រឿង៖ គ្រូយើង

ព.ស ២៥៦៥

យើងណាត់ជួបគ្នានៅទីនេះគឺវិទ្យាល័យដែលធ្លាប់រៀនជាមួយគ្នា មានទាំងភាពរីករាយនិងភាពមិនសមបំណងដែលជាប់ដិតដាមនៅទីនេះ​​។ យើងចាកចេញ៤ឆ្នាំមិនធ្លាប់សូម្បីមកអើតម្តង ខែកញ្ញានេះជាអំឡុងពេលវិស្សមកាលសាលាស្ងាត់ណាស់គឺមានតែគ្នាយើង៥នាក់ដែលជាអតីតសិស្ស។ យើង​​ជុំគ្នារៀបគម្រោងដាក់បិណ្ឌរួមគ្នានៅពេលខាងមុខនេះ។ ខ្ញុំមានបំណងមួយដែលយកសាលានេះជាកន្លែងដែលពួកយើងណាត់ជួបគ្នា…

“ចេញពីទីនេះ៤ឆ្នាំហើយ​​​​​​​ មើលទៅសាលារៀបចំប្លែកជាងមុន”

“មែនហើយរក្សា​​ ប្លែកស្អាតជាងកាលពួកយើងនៅរៀន​​។ ធ្លាប់តែភ្លៀងម្តងៗដើររអិល​​ ឥឡូវក្រាលសាបអស់ ផ្កាក៏ច្រើនជាងមុនឡើងស្គុសស្គាយ”។ នីតានិយាយដោយរីករាយ

“ហេហេ!!! មើលផ្ការំដួលយើងដាំនុះ​​រីកហើយ” គ្រប់គ្នាមើលតាមដៃបញ្ញា​​

“តែយើងឃើញកន្លែងមួយដែលមិនប្លែក​​​ ពួកឯងសាករកមើលមើល៍”

“ហាសហា​​​​​ ខ្ញុំឃើញកន្លែងណាហើយ” នីតាបន្ត​ “គឺដើមឈើមុខថ្នាក់នោះ”​​​ គ្រប់គ្នាមើលតាមនាង​​ ឃើញដើមជ្រៃក្រឹមរណែងរណោងមួយដើមមុខថ្នាក់ទី១២។

“ដើមឈើដែលពួកយើងតែងអង្គុយនិយាយគ្នា​​ កន្លែងដែលយើងរំឭកមេរៀន​​​​​​ មែនទែនទៅចង់និយាយថា ដើមឈើដែលយើងត្រូវឈរខ្មាសគេរាល់ម៉ោង ដែលត្រូវគ្រូសុងដេញចេញពីថ្នាក់នោះអី”

“អីយ៉ា​ ឆ្លាតមែនហើយនីតាចាំរឿងបានល្អ”​​​ បានបញ្ញាសរសើរបែបនេះនីតាញញឹមផ្គាប់ចិត្ត

“និយាយដល់គ្រូសុង​​ ពួកយើងគិតនាំគ្នាទៅសួរសុខទុក្ខគាត់ទេ?

ខ្ញុំលើកឈ្មោះគ្រូសុងឡើងគ្រប់គ្នាដាក់ទឹកមុខចុះ រួមទាំងខ្ញុំផងដែរ

“ខ្ញុំមិនទៅទេ​ ពួកឯងចង់ទៅក៏ទៅចុះ” ​នីតាតបទាំងមុខជូរមិនពេញចិត្ត

រម្យនាបន្ថែម “យើងក៏មិនទៅដែរ​​ មិនចង់ទៅមើល​​មិនចង់ទៅឃើញ”

“តែនេះពួកយើងមិនបានជួបគាត់៤ឆ្នាំហើយ” ខ្ញុំប្រឹងនិយាយឱ្យគេស្របតាម

“មិនជួបរហូតក៏ល្អ” ​នីតានិយាយហី

“ម៉េចនិយាយបែបនេះនីតា?” ខ្ញុំសង្កត់សំឡេងបន្ទិច

នីតាមិនទាន់ឆ្លើយត្រូវរម្យនានិយាយកាត់ “​សិស្សណាដែលមិនចង់ជួបគ្រូហាសរក្សា? តែហេតុអីក៏គ្រូដែលយើងទៅជួបនោះជាគ្រូសុង? ឯងភ្លេចហើយ? គាត់បានធ្វើអ្វីខ្លះដាក់ពួកយើង?

“ឯងភ្លេចឬបំភ្លេច?” រម្យនាសួរខ្ញុំទាំងហ្មងសៅ

“តែពេលនេះគួរលែងខ្លាចគាត់​​ រឹតតែលែងស្អប់ទៀត”

“មានន័យថារក្សាឯងចូលចិត្តគាត់? អាណិតគាត់?”

“មែនហើយ” ខ្ញុំឆ្លើយមិនមើលមុខពួកគេ

“គាត់ធ្វើបាបយើងមានធ្លាប់អាណិតពួកយើងទេ?”

“មែនហើយរក្សាកាលនោះពួកយើងប្រៀបដូចកូនចៀមអ៊ីចឹង” បញ្ញា

ព្រមទាំងមិនមានអ្នកណាយល់ស្រប ខ្ញុំនៅស្ងៀមចំពោះចម្លើយ

“ហើយពួកឯងគិតស្អប់​ខឹង ​គុំគ្រូដល់ណាទៀត?”​ គ្រប់គ្នាមើលត្លែទៅម្ចាស់សំឡេង​​​។ នាងគឺមិនា ណាត់ម៉ោង២មកម៉ោង៣​​​ពិតជាមនុស្សពិសេសឱ្យគេរង់ចាំមែន មកដល់ភ្លាមនៅខាងខ្ញុំភ្លែត​។

“មិនា រក្សា​​ពីរនាក់ឯងនៅខាងគ្រូសុងតាំងពីពេលណា? ​ក្រែងកាលនៅរៀនត្រូវម៉ោងគាត់ត្រជាក់ដៃ​​ ញ័រខ្លួនទទ្រើតដូចគ្នាតើហី?

