បឹងអតីត ភាគទី៥

ជំពូក១៣

 យាយកឹម

អនដើរតាមយាយកឹមពីក្រោយជាប់ បើទោះជាគាត់ដេញយ៉ាងណា ក៏នាងមិនព្រមឈប់តាមដែរ។ លោកយាយបានចូលក្នុងព្រៃកាន់តែជ្រៅទៅៗ រហូតដល់អននិយាយឡើង៖

“លោកយាយ! យាយទៅណាហ្នឹង​?”

លោកយាយមិនព្រមបកក្រោយដើម្បីបកស្រាយដាច់ខាត ហាក់ចង់បញ្ជាក់ឱ្យអនដឹងថា គាត់នឹងមិនចិត្តទន់អត់ឱនកំហុសឲ្យនាងងាយៗជាដាច់ខាត ព្រោះការដែលគាត់ត្រូវខ្ចាត់ព្រាត់ពីកន្លែងស្ងប់សុខ មករស់នៅក្នុងព្រៃជ្រៅបែបនេះ មកពីនាងម្នាក់គត់។

“កុំមកតាមយើងទៀត!”

លោកយាយនៅតែប្រឹងដើរដូចមិនហត់ទាល់តែសោះ ហើយអនក៏នៅបន្តដើរតាមទាំងខ្យល់ដង្ហើមនាងស្ទើរផុតផើយៗ។ ទោះយ៉ាងណា អននៅតែធ្វើដំណើរតាមយាយកឹមមិនសម្រាកដូចគ្នា។

ផ្លូវចូលទៅក្នុងព្រៃចេះតែឆ្ងាយទៅៗ រហូតដល់មនុស្សម្នាក់ដែលកំពុងតែតាមពីក្រោយឡើងជាប់មិនដកភ្នែកនោះលន់មាត់និយាយ៖

“នេះអនចង់ទៅណាហ្នឹង? អូយ៎ៗ”

ផារីដើរមិនប្រយ័ត្នស្រាប់តែជាន់បន្លា នាំឱ្យជើងនាងហូរឈាមយ៉ាងច្រើន នាងរវល់តែត្រួតពិនិត្យមើលជើងដែលត្រូវរបួស នាងស្រាប់តែមិនបានឃើញមនុស្សម្នាក់ទៀតដើរតាមលោកយាយនិងអនដែរ។

បុរសចំណាស់នោះតាមជាប់ជានិច្ច មិនដឹងថាគាត់មកតាំងពីពេលណាទេ សង្ស័យតែគាត់ក៏តាមដានសកម្មភាពរបស់អនដែរ ទើបគាត់អាចមកដល់ទីនេះដូចជាផារី។

សំឡេងគាត់បន្លឺឡើង៖

“កឹម! នាងពិតជានៅរស់មែន ម៉េចក៏លាក់ខ្លួនពីយើងបានល្អម្ល៉េះ? តែថ្ងៃនេះ ប្រហែលជាមិនអាចគេចរួចទៀតឡើយ” ទឹកមុខស្រស់ញញឹមរបស់គាត់ហាក់បញ្ជាក់ឱ្យឃើញថា គាត់មានទំនាក់ទំនងអ្វីជាមួយនឹងយាយកឹម។

“ចាប់ពីថ្ងៃនោះមក នាងក៏បាត់ដំណឹងសូន្យ តើនាងបាត់ទៅណា? ៥០ឆ្នាំមកនេះ តើកឹមរស់នៅយ៉ាងម៉េច? ហេតុអ្វីក៏ធ្វើខ្លួនឲ្យពិបាកយ៉ាងហ្នឹង? តើអាវុធ វាពិតជាសំខាន់ រហូតនាងត្រូវរងចាំវាដល់ពេលនេះមែនទេ? ដោយសារតែនាង ខ្ញុំបានធ្វើរឿងច្រើនណាស់ ហើយតាំងពីថ្ងៃហ្នឹងមក ខ្ញុំក៏រក្សាទីនេះយ៉ាងមត់ចត់ មិនអនុញ្ញាតឲ្យអ្នកណាមករំខាន ឬមកលុបបំបាត់អតីតកាលរបស់យើងឡើយ។ ថ្ងៃនោះ ខ្ញុំស្មានថា នាងត្រូវសត្វព្រៃស៊ីទៅហើយ តែមិននឹងស្មានសោះថា ថ្ងៃនេះខ្ញុំបានជួបនាងទៀត។ តើកឹមដឹងអត់? ខ្ញុំមិនដែលភ្លេចនាងម្ដងណាឡើយ ហើយក៏មានវិប្បដិសារីចំពោះខ្លួនឯង ដែលធ្វើលើនាងនៅថ្ងៃនោះដែរ។ សង្ឃឹមថា នាងមិនគេចពីខ្ញុំទៀតទេ…”

ក្រោមកំដៅថ្ងៃដ៏ក្ដៅស្ទើរប្រះស្បែក សក្តិ និងក្រុមការងារពីរ បីនាក់របស់ខ្លួន បានចូលទៅសម្រាក ក្រោមដើរឈើនៅមាត់បឹង ដូចសព្វដង។

“អាសក្តិ! បាត់អនទៅណាមិនឃើញ។ រាល់ដង នាងតែងតែមកអង្គុយមើលឯង ចុះថ្ងៃនេះទៅណាហើយ?”

          “មិនមែនបាត់តែម្នាក់ទេ សូម្បីផារីក៏បាត់ខ្លួនតាំងពីព្រឹកដែរ” ជេមស៍និយាយរួច លីក៏បន្ទរពីក្រោយ។

“អញក៏មិនដឹងដែរ? តាមមើលអន ទៅរកយាយរបស់នាងទៀតហើយ”

          “ឯងជឿថា ពិតជាមានយាយចាស់ ស្នាក់នៅក្នុងផ្ទះនោះដែរមែនទេ?” ជេមស៍សួរបន្ត។

“យើងមិនប្រាកដទេ តែយើងជឿអន ណាមួយផារីក៏បានឃើញគាត់ដែរ” សក្តិតបមួយៗដោយសម្លឹងមើលទៅជេមស៍។

          “ចុះម៉េចក៏គាត់ព្យាយាមលាក់ខ្លួនអ៊ីចឹង? ម្យ៉ាង គ្មានអ្នកណាគេស្គាល់គាត់ទេ ដូច្នេះមានន័យថា គាត់មិនមែនជាអ្នកភូមិនេះទេ”

“បើគាត់មិនមែនជាអ្នកភូមិហ្នឹង ហេតុអ្វីក៏គាត់ស្គាល់ភូមិសាស្រ្តនេះច្បាស់ម្ល៉េះ សូម្បីតែតាកែមក៏រកគាត់មិនឃើញផង”

ឃើញពួកគេកំពុងតែជជែកគ្នា អេណាក៏ចូលរួមកិច្ចពិភាក្សានោះដែរ។

          “និយាយដូចអេណា ក៏ម្យ៉ាងដែរ ប៉ុន្តែខ្ញុំចេះតែឆ្ងល់រហូត តាកែមគាត់ជាអ្នកភូមិនេះ រឿងអ្វី ដែលគាត់មិនស្គាល់អ្នកនៅទីនេះ” សក្ដិជ្រួញចិញ្ចើមឆ្ងល់។

“ឬមួយក៏គាត់ធ្វើមិនស្គាល់?” លីដែលនៅស្ងៀម ក៏និយាយឡើង។ រាល់ដង សំដីគេគ្មានអ្នកស្ដាប់ទេ តែពេលនេះ អ្វីដែលគេយល់ឃើញក៏ដូចជាសមហេតុផលណាស់ដែរ។

          “មានហេតុផលអី ដែលគាត់ធ្វើមិនស្គាល់?” ជេមស៍ងាកទៅសួរលី។

“អញម៉េចដឹង? អ្ហែងមិនទៅសួរគាត់!” លីតបធ្វើហ៊ី ហើយក៏ដើរទៅយកទឹកផឹកធ្វើព្រងើយ។

          “បើសួរគាត់ស្រួល យើងមិនមែនមកអង្គុយខ្វល់បែបនេះទេ”

          សក្តិមិននិយាយអ្វីបន្ត បានត្រឹមអង្គុយសញ្ជឹងគិតម្នាក់ឯង។ មិនត្រឹមតែខ្វល់ពីរឿងអស់ហ្នឹងទេ សក្តិក៏បារម្ភពីសុវត្ថិភាពរបស់អនដែរ។ គេខ្លាចថានាងនឹងមានគ្រោះថ្នាក់ បើនៅម្នាក់ឯង ណាមួយថ្ងៃនេះ គេស្រាប់តែទទួលអារម្មណ៍ចម្លែកៗ ដូចជានឹងមានរឿងអាក្រក់អ្វីកើតឡើងចំពោះអនអ៊ីចឹង។

