សង្រ្គាមឈ្លានពានរាតត្បាត
ក្រោមលំហមេឃស្ងប់ស្ងាត់ ខ្យល់បក់រសាត់អណ្តែតខ្លួន លើទឹកដីដែលលាតសន្ធឹងធំល្វឹងល្វើយដាច់កន្ទុយភ្នែកនៃមាតុភូមិកំណើតដែលប្រៀបបាននឹងកូនក្រមុំរូបស្រស់ ស្រោចស្រពដោយធនធានធម្មជាតិមិនថាក្នុងទឹក ក្រោមដីនៃកុលសម្ព័ន្ធមហិន្ទ្របព៌តដែលគ្រប់គ្រងដោយម្ចាស់ប្រុសសុវណ្ណ ចន្ទឆាយា កំពុងតែកើតហេតុភេទចម្លែកគួរឱ្យបារម្ភ។
បក្សីទទះស្លាបហើរខ្ញៀវខ្ញារដូចបក្សាបែកហ្វូង សុវណ្ណ អប្សរក្នុងវ័យ១២ឆ្នាំកំពុងរត់លឿនរន្ធត់ តក់ស្លុត សំដៅទៅមុខទាំងភ័យតក្កមា។ តំណក់ឈាមតែមួយគត់របស់ម្ចាស់ស្រីកែវ មណី រត់ញាប់រន្ថើនត្របាញ់ជើងគ្នា ស្រាប់តែឈប់ងក់ ដកដង្ហើមគឃូស សឹងមិនដល់គ្នា។
នាងដៀងសម្លឹងរកមើលស្រមោលខ្នងមនុស្សម្នាក់ បែរឃើញតែប្រុសៗពេញកម្លាំងជើងជាស្មារឹងមួយក្រុមធំកំពុងប្រមូលផ្ដុំ ជួបជុំគ្នាកាន់ដាវ លំពែងតម្រង់ជួរដោយម៉ឺងម៉ាត់ និងមាន
វិន័យបំផុត។ សំឡេងមួយលាន់មកពីឆ្ងាយ ដោយពុះកញ្រ្ជោល ៖
« ម្ចាស់ប្រុស!!! ពួកគេលើកទ័ពមកច្រើនណាស់! គ្នាយើងរាយការណ៍ថា មិនក្រោម១ម៉ឺនអ្នកទេ!
»
វង្សា បន្លឺសំឡេងឡើងពីចម្ងាយដោយតក់ក្រហល់ ប្រាប់ដំណឹងថ្មីបំផុតដល់ម្ចាស់កុលសម្ព័ន្ធ ដែលត្រូវជាបងប្រុសបង្កើត។
អប្សរកាន់តែរវាស រំពៃភ្នែករកឪពុកញាប់ឡើង។ នាងឃើញឪពុកខ្លួនពាក់អាវក្រោះធំមាំ កាន់អាវុធស្រួច ធីតាតូចភ័យណាស់ហើយរហ័សសួរភ្លែតថា
« ពុកទៅណា? »
នាងសម្លឹងដោយក្តីបារម្ភក្នុងរង្វង់ភ្នែកនៃក្តីស្រឡាញ់ចំពោះអ្នកមានគុណ តែពាក្យដំបូងដែលលោកឪពុកផ្តែផ្ដាំកូនស្រីសម្លាញ់គឺ
« អប្សរ មើលថែម៉ែជំនួសពុកណាកូន! »
នាងតូចងក់ក្បាលទាំងស្រឡាំងកាំងហើយចាប់អាវគាត់ជាប់ ពេលឪពុកបម្រុងដកខ្លួនថយចេញទៅឆ្ងាយពីនាង
« ចុះពុកទៅណា? »
ដោយក្ដីស្រណោះមិនដាច់អាល័យទាល់តែសោះម្ចាស់ប្រុសចន្ទ ឆាយាក៏អង្អែលក្បាលកូនថ្នមៗហើយឱនប្រាប់នាងតិចៗថា
« ពុកទៅការពារជនជាតិមហិន្ទ្រយើង! ស្ដាប់សម្ដីពុកមើលថែម៉ែនិងអ្នកផ្ទះឱ្យល្អឮទេ? »
កូនស្រីឆ្លើយចាសដោយមិនមានទាស់អ្វី ពុកក៏បន្សល់តែស្នាមញញឹមយ៉ាងសង្ហាហើយបែរខ្នងដើរចេញដោយអង់អាចនាំទ័ពចេញទៅប្រយុទ្ធ។
អប្សរក៏ប្រញាប់ចេញទៅជូនដំណើរឪពុកខ្លួននិងកងទ័ពពីក្រោយយ៉ាងស្វាហាប់ ទោះត្រូវឆ្លងកាត់វាលស្រែខៀវស្រងាត់ ផ្លូវទឹកហូរកាត់ខ្វែងខ្វាត់ច្រើនសន្ធឹក ស្ទើរតែឆ្លងទៅដល់ព្រៃក្រាស់ឃ្មឹកក៏ដោយ នាងតូចនៅតែមិនព្រមឈប់ រហូតដល់ទៅមុខលែងរួចទើបអប្សរដាច់ចិត្តឈប់រត់ដេញតាមមនុស្សមួយក្រុមដែលនាំគ្នាទៅធ្វើសង្រ្គាម។
នាងនឹកភ្នករត់វឹង ឡើងទៅលើភ្នំធំខ្ពស់ក្រោមពពក សក្បុស។ នាងឡើងទៅខ្នងភ្នំលឿនលយ តាមពីក្រោយទាហានជួរមុខដែលដើរត្រឹកៗនៅខាងក្រោម។ អប្សររលាក់ រំសៀកខ្លួនតាមចង្កេះភ្នំ ដែលចេះតែចោទឡើងពីមួយថ្នាក់ទៅមួយថ្នាក់ សម្លឹងទៅមុខត្រង់ ឈប់ជើងត្រឹមហ្នឹង លើកដៃទាំងពីរឡើងប្រមូលកម្លាំងឱ្យអស់ពីពោះ រួចស្រែកប្រណាំងគ្នានឹងសំឡេងទឹកហូរយ៉ាងគំហុកនៃជ្រោះជ្រៅដែលត្រជាក់ដល់ឆ្អឹងនាខាងឆ្វេងដៃ
« ពុក….ឆាប់ត្រឡប់មកវិញ! ខ្ញុំចាំពុកនៅទីនេះ…ពុកឮទេៗៗ? »
សំឡេងផ្ដាំផ្ញើលាន់ខ្ទរពេញអាកាសបណ្ដាលឱ្យបានឮ សមដូចបំណងធីតាតូចល្អិតរបស់យើង។
បុរសខ្ពស់ស្រឡះ ស្មាក្រាស អង់អាចហើយមោះមុតដោយសម្លៀកបំពាក់មេទ័ពកំពុងដើរនៅខាងមុខ ក្ដាប់ដាវជាប់ស្អិតនឹងដៃ គ្របដោយទឹកមុខនឹងធឹង បាំងបិទជិតនូវការរិះគិតច្រើនអនេក ពីសន្តិភាពជនជាតិខ្លួនទាំងស្រុង និងភារៈដ៏ធំហើយធ្ងន់នាខណៈពេលនេះ ស្រាប់តែលែងធ្វើដំណើរទៅមុខ គ្រាន់បានឮសំឡេងខ្ទរខ្ទារពីចង្កេះភ្នំ។
ម្ចាស់ប្រុសចោលភ្នែកសំដៅមករកមហិន្រ្ទបព៌ត ហើយញញឹមពព្រាយដោយកែវភ្នែកនឹករឭក។ ពេលវេលាមិនរំលងទៅដោយទុកឱ្យឪពុកកូនទាំងពីរលាគ្នា អស់កាលយូរអង្វែងឡើយ។
ទោះបីភាពសោកសង្រេងធំយ៉ាងក្តី ជីវិតមនុស្សត្រូវតែប្រឈមមុខ ក្នុងដំណាក់កាលស្លាប់រស់ យើងត្រូវកាត់ចិត្តទុកអារម្មណ៍ឱ្យនៅដាច់ដោយឡែកមួយដុំសិន។ ក្រោយញញឹមយ៉ាងពេញប្រៀប សប្បាយណែនក្នុងទ្រូងនឹងស្មារតីដ៏ក្លាហានរបស់កូនស្រីសម្លាញ់ មេទ័ពដែលនាំកូនទាហានជាង៨ពាន់នាក់ បានបន្តដំណើរទៅមុខបន្តទៀតដោយពាក់ស្មារតីប្រយុទ្ធដើម្បីជាតិនៅលើស្មាយ៉ាងស្រុះគ្នា ឆ្ពោះទៅសមរភូមិមុខ។
ពេលវេលាចេះតែខើចទៅមុខ ក្បួនទ័ពក៏ឃ្លាតឆ្ងាយទៅៗផុតពីកន្ទុយភ្នែកអប្សរតូច។ ខ្យល់បក់ទ្រហឹងបន្តគ្នា ស្ទើរទប់ខ្លួនមិនរួចនឹងសភាពប្រៀបដូចជាព្យុះទាំងកណ្ដាលថ្ងៃ។ ខ្យល់ហាក់បញ្ចេញសំឡេងជំនួស ជួយរុញច្រានបេះដូងក្មេងតូចដែលកំពុងឈរលើភ្នំ ឱ្យស្រងេះស្រងោចទៅតាមធម្មជាតិ។
ត្រឹមមួយក្រឡេកភ្នែក ស្ដ្រីវ័យកណ្ដាលម្នាក់រត់ឡើងរន្ថើនមកតាមអប្សរពីក្រោយ។ មនុស្សស្រីដែលមានទឹកមុខត្រជាក់ស្រេង កំពុងសម្ដែងក្តីបារម្ភម្នាក់នេះជាភរិយា ត្រូវជាម្ចាស់ស្រីកែវ មណី របស់ម្ចាស់ប្រុសចន្ទ ឆាយា។
ដោយបានដំណឹងពីកូនទោលតែម្នាក់នេះភ្លាម ម្ចាស់ស្រីស្ទុះឡើងមកលើភ្នំដែលជនជាតិមហិន្រ្ទទាំងអស់សុទ្ធតែស្គាល់ភ្លាម។ គ្រាន់តែក្រឡេកឃើញអ្នកម្តាយកាលណា នាងអប្សរស្ទុះរត់មកឱបអ្នកម្ដាយពេញមួយទំហឹងដោយក្តីរំជួល អួលណែនក្នុងចិត្ត។
តាមផ្លូវត្រឡប់មកវិញអ្នកម្ដាយបានព្យាយាមពន្យល់កូនស្រីនូវរឿងរ៉ាវជាច្រើនដែលគ្រប់គ្នា ជាជនជាតិមួយនេះគួរតែដឹង។
កុលសម្ព័ន្ធមេរ៉ាជាក្រុមដែលចិញ្ចឹមចិត្តចង់វាតដីទឹកដីរបស់មហិន្រ្ទជាយូរមកហើយ ថែមពេលនេះមានអំណាចខ្លាំង កំពុងរឹងមាំទាំងកម្លាំងទ័ពនិងការគ្រប់គ្រងផង ម្ល៉ោះហើយគេមិនចាំយូរក្នុងការវាតទីយ៉ាងសម្បើម ដើម្បីធ្វើសង្រ្គាមយកទឹកដីដ៏ចំណាស់ដែលកំពុងតែទន់ខ្សោយធ្វើជារបស់ខ្លួនទេ។
ជាអ្នកជំនាន់ក្រោយនៃត្រកូលសុវណ្ណ ជាអ្នកគ្រប់គ្រងថែរក្សាទឹកដីនេះរហូតមកតាំងពីដូនតា ជាឪពុកគេ ជាអ្នកដឹកនាំគ្រប់គ្រង ស្វាមីរបស់ម្ចាស់ស្រីកែវ មណី មិនអាចឱបដៃឈរមើល សំងំសុខបានឡើយ។ ហេតុនេះហើយ ទើបខណៈនេះយើងត្រូវការកម្លាំងសាមគ្គីដ៏មហិមាពីគ្រប់គ្នាទាំងអស់នៃជនរួមជាតិ ដើម្បីតតាំងនឹងសត្រូវអស់ទាំងនោះ។
ដៃម្ដាយក្រសោបប្រអប់ដៃកូនជាប់មិនឱ្យរបូត នាំនាងតូចចុះពីភ្នំវិញសន្សឹមៗតាមបណ្តោយខ្យល់។ ជើងតូចបោះទៅមុខ ជាន់ថើរៗក្បែរកម្រាលស្មៅខៀវខ្ចី ច្រាលឱ្យកែវភ្នែកម្ចាស់ស្រី ឆ្មក់សម្លឹងលួចមើលក្រសែភ្នែកអប្សរបណ្តូលចិត្តមិនលោះមួយជំហានណា។
ទ្រូងម្ដាយដឹងច្បាស់ថានាងមិនអស់ចិត្តនឹងកាលដែលត្រូវឃ្លាតទៅទាំងបន្ទាន់ ភ្លាមៗបែបនេះ តែនាងមិននិយាយ។ ក្មេងស្រី១២ឆ្នាំម្នាក់មិននិយាយ មិនមែនគេមិនចង់យំយែកបង្ហាញចំពោះមុខម្ដាយព្រោះស្រឡាញ់ឪពុកខ្លួនជាងឡើយ តែដោយហេតុអប្សរតូចត្រូវឪពុកបង្រៀន ជាពិសេសម្ដាយនាងប្រាប់ជារឿយៗកុំតូចចិត្តធ្វើអី្វ ពេលពុកមិនអាចនៅកំដរបានជាប់លាប់ដូចក្មេងដទៃ។
ម្ចាស់ស្រីលាប្រអប់ដៃតឹងណែនដោយបារម្ភតាំងពីចង្កេះភ្នំមកវិញតិចៗ ហើយញញឹមចុងមាត់ ពោលស្រាលៗដាក់អប្សរថា
« អប្សរ…! កូនចាំអត់ពុកប្រាប់ថាហេតុអីបានភ្នំនេះឈ្មោះមហិន្រ្ទ? »
គ្រាន់ឮភ្លែតនាងតូចលែងដៃភ្លាម ទច់ជើងលែងដើរ រត់ត្រុយហើយស្ទុះអង្គុយងក់វិញយកដៃទាំងពីរច្រត់ចង្កា ធ្វើមុខធុញ
« លើកណាក៏ពុកប្រាប់ដែរថា មកពីកាលមុនយើងកើតលើភ្នំហ្នឹងបានជនជាតិយើងឈ្មោះដូចភ្នំហ្នឹងអ៊ីចឹង! ពុកនិយាយរហូត…..»
