អំណត់ដល់វេលាចុងក្រោយ

មនុស្សគ្រប់គ្នា មានទំនោរចង់បានអ្វីៗក្នុងជីវិត​ដែល​មិនសូវជាខុសគ្នានោះទេ។

សម្រាប់មនុស្សម្នាក់ៗ តាមធម្មតា តែងតែចង់បានអ្វីមួយលើសពីអ្វីដែលខ្លួនកំពុងតែមាន។ រឿងដ៏សោកនាដកម្មមួយទៀត គឺយើងតែងតែធ្វើការប្រៀបធៀប អំពីអ្វីដែលយើងកំពុងមានជាមួយកម្មសិទ្ធិរបស់អ្នកដទៃ

អ្នកខ្លះធៀបផ្ទះ​លុយ​ ឋានៈ រូបរាង​ខ្លះធៀបសូម្បីកូនប្រពន្ធប្តី។

 ដោយសារការប្រៀបធៀបនេះឯងដែលធ្វើឱ្យមនុស្សជាច្រើនរស់នៅដោយលំបាកលំបិននិង​មិនចេះស្កប់ស្កល់ ព្រមទាំងចង់បានតែអ្វីៗ ដែលខ្លួនដឹងថា មិនអាចយកបានតែប៉ុណ្ណោះ ។

នៅពេលដែលគេបាននូវអ្វីមួយដែលគេធ្លាប់ប៉ង បែរជា​យល់ថារបស់នោះលែងសូវមានតម្លៃឬក៏មិនគួរឱ្យត្រេកត្រអាលស្រើបស្រាលដូចកាលពីមុនទៀតហើយ។

ត្រូវចាំ ពាក្យថាជីវិតត្រូវតែតស៊ូមិនមែនគ្រប់គ្នាសុទ្ធតែប្រើបានត្រឹមត្រូវនោះទេ ។

យើងចង់បានផ្កាស្រស់ស្អាតនៅខាងក្រៅបង្អួចរបស់យើង ពិតណាស់យើងមិនអាចទិញពីផ្សារមកជារៀងរាល់ថ្ងៃឡើយ យើងគួរតែដាំវាឡើង។

បុប្ផាមិនអាចដុះមកនិងរីកផលភ្លាមៗនោះទេបើគ្មានការជ្រួយដីជាប្រចាំ និងគ្មានការស្រោចទឹកថែទាំ ការពារពីកម្ដៅថ្ងៃក៏ដូចជាភ្លៀងខ្យល់ដែលបោកបក់ទង្គិចខ្លាំង។

ប៉ុន្តែកុំអស់សង្ឃឹម រឿងដ៏ល្អស្រស់ស្អាតមួយនៅក្នុងលោកនេះ​ គឺថាឧបសគ្គណាកាន់តែ​ពិបាកធ្វើឱ្យយើងទទួលបានផលកាន់តែ​ធំ​លើសពី ឧបសគ្គធម្មតាៗ។

មនុស្សអស្ចារ្យមួយចំនួននៅលើពិភពលោកបានទទួលស្គាល់ថា ការតស៊ូដែលអាចក្រោកចេញឡើងពីបរាជ័យ គឺជាជោគជ័យមួយធំ ក៏ជាជោគជ័យដែលមានលក្ខណៈរឹងមាំជាងកាលដែលយើងបានជោគជ័យងាយៗ និងតូចៗព្រោះត្រឹមតែមានសំណាង​។

