ព្រះនាងតូចសារ៉ា ភាគទី៧

តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​នាង​មិន​ឈ្ងោក​មុខ​ក្រាប​លើ​ដៃ​នៅ​ពេល​នេះ ហើយ​ប្រសិន​បើ​នាង​មាន​ឱកាស​ងើយ​ទៅ​មើល​កញ្ចក់​បំភ្លឺ​ដំបូល​​នៅ​ពេល​ណា​មួយ​ បើ​ដូច្នោះ​មែន​គ្រប់​យ៉ាង​ប្រាកដ​ជា​មិន​ដូច​​គ្នា​ទេ ព្រោះ​បើ​នាង​ងើយ​ទៅ​មើល​​កញ្ចក់​បំភ្លឺ​ដំបូល​ នាង​នឹង​ភ័យ​ញ័រ​ដោយ​សារ​ឃើញ​មុខ​បុរស​ម្នាក់​ដែល​នាង​ធ្លាប់​ឃើញ​ដាក់​ផ្អឹប​នឹង​កញ្ចក់ សម្លឹង​មក​នាង​ដូច​ពេល​ដែល​គាត់​បាន​អើត​មក​លើក​ទី​មួយ​ពេល​ដែល​នាង​កំពុង​និយាយ​ជាមួយ អេមេនហ្គាដ ដែរ។

ប៉ុន្តែ​នាង​មិន​ងើយ​​មើល​លើ​ទេ នាង​អង្គុយ​ឈ្ងោក​មុខ​មួយ​សន្ទុះ​ នាង​តែង​តែ​អង្គុយ​បែប​នេះ​ពេល​ដែល​នាង​ព្យាយាម​ទ្រាំ​នឹង​អ្វី​មួយ​នៅ​ក្នុង​ទី​ស្ងាត់។ បន្ទាប់​មក​នាង​ក្រោក​ឡើង​ ហើយ​ដើរ​យឺតៗ​សំដៅ​ទៅ​គ្រែ​របស់​នាង។

“ខ្ញុំ​មិន​អាច​ប្រឌិត​រឿង​បាន​ទេ ពេល​ដែល​ខ្ញុំ​ដឹង​ខ្លួន ទោះ​ព្យាយាម​ក៏​គ្មាន​ប្រយោជន៍​ដែរ។ ប្រសិន​បើ​ខ្ញុំ​ចូល​គេង ប្រហែល​​ជា​សុបិន​អាច​មក​ដល់ ហើយ​ជួយ​ប្រឌិត​រឿង​ឲ្យ​ខ្ញុំ។”

ភ្លាម​នោះ​នាង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ខ្លាំង ប្រហែល​ជា​នាង​ចង់​ញ៉ាំ​អាហារ ​ទើប​នាង​អង្គុយ​នៅ​គែម​គ្រែ​ក្នុង​សភាព​ទន់​ខ្សោយ​។

“ឧបមា​ថា​មាន​ភ្លើង​ភ្លឺ​ពី​ក្នុង​ចង្ក្រាន​នោះ​មក​ ដោយ​មាន​អណ្ដាត​ភ្លើង​រេរាំ ឧបមា​ថា​មាន​​កៅ​អី​ស្រួល​អង្គុយ​នៅ​មុខ​​នោះ ហើយ​ឧបមា​ថា​មាន​តុ​តូច​មួយ​នៅ​ជិត​នោះ​ជាមួយ​នឹង​អាហារ​ពេល​យប់​ក្ដៅៗ​នៅ​លើ​នោះ។ ហើយ​ឧបមា​ថា..” នាង​ទាញ​ភួយ​ដណ្ដប់៖

“គ្រែ​នេះ​ជា​គ្រែ​ទន់​​ហើយ​ស្អាត មាន​ភួយ​ក្រាស់ និង​ខ្នើយ​ទន់​ធំ។ ឧបមា.. ឧបមា.. “ ហើយ​​នាង​បិទ​ភ្នែក​ និង​គេង​លក់​ទៅ។

………………………..

នាង​មិន​ដឹង​ថា​នាង​បាន​គេង​យូរ​ប៉ុណ្ណា​ហើយ​ទេ ប៉ុន្តែ​នាង​អស់​កម្លាំង​ខ្លាំង​ទើប​គេង​លង់លក់ លង់លក់​ខ្លាំង និង​ស្កប់ស្កល់​ដែល​មិន​អាច​មាន​សំឡេង​អ្វី​មក​ដាស់​នាង​ឲ្យ​ភ្ញាក់​បាន ទោះ​បី​ជា​មាន​សំឡេង​​​រំខាន​ពី​ ម៉េឆាយឌេក និង​គ្រួសារ​របស់​គេ​បាន​ចេញ​មក​ក្រៅ​ទាំង​អស់​​គ្នា​ដើម្បី​លេង​ក៏​ដោយ។

ពេល​ដែល​នាង​ដឹង​ខ្លួន​វា​​ហាក់​ដូច​ជា​​​នាង​ទើប​តែ​បាន​គេង​មួយ​ស្របក់ ហើយ​នាង​មិន​ដឹង​ថា​អ្វី​ទៅ​បាន​នាំង​នាង​ឲ្យ​ត្រលប់​មក​វិញ។ ការពិត​គឺ​ពេល​នោះ​មាន​សំឡេង​ដែល​បាន​ហៅ​នាង​មក​វិញ គឺ​សំឡេង​ពិត សំឡេង​បិទ​កញ្ចក់​បំភ្លឺ​ដំបូល។

ដំបូង​នាង​មិន​បើក​ភ្នែក​ទេ នាង​មាន​អារម្មណ៍​ថា​ងងុយ​គេង​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​និង​សោយសុខ។ នាង​ពិត​ជា​កក់​​ក្ដៅ​និង​ស្រណុក​ក្នុង​ខ្លួន ដែល​នាង​មិន​ជឿ​ថា​នាង​ពិត​ជា​ដឹង​ខ្លួន​មែន​ទែន​នោះ​ទេ។ នាង​មិន​ដែល​មាន​អារម្មណ៍​កក់​នៅ​បែប​នោះ​​ទេ​លើក​លែង​តែ​នៅ​ក្នុង​ការ​គិត។

“សុបិន​អី​ល្អ​ម្ល៉េះ! ខ្ញុំ​​ពិត​ជា​កក់​ក្ដៅ​ណាស់! ខ្ញុំ​មិន​ចង់ ខ្ញុំ​មិន​ចង់​ភ្ញាក់​ទេ” នាង​និយាយ​រហឹមៗ។

ពិត​ណាស់​នោះ​គឺ​សុបិន នាង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ មាន​ស្បៃ​ដណ្ដប់​គ្រែ​ដណ្ដប់​លើ​ខ្លួន​នាង។ នាង​ពិត​ជា​មាន​អារម្មណ៍​ថា នោះ​ជា​ភួយ។ នាង​ប្រាកដ​ជា​មិន​ត្រូវ​ភ្ញាក់​ពី​សុបិន​ដ៏​ល្អ​នេះ​ទេ នាង​ត្រូវ​តែ​សម្ងំ​​ឲ្យ​ស្ងៀម​ដើម្បី​នៅ​ក្នុង​សុបិន​នេះ​ឲ្យ​បាន​យូរ។

ប៉ុន្តែ​នាង​ធ្វើ​មិន​បាន​ទោះ​បី​​នាង​ខំ​បិទ​ភ្នែក​យ៉ាង​ជិត​ក៏​ដោយ នាង​មិន​អាច​នៅ​ស្ងៀម​បាន។ មាន​អ្វី​ម្យ៉ាង​បង្ខំ​នាង​ឲ្យ​ភ្ញាក់ អ្វី​ម្យ៉ាង​នៅ​ក្នុង​បន្ទប់។ នោះ​គឺ​អារម្មណ៍​ដឹង​ថា​មាន​ភ្លើង ហើយ​សំឡេង​ផ្ទុះ​ច្រាវៗ​ពី​ភ្លើង​។

“អូ ខ្ញុំ​កំពុង​ភ្ញាក់​ហើយ ខ្ញុំ​​មិន​អាច​​សម្ងំ​បាន​ទេ ខ្ញុំ​មិន​អាច​ទេ” នាង​​និយាយ​ខ្សឹបៗ។

នាង​ក៏​បើក​ភ្នែក ហើយ​ពេល​នោះ​នាង​​ញញឹម ចំពោះ​អ្វី​ដែល​នាង​មិន​ដែល​បាន​ឃើញ​នៅ​ក្នុង​បន្ទប់​ធ្នើរ​នេះ​ពី​​មុន​មក ហើយ​នាង​ដឹង​ថា​នាង​នឹង​មិន​ដែល​បាន​ឃើញ​ទេ។

“អូ ខ្ញុំ​មិន​ទាន់​ភ្ញាក់​ទេ ខ្ញុំ​នៅ​ក្នុង​សុបិន​នៅ​ឡើយ” នាង​ខ្សឹប ហើយ​​ប្រើ​កែង​ដៃ​ទ្រ​ខ្លួន​ឲ្យ​ក្រោក​ឡើង​បន្តិច។ នាង​ដឹង​ថា​នោះ​ពិត​ជា​សុបិន ព្រោះ​បើ​នាង​ដឹង​ខ្លួន​របស់​ទាំង​នោះ​មិន​អាច​មាន​ទេ ពិត​ជា​មិន​អាច។

នាង​បើក​ភ្នែក​ធំៗ​មើល​របស់​​ទាំង​នេះ​ទើប​នាង​ជឿ​ជាក់​​ថា​នោះ​ពិត​ជា​សុបិន​ មិន​មែន​ជា​ការពិត​របស់​ទាំង​នោះ​​​គឺ អណ្ដាត​ភ្លើង​នៅ​ក្នុង​ចង្ក្រាន នៅ​ខាង​លើ​គឺ​កំសៀវ​ទង់ដែង​តូច​មួយ​បន្លឺ​សំឡេង​ឆៗ គឺ​ទឹក​កំពុង​ពុះ នៅ​លើ​កម្រាល​ឥដ្ឋ​គឺ​​​មាន​ព្រំ​ក្រាល​ពី​លើ​យ៉ាង​ក្រាស់ នៅ​មុខ​ចង្ក្រាន​មាន​កៅអី​បត់​ដែល​មិន​ទាន់​លា​​ហើយ​នៅ​​លើ​នោះ​​មាន​ខ្នើយ​ទ្រនាប់ ក្បែរ​កៅអី​មាន​តុ​បត់​តូច​មួយ​ដែល​មិន​ទាន់​លា​និង​មាន​ក្រណាត់​​ស​គ្រប​ពី​លើ ហើយ​នៅ​ក្បែរ​នោះ​មាន​ចាន ពែង ចាន​ទ្រនាប់ និង​ប៉ាន់តែ នៅ​លើង​គ្រែ​មាន​​កម្រាល​ថ្មី នៅ​ខាង​ចុង​គ្រែ​មាន​រ៉ូប​សូត្រ​​ ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ​មួយ​គូ និង​សៀវភៅ​​ជា​ច្រើន។ បន្ទប់​ក្នុង​សុបិន​របស់​នាង​ហាក់​ដូច​​ជា​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​​របស់​ទេវតា ហើយ​គ្រប​ដណ្ដប់​ដោយ​ពន្លឺ​ស្រទន់​និង​កក់​ក្ដៅ​ចេញ​ពី​ចង្កៀង​ដែល​បញ្ឈរ​នៅ​លើ​តុ​ចាស់​របស់​នាង។

នាង​ក្រោក​អង្គុយ​ដោយ​យក​កែង​ដៃ​ទប់​ខ្លួន ដង្ហើម​របស់​​នាង​ញាប់​ និង​ខ្លីៗ។

“វា​មិន​រលាយ​បាត់​ទេ អូ!​ ខ្ញុំ​មិន​ដែល​មាន​សុបិន​បែប​នេះ​ទេ​ពី​មុន​មក។” នាង​ដង្ហក់ នាង​ខ្លាច​មិន​ចង់​ហ៊ាន​កម្រើក​ទេ ប៉ុន្តែ​នៅ​ទី​បំផុត​នាង​រុញ​​កម្រាល​គ្រែ​ចេញ ហើយ​ដាក់​ជើង​លើ​កម្រាល​​ឥដ្ឋ​​ជា​មួយ​នឹង​ស្នាម​ញញឹម។