ម្តាយឈរនៅក្រោយ ឮហើយសើចខឹកនឹងសម្ដីកូន គាត់ដើរមួយៗមកជិត ដាក់ខ្លួនចុះ ហើយបែរមកទល់មុខនាង
« ពេលណាក៏ម៉ែប្រាប់ថា ពុកត្រូវធ្វើការ កុំខឹងពុកដែរ…..»
មិនទាន់នឹងបាននិយាយអ្វីមួយម៉ាត់ផង អប្សរសូត្ររូដូចទឹកហូរ តវ៉ាជាមួយម្តាយ។ កែវភ្នែកម៉ែញញឹមជួសបបូរមាត់សិន ទើបនិយាយថា
« ឥឡូវនេះពុកត្រូវទៅធ្វើសង្រ្គាម…សំខាន់ណាស់ ប្រញាប់ណាស់ មិនអាចនៅចាំមួយថ្ងៃពីរទេ! »
នាងងើបភ្នែកទាំងសងសម្លឹងម្តាយ មិនចាំយូរម្ចាស់ស្រីបន្ថែមទៀតថា
« ពុកនិងពូៗទៅឆ្ងាយណាស់ ដើម្បីឱ្យមីងពូទាំងអស់នៅលើដីនេះ ពិសេសអប្សរអាចគេងលក់រាល់យប់ មិនភ័យ ខ្លាចគេវាយគ្នាពេលយើងគេងលក់ »
ថាចប់ម្រាមចង្អុលរបស់ម៉ែ ប៉ះឆិតនឹងចម្រុះកូន។ នាងតូចរន្ថើនសួរភ្លែត៖
« ចុះពុកអត់នឹកខ្ញុំទេ? »
ម្ចាស់ស្រីក្រោកវឹងសម្លឹងមុខត្រង់ អប្សរក៏ស្ទុះតាមពីក្រោយ
« នឹកតាស៎! នឹកខ្លាំងបំផុតពេលអត់បានលាអប្សរមិញនេះ ហើយឱបឱ្យបាត់នឹក… »
ប្រអប់ដៃកូនស្រីក៏លូកមកចាប់ណែនជាប់ពីក្រោយខ្នង។ ម៉ែងាកចំហៀង ដើរចុះភ្នំមួយៗបណ្ដើរគ្នាតែពីរនាក់
« កូនត្រូវចាំ….. »
« យើងជាជនជាតិមហិន្រ្ទបព៌ត ព្រោះពួកយើងមានភ្នំមហិន្ទ្រ »
ម្ចាស់ស្រីឈប់ងក់ ហ្មត់ចត់បែរសម្លឹងកូនស្រី
« ពីថ្ងៃនេះទៅអប្សរត្រូវតែចាំទៀតថា ទឹកដីនេះត្រូវតែរឹងមាំដូចភ្នំ គង់វង្សរៀងដរាបតទៅ! យល់ម៉ែនិយាយទេ? »
នាងដូរទឹកមុខព្រោះឃើញម្តាយម៉ឺងម៉ាត់ កំពុងចង់បញ្ជាក់អ្វីម្យ៉ាងប្រាប់នាង។ កូនស្រីហាក់យល់ពីម្តាយណាស់ នាងងក់ក្បាលជាប់ បង្ហាញថាយកចិត្តទុកដាក់គ្មានចន្លោះ។ ម្ចាស់ស្រីជាម្ដាយក៏មិនទាន់កម្រើកជើង ឈានមួយជំហានណានៅឡើយ
« នេះជាសម្ដីដែលដូនតាបន្សល់មកឱ្យអ្នកដឹកនាំមហិន្រ្ទគ្រប់ជំនាន់។ អប្សរជាកូនរបស់ពុកនិងម៉ែ កូនត្រូវតែដឹងចាប់ពីពេលនេះទៅ! ហើយថ្ងៃខាងមុខកូនស្រីត្រូវមើលថែវាបន្តឱ្យបានល្អ ដោយរឹងមាំ ស្ដាប់បានទេ? »
អប្សរតូចឈរមិនរង្គើឡើយ ដោយដឹងថាកូនអាចយល់ពីន័យរបស់ខ្លួនទើបម្ដាយដើរលឿនលយត្រឡប់ទៅផ្ទះវិញ រង់ចាំប្តីដោយក្តីសង្ឃឹម។ តែដោយនិស្ស័យក្មេង ចុះមកដល់ជើងភ្នំ អប្សររត់ដេញសួរពីក្រោយ
« ម៉ែ…ចុះគេធ្វើសង្រ្គាមនៅឯណា? »
« នៅទល់ដែន….»
« ទល់ដែននោះឆ្ងាយអត់? ឆ្ងាយប៉ុនណា? »
« ឆ្ងាយណាស់…..ឆ្ងាយ…ទៅមិនដល់ទេ…..»
« ចុះពុកទៅដល់នៅម៉ែ….? »
សម័យពលីកម្ម
ក្រោយចុះពីភ្នំមកដល់ផ្ទះមក អប្សរនិងម្ដាយតែងរង់ចាំដំណឹងពីសមរភូមិមុខ ដោយរំពឹងដំណើរវិលមកវិញយ៉ាងជោគជ័យជូនមាតុភូមិ។ រំលងទៅច្រើនខែ ម្ចាស់ប្រុសគ្រាន់តែបានផ្ញើដំណឹងមកយ៉ាងទៀងទាត់ តែគ្មានពន្លឺឡើយពីការលើកទ័ពត្រលប់មកស្រុកឡើយ។
ម្ចាស់ស្រីកែវ មណី ក្រៅពីគ្មានជម្រើសក្នុងការរង់ចាំបន្តទៀត មានតែបង្រៀនកូនស្រីជិះសេះរាល់ថ្ងៃដើម្បីបន្លប់ភាពស្ងប់ស្ងាត់ ដោយផ្ទាល់ដៃ។ ចាប់ពីព្រឹករហូតដល់ថ្ងៃត្រង់ ម្តាយបង្វឹកនាងលើវាលរាបឱ្យស្ទាត់ លុះល្ងាចឡើងអប្សរជិះសេះជុំវិញភូមិឋានមហិន្រ្ទ ជាមួយម្តាយដើម្បីបានសង្កេតមើលជីវភាពអ្នកស្រុកផង និងបានឡើងទៅលើកំពូលភ្នំមើលថ្ងៃរៀបលិច ផ្ញើក្តីរលឹកទៅកាន់អ្នកនៅឆ្ងាយ។
លុះកូនស្រីកាន់តែថ្នឹកនឹងទម្លាប់មួយនេះ នាងត្រូវរៀនបាញ់ព្រួញបន្ថែមទៀតដោយគ្រូបង្រៀនដ៏ចំណាន។ ខ្សែធ្នូទាញតឹង លាន់ស្នូរសន្ធឹងខ្លួនឡើងដោយលំនឹង ផ្លែព្រួញមុតស្រួចបែរមុខចំកំពុងឆ្ពោះតម្រង់មកចំ។ ដោយបច្ចេកទេសបញ្ជាឥតខ្ចោះ ផ្លែព្រួញហោះវឹង កាត់ល្អងធូលី ធ្លុះទើរលើគោលដៅនៅប្រមាណ១៥ម៉ែត្រពីមុខ។ មួយក្រឡេកភ្នែក ផ្លែព្រួញតូចមួយលឿនលយស្ទុះតាមមកពីក្រោយភ្លាម តែបញ្ឈិតងាកឆ្វេងខុសគោលដៅ។
សំឡេងម្ចាស់ព្រួញលាន់មកដោយអាក់អន់ក្នុងទ្រូង
« លើកណាក៏បាញ់មិនឈ្នះម៉ែដែរ »
អប្សរទម្លាក់ធ្នូចុះ ដើរមកត្រុកៗមកជិតម្ដាយ
« លួចបាញ់ពីក្រោយ ប៊ិះតែតិចព្រួញម៉ែធ្លាក់លើដីហើយ មិនអន់ទេអប្សរកូន! »
ម្ដាយសម្លឹងមើលទៅព្រួញដែលទើរជាប់លើផ្ទាំងឈើម្ដងទៀត
« ម៉ែចេះតែសរសើរហើយ! ខ្ញុំរៀនយូរម្ល៉ឹងហើយនៅដដែល…»
នាងទុកព្រួញធ្នូទៅម្ខាង ហើយមកអង្គុយផឹកទឹកធ្វើមិនដឹង។ ម្ចាស់ស្រីក្រេបទឹកហើយប្រាប់វិញថា
« ត្រូវចេះរៀនសន្សឹមៗណាអប្សរ ធ្វើអ្វីក៏ដោយកុំបង្ខំ! កាលម៉ែចេះជិះសេះបាញ់ធ្នូអាយុច្រើនហើយ តែកូនឯងវិញទើប១២ឆ្នាំហ្នឹង! » ម្ដាយសើចស្ងួតរួចចាប់ដៃកូនស្រីទាំងសងមកគោះតិចៗនិយាយបន្ត
« ម៉ែគិតថាចាំឯងធំជាងនេះទើបប្រាប់ឯង តែគិតមើលម្តងទៀត ម៉ែខ្លាចមិនបាននិយាយផ្ទាល់ឱ្យកូនស្ដាប់ »
អប្សរបើកភ្នែកធំៗសម្លឹងមើលម្ដាយចំៗហាក់ចង់សួរថា មានន័យយ៉ាងម៉េច? ម៉ែប្រុងទៅណា?