ពាក្យមួយគេនិយាយថាកុំមើលស្រាលការងាររបស់អ្នកដទៃ ប្រសិនបើយើងធ្វើវាមិនទាន់បាន! មានអ្នកខ្លះនិយាយថា ជាងឈើស្រួលជាងជាងដែក តែជាងដែកនោះមិនអាចទៅធ្វើឈើបាននោះទេ។ អ្នកខ្លះនិយាយថាអ្នកចម្រៀងស្រួលជាងអ្នកនិពន្ធប៉ុន្តែអ្នកនិពន្ធមិនអាចទៅច្រៀងបាននោះឡើយដូច្នេះហើយការប្រៀបធៀបគ្នាទៅវិញទៅមកមិនបានបង្កើតអ្វីក្រៅពី ស្ត្រេសកាន់តែច្រើនឡើងៗ នៅក្នុងពិភពលោកយើងនេះ បណ្ដាលឱ្យគ្រប់គ្នា កាន់តែពិបាកនៅក្នុងការស្វែងរកសុភមង្គលពិតប្រាកដឬក៏អាចនិយាយថា ពិបាកសូម្បីតែនឹងសហការគ្នា​ដោយសុទ្ធចិត្ត។

ដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យសម្រាប់ជីវិត យើងអាចរៀនតាំងចិត្តថា យើងធ្វើវាបាន ប៉ុន្តែវិធីធ្វើវាមិនដូចគ្នា ហើយលទ្ធផលវិជ្ជាជីវៈឬអាជីព​ក៏វាមិនដូចគ្នាដែរមនុស្សយើង ពីម្នាក់ទៅម្នាក់។

មនុស្ស​យើង​ធម្មជាតិ​បង្កើតមកមាន​កាយសម្បទា សូម្បីតែមុខមាត់សឹងតែខុសគ្នាគ្រប់ៗរូប បែរជាយើង​ទៅចាក់ច​ង្កាឬតច្រមុះឱ្យបានដូចៗគ្នា​ចាប់ច្រលំ ។       ការគិតខុសៗគ្នាបានផ្គុំពិភពលោកនេះឱ្យមាន​រសជាតិ ប្រសិន​យើង​គិតដូចគ្នាទាំងអស់​ជីវិតនេះមិនដឹងសាបឈឹងកម្រិតណា?

ដូច្នេះយើងមិនចាំបាច់ដូចអ្នកណានោះទេ យើងគួរតែកំណត់មូលដ្ឋានគ្រឹះនៃជោគជ័យដែលយើងចង់បានដោយខ្លួនឯង ដូច្នេះបានជាយើងអាចធ្វើការតស៊ូតាមរបៀបយើង។

នៅក្នុងអត្ថបទដែលខ្ញុំដាក់ប្រឡងជាមួយ MS writer នៅពេលនេះ ខ្ញុំនឹងនិយាយអំពីវិធីសាស្ត្រចំនួនប្រាំពីរយ៉ាង ដែលអាចជួយយើងនៅក្នុងការតស៊ូឱ្យបានជោគជ័យមិនចុះចាញ់ការតស៊ូក្នុងជីវិត៖

ចំណុចទីមួយ

«គឺកុំធ្វើឱ្យជីវិតយើងពិបាកជាងការពិតដែលជីវិតត្រូវការ»

យើងម្នាក់ៗនៅក្នុងសម័យ​អ៊ីនធើណិត បាន​ធ្វើឱ្យជីវិតកាន់តែ​ស្មុគស្មាញឡើងៗ​ដោយយើងត្រូវបានគេប្រាប់ថា ជោគជ័យគឺពិបាកណាស់ ជីវិតគឺត្រូវតែពិបាក ដូច្នេះយើងដឹងក្តីមកភ្លាម​ក៏គិតផ្ដោតអារម្មណ៍ឆ្ពោះទៅរកការពិបាក​តឹងថប់។

នៅពេលដែលអានសៀវភៅអវិជ្ជមាន​ឬការចម្លងទស្សនវិទ្យាមិនត្រឹមត្រូវទាំងដុលមកប្រាប់ យើងនឹង​ឃើញថា ​ជីវិតហាក់ដូចជាការតស៊ូគ្មានទីបញ្ចប់គឺតស៊ូជារៀងរហូត។ យើងលំបាកប៉ុណ្ណឹងហើយគេនៅតែថាត្រូវការតស៊ូបន្តទៅមុខទៀត? ទាំងអស់នេះ ពេលខ្លះធ្វើឱ្យយើងអស់ សង្ឃឹមបាន។ តាមពិត​យើងត្រូវការ​ហូបចុក ដើរហើរ និយាយស្តី​ និងសិក្សា​រៀនសូត្រ​ ។ បើយើងគិតថា គ្រប់យ៉ាង​ងាយស្រួលគឺអាចនឹង​ងាយស្រួលជាងការទៅស្តាប់មនោគមរបស់គេ​ដែលដុតយើងឱ្យឈឺចាប់ ស្រេកឃ្លាន​ឬលោភលន់។

