កិច្ចសន្យាស្នេហាយើង ភាគទី៨​(ចប់)

វគ្គទី២១ ឥន្ទប្បដិមា នរាធិបតិន្ទ​នៅឯណា?

          រាត្រី​បាន​ឈាន​ចូល​មកដល់….

ពិធី​លៀង​សាយភោជន​ទទួល​ក្រុម​អ្នកដំណើរ​មក​ពី​ឆ្ងាយ​ដាច់សង្វែង​ បាន​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង បន្ទប់​ធំ​ដដែល គ្រាន់​តែ​គ្រឿង​សង្ហារិម​មិន​ត្រូវ​បាន​ប្រើ​ទេ ​ដោយ​មាន​ព្រំ​ពណ៌លឿង​ចាស់​ក្រាល​ជំនួស។

ក្លិន​ឆ្ងៀម​សាច់​ចៀម​អាំង​បាន​គ្របដណ្ដប់​ពីលើ​ក្លិន​ខ្លឹមឈើ និង​ផ្កា​វីយ៉ូលែត។

ភ្ញៀវ​ទាំងឡាយ​នៅ​ទ្រឹង​ចំពោះ​មុខ​អាហារ​ដែល​ពិសេស​បំផុត​សម្រាប់​កុលសម្ព័ន្ធ​អាសាដ។ មិន​ត្រឹម​តែ​​ភ្លេច​នឹកឃើញ​រឿង​នឿយហត់​ និង​ស្រេកឃ្លាន​ទេ ប៉ុន្តែ​ការ​ចង់​ដឹង​ពី​អាថ៌កំបាំង​របស់​ស្ត្រី​ជា​ម្ចាស់​ពិធី​ និង​ដំណើរការ​បង្ហាញ​ឥន្ទប្បដិមា​ ទើប​ជា​រឿង​ដែល​ពួកគេ​ទន្ទឹង​រង់ចាំ។

ម្នាក់ៗ​ផ្ដោត​ភ្នែក​ទៅ​រក​នារី​តូច​ច្រឡឹង​មាន​អំណាច ដែល​អង្គុយ​លើ​កម្រាល​ព្រំ​ពិសេស​មួយ​អម​ដោយ​នារី​៤នាក់​ចាំ​ផ្គាប់​បម្រើ។ គ្មាន​អ្នក​ណា​ម្នាក់​ដែល​មិន​ស្រមៃ​ចង់​ឃើញ​ផ្ទៃ​មុខ​ពិត​ប្រាកដ​របស់​នាង​ដែល​លាក់​ពី​ក្រោម​ស្បៃ​បង្កប់​ដោយ​ត្បូង​ចរណៃ​នោះ​ទេ។

ស្ត្រី​នោះ​លើក​ដៃ​ទះ​បី​ដង បន្ទាប់​មក​លោក​រ៉ាទូ​ក៏​បាន​លត់​ជង្គង់​ឡើង​ដើម្បី​ឲ្យ​ខ្ពស់​ជាង​គេ​បន្តិច​ហើយ​និយាយ​ថា ៖

-ពិធី​លៀង​អាហារ​ចាប់​ផ្ដើម​ហើយ! អេឡា​មាន​សេចក្ដី​រំភើប​ដែល​បាន​ជួប​ពួក​អ្នក​ក្នុង​យប់​នេះ ពិសេស​គឺ​មិត្ត​ចាស់​របស់​នាង! សូម​មា្នក់ៗ​លើក​កែវ​ឡើង​ដើម្បី​អបអរសាទរ​ដល់​ពួក​គេ!

ដែល​ភ្ញៀវ​គ្រប់​គ្នា​ទៅជា​ង៉េមង៉ាម​មិនមែន​ដោយសារ​ភាសា​អង់គ្លេស​របស់​ជន​នោះ​រដាក់រដុប​ទេ​ ប៉ុន្តែ​គឺ​មក​ពី​ពាក្យ “មិត្ត​ចាស់” ដែល​ធ្វើ​ឲ្យ​គេ​នាំ​គ្នា​រេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន។

កេតឌីម៉ា​សម្លឹង​ទៅ​រក​បុរស​ម្ចាស់​ចិត្ត​ដែល​នៅ​ក្បែរ​អង្គរក្ស​វឿន និង​គង់។ សម្លៀកបំពាក់​គេ​បង្ហាញ​ថា​គេ​បាន​ងូត​ទឹក​សម្អាត​កាយ និង​ដោះដូរ​ត្រៀម​ខ្លួន​ល្អ​ប្រសើរ​ក្នុង​ការ​ចូលរួម​ពិធី​យប់​នេះ បាន​ន័យ​ថា​គេ​មិន​មាន​ភ័យ​ព្រួយ ឬ​សង្ស័យ​អ្វី​ទាំង​អស់​ចំពោះ​ក្រុម​កុលសម្ព័ន្ធ​អាសាដ​ ផ្ទុយ​ស្រឡះ​ពី​ពាក្យ​ដែល​លំអង​បាន​តំណាល​ប្រាប់​នាង​កាល​ពី​ព្រឹក។

នាង​សម្លឹង​ទៅ​បបូរ​មាត់​នាយ​ដែល​តែង​តែ​មាន​ស្នាម​ញញឹម​ និង​ស្រស់ស្រាយ​ ទោះ​បី​នេះ​ជា​ដំណើរ​ដ៏​ហត់នឿយ​ហើយ​មុខ​របួស​លើ​ខ្នង​គេ​មិន​ទាន់​សះ១០០%ក៏​ដោយ។

ពន្លឺ​ភ្នែក​គេ​ដែល​ផ្ដោត​ទៅ​រក​នារី​កូន​ស្រី​មេ​កុលសម្ព័ន្ធ​បាន​ធ្វើ​ឲ្យ​នាង​នឹក​ចម្លែក​ក្នុង​ចិត្ត។

“ម៉េច​ក៏​ពន្លឺ​ភ្នែក​គេ​ដូច​ជា​ផ្អែមល្ហែម​ហើយ​ស្គាល់​គ្នា​ជាមួយ​នារី​នោះ​យូរ​ណាស់​មក​ហើយ? ឬ​មួយ​ពាក្យ​ថា​មិត្ត​ចាស់​ដែល​លោក​រ៉ាទូ​និយាយ​អម្បាញ់មិញ ​គឺ​សំដៅ​លើ​ពីរ​នាក់​គេ?”។

នាង​ដៀង​ភ្នែក​ទៅ​រក​ស្ត្រី​នោះ​សាជាថ្មី​ ចំ​ពេល​ដែល​នារី​កុលសម្ព័ន្ធ​លើក​ដៃ​បម្រុង​ដោះ​ស្បៃ​មុខ​ចេញ។ កេតឌីម៉ា​បើក​ភ្នែក​ធំៗ​ដោយ​ភ្ញាក់​ផ្អើល តែ​ភ្លាម​នោះ​នាង​ក៏​ដឹង​ដែរ​ថា តាម​ពិត​នារី​នោះ​មិន​អាច​លៀងភ្ញៀវ ​ហើយ​ខ្លួន​ឯង​មិន​ដោះ​ស្បៃ​មុខ​នោះ​ទេ។

ស្រី​ស្អាត​កម្ពុជា​គិត​ផង​អរ​ផង ព្រោះ​តាម​ពិត​នាង​ក៏​ដូច​ប្រុសៗ​ទំាង​នោះ​ដែរ​ គឺ​ចង់​ឃើញ​មុខ​នារី​ដែល​លោក​រ៉ាទូ​កោត​គោរព​នោះ​ជា​ខ្លាំង។ ប៉ុន្តែ​នៅ​ពេល​ដែល​ស្បៃ​នោះ​ត្រូវ​ដោះ​ចោល​ចេញ​ នារី​បង្ហាញ​ម៉ូត​ទៅ​ជា​ស្រឡាំងកាំង​ ព្រោះ​រូប​សម្ផស្ស​របស់​កូន​ស្រី​កុលសម្ព័ន្ធ​ស្រស់​ត្រកាលត្រកុំ​ជាង​អស់​នារី​ទាំងឡាយ​ដែល​ខ្លួន​ធ្លាប់​បាន​ឃើញ។​ នាង​មាន​ថ្ងាស​​ស​ហ្មត់​ឥត​ហ្មង ថ្ពាល់​នាង​ក្រហម​រលោង​ដូច​ផ្លែ​មាក់ប្រាង​ បបូរ​មាត់​រាង​ដូច​បេះដូង​ហើយ​ក្រហម​ព្រឿងៗ​​ដូច​ជា​ផ្កា​កុលាប ពន្លឺ​ភ្នែក​ស្រឹម​ស្រទន់​​​ចិញ្ចើម​ទាំង​គូ​ខ្ទង់​សម​នឹង​លំអ​អលង្ការ​គ្រប​ក្រាល​លើ​ថ្ងាស​នាង។

សូម្បីតែ​កេតឌីម៉ា​ក៏​មាន​អារម្មណ៍​ចុះចាញ់​និមិត្ត​តែ​ឃើញ​ផ្ទៃ​មុខ​ទ្រវែង​ពេញ​ណែន​របស់​នារី​ព្រៃ​ភ្នំ​ កុំ​ថា​ឡើយ​ពួក​បុរស​ដទៃ​ដែល​បែរ​ទៅ​ជា​ចំហ​មាត់​ធ្លុង​ចោល​កែវ​ស្រា​ដែល​ត្រូវ​បាន​លើក​យក​មក​ដាក់​ពី​មុខ​ខ្លួន។

រាជិនី​នៃ​កុលសម្ព័ន្ធ​អាសាដ​ញញឹម ​មុន​ពេល​ងើប​មុខ​ហើយ​ប្រើ​ពន្លឺ​ភ្នែក​របស់​នាង​ទាក់ទាញ​ក្រសែ​ភ្នែក​​បុរស​ទាំង​ឡាយ​នៅ​ទីនេះ បន្ទាប់​មក​ងាក​ទៅ​រក​អភិជន​កម្ពុជា។

រាមនរិន្ទ​ផ្ដោត​ភ្នែក​ទៅ​លើ​ផ្ទៃ​មុខ​នារី​តូច​ទ្រនាប់។ ទោះបីជា​នាង​មិន​បាន​ទម្លាក់​សក់​ចេញ​មក​ក៏​រូប​សម្រស់​នោះ​មិន​ខុស​ពី​ពេល​ប្រមាណ​៨ឆ្នាំ​មុន​ដែល​អ្នក​បាន​ជួប​នាង​នៅ​ក្រុងMelbourne ប្រទេស​​អូស្ត្រាលី​នោះ​ដែរ។

អ្នក​ប្រុស​នឹក​ឃើញ​ដល់​ព្រលឹម​មួយ​ដែល​ផ្សែង​អព្ភ​ធ្លាក់​ក្រាស់​ឃ្មឹក ​ហើយ​រថយន្ត​ក្រុង​បាន​ចាកចេញ​១ដង្ហើម​មុន​ពេល​អ្នក​បាន​មក​ដល់​ចំណត​ឡាន។ ក្នុង​ភាព​ប្រញាប់ប្រញាល់​គេ​ចាំ​បាច់​ត្រូវ​តែ​រត់​ទៅ​តាម​ ប៉ុន្តែ​នៅ​ក្បែរ​នោះ​គេ​ក៏​បាន​ប្រទះ​ឃើញ​នារី​រាង​តូច​ច្រឡឹង​ម្នាក់​ទៀត​មក​ដល់​យឺត​ដំណាល​គ្នា។ បើ​ពឹង​ផ្អែក​លើ​ជំហាន​ជើង​វែងៗ​របស់​នាយ រាមនរិន្ទ​ដឹង​ថា​ខ្លួន​ប្រាកដ​ជា​អាច​រត់​ទាន់​ឡាន​នោះ ប៉ុន្តែ​នារី​ដែល​មាន​ជំហាន​ខ្លីៗ​នោះ​វិញ​គឺ​មិន​អាច​ទេ។ នាង​ប្រាកដ​ជា​ត្រូវ​រង់ចាំ​៤០​នាទី​ទៀត​ ទម្រាំ​នឹង​បាន​ឡាន​ទី២​មក​ដល់ ហើយ​នាង​ក៏​នឹង​ត្រូវ​ទទួល​ពិន័យ​ពី​ការ​ខក​ម៉ោង​រៀន​មិន​ខាន។ ឥត​ខ្ចី​រវល់​ច្រើន អ្នក​ប្រុស​កម្ពុជា​លូក​ដៃ​ទៅ​ចាប់​ក​ដៃ​នាង​ដើម្បី​យោង​ស្រី​ស្អាត​ឲ្យ​រត់​មក​ជាមួយ​គ្នា ​ប៉ុន្តែ​ក្នុង​គ្រា​ប្រថុចញ៉ុច​នាង​មិន​ត្រឹម​តែ​មិន​សប្បាយ​ចិត្ត​នឹង​ជំនួយ​នេះ​ ប៉ុន្តែ​បែរ​ជា​ឱន​មក​ខាំ​ដៃ​បុរស​ដែល​កំពុង​ចាប់​ក​ដៃ​ខ្លួន​នោះ​អស់​ទំហឹង​ធ្វើ​ឲ្យ​​សុភាព​បុរស​ស្រែក​អូយ​ទាំង​ឈឺ​ចុកចាប់​ ព្រោះ​ស្នាម​នោះ​មុត​រហូត​ដល់​ហូរ​ឈាម​រឹមៗ។

នឹក​ដល់​ត្រង់​ណេះ​ គេ​រេ​ភ្នែក​ទៅ​រក​បបូរ​មាត់​នាង។ ស្រី​ស្អាត​កុលសម្ព័ន្ធ​សើច​ចិញ្ចាច​តប​មក​រក​អ្នក​ប្រុស​កម្ពុជា​បង្ហាញ​ធ្មេញ​ស​ភ្លឺ​ដូច​ផ្កា​ម្លិះ គឺ​ធ្មេញ​នេះ​ហើយ​ដែល​បាន​ខាំ​ដៃ​អ្នក​ពេញ​ទំហឹង​ដោយ​សារ​នាង​យល់​ថា​ការ​ប៉ះពាល់​រវាង​បុរស​ចំពោះ​នារី​ក្រមុំ​ គឺ​ជា​ការ​ប្រមាថ​មួយ​ក្នុង​សាសនា​របស់​នាង។

អតីតកាល​អណ្ដែត​មក​វិញ​ក្នុង​ដួង​ចិត្ត​ស្រី​ក្រមុំ​ព្រៃ​ភ្នំ​ដូច​គ្នា។ ក្រោយ​ពេល​ដែល​ខាំ​ដៃ​បុរស​មាឌ​ធំ​មាំ​នោះ​ហើយ​ អ្នក​ទាំង​ពីរ​បាន​ទទួល​លទ្ធផល​ខក​ឡាន​ដូចគ្នា​ និង​ទទួល​ពិន័យ​រត់​តុ​នៅ​ភោជនីយដ្ឋាន​របស់​សាលារៀន​នៅ​ថ្ងៃ​សម្រាក​ដូច​គ្នា​ទៀត។ នារី​សិស្ស​ប្អូន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​សាកល​វិទ្យាល័យ Swinburne ក៏​បាន​ស្គាល់​សិស្ស​ច្បង​ស្អាត​សង្ហា​មក​ពី​ប្រទេស​កម្ពុជា​ចាប់ពី​ពេល​នោះ​មក។ នៅ​ពេល​ដែល​នាង​សម្រេច​ចិត្ត​សុំទោស​នាយ​ តាម​រយៈ​ការ​លាប​ថ្នាំ​ឲ្យ​ ​និង​ជួយ​ទៅ​ធ្វើ​ម្ហូប​ លាង​ចាន​នៅ​Apartment​ នាយ​ ក្នុង​ពេល​ដែល​ដៃ​អ្នក​ប្រុស​នៅ​មាន​របួស​នោះ គឺ​ស្រី​ស្អាត​ដែល​ចាប់​កំណើត​ក្នុង​សហគមន៍​ដ៏​តឹងរ៉ឹង​បាន​យល់​ព្រម​ផ្ញើ​បេះដូង​ទៅ​ក្នុង​ទ្រូង​អភិជន​កម្ពុជា​រួច​ទៅ​ហើយ​ គ្រាន់​តែ​នាង​មិន​ដែល​និយាយ​សារភាព​ចេញ​មក​តែ​ប៉ុណ្ណោះ។

“រាមនរិន្ទ! លោក​ជា​បុរស​ដំបូង​ដែល​បាន​ប៉ះពាល់​ខ្ញុំ ប្រសិន​លោក​មិន​មក​កោះ​ស្មៅ​លឿង​ទេ ខ្ញុំ​ក៏​មិន​យក​ប្ដី​ដែរ​ក្នុង​ជាតិ​នេះ! ”ស្រី​ស្អាត​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង​ ទន្ទឹម​នឹង​ពេល​គ្រាប់​ភ្នែក​ទាំង​បួន​វិញ​ត្របាញ់​ចូល​គ្នា​ក្រោម​ភាព​ទុក្ខ​ព្រួយ​របស់​អ្នក​បង្ហាញ​ម៉ូដ​ក្រៅ​សង្វៀន។

ស្នាម​ញញឹម​ និង​ពន្លឺ​ភ្នែក​ពួក​គេ​ដែល​កំពុង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ហេងហាង​ និង​ឯកោ។ នាង​ងាក​ទៅ​ម្ខាង ​ឃើញ​នាយBirdនិង​នាយ​គង់​ដែល​អៀន​អន់ ​ប្រឹង​លើក​កែវ​ស្រា​អក​ក្អឹក​បន្លប់​ភ្នែក។ កេតឌីម៉ា​ចាប់​ផ្តើម​ស្លន់ស្លោ​លែង​ខ្វល់​ពី​រឿង​តូច​ចិត្ត​ បែរ​ជា​នឹក​រលឹក​ទៅ​ដល់​សម្ដី​លំអង​សាជាថ្មី។

“ពុទ្ធោ​អើយ! ពីរ​នាក់​នោះ​នៅ​មិន​នៅ​ផឹក​ស្រា​របស់​គេ​ទៅ​ហើយ! ចុះ​បើ​ក្នុង​នោះ​មាន​ថ្នាំ​ដូច​ដែល​លំអង​ថា​មែន យើង​មិន​វរ​ទៅ​ហើយ​ទេ?”

នាង​ដឹង​ថា​រាមនរិន្ទ​កំពុង​លង់​សម្រស់​ស្រី​ដែល​ស្អាត​ដូច​ទេពធីតា​ក្នុង​រឿង​ព្រេង​នោះ​បាត់​ទៅ​ហើយ ដូចនេះ​អ្នក​បន្ទាប់​ដែល​នាង​សង្ឃឹម​គឺ​អង្គរក្ស​ឆ្លាតវៃ។ ស្រី​កម្សត់​ងាក​ទៅ​រក​នាយ​វឿន​ភ្លាម​ ​ប៉ុន្តែ​នាង​ត្រូវ​ស្រងាក​ចិត្ត​វិញ​ព្រោះ​បុរស​ខ្ពស់​ស្រាវ​ក៏​កំពុង​សម្លឹង​ទៅ​រក​នារី​ទទូរ​ស្បៃ​នោះ​ដោយ​ឈ្លក់​វង្វេង​ដូចគ្នា។

“ស្អី​គេ​នេះ? សូម្បី​តែ​អង្គរក្ស​ដ៏​ចំណាន​ក៏​អស់​ឫទ្ធិ​ក្រោម​សម្រស់​នាង​ទៅ​ហើយ​អ្ហី? ​”កេតឌីម៉ា​ដណ្ដឹង​សួរ​ខ្លួនឯង​ដោយ​ខកចិត្ត។ រឹត​តែ​វីវរ​នោះ​ គឺ​ពេល​នេះ​រាមនរិន្ទ​បាន​លើក​កែវ​ស្រា​ឡើង​ដើម្បី​កំដរ​ស្រី​ស្អាត​ម្ចាស់ផ្ទះ​ តប​នឹង​​ការ​លើក​កែវ​ឡើង​របស់​នាង​ក្នុង​ការ​អញ្ជើញ​នាយ។

ស្រី​ស្អាត​កម្ពុជា​ដែល​យល់​ថា​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​ជាមួយ​រាជិនី​ព្រៃ​ភ្នំ​បាន​នោះ​ ខំ​សម្លឹង​ទៅ​ប្រុស​ស្នេហ៍​ដោយ​ថប់​អារម្មណ៍។ តាំង​ពី​ព្រឹក​មិញ​មក ពេល​គេ​បាន​ដឹង​ពី​ការ​ទាក់​ទាម​ពី​មុន​របស់​នាង ​និង​ពាណិជ្ជករ​ដែក​ថែប គេ​បាន​ខឹង​ និង​មិន​ស្និទ្ធស្នាល​ជាមួយ​នាង​ទៀត​ទេ។ រហូត​មក​ដល់​ពេល​នេះ គេ​បាន​ជួប​ស្រី​ស្អាត​ម្នាក់ គេ​ហាក់​ភ្លេច​គិត​ថា នាង​ត្រដាបត្រដួស​មក​ដល់​តំបន់​គ្រោះថ្នាក់​ទាំង​នេះ​ក៏​ដើម្បី​តែ​អ្នក​ណា​ទៅ​ហើយ។ ទុក្ខ​ព្រួយ​របស់​នាងនៅ​តែ​មាន​ទំហំ​តូច​ជាង​ភាព​ភ័យខ្លាច។ ចុះ​បើ​កែវ​ស្រា​ដែល​គេ​បម្រុង​នឹង​ផឹក​នោះ​ពិត​ជា​មាន​សារជាតិ​ពុល​មែន​ហើយ​រាមនរិន្ទ​ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ពួក​កុលសម្ព័ន្ធ?​ តើ​នាង​នឹង​ធ្វើ​យ៉ាង​ណា?

ដោយសារ​គេ​ចរិត​ទៀងត្រង់ និង​មិន​ឈ្លាសវៃ ស្រី​ខ្មែរ​ដែល​គ្មាន​គេ​យក​ចិត្ត​ទុក​ដាក់ ប្រញាប់​ពោល​រារាំង​បុរស​ក្នុង​បេះដូង៖

-លោក​ប្រុស​រាម! ក្នុង​ស្រា​នោះ​មាន​ថ្នាំ​ពុល!

កូន​ប្រុស​អ្នក​នយោបាយ​មិន​ទាន់​ដក​ភ្នែក​ពី​ទេពធីតា​ព្រៃ​ភ្នំ​ទេ គេ​ឃើញ​នារី​នោះ​ប្រែ​ទឹក​មុខ​សន្សឹមៗ​ហើយ​ងាក​ទៅ​រក​ស្រី​បង្ហាញ​ម៉ូដ​ដែល​បាន​ស្រែក​ឮៗ​ដោយ​រន្ធត់​អម្បាញ់មិញ។ បុរស​ហួស​ចិត្ត។ នាយ​គិត​ថា កេតឌីម៉ា​នៅ​តែ​ជា​កេតឌីម៉ា ល្ងង់​ និង​មិន​យល់​កាលៈទេសៈ​សោះ។

ក្នុង​ខណៈ​ដែល​នាង​នៅ​ឡិងឡង់​ ព្រោះ​ឃើញ​ម្នាក់ៗ​ចោល​ភ្នែក​មក​រក​នាង​ដូច​ផ្ទាំង​ស៊ីប សំឡេង​ស្ត្រី​តូច​ច្រឡឹង​សួរ​មក​ត្រជាក់​ស្រិប៖

-នាង​ជា​អ្នកណា?

ស្រី​បង្ហាញ​ម៉ូត​រក​វាចា​តប​វិញ​ដែរ ​តែ​នាង​ឆ្លើយ​មិន​រួច​ព្រោះ​ទើប​តែ​ពេល​នេះ​ដែល​នាង​ចាប់អារម្មណ៍​ថា​នាង​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នក​ណា​ដែរ។ នាង​ងាក​មុខ​ទៅ​រក​បុរស​ដែល​កាល​ពី​យប់មិញ​បាន​ពោល​ពាក្យ​សន្យា​ជាមួយ​នាង​លើ​ដង​ទន្លេ។ គេ​ក៏​កំពុង​សម្លឹង​មក​នាង​ដូច​គ្នា។ បបូរ​មាត់​គេ​អត់​ញញឹម​ទេ តែ​ពន្លឺ​ភ្នែក​គេ​នៅ​តែ​ស្លូតបូត និង​មាន​ភាព​គួរ​ឲ្យ​គោរព។

គេ​និយាយ​មួយៗ​ដោយ​សម្លឹង​ទៅ​រក​ម្ចាស់​សំនួរ​វិញ៖

-នាង​ឈ្មោះ​កេតឌីម៉ា! នាង​ដឹកនាំ​ក្រុម​បង្ហាញ​ម៉ូដ​មក​កោះ​បាលី ហើយ​បន្ត​មក​ទីនេះ​ជាមួយ​ក្រុម​យើង!

ស្រី​មាន​អំណាច​ញញឹម​ស្រស់​តម្រង់​មក​រក​ផ្ទៃ​មុខ​ស្លេកស្លាំង​របស់​ក្រមុំ​កម្ពុជា។ នារី​នោះ​វ័យ​ឆ្លាត​ដល់​ថ្នាក់​មិន​បន្ត​សំនួរ​ទី២​មក​ទេ ​ទោះ​បី​ជា​ពន្លឺ​ភ្នែក​បុរស ស្រី​ខ្មែរ​ទាំង​ទ្វេ​ដែល​ងាក​រកគ្នា​ បាន​បង្ហាញ​ចេញ​នូវ​ទំនាក់ទំនង​ភាសា​បេះដូង​រវាង​ពួកគេ​ហើយ​ក៏​ដោយ។

ប្រការ​សំខាន់​ គឺ​នាង​មិន​ត្រឹម​ជា​ស្រី​ស្អាត​ដែល​រួម​ដំណើរ​មក​តាម​ផ្លូវ​វែង​ឆ្ងាយ​ជាមួយ​រាមនរិន្ទ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ហ៊ាន​ខ្វះ​ការ​គោរព​ដល់​ថ្នាក់​សង្ស័យ​ថា​ក្នុង​ស្រា​មាន​ថ្នាំពុល​ទៀត?

ក្នុង​ពេល​នារី​កុលសម្ព័ន្ធ​ប្រឹង​លេប​ភាព​ទោមនស្ស រាមនរិន្ទ​ដឹង​ថា​អ្នក​ក៏​ត្រូវ​តែ​ទ្រាំ​លេប​ស្រា​មួយ​កែវ​នោះ​ដែរ​ទើប​អាច​កែ​ស្ថានការណ៍​បាន។

គេ​ងាក​មក​រក​ម្ចាស់​ស្រី​នៃ​គេហដ្ឋាន​ធំ​ហើយ​ពោល​អញ្ជើញ​នាង៖

-Meddy! Cheer!

បុរស​លេប​ជាតិ​ស្រវឹង​ក្អឹក ​ប៉ុន្តែ​គេ​ត្រូវ​បើក​ភ្នែក​ធំៗ​ព្រោះ​ភេសជ្ជៈ​នោះ​ក្រអូប​ឆួល​ និង​មិន​មាន​ភាព​ហាង​ស្រវឹង​សូម្បី​តែ​មួយ​ភាគរយ។ រសជាតិ​វា​ផ្អែម​ឡមៗ​ ប៉ុន្តែ​មាន​ក្លិន​ចាប់​មាត់។ អភិជន​និយាយ​ដោយ​ញញឹម​ស្រស់ស្រាយ៖

-ពិសេស​មែន!

ស្រី​ស្អាត​កុលសម្ព័ន្ធ​ក្រេប​ភេសជ្ជៈ​តាម​ពី​ក្រោយ​ ហើយ​ទើប​និយាយ​តិចៗ​បង្អួត​ថ្ពាល់​ខួច​ជ្រៅ​របស់​នាង៖

-យើង​មិន​ចាប់​ផ្ដើម​ជាមួយ​ស្រា​ទេ! នេះ​ជា​ទឹក​ផ្កា​រំចេក មនុស្ស​នៅ​កុលសម្ព័ន្ធ​អាសាដ​មាន​វិធី​លាយ​ទឹក​នេះ​ឲ្យ​មាន​ក្លិន​ក្រអូប​មុត និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា! ភេសជ្ជៈ​នេះ​ទុក​ទទួល​តែ​ភ្ញៀវ​ពិសេស​ៗ​តែ​ប៉ុណ្ណោះ។

បុរស​កម្ពុជា​ដឹង​ថា​សម្ដី​នាង​ គឺ​ចង់​ឌឺដង​ដល់​វាចា​មិន​ដឹង​ខុសត្រូវ​របស់​ស្រី​បង្ហាញ​ម៉ូត​ស្លូតត្រង់​ដែល​មុន​នេះ​មិន​ចេះ​ទប់​ចិត្ត​បង្អាប់​បង្អោន​បដិសណ្ឋារកិច្ច​របស់​ម្ចាស់ផ្ទះ​កណ្ដាល​ចំណោម​នោះ។ គេ​និយាយ​មួយៗ​ក្រោម​ពន្លឺ​ភ្នែក​សង្ស័យ​របស់​កេតឌីម៉ា៖

-សូមទោសMeddy! តាម​ផ្លូវ​មក​ពួក​យើង​ជួប​រឿង​ច្រើន​គួរសម ពិសេស​នៅ​ភូមិ​ភូវីខាន់! ម្នាក់ៗ​មាន អារម្មណ៍​មិនទាន់​ល្អ​វិញ​ទេ !

ក្នុង​ពេល​ទទួលអារម្មណ៍​ថា​ហេតុអ្វី​បុរស​នេះ​ចេញ​មុខ​ជួយ​និយាយ​ឲ្យ​ស្រី​បង្ហាញ​ម៉ូដ​ដល់​ម្ល៉ឹង ស្រី ស្អាត​ញញឹម​មក​កាន់​បុរស​សង្ហា នាង​វាចា​ស៊កសៀត៖

-ពួក​ខ្ញុំ​នៅ​ក្នុង​ព្រៃភ្នំ ត្រូវ​គេ​គិត​ខុស​បន្តិចបន្តួច​ក៏​មិន​អី​ដែរ!

កូនប្រុស​អ្នកតំណាងរាស្ត្រ​ញញឹម ​តែ​គេ​នៅ​មិន​ទាន់​បាន​ឆ្លើយតប​ចំពោះ​វាចា​តរុណី ម្ចាស់ផ្ទះ​នៅ​ឡើយ ​រវល់​តែ​ពិចារណា​ថា​ដែល​កេតឌីម៉ា​ច្របូកច្របល់​អារម្មណ៍​ដល់​ថ្នាក់​ភ្លាត់​ឮមាត់​និយាយ​ស្ដី​បែប​មិន​ទុកចិត្ត​ម្ចាស់ផ្ទះ​ តើ​មក​ពី​នាង​អន្ទះសា​គិត​ពី​សុវត្ថិភាព​របស់​គេ​មែន​ ឬ​​នាង​អន្ទះសា​ដោយ​សារ​ចង់​ជួយ​នាយKenបំផ្លាញ​ផែនការ​ទិញ​យក​វត្ថុបុរាណ​របស់​ខ្លួន?

អ្នកប្រុស​កម្ពុជា​ចាប់ផ្ដើម​គ្រហែម​យក​សំឡេង​ដើម្បី​និយាយ​ស្ដារ​បំបាត់​ភាព​ទោមនស្ស​របស់​អេឡា៖

-អ្នក​ទាំងអស់​ចាំ​ស្ដាប់!​ Meddyគឺ​ជា​មិត្ត​ចាស់​របស់​ខ្ញុំ! ពួក​យើង​ស្គាល់​គ្នា​តាំង​ពី​នៅ​ប្រទេស​អូស្ត្រាលី!នាង​ជា​មិត្ត​ដ៏​ល្អ ឈឺឆ្អាល ​និង​មាន​ចិត្ត​ស្មោះត្រង់! ពួក​យើង​មាន​អនុស្សាវរីយ៍​ល្អ​ច្រើន​ជាមួយ​គ្នា!ដំណើរ​មក​កាន់​កោះ​ស្មៅ​លឿង​លើក​នេះ​ ខ្ញុំ​ទុក​ថា​មាន​សំណាង​ណាស់​ដែល​បាន​ជួប​នាង! ទោះ​បី​នាង​ដូរ​ឈ្មោះ​ទៅ​ជា​អេឡា​ តែ​ក្នុង​ចិត្ត​ពួក​យើង​នៅ​តែ​ជា​មិត្ត! យើង​កុំ​បាច់​ក្រែង​ចិត្ត! រឿង​ថ្នាំ​ពុល​អី​នោះ​​បំភ្លេច​ចោល​ទៅ យើង​ចេញ​ពី​ភូមិ​ភូវីខាន់​ឆ្ងាយ​ណាស់​ហើយ!