« ម៉ែមានទៅណា! តែសង្រ្គាមលើកនេះមករហ័សពេក កុលសម្ព័ន្ធយើងក៏ទើបតែរឹងមាំបានប៉ុន្មានឆ្នាំ អ៊ីចឹងម៉ែមានតែបង្រៀនឯងឱ្យចេះឱ្យបានលឿន។ កូននៅក្មេងត្រូវយល់គ្រប់យ៉ាងម្តងមួយៗ ហើយត្រូវសប្បាយចិត្តនឹងខ្លួនឯង។ អ្វីដែលអប្សរធ្វើបានទោះតូចតាចក៏ដោយ កុំចាំទាល់តែធំដុំទើបសើចបាន »
ហេតុអ្វីនាងតូចមានអារម្មណ៍ថា ម៉ែហាក់កំពុងតែផ្ដែផ្ដាំខ្ញុំអ៊ីចឹង? នាងញញឹមស្មើ ម្ចាស់ស្រីបន្ត
« ដ្បិតម៉ែនិងពុកមានភារៈធំត្រូវមើលថែទឹកដីល្វឹងល្វើយមួយនេះ តែមនុស្សយើងនេះណាកូន ឆ្លងកាត់រឿងធំៗមកច្រើនមែន ស្រាប់តែសប្បាយចិត្តនឹងរឿងតូចៗដោយមិនដឹងខ្លួន។ ពុកម៉ែឃើញអប្សរជាក្មេងស្រីល្អ ស្ដាប់បង្គាប់ ក៏ល្អណាស់ហើយ តែកូនកើតមកមានត្រកូលសុវណ្ណ ដូចពុកតែម្នាក់គត់ អ៊ីចឹងកូនត្រូវតែទទួលនាទីនេះ »
« ម៉ែធ្លាប់ប្រាប់ថាទោះខ្ញុំមិនមែនជាកូនស្រីម្ចាស់ម្ចាស់ប្រុស ក៏ម៉ែនៅតែបង្រៀនខ្ញុំជិះសេះបាញ់ព្រួញដែរ »
ម្ដាយងក់ក្បាលយល់ស្រប
« មានតែចំណេះទើបអាចឱ្យយើងទីពឹងខ្លួនឯងបានទៅមុខណាកូន មិនខ្វល់ថាពេលណាទេមនុស្សនៅតែត្រូវការវា! »
ម្ចាស់ស្រីកែវ មណីឧទានចប់ភ្លាមនាងតូចហាក់ភ្ញាក់ព្រើត
« ថ្ងៃនេះបីរោចហើយតាស៎ សំបុត្រពុកមកដល់នៅម៉ែ? »
« មិនទាន់ឃើញទេ…» ម្ដាយគ្រវីក្បាលដំណាលគ្នា
« ចម្លែកណាស់ម៉ែ ដំណឹងពុកមិនដែលយូរអ៊ីចឹងទេ! »
អ្នកម្តាយដកដង្ហើមធំ
« ចេញច្បាំងស្លាប់រស់មិនទៀងទាត់ផង មានអ្នកណាអាចឱ្យដំណឹងជាប់លាប់រហូតនោះ? សូម្បីពុកឯងជាម្ចាស់ទឹកដីទាំងមូលក៏ជួបអ៊ីចឹង ចុះទម្រាំទាហានតូចតាចដែលទៅតស៊ូជាមួយគ្នា អ្នកផ្ទះគេបារម្ភយ៉ាងណា? »
« សង្រ្គាមមិនដែលបានផលល្អទេម៉ែ តែគ្រប់គ្នាចូលចិត្តកាប់សម្លាប់គ្នា » ថាហើយនាងទម្លាក់ទឹកមុខសម្លឹងដីហាក់អស់សង្ឃឹម មិនចង់រង់ចាំដោយគ្មានដំណឹងតទៅទៀត។
ដើម្បីទឹកដីនេះរឹងមាំដូចភ្នំ គង់វង្សរៀងដរាបតទៅ ការចេញច្បាំងតទល់នៅតែក្តៅគគុកទោះបីបន្លាយពេលអស់រាប់ខែយ៉ាងណាក្តី។
យើងឮសំឡេងសេះស្រែកឈប់ពីចម្ងាយ បើពិនិត្យឱ្យជិតបន្តិចឃើញស្ពាយធ្នូជាប់ខ្នង ដៃនាងហាក់ថ្នឹកនឹងខ្សែញាក់ បញ្ជាសេះមួយក្បាលនេះណាស់។ សន្ធឹកមួយបោលលឿនមកកៀកត្រចៀក ៖
« អ្នកនាងៗ មានដំណឹងម្ចាស់ប្រុស! »
គ្រាន់តែកូនទាហានពោលតែប៉ុននេះ អប្សរបំបែរសេះវឹងតម្រង់ចុះពីភ្នំ។ ភ្នំមហិន្រ្ទជាកន្លែងដែលនាងជូនដំណើរម្ចាស់ប្រុសឆាយាចេញច្បាំង ក្រោយឪពុកឃ្លាតទៅនាងតែងជិះសេះមកលើខ្នងភ្នំមើលថ្ងៃអង្តស្គតតែម្នាក់ឯង សង្ឃឹមថាពេលត្រលប់ទៅវិញកាលណា បានស្ដាប់ដំណឹងល្អមិនខាន។
ប៉ុន្តែកុលសម្ព័ន្ធមេរ៉ា កាន់តែឈានពានទន្ទ្រានចូលមកយ៉ាងគឃ្លើននាពេលនេះ។ ពីមួយថ្ងៃទៅសង្រ្គាមកាន់តែខ្លាំង ស្ថានភាពកាន់តែដុនដាបទៅៗ។ គ្រប់ទីកន្លែងសុទ្ធតែឈាមហូរស្រោចនៅលើដី កងទ័ពនៅជួរមុខកំពុងតែប្តូរសាច់ស្រស់ឈាមស្រស់តតាំងនឹងខ្មាំងសត្រូវ។
គេប្រើកម្លាំងខ្លាំងសម្បើមដើម្បីវាយបំបាក់យើងឱ្យខ្លាចរអារ ពួកមេរ៉ាសម្លាប់ប្រជាជនស្លូតត្រង់ឱ្យស្លាប់រង្គៀលគ្មានប្រណី នៅតំបន់សង្រ្គាម។ ការកាន់កាប់ពីសំណាក់ពួកអស់នេះកាន់តែរីកធំទៅៗ។ ស្រុកទេសកំពុងតែជ្រួលច្របល់កើតចលាចលជាខ្លាំង ឈានជើងចេញក្រៅមួយជំហានប្រៀបបានប្រថុយខ្លួននឹងមច្ចុរាជ។
តែកងទ័ពទាំងអស់មិនបានរត់ពួនយករួចតែអាត្មារៀងខ្លួនឡើយ។ ប្រុសៗនាំគ្នាចូលសមរភូមិអស់ជាបន្តបន្ទាប់ អ្នកខ្លះត្រូវរបួស ខ្លះស្លាប់។ ទ័ពថ្មីកេណ្ឌរៀងរាល់ថ្ងៃ ចំណែកអ្នកចាស់ ត្រូវកាំបិតត្រូវព្រួញរបួសបន្តាក់គ្នា។ ជីវិតគ្រប់គ្នាគឺសម្រាប់ពលីដើម្បីជាតិតែម្យ៉ាងគត់ ជនជាតិមហិន្ទ្រម្នាក់ៗមហិមាណាស់។
នៅតាមផ្ទះពេលស្រីសល់តែស្រីមេម៉ាយនិងកូនតូច។ យុទ្ធជនក្លៀវក្លាត្រូវបានបញ្ជូនទៅតទល់នឹងពួកមេរ៉ាអស់គ្មានសល់ ស្ថានភាពកំពុងខ្វះទ័ពរកមនុស្សប្រុសទៅធ្វើសឹកមិនបាន ម្ល៉ោះហើយម្ចាស់ស្រីកែវ មណីសម្រេចចិត្តកាន់ដាវចូលធ្វើសង្រ្គាមជាមួយប្តី ទុកឱ្យកូនស្រីតែមួយរបស់ពួកគាត់រស់នៅជាមួយម៉ែដោះសុត្ថាមួយគ្រាសិន។
រំពេចនោះស្រីៗជាច្រើនក៏នាំគ្នាកាត់សក់ខ្លី ដៃស្រវាកាំបិត ចាប់លំពែង ទៅធ្វើសង្រ្គាមជាមួយគ្នាដើម្បីការពារទឹកដីដ៏តូចមួយនេះ។ ទោះបីអ្នកខ្លះមានម្ដាយចាស់និងកូនតូចក្នុងបន្ទុកក៏ដោយ តែពួកគាត់មិនអនុញ្ញាតឱ្យនរណាម្នាក់មកដណ្ដើមយកមហិន្ទ្របព៌តទៅដោយងាយៗទេ។
រូបភាពស្រ្តីមួយក្រុមនាំគ្នាស្លៀកពាក់ជាប្រុស ប្រមូលគ្នាក្រាស់ក្រែលដើរផ្លូវដែលប្រៀបបាននឹងជ្រោះជ្រៅមិនឃើញកោះត្រើយ ច្រាលឱ្យនាងតូចដក់ជាប់ក្នុងអារម្មណ៍ ចិញ្ចឹមចិត្តមួយថា
« ម៉ែ! ខ្ញុំទៅដែរ! »
ស្ដាប់ភ្លាមម្ដាយភាន់ភាំង
« អត់ទេណាអប្សរ! យើងមិនទាន់ដល់ថ្នាក់ត្រូវឱ្យក្មេងទៅចេញច្បាំងទេ កូនក្មេងត្រូវនៅផ្ទះមើលថែខ្លួនឱ្យល្អជាមួយម៉ែដោះ យល់ទេ? »
« តែខ្ញុំមិនមែនជាកូនក្មេងទេ ខ្ញុំជាកូនពុកនិងម៉ែ! »
មិនយូរឡើយអ្នកម៉ែក៏ត្រូវចាកចេញទៅតាមលោកពុក។ អប្សរបានត្រឹមព្យាយាមសម្លឹងមុខមាត់អ្នកម្ដាយដើម្បីកត់ទុកក្នុងការចងចាំជាលើកចុងក្រោយមុនពេលឃ្លាតទៅ។
« ចាំម៉ែប្រាប់បានទេ? កុំរឹងណាអប្សរ ស្ដាប់សម្ដី! ម៉ែមិននៅកុំឡើងទៅលើភ្នំទៀត ឥឡូវនេះត្រូវនៅផ្ទះយល់ទេ? »
ម៉ែដូចជាពុកអ៊ីចឹង ចាប់នាងជាប់ដោយដៃទាំងពីរឡើងណែន ហើយប្រាប់យ៉ាងច្បាស់ថា
« អប្សរត្រូវតែមើលថែទឹកដីនេះឱ្យបានល្អ ពេលអស់ពីពុកម៉ែទៅ»
នាងតូចឈរធ្មឹងហាក់មិនយល់ថាហេតុអ្វីអ្នកទាំងពីរមិនដែលផ្តែផ្ដាំពីខ្លួនឯង ឬបារម្ភពីនាងម្ដងឡើយ ទោះបីគាត់ត្រូវឃ្លាតពីនាងនៅពេលនេះក៏ដោយ។ ឃើញនាងនៅស្ងៀមមិនស្ដី អ្នកម៉ែអង្រួនស្មានាងខ្លាំងៗបញ្ជាក់នាងថែមទៀតថា
« កូនយល់ទេអប្សរ? ត្រូវតែឱ្យទឹកដីនេះរឹងមាំដូចភ្នំ គង់រង្សរាងដរាបតទៅ!? »
ស្រីតូចយល់ពីទឹកចិត្តដែលកំពុងពុះកញ្រ្ជោលក្នុងកែវភ្នែកទាំងគូរបស់ម្ដាយ ទើបឆ្លើយខ្លីថា
« យល់ហើយម៉ែ! អប្សរយល់ហើយ! »
ម្ចាស់ស្រីត្រេកអរណាស់ គាត់លត់ជង្គង់ដល់ដីដើម្បីឱបកូនស្រីចុងក្រោយមុនពេលចេញទៅ។ សម្លឹងម្ដាយពីក្រោយខ្នងមុនពេលឃ្លាតទៅ ជាមួយស្រ្តីមួយក្រុមដែលតែងកាយជាប្រុស ទិដ្ឋភាពនេះពិបាកនឹងបំភ្លេចពីការចងចាំពេកហើយ ពីការលះបង់របស់មនុស្សស្រីម្នាក់ដែលនាងហៅថា ម៉ែ!