          យាយកឹម ក្រោយពីធ្វើដំណើរផ្លូវឆ្ងាយយ៉ាងនេះមក គាត់ក៏អស់កម្លាំង ហើយក៏ឈប់សម្រាកនៅក្រោមដើមឈើដែលមានម្លប់ត្រឈឹងត្រឈៃមួយ។ ណាមួយ គាត់ក៏គិតដែរថា ទីនេះប្រហែលជាមានសុវត្ថិភាពដល់គាត់មិនខាន ហើយទីនេះក៏គ្មានមនុស្សណាធ្លាប់មកដល់ដែរ ក៏ប៉ុន្តែគាត់ប្រហែលនឹកស្មានមិនដល់ឡើយ ថាមានមនុស្សតាមគាត់មកពីក្រោយមិនមែនមានអនម្នាក់ទេ គឺមានផារីនិងតាកែមទៀត។

“យាយទៅភូមិវិញជាមួយខ្ញុំទៅ! កុំបន្តគេចខ្លួនបែបនេះអី” កែវភ្នែកដ៏ស្រទន់របស់អន កំពុងបង្ហាញឡើង នៅចំពោះមុខយាយកឹម តែមើលទៅគាត់មិនទន់ចិត្តឡើយ។

          “យើងប្រាប់ឯងប៉ុន្មានដងហើយ យើងមិនទៅវិញទេ!”

“ហេតុអ្វីទៅយាយ? យាយអាចប្រាប់ខ្ញុំបានអត់?” អនព្យាយាមអង្វរគាត់។

          “កុំចង់ដឹងអី!” យាយកឹមកំហកឲ្យអន ហើយខាំមាត់ ដូចជាមានកំហឹងក្នុងខ្លួន។

“បើយាយមិនទៅភូមិវិញជាមួយខ្ញុំ ក៏មិនអីដែរ តែខ្ញុំសុំសួរយាយរឿងមួយបានអត់?”

អនដើរមកឈរចំពោះមុខយាយកឹម ហើយនិយាយដោយប្រើសំឡេងស្រទន់ទៅកាន់គាត់។

“ឯងចង់ដឹងរឿងអី? តែយើងចង់ដឹងថា ក្មេងមួយក្រុមដែលមកបឹងនោះ ជាគ្នាដែលឯនាំមកមែនទេ?” យាយកឹមមិនទាន់ឆ្លើយសំនួរអន ហើយក៏សួរសំនួរបន្ទាប់ទៅនាង។

នៅពេលឮអ្វីដែលយាយកឹមសួរហើយ អនក៏នៅស្ងៀមមួយសន្ទុះ។ នាងមិនយល់សោះ ហេតុអ្វីក៏គាត់សួរនាងបែបនេះ ទាំងដែលគាត់ដឹងថា នាងមកទីនេះតែម្នាក់ឯងនោះទេ។

“មិនមែនទេយាយ!”

“ចុះម៉េចក៏ឯងស្និទ្ធស្នាលជាមួយពួកវាម្ល៉េះ?”

“ខ្ញុំទើបតែស្គាល់ពួកគេពេលដែលមកដល់ទីនេះប៉ុណ្ណោះ យាយក៏ដឹង ថាខ្ញុំមកដល់បឹងនេះតែម្នាក់ឯងទេ”

“យើងប្រាប់រឿងមួយដល់ឯងទៅចុះ បើរឿងដែលឯងនៅជាមួយយើង ត្រូវគេដឹងហើយ ឯងគួរតែឆាប់ចាកចេញពីទីនេះទៅ បើពុំដូច្នោះទេ ឯងនឹងមានគ្រោះថ្នាក់មិនខាន” យាយកឹមពោលបែបនេះទៅកាន់អន ដែលធ្វើឲ្យនាងរិតតែមិនយល់។

“ហេតុអ្វីទៅ យាយ?”

“ព្រោះគេនោះមិនមែនជាមនុស្សទេ អ្នកមកដល់បឹងនេះ ច្បាស់ជាមានគ្រោះថ្នាក់មិនខាន។ ឯងសាកគិតទៅមើល បឹងនោះស្រស់ស្អាតយ៉ាងណា ហើយស្ងប់ស្ងាត់គួរឲ្យចង់រស់នៅទៀត ហេតុអ្វីក៏ត្រូវគេចាត់ទុកជាបឹងកំណាច ឬបឹងខ្មោចដូចដែលឯងឮអ្នកស្រុកនិយាយទៅវិញ?”

“ចុះពាក់ព័ន្ធអីនឹងតាកែមនោះដែរ?” កាន់តែស្ដាប់យាយកឹមបកស្រាយ អនកាន់តែឆ្ងល់ខ្លាំងឡើង។

“រឿង គឺវាកើតឡើងកាលពីយូរណាស់មកហើយ យើងក៏មិនចង់បកស្រាយដែរ គ្រាន់តែចង់ប្រាប់ឯងថា រឿងគ្រប់យ៉ាងសុទ្ធតែកែមជាអ្នកប្រតិដ្ឋឡើងប៉ុណ្ណោះ។ គេចង់ឃុំយើងក្នុងភាពឯកោ ទើបហាមមិនឲ្យអ្នកណាចូលមកកាន់ទីនេះ។ គេដើរតួជាខ្មោចផង ជាមនុស្សល្អរបស់អ្នកភូមិផង ប៉ុន្តែគ្មានអ្នកណាដឹងពីធាតុពិតរបស់គេឡើយ” យាយកឹមនិយាយរំលឹករឿងអតីតកាលបណ្ដើរ ដកដង្ហើមធំបណ្ដើរ។   

“យាយ ខ្ញុំក៏ឆ្ងល់រឿងមួយហ្នឹងដែរ។ ក្នុងសៀវភៅកំណត់ហេតុរបស់តាខ្ញុំ គាត់ថាបឹងនេះស្រស់ស្អាតណាស់ ហើយមានមនុស្សរស់នៅកុះករជុំវិញថែមទៀត មិនដូចស្ថានភាពដែលស្ងាត់បែបនេះទេ។ គាត់ថា រៀងរាល់ល្ងាច តែងតែមានក្រមុំជនជាតិភាគតិចស្រស់ស្អាតទាំងក្រុម មកងូតទឹកលើរានហាលនោះ យ៉ាងសប្បាយរីករាយ…”

“តាឯងធ្លាប់មកទីនេះមែនទេ?” មិនឲ្យអននិយាយចប់សេចក្ដីទាន់ យាយកឹមក៏ប្រញាប់សួរកាត់នាង។

          “គាត់ធ្លាប់មកធ្វើជាគ្រូបង្រៀននៅទីនេះ!”

“គ្រូបង្រៀន??” យាយកឹមស្រែកភ្លាត់មាត់

          “ចាស៎ ខ្ញុំមកទីនេះ ក៏ដើម្បីចង់ដឹងរឿងនេះដែរ ចង់ដឹងថា តើកាលឆ្នាំនោះគាត់បានធ្វើរឿងអ្វីខ្លះ ហើយតើរឿងដែលគាត់ត្រូវគេធ្វើអំពើអំពាន់ដោយសារការជ្រួលជ្រួសជាមួយកូនក្រមុំអ្នកភូមិជាការពិតឬយ៉ាងណា?”

“គេឈ្មោះអី៊” យាយកឹមហាក់ចាប់អារម្មណ៍ខ្លាំងជាមួយនឹងអ្វីដែលអនបាននិយាយឡើង។

          “ពិចិត្រ រាវុធ…”

“ពិចិត្រ រាវុធ? នាងជាចៅអាគ្រូវុធ កាលពីឆ្នាំនោះមែនទេ?”