ហើយបើយើងគិតថា ការតស៊ូ គឺវាជាការតស៊ូ ប៉ុន្តែបើយើងគិតថា នោះគ្រាន់ជាសកម្មភាពធម្មតារបស់ជីវិត​ ​ វានឹងក្លាយទៅជាធម្មតាហើយយើងនឹងធូរស្រាល។

 ពេលអានហើយ សុំផ្លាស់ប្តូរគោលដៅចាប់ផ្ដើមជាមួយអ្វីដែលងាយស្រួល ដូចជាការហៅត្រឡប់មកវិញនូវការជួបជុំជាមួយមិត្ដភក្ដិចាស់ៗរបស់យើង ដែលមិនត្រូវការអ្វីពីរយើងគឺពួកយើងសប្បាយក្អាកក្អាយជាមួយគ្នា មិនចាំបាច់អួតខោអាវសម្លៀកបំពាក់ ឬក៏អួតអាងអំពីមុខរបរចំណូល។  ចូរអត់ធ្មត់និយាយគ្នា​ដោយ​ការស្រលាញ់ គោរពការចែករំលែក​ការស្មោះត្រង់ព្រោះជីវិតយើងខ្លីណាស់។

បញ្ឈប់ការ ថតអាហារអួតអាង ថតសែលហ្វ៊ីបង្អួតទីតាំងដែលយើងបានទៅ ឬអ្វីផ្សេងៗដែលចាត់ថ្នាក់  ឱ្យមនុស្ស​បែកបាក់គ្នា។

ជីវិតយើង​តាមពិតសាមញ្ញខ្លាំង ។ ដើមស្វាយដែលយើងដាំ ថតទៅស្អាតជាងហាងកាហ្វេដែលគិតលុយយើងមហាថ្លៃ ហើយអ្នកដទៃក៏ថតបាន។

មានរឿងជាច្រើនដែលងាយស្រួលធ្វើឱ្យយើងមានភាពសប្បាយរីករាយនៅក្នុងជីវិតដោយមិនចាំបាច់​ចំណាយច្រើន ហើយវាក៏មិនពិបាកដូចអ្វីដែលយើងគិតនោះដែរ។

តាមពិតទៅសេចក្ដីត្រូវការជាក់ស្ដែងរបស់យើង ខ្លួនយើង គឺវាសាមញ្ញបំផុត។ លើកលែងតែយើងកំពុងតែគិតដល់សេចក្ដីត្រូវការរបស់អ្នកដទៃ ថាអ្នកដទៃចង់ឃើញយើងក្នុងរូបភាពបែបណា?  ថតជាមួយ​Background សណ្ឋាគារថ្លៃកប់ៗ ឬនៅក្នុងភោជនីយដ្ឋានទំនើបៗ ប៉ុន្តែយើងមិនត្រូវការរឿងនេះទេ យើងគ្រាន់តែបង្ហាញថា យើងកំពុងបេះផ្លែជំពូមុខផ្ទះ ហើយគ្នាយើងខ្លះកំពុង​បុកអំបិលលាយ​ជាមួយម្ទេស។

យើងសប្បាយចិត្តឬមិនសប្បាយ​ គឺជាការសម្រេចចិត្តរបស់យើង ។

ចំណុចទីពីរ

«ឈប់បោកប្រាស់ខ្លួនយើង»