ចាប់ពីថ្ងៃនោះមកសុវណ្ណ អប្សរតែងតែរង់ចាំនៅមាត់ទ្វារផ្ទះជារៀងរាល់ថ្ងៃ។ នាងតូចតែងតែចិញ្ចឹមចិត្ត ព្រមទាំងសង្ឃឹមជាប់ជានិច្ចថាថ្ងៃណាមួយ ពុកនិងម៉ែ នឹងត្រលប់មកវិញព្រមគ្នាជាក់ជាមិនខាន។
តែក្ដីសង្ឃឹមប្រៀបដូចស្លឹកឈើរសាត់តាមខ្យល់ វិលវល់គ្មានទិសដៅឡើយ។ នៅតាមផ្ទះសល់តែមនុស្សចាស់និងក្មេងប៉ុណ្ណោះ ចំណែកសង្គ្រាមអត់ឃ្លានកាន់តែខ្លាំងទៅៗ ជនជាតិមហិន្ទ្ររាប់ម៉ឺននាក់បានពលីក្នុងសមរភូមិអស់ទៅហើយ ប៉ុន្តែស្ថានការណ៍កាន់តែតានតឹងប្រៀបគ្រាប់ខ្សាច់ដែលហូរច្រោះជិតខ្សោះអស់រលីងពីសមុទ្រទៅហើយ។
ការប្រយុទ្ធនៅតែបន្តរ៉ាំរ៉ៃពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់យ៉ាងគ្មានអ្វីប្រសើរឡើងសោះ ទាំងកងទ័ពនិងប្រជាជនហាក់គ្មានសង្ឃឹមឡើយក្នុងការដណ្ដើមយកជ័យជម្នះត្រលប់មកវិញ។
ក្នុងជំរំទ័ពស្ងាត់ឈឹងមានតែភ្នក់ភ្លើងភ្លុងៗខំប្រឹងបំភ្លឺកំដរគ្នានឹងមេទ័ពកម្សត់ដែលកំពុងធ្វើមុខស្រងូតស្រងាត់តែម្នាក់ឯងក្រោមមេឃងងឹត។ សម្រិបជើងលាន់ស្រិប បន្លឺមកពីក្រោយធ្វើឱ្យមេទ័ពចាប់ភ្លឹក ត្រៀមខ្លួនបង្ការទុកជាមុនព្រោះសត្រូវតែងតែបង្កប់ខ្លួនលបប្រហារជាញឹកញាប់។
សម្រិបជើងខិតកាន់តែកៀក មេទ័ពក្ដាប់ដៃកាន់តែណែន ភ្លាមនោះសម្រិបជើងខ្សោយហាក់បន្ថយកម្លាំង ដូចកំពុងប្រយ័ត្ននឹងមេទ័ពដែលដឹងខ្លួនមុន។ គេស្រាប់តែស្ទុះចូលមកជិត មេទ័ពក្រោកវ៉ឹងបែរក្រោយដោយរហ័ស ភ្ជុងដាវនឹងបំពង់កបានសម្រេច។
មេទ័ពស្រាប់តែស្លន់ស្លោក្រោយត្រូវលបប្រហារ គាត់ពោលដោយភ្ញាក់ផ្អើលជាខ្លាំងថា
« គឺបងទេ? »
តាមពិតគឺម្ចាស់ប្រុសចន្ទ ឆាយាដែលជាបងប្រុសរបស់មេទ័ព វង្សាដែលខំយកអាហារក្រៀមនិងផ្លែឈើព្រៃមកឱ្យប្អូនប្រុស តែបែរជាយល់ច្រឡំថាជាសត្រូវលបប្រហារទៅវិញ
« បងស្រីបានទុកផ្លែឈើខ្លះឱ្យបងយកមកឱ្យឯង យកទៅ! »
ប្អូនប្រុសធ្វើមុខក្រៀមមិនទទួលរបស់ដែលផ្ញើមកឡើយហើយងាកមុខចេញ
« អរគុណអ្នកបងហើយ! តែខ្ញុំមិនយកទេ ទុកឱ្យទ័ពយើងវិញចុះ! »
បងប្រុសអស់សំណើចហើយចូលមកជិតកៀកស្មាប្អូនជាប់រួចពោលថា
« មេទ័ពវង្សា! បើលោកមិនយកតើមានកម្លាំងចេញច្បាំងទេ? កុំបារម្ភអីយើងធ្វើសង្រ្គាម តែមិនមានអត់ឃ្លានរហូតគ្មានស្បៀងឱ្យកងទ័ពឯណា យកទៅ! អ្នកផ្សេងគេឆ្អែតអស់ហើយ! »
« តែ…»
យប់នោះជាពេលដែលចុះខ្សោយខ្លាំងបំផុត កងទ័ពនៅសល់កាន់តែតិចទៅៗ ស្បៀងបម្រុងក៏ត្រូវអស់ស្របពេលមេឃធ្លាក់ភ្លៀងជាប់គ្នាច្រើនថ្ងៃគ្មានផ្លូវដឹកជញ្ជូន ម្នាក់ៗមានតែជម្រើសអត់ធ្មត់ដោយអំណត់ប៉ុណ្ណោះ។
ការប្រយុទ្ធតទល់នឹងកងទ័ពមេរ៉ាដ៏ច្រើនហើយកាចសាហាវនិងឃោរឃៅបែបនេះ ជនជាតិមហិន្ទ្រយើងមិនអាចទប់ទល់បានឡើយ ត្រូវតែរកវិធីដើម្បីឈ្នះសង្រ្គាមនេះដើម្បីពីពួកឈ្លានពានអស់ទាំងនោះ។
លោកម្ចាស់ស្រីគិតថាមានតែប្រើបញ្ញាទល់នឹងកម្លាំងទេទើបឈ្នះបាន។ ទាំងអស់គ្នាក៏សម្រេចបានវិធីដាក់ថ្នាំចូលក្នុងប្រភពទឹកឱ្យពួកនោះរាករូសបន្តរាល់ថ្ងៃ ហើយលបចូលដុតស្បៀងចោល រួចវាយលុកក្នុងយប់ដ៏ជ្រួលច្របល់នោះតែម្ដង។
ក្រោយពីជជែកគ្នារួចស្រេចហើយ លោកម្ចាស់ស្រីជាអ្នកបន្លំខ្លួនចូលទៅដុតស្បៀងរបស់ពួកមេរ៉ាចោលដោយផ្ទាល់ដៃតែម្ដង បន្ទាប់ពីថ្នាំរាគចាប់ផ្ដើមដំណើរការធ្វើឱ្យកងទ័ពទាំងអស់នោះរត់ចលាចលពេញជំរំ។
ជំរំស្ងាត់ឈឹង ឮតែសំឡេងស្រែកថ្ងូររបស់ទាហានដែលត្រូវថ្នាំ ផ្កាភ្លើងតូចមួយក៏បញ្ឆេះជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅពេញជំរំមេរ៉ា។ ពួកគេចាប់ផ្ដើមប្រមូលពន្លត់ភ្លើង ការពារជំរំ និងមើលទាហានដែលត្រូវថ្នាំផង បណ្ដាលឱ្យសភាពជ្រួលច្របល់ជាងការគិតទៅទៀត។
ឆ្លៀតឱកាសវឹកវរបែបនេះ លោកម្ចាស់ស្រីប្រញាប់គេចខ្លួនរត់ចេញពីជំរំភ្លាមដោយប្រុងប្រយ័ត្នស្រាប់តែត្រូវឃាត់ជាប់ដោយសំឡេងកំណាចស្រែកឡើងទ្រហឹងពីក្រោយខ្នង
« ឯងចង់ទៅណា? »
គេគឺជាមេទ័ព អុង្សា របស់ជនជាតិមេរ៉ាដែលសម្លាប់មនុស្សមិនព្រេចភ្នែក។ កែវ មណីឈរទ្រឹងមិនបែរក្រោយ តែអាការៈប្លែកៗរបស់ជនបន្លំខ្លួនធ្វើឱ្យគេខិតមកកាន់តែជិត លោកម្ចាស់ស្រីក៏បែរក្រោយហើយរត់យ៉ាងលឿន
« គឺម្ចាស់ស្រីកែវ មណី! ពួកឯងចាំឱ្យបាន!!! »
ទោះបីរត់លឿនហើយរហ័សយ៉ាងណា ម្ចាស់ស្រីនៅតែមិនអាចគេចផុតពីកណ្ដាប់ដៃកងទ័ពដែលមានគ្នាដូចស្រមោចឡើយ។ គាត់ត្រូវគេចាប់ចងធ្វើជាចំណាប់ខ្មាំងហើយឡកឡឺយដោយពាក្យចំអកផ្ចាញ់ផ្ចាល់ជាច្រើន។
មិនយូរនោះទេម្ចាស់ប្រុសចន្ទឆាយា និងមេទ័ពវង្សាលើកទ័ពមកវាយសង្រ្គប់ បំបាក់ពួកមេរ៉ាដែលកំពុងចលាចលនៅយប់នេះតែម្ដង។ ការប្រទូសរ៉ាយទ្រង់ទ្រាយធំរវាងកងទ័ពទាំងពីរបង្កាត់ជាភ្លើងសង្រ្គាមដែលញាំញីអាយុជីវិតមនុស្សជាច្រើនឱ្យស្លាប់ក្នុងសមរភូមិនេះ។
ម្ចាស់ប្រុសត្រូវតតាំងនឹងមេទ័ពដែលសម្លាប់មនុស្សមិនញញើតដៃដើម្បីរំដោះយកម្ចាស់ស្រីមកវិញ។ អ្នកប្រយុទ្ធឆ្នើមទាំងពីររបស់មហិន្រ្ទនិងមេរ៉ា ប្រើភ្នែកទល់ភ្នែក ដាវកាំបិតទល់គ្នា ដាក់ទុនជីវិតប្តូរយកឈ្នះចាញ់។
មេទ័ពអុង្សា ប្រើអស់កម្លាំងទាំងអម្បាលម៉ាន វាយសម្រុកដោយកម្រោលប្រឆាំងនឹងលោកម្ចាស់ប្រុសយើងដូចដំរីចុះប្រេង។ អ្នកប្រយុទ្ធអង់អាចរបស់យើងទោះបីខ្លួនមានរបួសក៏វាយបកទៅវិញយ៉ាងខ្លាំងក្លា បណ្ដាលឱ្យអុង្សា ដួលទៅលើដីយ៉ាងដំណំ។
ម្ចាស់ប្រុសកាត់ចំណងជួយម្ចាស់ស្រីរួចស្រេច បំណាច់បម្រុងនឹងគេចខ្លួនចេញទៅហើយស្រាប់តែ អុង្សា ស្ទុះក្រោកប្រហារម្ចាស់ប្រុសមួយកាំបិតពីក្រោយឈាមស្រោចពេញខ្លួនហូរធ្លាក់ពេញដី។ ម្ចាស់ស្រីក៏ទាញដាវចាក់គេមួយដាវបុកចំកណ្ដាលទ្រូងដោយកំហឹងនិងពើតផ្សារ អុង្សាដួលប្រូសដេកស្លាប់ទៅលើដីភ្លាម។ កងទ័ពមេរ៉ាបាត់បញ្ជាការក៏នាំគ្នាដកថយទៅវិញទាំងយប់ ទីបំផុតលោកពុកនិងអ្នកម៉ែរបស់អ្នកនាង អប្សរអាចការពារទឹកដីមាតុភូមិកំណើតបានសម្រេចដូចបំណង។
ព្រឹកឡើងកងទ័ពទាំងអស់ដែលនៅសេសសល់នាំគ្នាដង្ហែម្ចាស់ប្រុសនិងម្ចាស់ស្រីត្រឡប់មកវិញ ប៉ុន្តែជ័យជម្នះនេះមិនបានបណ្ដាលឱ្យអ្នកទាំងអស់គ្នាសប្បាយក្នុងចិត្តសោះឡើយ។
