រឿង៖ បើក្លាយជាប្តីគេ

កើតមកជាមនុស្សប្រុស ពិតណាស់មានសំណាងជាងមនុស្សស្រី  ព្រោះសង្គមមួយនេះ ភាគច្រើនគេផ្តោតឱ្យតម្លៃមនុស្សប្រុសជាងមនុស្សស្រី។ ស្ដាប់ទៅវារាងអយុត្តិធម៌បន្ដិចសម្រាប់កូនស្រី ប៉ុន្ដែនេះជារឿងពិតដែលពិបាកនឹងធ្វើការប្រកែកបានណាស់ ព្រោះមិនថាជាគ្រួសារឬសង្គម ផ្នត់គំនិតដែលគិតថា កូនប្រុសជាជំហររឹងមាំឬជាសសរទ្រូងទ្រទ្រង់ជាតិនៅតែមាន។

ប្រសិនបើអ្នកមិនជឿទេថាខ្លួនឯងកើតជាមនុស្សប្រុសហើយមានសំណាងខ្ពស់ ប៉ុន្ដែបែរជាយល់គិតថាមនុស្សស្រីមានសំណាងជាងខ្លួននោះ បើជាតិក្រោយមានពិតអ្នកអាចសុំឱ្យខ្លួនឯងកើតមកជាស្រី អ្នកនឹងដឹងថាកើតមកជាមនុស្សស្រីមិនស្រួលនោះទេ។

កូនប្រុសកើតមកហើយ ភ្ជាប់មកជាមួយសំណាងរួចជាស្រេច ប៉ុន្ដែពួកគេមួយចំនួនបែរជាវង្វេង ហើយប្រាសចាកពីការធ្វើអំពើល្អ សាងខ្លួនឯងឱ្យក្លាយជាមនុស្សបាតសង្គមទៅវិញ។ បច្ចុប្បន្នមានមនុស្សប្រុសជាច្រើននាក់ គាត់ភ្លេចគិតពីតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនឯងក្នុងឋានៈជាកូនប្រុស។

អាងខ្លួនឯងជាកូនប្រុស គាត់បង្កើតទម្លាប់អាក្រក់ជាច្រើនដូចជាចាយលុយមិនចេះគិត ប្រើរបស់មិនចេះថែរក្សាឱ្យបានល្អ ចាយលុយខ្ជះខ្ជាយមិនចេះសន្សំសំច័យ ចូលចិត្តចួបជុំស៊ីផឹកអត់ប្រយោជន៍ ហើយថែមទាំងមានអំនួតក្អេងក្អាង គិតថាខ្លួនខ្លាំងធំអស្ចារ្យ ។ល។ ប៉ុន្ដែតើគាត់ដឹងទេថាក្នុងនាមជាកូនប្រុសមានតួនាទីអ្វីខ្លះ?

មានរឿងមួយនិទានប្រាប់ថា៖

មានស្រ្តីចំណាស់ម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកររបស់ខ្លួននៅឯមន្ទីរពេទ្យ ក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់ខ្លួន គាត់បានហៅកូនប្រុសសំណព្វចិត្តរបស់គាត់ មកផ្ដែផ្ដាំជាលើកចុងក្រោយ…

“កូនប្រុសបណ្ដូលចិត្តរបស់ម្ដាយ…ពេលនេះកូនប្រុសរបស់ម្ដាយ ធំពេញរូបរាង ស្រស់សង្ហារមិនចាញ់ឪពុករបស់កូនឡើយ! ម្ដាយសប្បាយចិត្តណាស់ ដែលឃើញរូបកូនធំឡើងដឹងក្ដីបែបនេះ…ហើយពិតណាស់ កូនប្រុសម្ដាយច្បាស់ជាមាននារីស្រស់ស្អាតជាច្រើនណាស់ មកចោមរោមសុំធ្វើជាសង្សាររបស់ខ្លួន…ថ្ងៃខាងមុខ កូនពិតជាអាចរើសយកនារីម្នាក់ក្នុងចំណោមនោះ មកធ្វើជាភរិយារបស់កូនជាក់ជាមិនខាន។”

“បាទម៉ាក់” អ្នកកំលោះ ងក់ក្បាលទទួលពាក្យរបស់ម្តាយ។ ស្រ្ដីចំណាស់ ប្រឹងញញឹមទៅកាន់កូនប្រុសរបស់គេ រួចនិយាយបន្ដទៀតថា៖