កុំបោកប្រាស់ខ្លួនយើង កុំកែរូបភាព ឬផ្គុំរបស់របរអ្នកដទៃមកធ្វើជារបស់ខ្លួនយើង កុំចាំបាច់បន្ថែមពណ៌សម្បុរអ្វីដែលយើងយល់ថាទាក់ទាញភ្នែកអ្នកដទៃពីព្រោះជីវិតរបស់យើងមិនមែនសម្រាប់ទាក់ទាញអ្នកណាទេ។

ជីវិតរបស់យើងគឺយើងរស់ដោយមានសុភមង្គលដ៏ស្ងប់ស្ងាត់ជាអ្វីមួយដែលមនុស្ស​ជាច្រើនពិបាករក​បាន ណាស់ទៅហើយ។

សុភមង្គល កុំអួតវា​ ព្រោះបើយើងពិតជាមានវាមែន មិនអួតក៏គេមើលឃើញដែរ។ អ្នកដែលខំអួតថាខ្លួនកំពុងរស់ក្នុងសុភមង្គល ក៏ព្រោះ​តែ​គេមិនទាន់មានវាពិតៗ។

ជីវិតមនុស្ស​ខ្លីណាស់ ហើយពោរពេញទៅដោយគ្រាដ៏មានតម្លៃនិងពេលវេលាជាច្រើនដែលយើងបានលះបង់ទៅលើក្រុមមនុស្សដែលយើងមិនគោរព ហើយយើងមិនសប្បាយចិត្តជាមួយប៉ុន្តែយើងខំផ្គាប់ចិត្តគេ។

យើងមិនដឹងថា បើយើងប្រើពេលទាំងនោះមកសម្រាប់ខ្លួនយើងវិញ តើវាល្អយ៉ាងណាទៅ? បញ្ឈប់ការយកចិត្តទុកដាក់របស់យើងចំពោះអ្នកដទៃទៅ។

ចំណុចទីបី

«ចាកចេញពីអ្នកណាម្នាក់ដែលរំខានជីវិតយើង»

ទោះបីយើងស្រលាញ់ យើងស្អប់ឬមួយក៏យើងយកចិត្តទុកដាក់ខ្លាំងជាមួយអ្នកណាម្នាក់ទាំងនេះ សុទ្ធតែអាចនាំឱ្យយើងមានសេចក្ដីសុខកាលពីដំបូងៗ​ប៉ុន្តែក្រោយមក គឺមានការឈឺចាប់ឬមួយក៏មានការស្មុគស្មាញរំខានច្រើន។

ការរំពឹងជីវិតយើងលើមនុស្សផ្សេងមិនដែលជាជម្រើសល្អទេ។

រង់ចាំគេ ផ្គាប់ចិត្ត​គេ​ គិតពី​ការយល់ឃើញរបស់គេ សុទ្ធ​តែនាំមកនូវការ​កើតទុក្ខ​និង​ស្មុគស្មាញច្រើន ប្រសិន​យើងរើសមនុស្សមិនបានត្រូវ​។

កុំនៅស្ងៀមនៅពេលដែលយើងសង្កេតឃើញថា កំពុងស្ថិតនៅក្នុងទំនាក់ទំនងណាមួយដែលតាមពិតទៅមិនចំណេញអ្វីច្រើន ហើយបែរជាធ្វើឱ្យយើងក្លាយទៅជាមនុស្សផ្សេងម្នាក់ទៀត

មិនមែនជាយើងពីមុន។

ប្រសិនបើការចាកចេញពីទំនាក់ទំនងជាមួយគេ ឬក្រុមនោះ គឺជាអ្វីដែលយើងចង់ធ្វើ ប៉ុន្តែយើងកំពុងតែឈឺក្បាលខ្លាំង ដោយសារយើងជាប់ចំណងទាក់ទងច្រើន អ៊ីចឹងហើយយើងត្រូវតែសួរខ្លួនឯងជាដំបូងសិនថា តើយើងត្រូវដើរចេញទេ? សម្រេចចិត្ត​ហើយ បន្ទាប់មកទៀតយើងកំណត់ ថា ចេញនៅពេលណា? ក្រោយមកទើបយើងអាចរកវិធីឃើញថា តើចេញពីទំនាក់ទំនងនោះដោយវិធីណា។

