ព្រះនាងតូចសារ៉ា ភាគទី២

ឡូទី យល់​ព្រម​ដោយ​រីករាយ ហើយ​ពួក​គេ​នាំ​គ្នា​ចេញ​ពី​បន្ទប់ និង​ឡើង​ទៅ​ជាន់​លើ ដោយ​ភ្លេច​ថា​មុន​នេះ​នាង​បដិសេធ​មិន​ព្រម​លុប​មុខ​ និង​កក់​សក់​ដើម្បី​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ហើយ​កញ្ញា មីនជីន បាន​បៅ​នាង​ដោយ​ប្រើ​អំណាច។

ហើយ​ពី​ពេល​នោះ​មក​សារ៉ា បាន​ក្លាយ​ជា​ម្ដាយ​ចិញ្ចឹម។

…………………………………………………

ជា​ការ​ពិត​ណាស់​សារ៉ា កាន់​តែ​មាន​អំណាច និង​មាន​អ្នក​ដើរ​តាម​នាង​​ច្រើន​ជា​​របស់​ប្រណិត​ៗ​ដែល​នាង​មាន​ទៅ​ទៀត ជា​អំណាច​ដែល ឡាវីនី និង​ក្មេង​ស្រី​មួយ​ចំនួន​ទៀត​ច្រណែន​បំផុត ហើយ​អ្វី​ដែល​ជា​អំណាច​ដ៏​អស្ចារ្យ​បំផុត​នោះ​គឺ​ការ​និយាយ​រឿង​ដែល​​ត្រូវ​បាន​ក្មេង​ដទៃ​ចូលចិត្ត​បំផុត ហើយ​គ្រប់​យ៉ាង​ដែល​នាង​និយាយ​ប្រាប់​គេ​នាង​​អាច​ធ្វើ​វា​ឲ្យ​ដូច​ជា​សាច់​រឿង ទោះ​នោះ​ជា​រឿង​ ឬ​មិន​មែន​រឿង​​ក៏​ដោយ។

សារ៉ា មិន​គ្រាន់​តែ​អាច​និយាយ​រឿង​ប្រាប់​គេ​បាន​នោះ​ទេ ប៉ុន្តែ​នាង​ចូលចិត្ត​និយាយ​រឿង​ទៀត​ផង។ ពេល​នាង​អង្គុយ ឬ​ឈរ​នៅ​ចំ​កណ្ដាល​រង្វង់​ក្មេងៗ ហើយ​ចាប់​ផ្ដើម​ប្រឌិត​រឿង​ដ៏​អស្ចារ្យ ភ្នែក​បៃ​តង​របស់​នាង​ចាំង​ពន្លឺ ថ្ពាល់​របស់​នាង​ឡើង​ក្រហម ហើយ​ដោយ​មិន​ដឹង​ថា​ខ្លួន​នាង​ប្រែ​ជា​យ៉ាង​នោះ នាង​ចាប់​ផ្ដើម​និយាយ​រឿង​របស់​នាង​គួរ​ឲ្យ​ស្រលាញ់ ឬ​ភ្ញាក់​ផ្អើល​តាម​រយៈ​​ការ​លើក​ដាក់​សំឡេង​របស់​នាង ការ​ពត់ពេន​ខ្លួន​របស់​នាង ហើយ​នាង​កាយវិការ​ដៃ​ដ៏​រស់​រវើក​របស់​នាង។

នាង​ភ្លេច​ខ្លួន​ថា​នាង​កំពុង​និយាយ​ឲ្យ​ក្មេងៗ​ជា​ច្រើន​ស្ដាប់ នាង​ឃើញ​ខ្លួន​ឯង​កំពុង​រស់​នៅ​ជា​ក្រុម​​ទេពអក្សរ ឬ​ស្ដេច​និង​ម្ចាស់ក្សត្រី និង​នារីៗ​ដ៏​ស្រស់​ស្អាត​ដែល​នាង​កំពុង​រៀបរាប់​ពី​ដំណើរ​ផ្សង​ព្រេង​របស់​ពួក​គេ។ ពេល​ខ្លះ​ពេល​នាង​និយាយ​រឿង​របស់​នាង​ចប់ នាង​ហត់​ខ្លាំង​ជាមួយ​នឹង​ក្ដី​រំភើប ហើយ​ដាក់​​ដៃ​ទាំង​ពីរ​របស់​នាង​នៅ​លើ​ទ្រូង​ដ៏​តូច​របស់​នាង ហើយ​​សើច​តិចៗ​។

“ពេល​ខ្ញុំ​និយាយ​រឿង វា​មិន​ដូច​ជា​រឿង​​ដែល​ខ្ញុំ​ប្រឌិត​ទេ វា​ដូច​ជា​ការពិត​ជាង​អ្នក​ទាំង​អស់​គ្នា​ទៅ​ទៀត ពិត​ជា​ថ្នាក់​រៀន។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​ក្នុង​ចំណោម​​មនុស្ស​ដែល​នៅ​ក្នុង​រឿង​នោះ មួយ​រឿង​ហើយ​មួយ​រឿង​ទៀត។ ពិត​ជា​ចម្លែក​មែន។” នាង​និយាយ។

សារ៉ា រស់​នៅ​សាលា​របស់​កញ្ញា មីនជីន បាន​ប្រហែល​ពីរ​ឆ្នាំ រសៀល​មួយ​នៃ​សិសិររដូវ​ដែល​ពោរពេញ​ដោយ​អ័ភ្រ​ ពេល​ដែល​នាង​ចុះ​ពី​រទេះ ជា​មួយ​នឹង​ភាព​កក់​ក្រៅ​​ដោយ​អាវ​ស្បែក​សត្វ និង​ក្រណាត់​រុំ​ក​ ដើរ​តាម​ច្រក​​ដែល​មាន​អម​ដោយ​របង​ការពារ នាង​សម្លឹង​កាត់​តាម​សំណើម និង​ឃើញ​មុខ​​មនុស្ស​ម្នាក់​ដែល​បង្កប់​ដោយ​ភាព​ភ័យ​ខ្លាច ហើយ​ពេល​ដែល​នាង​សម្លឹង​ទៅ នាង​ញញឹម​ព្រោះ​នោះ​ជា​វិធី​ដែល​នាង​ញញឹម​ដាក់​មនុស្ស​ទូទៅ។

ប៉ុន្តែ​ម្ចាស់​មុខ​ដែល​ភ័យ​ខ្លាច​នោះ ជាមួយ​នឹង​ភ្នែក​បើក​ធំៗ​នោះ ខ្លាច​ថា​​​នាង​មិន​គួរ​មើល​សិស្ស​មក​ស្នាក់​នៅ​ដែល​​សំខាន់​សម្រាប់​សាលា​ទេ។ នាង​​គេច​​ចេញ​ភ្លាម​ហើយ​សំដៅ​ទៅ​ផ្ទះ​បាយ។ នៅ​​ល្ងាច​មួយ​​ពេល​ដែល​សារ៉ា កំពុង​អង្គុយ​នៅ​កណ្ដាល​ក្រុម​អ្នក​​ស្ដាប់​ក្នុង​ជ្រុង​មួយ​នៃ​បន្ទប់​រៀន​កំពុង​និយាយ​រឿង ​​ម្ចាស់​មុខ​​ដដែល​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដោយ​លើក​ចង្ក្រាន​ប្រអប់​ធ្យូង​ដ៏​ធ្ងន់​​មួយ​សម្រាប់​ដៃ​ដ៏​តូច​របស់​​នាង​ ហើយ​នាង​លត់​ជង្គង់​ចុះ​លើ​កម្រាល​ដើម្បី​ដើម្បី​បង្កាត់​ភ្លើង និង​សម្អាត​ផេះ។

នាង​ជា​អ្នក​បោសសម្អាត​ដូច្នេះ​នាង​បាន​ចូល​គ្រប់​កន្លែង​នៅ​ក្នុង​សាលា ប៉ុន្តែ​មើល​ទៅ​នាង​ហាក់​ដូច​ជា​​ភ័យ​ខ្លាច។ ជាក់​ស្ដែង​ណាស់​នាង​ខ្លាច​មិន​ហ៊ាន​មើល ឬ​ស្ដាប់​ក្មេងៗ​ទេ។ នាង​ដាក់​ធ្យូង​ចូល​​ប៉ុន្មាន​ដុំ​ដោយ​ប្រើ​ម្រាម​ដៃ​យ៉ាង​ប្រុង​ប្រយ័ត្ន​ព្រោះ​ខ្លាច​មាន​សំឡេង​រំខាន ហើយ​នាង​បក់​បង្កាត់​ភ្លើង​ថ្នមៗ។ ប៉ុន្តែ​រយៈ​ពេល​ពីរ​នាទី​នោះ​ សារ៉ា ឃើញ​ថា​​នាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង ហើយ​នាង​​ធ្វើ​ការ​យឺតៗ​ដើម្បី​បាន​ស្ដាប់​ពាក្យ​ពីរ​បី​ម៉ាត់។ ដោយ​សារ​តែ​ដឹង​យ៉ាង​នេះ​ហើយ​ សារ៉ា​ដំឡើង​សំឡេង​ហើយ​និយាយ​ច្បាស់ៗ។

“ពួក​មច្ឆា​ហែល​ថ្នមៗ​នៅ​ក្នុង​ទឹក​ថ្លា​ដូច​គជ់ ហើយ​នៅ​ពី​ក្រោយ​ពួក​គេ​គឺ​មង​នេសាទ​ត្រី​ក្នុង​ទឹក​ជ្រៅ។ ព្រះនាង​គង់​លើ​ថ្ម​ពណ៌​ស​ និង​សម្លឹង​មើល​ពួក​គេ។” សារ៉ា និយាយ។

នោះ​គឺ​រឿង​​ដ៏​អស្ចារ្យ​ពី​ព្រះ​នាង​មួយ​អង្គ​ដែល​ត្រូវ​បាន​ព្រះអង្គម្ចាស់​​ មើមេន សព្វព្រះរាជហឫទ័យ ហើយ​ព្រះ​នាង​បាន​ទៅ​រួមរស់​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​រូង​ដ៏​ចែងចាំង​មួយ​នៅ​ក្រោម​សមុទ្រ។