ពាក្យខាងចុងរបស់នីតា​ត្រជាក់ដៃ​​ញ័រខ្លួនទទ្រើត ធ្វើឱ្យនឹកដល់កាលពី៤ឆ្នាំមុន​កំពុងនៅក្នុងសាលានេះផង​មើលទៅរឿងរ៉ាវដែលយើងពិបាកឆ្លងកាត់នោះហាក់នៅថ្មីៗនៅឡើយ។​ កាលនោះពួកយើងមិនត្រឹមតែខ្វល់ខ្វាយការសិក្សាព្យាយាមធ្វើឱ្យបានល្អនោះទេតែពួកយើងក៏តែងតែមានកង្វល់ផ្លូវចិត្តតានតឹងថែមមួយកម្រិតទៀត។ ខ្ញុំតែងប្រាប់ខ្លួនឯងថារឹងមាំតែក្នុងចិត្តបាក់ស្បាតមិនខុសពីមិត្តឯទៀតទេ។

អតីតកាល…

“​ឃើញរោងអ្នកតា កុំទៅព្រហើនរើ អ្នកតាកាច់មិនទុកទេ។ បើអ្នកឧស្សាហ៍យកចេកទៅសែនអ្នកតាជួយតាមហ្នឹង” គ្រូសុងបន្ថែម “សីហា​ ស្គាល់តូបគ្រូហេស?”

“បាទ…បាទ​​​​ ស្គាល់គ្រូ”

“ អើ​​​ ស្គាល់ល្អហើយ”

ទឹកមុខគួរឱ្យខ្លាច សំឡេងគំហុករបស់គាត់បាត់ទៅវិញពេលដែលពួកយើងនាំគ្នាទៅទិញនំទិញបាយទិញទឹកតូបគាត់តែប៉ុណ្ណោះ​​ បើមិនដូច្នោះគាត់គូសឈ្មោះចំណាំមុខចាំធ្វើបាបពេលចូលរៀន។ ថ្ងៃខ្លះចូលមកដល់ភ្លាមគាត់សរសេរមេរៀនពេញក្តារខៀន​ ឱ្យយើងចម្លងតាមហើយចេញទៅបង្ហុយបារីអស់មួយដើមទើបចូលមកពន្យល់។ ថ្ងៃខ្លះទៀតគាត់សួរមេរៀន​ សម្លុតខ្លាំង​ៗ​មើលមុខយើងមិនដាក់ភ្នែក សំណួរខ្លះទោះចាំចម្លើយ ក៏ពិបាកសម្រួលអារម្មណ៍ឆ្លើយបានដែរ​។​​​ ​សិស្សណាឆ្លើយមិនត្រូវ ត្រូវពិន័យឈរក្នុងថ្នាក់ពេញ១ម៉ោង ឬដេញចេញក្រៅថ្នាក់ ឬអាចត្រូវគាត់វាយនឹងសៀវភៅក៏មាន។

ល្ងាចនេះគួរជីវៈអត់រៀនយើងមានពេលជជែកគ្នាយូរបន្តិចទម្រាំដល់ម៉ោង​គួរអង់គ្លេស

“ស្អែកដល់ម៉ោងគ្រូសុង ទៀតហើយ“ បញ្ញាមិត្តខ្ញុំត្អូញត្អែរ

“ត្រៀមខ្លួនឱ្យហើយ” ខ្ញុំឆ្លើយដោយតានតឹង

“កុំភ័យចាំតែព្រួយទៅ”

គ្នាយើងស្រីៗ៦នាក់ និយាយម្នាក់មួយម៉ាត់ៗកាន់តែបន្ថែមសម្ពាធ​ស្មុគស្មាញទៅ​ៗ​។ ក្នុងចំណោមសិស្សទាំងអស់ដែលត្រូវគាត់បង្រៀនមិនមានអ្នកណាហ៊ានជជែកគ្នាពីរឿងនេះចេញក្រៅទេ លើកលែងតែជាមួយមិត្តស្និទ្ធស្នាល ដោយហេតុខ្លាចមានអ្នកមាត់មិនល្អ នៅខាងគ្រូសុងរាយការណ៍ប្រាប់គាត់​នាំឱ្យអ្នកនិយាយនោះក្លាយជាផ្ទាំងស៊ីបដ៏សំខាន់របស់គាត់។

“ខ្ញុំសូមជម្រាបសួរលោកគ្រូ” សិស្សក្នុងថ្នាក់ក្រោកឈរគោរពព្រមគ្នា

គ្រូសុងមុខកាចជាមនុស្ស​​​​​និយាយសំឡេងខ្លាំងៗគំរោះគំរើយដូចសម្លុតមិនចេះខ្លាចអ្នកណា​​​ គាត់មិនត្រឹមតែជាគ្រូបង្រៀនទេ គាត់ក៏មានប្រពន្ធលក់នំលក់ទឹកនៅក្នុងសាលានេះផងដែរ​។ គាត់ដាក់កាតាបលើតុដើរចេញក្រៅ​ មិនបានអនុញ្ញាតឱ្យសិស្សអង្គុយចុះវិញ​។ សកម្មភាពតែប៉ុណ្ណេះ​សិស្សក្នុងថ្នាក់ឈរមើលមុខគ្នា​​​​ត្រជាក់ដៃត្រជាក់ជើងបាត់ទៅហើយ​។ ពេលត្រូវម៉ោងគាត់ម្តងៗតែ១ម៉ោង ប្រៀបដូច១ឆ្នាំសម្រាប់ពួកយើង។

“អង្គុយចុះ!​ អាទិត្យមុនសល់លំហាត់មួយ​​ ថ្ងៃនេះអ្នកណាឡើងកែ?​”

រកអ្នកឡើងកែលំហាត់? ពាក្យមួយឃ្លានេះជាមួយសំឡេងសម្លុត​ ចូលមកលួចដង្ហើមពួកយើងគ្រប់គ្នា ម្នាក់ៗកុំថាឡើយមើលមុខគាត់ចំ​ សូម្បីតែកម្រើកខ្លួនមិនហ៊ានផង។

ក្នុងសភាពស្ងាត់ជ្រៀប​​ គ្រូសុងកាន់តែបានចិត្តគំហុក

“រកអ្នកស្ម័គ្រចិត្ត​​ បើគ្មានទេហៅឈ្មោះ”

សំឡេងបេះដូងម្នាក់ៗលោតឮជាងសំឡេងដង្ហើមទៅទៀត។ ពួកយើងសុទ្ធតែដឹងពីលទ្ធផល បើគាត់ហៅឈ្មោះហើយមិនអាចសរសេរចម្លើយត្រឹមត្រូវបាន។

“​និមល ឡើងក្តារខៀន” និមលជាមនុស្សស្ងាត់ស្ងៀម​​​គ្មានសកម្មភាពអីនៅក្នុងថ្នាក់ក្រៅពីអង្គុយស្ងៀមៗ លើកនេះនាងមិនត្រឹមតែនៅជាប់ផ្ទះគ្រូសុងទេឥឡូវថែមទាំងជាប់ឈ្មោះឡើងក្តារខៀនទៀត។ នាងក្រោកដើរដោយទំនុកចិត្ត​ ទោះយ៉ាងណាដៃនាងញ័រ​​ បែកញើសជោកថ្ងាស​។