ធម្មជាតិមិនទៀង មេឃស្រាប់តែបង្អុរភ្លៀងស្ទើរតែរហែកផែនដី។ ទោះបីមេឃធ្លាក់ភ្លៀងខ្លាំងយ៉ាងណា ក៏មិនអាចឃាត់អ្នកនាងអប្សរ ឱ្យចេញឆ្ងាយពីមាត់ទ្វារដើម្បីរង់ចាំលោកពុកអ្នកម៉ែត្រលប់មកផ្ទះវិញឡើយ។ ម៉ែដោះសុត្ថា តឿនជារឿយៗយ៉ាងណាក៏នាងមិនដាក់ចុះនូវចិត្តរង់ចាំអ្នកមានគុណទាំងពីរ។
ផ្គរលាន់គ្រហឹមខ្លាំងឡើង នាងតូចហាក់ភ័យព្រួច ក្បួនដង្ហែម្ចាស់ប្រុសក៏មកដល់ល្មម។ អប្សរឈរភ្លឹកពេលបានឃើញសភាពនៅលើគ្រែសែងរបស់ពុក។ គាត់ត្រូវគេគ្របក្រណាត់ស ហើយម្ចាស់ស្រីឈោកមុខ យំរហូតភ្នែកទាំងពីរឡើងក្រហមនៅលើផ្ទៃមុខដែលស្លេកស្លាំង។
នាងតូចមិនបង្អង់យូរស្ទុះរត់កាត់ភ្លៀងទៅទទួលអ្នកម្តាយ។ ពួកទាហានដាក់ម្ចាស់ប្រុសចុះ អប្សរបើកក្រណាត់សចេញ នាងឱបពុកជាប់ហើយទ្រហូរដោយសម្រែកឈឺចាប់សម្រាប់ក្មេងស្រីម្នាក់នេះ។
« ខ្ញុំចាំពុករាល់ថ្ងៃ…ហេតុអីពុកមិនចាំខ្ញុំ? »
ឮសម្ដីនេះភ្លាមអ្នកម៉ែទាញនាងមកជិតហើយឱបជាប់មិនព្រមលែង ទម្រាំដាច់ចិត្តប្រាប់ពីរឿងរ៉ាវដែលកើតឡើងលើម្ចាស់ប្រុស៖
រយៈពេលពេញមួយយប់កន្លងមកក្រោយពីសម្លាប់មេទ័ពអុង្សា បានម្ចាស់ស្រីមិនបានសម្រាកឡើយដ្បិតបារម្ភពីម្ចាស់ដែលត្រូវរបួសហូរឈាមមិនឈប់។ ម្ចាស់ប្រុសត្រូវនៅស្ងៀមមួយកន្លែងមិនអាចកម្រើកបាន ម្ចាស់ស្រីមានតែបង្ខំចិត្តឱ្យកងទ័ពដែលនឿយហត់នាំគ្នាសែងម្ចាស់ប្រុសត្រលប់មកវិញ។
នៅតាមផ្លូវម្ចាស់ស្រីបារម្ភជាប់មករហូតដោយអាការៈម្ចាស់ប្រុសកាន់តែធ្ងន់ទៅៗ ចំណែកមេឃប្រែជាខ្មៅហើយបង្អុរភ្លៀងជោកជាំ ម្ល៉ោះហើយត្រូវជ្រកភ្លៀងបន្ទាន់ព្រោះមិនអាចបន្តដំណើរទៅមុខបាន។
ភ្លៀងធ្លាក់ខ្លាំងខ្យល់បក់មកកាន់តែរងា ម្ចាស់ប្រុសប្រែជាគ្រុនក្ដៅ ម្ចាស់ស្រីដោះអាវធំខ្លួនដណ្ដប់ឱ្យប្តីភ្លាមដោយបារម្ភជាប់គ្រប់ដង្ហើមចេញចូល
« ម្ចាស់ប្រុសទ្រាំឱ្យបានណា! ជិតដល់ផ្ទះហើយ…អប្សរចាំយើងត្រលប់ទៅវិញ! »
ខ្លួននៅស្តូកស្ដឹងមួយកន្លែងពិបាកទ្រាំ ដៃជើងអស់កម្លាំងពិបាកនឹងហាស្ដីតែម្ចាស់ប្រុសខំប្រឹងលើកដៃឡើងហើយពោលខ្សាវៗដោយកម្លាំងចុងក្រោយ
« ប្រាប់កូនថា…ពុក…ម៉ែ…ស្រឡាញ់គេ! កុំភ្លេច….កូន… »
ទឹកភ្នែកម្ចាស់ស្រីហូរជន់ប្រណាំងនឹងភ្លៀង ការឈឺចាប់រុកគួនទន្រ្ទានពេញដួងចិត្តបេះដូងប្រពន្ធដែលបារម្ភថានឹងត្រូវឃ្លាតប្តីជារៀងរហូត ប៉ុន្តែនៅខំប្រឹងលួងលោមប្ដីមិនដាច់ពីមាត់ឡើយ
« អត់ទេណា! កូនចាំយើងត្រលប់ទៅវិញ បងឮទេកូនចាំយើងត្រលប់ទៅវិញ បងមិននឹកកូនទេ? »
ម្ចាស់ប្រុសកាន់តែទន់ទៅៗ រាងកាយទាំងមូលកាន់តែខ្សោះដើម្បីតតាំងតទៅទៀតហើយ។ គាត់ខំកម្រើកមាត់តិចៗស្ដាប់សឹងមិនបាន ម្ចាស់ស្រីកាន់តែរំជួលចិត្តឡើង កងទ័ពទាំងអស់ស្រពាប់ស្រពោនគ្រប់គ្នា ត្រឹមតែមួយដង្ហើមប៉ុណ្ណោះម្ចាស់ប្រុសក៏លាចាកផុតពីលោកនេះទៅ។
ផ្គរលាន់បន្តគ្នាក្ឌុងក្ឌាំងមួយរំពេច ធម្មជាតិហាក់រួមចំណែកសោកស្ដាយជាមួយម្ចាស់ស្រីដែលកំពុងតែមានទុក្ខជាទម្ងន់
« ក្រោកឡើងម្ចាស់ប្រុស! ក្រោកឡើងមក! បងចង់ឱ្យខ្ញុំនៅរ៉ាប់រងផែនដីនេះតែពីរនាក់កូនមែនទេ? »
សូរសំឡេងថ្ងូចថ្ងូររបស់គាត់ធ្វើឱ្យកងទ័ពដែលនាំដំណើរជាមួយគ្នាទប់ទឹកភ្នែកមិនបាន ចំពោះការបាត់បង់ម្ចាស់ប្រុសចន្ទ ឆាយា ជាអ្នកថែរក្សា និងដឹកនាំជនជាតិមហិន្រ្ទដ៏ល្អដែលមិនអាចបំភ្លេចបាន។
ដំណើរវែងឆ្ងាយនេះក៏មកដល់ផ្ទះរួមគ្នាដោយការរំជួលចិត្តរបស់កូនស្រីតែមួយរបស់ម្ចាស់ប្រុសចុងក្រោយគេបង្អស់នៃត្រកូល សុវណ្ណ។
អ្នកម៉ែឱបកូនយំក្រោមតំណក់ភ្លៀងក្បែរសពប្តីមិនបានប៉ុន្មានផង ម្ចាស់ស្រីស្រាប់តែក្អួតឈាម ធ្វើឱ្យមេទ័ពវង្សាជាប្រុសថ្លៃស្រែកផ្អើលឆោឡោ ស្ទុះគ្រាហ៍មួយប៉ប្រិចភ្នែក
« អ្នកបង! អ្នកបងកើតអី? »
នាងតូចជាកូនស្រែកយំមិនឈប់ឡើយ
« ម៉ែ! ម៉ែកុំកើតអីណា! ម៉ែ…! »
ម្ចាស់ស្រីឱបនាងជាប់មិនលែង។ គាត់ប្រឹងប្រើដង្ហើមដកមិនដល់គ្នា និយាយជាមួយកូនឱ្យអស់ចិត្ត
« ស្ដាប់ម៉ែណា…ពុកស្រឡាញ់អប្សរណាស់! អត់មានម៉ែ អប្សរត្រូវ…ត្រូវមើលទឹកដីនេះឱ្យល្អ! ម៉ែ…ម៉ែប្រគល់ទឹកដីនេះឱ្យកូនហើយ! »
កែវភ្នែកម្ចាស់ស្រីសម្លឹងមិនព្រេចដាក់លោកមេទ័ពវង្សា។ រំពេចនោះគាត់ហាក់យល់ន័យទើបនិយាយថា
« ខ្ញុំជាពូគេ ខ្ញុំនឹងមើលថែអប្សរឱ្យល្អបំផុត! អ្នកបងកុំបារម្ភអី! »
ម្ចាស់ស្រីក៏ផុតដង្ហើមភ្លាមក្រោយស្ដាប់មេទ័ពវង្សាពោលរួច។ អប្សរត្រូវទួញសោកបោកខ្លួនជាថ្មីម្ដងទៀតលើស្នាមដំបៅចាស់ ក្នុងកុមារាភាពដប់ពីរឆ្នាំដែលត្រូវឃ្លាតឆ្ងាយពីក្ដីស្រឡាញ់និងភាពកក់ក្តៅធ្លាប់មានទាំងអម្បាលម៉ាន ជំនួសមកវិញដោយចង្វាក់បេះដូងក្មេងកំព្រាម្នាក់។
មេទ័ព វង្សាទើបតែប្រទះឃើញស្នាមរបួសឡើងជាំនៅលើដៃម្ចាស់ស្រី។ តាមពិតមុនពេលដែលម្ចាស់ប្រុសទៅរំដោះម្ចាស់ស្រីនៅជំរំមេរ៉ា ម្ចាស់ស្រីកែវ មណីមិនមែនត្រឹមតែត្រូវមេទ័ព
អុង្សាដ៏ឃោរឃៅចាប់ចងជាចំណាប់ខ្មាំងនោះទេ ប៉ុន្តែអុង្សាម្នាក់នេះបានប្រើហិង្សាលើម្ចាស់ស្រី ហើយគ្មាននរណាម្នាក់បានដឹងឡើយ រហូតដល់ពេលចុងក្រោយនេះ។
ទីបំផុតមានសង្រ្គាមរាតត្បាតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រក៏ផុតរលត់សូន្យសុងទៅ ក្រោមឈ្មោះជាសម័យពលីកម្ម ដោយសារការលះបង់ដ៏ធំធេងរបស់បុព្វបុរសជនជាតិនេះគ្រប់រូបដើម្បីរក្សាទឹកដីកុលសម្ព័ន្ធមហិន្ទ្របព៌តឱ្យគង់វង្ស ដោយបន្សល់នូវក្មេងស្រីម្នាក់ដែលត្រូវរ៉ាប់រងទឹកដីទាំងមូលក្នុងនាមជាតំណក់ឈាមតែមួយគត់នៃខ្សែស្រឡាយរបស់ម្ចាស់ប្រុសសុវណ្ណ ចន្ទឆាយា។
អ្នកនាងម្ចាស់សុវណ្ណ អប្សរ
ក្រោយការបាត់បង់ត្រូវកន្លងទៅសម័យពលីកម្មក៏ត្រូវបិទទុក ខ្ចប់ទំព័រនេះជាការចងចាំនៃជនរួមជាតិ។ ទំព័រថ្មីនៃសម័យអ្នកនាងម្ចាស់សុវណ្ណ អប្សរជាម្ចាស់ស្រីដំបូងបង្អស់នៃត្រូវបើកឡើងក្រោមការរៀនសូត្រធំធាត់ជាមួយលោកពូ វង្សា និងមើលថែយកចិត្តទុកដាក់ប្រៀបដូចកូនស្រីបង្កើតរបស់ម៉ែដោះ សុត្ថា។
កុមារភាពដែលត្រូវឆ្លងកាត់រួមគ្នាដោយភាពឯកា ក្រៅពីរៀនសូត្រស្វែងយល់ចំណេះដឹងផ្សេងៗពីលោកពូរួចមក អ្នកនាងម្ចាស់តែងតែឡើងទៅលើភ្នំមហិន្រ្ទជារឿយៗតាមទម្លាប់។
រាល់ពេលដែលឡើងទៅលើភ្នំ អប្សរហាក់មានអារម្មណ៍រីករាយនឹងធម្មជាតិដែលគយគន់មិនជិនណាយ ហើយធ្វើឱ្យនាងវិលត្រលប់ទៅរកពេលដែលខ្លួនកំពុងរង់ចាំពុកម៉ែត្រលប់មកវិញ។