“ខ្ញុំ​កំពុង​សុបិន ខ្ញុំ​កំពុង​ក្រោក​ចេញ​ពី​គ្រែ ខ្ញុំ​សុបិន​ថា​វា​ជា​ការ​ពិត នៅ​តែ​ជា​ការ​ពិត! ខ្ញុំ​កំពុង​សុបិន​ពី​វា ទទួល​អារម្មណ៍​ពី​វា វា​ជា​រឿង​ត្រេក​ត្រអាល ឬ​ខ្ញុំ​កំពុង​ត្រេកត្រអាល។ ខ្ញុំ​គ្រាន់​តែ​គិត ខ្ញុំ​បាន​ឃើញ​វា តើ​ខ្ញុំ​អាច​បន្ត​គិត​ទៀត​បាន​ទេ? ខ្ញុំ​មិន​ខ្វល់​ទេ! ខ្ញុំ​មិន​ខ្វល់​ទេ!” នាង​ខ្សឹប​ ហើយ​ចុះ​មក​ឈរ​នៅ​លើ​កម្រាល ហើយ​បែរ​ខ្លួន​យឺតៗ។

នាង​ឈរ​ដង្ហក់​មួយ​សន្ទុះ​ធំ ហើយ​បន្ទប់​មក​បន្លឺ​សំឡេង​ម្ដង​ទៀត។

“អូ វា​មិនមែន​ជា​​ការ​ពិត​ទេ! វា​មិន​​អាច​ជា​ការ​ពិត​ទេ! ប៉ុន្តែ​ម៉េច​ក៏​​វា​មើល​ទៅ​ដូច​ជា​ការ​ពិត​ម្ល៉េះ!” នាង​និយាយ។

អណ្ដែត​ភ្លើង​បាន​អូស​ទាញ​នាង​ឲ្យ​ដើរ​ទៅ ហើយ​នាង​លត់​ជង្គង់​ចុះ ហើយ​ដាក់​ដៃ​​យ៉ាង​ជិត​ភ្លើង ជិត​ខ្លាំង​ដែល​កំដៅ​បាន​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​ថយ​ក្រោយ។

“គ្រាន់​តែ​ភ្លើង​នៅ​ក្នុង​សុបិន​​​មិន​អាច​ក្ដៅ​ទេ” នាង​ស្រែក។

នាង​ក្រោក​ឡើង​ទៅ​ស្ទាប​តុ ចាន ព្រំ នាង​ដើរ​ទៅ​គ្រែ ហើយ​ស្ទាប​ភួយ។ នាង​ចាប់​រ៉ូប​គេង​​ទន់​ល្មើយ ហើយ​ដាក់​វា​នឹង​ដើម​ទ្រូង ហើយ​ដាក់​នឹង​ថ្ពាល់។

“វា​កក់​ក្ដៅ​ហើយ​​ទន់! វា​ជា​ការ​ពិត ប្រាកដ​ជា​ការ​ពិត!” នាង​ស្ទើរ​តែ​យំ។

នាង​ដាក់​វា​នៅ​លើ​ស្មា​ទាំង​សង​ខាង ហើយ​​ពាក់​ស្បែក​ជើង​សម្រាប់​ពាក់​ក្នុង​ផ្ទះ។

“វា​ក៏​ជា​របស់​ពិត​ដែរ គឺ​ពិត​ទាំង​អស់! ខ្ញុំ​មិនមែន ខ្ញុំ​មិនមែន​កំពុង​សុបិន​ទេ!” នាង​ស្រែក។

នាង​ស្ទុះ​ទៅ​រក​សៀវភៅ​ហើយ​​យក​​សៀវភៅ​នៅ​លើ​គេ​មក​បើក នៅ​លើ​ទំព័រ​ដំបូង​មាន​សរសេរ​អ្វី​ម្យ៉ាង គឺ​ពាក្យ​ប៉ុន្មាន​ម៉ាត់៖

“ជូន​ចំពោះ​ក្មេង​ស្រី​តូច​នៅ​បន្ទប់​ធ្នើរ។ ពី​​មិត្ត​ម្នាក់។”

ពេល​នាង​បាន​ឃើញ​ហើយ នាង​ដាក់​ថ្ពាល់​លើ​ទំព័រ​នោះ​ហើយ​សម្រក់​ទឹក​ភ្នែក។

“ខ្ញុំ​មិន​ដឹង​ថា​ជា​អ្នក​ណា​ទេ ប៉ុន្តែ​មាន​​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ។ ខ្ញុំ​មាន​មិត្ត​ម្នាក់។” នាង​និយាយ។

នាង​ទៅ​យក​ទាន​ហើយ​ដើរ​ចេញ​ពី​បន្ទប់​របស់​នាង​សំដៅ​ទៅ​បន្ទប់​របស់​ប៊េកគី ហើយ​ឈរ​នៅ​ក្បែរ​នាង។

“ប៊េកគី! ប៊េកគី!” នាង​ខ្សឹប​ឮ​តាម​ដែល​នាង​ហ៊ាន។ “ក្រោក​ឡើង!”

ពេល​ប៊េកគី ភ្ញាក់ ហើយ​ក្រោក​អង្គុយ មុខ​របស់​នាង​នៅ​ដាម​​ជាប់​ទឹក​ភ្នែក​នៅ​ឡើយ​ នៅ​ក្បែរ​នាង​គឺ​ក្មេង​តូច​ស្លៀក​រ៉ូប​ប្រណិត​ធ្វើ​ពី​សូត្រ។ មុខ​ដែល​នាង​មើល​នោះ​មាន​ពន្លឺ​ស្រស់​ស្អាត ព្រះ​នាង សារ៉ា​ ដែល​នាង​​ចាំ​បាន ឈរ​នៅ​ក្បែរ​នាង កាន់​ទៀន​នៅ​ក្នុង​ដៃ។

“មក អេ!​ ប៊េកគី មក!” នាង​និយាយ។

ប៊េកគី ខ្លាច​ពេក​មិន​ហ៊ាន​និយាយ​អ្វី​ទេ នាង​ក្រោក​ឡើង​ហើយ​ទៅ​តាម​សារ៉ា ដោយ​បើក​មាត់​និង​ភ្នែក តែ​មិន​និយាយ​​មួយ​ម៉ាត់។

ហើយ​ពេល​ដែល​ពួក​គេ​ដើរ​កាត់​ផ្លូវ​ចូល សារ៉ា បិទ​ទ្វារ​ថ្នមៗ ហើយ​នាំ​នាង​ទៅ​កន្លែង​ដែល​កក់​ក្ដៅ ដែល​ធ្វើ​​ឲ្យ​​ទុក្ខ​សោក​ និង​​សេចក្ដី​ស្រែក​ឃ្លាន​របស់​នាង​បាន​ធូរ​ស្រាល។

“នេះ​ជា​ការពិត! គឺ​ជា​​ការពិត! ខ្ញុំ​បាន​ប៉ះ​របស់​ទាំង​នេះ​ហើយ របស់​ទាំង​នេះ​ពិត​ដូច​ជា​យើង​ដែរ។ វេទមន្ត​បាន​មក​ហើយ​បង្កើត​របស់​ទាំង​នេះ​ប៊េកគី គឺ​នៅ​ពេល​យើង​កំពុង​គេង វេទមន្ត​ដែល​នឹង​មិន​ឲ្យ​មាន​រឿង​អាក្រក់​ទាំង​នោះ​កើត​ឡើង​ទៀត​ទេ។”

ពួក​គេ​​នៅ​ពី​មុខ​ចង្ក្រាន​តូច​ដែល​មាន​ភ្លើង​ល្មម​នឹង​កំដៅ​ខ្លួន​ បន្ទាប់​មក​​​ពួក​គេ​ស្រាយ​មើល​ចាន​​ឆ្នាំង ហើយ​ឃើញ​មាន​ស៊ុប​ក្ដៅៗ​​ សាន់វ៉ិច ដំឡូង និង​នំប៉័ង​មូល​តូចៗ​ដែល​ល្មម​សម្រាប់​ពួក​គេ​ទាំង​ពីរ​នាក់​ញ៉ាំ​បាន​ឆ្អែត​​ស្កប់ស្កល់។ តែ​​ក្ដៅ​មាន​ក្លិន​ឈ្ងុយ ដែល​ពួក​គេ​មិន​ចាំ​បាច់​ឧបមា​ថា​ជា​អ្វី​ផ្សេង​ទេ ប៉ុន្តែ​គឺ​តែ​នេះ​តែ​ម្ដង។ ពួក​គេ​​កក់​ក្ដៅ ឆ្អែត​និង​សប្បាយ​រីករាយ។

“ខ្ញុំ​មិន​ថា​អ្នក​​ណា​ម្នាក់​នៅ​ក្នុង​លោក​នេះ​​បាន​ធ្វើ​រឿង​​ទាំង​នេះ​ទេ ប៉ុន្តែ​គឺ​មាន​​អ្នក​ធ្វើ។ យើង​​កំពុង​អង្គុយ​នៅ​ក្បែរ​ភ្លើង​របស់​គេ ហើយ​នេះ​ជា​ការពិត! ហើយ​ទោះ​​គេ​ជា​អ្នក​ណា ជា​អ្វី​ក៏​ដោយ ​​ខ្ញុំ​មិន​មិត្ត​ម្នាក់ ប៊េកគី នរណា​ម្នាក់​គឺ​ជា​មិត្ត​របស់​ខ្ញុំ។” នាង​និយាយ។

ខណៈ​ដែល​កំពុង​អង្គុយ​ញ៉ាំ​​អាហារ​ដ៏​មាន​ឱជារស​នៅ​​មុខ​ចង្ក្រាន​យ៉ាង​កក់​ក្ដៅ អ្នក​ទាំង​ពីរ​សម្លឹង​ភ្នែក​គ្នា​ហាក់​មាន​ការ​សង្ស័យ។

“តើ​អ្នក​នាង អ្នក​នាង​គិត​ថា​វា​អាច​រលាយ​បាត់​ទេ? យើង​គួរ​ញ៉ាំ​ឲ្យ​លឿន​ទេ?” ប៊េកគី ខ្សឹប​សួរ  ហើយ​នាង​ប្រញាប់​ចាប់​សាន់វ៉ិច​ដាក់​ក្នុង​មាត់។

“ទេ វា​នឹង​មិន​រលាយ​បាត់​ទេ ខ្ញុំ​កំពុង​ញ៉ាំ​នំប៉័ង ហើយ​ខ្ញុំ​ដឹង​ពី​រសជាតិ។ យើង​មិន​ដែល​ញ៉ាំ​របស់​ពិត​ប្រាកដ​ទេ​នៅ​ក្នុង​សុបិន យើង​គ្រាន់​តែ​​គិត​ថា​ចង់​ញ៉ាំ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ​ខ្ញុំ​ក្ដិច​ខ្លួន​ឯង​រហូត ហើយ​ខ្ញុំ​បាន​ប៉ះ​ធ្យូង​ក្ដៅ​ម្ដង​ដោយ​ចេតនា។” សារ៉ា និយាយ។

ពួក​គេ​កំពុង​សោយសុខ​ខណៈ​ដែល​កំពុង​ងងុយ​គេង​ផង​នោះ ក្រោយ​ញ៉ាំ​អាហារ​ឆ្អែត​ហើយ​​ពួក​គេ​នៅ​អង្គុយ​មុខ​ភ្លើង រហូត​ដល់​សារ៉ា ងាក​ទៅ​មើល​គ្រែ​របស់​នាង​ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​រូបរាង។

មាន​ភួយ​ច្រើន​ដែល​អាច​ចែក​ឲ្យ​ប៊េកគី បាន បន្ទប់​ធ្នើរ​តូច​ចង្អៀត​នៅ​ជាប់​នោះ​​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ឡើង​ចាប់​ពី​យប់​នោះ​មក ដែល​ម្ចាស់​របស់​វា​មិន​ធ្លាប់​នឹង​គិត​ថា​បន្ទប់​នោះ​នឹង​មាន​សភាព​បែប​នេះ។

ខណៈ​ដែល​នាង​ដើរ​ចេញ​ពី​បន្ទប់ ប៊េកគី ងាក​មក​សម្លឹង​​ក្នុង​បន្ទប់​​ចុះឡើង​នៅ​ត្រង់​ទ្វារ​។

“អ្នក​នាង​ប្រសិន​បើ​ព្រឹក​ឡើង​របស់​ទាំង​នេះ​មិន​​នៅ​ទី​នេះ យ៉ាង​ណា​​វា​បាន​នៅ​ទី​នេះ​ហើយ​យប់​នេះ ហើយ​ខ្ញុំ​នឹង​មិន​ភ្លេច​វា​រហូត ភ្លើង​នៅ​ទីនោះ តុ​នៅ​ខាង​មុខ​ភ្លើង ហើយ​ចង្កៀង​នៅ​លើ​តុ ហើយ​ភ្លៀង​ចង្កៀង​ក្រហម​ដូច​កុលាប ហើយ​មាន​កម្រាល​នៅ​លើ​គ្រែ កម្រាល​ព្រំ​នៅ​ឥដ្ឋ ហើយ​គ្រប់​យ៉ាង​មើល​ទៅ​ស្រស់​ស្អាត មាន​ស៊ុប សាន់វ៉ិច និង​នំប៉័ង” ប៊េកគី និយាយ ដោយ​សម្លឹង​មើល​របស់​​​នីមួយ ហាក់​ដូច​ជា​តាំង​ចិត្ត​ដើម្បី​ចង​ចាំ​របស់​ទាំង​នេះ ហើយ​យក​ដៃ​ស្ទាប​ពោះ​ពេល​រំឭក​ដល់​អាហារ រួច​ហើយ​នាង​ក៏​ដើរ​ចេញ​ទៅ។

………………………………………..