គេ​ដៀង​ភ្នែក​ទៅ​រក​ស្រី​ស្អាត​កម្ពុជា​ដែល​កំពុង​សម្លឹង​មក​ខ្លួន​ពី​ចម្ងាយ​ភ្លឹះៗ។ ពន្លឺ​ភ្នែក​រាមនរិន្ទ​ហាក់​ចង់​ប្រាប់​កេតឌីម៉ា​ថា​ឲ្យ​ឈប់​ធ្វើ​អី​ឆ្កួតៗ នឹង​ចង់​ដាស់​តឿន​នាង​ថា​នារី​ម្នាក់​នេះ​ល្អ​ស្មោះ​ ល្មម​ទុក​ចិត្ត​ថា​គេ​មិន​ចេះ​​កលល្បិច​​ដាក់​ថ្នាំ​ក្នុង​ទឹក​ដូច​ខ្លួន​នាង​នៅAmandariទេ។

នៅ​ម្ខាង​ណេះ​វិញ កេតឌីម៉ា​កាន់​តែ​មាន​អារម្មណ៍​ចម្លែក នាង​យល់​ថា​ហាក់​ដូចជា​ច្រណែន​ប្រចណ្ឌ​និង​តូច​ចិត្ត​ខ្លាំង​ឡើងៗ។​ នារី​នៅ​ទី​នេះ​មាន​អំណាច​ មាន​បរិវារ​ ចំណែក​រាមនរិន្ទ​ជា​កន្លង់​ស្រស់​សង្ហា​មាន​ទ្រព្យ​ មាន​អ្នក​ហែហម​ បើ​និយាយ​ថា​ពួកគេ​មិន​សម​គ្នា​គឺ​ពិត​ជា​កុហក​ខ្លួន​ឯង​ច្បាស់​ណាស់។កាន់តែ​ចម្លែក​នោះ​គឺ​ស្ត្រី​នោះ​ឈ្មោះ​អេឡា​សោះ​ ម៉េច​ក៏​ត្រូវ​រាមនរិន្ទ​ហៅថា​Meddy ​ដូចជា​ស្និទ្ធស្នាល​ម្ល៉េះ? គេ​ទើបតែ​មក​ប្រាប់​ថា​ស្គាល់​គ្នា​ជាយូរមកហើយ? ចុះ​បើ​អញ្ចឹង​ម៉េច​ក៏​គេ​មិនដែល​និយាយ​ថា​គេ​មាន​ស្គាល់​អ្នកណា​នៅ​កោះ​ស្មៅ​លឿង​នេះ?

កេតឌីម៉ា​សន្សឹមៗ​យល់ថា​នាង​មិន​ស្គាល់​ចិត្ត​ប្រុសៗ​សោះ។ ដូចជា​នាយKenនាង​ស្គាល់​ច្រើន​ខែ​ហើយ​ក៏​ទើប​តែ​ដឹង​ពី​មុខមាត់​ពិត​របស់​គេ ​ចំណែក​រាមនរិន្ទ​ទោះ​បី​រស់នៅ​ស្និទ្ធស្នាល​ជាមួយគ្នា​តែ​ពេលនេះ​នាង​មាន​អារម្មណ៍​ថា​នាង​មិន​ស្គាល់​គេ​ច្បាស់​ និង​មិន​ដឹង​ពី​គោលដៅ​ពិតប្រាកដ​របស់​គេ​ទេ។ នារី​ឈ្ងោកមុខ​ដោយ​ទោមនស្ស។​

ឃើញ​ស្ថានការណ៍​ទៅជា​មិន​អំណោយ​ផល​ដើម្បី​សម្រួល​បរិយាកាស​មកវិញ​ លោក​រ៉ាទូ​ទះ​ដៃ​ផូងៗ​ហើយ​ស្រែក​ខ្លាំងៗ៖

-យក​ម្ហូប​ចេញ​មក!

ទឹកឃ្មុំ​លាយ​គ្រាប់​ធញ្ញជាតិ​ និង​សាច់​ដុត​ ត្រូវ​បាន​រៀប​ចេញ​មក​ត្រៀបត្រា ​ទទួល​ក្រុម​អ្នកដំណើរ​ដែល​អត់​អាហារ​តាំង​ពី​ព្រឹក។ ​គាប់​ជួន​ម្នាក់ៗ​គាប់​ភ្នែក​នឹង​សម្រស់​ស្រី​ស្អាត​ ព្រម​ទាំង​ទុកចិត្ត​ថា​នាង​ជា​មិត្ត​ចាស់​របស់​ចៅហ្វាយ​ខ្លួន​ផង​ ការ​លៀង​សាច់​ដុត​ជាមួយ​ស្រា​ស្រូវ​សាលី​ បាន​ប្រព្រឹត្តទៅ​ដោយ​សោមនស្ស ​ដោយមាន​ការ​ជជែក​ដេញដោល​ពី​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នក​កុលសម្ព័ន្ធ​នេះ​យ៉ាង​ជក់ចិត្ត​ផង។ ពេលនោះ​ហើយ​ដែល​ពួក​គេ​ដឹង​ថា នារី​ដែល​ជា​មិត្ត​ចាស់​របស់​រាមនរិន្ទ​នាង​មាន​ឈ្មោះ​ពិត​ថា Meddyដែល​ជា​ឈ្មោះ​ដ៏​ល្អ​របស់​ស្រ្តី​តាម​បែប​សាសនា។ នាង​បាន​ចេញ​ពី​ធានី​ហ្សាកាតា​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ប្រទេស​អូស្ត្រាលី​ ទី​ដែល​នាង​បាន​ជួប​កម្លោះ​អភិជន​កម្ពុជា។ នៅ​ក្រោយ​ថ្ងៃ​ដែល​នាង​បាន​ខាំ​ដៃ​នាយ​ ដោយ​យល់​ថា​នាយ​ហ៊ាន​ល្មើស​វិន័យ​សាសនា​កុលសម្ព័ន្ធ​អាសាដ​មក​ចាប់​កាន់​ដៃ​នាង​រត់​ឡើង​រថយន្ត​ក្រុង​ នាង​ក៏​ចាប់​ផ្ដើម​ស្គាល់​ពី​បុរស​ម្នាក់​នោះ​ច្រើន​ជាង​មុន​ថា​គេ​ជា​កូនទោល​មក​ពី​គ្រួសារ​ថ្នាក់​ទី១​ក្នុង​សង្គម ​ប៉ុន្តែ​ទទួល​យក​ការ​រស់នៅ​មិន​ខុស​ពី​និស្សិត​អាហារូបករណ៍​ឡើយ។ គេ​គ្មាន​រថយន្ត​ផ្ទាល់​ខ្លួន​គ្មាន​អ្នក​បម្រើ​តែ​​រៀន​បាន​ពិន្ទុ​ល្អ​ជានិច្ច។ នារី​កុលសម្ព័ន្ធ​ និង​បុរស​កម្ពុជា​បាន​ក្លាយ​ជា​មិត្ត​ស្និទ្ធស្នាល​ដឹង​សុខទុក្ខ​ និង​ជួយ​គ្នា​ជានិច្ច​រហូត​ដល់​សកម្មភាព​ទាំង​ឡាយ​ដែល​រំលឹក​មក​វិញ​ពី​ក្នុង​អនុស្សាវរីយ៍​៨ឆ្នាំ​មុន​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ និង​ផ្អែមល្ហែម។

អេឡា​គឺ​ជា​ឈ្មោះ​មេដឹកនាំ​របស់​កុលសម្ព័ន្ធ​នេះ ​ដោយ​សារ​នាង​ទទួល​ភារៈ​នេះ​បន្ត​ពី​ឪពុក​ដែល​បាន​ស្លាប់​ទៅ មាន​ន័យ​ថា​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​អ្នក​ដឹកនាំ​កុលសម្ព័ន្ធ​ ត្រូវ​តែ​ទទួលការ​ហៅ​របៀប​នេះ​ដូចគ្នា ​ដូច្នេះ​ហើយ​បានជា​កាល​ពី​ដំបូង​ក្រុម​អ្នក​ដំណើរ​យល់ថា​នាង​មាន​ឈ្មោះ​អេឡា។

ទោះបី​ជា​យ៉ាងណា​ឥន្ទប្បដិមា​នរាធិបតិន្ទ​មិន​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​ក្នុង​ឱកាស​នោះ​ឡើយ។​​

រហូត​ដល់​ពាក់​កណ្ដាលយប់​ទើប​ប្រុសៗ​ទាំងនោះ​បញ្ឈប់​ការ​សោយសុខ​គ្រឿង​ស្រវឹង​ហើយ​បបួល​គ្នា​លា​ម្ចាស់ផ្ទះ​ត្រឡប់​ទៅកាន់​អាគារ​សម្រាក​វិញ។

កេតឌីម៉ា​ក៏​ត្រូវ​បាន​ក្រុម​ស្ត្រី​ពាក់​ស្បៃ​មុខ​នាំ​យក​ទៅ​សម្រាក​នៅ​បន្ទប់​ដោយ​ឡែក​ផ្សេង​ទៀត​ក្បែរ​មាត់​ទឹក​ដែរ។ នារី​បង្ហាញ​ម៉ូដ​ត្រូវ​ទៅ​ដោយ​បង្ខំ​ចិត្ត​ ព្រោះថា​នាង​មិន​ចង់​បែក​ពី​បុរស​ម្ចាស់​ចិត្ត​ដែល​នៅ​បន្ត​អង្គុយ​ជាមួយ​មិត្ត​ចាស់​របស់​គេ​ហើយ​គ្មាន​សញ្ញា​ថា​គេ​ចង់​ចាកចេញ​ពី​នារី​នោះ​សោះ។

នាង​ត្រូវ​បាន​ជូន​មក​ដល់​កូន​បន្ទប់​ប្រក់​ស្លឹក​ ដែល​សង់​ជា​ជួរ​ក្បែរ​មាត់​ទឹក​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ស្នាក់​របស់​អង្គរក្ស​រាមនរិន្ទ​ដទៃ​ឡើយ។ នៅ​ក្នុង​បន្ទប់​តូច​ដែល​មាន​បរិវេណ​ជា​រង្វង់​មូល នាង​ឃើញ​មាន​កូន​គ្រែ​ឈើ​ និង​កូន​តុ​តូច​ដែល​មាន​ទាន​អុច​បំភ្លឺ​ជាស្រេច។​ បង្អួច​មួយ​នៅ​ខាង​ស្ដាំ​ដៃ​គ្មាន​វាំងនន​តុបតែង​ដូច​នៅ​ផ្ទះ​ធំ​ទេ​ ប៉ុន្តែ​មាន​ក្បូរក្បាច់​រចនា​ជាប់​នឹង​ឈើ​តែ​ម្ដង។

ធីតា​ប្រាស់​ខ្លួន​លើ​ខ្នើយ​កើយ​ដែល​មាន​រាង​ដូច​ស្និត​ចេក​ និង​រឹង​ដូចជា​អង្គត់​ឈើ។

“នេះ​ប្រហែល​ជា​ទម្លាប់​របស់​កុលសម្ព័ន្ធ​អាសាដ​ក្នុង​ការ​កើយ​របស់​រឹង​បែប​ហ្នឹង​ដឹង? យើង​ប្រាកដ​ណាស់​ថា​គេ​មិនមែន​ញាត់​គ​ក្នុង​ហ្នឹង​ទេ តែ​បើ​ថា​ចាំង​អង្គត់​ឈើ​មក​ប្រើ​ប្រហែល​ជា​ត្រូវ​ជាង” ​នារី​គិត​ម្នាក់​ឯង​ស្ងាត់ៗ​ទាំង​ទោមនស្ស។

នាង​ប្រាស់​ខ្លួន​យឺតៗ​ទៅ​លើ​គ្រែ​ទាំង​ហេងហាង​ក្នុង​ចិត្ត។ តាំង​ពី​ព្រឹក​មក​សូម្បី​តែ​ចំណី​មួយ​ម៉ាត់​ទ្រាប់​ពោះ​ក៏​គ្មាន ទម្រាំ​មក​ដល់​ឃើញ​សាច់​ចៀម​ដែល​ក្លិន​ឆ្អេះ​ឆួល ​នាង​កាន់​តែ​លែង​នឹក​នា​ឃ្លាន​បាយ​ទឹក។​ ប្រការ​សំខាន់​នៅ​ពេល​នេះ​ គឺ​ថា​នាង​មិន​បាន​ខ្វល់ខ្វាយ​ និង​រឿង​ក្រពះ​ទេ​ ប៉ុន្តែ​រឿង​បុរស​សង្ហា​ដែល​ឃ្លាត​ឆ្ងាយ​ពី​ប្រាណ​កំពុង​ដិតដាម​ជាប់​ក្នុង​ចិត្ត។ នាង​ដឹង​ថា​ពួក​គេ​ទំនង​ជា​រង់ចាំ​ឱកាស​ស្ងាត់​នឹង​អាល​ជជែក​ពី​វត្ថុ​បុរាណ​នោះ​តទល់ ប៉ុន្តែ​នៅ​តែ​មាន​ចម្ងល់​ជា​ច្រើន​ដែល​នាង​យល់ថា​មិន​សម​ទំនង​សោះ។

“បើ​សិន​នាង​ម្នាក់​ឈ្មោះ Meddyនោះ​មាន​របស់​ហ្នឹង​មែន ហេតុអ្វី​គេ​មិន​ដឹង​ថា​រាមនរិន្ទ​ចង់​បាន ​ព្រោះ​កាល​នៅ​កន្លែង​ដេញ​ថ្លៃ​គេ​បាន​បង្ហាញ​មុខ​ និង​ដេញ​ថ្លៃ​ជា​សាធារណៈ​ហើយ ថែម​ទាំង​ពេលWinter JayaBuraរលំ គេ​រត់​ចូល​ទៅ​រក​ជួប​តា​ឈ្មោះ​រ៉ាទូ​នោះ​ផង ម៉េច​គេ​មិន​លក់​ឲ្យ​ភ្លាម ​បែរ​ជា​បញ្ឆោត​យើង​ឲ្យ​មក​ដល់​ទីនេះ?​ បើ​គេ​ជា​មិត្ត​នឹង​គ្នា​មែន ​ម៉េច​ក៏​កន្លង​មក​រាមនរិន្ទ​ដូចជា​មិន​ដឹង​ថា​នាង ​Meddyនៅ​កោះ​ស្មៅ​លឿង? តែ​នាង​នោះ​វិញ​ដូច​ជា​ដឹង​ពី​ដំណើរ​រាមនរិន្ទ​ច្បាស់​យ៉ាង​នេះ? ចំណែក​លំអង​វិញ ពេល​រំលឹក​ពី​គ្រោះថ្នាក់​លើ​កោះ​ស្មៅ​លឿង ​គឺ​និយាយ​តែ​ពី​លោក​រ៉ាទូ​នេះ​ ដោយ​មិន​បាន​និយាយ​ពី​ស្រី​ស្អាត​មេ​ដឹកនាំ​កុលសម្ព័ន្ធ​សោះ ឬ​មួយ​នាយKen ​និង​លំអង​មិន​បាន​ជួប​ស្រី​ម្នាក់​នេះ​ទេ ព្រោះ​គោលដៅ​របស់​គេគឺ​រាមនរិន្ទ?”

កាន់​តែ​គិត​រឹត​តែ​ស្មុគស្មាញ។ ​ស្រី​ស្អាត​ក្រោក​អង្គុយ​សាជាថ្មី​នៅ​ពេល​ដែល​ចិត្ត​កាន់​តែ​នៅ​មិន​សុខ។នាង​យល់​ថា​ម្នាក់ៗ ទុក​ចិត្ត​ស្ថានការណ៍​នៅ​ទីនេះ​ព្រោះ​តែ​អាង​ថា​ចៅហ្វាយ​ប្រុស​គេ​ធ្លាប់​ស្គាល់​នារី​នោះ​ពី​មុន​មក ប៉ុន្តែ​តាម​អារម្មណ៍​ជា​មនុស្ស​ស្រី​កេតឌីម៉ា​នៅ​តែ​យល់​ថា​ស្ត្រី​នោះ​មាន​អាថ៌កំបាំង​ច្រើន ពិសេស​កែវ​ភ្នែក​នាង​ពេល​សម្លឹង​មើល​មក​រាមនរិន្ទ ​ដូចជា​បង្ហាញ​ថា​នាង​បាន​ដឹង​ពី​ស្នេហា​របស់​រាមនរិន្ទ​​ និង​ខ្លួន​តាំង​ពី​កោះ​បាលី​មក​ដល់​ទីនេះ​គ្មាន​សល់​ចន្លោះ​ទេ​ គ្រាន់​តែ​នារី​នោះ​មិន​និយាយ​ចេញ​​មក​តែ​ប៉ុណ្ណោះ។

ទោះ​បី​ការ​តូច​ចិត្ត​ និង​កូន​ចិត្ត​ប្រច័ណ្ឌ​កើត​មាន​ឡើង​ជា​ធម្មតា​ដោយ​សារ​សង្កេត​ឃើញ​ពួកគេ​ស្និទ្ធស្នាល​​ ហើយ​នារី​នោះ​ទៀត​សោត​ក៏​មាន​រូប​សម្ផស្ស​ពិបាក​រក​អ្នក​ប្ដូរ ​ប៉ុន្តែ​ជា​មនុស្ស​ស្រលាញ់​ និង​យល់​ចិត្ត​គ្នា ឌីម៉ា​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​បុរស​របស់​នាង​មិន​ស្រលាញ់​ស្រី​នោះ​ទេ​ទោះ​ជា​ភាគី​ខាង​ស្រី​ហាក់​បង្ហាញ​សញ្ញា​អាថ៌កំបាំង​ខ្លះៗ​ជុំវិញ​មនោសញ្ចេតនា​នាង​ចំពោះ​កម្លោះ​ភ្នំពេញ​ក៏​ដោយ។ ប្រការ​ចំពោះ​មុខ​គឺ​នាង​កំពុង​គិត​ពី​សុវត្ថិភាព​កូន​ប្រុស​អ្នក​នយោបាយ​ច្រើន​ជាង។ យប់​ថ្មើរ​ណេះ គេ​នៅ​ទីនោះ​តែ​ម្នាក់​ឯង ទោះ​បី​ជជែក​ពី​រឿង​ឥន្ទប្បដិមា​ រង់ចាំ​ដល់​ស្អែក​ព្រឹក​ក៏​មិន​ទាន់​ថា​យឺត​ពេល​ដែរ។

នាង​ក្រោក​ចេញ​ពី​គ្រែ​ ហើយ​ដើរ​ទៅ​បើក​ទ្វារបង្អួច​អើត​មើល​ទៅ​ក្រៅ។ ចំហាយ​ត្រជាក់​សម្រុក​ចូល​មក​វឹង​បបោស​អង្អែល​ប្រាណ​នារី​ឯកា។ ​នៅ​ក្រោម​ពន្លឺ​ខ្មៅ​ស្រអាប់ និង​ក្លិន​បុប្ផា​ក្រអូប​ទាក់ទាញ នាង​មិន​មាន​ឃើញ​មនុស្ស​មាន​ជីវិត​ណា​ម្នាក់​នៅ​ក្នុង​សួន​ទេ។ នាង​ងើប​មុខ​សម្លឹង​ទៅ​កាន់​ផ្ទះ​ធំ។ ពន្លឺ​ភ្លើង​នៅ​ភ្លឺ​ស្រាល​បង្ហាញ​ថា​ប្រុស​ស្រី​ទាំង​ទ្វេ​មិន​ទាន់​បាន​បញ្ចប់​ការ​ជួប​ជុំ​របស់​គេ​នៅ​ឡើយ។កេតឌីម៉ា​មិន​ងឿង​ឆ្ងល់​ទេ​ ព្រោះ​នាង​ដឹង​ថា​សម្រាប់​រាមនរិន្ទ​ការ​នៅ​ដល់​រំលង​អាធ្រាត្រ​មិន​មែន​ជា​រឿង​ចម្លែក​ ប៉ុន្តែ​ដែល​នាង​មិន​សូវ​ស្រួល​ចិត្ត​គឺ​មុន​នេះ​ទាំង​កូន​ចៅ​ និង​មេ​កើយ​ហាក់​បាន​ក្រេប​គ្រឿង​ស្រវឹង​ច្រើន​គួរសម​រហូត​ដល់​កូន​ចៅ​ទន់​ខ្លួន​ប្រមូល​គ្នា​ត្រឡប់​ទៅ​រក​គ្រែ។

តែ​នាង​ជា​មនុស្ស​ស្រី​ហើយ​មាន​តែ​ម្នាក់​ឯង​ទៀត តើ​នាង​គួរ​ធ្វើ​យ៉ាង​ណា ឬ​​ត្រូវ​ចូល​ទៅ​សម្ងំ​ធ្មេច​ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​គិត?

ស្រមោល​មួយ​បង្ហាញ​ខ្លួន​ភ្លែត​កាត់​ពី​មុខ​នាង​ជាមួយ​សម្រិប​ជើង​ស្រាល​ស្ងើក​ និង​ដំណើរ​ដ៏​​រហ័ស​រហួន​។ ​ទោះ​យ៉ាង​ណា​កម្ពស់​របស់​គេ​អាច​ឲ្យ​ឌីម៉ា​ស្មាន​ដឹង​ថា គេ​មិន​មែន​ជា​មនុស្ស​ក្នុង​ក្រុម​កង​ការពារ​រាមនរិន្ទ​ទេ ប៉ុន្តែ​ប្រាកដ​ជា​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស​នៅ​ក្នុង​កុលសម្ព័ន្ធ​អាសាដ។​ ដោយ​ភ័យ​ក្តុក​ក្នុង​ពោះ ស្រី​ស្រស់​ថយ​ក្រោយ​ក្រាក​មក​ប៉ះ​អែប​នឹង​ជញ្ជាំង​បន្ទប់​វិញ​ តែ​ភ្នែក​​មើល​ទៅ​កាន់​ទិសដៅ​ដែល​ស្រមោល​កំពុង​បោល​មក​មុន​រូបរាង​មនុស្ស​ពិត។

មិន​ដល់​បី​ដង្ហើម​ទេ រូបរាង​មនុស្ស​ដែល​នាង​ស្គាល់​ បង្ហាញ​ខ្លួន​ជាមួយ​អ្វី​មួយ​នៅ​លើ​ដៃ។ ទោះ​យប់​ងងឹត​ហើយ​កន្លែង​នាង​ឈរ ​និង​កន្លែង​មនុស្ស​នោះ​ដើរ នៅ​ប្រមាណ​១០ជំហាន​ពី​គ្នា តែ​កេតឌីម៉ា​អាច​មើល​ស្គាល់​ថា​ម្នាក់​នោះ​ជា​លោក​រ៉ាទូ តួ​ឯក​សំខាន់​នៃ​រឿង​ឥន្ទប្បដិមា។ ដំណើរ​ជន​នោះ​​រលះរលាំង ក្រឡេក​មើល​ឆ្វេង​ស្ដាំ​ម៉ត់ចត់​ផង​ ធ្វើ​ឲ្យ​នារី​ត្រូវ​តែ​ថយ​មក​ពួន​បន្តិច​ ទម្រាំ​គាត់​ដើរ​ទៅ​ផុត​ទើប​បាន​នាង​ហ៊ាន​ងាក​មក​មើល​វិញ​ពេល​នោះ​នាង​បាន​ឃើញ​ត្រឹម​ខ្នង​គាត់​ដោយ​មិន​ដឹង​ថា​តើ​បុរស​នោះ​កាន់​អី្វ​នឹង​​ដៃ​ឡើយ។ ដែល​រឹត​តែ​សំខាន់​ទៀត​នោះ​ គឺ​គាត់​មិន​បាន​ដើរ​ទៅ​ផ្ទះ​ធំ​ទេ គឺ​ចាកចេញ​ទៅ​កាន់​ទិស​មួយ​ទៀត​ដែល​គ្រប​ដណ្ដប់​ដោយ​ចម្ការ​អូលីវ​វែង​អន្លាយ។

“លោក​រ៉ាទូ​នេះ​​ កណ្ដាល​អាធ្រាត្រ​ហើយ​​រលះរលាំង​ទៅ​ណា​ទាំង​ស្លើតស្លក់​ ទាំង​ភ័យ​ភិត? ចម្ការ​នោះ​ធំ​ណាស់ បើ​គាត់​ទៅ​ផ្ទះ​វិញ​ក៏​គួរ​ទៅ​តាម​ផ្លូវ​ភូមិ​ដែរ! ចំណែក​របស់​លើ​ដៃ​គាត់​នោះ​​តើ​ជា​របស់​អ្វី​ទៅ? តែ​ទោះ​យ៉ាង​ណា​ យើង​មិន​ខ្វល់​រឿង​អ្នក​ដទៃ​ទេ យើង​ខ្វល់​​តែ​រឿង​រាមនរិន្ទ​តែ​ប៉ុណ្ណោះ” នាង​ដើរ​ទៅ​បើក​កាបូប​យក​កូន​ពិល និង​កាំបិត​បត់​ខ្លី​ចេញ​មក រួច​ទៅ​បើក​ទ្វារ​ចាកចេញ​សំដៅ​ខ្ទម​ស្លឹក​ជាប់​នោះ​ក្នុង​បំណង​ទៅ​រក​អង្គរក្ស​ជំនិត​របស់​រាមនរិន្ទ​ដើម្បី​ពិភាក្សា​ជាមួយ​គេ។

ដោយ​ឥត​ព្រាង​ទុក ធីតា​បង្ហាញ​ម៉ូត​ដែល​ខ្ពស់​ស្រលះ​ ខុស​ពី​នារី​កុលសម្ព័ន្ធ ​បោះ​ជំហាន​មួយៗ​តម្រង់​ទៅ​មក​ដល់​បន្ទប់​មួយ​នៅ​ពី​មុខ​គេ ហើយ​សម្លឹង​តាម​បង្អួច​ដើម្បី​ពិនិត្យ​ថា​តើ​គេ​ជា​អង្គរក្ស​រូប​ណា?

ពន្លឺ​ពិល​ត្បិត​តែ​ខ្សោយ​ដោយសារ​នាង​មិន​ចង់​ឲ្យ​មាន​អ្នក​ផ្សេង​ឃើញ តែ​ក៏​ល្មម​អាច​ឲ្យ​នាង​ឃើញ​ទឹក​មុខ​នាយBirdដែល​ដេក​លក់​ស្កប់ស្កល់​ដែរ។

ស្រី​បង្ហាញ​ម៉ូដ​ស្រែក​ហៅ​តិចៗ៖

-បងBird! បងBird?

បុរស​កង​ការពារ​នៅ​តែ​ស្ងៀម​ឥត​កម្រើក ទោះ​ជា​នាង​ខំ​សាកល្បង​ដាស់​ច្រើន​ដង​ទៀត​ក្ដី។ នាង​ទ្រាំ​មិន​បាន​ក៏​យក​ដៃ​អង្រួន​គេ ប៉ុន្តែ​គេ​នៅ​តែ​មិន​​មាន​សញ្ញា​ស្វាង​ចេញ​ពី​ភាព​ងោកងុយ​សោះ។

“មាន​មនុស្ស​ស្រវឹង​ដល់​ថ្នាក់​ដេក​ស្ងៀម​ឈឹង​អត់​កម្រើក​អញ្ចឹង​ដែរ? អាការៈ​គេ​ដូចជា​កំពុង​ត្រូវ​សណ្ដំ​ទើប​សម” នាង​គិត​ហើយ​ស្ទុះ​វឹង​ទៅ​បន្ទប់​មួយ​ទៀត។ ដោយ​បន្ទប់​នោះ​បិទ​បង្អួច​ជាប់​ម៉ឺង​ នាង​ក៏​ហួស​ទៅ​បន្ទប់​ទី៣។ ដូចគ្នា​នឹង​បន្ទប់​ទី២​ដែរ នាង​ក្រមុំ​ឃើញ​កង​ការពារ​ម្នាក់​ទៀត​ដេក​លក់​ច្រងាប់ច្រងិល​ទៅ​លើ​កម្រាល​ក្តា​ហើយ​នៅ​តែ​មិន​ភ្ញាក់​ដឹង​ខ្លួន​ទៀត?

នាង​ត្រិះរិះ​ទាំង​បើក​ភ្នែក​ធំៗ៖

“វីវរ​ហើយ! ពួកគេ​សុទ្ធ​តែ​យោង​អាត្មា​ក៏​មិន​រួច​ផង​ បើ​យប់​នេះ​មាន​រឿង​អី​កើត​ឡើង​ចំពោះ​អ្នកប្រុស​គេ តើ​បាន​អ្នក​ណា​ជួយ​ទៅ”។

នាង​ក្ដាប់​ដៃ​ហើយ​ចាប់​ផ្ដើម​បោះបង់​ចោល​បំណង​ទៅ​រក​អង្គរក្ស​វឿន​ដោយ​សារ​នារី​ជឿ​ថា​នាយ​ខ្ពស់​ស្រាវ​ក៏​មាន​ស្ថានភាព​មិន​ខុស​ពី​អ្នក​ដទៃ​ដែរ​ ព្រោះ​កាល​ពី​នៅ​លើ​ផ្ទះ​ធំ ម្នាក់ៗផឹក​ស៊ី​សប្បាយ​ស្មើ​ដៃ​គ្នា។ កេតឌីម៉ា​ខំ​បង្កើន​ភាព​ក្លាហាន​ឲ្យ​ខ្លួន​ឯង​ ដោយសារ​ទិស​ដៅ​បន្ទាប់​របស់​នាង​គឺ​ទៅ​ផ្ទះ​ធំ​​រក​រាមនរិន្ទ។

កណ្ដាល​ភាព​ងងឹត​ស្រពិចស្រពិល ស្រី​បង្ហាញ​ម៉ូត​សសៀរ​ខ្លួន​កាត់​សួន​ផ្កា​ហើយ​ងាក​មើល​ឆ្វេង​ស្ដាំ​ចប់​តាម​ផ្លូវ ​ក្រែង​មាន​គេ​ដើរ​មក​ប្រទះ​ឃើញ។ នាង​មក​ដល់​ពី​ក្រោយ​គេហដ្ឋាន​ដែល​ប្រាកដ​ចិត្ត​ថា​ម្ចាស់​ចិត្ត​កំពុង​តែ​មាន​វត្តមាន ហើយ​រំពៃ​រក​មើល​ជណ្ដើរ​ឡើង​ដោយសារ​ស្រស់ស្រី​ជឿ​ថា​គេ​ប្រាកដ​ជា​មាន​ទ្វារ​ក្រោយ។

នៅ​ខាង​ស្ដាំ​ដៃ​ នាង​រក​ឃើញ​កូន​បន្ទប់​មួយ​ដែល​ស្ត្រី​ម្នាក់​អត់​មាន​​ពាក់​ស្បៃ​មុខ​​ កំពុង​ធ្វើ​អ្វី​មួយ​ចច្រប់​ចុះ​ឡើង។ មើល​រាង​ពី​ក្រោយ​គាត់​ដូច​ជា​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ចេញ​ទៅ​បើក​ទ្វារ​របង​កាល​​ពី​រសៀល។ នាង​គេច​ទៅ​ម្ខាង​នៅ​ពេល​ស្ត្រី​នោះ​បែរ​មក​វិញ ហើយ​ដើរ​តម្រង់​មក។ ដោយសារ​ស្ត្រី​នោះ​លើក​ថាស​មួយ​ទ្រ​កែវ​ចំនួន​ពីរ​មក​ជាមួយ​ធ្វើ​ឲ្យ​កេតឌីម៉ា​នឹក​ថា​បើ​គាត់​លើក​របស់​នោះ​ទៅ​ខាង​លើ​ដើម្បី Meddyនិង​ភ្ញៀវ គាត់​ដូច​ជា​​ជួយ​បង្ហាញ​ផ្លូវ​ជណ្ដើរ​ក្រោយ​ឲ្យ​នាង​ដែរ។

តរុណី​អែប​លាក់​ខ្លួន​ដោយ​រង់ចាំ​មើល​ដំណើរ​ស្រ្តី​នោះ។ បាន​ដូច​ចិត្ត ពេល​ស្ត្រី​ចំណាស់​លើក​ភេសជ្ជៈ​ឡើង​ទៅ​លើ​ផ្ទះ​តាម​ជណ្ដើរ​ក្រោយ​ នាង​បាន​ឱកាស​ស្គាល់​ផ្លូវ​នោះ​ហើយ​លប​ឡើង​ទៅ​បន្ទាប់​ពី​គាត់​ចេញ​មក​វិញ​ផុត។

ពី​ក្រោម​សន្សើម​រាត្រី​ត្រជាក់​ស្រិប ស្រី​ស្អាត​របស់​កិន្នរី​ហ្វេស្សិន​ដោះ​ចោល​ទ្រនាប់​ជើង​ហើយ​ឈាន​ស្រាលៗ​លើ​កម្រាល​ក្ដារ​ផ្ទះ​ធំ​ដែល​រលោង​សឹង​ថា​អាច​ធ្វើ​ឲ្យ​ដួល​រអិល​បាន​ទាំង​មិន​ចាំបាច់​ជើង​ទទឹក​ឡើយ។

នាង​ឈាន​ទើប​តែ​បាន​បី​បួន​ជំហាន​ ស្រាប់​តែ​ស្ដាប់​ឮ​សូរ​សៀង​ស្រាលៗ​មក​ប៉ះ​សោតា៖

-នាង​កុំ​និយាយ​អញ្ចឹងMeddy!