ថ្ងៃនេះអប្សរឡើងលើភ្នំតែងម្នាក់ឯងដូចសព្វមួយដង កំពុងតែអណ្ដែតអណ្តូងតាមសំឡេងខ្យល់បក់ត្រសៀកមិននឿយណាយ ស្រាប់តែមានហេតុមករំខានសេចក្ដីសុខភ្លាម។
ក្មេងប្រុសម្នាក់ស្រែកយំខ្លាំងៗហាក់វង្វេងនៅលើភ្នំ បណ្ដាលឱ្យអប្សរមិនអាចនៅស្ងៀមបាន។ គេមានមុខមាត់ស្អាតបាត អាយុស្របាលគ្នានឹងអ្នកនាងម្ចាស់ ប៉ុន្តែគេកំពុងឱនមុខទ្រហ៊ោយំ ហៀរសំបោរគួរឱ្យអាណិតទប់ចិត្តមិនបាន ទើបអប្សរចូលទៅជិតរួចប្រាប់គេថា
« ធំប៉ុនហ្នឹងហើយនៅយំដូចកូនក្មេងទៀត! »
ក្មេងប្រុសនោះងើយមុខសម្លឹងមើលអ្នកនាងហើយកាន់តែស្រែកយំខ្លាំងឡើង ធ្វើឱ្យអប្សរភ័យម្នីម្នាលួងគេភ្លាម
« កុំយំៗ! មានរឿងប្រាប់ខ្ញុំមក កុំយំអី! »
គេនិយាយទាំងហៀរសំបោរសស្រាក់
« ខ្ញុំឡើងលើភ្នំជាមួយពុក ឥលូវខ្ញុំវង្វេងពុកបាត់ហើយ! »
ថារួចគេឈ្ងោកមុខយំបន្តទៀត អប្សរមើលទឹកមុខគេរួចសើចកក្អឹកហើយប្រាប់ក្មេងប្រុសនោះថា
« ប៉ុណ្ណឹងសោះក៏យំដែរ! ឯងឡើងមកតាមផ្លូវណា ចាំខ្ញុំនាំទៅរកពុកឯងវិញ! »
គេងើបមុខឡើងរហ័សហាក់មិនចង់ជឿអ្នកនាងម្ចាស់
« មែនហ្អីបងស្រី? »
« មែនតើ! ខ្ញុំឡើងមកលើភ្នំនេះរាល់ថ្ងៃគ្មានផ្លូវវង្វេងទេ! »
ក្មេងប្រុសសប្បាយចិត្តណាស់ក៏ឱ្យអ្នកនាងម្ចាស់នាំគេត្រឡប់ទៅជួបពុករបស់គេវិញ។ បន្ទាប់ពីបានជួបពុកដូចបំណងហើយ គេសប្បាយចិត្តណាស់ស្ទុះអោបពុកមួយទំហឹងហើយជូតទឹកភ្នែកស្អាតមិនសល់ដានឡើយ។
អប្សរនឹកអស់សំណើចក៏ផ្ដាំប្រាប់ក្មេងប្រុសនេះថា
« ថ្ងៃក្រោយបើវង្វេងផ្លូវត្រូវរកគេជួយ កុំអង្គុយយំអ៊ីចឹងទៀតឮទេ? »
ឮភ្លាមគេសើចហើយប្រាប់បងស្រីចិត្តល្អថា
« ខ្ញុំដឹងហើយបងស្រី ថ្ងៃក្រោយខ្ញុំឈប់យំទៀតហើយ! ខ្ញុំឈ្មោះចន្ទវ័យ ចុះបងស្រីឈ្មោះអីដែរ? »
« បងឈ្មោះអប្សរ! »
ស្ដាប់រួចគេបើកភ្នែកធំគ្រលួចប៉ុនពងមាន់ដោយសួរបញ្ជាក់មិនឈប់ឈរ
« បងគឺអ្នកនាងម្ចាស់សុវណ្ណ អប្សរនោះមែនទេ? »
បងស្រីងក់ក្បាលបញ្ជាក់ដោយមិនបាច់និយាយច្រើន ប្អូនប្រុសស្រាប់តែប្រែជានិយាយមិនឈប់ឱ្យបងអប្សរស្ដាប់
« អូហូ! បងស្រីពិតជាអស្ចារ្យមែន! បងស្រីក្លាហានណាស់! »
អប្សរអង្អែលក្បាលគេថ្នមៗហើយប្រាប់គេទៅវិញថា
« ពូកែបញ្ជោរគេណាស់ហ្ន៎! ទៅផ្ទះចុះ បងត្រលប់ទៅលើភ្នំវិញហើយ! »
អ្នកនាងម្ចាស់ដើរចេញទៅហើយ ប្អូនប្រុសក៏ស្រែកពីក្រោយខ្នងនាងថា
« បងស្រី! ថ្ងៃក្រោយខ្ញុំទៅលេងជាមួយបងផងបានទេ? »
អប្សរញញឹមហើយឆ្លើយដោយពេញចិត្ត
« បានតើ! »
ចាប់តាំងពីថ្ងៃនោះមកសុបិន ចន្ទវ័យ តែងតែឡើងទៅលើភ្នំជាមួយអ្នកនាងម្ចាស់អប្សរជារៀងរាល់ថ្ងៃ។ ក្មេងប្រុសនេះក៏ក្លាយជាមិត្តតែម្នាក់គត់របស់អ្នកនាងដែលគេទាំងពីរបានចំណាយវ័យកុមាររបស់ខ្លួននៅទីនោះ។
១៥ឆ្នាំក្រោយមក…
អ្នកនាងម្ចាស់អប្សរក៏ក្លាយជាបុប្ផាមួយទងដែលចម្រើនវ័យពេញលក្ខណៈទាំងរូបរាងនិងក្លិនក្រអូបសាយ កំពុងរីកស្រស់ត្រកាលពេញឧស្យានមហិន្រ្ទបព៌ត។
បើទោះបីជាពេលវេលារំកិលទៅមុខនាំយកការផ្លាស់ប្តូរច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចកាត់ផ្ដាច់បុប្ផាមួយទងនេះពីទំនួលខុសត្រូវដែលបន្សល់ទុកក្នុងនាមជាអ្នកថែរក្សាដែនដីម្នាក់បានឡើយ។
បន្ទាប់ពីបណ្ដុះបណ្ដាលដោយដៃផ្ទាល់ក្រោមការមើលថែរបស់លោកពូ វង្សា ពេលនេះអប្សរបានមើលថែនិងដឹកនាំកុលសម្ព័ន្ធមួយនេះដោយខ្លួនឯងផ្ទាល់។
ចំណែកក្មេងប្រុសដែលយំហៀរសំបោរននៀលដីក៏បានក្លាយជាលោកមេទ័ពសុបិន ចន្ទវ័យដែលមានវ័យក្មេងនិងស្មោះត្រង់បំផុតចំពោះអ្នកនាងម្ចាស់សុវណ្ណ អប្សរ។
ក្រោមការមើលថែលរបស់អ្នកនាងម្ចាស់ ទឹកដីដែលក្រោកពីសង្រ្គាមមកវិញហាក់ឃើញពន្លឺព្រះអាទិត្យសារជាថ្មី គ្រប់គ្នាចាប់ផ្ដើមមានស្នាមញញឹមស្រស់ពព្រាយ មនុស្សម្នាហាក់រីករាយនឹងជីវិតប្រចាំ។ ថ្វីត្បិតតែមានឈ្មោះជាអ្នកដឹកនាំស្រីក៏ពិតមែន ប៉ុន្តែប្រជាជនគ្រប់គ្នាពិតជាស្រឡាញ់អ្នកនាងម្ចាស់ម្នាក់នេះខ្លាំងណាស់ សូម្បីតែក្មេងៗអាយុ១០ឆ្នាំក៏គេស្គាល់ពីកេរ្តិ៍ឈ្មោះរបស់នាងដែរ។
ទោះបីក្លាយជាម្ចាស់ស្រីនិងមេទ័ពវ័យក្មេងក៏ដោយ ក៏អ្នកនាងអប្សរនិងមេទ័ពសុបិន ចន្ទវ័យនៅតែចំណាយពេលឡើងទៅលើភ្នំដដែល។ ក្រៅពីមនុស្សដែលស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក អ្នកទាំងពីរនៅតែជាមិត្តភក្តិដ៏ល្អនឹងគ្នារៀងរហូតមក។
កែវភ្នែកដែលសុបិន ចន្ទវ័យសម្លឹងទៅអ្នកនាងម្ចាស់ដោយស្ងប់ស្ងែង កោតសរសើរនិងឱ្យតម្លៃនៅតែមិនប្រែប្រួលម្ដងណាឡើយ។
ប៉ុន្តែសុបិនល្អនៅតែមិនអាចរក្សាទុកឱ្យបានយូរ។ លោកស្រី មាណវីដែលជាភរិយាតែមួយរបស់លោកម្ចាស់ វង្សាជាពូបង្កើតរបស់អ្នកនាងម្ចាស់ស្រាប់តែមកបង្ហើបពីរឿងរៀបការ ដែលមានបំណងផ្គូផ្គងទុករួចជាស្រេច។
រយៈពេលកន្លងមក អ្វីដែលអ្នកនាងម្ចាស់អប្សរព្រួយក្នុងចិត្តជាប់ជាប្រចាំគឺរឿងមួយនេះឯង ហើយថ្ងៃនេះអ្នកមីងក៏បានឆ្កឹះមុខទម្លាយចេញមកគ្មានសល់។
កំពុងអង្គុយលើខ្នងភ្នំសម្លឹងមើលវាលធំ អប្សរដកដង្ហើមធំមិនដាច់ស្រឡះក្នុងចិត្ត មេទ័ពសុបិន ចន្ទវ័យក៏ដើរមកពីក្រោយ
« បងស្រី! »
អ្នកនាងហាក់ចម្លែកចិត្តប្រៀបបានខានស្ដាប់ឮពាក្យនេះជាយូរ
« ស្រាប់តែហៅខ្ញុំបែបនេះ ចម្លែកក្នុងចិត្តណាស់ ! »
មេទ័ពសើចហើយដាក់ខ្លួនអង្គុយក្បែរបងស្រី
« បងក្លាយជាម្ចាស់ស្រីទៅហើយ ខ្ញុំម៉េចនឹងហ៊ានហៅបងដូចកាលពីក្មេងទៀតទៅ? »
អប្សរឈប់តបហើយបែរសម្លឹងមើលកាន់តែឆ្ងាយ។ មេទ័ពឃើញអ្នកនាងមានអាការៈខុសប្លែកទើបចាប់ផ្ដើមការសន្ទនានៅលើខ្នងភ្នំមួយនេះ
« ខ្ញុំតាមបងមកហាត់ក្បាច់គុននៅលើភ្នំនេះតាំងពីតូចមក មិនដែលឃើញបងស្ងប់ស្ងាត់បែបនេះទេ! ទោះបីបងត្រូវបាត់បង់ពុកនិងម៉ែ ក៏ខ្ញុំមិនធ្លាប់ឃើញបងពិបាកចិត្តដល់ម្ល៉ឹងដែរ! »
អ្នកនាងបែរមុខមករកគេហើយតបទៅវិញថា
« បងមិនមែនពិបាកចិត្តទេ តែកំពុងខ្វល់ចិត្ត! »
« រឿងលោកស្រីមាណវីនោះមែនទេ? »
អ្នកនាងប្រែខ្លួនរហ័សសម្លឹងទៅគេយ៉ាងលឿន។ មេទ័ពយល់ពីបំណងរបស់អ្នកនាងទើបគេមិនបង្អង់យូរហើយប្រាប់អ្នកនាងម្ចាស់អប្សរថា
« លោកពូវង្សាប្រាប់ខ្ញុំពីរឿងដែលអ្នកមីងទៅរកបង ទើបខ្ញុំមករកបងនៅទីនេះ »
អ្នកនាងញញឹមរួចពោលថា
« ដឹងថាហេតុអ្វីបងខ្វល់ចិត្តខ្លាំងបែបនេះទេ? »
មេទ័ពគ្រវីក្បាល ទើបអ្នកនាងបន្តថា
« ព្រោះបងស្រីមិនចង់រៀបការ! »