ចូរកុំស្ទាក់ស្ទើរ! មិនថាថ្ងៃនេះឬក៏ថ្ងៃស្អែក បើសិនជាទំនាក់ទំនង ការរស់នៅជាមួយគ្នាឬក៏ការសេពគប់ណាមួយដែលនាំមកនូវបំណុល បញ្ហានៃជម្លោះ អនាគតមិនល្អទាល់តែសោះកំពុងរង់ចាំយើងនៅចំពោះមុខ យើងស្ត្រេសចាប់តាំងពីពេលនេះទៅហើយ ត្រូវ​ក្លាហាន​បង្ខើចពេលវេលាដែលចំណាយជាមួយពួកគេ ឱ្យតម្លៃខ្លួនឯងឡើងវិញថាជីវិតរបស់យើងមានតម្លៃ យើងមានឱកាសនៅក្នុងការផ្លាស់ប្តូរជាមួយនឹងការសម្រេចចិត្តរបស់យើងផ្ទាល់។

ចំណុចទីបួន

«កុំបោះបង់ចោលការជួយអ្នកដទៃ»

ការជួយអ្នកដទៃគឺជាការជួយខ្លួនឯងព្រោះថា ភាពស្រស់ស្អាតនៃអំពើសប្បុរសធម៌ នៃការមានចិត្តមានថ្លើម គឺថានៅរាល់ពេលណាដែលយើងជួយអ្នកដទៃ ធ្វើឱ្យយើងយល់បាន​ពីសេចក្ដីសុបិនដ៏សាមញ្ញរបស់មនុស្សម្នាក់ៗ។

យើងនឹងលែងប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដែលខ្ពស់ជាងយើង ហើយយើងនឹងប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សជាច្រើនទៀតដែលពិបាកជាងយើង។ ទាំងនេះគឺជាមន្តអាគមដ៏មានប្រសិទ្ធភាពមួយនៅក្នុងការធ្វើឱ្យយើងមានអារម្មណ៍ថា យើងមានតម្លៃសម្រាប់មនុស្សជាច្រើនហើយឈប់ចំណាយពេលជាមួយមនុស្ស​ដែលមិនឱ្យតម្លៃយើង។

មានមនុស្សជាច្រើនដែលត្រូវរស់នៅពឹងពាក់លើយើង​ដូច្នេះ  កុំមើលស្រាលភាពខុសគ្នារវាងការផ្តល់ឱ្យនិងការទទួលយក។

អ្នកទទួលយកសប្បាយបានតែមួយភ្លែតទេប៉ុន្តែអ្នកផ្តល់ឱ្យគឺគ្រប់គ្រាន់ជានិច្ច​ព្រោះពួកគាត់មិនគិតថា ពួកគាត់មានលក្ខណៈគួរឱ្យអាណិត បែរជា​ឃើញខ្លួនឯងពិសេសនឹងរឹងមាំ ដ្បិតតែយើងមានការលំបាកប៉ុន្តែនៅតែឆ្លៀតធ្វើចិត្តសប្បុរសបាន។

ចំណុចទីប្រាំ

 «កំណត់បញ្ហាដែលជីវិតគួរឆ្លងកាត់»

ដ្បិតតែយើងគ្រប់គ្នាគិតថាជីវិតមនុស្ស មិនអាចចៀសផុតពីការតស៊ូ និង​មិនអាចចៀសផុតពីបញ្ហា ប៉ុន្តែគួរតែកំណត់ផងដែរថាតើបញ្ហាណាមួយដែលយើងគួរតែឆ្លងកាត់។

យើងមិនមានកម្លាំងកាយកម្លាំងចិត្តអច្ឆរិយៈសម្រាប់ឆ្លងកាត់បញ្ហាគ្រប់បែបយ៉ាងដែលលើសពីការគ្រប់គ្រងរបស់ យើងបាននោះទេ។

