមកពីហាង។
“ក្នុងនោះពេញដោយខ្សែចងចង្កេះដែលមានប៉ាក់លម្អលើនោះ ខ្ញុំឃើញនាងទាញវាចេញមកក្រៅ។ ខ្ញុំឮកញ្ញា មីនជីន និយាយប្រាប់ប្អូនស្រីគាត់ថា សម្លៀកបំពាក់របស់នាងពិសេសខ្លាំងណាស់ ដែលនោះគឺជារឿងគួរឲ្យអស់សំណើចដែលសម្រាប់ក្មេងម្នាក់ស្លៀកពាក់វា។ ម៉ាក់របស់ខ្ញុំនិយាយថា ក្មេងៗគួរតែស្លៀកពាក់ធម្មតាបានហើយ។ នាងពាក់ក្រវាត់ចង្កេះនោះមួយពេលនេះ ខ្ញុំបានឃើញពេលខ្ញុំអង្គុយចុះ។” នាងខ្សឹបប្រាប់មិត្តរបស់នាង ជេស៊ី។
“នាងមានសំពត់សូតរឹបរាង ហើយជើងនាងតូចៗ! ខ្ញុំមិនធ្លាប់ឃើញជើងតូចបែបនោះទេ។” ជេស៊ី ក៏ខ្សឹបដែរ។
“អូ! នោះហើយជាវិធីដែលនាងធ្វើឲ្យមានរាងស្លីម ម៉ាក់ខ្ញុំនិយាយថា ទោះបីជាជើងធំក៏យើងអាចធ្វើឲ្យមើលទៅឃើញតូចដែរប្រសិនបើយើងរកអ្នកកាត់ស្បែកជើងដ៏ពូកែម្នាក់បាន។ ខ្ញុំគិតថានាងមិនស្អាតអីបន្តិចទេ។ ភ្នែករបស់នាងពណ៌ដូចឆ្កួតអីចឹង។”
“នាងមិនស្អាតដូចមនុស្សស្អាតផ្សេងទៀតទេ” ជេស៊ី និយាយ ដោយលួចសម្លឹងឆ្លងទៅបន្ទប់មួយទៀត ប៉ុន្តែនាងបានធ្វើឲ្យជេស៊ី ចង់មើលទៅម្ដងទៀត ហើយនិយាយ “នាងមានរោមភ្នែកវែងខ្លាំងណាស់ ប៉ុន្តែភ្នែករបស់នាងស្ទើរតែពណ៌បៃតងទៅហើយ។”
សារ៉ា មិនអៀនខ្មាសនឹងភ្នែកទាំងឡាយដែលសម្លឹងមកនាងទេ។ នាងអង្គុយយ៉ាងស្ងៀមស្ងាត់នៅលើកៅអី រង់ចាំស្ដាប់អ្វីដែលអ្នកគ្រូប្រាប់ឲ្យធ្វើ។ គេដាក់នាងឲ្យនៅជិតតុរបស់កញ្ញាមីនជីន។ នរណាមើលនាងយ៉ាងណាក៏នាងមិនអៀនដែរ។ នាងចាប់អារម្មណ៍ ហើយសម្លឹងទៅក្មេងៗដែលមើលនាងវិញដោយស្ងៀមស្ងាត់។ នាងឆ្ងល់ថាតើពួកគេកំពុងគិតពីអ្វី ឆ្ងល់ថាតើពួកគេចូលចិត្តកញ្ញា មីនជីន ទេ ហើយពួកគេខ្វល់ពីមេរៀនរបស់ពួកគេទេ ហើយតើក្នុងចំណោមពួកគេមានអ្នកណាមានប៉ាប៉ា ដូចជាប៉ារបស់នាងឬអត់។ នាងបាននិយាយជាមួយអ៊េមីលី ពីប៉ារបស់នាងយ៉ាងច្រើនកាលពីព្រឹកនោះ។
“អ៊េមីលី ពេលនេះគាត់នៅលើសមុទ្រ យើងត្រូវតែធ្វើជាមិត្តល្អនឹងគ្នា ហើយនិយាយប្រាប់គ្នាគ្រប់រឿង។ អ៊េមីលី មើលមកខ្ញុំមក។ ឯងមានភ្នែកស្អាតបំផុតដែលខ្ញុំមិនធ្លាប់ឃើញ ប៉ុន្តែខ្ញុំបន់ឲ្យឯងចេះនិយាយ។”
នាងជាក្មេងដែលពោរពេញដោយការនឹកស្រមៃ និងគំនិតរប៉ិលរប៉ូច ហើយរឿងមួយដែលនាងចូលចិត្តជាងគេគឺ នឹងមានរឿងប្រសើរហើយស្រណុកចិត្តបំផុតទោះបី ទោះបីជាធ្វើពត់ជាថា អ៊េមីលី មានជីវិត ហើយពិតជាចេះស្ដាប់ និងយល់អ្វីដែលនាងនិយាយ។ ក្រោយពេលដែលម៉ារីតេ ស្លៀកពាក់ឈុតសម្រាប់ចូលរៀនពណ៌ខៀវក្រមៅឲ្យនាង និងចងសក់នាងដោយក្រណាត់បូពណ៌ក្រហមចាស់រួចហើយ នាងទៅរកអ៊េមីលី ដែលអង្គុយនៅលើកៅអីរបស់នាង ហើយឲ្យសៀវភៅទៅនាងមួយក្បាល។
“ឯងអាចអានបានពេលខ្ញុំនៅជាន់ក្រោម” នាងនិយាយ ហើយឃើញ ម៉ារីតេ សម្លឹងនាងដោយការងឺងឆ្ងល់ នាងនិយាយទៅកាន់គាត់ជាមួយនឹងមុខតូចដែលម៉ឺងម៉ាត់របស់នាង។
“អ្វីដែលខ្ញុំជឿពីតុក្កតាគឺថា ពួកគេអាចធ្វើអ្វីៗបានដែលពួកគេមិនឲ្យយើងដឹង។ ប្រហែលជាការពិត អ៊េមីលី អាចអាន និងនិយាយបាន ហើយនោះជាអាថ៌កំបាំងរបស់នាង។ បងឃើញទេ ប្រសិនបើមនុស្សថាតុក្កតាអាចធ្វើការងារបាន គេនឹងប្រើពួកគេឲ្យធ្វើការ ដូច្នេះហើយប្រហែលជាពួកគេបានសន្យានឹងគ្នាថា រក្សារឿងនេះជាអាថ៌កំបាំង។ ប្រសិនបើបងនៅក្នុងបន្ទប់ អ៊េមីលី នឹងគ្រាន់តែអង្គុយនៅទីនោះ ហើយសម្លឹង ប៉ុន្តែបើបងចេញក្រៅ ប្រហែលជានាងនឹងចាប់ផ្ដើមអាន ឬប្រហែលជានាងក្រោកចេញហើយមើលទៅក្រៅតាមបង្អួច។ ហើយពេលដែលនាងឮនរណាម្នាក់មក នាងនឹងរត់មកវិញហើយលោតឡើងលើកៅអីរបស់នាង ហើយធ្វើដូចជានាងនៅលើនោះរហូតមក។”
“គួរឲ្យអស់សំណើចមែន!” ម៉ារីតេ គិតក្នុងចិត្ត ហើយពេលនាងចុះទៅជាន់ក្រោម នាងបានប្រាប់ប្រធានបោសសំអាតពីរឿងនេះ។ ប៉ុន្តែនាងបានចាប់ផ្ដើមចូលចិត្តក្មេងស្រីតូចចម្លែកដែលមានមុខតូចវៃឆ្លាត និងចរិតល្អឥតខ្ចោះនេះទៅហើយ។ នាងធ្លាប់មើលថែក្មេងជាច្រើនពីមុនមកដែលមានចរិតមិនសុភាពរាបសា។ សារ៉ា ជាក្មេងតូចចិត្តល្អ និងចេះនិយាយយ៉ាងរម្យទមដូចជាពាក្យ “បងម៉ារីតេ តើបងអាច… អរគុណបងម៉ារីតេ” ដែលស្ដាប់ទៅគួរឲ្យស្រលាញ់។ ម៉ារីតេ ប្រាប់ប្រធានបោសសំអាតថា គាត់អរគុណនាងដូចជាពេលគាត់អរគុណស្ត្រីម្នាក់។
“នាងមើលទៅដូចជាព្រះតូចមួយអង្គ” នាងនិយាយ។ ពិតណាស់នាងរីករាយខ្លាំងជាមួយនឹងម្ចាស់ស្រីថ្មីរបស់នាង ហើយពេញចិត្តនឹងកន្លែងនាងជាខ្លាំង។
………………………………………….