          នៅសុខៗ តាកែមក៏បង្ហាញខ្លួនឡើង ជាមួយនឹងសំដីខ្លាំងៗរបស់ខ្លួនសំឡុតសួរទៅអន។ ទាំងយាយកឹម ទាំងអន ចាប់ផ្ដើមស្រឡាំងកាំងនិយាយមិនចេញ។

ជំពូក១៤ សងសឹក

“កែម”

យាយកឹមស្រាប់តែហៅឈ្មោះរបស់តាចំណាស់នេះចំៗ ប្រៀបដូចមនុស្សធ្លាប់ស្គាល់គ្នាពីមុនហើយទំនាក់ទំនងពួកគាត់ប្រហែលជាមិនមែនត្រឹមអ្នកស្គាល់គ្នាធម្មតានោះទេ។

“កឹម” សំឡេងរបស់តាកែមបន្លឺឡើង គាត់ហាក់ដូចជានឹកដល់មនុស្សស្រីម្នាក់នេះខ្លាំងណាស់។

“ម៉េចក៏កែមនៅទីនេះ? ម៉េចក៏រកពួកយើងឃើញ?”

យាយវាចាសួរឡើងដោយអារម្មណ៍នៅភិតភ័យព្រោះខ្លាចរឿងចាស់ៗ ដែលតាធ្លាប់ស្អប់ធ្លាប់ខឹងរើឡើង។

“៥០ឆ្នាំនេះ កឹមរស់យ៉ាងម៉េច? ហេតុអ្វីក៏គេចពីខ្ញុំ?”

បើទោះបីជាតាកែមខឹងនឹងយាយកឹមនូវរឿងអតីតខ្លាំងយ៉ាងណា តែគាត់ក៏មិនអាចបិទបាំងអារម្មណ៍ដែលនឹកអាណិតគូស្នេហ៍ចាស់ម្នាក់នេះបានដែរ។ តាកែមមិនដែលភ្លេច ឬមានគំនិតបោះបង់ការរងចាំយាយកឹមឡើយ ហើយមកទល់ពេលនេះ ក៏គាត់មិនយកប្រពន្ធដែរ ព្រោះតែយាយកឹម។

“រស់នៅដូចជាពេលនេះអ៊ីចឹង!”

“ម៉េចក៏មិនព្រមជួបខ្ញុំ?” តាកែមចាប់ដៃយាយកឹមជាប់យ៉ាងណែន ហើយសួរទៅគាត់។

“លែង! ឆាប់លែងភ្លាម” យាយកឹមគ្រវៀសដៃតាកែមចេញ តែមិនរបេះ។

“ខ្ញុំមិនអាចឲ្យកឹមចាកចេញម្ដងទៀតទេ! កឹម នៅជាមួយខ្ញុំទៅណា៎” សំឡេងលួងលោមអង្វររបស់តាកែម បានធ្វើឲ្យអន និងផារីដែលពួកនៅជ្រុងម្ខានមានភាពភ្ញាក់ផ្អើល។ រាល់ថ្ងៃ គេធ្លាប់តែឃើញតាម្នាក់នេះជាមនុស្សកាច ហើយម៉ឺងម៉ាត់ មិនមែនដូចពេលនេះដែលជាមនុស្សពោរពេញដោយមនោសញ្ចេតនា និងស្លូតបូតទេ។

“គ្រប់យ៉ាង ឯងអ្នកធ្វើទាំងអស់។ អ្នកណាសម្លាប់ពុកយើង អ្នកណាបំផ្លាញជីវិតយើង” យាយកឹមនិយាយទាំងញ័រមាត់ ហើយទឹកភ្នែកដែលឆាបឆួលដោយក្តីឈឺចាប់ជាង៥០ឆ្នាំមកនេះរបស់គាត់ បានស្រក់ចុះកាត់តាមផែនថ្ពល់ដ៏ជ្រីវជ្រួញរបស់ស្ត្រីចំណាស់ម្នាក់នេះ។

“តែខ្ញុំគ្មានចេតនាទេ។ ខ្ញុំមិនបានសម្លាប់អ៊ុំកែនទេ គឺ… គឺមកពីគាត់ជ្រួលដៃធ្វើឲ្យដួលចង្កៀង នាំភ្លើងឆាបឆេះផ្ទះប៉ុណ្ណោះ”

“ឯងកុហក! ថ្ងៃនោះ ឯងដឹងច្បាស់ហើយ ថាឯងបានធ្វើអ្វីខ្លះចំពោះយើង” យាយកឹមបន្តរៀបរាប់នូវក្ដីទុក្ខរបស់គាត់ ដែលត្រូវកប់ទុកច្រើនឆ្នាំមកហើយ។

ផារីយកដៃខ្ទប់មាត់ ព្រោះមិននឹកស្មានថា មនុស្សល្អម្នាក់ដែលនាងបានស្គាល់ និងគោរពបំផុតនោះ មានអតីតកាលអាក្រក់យ៉ាងនេះ។ រាល់ដងនាងគ្រាន់តែយល់ថាគាត់ចម្លែក តែពេលនេះនាងយល់ហើយ មិនមែនមកពីនាងពូកែសង្ស័យច្រើនទេ តែតាកែមមិនមែនជាមនុស្សល្អឡើយ។ អនដែលកំពុងនៅជិតមនុស្សចំណាស់ទាំងពីរនាក់នេះ គ្មានមាត់សូម្បីមួយម៉ាត់ ហើយផ្ទៀងត្រចៀកស្ដាប់យ៉ាងយកចិត្តទុកដាក់ ព្រោះនាងចង់ដឹងឲ្យច្បាស់ថា កាលពី៥០ឆ្នាំមុន មានអ្វីកើតឡើង ហើយរឿងទាំងអស់នេះ មានទាក់ទងជាមួយតារបស់នាងដែរឬទេ។

“ខ្ញុំធ្វើគ្រប់យ៉ាង ក៏ដើម្បីកឹមម្នាក់គត់”

“ដើម្បីខ្ញុំ?? ឯងសម្លាប់ពុកខ្ញុំ ហើយឃុំខ្ញុំក្នុងភាពឯកោយូរយ៉ាងនេះទៀត។ ពេលខ្លះ ខ្ញុំមិនចង់រស់ទេ ប៉ុន្តែ…”

“ប៉ុន្តែកឹមក៏ប្រឹងរស់មកដល់ពេលនេះ ក៏ដោយសារពាក្យសន្យារបស់អាគ្រូវុធមែនទេ?” តាកែមកាត់ផ្ដាច់ពាក្យនិយាយរបស់យាយកឹម ព្រោះគាត់ហាក់យល់ពីចិត្តគំនិតរបស់យាយកឹម។ ឮតាកែមនិយាយចំពាក្យក្នុងចិត្តគាត់បែបនេះ យាយកឹមក៏មិនមាត់អ្វីបន្ត។

អននៅតែមិនមាត់ក បើទោះបីជាគេនិយាយដល់ឈ្មោះតានាងហើយក៏ដោយ។ អនពិតជាមិនដឹងថា តានាងបានធ្វើអ្វីខ្លះនៅទីនេះនោះទេ ព្រោះគាត់មិនបានបញ្ជាក់ក្នុងសៀភៅកំណត់ហេតុរបស់គាត់ឡើយ គ្រាន់តែមានបន្សល់ពីសំបុត្រដ៏ចំណាស់មួយសន្លឹក ដែលហាមមិនឲ្យគាត់ត្រឡប់មកកាន់បឹងនេះវិញ ព្រោះគាត់បានប្រព្រឹត្តកំហុសធំក្នុងស្រុកភូមិនេះ។

“ការពិត ៥០ឆ្ន​ាំនេះ កឹមមិនបានភ្លេចវាទេ។ តើវាពិសេសកម្រិតណា បានជាកឹមស្រឡាញ់វាម្ល៉េះ? វាកុហកកឹមរហូត! តើវាមានតម្លៃអី ដែលឲ្យកឹមប្រើពេលមួយជីវិតដើម្បីតែរងចាំវា?”

រាងកាយរបស់យាយកឹមទាំងមូល ត្រូវតាកែមបង្វិលឲ្យបែរមកទល់មុខគាត់

“ក្ដីស្រឡាញ់!”

“ក្ដីស្រឡាញ់?? ចុះ៥០ឆ្នាំហើយ ម៉េចក៏វាមិនមករកនាងសោះ? វាជាមនុស្សក្បត់ចិត្តឲ្យច្បាស់ក្រឡែត”

“អត់ទេ! តាខ្ញុំមិនដែលភ្លេចយាយឡើយ” មនុស្សចាស់ទាំងពីរនាក់កំពុងតែប្រកែកគ្នា អនក៏ស្រាប់តែលូកមាត់ ព្រោះនាងមិនអាចទ្រាំមើលគេមួលបង្កាច់ពីភាពបរិសុទ្ធរបស់ជីតានាងឡើយ។

“នាងដឹងស្អី?” តាកែមងាកទៅសំឡុតអនខ្លាំងៗ ដោយសំរែករាជសី កំហកឲ្យទៅសត្វតែមានអំណាចខ្សោយជាងខ្លួន។

“តាខ្ញុំនឹកយាយរហូត តែគាត់មិនអាចមកទីនេះបានទៀតទេ”

“ហេតុអ្វី?”