បញ្ហាជាច្រើននៅក្នុងលោកនេះគឺបង្កើតឡើងដោយអស្មិមានះ និងគំនិតផ្ទាល់របស់យើងដែលតាមពិតពេលខ្លះបើយើងចេះទម្លាក់ចោលខ្លះ អាចជួយដល់ផ្លូវចិត្តបែបវិជ្ជមាននិងធ្វើឱ្យបញ្ហារបស់យើងក្លាយទៅជារឿងធម្មតាវិញបាន។

ករណីដែលអ្នកផ្សេងគេមើលទៅ​ហាក់មានការគិតបាន​ជ្រៅជ្រះជាងយើង គេប្រឈមមុខនឹងការតស៊ូមិនលំបាកដូចយើង មកពីគេ​ចេះកំណត់បញ្ហាថា បញ្ហាណាដែលជាអាទិភាព បញ្ហាដែលមិនសូវទាក់ទងជាមួយគេ គេ​មិនចាំបាច់ដោះស្រាយវាឬយកមកជាប់ខ្លួនទេ។  ពេលវេលារបស់មនុស្សយើង គឺមានតម្លៃខ្លាំង កុំ ចំណាយពេលវេលា ទៅនឹងរឿងដែលមិនទាក់ទងច្រើនជាមួយយើង។

ចំណុចទីប្រាំមួយ

«ចូរកុំរងឥទ្ធិពលពីអ្នកដទៃហួសហេតុ»

មនុស្សជាច្រើនព្យាយាមបង្កើតឥទ្ធិពលរបស់ពួកគេចូលមកក្នុងជីវិតរបស់យើងពីព្រោះថាបើគេអាចអូសទាញមនុស្សបានច្រើនកាលណាគេមានផលប្រយោជន៍កាន់តែខ្លាំងឡើង។

ផ្នែកពាណិជ្ជកម្ម ផ្នែកសិល្បៈ ផ្នែកនយោបាយ អ្វីក៏ដោយ យើងឃើញមានមនុស្សជាច្រើនព្យាយាមនិយាយឬក៏សម្ដែងនូវអ្វីៗ មកទាក់ទាញយើងតាមបណ្ដាញសង្គម ឬតាមវិធីផ្សេងទៀត ដែលអាចចូលមកពាក់ព័ន្ធផ្ទាល់ក្នុងជីវិតរបស់យើង។ មានមនុស្សខ្លះបានក្លាយទៅជាអ្នកលក់ដីស្រែចម្ការដោយគ្រាន់តែចង់ក្លាយទៅជាអ្នករកស៊ីម្នាក់ ព្រោះ ឥទ្ធិពលអ្នកផ្សេងអាចបញ្ជាទៅលើខ្លួនគាត់ ដោយការបង្អួតសម្ញែងទ្រព្យសម្បត្តិ និយាយភូតភរកុហកឬមួយ ការបង្ហាញពីផលប្រយោជន៍។

គួរតែពិចារណាសិនថា តើផលប្រយោជន៍នោះ មានពិតប្រាកដមែន? បើសិនជាមានពិតមែនហេតុអីពួកគេមកផ្សារភ្ជាប់ជាមួយយើងធ្វើអ្វី?

ចម្លើយខ្លី គឺពួកគេចង់មានឥទ្ធិពលមកលើយើង នៅពេលដែលគេមានមនុស្សក្នុងដៃកាន់តែច្រើនគេនឹងមានផលប្រយោជន៍ច្រើន ទាំងការ​ បង្កើតទីផ្សាររបស់ខ្លួនគេ បង្កើតនូវកិត្តិនាមខ្លួនគេ ទៅលើបណ្ដាញសង្គម បង្អួតអ្នកផ្សេងៗទៀតគឺសុទ្ធតែមានផលប្រយោជន៍ចំពោះគេ។

យើងគ្រាន់តែជាកូនអុកមួយសម្រាប់គេតែប៉ុណ្ណោះ និយាយ​ ក្នុងបែបពាណិជ្ជកម្ម យើងអាចក្លាយជាកូនអុកគេបានប្រសិនបើយើងមានផលប្រយោជន៍ពីក្ដារអុកនោះដែរ ដូច្នេះហើយបើសិនយើងមិនទាន់មានលទ្ធភាពធ្វើជាអ្នកលេង យើងគួរតែបន្តធ្វើជាកូនអុកប៉ុន្តែ តើយើងបានផលប្រយោជន៍ដែរឬទេ ឬមួយអ្វីៗយើងគ្រាន់តែកំដរ​ រហូតដល់ពេលចុងក្រោយរង់ចាំ​ ត្រូវទាត់ ចេញពីក្ដារដដែលវិញ?