កេតឌីម៉ា​បើក​ភ្នែក​ធំៗ។ ទោះ​វាយ​បី​ដំបង​បន្ថែម​ទៀត​ក៏​នាង​នៅ​ចំណាំ​សំឡេង​នោះ​ច្បាស់​ដែរ ​ព្រោះ​ជា​រឿយៗ​ពេល​ដែល​គេ​​កំពុង​ស្ថិត​ក្នុង​ភាព​រំភើប និង​កាមារម្មណ៍ អ្នក​ប្រុស​ធំ​​នៃ​គ្រួសារ​អ្នក​តំណាង​រាស្ត្រ​តែង​បញ្ចេញ​សំឡេង​ស្រាលៗ​បែបនេះ​មក​កាន់​នាង។

ស្រី​ស្អាត​ដឹង​ថា​​នេះ​មិន​ទាន់​ដល់​បន្ទប់​ធំ​ដែល​ជា​កន្លែង​លៀង​អាហារ​ផង​ម៉េច​ក៏​នាង​ឮ​សូរ​សំឡេង​គេ​ទៅ​ហើយ? ក៏​មាន​ន័យ​ថា ពួក​គេ​បាន​ប្តូរ​មក​និយាយ​គ្នា​នៅ​ទី​ផ្សេង​ទៅ​ហើយ? ប្រុស​កម្លោះ​ និង​ស្រី​ក្រមុំ​ដែល​ទើប​ជួប​មុខ​គ្នា​បាន​ប៉ុន្មាន​ម៉ោង បែរ​ជា​មក​ជួប​តទល់​ជាមួយ​គ្នា​ស្ងាត់ៗ​តែ​ពីរ​នាក់ តើ​គេ​មិន​ខ្មាស​ធម្មជាតិ ឬ​ពាក្យ​សន្យា​របស់​ខ្លួន​ឯង​ខ្លះ​ទេ?

កេតឌីម៉ា​ខាំ​បបូរ​មាត់​ទប់​ស្កាត់​ការ​ពុះកញ្ជ្រោល​ដោយ​ទុក្ខ​ស្នេហ៍ នាង​បាត់​អស់​ការ​ភ័យខ្លាច ​និង​អល់អែក​ ហើយ​ឈាន​សន្សឹមៗ​ទៅ​រក​ប្រភព​សូរ​សំឡេង ​​ដែល​សន្សឹមៗ​នាង​ដឹង​ថា​គឺ​នៅ​ក្នុង​បន្ទប់​មួយ​ឯ​ឆ្វេងដៃ​នាង​នោះ​ហើយ។

នារី​ដែល​កំពុង​ខកចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​មក​កាន់​កោះ​ស្មៅ​លឿង​ដើរ​ស្រាលៗ​ទៅ​ក្បែរ​ទ្វារ​ហើយ​សម្លឹង​ទៅ​ខាង​ក្នុង​បរិវេណ​បន្ទប់។​

ពី​ក្រោយ​ផ្ទាំង​វាំងនន​ដែល​បិទបាំង​ដោយ​ក្រណាត់​ស្បៃ​ពណ៌​ពង​មាន់ នាង​អាច​សម្លឹង​ទៅ​ឃើញ​សកម្មភាព​ក្នុង​បន្ទប់​ដែល​បំភ្លឺ​ដោយ​ភ្លើង​ទាន​នោះ​បាន​ច្បាស់​ ប៉ុន្តែ​ដោយ​សារ​បរិវេណ​ខាង​ក្រៅ​នេះ​វិញ​ងងឹត​ស្រពិចស្រពិល ​អ្នក​ខាង​ក្នុង​ពិបាក​បន្តិច​ក្នុង​ការ​ដឹង​ថា​មាន​គេ​ម្នាក់​កំពុង​ឈរ​ឈឺ​ចិត្ត​នៅ​​មាត់​ទ្វារ។

ធីតា​កម្ពុជា​ឈរ​សម្លឹង​បុរស​ម្ចាស់​បេះដូង​ដែល​កំពុង​បញ្ចេញ​ទឹក​មុខ​អាណិត​អាសូរ​ដាក់​ស្រី​ស្អាត​ម្ចាស់​ផ្ទះ​ ក្នុង​ពេល​ដែល​នាង​នោះ​កំពុង​ឈ្ងោក​មុខ​យំ​អណ្ដឺតអណ្ដក។ រឹត​តែ​គួរ​ឲ្យ​ញាប់ញ័រ​ចិត្ត​នោះ​គឺ​បុរស​មាឌ​ធំ​បាន​បណ្ដោយ​ឲ្យ​នារី​តូច​ច្រឡឹង​ទាញ​លាត់​ដៃ​អាវ​ខាង​ស្តាំ​របស់ខ្លួន ​ដោយ​មិន​តវ៉ា ឬ​ដក​មក​វិញ​ឡើយ។

 មិនតែប៉ុណ្ណោះសោត ​ពេល​ដែល​នារី​ជនជាតិ​ប្រើ​ម្រាម​តូច​ស្ដួច​របស់​នាង ​អង្អែល​ថ្នមៗ​លើ​កំភួន​ដៃ​បុរស​ កេតឌីម៉ា​ទទួល​អារម្មណ៍​ថា​បេះដូង​ហាក់​ឈឺ​ឆៀប។ នាង​អស់​កម្លាំង​នឹង​ឈរ​ ដូច្នេះ​មានតែ​ទ្រេត​កាយ​មក​ផ្អែក​នឹង​ជញ្ជាំង​បន្ទប់​ហើយ​សម្លឹង​សកម្មភាព​ស្នេហា​របស់​ពួកគេ។

-សូម្បី​កន្លែង​ដែល​ខ្ញុំ​ខាំ​អ្នក ក៏​អ្នក​យក​ទៅ​រង​ជំនួស​គេ ធ្វើ​ឲ្យ​របួស​ថ្មី​រលប់​ស្នាម​ចាស់​អស់! អ្នក​នៅ​និយាយ​ថា​មិន​បំភ្លេច​ខ្ញុំ​ទៀត?

សូរស័ព្ទ​រអាក់រអួល​របស់​ស្ត្រី​ឈ្មោះ​ Meddyបាន​លាន់​ចេញ​មក​ទន្ទឹម​នឹង​ពាក្យ​តម្អូញ​របស់​នាង ​តែ​នាង​ក៏​នៅ​តែ​មិន​លែង​ដៃ​បុរស​ឡើយ។ ស្រី​ស្អាត​ដែល​​មាន​បបូរ​មាត់​ដូច​ផ្កា​កុលាប​ និង​ធ្មេញ​ស​ត្រឹម​ដូច​ភួង​ម្លិះ ​ហារ​និយាយ​បន្ត​ក្នុង​ពេល​ទឹកភ្នែក​ស្រក់​ហូរ​ដូច​ពេជ្រ​ចរណៃ៖

-៨ឆ្នាំ​មក​នេះ គ្មាន​មួយ​នាទី​ណា​ដែល​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ! ខ្ញុំ​ធ្វើ​អ្វីៗ​ជាច្រើន​មិន​ខ្លាច​លំបាក​ មិន​ខ្លាច​គេ​ថា មិន​ខ្លាច​អ្វី​ទាំង​អស់​ដើម្បី​រក​បាន​របស់​នោះ គឺ​វត្ថុ​ដែល​អ្នក​ចង់​បាន​ជាទី​បំផុត​ក្នុង​ជីវិត​នេះ!

កេតឌីម៉ា​ធ្លាក់​ថ្លើម​ក្ដុក។ នាង​រេ​ភ្នែក​ដែល​ដក់​ដោយ​ដំណក់​ជលនេត្រ​ហើយ​សួរ​ខ្លួនឯង៖

“អេឡា​និយាយ​ពី​ឥន្ទប្បដិមា​នរាធិបតិន្ទ?”

សំឡេង​អភិជន​ស្រស់​សង្ហា​លាន់​មក​កាត់​ផ្ដាច់ការ​គិត​របស់​នាង៖

-Meddy នាង​ស្រវឹង​ហើយ ខ្ញុំ​ជូន​នាង​ទៅ​សម្រាក!

ស្រី​នោះ​បម្រះ​ចេញ​ពី​ការ​ប្រលោម​គ្រា​របស់​បុរស។ នាង​និយាយ​បន្ថែម​ភ្លាម៖

-ឬ​​មួយ​អ្នក​មិន​ចង់​ឃើញ​វា​ទេ?

រាមនរិន្ទ​នៅ​តែ​ជម្នះ​ចង់​នាំ​នារី​នោះ​ចេញ​ពី​ភាព​រវើរវាយ​ដោយ​រោគ​ស្រវឹង ​ប៉ុន្តែ​ស្ដ្រី​នោះ​បន្ថែម​នៅ​ប្រយោគ​ទី​២​បន្ទាន់៖

-ខ្ញុំ​កំពុង​និយាយ​ពី​ឥន្ទប្បដិមា​នរាធិបតិន្ទ!

បុរស​រូប​សង្ហា​ទុច​ចលនា​ហើយ​សាជាថ្មី​គេ​បើក​ភ្នែក​ពោរពេញ​ដោយ​ការ​ភ្ញាក់ផ្អើល​សម្លឹង​ទៅ​នារី​ដែល​កំពុង​យំ​ស្រាក់​ក្បែរ​កាយ។ រាមនរិន្ទ​ប្រាកដ​ជា​ទាក់​ចិត្ត​ណាស់​ចំពោះ​វត្ថុ​មួយ​ដែលMeddy​ទើបនឹង​រំលឹក​អម្បាញ់មិញ​នោះ ទោះ​បី​មើល​ពី​ចម្ងាយ​ទៅ​ក៏​កេតឌីម៉ា​ដឹង​ចិត្ត​គេ​ដែរ។

“សម្ដី​ស្រី​ជនជាតិ​នោះ​ហាក់​បី​ដូចជា​នាង​បាន​ស្រលាញ់​រាមនរិន្ទ​យ៉ាងជ្រៅ ហើយ​​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​គេផងដែរ។ នាង​ថា​៨ឆ្នាំ​មក​នេះ​នាង​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​បាន​វត្ថុ​នោះ បាន​ន័យ​ថា​ជា​យូរ​មក​ហើយ​ដែល​នាង​ដឹង​ថា ជីវិត​រាមនរិន្ទ​គឺ​ដើម្បី​តែ​ឥន្ទប្បដិមា​នរាធិបតិន្ទ! តាម​មើល​ពួក​គេ​មិន​ត្រឹម​តែ​រាប់អាន​គ្នា​ធម្មតា​ទេ សូម្បី​តែ​បំណង​សំខាន់​ធំ​ក្នុង​ជីវិត​ក៏​និយាយ​ឲ្យ​នាង​ដឹង​ដែរ!”។ នារី​បង្ហាញ​ម៉ូដ​គិត​ផង បង្ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​ផង។

មិន​ត្រឹម​តែ​កេតឌីម៉ា​ទេ​ដែល​ដឹង​ថា​បុរស​ម្នាក់​នេះ​កំពុង​ត្រូវ​បាន​ទាក់ទាញ​អារម្មណ៍​ជាមួយ​ធ្នាក់​វត្ថុ​ដែល​គេ​បាន​តាម​រក​សឹង​ថាមួយ​ជីវិត​មក​ហើយនោះ សូម្បី​នារី​តូច​ច្រឡឹង​ក៏​យល់​ចិត្ត​គេ​ដូច​គ្នា ដូច្នេះ​នាង​បន្ត​វាចា​ស្រាលៗ​ក្នុង​ពេល​ដែល​នរៈ​សង្ហា​នៅ​ស្ងៀម​ទ្រឹង​ក្បែរ​នាង៖

-នៅ​ក្នុង​ឥន្ទប្បដិមា​ដែល​គ្រប់​គ្នា​កំពុង​ស្វែងរក គឺ​គ្មាន​អ្វី​ទៀត​នោះ​ទេ ក្រៅ​តែពី​ផែនទី​មួយ​សន្លឹក​ដែល​ខ្ញុំ​បាន​ឆ្លាក់​វា​ជាប់​លើ​ខ្នង​របស់​ខ្ញុំ​ហើយ! ក្នុង​ជាតិ​នេះ អ្នក​មិន​អាច​យក​វា​ទៅ​ទេ បើ​អ្នក​មិន​ដោះ​អាវ​ខ្ញុំ​ចេញ​រាមនរិន្ទ!

ខណៈ​​នារី​បង្ហាញ​ម៉ូដ​យល់​ច្បាស់​ពី​អ្វី​ដែល​នារី​មេ​កុលសម្ព័ន្ធ​កំពុង​ចង់​បាន នាង​ក៏​ដឹង​ខ្លួន​ឯង​ដែរ​ថា​បេះដូង​នាង​កំពុង​ត្រូវ​ឈឺ​ផ្សារ​រក​អ្វី​ផ្ទឹម​គ្មាន​ទេ។

នាង​ឈ្ងោក​មុខ​លែង​សម្លឹង​ពួកគេ ប៉ុន្តែ​ត្រចៀក​នៅតែ​ស្ដាប់​ឮ​​សូរ​សំឡេង​រាមនរិន្ទ តប​ទៅ​កាន់ Meddy៖

-នាង​កុំ​ល្ងង់​ពេកMeddy!

បុរស​បន្ទោស​តិចៗ តែ​ស្រី​ស្រស់​នោះ​នៅ​តែ​មានះ។

រាមនរិន្ទ​យល់​ថា​​នាង​រំជួល​ចិត្ត​ព្រោះ​ក្រេប​គ្រឿង​ស្រវឹង ​​ប៉ុន្តែ​កេតឌីម៉ា​បែរ​ជា​យល់​ថា Meddyកំពុង​ចង់​ឲ្យ​បុរស​យល់​ពី​ចិត្ត​ស្នេហ៍​របស់​នាង​។

ស្ត្រី​ក្មេង​នៃ​កុលសម្ព័ន្ធ​អាសាដ​ដល់​ថ្នាក់​យំ​សស្រាក់​បណ្ដើរ ​និយាយ​បណ្ដើរ​៖

-រាមនរិន្ទ! ចាប់​តាំង​ពី​ពេល​​ដែល​អ្នក​កាន់​ដៃ​ខ្ញុំ​រត់​ឡើង​ឡាន​ក្រុង​នៅ Melbourne! ចិត្ត​របស់​ខ្ញុំ​បាន​រៀបការ​ជាមួយ​អ្នក​រួច​ទៅ​ហើយ!

នាង​បញ្ឈប់​សម្ដី​ក្នុង​ពេល​ដែល​នរៈ​កម្ពុជា​ទៅជា​ភាន់ភាំង​ព្រោះ​ការ​រំជួលចិត្ត។ ​កាយវិការ​គេ​ដូចជា​មិន​បាន​ដឹង​ទាល់តែ​សោះ​ទេ​ថា​ការ​ដឹកដៃ​ស្រី​តូច​ទន់ខ្សោយ​ម្នាក់​រត់​តាម​ឡានក្រុង​កាលពី៨ឆ្នាំមុន​ ធ្វើ​ឲ្យ​មាន​លេចឡើង​នូវ​រឿងរ៉ាវ​មនោសញ្ចេតនា​មួយ​ស្មុគស្មាញ​ដល់​ថ្នាក់​នេះ។

អ្នកប្រុស ​មិនទាន់​ហារ​មាត់​តប​វិញ​ថា​យ៉ាងណា​ផង ស្រាប់តែ​នារី​ស្រវឹង​ស្នេហ៍​ពោល​បន្ត​៖

-មនុស្ស​ស្រី​នៃ​កុលសម្ព័ន្ធ​អាសាដ ដែល​ត្រូវ​ប៉ះពាល់​ដោយ​បុរស​ណា​ម្នាក់​ហើយ ជីវិត​របស់​គេ…​គឺ​សម្រាប់​តែបុរស​នោះ​អ្នក​ដឹ​ង​ទេ​រាមនរិន្ទ!

កេតឌីម៉ា​ងើប​មុខ​សម្លឹង​ប្រុស​ស្នេហ៍ នាង​ឃើញ​គេ​បង្ហាញ​ភាព​ក្ដុកក្ដួល​ចិត្ត​តាម​រយៈ​ពន្លឺ​ភ្នែក​ដែល​សម្លឹង​មក​កាន់​ទុក្ខ​ព្រួយ​របស់​នារី​ជនជាតិ។

រាមនរិន្ទ​មិនមែន​ជា​ប្រភេទ​មនុស្ស​កេង​ចំណេញ​លើ​នារី​ភេទ​ទេ ដូច្នេះ​កេតឌីម៉ា​ជឿ​ថា​កាល​ដែល​គេ​ទាញ​ដៃ​ក្មេង​ស្រី​​ម្នាក់​ឲ្យ​​រត់​ទាន់​រថយន្តក្រុង​ គឺ​ប្រាកដ​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​​នារី​នោះ​ជា​កូន​ស្រី​មក​ពី​សហគមន៍​មួយ​ដែល​ការ​ប៉ះពាល់​គ្នា​រវាង​​ភេទ​ផ្ទុយ​ ត្រូវ​បាន​​ហាម​ឃាត់​យ៉ាង​​តឹងរ៉ឹង​នោះ។ នារី​វ័យ​ក្មេង​នោះ ក្រៅ​ពី​រន្ធត់​ដល់​ថ្នាក់​ខាំ​ដៃ​អ្នក​ប្រុស នាង​បាន​ផ្លាស់​អារម្មណ៍​នោះ​ទៅ​ជា​ការ​រំភើប​ដោយ​គិត​ថា​គេ​ជា​បុរស​ដំបូង​ដែល​បាន​ប៉ះពាល់​នាង ដូច្នេះ​គេ​នឹង​ក្លាយ​ជា​ម្ចាស់​លើ​ជីវិត​របស់​នាង។

ក្នុង​ពេល​ដែល​នារី​បង្ហាញ​ម៉ូដ​កំពុង​រន្ធត់​ចិត្ត នាង​ឃើញMeddyនិយាយ​បន្ថែម​ទាំង​ទឹក​ភ្នែក៖

-ក្រែង​បំណង​ធំ​បង្អស់​របស់​អ្នក គឺ​ចង់​បាន​ឥន្ទប្បដិមា​មែន​ទេ? ឥឡូវ​នេះ​ខ្ញុំ​យក​វា​បាន​​មក​ឲ្យ​អ្នក​ហើយ! ​មាន​អី​ត្រូវ​រារែក​ទៀត? ទោះ​អ្នក​ជា​អភិជន​កម្ពុជា ហើយ​ទោះ​ជា​ខ្ញុំ​រស់​នៅ​ក្នុង​ព្រៃ​ភ្នំ តែ​ខ្ញុំ​ក៏​រក​បាន​វត្ថុ​ពិសិដ្ឋ​មួយ​ជា​បំណង​ធំ​បំផុត​របស់​គ្រួសារ​អ្នក​ដែរ! យើង​រៀបការ​ជាមួយ​គ្នា​គឺ​សក្ដិសម​ណាស់ ព្រោះ​លើ​លោក​នេះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​រឿង​សំខាន់​នេះ​បាន​ដើម្បី​អ្នក​ទេ​រាមនរិន្ទ! គឺ​ព្រះ​ប្រទាន​ខ្ញុំ​ទៅ​ឲ្យ​អ្នក ហើយ​ព្រះ​ជួយ​ឲ្យ​ខ្ញុំ​រក​របស់​នោះ​បាន​មែន​ ក្រោយ​ពេល​ដែល​ព្រះ​បាន​រៀបចំ​ឲ្យ​​យើង​ជួប​គ្នា​នៅ​ចំណត​រថយន្ត​ក្រុង​នោះ!

ឌីម៉ា​នៅ​សំងំ​ស្ងៀម​សម្លឹង​ពួក​គេ​ទាំង​ទ្រូង​លោត​ស្ទើរ​ធ្លាយ។ នាង​ខ្លួន​ឯង​ដែល​ឈរ​ស្ដាប់​រឿង​របស់​នារី​ជនជាតិ​ក៏​ទទួល​ស្គាល់​ថា​នារី​នោះ​បាន​លះបង់​ពេលវេលា​ ​ទ្រព្យ​សម្បត្តិ​ និង​ការ​តស៊ូ​កម្លាំង​កាយ​ចិត្ត​ជាច្រើន​ក្នុង​រវាង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដើម្បី​តែ​វត្ថុ​សំណព្វ​របស់​បុរស​ដែល​នាង​ស្រលាញ់។ ការ​លះបង់​របស់​នាង​គឺ​មហិមា ចំណែក​ខ្លួន​វិញ​ក្រៅ​ពី​បង្ក​រឿង​ឲ្យ​នាយ ​គ្មាន​ឃើញ​មាន​​អនុស្សាវរីយ៍​អ្វី​គួរ​ឲ្យ​​ចាត់​បាន​ថា ជា​ការ​ប្រសើរ​​សម្រាប់​ជា​ចំណង​ដៃដល់​ក្តី​ស្រលាញ់​របស់​គេ​ចំពោះ​នាង​នោះ​ទេ។

សព្ទ​សំឡេង​នារី​តូច​ច្រឡឹង​លាន់​មក​បន្ត​៖

-អ្នក​មាន​តែ​ផ្លូវ​ពីរ​ប៉ុណ្ណោះ​រាម​នរិន្ទ! ទី​មួយ….គឺ​រៀបការ​ជា​មួយ​ខ្ញុំ ឯទី២….គឺ​ខ្ញុំ​ស្លាប់….ដើម្បី​អាច​ឲ្យ​​អ្នក​យក​ផែនទី​លើ​ស្បែក​ខ្នង​ខ្ញុំ​ទៅ!

ដល់​ពេល​កេត​ឌី​ម៉ា​ក្ដុកក្ដួល​រិះគិត​ម្នាក់ឯង​ក្នុង​ចិត្ត៖

“​មើល​ទៅ​ពួកគេ​គឺ​ជា​គូ​នឹង​គ្នា​ហើយ! នារី​នោះ​បាន​លះបង់​គ្រប់​បែបយ៉ាង​ដើម្បី​គេ ចំណែក​គេ​ក៏​ត្រូវការ​វត្ថុ​នោះ​ជា​សំខាន់ គេ​គ្មាន​ហេតុផល​អ្វី​ត្រូវ​បដិសេធ​សេចក្ដី​ស្រលាញ់​​ស្មោះ​ភក្ដី​របស់​នាង​ទេ!ចំណែក​យើង យើង​ជា​មនុស្ស​ស្រី​មក​ពី​ណា​ក៏​មិន​ដឹង គ្មាន​អំណាច គ្មាន​ឋានៈ​ គ្មាន​បាន​ការ! យើង​នាំ​តែ​រឿង​អំពល់​ឲ្យ​គេ​របួស​ឈឺ​ខ្លួន ខូច​ការ​ធំ​ម្ដង​ជា​ពីរ​ដង ចុង​ក្រោយ​នេះ​​ទៀត​ គេ​បាន​ដឹង​មុខ​មាត់​ពិត​របស់​យើង​អស់​ហើយ ថា​យើង​ជា​មនុស្ស​បង្កប់​របស់​ពាណិជ្ជករ​គ្មាន​បេះដូង​នោះ! នៅ​មាត់​បឹង គេ​បង្ហាញ​កាយវិការ​ស្អប់ខ្ពើម​សូម្បី​តែ​មុខ​យើង​ក៏​គេ​មិន​ចង់​មើល​ផង! ឯង​គួរតែ​ដឹងខ្លួន​ហើយ​កេតឌីម៉ា!”

ជាមួយ​ដំណក់​ទឹក​ភ្នែក​ធ្លាក់​មក​ខ្ជោល ស្រី​ខ្មែរ​កម្សត់​លើក​ដៃ​គ្រវាស​ជូត​វា​ទៅ​ម្ខាង​ ហើយ​បែរ​ខ្នង​យឺត​ៗ​ត្រៀម​លក្ខណៈ​ចាកចេញ​ទៅ ព្រោះ​នាង​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​តាមដាន​មនោសញ្ចេតនា​គួរ​ឲ្យ​​​ច្រណែន​របស់​ប្រុស​ស្រី​ទាំង​ពីរ​តទៅ​ទៀត។

សំឡេង​រាមនរិន្ទ​លាន់​មក​មួយៗ​ពី​ក្រោយ​ខ្នង​នាង៖

-បើ​អញ្ចឹង  របស់​នោះ​ខ្ញុំ​មិន​យក​ទេ​ Meddy!

កេត​ឌីម៉ា​បញ្ឈប់​ជើង​​ព្រោះ​តែ​ភ្ញាក់ផ្អើល។ សម្ដី​គេ​​មាន​ន័យ​ថា ប្រសិន​បើ​គេ​ត្រូវ​រៀបការ​ជាមួយ​ស្ត្រី​កុលសម្ព័ន្ធ​ ឬ​មួយ​ចៀរ​សាច់​ខ្នង​នាង​ដើម្បី​យក​ផែនទី​នោះ គេ​សុខ​ចិត្ត​អត់​យក​វា​តែ​ម្ដង?។ ដែល​កេតឌីម៉ា​ភ្ញាក់​ផ្អើល​ព្រោះ​ថា​វត្ថុ​នោះ​គេ​តាម​រក​កន្លះ​ជីវិត​មក​ហើយ។ ឥឡូវ​វា​ស្ថិត​នៅ​ចំពោះ​មុខ​ដូច​អច្ឆរិយៈ។ គេ​គ្រាន់​តែ​លើក​ដៃ​ទៅ​បើក​អាវ​នាង គេ​នឹង​បាន​ឃើញ​វា ចុះ​ហេតុអ្វី​គេ​បដិសេធ។

ពាក្យពេចន៍​ចុងក្រោយ​របស់​អភិជន​កម្ពុជា​ក្នុង​ភាព​នឹងន​ ដែល​បញ្ជាក់​ថា​គេ​មិនមែន​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​នោះ​ធ្វើ​ឲ្យ​នារី​ជនជាតិ​កាន់​តែ​ខូចចិត្ត។

នាង​គ្រវី​ក្បាល​តតាត់​សម្លឹង​មុខ​គេ​ត្លែរ​ជាមួយ​សំនួរ​ដដែលៗ​ជា​ភាសា​អង់គ្លេស៖

-ហេតុអី! ហេតុអី! ហេតុអី​ទៅ!

នារី​នោះ​កើត​ទោសៈ​ងាក​ទៅ​ទាញ​ស្រា​មួយ​ពែង​លើ​ថាស​ដែល​ស្ត្រី​ចំណាស់​​ទើប​លើក​មក​ដល់​មុន​នេះ លេប​ក្អឹក​បំបាត់​ទុក្ខ​ព្រួយ។ នាង​ងាក​ទៅ​វាយ​វាត់​វាំងនន​ ទាញ​បណ្ដាច់​វា​ដោយ​មិន​អាច​ទប់ស្កាត់​ការ​រំជួល​ចិត្ត​បាន។

-អ្នក​គ្មាន​បេះដូង អ្នក​ជា​មនុស្ស​គ្មាន​បេះដូង ជា​មនុស្ស​កំណាច អ្នក​ជា​មនុស្ស​គ្មាន​ធម៌​មេត្តា​ទេ​រាមនរិន្ទ! អ្នក​ធ្វើ​អញ្ចឹង​ចំពោះ​ស្រី​ម្នាក់​ដែល​រង់ចាំ​អ្នក​ដោយ​ទឹក​ភ្នែក​អស់​៨ឆ្នាំ​មក​ហើយ អ្នក​ធ្វើ​អញ្ចឹង​ចំពោះ​ស្រី​ម្នាក់​ដែល​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​អ្នក អ្នក​អាក្រក់​ជាង​ពួក​ចោរ​ព្រៃ​លើ​ភ្នំ​ហិមាឡៃយ៉ាស​ទៅ​ទៀត​រាមនរិន្ទ!

ទោះ​បី​ជា​ភាសា​អង់គ្លេស​របស់​ពួក​គេ ល្អ​ហួស​ពី​សមត្ថភាព​ដែល​កេត​ឌីម៉ា​អាច​យល់​អោយ​អស់​ន័យ ប៉ុន្តែ​កាយវិការ​ស្ត្រី​តូច​ច្រឡឹង​កាន់​តែ​ធ្វើ​ឲ្យ​នាង​រំជួល​ចិត្ត។ នាង​ងាក​ទៅ​មើល​ប្រតិកម្ម​រាមនរិន្ទ​ក៏​ឃើញ​គេ​កំពុង​ខូច​ចិត្ត​ដូច​គ្នា គេ​ប្រុង​ងាក​មក​ត្រកង​ស្រ្តី​នោះ​កុំ​ឲ្យ​បោក​បំផ្លាញ​សម្ភារៈ​ដែរ​ តែ​ប្រហែល​គេ​ទើប​នឹង​នឹក​ឃើញ​ពី​តំណម​ប៉ះពាល់​គ្នា​របស់​កុលសម្ព័ន្ធ​​នេះ​ទើប​គេ​ដក​ដៃ​ទៅ​វិញ។

បុរស​សង្ហា​និយាយ​ទៅ​កាន់​នារី​ខូចចិត្ត៖

-ព្រោះ​អញ្ចឹង​ហើយ ខ្ញុំ​កាន់​តែ​គ្មាន​សមត្ថភាព​ទទួល​យក​វាMeddy!​ នាង​ធ្វើ​ដើម្បី​ខ្ញុំ​ដល់​ថ្នាក់​នេះ… នាង​ឈប់​ធ្វើ​រឿង​ច្រើន​យ៉ាង​នេះ​ដើម្បី​ខ្ញុំ​ទៅ! របស់​នោះ នាង​ខំ​ដោយ​លំបាក​ដើម្បី​បាន​វា​មក នាង​គួរ​តែ​ជា​ម្ចាស់​របស់​វា!

នារី​នោះ​គ្រវី​ក្បាល​ទ្រហោ​យំ​ដោយ​អស់​សង្ឃឹម៖

-តែ​ខ្ញុំ​អត់​ចង់​បាន​វា​ទេ! ខ្ញុំ​រក​វា​មក​ដើម្បីអ្នក! ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង​ព្រោះ​ខ្ញុំ​ស្រលាញ់​អ្នក! តែ​អ្នកមើល​ងាយ​ស្នេហា​របស់ខ្ញុំ! ត្រូវ​ហើយ…អ្នក​​មាន​គេ​ផ្សេង​ហើយ​មែន​ទេ? អ្នកមាន​អ្នក​ដទៃ មែន​ទេ? ស្រី​ម្នាក់​នោះ​មែន​ទេ? គេ​កំដរ​អ្នក​មក​ឆ្ងាយ​យ៉ាង​នេះ អ្នក​​នឹង​គេ….?

ឌីម៉ា​ងាក​មុខ​សម្លឹង​បុរស​ដែល​សង្ហា​ជានិច្ច​ក្នុង​បេះដូង​នាង។ គេ​នៅ​ស្ងៀម​គ្មាន​ចម្លើយ​ជា​ហេតុ​ធ្វើ​ឲ្យ​នារី​នោះ​កាន់​តែ​សៅហ្មង។ នាង​ទាញ​ដៃ​រាមនរិន្ទ ​ហើយ​បោក​បាច​ប្រាណ​គេ​ ទោះ​គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​គេ​រង្គើ​ក៏​ដោយ​៖

-ចុះ​ខ្ញុំ? អ្នក​ទុក​ខ្ញុំ​នៅ​កន្លែង​ណា? ចុះ​ស្នេហា​របស់​ខ្ញុំ?

បុរស​និយាយ​កាត់​ភ្លាម៖

-នោះ​មិន​មែន​ជា​ស្នេហា​ទេMeddy!

Meddyនៅ​ទ្រឹង​ពេល​ឮ​វាចា​នេះ។ នាង​និយាយ​ខ្សោយ​ៗ​ដោយ​ឈឺចាប់​៖

-អ្នក​និយាយ​ថា​ម៉េច?

រាមនរិន្ទ​អាណិត​នាង​ណាស់​ព្រោះ​នាង​រំជួល​ចិត្ត​ហួស​ហេតុ តែ​អ្នក​ក៏​ចាំបាច់​​ត្រូវ​តែ​ពន្យល់​នាង៖

-គ្មាន​សេចក្ដី​ស្នេហា​ឯណា​កើត​ឡើង​ដោយ​សារ​តែ​ការ​ប៉ះពាល់​ដៃ​គ្នា​នោះ​ទេ Meddy! ហើយ​ក៏​គ្មាន​ស្រី​ណា​ម្នាក់​ត្រូវ​ស្លាប់​ព្រោះ​តែ​បុរស​ម្នាក់​ច្រឡំ​ចាប់​ដៃ​នាង ហើយ​មិន​បាន​ស្រលាញ់​នាង​ដែរ!