អ្នក​បម្រើ​តូច​​បាន​បក់​ភ្លើង​ចង្ក្រាន​រួច​ម្ដង​ហើយ ហើយ​បន្ទប់​មក​នាង​បក​វា​ម្ដង​ទៀត។ បក់​រួច​ពី​ដង​ហើយ នាង​ចាប់​ផ្ដើម​ធ្វើ​ជា​លើក​ទី​បី ហើយ​ខណៈ​ដែល​នាង​បក់​ជា​លើក​ទី​បី សំឡេង​និទាន​រឿង​បាន​លួងលោម​នាង​ឲ្យ​ស្ដាប់ ដែល​នាង​មាន​អារម្មណ៍​ដូច​ជា​ត្រូវ​មន្ត ហើយ​ភ្លេច​ទាំង​ស្រុង​ថា​នាង​គ្មាន​សិទ្ធិ​ស្ដាប់​ទេ ហើយ​ក៏​ភ្លេច​អ្វី​គ្រប់​យ៉ាង​ដែរ។ នាង​អង្គុយ​លើ​កែង​ជើង​របស់​នាង​ ខណៈ​ដែល​កំពុង​លត់​ជង្គង់​នៅ​លើ​កម្រាល។ សំឡេង​អ្នក​និទាន​រឿង​បាន​មក​ដល់​សាតារម្មណ៍​​របស់​នាង ហើយ​ទាញ​នាង​ឲ្យ​ចូល​ទៅ​ក្នុង​​ជំនោរ​សមុទ្រ ដែល​មាន​ពន្លឺ​ខៀវ​ស្រទន់ និង​ក្រាល​ដោយ​ខ្សាច់​ពណ៌​មាស។ ផ្កា និង​ស្មៅ​សមុទ្រ​ចម្លែកៗ​នៅ​ជុំ​វិញ​ខ្លួន​នាង ហើយ​ឮ​សំឡេង​ភ្លេង​មក​ពី​ចម្ងាយ។

ផ្លិត​បក់​ភ្លើង​ចង្ក្រាន​ធ្លាក់​ពី​ដៃ​របស់​នាង ហើយ​ឡាវីនី ហ៊ើប៊ើត សម្លឹង​មើល​ជុំ​វិញ​នោះ។

“ក្មេង​ស្រី​នោះ​កំពុង​ស្ដាប់​រឿង” ឡាវីនី និយាយ។

ក្មេង​មាន​ទោស​ចាប់​ផ្លិត​របស់​នាង ហើយ​ក្រោក​ឡើង​ភ្លាម។ នាង​សម្លឹង​មើល​​ចង្ក្រាន​ធ្យូង ហើយ​រត់​ជើង​ញាប់​​ស្មេ​ចេញ​ពី​បន្ទប់​ដូច​ជា​ទន្សាយ​ដែល​កំពុង​ភ័យ​ខ្លាច។

សារ៉ា មាន​អារម្មណ៍​ខឹង។

“ខ្ញុំ​ដឹង​ថា​នាង​កំពុង​ស្ដាប់ ហេតុ​អ្វី​នាង​ស្ដាប់​មិន​បាន?” នាង​និយាយ។

ឡាវីនី អេះ​ក្បាល​គួរ​ឲ្យ​អស់​សំណើច។

“អូ! ខ្ញុំ​មិន​ដឹង​ថា​ម៉ាក់​របស់​ឯង​នឹង​ព្រម​ឲ្យ​ឯង​និយាយ​រឿង​ប្រាប់​ក្មេង​ស្រី​អ្នក​បម្រើ​ឬ​អត់​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ម៉ាក់​របស់​ខ្ញុំ​នឹង​មិន​ឲ្យ​ខ្ញុំ​និយាយ​ទេ។” ឡាវីនី និយាយ។

“ម៉ាក់​របស់​ខ្ញុំ! ខ្ញុំ​ជឿ​ថា​បន្តិច​ក៏​គាត់​មិន​ប្រកាន់​ដែរ។ គាត់​ដឹង​ថា​រឿង​គឺ​ជា​របស់​​មនុស្ស​គ្រប់​គ្នា។” សារ៉ា និយាយ​ដោយ​ទឹក​មុខ​ចម្លែក។

“ខ្ញុំ​គិត​ថា ម៉ាក់​របស់​ឯង​ស្លាប់​ហើយ តើ​គាត់​ដឹង​រឿង​ម៉េច​នឹង​កើត​ទៅ? ឡាវីនី និយាយ​ពាក្យ​ធ្ងន់។

“ឯង​គិត​ថា​​គាត់​មិន​ដឹង​រឿង?” សារ៉ា និយាយ​ដោយ​សំឡេង​តូច​តឹង​របស់​នាង។ ពេល​ខ្លះ​នាង​និយាយ​សំឡេង​តឹង។

“ម៉ាក់​របស់​ សារ៉ា ដឹង​រឿង​គ្រប់​យ៉ាង ម៉ាក់​របស់​ខ្ញុំ​ក៏​ដូច​គ្នា លើក​លែង​តែ សារ៉ា ជា​ម៉ាក់​របស់​ខ្ញុំ​នៅ​សាលា​របស់ អ្នក​គ្រូ មីនជីន ម៉ាក់​ខ្ញុំ​ម្នាក់​ទៀត​ដឹង​រឿង​គ្រប់​យ៉ាង។ ផ្លូវ​​មាន​ពន្លឺ​ចែងចាំង ហើយ​មាន​វាល​ជា​ច្រើន និង​វាល​ផ្កា​លីលី ហើយ​អ្នក​គ្រប់​គ្នា​បេះ​ផ្កា។ សារ៉ា ប្រាប់​ខ្ញុំ​ពេល​នាង​និយាយ​ឲ្យ​ខ្ញុំ​គេង។”

“ឯង​ប្រឌិត​រឿង បង្កើត​រឿង​ទេពអប្សរ​នៅ​ឋានសួគ៌” ឡាវីនី ងាក​មក​រក​សារ៉ា។

“មាន​រឿង​ជា​ច្រើន​ណាស់​ដែល​គេ​និយាយ​ដឹង ម៉េច​ក៏​ឯង​ដឹង​ថា​រឿង​របស់​ខ្ញុំ​គឺ​រឿង​ទេពអប្សរ? ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​ឯង​ថា ឯង​មិន​អាច​ដឹង​ថា​តើ​​​ឯង​ល្អ ឬ​មិន​ល្អ​ជាង​មនុស្ស​ផ្សេង​ទៀត​នៅពេល​នេះ​ទេ។ ទៅ​ជាមួយ​ខ្ញុំ​ឡូទី។” សារ៉ា តប ហើយ​នាង​នាំ​ឡូទី ចេញ​ពី​បន្ទប់​ដោយ​សង្ឃឹម​ថា អាច​រក​ឃើញ​អ្នក​បម្រើ​តូច​នោះ​នៅ​កន្លែង​ណា​មួយ ប៉ុន្តែ​នាង​មិន​ដឹង​ថា​គេ​ទៅ​ណា​ទេ​ក្រោយ​ពី​​គេ​ដើរ​ចូល​សាល។

“តើ​ក្មេង​​តូច​បង្កាត់​ភ្លើង​នោះ​ជា​អ្នក​ណា?” នាង​​សួរ​​ ម៉ារីតេ សួរ​នៅ​យប់​នោះ។

ម៉ារីតេ ចាប់​ផ្ដើម​ពិពណ៌នា។

នាង​ធ្វើ​ការ​នៅ​បន្ទប់​តូច​ក្បែរ​ចង្ក្រាន​បាយ ហើយ​នៅ​ខាង​ក្រៅ​នាង​ធ្វើ​ការ​ស្ទើរ​តែ​ទាំង​អស់។ នាងខាត់​ស្បែក​ជើង ហើយ​លើក​ចង្ក្រាន​ធ្យូង​ធ្ងន់ៗ​ឡើង​ និង​ចុះ​ពី​​ជាន់​លើ​ទៅ​ជាន់​ក្រោម ហើយ​ជូន​កម្រាល​ឥដ្ឋ ជូន​បង្អួច និង​ត្រូវ​គ្រប់​គ្នា​បញ្ជា។ នាង​មាន​អាយុ​១៤​ឆ្នាំ ប៉ុន្តែ​ពិបាក​លូតលាស់​ ដូច្នេះ​ហើយ​នាង​មើល​ទៅ​ដូច​ជា​អាយុ​ដប់​ពីរ​ឆ្នាំ។ ការ​ពីត ម៉ារីតេ សោក​ស្ដាយ​ចំពោះ​នាង។ នាង​ពិត​ជា​ចង់​ឲ្យ​នរណា​ម្នាក់​មាន​ឱកាស​និយាយ​ជា​មួយ​នាង​​ឲ្យ​​​កម្សត់​ដូច​ជា​នាង​​​ ធ្វើ​​ឲ្យ​ភ្នែក​កម្សត់ និង​ភ័យ​ខ្លាច​របស់​នាង ចេញ​ឆ្ងាយ​ពី​នាង។

“គាត់​ឈ្មោះ​អ្វី?” សារ៉ា សួរ ពេល​នាង​អង្គុយ​ក្បែរ​តុ ដៃ​ទល់​ចង្កា​ ពេល​ដែល​នាង​កំពុង​ស្ដាប់។

នាង​ឈ្មោះ ប៊េកគី។ ម៉ារីតេ ឮ​អ្នក​គ្រប់​គ្នា​នៅ​ជាន់​ក្រោម​ហៅ “ប៊េកគី ធ្វើ​នេះ ប៊េកគី ធ្វើ​នោះ” រាល់​ប្រាំ​នាទី​​ម្ដង​​រៀងរាល់​ថ្ងៃ។

សារ៉ា អង្គុយ​​ហើយ​សម្លឹង​ទៅ​ភ្លើង គិត​ដល់​ ប៊េកគី មួយ​មួយ​ភ្លែត​ក្រោយ​ពី​ ម៉ារីតេ ចេញ​ទៅ​ចោល​នាង។ នាង​បាន​បង្កើត​រឿង​ដែល​ប៊េកគី​ ត្រូវ​បាន​គេ​ប្រើ​ដោយ​មិន​ត្រឹម​ត្រូវ។ នាង​គិត​ថា គេ​មើល​ទៅ​មិន​មាន​អាហារ​ញ៉ាំ​គ្រប់គ្រាន់។ ភ្នែក​របស់​នាង​មើល​ទៅ​ប្រាប់​ថា​នាង​កំពុង​ឃ្លាន។ សារ៉ា សង្ឃឹម​ថា​​នាង​អាច​ជួប​គេ​ម្ដង​ទៀត ប៉ុន្តែ​ទោះ​បី​ជា​នាង​ឃើញ​គេ​លើក​​របស់​ឡើង និង​ចុះ​ពី​​ជាន់​លើ​ទៅ​ជាន់​ក្រោម ពី​ជាន់​ក្រោម​ទៅ​ជាន់​លើ​ជា​ច្រើន​ដង​ក៏​ដោយ នាង​ហាក់​ដូច​ជា​ប្រញាប់ប្រញាល់​ណាស់ ហើយ​ខ្លាច​ត្រូវ​គេ​ឃើញ ដែល​នាង​មិន​អាច​និយាយ​រក​គេ​បាន។

