រឿង៖ សាលារៀនចាស់

ប្រហែលជាខ្ញុំមកដល់ព្រឹកពេកហើយ បានជាមិនឃើញមានអ្នកណាទាំងអស់ ប៉ុន្តែ កណ្តាលបន្ទប់ទីចាត់ការនេះ មាន​តុវែង​មួយ។

ខ្ញុំរៀបចំដាក់ កាតាប និងចេក​ផ្កាភួងដែលបានទិញមកពេលជិះម៉ូតូតាមផ្លូវ ហើយរៀបចំរកកន្លែងដាក់សែនឱ្យបានសមគួរ។

នេះគឺជាទម្លាប់របស់ខ្ញុំ ពីដើមមកដោយសារម្តាយខ្ញុំមានទម្លាប់នេះ ។ ម៉ែថា នៅកន្លែងថ្មីណាក៏ត្រូវតែអុជធូបគោរពគេដែរ ។ ដោយសារទីនេះមិនឃើញមានដាក់ ជំនាងផ្ទះឬក៏ ព្រះពុទ្ធរូប សម្រាប់អុជធូបផង នៅគែមបង្អួច គឺជាកន្លែងដែលមើលទៅទំនងជាងគេសម្រាប់ការសែនគ្មានហានីភ័យ​ស្រក់កំទេចធូបឆេះរាល។

ខ្ញុំក៏ដើរ ជាមួយនឹងចេកដៃម្ខាង ដៃមួយ​ទៀតកាន់ធូប សំដៅទៅកាន់ទីនោះ។ នៅលើគែមបង្អួចដោយ​សម្លឹងទៅខាងក្រោមក៏បានឃើញនៅកន្លែងចតម៉ូតូ មានតែ​ម៉ូតូខ្ញុំមួយយ៉ាងឯកា។ ប្រហែលជាខ្ញុំមកដល់ព្រលឹមពេកហើយ មានតែខ្ញុំដែលជាបុគ្គលិកទើបតែផ្លាស់មកពីភ្នំពេញ ត្រូវមកបង្ហាញខ្លួននៅការិយាល័យទាំងព្រឹកមុនគេ។

ខ្ញុំចាប់ផ្ដើមអុជធូបហើយបួងសួងសុំម្ចាស់ទឹកម្ចាស់ដីតាមថែរក្សា។

«ខ្ញុំឈ្មោះ ពីន ប៉ែនវាសនា​  ទើបតែមកធ្វើការនៅទីនេះ សូមឱ្យភាពស័ក្ដិសិទ្ធិតាមថែរក្សាខ្ញុំឱ្យចៀសផុត ពីរឿង មិនល្អទាំងឡាយជួបតែសំណាងល្អ !»

ថាហើយកាលណាខ្ញុំចាប់ផ្ដើមដោតធូបទៅលើចេកបែរត្រឡប់មកកន្លែងអង្គុយរបស់ខ្លួនឯងវិញ។ ជាទម្លាប់នៅក្នុងគ្រួសារខ្ញុំ ខ្ញុំតែងឃើញម្ដាយខ្ញុំធ្វើដូច្នេះគឺរាល់ពេលណាដែលគាត់សែនអ្វីមួយក៏តែងតែហៅឈ្មោះខ្លួនគាត់ហើយប្រាប់ថា គាត់សុំឱ្យស្តាប់និងដឹងឮតាម​ ថែរក្សា ឱ្យបានសុខសប្បាយដូច្នេះខ្ញុំក៏ធ្វើដូច្នេះតាមគាត់រៀងមក ឱ្យតែអុជធូបសែនអ្វីក៏ដោយខ្ញុំតែងនិយាយឈ្មោះខ្លួនឯងនិង សុំសេចក្ដីសុខ។

ថយវិញ​មកដល់តុវែង​កាលណា ខ្ញុំរៀបឡេបថប់ខ្ញុំចេញ ហើយ​លើកកាសតូចមួយមកដោតនឹង​ត្រចៀក​ស្ដាប់ ដៃម្ខាងទៀតរាវរក កន្ទុយរបស់វាយកដោតលើរន្ធកំព្យូទ័រស្តាប់ព័ត៌មាន​លេង​។

អាប៉ែន!

 សំឡេងមួយនេះលាន់ឡើងនៅក្នុងត្រចៀករបស់ខ្ញុំ។

ខ្ញុំភ្ញាក់ព្រើតសឹងរបូតអ្វីៗចេញពីដៃមកវិញ ព្រោះជាសំឡេងមនុស្ស​ហៅខ្ញុំ ហៅនេះ​ក៏ហៅ​ចំៗឈ្មោះ​នៅផ្ទះកាលពីនៅក្មេងពួក​ម៉ាកនិយមហៅទៀត។

ខ្ញុំនៅគាំងខណៈម្រាមដៃខាងស្តាំកំពុងតែកាន់កន្ទុយកាសមិនទាន់ដោតរួចនៅឡើយ។ ខ្ញុំមិនទាន់ដោតផងហេតុអីបានជាកាសខ្ញុំឮសូរសំឡេង?