គ្រូសុងដើរចេញក្រៅជាមួយបារីមួយកញ្ចប់។ គ្រប់គ្នាដកដង្ហើមឃូរធូរទ្រូង។ មិត្តរួមថ្នាក់ទាំងអស់មិនដែលចោលគ្នាឡើយ​ញាប់ដៃញាប់ជើងជួយស្រាយលំហាត់ផ្តល់ចម្លើយឱ្យនិមល។

“នាំគ្នាកត់ចូលសៀវភៅ”

សំឡេងគាត់ស្រាលជាងមុន ចិត្តយើងក៏ធូរបន្តិច។

“រៀន១២ឆ្នាំហើយមិនដែរជួបគ្រូណាដូចគាត់ទេ”

“​ស្មានតែឯងតែម្នាក់ទេ? ​ខ្ញុំនេះឱ្យតែមើលកាលវិភាគត្រូវម៉ោងគាត់ភ័យមុនបាត់ហើយ គាត់ស្លូតតែពេលយើងទៅទិញនំពីតូបប្រពន្ធគាត់ទេ ហៅកូនៗឡើងរលួយ”

ខ្ញុំជាប្រធានថ្នាក់ទោះយ៉ាងណាបាន​ត្រឹមតែស្តាប់ពួកគេ​ មិនរអ៊ូរទាំច្រើនទេ​​។ ទោះបីពួកយើងភ័យខ្លាចក្នុងការប្រឈមមុខជាមួយការធ្វើបាបរបស់គាត់​ ​​ការដៀលត្មេះ​​​​​ពាក្យសម្តីគំរោះគំរើយគំរាមគំហែង ពេលពន្យល់មេរៀនស្រែកខ្លាំងៗវាយក្តារខៀនក្តុងក្តាំង ដាក់ពិន័យសិស្សឈរពេញមួយម៉ោង​ វាយនឹងសៀវភៅ​ គប់ហ្វឺត និងដាក់ពិន្ទុប្រឡងលំអៀងមិនសមប្រកប​​​រវាងសិស្សទិញនំតូបប្រពន្ធគាត់និងសិស្សមិនទៅទិញ តែយើងក៏ដឹងថាសិល្បៈក្នុងការពន្យល់របស់គាត់ល្អរៀនឆាប់ចេះ បើគ្មានការគាបសង្កាត់ចំពោះសិស្សណាដែលមិនទិញនំតូបគាត់រឹតតែប្រសើរ​ តែគ្មានទេ។​​​ រឹតតែសង្វេគដល់សិស្សដែលគ្មានលទ្ធភាពចូលទិញតូបគាត់។​ ខ្លះមានទឹកច្រកមកពីផ្ទះ​​​មានបាយញ៉ាំពីផ្ទះ មានអ្វីត្រូវចំណាយលុយទិញបាយមាន់ទឹកបរិសុទ្ធពីតូបគាត់ទៀតនោះ។

     សកម្មភាពហួសហេតុរបស់គាត់ក៏ត្រូវបានគ្រូនាយកហៅទៅណែនាំដែរ តែនៅតែ

ដដែល។​ មានសិស្សខ្លះប្រាប់ទៅអាណាព្យាបាលពួកគេ​​​​​​​ តែគ្មានអ្នកណាហ៊ានទម្លាយរឿងនេះប្តឹងផ្តល់នោះទេ​ព្រោះតែយោគយល់ដល់គណៈគ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ។

“ផាំង!!!”​

 គ្រប់គ្នាមើលទៅក្តារខៀនដែលស្ទើររបូតពីជញ្ជាំងដោយកម្លាំងដៃគាត់វាយ

“ម៉ូលេគុលឧស្ម័ន….” គាត់ស្រែកខ្លាំងៗពន្យល់

គ្រប់គ្នាមើលមិនព្រិចភ្នែកតែខួរក្បាលចែកការគិតជាពីរ។ ព្យាយាមស្តាប់គាត់ពន្យល់ផង​ គិតខ្លាចគាត់ហៅសួរផង​ ចិត្តភ័យឡើងស្ពឹកមុខ។

“រក្សា!”

ខ្ញុំភ្ញាក់រហ័សសម្លឹងគ្រូហៅឈ្មោះខ្ញុំចំម្ល៉េះ ហៅឈ្មោះខ្ញុំសង្កត់ខ្លាំងចង់ស៊ីសាច់បែបនេះ​ បើសួរមេរៀនដឹងតែចប់ហើយ​បើមុននេះអត់បានស្តាប់ផង មុននេះភ្នែកមើលមែនពិត តែមិនដឹងអារម្មណ៍ហោះហើរដល់ណាទេ​​ ខ្ញុំញ័រដៃញ័រជើងញ័រទាំងបេះដូង​

“អំបាញ់មិញគ្រូនិយាយពីអី?”

“ព្រះ!    ខ្ញុំភ្លឹកមិនបានស្តាប់សោះឱ្យឆ្លើយយ៉ាងណា?” ខ្ញុំបានត្រឹមគិតក្នុងចិត្ត។ តែគាត់ចូលមកជិតខ្ញុំពេកហើយ​ ខ្ញុំត្រូវប្រមូលអារម្មណ៍ឆ្លើយ​តែខួរក្បាលចង់​ Error ពេលបេះដូង​លោតចង់គាំង”

គាត់ដើរចូលមកជិតខ្ញុំគោះតុខ្ញុំផាំង ទាំងភ្នែកខ្ញុំសម្លឹងក្តារខៀនមើលចំណងជើង​មេរៀន​។

“មិនបាច់ឆ្លើយទេ​ ឡើងទៅឈរនៅក្តារខៀនដល់ម៉ោងចេញ”

ខ្ញុំធូរទ្រូងបន្ទិចព្រោះមិនបានស៊ីមួយសៀវភៅ។ មុខមាត់ខ្ញុំមានឈាមមកវិញបន្ទាប់ពីស្លេកស្លាំង។ គាត់ធ្វើដាក់ខ្ញុំជាប្រធានថ្នាក់បែបនេះគាត់ប្រុងសម្លាប់១គំរាម១០០​ ឬសម្លាប់ដំរីគំរាមស្រមោចទៅ។