ប៉ុន្តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក នៅ​រសៀល​ដែល​ពោរពេញ​ដោយ​អ័ភ្រ​ ពេល​ដែល​នាង​ចូល​ទៅ​ក្នុង​បន្ទប់​អង្គុយ​លេង​នាង​ឃើញ​រូប​ភាព​គួរ​ឲ្យ​អាណិត។ នៅ​លើ​តុ​ពិសេស​របស់​នាង​មាន​ភ្លើង​បំភ្លឺ ប៊េកគី ដែល​ប្រឡាក់​ធ្យូង​លើ​ច្រមុះ និង​ប្រឡាក់​ច្រើន​កន្លែង​នៅ​លើ​អៀម​ការពារ​អាវ​របស់​នាង ជាមួយ​មួក​កាតឹប​នៅ​លើ​ក្បាល និង​ប្រអប់​ធ្យូង​ទទេ​នៅ​លើ​កម្រាល​ឥដ្ឋ​ក្បែរ​នាង បាន​លង់លក់​ដោយ​​ការ​ធ្វើ​ការ​ហួស​កម្លាំង​រាង​កាយ​តូច​​របស់​នាង។ នាង​ត្រូវ​គេ​បញ្ជូន​មក​ជាន់​លើ​ដើម្បី​រៀបចំ​បន្ទប់​គេង​សម្រាប់​ពេល​ល្ងាច។ មាន​បន្ទប់​ជា​ច្រើន​ដែល​ត្រូវ​រៀបចំ ហើយ​នាង​បាន​រត់​ពេញ​មួយ​ថ្ងៃ​ហើយ។ បន្ទប់​របស់​សរ៉ា ជា​បន្ទប់​ដែល​នាង​បាន​រៀប​ចំ​ក្រោយ​គេ។ បន្ទប់​នេះ​មិន​ដូច​ជា​បន្ទប់​ផ្សេង​​ទៀត​​ដែល​រាបស្មើ​ និង​ទទេ​​នោះ​ទេ។ បន្ទប់​អង្គុយ​លេង​របស់​ សារ៉ា ដូច​ជា​ទំនើប​ណាស់​សម្រាប់​អ្នក​បម្រើ​នៅ​ផ្ទះ​បាយ ក្នុង​នោះ​មាន​សៀវភៅ និង​គំនូរ​ជា​ច្រើន និង​របស់​គួរ​ឲ្យ​ចង់​ដឹង​ជា​ច្រើន​មក​ពី​ឥណ្ឌា មាន​សាឡុង និង​កៅអី​ទន់​ទាប អ៊េមីលី អង្គុយ​លើ​កៅអី​ផ្ទាល់​ខ្លួន​​របស់​នាង ហើយ​តែង​តែ​មាន​ពន្លឺ​ជា​និច្ច។  ប៊េកគី ទុក​បន្ទប់​នេះ​រៀបចំ​ចុង​ក្រោយ​គេ ហើយ​នាង​តែង​តែ​សង្ឃឹម​ថា បាន​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​អង្គុយ​លើ​កៅអី​ទន់ និង​មើល​ខ្លួន​ឯង ហើយ​គិត​ពី​សំណាង​ល្អ​ដ៏​អស្ចារ្យ​របស់​ក្មេង​ដែល​មាន​របស់​ទាំង​អស់​នេះ និង​ចេញ​ទៅ​ក្រៅ​ពេល​ថ្ងៃ​ត្រជាក់​ខ្លាំង​ជាមួយ​នឹង​មួក និង​អាវ​ធំ​។

​​……………………………………………….

ព្រះនាង​តូច (ភាគ​ទី​៤)

នៅ​រសៀល​នេះ​ពេល ប៊េកគី បាន​អង្គុយ​ចុះ​នាង​មាន​អារម្មណ៍​ថា​បាន​ធូរ​ស្រាល ការ​រត់​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ដៃ​ជើង​ដែល​ចុក​រោយ​ហាក់​បាន​​ស្បើយ​ល្ហើយ​ ហើយ​ពន្លឺ​ និង​កំដៅ​ពី​ចង្ក្រាន​បាន​សណ្ដំ​រាង​កាយ​នាង​ប្រៀប​បាន​នឹង​វេទមន្ត ពេល​ដែល​នាង​សម្លឹង​ទៅ​ធ្យូង​ក្រហម​ច្រាល​ក្នុង​ចង្ក្រាន​ ស្នាម​ញញឹម​បាន​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​ដែល​​ប្រឡាក់​​​ស្រមូម​របស់​នាង ក្បាល​របស់​នាង​ទម្រេត​ចុះ​ដោយ​នាង​មិន​ដឹង​ខ្លួន​ ភ្នែក​របស់​នាង​​បិទ​ព្រឹមៗ ហើយ​នាង​ក៏​លង់​លក់​ទៅ។ នាង​នៅ​ក្នុង​បន្ទប់​បាន​ប្រហែល​ជា​ដប់​នាទី​ប៉ុណ្ណោះ​​ សារ៉ា ក៏​ចូល​មក​ដល់ ប៉ុន្តែ​នាង​លង់​ក្នុង​ដំណេក​យ៉ាង​ល្ហិតល្ហៃ ហាក់​ដូច​ជា​នាង​បាន​គេង​លក់​រាប់​ឆ្នាំ​មក​ហើយ​ក្នុង​រឿង​ព្រេង​និទាន។ រូប​រាង​របស់​នាង​គឺ​ជា​កម្មករ​ដែល​មាន​សម្លៀកបំពាក់​រហែក​ដាច់ដាច​ ខ្លួន​ប្រាណ​ប្រឡាក់ប្រឡូស និង​មុខ​អាក្រក់។

រូប​រាង​សារ៉ា មិន​ដូច​ជា​នាង​ទេ នាង​ហាក់​បីដូច​ជា​អ្នក​មក​ពី​ពិភព​ផ្សេង​គ្នា។ នៅ​រសៀល​នេះ​នាង​បាន​ចូល​រៀន​ថ្នាក់​ហាត់​រាំ​របស់​នាង ហើយ​ជា​រសៀល​ដែល​​នាយក​ផ្នែក​រាំ​បាន​មក​ចូល​រួម​មើល​ការ​ហាត់​រៀន ដូច្នោះ​ម៉ោង​នោះ​គឺ​ពិសេស​ជាង​ការ​ហាត់​រៀន​រៀងរាល់​សប្ដាហ៍។ សិស្ស​ក្នុង​សាលា​ស្លៀកពាក់​សម្លៀកបំពាក់​ល្អ​បំផុត​របស់​ពួក​គេ ហើយ​ដោយសារ​ សារ៉ា រាំ​ស្អាត ដូច្នោះ​ហើយ ម៉ារីតេ បាន​ស្នើ​ឲ្យ​នាង​​តុបតែង​ និង​ស្លៀកពាក់​ឲ្យ​ស្អាត​បំផុត។

ថ្ងៃ​នេះ​សម្លៀកបំពាក់​របស់​នាង​ពណ៌​​ផ្កា​កុលាប​ក្រហម ហើយ​ម៉ារីតេ បាន​ទិញ​បាច់​ផ្កា​កុលាប​ មក​ដើម្បី​តុបតែង​ស្បៃ​​ខាង​ក្រោយ​ខ្នង​របស់​នាង។ នាង​រៀន​រាំ​ចង្វាក់​ថ្មី ជា​ចង្វាក់​ដ៏​រីករាយ​ដែល​នាង​បាន​ពត់ពេន​ខ្លួន​ ហក់​លោត ធ្វើ​ឲ្យ​រាង​កាយ​ដ៏​តូច​របស់​នាង​មើល​ទៅ​ហាក់​ដូច​ជា​មេអំបៅ​ពណ៌​កុលាប​ក្រហម​ដ៏​ធំ​មួយ​កំពុង​សំកាំង​ខ្លួន​ និង​ហើរ​ពេញ​បន្ទប់ ហើយ​ការ​ហាត់​ប្រាណ​ដ៏​រីករាយ​នេះ​បាន​នាំ​ស្នាម​ញញឹម​​ដ៏​ស្រស់​ស្អាត​មក​លើ​ផ្ទៃ​មុខ​របស់​នាង។

ពេល​ដែល​នាង​ចូល​ដល់​ក្នុង​បន្ទប់ នាង​ឈាន​ជើង​ចូល​បាន​ពីរ​បី​ជំហាន​តូចៗ​របស់​នាង ហើយ​ពេល​នោះ​ប៊េកគី អង្គុយ​ងក់​ក្បាល​ចុះ ដោយ​មួក​របស់​នាង​បាន​ធ្លាក់​សំយាក​ពី​ក្បាល​របស់​នាង។

“អូ! គឺ​ក្មេង​កម្សត់​នោះ!” នាង​ភ្ញាក់​ដោយ​សំឡេង​ស្រទន់ ពេល​នាង​ឃើញ ប៊េកគី។

នាង​មិន​មាន​អារម្មណ៍​ខឹង ឬ​អន់​ចិត្ត​ទេ ពេល​ឃើញ​កៅអី​របស់​នាង​ត្រូវ​បាន​ក្មេង​រូប​អាក្រក់ សំលៀកបំពាក់​ដាច់ដាច​អង្គុយ​លើ​នោះ។ បើ​និយាយ​ការ​ពិត​ទៅ នាង​ពិត​ជា​សប្បាយ​ចិត្ត ដែល​ឃើញ​ក្មេង​កម្សត់​នោះ​អង្គុយ​លើ​​នោះ។ ពេល​នាង​ក្មេង​ស្រី​ដែល​គេ​ប្រើ​ហួស​​កម្លាំង​​នៅ​ក្នុង​រឿង​របស់​នាង​​ក្រោក​ឡើង នាង​អាច​និយាយ​ជា​មួយ​គេ​បាន។ នាង​ដើរ​សំដៅ​ទៅ​គេ​ដោយ​ស្ងាត់ៗ ហើយ​ឈរ​សម្លឹង​មើល​នាង។ ប៊េកគី​ ស្រមុក​បន្តិច។

“ខ្ញុំ​ចង់​ឲ្យ​នាង​ដឹង​ខ្លួន​ដោយ​ខ្លួន​ឯង ខ្ញុំ​មិន​ចង់​ដាស់​នាង​ទេ ប៉ុន្តែ​កញ្ញា មីនជីន នឹង​ខឹង​សម្បារ​ប្រសិន​បើ​គាត់​ដឹង។ ខ្ញុំ​នឹង​រង់​ចាំ​ពីរ​បី​នាទី​ទៀត។”

នាង​ទៅ​អង្គុយ​នៅ​កៅអី​អែប​តុ​ ហើយ​យោល​ជើង​តូច​របស់​នាង ហើយ​គិត​ថា​តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​ល្អ។ កញ្ញា អាម៉េឡា អាច​ចូល​មក​​ទី​នេះ​បាន​គ្រប់​ពេល ហើយ​បើ​គាត់​ចូល​មក​មែន ប៊េកគី ប្រាកដ​ជា​ត្រូវ​គេ​ស្ដី​បន្ទោស។