តាម​រយៈ​ភ្នាក់ងារ​អាថ៌កំបាំង​ដែល​ធ្វើ​ការ​នៅ​ក្នុង​សាលា និង​ក្នុង​ចំណោម​អ្នក​បម្រើ រឿង​រ៉ាវ​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា នៅ​ព្រឹក​នោះ សារ៉ា គ្រូវី ទទួល​ក្ដី​អាម៉ាស់​យ៉ាង​ធំធេង អេមេនហ្គាដ ត្រូវ​ទទួល​ទោស ហើយ​ ប៊េកគី នឹង​ត្រូវ​បណ្ដេញ​​វេច​បង្វេច​ចេញ​ពី​ផ្ទះ​នេះ​មុន​​ម៉ោង​អាហារ​ពេល​ព្រឹក ប៉ុន្តែ​ក្មេង​ធ្វើ​ការ​​នៅ​ផ្ទះ​បាយ​នោះ​មិន​ត្រូវ​បាន​ដេញ​ចេញ​ភ្លាម​ទេ។ អ្នក​បម្រើ​ទាំង​ឡាយ​ដឹង​ថា ក្មេង​ស្រី​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត ព្រោះ​កញ្ញា មីនជីន មិន​ងាយ​នឹង​រក​​ក្មេង​ឯណា​ដែល​គ្មាន​ទីពឹង ហើយ​ព្រម​មក​ធ្វើ​ការ​ដូច​ជា​ទាសករ​ដើម្បី​លុយ​ប៉ុន្មាន​ស៊ីល្លីង ក្នុង​មួយ​សប្ដាហ៍​បែប​នេះ​ទេ។ ក្មេង​​ស្រី​ធំៗ​នៅ​ក្នុង​សាលា​ដឹង​ថា ប្រសិន​បើ​កញ្ញា មីនជីន មិន​បណ្ដេញ​ សារ៉ា ចេញ​នោះ​គឺ​ដោយសារ​គាត់​មាន​​ហេតុផល​​សម្រាប់​​ខ្លួន​គាត់។

“នាង​ធំ​លឿន​ណាស់ ហើយ​យ៉ាង​ណា​ក៏​រៀន​បាន​ច្រើន​ដែរ គាត់​នឹង​ឲ្យ​នាង​កាត់​ថ្នាក់​ជា​ច្រើន​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​កញ្ញា មីនជីន ដឹង​ថា​នាង​​នឹង​បង្រៀន​ដោយ​មិន​បាន​អ្វី​សោះ។ ឯង​ពិត​ជា​អាក្រក់​ណាស់​ ឡាវី ដែល​ប្រាប់​គាត់​ពី​រឿង​គេ​សប្បាយ​នៅ​បន្ទប់​ធ្នើរ។ ម៉េច​ក៏​ឯង​ដឹង​រឿង​នេះ?” ជេស៊ី និង​ទៅ​កាន់ ឡាវីនី។

“ខ្ញុំ​ដឹង​ពី​ឡូទី នាង​ជា​ក្មេង​ដែល​មិន​ដឹង​ថា​ពេល​នោះ​នាង​កំពុង​និយាយ​ប្រាប់​ខ្ញុំ។ គ្មាន​អ្វី​អាក្រក់​ទេ​ដែល​ត្រូវ​និយាយ​ជា​មួយ​កញ្ញា មីនជីន ខ្ញុំ​មាន​អារម្មណ៍​ថា​នោះ​ជា​តួនាទី​របស់​ខ្ញុំ នាង​ត្រូវ​បរាជ័យ​​ទាំង​អស់​ហើយ។ ហើយ​វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ដែល​​មើល​ទៅ​នាង​ធ្វើ​ដូច​ជា​អស្ចារ្យ”។

“ពួក​គេ​កំពុង​ធ្វើ​អ្វី​ដែល​​កញ្ញា​ មីនជីន​ ចាប់​ពួក​គេ​បាន?”

“ប្រឌិត​រឿង​ឆ្កួតៗ អេមេនហ្គាដ យក​ប្រអប់​កាដូ​របស់​នាង​ទៅ​ចែក​ជាមួយ សារ៉ា និង​ប៊េកគី។ នាង​មិន​ដែល​អញ្ជើញ​យើង​ទៅ​ចែក​អី​ជាមួយ​គ្នា​ទេ មិន​មែន​ថា​ខ្ញុំ​​​ខ្វល់​ពី​រឿង​នេះ​ទេ ប៉ុន្តែ​​នាង​ពិត​ជា​ហួស​ហេតុ​ពេក​ហើយ​ដែល​ទៅ​ចែក​​ជាមួយ​ស្រី​បម្រើ​នៅ​លើ​ធ្នើរ។ ខ្ញុំ​ឆ្ងល់​ថា​កញ្ញា​ មីនជីន ម៉េច​មិន​ដេញ​​នាង​ចេញ​ ទោះ​ជា​គាត់​ត្រូវ​ការ​គ្រូ​បង្រៀន​ក៏​ដោយ។”

“បើ​នាង​ត្រូវ​គេ​ដេញ​ចេញ តើ​នាង​នឹង​ទៅ​ណា?” ជេស៊ី សួរ។

“ខ្ញុំ​ម៉េច​នឹង​ដឹង​ទៅ? ចាំ​មើល​ព្រឹក​នេះ​ពេល​នាង​មក​ថ្នាក់​រៀន​រូបរាង​របស់​នាង​នឹង​កាន់​​តែ​អាក្រក់។ ខ្ញុំ​អាច​គិត​ឃើញ​រួច​ទៅ​ហើយ ក្រោយ​ពី​មាន​រឿង​នេះ​កើត​ឡើង។ ម្សិល​មិញ​នាង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច ហើយ​នាង​នឹង​មិន​​បាន​ញ៉ាំ​ទៀត​នៅ​ថ្ងៃ​នេះ។” ឡាវី​នី​ និយាយ​ពេប​មាត់។

ជេស៊ី មិន​ចិត្ត​អាក្រក់​​ពេក​ទេ នាង​លើក​សៀវភៅ​របស់​នាង​ជាមួយ​នឹង​ការ​មិន​សប្បាយ​ចិត្ត​បន្តិច។

“អូ ខ្ញុំ​គិត​ថា​អាក្រក់​ណាស់ ពួក​គេ​គ្មាន​សិទ្ធិ​បង្អត់​អាហារ​នាង​ឲ្យ​ស្លាប់​នោះ​ទេ។” នាង​និយាយ។

ពេល​សារ៉ា ទៅ​ផ្ទះ​បាយ​នៅ​ពេល​ព្រឹក ចុងភៅ​ងាក​សម្លឹង​មើល​នាង ហើយ​អ្នក​បោស​សម្អាត​ក៏​ដូច​គ្នា ប៉ុន្តែ​​នាង​ដើរ​កាត់​ពួក​គេ​យ៉ាង​លឿន។ តាម​ពិត​នាង​គេង​ជ្រុល​បន្តិច ហើយ​ប៊េកគី ក៏​ដូច​គ្នា​ដែរ អ្នក​ទាំង​ពីរ​មិន​មាន​ពេល​​មើល​គ្នា​ទេ ហើយ​ប្រញាប់​ចុះ​មក​​ជាន់​ក្រោម​ទាំង​ពីរ​នាក់។ សារ៉ា ទៅ​ចង្ក្រាន ប៊េកគី ចាប់​លើក​កំសៀវ​ពេញ​កម្លាំង ហើយ​ច្រៀង​ក្នុង​បំពង់​ក​តិចៗ។ នាង​សម្លឹង​មើល​ទៅ​​មុខ​តូច​ដែល​កំពុង​រីករាយ។

“វា​នៅ​ទី​នោះ​ពេល​ដែល​ខ្ញុំ​ភ្ញាក់ អ្នក​នាង គឺ​ភួយ វា​ជា​របស់​ពិត​ដូច​កាល​ពី​យប់​មិញ។” នាង​ខ្សឹប។

“របស់​ខ្ញុំ​ក៏​ដូច​គ្នា វា​នៅ​ទី​នោះ​ទាំង​អស់​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​កំពុង​ស្លៀក​ពាក់​ខ្ញុំ​បាន​ញ៉ាំ​​របស់​ត្រជាក់​ដែល​យើង​ញ៉ាំ​សល់។” សារ៉ា និយាយ។

“អូ ឡូៗ!” ប៊េកគី បន្លឺ​តិចៗ ហើយ​ធ្វើ​ការ​នាង​ទាន់​ពេល​ល្មម​ ខណៈ​ចុងភៅ​មក​ពី​ផ្ទះ​បាយ។

កញ្ញា មីនជីន ត្រូវ​គេ​រំពឹង​ថា​នឹង​ចូល​មក​មើល​ សារ៉ា ពេល​ដែល​នាង​បង្ហាញ​ខ្លួន​នៅ​ថ្នាក់​រៀន ហើយ​ឡាវីនី ពិត​ជា​ចង់​ឃើញ​សារ៉ា ណាស់។ សារ៉ា តែង​តែ​​ធ្វើ​ឲ្យ​នាង​ទិស​ចិត្ត​​និង​ឆ្ងល់ ព្រោះ​រឿង​ធ្ងន់ៗ​មិន​ដែល​ធ្វើ​ឲ្យ​នាង​យំ ឬ​ខ្លាច​ទេ។ ពេល​នាង​ត្រូវ​គេ​ស្ដី​ឲ្យ​នាង​ឈរ​ស្ងៀម​ ហើយ​ស្ដាប់​ដោយ​សុភាព​រាបសា​​ជាមួយ​នឹង​ទឹក​មុខ​​ស្រគត់ស្រគំ​ ពេល​នាង​ត្រូវ​គេ​ដាក់​ទោស​នាង​ធ្វើ​ការងារ​បន្ថែម ឬ​ចេញ​ទៅ​​ក្រៅ​ដោយ​មិន​បាន​ញ៉ាំ​អាហារ មិន​រអ៊ូ ឬ​បង្ហាញ​ពី​ការ​តវ៉ា​។ ការ​ពិត​ដែល​នាង​មិន​ឆ្លើយ​ដោយ​ពាក្យ​អាក្រក់ ធ្វើ​ឲ្យ​កញ្ញា មីនជីន គិត​ថា​នោះ​ជា​រឿង​អាក្រក់​ទៅ​វិញ។ ប៉ុន្តែ​ក្រោយ​ពី​ការ​មិន​បាន​ញ៉ាំ​អាហារ​កាល​ពី​ម្សិល​មិញ ព្រឹត្តិការណ៍​ហិង្សា​កាល​ពី​យប់​មិញ ការ​ឃ្លាន​នៅ​ថ្ងៃ​នេះ នាង​ប្រាកដ​ជា​បាក់​លោម​មិន​ខាន។ វា​នឹង​ជា​រឿង​ចម្លែក​បើ​នាង​មិន​​ចុះ​មក​ជាន់​ក្រោម​​ជាមួយ​នឹង​ថ្ពាល់​ស្លេកស្លាំង ហើយ​ភ្នែក​ក្រហម និង​មុខ​មិន​សប្បាយ​ចិត្ត។

កញ្ញា មិនជីន ឃើញ​​នាង​ជា​លើក​ទី​មួយ​ពេល​ដែល​គាត់​​ចូល​ក្នុង​ថ្នាក់​រៀន​ដើម្បី​ស្ដាប់​​ថ្នាក់​ភាសា​បារាំង​របស់​ក្មេង​តូចៗ និង​ពិនិត្យ​មើល​លំហាត់។ ពេល​នោះ​សារ៉ា បោះ​ជំហាន​វែងៗ​ចូល​មក ហើយ​ញញឹម​ពី​ជ្រុង​ម្ខាង​មក។ នោះ​​ហាក់​ដូច​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​​​កញ្ញា មីនជីន មិន​ធ្លាប់​ដឹង ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​ខ្លាំង។ តើ​ក្មេង​ស្អី​គេ​ទៅ? តើ​រឿង​របៀប​នេះ​មាន​ន័យ​យ៉ាង​ម៉េច? គាត់​ហៅ​នាង​ទៅ​តុ​របស់​គាត់​ភ្លាម។