គាត់ពន្យល់មេរៀនបន្ត​ ខ្ញុំនៅឈររាងខ្ពស់ជាងគេបន្តិចថ្ងៃនេះ គឺឈរនៅលើខឿនផ្អែកខ្នងទៅជញ្ជាំងថ្ម ចន្លោះតុគ្រូនិងក្តារខៀន។ ខ្ញុំឈរនៅទីនេះតែមិនបានមានអារម្មណ៍ថាមិត្តក្នុងថ្នាក់មើលមកខ្ញុំសោះសង្ស័យតែពួកគេមិនហ៊ានមើលមុខខ្ញុំ ខ្លាចខ្ញុំខ្មាសហើយមើលទៅ​។​​​ខ្ញុំសន្សឹម​ៗ​​មើលទៅពួកគេ អ្នកខ្លះមើលទៅយល់ចិត្តទុកដាក់ស្តាប់មិនព្រិចភ្នែក ខ្លះឱនមុខជ្រប់ ខ្លះក៏ភ្លឹកមិនខុសពីខ្ញុំដែរ។

ខ្ញុំដកភ្នែកពីពួកគេវិញ​​​ ឃើញក្នុងកាតាបគ្រូសុងមានក្រដាសជាច្រើន​ដាមទឹកប៊ិកក្រវេមក្រវាម ឆ្មូលញ៉ុកដូចក្មេង។ ធ្លាប់តែឃើញរម្យនាគូសវាសពេញក្រដាសពេលត្រូវគ្រូស្តីឱ្យម្តងៗ​ តែពេលនេះមានក្នុងតាកាបគ្រូសុងមនុស្សឃោរឃៅគ្មានហេតុផលនេះដែរ។ ទោះខ្ញុំគ្មានរហស្សនាមកំពូលឆ្ងល់ ក៏ខ្ញុំនៅឆ្ងល់តើ​ជាក្រដាសអ្វីក្នុងតាកាបគាត់ គូសវាសប្រតេកប្រតាកដូចអ្នកស្មុញស្មាញខ្លាំង បញ្ចេញអារម្មណ៍លើក្រដាស។​​

រឹតតែសង្កេតរឹតតែឃើញថាតាកាបគាត់នេះដូចមិនដែលបោកសម្អាតទេ ខ្ញុំមើលទៅស្បែកជើងគាត់កំពុងពាក់គឺចាស់មានរបកទៀត ខ្ញុំនៅពីក្រោយគាត់មើលតាមកញ្ចក់វ៉ែនតាគាត់គឺឡើងវិលមុខខ្លាំងខ្ញាល់​ ច្បាស់ជាវែនតានេះមានកម្រិតដឺក្រេខ្ពស់។ ខ្ញុំទើបពីឃើញសភាពគាត់បែបនេះទេហើយក៏ជឿថាមិនមានសិស្សណាធ្លាប់សង្កេតឃើញដូចខ្ញុំពីមុនមកដែរបើម្នាក់ៗមិនហ៊ានសូម្បីមើលមុខគាត់ចំផង។ សភាពគាត់និយាយទៅស្រមេមស្រមាមដូចអ្នកមានបញ្ហាផ្លូវចិត្ត។ គាត់ពន្យល់មេរៀនកោកៗតែខ្ញុំគ្មានអារម្មណ៍ស្តាប់ទេ​ គាត់ដើរទៅដើរមកនៅមុខខ្ញុំ ខ្ញុំដឹងមួយទៀតហើយ ខ្ញុំឮសំឡេងដង្ហើមហត់ខ្លីៗរបស់គាត់លាយនឹងការស្រែកខ្លាំងៗពន្យល់។ អាចទេមានហេតុការណ៍អីមួយថ្ពក់នឹងបញ្ហាទាំងអស់នេះ? ខ្ញុំត្រូវភ្ញាក់ព្រឺតម្តងទៀត បើនៅតែបែបហ្នឹងទៀតព្រលឹងខ្ញុំច្បាស់ជារត់ចោលខ្លួនហើយគ្រាន់តែសំឡេងកណ្តឹងអគ្គិសនីរោទ៍ចេញលេងខ្ញុំក៏ក្រញ៉ាងខ្លួនបានដែរ។