“ប៉ុន្តែ​នាង​អស់​កម្លាំង​ណាស់ នាង​អស់​កម្លាំង​ណាស់។” សារ៉ា គិត។

កំទេច​ធ្យូង​ពី​ចង្ក្រាន​ផ្ទុះ​តិច​ៗ​គ្រប់​ពេល ហើយ​ពេល​ដែល​វា​ប៉ើង​ទៅ​ប៉ះ​ ប៊េកគី នាង​ក៏​បើក​ភ្នែក និង​ភ្ញាក់​ឡើង​ដោយ​ភាព​ភ័យ​ខ្លាច។ នាង​មិន​ដឹង​ខ្លួន​ថា បាន​គេង​លក់​ទេ។ នាង​គ្រាន់​តែ​ដឹង​ថា​ នាង​អង្គុយ​លេង​មួយ​ភ្លែត​ហើយ​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ ពេល​​ដែល​នាង​បើក​ភ្នែក​និង​ដឹង​ខ្លួន​​ច្បាស់​មក​វិញ​ នាង​មើល​ដោយ​ស្រឡាំងកាំង​ ខណៈ​ដែល​សិស្ស​មក​ស្នាក់​ដ៏​ស្រស់​ស្អាត​​​ប្រៀប​ដូច​​ទេពអប្សរ​ក្នុង​ឈុត​កុលាប​ក្រហម​កំពុង​អង្គុយ​នៅ​ក្បែរ​នាង។

នាង​សម្រាស់​ខ្លួន​​ ហើយ​ចាប់​មួក​ពាក់​ឲ្យ​ស្រួលបួល​វិញ។ អូ ពេល​នេះ​នាង​ដឹង​ថា​​នាង​មាន​បញ្ហា​ហើយ​ ដែល​មក​គេង​លក់​លើ​កៅអី​របស់​កុមារី​​ដែល​មាន​ឈ្មោះ​ល្បី​នេះ។ នាង​នឹង​ត្រូវ​គេ​ដេញ​ចេញ​ដោយ​មិន​ឲ្យ​ប្រាក់​ខែ។

នាង​​បន្លឺ​សំឡេង​ឡើង​ហាក់​ដូច​ជា​កំពុង​ដក​ដង្ហើម​ធំៗ។

“អូ អ្នក​នាង! ៗ! ឲ្យ​ខ្ញុំ​សុំទោស​អ្នក​នាង! អូ ខ្ញុំ​សុំទោស​អ្នក​នាង!” នាង​និយាយ​ទាំង​ភ័យ​ស្លន់។

សារ៉ា លោត​ចុះ​ហើយ​ដើរ​ទៅ​យ៉ាង​កៀក​នាង។

“កុំ​ខ្លាច​អី មិន​មាន​បញ្ហា​អ្វី​បន្តិច​ឡើយ​” នាង​និយាយ​ហាក់​ដូច​ជា​ពេល​នាង​កំពុង​និយាយ​ជាមួយ​ក្មេង​តូចៗ​ដូច​ជា​នាង។

“ខ្ញុំ​គ្មាន​ចេតនា​ទេ​អ្នក​នាង ភ្លើង​កក់​ក្ដៅ អឺ ហើយ​ខ្ញុំ​អស់​កម្លាំង​ពេក មិន​មែន …” ប៊េកគី តប។

សារ៉ា សើច​​បែប​រាក់ទាក់​បន្តិច ហើយ​ដាក់​ដៃ​លើ​ស្មា​របស់​នាង។

“បង​អស់​កម្លាំង បង​មិន​អាច​ទ្រាំ​បាន​ទេ បង​មិន​ទាន់​ដឹង​ខ្លួន​ស្រួល​បួល​ទេ។” នាង​និយាយ។

ប៊េកគី សម្លឹង​នាង​ដោយ​ភ្នែក​ដ៏​កម្សត់។ តាម​ពិត​នាង​មិន​ដែល​បាន​ស្ដាប់​ពាក្យ​​​ល្អ និង​រួសរាយ​បែប​នេះ​ពី​នរណា​ម្នាក់​ទេ​ពី​មុន​មក។ នាង​តែង​តែ​ត្រូវ​គេ​បង្គាប់​ បញ្ជា និង​ស្ដី​បន្ទោស ហើយ​​និង​ត្រូវ​គេ​មួរ​ស្លឹក​ត្រចៀក។ ហើយ​ក្មេង​ស្រី​ស្លៀក​ឈុត​រាំ​ពណ៌​កុលាប​ក្រហម​នេះ និយាយ​ជា​មួយ​នាង​ហាក់​ដូច​ជា​នាង​មិន​មែន​ជា​ក្មេង​ធ្វើ​ការ​នៅ​ផ្ទះ​បាយ​ទេ ហាក់​ដូច​នាង​មាន​សិទ្ធិ​អស់​កម្លាំង ហើយ​ថែម​ទាំង​អាច​គេង​បាន! ដៃ​ដ៏​តូច​ដែល​ដាក់​នៅ​លើ​ស្មា​របស់​នាង ហាក់​ដូច​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​បំផុត​ដែល​នាង​មិន​ធ្លាប់​មាន។

“អ្នក​នាង អ្នក​នាង​ មិន​ខឹង​ទេ? អ្នក​នាង​នឹង​មិន​ប្រាប់​ម្ចាស់​ស្រី​ទេ?” នាង​និយាយ​។

“អត់​ទេ ខ្ញុំ​ប្រាកដ​ជា​មិន​ប្រាប់​ទេ។” សារ៉ា និយាយ​ខ្លាំង​បន្តិច។

ទឹក​មុខ​របស់​ ប៊េកគី ហាក់​ពិបាក​ទ្រាំ​នឹង​អាការៈ​ភ័យ​​ខ្លាច សារ៉ា មាន​អារម្មណ៍​ថា​សោក​ស្ដាយ​ចំពោះ​នាង នាង​ដាក់​ដៃ​របស់​នាង​លើ​ថ្ពាល់​របស់ ប៊េកគី។

“ហេតុ​អី? ពួក​យើង​គឺ​ដូច​តែ​គ្នា​ទេ ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដូច​បង​ដែរ។ គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ដែល​ខ្ញុំ​មិន​មែន​ជា​បង ហើយ​បង​មិន​មែន​ជា​ខ្ញុំ!” សារ៉ា និយាយ។

ប៊េកគី មិន​យល់​អ្វី​​បន្តិច​ទេ។

“ចៃដន្យ​មែន​ទេ​អ្នក​នាង? នាង​សួរ​ដោយ​គោរព។

“ត្រូវ​ហើយ” សារ៉ា ឆ្លើយ ហើយ​សម្លឹង​មើល​នាង​​ជាមួយ​នឹង​ការ​គិត​មួយ​ភ្លែត។ ប៉ុន្តែ​បន្ទាប់​មក​ទៀត​នាង​និយាយ​​ដោយ​សំឡេង​ផ្សេង។ នាង​ដឹង​ថា​ ប៊េកគី មិន​យល់​ពី​អត្ថន័យ​របស់​នាង​ទេ។

“បង​ធ្វើ​ការ​ហើយ​ ឬ​នៅ? បង​ហ៊ាន​នៅ​ទី​នេះ​ពីរ​បី​នាទី​ទេ?” នាង​សួរ។

ប៊េកគី ភ័យ​ខ្លាំង​ម្ដង​ទៀត។

“ទីនេះ​​ឬ អ្នក​នាង? ខ្ញុំ?”

សារ៉ា រត់​ទៅ​ទ្វារ បើក​ទ្វារ មើល​ជុំវិញ​នោះ​ ហើយ​ខំ​ស្ដាប់​សំឡេង។

“គ្មាន​អ្នក​ណា​នៅ​ក្បែរ​នេះ​ទេ បើ​បង​រៀបចំ​បន្ទប់​រួច​អស់​ហើយ បង​អាច​នៅ​ទីនេះ​មួយ​ភ្លែត​បាន។ ខ្ញុំ​គិត​ថា បង​ប្រហែល​ជា​ចូល​ចិត្ត​នំ​ខេក។”

សារ៉ា​ បើក​ប្រអប់​ហើយ​ឲ្យ​នំ​ខេក​ទៅ​នាង​មួយ​ដុំ ការ​ខាំ​និង​ទំពារ​នំ​របស់​នាង​ហាក់​ដូច​ជា​មិន​មែន​កំពុង​ពេញ​ការ​ឃ្លាន​ទេ តែ​ជា​អ្វី​ដែល​នាង​រីករាយ​បំផុត​ហើយ​​មិន​ដែល​ស្រមៃ​ថា​នាង​នឹង​បាន​ញ៉ាំ​នំ​នេះ​នៅ​ក្នុង​បន្ទប់​បែប​នេះ។ សារ៉ា និយាយ និង​សួរ​សំនួរ ហើយ​សើច​រហូត​ដល់​សេចក្ដី​ភ័យ​ខ្លាច​របស់​ ប៊េកគី បាន​ស្រាកស្រាន្ត​​ដោយ​ខ្លួន​ឯង ហើយ​ម្ដង​ឬ​ពី​ដង​ប៊េកគី ហ៊ាន​សួ​សំនួរ​។

“នោះ​គឺ គឺ​សម្លៀកបំពាក់​រាំ​ស្អាត​បំផុត​របស់​អ្នក​នាង?” នាង​មើល​​​ឈុត​រាំ​ពណ៌​កុលាប​ក្រហម​នោះ​យ៉ាង​ហូរ ហើយ​នាង​សួរ​ដែល​ឮ​សំឡេង​ហាក់​ដូច​ជា​គេ​ខ្សឹប។

“នេះ​ជា​ឈុត​មួយ​ក្នុង​ចំណោម​ឈុត​​សម្រាប់​រៀន​រាំ​របស់​ខ្ញុំ​​ជា​ច្រើន ខ្ញុំ​ចូល​ចិត្ត​វា ចុះ​បង?”​ សារ៉ា ឆ្លើយ។

ប៊េកគី រក​ពាក្យ​និយាយ​មិន​​បាន​ព្រោះ​ក្ដី​ស្រលាញ់​ប៉ុន្មាន​វិនាទី បន្ទាប់​​មក​និយាយ​ដោយ​សំឡេង​ស្រាលៗ។