“កូនប្រុសម្ដាយ…ម្ដាយដឹងថា ម្ដាយមិនអាចនៅកំដរកូនក្នុងថ្ងៃមង្គលរបស់កូនបានឡើយ ម្ដាយ…”

“អ្នកម៉ាក់ កុំនិយាយបែបនេះ…អ្នកម៉ាក់ត្រូវរឹងមាំឡើង” អ្នកកំលោះ និយាយកាត់សម្ដីម្ដាយរបស់ខ្លួនដាស់តឿនប្រាប់ទៅគាត់វិញឱ្យរឹងមាំឡើង គេពិតជាខូចចិត្តណាស់ ពេលឃើញស្ត្រីម្នាក់ដែលធ្លាប់មានរាងកាយមាំទាំ ជាជំហរក្នុងគ្រួសារ មកដេកសម្រាន្តលើគ្រែក្នុងសភាពស្គមរីងរៃ កម្រើកខ្លួនមិនបាន ទន់ខ្សោយបែបនេះ

“កូនប្រុសម្ដាយ….ម្ដាយដឹងពីសភាពសុខភាពរបស់ខ្លួន កូនកុំទៅខូចចិត្តខ្លាំងធ្វើអី…”

“អ្នកម៉ាក់”

“កូនប្រុសម្ដាយ…ម្ដាយមានរឿងខ្លះចង់និយាយផ្ដែផ្ដាំប្រាប់កូន…កូនត្រូវចាំជាក់ក្នុងចិត្តរបស់កូនណ៎ា”

“បាទម៉ាក់”

“កូនប្រុសម្ដាយ…បើកូនក្លាយជាអនាគតប្ដីរបស់គេ ចូរកូនស្រលាញ់ និងគោរពឱ្យតម្លៃប្រពន្ធរបស់ខ្លួនឯងឱ្យបានច្រើនជាងម៉ាក់។ កូនដឹងទេថា រវាងប្ដីប្រពន្ធ វាតែងតែមានរឿងទំនាស់ ឈ្លោះប្រកែកជាមួយគ្នា ក្នុងថ្ងៃណាមួយជាមិនខាន…ម្ដាយក៏ធ្លាប់ឈ្លោះជាមួយឪពុករបស់ឯងដែរ ដឹងទេពេលម្ដាយខឹង កំហឹងធ្វើឱ្យម្ដាយវង្វេង និយាយដោយមិនបានគិត រហូតម្ដាយបានប្រើពាក្យជេរស្ដី អសុរោះជាច្រើនដល់គាត់ រហូតដល់ម្ដាយខឹងខ្លាំងពេកច្រឡំមាត់ហៅឪពុករបស់ឯងថា «អាសត្វ» ប៉ុន្ដែកូនប្រុសដឹងទេថា គាត់ធ្វើបែបណាដាក់ម្ដាយនោះ?”

“…”កូនប្រុសនៅស្ងៀម រង់ចាំម្ដាយនិទានប្រាប់បន្ដទៀត

“ឪពុករបស់ឯងខឹងម្ដាយខ្លាំងណាស់នៅពេលនោះ មុខគាត់ឡើងក្រហម សូម្បីតែរាងកាយរបស់គាត់ក៏ខឹងឡើងញ័រអស់ផងដែរ…ម្ដាយចាំបានច្បាស់ណាស់នៅពេលនោះ ព្រោះជាលើកទីមួយហើយ ដែលម្ដាយឃើញឪពុករបស់កូនបែបនេះ តែកូនដឹងទេ?  ទោះបីគាត់កំពុងស្ថិតក្នុងកំហឹងក៏ពិតមែនប៉ុន្ដែគាត់នៅតែមានសតិគ្រប់គ្រងខ្លួនឯងបាន…គាត់មិនលើកដៃវាយមកលើម្ដាយទេ តែគាត់ស្ទុះចេញទៅខាងក្រៅរម្ងាប់អារម្មណ៍គាត់ ហើយបិទទ្វារលាន់ឮសូរគ្រាំង។ តែម្ដាយមិនបន្ទោសគាត់ទេ គឺមានតែបន្ទោសអំពើអសតិរបស់ខ្លួនឯង។

កូនប្រុសម្ដាយ! ប្រសិនបើឪពុកឯងវាយម្ដាយនៅពេលនោះ ម៉្លេះម្ដាយប្រហែលជាមិនអាចបង្កើតកូនឱ្យរស់រានមានជីវិតមកដល់សព្វថ្ងៃនេះឡើយ។

តើកូនបន្ទោសម្ដាយទេ ដែលម្ដាយបានប្រើពាក្យប្រមាថឪពុករបស់កូនបែបនេះ? តើកូនសរសើរប៉ាកូនទេ ដែលគាត់អាចទប់ចិត្តមិនវាយម៉ាក់នោះ?