“មើល​ទៅ​ឯង​ដូច​ជា​មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​រង​ភាព​អាម៉ាស់​ទេ ឯង​ខំ​ប្រឹង​ពង្រឹង​អារម្មណ៍​មែន​ទេ?” គាត់​និយាយ។

ការ​ពិត​គឺ​ពេល​ដែល​មនុស្ស​នៅ​ក្មេង ឬ​សូម្បី​តែ​កំពុង​ធំ​ពេញ​វ័យ ពេល​ដែល​ញ៉ាំ​ឆ្អែត គេង​គ្រប់​គ្រាន់​នៅ​កន្លែង​ដែល​មាន​ផាសុកភាព ហើយ​ពេល​ដែល​ក្រោក​ឡើង​របស់​ទាំង​អស់​​​ដែល​ដូច​ជា​សុបិន​នៅ​ជា​ការពិត ក្មេង​មិន​អាច​មិន​សប្បាយ​ចិត្ត​ទេ ទឹកមុខ​ក៏​មិន​អាច​ក្រៀមក្រំ​ដែរ។ កញ្ញា មីនជីន ស្ទើរ​តែ​គាំង​នឹង​​ភ្នែក​របស់​សារ៉ា ពេល​ដែល​នាង​ឆ្លើយ​ដោយ​ការ​គោរព​យ៉ាង​ស័ក្ដិសម​ឥតខ្ចោះ។

“ខ្ញុំ​​សុំទោស​​កញ្ញា មីនជីន ខ្ញុំ​ដឹង​ថា​ខ្ញុំ​​រង​ភាព​អាម៉ាស់។” នាង​និយាយ។

“ត្រូវ​ចាំ​ឲ្យ​ច្បាស់​ពី​រឿង​នោះ ហើយ​គិត​​ថា​ឯង​មាន​សំណាង។ នោះ​ជា​អំពើ​ព្រហើន ហើយ​ត្រូវ​ចាំ​ថា​ថ្ងៃ​នេះ​ឯង​​នឹង​មិន​បាន​ញ៉ាំ​អាហារ​ទេ។”

“ចា៎ កញ្ញា​ មីនជីន” សារ៉ា ឆ្លើយ​ប៉ុន្តែ​នាង​ងាក​ចេញ​បេះដូង​របស់​នាង​ដាម​ជាមួយ​នឹង​ការ​ចងចាំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ ហើយ​នាង​គិត​ក្នុង​ចិត្ត “ប្រសិន​បើ​វេទមន្ត​មិន​បាន​ជួយ​ខ្ញុំ​ទាន់​ពេល​ទេ តើ​ពេល​នេះ​នឹង​អាក្រក់​បែប​ណា​ទៅ!”

“នាង​មិន​មែន​ឃ្លាន​ខ្លាំង​ទេ សាក​មើល​នាង​ទៅ ប្រហែល​ជា​នាង​ប្រឌិត​ថា​នាង​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដ៏​ឆ្ងាញ់​ហើយ​មើល​ទៅ” ឡាវីនី ខ្សឹប​ដោយ​អស់​សំណើច។

“នាង​ខុស​ពី​មនុស្ស​ផ្សេង ពេល​ខ្លះ​ខ្ញុំ​ខ្លាច​នាង។” ជេស៊ី និយាយ​ដោយ​សម្លឹង​មើល​សារ៉ា។

“ជា​រឿង​គួរ​ឲ្យ​អស់​សំណើច” ឡាវីនី និយាយ​។

ពេញ​មួយ​ថ្ងៃ​នេះ​ទឹក​មុខ​របស់​សារ៉ា ពោរពេញ​ដោយ​ពន្លឺ។ អ្នក​បម្រើ​សម្លឹង​មើល​នាង​ដោយ​ក្ដី​ងឺង​ឆ្ងល់ ហើយ​ខ្សឹប​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កញ្ញា អាម៉េឡា ឆ្ងល់​គិត​មិន​ចេញ។

សារ៉ា បាន​គិត​ដល់​រឿង​ដែល​បាន​កើត​ឡើង នាង​ដឹង​ថា​​រឿង​នេះ​ត្រូវ​តែ​រក្សា​ទុក​ជា​អាថ៌កំបាំង ប្រសិន​បើ​អាច​។ បើ​កញ្ញា មីនជីន សម្រេច​ឡើង​ទៅ​លើ​ធ្នើរ​នោះ​ម្ដង​ទត គ្រប់​យ៉ាង​នឹង​ត្រូវ​បែក​ធ្លាយ ប៉ុន្តែ​មើល​ទៅ​គាត់​មិន​ងាយ​នឹង​ឡើង​ទៅ​ទៀត​ទេ យ៉ាង​ហោច​ណាស់​ក៏​ប្រហែល​ជា​ពេល​យូរ​ទៀត​ដែរ លើក​លែង​តែ​គាត់​មាន​ការ​​សង្ស័យ​អ្វី​មួយ។ អេមេនហ្គាដ និង​ឡូទី ត្រូវ​បាន​គេ​ឃ្លាំ​មើល​យ៉ាង​តឹងតែង ហើយ​មិន​ហ៊ាន​លួច​ចេញ​ពី​គ្រែ​គេង​ទៀត​ទេ។ អេមេនហ្គាដ អាច​ដឹង​រឿង​នេះ​ហើយ​រក្សា​​អាថ៌កំបាំង​បាន ហើយ​ឡូទី ប្រហែល​ជា​អាច​ដូច​គ្នា។ ប្រហែល​ជា​វេទមន្ត​នឹង​រក្សា​អាថ៌កំបាំង​នេះ​ដោយ​ខ្លួន​ឯង។

“ប៉ុន្តែ​ទោះ​មាន​រឿង​អ្វី​ក៏​ដោយ រឿង​អ្វី នៅ​ឯណា​នៅ​ក្នុង​លោក​នេះ មាន​មនុស្ស​ល្អ​ម្នាក់​ដែល​ជា​មិត្ត​របស់​ខ្ញុំ មិត្ត​របស់​ខ្ញុំ។ បើ​ខ្ញុំ​នឹង​មិន​ដឹង​ថា​គេ​ជា​អ្នក​ណា បើ​ខ្ញុំ​នឹង​មិន​អាច​សូម្បី​តែ​អរគុណ​គេ ខ្ញុំ​នឹង​មិន​មាន​អារម្មណ៍​ថា​ឯកោ​ពេក​ទេ។ អូ វេទមន្ត​ល្អ​ខ្ញុំ​ពោះ​ខ្ញុំ!” សរ៉ា និយាយ​នឹង​ខ្លួន​ឯង។

ថ្ងៃ​នេះ​អាកាស​ធាតុ​កាន់​តែ​​អាក្រក់ កាន់​តែ​សើម ភក់​កាន់​តែ​ច្រើន ហើយ​កាន់​តែ​ត្រជាក់។ មាន​ការ​ងារ​នៅ​ខាង​ក្រៅ​កាន់​តែ​ច្រើន ចុងភៅ​កាន់​តែ​ពូកែ​រក​រឿង ដឹង​ថា​សារ៉ា មាន​រឿង​អាម៉ាស់​គេ​ធ្វើ​ចំពោះ​នាង​កាន់​តែ​អាក្រក់។ ប៉ុន្តែ​ទោះ​មាន​រឿង​​អ្វី​កើត​ឡើង អាហារ​ពេល​យប់​របស់​សារ៉ា បាន​ផ្ដល់​កម្លាំង​ដល់​នាង នាង​ដឹង​ថា​ដល់​ពេល​យប់​នាង​នឹង​អាច​គេង​​ដោយ​កក់​ក្ដៅ​ ទោះ​បី​ជា​រសៀល​បន្តិច​នាង​ឃ្លាន ប៉ុន្តែ​នាង​មាន​អារម្មណ៍​ថា​នាង​នឹង​អាច​ទ្រាំ​បាន​រហូត​ដល់​ព្រឹក​ថ្ងៃ​ស្អែក ពេល​នោះ​នាង​នឹង​បាន​អាហារ​​ញ៉ាំ​ម្ដង​ទៀត។ នាង​ត្រូវ​គេ​ឲ្យ​ចូល​ថ្នាក់​រៀន និង​ត្រូវ​រៀន​ដល់​ម៉ោង​ដប់​យប់ ហើយ​នាង​ចាប់​អារម្មណ៍​នឹង​កិច្ចការ​របស់​នាង ហើយ​នៅ​ជាមួយ​សៀវភៅ​ដល់​​យប់​ជ្រៅ​ជាង​នោះ។

ពេល​នាង​ឡើង​ទៅ​ដល់​ជាន់​លើ ហើយ​ឈរ​នៅ​មុខ​ទ្វារ​បន្ទប់​ធ្នើរ បេះ​ដូង​របស់​នាង​ចាប់​ផ្ដើម​លោត​​ញាប់។

«ប្រាកដ​ហើយ! គ្រប់​យ៉ាង​ប្រហែល​ជា​ត្រូវ​គេ​យក​ចេញ​អស់​ហើយ! គេ​ប្រហែល​ជា​ឱ្យ​ខ្ញុំ​​ខ្ចី​មួយ​​ភ្លែត​សម្រាប់​រាត្រី​ដ៏​ជូរចត់​បំផុត ប៉ុន្តែ​របស់​ទាំង​នោះ​គេ​ឱ្យ​ខ្ញុំ​ខ្ចី ខ្ញុំ​បាន​ទទួល ហើយ​នោះ​ជា​ការ​ពិត!» នាង​ខ្សឹប​ប្រាប់​ខ្លួន​ឯង ព្យាយាម​ធ្វើ​ចិត្ត​ឱ្យ​ក្លាហាន។

នាង​រុញ​ទ្វារ​បើក ហើយ​ដើរ​ចូល​ក្នុង​បន្ទប់។ ពេល​ចូល​ដល់​ក្នុង​ នាង​ភ្លាត់​មាត់​ភ្ញាក់​បន្តិច នាង​ខ្ទប់​ទ្វារ​បិទ ​ហើយ​ផ្អែក​ខ្នង​នឹង​ទ្វារ រួច​សម្លឹង​មើល​ពី​ជ្រុង​ម្ខាង​ទៅ​ម្ខាង។

វេទមន្ត​បាន​នៅ​​ក្នុង​បន្ទប់​ម្ដង​ទៀត វេទមន្ត​ពិត​ជា​បាន​កើត​ឡើង​ម្ដង​ទៀត ហើយ​ថែម​ទាំង​ធ្វើ​ច្រើន​លើស​មុន។ ភ្លើង​ក្នុង​ចង្ក្រាន​កំពុង​ឆេះ​ ដោយ​មាន​អណ្ដាត​ភ្លើង​រេរាំ​គួរ​ឱ្យ​ស្រលាញ់ ឆេះ​បាន​ល្អ​ជាង​សព្វ​មួយ​ដង។ របស់​ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​គេ​យក​មក​ដាក់​ក្នុង​បន្ទប់​ធ្នើរ។ នៅ​លើ​តុ​ទាប​មាន​អាហារ​ពេល​​យប់ លើក​នេះ​មាន​ពែង និង​ចាន​សម្រាប់​នាង​និង​ប៊េកគី។ របស់​របរ​ចាស់ៗ​ត្រូវ​បាន​គ្រប​ដណ្ដប់​និង​កែ​ច្នៃ​ឱ្យ​មើល​ទៅ​ស្រស់​ស្អាត របស់​ស្អាត​ៗ​និង​មាន​តម្លៃ​ត្រូវ​​បាន​ដាក់​ព្យួរ​តាម​ជញ្ជាំង មាន​កង្ហារ​ ពួក​ ខ្នើយ​ទ្រនាប់​ជា​ច្រើន​ដែល​អាច​ប្រើ​ជា​​កន្លែង​អង្គុយ​បាន។ ប្រអប់​ឈើ​មួយ​ត្រូវ​បាន​ក្រាល​ដោយ​កម្រាល និង​មាន​​ខ្នើយ​ទ្រនាប់​នៅ​ពី​លើ​នោះ​ដែល​មើល​ទៅ​គឺ​សម្រាប់​​ប្រើ​ជា​សាឡុង។