នារី​ជនជាតិ​នៅតែ​គ្រវីក្បាល​តតាត់ ប៉ុន្តែ​បុរស ខ្មែរ​នៅតែ​ចចេស​ពន្យល់៖

-នេះ​ជា​សតវត្ស​ទី២១​ហើយ! នាង​ក៏​ជា​និស្សិត​អូស្ត្រាលី​ នាង​ជា​និស្សិត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ផង នាង​ដឹង​ហើយ​ថា​រឿង​អស់​នេះ​មិន​ត្រឹមត្រូវ​ទេ! នាង​កុំ​ទុក​ឲ្យ​ជំនឿ​ទម្លាប់​ខុស​បែបបទ​អស់​ហ្នឹង​ដឹកនាំ​បាន​ណា៎Meddy!

នារី​នោះ​នៅ​បើក​ភ្នែក​មូល​ក្លំ​ ខណៈ​រាមនរិន្ទ​និយាយ​បន្ត៖

-ព្រោះ​តែ​ជំនឿ​ផ្ដេសផ្ដាស​អស់​នេះ នាង​បិទ​ខ្លួន​ឯង​ពី​ពិភពលោក​រហូត​ដល់៨ឆ្នាំMeddy? នាង​ធ្វើ​រឿង​ជា​ច្រើន​រហូត​ដល់​មិន​ព្រម​ផ្តល់​សេរីភាព​ឲ្យ​បេះដូង​ខ្លួន​ឯង! នាង​រង់ចាំ​មនុស្ស​ដែល​គ្រាន់តែ​ចាប់​ក​ដៃ​នាង? ស្នេហា​វា​មិនមែន​មាន​ន័យ​សាមញ្ញ​ដល់​ម្លឹង​ទេ! ​វា​មិនមែន​ជា​ការ​ប៉ះពាល់​គ្នា​ដោយ​រាងកាយ​ទេ តែ​វា​ត្រូវ​ការ​ប៉ះពាល់​គ្នា​ដោយ​ចិត្ត​ និង​ដួង​ព្រលឹង! វា​ជា​​វត្ថុ​ពិសិដ្ឋ​ជាង​គេ​លើ​លោក​នេះ ថ្លៃ​ជាង​ឥន្ទប្បដិមា​ និង​ជាង​អ្វី​ទំាង​អស់ វា​មិនមែន​គ្រាន់​តែ​ឲ្យ​​មនុស្ស​ស្រី ​និង​មនុស្ស​ប្រុស​ទៅ​រៀបការ​តាម​ធ្វើតាម​ជំនឿ​ងងឹត​ងងុល​អញ្ចឹង​ទេ!

ស្រី​ស្អាត​គំហក​កាត់៖

-អ្នក​កុំ​តិះដៀល​ទំនៀម​ទម្លាប់​របស់​ពួក​ខ្ញុំ​ឲ្យ​សោះ! បើ​មិន​អញ្ចឹង​ខ្ញុំ និង​មិន​អត់ឱន​ឲ្យ​​អ្នក​ដាច់​ខាត! ខ្ញុំ​ជា​មនុស្ស​របស់​កុលសម្ព័ន្ធ​អាសាដ! ខ្ញុំ​ស្លាប់​ក៏​ស្លាប់​ដោយ​ភាព​ត្រឹមត្រូវ​ដែរ! ខ្ញុំ​ជា​​មនុស្ស​ស្រី​កខ្វក់ ខ្ញុំ​គួរ​ឲ្យ​ខ្មាស់​ណាស់​ទៅ​ហើយ! ខ្ញុំ​នឹង​ទទួល​ការ​ដាក់ទោស​របស់​ព្រះ! ការ​ដាក់​ទោស​ពី​ព្រលឹង​លោក​ពុក​ខ្ញុំ! លោក​ដឹង​ទេ?

អ្នក​ប្រុស​កម្ពុជា​មិន​ឆ្លើយ ​និង​សំនួរ​រវើរវាយ​របស់​នារី​ដែល​កំពុង​លង់​ស្នេហ៍​តែ​គេ​បែរជា​ពន្យល់​នាង​វិញ៖

-អត់​ទេ Meddy! ព្រោះ​លោក​ឪពុក​នាង​ចង់​ឲ្យ​នាង​ចាកចេញ​ពី​ទម្លាប់​ចាស់​អស់​នេះ ​បាន​ជា​​លោក​ខិតខំ​ឲ្យ​នាង​ទៅ​សិក្សា​ដល់​ស្រុក​ឆ្ងាយ! លោក​ចង់​ឲ្យ​នាង​ត្រឡប់​មក​វិញ​ជាមួយ​រឿង​ថ្មីៗ​របស់​ពិភពលោក​ដែល​អាច​កែប្រែ​ការ​រស់​នៅ​របស់​កុលសម្ព័ន្ធ​អាសាដ​ដ៏​អស្ចារ្យ​របស់​នាង! នាង​រៀន​ផ្នែក​តិចណូឡូជី នាង​នឹង​អាច​ធ្វើ​អ្វីៗ​បាន​ប្រសើរ​នេះ​ទៅ​ទៀត​សម្រាប់​កុលសម្ព័ន្ធ​នេះ នាង​ជា​មនុស្ស​រៀន​សូត្រ​បាន​ជ្រៅជ្រះ​ និង​មាន​បេះដូង​ស្មោះ! នាង​ជា​មនុស្ស​ល្អ​មិនមែន​ជា​មនុស្ស​កខ្វក់​ទេ!

រាជិនី​នៃ​កុលសម្ព័ន្ធ​អាសាដ​បើក​ភ្នែក​ធំៗ​ព្រោះ​ភ្ញាក់ផ្អើល ប៉ុន្តែ​សន្សឹមៗ​នាង​ទៅ​ជា​មមីរ​ហើយ​ទន់​ខ្លួន​ដួល​ទៅ​លើ​កម្រាល​ក្ដារ។ រាមនរិន្ទ​តាមពិត​ត្រូវ​ត្រកង​នាង ប៉ុន្តែ​ស្នូរ​សំណើច​តិចៗ​ធ្វើ​ឲ្យ​គេ​ត្រូវ​បើក​ភ្នែក​ធំៗ​បែរ​រក​មើល​ជន​ដែល​ទើប​មក​ដល់។ នោះ​គឺ​នាយ​រ៉ាទូ បុរស​ទាប​កន្ធាត់​ដែល​ចូល​មក​ដល់​ជាមួយ​កូន​ចៅ​ខ្មៅ​ក្រអាញ​ពីរ​នាក់។

-យូរ​ណាស់​វើយ​​ទម្រាំ​អេឡា​ព្រម​ដេក​លក់!

រាមនរិន្ទ​ដែល​យល់​ការណ៍ ងាក​សួរ​ជន​នោះ​ភ្លាម៖

-លោក​ឯង​ធ្វើ​បាប​នាង? ស្រា​នេះ​មាន​ថ្នាំពុល?

បុរស​កន្ធាត់​សើច​ក្អាកក្អាយ​ក្នុង​ពេល​ឌីម៉ា​ញ័រ​ដៃ​ជើង​ហើយ​លើក​ដៃ​ខ្ទប់​មាត់៖

-មិនមែន​ធ្វើ​បាប​ទេ! តែ​ឲ្យ​នាង​សម្រាក! អេឡា​បង្ក​រឿង​អត់​ប្រយោជន៍​ច្រើន​ណាស់! នាង​ទន់ខ្សោយ​ពេក​ហើយ! នាង​មិន​អាច​រក​ប្រាក់​ឲ្យ​កុលសម័្ពន្ធ​យើង​បាន​ទេ!

រាមនរិន្ទ​ដឹង​ហើយ​ថា​បុរស​នេះ​កំពុង​ក្បត់​ម្ចាស់​ស្រី​គេ​ដោយ​​ធ្វើ​រឿង​អ្វី​មួយ​លាក់​កំបាំង​នាង។ គេ​និយាយ​​មួយៗ​ដោយ​នឹងន៖

-ឯង​ត្រូវ​ជា​អ្វី និង​បក្សពួក​លោក​អូណ័រ​នៅ​ភូវីខាន់? ឯង​ប្រើ​គេ​​ទៅ​ដាក់​គ្រាប់​បែក​នៅ Winter JayaPura​ធ្វើ​អ្វី?

ជន​កន្ធាត់​សើច​ស្ញាញ៖

-មិន​អញ្ចឹង អាច​ឲ្យ​ពួក​សេដ្ឋី​ឯង​នាំ​គ្នា​មក​ដល់​កន្លែង​យើង​ដែរ?

ឌីម៉ា​បើក​ភ្នែក​ធំៗ​ដោយ​ភិតភ័យ។ នាង​នឹក​ដល់​សម្តី​លំអង​ដែល​ថា​នាយKenមក​ដល់​មុន​ត្រូវ​ថ្នាំ​សណ្ដំ និង​ចាប់​ជំរិត។ Meddy​មើល​ទៅ​មិន​មែន​ចង់​បាន​លុយ​ទេ តែ​លោក​រ៉ាទូ​គឺ​ផ្សេង។ សូម្បី​ម្ចាស់​ស្រី​គេ​ក៏​គេ​ដាក់​ថ្នាំ​សណ្ដំ ចុះ​ចំណែក​រាមនរិន្ទ?

ប្រយោគ​រាមនរិន្ទ​ចុង​ក្រោយ​ ហាក់​ដូច​ជា​គេ​បាន​ដឹង​មុន​ហើយ​ថា​បុរស​កន្ធាត់​នេះ​មិន​ស្រួល​ទេ ចុះ​ម៉េច​ក៏​គេ​មិន​ត្រៀម​ទុក​មុន​​ បើ​សូម្បី​តែ​ពួក​នេះ​មាន​​ទំនាក់ទំនង​ជាមួយ​​ពួក​បុរស​ឈ្មោះ​អូណ័រ​នៅ​ភូមិ​ភូវីខាន់​ក៏​គេ​បាន​ដឹង​ទៅ​ហើយ​នោះ?

នាង​ងាក​សម្លឹង​ទៅ​ប្រុស​ស្នេហ៍​ស្រប​ពេល​រាងកាយ​បុរស​អភិជន​ចាប់​ទ្រេត​ទ្រោត បន្ទាប់​មក​ក៏​ដួល​ស្រុប​​ក្រោម​ពន្លឺ​ភ្នែក​តក់ស្លុត​របស់​ស្រី​បង្ហាញ​ម៉ូដ។ នាង​នៅ​តែ​បិទមាត់​ខ្លួន​ឯង​ដោយ​រន្ធត់​ព្រោះ​មិន​ចង់​ឲ្យ​​ភ្លាត់​ចេញ​ម​ក​នូវ​សំឡេង​ណា​មួយ​ធ្លោយ​ឮ​ដល់​ពួក​មនុស្ស​មាន​ល្បិច។ ជា​ពិសេស​នាង​ដឹង​ពួក​គេ​កំពុង​លើក​ត្រកង​ស្ត្រី​មាន​អំណាច​ឈ្មោះ​អេឡា​នោះ និង​គ្រា​រាមនរិន្ទ​ចេញ​មក​ជាមួយ​គ្នា គេ​ប្រហែល​ជា​កំពុង​រក​ច្រក​បញ្ជូន​អ្នក​ទំាង​ពីរ​ចេញ​ពី​ទី​នេះ ម៉្លោះ​ហើយ​ទ្វារ​ក្រោយនេះ​អាច​ជា​គោលដៅ​របស់​គេ។ នាង​ថយ​ក្រោយ​ដោយ​មិន​ដឹង​ខ្លួន​​សសៀរ​កាយ​បិទ​បាំង​បន្លំ​នៅ​ក្រោម​ភាព​ងងឹត​ ហើយ​សំងំ​រង់ចាំ​មើល​បន្ត​ទំាង​​បេះដូង​ស្ទើរ​ឈប់​លោត។ ក្នុង​វិនាទី​ដ៏​រន្ធត់ កេតឌីម៉ា​ក៏​នឹក​ឃើញ​ដល់​រូបរាង​លោក​រ៉ាទូ​ដែល​មុន​នេះ​​ដើរ​រលះរលាំង​កាត់​តាម​ចម្ការ​អូលីវ​តែ​ម្នាក់​ឯង​​ឆ្ពោះ​ទៅ​​ទិស​ខាង​លិច ឬ​​មួយ​ថា​​ការ​ដែល​គេ​រៀបចំ​ផែនការ​ដាក់​គ្រាប់​បែក​នៅ​Winter JayaPuar ​គឺ​មាន​ចេតនា​ឲ្យ​បណ្តា​អ្នក​ដែល​ចង់​បាន​ឥន្ទប្បដិមា​តាម​មក​ដល់​ទី​នេះ? បន្ទាប់​មក​គេ​ក៏​ក្បត់​ម្ចាស់​ និង​រៀបចំ​ផែនការ​ដាក់​ថ្នាំ​សណ្តំ​នេះ​ដើម្បី​ជំរិត​ទារ​ប្រាក់​មែន?

ភ្លាម​នោះ​​បុរស​ទំាង​បី​​ចាប់​លើក​គ្រា​អ្នក​សន្លប់​ដើរ​វឹង​កាត់​ពី​មុខ​នាង​ស្រាល​ស្ងើក​ដូច​ជា​មាន​ជំនាញ​សម្បើម​ណាស់។ ពួកគេ​ចុះ​ពី​ផ្ទះ​ឈើ​ដោយ​ប្រញាប់​ប្រញាល់​ដោយ​មាន​ស្រី​ស្អាត​ដែល​កំពុង​ញ័រ​ប្រាណ​ចំប្រប់​សសៀរ​​តាម​ពី​ក្រោយ​ផង។ មក​ដល់​ជាន់​ខាង​ក្រោម​ឌីម៉ា​ឃើញ​ស្ត្រី​ចំណាស់​ដែល​មុន​នេះ​ជា​អ្នក​លើក​ទឹក​ឡើង​ទៅ​លើ​ផ្ទះ​ស្ទុះ​មក​ប្រតាយ​ប្រតប់​ជាមួយ​ពួក​គេ​ដោយ​និយាយ​ភាសា​អ្វី​ដែល​នាង​ស្តាប់​មិន​យល់​សោះ។ កាយវិការ​ស្ត្រី​នោះ​ហាក់​បី​ដូច​ជា​ចង់​ការពារ​អេឡា​របស់​គាត់​ ប៉ុន្តែ​ត្រូវ​បាន​គេ​ច្រាន​ដួល​ច្រងាប់ច្រងិល​ហើយ​សន្លប់​ឈឹង​​នៅ​មាត់​ទ្វារ​បន្ទប់​អាហារ។ ឌីម៉ា​សរសើរ​ខ្លួន​ឯង​ដែល​ទប់​ចិត្ត​បាន​ល្អ​មិន​ចចេស​ចូល​ទៅ​ជួយ​ទាំង​ទទឹង​ទិស​ដូច​ស្ត្រី​នោះ​ ​បើ​ពុំ​នោះ​ទេ​​នាង​ក៏​ប្រហែល​ជា​អ្នក​ដែល​ត្រូវ​ដេក​ដួល​បន្ទាប់​ពី​នោះ​ដែរ​ហើយ។

មក​ដល់​ខាង​ក្រោម​គ្នីគ្នា​របស់​បុរស​រ៉ាទូ​បី​នាក់​ផ្សេង​ទៀត​រត់​មក​ដល់​ហាក់​បាន​រៀប​គម្រោង​ទុក​ជា​មុន​ម៉ត់ចត់​ណាស់។ ​បុរស​ចំណាស់​ដែល​ទំនង​ជា​មេ​កើយ​គេ​ក្នុង​គម្រោងការណ៍​ទុច្ចរិត​ដែល​ក្បត់​សូម្បី​តែ​ម្ចាស់​ឯង​នេះ​និយាយ​បញ្ជា​ទៅកាន់​ពួកគេ​ដោយ​ភាសា​អួល​ៗ​របស់​កុលសម្ព័ន្ធ​អាសាដ​ចាត់ចែង​នាំ​អេឡា​ទៅកាន់​ទិសដៅ​ផ្សេង ចំណែក​អ្នកប្រុស​កម្ពុជា​ត្រូវ​បាន​បុរស​មាឌ​មាំ​បី​នាក់​នាំ​រត់​តម្រង់​ទៅ​ចម្ការ​អូលីវ​ដែល​មុន​នេះ​ឌីម៉ា​បាន​ឃើញ​លោក​រ៉ាទូ​រត់​ទៅ​ម្ដង​រួច​ទៅ​ហើយ។

ដោយសារ​ជម្រាល​ស្មៅ​ដែល​ពួកគេ​នាំ​យក​បុរស កម្ពុជា​ទៅ​នោះ​មិន​មាន​ភាព​ស៊ុបទ្រុប​អំណោយ​ផល​ដល់​ការ​លាក់​ខ្លួន​បាន​ធ្វើ​ឲ្យ​នារី​បង្ហាញ​ម៉ូដ​ទីទើរ​ថា​នាង​គួរ​បន្ត​ទៅ​តាម​ពួក​គេ​ទៀត ឬ​មួយ​រត់​ទៅ​រាយការណ៍​ដល់​ពួក​អង្គរក្ស?

តរុណី​ដឹង​ស្រេច​ហើយ​ថា​ទោះ​បី​ជា​​នាង​ទៅ​ទាន់​ពួក​នោះ​ក៏​គ្មាន​អ្វី​អាច​ស៊ូ​នឹង​គេ​រួច​ឡើយ​ ប៉ុន្តែ​ចុះ​បើ​ត្រឡប់​ទៅ​តាម​​នាយ​វឿន​ហើយ​ត្រូវ​បាត់​ដាន​រាមនិន្ទ​ត្រូវ​គិត​យ៉ាង​ណា​វិញ? មួយ​វិញ​ទៀត​មុន​ពេល​ចេញ​មក​នាង​បាន​ទៅ​រក​ពួក​អង្គរក្ស​ទំាង​នោះ​ដែរ ​ប៉ុន្តែ​ហាក់​គ្មាន​​អ្នក​ណា​ម្នាក់​ដែល​ថា​មិន​ស្រវឹង​នោះ​ទេ។ ប្រសិន​បើ​លោក​រ៉ាទូ​ពិត​ជា​មាន​គំនិត​មិន​ល្អ​មែន គេ​ប្រាកដ​ជា​បាន​លាយ​ថ្នាំ​ក្នុង​ស្រា ដូច្នេះ​ពួក​បុរស​ឃើញ​សុរា​ភ្លេច​អាត្មា​ទាំង​នោះ​គ្មាន​អ្នក​ណា​អាច​គេច​ពី​ត្រូវ​សណ្ដំ​ទេ។

គិត​ដល់​ត្រង់​នេះ​ នារី​ដឹង​ថា​ការ​បក​ក្រោយ​ទៅ​រក​ពួក​គេ​មាន​តែ​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​តែ​ប៉ុណ្ណោះ។ នាង​រក្សា​គម្លាត​ពី​ក្រុម​ទុច្ចរិត​ក្នុង​ចម្ងាយ​គួរសម ដូច្នេះ​ពេល​ពួកគេ​នាំ​រាម​នរិន្ទ​ទៅ​ដល់​កូន​ផ្ទះ​ឈើ​មួយ​កេត​ឌីម៉ា​ត្រូវ​បន្ត​លាក់​ខ្លួន​ឃ្លាត​ប្រមាណ​៣០ម៉ែត្រ​ពី​ទីនោះ​ រហូត​ដល់​ពួកគេ​ចេញ​មក​វិញ​បាត់​ ទើប​នាង​​ហ៊ាន​ចូល​ទៅ​ក្បែរ​កូន​ផ្ទះ​ ពិនិត្យ​មើល​ស្ថានភាព​ប្រុស​ស្នេហ៍។

ដោយសារ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់​ពី​ក្រៅ​ជាប់ កេតឌីម៉ា​ត្រូវ​ទញ់​ទាល់​ដោយសារ​នាង​មិន​ដឹង​ថា​នឹង​មាន​វិធី​ណា​អាច​ជួយ​​ម្ចាស់​ចិត្ត​ឲ្យ​ចេញ​មក​បាន​ឡើយ។ នារី​ប្រឹង​គោះ​ទ្វារ​ទាំង​មាត់​ស្រែក​ហៅ​តិចៗ៖

-លោក​ប្រុស​រាម! លោក​ប្រុស​រាម!

ស្ងាត់​សូន្យ ឮ​សូរ​តែ​វាយោ​ថ្ងួចថ្ងូរ​គួរ​ឲ្យ​ព្រឺព្រួច។ នាង​ក្រមុំ​ងាក​មើល​ជុំវិញ​នោះ​​ ក្រែង​អាច​រក​ឃើញ​មធ្យោបាយ​ចូល​ទៅ​កាន់​ផ្ទះ​ឈើ​បាន។ ក្រៅ​ពី​វាលស្មៅ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក ​និង​ស្រមោល​ពណ៌​ខ្មៅ​នៃ​ព្រៃ​ប៉ប្រះ​មាត់​បឹង នាង​គ្មាន​ឃើញ​ស្រមោល​មនុស្ស​សូម្បី​តែ​ម្នាក់​ឡើយ។

កេតឌីម៉ា​ចាប់​លូក​ដៃ​រាវ​រក​ពិល​តូច​ក្នុង​ហោប៉ៅ​រួច​ចាប់​ដើរ​ក្រឡឹង​ជុំវិញ​ផ្ទះ​ក្នុង​បំណង​ស្វែង​រក​វត្ថុ​រឹង​អ្វី​មួយ​ដែល​អាច​កាត់​ផ្តាច់​ច្រវាក់​សោ​នោះ​បាន ​ប៉ុន្តែ​កុំ​ថា​ឡើយ​ពូថៅ​កាំបិត ឬដែក​រឹង សូម្បី​អុស​មួយ​អង្គត់​ក៏​គ្មាន​ដែរ។ ក្នុង​គ្រា​អស់​សង្ឃឹម​នាង​ទទួល​អារម្មណ៍​ថា​បាត​ជើង​ហាក់​ជាន់​ប៉ះ​អ្វី​មួយ​គគ្រើម។ឌីម៉ា​ឱន​ចុច​ពិល​ពិនិត្យ ​បន្ទាប់​មក​ក៏​ទទួល​អារម្មណ៍​កាន់​តែ​រន្ធត់។ នោះ​គឺ​ជា​ក្រវិល​មួយ​ចំហៀង ​ដែល​នាង​ស្គាល់​ថា​ជា​របស់​លំអង។ ប្រសិន​បើ​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ទីនេះ មាន​ន័យ​ថា លំអង​មុន​ពេល​រត់​ទៅ​ដល់​កំពង់ផែ​គឺ​បាន​មក​ដល់​កន្លែង​នេះ?។ ឌីម៉ា​បើក​ភ្នែក​ធំៗ​ដោយ​ភ្ញាក់ផ្អើល​ពេល​នាង​នឹក​ឃើញ​ដល់​រូបរាង​ភ័យ​រន្ធត់​របស់​លំអង និង​ពាក្យ​អង្វរ​របស់​នាង។

“បើ​អញ្ចឹង​មាន​តែ​ពួក​គេ​ត្រូវ​ចាប់​មក​កន្លែង​នេះ? ក្បែរៗ​នេះ​គ្មាន​ផ្ទះ​ទៀត​ទេ​ ឬ​មួយ​​លោក​រ៉ាទូ​ក៏​ឃុំ​ពួកគេ​ក្នុង​ផ្ទះ​នេះ​ដែរ?”

នាង​ក៏​នឹក​ឃើញ​ដល់​ពាណិជ្ជករ​ដែកថែប​ក្នុង​ពេល​តំណាល​គ្នា។ បុរស​នោះ​ត្រូវ​ថ្នាំ​សណ្តំ​មិន​ទាន់​អាច​ចេញ​មក​បាន​នៅឡើយ​ ចុះ​តើ​គេ​នៅ​ឯណា​​បើ​ទីនេះ​គ្មាន​កន្លែងណា​ផ្សេង​ផង?។

កេតឌីម៉ា​ងាក​មក​រក​ផ្ទះ​នោះ​វិញ ដោយ​ក្តី​​សង្ស័យ​លេចធ្លោ​ក្នុង​ចិត្ត​ថា ឬ​មួយ​បុរស​ទំាង​ពីរ​ត្រូវ​ឃុំ​ក្នុង​កន្លែង​នេះ​ជាមួយគ្នា?

សាជាថ្មី​ នាង​ដើរ​​ក្រឡឹង​ជុំវិញ​ជញ្ជាំង​រក​មើល​ក្រែង​មាន​ចន្លោះ​ណា​មួយ​អាច​សម្លឹង​ទៅ​ខាង​ក្នុង​ផ្ទះ​បាន ទី​បំផុត​នាង​ក៏​រក​ឃើញ​ប្រលោះ​ឈើ​ពុក​តូច​ប៉ុន​ចុង​ក្រចក​មួយ។ ដើម្បី​បាន​សម្លឹង​ទៅ​ខាង​ក្នុង​នាង​ត្រូវ​ប្រើ​កូន​កាំបិត​បត់​ដែល​យក​មក​តាម​នោះ​​ឆ្កៀល​ចោះ​​បន្ថែម​ទំហំ​វា​រួច​ទើប​អាច​បញ្ចាំង​ពិល​សម្លឹង​មើល​ទៅ​ខាង​ក្នុង។

បន្ទប់​ឈើ​ដែល​គ្មាន​ពន្លឺ​ និង​ពឹង​ពាក់​លើ​ពន្លឺ​ពិល​ដែល​ជះ​ចូល​ទៅ​បន្តិចបន្តួច​ គួបផ្សំ​នឹង​ប្រឡោះ​នោះ​តូច​មិន​អាច​ជួយ​ឲ្យ​​នារី​មើល​ឃើញ​អ្វីៗ​នៅ​ខាង​ក្នុង​ច្បាស់​ដូច​ការ​គិត​ទុក​ទេ។​ បន្ថែម​ពីលើ​នោះ​វត្ថុ​រឹង​មួយ​ប៉ះ​យ៉ាង​ដំណំ​លើ​កញ្ចឹង​ក​នាង​ ធ្វើ​ឲ្យ​​ស្រី​ស្រស់​របូត​ពិល​ពី​ដៃ​ហើយ​ដួលត្មោល​ទៅ​លើ​ស្មៅ។

​​….ពេលវេលា​កន្លង​ទៅ​យូរប៉ុណ្ណា​ក៏​មិន​ដឹង ​ប៉ុន្តែ​កេតឌីម៉ា​ត្រូវ​បាន​ដាស់​ឲ្យ​​ភ្ញាក់​មកវិញ។ ក្បាល​នាង​ធ្ងន់​ដូច​ងើប​ពី​គ្រុន ​ហើយ​​ភ្នែក​ទាំង​គូ​ផ្សារ​ក្ដៅ​ដូច​ត្រូវ​គ្រាប់​ខ្សាច់​ចូល​ទន្ទ្រាន។ នៅ​ពេល​សម្លឹង​ឃើញ​ដំបូល​ស្លឹក រួច​រេ​មើល​គ្រាប់​ភ្នែក​មើល​​ស្ថានភាព​ជុំវិញ​ខ្លួន ​ស្រី​ស្អាត​ស្ទុះស្ទា​ខំប្រឹង​ច្រត់ដៃ​ក្រោក​អង្គុយ​ព្រោះ​ហេតុការណ៍​អកុសល​កាល​ពី​យប់​បាន​សណ្ឋិត​មក​ក្នុង​អារម្មណ៍​សាជាថ្មី។

តាម​រយៈ​ពន្លឺ​ព្រាលៗ​នៃ​ព្រះទិនករ​ដែល​ប្រែ​ជា​ពណ៌​ប្រផេះ​ស្រអាប់​ដោយ​ចុះ​ចាញ់​ផ្សែង​អព្ភ​ត្រជាក់ ពេល​ព្រហាម​ជះ​ចូល​តាម​ចន្លោះ​ធ្នឹម ធ្វើ​ឲ្យ​តរុណី​ភ្ញាក់​ដូច​គេ​កន្ត្រាក់​ដោយសារ​នាង​បាន​ឃើញ​បុរស​មាឌ​ធំ​​ពីរ​នាក់​កំពុង​ដេក​ស្ដូកស្ដឹង​មិន​ដឹង​ខ្លួន​នៅ​អម​សង​ខាង​ខ្លួន​ គឺ​ម្នាក់​ក្បែរ​បាវ​ស្រូវ​ម្នាក់​ទៀត​ក្បែរ​ជើង​សសរ។

កេតឌីម៉ា​សម្លឹង​ទៅ​រាង​កាយ​បុរស​ដែល​នាង​ធ្លាប់​ឲ្យ​បេះដូង។ ​ពាណិជ្ជករ​ដែក​ថែប​ដ៏​ស្រស់​សង្ហា​ដែល​បាន​កសាង​គម្រោងការណ៍​ល្អិតល្អន់​ដើម្បី​ប្រជែង​ជាមួយ​បុត្រា​ទោល​នៃ​គ្រួសារ​អ្នក​តំណាង​រាស្ត្រ​ដោយ​ប្រាថ្នា​យក​ឥន្ទប្បដិមា​មក​គ្រប់គ្រង​ឲ្យ​ទាល់​តែ​បាន​នោះ កំពុង​ដេក​ស្ងៀម​គ្មាន​កម្រើក​ដោយ​ទឹកមុខ​ស្លេកស្លាំង។ បែក​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​ស្ថានភាព​គេ​ប្រែប្រួល​ដល់​ថ្នាក់​នេះ​ធ្វើ​ឲ្យ​សូម្បីតែ​កេតឌីម៉ា​ក៏​ត្រូវ​ភ្ញាក់ផ្អើល។ នាង​ភ្លាត់​មាត់​ដោយ​សង្វេគ​ចិត្ត៖

“បងKen?”

ទី​បំផុត​គេ​នៅ​ទី​នេះ​ដូច​ការ​ស្មាន​របស់​នាង​កាល​ពី​យប់​មែន។ ចាន​បាយ​ក្រៀម​ក្រញ៉ង់​ជះ​ក្លិន​ផ្អូម​ឆួល​ដែល​នៅ​ចោល​ក្បែរ​នោះ​ ព្រម​ទាំង​ផ្តិល​ទឹក​មួយ​ផង​ អាច​ជួយ​ឲ្យ​នារី​ដឹង​បាន​ថា​​បុរស​អភិជន​កូន​កាត់​ខ្មែរ​ចិន​ប្រហែល​អាច​ដឹង​ខ្លួន​វិញ​កាល​ពី​ពេល​ណា​មួយ​តែ​បាយ​ចំណី​នេះ​ប្រហែល​ជា​មាន​លាយ​ថ្នាំ​សណ្ដំ​បន្ថែម​ដើម្បី​ឲ្យ​គេ​ដេក​លក់​ទៅ​វិញ​ទៀត។

រូបរាង​របស់​នាយKen​ នៅ​ពេល​នេះ​ ធ្វើ​ឲ្យ​តរុណី​កាន់​តែ​ជឿ​ថា​សម្ដី​ទំាង​ប៉ុន្មាន​របស់​លំអង​គឺ​ជា​ការ​ពិត។ ​បុរស​ឈ្មោះ​រ៉ាទូ​ដែល​ក្បត់​ម្ចាស់​ហើយ​ដែល​បាន​រៀប​ចំ​អន្ទាក់​នេះ ​គឺ​ប្រាកដ​ណាស់​​ថា​មាន​បំណង​ចង់​បាន​ប្រាក់​ពី​គ្រួសារ​អភិជន​ទាំង​ពីរ​ដែល​ដើរ​មក​ចូល​រក​អន្ទាក់​ដោយ​ខ្លួន​ឯង។

នឹក​ដល់​ត្រង់​នេះ កេតឌីម៉ា​ងាក​ភ្លែត​មក​រក​រាមនរិន្ទ។

នាង​ស្ទុះ​ចូល​ក្បែរ​បុរស​ម្ចាស់​បេះដូង​ថ្មី​ដែល​នាង​គិត​ថា​ចង់​ធ្វើ​ជា​សត្វ​ត្រចៀកកាំ​ហើរ​លើ​មេឃ​ជាមួយ​នាយ។ គេ​ក៏​នៅ​ស្ងៀម​ឈឹង ឥត​កម្រើក​ក្រោម​ឥទ្ធិពល​នៃ​ស្រា​កាល​ពី​យប់។ បុរស​នេះ​​មិន​ត្រឹម​តែ​ជា​អ្នក​មាន​ប្រាក់​ទេ ប៉ុន្តែ​ជីវិត​របស់​គេ​គឺ​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​គ្រួសារ​អ្នក​នយោបាយ​ដ៏​ល្បី​នៅ​ភ្នំពេញ។ នាង​ដឹង​ថា​ពួក​មនុស្ស​អាក្រក់​បាន​ចាត់​ទុក​គេ​ថា​ជា​នុយ​រក​ប្រាក់​ដ៏​សំខាន់​បំផុត​មួយ។ ប៉ុន្តែ​សម្រាប់​នាង សុវត្ថិភាព​របស់​គេ​គឺ​ជា​អ្វី​គ្រប់​យ៉ាង។ នារី​ស្ទុះ​ទៅ​ក្បែរ​នាយ​រួច​អង្រួន​ហៅ៖

-លោក​ប្រុស​រាម! លោក​ប្រុស​រាម! ក្រោក​ឡើង!