យាយកឹមសង្កត់សួរទៅអនបន្ថែម។ អនគ្រាន់តែនិយាយដល់តានាងភ្លាម ទឹកមុខរបស់នាងក៏ប្រែជាដោកសៅមួយរំពេចន៍។

“ឯងប្រាប់មក! ម៉េចក៏គាត់មកមិនបាន?”

យាយបន្តសួរ ព្រោះអននៅស្ងៀមមិនឆ្លើយ។

“៥០ឆ្នាំនេះ កឹមរស់យ៉ាងម៉េច? ហេតុអ្វីក៏គេចពីខ្ញុំ?”

“គាត់ស្លាប់ហើយ!” អនបានត្រឹមនេះ ទឹកភ្នែករាប់លានដំណក់ក៏ដណ្ដើរគ្នាស្រក់ចុះពីកែវភ្នែកដ៏ទន់ភ្លន់របស់អន។

“គាត់ស្លាប់ហើយ? មិនពិតទេ!” យាយកឹមទម្លាក់ខ្លួនចុះ នឹករលឹកដ៏មនុស្សជាទីស្រឡាញ់របស់គាត់។ មនុស្សដែលគាត់រងចាំ មនុស្សដែលផ្ដល់ក្ដីសង្ឃឹមរស់ឲ្យគាត់មកទល់សព្វថ្ងៃ គឺជាតារបស់អន។ ពាក្យសន្យា ដែលថាគាត់នឹងត្រឡប់មករស់នៅជាមួយយាយកឹមវិញ ក្លាយជាការចងចាំដែលមិនអាចភ្លេចបានក្នុងមួយឆាកជីវិតយាយកឹមមកដល់ពេលនេះ។ ការរង់ចាំរបស់យាយកឹម ក្លាយជាអាសាបង់ ព្រោះគាត់នឹងមិនអាចជួបមុខជាមួយមនុស្សដែលគាត់ស្រឡាញ់ម្ដងទៀតទេ ការចោលរបស់គាត់កាលពី៥០ឆ្នាំមុន គឺជាការបែកគ្នាជារៀងរហូតហើយ។

“ហាសហា វាស្លាប់ហើយ! ទីបំផុតឯងស្លាប់ហើយ។ កឹមមើលចុះ វាមិនបានរក្សាពាក្យសន្យាវាទេ”

“គាត់ស្លាប់យ៉ាងម៉េច?” យាយកឹមមិនខ្វល់ស្ដាប់ពាក្យតាកែម ហើយសួរទៅអនបន្ត។

“គាត់ស្លាប់ នៅតាមផ្លូវមកកាន់បឹងនេះ!”

“គាត់មកទីនេះមែនទេ?”

“ចាស៎យាយ គាត់ឈឺធ្ងន់ធ្ងរណាស់ តែគាត់សុំលោកប៉ាខ្ញុំ ឲ្យជូនគាត់មកកាន់ទីនេះ ក៏ប៉ុន្តែគាត់ក៏ដាច់ដង្ហើមនៅតាមផ្លូវទៅហើយ”

“….” យាយកឹមយំខ្សឹកខ្សួលនឹកអាណិតដល់មនុស្សជាទីស្រឡញ់របស់គាត់។ តាមពិត តាវុធមិនបានភ្លេចពាក្យសន្យាទេ គាត់នៅតែវិលត្រឡប់មកវិញ។

“បើវាមានចិត្តស្មោះមែន មិនមែនដល់ពេលឈឺធ្ងន់ទើបត្រឡប់មកវិញទេ”

“គាត់ចង់មកណាស់ តែគាត់មិនអាច”

“ហេតុអី?” តាកែមសួរបញ្ជាក់។

“ព្រោះតែសំបុត្រមួយសន្លឹក”

“សំបុត្រអី?” យាយកឹមចាប់ដៃអនសួរ។ គ្រាន់តែឮដល់សំបុត្រមួយសន្លឹក តាកែស្រាប់តែស្រឡាំងកាំង។

“គឺសំបុត្រមួយដែលហាមតាខ្ញុំមិនឲ្យត្រឡប់មកទីនេះវិញ”

“អ្នកណាសរសេរ?”

“មិនដឹងទេ! គេហាមដាច់ខាតមិនឲ្យតាខ្ញុំមកបឹងនេះវិញឡើយ​បើមិនដូច្នេះទេ គេនឹងសម្លាប់គាត់។ គេថាតាខ្ញុំប្រព្រឹត្តកំហុស ដែលផ្ទុយពីប្រពៃណីមនុស្សក្នុងភូមិ…”

“ជាកែមមែនទេ?” យាយកឹមប្រើក្រសែភ្នែកមុតស្រួចសម្លឹងទៅតាកែម។

“កុំស្ដាប់ពាក្យកុហករបស់គេអី! ដឹងត្រឹមថា ខ្ញុំស្រឡាញ់កឹម”

តាកែមមិនខ្វល់តប ហើយក៏ស្ទុះទៅទាញយាយកឹមឲ្យចូលមកជិតខ្លួន។

“លែងៗៗ”

“អត់ទេ!”

តាំងពីដើមមកម្ល៉េះ យាយកឹមមិនបានមានចិត្តអ្វីលើតាកែមនោះទេ ម្យ៉ាងបេះដូងគាត់ ខ្លួនប្រាណគាត់ បានប្រគល់ឲ្យបុរសទីក្រុងម្នាក់នោះបាត់ទៅហើយ។ ក្រៅពីតាវុធ យាយកឹមមិនអាចស្រឡាញ់អ្នកណាទៀតទេ។

ប្រហែលមួយឆាកជីវិតមនុស្ស អាចជួបអ្នកដទៃច្រើនណាស់ ហើយក៏អាចនឹងមានក្ដីស្នេហ៍ច្រើនដងជាមួយមនុស្សផ្សេងគ្នានោះដែរ ក៏ប៉ុន្តែ សម្រាប់យាយកឹមគាត់ មានក្ដីស្រឡាញ់តិចតួចណាស់ ដែលអាចប្រគល់ឲ្យមនុស្សម្នាក់ដែលគាត់ស្រឡាញ់តែប៉ុណ្ណោះ។

“គឺមកពីនាងទាំងអស់! រឿងគ្រប់យ៉ាងគឺតានាងជាអ្នកធ្វើ…”

តាកែមប្រលែងដៃចេញពីតាកែម ហើយងាកទៅចាប់ដៃអនជាប់។

ព្រោះតែស្នេហាត្រីកោណ ការមិនយល់ចិត្តគ្នា ទើបតាកែមចង់សងសឹកនូវអ្វីដែលបុរសទីក្រុងឈ្មោះវុធបានសាងឡើង។ សម្រែកយាយស្រែកយំអាណិតយាយស្រីរបស់បុរសកំពូលស្នេហ៍ដែលគាត់តែងរង់ចាំជានិច្ច។

“ដោះលេងនាងទៅ នាងមិនដឹងរឿងអីទេ”។

យាយគឹមស្រែកដង្ហើយអង្វរ ព្រោះមិនចង់ឱ្យតាកែមយកអនទៅណាជាដាច់ខាត។ ពេលនោះ តាកែមក៏និយាយឡើង៖

“អត់ទេ កឹមចង់ការពារនាងទៀតមែនទេ?​”

“គឺនាងគ្មានកំហុសទេ” យាយប្រឹងស្រែកដើម្បីផ្លាស់ប្តូរគំនិតរបស់តាកែម។

“តែតារបស់នាងមានកំហុស ដូច្នោះនាងត្រូវលុបលាងកំហុសទាំងនោះ យើងនឹងមិនឱ្យនាងនៅរស់ឡើយ”

មុខតាកែមពោរពេញទៅដោយគំនុំ ដែលចងយ៉ាងតឹងអស់ជាង៥០ឆ្នាំមកនេះ ហើយគាត់នឹងមិនបណ្តោយឱ្យកំហឹងនេះស្លាប់ទៅជាមួយនឹងរូបកាយរបស់គាត់ឡើយ។ អនសម្លឹងមើលទឹកភ្នែកយាយដែលហូរស្រក់៖

“កែម! ឯងឆ្កួតហើយ យើងមិនឱ្យឯងសម្លាប់នាងបានជាដាច់ខាត”

“ម៉េចចាំបាច់ការពារនាង ព្រោះតែនាងជាចៅរបស់អាវុធឬ?”