យប់នេះភ្លៀងខ្លាំងខ្ញុំធ្វើកិច្ចការផ្ទះហើយចូលគេងយឺតជាងរាល់ដង។ ខ្ញុំយល់សបិ្តឃើញខ្លួនឯងកំពុងនៅបន្ទប់ជាន់ទី២ម្នាក់ឯង ឈរមើលតាមបង្អួចទៅក្រោមឃើញគ្រប់គ្នាកំពុងស្រស់ស្រូបអាហារនៅតាមតូបអ្នកលក់ក្រោយថ្នាក់។ ខ្ញុំបង្វែរខ្លួនដើរចេញសំដៅចុះទៅក្រោមដែរ។ មកដល់មាត់ទ្វារខ្ញុំចាប់អារម្មណ៍ថាសាលាស្ងាត់ណាស់ដូចមួយសាលាខ្ញុំនៅតែឯងអ៊ីចឹង​។ មិនគិតច្រើនខ្ញុំបន្តដើរ ដល់កាំជណ្តើរខ្ញុំទច់ដំណើរស្ទើរធ្លាក់រះពីលើទៅ​​​​ ស្បែកជើងចាស់របកស្គាល់ច្បាស់ជារបស់គ្រូសុងទើបឃើញពីព្រឹក​ កំពុងកម្រើកចុះឯកឯងដូចមានអ្នកណាម្នាក់កំពុងពាក់ដើរចុះ​នៅចំពោះមុខដែលខ្ញុំមើលមិនឃើញ ខ្ញុំភ័យញ័រខ្លួន​​ រហ័សប្រុងប្តូរទិសដៅចុះតាម ជណ្ដើរម្ខាងទៀតនៃអាគារ។ បែរខ្លួនមកភ្លាមខ្ញុំស្រឡាំងកាំង ឈរឆ្កុបរឹងខ្លួនស្តូកស្ទើរភ្លេចដកដង្ហើម​​​​​ ក្មេងៗមកពីណាមិនដឹង កម្ពស់ទាបៗណាស់ខ្ញុំមើលមុខពួកគេមិនច្បាស់ទេ​​​ រត់លេងប្រសាចនៅចំពោះមុខខ្ញុំ។ ខ្ញុំភ័យណាស់ ខ្ញុំមិនអាចរត់ឆ្លងកាត់ក្មេងៗទាំងនេះទេ ទម្រាំទៅដល់កាំជណ្តើរម្ខាងនោះត្រូវកាត់បន្ទប់រៀន៣បន្ទប់ទៀត ខ្ញុំរឹតតែមិនអាចឈរស្ងៀមនៅទីនេះបានដែរ​។ ខ្ញុំវេរខ្លួនមកក្រោយរត់ចុះតាមជណ្តើរដែរគ្មានមនុស្សមានតែស្បែកជើងកំពុងកម្រើកចុះមួយនេះ។ ខ្ញុំមកដល់ដីដូចការគិត​ ខ្ញុំមានសង្ឃឹមនៅខាងក្រោមនេះច្បាស់ជាមានមនុស្សច្រើន​​​​ តែអត់ទេមិនដូចការគិតទេ ខ្ញុំមកដល់ក្រោមភ្លាមគឺអគារនេះទាំងមូលហុំព័ទ្ធដោយដែកស័ង្កសីបញ្ឈរខ្ពស់ៗជុំជិត​រួមទាំងខ្លួនខ្ញុំផង។មេឃផ្តើមងងឹតមួយរំពេច ហើយចុះត្រជាក់​ ប្រឹងរកមើលអ្វីមិនឃើញទាំងអស់ ពន្លឺផ្លេកបន្ទោរមួយឆ្វាត់បំភ្លឺឃើញរាងគ្រូសុងឈរបែរខ្នងនៅមិនឆ្ងាយពីខ្ញុំ ខ្ញុំស្លន់ស្លោស្រែកដឹងខ្លួន។ ខ្ញុំស្ទុះស្ទាក្រោកឡើង បេះដូងលោតស្ទើរចេញពីទ្រូង។ ម៉ោង៦គត់នេះគឺមានន័យថាខ្ញុំយល់សបិ្តពេលជិតភ្លឺ​? យល់សបិ្តអាក្រក់មិនមែនជាអ្វីត្រូវគិត តែអ្វីកាន់តែបារម្ភនោះគឺព្រឹកនេះត្រូវម៉ោងគ្រូសុងម៉ោង៧-៨​​បើទៅខកដឹងតែបានអង្គុយក្រៅថ្នាក់ហើយ។ ខ្ញុំមិនខ្វល់ខ្វាយច្រើនព្រោះយល់សបិ្តនៅតែជាយល់សបិ្ត វាមិនមែនជាការពិតទេ អ្វីដែលជាការពិតគឺដល់ម៉ោងគ្រូសុងច្បាស់ជាមានអ្នកត្រូវឈរលើក្តារខៀនមួយម៉ោង មានអ្នកទឹកភ្នែកដោយសំឡេងសម្លុតរបស់គាត់មិនខាន។

     ដោយសារភ្លៀងធំកាលពីយប់​ ម៉ោងជិត៧ព្រឹកនេះ​ទិនករមិនទាន់រះ មេឃស្រទុំចំហាយត្រជាក់មិនទាន់បាត់នៅឡើយ។ សិស្សថ្នាក់ផ្សេងចូលថ្នាក់ស្ងាត់ ចម្លែកតែថ្នាក់ខ្ញុំម្នាក់​ៗនៅឈរផ្ដុំៗខ្សឹបខ្សៀវគ្នា។ ខ្ញុំដើរចូលតុបើកសៀវភៅរំឭកមេរៀនម្តងទៀត។

“រក្សា! រក្សា យើងមានដំណឹង២ប្រាប់ឯង​មួយល្អមួយអាក្រក់ ចង់ស្តាប់មួយណាមុន?”

មិនាសំឡេងអន្ទះសាមុខថ្លាជាងរាល់ដង

“គ្រូមកឥឡូវហើយ​​​ មិនមើលមេរៀនតិចបានឈរខ្មាសគេទៀតវ៉ើយ” ខ្ញុំឆ្លើយមិនខ្វល់នឹងប្រតិកម្មនាង

ពិតណាស់ឱ្យតែជិតដល់ម៉ោងគ្រូសុងពួកយើងឧស្សាហ៍ជាងរាល់ដង។

“ហាសហា” មីនាសើច

“គេមើលមេរៀនហើយ? បានសើចសប្បាយអត់ភ័យដូចមុន?” ដៃខ្ញុំនៅបន្តបើកសន្លឹកសៀវភៅ

 “ឯងឃើញព្រឹកហ្នឹងគេអត់ម្នីម្នាមើលសៀវភៅដូចរាល់ដងអត់?” មីនានិយាយតិចៗ

“ចូលមកដល់ភ្លាមឆ្ងល់ដែរតើ”

“គ្រូសុង អត់បានមកបង្រៀនទេព្រឹកហ្នឹង”

“ហាក!ម៉េចចឹង” ខ្ញុំងើបមើលមុខមិនាទាំងធូរចិត្តបន្តិច

“នឹងហើយដំណឹងល្អ”

“ចុះដំណឹងអាក្រក់?” ខ្ញុំសង្កត់សំឡេង

“​គ្រូសុងខ្មោចលង”

“គ្រូសុងខ្មោចលង?” ខ្ញុំសួរបញ្ជាក់

“គាត់…គាត់ទៅណាបានចឹង?”

“​ល្ងាចមិញព្យុះខ្លាំង ចេញពីបង្រៀនស្ងប់ខ្យល់គាត់ដើរទៅក្រោយផ្ទះរើសដូងដុះនៅលើដីគេទុកចោលយកមកដាំនៅដីគាត់។ ផ្ទះនិមលនៅជិតផ្ទះគាត់​ឯងធ្លាប់ទៅលេងផ្ទះវាដឹងហើយដីខាងក្រោយទុកចោលនោះសុទ្ធតែផ្នូរ។”

ខ្ញុំស្រមៃឃើញផ្នូរដែលធ្លាប់ឃើញទាំងនោះញឹកជិតគ្នាដូចម្រាមដៃ។

មិនាបន្ត ​“យប់មិញគាត់កំពុងសម្រាន្តឃើញស្រមោលខ្មៅហោះស្ទុង​​ ចូលតាមទ្វារក្រោយ​មកអណ្តែតនៅជិតចុងជើងគាត់ គាត់ស្រាប់កើតអារម្មណ៍នឹកឃើញភ្លាមពីដូងដុះនោះ។ គ្រូសុងមនុស្សក្អេងក្អាង​ឈឺក្បាល ក្តៅខ្លួនសម្រាន្តអត់លក់ពេញមួយយប់។​ ព្រឹកឡើងគាត់ប្រាប់ប្រពន្ធឱ្យយកដូងសងគេវិញ។ គ្រាន់តែប្រពន្ធគាត់អុជធូកបីសរសៃ ជាមួយដូងនោះដាក់កន្លែងដើម​​​ មកវិញវាសអង្ករមួយក្ដាប់ បានលែងក្តៅខ្លួន​​ អាចក្រោកដើរទៅនិយាយប្រាប់ប៉ានិមលបាន។”