សារ៉ា​ដើរ​ចេញ​ពី​ទ្វារ​យឺត​ៗ ហើយ​អង្គុយ​ចុះ និង​សម្លឹង​មើល​ម្ដង​ហើយ​​ម្ដង​ទៀត។

«មើល​ទៅ​ហាក់​ដូច​ជា​អ្វី​ម្យ៉ាង​ក្នុង​រឿង​ទេពអប្សរ​ក្លាយ​ជា​ការ​ពិត! បន្តិច​ក៏​អត់​មាន​ខុស​គ្នា​ដែរ! ខ្ញុំ​មាន​អារម្មណ៍​ថា ​​​ខ្ញុំ​ហាក់​ប្រាថ្នា​អ្វី​ក៏​បាន ពេជ្រ ឬ​ស្បោង​ដែល​ពេញ​ដោយ​មាស ហើយ​របស់​ទាំង​នោះ​នឹង​​បង្ហាញ​ខ្លួន​មក! របស់​ទាំង​នោះ​​ផុស​ចេញ​មក​ ក៏​មិន​ខុស​គ្នា​ពី​របស់​ទាំង​នេះ​ដែរ! តើ​នេះ​ជា​បន្ទប់​ធ្នើរ​របស់​ខ្ញុំ​មែន​ទេ? ខ្ញុំ​ជា​ក្មេង​កំព្រីកំព្រា​ រយីករយាក រងា​ឯកា​សារ៉ា​មែន​ទេ? រឿង​មួយ​ដែល​ខ្ញុំ​តែងតែ​ចង់​​បាន​ គឺ​បាន​ឃើញ​រឿង​ទេពអប្សរ​ក្លាយ​ជា​ការ​ពិត! រស់​នៅ​ក្នុង​រឿង​ទេពអប្សរ! ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ខ្លួន​ឯង​ដូច​ជា​ទេពអប្សរ ហើយ​អាច​ផ្លាស់​ប្ដូរ​របស់​គ្រប់​យ៉ាង​ឱ្យ​​ក្លាយ​ទៅ​ជា​របស់​ផ្សេង!» នាង​និយាយ​នឹង​ខ្លួន​ឯង។

នាង​ក្រោក​ឡើង ហើយ​​ដើរ​ទៅ​គោះ​ជញ្ជាំង​ដើម្បី​ហៅ​អ្នក​ទោស​នៅ​បន្ទប់​ជាប់​គ្នា​ ហើយ​អ្នក​ទោស​ក៏​ចូល​មក។​

ពេល​ដែល​នាង​ចូល​មក​ដល់​ក្នុង​បន្ទប់​ភ្លាម​ នាង​ស្ទើរ​តែ​ទន់​ជង្គង់​ដួល​លើ​កម្រាល​ឥដ្ឋ​ទៅ​ហើយ នាង​គាំង​​រក​និយាយ​មិន​ចេញ​មួយ​សន្ទុះ​ ហើយ​ស្ទើរ​តែ​ភ្លេច​ដក​ដង្ហើម។

អ្នក​ទាំង​ពីរ​ជជែក​គ្នា​ដោយ​រីករាយ​ជាមួយ​នឹង​អាហារ​ពេល​យប់​ក្ដៅៗ​ដ៏​មាន​ឱជារស។ ពេល​ដែល​ សារ៉ា​ដើរ​ទៅ​គ្រែ​របស់​នាង នាង​​ឃើញ​មាន​កន្ទេល​ក្រាស់​ថ្មី​មួយ ហើយ​ខ្នើយ​ធំៗ។ កន្ទេល​និង​ខ្នើយ​ចាស់ៗ​របស់​នាង​ត្រូវ​បាន​គេ​យក​ចេញ​ទៅ​ដាក់​នៅ​​គ្រែ​របស់​ប៊េកគី។

«តើ​របស់​ទាំង​អស់​នេះ​មក​ពី​ណា? អូ!​ តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​ទៅ​ អ្នក​នាង?» ប៊េកគី​សួរ។

«យើង​កុំ​សួរ​អី! ប្រសិន​បើ​គេ​មិន​ចង់​ឱ្យ​ខ្ញុំ​និយាយ​ថា​អរគុណ អីចឹង​ខ្ញុំ​មិន​ស្គាល់​ប្រសើរ​ជាង ដូច្នេះ​នេះ​នឹង​ក្លាយ​ជា​រឿង​ដែល​កាន់​តែ​អស្ចារ្យ!» សារ៉ា​និយាយ។

ចាប់​ពី​ថ្ងៃ​នោះ​មក​ ជីវិត​កាន់​តែ​ស្រស់​បំព្រង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ រឿង​ទេពអប្សរ​ត្រូវ​បាន​និទាន​បន្ត​ជា​រៀង​រាល់​ថ្ងៃ ​របស់​ថ្មីៗ​ត្រូវ​បាន​រៀបចំ។ របស់​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ និង​ស្រស់​ស្អាត​តែង​តែ​មាន​ថ្មី​ជានិច្ច ​នៅ​ពេល​សារ៉ា​បើក​ទ្វារ​នៅ​ពេល​យប់ រហូត​ដល់​បន្ទប់​ធ្នើរ​ក្លាយ​ទៅ​ជា​បន្ទប់​តូច​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

ជញ្ជាំង​ដ៏​​កខ្វក់​ត្រូវ​បាន​បិទ​ដោយ​រូប​ភាព និង​មាន​បំពាក់​ដោយ​គ្រឿង​សង្ហារិម​ដ៏​ប្រណិត មាន​ធ្នើរ​ដាក់​សៀវភៅ។ ពេល​ដែល​សារ៉ា​ចុះ​ទៅ​ជាន់​ក្រោម​ នាង​បាន​បន្សល់​ទុក​អាហារ​ពេល​យប់​ខ្លះ​នៅ​លើ​តុ  ហើយ​ពេល​នាង​ត្រលប់​មក​វិញ​នៅ​ពេល​យប់ ​វេទមន្ត​បាន​យក​អាហារ​ដែល​សល់​នោះ​ចេញ​ ហើយ​ដាក់​ជំនួស​មក​វិញ​ដោយ​អាហារ​ថ្មី។ កញ្ញា​មីនជីន​នៅ​តែ​កាច និង​តាម​រក​រឿង​ដូច​ពី​មុន កញ្ញា​អេម៉េឡា​នៅ​តែ​មួម៉ៅ ហើយ​អ្នក​បម្រើ​នៅ​តែ​មាន​ចិត្ត​អាក្រក់។ សារ៉ា​ត្រូវ​គេ​ប្រើ​ឱ្យ​ចេញ​ទៅ​បំពេញ​ការងារ​នៅ​ខាង​ក្រៅ​មិន​ថា​ក្ដៅ ត្រជាក់ ភ្លៀង ព្រិល​ធ្លាក់​យ៉ាង​ណា ហើយ​នាង​ត្រូវ​គេ​ស្ដី​បន្ទោស​ប្រើ​ឆ្វេង​ ប្រើ​ស្ដាំ នាង​កម្រ​បាន​និយាយ​ជាមួយ​អេមេនហ្គាដ និង​ឡូទី​ណាស់​។ ឡាវីនី​សម្លឹង​មើល​សំលៀកបំពាក់​របស់​នាង​ដែល​ចេះ​តែ​ខើច​ទៅ​ៗ ហើយ​ក្មេង​ស្រី​ផ្សេងៗ​ទៀត​សម្លឹង​មើល​នាង​ដោយ​ការ​ចង់​ដឹង​ ពេល​នាង​ដើរ​ចូល​ក្នុង​ថ្នាក់​រៀន។

ប៉ុន្តែ​តើ​រឿង​ទាំង​នោះ​មាន​បញ្ហា​អ្វី​ចំពោះ​នាង​​ទៅ​ ខណៈ​ដែល​នាង​រស់​នៅ​ក្នុង​បន្ទប់​ដ៏​ស្រស់​ស្អាត​ដោយ​អាថ៌កំបាំង​នោះ? នោះ​ជា​ពេល​វេលា​ដ៏​មាន​ន័យ​សម្រាប់​នាង គឺ​ប្រសើរ​ជាង​ពេល​ណា​​ទាំង​អស់​ដែល​នាង​ធ្លាប់​ប្រឌិត​រឿង​ដើម្បី​បំបាត់​ភាព​នឿយហត់ ​ស្រេក​ឃ្លាន និង​ឯកោ​របស់​នាង។ ពេល​ខ្លះ​ខណៈ​ដែល​នាង​ត្រូវ​គេ​ស្ដី​បន្ទោស​ នាង​ពិបាក​នឹង​រក្សា​ស្នាម​ញញឹម​របស់​នាង។

សេចក្ដី​សុខ និង​ភាព​រីករាយ​ដែល​នាង​ទទួល​បាន ​ធ្វើ​ឱ្យ​នាង​កាន់​តែ​រឹង​មាំ ហើយ​នាង​តែង​តែ​រំពឹង​ដល់​អ្វី​ថ្មីៗ​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​បន្ទប់។ ប្រសិន​បើ​នាង​មក​ពី​បំពេញ​ការងារ​នៅ​ខាង​ក្រៅ​ដោយ​ទទឹក​ខ្លួន​ជោក អស់​កម្លាំង និង​ឃ្លាន​ខ្លាំង នាង​ដឹង​ថា​នាង​នឹង​ទទួល​បាន​ភាព​កក់​ក្ដៅ និង​​បាន​អាហារ​ទទួល​ទាន​ស្កប់ស្កល់​​ ពេល​នាង​ឡើង​ទៅ​ដល់​បន្ទប់​ធ្នើរ​របស់​នាង។ អំឡុង​ពេល​​ថ្ងៃ​ដែល​នាង​ទទួល​ការងារ​ពិបាក​បំផុត នាង​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ដោយ​ការ​គិត​ដល់​អ្វី​ដែល​នាង​នឹង​មាន​ពេល​ដែល​នាង​បើក​ទ្វារ​បន្ទប់​ធ្នើរ​របស់​នាង​នៅ​ពេល​យប់ ហើយ​​គិត​ថា​តើ​​នឹង​មាន​អ្វី​ថ្មី​សម្រាប់​នាង​នៅ​យប់​នោះ?។ មិន​យូរ​ប៉ុន្មាន ​រូបរាង​របស់​នាង​មិន​ស្គម​ដូច​ពី​មុន​ទេ ទឹក​មុខ​នាង​មាន​ព្រលឹងព្រលះ​ឡើង​វិញ ភ្នែក​របស់​នាង​មិន​ធំ​សម្រាប់​មុខ​របស់​នាង​ដូច​ពី​មុន​ទេ។

…………………………………………

«សារ៉ា មើល​ទៅ​​​ស្រស់ស្រាយ​ណាស់!» កញ្ញា​មីនជីន​និយាយ​ទៅ​កាន់​ប្អូន​ស្រី​របស់​គាត់។

«ចា៎! នាង​ពិត​ជា​មាន​សាច់​ជាង​ពី​មុន! មួយ​រយៈ​មុន​ នាង​ចាប់​ផ្ដើម​មាន​រូបរាង​ដូច​ជា​មាន់​ដែល​អត់​ឃ្លាន​ទៅ​ហើយ!» កញ្ញា​អេម៉េឡា​និយាយ​ដោយ​មិន​បាន​គិត។

«អត់​ឃ្លាន?! គ្មាន​ហេតុ​ផល​ណា​ដែល​នាង​ត្រូវ​អត់​ឃ្លាន​ទេ នាង​តែង​តែ​មាន​របស់​​សម្រាប់​ញ៉ាំ​ច្រើន!» កញ្ញា​មីនជីន​ស្រែក​ដោយ​កំហឹង។

«ប្រា…ប្រាកដ​ហើយ! កញ្ញា​អេម៉ាឡា​ដឹង​ពី​កំហុស​របស់​នាង​ដែល​និយាយ​​រឿង​ខុស។

«មាន​រឿង​ខ្លះ​ដែល​មើល​ទៅ​ដូច​ជា​មិន​ទំនង​ទាល់​តែ​សោះ! ចំពោះ​ក្មេង​អាយុ​ដំណាល​នេះ!» កញ្ញា​មីនជីន​និយាយ​​បង្កប់​ដោយ​កំហឹង។

«តើ​ជា​​រឿង​ប្រភេទ​អ្វី​ទៅ?« កញ្ញា​អេម៉េឡា​សួរ។

«យើង​ស្ទើរ​តែ​អាច​​និយាយ​បាន​ថា​ជា​ការ​ជម្នះ ប្រសិន​បើ​ក្មេង​ដទៃ​ប្រាកដ​ជា​បាក់​ទឹក​ចិត្ត និង​ឆន្ទៈ​ទាំង​ស្រុង​ទៅ​ហើយ ដោយសារ​ការ​ផ្លាស់​ប្ដូរ​ដែល​នាង​បាន​ទទួល​នេះ! តែ​តាម​យើង​មើល​ នាង​ហាក់​ដូច​ជា​​ គឺ​ហាក់​ដូច​ជា​នាង​ជា​ព្រះនាង!» កញ្ញា​មីនជីន​ឆ្លើយ​ដោយ​អារម្មណ៍​មិន​ស្រណុក​ចិត្ត ចំពោះ​គាត់​ នាង​មិន​មែន​ជម្នះ​ទេ ប៉ុន្តែ​គាត់​រក​ពាក្យ​មក​និយាយ​មិន​បាន​ ព្រោះ​គាត់​មិន​ចង់​ប្រើ​ពាក្យ​ព្រះ​នាង​សម្រាប់​នាង។