សំឡេង​នាង​ទៅ​ជា​រអាក់រអួល ​ព្រោះ​ថា​គេ​នៅ​តែ​ស្ងៀម​ឈឹង​ដូច​គ្មាន​ជីវិត៖

-លោក​ប្រុស​រាម! ក្រោក​ឡើង​ណ៎ា! យើង​ចេញ​ពី​កន្លែង​នេះ!

បុរស​ធំ​ខ្ពស់​នៅ​តែ​ដេក​ស្ងៀម​នៅ​លើ​ធរណី​ក្រោម​ពន្លឺ​ភ្នែក​តក់ស្លុត​របស់​ស្រី​ស្អាត​ដែល​មិនសូវ​មាន​ប្រាជ្ញា។​

នាង​ងើប​មុខ​រេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន រួច​បញ្ឈប់​កែវ​នេត្រា​នឹង​ថ្កល់​នៅ​មុខ​ទ្វារ​​ដែល​កាល​ពី​យប់មិញ​នាង​ឃើញ​មាន​ចាក់សោ​ពី​ក្រៅ​ជាប់។ ដែល​ចម្លែក​បំផុត​ គឺ​ទ្វារ​នោះ​ពេល​នេះ​បើក​ចំហ​ធ្លុង​បង្ហាញ​លំហ​មេឃ​ភ្លឺ​ស្រទំ​នៅ​ខាងក្រៅ។ កេតឌីម៉ា​យក​ដៃ​ស្ទាប​កញ្ចឹង​ក​ខ្លួន​ឯង​ដែល​នាង​នៅ​ចាំ​បាន​ថា​មាន​ជន​ណា​ម្នាក់​ទើប​មក​ដល់​ពី​ក្រោយ​ខ្នង​ហើយ​វាយ​នាង​ប្រាថ្នា​ឲ្យ​សន្លប់​រួច​ទើប​ទាញ​នាង​យក​មក​ឃុំ​ទុក​​ជាមួយ​នឹង​បុរស​ទាំង​ពីរ។ ប៉ុន្តែ​ហេតុអី​ម្នាក់​នោះ​បែរ​ជា​ចេញទៅ​វិញ​ដោយ​មិន​ចាក់​សោរ​ពី​ក្រៅ?​ទោះបី​ល្ងង់​យ៉ាង​ណា នាង​ក៏​មិន​ដល់​ថ្នាក់​អូស​បន្លាយ​ស្ថានភាព​គ្រោះថ្នាក់​នេះ​ឲ្យ​វែង​តទៅមុខ​ទៀត​ដែរ។ ស្រី​បង្ហាញ​ម៉ូត​ចាប់​ផ្តើម​ស្រែក​ហៅ​ប្រុស​ស្នេហ៍​តិចៗ​សាជាថ្មី៖

-លោក​ប្រុស​រាមៗ?

បុរស​នៅ​តែ​មិន​កម្រើក​ ធ្វើ​ឲ្យ​នារី​សម្លឹង​មើល​ស្ថានភាព​គេ​ទំាង​សង្វេគ​ក្នុង​ចិត្ត។ មួយ​យប់​ទល់​ភ្លឺ​ទៅ​ហើយ បើ​គេ​ត្រូវ​សណ្ដំ​គេ​គួរ​តែ​ដឹង​ខ្លួន​វិញ ឬ​មួយ​នោះ​មិន​ត្រឹម​តែ​ជា​ថ្នាំ​សណ្តំ​ តែ​​ជា​ថ្នាំ​បំពុល​ទេ?

ទោះ​នាង​មិន​ដឹង​ថា​តើ​ផ្លូវ​ទៅ​មុខ​កាត់​ចម្ការ​អូលីវ ​និង​ចាកចេញ​ពីភូមិ​គ្រឹះ​អេឡា​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​អ្វី​ខ្លះ​ទេ​ ប៉ុន្តែ​នាង​ដឹង​តែ​ម្យ៉ាង​ថា​នាង​ត្រូវ​តែ​គ្រា​បុរស​នោះ​ទៅ។ មនុស្ស​ស្រី​ល្ងង់​ផង​ មានះ​ផង​បាន​ត្រកង​កាយ​បុរស​ដែល​នាង​តែង​នែបនិត្យ​ជិត​កាយ​ជានិច្ច​កាល​ពី​គ្រា​សុខសាន្ត​កន្លង​មក ហើយ​នេះ​ជា​វេន​ដែល​បន្ទាប់​ពី​រួម​សុខ​គឺ​រួម​ទុក្ខ​ជាមួយ​គ្នា​ម្ដង។ គេ​ធ្ងន់​ផង ខ្ពស់​ផង ការ​យោង​រាងកាយ​គេ​គឺ​លំបាក​យ៉ាប់យ៉ឺន​ជាង​លើក​អង្ករ​មួយ​បាវ​ទៅ​ទៀត​ ប៉ុន្តែ​ទំហំ​ចិត្ត​ស្នេហា​របស់​នាង​ចំពោះ​អ្នក​ប្រុស​មាន​អំណាច​អាច​បង្ខំ​ឲ្យ​នាង​ធ្វើ​បាន​នូវ​បណ្ដា​រឿង​ដែល​ធ្លាប់​តែ​គិត​ថា​ហួស​ពី​សមត្ថភាព។

 មុន​ពេល​ចាកចេញ​ទៅ​ កេត​​​ឌីម៉ា​ទុច​ដំណើរ​នៅ​ត្រង់​មាត់​ទ្វារ​ហើយ​បែរ​ក្រោយ​សម្លឹង​បុរស​ម្នាក់​ទៀត​ដែល​កំពុង​ដេក​ស្ងៀម​ឥត​កម្រើក​ម្នាក់ឯង​។គេ​ឯកោ​សារ​ជាថ្មី។

នោះជា​បុរស​ដែល​នាង​ធ្លាប់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​គេ ហើយ​ក៏​ជា​បុរស​ដែល​ឃើញ​នាង​​រង​គ្រោះថ្នាក់​នៅ​នឹង​ភ្នែក ​ប៉ុន្តែ​គេ​នៅ​តែ​បន្ត​ជំហាន​ចាកចេញ​ទៅ​ព្រោះ​នាង​លែង​មាន​តម្លៃ​ឲ្យ​គេ​ប្រើប្រាស់។ ទឹកភ្នែក​នាងក្រមុំ​ស្លូតត្រង់​ធ្លាក់​ចុះ​សាជាថ្មី​មុន​ពេល​នាង​បែរខ្នង​ចាកចេញ។

“Ken! មិនមែន​ខ្ញុំ​ចង់​សងសឹក​ចំពោះ​ចិត្ត​ស្មោកគ្រោក​របស់​លោក​ទើប​ខ្ញុំ​ធ្វើ​អញ្ចឹង​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​គ្មាន​​លទ្ធភាព​ជួយ​លោក​មែន! បើ​ខ្ញុំ​ និង​រាមនរិន្ទ​មាន​វាសនា​បាន​ចាកចេញ​ពី​កន្លែង​នរក​នេះ ខ្ញុំ​នឹង​គិត​ពី​លោក​តាម​ក្រោយ! តែ​បើ​ខ្ញុំ​មក​វិញ​មិន​ទាន់​វា​ជា​វាសនា​កម្ម​របស់​លោក”។

នារី​ឈាន​​មក​ដល់​មាត់​ទ្វារ​ខាង​ក្រៅ​ប៉ះ​នឹង​ចំហាយ​ខ្យល់​ត្រជាក់​ដូច​ជា​រដូវ​រងា​នៅ​ទ្វីប​អឺរ៉ុប។ ​នាង​ប្រឹង​ដើរ​បាន​ប៉ុន្មាន​​ជំហាន​ទៀត ​ប៉ុន្តែ​ត្រចៀក​បែរ​ជា​ឮ​សូរស័ព្ទ​ហៅ​តិចៗ​មក​ពី​ក្រោយ​ខ្នង។

-ជួយ​ផង!

នាង​បើក​ភ្នែក​មូល​ក្លំ​ដោយ​រន្ធត់។ នោះ​គឺ​សំឡេង​នាយKenនាង​នៅ​ចាំ​ច្បាស់​ណាស់។ ឬ​មួយ​ថា​គេ​ដឹង​ខ្លួន​មក​វិញ​ហើយ?

កេតឌីម៉ា​បែរ​ក្រោយ​ភ្លែត។ រាង​កាយ​ពាណិជ្ជករ​ដែក​ថែប​កម្រើក​ខ្វៀកៗ​ក្រោម​ពន្លឺ​ភ្នែក​​តក់ស្លុត​របស់ នាង។ នាង​ភ្លាត់​មាត់​ហៅ៖

-បងKen?

បុរស​នោះ​តប​វិញ​ខ្សាវៗ៖

-អ្នក​ណា? លំអង? ឌីម៉ា? ជួយ…ជួយ…ជួយ​ផង…

បុរស​នៅ​ស្មា​ម្ខាង​ដែល​ខ្លួន​កំពុង​គ្រា​ហាក់​ធ្ងន់​ឡើងៗ​ ជា​សញ្ញា​ដាស់​នាង​ថា​នាង​គ្មាន​ពេល​បង្អង់​យូរ​ទេ។ ស្រី​ស្អាត​កាត់​ចិត្ត​ចាកចេញ​ទៅ​ចោល​បុរស​ដែល​កំពុង​រវើរវាយ​ស្រែក​រក​ជំនួយ។

ដើរ​បន្ត​បាន​ពី​រ​បី​ជំហាន​ទាំង​ចិត្ត​ក្ដុកក្ដួល នាង​ភ្លាត់​ជើង​បាត់​ជំហរ​ទន់ជង្គង់​ដួល​ស្រ៊ុប។ដោយ​សារ​ស្នាម​ឈឺ​លើ​កញ្ចឹង​ក​ផង​ ក្បាល​ក៏​ធ្ងន់​ពាប់​ដោយ​ទើប​ក្រោក​ពី​សន្លប់​ផង​ណា​មួយ​យោង​បុរស​ម្នាក់​មក​ដោយ​ត្រដាបត្រដួស​ទៀត ក្នុង​ពេល​ភ្លាត់​ជើង​​ដោយ​សារ​ផុង​ដី​ស្មៅ​សើម​ដោយ​ទឹក​សន្សើម​នាង​ពិត​ជា​គ្មាន​កម្លាំង​ឯណា និង​តស៊ូ​រក្សា​ជំហរ​បាន​ទៀត​ទេ​មាន​តែ​បណ្ដោយ​ទៅ​តាម​រាងកាយ​ដែល​ទន់​ល្ងៀក​នោះ​តែ​ម្ដង ប៉ុន្តែ​ចេះ​សំណាង​ល្អ​រាងកាយ​នាង​មិន​អាច​ធ្លាក់​ដល់​ដី​បាន​ដោយសារ​មាន​រង្វង់​ដៃ​ដែល​នាង​ធ្លាប់​ស្គាល់​ក្រឡាស់​មក​ត្រកង​ខ្លួន​ប្រាណ​ស្រី​បាន​ទាន់​ពេលវេលា។

ចង្កេះ​ស្ថិត​នៅ​លើ​ដៃ​គេ ឯ​ដៃ​ខ្​ក៏​តោង​ក​គេ​ជាប់ ក្នុង​ពេល​កែវ​ភ្នែក​សម្លឹង​ទៅ​​បបូរមាត់​ស្រស់​សង្ហា​ដែល​ប្រែ​ក្រៀម​ស្លេក​ដោយ​អាកាសធាតុ​ត្រជាក់។ ទោះ​បី​ផ្ទៃ​មុខ​រាមនរិន្ទ​ត្រូវ​ចុះចាញ់​ឥទ្ធិពល​អាកាសធាតុ​ និង​ការ​ដេក​ហាល​សន្សើម​ពេញ​មួយ​យប់ ប៉ុន្តែ​គេ​​នៅ​តែ​រក្សា​បាន​ភាព​ជា​ប្រុស​ស្អាត​របស់​ខ្លួន​។

គេ​ញញឹម​តិចៗ​នៅ​ចំពោះ​កែវ​ភ្នែក​ភ្ញាក់ផ្អើល​របស់​ស្រី​តូច​ក្នុង​រង្វង់​ដៃ។

-ដើរ​ខ្លួន​ឯង​​មិន​ជាប់​​ផង ចង់​មក​គ្រា​កូន​កម្លោះ​គេ​យក​ទៅ​ទុក​ធ្វើ​ប្ដី​អ្ហី​កេតឌីម៉ា?

ស្រី​ស្អាត​អរ​ភើត។ ស្មារតី​បុរស​នេះ​ស្រាប់​តែ​ត្រឡប់​មក​វិញ​ដូច​ទេពនិម្មិត​ធ្វើ​ឲ្យ​នាង​ភ្លេច​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ដៀមដាម​របស់​គេ។ ស្រី​ស្រស់​ស្ទុះ​ចុះ​ដល់​ដី​​ហើយ​តោងដៃ​​អ្នក​កម្លោះ​សម្លឹង​គេ​ពី​លើ​ដល់​ក្រោម​មុន​ពេល​ស្រវា​ឱប​នាយ​ដោយ​រំភើប​ដូច​មនុស្ស​ស្រេក​ទឹក​ជិត​ស្លាប់​​ដើរ​ជំពប់ និង​ទឹក​ទន្លេ​។

កាល​ដែល​នាង​​មិន​និយាយ​ស្តី​ ប៉ុន្តែ​ឱប​បុរស​តឹងណែន​ក្នុង​រង្វង់​ដៃ​បញ្ជាក់​ហើយ​ថា​ការ​ដឹង​ខ្លួន​មក​វិញ​របស់​នាយ​គឺ​ជា​ក្តី​សង្ឃឹម​ដ៏​លើសលប់​សម្រាប់​នាង ប៉ុន្តែ​ដែល​រាមនរិន្ទ​កាន់​តែ​រំភើប​គឺ​នាង​បាន​បោះបង់​ចោល​សង្សារ​ចាស់​របស់​នាង​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​បំផុត ​ហើយ​ជ្រើស​យក​អ្នក​ប្រុស​ដើម្បី​ចាកចេញ​ពី​ទីនេះ​ជាមួយ​គ្នា។

-ដាច់​ចិត្ត​ទៅ​ចោល​សង្សារ​ចាស់​មែន​អ្ហេស៎?

អ្នក​ប្រុស​សួរ​នាង​តិចៗ​ទោះ​បី​គេ​ដឹង​ចម្លើយ​ស្រេច​ហើយ​ក្តី។ ស្រី​ស្អាត​ដែល​ញញឹម​ដោយ​ភាព​ត្រេកអរ​មិន​រវល់​នឹង​អ្វី​ទាំងអស់​ព្រោះ​សុវត្ថិភាព​នាយ​គឺ​ជា​ខ្យល់​ដក​ដង្ហើម​របស់​នាង។ នាង​សួរ​គេ​វិញ៖

-លោក​ប្រុស​រាម​​ដឹង​ខ្លួន​យូរ​ហើយ?

បុរស​មិន​ឆ្លើយ តែ​គេ​បែរ​ជា​ងាក​ក្រោយ។ កេតឌីម៉ា​ងាក​ក្រោយ​តាម​គេ​ដែរ នាង​ឃើញ​ពាណិជ្ជករ​ដែក​ថែប​កំពុង​វារ​តិចៗ​មក​ដល់​មាត់​ទ្វារ។ កែវ​ភ្នែក​គេ​សម្លឹង​មក​អ្នក​ទាំង​ពីរ​ហាក់​បង្ហាញ​ចេញ​នូវ​ភាព​អង្វរករ​ច្បាស់​ណាស់។ មាណវី​ចាប់​ផ្ដើម​ពិបាក​ចិត្ត នាង​ងាក​មក​មើល​រាមនរិន្ទ ទោះ​នាង​​មិន​និយាយ​តែ​ភ្នែក​ស្រី​ស្អាត​​បញ្ជាក់​ហើយ​ថា​នាង​ចង់​រក​មធ្យោបាយ​ជួយ​បុរស​នោះ​ដែរ។

សំឡេង​រាមនរិន្ទ​លាន់​តិចៗ​មក​កាន់​នាង៖

-អា Kenត្រូវ​ថ្នាំ​គេ​ខ្លាំង​បន្តិច​ហើយ! មើល​វា​ចុះ ដើរ​ក៏​មិន​រួច​ផង!

កេតឌីម៉ា​សម្លឹង​មក​ប្រុស​ស្នេហ៍​ដោយ​ព្រួយបារម្ភ៖

-ចុះ​បង?

រាមនរិន្ទ​ងាក​មក​សម្លឹង​ស្រី​ម្ចាស់​បេះដូង​គេ​ និយាយ​តប​សំនួរ​នាង៖

-បង​អត់​បាន​ផឹក​ស្រា​ដែលMeddyបាន​ផឹក​នោះ​ទេ ព្រោះ​កាន់​តែ​នៅ​ផ្ទះ​នោះ​យូរ ​បង​កាន់​តែ​សង្ស័យ។ ​ពេល​បង​គិត​ពី​សម្តី​អូន បង​កាន់​តែ​ប្រយ័ត្ន​ខ្លួន! ប៉ុន្តែ​​ទោះ​យ៉ាង​ណា​បង​នៅ​តែ​សន្លប់​បាន គ្រាន់​តែ​មិន​ធ្ងន់​ដូច​អាKen! ថ្នាំ​សណ្តំ​មិនមែន​មាន​តែ​​នៅ​ក្នុង​ស្រា​ពីរ​កែវ​នោះ​ទេ តែ​ប្រហែល​មាន​ក្នុង​ម្ហូបម្ហា​តាំង​ពី​ល្ងាច!

ឌីម៉ា​រេ​ភ្នែក​រិះគិត។ នាង​នឹក​ឃើញ​ដល់​ពួក​អង្គរក្ស​ដែល​ដេក​រណូក​រណែល​បន្ទាប់​ពី​ជប់លៀង​រួច។ពួកគេ​ត្រូវ​ថ្នាំ​សណ្តំ​ពិត​ណាស់។

នាង​មិន​ទាន់​ថា​យ៉ាង​ណា​ផង បុរស​និយាយ​មក​មុន៖

-ព្រឹក​មិញ​បង​ដឹង​ខ្លួន​ក៏​ក្រោក​អត់​រួច​ដូច​គ្នា តែ​មីង​ម្នាក់​នោះ​ចូល​មក​ដល់ គាត់​ដាក់​ថ្នាំ​ទឹក​អី​ម្យ៉ាង​ធំ​ក្លិន​អាក្រក់​ចូល​មាត់​បង ដំបូង​បង​គិត​ថា​គាត់​សម្លាប់​បង ប៉ុន្តែ​តាមពិត​គាត់​ដូច​ជា​ជួយ​បង​វិញ​ទេ​ ព្រោះ​ថ្នាំ​ហ្នឹង​ធ្វើ​ឲ្យ​បង​កម្រើក​កម្លាំង​ធម្មតា​វិញ​ភ្លាមៗ។ គាត់​អត់​ចេះ​និយាយ​អង់គ្លេស​ ដូច្នេះ​គាត់​ធ្វើ​ដៃ​ជើង​បង​នៅ​តែ​ស្តាប់​គាត់​មិន​យល់ ទំនង​អស់​សង្ឃឹម​គាត់​ក៏​ចេញ​បាត់​ទៅ តែ​គាត់​ចំហ​ទ្វារ​ទុក​ឲ្យ!

ឌីម៉ា​តប​វិញ​ភ្លាម៖

-មីង​ហ្នឹង​ប្រាកដ​ជា​មនុស្ស​ជំនិត​ស្មោះត្រង់​នឹង​នាង​អេឡា! យប់មិញ​គាត់​ត្រូវ​តា​រ៉ាទូ​វាយ​សន្លប់​នៅមុខ​បន្ទប់​បាយ!

និយាយ​ដល់​ត្រង់​នេះ​នាង​ចាប់​អារម្មណ៍​ដឹង​ថា​កាល​ដែល​នាង​ដឹង​ខ្លួន​មក​វិញ​ ព្រោះ​​កូន​ប្រុស​អ្នក​នយោបាយ​ដាស់​នាង​ឲ្យ​ក្រោក​ ប៉ុន្តែ​ដោយសារ​នាយKenនៅ​ទីនេះ​ដែរ​គេ​ក៏​មាន​បំណង​ចង់​ពិសោធន៍​ចិត្ត​នាង​ផង ទើប​សម្ងំ​ធ្វើ​ជា​សន្លប់​បន្ត រង់ចាំ​មើល​ថា​​ស្មា​នាង​ទុក​សម្រាប់​គ្រា​អ្នកណាម្នាក់​ចេញ​ក្នុង​ចំណោម​បុរស​ទាំង​ទ្វេ។ ដៀង​សម្លឹង​ទៅ​រក​បុរស​មាន​ល្បិច​ដែល​កំពុង​រមួលខ្លួន​ដោយ​ល្វើយ​ក្បែរ​មាត់​ទ្វារ ​កេតឌីម៉ា​និយាយ​បន្ត​ដោយ​មិន​អស់​ចិត្ត៖

-បើ​លោក​រ៉ាទូ​ចង់​ចាប់​ពួក​បង​ជំរិត​យក​លុយ​មែន! គេ​ចាំបាច់​អី​ចាំ​ដល់​យប់​បាន​ដាក់​ថ្នាំ​សណ្ដំ​ក្នុង​ស្រា​ពីរ​កែវ​ចុង​ក្រោយ​នោះ? ម៉េច​មិន​ចាត់​ការ​តាំង​ពី​ល្ងាច​តែ​ម្ដង!

រាមនរិន្ទ​រិះគិត​ដោយ​ស្មុគស្មាញ គេ​ស្រាប់​តែ​បើក​ភ្នែក​ធំៗ៖

-វរ​ហើយ! Meddy?

ឌីម៉ា​ទើប​តែ​យល់​ពី​អ្វី​ដែល​គេ​ចង់​និយាយ។ នាង​ចាប់​ផ្ដើម​យល់​បណ្តើរៗ​ថា បុរស​នោះ​រង់ចាំ​ឱកាស​អេឡា​​របស់​គេ​សំណេះសំណាល​​ជា​ឯកជន​ជាមួយ​រាមនរិន្ទ​សិន ដើម្បី​គេ​ទទួល​បាន​ព័ត៌មាន​ពី​ឥន្ទប្បដិមា។ ​នេះ​បញ្ជាក់​ថា​កាល​នៅJayapuraបុរស​កន្ធាត់​គ្មាន​របស់​នោះ​ក្នុង​ដៃ​ទេ។ គេ​រៀប​ចំ​​ពិធី​ដេញ​ថ្លៃ​ដើម្បី​តែ​បង្ក​ចលាចល​ និង​នាំ​ចិត្ត​សេដ្ឋី​ទាំង​ទ្វេ​ឲ្យ​ប្រជែង​គ្នា​មក​កាន់​កោះ​ស្មៅ​លឿង​តែ​ប៉ុណ្ណោះ។ ហើយ​ដែល​រាមនរិន្ទ​ភ្លាត់​មាត់​ពេល​នេះ​ទៀត​សោត​ ក៏​មាន​ន័យ​ថា អេឡា​នោះ​​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។

កាល​ពី​យប់​មិញ នាង​រំលឹក​ជា​ញយ​ដង​ថា​ផែនទី​នៅ​ក្នុង​វត្ថុ​នោះ​ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ខ្នង​របស់​នាង​ទៅ​ហើយ ដើម្បី​បាន​វត្ថុ​នោះ តើ​ពួក​គេ​អាច​ប្រមាថ​ភាព​បរិសុទ្ធ​របស់​នាង ឬ​សម្លាប់​នាង​ចោល​ដើម្បី​យក​វត្ថុ​នោះ​ដែរ​ទេ?

ស្រី​បង្ហាញ​ម៉ូដ​​បើក​ភ្នែក​មូល​ក្លំ​ដោយ​រន្ធត់។ នាង​ងាក​សម្លឹង​មក​រក​បុរស​ម្ចាស់​ចិត្ត​ទន្ទឹម​ពេល​ឃើញ​គេ​ស្ទុះ​ទៅ​គ្រា​នាយ Ken។ នាង​ដឹង​ថា បុរស​នោះ​ធ្វើ​អាក្រក់​ច្រើន​យ៉ាង​នេះ​​ហើយ​ក៏​រាមនរិន្ទ​នៅ​តែ​ជួយ​យកអាសា​គេ​ព្រោះ​​គេ​ជា​មនុស្ស​មក​ពី​ស្រុក​ជាមួយ​តែ​ប៉ុណ្ណោះ។

នាង​ដើរ​តត្រុក​តាម​គេ​ទំាង​ពីរ​ក្រោម​ផ្សែង​អព្ភ​រងា​នា​ពេល​ព្រឹក​ព្រហាម។ ពាណិជ្ជករ​ម្ចាស់​សហគ្រាសCam Steelនិយាយ​ញ័រៗ​ព្រោះ​រណ្តំ​ថ្គាម៖

-បង​រាម ចេញ​តាម​ក្រោយ​ចម្ការ​វិញ!

រាមនរិន្ទ​យល់​ថា​នាយKenស្គាល់​ផ្លូវ​ក្រោយ​នោះ​ ប្រហែល​ជា​គេ​មិន​ត្រូវ​បាន​អញ្ជើញ​ដោយ​អេឡា​ចូល​ផ្ទះ​ធំ​ទេ ប៉ុន្តែ​គេ​បាន​ចូល​មក​ក្នុង​អន្ទាក់​របស់​លោក​រ៉ាទូ​ដោយ​ខ្លូន​ឯង។ គេ​បែរ​ក្រោយ តាម​ពាក្យ នាយ​នោះ​ប្រាប់​ ប៉ុន្តែ​ក្នុង​ចិត្ត​នៅ​តែ​គិត​មមៃ​ដល់​ស្ត្រី​ក្មេង​នៃ​កុលសម្ព័ន្ធ​អាសាដ។ សេចក្តី​សុខ​របស់​នាង​ជា​បំណង​ប្រាថ្នា​របស់​នាយ​ដោយ​សារ​ស្ត្រី​នោះ​មាន​ភាព​ស្មោះត្រង់ ​និង​ការ​លះបង់​គួរ​ឲ្យ​រំភើប ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក្នុង​ស្ថានភាព​នេះ គេ​មិន​មាន​​លទ្ធភាព​អី​ក្នុង​ការ​ត្រឡប់​ទៅ​រក​នាង​ទេ ម៉្យាង​ដោយ​សារ​ទីនេះ​ជា​ដី​របស់​នាង​ផង គេ​នៅ​តែ​មាន​សង្ឃឹម​ថា​នារី​នោះ​​នឹង​ត្រូវ​បាន​អ្នក​ផ្សេង​ជួយ​សង្គ្រោះ​ទាន់​ពេល​ ព្រោះ​ស្រី្ត​ចំណាស់​ដែល​ជិត​ដិត​នឹង​នាង​ក៏​បាន​ដឹង​ពី​រឿងរ៉ាវ​អស់​នេះ​ហើយ។

ពួកគេ​ប្រើ​ពេល​យូរ​គួរ​សម​ទម្រាំ​ចេញ​ផុត​ពី​ចម្ការ​មក​ទាល់​នឹង​មាត់​បឹង។ យ៉ាង​ហោច​ណាស់​អ្នក​ទាំងពីរ​ដឹង​ថា​បើ​អាច​ឆ្លង​ទឹក​នោះ​បាន គឺ​គេ​កាន់​តែ​ឆ្ងាយ​ចេញ​ពី​កុលសម្ព័ន្ធ​អាសាដ​ហើយ​ ចំណែក​រទេះ​សេះ​ដែល​រង់ចាំ​ពួកគេ​គឺ​នៅ​ម្ខាង​ទៀត។​

កូន​ប្រុស​អ្នក​នយោបាយ​ដែល​បែកញើស​ជោគ​រាងកាយ ​ទាំង​អាកាសធាតុ​កំពុង​ត្រជាក់​ល្ហឹម​នោះ​ងាក​មក​ពិគ្រោះ​ជាមួយ​ស្រី​ស្នេហ៍៖

-អូន​នៅ​ចាំ​កន្លែង​នេះ! បង​ចូល​ទៅ​រក​វឿន និង​អ្នក​ផ្សេង​ទៀត!

ឌីម៉ា​ដែល​ដឹង​ចិត្ត​អ្នកប្រុស​ច្បាស់ នាង​ដឹង​ថា​ទោះ​យ៉ាង​ណា​គេ​មិន​ចេញចោល​អង្គរក្ស​ជំនិត​ដែល​ធ្លាប់​ប្ដូរ​ជីវិត​ការពារ​គេ​នោះ​ឡើយ។ នាង​ចង់​ព្យាយាម​ពន្យល់​ប៉ុន្តែ​នឹក​មិន​ទាន់​ចេញ​ពាក្យ​និយាយ​ផង នាយ​ Kenបន្លឺ​មុន៖

-បង​រាម! យើង​រក្សា​ជីវិត​សិន ចាំ​ជួយ​ពួក​គេ​តាម​ក្រោយ! ឲ្យ​តែ​ទៅ​ដល់​ខាង​ណោះ យើង​រក​ទាហាន​ឲ្យ​មក​ជួយ​ក៏​មិន​យឺត​ពេល​ដែរ ពួក​គេ​ចង់​បាន​លុយ​ មិន​មែន​ចង់​សម្លាប់​ពួក​អង្គរក្ស​អស់​ហ្នឹង​ទេ!

រាមនរិន្ទ​ជ្រួញ​ចិញ្ចើម​សញ្ជឹងគិត​ក្រោម​ក្រសែ​ភ្នែក​ព្រួយ​បារម្ភ​របស់​នារី​រូប​ល្អ​ដែល​ប៉ើង​សក់​រតាត់​រតាយ​ដោយ​ការ​រត់លូន។ ជា​ការ​ពិត ទោះ​បី​គេ​ចង់​ជួយ​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​នាង​នៅ​តែ​ជា​អាទិភាព។បុរស​ម្នាក់​ដែល​ស្រលាញ់​ស្រី​ម្នាក់​ស្មើ​នឹង​ជីវិត​របស់​គេ ក្នុង​កាលៈទេសៈ​ដែល​លំបាក​បំផុត សេចក្ដី​សុខ​ដែល​នាយ​ចង់​បាន គឺ​ឃើញ​នាង​មាន​សុវត្ថិភាព…..

…រាមនរិន្ទ​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នោះ​ដែរ….

វគ្គទី២២

៣ឆ្នាំ​ចាំ​ស្នេហ៍

…នៅពេលនេះគឺម៉ោង៩ព្រឹក….ម៉ោង​នៅ​រាជធានី​ភ្នំពេញ…

ស្ត្រី​ចំណាស់​ប្រកប​ដោយ​ស្នាម​ក្រែម​ក្រហម​ជាំ​លើ​បបូរ​មាត់​ឈោង​ដៃ​ទៅ​មួល​បន្ថយ​សំឡេង​ដែល​លាន់​ចេញ​ពី​ក្នុង​វិទ្យុ។ ដៃ​គាត់​នៅ​តែ​បញ្ជា​ចង្កូត​រថយន្ត​ស្ទាត់ជំនាញ ឯ​សម្តី​ក៏​មិន​បង្អង់​ដែរ​គាត់​សួរ​ទៅ​​នារី​បង្ហាញ​ម៉ូត​ដែល​នៅ​អង្គុយ​ដោយ​ទឹក​មុខ​ស្ងួត៖

-ហើយ​ចុះ​ធ្វើ​ម៉េច​នាំ​គ្នា​ចេញ​ពី​កោះ​នោះ​មក​បាន​កូន?

កេតឌីម៉ា​តប​ដោយ​ភ្នែក​ដោយ​ចោល​ក្រសែ​ភ្នែក​ស្ងួត​ស្ងប់​ សម្លឹង​មើល​ទៅ​ផ្លូវ​រលោង​ស្រិល​ខាង​មុខ៖

-ដំបូង​ពួក​លោក​រ៉ាទូ​តាម​យើង​មក​ដល់​មាត់​បឹង​នោះ​តែ​ម្តង​មីង !