ព្រះនាងតូច (ភាគទី២)
បន្ទាប់សារ៉ា បានអង្គុយនៅតុរបស់នាងក្នុងថ្នាក់រៀនបានពីរបីនាទី ហើយត្រូវបានមិត្តរួមបន្ទប់សម្លឹងមើលជាច្រើននោះ កញ្ញា មីនជីន បានបង្ហាញពីការផ្ដល់កិត្តិយសដល់តុរបស់នាង។
“កូនៗទាំងអស់គ្នា អ្នកគ្រូសូមណែនាំមិត្តរួមថ្នាក់ថ្មីដល់អ្នកទាំងអស់គ្នា” នាងនិយាយ។
ក្មេងស្រីទាំងអស់ក្រោកឈរឡើងនៅកន្លែងរបស់ពួកគេ ហើយសារ៉ា ក៏ក្រោកឡើងដែរ។
“អ្នកគ្រូរំពឹងថា កូនៗទាំងអស់គ្នានឹងចូលចិត្ត គ្រូវី នាងទើបតែមកដល់ពីទីដ៏សែនឆ្ងាយ គឺប្រទេសឥណ្ឌា។ ក្រោយពេលចប់ម៉ោងរៀនកូនៗប្រាកដជាបានជជែកគ្នាលេងជាមួយនាង។” កញ្ញាមីនជីន បន្ត។
សិស្សក្នុងថ្នាក់ឱនក្បាលដោយគោរព ហើយសារ៉ា ក៏ដូចគ្នា បន្ទាប់មកពួកគេអង្គុយចុះនិងសម្លឹងមើលគ្នាម្ដងទៀត។
“សារ៉ា មកជិតអ្នកគ្រូមក!” កញ្ញា មីនជីន និយាយតាមឥរិយាបថក្នុងថ្នាក់រៀនរបស់នាង។
គាត់យកសៀវភៅមួយក្បាលពីតុរបស់គាត់មក ហើយបើកទំព័រសៀវភៅ។ សារ៉ា ដើរទៅរកគាត់ដោយរម្យទម។
“ដោយសារប៉ាប៉ា របស់កូនបានដាក់អ្នកបម្រើស្រីជនជាតិបារាំងឲ្យកូន អ្នកគ្រូគិតថាគាត់ចង់ឲ្យកូនរៀនភាសាបារាំងជាពិសេស។” មីនជីន ចាប់ផ្ដើម។
សារ៉ា មានអារម្មណ៍ថាដូចជាមិនមែនយ៉ាងនោះទេ។
“ខ្ញុំគិតថាប៉ាឲ្យគាត់មកធ្វើការ ព្រោះគាត់ គាត់គិតថាខ្ញុំនឹងចូលចិត្តបងស្រីនោះ” នាងនិយាយ។
“អ្នកគ្រូខ្លាចថា កូនជាក្មេងស្រីដែលត្រូវបានគេទម្រើសពេក ហើយគិតថារឿងទាំងនោះប៉ាប៉ាធ្វើព្រោះតែកូនចូលចិត្ត។ គំនិតអ្នកគ្រូគឺប៉ារបស់កូនចង់ឲ្យកូនរៀនភាសាបារាំង។”
ប្រសិនបើ សារ៉ា អាយុច្រើនជាងនោះ ឬមិនសូវដឹងពីការគោរពចំពោះមនុស្ស នាងប្រាកដជាពន្យល់ពីខ្លួនឯងដោយពាក្យប៉ុន្មានម៉ាត់មិនខាន។ ប៉ុន្តែដូចជាពេលនោះនាងហាក់ប្រែជាមុខក្រហមតិចៗ។ កញ្ញា មីនជីន ជាមនុស្សតឹងរ៉ឹង និងមានអំនួត ហើយនាងហាក់ដូចជាប្រាកដក្នុងចិត្តណាស់ថា សារ៉ា មិនចេះភាសាបារាំងបន្តិចទេដែលធ្វើឲ្យនាងមានអារម្មណ៍ថា ជារឿងមិនល្អទាល់តែសោះដែលក្មេងមិនទទួលការលើកឡើងរបស់នាង។ ការពិតគឺថា សារ៉ា មិនអាចចាំបានថានាងបានរៀនភាសាបារាំងពីពេលណាមក។ ប៉ារបស់នាងនិយាយភាសាបារាំងដាក់នាងញឹកញាប់ពេលនាងនៅក្មេង។ ម្ដាយរបស់នាងគឺជាជនជាតិបារាំង ហើយកាពីទែន គ្រូវី ស្រលាញ់ភាសារបស់ភរិយាគាត់ ដូច្នេះហើយទើបសារ៉ា ឧស្សាហ៍បានស្ដាប់ និងទម្លាប់ជាមួយនឹងភាសានេះតាមរយៈប៉ារបស់នាង។
“ខ្ញុំ ខ្ញុំពិតជាមិនដែលរៀនភាសាបារាំងមែន ប៉ុន្តែ ៗ..” នាងដូចជាអៀនខ្មាសក្នុងនិយាយឲ្យច្បាស់ពីខ្លួនឯង។
រឿងអាថ៌កំបាំងសំខាន់មួយរបស់កញ្ញា មីនជីន គឺថានាងខ្លួនឯងមិនចេះនិយាយភាសាបារាំងទេ ដូច្នេះហើយនាងមិនចង់ពិភាក្សាពីបញ្ហានេះទេ។
“បានហើយ បើកូនមិនធ្លាប់រៀនទេ កូនត្រូវតែចាប់ផ្ដើមរៀនពីពេលនេះទៅ។ បន្តិចទៀតលោកភាសាបារាំង ម៉ុនសៀ ឌូហ្វាហ្គី នឹងមកដល់ទីនេះហើយ។ កូនយកសៀវភៅនេះទៅមើលសិនទៅទម្រាំគាត់មកដល់។” នាងនិយាយដោយឥរិយាបថរម្យទម។
សារ៉ា មានអារម្មណ៍ថាក្ដៅថ្ពាល់តិចៗ។ នាងត្រលប់ទៅអង្គុយនៅតុវិញ ហើយបើកសៀវភៅ។ នាងបើកទំព័រទីមួយជាមួយនឹងទឹកមុខពិបាកមើល។ នាងដឹងថា បើញញឹមនឹងក្លាយជារឿងមិនគប្បី ហើយនាងតាំងចិត្តខ្ពស់ណាស់ថាមិនធ្វើរឿងដែលមិនគប្បីទេ។ ប៉ុន្តែនោះជារឿងចម្លែកសម្រាប់នាងដែលត្រូវមករៀនពាក្យ ប៉ា និងម៉ាក់ជាភាសាបារាំង។
កញ្ញា មីនជីន សម្លឹងទៅនាងជាលក្ខណៈឃ្លាំមើល។
“កូនមើលទៅដូចជាមិនពេញចិត្តទេ សារ៉ា អ្នកគ្រូសុំទោសដែលកូនមិនពេញចិត្តនឹងគំនិតរៀនភាសាបារាំងនេះ។” នាងនិយាយ។
“ខ្ញុំចូលចិត្តណាស់ ប៉ុន្តែ…” សារ៉ា ឆ្លើយ ដោយគិតថានាងនឹងសាកម្ដងទៀត។
“កូនមិនត្រូវនិយាយថា ប៉ុន្តែ ទេពេលដែលកូនត្រូវទទួលធ្វើកិច្ចការអ្វីមួយ មើលសៀវភៅរបស់កូនទៀតទៅ។” កញ្ញា មីនជីន និយាយ។
ហើយសារ៉ា ធ្វើតាម និងមិនញញឹមទេ សូម្បីតែពេលនាងឃើញពាក្យ កូនប្រុស និងបងប្រុសនៅក្នុងសៀវភៅនោះ។
“ពេលលោក ម៉ុនសៀ ឌូហ្វាហ្គី មក ខ្ញុំនឹងពន្យល់គាត់បាន។” សារ៉ា គិត។
បន្តិចក្រោយមកលោក ម៉ុនសៀ ឌូហ្វាហ្គី ក៏មកដល់។ គាត់ជាបុរសជនជាតិបារាំងវ័យកណ្ដាលដែលមានចិត្តល្អ និងឆ្លាតវៃ ហើយគាត់ចាប់អារម្មណ៍ពេលគាត់ចោលភ្នែកទៅចំ សារ៉ា ដែលកំពុងជក់ចិត្តនឹងសៀវភៅតូចរបស់នាង។
“នេះជាសិស្សថ្មីសម្រាប់ខ្ញុំមែនទេ ម៉ាដាម? ខ្ញុំសង្ឃឹមថានោះជាសំណាងល្អរបស់ខ្ញុំ។” គាត់និយាយទៅកាន់កញ្ញា មីនជីន។
“ប៉ាប៉ា របស់នាង កាពីទែន គ្រូវី ពិតជាអន្ទះសាចង់ឲ្យនាងរៀនភាសា ប៉ុន្តែខ្ញុំខ្លាចថានាងនឹងមិនព្រមរៀនតាមចរិតជាក្មេង។ មើលទៅនាងដូចជាមិនចង់រៀនទេ។ កញ្ញា មីនជីន និយាយ។
“ខ្ញុំសុំទោសពីរឿងនោះផង អ្នកនាងតូច។ ប្រហែលជាពេលយើងរៀនជាមួយគ្នា លោកគ្រូអាចបង្ហាញកូនថា ការរៀនភាសាជាអ្វីដែលគួរឲ្យចូលចិត្ត។” លោកនិយាយទៅកាន់សារ៉ា ដោយសំដីរាបសា។