“គាត់ធ្លាប់តែធ្វើបាបពួកយើង​ ព្រោះលោភលន់ចង់ឱ្យយើងទិញនំតូបគាត់ឥឡូវចង់បានដូងគេ គេលងអ៊ីចឹងបានសម”​​​

ខ្ញុំកន្ត្រាក់ខ្លួនភ្ញាក់ដៃធ្ងន់សង្កត់ស្មាខ្ញុំមិនដឹងនីតាមកពីពេលណា។ មិនាបន្ត

“ឯងដឹងអត់ ម្នាក់ៗខ្លះភ័យជំនួសគាត់ ខ្លះចំអកគាត់”

សូមឱ្យតែគាត់ស្លូតជាងមុនបានហើយ។

     “វឹង!!!​” ហ្វីតហោះល្ហើយសក់ក្បាល

     “មិ…នា!​”​​​​ សំឡេងសង្កត់ធ្ងន់ ច្បាស់មួយៗ បែបនេះវរហើយមិនាមិត្តខ្ញុំ

     “នៅឱ្យស្ងៀម ហើយណាសៀវភៅពុម្ព?”

     “ភ្លេចយកមកលោកគ្រូ”

     “គ្មានសៀវភៅចេញក្រៅ!”

មិនាក្រោកដើរចេញក្រៅ​។ នីតាអង្គុយជិតខ្ញុំហុចក្រដាសមួយសន្លឹកមានអក្សរឱ្យខ្ញុំក្នុងសភាពស្ងៀមស្ងាត់របស់គ្រប់គ្នា។

     “ឯងគិតថាផែនការមិនាបានសម្រេចអត់?” អក្សរលើក្រដាសនីតាសរសេរហុចឱ្យខ្ញុំអានហើយមិនយល់ទេ។ ខ្ញុំសរសេរតប

     “ផែនការ? ផែនការអី??”

     “នេះរក្សាឯងមិនដឹងទេ?

     “រឿងអី សរសេរលឿនៗមកគ្រូចាប់បានចេញក្រៅថ្នាក់ដែរឥឡូវហើយ”

     “ថ្ងៃនេះ នៅសាលប្រជុំមានកិច្ចប្រជុំជាមួយអង្គការដែលតែងតែផ្គត់ផ្គង់សាលាយើងនេះ។ មិនាយកឱកាសនេះធ្វើឱ្យគ្រូដេញចេញឈរក្រៅថ្នាក់​​​ ខណៈសិស្សទាំងអស់កំពុងតែរៀន​ បើអ្នកក្នុងសាលប្រជុំឃើញគេច្បាស់ជាឆ្ងល់ពីសកម្មភាពខុសគេមួយនេះ​ ហើយចាំប្រគល់ភារៈបន្តជូនលោកនាយកបកស្រាយ”

     “ឆ្កួត?? ​វាចង់លក់មុខសាលា?​​ ក្រែងដឹងហើយនាយកក៏កំពុងតែឈឺក្បាលរឿងនេះដូចគ្នា? ពួកឯងឆ្កួតហើយ? ម៉េចមិនសួរយោបល់ពីយើងខ្លះ? ម៉េចមិនប្រាប់យើងមុននេះ? ខ្ញុំសរសេរទាំងញ័រដៃខឹង

     នីតាមិនសរសេរតបមកខ្ញុំទេ​ ខ្ញុំអន្ទះសាណាស់​​មើលទៅសកម្មភាពដ៏លីលារបស់ មិនា ខ្ញុំរឹតតែនៅមិនសុខភ្លេចទាំងថាឥឡូវកំពុងអង្គុយរៀនទៀត។ ខ្ញុំមើលមកក្នុងថ្នាក់បន្តិចងាកទៅវិញបាត់ស្រមោលមិនា។​​

“នេះវាចង់លេងខ្មោចយក៍អីវា?”

     កណ្តឹងអគ្គិសនីត្រូវរោទ៍ ខ្ញុំប្រញាប់ទៅរកមិនា​ទៅដល់ដឹងតែស្តីឱ្យវាខ្លាំងៗ​ខ្ញុំត្រៀមពាក្យរួចហើយចំពោះមិនា។ នាងអង្គុយបែរខ្នងនៅបង់ខ្ញុំដើរទៅពីក្រោយមិនទាន់ដល់ផង​​ ល្បឿនសំឡេងខ្ញុំទៅមុនដំណើរទៀត

     “មិនា​​! ធ្វើអីឯងមិនប្រាប់យើង? ឯងធ្វើអីមិនប្រាប់យើង​​ឯងមានទុកយើងជាមិត្តទេ?”

     មិនាមិនតប​​ទាំងមិនបែរមកមើលខ្ញុំ ខ្ញុំឈរដល់ពីមុខនាង ពាក្យដែលខ្ញុំត្រៀមបន្ទោសនាង រលុបចេញពីខួរក្បាលខ្ញុំអស់​ ក្រោមទឹកមុខសោកសៅរបស់នាង។

     “កើតអីមិនា?” ខ្ញុំទម្លាក់សំឡេង

     នាងមិនឆ្លើយខ្ញុំសួរត

     “មិញឯងបាត់ទៅណា?”

     “តូបគ្រូ”

     “តូបគ្រូ? ឯងចង់លេងអី?”

     “ រក្សា យើងមិនចង់នាំបញ្ហាដល់ឯងទើបមិនប្រាប់មុន”

     “ផែនការសម្រេចហើយ?”