“ខ្ញុំ​ធ្លាប់​​ឃើញ​​ព្រះ​នាង​ម្ដង ខ្ញុំ​ឈរ​នៅ​ដង​ផ្លូវ​ជា​មួយ​មនុស្ស​ជា​ច្រើន មើល​គេ​ដង្ហែ​ព្រះនាង​ទៅ​មើល​អ្នក​រាំ​អូប៉េរ៉ា។ គ្រប់​គ្នា​តាម​សម្លឹង​មើល​ព្រះ​នាង ព្រះ​នាង​នៅ​តូច​ ប៉ុន្តែ​ទ្រង់​គ្រង​ឈុត​ពណ៌​ផ្កា​ឈូក ដោយ​មាន​ផ្កា​ជា​ច្រើន។ ខ្ញុំ​នឹក​ដល់​ព្រះ​នាង​ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​​​នាង​អង្គុយ​លើ​កៅអី​នោះ។ អ្នក​នាង​ដូច​ជា​ទ្រង់​អីចឹង។

“ជា​ញឹកញាប់​ខ្ញុំ​​បាន​គិត​ថា​ខ្ញុំ​ជា​ព្រះ​​នាង ខ្ញុំ​ចង់​ដឹង​ថា​ជា​ព្រះ​នាង​មាន​អារម្មណ៍​យ៉ាង​ម៉េច។ ខ្ញុំ​ជឿ​ថា​ខ្ញុំ​នឹង​ប្រឌិត​រឿង​ថា​ខ្ញុំ​ជា​ព្រះ​នាង​មួយ​អង្គ។”

ប៊េកគី សម្លឹង​នាង​ដោយ​ក្ដី​ស្រលាញ់ ហើយ​ដូច​ជា​ពេល​មុន​អីចឹង​​នាង​មិន​យល់​ពាក្យ​ដែល​សារ៉ា​និយាយ​ទេ។ មិន​យូរ​ប៉ុន្មាន​សារ៉ា គិត​ឃើញ​ហើយ​ងាក​មក​សួរ​នាង​សំនួរ​ថ្មី​ទៀត។

“ប៊េកគី បង​មិន​បាន​ស្ដាប់​រឿង​នោះ​ទេ?”

“ចា៎ អ្នក​នាង ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ស្ដាប់​ទេ ប៉ុន្តែ​រឿង​នោះ​អស្ចារ្យ​ពេក​ ទើប​ខ្ញុំ​ស្ដាប់​ដោយ​មិន​​បាន​តាំង​ចិត្ត។” ប៊េកគី សារភាព។

“​ខ្ញុំ​ចង់​ឲ្យ​បង​ស្ដាប់​រឿង​នោះ បើ​បង​និទាន​រឿង បង​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់​ក្រៅ​ពី​មាន​មនុស្ស​ចង់​ស្ដាប់។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​បែប​នោះ​ទេ។ បង​ចង់​ស្ដាប់​សាច់​រឿង​ដែល​នៅ​សល់​ទេ?” សារ៉ា និយាយ។

ប៊េកគី ដក​ដង្ហើម​ញាប់​ម្ដង​ទៀត។

“ខ្ញុំ​ស្ដាប់? ដូច​ជា​ខ្ញុំ​ជា​សិស្ស​ម្នាក់​ដែរ​មែន​ទេ​អ្នក​នាង? រឿង​ទាំង​អស់​ពី​ព្រះនាង និង​កូន​សត្វ​តូចៗ​ពណ៌​ស​កំពុង​ហែល​ទឹក ដោយ​ផ្កាយ​តូចៗ​ជា​ច្រើន​នៅ​លើ​សក់​របស់​ពួក​គេ?” នាង​ស្រែក។

សារ៉ា ងក់​ក្បាល។

“ខ្ញុំ​ខ្លាច​ថា​ពេល​នេះ​បង​គ្មាន​ពេល​ស្ដាប់​ទេ ប៉ុន្តែ​បើ​បង​អាច​ប្រាប់​ខ្ញុំ​បាន​ថា​ម៉ោង​ប៉ុន្មាន​បង​អាច​មក​បន្ទប់​របស់​ខ្ញុំ​បាន ខ្ញុំ​នឹង​ព្យាយាម​មក​បន្ទប់​ ហើយ​និយាយ​ប្រាប់​បង​មួយ​ថ្ងៃ​បន្តិចៗ​រហូត​ដល់​ចប់។ នេះ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ស្រលាញ់​និង​វែង ហើយ​ខ្ញុំ​តែង​តែ​បន្ថែម​សាច់​រឿង​តិចៗ” នាង​និយាយ។

“អញ្ចឹង​ខ្ញុំ​នឹង​មិន​​គិត​​​ទេ​ទោះ​ចង្ក្រាន​ធ្យូង​ធ្ងន់​យ៉ាង​ណា ចុងភៅ​ធ្វើ​យ៉ាង​ម៉េច​ចំពោះ​ខ្ញុំ បើ​ខ្ញុំ​គិត​ដល់​រឿង​នោះ។” ប៊េកគី ដក​ដង្ហើម​វែងៗ។

“​បង​អាច ខ្ញុំ​នឹង​និយាយ​រឿង​នេះ​ប្រាប់​បង​ទាំង​អស់។” សារ៉ា​និយាយ។

ពេល​ដែល​ប៊េកគី ចុះ​ទៅ​ជាន់​ក្រោម​វិញ នាង​មិន​ដូច​ប៊េកគី ដែល​អស់​កម្លាំង​ដោយ​សារ​លើក​ចង្ក្រាន​ធ្យូង​ធ្ងន់​ៗ​នោះ​ទេ។ នាង​មាន​នំ​ខេក​នៅ​ក្នុង​​ហោប៉ៅ​មួយ​ដុំ​ទៀត ហើយ​នាង​​បាន​​​ឆ្អែត​ ​និង​ទទួល​​ភាព​កក់​ក្ដៅ។ ប៉ុន្តែ​មិន​ដោយ​សារ​តែ​នំ​ខេក និង​ភ្លើង​ចង្ក្រាន​នោះ​ទេ គឺ​អ្វី​ផ្សេង​បាន​ផ្ដល់​កម្លាំង និង​ធ្វើ​ឲ្យ​នាង​កក់​ក្ដៅ ហើយ​នោះ​គឺ​សារ៉ា។

ពេល​ដែល​នាង​ទៅ​បាត់​ សារ៉ា អង្គុយ​លើ​កៅអី​របស់​នាង​នៅ​ក្បែរ​តុ។ ជើង​របស់​នាង​នៅ​លើ​កៅអី ហើយ​កែង​ដៃ​នៅ​លើ​ជង្គង់ ហើយ​ចង្កា​នៅ​លើ​បាត​ដៃ។

“ប្រសិន​បើ​ខ្ញុំ​ជា​ព្រះនាង​ពិត​ប្រាកដ​មែន ខ្ញុំ​អាច​និយាយ​រឿង​ប្រាប់​មនុស្ស​កាន់​តែ​ច្រើន។ ប៉ុន្តែ​ទោះ​បី​​​ខ្ញុំ​គ្រាន់​តែ​ប្រឌិត​ខ្លួន​ធ្វើ​ជា​ព្រះ​នាង ខ្ញុំ​អាច​ច្នៃ​រឿង​​តូចៗ​ដើម្បី​មនុស្ស​ជា​ច្រើន។ រឿង​ដូច​ជា​ពេល​នេះ​ជា​ដើម។ នាង​សប្បាយ​ចិត្ត​ដូច​ជា​នោះ​ជា​រឿង​ធំ​ដែល​បាន​​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​សប្បាយ​ចិត្ត។

………………………………..

​កាពីទែន គ្រូវី បាន​សរសេរ​សំបុត្រ​មក​​ សារ៉ា ប្រាប់​​ពីរ​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ មិត្ត​ដែល​​ធ្លាប់​រៀន​នៅ​សាលា​ជា​មួយ​គាត់​ពេល​នៅ​ក្មេង​បាន​មក​រក​គាត់​ដោយ​មិន​បាន​រំពឹង​ទុក​មុន​នៅ​ឥណ្ឌា។ គាត់​ជា​ម្ចាស់​ដី​ដ៏​ធំ​ដែល​​ដី​ទាំង​នោះ​ត្រូវ​បាន​​គេ​រក​ឃើញ​ថា​មាន​ពេជ្រ​ជា​ច្រើន ហើយ​គាត់​ចូល​រួម​ជា​មួយ​ការ​អភិវឌ្ឍ​រ៉ែ។ ប្រសិន​បើ​គ្រប់​យ៉ាង​​ដំណើរ​​ដូច​ការ​រំពឹង​ទុក គាត់​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដូច​​ជា​ការ​គិត​ដ៏​​មហិមា​ ហើយ​ដោយសារ​​គាត់​ចូល​ចិត្ត​មិត្ត​របស់​គាត់​ដែល​ធ្លាប់​រៀន​ជា​មួយ​គ្នា គាត់​បាន​​ផ្ដល់​ឱកាស​ដ៏​ធំ​សំបើម​នេះ​​ឱ្យ​គេ​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ការ​រុករក។ មិន​យូរ​ប៉ុន្មាន​​ក្រោយ​ពី​រឿង​ដ៏​គួរ​រំភើប​នេះ​បាន​កើត​ឡើង មិន​គ្រាន់​តែ​សារ៉ា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្មេង​ក្នុង​សាលា​ទាំង​មូល​​យល់​ថា​នោះ​ជា​រឿង​ដ៏​រំភើប​ហើយ​បាន​ទុក​រឿង​នោះ​ជា​ប្រធាន​បទ​សំខាន់​ក្នុង​ការ​ជជែក​គ្នា​លេង​អស់​ជា​ច្រើន​សប្ដាហ៍។ សារ៉ា គិត​ពី​រឿង​នោះ​ ហើយ​គូរ​​គំនូរ​​​ឲ្យ អេមេនហ្គាដ និង​ឡូទី មើល​ដែល​បង្ហាញ​ពី​ផ្លូវ​ដែល​គេ​​ជីក​ចូល​ទៅ​ក្រោម​ដី​កន្លែង​ដែល​មាន​ត្បូង​ចាំង​ពន្លឺ ទាំង​ជញ្ជាំង និង​ពិដាន ហើយ​បុរស​ចម្លែកៗ​កំពុង​ជីក និង​លើក​របស់​ធ្ងន់ៗ។ អេមេនហ្គាដ រីករាយ​នឹង​រឿង​នេះ ហើយ​ឡូទី ទទូច​ឲ្យ​និយាយ​ប្រាប់​នាង​ម្ដង​ទៀត​ជា​រៀង​រាល់​ល្ងាច។ ឡាវីនី មាន​គំនិត​ច្រណែន​នឹង​រឿង​នេះ​ណាស់ ហើយ​បាន​ប្រាប់​ ជេស៊ី ថា​​នា​ង​មិន​ជឿ​រឿង​បែប​នោះ​ទេ​ ថា​មាន​រ៉ែ​ពេជ្រ។