នាងសារ៉ា តូចក្រោកឈរឡើង។ នាងចាប់ផ្ដើមមានអារម្មណ៍ថាខកចិត្ត ហាក់ដូចជានាងរងភាពអាម៉ាស់។ នាងងើយសម្លឹងមុខលោក ម៉ុនសៀ ឌូហ្វាហ្គី ជាមួយនឹងភ្នែកធំៗពណ៌បៃតងប្រផេះរបស់នាង ហើយភ្នែកនោះបង្ហាញពីភាពស្លូតត្រង់។ នាងដឹងថា លោកគ្រូនឹងយល់ពេលដែលនាងនិយាយ។ នាងចាប់ផ្ដើមពន្យល់ដោយសាមញ្ញ និងជាភាសាបារាំងយ៉ាងរអិល។ ម៉ាដាមស្ដាប់មិនយល់ទេ។ សារ៉ា ពិតជាមិនបានរៀនភាសាបារាំងទេ មិនបានរៀនពីសៀវភៅ ប៉ុន្តែប៉ាប៉ារបស់នាង និងមនុស្សផ្សេងទៀតតែងតែនិយាយភាសានេះជាមួយនាង ហើយនាងអាចអាន និងសរសេរបារាំងបានដូចជាភាសាអង់គ្លេសដែរ។ ប៉ាប៉ារបស់នាងស្រលាញ់ភាសានេះ ហើយនាងស្រលាញ់ភាសានេះព្រោះប៉ានាងស្រលាញ់។ នាងនឹងសប្បាយចិត្តដើម្បីរៀនអ្វីដែលលោកគ្រូ ម៉ុនសៀ នឹងបង្រៀននាង ប៉ុន្តែអ្វីដែលនាងព្យាយាមចង់ប្រាប់ម៉ាដាមនោះគឺ នាងចេះពាក្យក្នុងសៀវភៅនោះអស់ហើយ។
ពេលនាងចាប់ផ្ដើមនិយាយភាសាបារាំងកញ្ញា មីនជីន ចាប់ផ្ដើមស្រងាកចិត្ត និងអង្គុយសម្លឹងនាងតាមកញ្ចក់វ៉ែនតារបស់គាត់ ដោយការតូចចិត្តរហូតដល់នាងនិយាយចប់។ លោក ម៉ុនសៀ ឌូហ្វាហ្គី ចាប់ផ្ដើមញញឹម ហើយនោះជាស្នាមញញឹមដ៏រីករាយរបស់គាត់។ ដោយស្ដាប់សំឡេងក្មេងស្រីតូចដ៏ស្រស់ស្អាតនេះនិយាយជាភាសារបស់គាត់ដោយសាមញ្ញ និងគួរឲ្យស្រលាញ់ ធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ហាក់កំពុងនៅទឹកដីកំណើតរបស់គាត់ ខណៈថ្ងៃដែលងងឹត និងពោរពេញដោយអ័ភ្រនៅឡុងដុងពេលខ្លះប្រៀបបាននឹងភពមួយដ៏សែនឆ្ងាយ។ ពេលនាងនិយាយចប់គាត់យកសៀវភៅពីនាងមកដោយការសម្លឹងដោយក្ដីស្រលាញ់។ ប៉ុន្តែគាត់បាននិយាយទៅកាន់កញ្ញា មីនជីន។
“អូ! ម៉ាដាម ខ្ញុំមិនមានអ្វីច្រើនត្រូវបង្រៀននាងទេ។ នាងមិនបានរៀនភាសាបារាំងទេ នាងគឺជនជាតិបារាំង។ ការលើកដាក់សំឡេងរបស់នាងពិតជាល្អណាស់។” លោកនិយាយ។
“កូនគួរតែប្រាប់អ្នកគ្រូ” កញ្ញា មីនជីន ងាកទៅនិយាយដាក់ សារ៉ា។
“ខ្ញុំ ខ្ញុំបានព្យាយាមហើយ ខ្ញុំគិតថាខ្ញុំចាប់ផ្ដើមនិយាយមកមិនត្រូវ” សារ៉ា និយាយ។
កញ្ញាមីនជីន ដឹងថានាងបានព្យាយាមពន្យល់ហើយ ហើយនោះមិនមែនជាកំហុសរបស់នាងទេដែលនាងមិនត្រូវបានអនុញ្ញាតឲ្យពន្យល់។ ហើយនៅពេលនាងឃើញសិស្សកំពុងស្ដាប់នាង ហើយ ឡាវីនី និងជេស៊ី កំពុងសើចតិចៗនៅខាងក្រោយពួកគេពីវេយ្យាករណ៍ភាសាបារាំងរបស់សារ៉ា អ្នកគ្រូមានអារម្មណ៍ខឹង។
“ស្ងាត់ទៅក្មេងៗ! ស្ងាត់ឥឡូវនេះ!” នាងនិយាយដោយសំឡេងធ្ងន់ ហើយរៀបចំតុរបស់នាង។ ហើយចាប់ពីពេលនោះមកនាងមានអារម្មណ៍គុំគួននឹងសិស្សពិសេសរបស់នាង។
នៅព្រឹកថ្ងៃទីមួយពេលសារ៉ា អង្គុយនៅចំហៀងតុកញ្ញា មីនជីន នាងដឹងថាក្នុងថ្នាក់ទាំងមូលកំពុងតាមពិនិត្យមើលនាង មិនយូរប៉ុន្មាននាងបានកត់សម្គាល់ក្មេងស្រីតូចម្នាក់ដែលមានអាយុដំណាលនាង កំពុងសម្លឹងមកនាងដោយភ្នែកពណ៌ខៀវភ្លឺទាំងគូរបស់នាង។ នាងជាក្មេងស្រីធាត់ដែលមើលទៅមិនដូចជាក្មេងឆ្លាតទេ ប៉ុន្តែនាងជាក្មេងដែលមានមាត់ស្អាតតាមបែបធម្មជាតិ។ សក់អង្កាញ់ៗរបស់នាងត្រូវបានបួងចងដោយបូ ហើយនាងទាញចុងសក់មកដាក់ជុំវិញករបស់នាង និងខាងចុងខ្សែបូ ដោយដាក់កែងដៃនៅលើតុរបស់នាង ខណៈដែលនាងសម្លឹងទៅមិត្តរួមថ្នាក់ថ្មីរបស់នាងដោយការងឺងឆ្ងល់។ នៅពេលដែលលោក ម៉ុនសៀ ឌូហ្វាហ្គី ចាប់ផ្ដើមនិយាយជាមួយសារ៉ា នាងមើលទៅដូចជាភ័យខ្លាចបន្តិច ហើយពេលដែលសារ៉ាថយក្រោយបន្តិច សម្លឹងទៅគាត់ដោយភ្នែកស្លូតបូតរបស់នាង ដោយមិនខ្លាចអ្វីសោះ និងឆ្លើយជាភាសាបារាំង ក្មេងស្រីធាត់ឡើងមុខក្រហម ហើយភ្ញាក់ផ្អើលជាខ្លាំង។ ការជូតទឹកភ្នែកដោយអស់សង្ឃឹមជាច្រើនសប្ដាហ៍ក្នុងការប្រឹងប្រែងរបស់ដើម្បីទន្ទេញពាក្យ ម៉ាក់ និងប៉ា ជាភាសាបារាំង វាហាក់ដូចជាជ្រុលពេកសម្រាប់នាងពេលដែលបានស្ដាប់ក្មេងស្រីអាយុដំណាលនាងមិនត្រឹមតែចេះពាក្យទាំងនេះ ថែមទាំងអាចនិយាយបញ្ចូលជាមួយពាក្យផ្សេងទៀតបាន។
នាងសម្លឹងមកជាប់ ហើយខាំបូនៅលើស្មារបស់នាង មិនយូរប៉ុន្មានក៏ធ្វើឲ្យកញ្ញា មីនជីន ដែលទើបតែមានអារម្មណ៍មិនស្រួលមុនចាប់អារម្មណ៍ និងនិយាយឲ្យនាងភ្លាម។
“កូន អេសធី ចន! កូនធ្វើបែបនោះមានន័យយ៉ាងម៉េច? ដកកែងដៃចេញ ហើយយកបូចេញពីមាត់កូនទៅ! អង្គុយឲ្យត្រង់ខ្លួន!” នាងនិយាយសង្កត់សំឡេង។
ពេលនោះ អេសធី ចន ថ្លោះទឹកមុខម្ដងទៀត ហើយពេលដែលឡាវីនី និងជេស៊ី ខ្សឹបគ្នាសើចមុខរបស់នាងកាន់តែក្រហមឡើង ក្រហមច្រាល ដែលមើលទៅទឹកភ្នែកហាក់កំពុងច្រាលចេញមកក្នុងកែវភ្នែកដ៏កម្សត់របស់នាង ហើយសារ៉ា ឃើញនាងក្នុងសភាពបែបនោះក៏មានចិត្តអាណិតនាងដែលធ្វើឲ្យនាងមានចិត្តចង់ធ្វើជាមិត្តរបស់អេសធី ចន។ នោះជាចរិតរបស់នាងដែលតែងតែចង់ចូលទៅជួយនរណាម្នាក់ដែលត្រូវគេធ្វើឲ្យមានបញ្ហា ឬមិនសប្បាយចិត្ត។
ប៉ារបស់សារ៉ា ធ្លាប់និយាយថា “ប្រសិនបើសារ៉ា ជាបុរសហើយរស់នៅកាលពីប៉ុន្មានសតវត្សមុន នាងនឹងដើរជុំវិញប្រទេសដោយកាន់ដាវរបស់នាងដើម្បីជួយសង្គ្រោះ និងការពារអ្នកគ្រប់គ្នាដែលរងទុក្ខ។ នាងតែងតែចង់ប្រយុទ្ធពេលឃើញមនុស្សមានបញ្ហា។”