     “អត់ទេ សម្រេចរឿងផ្សេង”

     “រឿងផ្សេង? រឿងណាទៀតហើយ?” ពាក្យនេះខ្ញុំត្រឹមបានគិតក្នុងចិត្តតែមិននិយាយ ទាំងកំពុងច្រឡោតនេះទេ។ ឃើញខ្ញុំស្ងាត់នាងបន្ត

     “ខ្ញុំចង់បកអាក្រាតទង្វើររបស់គ្រូសុង​ គាត់ធ្វើបាបផ្លូវចិត្តពួកយើងណាស់​​​។ ពេលចេញពីថ្នាក់បន្តិចយើងនឹកឃើញសម្តីឯងប្រាប់យើងថ្ងៃមុន​​ ទើបយើងប្តូរចិត្តវិញ”

     មែនហើយពេលនោះខ្ញុំប្រាប់មិនាតែម្នាក់ទេ

“គ្រូសុងមានចរិកកាច​ហួសហេតុមិនដែលនិយាយល្អជាមួយសិស្សអាចថាមានហេតុផលណាមួយនៅពីក្រោយនេះមិនខាន។ ថ្ងៃនោះពេលឈរលើក្តារខៀនខ្ញុំសង្កេតឃើញ​​មានអ្វីចម្លែកខ្លះសភាពគ្រូសុងមិនដូចអ្វីដែលយើងគ្រប់គ្នាគិតទេមើលទៅគាត់ដូចស្មុគស្មាញណាស់​។​” ខ្ញុំរំឭកសម្តីនេះឡើងវិញក្នុងចិត្ត

     “ក្រោយយើងប្តូរចិត្ត​​ គ្មានកន្លែងទៅក៏ទៅអង្គុយនៅតូបគាត់។ ឯងដឹងទេ ប្រពន្ធគាត់រាល់ថ្ងៃនេះ ចាំតែមកលក់ទេហើយគិតតែពីលុយមួយមុខ​​ យើងនៅតែពីរនាក់គាត់គាត់អួតថា ប្រាក់ខែគ្រូ​សុងបើកមកឱ្យគាត់អស់ៗមិនដែលទុកនៅខ្លួនទេ​ ចង់ទិញអីត្រូវអនុញ្ញាតពីគាត់ជាប្រពន្ធសិន​។ (​​គាត់ចង្អុលទៅឥវ៉ាន់)​​ ​គ្រូមិនដែលឱ្យអ៊ីលាងចានទាំងនេះ​ ឬរើអីវ៉ាន់ទេ​ ពេលចេញពីបង្រៀនទើបគាត់មករៀបចំ”

     “គ្រូសុងថ្នមប្រពន្ធឬខ្លាចប្រពន្ធ? គាត់ធ្វើការច្រើន ទើបមួម៉ៅដាក់សិស្ស? ឬបញ្ហាអ្វីផ្សេងទើបជះឥទ្ធិពលលើគាត់ទាំងស្រុង?”

     “យើងមិនដឹងដូចគ្នា ទាល់តែស៊ើបសិន” មិនាឆ្លើយ

     “មិនងាយទេ”

     “ឱ្យតែតាំងចិត្តធ្វើទោះមិនបាន១០ក៏បានត្រឹម៨ដែរ”

     “ចាំបានទេ​យើងធ្លាប់ទៅលេងផ្ទះនិមល​​ ផ្ទះនាងជាប់ផ្ទះគ្រូសុង​​ នាងជាសិស្សផងជាអ្នកជិតខាងផងនាងអាចដឹងពីគាត់ច្រើន”

     មិនាប្រកែក​ “មិនកើតទេដឹង? បើនិមលនៅខាងគ្រូសុងស្រាប់ហើយ ឱ្យតែពួកយើងនិយាយពីគាត់នាំគ្នាស្អប់គាត់ នាងមិនសប្បាយចិត្តសោះ​ប្រកែកថា​​ គ្រូមិនមែនអ៊ីចឹងទេ​​ គ្រូមិនមែនបែបហ្នឹង គ្រូមិនដូចអ្វីដែលអ្នកទាំងអស់គ្នាគិតទេ​​ ពេលសួរថាហេតុអី​នាងបែរជាមិនមាត់មិនក ដើរចេញបាត់”

     “ក្រែងយើងពីរនាក់កំពុងរកហេតុផលអ្វីម្យ៉ាងនៅពីក្រោយភាពសោះកក្រោះរបស់គាត់? មិនមានន័យថាយើងមានគំនិតផ្ទុយពីមុន​​ ក៏ផ្ទុយពីអ្នករាល់គ្នាឥឡូវនេះដែរមែនទេ?”

     “រកឱកាសល្អជួបនិមល” មិនានិយាយ​

តែពេលនោះនិមលមិនបានប្រាប់មិនបានបកស្រាយអ្វីច្រើនទេក្រៅពីនិយាយថា ឈប់ស្អប់គ្រូសុងទៀតទៅ គាត់មិនមែនអាក្រក់ដូចអ្នកទាំងអស់គ្នាគិតទេ​​​​​ មិនបាច់ដេញដោលច្រើនគ្រាន់តែឈប់មើលគាត់ក្នុងក្រសែភ្នែកគុំ ស្អប់ទៀត និងងាកមករៀនត្រៀមយកនិទ្ទេសល្អខាងមុខ។ រយៈពេលចេះតែអូសបន្លាយ​ យើងក៏ជិតដល់ថ្ងៃត្រូវប្រឡងយកសញ្ញាបត្រក៏បោះចោលការចង់ដឹងចង់ឮរឿងគ្រូ។

ពេលនេះមានតែយើង២នាក់គឺខ្ញុំនិងមិនាមកលេងគ្រូសុង។ ទោះតាំងចិត្តមកសួរសុខទុក្ខគ្រូតែមកដល់ពួកយើងមិនទាន់ហ៊ានចូលផ្ទះគាត់ទេ​​ ក៏ធ្វើជាមកលេងផ្ទះនិមលនៅជាប់គ្នា។ មកដល់និមលសប្បាយចិត្តណាស់​ ពួកយើងរាក់ទាក់និងរីករាយមែនទែន។ ខ្ញុំប្រាប់ពីគោលបំណងដែលពីរនាក់ខ្ញុំមកទីនេះ​​​ និងអ្នកឯទៀតមិនព្រមមក។

“ខ្ញុំនៅទីនេះជាសាក្សី ២នាក់ឯងជាមនុស្សទី១ហើយដែលនឹករឭកមកលេងគ្រូសុង”

“និមលនិយាយនេះបានន័យថា​មិនធ្លាប់មានសិស្សមកលេងគាត់ទេ?”