ដូច្នេះ ទោះកូនខឹងប្រពន្ធកូនយ៉ាងណាក៏ដោយ ក៏កូនមិនត្រូវវាយនាងទេ គឺកូនត្រូវនឹកឃើញរឿងរបស់ម្ដាយ…”

“បាទម៉ាក់”

“កូនប្រុសម្ដាយ…កូនដឹងទេ? ក្រោយពីប៉ាឯងចាកចេញពីផ្ទះទៅ កំហឹងម្ដាយក៏ចាប់ផ្ដើមថយចុះ ម្ដាយមានអារម្មណ៍ស្ដាយក្រោយខ្លាំងណាស់ ហើយស្អែកឡើង ម្ដាយប្រញាប់ទៅរកគាត់…សូមទោសគាត់ សូមការអភ័យទោសពីគាត់…កូនដឹងទេ ឪពុករបស់កូន មិនបាននិយាយបន្ទោសម្ដាយសូម្បីតែពាក្យមួយម៉ាត់ គាត់ថែមទាំងមាននូវស្នាមញញឹម ហើយការឱបលួងលោមមកលើម្តាយ ពេលឃើញតំណក់ទឹកភ្នែករបស់ម្ដាយស្រក់ចុះទៀតផង…ពេលនោះមា្ដយដឹងថា ក្នុងចិត្តរបស់គាត់ មិនដែលខឹងគុំគួននឹងម្ដាយទេ…គាត់តែងតែអធ្យាស្រ័យ អភ័យទោសឱ្យម្ដាយជានិច្ច។ អ៊ីចឹងកូនត្រូវចាំថា បញ្ហារវាងប្ដីប្រពន្ធ ការឈ្លោះប្រកែកខ្លាំងយ៉ាងណា ក៏មិនស្មើនឹងទំហំក្ដីស្រលាញ់ សណ្ដោសប្រណី និងអភ័យទោសឱ្យគ្នាឡើយ។ បន្ទាប់ពីថ្ងៃនោះមក ម្ដាយកាន់តែគោរព ស្រលាញ់គាត់ទ្វេដង”

“បាទកូនដឹង ណាម៉ាក់”

“កូនប្រុសម្ដាយ…កូនត្រូវចេះការពារ ចេះថែរក្សា និងចេះយកចិត្តប្រពន្ធណា។ កូនដឹងទេ រវាងម្ដាយនិងឪពុករបស់កូន ពួកយើងធ្លាប់មានរឿងរ៉ាវជាច្រើនជាមួយគ្នា ទើបយើងអាចរស់នៅជាមួយគ្នាបានដល់ពេលនេះ…

មានមានថ្ងៃមួយ ឪពុករបស់កូន បានអញ្ជើញប្រធានរបស់គាត់និងក្រុមមិត្តភក្ដិរួមការងារនៅកន្លែងគាត់ធ្វើការមកពិសាបាយនៅផ្ទះយើង។ ម្ដាយបានរៀបចំធ្វើម្ហូប ហើយប៉ាឯងបានទៅទិញភេសជ្ជៈដើម្បីត្រៀមរៀបចំសម្រាប់ទទួលភ្ញៀវ។ នៅពេលដែលភ្ញៀវមកដល់ ពួកយើងទាំងពីរនាក់ ក៏ចាប់ផ្ដើមជួយគ្នារៀបចំតុ ចានម្ហូប សម្រាប់ទទួលភ្ញៀវពិសាបាយ ពេលម្ដាយដួសម្ហូបរៀបចំបាយដាក់លើតុរួចរាល់ហើយ  ស្រាប់តែពេលម្ដាយដួសសម្លស្រូបជាមួយបាយនោះ ទើបដឹងថា ម្ដាយភ្លេចបង់អំបិលឱ្យឈឹង! ឪពុកឯងភ្លក់ទៅដឹងថា សម្លមានរសជាតិសាបជ្រុល គាត់សម្លឹងមកកាន់ម្តាយ ហើយគាត់ឧទានឡើងប្រាប់គ្រប់គ្នានៅតុបាយថា៖