ដូច្នោះហើយនាងពេញចិត្តនឹងអេសធី ចន ក្មេងស្រីតូចយឺត ហើយធាត់ និងសម្លឹងទៅមើលនាងពេញមួយព្រឹក។ សារ៉ា មើលឃើញថា មេរៀនមិនមែនជារឿងស្រណុកសម្រាប់នាងទេ ហើយនាងមិនមែនជាក្មេងមកស្នាក់ពិសេសដែលត្រូវបានគេទម្រើសនោះទេ។ មេរៀនបារាំងរបស់នាងគឺជារឿងគួរឲ្យអស់សំណើច។ ការអានរបស់នាងធ្វើឲ្យលោក ម៉ុនសៀ ឌូហ្វាហ្គី ញញឹមម្នាក់ឯង ហើយឡាវីនី និងជេស៊ី និងក្មេងផ្សេងទៀតដែលមានសំណាងខ្សឹបគ្នាសើច ឬសម្លឹងទៅនាងដោយការងឺឆ្ងល់។ ប៉ុន្តែសារ៉ា មិនសើចទេ។ នាងព្យាយាមធ្វើដូចជានាងមិនបានឮពេល អេសធី ចន អានភាសាបារាំង ហើយធ្វើឲ្យនាងមានចិត្តអាណិតពេលឮ និងឃើញទឹកមុខក្មេងកម្សត់នោះ។
“វាពិតជាមិនគួរឲ្យអស់សំណើចទេ ពួកគេមិនគួរសើចសោះ។ នាងនិយាយនឹងខ្លួនឯង ពេលដែលនាងបើកសៀវភៅរបស់នាង។
ពេលដែលចប់ម៉ោងរៀន ហើយក្មេងៗជួបជុំគ្នាជាក្រុមជជែកគ្នាលេង សារ៉ាសម្លឹងរក អេសធី ចន ហើយឃើញនាងអង្គុយនៅតុជាប់មាត់បង្អួច នាងដើរទៅរកគេហើយនិយាយ។ នាងគ្រាន់តែនិយាយតាមរបៀបជាក្មេងស្រីដែលតែងតែនិយាយគ្នាពេលចាប់ផ្ដើមការជជែក ប៉ុន្តែមានអ្វីម្យ៉ាងដែលល្អ និងរាក់ទាក់ពីសារ៉ា ហើយគ្រប់គ្នាតែងតែមានអារម្មណ៍យល់ពីរឿងនេះ។
“ឯងឈ្មោះអី? នាងនិយាយ។
“ខ្ញុំឈ្មោះ អេមេនហ្គាដ អេសធី ចន” នាងឆ្លើយ។
“ខ្ញុំឈ្មោះសារ៉ា គ្រូវី។ ឈ្មោះនាងពីរោះណាស់។ ស្ដាប់ទៅដូចជាសៀវរឿង។” សារា និយាយ។
“ឯងចូលចិត្តទេ ខ្ញុំ ខ្ញុំចូលចិត្តឈ្មោះរបស់ឯង។” អេមេនហ្គាដ ដែលត្រូវបានបញ្ជោរនិយាយ។
បញ្ហាធំក្នុងជីវិតរបស់ អេសធី ចន គឺថា នាងមានប៉ាដ៏វៃឆ្លាត។ ពេលខ្លះធ្វើឲ្យនាងមានអារម្មណ៍នេះជារឿងគួរឲ្យខ្លាច។ ពេលដែលអ្នកមានប៉ាដែលដឹងរឿងគ្រប់យ៉ាង អាចនិយាយបានប្រាំពីរ ឬប្រាំបីភាសា ហើយមានអត្ថបទចុះផ្សាយរាប់ពាន់ដែលគាត់រៀនមកដោយបេះដូង យ៉ាងហោចណាស់គាត់រំពឹងថាកូនគាត់អាចយល់មេរៀនក្នុងសៀវភៅ។ លោក អេសធី ចន មិនយល់ទាល់តែសោះថា ម៉េចក៏កូនរបស់គាត់ ជាក្មេងដែលមិនឆ្លាត និងមិនដែលពូកែនឹងរឿងអ្វីមួយសោះ។
“ទេវតាអើយ! មានពេលខ្លះខ្ញុំគិតថា នាងល្ងង់ដូចជាមីងរបស់នាង អេលីហ្សា!” ប៉ារបស់នាងនិយាយពាក្យនេះច្រើនដងហើយ។
មីងរបស់នាង អេលីហ្សា រៀនយឺត ហើយភ្លេចលឿន ហើយអេមេនហ្គាដគឺដូចជាមីងរបស់នាង។
“ត្រូវតែបង្ខំនាងឲ្យរៀន” ប៉ារបស់នាងបាននិយាយនឹងកញ្ញា មីនជីន។
ជាញឹកញាប់នៅក្នុងជីវិតរបស់នាង អេមេនហ្គាដ ជួបនឹងរឿងអាម៉ាស់ ឬទឹកភ្នែក។ នាងរៀនអ្វីហើយ ក៏ភ្លេចទៅវិញ ប្រសិនបើនាងចាំរឿងទាំងនោះ នាងនៅតែមិនយល់អត្ថន័យ។ ដូច្នេះហើយនោះជារឿងធម្មជាតិដែលនាងបានជជែកជាមួយ សារ៉ា នាងអង្គុយហើយមើលគេដោយសេចក្ដីស្រលាញ់ដ៏ជ្រាលជ្រៅ។
“ឯងនិយាយភាសាបារាំងបាន ត្រូវទេ?” នាងនិយាយដោយគោរព។
សារ៉ា ឡើងលើកៅអីនៅជាប់បង្អួចដែលជាកៅអីធំនិងជ្រៅ នាងបញ្ឈរជង្គង់ ហើយអង្គុយដោយយកដៃឱបក្បាលជង្គង់របស់នាង។
“ខ្ញុំអាចនិយាយបាន ព្រោះខ្ញុំបានស្ដាប់វារហូតមក ឯងក៏អាចនិយាយបានដែរបើឯងបានស្ដាប់រហូតមកដូចជាខ្ញុំ។” នាងឆ្លើយ។
“អូ ទេ ខ្ញុំនិយាយមិនបានទេ ខ្ញុំមិនដែលនិយាយវាបានទេ។” អេមេនហ្គាដ និយាយ។
“ហេតុអី?” សារ៉ា សួរដោយចង់ដឹង។
“ឯងបានស្ដាប់ខ្ញុំហើយមិញនេះ ខ្ញុំតែងតែបែបនោះ ខ្ញុំនិយាយពាក្យបារាំងមិនបានទេ វាពិបាកណាស់។” នាងនិយាយដោយគ្រវីក្បាល។
នាងឈប់និយាយមួយភ្លែត ទើបបន្ថែមទៀតដោយប្ដូរសំឡេង៖
“ឯងឆ្លាតណាស់ មែនទេ?”
សារ៉ា មើលទៅក្រៅបង្អួចមើលខ្យល់បក់ប៉ះស្លឹក និងមែកឈើឲ្យរេរាំ ហើយច្រានទម្លាក់ទឹកពីស្លឹកមកដីខ្ទរសំឡេងច្រាវៗ។ នាងរកនឹកបន្តិច ព្រោះនាងធ្លាប់ឮគេនិយាយជាញឹកញាប់ថានាង ឆ្លាត ហើយនាងឆ្ងល់ថា តើនាងឆ្លាតមែនទេ ហើយបើនាងឆ្លាតមែន តើភាពឆ្លាតនេះកើតឡើងបានដោយរបៀបណា។
“ខ្ញុំមិនដឹងទេ ខ្ញុំប្រាប់មិនកើត។” បន្ទាប់មកដោយឃើញទឹកមុខស្រពោននៅលើផ្ទៃមុខមូលក្រម៉ាប់ៗ នាងសើចបន្តិច ហើយក៏ប្ដូរប្រធានបទ។
“ឯងចង់ជួប អ៊េមីលី ទេ?” នាងសួរ។
“អ៊េមីលី ជាអ្នកណា?” អេមេនហ្គាដ សួរ ដូចជាកញ្ញា មីនជីន បានសួរដែរ។
“ទៅបន្ទប់ខ្ញុំ នឹងជួបហើយ” សារ៉ា និយាយហើយកាន់ដៃនាងចេញទៅ។
ពួកគេលោតចុះពីកៅអីនៅជាប់បង្អួចទាំងអស់គ្នា ហើយឡើងទៅជាន់ខាងលើ។
“តើពិតទេ…ពិតទេដែលបងមានបន្ទប់មួយសម្រាប់លេងតែម្នាក់ឯង?” អេមេនហ្គាដ ខ្សឹបពេលពួកគេដើរកាត់សាល។
“មែនហើយ ប៉ាប៉ាសុំកញ្ញា មីនជីន ឲ្យខ្ញុំមានបន្ទប់លេងមួយ ព្រោះ អឺ! គឺព្រោះពេលខ្ញុំលេង ខ្ញុំបង្កើតរឿង ហើយនិយាយប្រាប់ខ្លួនឯង ហើយខ្ញុំមានអារម្មណ៍ថាមិនចង់ឲ្យគេស្ដាប់ខ្ញុំទេ។ វាធ្វើឲ្យខូចសាច់រឿងប្រសិនបើខ្ញុំគិតថាមានគេស្ដាប់។” សារ៉ា ឆ្លើយ។
ពួកគេបានមកដល់ផ្លូវទៅបន្ទប់របស់ សារ៉ា ហើយនៅពេលនេះ ហើយអេមេនហ្គាដ ឈប់បន្តិច សម្លឹងនាង ហើយដកដង្ហើមញាប់។
“ឯងបង្កើតរឿង! បងអាចធ្វើបានដូចនិយាយភាសាបារាំងទេ? អាចទេ?”
សារ៉ា មើលទៅនាងដោយភាពភ្ញាក់ផ្អើលធម្មតា។
“យ៉ាងម៉េច? អ្នកណាក៏អាចបង្កើតរឿងបានដែរ ឯងធ្លាប់សាកល្បងទេ?”