ពេល​មីង​កុលាប​ចំហ​មាត់​ធ្លុង​ដោយ​ភ្ញាក់ផ្អើល កេតឌីម៉ា​និយាយ​បន្ត៖

-ប៉ុន្តែ​មីង​ស្មាន​មិន​ដល់​ទេ​ថា អង្គរក្ស​វឿន​ក៏​មក​ដល់! មីង​ដឹង​ថា​គាត់​មក​ជាមួយ​អ្នក​ណា​ទេ​ គឺ​មក​ជាមួយ​អេឡា! គាត់​បី​នាំ​អេឡា​ដែល​កំពុង​សន្លប់​នោះ​ចេញ​មក​ ព្រោះ​ដឹង​ថា​នាង​ជា​មនុស្ស​មាន​អំណាច​ជាង​គេ​នៅ​កុលសម្ព័ន្ធ​អាសាដ ​បើ​គ្មាន​នាង យើង​គ្មាន​ផ្លូវ​ចេញ​ពី​កន្លែង​នោះ​បាន​ទេ!

-បាន​ន័យ​ថា​មនុស្ស​ជំនិត​របស់​លោក​ប្រុស​រាម​មិន​បាន​ត្រូវ​ថ្នាំ​ទេ? (មីង​កុលាប​សួរ​ដោយ​មិន​អស់​ចិត្ត)

ស្រី​ស្អាត​ងក់​ក្បាល​ផ្ងក់ៗ៖

-គឺ​គាត់​ជា​មនុស្ស​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់! យប់​នោះ​គាត់​អត់​ស្រវឹង​ទេ​ តែ​គាត់ ​និង​បង​គង់​ចេញ​ទៅ​រក​មើល​ស្ថានភាព​ភូមិ​នោះ! គាត់​មិន​សូវ​បារម្ភ​ពី​ចៅហ្វាយ​ ព្រោះ​គិត​ថា​គាត់​មាន​មិត្ត​ចាស់​នៅ​ជិត​ហើយ​! ប្រហែល​អង្គរក្ស​វឿន​មក​វិញ រក​ពួក​យើង​មិន​ឃើញ​ បាន​ជា​គាត់​សង្ស័យ​ហើយ​ឡើង​ទៅ​រក​អេឡា​ដើម្បី​សួរនាំ! ទៅ​ដល់​ជួន​ពេល​ពួក​នោះ​កំពុង​រក​ដោះ​អាវ​នាង​យក​ផែនទី​ គាត់​ក៏​ជួយ​នាង​ចេញ​មក! ពេល​នោះ​អេឡា​នៅ​សន្លប់! ​អង្គរក្ស​វឿន​ត្រូវ​បាន​ស្រ្តី​ចំណាស់​នោះ​ជួយ​បង្ហាញ​ផ្លូវ និង​នាំ​នាង​ចេញ​មក​ដល់​មាត់​បឹង​ទើប​នាង​ដឹង​ខ្លួន​វិញ។ អេឡា​ឲ្យ​សញ្ញា​ទៅ​មនុស្ស​របស់​នាង​ទើប​ពួក​គេ​មក​ដល់​ចំ​ពេល​ដែល​លោក​រ៉ាទូ​កំពុង​តែ​បម្រុង​បំបិទ​មាត់​ពួក​យើង! ចុង​ក្រោយ​គេ​ដោះស្រាយ​បញ្ហា​មនុស្ស​អាក្រក់​ទំាង​នោះ ដោយ​វិន័យ​ផ្ទៃ​ក្នុង​របស់​កុលសម្ព័ន្ធ​គេ! តែ​ពួក​ខ្ញុំ​អត់​បាន​ត្រឡប់​ទៅ​ផ្ទះ​នោះ​វិញ​ទេ!

ស្ត្រី​មេ​អណ្ដើក​សើច​ក្អាកក្អាយ៖

-ស្រី​នោះ​គ្រាន់​តែ​លោក​ប្រុស​រាម​កាន់​ដៃ​រត់​ឡើង​ឡាន​ក្រុង​ក៏​នឹក​គេ​អស់​៨ឆ្នាំ ចុះ​ពេលនេះ​អង្គរក្ស​សោះអង្គើយ​នោះ​លើក​នាង​លើ​ស្មា​ជា​ចំណាប់​ខ្មាំង​វិញ​ម្តង នាង​ដូរ​ទិសដៅ​ទេ​ហ្ន៎?

ឌីម៉ា​មិន​មាត់​ ព្រោះ​នាង​គ្មាន​ពេល​គិត​រឿង​អស់​នេះ​ជា​របៀប​កំប្លែង​ដូច​មីង​កុលាប​ទេ​ តែ​ភ្លាម​នោះ​ស្ត្រី​ចំណាស់​សួរ​វិញ​ភ្លាម៖

-ចុះ​ថៅកែKen?

ឌីម៉ា​នៅ​ស្ងៀម​បន្តិច​ទើប​និយាយ​ប្រាប់​គាត់៖

-គេ​មាន​មនុស្ស​របស់​គ្រួសារ​គេ​ទៅ​ពី​ភ្នំពេញ​ទៅ​ទទួល​ដល់​ទី​នោះ!

ស្ត្រី​មេ​អណ្ដើក​រអ៊ូ​តិចៗ៖

-សំណាង​ហើយ​មក​ប៉ះ​លោក​ប្រុស​រាម! បើ​ជា​អ្នក​ផ្សេង​ប្រហែល​គ្មាន​ផ្លូវ​បាន​មក​ផ្ទះ​ងាយៗ​ទេ! ​តែ​ម្យ៉ាង​ដែរ​ របស់​ក៏​មិនបាន​មក​ ឈឺ​ទំាង​ខ្លួន ខូច​ទាំង​ឈ្មោះ​ ​ត្រូវ​គេ​ដឹង​ដល់​ក្រយៅ​ទៀត!

ភ្លាម​នោះ​គាត់​ងាក​មក​ខ្សឹប​តិចៗ​ដាក់​នាង៖

-ចុះ​របស់​នោះ?

ឌីម៉ា​ដឹង​ថា​គាត់​កំពុង​សំដៅ​ពី​ឥន្ទប្បដិមា។ នាង​ឈ្ងោកមុខ​និយាយ​មួយៗ៖

-អេឡា​ថា​នាង​ឆ្លាក់​វា​ជាប់​លើ​ខ្នង​ គឺ​និយាយ​លោចិត្ត​ទេ! តាម​ពិត​របស់​នោះ​នាង​រក្សា​ទុក​បាន​ល្អ​ណាស់! មិន​ដែល​អ្នក​ណា​បាន​ឃើញ​ទំាង​អស់! មុន​ពេល​បែក​គ្នា នាង​ឲ្យ​វា​មក​លោក​ប្រុស​រាម!

ឌីម៉ា​បញ្ឈប់​ត្រឹមនេះ​ដោយសារ​នាង​ក្ដុកក្ដួល​ចិត្ត។ ប៉ុន្តែ​មីង​កុលាប​មិន​បង្អង់​ទេ​ គាត់​និយាយ​ទៀត​ភ្លាម៖

-អេឡា​នោះ​មាន​ចិត្ត​ស្មោះ​លើ​លោក​ប្រុស​រាម​មិន​ធម្មតា​ទេ!

ងាក​មកឃើញ​ស្រី​ស្អាត​នៅ​ជ្រប់​មុខ​ដោយ​ក្រៀមក្រំ​ទើប​ស្ត្រី​មេ​អណ្តើក​ដឹង​ខ្លួន​មក​វិញ​ថា​ ជ្រុល​សម្តី​ក៏​ប្រឹង​និយាយ​សម្រួល​បរិយាកាស​៖

-តែ​កូន​ឯង​ទៅ​ខ្វល់​ធ្វើ​អី! មនុស្ស​ប្រុស​ណា៎ បើ​គេ​ស្រលាញ់​អ្នក​ណា គឺ​អ្នក​ហ្នឹង​ហើយ! ចង់​អ្នក​ផ្សេង​ល្អ​យ៉ាង​ណា​ ក៏​គេ​មិន​បែរ​ក្បាល​ទៅ​មើល​ដែរ ដូច​ពាក្យ​ថា ជ្រមុជ​គោ​ឲ្យ​ផឹក​ទឹក​វា​មិន​ងាយ​ទេ!

ឌីម៉ា​ទើស​ចិត្ត​នឹង​សម្តី​អសុរស​របស់​គាត់ ​ប៉ុន្តែ​នាង​ដក​ដង្ហើម​បន្ធូរ​ទ្រូង​មក​វិញ​ ព្រោះ​ថា​នាង​ស្គាល់​គាត់​ហើយ មនុស្ស​មីង​កុលាប​ដល់​ពេល​ណា​ក៏​មិន​ដូរ​ចរិត​ដែរ។ នាង​និយាយ​តិចៗ​បន្លប់៖

-គេ​ល្អ​ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​ពិបាក​ចិត្ត! ខ្លួន​យើង​បាន​គេ​ស្រលាញ់ តែ​មិន​ដែល​ធ្វើ​រឿង​អី​មួយ​ឲ្យ​ល្អ​សម្រាប់​គេ​ទេ!

ស្ត្រី​ចំណាស់​ដកដង្ហើមធំ គាត់​លែង​ហ៊ាន​ហើប​មាត់។កេត​ឌីម៉ា​ផ្អែក ខ្នង​នៅនឹង​បង្អែក​ហាក់​ល្ហិតល្ហៃ ស្ត្រី ចំណាស់​លួច​សម្លឹង​អាការៈ​របស់​នាង រួច​ទើប​និយាយ​តិចៗ​កាត់​ផ្តាច់​ភាព​ស្ងប់ស្ងាត់៖

-គិត​ទៅ​ម្យ៉ាង​ដែរ កាល​នៅ​បាលី​ពេល​មីង​អង្វរ​អ្នក​ខ្លះ​ឲ្យ​ទៅ​ជួប​លោក​ប្រុស​រាម​នៅ​Amandari​មាន​​​អ្នក​ខ្លះ​ខឹង​ផង​ យំ​ផង​មិន​ព្រម​ទៅ​ដាច់ខាត! ​ដល់​មក​ឥឡូវ ទៅ​ជា​មាន​អ្នក​ខ្លះ​អង្គុយ​សញ្ជប់សញ្ជឹង​នឹក​គេ​ចង់​ឆ្កួត​ខ្លួន​ឯង​ទៅ​ហើយ​!

ស្រី​ស្អាត​យល់​ពី​ន័យ​របស់​គាត់ នាង​នៅ​ស្ងៀម​ដោយ​ទឹក​មុខ​ស្រពោន។

ការ​រស់​នៅ​ឆ្ងាយ​ពី​មនុស្ស​ម្នាក់​ក្នុង​ពេល​យើង​កំពុង​​ស្រលាញ់​ពិត​ជា​រឿងប្រលោមលោក​ដ៏​ឈឺចាប់ និង​វែង​អន្លាយ​មួយ ពិសេស​ពេល​ដែល​នៅ​ឃ្លាត​ពី​គ្នា​ទើប​ដឹង​ថា​ស្ដាយ​ពេលវេលា​ផ្អែមល្ហែម​ដែល​មាន​កន្លងមក។ នារី​បង្ហាញ​ម៉ូត​នឹក​ស្រណោះ​ដល់​រាត្រី​នៅ​Amandari ដែល​នាង​ជា​អ្នក​បំផ្លាញ​វា ដោយ​សារ​ភាព​ឆោតល្ងង់។ ដោយ​សារ​តែ​ការ​សន្លប់​នៅ​យប់​នោះ​ដែរ​ ដែល​ពាណិជ្ជករ​ដែក​ថែប​អាច​ទទួល​បាន​ព័ត៌មាន​ពី​ពិធី​ដេញ​ថ្លៃ​អន្ទាក់​លោក​រ៉ាទូ​នៅJayapura ​ហើយ​បង្ក​ឲ្យ​ទៅ​បញ្ហា​ច្រើន​ថ្នាក់​នេះ។ ​នាយ​ Kenហេតុ​តែ​ចង់​ឈ្នះ​រាមនរិន្ទ​ គេ​សុខ​ចិត្ត​នាំ​ផ្លូវ​សិទ្ធិគុណ​ទៅ​ចាប់​ដៃ​ជាមួយ​ក្រុម​ព្រៃ​នៅ​ភូមិ​ភូវីខាន់​ដើម្បី​ឃាំង​ដំណើរ​កូន​ប្រុស​អ្នក​នយោបាយ ​ហើយ​ទីបំផុត​គឺ​ខ្លួន​ឯង​ដែល​យក​ក​ទៅ​ល​អន្ទាក់​ អាច​រួច​រស់​ជីវិត​មក​វិញ​បាន​ក៏​ដោយ​សារ​រាមនរិន្ទ​ដដែល។

នៅ​តែ​ម្នាក់​ឯង​នាង​នឹក​ដល់​សម្តី​ទន់ភ្លន់​របស់​គេ ពាក្យពេចន៍​ខ្លីៗ​តែ​មាន​ន័យ​ផ្អែម​ល្ហែម និង​លួង​ចិត្ត… ការ​រស់​នៅ​ជាមួយ​គ្នា​រយៈពេល​ខ្លី​តែ​ជួប​ប្រទះ​រឿងរ៉ាវ​ជាច្រើន ដែល​ក្នុង​ចំណោម​រឿងរ៉ាវ​ទំាង​នោះ គ្មាន​ការ​ចងចាំ​ណា​មួយ​ដែល​ខ្វះ​ភាព​ប្រណី យោគយល់ និង​ថ្នាក់ថ្នម​ទេ។

-នឹក​​គេ​ទូរសព្ទ​ទៅ​ភ្លាម​ទៅ! មនុស្ស​ស្រលាញ់​គ្នា ចាំបាច់​អី​មក​ធ្វើ​វេទនា​ម្លឹងៗ?

ស្ត្រី​នោះ​និយាយ​កាត់​អារម្មណ៍​រវើរវាយ​របស់​នារី​បង្ហាញ​ម៉ូដ។ នាង​ងាក​ទៅ​សម្លឹង​ទូរសព្ទ​ រួច​ឆ្លើយ៖

-ខ្ញុំ​អត់​ស្គាល់​លេខ​គាត់​ទេ​មីង!

ស្ត្រី​នោះ​បើក​ភ្នែក​មូល​ក្លំ គាត់​និយាយ​ហាក់​មិន​ជឿ​ត្រចៀក​ខ្លួន៖

-ស្អី​គេ? អ្ហះ?….មនុស្ស​ស្រលាញ់​គ្នា​ អត់​ស្គាល់​លេខ​ទូរសព្ទ?..

ឃើញ​នាង​នៅ​ស្ងៀម​គាត់​សង្ខើញ​សួរ​បន្ថែម៖

-ចុះ​គេ​មាន​ទាក់ទង​មក​ឯង​អត់​ មក​ដល់​ភ្នំពេញ​ពីរ​ថ្ងៃ​ហើយ​នេះ?

ស្រី​ស្អាត​វាចា​តប៖

-មក​ដល់ JayaPura យប់​ចុង​ក្រោយ​នោះ ខ្ញុំ​ដូរ​ជើង​យន្តហោះ​ត្រឡប់​មក​វិញ​មុន​អត់​ឲ្យ​គេ​ដឹង​ទេ! គេ​ចេញ​មក​ដល់​ស្រុក​ខ្មែរ​ឬ​នៅ ខ្ញុំ​ក៏​អត់​ដឹង​ដែរ! លេខ​ទូរសព្ទ​ខ្ញុំ​ក៏​អត់​បាន​ឲ្យ​គេ​ដែរ​មីង!

និយាយ​ចប់​ស្រី​ដែល​មាន​ទុក្ខ​ស្នេហ៍​លូក​ដៃ​ទៅ​បើក​មួល​វិទ្យុ​បន្លប់​តែ​ត្រូវ​មីង​កុលាប​មួល​បិទ​វិញ។គាត់​និយាយ​សួរ​ដោយ​ជ្រួញ​ចិញ្ចើម៖

-ឯង​ឆ្កួត​ឬ​ជា? អ្ហះ​ឌីម៉ា?…ឯង​ត្រូវ​គេ​ថ្នម​ដល់​ខូច​ទៅ​ហើយ​អ្ហី​ បាន​ចេះ​តែ​ធ្វើ​រឿង​ឆ្កួតៗ​អញ្ចឹង? នែ៎..កុំ​បាន​ចិត្ត​ធ្វើ​ផ្ដេសផ្ដាស​ពេក! ឆាប់​ទាក់ទង​រក​គេ​ទៅ! ឮ​អត់? គេ​ប្រហែល​អន់​ចិត្ត​ហើយ​ បាន​ជា​មិន​រក​ឯង! ភ្នំពេញ​តូច​ប៉ាប៉ិន​ហ្នឹង បើ​គេ​ចង់​រក​ឯង រឿង​អី​ថា​រក​មិន​ឃើញ? គឺ​ឯង​វា​ហួសហេតុ​ពេក!

កេតឌីម៉ា​រលីងរលោង…តែ​នាង​អត់​ចង់​ឲ្យ​ស្ត្រី​នោះ​ឃើញ​ទេ…​នាង​លេប​វា​ មិន​ហ៊ាន​លើក​ដៃ​ជូត​ ក៏​មិន​ហ៊ាន​បញ្ចេញ​សំឡេង​យំ​ ធ្វើ​ឲ្យ​ទ្រូង​ទៅ​ជា​តឹងណែន។

ដល់​ត្រូវ​ស្ត្រី​នោះ​បន្ទោស​ញាប់​ស្មេរ​ពេក​ទើប​នាង​និយាយ​តិចៗ​ទំាំង​រអាក់រអួល៖

-គេ​មិន​រក​យើង​ទេ​មីង!

មីង​កុលាប​ខឹង​ណាស់​ដែល​នារី​វ័យ​ក្មេង​នេះ​ឆោត​ពេក លុះ​មក​ដល់​ឃើញ​នាង​និយាយ​ឃ្លា​នេះ​មក គាត់​ទៅ​ជា​យល់​ផ្សេង។ ឬ​មួយ​រាមនរិន្ទ​បាន​ប្រាប់​នាង​ហើយ​ថា​ត្រឡប់​មក​ដល់​ប្រទេស​វិញ រឿង​ពួក​គេ​បញ្ចប់?​

វា​អាច​ដែរ គេ​មាន​ឋានៈ​កប់​ពពក កិត្តិយស​របស់​គេ​ធ្វើ​ម៉េច​អាច​ឲ្យ​មក​ប្រឡាក់ប្រឡូស​ជាមួយ​អ្នក​បង្ហាញ​ម៉ូដ​កំព្រីកំព្រា​ម្នាក់​បាន?

គិត​ហើយ​គាត់​ទម្លាក់​សំឡេង​សួរ​នាង​មួយៗ៖

-គេ​ប្រាប់​ឯង​ថា​អញ្ចឹង​អ្ហេស៎!

ស្រី​ស្អាត​លើកដៃ​ជូត​ទឹកភ្នែក។ នាង​ងាក​សម្លឹង​តាម​ដង​ផ្លូវ ប៉ុន្តែ​មើល​មិន​ឃើញ​អ្វី​ក្រៅ​ពី​ស្នាម​ញញឹម​របស់​បុរស​នោះ​ដែល​ថត​ជាប់​ក្នុង​បេះដូង​ឡើយ។

នាង​ស្រដី៖

-គាត់​ថា យើង​បែក​គ្នា​៣ឆ្នាំ!

ឌីម៉ា​យំ​សស្រាក់​រហូត​ដល់​និយាយ​លែង​ចង់​ចេញ​ តែ​នាង​នៅ​តែ​ព្យាយាម​បញ្ចប់​ឃ្លា​ព្រោះ​មិន​ចង់​លាក់​ទុក​ដល់​ថ្នាក់​ប្រេះ​ទ្រូង​ស្លាប់​ទេ៖

-រយៈពេល​បី​ឆ្នាំ​នេះ យើង​មិន​ជួប​មុខ​គ្នា​ទេ! នេះ​ជា​ពាក្យសន្យា​របស់​យើង​នៅ​ឥណ្ឌូណេស៊ី!

នារី​លើកដៃ​ជូត​ទឹកភ្នែក​ ទន្ទឹម​នឹង​ពេល​ស្ត្រី​មេ​អណ្ដើក​រអ៊ូ​ដោយ​ហ្មងសៅ៖

-សន្យា​ឆ្កួត​យក៍​អី! បី​ឆ្នាំ​ណ៎ា! មិនមែន​កុន​ មិនមែន​ល្ខោន​ទេ! អា​សន្យា​អញ្ចឹង​មាន​អី​ខុស​ពី​បែក​គ្នា​ទៅ? ឯង​ក៏​ចេះ​តែ​ព្រម​ដែរ?

​តាម​ពិត​គាត់​ក៏​ដឹង​ដែរ​ថា​កេតឌីម៉ា​មាន​ជម្រើស​ឯណា​ បើ​ភាគី​ប្រុស​ប៉ង​យ៉ាង​ណា​ គឺ​យ៉ាង​នោះ​ហើយ។ ស្ត្រី​នោះ​ទប់មាត់​មក​វិញ​ពេល​ដឹង​ថា​សម្ដី​ខ្លួន​កាន់​តែ​ធ្វើ​ឲ្យ​នាង​ឈឺចាប់។ គាត់​បង្អង់​បន្តិច​ទើប​លួង​នាង៖​

-បើ​គេ​និយាយ​ថា​បី​ឆ្នាំ​ទៀត​ជួប​គ្នា គឺ​អញ្ចឹង​ហើយ! គេ​ជា​មនុស្ស​ល្អ​ច្បាស់លាស់​ អញ្ចឹង​គេ​មិន​លេប​សម្ដី​ទេ! មិន​បាច់​ពិបាក​ចិត្ត​ពេក​ទេ ធ្វើ​ខ្លួន​ឲ្យ​តែ​ល្អ​ទៅ!

ឌីម៉ា​នឹក​ឃើញ​ដល់​រឿង​សំខាន់​មួយ​ភ្លាម​ នាង​បន្តឹង​សំឡេង​រួច​សម្លឹង​មីង​កុលាប​ត្មែរ៖

-មីង​រឿង​អស់​នេះ​ត្រូវ​ស្ងាត់! មីង​កុំ​និយាយ​ឲ្យ​ឮ​ដល់​អ្នក​ផ្សេង វា​ប៉ះពាល់​ដល់​អនាគត​នយោបាយ​របស់​លោក​ប្រុស​រាម!

មីង​កុលាប​ធ្វើ​ទឹក​មុខ​សកញ៉ក គាត់​និយាយ​ដោយ​ញាក់​ចិញ្ចើម​ និង​មិន​ហ៊ាន​មើល​មុខ​នាង៖

-មិន​បាច់​ហាម​ទេ! មាន​ថ្លើម​ប៉ិន​ចង្អេរ​ក៏​មិន​ហ៊ាន​ដែរ! តែ​ម្តង​ហ្នឹង​រៀង​ណាស់​ទៅ​ហើយ!

នឹក​ដល់​រឿង​ផ្សេង​​គាត់​ងាក​សួរ​ភ្លាម​​តាម​របៀប​មនុស្ស​អេចអូច៖

-អឺ​ហើយ​ចុះ​គេ​មាន​ទុក​លុយ​ឲ្យ​ឯង​ខ្លះ​ទេ?

កេតឌីម៉ា​ផ្លាស់​ទឹក​មុខ​ទៅ​ជា​ញញឹម ប៉ុន្តែ​ពន្លឺ​ភ្នែក​នាង​ដែល​ងាក​សម្លឹង​ទៅ​ស្ត្រី​នោះ​បង្ហាញ​នូវ​រសជាតិ​បញ្ឈឺ​គាត់​ជា​ស្រេច​ទៅ​ហើយ បបូរមាត់​នាង​និយាយ​តិចៗ​ ប៉ុន្តែ​បញ្ជាក់​ន័យ​ធ្ងន់៖

-ហើយ​ចុះ​មីង​ចង់​លក់​ខ្ញុំ​ឲ្យ​គាត់​តម្លៃ​ប៉ុន្មាន​ទៀត?

ដឹង​ថា​នាង​កំពុង​រំលឹក​ដល់​រឿង​ចាស់ ស្ត្រី​ជើង​ឆើត​ងាក​មុខ​ចេញ​បូញ​មាត់​របៀប​ខ្ជិល​ខ្វល់។

ស្រី​ស្រស់​និយាយ​បន្ថែម៖

-ចំណែក​រឿង​ដើរ​ម៉ូត​នៅ​ជប៉ុន មីង​រក​គេ​ផ្សេង​ឲ្យ​ហើយ​ទៅ! កិន្នរី​ហ្វេសស្សិន​លំអង​ជា​អ្នក​កាន់​ ​ខ្ញុំ​ផ្ទេរ​ទៅ​ឲ្យ​គេ​អស់​ហើយ! ការងារ​សិល្បៈ​មីង​មិន​បាច់​មក​រក​ខ្ញុំ​ទៀត​ទេ!

មីង​កុលាប​នៅ​តែ​ជជីក​សួរ៖

-ចុះ​នៅ​ពេល​ដល់​ទៅ​បី​ឆ្នាំ​ឯណោះ ឯង​ឈប់​ពី​សិល្បៈ​ធ្វើ​អី?! បើ​មិន​សំញែង​រូបរាង​ឯង​ឲ្យ​​គេ​ឃើញ​តាម​ទូរទស្សន៍​ តាម​ទស្សនាវដ្ដី​ខ្លះ គេ​ភ្លេច​ឯង​មិន​ខាន​ទេ! កុំ​ទុក​ចិត្ត​ពេក! មនុស្ស​ស្រី​ស្អាត​សារ​ក្រោយ​មាន​ឡើង​មក​ច្រូងច្រាង​ណ៎ា​កេតឌីម៉ា!

ធីតា​មិន​មាត់​ក ត​ពាក្យ​នឹង​ស្ត្រី​ចំណាស់​ទៀត​ក៏​ពិត​មែន ប៉ុន្តែ​នាង​មិន​ទទួលស្គាល់​ថា​អ្វី​ដែល គាត់​គិត​សុទ្ធ​តែ​ត្រូវ​ទេ។ នាង​ដឹង​ថា​រូប​សម្រស់​មិនមែន​ជា​កម្មវត្ថុ​សំខាន់​ក្នុង​រឿង​ស្នេហា​រវាង​នាង និង​បុរស​មក​ពី​គ្រួសារ​អ្នក​នយោបាយ​ឡើយ បើ​ពុំ​នោះ​ទេ គេ​មាន​រឿង​អី​មិន​ទទួល​យក​ចិត្ត​ស្មោះ​របស់​រាជិនី​កុលសម្ព័ន្ធ​​អាសាដ​ដែល​ស្អាត​លើស​នាង​សឹង​តែ​ពិបាក​និយាយ​នោះ? នារី​នោះ​សូម្បី​តែ​ឥន្ទប្បដិមា​ក៏​ប្រើ​ពេល​ដល់​ទៅ​៨ឆ្នាំ​ ឆ្លង​ការ​វេទនា​លំបាក​លំបិន​រក​វា​មក​ឲ្យ​រាមនរិន្ទ គង់​តែ​មិន​អាច​យក​បាន​បេះដូង​គេ ចុះ​រូប​សម្បត្តិ​ដែល​សម្ញែង​គ្មាន​ន័យ​លើ​ឆាក​សិល្បៈ​ដ៏​ចម្រូងចម្រាស​​នោះ​មាន​ផល​សំខាន់​អី្វ​ចំពោះ​កិច្ចសន្យា​លើ​ទន្លេ​ម៉ិមបឺរ៉ាម៉ូ?

នៅ​ពេល​នាង​គិត​ទៅ​ដល់​រឿង​ជាច្រើន​មីង​កុលាប​នៅ​តែ​មិន​ព្រម​បញ្ឈប់​ទេ។ គាត់​និយាយ​មក​បន្ត៖

-អា​រឿង​ស្នេហា​ស្មោះស្ម័គ្រ​ហើយ​អត់​លុយ​អត់​កាក់​ហ្នឹង​វា​មាន​តែ​ក្នុង​កុន​ទេ​កេតឌីម៉ា! ឯង​ឈប់​ល្ងង់​ទៀត​ទៅ! បើ​អត់​គិត​ពី​ខ្លួន​ឯង គិត​ដល់​ប្អូន​ឯង​នៅ​ស្រុក​ផង! អាយុ​ទើប​តែ១២ឆ្នាំ អត់​ម្ដាយ​គ្មាន​ឪពុក​មាន​តែ​បង​ស្រី​ម្នាក់ ស្អី​ក៏​គ្មាន! ឥឡូវ​ឡើង​ឫក ឈប់​លេង​សិល្បៈ​ទៀត ចាំ​មើល​ឯង​បាន​អី​ច្រក​ឆ្នាំង!មនុស្ស​ប្រុស​ណា៎ បើ​គេ​ស្រលាញ់​ហើយ ​គេ​ឲ្យ​អី​យើង​ត្រូវ​តែ​យក ព្រោះ​ថា​លើ​លោក​នេះ ដែល​សាវា​ជាងគេ​គឺ​ចិត្ត​មនុស្ស​ប្រុស​ហ្នឹង​ហើយ! ឯង​ប្រឹង​ស្មោះ​ប្រឹង​ស្ម័គ្រ​ពេក ដល់​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​គ្មាន​អ្នក​ណា​គេ​អាណិត​ទេ មាន​តែ​គេ​ដៀល​ថា ឯង​ហ្នឹង​ល្ងង់…ល្ងង់​ណាស់!

វគ្គទី២៣

ស្នេហ៍​ខុស​វណ្ណៈ

រាត្រី​នៅ​ភ្នំពេញ​បេះដូង​នៃ​ប្រទេស​កម្ពុជា​មិន​រងា​ដូច​បណ្ដោយ​ឆ្នេរ​ស៊ូម៉ាត្រា ឬ​បឹង​សេនតានី​នៃ​ក្រុង​ធំ​JayaPura​ទេ ​ប៉ុន្តែ​វា​ហាក់​ដូចជា​កណ្ដោចកណ្ដែង​ និង​លន្លង់លន្លោច​ណាស់​សម្រាប់​អ្នក​ដែល​​កំព្រា​ស្នេហ៍។

បុរស​នាយ​អង្គរក្ស​ខ្ពស់ស្រាវ​ដើរ​មួយៗ​សំដៅ​មក​រក​ចៅហ្វាយ​ប្រុស​ដែល​អង្គុយ​ជាមួយ​កុំព្យូទ័រ​របស់​គេ​នៅ​ក្នុង​បន្ទប់​ធ្វើការ។ នាយ​ដឹង​ថា​រាមនរិន្ទ​ស្គាល់​​សម្រិប​ជើង​ខ្លួន ​ប៉ុន្តែ​គេ​​ជក់ចិត្ត​នឹង​ការងារ​ចំពោះ​មុខ​​ពេក​រហូត​ដល់​មិន​ស្តី​ស្វាគមន៍​ការ​មក​ដល់​របស់​ខ្លួន​ក្នុង​យប់​នេះ​ឡើយ។ វឿន​ងាក​ខ្លួន​ទៅ​ចាក់​ទឹក​មក​ឲ្យ​ចៅហ្វាយ ល្មម​ពេល​ឮ​គេ​និយាយ​មក​ស្រាលៗ៖

-ទៅ​រក​នាង​ជួប​ទេ?

អង្គរក្ស​ខ្ពស់​ស្រាវ​បញ្ចេញ​ភាព​អណ្ដែតអណ្ដូង​តាម​ពន្លឺ​ភ្នែក​គេ​មិន​ទាន់​តប​នឹង​សំណួរ​នេះ​ផង ​អភិជន​ជា​ចៅហ្វាយ​ងាក​មក​សម្លឹង​មុខ​គេ​ដោយ​ស្នាម​ញញឹម។ បុរស​អង្គរក្ស​ញញឹម​តប។

រាមនរិន្ទ​ពោល​បន្ថែម៖

-Meddy សុខ​សប្បាយ​ទេ?

វឿន​ដាក់​បង្គុយ​មក​ក្បែរ​រាមនរិន្ទ ទោះ​គេ​មិន​ទាន់​ឆ្លើយ ​តែ​ស្នាម​ញញឹម​ និង​ភាព​ផ្អែមល្ហែម​ដែល​បង្ហើរ​ចេញ​ពី​ក្រសែ​ភ្នែក​គេ​ជា​ចម្លើយ​ស្រេច​ទៅ​ហើយ។ បុរស​សង្ហា​និយាយ​បន្ថែម​ក្នុង​ពេល​អង្គរក្ស​បន្ត​ការ​ស្ងាត់​ស្ងៀម៖

-បាន​បេះដូង​នាង​ហើយ? អូ​ តែ​មិន​បាច់​និយាយ​ទេ វឿន​ឯង​ឆ្លាត​ជាង​ខ្ញុំ​ស្រាប់​ហើយ​ពី​រឿង​យល់ចិត្ត​ស្រីៗ!