“មែនហើយ​​​ទើបតែឃើញ២នាក់ឯង​ គ្រូឃើញពួកឯងគាត់ច្បាស់ជាសប្បាយចិត្តណាស់ហើយ”

ពេលនេះនិមលបាននិយាយប្រាប់ពីអ្វីដែលយើងធ្លាប់សួរកាលពីនៅរៀន​។ ពួកយើងអង្គុយស្តាប់និមលនៅផ្ទះនាង​​​​​ យូរៗម្តងយើងមើលទៅផ្ទះគ្រូសុង បានឃើញគាត់កំពុងហាន់សាច់ទុកលក់បាយព្រឹក។ គាត់ចូលនិវត្តន៏ជាង៣ឆ្នាំហើយ​​ តែគាត់នៅតែលក់នំលក់បាយនៅសាលា​ដដែល​សភាពគាត់ចាស់ជាងកាលពីយើងឃើញចុងក្រោយឆ្ងាយណាស់​។

“អ៊ីដែលជាប្រពន្ធគាត់រាល់ថ្ងៃជាប្រពន្ធចុងគាត់ទេ​។ គ្រូសុង​ផ្គាប់ចិត្តប្រពន្ធចុងនេះណាស់ អ៊ីនេះ​គិតតែពីលុយគាត់កាចណាស់ មិនមែននិយាយផ្អែមដូចដែលយើងឃើញរាល់ថ្ងៃពេលទៅទិញនំទេ គាត់មួម៉ៅជេរឡូឡាពេលគ្រូសុងរកលុយមិនបានឱ្យគាត់។ ​​គាត់ថាមានលុយអាចធ្វើជាចៅហ្វាយ​ មានលុយអាចធ្វើអ្វីបានគ្រប់យ៉ាង រាល់ថ្ងៃអ្នកណាក៏ខំតែដើម្បីលុយ​​។ គ្រូសុងខំដើម្បីគាត់​​​ គាត់ខំដើម្បីលុយ។​​ គ្រូសុងក្រោកម៉ោង៣ភ្លឺរាល់ថ្ងៃ ដើម្បីរៀបចំអីវ៉ាន់ ធ្វើនំ គាត់ទៅបង្រៀនយើង គាត់មួម៉ៅរឹតបណ្តឹងសិស្សទៅទិញនំតូបគាត់ក៏ជាគំនិតប្រពន្ធគាត់​​ ថ្ងៃអាទិត្យគក់ខោអាវឱ្យប្រពន្ធទៀត”

     “ជាងព្រះនាងទៀត?” មិនាភ្លាត់មាត់

     “គាត់កាចលើពួកយើងបែរជាស្លូតជាមួយប្រពន្ធប្រើជាងអ្នកបម្រើទៀត”

     “គឺមកពីគាត់ធ្លាប់ខុសចំពោះប្រពន្ធចុងនេះ​​។”

     “ឥលូវចុង ចុះដើមនៅឯណា?”

     “អ៊ីភី​​​​ ប្រពន្ធដើមគាត់មានជំងឺប្រចាំខ្លួនផង​​ ស្លុតចិត្តគាំងបេះដូងស្លាប់​ពេលដឹងថាគ្រូសុងមានស្រីលួចលាក់ ដែលស្រីនោះជាសង្សារគ្រូសុងមុនពេលរៀបការទៅទៀត បច្ចុប្បន្នគាត់ជាប្រពន្ធចុងនេះហើយ។”

     “មិនស្រឡាញ់អ៊ីភីនោះផង​ រៀបការធ្វើអី?​ ជ្រុលជារៀបការហើយ​នៅទាក់ទងសង្សារចាស់ទៀត។”

     “ក៏ព្រោះតាមគ្រួសារចាត់ចែង ធ្វើឱ្យមានឥទ្ធិពលដល់ជំនាន់ក្រោយបែបនេះ”។

     មើលទៅគាត់ត្រូវរ៉ាប់រងច្រើន​​​ ស្នេហាមិនសមប្រកប ប្រពន្ធក្រោយនេះមិនយល់ចិត្តប្រើវក់វី​ មិនអាចចាយលុយដែលខ្លួនឯងរក​​ សិស្សស្អប់ ក្លាយជាខ្លាកំណាចក្នុងភ្នែកសិស្សគ្រប់គ្នា គាត់ចូលនិវត្តន៏ចាស់ហើយត្រូវនៅលក់នៅសាលា​​​ អតីតសិស្សដែលធ្លាប់បង្រៀននៅគុំគួនមិនដែលចូលលេង សួរនាំថែមទៀតផង​។ ខ្ញុំមើលលែងឃើញគាត់កាចឃោរឃៅដូចមុនទៀតហើយ។

     “លោកគ្រូ”

     គាត់រកមើលអ្នកហៅ

     “អ្នកណាមានការអី​​ ចូលមកសិនមក”

     “ជម្រាបសួរលោកគ្រូ ខ្ញុំរក្សា​​”

     “ពួកយើងមានផ្លែឈើខ្លះជូនលោកគ្រូ” មិនាញញឹមដោយក្តីសង្ឃឹម

មើលទៅគាត់ពិតជារីករាយនិងរំភើបណាស់ពេលឃើញពួកយើង​​​​​។ ទោះពេលខ្លះគ្រូមានចំនុចលើសលប់​​មានចរិកកាចហួស​​ មិនសមហេតុផល គំរាមគំហែងគាបសង្កត់ធ្វើបាបផ្លូវចិត្តសិស្ស តែគាត់ក៏ជាអ្នកមានគុណម្នាក់ដែលជួយបង្រៀនយើងជាស្ពានជួយចម្លងយើង​។ គាត់ធ្លាប់ជាគ្រូយើង​​​​​ ជាគ្រូបង្រៀនមួយថ្ងៃស្មើគ្រូមួយជីវិត។

ពេលដឹងហេតុផលដែលជះឥទ្ធិពលទាំងស្រុងលើចរិករបស់គាត់ គាត់មានសម្ពាធពីប្រពន្ធ​​ដែលជាមនុស្សកាច​​ ឃើញលុយសំខាន់ជាងអ្វីគ្រប់យ៉ាង​ ខ្ញុំពិតជាអាណិតគាត់និងគិតដល់ទង្វើរកាលពីនៅរៀន​​នាំគ្នាស្អប់ គុំនិយាយមិនល្អ​ពីគាត់​។ កាលនោះពួកយើងតែងតែជឿនូវអ្វីដែលយើងមើលឃើញ​​ ដឹងនូវអ្វីដែលយើងស្តាប់ឮ​​​ ក៏វិនិច្ឆ័យកំណត់អត្តចរិតបុគ្គលម្នាក់ភ្លាមៗ មិនបានថ្លឹងថ្លែងមើលពីពិភពលោកទាំងមូលរបស់គេ​ ពីស្ថានភាពម្នាក់នោះ ​​​​​ រឿងពីក្រោយគ្រួសារគេ​​ វិបត្តិផ្សេងៗពីគ្នារាប់រយជំពូក ផលលំបាកដែលពិបាកនិយាយបកស្រាយនិងអ្វីជាច្រើនដែលយើងមើលមិនឃើញ​​ ស្តាប់មិនឮ ពាល់អារម្មណ៍មិនត្រូវ​​។

ចប់