តាកែមស្រែកសួរឮៗ ដើម្បីដាស់ព្រឹក្សព្រៃឱ្យបានដឹងគ្រប់យ៉ាងនូវរឿងអតីតដែលបានកើតឡើងកាលពីអនមិនទាន់ប្រសូតចេញមក។

“មិនមែនព្រោះអ្នកណាទាំងអស់ តែនាងមិនដឹងអីឡើយ”

យាយនៅតែអះអាងថាអនមិនដឹងរឿង ហើយអនក៏មិនត្រូវស្លាប់ដើម្បីឱ្យតាកែមរំសាយកំហឹងឬគំនុំក្នុងចិត្តរបស់គាត់ដែរ។

“មកណេះមក!”

តាកែមបានអូសអនជាអ្នកមិនដឹងរឿងអ្វី បម្រុងនឹងយកទៅសម្លាប់ឱ្យស្លាប់យ៉ាងវេទនាដើម្បីរំដោះដល់ព្រលឹងស្នេហ៍ ដែលគាត់បង់អស់ពីកាយពេញមួយជីវិត។

“តាចង់ធ្វើអី? លែងខ្ញុំទៅៗ​” អនប្រឹងរើបម្រះ តែនាងមិនអាចរួចខ្លួនចេញពីកណ្ដាប់ដៃតាកែមបានឡើយ។

ព្រូស!!!

កំពុងតែអូសអនទៅសម្លាប់ក្បែរក្រោមដើមឈើជិតនោះ ផារីដែលឃើញរូបភាពកាចសាហាវរបស់តាកែម មានការរន្ធត់ចិត្តជាខ្លាំង។ ឃើញទិដ្ឋភាពយ៉ាងនេះ នាងមិនអាចនៅស្ងៀមឡើយ នាងត្រូវតែយករឿងគ្រប់យ៉ាងដែលខ្លួនបានឮ ទៅប្រាប់គ្រប់គ្នាឲ្យបានដឹង។ ផារីប្រុងនឹងរត់ចេញទៅហើយ ស្រាប់តែជម្ពប់ជើងដួល ព្រោះជើងដែលមុតបន្លារបស់នាង បានទច់មួយទំហឹកនឹងឫសឈើ។

“អ្នកណា? អ្នកណាគេ?”

សំឡេងតាកែមបន្លឺឡើង ស្រែកសួររកម្ចាស់សំឡេងដួលអំបាញ់មិញនេះ។ តាកែមរុញអនទៅដួលនឹងដីដូចមិនខ្លាចនាងឈឺសោះ ហើយក៏ប្រញាប់ស្វែងរកប្រភពសំឡេងចម្លែក។ ឯយាយកឹមវិញ កាលបើឃើញអនដួលបែបនេះ គាត់ក៏រហ័សរត់ទៅរកនាងតែម្ដង។

“អនៗៗ ចៅយ៉ាងម៉េចហើយ?”

“ខ្ញុំ… ឈឺណាស់ តែយាយរត់រួចខ្លួនទៅ”

“ឈប់ភ្លាម!!!”

តាកែមឃើញច្បាស់ណាស់ ថាអ្នកដែលលបមើលគាត់ជាយូរមកហើយនោះ គឺផារី។ នាងមិនអាចរួចខ្លួនជាដាច់ខាត ថាមិនត្រូវ ជីវិតនាងក៏រក្សាមិនគង់ដែរ។ តាកែមនឹងមិនអាចឲ្យអ្នកដែលដឹងរឿងអាក្រក់របស់គាត់មានជីវិតឡើយ ណាមួយគាត់មិនអនុញ្ញាតឲ្យអ្នកណាដឹងរឿងរបស់គាត់ទេ បើដឹង មានតែផ្លូវស្លាប់មួយប៉ុណ្ណោះ។

“តា! តាលែងខ្ញុំទៅ”

ផារីមិនអាចរត់គេចពីតាកែមបានឡើយ នាងត្រូវតាក្របួចកអាវហើយអូសនាងឱ្យដើរមកតាមកម្លាំងគាត់។ ភ្នែកតាកែមឡើងក្រហមគួរឱ្យខ្លាច ទឹកមុខខ្មៅអែដូចមនុស្សត្រូវខ្មោចសណ្ឋិត។

“មកណេះ! យើងមិនឱ្យនាងទៅប្រាប់អ្នកភូមិឡើយ”

“អូយ តា!!!”

តាកែមច្រានផារីឲ្យដេកដួលនឹងដីម្នាក់ទៀត ដើម្បីឱ្យនាងបានដឹងថា ការដែលចូលខ្លួនមកដឹងឮរឿងនេះ នឹងមិនអាចបានសុខទេ។

“ដោះលែងក្មេងៗទៅ បើចង់សម្លាប់ សម្លាប់តែខ្ញុំបានហើយ។ ពួកគេមិនពាក់ព័ន្ធអីទេ”

យាយកឹមស្រាប់តែមានកម្លាំងឡើងមក ហាក់ចង់តតាំងនឹងតាកែម។ គាត់ដើរចូលមកខាងមុខតាកែមយ៉ាងអង់អាច រហូតដល់អននិងផារីសម្លឹងមើល៖

“មែនហើយមកពីនាងតែម្នាក់គត់ តែមិនអីទេ យើងនឹងសម្លាប់រួមគ្នាទាំងអស់”

តាដើរចូល តែមិនអាចធ្វើឱ្យយាយខ្លោបខ្លាចឡើយ។

ជំពូក១៥

 គំនុំចាស់

មេឃចាប់ផ្ដើមងងឹតបន្តិចម្ដងៗ តាកែមក៏បានលេចរូបរាងឡើងនៅបរិវេនផ្ទះរបស់គាត់ បន្ទាប់ពីបាត់ខ្លួនយ៉ាងចម្លែកពេញមួយថ្ងៃ។ គ្រាន់តែឃើញតាកែមភ្លាម សក្តិក៏ស្ទុះចូលទៅរកគាត់។

“តា!”

តាកែមប្រឹងរៀបឫកធម្មតា ប៉ុន្តែគាត់នៅតែមិនស្រួលក្នុងចិត្តដដែល ព្រោះមួយថ្ងៃមកនេះ គាត់បានធ្វើរឿងមិនគប្បីច្រើនណាស់។

“មានការអី?” តាសួរទៅសក្ដិតាមចរិកធម្មតារបស់គាត់។

“តាឃើញមានអននិងផារីទេ?”

គ្រាន់តែនិយាយដល់អ្នកទាំងពីរភ្លាម តាកែមស្រាប់តែចង់គាំងនិយាយមិនចង់ចេញ ក៏ដោយសារគាត់បានធ្វើរឿងម្យ៉ាងដែលសក្តិមិនគួរដឹង។

“យើងមិនឃើញទេ!”

តាកែមឆ្លើយកំបុតៗ ហើយសក្តិក៏មិនហ៊ានសួរនាំគាត់បន្តទៀត ណាមួយគេគិតថា បើធ្វើឲ្យតាកែមខឹង ក៏មិនមែនជារឿងល្អដែរ។

“អត់មានអីទេតា!”

សក្តិប្រញាប់លាតាកែម ហើយរហ័សរត់ទៅរកមិត្តភក្តិរបស់គេ ដែលមិនទាន់ចាប់អារម្មណ៍ថា អន និងផារី មិនមែនបាត់ខ្លួនធម្មតាទេ ច្បាស់ជាមានរឿងអាក្រក់ កើតឡើងចំពោះពួកនាងមិនខាន។

“អាជេមស៍ៗ មិនស្រួលហើយ! “

ជេមស៍ដែលអស់កម្លាំង ដោយសារធ្វើការពេញមួយថ្ងៃ កំពុងតែដេកលង់លក់ក្នុងតង់យ៉ាងមានសេចក្តីសុខ មិនខ្វល់ពីសំឡេងស្លន់ស្លោរបស់សក្តិ។ សក្តិយល់ឃើញថា បើនៅតែហៅគេបែបនេះ គេច្បាស់ជាមិនក្រោកជាដាច់ខាត ដូច្នេះសក្តិក៏ចូលទៅដាស់គេដល់ក្នុងតង់តែម្ដង។

“អានេះបានដេកហៅមិនចង់ងើបសោះ!”