នេះគឺជាអ្វីដែលយើងគួរតែគិតឱ្យបានច្បាស់ មុនពេលព្រមឱ្យនរណាម្នាក់ បាន​បង្កើតឥទ្ធិពលរបស់គេមកលើយើង។

តាមពិតទៅ​ក៏មាន​មនុស្សខ្លះស័ក្តិសមនឹងចូលមកជះឥទ្ធិពលលើជីវិតរបស់យើង មានដូចជាបុគ្គលដែលកសាងល្អ​ បុគ្គល​បរិច្ចាគពេលវេលា​សម្រាប់ភពផែនដី បុគ្គលដែលធ្វើអ្វីៗសម្រាប់អ្នកដទៃជំនាន់ក្រោយ ពួកគេសមនឹងជះឥទ្ធិពលមកលើផ្នត់គំនិតរបស់យើង ពីព្រោះរបស់ទាំងអស់នោះមិនបានផលប្រយោជន៍សម្រាប់ម្នាក់នោះទេ ប៉ុន្តែផលប្រយោជន៍សម្រាប់ភាគីទីបីទៀត ដូច្នេះហើយយើងមិនបដិសេធសម្រាប់ការ ទទួលរងឥទ្ធិពលពីនរណាម្នាក់នោះទេ។

យើងតែងតែមានទស្សនវិទូណាម្នាក់នៅក្នុងជីវិតរបស់យើង។ ការនេះសម្រាប់ឱ្យយើងទទួលរងនូវឥទ្ធិពលល្អពីពួកគាត់។ ទស្សនៈដែលពួកគាត់រកឃើញ បានធ្វើឱ្យយើងអាចដោះស្រាយជីវិតបានល្អ ប៉ុន្តែបើសិនជាអ្នកនោះចូលមក ចង់ជះឥទ្ធិពលមកលើជីវិតរបស់យើងដោយគ្រាន់តែសម្ញែងទ្រព្យសម្បត្តិ របស់ពួកគេភាគច្រើន គឺពួកគេមានលក្ខណៈបោកប្រាស់យើងច្រើនជាង ការបង្ហាញផ្លូវត្រឹមត្រូវ ពីព្រោះអ្នកដែល ចង់ធ្វើឱ្យយើងមានជីវិតល្អប្រសើរគឺមិនបង្ហាញយើងអំពីភាពលោភលន់និងការចង់មានចង់បានហួសហេតុ ធ្វើឱ្យយើងស្រេកឃ្លានអំណាច ឬមួយក៏ធ្វើឱ្យយើងសស្រាក់សស្រាំប្រាសចាកពីការពិតទៅតាមគេនោះទេ។

ចំណុចទីប្រាំពីរ

«កុំចង់ធ្វើតេស្តបានច្រើន»

ជោគជ័យដែលបានមកដោយមិនរលាស់ដៃឬមួយក៏អ្នកដទៃធ្វើមកជំនួសយើងបែរជាយើងនេះបានទទួលក្រេឌីត គឺជាការបោកបញ្ឆោតមួយឆាវៗ។ ទោះបីចូលចិត្តឬមិនចូលចិត្ត យើងត្រូវតែមានទម្លាប់ក្នុងការជឿលើអ្វីដែលប្រាកដនិយម។ ការនេះមានន័យថា បើខ្ញុំប្រឹងបន្តិចស្រាប់តែបានច្រើនមានន័យថាអ្វីម្យ៉ាងកំពុងតែមិនប្រក្រតី។ សម្រាប់លទ្ធផលការងារ​យើងគួរចង់បាន លទ្ធផលរយៈពេលវែងឬក៏លទ្ធផលនៅពេលចុងក្រោយមិនមែនចង់ឱ្យលទ្ធផលនៅថ្ងៃនេះហើយបញ្ចប់ទៅនៅថ្ងៃស្អែកធ្វើឱ្យបាក់ស្បាតជាមួយនឹងបរាជ័យរយៈពេលវែងនោះទេ។