អង្គរក្ស​ញញឹមៗ​ដោយ​ឱន​មុខ​គិត​បណ្ដើរ​និយាយ​យឺតៗ​បណ្ដើរ៖

-អ្នក​ប្រុស! ខ្ញុំ​មើល​ទៅ​មិន​បាន​នៅ​ចូលរួម​ឃោសនា​ជាមួយ​អ្នក​ប្រុស​លើក​នេះ​ទេ!

រាមនរិន្ទ​ដៀង​ភ្នែក​សម្លឹង​បុរស​ជំនិត។ មនោសញ្ចេតនា និង​ភាព​ផ្អែមល្ហែម​ហាក់​លេប​ទៅ​ណា​បាត់​ភាព​ម៉ត់ចត់​ទាំង​ពួង​របស់​គេ។ មុន​នេះ​គេ​សុំ​ត្រឡប់​ទៅ​កាន់​កោះ​ស្មៅ​លឿង​វិញ​ម្នាក់​ឯង​ដើម្បី​ធ្វើ​តាម​ការ​ទាមទារ​របស់​បេះដូង​ដែល​មក​នៅ​ភ្នំពេញ​ជិត​២ឆ្នាំ​ហើយ គេ​នៅ​តែ​មិន​អាច​បំភ្លេច​ស្ត្រី​ដែល​ស្អាត​បំផុត​នៅ​កុលសម្ព័ន្ធ​​អាសាដ​បាន។ ការ​ប៉ះពាល់​រាងកាយMeddy ​ដោយ​ផ្ទាល់​ក្នុង​ពេល​នាង​សន្លប់​ហើយ​អង្គរក្ស​វឿន​ឡើង​ទៅ​លើក​នាង​មក​តាម ដើម្បី​ធ្វើ​ដំណោះស្រាយ​បំបែក​បណ្ដា​ក្រុម​អ្នក​រារាំង​ផ្លូវ​ទាំង​ឡាយ​​នៅ​កោះ​ស្មៅ​លឿង នៅ​តែ​ដិតដាម​ជា​អនុស្សាវរីយ៍​ក្នុង​បេះដូង​បុរស​អ្នក​ការពារ។ អេឡា​របស់​កុលសម្ព័ន្ធ​អាសាដ​បាន​ខក​ស្នេហ៍​ដែល​បាន​ស្រមៃ​អស់​៨ឆ្នាំ​ ប៉ុន្តែ​នាង​បាន​ខាប​យក​បេះដូង​បុរស​ផ្សេង​ម្នាក់​ទៀត​ជាមួយ​នឹង​ភាព​ស្មោះត្រង់ និង​ភក្ដីភាព​របស់​នាង។ គេ​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស​ចំពោះ​នាង​ខ្លាំង​ណាស់​ដែល​ក្នុង​គ្រា​ប្រថុចញ៉ុច​ត្រូវ​ប៉ះពាល់​រាងកាយ​នាង​ ទាំង​ដឹង​ហើយ​ថា​នាង​ជា​នារី​មក​ពី​អម្បូរ​កុលសម្ព័ន្ធ​ដ៏​តឹងរ៉ឹង។

រាមនរិន្ទ​ពោល​ផ្លែ​ផ្កា​ឲ្យ​មនុស្ស​ជំនិត​ដែល​ដល់​វេន​ជាប់​អន្ទាក់​ស្នេហ៍​ស្រី​ស្អាត៖

-ដំបូង​សុំ​ទៅ​រក​គេ​សារភាព​ឲ្យ​គេ​ដឹង​ចិត្ត​តែ​មួយ​ម៉ាត់​ក៏​អស់​ចិត្ត​ហើយ ដល់​បាន​គេ​យល់​ព្រម មក​ចង់​បំភ្លេច​គ្នា​ឯង​​ឯណេះ​ចោល?

អង្គរក្ស​បាក់​អំនួត​ដោយ​សារ​ស្នេហ៍​ ពោល​តប​មួយៗ​ដោយ​ក្តី​គោរព​នាយ​ចៅហ្វាយ​ដែល​ធ្លាប់​មាន​គុណ​បំណាច់ និង​មាន​តម្លៃ​ជា​ខ្លាំង​ក្នុង​បេះដូង​ខ្លួន៖

-អ្នក​ប្រុស! ខ្ញុំ​ចងចាំ​ឲ្យ​ការ​បោះឆ្នោត​ចប់​សិន​ដែរ តែ​ខាង​គេហ៍ គេហ៍​ជា​មេ​កុលសម្ព័ន្ធ​! ទោះ​បន្តិច​ទៀត​គេ​សុខ​ចិត្ត​ចុះ​ចេញ​ លើក​តួនាទី​នេះ​ឲ្យ​អ្នក​ផ្សេង​ ប៉ុន្តែ​ក៏​គេ​ត្រូវ​ឆ្លើយ​តប​សំណួរ​អ្នក​ស្រុក​ដែរ!​ ខ្ញុំ​មិន​អាច​បង្អង់​ទេ ​ការ​រៀបការ​តាម​ប្រពៃណី​ជា​រឿង​ចាំបាច់​ណាស់​នៅ​កោះ​នោះ! លើក​នេះ​​ខ្ញុំ​សុខ​ចិត្ត​មក​សុំ​អ្នក​ប្រុស!

បុរស​ពោល​ស៊កសៀត៖

-ហើយ​វឿន​ឯង​ក៏​សុខ​ចិត្ត​បោះ​ខ្ញុំ​ចោល​កណ្ដាល​ផ្លូវ​ដើម្បី​ស្រី​ស្អាត?

នាយ​អង្គរក្ស​ធ្វើ​មុខ​មិងមាំង​ ព្រោះ​គ្មាន​ពាក្យ​ឆ្លើយ​ ធ្វើ​ឲ្យ​រាមនរិន្ទ​សើច​ខឹកៗ​ហើយ​គោះ​ស្មា​គេ​លួងលោម​តិចៗ៖

-និយាយ​ឲ្យ​បាន​សើច​ទេ! សុភមង្គល​របស់​វឿន​ឯង​ក៏​ជា​រឿង​សំខាន់! ខ្ញុំ​អរ​ណាស់​ដែល​អ្នក​ទាំង​ពីរ​យល់​ចិត្ត​គ្នា! ​Meddyជា​មនុស្ស​ល្អ​ នាង​ស្មោះត្រង់ និង​ឆ្លាតវៃ! វឿន​ឯង​ត្រូវ​ចេះ​ថែ​រក្សា​សំណាង​នេះ! ពេល​ការងារ​នៅ​ទីនេះ​ចប់ ខ្ញុំ​សង្ឃឹម​ត្រឡប់​ទៅ​លេង​អ្នក​ទាំង​ពីរ​បាន​ម្ដង ​ព្រោះ​ពេល​នេះ​ទៅ​ការ​អ្នក​ទាំង​ពីរ​អត់​បាន!

បុរស​ជំនិត​បញ្ចេញ​ទឹក​មុខ​រំភើប គេ​ងើប​មុខ​សម្លឹង​បុរស​ដែល​គេ​ធ្លាប់​គោរព ​និង​ស្រលាញ់​នាយ​ជាង​ជីវិត​ខ្លួន។ បុរស​នេះ​ជា​ចៅហ្វាយ និង​ក៏​ជា​មិត្ត​តាំង​ពី​ក្មេង​មក។ គេ​លេង​ជាមួយ​គា្ន រៀន​ជាមួយ​គ្នា​ ហូប​អាហារ​ដូច​គ្នា និង​តស៊ូ​ជាមួយ​គ្នា ចំពោះ​ស្ថានការណ៍​លំបាក​គ្រប់សព្វ។ ពេល​នេះ​បែក​គ្នា​ក្នុង​កាលៈទេសៈ​ដែល​ការងារ​នយោបាយ​របស់​នាយ​កំពុង​ឈាន​ដល់​ដំណាក់កាល​តឹងតែង ​វា​មិនមែន​ជា​ជម្រើស​របស់​នាយ​វឿន​ឡើយ ​ប៉ុន្តែ​មនុស្ស​យើង​ពេល​ខ្លះ​ពិត​ជា​មិន​អាច​បង្កើត​ជម្រើស​ច្រើន​សម្រាប់​ខ្លួន​ឯង​បាន​នោះ​ទេ។

-ជូនពរ​អ្នក​ប្រុស​ជោគជ័យ​លើ​គ្រប់​ការងារ!

រាមនរិន្ទ​ញញឹម​តប​នឹង​មនុស្ស​ជំនិត គេ​ងក់​ក្បាល​ផ្ងក់ៗ៖

-ខ្ញុំ​មាន​ជំនឿ​ចិត្ត!

ឃើញ​នាយ​អង្គរក្ស​បញ្ចេញ​ភាព​រីករាយ​លើ​ផ្ទែ​មុខ នរៈ​សង្ហា​វាចា​បន្ថែម៖

-ខ្ញុំ​នឹង​យក​ដំណឹង​ល្អ​ពី​ទីនេះ​ទៅ​ប្រាប់​ឯង និងMeddy! អ្នក​ទាំង​ពីរ​ម្នាក់​តាម​ជួយ​ខ្ញុំ​កន្លះ​ជាតិ​មក​ហើយ ម្នាក់​ទៀត​ចំណាយ​៨ឆ្នាំ​រក​ឥន្ទប្បដិមា​មក​ឲ្យ​ខ្ញុំ! ពេល​ចប់​ការងារ​បើ​ខ្ញុំ​មិន​ទៅ​អរគុណ​អ្នក​ទាំង​ពីរ​ដល់​កោះ​ស្មៅ​លឿង ខ្ញុំ​ទ្រាំ​នឹង​ការ​ជំពាក់​គុណ​នេះ​ថប់ដង្ហើម​ស្លាប់​ហើយ!

នាយ​វឿន​និយាយ​តប​វិញ​ភ្លាម៖

-អ្នក​ប្រុស​ត្រូវ​ទៅ​ជាមួយ​កេតឌីម៉ា!

ភាព​រីករាយ​ក្នុង​ពន្លឺ​ភ្នែក​រាមនរិន្ទ​ ប្រែ​ជា​រុះរោយ​ទោះ​​បបូរ​មាត់​គេ​ប្រឹង​រក្សា​ស្នាម​ញញឹម។ វឿន​ដឹង​ថា​ការ​រំលឹក​ពី​ស្រី​បង្ហាញ​ម៉ូដ​ដ៏​ល្ងង់​ខ្មៅ​នោះ ហាក់​មិន​ត្រូវ​កាលៈទេសៈ​ទេ។ រាមនរិន្ទ​លំបាក​ណាស់​ទម្រាំ​អាច​រស់​នៅ​ដោយ​គ្មាន​នាង​នៅ​ចច្រប់​ក្បែរ​កាយ។ កំណាត់​ផ្លូវ​ពី​បាលី​ទៅ​កោះ​ស្មៅ​លឿង គឺ​ជា​ភាគ​និទាន​មនោសញ្ចេតនា​សួគ៌ា​ក្នុង​ជីវិត​កូន​ប្រុស​អ្នក​នយោបាយ​ដែល​ស្ពាយ​កាតព្វកិច្ច​គ្រួសារ​តាំងពី​ចាប់​កំណើត​មក។ ជិត​ពីរ​ឆ្នាំ​មក​នេះ​គេ​មិនដែល​ជួប​នាង​សូម្បី​ម្ដង​ តាំង​ពី​រាត្រី​ចុង​ក្រោយ​នៅ​Jayapuraដែល​នាង​ចាកចេញ​ទៅ​ដោយ​មិន​បាន​លា។ អ្នក​ប្រុស​ដឹង​ថា ដោយ​សារ​ការ​លា​គ្នា​ឈឺចាប់​ដល់​ម្ល៉ឹង ​បាន​ជា​នាង​មិន​ព្រម​នៅ​ចាំ​ឱកាស​នោះ។​

សំឡេង​នាយ​ជំនិត​លាន់​មក​ជ្រែក​បរិយាកាស​ដែល​ជ្រុល​ជា​ប្រែប្រួល​ទៅ​ហើយ៖

-ទោះ​យ៉ាង​ណា​ខ្ញុំ​មិន​អាច​ធ្វើ​ដូច​អ្នក​ប្រុស​ទេ! ខ្ញុំ​ច្បាស់​ជា​ទៅ​ជួប​នាង​ហើយ!

បុរស​អភិជន​លើក​ទឹក​ក្រេប​ទាំង​មិន​បាន​ស្រេក។ គេ​នៅ​ស្ងៀមស្ងាត់​ក្នុង​ពេល​នាយ​អង្គរក្ស​និយាយ​បន្ថែម៖

-មុន​ខ្ញុំ​ទៅ​កោះ​ស្មៅ​លឿង ​ឯកឧត្ដម​ធ្លាប់​ហៅ​ខ្ញុំ​ទៅ​សួរ​នាំ​ពី​រឿង​នាង!

រាមនរិន្ទ​រេ​ភ្នែក​ដោយ​ភ្ញាក់ផ្អើល។ គេ​សម្លឹង​នាយ​អង្គរក្ស​ដោយ​មិន​ចេញ​ស្តី​ ប៉ុន្តែ​វឿន​ដឹង​ថា​ចៅហ្វាយ​ប្រុស​កំពុង​អន្ទះសា​ចង់​ឮ​នាយ​និយាយ​បន្ថែម។ មនុស្ស​ជំនិត​និយាយ៖

-ឯកឧត្ដម​ស្តាប់​រឿង​នេះ​ពី​ដើម​ដល់​ចប់​ហើយ​អត់​មាន​ប្រសាសន៍​អ្វី​មួយ​ម៉ាត់​សោះ​ទេ​ទាន! បន្ទាប់​មក​លោក​ដេញ​ខ្ញុំ​ឲ្យ​ចេញ​វិញ!

ពី​ក្រោយ​ខ្នង​ធំ​មាំ​ដែល​កំពុង​រៀបចំ​ប្រមូល​បិទ​កុំព្យូទ័រ នាយ​វឿន​ប្រឹង​លេប​ទឹក​មាត់​រួច​កាត់​ចិត្ត​សួរ​ស្រាលៗ៖

-អ្នក​ប្រុស!…..ចុះ……ចុះ​បើ……ឯកឧត្ដម​ជំទាស់​មិន​ឲ្យ​អ្នក​ប្រុស​បាន​ឌីម៉ា?

រាមនរិន្ទ​ក្រោក​ជាមួយ​កុំព្យូទ័រ​ក្នុង​ដៃ។ គេ​ញញឹម​ស្មើៗ​ហើយ​ដើរ​ចេញ​ទៅ​បណ្ដើរ​និយាយ​បណ្ដើរ៖

-លោក​ពុក​មិន​ធ្វើ​អញ្ចឹង​ទេ​វឿន!

បុរស​ជំនិត​មិន​ព្រម​ឈប់​ដោយ​សារ​យល់​ថា​នេះ​ជា​រឿង​ដ៏​សំខាន់​ទាក់ទង​នឹង​សេចក្ដី​សុខ​ក្នុង​ឆាក​ជីវិត​ដែល​នៅ​សល់​របស់​មិត្ត​ខ្លួន។ គេ​ក្រោក​ឈរ​ដេញ​តាម​ពី​ក្រោយ​នាយ​​ហើយ​និយាយ​បន្ថែម​ទោះ​យល់​ថា​រាមនរិន្ទ​ចង់​បញ្ចប់​ប្រធានបទ​នេះ​ក៏​ដោយ​៖

-តែ​ឧត្ដមសេនីយ៍​សុក្រឹត​ និង​លោក​ជំទាវ​មួយ​រយៈ​ដែល​អ្នក​ប្រុស​មក​វិញ​នេះ​ចេញ​ចូល​ផ្ទះ​នេះ​ញឹក​មែន​ទែន! ថ្ងៃ​មុន​គេ​មក​អញ្ជើញ​អ្នក​ប្រុស ​និង​ឯកឧត្ដម​ទៅ​ពិធី​ខួបកំណើត​១៨ឆ្នាំ​របស់​អ្នក​នាង​សុនីតា​កូន​ស្រី​ពៅ​លោក​ផង! មើល​ទៅ​ចាស់ៗ​អាច​ថា​មាន​រឿង​អី​លាក់​ពី​អ្នក​ប្រុស​ក៏​ថា​បាន! យក​ល្អ​អ្នក​ប្រុស​កុំ​ទៅ​ចូលរួម​កម្មវិធី​នោះ!

រាមនរិន្ទ​ញញឹម​ដូច​មិន​គិត​វែង​ឆ្ងាយ គេ​មិន​បកស្រាយ​បែរ​ជា​សួរ​វិញ៖

-សុនីតា​បាន​១៨​ឆ្នាំ​ហើយ? ទើប​តែ​កូន​ក្មេង​ថ្ងៃ​នោះ​សោះ? ហើយ​ចុះ​បើ​គេ​ធ្វើ​ខួប​កំណើត​ហើយ​គ្រួសារ​យើង​ក៏​​រាប់អាន​គ្នា​តាំង​ពី​ជំនាន់​អ្នក​ម៉ាក់​នៅ យើង​ទៅ​លេង​គ្នា​ម្ដង​មាន​អី​ខុស​វឿន?

​វឿន​ហួស​ចិត្ត គេ​តប​វិញ​តិចៗ៖​

-ចុះ​បើ​គេ​ចង់​ឲ្យ​កូន​ស្រី​ក្លាយ​ជា​ជំទាវ​ផ្ទះ​នេះ?

រាមនរិន្ទ​បង្ហាញ​អាការៈ​ហួស​ចិត្ត​រួច​តប​វិញ៖

-បើ​អញ្ចឹង ​លោក​ពូ​សុក្រឹត​ខក​ចិត្ត​ហើយ ​ព្រោះ​ផ្ទះ​នេះ​អត់​មាន​ឯកឧត្ដម​សម្រាប់​រៀបការ​ជាមួយ​កូន​ស្រី​​ពៅ​គាត់​ទេ!

ភាគទី៥០

បុរស​សង្ហា​រត់​ចុះ​តាម​ជណ្ដើរ​ញាប់​ស្មេរ​តម្រង់​ទៅ​ផ្ទះ​ធំ​ខាង​ក្រោម​ជាមួយ​វាចា​ឮៗ​ដោយ​លើក​ដៃ​ស្ទាប​ពោះ​ផង ៖

-មីង​មុំ! មាន​អី​ញ៉ាំ​ទេ? ខ្ញុំ​ហេវ​ណាស់!

អង្គរក្ស​ជំនិត​ឈរ​មើល​ពី​ជាន់​ខាង​លើ។ អស់​ពី​ហួស​ចិត្ត​គេ​ទៅ​ជា​ញញឹម​ស្ងួត​ស្ងប់។ គេ​ដឹង​ថា រាម​នរិន្ទ​ច្បាស់​ពី​គោលដៅ​ដែល​គេ​ត្រូវ​ទៅ​ហើយ​គេ​ក៏​បក ក្រោយ​ទៅ រក​បន្ទប់ ខ្លួន​វិញ​បាត់​ទៅ។

 ប៉ុន្តែ​ធាតុ​ពិត​ក្នុង​ចិត្ត​អ្នក​ប្រុស​មិន​មែន​វា​​ហី​ដូច​ដែល​អង្គរក្ស​វឿន​បាន​ឃើញ​ឡើយ។ នៅ​ក្នុង​បន្ទប់​អាហារ គេ​លើក​ស្លាបព្រា​បញ្ចុក​ដល់​មាត់​ក៏​នឹក​ដល់​ស្រី​ម្នាក់​នោះ​ភ្លាម​ដែរ។

ពេលវេលា​សោយសុខ​នៅ​JayaPuraអណ្ដែត​មក​វិញ​ហាក់​នៅ​ថ្មីៗ។ នារី​​ដែល​មិន​សូវ​ចេះ​និយាយ​ស្តី និង​មិន​សូវ​មាន​ប្រាជ្ញា​យល់​ដល់​ការ​រាក់ជ្រៅ​ផង​ទាំង​ពួង​ ទី​បំផុត​ព្រម​លើក​ស្លាបព្រា​ថ្នាក់ថ្នម​បញ្ចុក​បុរស​ដែល​នាង​ធ្លាប់​ខឹង​ស្អប់។ នារី​នោះ​ចូល​មក​ក្នុង​ជីវិត​នាយ​ដោយ​នាំ​មក​ជាមួយ​នូវ​មេរៀន​ស្នេហា​ស្មោះស្ម័គ្រ​ដែល​បុរស​អភិជន​មិន​ដែល​គិត​ថា​នារី​សម័យ​កាល​នេះ​នៅ​រក្សា​បាន​នោះ​ទេ។ រឿង​និទាន​ផ្លែ​ប៉ោម​ទាំង​បី​របស់​នាង​នៅ​ភូមិ​ភូវីខាន់​ និង​កាយវិការ​ប្រចណ្ឌ​ច្រណែន​រហូត​ដល់​អ្នក​ដាច់ចិត្ត​ប្រលេះ​ដៃ​នាង​ឲ្យ​ដួល​ខ្ទាត​ពី​រទេះ​សេះ​លើ​កោះ​ស្មៅ​លឿង​ បាន​វិល​មក​វិញ​ក្នុង​គ្រា​តំណាល​គ្នា។ចំណែក​ស្នាម​ញញឹម​ និង​សូរសៀង​បន្លប់​ទុក្ខ​សោក​របស់​នាង​លើ​ដង​ទន្លេ​ម៉ិមប៉ឺរ៉ាម៉ូ​ក៏​លាន់​មក​ក្នុង​សោតា​នាយ​ដូច​នៅ​ថ្មីៗ៖

“បន្ទាប់​មក យើង​លែង​បែក​គ្នា​រហូត​មែន​អត់? “

អ្នក​ប្រុស​​មាន​អារម្មណ៍​ថា​លេប​បាយ​ស្រាប់​តែ​អួល។ គេ​លើក​កែវ​ទឹក​មក​ក្រេប​​ជា​ជំនួយ​ ប៉ុន្តែ​បែរ​ជា​ទ្រឹង។ មិនមែន​អនុស្សាវរីយ៍​ថ្នាំ​សន្លប់​នៅ Amandari ​វិល​មក​វិញ​ទេ​ ប៉ុន្តែ​គឺ​រូបរាង​បុរស​ម្នាក់​ដែល​ឆ្លុះ​ក្នុង​នោះ។ បុរស​សង្ហា​បែរ​ក្រោយ​រហ័ស​ហើយ​ក្រោក​ឈរ​ទទួល​ដំណើរ​អ្នក​ដែល​ទើប​តែ​មក​ដល់។

-លោក​ពុក!?

អ្នក​តំណាងរាស្ត្រ​វ័យ​ជាង​៥០ឆ្នាំ​ដែល​ល្បីល្បាញ​ដោយ​សារ​មាន​ភរិយា​ជា​ស្ត្រី​ពោរពេញ​ដោយ​កប​កល​សម្បត្តិ ​និង​បុត្រា​ទោល​ដ៏​​មាន​សមត្ថភាព​ ដើរ​យឺតៗ​ចួល​មក​ក្បែរ​កូន​ប្រុស​ដោយ​មិន​ភ្លេច​ចោល​នូវ​ស្នាម​ញញឹម។ បុរស​ចំណាស់ ដាក់​បង្គុយ​ទៅ​លើ​កៅអី​ដែល​ត្រូវ​បាន​ទាញ​មក​ជូន​ដោយ​នរៈ។លោក​វាចា​មួយៗ៖

-ថ្មើរ​ណេះ​ហើយ ទើប​រក​បាយ​ទឹក​កូន?

រាមនរិន្ទ​ញញឹម។ អ្នក​ជូត​សំអាត​មាត់​រួច​ក្រេប​ទឹក​សាជាថ្មី។ សំឡេង​បុរស​ចំណាស់​លាន់​មក​បន្ត៖

-បោះឆ្នោត​រួច ផ្ទះ​នេះ​នឹង​មាន​ពិធី​អ៊ូអរ​មួយ​ហើយ!

នរៈ​សង្ហា​ងើប​មុខ​សម្លឹង​អ្នក​មាន​គុណ ល្មម​ពេល​ស្ត្រី​ចំណាស់​មា្នក់​លើក​ភេសជ្ជៈ​មក​ជូន​ចៅហ្វាយ។អ្នក​តំណាងរាស្ត្រ​បាន​ឱកាស​ធ្វើ​ជា​ងាក​ទៅ​សួរ​ស្រី​នោះ៖

-អាមុំ! ឯង​សប្បាយ​ចិត្ត​ទេ​បើ​អ្នក​ប្រុស​រៀបការ?

រាមនរិន្ទ​រេ​ភ្នែក​រិះគិត​ដោយ​ស្ងប់ស្ងៀម​ក្នុង​ពេល​បបូរមាត់​នៅ​តែ​រក្សា​ស្នាម​ញញឹម។ ប៉ុន្តែ​ស្ត្រី​ចំណាស់​មិន​នឹងន​ដូច​ចៅហ្វាយ​កម្លោះ​ទេ គាត់​ត្រេកអរ​លើកដៃ​ទាំង​ពីរ​ប្រណម​ចូល​គ្នា​ដោយ​ទឹក​មុខ​រំភើប។ទោះ​បី​មិន​ហ៊ាន​ឆ្លើយ​លូក​មាត់​ក្នុង​នាម​ជា​អ្នក​បាវ​ព្រាវ ប៉ុន្តែ​ស្ត្រី​នោះ​យល់​ថា​អ្នក​ប្រុស​នៃ​គ្រួសារ​នេះ ដល់​វ័យ​ត្រូវ​មាន​អ្នក​ថែ​ថ្នម​ដែរ​ហើយ។ គាត់​ញញឹម​មក​រក​បុរស​ក្មេង​ រួច​និយាយ​តិចៗ​ដោយ​អំណរ៖

-ពុទ្ធោ​អើយ​អ្នក​ប្រុស​របស់​មីង!

រាមនរិន្ទ​ងាក​ក្រោយ​សម្លឹង​ស្ត្រី​ដែល​ធ្លាប់​បីបាច់​​ថ្នាក់​ថ្នម​នាយ​តាំង​ពី​នៅ​ជា​ទារក។ ទោះ​បី​ចិត្ត​គេ​កំពុង​តក់ស្លុត​ ប៉ុន្តែ​គេ​នៅ​តែ​និយាយ​កំប្លែង​លេង​ដោយ​ចាប់​ដៃ​គាត់​មក​កាន់​ និង​អង្អែល៖

-ចុះ​មីង​មិន​ខ្លាច​ខ្ញុំ​ការប្រពន្ធ​ឆ្នាស​ម្នាក់​មក​ធ្វើ​បាប​មីង ​និង​មនុស្ស​ក្នុង​ផ្ទះ​ទេ?

ស្ត្រី​នោះ​បើក​ភ្នែក​ធំៗ​ហាក់​ភិតភ័យ​ តែ​គាត់​សម្រួល​មក​វិញ​ដោយ​ញញឹម​ភ្លាមៗ​នោះ​ដែរ៖

-អ្ហូ​អត់​ទេ! អ្នក​ប្រុស​របស់​មីង​សង្ហា​ផង ពូកែ​ផង មនុស្ស​ស្រី​នោះ​ប្រាកដ​ជា​ស្អាត​ផង​ ល្អ​ផង​ទើប​បាន​សម​គ្នា!

បុរស​អភិជន​នឹក​ឃើញ​ភ្លាម​ដល់​មុខ​សោយសោក​របស់​នារី​បង្ហាញ​ម៉ូដ​លើ​កោះ​ស្មៅ​លឿង​ដែល​ត្រូវ​នាយ​​ខឹង​ដោយសារ​ដឹង​ថា​នាង​ត្រូវ​បាន​បញ្ជូន​មក​ដោយ​នាយKen។

“តែ​អូន​ស្ដាយ​ណាស់ ព្រោះ​មិន​បាន​ធ្វើ​សត្វ​ត្រចៀក​កាំ​ជាមួយ​បង! អូន​ចង់​ហើរ​ទៅ​ជុំវិញ​ផែនដី​នេះ​តែ​ពីរ​នាក់​បង !”

បបូរ​មាត់​អ្នក​ប្រុស​បង់​ស្រពោន​នូវ​ស្នាម​ញញឹម​ហើយ​ភាព​ស្រណោះស្រណោក​អណ្ដែត​មក​បិទបាំង​កែវ​ភ្នែក​នាយ។ គេ​និយាយ​មួយៗ​ដោយ​ងើប​មុខ​សម្លឹង​ស្ត្រី​ចំណាស់៖

-គេ​ប្រាកដ​ជា​ស្អាត ហើយ​ចិត្ត​ល្អ​ទៀត! មីង​ទុក​ចិត្ត​ចុះ!

ស្ត្រី​ញញឹម​ដោយ​រំភើប មាត់​គាត់​ពោល​មក​មួយៗ៖

-មីង​ទុក​ចិត្ត​អ្នក​ប្រុស ១០០%! អ្នក​ប្រុស​មីង​ជា​មនុស្ស​ពូកែ អ្នក​ប្រុស​ថា​អ្នក​ណា​ល្អ គឺ​អ្នក​ហ្នឹង​ហើយ!

រាមនរិន្ទ​មិន​បន្ត​ថា​យ៉ាង​ណា​ផង ស្រាប់​តែ​សំឡេង​អ្នក​តំណាង​រាស្ត្រ​ឪពុក បន្លឺ​មក៖

-ចុះ​បើ​គេ​​រៀបការ​ហើយ នាំ​គ្នា​ចេញ​ពី​ផ្ទះ​ទៅ​នៅ​ស្រុក​ឆ្ងាយ​ចោល​អាមុំ​ឯង?

ស្ត្រី​ធ្លាក់​ទឹកមុខ។ គាត់​ពោល​តម្អូញ​ដោយ​ទឹក​មុខ​អង្វរករ​ទៅ​កាន់​បុរស​ទាំង​ទ្វេ៖

-អូ​អត់​ទេ! កុំ​ធ្វើ​អញ្ចឹង​អី​អ្នក​ប្រុស​របស់​មីង!

រាមនរិន្ទ​ដៀង​ភ្នែក​សម្លឹង​មុខ​អ្នក​មាន​គុណ​ក្នុង​ពេល​លោក​ក្រោក​ចាក​ចេញ​សន្សឹមៗ។ នរៈ​យើង​ញញឹម​ស្រស់​​ស្ទុះ​ទៅ​តាម​ពី​ក្រោយ​ទុក​ឲ្យ​ស្ត្រី​ចំណាស់​តាម​មើល​​ឪ​កូន​គេ​​ទាំង​ពីរ​ដោយ​ក្តី​ងឿង​ឆ្ងល់។យុវជន​ដើរ​តាម​ពី​ក្រោយ​លោក​ឪពុក​ជាមួយ​សំនួរ​ស្រាលៗ៖

-លោក​ពុក! ម៉េច​ក៏​លោក​ពុក​ជ្រាប​រឿង​កេតឌីម៉ា?

បុរស​ចំណាស់​រក្សា​ការ​ស្ងប់ស្ងាត់​មិន​ឆ្លើយ​តប​រហូត​ដល់​អ្នក​ទំាង​ពីរ​ឡើង​មក​ដល់​បន្ទប់​ខាង​លើ​ហើយ​ហួស​ដល់​រានហាល​ខាង​ក្រៅ​ទើប​គាត់​និយាយ​មួយៗ៖

-កូន​ស្រលាញ់​ក្មេង​ស្រី​នោះ​ពុក​ទុក​ចិត្ត​ភ្នែក​កូន ប៉ុន្តែ​ដែល​កូន​គ្រោង​ចេញ​ពី​ស្រុក​យើង​ក្រោយ​ពេល​បោះឆ្នោត​ ពុក​ជំទាស់​ដាច់ខាត! បើ​កូន​យល់​ថា​ស្រី​នោះ​គ្មាន​ពូជ​ត្រកូល គ្មាន​មុខមាត់ ពេលវេលា​នៅ​មាន​គួរសម​ដែរ រក​ជំនួញ​អី​មួយ​ឲ្យ​នាង​ធ្វើ​ទៅ ហើយ​ជួយ​នាង​ធ្វើ​កម្មវិធី​សប្បុរស​ផ្សេងៗ​ក្នុង​ប្រទេស​កសាង​ឈ្មោះ​ទៅ! ក្រោយ​ពេល​រៀបការ​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ទេ!

រាមនរិន្ទ​ដក​ដង្ហើម​ឃូរ​ធូរចិត្ត។ ពេលវេលា​មិន​ទាន់​មក​ដល់​សម្រាប់​ការ​ជម្រាប​លោក​ពី​រឿង​នេះ​ផង លោក​បាន​ជ្រាប​រួច​មុន​ក៏​ល្អ​ ប៉ុន្តែ​នាយ​នៅ​តែ​ត្រូវ​ពន្យល់​អ្នក​មាន​គុណ​ចំពោះ​សំណូមពរ​របស់​លោក៖

-ទៅ​ក្រៅ​ប្រទេស​អត់​ទាក់ទង​ជាមួយ​កេតឌីម៉ា​ទេ! វា​ជា​ក្តី​ប្រាថ្នា​របស់​កូន​ខ្លួន​ឯង! ស្រី​នោះ​ល្ងង់​ណាស់! ធ្វើ​ជំនួញ​ក៏​មិន​ឈ្នះ​អ្នក​ណា​ដែរ! ប៉ុន្តែ​ដើម្បី​កំដរ​កូន ទៅ​ដល់​ណា៎​លំបាក​យ៉ាង​ណា​ក៏​នាង​ព្រម! សូម​លោក​ពុក​កុំ​បារម្ភ​ពី​កូន​អី!