សក្តិរអ៊ូជាប់មាត់ ហើយយកដៃទះក្បាលជេមស៍យ៉ាងខ្លាំង ដើម្បីបង្ខំឲ្យគេភ្ញាក់។ ជេមស៍សន្សឹមបើកភ្នែកឡើង ហើយសម្លឹងមើលទៅសក្តិ ដែលកំពុងព្យាយាមរំខានដំណេករបស់គេ។

“វាកើតស្អីឯង?”

ជេមស៍ងើបឡើង ហើយក៏សួរទៅកាន់សក្តិ ដែលមានស្ថានភាពខុសធម្មតា។

“ឯងឃើញអន និងផារីទេ?”

“មិនដឹងទេ! ហើយរកពួកនាងធ្វើអី មិនទៅរកតង់នាងទៅ” ជេមស៍និយាយធ្វើហ៊ី ដូខជាគ្មានអ្វីចម្លែកផង។

“យើងទៅរកហើយ តែរកយ៉ាងណាក៏មិនឃើញដែរ”

ជេមស៍ក្រោកឡើងហាក់ប្លែកក្នុងចិត្តកាន់តែខ្លាំង ដែលសុខៗស្រាប់តែបាត់អននិងផារីដោយមិនដឹងទៅណាយ៉ាងនេះ។ មួយវិញទៀត ផារីមិនដែលបាត់ខ្លួនពេញមួយថ្ងៃដោយគ្មានមូលហេតុទេ វាមិនមែនជាទម្លាប់របស់នាងឡើយ។

“ចុះឯងបានសួរអាលី និងអេណាអត់?”

ជេមស៍រំលឹកដល់លី និងអេណា។

“អឺ! អញដូចមិនឃើញវាដែរ ល្ងាចមិញវាទៅណា?”

“យីអានេះ! អញមេភូមិមែន? ម៉េចមិនទៅសួរតាកែមទៅ?” ជេមស៍និយាយទាំងមួម៉ៅ។

“តាកែមក៏មិនដឹងដែរ”

“នែ៎អាសក្តិ! ឯងរកយើងធ្វើអី?” សក្តិនិយាយមិនទាន់ចប់ផង លីក៏មកដល់ល្មម។

“អាលី! ឯងមានឃើញផារី និងអនអត់? ពួកនាងដូចជាបាត់ខ្លួនពេញមួយថ្ងៃហើយ”

“អត់បានឃើញទេ! តែ…”

“តែយ៉ាងម៉េច?” សក្តិសួរទៅលីបន្ត ព្រោះមើលទៅទឹកមុខគេដូចជាមានតម្រុយខ្លះហើយ។

“ពួកឯងមានចាប់អារម្មណ៍អត់? ព្រឹកមិញយើងឃើញផារី ដើរតាមអនទៅ ហើយបន្ទាប់មក ពួកគេក៏មិនឃើញពួកនាងទៀតតែម្ដង”

“ឯងចង់បានន័យថា… ពួកគេបាត់ខ្លួនទៅជាមួយគ្នា?” ជេមស៍ស្ដាប់សំដីរបស់លីហើយ ក៏យកមកគិត។

“ប៉ុន្តែផារីមានរឿងអ្វី ត្រូវបាត់ខ្លួនទៅជាមួយអន? តើពួកនាងទៅណា?”

“អាសក្តិ ឯងកុំសួរមើលតែយើងដឹងរឿងគ្រប់យ៉ាងមើល៍ យើងកំពុងគិត” លីបានចិត្ត ពេលដែលសំដីរបស់គេ ត្រូវបានគ្រប់គ្នាទទួលយកជាការបាន។

“ចុះផារីអាចប្រចណ្ឌនឹងអន ហើយធ្វើរឿងមិនគប្បីមួយចំនួនអត់?” ជេមស៍លើកគំនិតឡើង ធ្វើឲ្យគ្រប់គ្នាបាត់មាត់ឈឹង។

“មិនអាចទេ! កុំចេះតែចោទប្រកាន់ផារី។ គ្រប់គ្នាក៏ដឹង នាងមិនមែនជាមនុស្សចិត្តអាក្រក់ឡើយ” អេណាដើរចូលមក ជាមួយនឹងពាក្យការពារភាពស្អាតស្អំរបស់ផារី។

“អេណា! អេណាបានជួបផារី និងអនទេ?” សក្តិសួរសំនួរដដែលទៅអេណា។

“ខ្ញុំក៏កំពុងតាមរកនាងដែរ តែរកមិនឃើញ។ ឬមួយនាងជួបឧប្បតិវហេតុអ្វី មិនអាចមកផ្ទះវិញបាន?”

“និយាយបែបនេះក៏ម្យ៉ាងដែរ!” ជេមស៍យល់ស្របនឹងគំនិតរបស់អេណា។

“ត្រូវហើយ! នាងមិនគួរទៅណាឆ្ងាយពីបឹងនោះទេ យើងគួរតែចែកផ្លូវគ្នាដើររក”

“ខ្ញុំយល់ស្រប!” អេណាគាំទ្រយោ​បល់សក្តិ ទាំងដែលលី និងជេមស៍កំពុងពិចារណានៅឡើយ។

“ពួកយើងចែកគ្នាជាពីរក្រុម។ អេណាទៅជាមួយអាជេមស៍ទៅ ទុកឲ្យខ្ញុំទៅជាមួយអាលី។ ទោះបីជាពួកយើង រកអន និងផារី ឃើញឬមិនឃើញក្ដី យើងត្រូវតែមកកាន់ទីនេះវិញ មុនយប់រំលងអាធាត្រ” សក្តិងើបឈរឡើង បែងចែកការងារសម្រាប់បេសកម្មមួយនេះយ៉ាងម៉ត់ចត់ និងស្វាហាប់ សមជាប្រធានក្រុមមែន។

“អូខេៗៗ!”

អ្នកទាំងបីនាក់ទៀតឆ្លើយព្រមគ្នា ហើយក៏ចែកផ្លូវគ្នាតាមគោលដៅរៀងៗខ្លួនតែម្ដង។

          ពេញមួយយប់ ទោះបីជាក្រុមរបស់សក្តិ ប្រឹងស្វែងរកយ៉ាងណា ក៏គ្មានតម្រុយពីអន និងផារីឡើយ។ អស់សមត្ថភាពរៀងខ្លួន ណាមួយនឿយហត់ខ្លាំងផង ពួកគេក៏បានត្រឡប់មកដល់តង់វិញនៅម៉ោង១១ យប់។

          បើតាមសំទុះទឹកចិត្តពុះកញ្ច្រោលរបស់ពួកគេ គួរណាស់ពេលនេះ គេច្បាស់ជាជំនះភាពហត់នឿយ ហើយបន្តតាមរកមិត្តរបស់ខ្លួនទៀត ក៏ប៉ុន្តែ យប់កាន់តែជ្រៅ កាន់តែមានគ្រោះថ្នាក់។ ក្នុងព្រៃស្ដុកបែបនេះ បើទោះពេលថ្ងៃឃើញថាមានសុវត្ថិភាព តែមិនប្រាកដថា ពេលយប់មានសត្វកាចសាហាវបែបណាខ្លះទេ។

“អាចទេ? ដែលពួកនាងត្រឡប់ទៅភ្នំពេញវិញ” កំពុងអង្គុយជុំគ្នា ជេមស៍ក៏និយាយឡើង។

“មិនអាចជាដាច់ខាត! បើទៅផារីច្បាស់ជាប្រាប់ពួកយើង ណាមួយ វាក៏មិនគាប់ជួនថា ពួកនាងទៅភ្នំពេញវិញទាំងពីរនាក់ដែរ” សក្តិបង្ហាញការពិចារណាល្អិតល្អន់របស់ខ្លួន តាមរយះពាក្យសំដីដែលកើតចេញពីការត្រឹះរិះ ដោយគ្មានចន្លោះប្រហោង។

“យើងគួរប្រាប់រឿងនេះដល់តាកែមទេ?” អេណាសួរ។

“បើគាត់ដឹង ច្បាស់ជាបន្ទោសពួកយើងមិនខានទេ។ កុំអី ទេដឹង?” លីគ្រវីក្បាល ហាក់មិនយល់ស្របនឹងគំនិតមួយហ្នឹង។

“តែបើបណ្ដោយបែបនេះ អន និងផារីច្បាស់ជាមានគ្រោះថ្នាក់មិនខាន” ជេមស៍ផ្ដល់ហេតុផលដ៏សាកសមមួយ ដែលពួកគេមិនអាចប្រកែកបាន។