«តើ​បង​នៅ​ចាំ​​ពី​អ្វី​ដែល​នាង​ធ្លាប់​និយាយ​ជាមួយ​បង​នៅ​ក្នុង​​ថ្នាក់​រៀន​ថា បើ​ថ្ងៃ​ណា​មួយ​បង​ដឹង​ថា​នាង​ជា…» កញ្ញា​អេម៉េឡា​និយាយ។

«មិន​ចាំ​ទេ! កុំ​និយាយ​រឿង​គ្មាន​ប្រយោជន៍!» កញ្ញា​មីនជីន​និយាយ ប៉ុន្តែ​គាត់​ចាំ​បាន​ច្បាស់​ណាស់។

ប៊េកគី​ក៏​មើល​ទៅ​មិន​ដូច​ពី​មុន​ដែរ ​គឺ​តាម​ធម្មជាតិ​ នាង​មិន​សូវ​ជា​មាន​រូបរាង​ភ័យ​ខ្លាច​ដូច​មុន​ទេ។ នាង​មាន​ចំណែក​នៅ​ក្នុង​រឿង​ទេពអប្សរ​អាថ៌កំបាំង​ដែរ នាង​មាន​កន្ទេល​ពីរ ខ្នើយ​ពីរ និង​កម្រាល​គ្រែ​ជា​ច្រើន ហើយ​រៀងរាល់​យប់​​ នាង​មាន​អាហារ​ពេល​យប់​ក្ដៅៗ និង​បាន​អង្គុយ​កម្ដៅ​ភ្លើង។

បាស្ទីល​បាន​រលាយ​បាត់​ហើយ លែង​មាន​អ្នក​ទោស​ទៀត​ហើយ។ ក្មេង​ពី​រ​នាក់​អង្គុយ​ដោយ​មាន​សេចក្ដី​សុខ​នៅ​មុខ​ចង្ក្រាន​កម្ដៅ​បំបាត់​ភាព​រងា។ ពេល​ខ្លះ​ សារ៉ា​អាន​សៀវភៅ​របស់​នាង​ឮ​ៗ​ឱ្យ ប៊េកគី​ស្ដាប់ ពេល​ខ្លះ​នាង​រៀន​មេរៀន​របស់​នាង ពេល​ខ្លះ​នាង​អង្គុយ​សម្លឹង​ភ្លើង ហើយ​ព្យាយាម​ស្រមៃ​ដល់​អ្នក​ដែល​ជា​មិត្ត​របស់​នាង​ថា​ជា​អ្នក​ណា ហើយ​នាង​ចង់​និយាយ​ពាក្យ​ក្នុង​ចិត្ត​របស់​នាង​ចំពោះ​គេ។

បន្ទាប់​មក ​រឿង​អស្ចារ្យ​មួយ​ទៀត​បាន​កើត​ឡើង។ បុរស​ម្នាក់​បាន​យក​ប្រអប់​ជា​ច្រើន​មក​ដាក់​នៅ​នឹង​មាត់​ទ្វារ ប្រអប់​ទាំង​អស់​សុទ្ធ​តែ​មាន​បិទ​ថា «ជូន​ចំពោះ​ក្មេង​ស្រី​តូច​នៅ​បន្ទប់​ខាង​ស្ដាំ​ដៃ!»

សារ៉ា​ត្រូវ​គេ​ប្រើ​ឱ្យ​​ទៅ​មាត់​ទ្វារ​ដើម្បី​យក​របស់​ទាំង​នោះ​ចូល​ក្នុង នាង​ដាក់​ប្រអប់​ធំ​ពីរ​នៅ​លើ​តុ​ក្នុង​សាល ហើយ​សម្លឹង​មើល​អាសយដ្ឋាន​ដែល​សរសេរ​បិទ​លើ​ប្រអប់ ពេល​នោះ​កញ្ញា​មីនជីន​ចុះ​មក​ជាន់​ក្រោម​ ហើយ​ក៏​បាន​ឃើញ​នាង។

«យក​របស់​ទៅ​ឱ្យ​ក្មេង​ដែល​ជា​ម្ចាស់​ទៅ កុំ​នៅ​ឈរ​សម្លឹង​មើល​អី!» គាត់​និយាយ​ដោយ​សំដី​ធ្ងន់។

«ទាំង​នេះ​ជា​របស់​ខ្ញុំ!» សារ៉ា​ឆ្លើយ​ដោយ​សំឡេង​ស្រាល។

«របស់​ឯង? ឯង​មាន​ន័យ​ថា​ម៉េច?» កញ្ញា​មីនជីន​បន្លឺ។

«ខ្ញុំ​មិន​ដឹង​ថា​គេ​ផ្ញើ​មក​ពី​ណា​ទេ ប៉ុន្តែ​គេ​សរសេរ​មក​ឱ្យ​ខ្ញុំ! ខ្ញុំ​គេង​នៅ​បន្ទប់​ធ្នើរ​ខាង​ស្ដាំ​ដៃ ហើយ​ប៊េកគី​នៅ​ខាង​ឆ្វេង!»

កញ្ញា​មីនជីន​ដើរ​មក​ក្បែរ​នាង ហើយ​សម្លឹង​មើល​ប្រអប់​ដោយ​ការ​ភ្ញាក់​ផ្អើល។

«ស្អី​គេ​នៅ​ខាង​ក្នុង?» គាត់​សួរ។

«ខ្ញុំ​​មិន​ដឹង​ទេ!» សារ៉ា​ឆ្លើយ។

«បើក​វា​ទៅ!» កញ្ញា​មីនជីន​បញ្ជា។

សារ៉ា​ធ្វើ​តាម​បញ្ជា។ ពេល​ដែល​ប្រអប់​បើក​មក កញ្ញា​មីនជីន​ភ្ញាក់​ផ្អើល​ដោយ​​អារម្មណ៍​ច្របូកច្របល់។ គាត់​ឃើញ​សំលៀកបំពាក់​ថ្មី​ច្រើន​ប្រភេទ ស្បែកជើង ស្រោម​ដៃ និង​អាវធំ​យ៉ាង​ស្រស់​ស្អាត ហើយ​ថែម​ទាំង​មាន​មួក និង​ឆត្រ​ទៀត។ ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​របស់​ល្អ និង​ថ្លៃ ហើយ​នៅ​នឹង​ហោប៉ៅ​អាវ​ធំ​មាន​ដោត​ភ្ជាប់​នឹង​ក្រដាស​ដែល​សរសេរ​ថា «សម្រាប់​ស្លៀកពាក់​រាល់​ថ្ងៃ…. នឹង​ត្រូវ​ផ្លាស់​ដោយ​សំលៀកបំពាក់​ថ្មី​ទៀត​ពេល​ដែល​ចាំ​បាច់!»

កញ្ញា​មីនជីន​រំជួលចិត្ត​ក្នុង​រូប​ភាព​អាក្រក់ នេះ​ជា​ហេតុការណ៍​ដែល​ផ្ដល់​តម្រុយ​រឿង​ចម្លែក​នៅ​ក្នុង​ចិត្ត​ដ៏​អាក្រក់​របស់​គាត់។ តើ​អ្វី​ដែល​គាត់​ធ្វើ​កន្លង​មក ​គឺ​ជា​រឿង​ខុស​​មែន​ទេ ក្មេង​ដែល​ត្រូវ​បាន​​មើល​រំលង និង​ឱ្យ​ទទួល​រង​ការ​ងារ​លំបាក​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​​ នៅ​មាន​សាច់ញាតិ​ដែល​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ ហើយ​ទើប​តែ​រក​ឃើញ​នាង​ភ្លាមៗ និង​សម្រេច​ឧបត្ថម្ភ​គ្រប់​យ៉ាង​សម្រាប់​នាង​ឬ​យ៉ាង​ណា? អ្នក​នោះ​អាច​ជា​ពូ​របស់​នាង​ដែល​គ្មាន​កូន ហើយ​មិន​ធ្លាប់​រវល់​នឹង​សាច់ញាតិ លុះ​ដល់​​ទទួល​ដំណឹង​ពី​ក្មេង​ដែល​ស្លៀកពាក់​រយីករយាក និង​ធ្វើ​ការ​លំបាក​ ទើប​សម្រេច​ផ្ដល់​ជំនួយ​ដល់​នាង​តើ​មែន​ទេ?

កញ្ញា​មីនជីន​ពិត​ជា​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ទាល់​តែ​សោះ ហើយ​មិន​ច្បាស់​ថា​រឿង​នេះ​យ៉ាង​ណា​នោះ​ទេ បន្ទាប់​មក​គាត់​លួច​សម្លឹង​​សារ៉ា​បន្តិច។

«ល្អ! មាន​នរណា​ម្នាក់​មាន​ចិត្ត​ល្អ​ចំពោះ​ឯង ដោយ​សារ​របស់​គេ​ផ្ញើ​មក​ហើយ ហើយ​ឯង​ក៏​​នឹង​បាន​របស់​ថ្មី​ ពេល​វា​រហែក​ ឯង​អាច​ពាក់​​វា​ ពេល​ដែល​ចេញ​ទៅ​ក្រៅ​បាន ​និង​បាន​មើល​ទៅ​សមរម្យ​ផង! ក្រោយ​ពី​ឯង​ទៅ​ផ្លាស់​សំលៀកបំពាក់​ហើយ ឯង​អាច​ចុះ​មក​រៀន​មេរៀន​របស់​ឯង​ក្នុង​ថ្នាក់​បាន! ថ្ងៃ​នេះ ​ឯង​មិន​បាច់​ចេញ​ទៅ​ធ្វើ​ការ​ខាង​ក្រៅ​ទេ!» គាត់​និយាយ​ក្នុង​សំឡេង​ដែល​គាត់​មិន​ធ្លាប់​ប្រើ​​ ក្រោយ​ពី​ក្មេង​នេះ​បាត់​បង់​ប៉ាប៉ា​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ។

ប្រហែល​ជា​កន្លះ​ម៉ោង​ក្រោយ​មក​ ពេល​ដែល​​ទ្វារ​បន្ទប់​រៀន​បើក ហើយ​សារ៉ា​ដើរ​ចូល​មក សិស្ស​ក្នុង​បន្ទប់​ទាំង​មូល​ចំហ​មាត់​ដោយ​​ការ​ភ្ញាក់​​ផ្អើល។

«អូ ព្រះ! មើល​ព្រះនាង​សារ៉ា!» ជេស៊ី​ខ្សឹប​ដាក់​ឡាវីនី។

គ្រប់​គ្នា​សម្លឹង​មើល​នាង ហើយ​ពេល​ដែល​ឡាវីនី​សម្លឹង​ទៅ​នាង​ មុខ​នាង​ប្រែ​ជា​ក្រហម។

នាង​មិន​ដូច​ជា​សារ៉ា​ដែល​ពួក​គេ​ឃើញ​ចុះ​មក ហើយ​ឡើង​ទៅ​ជាន់​លើ​មុន​នេះ​​ប៉ុន្មាន​ម៉ោង​នោះ​ទេ នាង​ស្លៀក​សំលៀកបំពាក់​ដែល​ឡាវីនី​ធ្លាប់​ច្រណែន​នាង។

«ប្រហែល​ជា​មាន​អ្នក​ណា​បន្សល់​សំណាង​ទុក​ឱ្យ​នាង! ខ្ញុំ​តែង​តែ​គិត​ថា​នឹង​មាន​រឿង​អ្វី​មួយ​កើត​ឡើង​ចំពោះ​នាង! ​នាង​ពិត​ជា​មនុស្ស​ចម្លែក​មែន!» ជេស៊ី​ខ្សឹប។

«ប្រហែល​ជា​រ៉ែ​ពេជ្រ​នោះ ​​ស្រាប់​តែ​បង្ហាញ​ខ្លួន​មក​វិញ កុំ​សម្លឹង​នាង​បែប​នេះ ​ដើម្បី​ឱ្យ​នាង​សប្បាយ​ចិត្ត​អី កុំ​ល្ងង់​ពេក!» ឡាវីនី​និយាយ។

«សារ៉ា! មក​អង្គុយ​ត្រង់​នេះ​មក!» កញ្ញា​មីនជីន​និយាយ​ដោយ​សំឡេង​ធ្ងន់។

ហើយ​ខណៈ​​ដែល​សិស្ស​ក្នុង​ថ្នាក់​ទាំង​អស់​តាម​សម្លឹង​មើល សារ៉ា​ដើរ​ទៅ​តុ​ចាស់​របស់​នាង ហើយ​ឱន​អាន​សៀវភៅ​របស់​នាង។