អ្នក​តំណាងរាស្ត្រ​រេ​ភ្នែក​សម្លឹង​បុត្រា។ តាំង​ពី​តូច​មក​បុត្រ​ម្នាក់​នេះ​តែង​តែ​មាន​បំណង​ចង់​ដុះ​ស្លាប​ធំ​មាំ​ដូច​សត្វ​ឥន្ទ្រីយ៍​ហើយ​ហើរ​ឆ្វែលឆ្វាត់​ក្នុង​ពិភពលោក​នេះ​ដោយ​មាន​សេរីភាព។ សំណាង​មិន​ល្អ​ត្រង់​ថា​គេ​កើត​មក​ជាមួយ​នឹង​កាតព្វកិច្ច​ជួយ​គ្រួសារ ​និង​សង្គមជាតិ។ ការងារ​របស់​គេ​ប្រើ​ពេល​សឹង​តែ​ទាំង​ស្រុង​នៃ​យុវភាព​របស់​ខ្លួន​ដើម្បី​សម្រេច​បាន។ ចុង​បញ្ចប់​គេ​មាន​ស្រី​ម្នាក់​កំដរ​គេ​បំពេញ​ក្តី​សុបិន​ដើរ​ទៅ​គ្រប់​ច្រកល្ហក​មាន​អី​មិន​ល្អ?

បុរស​ចំណាស់​ទះ​ស្មា​កូន​ប្រុស​ថ្នមៗ។ ទឹក​មុខ​លោក​បញ្ជាក់​ថា គ្មាន​អ្នក​ណា​អាច​ជំទាស់​សុបិន​របស់​នាយ​ទេ ទោះ​បី​សុបិន​នោះ​ផ្លាស់​ពី​សត្វ​ឥន្ត្រីយ៍​ទោល​ មក​ជា​​ត្រចៀកកាំ​មួយ​គូ​វិញ​ហើយ​ក៏​ដោយ។បុរស​ចំណាស់​និយាយ​តិចៗ៖

-នរិន្ទ! ពុក​ចាស់​ហើយ! បើ​ការ​ឃោសនា​លើក​នេះ​បាន​ជោគជ័យ​ទៀត​សុទ្ធ​តែ​ជា​លទ្ធផល​ដែល​កូន​ធ្វើ​ដើម្បី​គ្រួសារ​យើង! ដល់​ពេល​ពុក​សង​សេរីភាព​របស់​កូន​ឲ្យ​កូន​វិញ! តែ​ពុក​ធ្វើ​ការ​បាន​តែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ! ដើរ​លេង​អស់​ចិត្ត កូន​ត្រូវ​ឆាប់​មក​វិញ! ត្រូវ​ចាំ​ថា កូន​នៅ​មាន​ឪពុក​ជរា​ម្នាក់​រង់ចាំ​នៅ​ផ្ទះ!

គាត់​ដើរ​ចេញ​ទៅ​ជាមួយ​អារម្មណ៍​ហេងហាង។ ការ​ប្រគល់​កូន​ប្រុស​ជា​ទី​ស្រលាញ់​ទៅ​ឲ្យ​ស្រី​ចម្លែក​មិន​សម​ឋានៈ​ម្នាក់​ជា​រឿង​ដ៏​ពិបាក​ធ្វើ​ចិត្ត​រួច​ទៅ​ហើយ ប៉ុន្តែ​ទី​បំផុត សេចក្ដី​សុខ​របស់​កូន​នៅតែ​ជា​ជម្រើស​អាទិភាព​របស់​ឪពុក​រូប​នេះ។

រាមនរិន្ទ​តាម​សម្លឹង​អ្នក​មាន​គុណ​ពី​ក្រោយ។ តាំង​ពី​ដើម​មក​ អ្នក​ដឹង​ថា​ឥន្ទប្បដិមា​នរាធិបតិន្ទ​គឺ​ជា​ជំនូន​ដ៏​ពិសេស​បំផុត​ដែល​អ្នក​មាន​ទំនុក​ចិត្ត​ថា គ្មាន​ការ​ជំទាស់​មង្គលការ​អ្នក និង​ធីតា​ក្រីក្រ​ទេ ដូច្នេះ​ហើយ​អ្នក​មិន​ដែល​គិត​ថា​អ្នក​មិន​បាន​នាង​ឡើយ​ក្នុង​ជីវិត​នេះ។ ទោះ​យ៉ាង​ណា​អ្នក​នៅ​តែ​បន្លឺ​តាម​ពី​ក្រោយ​ឪពុក៖

-កូនសូម​អរគុណ​លោក​ពុក!

បុរស​ចំណាស់​បញ្ឈប់​ជំហាន គាត់​មិន​ងាក​ក្រោយ​ទេ​តែ​គាត់​ងក់ក្បាល​ហើយ​ឆ្លើយ៖

-ក្មេង​ស្រី​នោះ​គ្រាន់​បើ! ​កាសែត​សរសេរ​រឿង​នាង​ និង​កូន​សូម្បី​តែ​មួយ​សន្លឹក​ក៏​មិន​ដែល​ឃើញ​មាន!  បើ​អ្នក​ផ្សេង​វិញ ពីរ​ឆ្នាំ​នេះ​មិន​ដឹង​បង្ក​រឿង​អី​ខ្លះ​ ឲ្យ​យើង​ខូច​មុខ​ខូច​សន្លឹក​ឆ្នោត​ទេ!

គាត់​ដើរ​ចូល​ទៅ​សម្រាក​បាត់​ទុក​ឲ្យ​បុរស​ឈ្លក់​ស្នេហ៍​នៅ​ញញឹម​ម្នាក់​ឯង។ ការ​បែក​គ្នា៣​ឆ្នាំ​មិន​ត្រឹម​តែ​ដើម្បី​ឲ្យ​អ្នក​ប្រុស​បញ្ចប់​ការងារ​របស់​ខ្លួន​ក្នុង​ភាព​ជា​កូនទោល ប៉ុន្តែ​ថែម​ទាំង​ជា​បច្ច័យ​ល្អ

ដល់​ស្នេហា​របស់​ពួក​គេ។ ជានិច្ចកាល​ស្រី​ម្នាក់​ដ៏​ល្ងង់​នោះ​ ស្ថិតនៅ​ជា​ដរាប​ក្នុង​ក្រសែ​ភ្នែក​នាយ​គ្រាន់​តែ​មិន​បាន​និយាយ​រក​គ្នា​តែ​ប៉ុណ្ណោះ។

វគ្គទី២៤

សត្វ​ត្រចៀក​កាំ

…ថ្ងៃ​អង្គារ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣….

នៅ​ឯណេះ​វិញ​ដោយ​មាន​ប្អូន​ប្រុស​ក្នុង​រង្វង់​ដៃ ស្រី​ស្អាត​ដែល​មាន​តែ​ស្នាម​ញញឹម​បុរស​សម្បុរ​ស្រអែម​ក្នុង​បេះដូង ​ផ្ទៀង​ស្ដាប់​ពាក្យ​រៀបរាប់​របស់​កុមារ​វ័យ​១២ឆ្នាំ៖

-បង​ម៉ា! ចុះ​បើ​ខ្ញុំ​ជាប់​បួក​ទៅ​សាំងហ្គាពួរ​មែន! បង​គិត​យ៉ាង​ម៉េច?

ស្រី​ក្រមុំ​ញញឹម​តប​សម្ដី​ប្អូន​ប្រុស៖

-អត់​គិត​ម៉េច​ទេ! តែ​បង​នឹង​សប្បាយ​ចិត្ត!

-បង​មិន​គិត​ថា ខ្ញុំ​នៅ​តូច​ទេ?

-អត់​ទេ! ប្អូន​ប្រុស​បង​ធំ​ហើយ! តាំង​ពី​បង​ចោល​ការងារ​សិល្បៈ ហើយ​នៅ​ជិត​អូន​បាន​ច្រើន​ជាង​មុន បង​ដឹង​ថា កន្លង​មក​បង​បារម្ភ​ពី​អូន​ខុស ប្អូន​ប្រុស​របស់​បង​រឹងមាំ​ និង​កំពុង​ត្រៀម​ខ្លួន​ទៅ​ជា​បុរស​ដ៏​ពិត​ប្រាកដ​ម្នាក់!

កុមារា​ញញឹម ​ព្រោះ​បាន​ទទួល​ការ​សរសើរ​ត្រូវ​នឹង​ចិត្ត​ខ្លួន គេ​សួរ​បន្ត៖

-ចុះ​ពេល​ខ្ញុំ​ទៅ​បាត់ បង​ម៉ា​នៅ​ធ្វើ​គ្រូ​បឋម​អញ្ចឹង​ទៀត​ហី​ក៏​ទៅ​ដើរ​ម៉ូដ​វិញ?

នារី​កំព្រា​សើច​ញញឹម នាង​ពោល​ស្រាលៗ៖

-បង​ចាស់​ហើយ នៅ​មាន​គេ​មើល​ទៀត​ដែរ​ឌីណា?

ឌីណា​ក្មេង​ឈ្លាសវៃ​នៅ​តែ​មិន​បញ្ចប់​សំនួរ គេ​សួរ​បន្ថែម​ដោយ​មិន​រវល់​នឹង​ភាព​រវើរវាយ​របស់​បង​ស្រី៖

-ចុះ​បើ​ខ្ញុំ​បាន​ឡើង​យន្តហោះ បង​ឲ្យ​គាត់​មក​ជូន​ដំណើរ​ខ្ញុំ​បាន​ទេ?

ស្នាម​ញញឹម​ស្រី​ស្អាត​រុះរោយ។ ទោះ​អ្វី​ក៏​នាង​អាច​ធ្វើ​បាន​ដើម្បី​ឌីណា តែ​ប្រការ​មួយ​នេះ​ គឺ​នាង​ដឹង​ថា​មិន​អាច​ទៅ​រួច​ឡើយ។ បង​ស្រី​សួរ​ប្អូន​ប្រុស​ដោយ​ក្រៀមក្រំ៖

-ចាំបាច់​អី​មាន​គេ? មាន​បង​ស្រី​ទៅ​ហើយ​នៅ​ចង់​បាន​អ្នក​ណា​ទៀត?

ឌីណា​ឆ្លើយ​តប​ដោយ​និស្ស័យ​ស្មោះត្រង់៖

-ព្រោះ​គាត់​ឡូយ​ណាស់! យប់​មិញ អូន​ឃើញ​គាត់​តាម​ទូរទស្សន៍! អូន​ចង់​ជួប​គាត់​ផ្ទាល់​ណាស់! ថ្ងៃ​ក្រោយ​អូន​នឹង​ក្លាយ​ជា​អ្នក​នយោបាយ​ខ្លាំង​ និង​ល្បី​ដូច​គាត់!

-មិន​ចាំបាច់​ធ្វើ​ត្រាប់​អ្នក​ណា​ទេ!​ មនុស្ស​ប្រុស​ខ្លាំង​ម្នាក់ ត្រូវ​មាន​អ្វី​មួយ​ពិសេស​សម្រាប់​ខ្លួន​ឯង! មិន​មែន​ថា​ទាល់​តែ​ធ្វើ​ជា​អ្នក​នយោបាយ បាន​អស្ចារ្យ​នោះ​ទេ​ ដឹង​អត់? តោះ​ក្រោក! ទៅ​ចាក់​ទឹក​ឲ្យ​​បង​ញុំា​មួយ​កែវ​មក!

កុមារា​ក្រោក​ចេញ​ទៅ​បន្សល់​ឲ្យ​នារី​គ្រូ​បឋម​នូវ​ទឹក​មុខ​ក្រៀម​ស្រពោន។ ការ​បោះឆ្នោត​ចប់​ហើយ​។ ​ពេលវេលា​បី​ឆ្នាំ​ក៏​បាន​កន្លង​ទៅ​ហើយ​ដែរ តែ​គេ​មិន​បាន​មក​វិញ​តាម​ពាក្យ​សន្យា​ទេ។ ជា​រឿយៗ​បុរស​មិន​ដែល​មាន​ចិត្ត​ស្មោះ​ចំពោះ​ស្នេហា​យូរ​ដល់​ម្លឹង​ឡើយ។ ប្រការ​នេះ​ត្រូវ​បាន​អ្នក​ផង​និយាយ​ជា​រឿយៗ​សូម្បី​តែ​មីង​កុលាប។ នាង​យល់​​ថា​ខ្លួន​ល្ងង់​ណាស់​ដែល​ដឹង​ពី​លទ្ធផល​ហើយ​ក៏​នៅតែ​រង់ចាំ​គេ។

ស្រី​កម្សត់​លូក​ដៃ​ទៅ​ទទួល​កែវ​ទឹក​ទំាង​និយាយ​ស្ងួតស្ងប់៖

-យប់​ហើយ! តោះ​ចូល​គេង​ទៅ​ឌីណា!

សំឡេង​ម្ចាស់​កែវ​លាន់​មក​វិញ​តិចៗ៖

-ប្រញាប់​គេង​ម៉េ្លះ? ម៉ោង​មិន​ទាន់​ប៉ុន្មាន​ផង!

ស្រី​ក្រមុំ​ភាំង​ស្មារតី​អស់​មួយ​ខណៈ មុន​ពេល​ងើប​មុខ​សម្លឹង​ម្ចាស់​វាចា​ច្រឡើសបើស។ គេ​នៅ​តែ​គេ​ដូច​កាល​ពី​៣​ឆ្នាំ​មុន និយាយ​ស្តី​កំបុតកំបុយ​ហើយ​ឌឺ​ដង។ កែវ​ទឹក​នេះ​ក៏​គេ​ហុច​មក​ឲ្យ​នាង ​មាន​ន័យ​ថា​គេ​មក​ដល់​ទាន់​ពេល​នាង​កំពុង​និយាយ​ដើម​គេ​ជាមួយ​ប្អូន។ មនុស្ស​បែក​គ្នា​ជិត​១០០០ថ្ងៃ​ មាន​រឿង​ច្រើន​ណាស់​ដែល​ត្រៀម​ចាំ​និយាយ​តែ​ដល់​ពេល​គេ​បង្ហាញ​ខ្លួន ស្រី​ស្អាត​ទៅ​ជា​ធ្មឹង​គាំង​ចំពោះ​ពន្លឺ​ភ្នែក​នាយ។

បុរស​ខ្មែរ​ដែល​ពេល​ណា​ក៏​ញញឹម​ស្រស់ នៅ​តែ​មាន​ឥទ្ធិពល​ខាប​សណ្ដំ​បេះដូង​កេតឌីម៉ា​ឲ្យ​ព្រឺព្រួច​ចំពោះ​សំឡេង​បេះដូង​នាយ។ បុរស​ញាក់​ចិញ្ចើម​ទៅ​កាន់​ពន្លឺ​ភ្នែក​រំភើប​ឥត​អ្វី​ផ្ទឹម​របស់​នាង​ក្នុង​ពេល​នាង​និយាយ​ប្រាប់​បេះដូង​ឯកោ​របស់​ខ្លួន​ស្ងាត់ៗ៖

 “កេតឌីម៉ា! នៅ​មុខ​ឯង​នេះ​គឺ​រាមនរិន្ទ! គេ​ត្រឡប់​មក​វិញ​ហើយ! គេ​មក​វិញ​មែន!”

ទឹក​ភ្នែក​ថ្លា​ដូច​ពេជ្រ​ធ្លាក់​ឆ្វាច់​កំដរ​កែវ​ភ្នែក​រលើបរលោង​របស់​ម្ចាស់​ស្រី​ ធ្វើ​ឲ្យ​បុរស​ទៅ​ជា​រន្ធត់​ចិត្ត។នាយ​លែង​ញញឹម​ហើយ​លើក​ដៃ​មក​ប៉ះ​ជលនេត្រ​នារី​ថើៗ។ ម្រាម​មេ​​ដៃ​បុរស​ប៉ះ​វង់ភក្ត្រ​ពេល​ណា នាង​កាន់​រំភើប​ចិត្ត​ដល់​ថ្នាក់​បញ្ចេញ​សំឡេង​ខ្សឹកខ្សួល។ បី​ឆ្នាំ​ហើយ​គេ​មិន​ដែល​សូម្បី​តែ​និយាយ​មក​រក​នាង។ នាង​ឈឺ​ឬ​ជា សប្បាយ​ឬ​ព្រួយ នាង​មិន​ជឿ​ថា​គេបាន​ដឹង​ទេ។ ហើយ​ក៏​មិន​ដែល​​សង្ឃឹម​ថា​បាន​រូបរាង​បុរស​ម្នាក់​នេះ​មក​ឈរ​ចំពោះ​មុខ និង​បាន​ដៃ​គេ​ស្ទាប​អង្អែល​មុខ​នាង​ដូច្នេះ​ទៀត​ដែរ។ សំឡេង​​មួយ​ខ្សឹប​ប្រាប់​នាង “ឯង​នឹក​គេ​ណាស់​អ្ហី? ឱប​គេ​ទៅ​កេតឌីម៉ា! ឱប​គេ​ឲ្យ​ណែន​ទៅ?”

ដៃ​នាង​ញ័រទទ្រើក​ក្បែរ​កាយ​ដដែល​ព្រោះ​នាង​គ្មាន​សេចក្ដី​ក្លាហាន​លើក​ទៅ​រក​គេ​ធ្វើ​ឲ្យ​បុរស​កាន់​តែ​ខ្លោច​ចិត្ត​អាណិត​នាង។ រាមនរិន្ទ​ទប់​ក្តី​រំជួល​ចិត្ត​ធ្វើ​ជា​ឱន​ទៅ​បញ្ឈឺ​ខ្សឹបៗ​ក្បែរ​ត្រចៀក​​នាង៖

-មាន​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​ទេ​កេតឌីម៉ា? សាច់​គ្រើម​ដូច​ស្បែក​គីង្គក់ បាន​កូន​កម្លោះ​គេ​យក​​ដៃ​ទៅ​ប៉ះ​បន្តិច​អរ​និយាយ​លែង​ចេញ​ទៅ​ហើយ! អញ្ចឹង​បាន​ជា​បី​ឆ្នាំ​ហើយ​នៅ​តែ​រក​ប្តី​អត់​បាន?

ស្រី​ស្អាត​ស្លន់​ស្លោ​លើក​ដៃ​ស្ទាប​មុខ​ដោយ​មិន​ទុក​ចិត្ត។

 “រូប​សម្បត្តិ​យើង​ទ្រុឌទ្រោម​ដល់​ថ្នាក់​នេះ​មែន?”

នាង​លើក​ដៃ​ផាត់​តម្រង់​សក់​ដោយ​តក់​ក្រហល់។ រូបរាង​អាក្រក់​នៅនឹង​មុខ​ប្រុស​ស្នេហ៍​ គឺ​ជា​ប្រការ​គួរ​ឲ្យ​ខ្លាច​បំផុត​សម្រាប់​នារី​គ្រប់រូប ​ពិសេស​គ្រា​ជួប​ដំបូង​បន្ទាប់​ពី​បែក​គ្នា​អស់​៣ឆ្នាំ។ ​នាង​មិន​ទុកចិត្ត​ខ្លួន​ឯង​រហូត​ដល់​ស្ទុះស្ទា​គេច​ទៅ​ក្នុង​បន្ទប់​ ប៉ុន្តែ​ត្រូវ​នាយ​ចាប់​ដៃ​មក​វិញ​ជាប់។ បុរស​ទាញ​រាងកាយ​តូចតន់​មក​ឱប​ក្នុង​រង្វង់​ដៃ ​ហើយ​ឱន​ច្រមុះ​​ទៅ​រក​កេសា​នារី​ដើម្បី​បង្កើត​ឲ្យ​នាង​នូវ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​សាជាថ្មី។ គេ​និយាយ​ឌឺដង៖

-ម៉េច​មិន​ទាន់​អី​ផង​ចង់​នាំ​គេ​​ចូល​ក្នុង​បន្ទប់​ទៅ​ហើយ?

ស្រី​ស្រស់​បញ្ចេញ​ភាព​គ្រឺត​ក្នាញ់​លើ​ផ្ទៃ​មុខ​ នាង​អស់​ពី​ខឹង​ទៅ​ជា​អស់​សំណើច​ ហើយ​ច្រាន​គេ​ចេញ​ស្ទើរ​ដាច់​ផ្ងារ។

-រាមនរិន្ទ! ​កុំ​បាន​ចិត្ត​ពេក ទោះ​ប្រុសៗ​ស្លាប់​អស់​ក៏​គ្មាន​អ្នក​ណា​យក​លោក​ធ្វើ​ប្តី​ដែរ!

បុរស​ញញឹម​ដោយ​ប្រតោង​នាង​ជាប់​ប្រាណ​មិន​ឲ្យ​ទៅ​ណា​បាន។ នារី​កាន់​តែ​រើ​ព្រោះ​ក្នាញ់​នឹង​សម្តី​គេ​ តែ​នាង​ក៏​ដឹង​ដែរ​ថា​មិន​អាច​ទៅ​ណា​រួច​ទេ។

រាមនរិន្ទ​និយាយ​បន្ថែម​ស្រាលៗ៖

-អញ្ចឹង? ចុះ​នាយកសាលា​នោះ​តាម​ស្រលាញ់​ម៉េច​មិន​ព្រម​ជាមួយ​គេ​ទៅ? ​ហើយ​អាម្នាក់​ពាក់​វែនតា​រៀន​ជាមួយ​គ្នា​ពេល​យប់​នោះ?

ស្រី​ស្អាត​នៅ​ស្ងៀម​លែង​កម្រើក។ ​នាង​នៅ​ទ្រឹង​រិះគិត​ពី​មនុស្ស​ប្រុស​ពីរ​នាក់​ដែល​គេ​កំពុង​និយាយ ល្មម​ពេល​បុរស​អភិជន​និយាយ​បន្ថែម៖

-នៅ​មាន​អា​គាត់​ពីរ​បី​នាក់​ដែល​តាម​ញ៉ែ​តាមFacebook រាល់​ថ្ងៃ​នោះ​ទៀត!

នាង​ក្រមុំ​បើក​ភ្នែក​ធំៗ​ដោយ​ហួស​ចិត្ត នាង​បែរ​មុខ​មក​ចំ​រាមនរិន្ទ​ទាំង​ក្ដាប់​មាត់​ធ្វើ​ដូច​ខឹងសម្បា។

-លោក​ជា Hackerគ្មាន​បាន​ការ! ម្ង៉ៃៗ​ចំណាយ​ពេល​តាមដាន​រឿង​ឯកជន​របស់​អ្នក​ផង! ជឿ​ថា​ខ្ញុំ​ប្ដឹង​លោក​អត់?

តាម​ពិត​គឺ​បេះដូង​នាង​កំពុង​ញាប់ញ័រ។ នាង​ទើប​តែ​ដឹង​ថា ជិត១០០០ថ្ងៃ​មកនេះ​ គេ​មិនដែល​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ជីវិត​នាង​ទេ គ្រាន់​តែ​គេ​មិន​បង្ហាញ​ខ្លួន។

-បើ​ប្តឹង​រាមនរិន្ទ​ជាប់​គុក​បាត់ បាន​ពី​ណា​រៀបការ​ជាមួយ​ស្រី​ល្ងង់​ជាង​គេ​លើ​លោក​នេះ​ទៅ?

តរុណី​ខ្ទប់​មាត់​សើច​នៅ​ចំពោះ​មុខ​នាយ នៅ​ពេល​ដែល​បុរស​ម៉ឺងម៉ាត់​ម្នាក់​ក្លាយ​ទៅជា​និយាយ​ពាក្យ​អត់ប្រយោជន៍​ច្រើន​ម្លឹង​​ៗ។

ជាមួយ​ពន្លឺ​ភ្នែក​អណ្ដែតអណ្ដូង​នៃ​បុរស​ម្នាក់​ដែល​មាន​សុភមង្គល​បំផុត​ពេល​ឃើញ​នារី​ដែល​ខ្លួន​ស្រលាញ់​កំពុង​សប្បាយ​ចិត្ត នាយ​និយាយ​មួយៗ​ទៅ​រក​នាង៖

-លោក​ពុក​ចង់​ជួប​អូន​ថ្ងៃ​ស្អែក​នេះ!

ស្រី​ស្អាត​បញ្ឈប់​ភាព​​រីករាយ នាង​បើក​ភ្នែក​មូល​ក្លំ​ជាមួយ​ពន្លឺ​នៃ​សេចក្ដី​បារម្ភ​អណ្ដែត​ចេញ​មក៖

-លោក​ប្រុស​រាម….?

មិន​ទាន់​និយាយ​ចប់​ផង​គេ​លើក​ម្រាម​ដៃ​បិទ​មាត់​នាង។ បុរស​វាចា​ដោយ​ទឹក​មុខ​ស្មើ​ជា​សញ្ញា​ថា​គេ​មិន​បាន​និយាយ​លេង​សើច​ទេ៖

-គ្មាន​លោក​ប្រុស​នៅ​ទីនេះ​ទេ! មាន​តែ​រាម​នរិន្ទ​ក្រ​រហាម​ម្នាក់! លា​ឈប់​ពី​ការងារ​នៅ​បក្ស និង​ការងារ​នៅ​ផ្ទះ​អស់​ហើយ! អា​ម្នាក់​វា​ហ្នឹង​កំពុង​ចង់​បាន​ប្រពន្ធ​ខ្លាំង​ណាស់! ឥឡូវ​នៅ​តែ​ចាំ​ខាង​ស្រី​គេ​ព្រម​ទេ!រៀបការ​ហើយ​ភ្លាម នឹង​អាល​ចេញ​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​អ៊ីរ៉ាក់!

ធីតា​ទៅ​ជា​អស់​សំណើច​លើស​ដើម នាង​ទប់​មិន​បាន​ក៏​សើច​ខឹកៗ​នៅ​មុខ​នាយ។ នាយ​សើច​រហូត​ដល់​នាយ​ត្រូវ​និយាយ​បញ្ជាក់៖

-ស្ដាប់​កេតឌីម៉ា! នាង​អត់​ស្ដាប់​ខុស​ទេ! គឺ​ត្រូវ​ទៅ​អ៊ីរ៉ាក់​​១ឆ្នាំ​ ព្រោះ​រាមនរិន្ទ​ប្រលង​ជាប់​ការងារ​មួយ​ជាមួយ​កង​សន្តិសុខUNនៅ​ទីនោះ! នាង​នៅ​មាន​ពេល​គិត​សិន​ចាំ​សម្រេច​ចិត្ត​ថា​ព្រម​រៀបការ ឬ​អត់! នៅ​មិន​ទាន់​ហួស​ពេល​ទេ!

សេរីភាព​របស់​សត្វ​ត្រចៀកកាំ​មួយ​គូ​លេច​ភ្លែត​ក្នុង​ក្រសែ​ភ្នែក​នាង។ បេះដូង​ដែល​ប្រែ​ទៅ​ជា​រំភើប​ជាមួយ​ការ​ដាស់​មក​វិញ​នូវ​កិច្ចសន្យា​លើ​ទន្លេ​ម៉េប៊ឺរ៉ាម៉ូ​បាន​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​នាង​ទៅ​ជា​ក្រហម​បង្អួត​សម្រស់។ នាង​សួរ​មួយៗ៖

-ហេតុអី​រើសអ៊ីរ៉ាក់​?

បុរស​និយាយ​ទាំង​លូក​ដៃ​មក​ក្រសោប​ចង្កេះ​នាង៖

-អ្ហាក៎​ក្រែង​យើង​ហ្នឹង​ជា​ព្រះនាងSheherazade  ចូលចិត្ត​ក្រុង​បាដាដ​ណាស់​មិន​អញ្ចឹង?

ស្រី ស្អាត​ញញឹមប៉ប្រឹម​ដោយ​ពេញ​ចិត្ត​ចំពោះ​​ការ ចងចាំ​គ្មាន​ចន្លោះ​របស់​គេ។នាង​មិនមាន​តបថា​យ៉ាងណា​ទេ​តែ​លឺ​គេ​បន្ទន់​សម្លេង​និយាយ៖

-ព្រោះ​នៅ​ភ្នំពេញ​អត់​មាន​ពី​ណា​ជួល​រាមនរិន្ទ​ឲ្យ​ធ្វើ​ការ​ទេ! អា​គាត់​ម្នាក់​ហ្នឹង​ត្រូវ​ចិញ្ចឹម​ប្រពន្ធ អញ្ចឹង​ទោះ​អ៊ីរ៉ាក់​​ក៏​ដោយ​ឲ្យ​តែ​មាន​ប្រាក់​ខែ! ខ្លាច​តែ​ប្រពន្ធ​មិន​ព្រម​ទៅ​ជាមួយ​ហ្នឹង​បាន​យ៉ាប់!

ស្រី​ស្រស់​បាន​ចិត្ត​នៅ​ពេល​ឮ​ពាក្យ​ប្រពន្ធ​ចេញ​ពី​មាត់​បុរស​ដែល​នាង​ប្រគល់​ជីវិត​ក្នុង​ដៃ​គេ។ នាង​និយាយ​ដោយ​ឱន​ទៅ​ឱប​រាងកាយ​រឹងមាំ​របស់​នាយ៖

-ទៅ​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​បង​នៅ​ជិត!

រាមនរិន្ទ​បាន​ចិត្ត​ក៏​បញ្ឈឺ​បន្ថែម៖

-អ៊ីរ៉ាក់​​ក៏​ទៅ​ដែរ​ស្រី​ល្ងង់? និយាយ​លេង​ហ្នឹង​ក៏​​ជឿ​ដែរ?

នារី​ងើប​មុខ​សម្លឹង​គេ នាង​សួរ​វិញ​ស្រាល​ៗ​ល្មម​តែ​ឮ​ពីរ​នាក់៖

-អូន​ល្ងង់​ណាស់! អូន​សូមទោស! ចាំ​អូន​ព្យាយាម​កែ​ណ៎ា អូន​នឹង​កែ! និយាយ​មែន!

នរៈ​ឱប​នាង​សាជាថ្មី រួច​​និយាយ​តិចៗ​ដោយ​រំជើបរំជួល​ព្រោះ​ចិត្ត​ស្រលាញ់៖

-អូន​កុំ​កែ​អី​កេតឌីម៉ា! បង​ស្រលាញ់​អូន​ព្រោះ​អូន​អញ្ចឹង! អាណិត​បង​កុំ​កែ​ណ៎ា! នៅ​ជា​​កេតឌីម៉ា​ដដែល​នេះ​រហូត​ទៅ អូខេ?

ស្រី​ស្អាត​ធ្មេច​ភ្នែក​ក្នុង​រង្វង់​ដៃ​នាយ។សំឡេង​​បុរស​តួ​ឯក​លាន់​មក​បន្ត​គ្នា​រដឹក៖

-បំណងទី១របស់រាមនរិន្ទបានសម្រេចហើយគឺបានធ្វើការដែលគួរធ្វើដើម្បីគ្រួសារស្រេចបេច!នៅតែបំណងទី២ទេ គឺ​បាន​ដើរ​ទៅ​គ្រប់​​កន្លែង​ជុំវិញ​ផែនដី​នេះ!

ស្រី​ស្អាត​សួរ​វិញ៖

-ចុះទី៣?

រាមនរិន្ទ​ឆ្លើយ​ដោយ​បិទ ភ្នែក​លើ​ស្មា​នាង៖

-បង​ចង់​បាន​ស្រី​ម្នាក់ ដែល​ល្ងង់ខ្លៅ​ព្រម​ដើរហើរ​គ្មាន​ផ្ទះសម្បែង​ជាមួយ​បង​តែ​ពីរនាក់!

មិត្ត​អ្នក​អាន​សប្បាយ​ចិត្ត​ទេ​ពេល​បាន​ឃើញ​ពួក​គេ​ក្លាយ​ជា​សត្វ​ត្រចៀកកាំ​មួយ​គូ​ហើរ​ឡើង​ចុះ​ជុំវិញ​ផែនដី​នេះ​ជាមួយ​គ្នា?

សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​គាំទ្រ​ ប្រលោមលោក​របស់ ម៉ីសន សុធារី ។ អ្នក​និពន្ធ​សូម​ឧទ្ទិស​ស្នាដៃ​នេះ ​ជូន​ចំពោះ​អ្នក​មាន​ស្នេហា​ស្មោះស្ម័គ្រ​ទាំងឡាយ និង​សូម​ជូនពរ​មិត្ត​អ្នក​អាន​នូវ​សេចក្ដី​សុខ​គ្រប់ប្រការ។