“ពួកយើងត្រូវតែប្រាប់គាត់ ថាមិនត្រូវ គាត់អាចពឹងអ្នកភូមិឲ្យជួយរកពួកនាងទៀត” សក្តិនិយាយហើយ ក៏ដើរសំដៅទៅរកគោះទ្វាររបស់តាកែមតែម្ដង។

“តា! តាដេកលក់ហើយនៅ? ពួកខ្ញុំមានរឿងចង់ប្រាប់តា។ តា! តានៅខាងក្នុងទេ?..” សំឡេងគោះទ្វារ និងការដង្ហើយហៅរបស់សក្តិលាន់តែប្រះផ្ទះទៅហើយ តែតាកែមនៅតែមិនបើកទ្វារដដែល។ បើសិនជាគាត់នៅខាងក្នុងនោះ គាត់ច្បាស់ជាឮមិនខាន។

“អាសក្តិ! ឈប់ហៅទៅ គាត់ប្រហែលជាមិននៅខានក្នុងទេ” ជេមស៍ទះស្មាសក្តិឲ្យបែរមករកខ្លួន ហើយនិយាយឡើង។

“ម៉េចក៏ឯងដឹងថាគាត់មិននៅខាងក្នុង?” សក្តិជ្រួញចិញ្ចើមមិនយល់អ្វីដែលជេមស៍កំពុងនិយាយនោះ។

“ខ្ញុំ និងផារីបានចាប់អារម្មណ៍ថា តាកែមមួយរយះនេះចម្លែកណាស់។ រាល់យប់ គាត់មិនដែលនៅក្នុងផ្ទះទេ”

“មែនក៏អី? ចុះគាត់ទៅណា?” សក្តិភ្ញាក់ព្រើត ពេលឮបែបនេះ។

“យើងក៏មិនដឹងដែរ តែបើតាមភក់ និងសំរាមដែលជាប់នៅនឹងជើងគាត់ ពេលដែលយើង និងផារីបានឃើញ គាត់ច្បាស់ជាទៅកាន់បឹងនោះមិនខាន”

“ចុះគាត់ទៅទីនោះធ្វើអីទៅ?”

“យើងក៏មិនដឹងដែរ!”

“តើការបាត់ខ្លួនរបស់ផារី និងអន អាចពាក់ព័ន្ធនឹងគាត់ឬក៏អត់?” សក្តិស្រាប់តែនឹកឃើញ ភ្ញាក់រឿងចម្លែកពីរនេះចូលគ្នា។

“យើងមិនដឹងដូចគ្នា! តែម៉េចក៏គាត់ចាប់ពួកនាង?”

“បើអាថ៌កំបាំងយ៉ាងហ្នឹង យើងមានតែចាប់ផ្ដើមតាមដានពីតាកែមហើយ” សក្តិសញ្ជឹងគិត ដោយសម្លឹងមើលទៅជេមស៍ ដើម្បីបញ្ជាក់ថា គម្រោងការលើកនេះ គឺជាភារកិច្ចរបស់ពួកគេទាំងពីរនាក់។

“ចុះអាសក្តិ ផ្ទះខ្មោចនោះ ឯងបានទៅមើលហើយនៅ?”

“ត្រូវហើយ! ម៉េចក៏យើងភ្លេចទីនោះទីកើត?” សក្តិទះក្បាលខ្លួនឯង ព្រោះមិនគួរណា គេភ្លេចទៅកន្លែងមួយហ្នឹងនោះទេ។

“យើងស្មានតែឯងទៅរួចហើយ ទើបមិនបានឈៀងចូល។ តោះ! ទៅទីនោះអត់? ក្រែងរកឃើញតម្រុយខ្លះ”

“អើ! ទៅពេលនេះតែម្ដងទៅ តែទៅតែពីរនាក់យើងបានហើយ”

សក្តិ និងជេមស៍និយាយគ្នាហើយ ក៏ដើរចេញទៅ ដោយប្រាប់លី និងអេណាឲ្យសម្រាកមុនពួកគេចុះ។

ដំណើរដ៏ស្វាហាប់របស់សក្តិ និងអេមស៍ បានបង្ហាញថា យុវជនទាំងពីរនាក់នេះ មិនអាយនឹងបោះបង់ងាយៗឡើយ។ ដើរបណ្ដើរ សក្តិគិតជាប់រហូត ថាបើតាកែមជាអ្នកធ្វើរឿងគ្រប់យ៉ាងមែន តើគាត់មានហេតុផលអ្វីទើបធ្វើវា? តើតាកែម និងបឹងនេះមានទំនាក់ទំនងអ្វីជាមួយគ្នាទៅ? ពេលនោះ សក្តិក៏នឹកដល់ ពេលមួយដែលគេឃើញតាកែម យកកម្រងផ្កាព្រៃមួយ បោះចូលទៅក្នុងទឹក ហាក់បង្ហាញការនឹកនាដល់អ្នកណាម្នាក់អ៊ីចឹង។

“អាសក្តិ! ក្នុងផ្ទះមានភ្លើង”

ដើរជិតដល់ផ្ទះខ្មោចនោះ ជេមស៍ស្រាប់តែចាប់អារម្មណ៍ឃើញភ្លើងនៅក្នុងទៅនោះ។ គេភ្ញាក់ផ្អើល ហើយក៏ប្រញាប់ប្រាប់ទៅសក្តិ។

“អ្នកណានៅក្នុងនោះ? ឬមួយក៏អន និងផារី?” សក្តិលាន់មាត់និយាយម្នាក់ឯង។

ចូលកាន់តែកៀក ស្រាប់តែមានស្រមោលមនុស្សម្នាក់ដើរចេញមក។

“តាកែម!!!” សក្តិភ្លាត់មាត់និយាយឡើង ហើយជេមស៍ក៏រហ័សយកដៃខ្ទប់មាត់គេ ព្រោះខ្លាចត្រូវតាកែមស្ដាប់ឮ។

“គាត់ចូលព្រៃ ហើយមកផ្ទះនេះធ្វើអី?” ជេមស៍កើតពិភាល់ក្នុងចិត្ត។

“កុំខ្វល់ច្រើន តាមគាត់ទៅ!” សក្តិទះស្មារជេមស៍ឲ្យបន្តដំណើរទៅមុខយឺតៗ តាមតាកែមពីក្រោយជាប់។

ដើរយូរទៅ តាកែមកាន់តែបន្ថែមល្បឿនលឿនឡើងៗ ធ្វើឲ្យសក្តិ និងជេមស៍ដែលលួចតាមគាត់ មានការពិបាកជាខ្លួន។ ដើរដល់ចំណុចបំបែកមួយ ស្រាប់តែបាត់តាកែម។

“ចុះបាត់គាត់ទៅណាហើយ?” សក្តិលាន់មាត់ ដោយក្រឡែកមើលជុំវិញទីនោះ។

“យើងគួរតែទៅវិញហើយ! យើងចូលព្រៃកាន់តែជ្រៅ យើងខ្លាចវង្វេង ណាមួយចាំស្អែក ចាំគិតគ្នាទៀត” ជេមស៍លើកសំណើឡើង។

“អូខេ អ៊ីចឹងក៏បានដែរ!”

គិតគ្នាហើយ សក្តិនិងជេមស៍ក៏ចាកចេញ ទាំងមិនអស់ចិត្ត ប៉ុន្តែបើទោះបីជាពួកគេចចេសតាមរកបន្តទៀត ក៏គ្មានលទ្ធផលដែរ។

អវត្តមានកំលោះទាំងពីរនាក់ហើយ តាកែមដែលលបមើលពីជ្រុងម្ខាងនៃដើមឈើដ៏ធំមួយ ក៏បានបង្ហាញខ្លួនឡើង និយាយតិចៗដោយបញ្ចេញសំឡេង និងប្រើទឹកមុខគួរឲ្យភ័យខ្លាច៖

“កុំស្មានអញឱ្យពួកឯងតាមដានដឹងឲ្យសោះ!”

និយាយពីស្រីស្រស់អន និងផារីវិញ ពួកនាងត្រូវចងភ្ជាប់គ្នាយ៉ាងណែនរហូតមិនអាចរើខ្លួនរួច ក្នុងខ្ទមទ្រុឌទ្រោមមួយយ៉ាងកំសត់។ សព្វរាងកាយរបស់នាងទាំងពីរ ប្រែជាស្ពឹកស្រពន់ពិបាកទ្រាំជាខ្លាំង ព្រោះការលំបាកបែបនេះ ពួកនាងមិនធ្លាប់ជួបប្រទះឡើយ ប្លែកពីយាយកឹម ដែលមិនមានភាពភ្ញាក់ផ្អើល និងតក់ស្លុតខ្លាំងដូចពួកនាង អង្គុយស្ងៀមគ្មានមាត់មួយម៉ាត់ ម្យ៉ាងស្ថានភាពបែបនេះមិនមែនជាលើកទីមួយសម្រាប់គាត់ទេ។

“យាយ! យាយយ៉ាងម៉េចហើយ?”