“ម៉ាក់​របស់​ខ្ញុំ​មាន​ចិញ្ចៀន​ពេជ្រ​ដែល​មាន​តម្លៃ​សែសិប​ផោន ហើយ​វា​មិន​ធំ​ទេ។ ប្រសិន​បើ​មាន​រ៉ែ​ដែល​ពោរពេញ​ដោយ​ពេជ្រ​នោះ​ មនុស្ស​ប្រាកដ​ជា​មាន​ខ្លាំង​ណាស់ នេះ​ពិត​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មែន។”

“ប្រហែល​ជា​សារ៉ា នឹង​ក្លាយ​ជា​អ្នក​មាន​ខ្លាំង​ដែល​នាង​នឹង​ក្លាយ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​អស់​សំណើច។” ជេស៊ី សើច​ក្អឹកៗ​។

“នាង​គួរ​ឲ្យ​អស់​សំណើច​ដោយ​មិន​បាច់​​ក្លាយ​ជា​អ្នក​មាន” ឡាវីនី គំហក។

“ខ្ញុំ​ជឿ​ថា​ឯង​ស្អប់​គេ” ជេស៊ី និយាយ។

“ទេ ខ្ញុំ​អត់​ទេ តែ​ខ្ញុំ​មិន​ជឿ​រឿង​រ៉ែ​ពេជ្រ​ទេ។” ឡាវីនី ការពារ​ខ្លួន។

“អូ! មនុស្ស​អាច​រក​វា​បាន​មក​ពី​កន្លែង​ណា​មួយ ឡាវីនី ឯង​គិត​យ៉ាង​ម៉េច​ពី​អ្វី​ដែល​ ជើរូដ និយាយ?” ជេស៊ី និយាយ។

“ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​ខ្វល់​ទេ​ទោះ​មាន​រឿង​ច្រើន​ទៀត​ពី​ការ​ប្រឌិត​របស់​​ សារ៉ា ក៏​ដោយ។”

“ត្រូវ​ហើយ គឺ​យ៉ាង​នេះ​ហើយ។ មួយ​ក្នុង​ចំណោម​រឿង​ដែល​នាង​ប្រឌិត​គឺ នាង​ជា​ព្រះនាង។ នាង​លេង​វា​រាល់​តែ​ពេល ទោះ​បី​នៅ​ក្នុង​ថ្នាក់​រៀន។ នាង​និយាយ​ថា​ រឿង​នោះ​ធ្វើ​ឲ្យ​នាង​រៀន​មេរៀន​បាន​កាន់​តែ​ល្អ។ នាង​ចង់​ឲ្យ អេមេនហ្គាដ ក្លាយ​ជា​ព្រះ​នាង​ដែរ ប៉ុន្តែ​អេមេនហ្គាដ និយាយ​ថា​នាង​ធាត់​ពេក។”

“នាង​​ធាត់​ពេក ហើយ​សារ៉ា ស្គម​ពេក។” ឡាវីនី និយាយ​។

ជេស៊ី សើច​ក្អឹកៗ​​ម្ដង​ទៀត​តាម​ធម្មជាតិ​របស់​នាង។

“នាង​និយាយ​ថា គ្មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​នឹង​រូបរាង ឬ​អ្វី​ដែល​យើង​មាន​ទេ។ វា​ពាក់​ព័ន្ធ​តែ​ជា​មួយ​អ្វី​ដែល​យើង​ធ្វើ​ និង​អ្វី​ដែល​យើង​គិត។”

“ខ្ញុំ​​រំពឹង​ថា​​​ នាង​គិត​ថា​នាង​ជា​ព្រះនាង​ប្រសិន​បើ​នាង​ជា​អ្នក​សុំទាន យើង​នាំង​គ្នា​ហៅ​នាង​ថា ព្រះនាង​​ម្ចាស់​ ទៅ។” ឡាវីនី និយាយ។

មេរៀន​ប្រចាំ​ថ្ងៃ​បាន​បញ្ចប់ ហើយ​ក្មេងៗ​នៅ​អង្គុយ​មុខ​ភ្លើង​បន្ទប់​រៀន រីករាយ​ជា​​មួយ​នឹង​ពេល​វេលា​ដែល​ពួក​គេ​ចូល​ចិត្ត​បំផុត។ ជា​ពេល​ដែល​កញ្ញា មីនជីន និង​អាម៉េឡា យក​តែ​របស់​ពួក​គាត់​ចូល​ក្នុង​បន្ទប់​អង្គុយ​លេង​និង​ផ្ដល់​ពេល​វេលា​​ឲ្យ​ខ្លួន​ឯង។ ពេល​នេះ​ជា​ពេល​ដែល​អ្នក​ទាំង​ពីរ​មិន​ចាំ​បាច់​ត្រូវ​និយាយ​ច្រើន​ទៀត​ទេ ប្រសិនបើ​ក្មេងៗ​ដែល​មក​ស្នាក់​នៅ​រៀន​មិន​បង្ក​សំឡេង​រំខាន ប៉ុន្តែ​ជា​ធម្មតា​ពួក​គេ​តែង​តែ​​​មាន​រឿង​តូច ឬ​ធំ​ក្នុង​ការ​លេង​ជុំ​​គ្នា។ ពេល​ដែល​ពួក​គេ​ស្រែក​ទ្រហោ​យំ សិស្ស​ធំៗ​តែង​តែ​ត្រូវ​បាន​ស្ដី​បន្ទោស ឬ​ត្រូវ​បាន​អ្នក​គ្រូ​ចាប់​អង្រួន។ ពួក​គេ​ត្រូវ​រក្សា​​សណ្ដាប់​ធ្នាប់ ហើយ​ប្រសិន​បើ​ពួក​គេ​មិន​គោរព​ពួកគេ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ដែល​កញ្ញា មីនជីន ឬ​អាម៉េឡា នឹង​បង្ហាញ​ខ្លួន​មក ហើយ​ផ្ដល់​មេរៀន​ដល់​អ្នក​បង្ក​រឿង។ ពេល​ដែល​ឡាវិនី និយាយ​ទ្វារ​នៅ​ចំហ ហើយ​សារ៉ា បាន​ដើរ​ចូល​មក​ជាមួយ​នឹង​ឡូទី​ ដែល​តែង​តែ​ទៅ​ណា​មក​ណា​​តាម​នាង​ដូច​ជា​កូន​ឆ្កែ​តូច​មួយ។

“នោះ​នាង ជាមួយ​នឹង​ក្មេង​ដ៏​អាក្រក់! បើ​នាង​ចូល​ចិត្ត​ក្មេង​នោះ​យ៉ាង​នេះ ម៉េច​ក៏​នាង​មិន​ទុក​គេ​នៅ​ក្នុង​បន្ទប់​របស់​នាង​ទៅ? មិន​ដល់​ប្រាំ​នាទី​ទេ នាង​នឹង​​ស្រែក​ខ្ទរ​បន្ទប់​មិន​ខាន។” ឡាវីនី និយាយ។

ទំនង​ជា​ឡូទី​ ចង់​លេង​នៅ​ក្នុង​បន្ទប់​រៀន ហើយ​បាន​នាំ​ម្ដាយ​ចិញ្ចឹម​របស់​នាង​មក​ជាមួយ​នាង។ នាង​ចូល​រួម​ជា​មួយ​ក្មេង​តូចៗ​ដែល​កំពុង​លេង​នៅ​ជ្រុង​ម្ខាង។ សារ៉ា ដើរ​ទៅ​កៅអី​នៅ​ជាប់​បង្អួច បើក​សៀវភៅ​របស់​នាង ហើយ​ចាប់​ផ្ដើម​អាន។ នោះ​គឺ​សៀវភៅ​និយាយ​ពី​បដិវត្ត​នៅ​បារាំង ហើយ​មិន​យូរ​ប៉ុន្មាន​នាង​ក៏​ស្លុង​អារម្មណ៍​ជាមួយ​នឹង​រូប​ភាព​របស់​អ្នក​ទោស​ជា​ច្រើន​នៅ​បាស្ទីល បុរស​ជា​ច្រើន​ដែល​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​នៅ​ក្នុង​គុក​ ហើយ​ត្រូវ​បាន​គេ​រំដោះ​ចេញ​មក​វិញ សក់ និង​ពុកមាត់​របស់​​ពួក​គេ​ស្ទើរ​តែ​បាំង​មុខ​ជិត ហើយ​ពួក​គេ​ភ្លេច​ថា​​នៅ​មាន​ពិភព​ខាង​ក្រៅ​នេះ​ទៅ​ហើយ ហើយ​ដូច​ជា​ពួក​គេ​កំពុង​នៅ​ក្នុង​សុបិន។

នាង​ហាក់​កំពុង​នៅ​ឆ្ងាយ​ពី​បន្ទប់​រៀន ហើយ​វា​ពិត​ជា​ពិបាក​ទ្រាំ​ដែល​ត្រូវ​ឡូទី ទាញ​នាង​ឲ្យ​ត្រលប់​មក​វិញ​ក្នុង​មួយ​ពព្រិច​ភ្នែក​ដោយ​ការ​ស្រែក​ទ្រហោ​យំ។ ហើយ​សារ៉ា មិន​ដែល​គិត​ថា​មិន​អ្វី​ធ្វើ​ឲ្យ​នាង​ខឹង​ជា​ពេល​ដែល​កំពុង​ជក់​ចិត្ត​នឹង​ការ​អាន​ហើយ​ត្រូវ​គេ​ធ្វើ​ឲ្យ​ភ្ញាក់ ឬ​មក​រំខាន​នោះ​ទេ។ មនុស្ស​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ប្រាកដ​ជា​យល់​ពី​អារម្មណ៍​ដែល​ត្រូវ​គេ​រំខាន​នៅ​ពេល​នោះ។

“វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​គេ​វាយ​ខ្ញុំ ហើយ​ដូច​ជា​ខ្ញុំ​ចង់​វាយ​គេ​វិញ។ ខ្ញុំ​ត្រូវ​ចង​ចាំ​រឿង​ជា​ច្រើន​ឲ្យ​បាន​លឿន​ដើម្បី​ជៀស​ពី​ការ​និយាយ​អ្វី​ម្យ៉ាង​ដោយ​សារ​កំហឹង។” សារ៉ា ធ្លាប់​និយាយ​ប្រាប់ អេមេនហ្គាដ​ ម្ដង​។

នាង​ត្រូវ​ចងចាំ​រឿង​ជា​ច្រើន​ឲ្យ​បាន​លឿន​ពេល​​ដែល​នាង​ទុក​សៀវភៅ​របស់​នាង​នៅ​​លើ​កៅអី​ក្បែរ​បង្អួច ហើយ​លោត​ចុះ​ពី​ជ្រុង​ម្ខាង​ដែល​នាង​កំពុង​តែ​ស្រណុក​ចិត្ត។

ឡូទី​ កំពុង​​លេង​នៅ​​លើ​កម្រាល​ឥដ្ឋ ហើយ​បាន​ធ្វើ​ឲ្យ​ ឡាវីនី និង​ជេស៊ី ខឹង​ជា​​លើក​ដំបូង​ដោយ​ការ​បន្លឺ​សំឡេង​ខ្លាំងៗ ហើយ​នៅ​ទី​បញ្ចប់​លទ្ធផល​គឺ​នាង​ត្រូវ​ដួល​ និង​របួស​ជង្គង់​ធាត់​របស់​នាង។ នាង​ស្រែក​ ននាល​នៅ​កណ្ដាល​ចំណោម​មិត្ត​ និង​សត្រូវ​ដែល​រោម​មើល​ និង​បន្ទោស​នាង។

“ឈប់​ភ្លាម​ទៅ ក្មេង​ពូកែ​យំ! ឈប់​ភ្លាម!” ឡាវីនី បញ្ជា។

“ខ្ញុំ​មិន​មែន​ក្មេង​ពូកែ​យំ​ទេ​ ខ្ញុំ​មិន​មែន​ទេ!​ សារ៉ា សា…រ៉ា!” ឡូទី ស្រែក។

“បើ​នាង​មិន​ឈប់​យំ​ទេ កញ្ញា មីនជីន នឹង​ស្ដាប់​ឮ​មិន​ខាន ឡូទី ឈប់​យំ​ទៅ ខ្ញុំ​ឲ្យ​ឯង​មួយ​​ផេន្នី (លុយ​អង់គ្លេស) ណា!”