ចម្លើយនេះស្រាប់តែធ្វើឱ្យប្អូនប្រុសដ៏ស្មោះត្រង់ប្រែជាក្រៀមក្រំមួយរំពេច ភ្នែកគេដែលលួចសម្លឹងអ្នកនាងជារឿយៗស្រាប់តែគេចចេញទៅឆ្ងាយហើយបង្ហាញភាពសោកសៅពីប្រសីទាំងគូ។
គេខំលាក់ខ្សែភ្នែកនេះខ្លាំងណាស់មិនហ៊ានឱ្យនរណាបានឃើញឡើយហើយបន្តធ្វើជាអង្គុយស្ដាប់ដោយអាការៈធម្មតា
« មុនពេលពុកចេញទៅបានប្រាប់ឱ្យខ្ញុំមើលថែម៉ែ ហើយម៉ែបែរជាឱ្យខ្ញុំមើលថែទឹកដីនេះឱ្យបានល្អ។ ខ្ញុំអស់សំណើចណាស់ ព្រោះមិនដែលឃើញពួកគាត់មិនដែលបារម្ភពីខ្លួនឯងសោះ ម្ល៉ោះហើយទើបខ្ញុំខ្លាចថា គ្មាននរណាម្នាក់ដែលអាចស្មោះត្រង់នឹងទឹកដីនេះក្រៅខ្ញុំ និងឯង! លោកមេទ័ពចន្ទវ័យ! »
ប្អូនប្រុសភ្ញាក់ព្រើតនឹងសម្តីមួយឃ្លាចុងក្រោយអំបាញ់មិញរបស់អ្នកនាងម្ចាស់។ គេសម្គាល់ឃើញថា អ្នកនាងញញឹមក្រោយពេលហៅឈ្មោះគេចប់ លោកមេទ័ពក៏កត់ទុកពាក្យមួយឃ្លានេះក្នុងការចងចាំរបស់ខ្លួន។
លបប្រហារ
ក្រោយពីស្ថានភាពផ្លូវចិត្តហាក់ប្រសើរឡើងអ្នកទាំងពីរក៏ចុះពីលើភ្នំវិញតាមទម្លាប់។
មិនយូរប៉ុន្មានក៏កើតមានវិបត្តិជាបន្តបន្ទាប់ដែលរុកគួនទន្រ្ទានម្ដងទៀតនៅលើទឹកដីរបស់អ្នកនាងម្ចាស់សុវណ្ណ អប្សរ។ នៅតាមភូមិកើតមានហេតុជ្រួលច្របល់ ប្រជាជនចលាចលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចោរប្លន់ចេញធ្វើបាប កាប់សម្លាប់មិនលោះថ្ងៃ។
អ្នកខ្លះមិនអាចរស់នៅបានក៏ត្រូវបង្ខំចេញជម្លៀសខ្លួនចេញពីភូមិស្រុក។ ភូមិឋានដែលធ្លាប់តែសុខសាន្តត្រូវរង្គោះរង្គើគ្រប់ទីកន្លែង។ អ្នកនាងម្ចាស់បានចាត់កម្លាំងទៅតាមតំបន់ដើម្បីបង្រ្កាបចោរប្លន់អស់ទាំងនោះ ប៉ុន្តែមិនអាចទប់ស្កាត់បានព្រោះក្រុមចោរហាក់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ស្រុកទេសកាន់តែធ្ងន់ធ្ងរទៅ សូម្បីសត្វស្លាបដែលទទះស្លាបហើរនៅលើមេឃក៏ត្រូវធ្លាក់ជាចំណីរបស់ចោរចិត្តខ្មៅទាំងអស់នោះ។
ស្ថានភាពកាន់តែវឹកវរ លោកស្រី មាណវីក៏ចេញមុខប្រកាសក្ដែងៗថាអ្នកនាងអប្សរលែងមានសមត្ថភាពគ្រប់គ្រងទឹកដីនេះតទៅទៀតហើយ គួរតែដល់ពេលឱ្យបុរសជាអ្នកគ្រប់គ្រងជំនួស ហើយបេក្ខភាពស្វាមីដែលសាកសមដឹកនាំកុលសម្ព័ន្ធមួយនេះជំនួសអ្នកនាង គឺមុទិតា ក្មួយប្រុសរបស់គាត់។
អ្នកនាងម្ចាស់មិនយល់ព្រមនឹងសំណើចដ៏គួរឱ្យអស់សំណើចមួយនេះឡើយ។ អ្នកមីង
មាណវីកើតក្ដីក្តៅក្រហាយជំទាស់នឹងអ្នកនាងម្ចាស់ជាដាច់ខាតដោយមិនយល់មុខលោកម្ចាស់វង្សាជាស្វាមី។
កណ្ដាលអាធ្រាត្រទៅហើយ អ្នកនាងម្ចាស់កំពុងបំពេញកិច្ចការរបស់ខ្លួន ស្រាប់តែឮសំឡេងចម្លែកដោយចៃដន់។ ដោយហេតុមិនស្រួលអ្នកនាងប្រញាប់ប្រមូលកិច្ចការទុក ហើយចូលសម្រាកជាប្រញាប់។
ភ្លើងទៀនរលត់ភ្លាម បន្ទប់អ្នកនាងក៏ត្រូវមនុស្សមួយក្រុមសម្រុកចូល ទម្លុះទ្វារមួយទំហឹងហើយប្រដាប់ដោយអាវុធពេញដៃ។ ពួកវាតម្រង់មកគ្រែរបស់អប្សរហើយយកផ្លែដាវ ស ស្ញាចចាក់សម្លាប់ឱ្យក្ស័យ តែបែរជាត្រូវអ្នកនាងម្ចាស់ដែលពួននៅខាងក្រោមប្រើកម្លាំងរុញគ្រែសង្កត់ពួកវាឱ្យខ្ទាតទៅម្ខាងៗយ៉ាងដំណំ។
រំពេចនោះមេទ័ពស្មោះត្រង់យើងក៏មកដល់រហ័សដូចផ្លេកបន្ទោរ ប្រយុទ្ធនឹងឃាតករមួយក្រុមដើម្បីសង្រ្គោះអ្នកនាងម្ចាស់។ ក្រោយពីសម្លាប់ពួកវាទាំងអស់នោះហើយ អ្នកនាងម្ចាស់អប្សរសុំឱ្យលោកមេទ័ព នាំនាងភៀសខ្លួនទាំងយប់ចេញពីទីនេះ។
ក្រោយពីយប់ដែលម្ចាស់ស្រីត្រូវគេលបប្រហារ លោកមេទ័ពសុបិនចន្ទវ័យ និងអ្នកនាងម្ចាស់សុវណ្ណ អប្សរក៏បាត់ដំណឹងទៅទាំងពីរនាក់ដោយពុំមាននរណាបានដឹងសូម្បីតែវង្សា ជាពូបង្កើត។
ភ្លាមនោះលោកម្ចាស់ដែលអស់ដែលនៅក្នុងកុលសម្ព័ន្ធមហិន្រ្ទចាប់ផ្ដើមជ្រួលច្របល់ថាតើអ្នកណានឹងគ្រប់គ្រងបន្តពេលគ្មានអ្នកនាងម្ចាស់ អប្សរ។ ម្នាក់ៗឧទ្ទិសនាមឱ្យខ្លួនឯងរៀងៗខ្លួន រហូតដល់លោកម្ចាស់វង្សាប្រកាសយ៉ាងដាច់ណាត់ថាគ្មានការជ្រើសរើសអ្វីទាំងអស់ ក្រៅពីរូបលោកនៅគ្រប់គ្រងបន្តរហូតអ្នកនាងម្ចាស់ ត្រលប់មកវិញ។
រយៈពេល៣០ថ្ងៃកន្លងទៅនៅតែគ្មានដំណឹងពីអ្នកនាងម្ចាស់ឡើយ។ ម្ចាស់ពូព្រួយបារម្ភខ្លាំងណាស់ពីសុវត្ថិភាពរបស់នាង រហូតដល់ថ្ងៃមួយ…
កូនទាហានម្នាក់ស្រែកខ្លាំងៗពីចម្ងាយ
« អ្នកនាងម្ចាស់ត្រឡប់មកវិញហើយៗៗ! »
គ្រប់គ្នាភ្ញាក់ផ្អើលហើយស្រលាំងកាំងនឹងដំណឹងវិលត្រឡប់មកភ្លាមៗរបស់អ្នកនាងអប្សរ។ អ្នកនាងម្ចាស់ត្រឡប់មកវិញជាមួយនឹងលោកមេទ័ពដែលបាត់ទៅព្រមគ្នាដោយទឹកមុខអង់អាចខុសពីធម្មតាជាមួយទ័ពមួយក្រុមធំ។
មកដល់ភ្លាមគេចាប់អូសមុខមេចោរ ដែលជាប់ចំណងពេញខ្លួនចេញមកខាងក្រៅឱ្យលុតជង្គង់នឹងដី។
អ្នកនាងម្ចាស់បន្លឺសម្ដីរបស់ខ្លួនឡើងដោយម៉ត់ចត់បំផុត
« នេះជាមេចោរចិត្តខ្មៅដែលឡុកអុកធ្វើបានប្រជាជនយើងកន្លងមក ពេកនេះយើងចាប់វាបានហើយ! ហើយមេក្លោងដែលបញ្ជារពីក្រោយខ្នង ឆាប់ចេញមុខមកឥលូវនេះភ្លាម!! »
គ្រប់គ្នាធ្វើមុខនឹងថ្កល់ហើយងឿងឆ្ងល់ពីរឿងមេក្លោងជាខ្លាំង។ ស្ថានការណ៍នៅតែស្ងាត់គ្មានអ្នកឆ្លើយតប អ្នកនាងម្ចាស់ក៏និយាយឡើងទៀតថា
« អ្នកមីងមាណវី ឆាប់ចេញមក! »
លោកម្ចាស់ជាស្វាមីភ្ញាក់ព្រើតកាលបើបានឮប្រពន្ធខ្លួនច្បាស់ៗចំៗ។ លោកស្រីខំប្រឹងប្រកែកដោយរហ័ស អ្នកនាងម្ចាស់ក៏បកស្បែកមុខគាត់ចេញ
« អ្នកមីងកុំស្មានខ្ញុំមិនដឹងថា អ្នកមីងរួមដៃនឹងលោកម្ចាស់យន្រ្តា កេណ្ឌទ័ពនៅព្រំដែនស្ងាត់ៗដើម្បីបង្ខំខ្ញុំរៀបការនឹងមុទិតា ហើយខ្ចីដៃចោរព្រៃបង្កើតចលាចល ឆ្លៀតឱកាសសម្លាប់ខ្ញុំ! »
បុរសជាប្ដីឈរសម្លឹងមើលមុខប្រពន្ធដោយហួសចិត្តឥតឧបមា ដោយមិននឹកស្មានមិនដល់ពីសន្តានចិត្តអ្នកមីងម្នាក់នេះដែលត្រជាក់ដល់ឆ្អឹង។
ឮហើយគាត់នៅតែព្យាយាមប្រកែក ប៉ុន្តែចុងក្រោយក៏មិនអាចឈ្នះទង្វើដែលខ្លួនបានធ្វើ
« មេចោរម្នាក់នេះនៅចំពោះមុខអ្នកមីងហើយ លោកម្ចាស់យន្ត្រា ក៏បានសារភាពហើយប្រគល់ទ័ពមកឱ្យខ្ញុំរួចរាល់ ម្យ៉ាងគាត់នៅខាងក្រៅចាំអ្នកមីងដើម្បីទទួលទោសជាមួយគ្នា! »
មេទ័ពចន្ទវ័យក៏បន្តពីក្រោយថា៖
« លោកស្រីឆាប់សារភាពមក! ប៉ុន្មានថ្ងៃមកនេះខ្ញុំនិងអ្នកនាងម្ចាស់មិនមែនទៅសំងំពួនខ្លាចស្លាប់ទេ តែយើងទៅបំបែកផែនការរបស់លោកស្រីខ្ទេចអស់ហើយ! »