អននៅឯជ្រុងម្ខាង ស្រែកសួរទៅយាយកឹមដោយសំឡេងល្វើយៗគ្មានកម្លាំង។ យាយកឹម កាលបើឮចៅស្រីបុរសកំពូលស្នេហ៍ខ្លួនហៅបែបនេះ គាត់ក៏រហ័សងាកទៅរកនាងយ៉ាងប្រញាប់។

“មិនអីទេ! ចុះចៅ?” យាយកឹមសួរទៅវិញ ដោយសំឡេងយ៉ាងស្រទន់ខុសពីសព្វមួយដង។ ការពិត តាំងពីដំបូង យាយកឹមគ្មានចិត្តខឹងនឹងអននោះទេ គាត់មានអារម្មណ៍ថាអាណិត និងស្រឡាញ់នាងណាស់ ពេលដែលបានជួបនាងកំពុងដេកលើរានហាលមាត់បឹង នៅថ្ងៃទីមួយ ដែលនាងមកកាន់ទីនេះ។

“ខ្ញុំក៏អត់អីដែរ! ផារីអ្ហា៎ នាងកើតអីអត់?”

អនឈប់តបបន្តជាមួយយាយកឹម ក៏ងាកទៅរកផារីវិញម្ដង។ ឯផារីក៏សន្សឹមងាកមករកនាង។

“ខ្ញុំដូចគ្នា!” សំដីនាងហាក់គ្មានថាមពលទាល់តែសោះ មិនដូចរាល់ថ្ងៃ ដែលជាអ្នកដឹកនាំរឿងដ៏ស្វាហាប់។ ក្នុងពេលនេះ នាងមិនដឹងថា តើនាងអាចមានជីវិតត្រឡប់ទៅវិញឬក៏អត់ទេ ថាមិនត្រូវ នាងអាចនឹងចោលឆ្អឹងក្នុងបឹងអាតីតនេះក៏ថាបាន។

“ខ្ញុំមិនគួរនាំទុក្ខដល់ផារីទេ! និយាយរួម គ្រប់យ៉ាងគឺកើតឡើងដោយសារខ្ញុំទាំងអស់ ខ្ញុំជាអ្នកធ្វើឲ្យលោកយាយ និងផារីជួបគ្រោះថ្នាក់…” អននិយាយរួច ក៏អួលដើមកយំខ្សិបខ្សួលម្នាក់ឯង។

“កុំបន្ទោសខ្លួនឯងអី!” ផារីនិយាយលួងលោមអន។ ពេលនេះ ផារីយល់ថាអនគួរឲ្យអាណិតណាស់ ហើយចិត្តស្អប់ និងប្រចណ្ឌទាំងប៉ុន្មានស្ទើរតែរលាយគ្មានសល់។

“ត្រូវហើយ! បើទោះចៅមិនមក ក៏កែមនៅតែតាមរកយាយទាល់តែឃើញ ពិសេសមិត្តចៅដែលមកបឹងនេះ ក៏មិនប្រាកដថារួចខ្លួនដែរ” យាយកឹមពោលឡើង ហាក់ចង់បញ្ជាក់ថា គ្រប់គ្នានឹងមិនបានសុខឡើយ ពេលដែលមកដល់ទីនេះ។

“ចុះក្រុមសក្តិអាចនឹងគ្រោះថ្នាក់ទេ?”

“ពួកគេអាចនឹងមានវាសនាដូចជាយើងឬ? យាយ” អន និងផារីដេញដោលសួរយាយបន្តបន្ទាប់គ្នា។

“យាយមិនប្រាកដទេ ប៉ុន្តែឲ្យអ្នកមកកាន់ទីនេះហើយ កែមគេមិនលើកលែងឲ្យទេ។ មានមនុស្សច្រើននាក់ណាស់ ដែលធ្លាប់លួចមកកាន់ទីនេះ តែបន្ទាប់មកក៏បាត់ខ្លួន….”

“គាត់សម្លាប់ពួកគេ?” ផារីប្រញាប់សួរកាត់។

“យាយមិនដឹងទេ គ្រាន់តែបាត់មិនឃើញមកទៀត”

“ថាមិនត្រូវ គាត់អាចនឹងដេញពួកគេចេញពីទីនេះ មិនបានធ្វើអ្វីអាក្រក់លើពួកគេឡើយ” អននិយាយសម្រួលមកវិញ ដើម្បីកុំឲ្យផារីរន្ធត់ពេក។

“និយាយបែបហ្នឹងក៏ម្យ៉ាងដែរ!”

“ពេលនេះ យាយគិតថា យាយគួរតែដល់ពេល…”

“យាយ! តាកែមមកវិញហើយ” អនប្រញាប់ប្រាប់យាយឲ្យបានដឹងពីដំណើរមកដល់របស់តាកែម។

“កុំបារម្ភ! យើងមិនសម្លាប់ពួកគេទេ បើពួកគេមិនចចេសតាមរកពួកនាង ធ្វើឲ្យរឿងបែកការណ៍”

សំដីតាកែមមុតជ្រៅដល់ផ្លូវអារម្មណ៍មនុស្សរាល់គ្នានៅក្នុងទីនោះ។

“កុំគិតពីអ្នដទៃ ស្អែកនេះពួកនាងនឹងស្លាប់ទាំងអស់គ្នាហើយ”

តាកែមមិនខ្វល់និយាយបន្តទៀត ហើយក៏ដើរទៅជ្រុងម្ខាងក្បែរយាយកឹម ដែលកំពុងសំងំស្ងៀម។ បើទោះតាកែមនៅក្បែរខ្លួនយ៉ាងណា តែដោយគំនុំភ្លើងអតីតកាល ធ្វើឲ្យយាយកែមឆ្អែតចិត្តមិននិយាយរកតាកែមនោះទេ។

គ្រាន់តែក្រឡេកឃើញទឹកមុខរបស់យាយកឹម តាកែមដឹងស្រាប់ទៅហើយ ថាទោះបីជាគាត់ប្រឹងបកស្រាយយ៉ាងណាក៏គ្មានប្រយោជន៍ដែរ។

ពេញមួយយប់នោះ សក្តិគេងមិនលក់ទេ ចិត្តរបស់គេនៅស្ងប់នឹកបារម្ភតែចំពោះអន និងផារី។ ពួកនាងបាត់ខ្លួនយ៉ាងចម្លែកបែបនេះ ច្បាស់ជាមានរឿងអ្វីមិនស្រួលកើតឡើងមិនខាន។ សក្កិក្លាយជាបុរសឯកាជាថ្មី ព្រោះតាំងពីគេត្រូវមនុស្សស្រីចាកចេញចោល គេមិនធ្លាប់មានអារម្មណ៍ដូចពេលនេះឡើយ។

ក្តីស្រលាញ់ចំពោះអន សក្តិមិនដឹងថា កើតឡើងតាំងពីពេលណាទេ គេដឹងត្រឹមថា ពេលដែលបានជួបនាងដំបូង គេក៏មានអារម្មណ៍ប្លែកបាត់ទៅហើយ។ ជាមនុស្សមិនធ្លាប់ជួបគ្នា មិនស្គាល់ប្រវត្តិ ហើយជួបគ្នានៅកន្លែងដ៏ចម្លែកដូចជាបឹងនេះទៀត ក៏ប៉ុន្តែសក្តិបែរជាមានអារម្មណ៍កក់ក្ដៅ និងជឿជាក់ខ្លាំងចំពោះអនទៅវិញ។

ពេលរៀបព្រឹក សក្តិស្រាប់តែឮសំឡេងចម្លែកក្នុងផ្ទះរបស់តាកែម ដូចអ្វីដែលជេមស៍និយាយពិតមែន។ គេលួចមើលពីចម្ងាយ ក៏ឃើញតាកែមចូលក្នុងផ្ទះគាត់ តាមច្រកមួយទៀតយ៉ាងអាថ៌កំបាំង។

“ច្បាស់ជាតាកែម ជាអ្នកធ្វើរឿងនេះ!” សក្តិលាន់មាត់និយាយ ដោយក្ដាប់ដៃជាប់មិនលែង។