«លោកប្រធានអើយ សម្លប្រពន្ធខ្ញុំស្លហាក់សាបបន្តិចហើយ ព្រោះមួយរយៈនេះខ្ញុំចេះតែឡើងសម្ពាធឈាម លោកគ្រូពេទ្យផ្ដាំប្រាប់ខ្ញុំកុំឱ្យបរិភោគប្រៃពេក អ៊ីចឹងហើយទើបខ្ញុំប្រាប់ប្រពន្ធខ្ញុំឱ្យស្លសាបទៅ! សង្ឃឹមថាអ្នកទាំងអស់គ្នា កុំប្រកាន់ទៅចុះ»

ភ្ញៀវឮបែបនេះ ទោះបីគេមិនបាននិយាយ ក៏ម្ដាយដឹងថាពួកគាត់មិនជឿសម្ដីកុហករបសឪពុកកូនទេ…គាត់ដឹងថា ម្ដាយភ្លេចបង់អំបិល គ្រាន់តែមិននិយាយជំទាស់តែប៉ុណ្ណោះ ហើយពោលតបវិញថា៖

«ខ្ញុំសុំអំបិលថែមបន្តិចមក ព្រោះខ្ញុំមិនឡើងសម្ពាធឈាមផងហ្នឹង!» ម្នាក់ៗក៏អស់សំណើច ពេលឮសម្ដីបែបនេះ

តែឪពុករបស់កូនឯងស៊ូហូបសម្លសាបដែលគ្មានរសជាតិទាំងស្នាមញញឹម គាត់មិនថែមអំបិលឬទឹកត្រីអ្វីទេ ដើម្បីទុកមុខឱ្យម្ដាយ។ ដូច្នេះ នៅពេលខ្លះ កូនត្រូវចេះទុកមុខឱ្យប្រពន្ធ ឬជួយយោងប្រពន្ធ ខណៈដែលនាងទាល់ច្រកណាកូន។”

“បាទម៉ាក់”

“រឿងមួយទៀត ដែលម៉ាក់ចង់និយាយផ្ដែផ្ដាំប្រាប់ទៅកូននោះ គឺរឿងបញ្ហាលើគ្រែ…

ប្រសិនបើប្រពន្ធកូនត្រូវការរឿងតម្រេកនៅលើគ្រែ កូនត្រូវតែផ្ដល់ឱ្យនាង ព្រោះប្ដីប្រពន្ធមិនត្រូវមើលស្រាលរឿងបញ្ហានេះ ឬលាក់បាំង ខ្មាសអៀនមិនហ៊ានប្រាប់ចំពោះបញ្ហាលើគ្រែនេះទេ គឺត្រូវចេះបំពេញឱ្យគ្នាទៅវិញទៅមក ហ៊ាននិយាយនៅចំពោះមុខគ្នា ព្រោះនេះវាជារឿងធម្មជាតិ។ ចួនកាលកូនត្រូវការ ហើយចួនកាលវិញ នាងក៏ត្រូវការ។

តែសូមកូនចាំថា កុំបង្ខំចិត្តនាងបើគេមិនព្រម…

កូនដឹងទេ? មានយប់មួយ ម៉ាក់អស់កម្លាំងណាស់ ហើយប៉ាឯងមានអារម្មណ៍ត្រូវការខ្លាំងរឿងដំណេក តែម៉ាក់មិនហ៊ានប្រកែកនឹងតម្រូវការរបស់គាត់ឡើយ។ គាត់សម្លឹងមើលមុខម្ដាយ ឃើញទឹកមុខរបស់ម្ដាយមានអាការៈស្រួលខ្លួននោះ គាត់ក៏ហាមាត់សួរមកម្ដាយថា៖

«អូនមានបញ្ហាអ្វីឬ?»

ឮសំណួររបស់គាត់ ម្ដាយមិនហ៊ានប្រាប់ការពិតទៅកាន់គាត់វិញឡើយ ខ្លាចគាត់បែរជាយល់ច្រឡំ គិតទៅអ្វីផ្សេង..ម្ដាយនៅស្ងៀម តែឪពុកកូនហាក់យល់ពីទុក្ខធុរៈរបស់ម្តាយ គាត់បានដឹងភ្លាមថាម្ដាយមិនសូវស្រួលខ្លួន…គាត់ក៏ឈប់ រួចបង្វែររឿង ងាកទៅនិយាយពីនេះពីនោះរហូតដល់ពួកយើងទាំងពីរនាក់ដេកលក់រៀងខ្លួនទៅ។