យើង​គួរ​ផ្ដោតទៅលើអ្វីដែលសំខាន់បំផុតជារៀងរាល់ថ្ងៃហើយកុំប្រញាប់ចង់បានជោគជ័យភ្លាមៗ។

មាន​មនុស្សជាច្រើនចង់បានជោគជ័យខ្លាំងពេកក៏ចម្លង តាម​អ្នកដទៃ ដោយ​គ្រាន់តែគេធ្វើអ្វីមួយទំនងល្អ ក៏ចម្លងតាមហើយធ្វើមិនបានល្អដូចគេទៀត។

ប្រសិនបើយើងនៅរញ៉េរញ៉ៃ ងាយចងចាំ ឬក៏មើលបំណាំ តាមផ្ចាញ់ឬ ក៏តាមចម្លងអ្នកដទៃយើងអត់មានថ្ងៃមានជំនឿចិត្តលើខ្លួនឯងទេ។

ជំនឿចិត្តនិងទំនុកចិត្ត ត្រូវការបង្កើតឡើងជារៀងរាល់ថ្ងៃ។ កុំអាក់ខានដោយសារតែរវល់មើលបំណាំ​ឬប្រៀបធៀប។

នៅក្នុងខ្លួនមនុស្សម្នាក់ៗ មានភាពអស្ចារ្យរៀងៗខ្លួន ហើយទម្លាប់គោរពអ្នកដទៃ សម្គាល់មើលចំណុចល្អរបស់អ្នកដទៃ ហើយនឹងធ្វើឱ្យមានចំណុចល្អរបស់យើងផ្សេងពីអ្នកដទៃទៀត ជាវិធីសាស្ត្រដ៏ល្អក្នុងការ​កសាងទំនុកចិត្ត​។

ការជ្រើសរើសមើលបំណាំអ្នកដទៃ មើលចំណុចអាក្រក់របស់អ្នកដទៃ មិនបាន​បង្ហាញថាខ្លួនយើងមានអ្វីមួយប្រសើរជាងពួកគេនោះទេ ក្រៅពីបង្ហាញថា យើងកំពុងតែខាតពេលវេលា។

ចុងក្រោយនៃសៀវភៅ ខ្នាតខ្លីដែលដាក់ចំណងជើងថាសេចក្ដីអំណត់ដល់វេលាចុងក្រោយ គឺខ្ញុំមាន​សារឱ្យអ្នកអាន​ កុំអស់សង្ឃឹម។

 អាកប្បកិរិយាឬការគិតរបស់យើង គឺជាថាមពលដែលអាចច្នៃប្រឌិតជីវិតយើងមានសុភមង្គលពិតប្រាកដ។

កុំ គ្រាន់តែជាទាសករនៃជីវិត! សូមចងចាំថា គ្មាននរណាម្នាក់ ជោគជ័យអស្ចារ្យជាងយើង ខ្លួនឯងនោះទេ ក្នុងទំព័រជីវិត​របស់យើង​ព្រោះ​គ្រប់គ្នាតស៊ូដោយរបៀបខុសៗគ្នា ដោយការជឿជំនឿរៀងៗខ្លួន ។

ចូររៀន​រស់នៅសប្បាយចិត្ត អាស្រ័យទៅលើការកំណត់គោលដៅនៃសុភមង្គល តាមវិធីសាស្ត្ររៀងខ្លួន និង​តស៊ូឡើង កុំអស់សង្ឃឹមឱ្យសោះ៕