នាងដាក់ដៃរបស់នាងលើដៃរបស់ អេមេនហ្គាដ ដោយភាពកក់ក្ដៅ។
“យើងទៅទ្វារស្ងាត់ៗ ហើយខ្ញុំនឹងបើកទ្វាឲ្យលឿន យើងប្រហែលជាចាប់នាងបាន។” សារ៉ា ខ្សឹប។
នាងស្ទើរសើចស្ទើរអត់ ប៉ុន្តែក្នុងខ្សែភ្នែករបស់នាងមានអាថ៌កំបាំងមួយដែលទាក់ទាញចិត្ត អេមេនហ្គាដ ទោះបីជានាងមិនដឹងថាគំនិតមានន័យយ៉ាងម៉េច ឬនាងចង់ចាប់អ្នកណា ឬហេតុអ្វីនាងចង់ចាប់គេក៏ដោយ។ ទោះរឿងនោះមានន័យយ៉ាងណាក៏ដោយ អេមេនហ្គាដ ច្បាស់ថា នោះជារឿងដែលរំភើបនិងសប្បាយមិនខាន។ ដូច្នេះជាមួយនឹងការរំពឹងដ៏រំភើប នាងដើរតាមសារ៉ា ដោយប្រើចុងជើង តាមបណ្ដោយផ្លូវទៅ។ ពួកគេមិនធ្វើឲ្យឮសំឡេងសូម្បីតែបន្តិចរហូតទៅដល់ទ្វារ។ បន្ទាប់មកសារ៉ា ទាញបង្កាន់ដៃទ្វារ ហើយបើកទ្វារឲ្យធំ។ ទ្វារបើកចំហបង្ហាញពីបន្ទប់ដែលមានរបៀប និងស្ងាត់ឈឹង ភ្លើងបើកមិនឲ្យចាំងខ្លាំងក្នុងបន្ទប់ ហើយតុក្កតាដ៏ស្រស់ស្អាតកំពុងអង្គុយនៅលើកៅអីមើលទៅរូបរាងទំនងដូចជាកំពុងអានសៀវភៅ។
“អូ! នាងមកកៅរបស់នាងវិញមុនពេលយើងអាចមើលនាងឃើញ ត្រូវហើយពួកគេតែងតែធ្វើយ៉ាងនេះ ពួកគេលឿនដូចជាផ្លេកបន្ទោរអីចឹង។” សារ៉ា បង្ហាញពីក្ដីរំភើប។
អេមេនហ្គាដ សម្លឹងនាង ហើយសម្លឹងតុក្កតា រួចសម្លឹងនាងវិញ។
“គេចេះដើរ?” នាងសួរដោយមិនដកដង្ហើម។
“ត្រូវហើយ យ៉ាងហោចណាស់ខ្ញុំជឿថានាងអាចដើរបាន។ យ៉ាងហោចណាស់ខ្ញុំធ្វើពត់ជាជឿថានាងចេះដើរ។ ហើយធ្វើឲ្យវាហាក់ដូចជាការពិត។ ឯងមិនធ្លាប់ប្រឌិតរឿងអីមួយទេ?” សារ៉ា ឆ្លើយ។
“ទេ មិនធ្លាប់ទេ ខ្ញុំ … ប្រាប់ខ្ញុំពីរឿងនោះមក។” អេមេនហ្គាដ និយាយ។
នាងពិតជានឹកស្មានមិនដល់ពីរឿងចម្លែកនេះ សមាជិកថ្មីដែលសម្លឹង សារ៉ា មិនដាក់ភ្នែក ជំនួសឲ្យការសម្លឹងមើលអ៊េមីលី ទោះបីដឹងថានោះជាតុក្កតាដែលស្រស់ស្អាត និងទាក់ទាញបំផុតដែលនាងមិនធ្លាប់ឃើញក៏ដោយ។
“យើងអង្គុយចុះសិនទៅ ហើយខ្ញុំនឹងប្រាប់ឯង។ រឿងនេះស្រួលណាស់ហើយពេលឯងចាប់ផ្ដើមហើយឯងនឹងមិនអាចឈប់បាន។ ហើយនឹងធ្វើវាបន្តជាប់ជានិច្ច ហើយវាពិតជាអស្ចារ្យ។ អ៊េមីលី ឯងត្រូវតែស្ដាប់ នេះគឺ អេមេនហ្គាដ អេសធី ចន។ អេមេនហ្គាដ នេះគឺអ៊េមីលី។ ឯងចង់ឱបនាងទេ?”
“អូ! ខ្ញុំអាចឱបបានមែន? ពិតមែន? នាងស្អាតខ្លាំងណាស់!” អេមេនហ្គាដ និយាយ ហើយអ៊េមីលី ក៏បាននៅក្នុងរង្វង់ដៃនាង។
នៅក្នុងជីវិតដ៏ខ្លីរបស់នាងក្នុងពេលកន្លងមក អេសធី ចន មិនដែលមានពេលវេលាដូចពេលដែលនាងបាននៅជាមួយមិត្តរួមថ្នាក់ថ្មីរបស់នាងនោះទេ មុនពេលពួកគេឮសំឡេងកណ្ដឹងអាហារថ្ងៃត្រង់រោទ៍ និងត្រូវចុះទៅជាន់ក្រោម។
ពួកគេអង្គុយក្នុងបន្ទប់របស់សារ៉ា ហើយព្រះនាងតូចនេះចាប់ផ្ដើមនិយាយរឿងជាច្រើនពីការធ្វើដំណើរតាមសមុទ្រ និងរឿងនៃប្រទេសឥណ្ឌា ប៉ុន្តែអ្វីដែលទាក់ទាញចិត្ត អេមេនហ្គដាដ បំផុតនោះគឺ រឿងតុក្កតាដែលចេះដើរ ចេះនិយាយ ហើយអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើពេលមនុស្សមិននៅក្នុងបន្ទប់ ប៉ុន្តែពួកគេត្រូវរក្សាអានុភាពនេះជាអាថ៌កំបាំងរបស់ពួកគេ ហើយត្រូវហោះត្រលប់មកកន្លែងរបស់ពួកគេវិញលឿនដូចជាផ្លេកបន្ទោរពេលដែលមនុស្សត្រលប់មកបន្ទប់វិញ។
“យើងមិនអាចធ្វើយ៉ាងនោះបានទេ ឯងឃើញទេ នោះគឺជាវេទមន្ត។” សារ៉ា និយាយដោយមុខមាំ។
នៅពេលនាងនិយាយពីរឿងស្វែងរកអ៊េមីលី ពេលនោះ អេមេនហ្គាដ ឃើញទឹកមុខនាងផ្លាស់ប្ដូរ។ មើលទៅហាក់មានពពកបក់កាត់ផ្ទៃមុខ ហើយបន្សល់ទុកពន្លឺនៅលើភ្នែកទាំងសងរបស់នាង។ នាងដកដង្ហើមយ៉ាងវែងដែលមើលទៅគួរឲ្យអស់សំណើច នាងបន្លឺសំឡេងបន្តិច ហើយក៏បិទមាត់ទៅវិញ ហើយបន្ទាប់មកផ្អឹបបបូរមាត់ទល់គ្នាយ៉ាងណែន ហាក់ដូចជានាងកំពុងគិតថា តើត្រូវធ្វើអ្វីមួយឬមិនត្រូវធ្វើ។
“ឯងឈឺមែនទេ?” អេមេនហ្គាដ សួរ។
“ត្រូវហើយ ប៉ុន្តែមិនមែននៅក្នុងខ្លួនខ្ញុំទេ។” សារ៉ា ឆ្លើយក្រោយស្ងាត់មួយភ្លែត។ បន្ទាប់មកនាងនិយាយបន្តដោយសំឡេងស្រាល៖
“តើឯងស្រលាញ់ប៉ារបស់ឯងជាងអ្វីទាំងអស់ក្នុងលោកនេះទេ?”
អេមេនហ្គាដ ចំហមាត់បន្តិច។ នាងដឹងថា នោះជារឿងដ៏អស្ចារ្យដែលក្មេងស្រលាញ់ប៉ារបស់គេ ហើយនឹងធ្វើអ្វីគ្រប់យ៉ាង ទោះបីជាត្រូវគេទុកឲ្យនៅតែម្នាក់ឯងនៅទីនេះក៏ដោយ។ នាងពិតជាអៀននឹងខ្លួនឯង។
“ខ្ញុំខ្លាចណាស់ពេលខ្ញុំឃើញគាត់។ គាត់តែងតែអង្គុយក្នុងបណ្ណាល័យអានសៀវភៅ។” នាងនិយាយ។
“ខ្ញុំស្រលាញ់ប៉ាខ្ញុំជាងអ្វីទាំងអស់ក្នុងលោកនេះដប់ដង នោះគឺជាការឈឺចាប់របស់ខ្ញុំ គាត់ទៅឆ្ងាយហើយ។”
នាងដាក់ដៃរបស់នាងថ្នមៗទៅលើជង្គង់តូចៗរបស់នាង ហើយអង្គុយស្ងៀមពីរបីនាទី។
“នាងនឹងស្រែកយំខ្លាំងៗមិនខាន” អេមេនហ្គាដ គិតក្នុងចិត្តដោយភ័យខ្លាច។
ប៉ុន្តែនាងមិនយំទេ បន្តិចក្រោយមកទើបនាងនិយាយដោយមិនងើយមុខ។
“ខ្ញុំសន្យានឹងគាត់ថា ខ្ញុំនឹងទ្រាំ ហើយខ្ញុំនឹងធ្វើ។ យើងត្រូវតែទ្រាំនឹងរឿងរ៉ាវ។ គិតពីអ្វីដែលទាហានទ្រាំ! ប៉ាប៉ាគឺជាទាហាន។ ប្រសិនបើមានសង្គ្រាមកើតឡើងគាត់នឹងត្រូវទ្រាំនឹងការធ្វើដំណើរ ស្រែកទឹក ហើយអាចនឹងមានរបួសធ្ងន់។ ហើយគាត់នឹងមិននិយាយអ្វីទេ សូម្បីមួយពាក្យ។”
អេមេនហ្គាដ បានត្រឹមសម្លឹងមើលនាង ប៉ុន្តែនាងមានអារម្មណ៍ថា នាងចាប់ផ្ដើមស្រលាញ់ សារ៉ា។ នាងស្រស់ស្អាត ហើយខុសប្លែកពីក្មេងដទៃទៀត។
ភ្លាមនោះនាងងើបមុខឡើង ហើយញញឹមបន្តិច។
“ប្រសិនបើខ្ញុំនិយាយហើយនិយាយទៀត ហើយប្រាប់ឯងពីរឿងធ្វើពត់ ឬប្រឌិតរឿង ខ្ញុំនឹងទ្រាំបានល្អជាងនេះ។ ខ្ញុំមិនភ្លេចទេ តែខ្ញុំអាចទ្រាំបានស្រួលជាងនេះ។”