យប់​នោះ​ពេល​ដែល​នាង​ត្រលប់​ទៅ​​បន្ទប់​របស់​នាង​វិញ ​ក្រោយ​ពី​ញ៉ាំ​អាហារ​ពេល​យប់​ជាមួយ​ ប៊េកគី​ហើយ នាង​អង្គុយ​សម្លឹង​ភ្លើង​ចង្ក្រាន​យ៉ាង​យូរ។

«អ្នក​នាង​កំពុង​​ប្រឌិត​រឿង​​​អ្វី​មែន​​ទេ?» ប៊េកគី ​សួរ​ដោយ​​សំឡេង​ស្រាល​បង្កប់​ដោយ​​ការ​គោរព។

​«អត់​ទេ! ខ្ញុំ​កំពុង​គិត​ថា​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ម៉េច?» នាង​ឆ្លើយ។

ប៊េកគី​សម្លឹង​មើល​នាង​ដោយ​ការ​គោរព។

«ខ្ញុំ​ចេះ​តែ​នឹក​គិត​ដល់​មិត្ត​របស់​ខ្ញុំ! ប្រសិន​បើ​គេ​ចង់​លាក់​បាំង​ខ្លួន​របស់​គេ នោះ​គឺ​ជា​រឿង​អាក្រក់​ដែល​យើង​ព្យាយាម​ចង់​ដឹង​ពី​គេ! ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​គេ​ដឹង​ថា ​ខ្ញុំ​ដឹង​គុណ​គេ​យ៉ាង​ណា ហើយ​គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ណា! មនុស្ស​ល្អ​​ គេ​ចង់​ដឹង​ថា​គេ​បាន​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​សប្បាយ​ចិត្ត​យ៉ាង​ណា ជាជាង​ការ​ដែល​ត្រូវ​គេ​អរគុណ! ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​គេ​ដឹង ខ្ញុំ​ពិត​ជា​ចង់…!» សារ៉ា​ពន្យល់។

នាង​ឈប់​និយាយ​មួយ​ភ្លែត ព្រោះ​ពេល​នោះ​ភ្នែក​របស់​នាង​បាន​ងាក​ទៅ​ចំ​របស់​ម្យ៉ាង​ដែល​នៅ​លើ​តុ​ឯ​ជ្រុង​បន្ទប់។ នោះ​គឺ​របស់​​ដែល​នាង​បាន​ឃើញ​នៅ​ក្នុង​បន្ទប់​កាល​ពី​​ពីរ​ថ្ងៃ​មុន។ នោះ​គឺ​ប្រអប់​​ដែល​មាន​ដាក់​ក្រដាស ស្រោម​សំបុត្រ ប៊ិក និង​ទឹក​ខ្មៅ។

«“អូ! ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​គិត​ដល់​រឿង​នេះ​ពី​មុន​មក?» នាង​បន្លឺ​ឡើង។

នាង​ក្រោក​ឡើង​​ដើរ​ទៅ​ជ្រុង​បន្ទប់​ ហើយ​យក​ប្រអប់​នោះ​មក​ចង្ក្រាន​វិញ។

«ខ្ញុំ​អាច​សរសេរ​​ទៅ​គាត់​ដោយ​ដាក់​នៅ​លើ​តុ​បាន អ្នក​ដែល​យក​របស់​មក​ប្រហែល​នឹង​យក​សំបុត្រ​នេះ​ទៅ​​ដែរ! ខ្ញុំ​មិន​សួរ​នាំ​អ្វី​ពី​​គាត់​ទេ គាត់​នឹង​មិន​ប្រកាន់​ខ្ញុំ​ទេ​ដែល​ខ្ញុំ​គ្រាន់​តែ​អរគុណ​គាត់ ខ្ញុំ​មាន​អារម្មណ៍​ច្បាស់​ពី​រឿង​នេះ!» នាង​និយាយ​ដោយ​អារម្មណ៍​រីករាយ ហើយ​នាង​ក៏​សរសេរ៖

«ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​​មិន​គិត​ថា ​នេះ​ជា​ការ​​​​រឿង​មិន​គប្បី​ដែល​ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​ ពេល​ដែល​អ្នក​ចង់​រក្សា​ខ្លួន​អ្នក​ជា​រឿង​អាថ៌កំបាំង! សូម​ជឿ​ថា ​ខ្ញុំ​មិន​មាន​បំណង​ធ្វើ​រឿង​មិន​គប្បី​ ឬ​ព្យាយាម​ចង់​ដឹង​ពី​រឿង​អ្វី​មួយ​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​អរគុណ​ដែល​​អ្នក​មាន​ទឹក​ចិត្ត​ល្អ​ចំពោះ​ខ្ញុំ ពិត​ជា​ទឹក​ចិត្ត​ដ៏​ល្អ​កាត់​ថ្លៃ​មិន​បាន ហើយ​បាន​ធ្វើ​រឿង​​គ្រប់​យ៉ាង​ដូច​ជា​​ក្នុង​រឿង​ទេពអប្សរ! ខ្ញុំ​ពិត​ជា​អរគុណ​ចំពោះ​អ្នក ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង ហើយ​ប៊េកគី​ក៏​ដូច​គ្នា! ប៊េកគី​មាន​អារម្មណ៍​ដឹង​គុណ​ដូច​ជា​ខ្ញុំ​ដែរ រឿង​ទាំង​នេះ​ពិត​ជា​ស្រស់​ស្អាត និង​អស្ចារ្យ​ចំពោះ​នាង​ដូច​​ជា​ចំពោះ​ខ្ញុំ​ដែរ! ពួក​ខ្ញុំ​​ធ្លាប់​ឯកោ រងា និង​អត់​ឃ្លាន ហើយ​ពេល​នេះ អូ!​ គ្រាន់​តែ​គិត​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ពួក​ខ្ញុំ! សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​និយាយ​បាន​ប៉ុន​នេះ ខ្ញុំ​ហាក់​ដូច​ជា​ត្រូវ​និយាយ​ពាក្យ​ទាំង​នេះ​ “អរគុណ! អរគុណ! អរគុណ!”»

ព្រឹក​ស្អែក​ នាង​ទុក​សំបុត្រ​នេះ​នៅ​លើ​តុ ហើយ​ពេល​នាង​ត្រលប់​មក​បន្ទប់​នៅ​ពេល​យប់ សំបុត្រ​នោះ​ត្រូវ​បាន​គេ​យក​ទៅ ដូច្នេះ​នាង​ដឹង​ថា វេទមន្ត​បាន​ទទួល​សំបុត្រ​របស់​នាង​ហើយ ហើយ​នាង​សប្បាយ​ចិត្ត។ នាង​កំពុង​អាន​សៀវភៅ​ឱ្យ​ប៊េកគី​ស្ដាប់​។ ពួក​គេ​បម្រុង​នឹង​ទៅ​គ្រែ​គេង​រៀង​ខ្លួន​ទៅ​ហើយ សំឡេង​នៅ​លើ​កញ្ចក់​បំភ្លឺ​ដំបូល​បាន​​ទាញ​អារម្មណ៍​របស់​ពួក​គេ។ សារ៉ា​ដឹង​ថា​ប៊េកគី​ក៏​បាន​ឮ​សំឡេង​នោះ​ដែរ។

«មាន​អ្វី​ម្យ៉ាង​នៅ​ទី​នោះ​ អ្នក​នាង!» នាង​ខ្សឹប។

«​ត្រូវ​ហើយ! ស្ដាប់​ទៅ​ដូច​ជា​ឆ្មា​ចង់​ចូល​មក!» សារ៉ា​និយាយ​យឺត​ៗ។

នាង​ក្រោក​ចេញ​ពី​កៅអី ហើយ​ដើរ​ទៅ​កញ្ចក់​បំភ្លឺ​ដំបូល នោះ​គឺ​សំឡេង​ចម្លែក​ដូច​ជា​​ការ​ក្រញៅ​ស្រាល​ៗ។ ភ្លាម​នោះ ​នាង​ចាំ​បាន​រឿង​មួយ​ ហើយ​ក៏​សើច។ នាង​ចាំ​បាន​​ស្វា​តូច​មួយ​ដែល​ធ្លាប់​រត់​មក​ចូល​ក្នុង​បន្ទប់​ធ្នើរ​របស់​នាង។ នាង​​តែង​ឃើញ​​វា​​អង្គុយ​នៅ​លើ​តុ​​តាម​បង្អួច​បន្ទប់​របស់​សុភាព​​បុរស​ឥណ្ឌា​នោះ។

«ប្រហែល​…ប្រហែល​កូន​ស្វា​​នោះ​រត់​គេច​ម្ដង​ទៀត​ហើយ អូ! សង្ឃឹម​ថា​ជា​គេ​ទៅ​ចុះ!» សារ៉ា​ខ្សឹប​តិចៗ។

នាង​ឡើង​លើ​កៅអី​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​រុញ​បើក​កញ្ចក់​បំភ្លឺ​ដំបូល ហើយ​អើត​ចេញ​ទៅ​ក្រៅ។ មេឃ​បាន​ធ្លាក់​ព្រិល​ពេញ​មួយ​ថ្ងៃ ហើយ​នៅ​លើ​ព្រិល​ដែល​នៅ​ជិត​នាង​បង្កើយ​ កូន​ស្វា​តូច​នោះ​កំពុង​សម្លឹង​មក​នាង​ម៉ក់ៗ។

«គឺ​ស្វា! គេ​លួច​ចេញ​ពី​ផ្ទះ​របស់​​ឡាស្កា ហើយ​ឃើញ​ភ្លើង​ក្នុង​បន្ទប់​របស់​យើង!» នាង​ស្រែក។

ប៊េកគី​ដើរ​ទៅ​ក្បែរ​នាង។

«អ្នក​នាង​នឹង​ឱ្យ​គេ​ចូល​មក​មែន​ទេ?»

«ត្រូវ​ហើយ! ស្វា​នៅ​ខាង​ក្រៅ​នោះ​ត្រជាក់​ពេក​ហើយ! ខ្ញុំ​នឹង​​ហៅ​គេ​ឱ្យ​ចូល​មក​!» សារ៉ា​ឆ្លើយ​ដោយ​រីករាយ។

នាង​ហុច​ដៃ​ទៅ និយាយ​ដោយ​សំឡេង​ដូច​ពេល​នាង​និយាយ​ជាមួយ​ចាប និង​ម៉េឆាយឌេក ហាក់​ដូច​ជា​នាង​ខ្លួន​ឯង​ជា​សត្វ​តូច​មួយ​ដែរ ហើយ​យល់​ពី​អារម្មណ៍​របស់​សត្វ។

«ចូល​មក​កូន​ស្វា​គួរ​ឱ្យ​ស្រលាញ់! ខ្ញុំ​មិន​ធ្វើ​បាប​ឯង​ទេ!» នាង​​និយាយ។

វា​​ដឹង​ថា​នាង​មិន​ធ្វើ​បាប​​វា​ទេ វា​ដឹង​មុន​ពេល​នាង​នាង​ហុច​ដៃ​ និង​ហៅ​វា​​ទៅ​ទៀត វា​​ធ្លាប់​ទទួល​បាន​ដៃ​ស្រលាញ់​ក្នុង​ដៃ​របស់​រ៉ាម ដាស ហើយ​វា​មាន​អារម្មណ៍​ដូច​គ្នា​ក្នុង​ដៃ​របស់​នាង។ វា​ឱ្យ​នាង​លើក​វា​ចូល​មក​តាម​កញ្ចក់​បំភ្លឺ​ដំបូល ហើយ​ពេល​វា​នៅ​ក្នុង​ដៃ​របស់​នាង​ វា​ត្រសុល​ចូល​ដើម​ទ្រូង​របស់​នាង ហើយ​ចាប់​សក់​នាង​លេង​ស្រាលៗ ហើយ​ងើយ​មើល​មុខ​របស់​នាង។

«ស្វា​ល្អ! ស្វា​ល្អ! អូ!​ ខ្ញុំ​ពិត​ជា​ស្រលាញ់​កូន​សត្វ​ណាស់!» នាង​និយាយ ​ហើយ​ថើប​ក្បាល​​​របស់​ស្វា។

នាង​យក​វា​មក​អង្គុយ​មុខ​ចង្ក្រាន​ដោយ​ដាក់​វា​នៅ​ជង្គង់​របស់​នាង វា​សម្លឹង​​សារ៉ា ហើយ​សម្លឹង​ទៅ​ប៊េកគី​ដោយ​ការ​ចាប់​អារម្មណ៍។

«គេ​សម្លឹង​យើង​ធម្មតា​ទេ​មែន​ទេ អ្នក​នាង?» ប៊េកគី ​និយាយ។

សារ៉ា​សើច ហើយ​និយាយ៖

«គេ​មើល​ទៅ​ដូច​ជា​កូន​ក្មេង​ដែល​មាន​រូបរាង​អាក្រក់ ខ្ញុំ​សូមទោស​កូន​ស្វា ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ឯង​មិន​មែន​ជា​កូន​ក្មេង! ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ឯង​ណាស់!»