ដូច្នេះកូនត្រូវចេះយល់ចិត្តប្រពន្ធរបស់កូន ហើយមិនត្រូវគិតតែអាត្មានិយមទេណាកូន! ម្ដាយដឹងថា កូនស្រលាញ់ម្ដាយណាស់…. ហើយកូនតែងតែប្រាប់ និងពិគ្រោះបញ្ហារបស់កូនជាមួយម្តាយ តែឥឡូវមិនដូចគ្នាទេ។ ប្រសិនបើកូនមានបញ្ហា កូនត្រូវពិគ្រោះជាមួយប្រពន្ធកូន ហើយសហការដោះស្រាយមុននឹងកូនរត់មករកអ្នកដទៃផ្សេងទៀតឱ្យជួយ ណាកូន! ចុងក្រោយនេះ កូនត្រូវស្រលាញ់ប្រពន្ធរបស់ខ្លួន ដូចស្រលាញ់ខ្លួនឯង…ម្ដាយសង្ឃឹមថា កូនប្រាកដជាទទួលបាននូវសុភមង្គលដ៏ល្អ ណាកូនបណ្ដូលចិត្តរបស់ម្ដាយ”

“បាទម៉ាក់…ពុទ្ធោអ្នកម៉ាក់!”

កូនប្រុសរបស់គាត់ ស្ទុះទៅក្រសោបរាងកាយស្រ្តីចំណាស់យ៉ាងណែន តំណក់ទឹកភ្នែកស្រក់ធ្លាក់ដូចទឹកបាក់ទំនប់ពេលដឹងថាម្តាយរបស់គាត់លែងមានខ្យល់ដង្ហើមដកចេញចូលទៅហើយ។ គាត់ក្រាបស្រែកយំនៅក្បែររាងកាយដែលដេកសម្រាកស្ដូកស្ដឹងទាំងក្តីសែនស្រណោះអាល័យ…ម្ដាយរបស់គាត់កំពុងធ្វើដំណើទៅឆ្ងាយហើយ…

“សូមព្រលឹងអ្នកម្ដាយទៅកាន់សុគតិភពចុះ…ពាក្យពេចន៍អ្នកម្ដាយ កូនប្រុសម្នាក់នេះនឹងចងចាំដិតជាប់ក្នុងចិត្តជានិច្ច”

…………………….

ពេលអានរឿងនេះចប់ សង្ឃឹមថាមនុស្សប្រុសដែលកំពុងមានទម្លាប់អាក្រក់ទាំងអស់នឹងធ្វើការលៈបង់ ហើយជម្រុសឱ្យអស់ចេញពីខ្លួន សង្ឃឹមថាគាត់នឹងព្រមយល់ដល់ទុក្ខលំបាក ក្តីព្រួយកង្វល់របស់ស្រ្តី ព្រោះក្នុងនាមជាបុរស ជាកូនប្រុស ហើយអនាគតជាស្វាមី ជាឪពុក…អ្នកមានតួនាទីសំខាន់ណាស់ក្នុងការទំនុកបម្រុងគ្រួសារ ឬអាចថាជាមនុស្សសំខាន់ម្នាក់ដែលដឹកនាំគ្រួសារឆ្ពោះទៅរកផ្លូវនៃសុភមង្គល។ ដូច្នេះ លះបង់ទម្លាប់អាក្រក់ទាំងនោះចេញ រួចចាប់យកចំណេះដឹង ជំនាញឬមុខរបររកស៊ីប្រាកដមួយ ដែលនេះជារឿងដែលចាំបាច់បំផុត ព្រោះបុរសជាអ្នកដែលត្រូវរ៉ាប់រងក្នុងជីវិតគ្រួសារទាំងមូល។ បើអ្នកមិនមានចំណេះដឹង មិនមានលុយគ្រប់គ្រាន់ទេ ប្រាកដណាស់អ្នកក៏មិនអាចផ្ដល់ការទីពឹង ជាបង្កោលដ៏រឹងមាំដល់មនុស្សក្នុងគ្រួសារអ្នកបានឡើយ។ ប្រសិនជាអ្នកបានកើតមកជាមនុស្សប្រុសហើយ មានដើមទ្រូងប្រាំហត្ថ ត្រូវតែតាំងចិត្តខ្លួនឯងធ្វើជាមនុស្សរឹងមាំ ឱ្យសមតម្លៃនាមជាប្រុស មិនមែនប្រើនាមជាប្រុស ទុកសម្រាប់ធ្វើបាបចិត្ត បោកប្រាស់ក្តីស្រលាញ់ ជាន់ឈ្លី បំផ្លាញកិត្តិយសមនុស្សស្រីឡើយ៕