អេមេនហ្គាដ មិនដឹងថាហេតុអ្វីនាងអួលដើមក ហើយភ្នែករបស់នាងហាក់ដូចជាច្រាលពេញដោយទឹកភ្នែក។
“ឡាវីនី និងជេស៊ី គឺជាមិត្តល្អបំផុត ខ្ញុំបន់ឲ្យពួកយើងអាចក្លាយជាមិត្តល្អបំផុត។ ឯងអាចយកខ្ញុំធ្វើជាមិត្តបានទេ? ឯងឆ្លាត ហើយខ្ញុំជាក្មេងល្ងង់ជាងគេក្នុងសាលា ប៉ុន្តែខ្ញុំ អឺ ខ្ញុំពិតជាចូលចិត្តឯង!” នាងនិយាយដោយរអាក់រអួល។
“ខ្ញុំពិតជាពេញចិត្ត។ យើងសប្បាយចិត្តពេលដែលគេចូលចិត្តយើង។ ត្រូវហើយ ពួកយើងនឹងក្លាយជាមិត្តល្អ! ហើយខ្ញុំប្រាប់ឯងរឿងមួយ ខ្ញុំអាចជួយឯងបានសម្រាប់មេរៀនភាសាបារាំងរបស់ឯង!” សារ៉ា និយាយ ខណៈដែលមុខនាងឡើងក្រហម។
ប្រសិនបើសារ៉ា ជាក្មេងប្រភេទផ្សេងវិញ ជីវិតដែលនាងឆ្លងកាត់នៅសិក្ខាសាលារបស់កញ្ញា មីនជីន សម្រាប់រយៈពេលដប់ឆ្នាំទៀត នឹងមិនល្អសម្រាប់នាងទេ។ នាងត្រូវបានគេទទួលរាក់ទាក់នៅនៅសាលាហាក់ដូចជាភ្ញៀវកិត្តិយសមិនមែនសិស្សដែលមកស្នាក់នៅដើម្បីរៀនទេ។ ប្រសិនបើនាងជាក្មេងដែលមានចរិតរឹងរូស និងកាច នាងប្រហែលជារករឿងគេឯង និងមិនអាចទ្រាំបានពេលគេចំអក និងនិយាយបញ្ចើច។ ប្រសិនបើនាងជាក្មេងមិនមានចំណង់នឹងការសិក្សា នាងនឹងមិនបានរៀនចេះអ្វីនោះឡើយ។ កញ្ញាមីនជីន មិនចូលចិត្តនាងជាសំងាត់ ប៉ុន្តែនាងជាមនុស្សឆ្លាតដែលមិនធ្វើអ្វីឲ្យកូនសិស្សរបស់នាងមិនសប្បាយចិត្ត ហើយចាកចេញពីសាលារបស់នាងនោះទេ។ នាងដឹងច្បាស់ថា ប្រសិនបើ សារ៉ា សរសេរសំបុត្រទៅប៉ារបស់នាងប្រាប់គេថា នាងមិនស្រណុកចិត្ត ឬមិនសប្បាយចិត្តនោះ លោកកាពីទេន គ្រូវី នឹងដកនាងចេញពីសាលានេះភ្លាម។ គំនិតរបស់កញ្ញា មីនជីន គឺថា ប្រសិនបើក្មេងត្រូវបានគេសរសើរជាបន្ត និងមិនហាមពួកគេមិនឲ្យធ្វើអ្វីដែលពួកគេចូលចិត្តនោះ ពួកគេនឹងពេញចិត្តនឹងកន្លែងដែលពួកគេនៅ។ ទន្ទឹមនឹងនោះ សារ៉ា ត្រូវបានគេសរសើរចំពោះការធ្វើកិច្ចការសាលាលឿន ចរិតល្អ ការចុះសម្រុងរបស់នាងជាមួយមិត្តរួមថ្នាក់ ទឹកចិត្តល្អរបស់នាងដែលពេលខ្លះប្រាក់នៅកាបូបរបស់នាង នាងឲ្យទៅអ្នកសុំទានទាំងអស់ដោយមិនទុកមួយសេន។
……………………………………………
ព្រះនាងតូច (ភាគទី៣)
ពេលវេលាចេះតែដើរទៅមុខ សារ៉ា បានប្រាប់រឿងរ៉ាវជាច្រើនទាំងរឿងពិបាកចិត្ត និងរឿងពិតពីខ្លួននាង និងកាលៈទេសៈរបស់នាងដល់ អេមេនហ្គាដ ហើយពេលនេះនាងបានប្រាប់ពីរឿងទាំងនេះ៖
“រឿងជាច្រើនកើតឡើងចំពោះមនុស្សដោយចៃដន្យ។ រឿងល្អៗជាច្រើនបានកើតឡើងចំពោះខ្ញុំ។ គឺវាកើតឡើងដោយខ្ញុំតែងតែចូលចិត្តមេរៀន និងសៀវភៅ ហើយខ្ញុំអាចចងចាំរឿងជាច្រើនពេលដែលខ្ញុំបានរៀនវាហើយ។ វាកើតឡើងដែលខ្ញុំកើតមកមានប៉ាអស្ចារ្យ ចិត្តល្អ និងឆ្លាត ហើយអាចឲ្យខ្ញុំគ្រប់យ៉ាងដែលខ្ញុំចូលចិត្ត។ ខ្ញុំប្រហែលជាមានចរិតមិនស្លូតទេ ប៉ុន្តែពេលដែលយើងមានអ្វីគ្រប់យ៉ាង ហើយគ្រប់គ្នាធ្វើល្អចំពោះយើង តើយើងម៉េចនឹងអាចមានចរិតកាច និងអាក្រក់បានទៅ? ខ្ញុំមិនដឹងទេ ថាខ្ញុំគឺជាក្មេងល្អ ឬក្មេងអាក្រក់។ ខ្ញុំប្រហែលជាក្មេងកាចអាក្រក់ ហើយគ្មាននរណាដឹង នោះគឺព្រោះតែខ្ញុំមិនធ្លាប់មានរឿង។”
“ឡាវីនី មិនដែលមានរឿងទេ ប៉ុន្តែនាងពិតជាកាច។” អេមេនហ្គាដ និយាយ។
សារ៉ា ញីចុងច្រមុះពេលដែលនាងគិតពីបញ្ហានេះ។
“អូ! នោះប្រហែល ប្រហែលជាដោយសារ ឡាវីនី កំពុងធំ។”
គំនិតនេះគឺដោយសារនាងនឹកឃើញដល់កាលដែលកញ្ញា អាម៉េឡា និយាយថា ឡាវីនី កំពុងធំលឿនណាស់ ហើយគាត់ជឿថាការដែលក្មេងកំពុងធំបែបនេះនឹងប៉ះពាល់ដល់សុខភាព និងអត្តចរិត។
តាមពិត ឡាវីនី ជាក្មេងចិត្តច្រើន។ នាងច្រណែននឹងសារ៉ា ដោយមិនបង្ហាញឲ្យគេដឹង។ មុនពេលដែលមិត្តរួមថ្នាក់ថ្មីនេះមកដល់ នាងមានអារម្មណ៍ថានាងជាអ្នកដឹកនាំនៅក្នុងសាលា។ នាងអាចដឹកនាំបានព្រោះនាងបានធ្វើឲ្យខ្លួននាងកាចខ្លាំងប្រសិនបើមានក្មេងណាម្នាក់មិនព្រមស្ដាប់តាមនាង។ នាងស្អាតហើយមានសំលៀកបំពាក់ស្អាតជាងគេនៅពេលដែលដើរចូលរៀនតាមជួរពីរៗ រហូតដល់ពេលសារ៉ា មកជាមួយនឹងការនិយាយតៗគ្នា និងការស្លៀកពាក់របស់នាងដែលហួសពីអ្វីគេធ្លាប់ឃើញក្មេងៗស្លៀកពាក់នោះ ថែមទាំងដើរនៅជួរមុខទន្ទឹមជាមួយកញ្ញា មីនជីន ទៀតនោះអ្វីៗចំពោះឡាវីនី ហាក់មិនដូចមុន។
នៅចំណុចចាប់ផ្ដើមនេះ គឺជារឿងមិនសប្បាយចិត្តណាស់ទៅហើយ ប៉ុន្តែពេលវេលាចេះតែបន្តទៅមុខ អ្វីដែលគេអាចមើលឃើញនោះ សារ៉ា ក៏ជាអ្នកដឹកនាំដែរ ហើយមិនព្រោះតែនាងកាចនោះទេ ប៉ុន្តែព្រោះតែនាងមិនដែលធ្វើកាច។
“មានរឿងមួយពី សារ៉ា គ្រូវី ។ នាងមិនដែលអួតពីខ្លួនឯងសូម្បីតែបន្តិច ឯងដឹងហើយ ឡាវី ថាគេអាចអួតបាន។ ខ្ញុំជឿថាខ្ញុំប្រាកដជាមិនដូចនាងទេ ប្រសិនបើខ្ញុំមានរបស់ជាច្រើន ហើយត្រូវគេផ្គាប់ផ្គន់បែបនោះ។ វាពិតជាគួរឲ្យខ្ពើមណាស់ពេលដែលកញ្ញា មីនជីន អួតពីនាងនៅពេលប៉ាម៉ាក់មក។” ជេស៊ី និយាយធ្វើឲ្យ ឡាវីនី កាន់តែខឹង។
“សារ៉ា ជាទីស្រលាញ់កូនត្រូវតែទៅបន្ទប់គូររូប ហើយនិយាយពីប្រទេសឥណ្ឌាប្រាប់អ្នកស្រី ម៉ាស្គ្រេវ ។ សារ៉ា ជាទីស្រលាញ់ កូនត្រូវនិយាយភាសាបារាំងជាមួយអ្នកស្រី ភីតឃីន។ ការលើកដាក់សំឡេងរបស់នាងល្អណាស់ នាងមិនរៀនភាសាបារាំងនៅសាលាទេ បន្តិចក៏អត់ដែរ។ នាងនិយាយថានាងមិនបានរៀនវាទេ នាងគ្រាន់តែចាំបាន ព្រោះនាងតែងតែស្ដាប់ប៉ាប៉ារបស់នាងនិយាយ។” ឡាវីនី និយាយបែបជម្រេញ នៅក្នុងអារម្មណ៍ខឹងកញ្ញា មីនជីន បំផុត។ នាងបន្ត៖
“ហើយប៉ារបស់នាងគ្មានអ្វីអស្ចារ្យទេ គ្រាន់តែជាមន្ត្រីជនជាតិឥណ្ឌាតែប៉ុណ្ណោះ។”