“ខ្ញុំ​មិន​ត្រូវ​ការ​លុយ​របស់​ឯង​ទេ” ឡូទី យំ​អណ្ដឺតអណ្ដក ហើយ​នាង​សម្លឹង​មើល​ក្បាល​ជង្គង់​របស់​នាង ហើយ​មាន​ចេញ​ឈាម​បន្តិច នាង​ស្រែក​យំ​ម្ដង​ទៀត។

សារ៉ា រត់​កាត់​​បន្ទប់​មក ហើយ​លត់​ជង្គង់​ចុះ ដាក់​ដៃ​នាង។

“​បាន​ហើយ​ឡូទី បាន​ហើយ ឯង​បាន​សន្យា​​នឹង​ សារ៉ា​ រួច​ហើយ។” នាង​និយាយ។

“នាង​ថា​ខ្ញុំ​ជា​ក្មេង​ពូកែ​យំ” ឡូទី ជូត​ទឹក​ភ្នែក។

សារ៉ា អង្អែល​នាង​ប៉ុន្តែ​និយាយ​នៅ​ក្នុង​សំឡេង​នឹងធឹង។

“ប៉ុន្តែ​បើ​ឯង​យំ ឯង​នឹង​ក្លាយ​ជា​ក្មេង​ពូកែ​យំ ឡូទី។ ឯង​បាន​​សន្យា​ហើយ។”

ឡូទី ចាំ​បាន​ថា​នាង​បាន​សន្យា​ថា​មិន​យំ ប៉ុន្តែ​នាង​​ចង់​ស្រែក​យំ​ឲ្យ​ខ្លាំង។​

“ខ្ញុំ​អត់​មាន​ម៉ាក់​ទេ ខ្ញុំ​អត់​មាន​ម៉ាក់​តាំង​ពី​តូច។”

“ឯង​មាន ឯង​ភ្លេច​ហើយ? ឯង​មិន​ដឹង​ថា សារ៉ា ជា​ម៉ាក់​របស់​ឯង​ទេ? ឯង​មិន​ចង់​បាន​សារ៉ា ធ្វើ​ជា​ម៉ាក់​ទេ​មែន​ទេ?” សារ៉ា និយាយ​លួងលោម។

ឡូទី ឱប​នាង​ដោយ​​​កំពុង​យំ​អណ្ដឺតអណ្ដក។​

“ទៅ​អង្គុយ​នៅ​កៅអី​ជាប់​បង្អួច​ជា​មួយ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខ្សឹប​ប្រាប់​ឯង​រឿង​មួយ។” សារ៉ា បន្ត។

“មែន? បង​នឹង​ប្រាប់​ខ្ញុំ​ពី​រឿង​រ៉ែ​ពេជ្រ​​ទេ?” ឡូទី​ និយាយ​ផុតៗ។

“រ៉ែ​ពេជ្រ? ក្មេង​ឆ្នាស់​ទម្រើស ខ្ញុំ​ចង់​តែ​ទះ​កំផ្លៀង​នាង​ទេ។” ឡាវីនី​ ធ្លោយ​សំដី។ ​​​

​​សារ៉ា ក្រោក​ឈរ​ភ្លាម មុន​នេះ​នាង​កំពុង​ជក់​ចិត្ត​នឹង​សៀវភៅ​និយាយ​ពី​បាស្ទីល ហើយ​នាង​ត្រូវ​រំឭក​រឿង​ជា​ច្រើន​ភ្លាម ពេល​ដែល​នាង​ដឹង​ថា​នាង​ត្រូវ​ទៅ​មើល​កូន​ចិញ្ចឹម​របស់​នាង។ នាង​មិន​មែន​ជា​ទេពអក្សរ​ទេ ហើយ​នាង​មិន​ចូល​ចិត្ត​ ឡាវីនី។

“ត្រូវ​ហើយ ខ្ញុំ​គួរ​តែ​ទះ​កំផ្លៀង​ឯង ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទះ​កំផ្លៀង​ឯង!”  សារ៉ា និយាយ​ដោយ​កំហឹង ទប់​ខ្លួន​បន្តិច​នាង​បន្ត៖

“យ៉ាង​ហោច​ណាស់ ខ្ញុំ​ចង់​ទាំង​ទះ​កំផ្លៀង​ឯង ហើយ​ខ្ញុំ​គួរ​តែ​ទះ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើ​បែប​នោះ​ទេ។ ពួក​យើង​មិន​មែន​ជា​ក្មេង​តូច​ល្ងីល្ងើ​នោះ ទេ។ ពួក​យើង​ទាំង​ពីរ​នាក់​ធំ​អាច​ដឹង​អ្វី​ដែល​ល្អ​ និង​មិន​ល្អ។”

នេះ​ជា​ឱកាស​របស់​ ឡាវីនី៖

“អូ! ត្រូវ​ហើយ ព្រះ​នាង​ម្ចាស់! ខ្ញុំ​ជឿ​ថា ពួក​យើង​ជា​ព្រះ​នាង យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ជា​ព្រះ​នាង។ សាលា​នេះ​​ឥឡូវ​គួរ​តែ​មាន​កិត្តិយស​ណាស់ កញ្ញា​មីនជីន មាន​ព្រះ​មក​ស្នាក់​នៅ​រៀន​ក្នុង​សាលា​របស់​គាត់។” នាង​និយាយ​បែប​ចំអក។

សារ៉ា ដើរ​សំដៅ​ទៅ​រក​នាង។ មើល​ទៅ​នាង​ហាក់​ដូច​ជា​កំពុង​ដើរ​ទៅ​មួរ​ស្លឹក​ត្រចៀក​របស់​គេ។ ការ​ប្រឌិត​រឿង​គឺ​ជា​សេចក្ដី​រីករាយ​នៃ​ជីវិត​របស់​នាង។ នាង​មិន​ដែល​និយាយ​វា​ប្រាប់​ក្មេង​ស្រី​ដែល​នាង​មិន​ចូល​ចិត្ត​ទេ។ រឿង​ថ្មី​របស់​នាង​ដែល​នាង​ប្រឌិត​ថា ខ្លួន​ឯង​ជា​ព្រះ​នាង​គឺ​ជា​រឿង​ដែល​នាង​ស្រលាញ់ ហើយ​នាង​អៀន និង​មាន​ជំនក់​ចិត្ត​ពី​រឿង​នេះ។ នាង​បាន​ទុក​រឿង​នេះ​ជា​រឿង​សំងាត់ ប៉ុន្តែ​ពេល​នេះ ឡាវីនី បាន​និយាយ​វា​បែប​ចំអក​នៅ​ក្នុង​ចំណោម​សិស្ស​ស្ទើរ​តែ​ទាំង​អស់។ នាង​មាន​អារម្មណ៍​ថា​ឈាម​ច្រាល​ឡើង​លើ​មុខ​របស់​នាង ហើយ​ហឹង​ត្រចៀក។ នាង​ទប់​អារម្មណ៍​ខ្លួន​ឯង បើ​ឯង​ជា​ព្រះ​នាង ឯង​មិន​រត់​ទៅ​រក​ជម្លោះ​ទេ។ នាង​ទម្លាក់​ដៃ​ចុះ ហើយ​នៅ​ស្ងៀម​មួយ​ភ្លែត។ ពេល​ដែល​នាង​និយាយ​ចេញ​មក គឺ​និយាយ​ដោយ​សំឡេង​នឹងធឹង នាង​ងើប​មុខ​ឡើង ហើយ​សិស្ស​នៅ​ទីនោះ​នៅ​ចាំ​ស្ដាប់។

“ពិត​មែន​ហើយ ពេល​ខ្លះ​ខ្ញុំ​ប្រឌិត​ថា​ ខ្ញុំ​ជា​ព្រះ​នាង។ ខ្ញុំ​ប្រឌិត​ថា ខ្ញុំ​ជា​ព្រះ​នាង​ដូច្នេះ​ខ្ញុំ​អាច​​ព្យាយាម​ធ្វើ​ដូច​ជា​ព្រះ​នាង​មួយ​អង្គ។”

ឡាវីនី មិន​អាច​នឹក​រក​រឿង​អ្វី​​ឲ្យ​ត្រូវ​​មក​និយាយ​នៅ​ពេល​នេះ។ ជា​ច្រើន​លើក​​ហើយ​នាង​មិន​អាច​រក​អ្វី​ដែល​នាង​ពេញ​ចិត្ត​មក​ឆ្លើយ​តប​បាន​ទេ​ ពេល​ដែល​នាង​នៅ​ប្រឈម​មុខ​ជាមួយ​នឹង​ សារ៉ា។ ហេតុ​ផល​នៅ​ពី​ក្រោយ​នេះ​គឺ​នាង​មិន​ច្បាស់​ពី​អ្វី​ដែល​ដៃ​គូ​របស់​នាង​​ធ្វើ​ ឬ​គិត។ ពេល​នេះ​នាង​ឃើញ​ថា អ្នក​គ្រប់​គ្នា​ចាប់​អារម្មណ៍​នឹង​រឿង​ថ្មី​នេះ។ ការ​ពិត​គឺ​ពួក​គេ​ចូល​ចិត្ត​ព្រះនាង ហើយ​ពួក​គេ​សង្ឃឹម​ថា​នឹង​បាន​ស្ដាប់​រឿង​ច្រើន​ទៀត​ពី​ព្រះ​នាង​មួយ​អង្គ ហើយ​បាន​ទៅ​ជិត​ សារ៉ា។

ឡាវីនី អាច​ត្រឹម​ប្រឌិត​ជា​សំដី​មួយ​​ឃ្លា ហើយ​ធ្វើ​ជា​បញ្ជោរ។

“មេត្តា​ខ្ញុំ! ខ្ញុំ​សង្ឃឹម​ថា ពេល​ដែល​នាង​គ្រង​លើ​បល្ល័ង្ក​នោះ នាង​នឹង​មិន​ភ្លេច​ពួក​យើង​ទេ។”

“ខ្ញុំ​នឹង​មិន​ភ្លេច​ទេ” សារ៉ា និយាយ ហើយ​មិន​បន្ត​មួយ​ពាក្យ​ទៀត​ទេ ប៉ុន្តែ​ឈរ​នៅ​ស្ងៀម ហើយ​សម្លឹង​ទៅ​រហូត​ដល់ ឡាវីនី កាន់​ដៃ ជេស៊ី ចេញ​ទៅ។ ​

……………………………………………………..