មាណវីទន់ជង្គន់ដួលស្រិបទៅលើដី ម្ចាស់វង្សាជាប្តីបម្រុងស្ទុះទៅជួយ តែគាត់ដកខ្លួនថយមកវិញដោយគំនិតរុញខ្លួនគាត់ឱ្យថយឆ្ងាញ។ លោកស្រីសម្លឹងមុខប្ដីដោយតក់ស្លុកឥតឧបមា មិននឹកស្មានថាខ្លួនត្រូវបរាជ័យដោយបែបនេះទេ។
អ្នកនាងម្ចាស់សុវណ្ណ អប្សរក៏ប្រកាសក្រែងៗថា
« ទាហាន! ចាប់ខ្លួនលោកស្រីមាណវីនិងអ្នកពាល់ព័ន្ធទាំងអស់ឥលូវនេះភ្លាម!!!!! »
មិនយូរឡើយបុគ្គលដែលរួមគំនិតគ្នាទាំងអស់ត្រូវគេចាប់ទៅដាក់ទោសគ្មានសល់។ ហ្វូងមនុស្សនៅតែប្រមូលផ្តុំគ្នា លោកម្ចាស់ដែលមានកូនប្រុសទាំងអស់កំពុងដណ្ដើមគ្នាអួតពីគុណសម្បត្តិកូនប្រុសរៀងៗខ្លួន សង្ឃឹមថានេះជាឱកាសខ្លួនក្រោយលោកស្រីមាណវីបញ្ចប់វាសនាខ្លួនទៅ។
អ្នកនាងអប្សរក៏ប្រើសិទ្ធជាអ្នកនាងម្ចាស់ប្រកាសយ៉ាងឱឡារិកថា
« ខ្ញុំសូមប្រកាសថា ខ្ញុំសុវណ្ណ អប្សរ! ជាម្ចាស់ស្រីថែរក្សាទឹកដីនៃកុលសម្ព័ន្ធមហិន្រ្ទបព៌តនេះ នឹងមានរៀបការជាមួយអ្នកណាទាំងអស់! ដរាបណាខ្ញុំនៅមានដង្ហើម ល្គឹកនោះខ្ញុំត្រូវតែថែរក្សាទឹកដីនេះដោយដៃទាំងពីររបស់ខ្ញុំផ្ទាល់! ប្រសិនបើអស់ពីខ្ញុំទៅ ទឹកដីនេះត្រូវបន្តវេនថែរក្សាដោយ នរបតី ជាកូនប្រុសរបស់លោកម្ចាស់វង្សា ដែលត្រូវជាក្មួយបង្កើតរបស់ខ្ញុំតែម្នាក់គត់។ »
គ្រប់សម្លឹងអ្នកនាងម្ចាស់ដោយស្រលាំងកាំង
« ហើយចាប់ពីពេលនេះតទៅ ក្រោមការគ្រប់គ្រងរបស់ខ្ញុំ ខ្ញុំនឹងមិនឱ្យទឹកដីមហិន្រ្ទមួយនេះមានការដណ្តើមអំណាចគ្នាជាលើកទី២ឡើយ! បើសិនមាននរណាម្នាក់ហ៊ានចេញមុខធ្វើរឿងដដែលនេះ ខ្ញុំនឹងប្រើសិទ្ធិ ហើយអនុវត្តច្បាប់មិនលើកលែងនោះទេ!! »
សូរសំឡេងកងរំពងទះដៃបន្លឺឡើងព្រមគ្នាសារទរដល់អ្នកនាងម្ចាស់ ដោយក្ដីរំភើបក្រៃលែង។
ក្រោយហេតុការណ៍នោះ លោកពូស្កាត់ខ្លួនមកចួបក្មួយស្រីដោយក្តីរអៀស។ វត្តមានពូខ្លួនមកដល់ចំពោះមុខភ្លាម អប្សរពោលឡើងថា
« ខ្ញុំសូមទោសលោកពូ! ច្រើនឆ្នាំមកនេះលោកពូស្រឡាញ់ខ្ញុំជាងកូនបង្កើត ចុងក្រោយខ្ញុំជាអ្នកចាប់អ្នកមីងទៅធ្វើទោសដោយដៃផ្ទាល់»
លោកម្ចាស់ប្រកែកយ៉ាងប្រញាប់ថា
« អត់ទេៗ! ពូសុំទោសអ្នកនាងម្ចាស់វិញទើបត្រូវ! តែពូពិតជាស្មានមិនដល់ថា ក្នុងចិត្តគាត់អំណាចពិតជាសំខាន់ដល់ម្ល៉ឹង! »
អ្នកនាងញញឹមយ៉ាងកក់ក្តៅ
« ខ្ញុំខ្លាចបំផុត គឺពូមានចំណែកក្នុងរឿងនេះដែរ! តែពូបរិសុទ្ធខ្ញុំសប្បាយចិត្តណាស់ »
លោកពូដកដង្ហើមធំហើយពោលដោយអួលណែននៅក្នុងទ្រូង
« ពូធ្វើមិនកើតទេក្មួយ! កែវភ្នែកម្ដាយឯងថ្ងៃនោះពូចាំមិនភ្លេចនៅឡើយ សភាពបងប្រុសនៅសមរភូមិទៀតសោត! គ្រប់គ្នាដែលធ្លាប់ក្រៀកស្មាចូលប្រយុទ្ធ គ្មាននរណាចង់បានអំណាចមួយពេលទៅដូរនឹងសន្តិភាពរបស់មហិន្រ្ទទេក្មួយ! ពេលនេះតួនាទីពូមានតែខំអប់រំ នរបតី ឱ្យល្អតាមដែលអាចធ្វើបាន! »
ចាប់តាំងពីពេលនោះមករលកបោកបក់ក៏ស្ងប់ស្ងាត់បាត់ខ្លួនពីទឹកដីរបស់ម្ចាស់ស្រី ប្រជាជនរស់នៅដោយកក់ក្តៅក្រោមការថែរក្សារបស់អ្នកនាងម្ចាស់អប្សរ។
តំណក់ឈាមចុងក្រោយ
នៅលើខ្នងភ្នំខ្ពស់ មេឃខៀវស្រឡះ គេលែងឃើញអ្នកនាងម្ចាស់សុវណ្ណ អប្សរឡើងលើភ្នំ
មហិន្រ្ទតទៅទៀតហើយ។ ពេលនេះមានលោកយាយចំណាស់ម្នាក់ កំពុងកាន់ឈើច្រត់ក្បាលនាគធ្វើពីឈើកម្រ អង្គុយក្រោមម្លប់ឈើធំជជែកគ្នាជាមួយបុរសវ័យ៨០ឆ្នាំម្នាក់ ក្នុងសំឡេងញ័រៗ
« បងស្រី! បងអាយុជាង៨០ឆ្នាំទៅហើយនៅតែចង់ឱ្យខ្ញុំកំដរបងឡើងភ្នំរហូតអ៊ីចឹងអ្ហេស? »
លោកយាយសើចរលាក់កក្អឹកហើយខោកក្បាលតាចាស់ឮសូរ ផូស៎!
« ប្អូនឆ្កួត!ឯងដើរតាមបងអស់កន្លះជីវិត មិនព្រមយកប្រពន្ធកូន បែរជាមកខ្លាចធ្លាក់ពីលើភ្នំស្លាប់! ឯងមិនស្គាល់បងទេអ្ហេស? បងឡើងភ្នំនេះតាំងពីអាយុ១២ឆ្នាំ គ្មានផ្លូវធ្លាក់ស្លាប់ងាយៗទេ ប្អូនប្រុស! »
ពួកគាត់នាំគ្នាសើចសប្បាយកាលបើបានរំលឹកពីអតីតកាលនឌជីវិតកន្លងមក។ រំពេចនោះបងស្រីក៏សួរថា
« លោកមេទ័ពដ៏អង់អាច និងមានភក្តីភាពម្នាក់បែរជាស័្មគ្រចិត្តដើរតាមបងបែបនេះ មិនស្ដាយក្រោយទេ? »
បុរសចំណាស់ក៏អស់សំណើចហើយឆ្លើយថា
« ចុះអ្នកនាងម្ចាស់នោះ មិនរៀបការមិនយកស្វាមី មិនស្ដាយខ្លះទេអ្ហី? »
លោកយាយកាន់ឈើច្រត់ឡើងក្រោកឈរភ្លាម
« ខ្ញុំចាំបាន! នៅសម័យពលីកម្ម ម៉ែបែរខ្នងដើរចេញទៅដោយអង់អាចណាស់ គាត់អស្ចារ្យបំផុតសម្រាប់ខ្ញុំ! នៅថ្ងៃនោះខ្ញុំគិតថា ដូនតាហ៊ានលះបង់សូម្បីជីវិតដើម្បីប្តូរយកភ្នំដែលអាចឱ្យខ្ញុំឈរសម្លឹងមើលធម្មជាតិរាល់ថ្ងៃបានដោយមិនភិតភ័យ ដូច្នេះហើយកុំថាឡើយសុភមង្គលកន្លះជាតិ ទោះបីជាតិក្រោយទៀតក៏មានតម្លៃណាស់សម្រាប់ខ្ញុំ! »
លោកតាទះដៃលាន់រដាក់រដុបឱ្យលោកយាយហើយនិយាយថា
« បងស្រីនៅតែអស្ចារ្យជានិច្ច! បងស្រី ហិហិហិ! »
« ឯងនេះ សើចក៏ចំអកឱ្យគេដែរ! »
« ចុះបងធ្លាប់មានក្ដីសុបិនទេ? »
លោកយាយងក់ក្បាលហើយអង្គុយចុះវិញប្រាប់លោកតាបន្តថា
« ខ្ញុំគ្រាន់តែជាក្មេងស្រីដែលកើតចំកន្លែងដែលខ្ពស់ប៉ុណ្ណោះ ម្ល៉ោះហើយខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំឱ្យចប់សព្វគ្រប់ ហើយបំណងតែមួយគត់របស់ខ្ញុំគឺជួបជុំលោកពុកនិងអ្នកម៉ែ! ចុះឯង? »
ស្នូរចៅប្រុសរត់លាន់រន្ថើនក៏បន្លឺពីក្រោយ
« លោកយាយៗ! លោកយាយកំពុងនិយាយពីអ្វីហ្នឹង? »
បងស្រីទាញដៃចៅប្រុសឱ្យអង្គុយក្បែរហើយប្រាប់គេដោយញញឹមថា
« យាយចង់ប្រាប់កិត្យាថា បន្ទាប់ពីនរបតី ឪពុករបស់ចៅទៅ គឺមានតែចៅនឹងហើយដែលត្រូវថែរក្សាទឹកដីនេះ។ ដូច្នេះចៅត្រូវតែធ្វើខ្លួនឱ្យបានល្អ យល់ទេ? »
គេងក់ក្បាលគួរឱ្យក្នក់ក្នាញ់ប្រាប់លោកយាយថា
« បាទយល់! »
លោកយាយឱ្យគេសម្លឹងមើលទៅវាលភ្នំដែលនៅចំពោះមុខ
« ចៅត្រូវចាំថាបច្ចុប្បន្នរបស់យើងជាអនាគតរបស់អ្នកជំនាន់ក្រោយ ទោះបីយើងជាដំណក់ឈាមចុងក្រោយ តែយើងមិនមែនជាមនុស្សចុងក្រោយដែលរស់នៅលើផែនដីនេះឡើយ ម្ល៉ោះហើយចៅត្រូវស្រឡាញ់ទឹកដី គោរពការលះបង់របស់ដូនតាយើងយល់ទេ? »
ក្មេងតូចគ្រវីក្បាលហាក់ស្ដាប់មិនទាន់យល់នៅឡើយ។
ពោលរួចលោកយាយញញឹមហើយទន់ភ្នែកអស់កម្លាំង ក៏លក់មួយភាំងលក់លើស្មារបស់លោកតា។ លោកមេទ័ពចាស់វស្សា លួចញញឹមសម្លឹងមើលលោកយាយមិនព្រមព្រេច គាត់លោមកខ្សឹបតិចៗដាក់ត្រចៀកលោកយាយថា
« ក្តីសុបិនរបស់ខ្ញុំ គឺដើរតាមលោកយាយ! ឮដែរទេ គឺខ្ញុំចង់ដើរតាមយាយ…យាយអប្សរ! » ។
ចប់