“អូ! គាត់សម្លាប់ខ្លា។ ស្បែកខ្លាដែលសារ៉ា មាននៅក្នុងបន្ទប់រៀននោះគឺគាត់ជាអ្នកសម្លាប់។ អីចឹងហើយបានជានាងស្រលាញ់វាណាស់។ នាងគេងលើវា ហើយអង្អែលក្បាលវា និងនិយាយជាមួយវាប្រៀបបានវានោះជាឆ្មាមួយក្បាល។” ជេស៊ី និយាយយឺតៗ។
“នាងតែងតែធ្វើរឿងឆ្កួតៗ ម៉ាក់ខ្ញុំនិយាយថារបៀបដែលនាងប្រឌិតរឿងគឺជារឿងឆ្កួតៗ ម៉ាក់ថានាងនឹងធំឡើងក្លាយជាមនុស្សខុសគេ។” ឡាវីនី និយាយពេបមាត់។
ជាការពិតណាស់ដែលថា សារ៉ា មិនចេះអួត។ នាងជាក្មេងរួសរាយ ហើយចែករំលែករបស់របរនាងជាមួយនឹងក្មេងដែលមិនមានអ្វីសោះ។ ក្មេងៗដែលទម្លាប់នឹងការដែលត្រូវគេបញ្ជាពីមុខពីក្រោយដោយក្មេងវ័យដប់ និងដប់ពីរឆ្នាំ មិនដែលត្រូវបាននាងធ្វើឲ្យយំទេ។ នាងជាក្មេងមានចរិតដូចជាម្ដាយ នៅពេលដែលមានក្មេងណាដួលហើយស្រែកយំឱបជង្គង់ នាងរត់ទៅហើយជួយលើកពួកគេឡើង និងជួយលួង ឬរកមើលអ្វីនៅក្នុងហោប៉ៅរបស់នាងដែលធម្មជាតិរបស់ក្មេងចូលចិត្ត។
……………………………
ក្មេងៗជាច្រើនស្រលាញ់ សារ៉ា។ គេដឹងថានាងធ្លាប់ធ្វើកម្មវិធីជប់លៀងញ៉ាំតែនៅក្នុងបន្ទប់របស់នាងច្រើនដង។ ហើយអ៊េមីលី ត្រូវបានពួកគេយកមកលេងជាមួយ អ៊េមីលី ត្រូវបានគេបម្រើទឹកតែជាមួយនឹងពែងដែលគេដាក់ស្ករច្រើន ហើយមានផ្កាពណ៌ខៀវនៅពីលើនោះ។ គ្មាននរណាធ្លាប់ឃើញទឹកតែរបស់តុក្កតាបែបនោះទេ។ ចាប់ពីរសៀលនោះមក សារ៉ា ត្រូវក្មេងៗចាត់ទុកដូចជាព្រះនាងតូច។
ឡូទី ឡេហ្គ គោរពនាងខ្លាំងណាស់ ប្រសិនបើ សារ៉ា មិនមែនជាក្មេងដែលមានចរិតដូចម្ដាយនោះទេ នាងប្រាកដជាយល់ថាខ្លួនឯងជាក្មេងអស់សង្ឃឹម។ ឡូទី ត្រូវបានប៉ារបស់នាងដែលមិនសូវជាគិតបានវែងឆ្ងាយក្នុងវ័យក្មេងរបស់គាត់បញ្ជូននាងទៅសាលា ដោយមិនដឹងដោះស្រាយយ៉ាងណាជាមួយនាង។ ម្ដាយវ័យក្មេងរបស់នាងបានស្លាប់ ហើយជាក្មេងដែលត្រូវបានគេបីបាច់ដូចជាតុក្កតាសំណព្វចិត្ត ឬស្វាចិញ្ចឹមដ៏ទម្រើសចាប់តាំងពីវិនាទីទីមួយនៃជីវិតរបស់នាងមកនោះ នាងជាក្មេងមានចរិតឆ្នាស់សម្បើមណាស់។ ពេលនាងចង់បានអ្វី ឬមិនចង់បានអ្វីនាងប្រាកដជាបង្ករឿង ហើយជាធម្មតានាងតែងតែចង់បានរបស់ដែលនាងមិនអាចយកបាន ហើយមិនចង់បានរបស់ដែលល្អបំផុតសម្រាប់នាង សំឡេងតូចរបស់នាងនឹងឮខ្ទរពេញផ្ទះ ឬដល់ផ្ទះផ្សេងទៀតពេលនាងមិនត្រូវចិត្ត។
អាវុធដ៏ខ្លាំងបំផុតរបស់នាងគឺអាថ៌កំបាំងដែលនាងដឹងថា ក្មេងស្រីតូចដែលកំព្រាម្ដាយគឺជាក្មេងគួរឲ្យអាណិត និងត្រូវទទួលការមើលថែឲ្យបានល្អ។ នាងប្រហែលជាធ្លាប់ឮមនុស្សពេញវ័យនិយាយពីរឿងនាងពីមុនមក ក្រោយពេលម្ដាយរបស់នាងស្លាប់។ ដូច្នេះហើយនាងប្រើរឿងនេះជាទម្លាប់ទៅហើយសម្រាប់ការទាមទារអ្វីមួយ។
លើកទីមួយដែលសារ៉ា មើលខុសត្រូវនាងគឺនៅព្រឹកដែលនាងដើរកាត់តាមបន្ទប់អង្គុយលេង នាងឮសំឡេងទាំងកញ្ញា មីនជីន និងកញ្ញា អាម៉េឡា ព្យាយាមនិយាយសង្ខើញឲ្យក្មេងដែលកំពុងខឹងម្នាក់ស្ងាត់មាត់។ នាងមិនព្រមស្ងាត់ ហើយយំកាន់តែខ្លាំងដែលធ្វើឲ្យកញ្ញា មីនជីន ស្ទើរតែស្រែកដាក់នាងដោយឥរិយាបថម៉ឺងម៉ាត់ ដើម្បីឲ្យនាងស្ដាប់។
“កូន ស្រែករកអ្វី?” គាត់ស្ទើរតែស្រែកគំហក។
“អូ ហឺ ហឺ! ខ្ញុំអត់ម៉ាក់ ម៉ាក់ទេ!” សារ៉ា ស្ដាប់ឮ។
“អូ! ឡូទី! ឈប់ទៅ កូន! ឈប់យំទៅ! ឈប់យំទៅកូន!” កញ្ញា អាម៉េឡា ស្រែក។
“ហឺៗៗៗ! ខ្ញុំអត់មាន ម៉ាក់ ម៉ាក់ទេ!” ឡូទី ស្រែកយ៉ាងខ្លាំង។
“នាងគួរតែត្រូវបានបង្ក្រាប កូនគួរតែត្រូវគេបង្ក្រាប ក្មេងឆ្នាស់!” កញ្ញា មីនជីន បង្ហាញពីអារម្មណ៍មួម៉ៅ។
សារ៉ា ឈប់នៅក្នុងសាល កំពុងនឹកថា តើនាងគួរតែចូលទៅក្នុងបន្ទប់ឬអត់ ព្រោះថ្មីៗនេះនាងបាននិយាយលេងជាមួយ ឡូទី យ៉ាងស្និទ្ធស្នាល ហើយប្រហែលជាអាចលួងនាងឲ្យឈប់យំបាន។ ពេលកញ្ញា មីនជីន ចេញមកក្រៅហើយឃើញនាង គាត់មើលទៅដូចជាមិនស្រណុកក្នុងចិត្តទេ។ គាត់ដឹងថាសំឡេងរបស់គេឮខ្ទរពីក្នុងបន្ទប់មក។
“អូ សារ៉ា!” គាត់ភ្ញាក់ផ្អើល ហើយបង្ខំចិត្តធ្វើជាញញឹមឲ្យសម។
“ខ្ញុំឈប់ព្រោះខ្ញុំដឹងថា នោះគឺឡូទី ហើយខ្ញុំគិតថា ខ្ញុំប្រហែល គ្រាន់តែប្រហែលជាអាចលួងនាងឲ្យឈប់យំបាន។ តើខ្ញុំអាចសាកល្បងបានទេ កញ្ញា មីនជីន?” សារ៉ា ពន្យល់។
“បើសិនជាកូនអាចធ្វើបាន កូនជាក្មេងឆ្លាត។” កញ្ញា មីនជីន ឆ្លើយដោយបើកមាត់ធំៗ។ បន្ទាប់មកពេលគាត់ឃើញទឹកមុខ សារ៉ា ប្រែទឹកមុខដោយសារសំដីរបស់គាត់ គាត់ក៏ប្ដូរឥរិយាបថ។
“ប៉ុន្តែកូនឆ្លាតគ្រប់រឿង អ្នកហ៊ាននិយាយថា កូនប្រាកដជាលួងនាងបាន ចូលទៅ!” គាត់និយាយតាមរបៀបបញ្ជាក់ពីការយល់ព្រម ហើយក៏ដើរចេញទៅ។
ពេលសារ៉ា ចូលទៅដល់ក្នុងបន្ទប់ ឡូទី កំពុងគេងស្រែកយំទធាក់ជើងយ៉ាងខ្លាំង ហើយកញ្ញា អាម៉េឡា កំពុងនៅក្បែរនាង សម្លឹងនាងដោយមុខក្រហម និងឈឺក្បាល។ ឡូទី ធ្លាប់ទំធ្វើបែបនេះនៅផ្ទះរបស់នាង ហើយនាងនឹងបានអ្វីដែលនាងទទូចចប់បាន។ កញ្ញា អាម៉េឡា ដ៏កម្សត់បានសាកល្បងរូបមន្តទីមួយ ហើយទីពីរទៀត។
“កូនសម្លាញ់ដ៏កម្សត់អើយ! អ្នកគ្រូដឹងថា កូនមិនមានម៉ាក់ទេ កូនកម្សត់ បើកូនមិនឈប់យំទេ អ្នកគ្រូអង្រួនកូនហើយ។ កូនតូចឆ្លាត! កូនខូចណាស់! ក្មេងខូច អាក្រក់ អ្នកគ្រូនឹងថើបកូន អ្នកគ្រូនឹងថើប!” សារ៉ា ចូលទៅជិតពួកគេភ្លាម នាងមិនដឹងថានាងនឹងត្រូវធ្វើអ្វីទេ ប៉ុន្តែនាងដឹងថាវានឹងប្រសើរដែលត្រូវនិយាយរឿងឲ្យច្បាស់ និងផ្ដល់ជាសង្ឃឹម។
“អ្នកគ្រូ អាម៉េឡា! អ្នកគ្រូ មីនជីន និយាយថាឲ្យខ្ញុំមកសាកល្បងលួងនាងឲ្យឈប់យំ តើខ្ញុំអាចសាកបានទេ?”