ព្រះ​នាង​តូច (ភាគ​ទី​៥)

ចំពោះ​ ប៊េកគី នាង​បាក់​ដូច​ជា​ទទួល​បាន​​​អ្វី​ម្យ៉ាង​ដ៏​មាន​តម្លៃ​នៅ​ក្នុង​លោក​នេះ​ ក្រោយ​ពី​ការ​ជជែក​គ្នា​នៅ​រសៀល​ពោរពេញ​ដោយ​អ័ភ្រ ពេល​ដែល​នាង​ភ្ញាក់​ពី​ដំណេក​​លើ​កៅអី​​ដោយ​ភាព​តក់​ស្លុត​ ហើយ​បែរ​ជា​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​សម្រាប់​នាង ខណៈ​ដែល​កញ្ញា មីនជីន និង​​អាម៉េឡា ដឹង​រឿង​នេះ​បាន​តិចតួច​បំផុត។ ពួក​គេ​ដឹង​ថា សារ៉ា មាន​ទឹក​ចិត្ត​ល្អ​ចំពោះ​ក្មេង​ស្រី​ធ្វើ​ការ​នៅ​ផ្ទះ​បាយ​នេះ ប៉ុន្តែ​ពួក​គេ​​​មិន​ដឹង​ពី​ពេល​វេលា​ដ៏​រីករាយ​នៅ​​បន្ទប់​​ជាន់​លើ ពេល​ដែល​សារ៉ា​កំពុង​អង្គុយ​​នៅ​ក្នុង​បន្ទប់​អង្គុយ​លេង ហើយ​ចង្ក្រាន​ធ្យូង​ត្រូវ​បាន​​លើក​​មក​ខាង​លើ​ដោយ​ដៃ​តូចៗ​របស់​ក្មេង​ស្រី​ដែល​ដក​ដង្ហើម​ញាប់ៗ​ដោយ​ភាព​ហត់​​នឿយ​ ប៉ុន្តែ​​បង្កប់​ដោយ​ក្ដី​រីករាយ។ អំឡុង​ពេល​នោះ​​រឿង​ដ៏​វែង​ត្រូវ​បាន​​ម្ចាស់​បន្ទប់​និទាន​ប្រាប់​​បន្តិច​ម្ដងៗ ក្រៅ​ពី​បាន​ស្ដាប់​រឿង​ដ៏​អស្ចារ្យ​ដែល​​នាង​មិន​ដែល​ហ៊ាន​លួច​ស្ដាប់​ហើយ​នោះ ប៊េកគី នៅ​មាន​ញ៉ាំ​អាហារ​ដ៏​មាន​ឱជារស និង​នំ​ដាក់​ហោប៉ៅ​រាល់​ថ្ងៃ​សម្រាប់​​ញ៉ាំ​ពេល​យប់​ខណៈ​ដែល​នាង​ឡើង​លើ​ធ្នើរ​ដើម្បី​គេ។

“ប៉ុន្តែ​ខ្ញុំ​ត្រូវ​ញ៉ាំ​ដោយ​ប្រុងប្រយ័ត្ន​​អ្នក​នាង ព្រោះ​បើ​ខ្ញុំ​​ញ៉ាំ​ឲ្យ​សល់​កំទេច​ខ្លះ​នោះ​ កណ្ដុរ​នឹង​ចេញ​មក​ស៊ី​វា​​មិន​ខាន។” ប៊េកគី និយាយ​ពី​​ការ​ញ៉ាំ​នំ​របស់​នាង​នៅ​ពេល​យប់។

“កណ្ដុរ!​ នៅ​ទីនោះ​មាន​កណ្ដុរ?” សារ៉ា លាន់​មាត់​ដោយ​ការ​ភ័យ​ខ្លាច។

“មាន​ច្រើន​ណាស់ អ្នក​នាង នៅ​ខាង​លើ​ធ្នើរ​នោះ​មាន​ទាំង​កណ្ដុរ​តូច ទាំង​ធំ។ ខ្ញុំ​​ទម្លាប់​នឹង​សំឡេង​របស់​ពួក​វា​នៅ​ពេល​យប់​ទៅ​ហើយ បើ​សិន​ជា​ពួក​មិន​រត់​កាត់​លើ​​ខ្នើយ​របស់​ខ្ញុំ​ទេ ខ្ញុំ​មិន​ប្រកាន់​នឹង​ពួក​វា​ទេ។” ប៊េកគី ឆ្លើយ​ដោយ​ទឹក​មុខ​​បញ្ជាក់​ថា​នោះ​ជា​ការពិត។

“អា៎!” សារ៉ា ស្រែក។

“យើង​ទម្លាប់​នឹង​អ្វី​មួយ​ក្រោយ​ពី​ឆ្លង​កាត់​វា​មួយ​រយៈ​ពេល យើង​ត្រូវ​តែ​ទម្លាប់​នឹង​វា​អ្នក​នាង ពេល​យើង​កើត​មក​ជា​អ្នក​​បម្រើ​នៅ​ក្នុង​ផ្ទះ​បាយ។ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​មាន​កណ្ដុរ​ប្រសើរ​ជាង​ក្រឡាត​។” ប៊េកគី និយាយ។

“អីចឹង​ខ្ញុំ​គិត​ថា បង​ប្រហែល​អាច​ជា​ធ្វើ​មិត្ត​ជា​មួយ​​កណ្ដុរ​បាន​ពេល​នៅ​ជាមួយ​​គ្នា​យូរ​ទៅ​ ប៉ុន្តែ​បង​មិន​អាច​ធ្វើ​ជា​មិត្ត​ជាមួយ​ក្រឡាត​បាន​ទេ​។” សារ៉ា និយាយ។

ពេល​ខ្លះ​ ប៊េកគី មិន​ហ៊ាន​ចំណាយ​ពេល​ក្នុង​បន្ទប់​ដ៏​កក់​ក្ដៅ​នេះ​ច្រើន​ជាង​ពីរ​បី​នាទី​ទេ ហើយ​ប្រសិន​បើ​មាន​រឿង​ត្រូវ​សួរ​នាំ​ ដូច្នោះ​នាង​អាច​និយាយ​បាន​តែ​ប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ។ ពេល​សារ៉ា ចេញ​ក្រៅ​នាង​តែង​សម្លឹង​មើល​ក្នុង​ហាង​ដើម្បី​ទិញ​អាហារ​ដែល​អាច​រក្សា​ទុក​បាន​យូរ ដូច្នោះ​ហើយ​ទើប​ ប៊េកគី ក្រៅ​​ពី​បាន​ភាព​កក់​ក្ដៅ​នៅ​ក្នុង​ចិត្ត ស្ដាប់​រឿង​និទាន នាង​អាច​លុប​បំបាត់​ភាព​ស្រែក​ឃ្លាន និង​ហត់​នឿយ​ពី​ការងារ​ពេញ​មួយ​ថ្ងៃ​របស់​នាង​ ហើយ​ចង្ក្រាន​ធ្យូង​ហាក់​មិន​ធ្ងន់​ពេក​សម្រាប់​នាង​ទៀត​ទេ។

ទោះ​បី​ជា​រង​ការ​ស្ដី​បន្ទោស​ពី​ចុងភៅ និង​ក្ដី​លំបាក​នៃ​ការ​លើក​របស់​ធ្ងន់ៗ​លើ​ស្មា​របស់​នាង នាង​តែង​តែ​មាន​ឱកាស​នា​ពេល​រសៀល​ដោយ​រំពឹង​ថា អ្នក​នាង​ សារ៉ា នឹង​អាច​អង្គុយ​នៅ​ក្នុង​បន្ទប់​អង្គុយ​លេង​របស់​នាង​បាន។ ការ​ពិត​សម្រាប់​នាង​ការ​ដែល​អាច​បាន​ជួប អ្នក​នាង​សារ៉ា គឺ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ​មិន​ចាំ​បាច់​មាន​អាហារ និង​នំ​ខេក​ទេ។ ប្រសិន​បើ​មាន​ពេល​​សម្រាប់​តែ​​ការ​និយាយ​គ្នា​តែ​ពីរ​បី​ម៉ាត់ ពាក្យ​ទាំង​នោះ​តែងតែ​ជា​ពាក្យ​រួសរាយ ពាក្យ​ពីរោះ ហើយ​បើ​សិន​ជា​មាន​ពេល​វែង​នោះ​សារ៉ា នឹង​និយាយ​រឿង​ប្រាប់​ភាគ​បន្ត​រហូត។ រឿង​ល្អ​សម្រាប់​ ប៊េកគី ផ្សេង​ទៀត​ពេល​ខ្លះ​នាង​គេង​មិន​លក់​នៅ​លើ​ធ្នើរ​ដ៏​កម្សត់​របស់​នាង​ហើយ​រំពៃ​គិត​ដល់​ការ​ជជែក​ជាមួយ សារ៉ា និង​រឿង​ដែល​នាង​និទាន​ប្រាប់។ សារ៉ា ដែល​ធ្វើ​​រឿង​ទាំង​ឡាយ​ដែល​នាង​ចូល​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​នោះ​ នាង​មិន​ដឹង​ថា​អ្វី​ដែល​នាង​ធ្វើ​មាន​អត្ថន័យ​ជ្រាលជ្រៅ​យ៉ាង​​ណា​ចំពោះ​​ ប៊េកគី នោះ​ទេ។

នៅ​​ក្នុង​ជីវិត​ដ៏​កម្សត់​របស់ ប៊េកគី នាង​មិន​ដែល​ស្គាល់​​អ្វី​ទៅ​ជា​សំណើច​នោះ​ទេ ប៉ុន្តែ​សារ៉ា បាន​ធ្វើ​ឲ្យ​នាង​សើច ហើយ​សើច​ជាមួយ​នាង។