នាង​ត្រលប់​មក​អង្គុយ​លើ​កៅអី​ ហើយ​គិត។

«គេ​ប្រហែល​ជា​សោកស្ដាយ​ដែល​គេ​មាន​រូបរាង​អាក្រក់ ហើយ​រឿង​នេះ​តែង​តែ​នៅ​ក្នុង​ចិត្ត​របស់​គេ ខ្ញុំ​មិន​ដឹង​ថា​គេ​មាន​ចិត្ត​ដែល​​ឬ​អត់! កូន​ស្វា​គួរ​ឱ្យ​ស្រលាញ់​ តើ​ឯង​មាន​ចិត្ត​ទេ?» នាង​និយាយ។

«អ្នក​នាង​គិត​ធ្វើ​យ៉ាង​ម៉េច​ជាមួយ​គេ?» ប៊េកគី​សួរ។

«ខ្ញុំ​នឹង​ឱ្យ​គេ​គេង​ជាមួយ​ខ្ញុំ​យប់​នេះ! ហើយ​ស្អែក​ខ្ញុំ​នឹង​យក​គេ​​ទៅ​ឱ្យ​សុភាព​បុរស​ឥណ្ឌា​នោះ​វិញ! ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​យក​ឯង​ទៅ​វិញ​កូន​ស្វា ប៉ុន្តែ​ឯង​ត្រូវ​តែ​ទៅ​វិញ! ឯង​ត្រូវ​តែ​​ទទួល​បាន​ការ​ស្រលាញ់​បំផុត​ពី​គ្រួសារ​របស់​ឯង ហើយ​ខ្ញុំ​មិន​មែន​ជា​​គ្រួសារ​ពិត​ប្រាកដ​របស់​ឯង​ទេ!»

ហើយ​ពេល​នាង​ចូល​គេ​ង​ នាង​បាន​ធ្វើ​សំបុក​មួយ​សម្រាប់​វា​នៅ​ចុង​ជើង​របស់​នាង ហើយ​វា​សម្ងំ​ដេក​នៅ​ទី​នោះ ហាក់​ដូច​ជា​វា​ជា​កូន​ក្មេង​​ ហើយ​សប្បាយ​ចិត្ត​ជាមួយ​នឹង​កន្លែង​របស់​វា។

រសៀល​ថ្ងៃ​​បន្ទាប់​ សមាជិក​បី​នាក់​របស់​គ្រួសារ​ធំ​អង្គុយ​នៅ​ក្នុង​បណ្ណាល័យ​របស់​សុភាព​បុរស​ឥណ្ឌា​ ខំ​ប្រឹង​ធ្វើ​ឱ្យ​គាត់​សប្បាយ​ចិត្ត។ ពួក​គេ​បាន​ចូល​មក​លេង​នៅ​ទី​នេះ ​ព្រោះ​គាត់​បាន​អញ្ជើញ​ពួក​គេ​មក​ជា​ពិសេស។ គាត់​បាន​រង់​ចាំ​មួយ​រយៈ​មក​ហើយ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​គាត់​បាន​រង់​ចាំ​ដោយ​អន្ទះសា​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​លោក កាម៉ៃឃើល ត្រលប់​មក​ពី​មូស្គូ​វិញ។ ការ​ស្នាក់​នៅ​របស់​គាត់​នៅ​ទី​នោះ​ត្រូវ​បាន​​ពន្យារ​ពេល​មួយ​សប្ដាហ៍​ ហើយ​​មួយ​សប្ដាហ៍​ទៀត។ ពេល​ដែល​គាត់​ទៅ​ដល់​ទី​នោះ​លើក​ដំបូង  គាត់​មិន​អាច​តាម​ស្វែង​រក​ឃើញ​គ្រួសារ​ដែល​គាត់​ទៅ​តាម​រក​ទេ។

ពេល​ដែល​គាត់​ដឹង​ច្បាស់​ថា​ គាត់​រក​ពួក​គេ​ឃើញ​ហើយ ហើយ​បាន​ទៅ​ផ្ទះ​របស់​ពួក​គេ មាន​គេ​ប្រាប់​គាត់​ថា​ពួក​គេ​បាន​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ឆ្ងាយ​ហើយ។ ការ​ប្រឹង​ប្រែង​របស់​គាត់​ដើម្បី​ស្វែង​រក​ពួក​គេ​ ពិត​ជា​ពិបាក​​ណាស់​ ដូច្នេះ​ហើយ​គាត់​សម្រេច​​ចិត្ត​នៅ​មូស្គូ​រង់​ចាំ​ពួក​គេ​ រហូត​ដល់​ពួក​គេ​ត្រលប់​មក​វិញ។ លោក ការីហ្វត់ ​នៅ​លើ​កៅអី​របស់​គាត់ ហើយ​ចានេត​អង្គុយ​លើ​កម្រាល​ឥដ្ឋ​ក្បែរ​គាត់។ គាត់​ចូល​ចិត្ត​​ចានេត​ណាស់។ ណូរ៉ា​អង្គុយ​នៅ​លើ​ជើង​តាំង ហើយ​​ដូណាល់​ជិះ​​លើ​ក្បាល​ខ្លា​ដែល​​​មាន​ក្រាល​ដោយ​​ស្បែក​សត្វ។

«កុំ​មាត់​ឮ​ៗ​ពេក​ ដូណាល់! ពេល​មក​លេង​ដើម្បី​ឱ្យ​អ្នក​ជំងឺ​សប្បាយ​ចិត្ត​​ មិន​មែន​ត្រូវ​​ស្រែក​សប្បាយ​នោះ​ទេ! ស្រែក​លេង​ខ្លាំង​ៗ​អាច​នឹង​ធ្វើ​ឱ្យ​គាត់​ធុញ​​ និង​រំខាន!»

«អត់​ទេ! មិន​រំខាន​ទេ! ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​អ៊ំ​​​មិន​គិត​ច្រើន​ទៀត​ផង!» គាត់​និយាយ។
«ខ្ញុំ​នឹង​នៅ​ស្ងៀម! យើង​នឹង​នៅ​ស្ងៀម​ដូច​ជា​កណ្ដុរ!» ដូណាល់​​ស្រែក។

«កណ្ដុរ​មិន​ធ្វើ​ឱ្យ​មាន​សំឡេង​បែប​នោះ​ទេ!» ចានេត​និយាយ។

ដូណាល់​ចុះ​ពី​ក្បាល​ខ្លា​មក ហើយ​និយាយ៖

«រូង​ដែល​មាន​កណ្ដុរ​ច្រើន​ប្រហែល​ដូច​កណ្ដុរ​រាប់​ពាន់​ប្រហែល​ជា​ដូច…!»

«ខ្ញុំ​គិត​ថា​កណ្ដុរ​៥​ពាន់​ក៏​មិន​ដូច​ដែរ ហើយ​យើង​ត្រូវ​ស្ងាត់​ស្ងៀម​ដូច​ជា​កណ្ដុរ​មួយ!» ចានេត​និយាយ​ធ្ងន់​ៗ។

លោក ការីហ្វត់ សើច​ ហើយ​ទះ​ស្មា​នាង​តិចៗ។

«មិន​យូរ​ទេ ​ប៉ាប៉ា​មក​ហើយ! ពួក​យើង​អាច​និយាយ​ពី​ក្មេង​ស្រី​បាត់​ខ្លួន​នោះ​បាន​ទេ?» នាង​និយាយ។

«អ៊ំ​គិត​ថា​ពេល​នេះ​អ៊ំ​មិន​អាច​និយាយ​អ្វី​ផ្សេង​បាន​ច្រើន​ទេ!»

«ពួក​​ខ្ញុំ​ចូល​ចិត្ត​នាង​ណាស់ ពួក​ខ្ញុំ​ហៅ​នាង​ថា ព្រះ​នាង​ទេពអប្សរ!» ណូរ៉ា​និយាយ។

«ហេតុ​អ្វី?» បុរស​ឥណ្ឌា​សួរ ព្រោះ​ការ​ចូល​ចិត្ត​របស់​គ្រួសារ​ធំ​តែងតែ​ធ្វើ​ឱ្យ​គាត់​ភ្លេច​រឿង​ខ្លះ។

ចានេត​ឆ្លើយ៖

«ព្រោះ​ថា​ទោះ​បី​ជា​​នាង​មិន​មែន​ជា​ទេពអប្សរ​ពិត​ប្រាកដ​ក៏​ដោយ នាង​នឹង​ក្លាយ​ទៅ​ជា​​អ្នក​មាន​​មហា​សាល​ពេល​ដែល​គេ​រក​នាង​ឃើញ​ ហើយ​នាង​នឹង​ក្លាយ​ទៅ​ជា​ព្រះ​នាង​ក្នុង​រឿង​និទាន​ទេពអប្សរ! ពួក​ខ្ញុំ​ហៅ​នាង​ថា​​ ព្រះ​នាង​ទេពអប្សរ ប៉ុន្តែ​នៅ​មិន​ទាន់​សម​ទេ!»

«តើ​ពិត​ទេ​ដែល​ប៉ាប៉ា​របស់​នាង​ផ្ដល់​ប្រាក់​ទាំង​អស់​របស់​គាត់​ទៅ​មិត្ត​ម្នាក់​​ ដើម្បី​​រក​រ៉ែ​ដែល​មាន​ពេជ្រ  ហើយ​បន្ទាប់​មក ​មិត្ត​នោះ​គិត​ថា​គាត់​បាត់​បង់​ប្រាក់​ទាំង​អស់ ហើយ​រត់​គេច​បាត់ ​ព្រោះ​គាត់​​មាន​អារម្មណ៍​ថា​គាត់​គឺ​ជា​ចោរ​ប្លន់?»  ណូរ៉ា​និយាយ។

«ប៉ុន្តែ​គាត់​មិន​មែន​ទេ ឯង​ដឹង​ទេ?» ចានេត​និយាយ​ភ្លាម។

បុរស​ឥណ្ឌា​ចាប់​ដៃ​នាង​កាន់​ភ្លាម។

«ទេ! គាត់​មិន​មែន​ចោរ​ទេ!» គាត់​និយាយ។

«​ខ្ញុំ​សោកស្ដាយ​ចំពោះ​មិត្ត​នោះ ខ្ញុំ​មិន​អាច​ជួយ​បាន​ទេ គាត់​គ្មាន​បំណង​ធ្វើ​​រឿង​នោះ​ទេ ហើយ​រឿង​ហ្នឹង​ប្រាកដ​ជា​ធ្វើ​ឱ្យ​គាត់​ខូច​ចិត្ត! ខ្ញុំ​ជឿ​ថា​គាត់​ប្រាកដ​ជា​ខូច​​ចិត្ត!» ចានេត​និយាយ។

«ឯង​ជា​ក្មេង​ស្រី​តូច​ដែល​យល់​ពី​រឿង​នេះ​ ចានេត!» បុរស​​ឥណ្ឌា​និយាយ​ ហើយ​ទាញ​ដៃ​នាង​មក​ជិត​ខ្លួន។ ​​

«បង​ប្រាប់​លោក ការីហ្វត់ ពី​ក្មេង​មិន​មែន​អ្នក​សុំទាន​នោះ​ហើយ​នៅ? បង​ប្រាប់​គាត់​ថា នាង​មាន​សំលៀកបំពាក់​ថ្មី​ស្អាត​ទេ? ប្រហែល​ជា​នាង​ត្រូវ​​នរណា​ម្នាក់​រក​ឃើញ ​ក្រោយ​ពី​នាង​បាត់​ខ្លួន!» ដូណាល់​ស្រែក​ម្ដង​ទៀត។

«នោះ​​ឡាន! ឡាន​ឈប់​នៅ​មុខ​ទ្វារ គឺ​​ប៉ាប៉ា!!» ចានេត​ស្រែក។

ពួក​គេ​រត់​ទៅ​មើល​តាម​បង្អួច​ទាំង​អស់​គ្នា។

«ត្រូវ​ហើយ​គឺ​ប៉ាប៉ា ប៉ុន្តែ​អត់​មាន​ក្មេង​ស្រី​តូច​ទេ!» ដូណាល់​ស្រែក។

​​

​​

​​