កញ្ញា អាម៉េឡា ងាកមកមើលនាងដោយគ្មានសង្ឃឹម “អូ! កូនគិតថា កូនអាចលួងនាងបាន?” នាងនិយាយទាំងដង្ហក់។
“ខ្ញុំមិនដឹងថាអាចឬអត់ទេ ប៉ុន្តែខ្ញុំនឹងសាកល្បង។” សារ៉ា ឆ្លើយ ស្ទើរនិយាយស្ទើរខ្សឹប ហើយបន្ត៖
“បើអ្នកគ្រូចេញក្រៅបន្ទប់ ខ្ញុំនឹងនៅជាមួយនាង។”
“អូ សារ៉ា! អ្នកគ្រូមិនដែលជួបក្មេងគួរឲ្យខ្លាចបែបនេះទេ អ្នកគ្រូមិនដឹងថាយើងអាចលួងនាងឲ្យបាត់យំបានឬអត់ទេ។” កញ្ញា និយាយ។
ប៉ុន្តែនាងបានចេញពីបន្ទប់ ដោយធូរចិត្តព្រោះបានរកលេសចេញទៅបាន។
សារ៉ា ឈរនៅក្បែរក្មេងដែលកំពុងខឹងមួយសន្ទុះ ហើយសម្លឹងចុះមើលនាងដោយមិននិយាយអ្វី។ បន្ទាប់មកនាងអង្គុយចុះក្បែរគេ ហើយរង់ចាំ។ ក្រៅពីសំឡេងស្រែកខឹងរបស់ ឡូទី ក្នុងបន្ទប់គ្មានសំឡេងអ្វីផ្សេងទេ។ បន្តិចក្រោយមកនាងឈប់ស្រែក ហើយបើកភ្នែកមើលអ្នកដែលនៅជិតនាង ហើយនោះគឺក្មេងស្រីតូចម្នាក់ទៀត ប៉ុន្តែជាក្មេងដែលមាន អ៊េមីលី និងរបស់គ្រប់យ៉ាង។ ហើយនាងសម្លឹងមើលគេមិនដាក់ភ្នែកហាក់ដូចជានាងកំពុងគិតអ្វីមួយ។ ឈប់ស្រែកប៉ុន្មានវិនាទីដើម្បីគិត ឡូទីយល់ថានាងត្រូវបន្តស្រែកទៀត ប៉ុន្តែបន្ទប់ដ៏ស្ងាត់ជ្រងំនិងទឹកមុខចម្លែករបស់ សារ៉ា ធ្វើឲ្យនាងចាប់អារម្មណ៍និងបានធូរចិត្តខ្លះ។
“ខ្ញុំអត់មាន ម៉ាក់ ម៉ាក់ ម៉ាក់ ទេ!” ខ្ញុំនាងស្រែកប្រាប់តែសំឡេងនាងមិនខ្លាំងទៀតទេ។
សារ៉ា នៅមើលមុខនាងមិនដាក់ភ្នែក ប៉ុន្មានក្នុងភ្នែកនាងបង្ហាញថានាងបានយល់ខ្លះហើយ។
“ខ្ញុំក៏អត់មានដែរ” សារ៉ា និយាយ។
ពាក្យនេះជាអ្វីដែលបង្អាក់នាងមិនឲ្យស្រែកដោយមិននឹកស្មានដល់។ ឡូទី ឈប់ទធាក់ជើង ដកដង្ហើមញាប់ៗ ហើយសម្លឹងសារ៉ា។ នាងមិនចង់ឈប់ស្រែកយំទេ ប៉ុន្តែគំនិតរបស់នាងបានដាច់ពីការចង់ស្រែក ដូច្នេះនាងអណ្ដឺតអណ្ដកម្ដងទៀត ហើយបន្ទាប់ក៏និយាយ៖
“គាត់ទៅណា?”
“គាត់ទៅឋានសួគ៌ ប៉ុន្តែខ្ញុំជឿជាក់ថា ពេលខ្លះគាត់ចេញមកមើលខ្ញុំ ទោះបីជាខ្ញុំមើលគាត់មិនឃើញក៏ដោយ។ ម៉ាក់ឯងក៏ដូចគ្នា ប្រហែលជាពេលនេះពួកគាត់កំពុងតែមើលយើង។ ប្រហែលជាពួកគាត់នៅក្នុងបន្ទប់នេះទាំងពីរនាក់។” នាងនិយាយ។
ឡូទី ក្រោកអង្គុយបញ្ឈរជង្គង់ ហើយសម្លឹងមើលនាង។ នាងគិតថាបើសិនជាម៉ាក់របស់នាងឃើញនាងកាលពីកន្លះម៉ោងមុន គាត់ប្រហែលជាគិតថា នាងមិនមែនជាប្រភេទក្មេងដែលជាប់សាច់ញាតិជាមួយនឹងទេពអក្សរទេ។
សារ៉ា នៅនិយាយបន្ត អ្នកខ្លះអាចនឹងគិតថា អ្វីដែលនាងនិយាយគឺដូចជារឿងនាងទេពអក្សរ ប៉ុន្តែនោះជារឿងពិតសម្រាប់ការគិតរបស់នាង ដែលធ្វើឲ្យឡូទី ចាប់ផ្ដើមស្ដាប់នាង។ សារ៉ា ប្រាប់ថាម៉ាក់របស់នាងមានស្លាប និងមកុដ ហើយបង្ហាញរូបភាពជានារីដ៏ស្រស់ស្អាតក្នុងឈុតពណ៌ស ដែលគេនិយាយថានោះគឺទេពអក្សរ។ ប៉ុន្តែសារ៉ា ដូចជាកំពុងនិយាយពីរឿងពិតនៃប្រទេសជាទីស្រលាញ់កន្លែងដែលមានមនុស្សពិតប្រាកដរស់នៅ។
“មានវាលធំមួយ វាលនោះគឺវាលផ្កា ជាវាលផ្កាលីលី ហើយនៅពេលដែលជំនោរបក់លើពួកវា វារេចុះរេឡើងហើយបង្ហើរក្លិនទៅតាមខ្យល់ ហើយមនុស្សគ្រប់គ្នាតែងតែស្រូបយកក្លិននោះ ព្រោះខ្យល់ជំនោរតែងតែបក់ជានិច្ច។ ហើយក្មេងៗជាច្រើនរត់លេងនៅក្នុងវាលផ្កា និងបេះផ្កាពេញៗដៃ ហើយសើចនិងប្រលែងគ្នាលេង។ គ្មាននរម្នាក់អស់កម្លាំងទេ មិនថាពួកគេដើរឆ្ងាយយ៉ាងណា។ ពួកគេអាចបណ្ដែតខ្លួនទៅគ្រប់កន្លែងដែលពួកគេចង់ទៅ ហើយមានជញ្ជាំងដែលធ្វើពីគជ់ និងមាសនៅជុំវិញក្រុង ប៉ុន្តែជញ្ជាំងទាំងនោះទាបល្មមមនុស្សអាចឡើងទៅលើនោះបាន ហើយញញឹមសម្លឹងចុះមកផែនដី ហើយផ្ញើសារល្អៗមក។” សារ៉ា ចាប់ផ្ដើមនិយាយរឿងហាក់ដូចជានាងកំពុងនៅក្នុងសុបិន។
មិនថានាងចាប់ផ្ដើមនិយាយប្រាប់រឿងអីនោះទេ ឡូទី នឹងឈប់យំ ហើយចូលចិត្តស្ដាប់ ប៉ុន្តែរឿងនេះពិតជាពីរោះស្ដាប់ជាងរឿងដទៃទៀត។ នាងរំកិលខ្លួនទៅជិតសារ៉ា ហើយស្ដាប់រឿងគ្រប់ពាក្យរហូតដល់ទីបញ្ចប់។ ពេលដែលទីបញ្ចប់មកដល់ នាងនៅចំហមាត់ហើយមានអារម្មណ៍សោកស្ដាយ។
“ខ្ញុំចង់ទៅទីនោះ ខ្ញុំអត់មានម៉ាក់ទេនៅសាលានេះ” នាងយំ។
សារ៉ា ឃើញសញ្ញាគ្រោះថ្នាក់ ហើយនាងចេញពីសុបិនរបស់នាងមកវិញ។ នាងចាប់ដៃរបស់ ឡូទី ហើយទាញមកជិតខ្លួន និងសើចបន្តិច។
“ខ្ញុំនឹងធ្វើជាម៉ាក់ របស់ឯង។ យើងនឹងលេងថា ឯងជាកូនរបស់ខ្ញុំ ហើយអ៊េមីលី ជាបងស្រីរបស់ឯង។”
ឡូទី ហាក់ដូចជាត្រូវចិត្ត។
“ពិតមែន?” នាងនិយាយ។
“មែនហើយ យើងទៅប្រាប់នាងទៅ ហើយបន្ទាប់មកលុបមុខ និងកក់សក់របស់ឯង។” សារ៉ា ឆ្លើយហើយក្រោកឈរឡើង។