ហើយបើទោះជាដោតហើយក៏ដោយ ហេតុអីបានជាមានសំឡេងជាមនុស្ស​ហៅខ្ញុំចំឈ្មោះ? ខ្ញុំ ងាកមុខចេញពីកុំព្យូទ័រសម្លឹងជុំវិញខ្លួន ខ្ញុំមិនដែលឮសំឡេងចម្លែកៗតាមកាសទេប៉ុន្តែខ្ញុំធ្លាប់ឮគេនិយាយអំពីករណីខ្មោចលង។

ករណីនោះដែលអាចធ្វើឱ្យយើងឮសំឡេងផ្សេងៗចេញពីឧបករណ៍ដែលយើងមិនបានប្រើ។ ដូចផ្លេកបន្ទោរខ្ញុំលើកដៃទាញកាសចេញពីត្រចៀក ហើយទម្លាក់ចោលទៅលើតុព្រមទាំងក្រោកចេញរហ័សរហួន​បកដើរចុះទៅក្រោមដី​តាមជណ្ដើរ វិញ។

ខ្ញុំដើរលឿនណាស់បានជាចេញមកដល់ក្រៅភ្លាមឃើញមនុស្ស វ័យចំណាស់ ឈរនៅក្បែរតូបយាម​ងើបមុខ សម្លឹងមកខ្ញុំ។ ដោយខ្ញុំពាក់ម៉ាស់ជិតស្លុងគាត់សួរ៖

លោកគ្រូមកថ្មីមែនទេ? គាត់សួរដោយសម្លឹងខ្ញុំពីលើដល់ក្រោម។

កាលចូលមកគាត់មិនបាន​ឃើញខ្ញុំទេប្រហែលគាត់ទើបតែមកដល់។

មិញខ្ញុំពេលចូលមក ខ្ញុំជួបគ្រូចាស់ម្នាក់​គាត់ចង្អុលឱ្យខ្ញុំឡើងទៅលើចាំសិន តែ​កាលនោះ​​ក៏មិនបានឃើញអ៊ំ​នេះយាម​ដែរ ប្រហែលជាវេនផ្សេង។

«បាទពូ!»

ខ្ញុំបាននិយាយពីអត្តសញ្ញាណខ្ញុំប្រាប់គាត់តែ​មិនបាន​ប្រា​ប់អំពីការភ័យខ្លាចរបស់ខ្ញុំក្នុងពេលឡើងទៅជាន់ខាងលើនៅឡើយ​ទេ ប៉ុន្តែខ្ញុំធ្វើជាសួររឿងផ្សេង៖

«អត់មានបុគ្គលិកផ្សេងចឹង?»

« អូ! មិនងាយទេក្មួយ»

ខ្ញុំយល់ហើយ​ ភាគច្រើនគេធ្វើការនៅផ្ទះ ព្រោះរដូវកាលខ្លាច​រោគឆ្លង។

«ចំណែក នាយកសាលាប្រហែលជាម៉ោងដប់អីបានគាត់មកដល់!» អ៊ំនោះបន្ត។

ខ្ញុំលើកនាឡិកាមកមើលម៉ោង ម៉ោង៨ហើយ គឺ​ម៉ោងប្រាំបីគត់តែម្ដង ។

នៅទល់មុខគ្នានឹងអគារនេះខ្ញុំបានឃើញផ្ទះល្វែងមួយជួរទៀត ដែលបិទទ្វារចោល​ដីជុំជិតទាំងអស់។  បើសិនជាការិយាល័យរបស់ខ្ញុំ នៅជាប់ជាមួយគ្នានឹងកន្លែងផ្ដល់សេវាកម្មដល់អតិថិជនប្រហែលជាអ៊ូអរជាងទីនេះ ប៉ុន្តែខ្ញុំគ្មានសិទ្ធិជ្រើសរើសនោះទេ នេះជាសាលាឯកជន ពេលនេះគ្មានសិស្សមករៀនទេ គេសំងំនៅផ្ទះ។

«ម្តុំនេះម៉ោង៨ហើយ នៅស្ងាត់ណាស់!»

«ធ្លាប់ជាសាលារៀនចាស់មួយ! ឥឡូវគេរុះចោលអស់ហើយ!»

គាត់ថា ដោយមុខស្ងួត​ហើយ​ឱនលើកធុងទឹកស្រោចដំណាំងមួយធំ ​ចាកចេញ​តាម​ខាងស្ដាំអាគារ​ជា ​ ផ្លូវលំមួយមាន​អមត្រឈៃដោយដើម​ស្វាយខ្លះ ដើមដូង​ខ្លះ។ គាត់ចាកចេញដូចមានទុក្ខព្រួយអ្វី។

តាមពិត​ខ្ញុំនៅចង់និយាយលេងជាមួយគាត់ច្រើន​ព្រោះស្ងាត់ពេក តែគាត់ក៏ដើររហ័សបាត់ស្រមោលទៅបាត់។ ប្រហែលគាត់រវល់ច្រើនក៏មិនដឹង។ តើរាល់ដងគាត់មកយាមអ្វីម្នាក់ឯងក្នុងតំបន់នេះ?

សូម្បី​អ្នករុញនំប៉័ងលក់ម្នាក់ក៏មិនឃើញមាន​ផង។

ទើបតែនិយាយដូច្នេះស្រាប់តែ មាន​សូរម៉ូតូមកដល់ពីឆ្ងាយ។

ឮជិតឡើងៗ។

ជាម៉ូតូលក់គ្រឿងកំប៉ុង​ភេសជ្ជៈ។

ខ្ញុំអរ បានគ្នាជជែកសួរដំណឹងហើយ ក៏ស្ទុះទៅក្រៅ​បក់ដៃហៅ។

ខ្ញុំជឿថា អ្នកជិះម៉ូតូនោះក្រឡេកមកឃើញខ្ញុំច្បាស់ណាស់ ដឹងអីគេបត់ក្បាលម៉ូតូថយក្រោយបញ្ឆេះចាកចេញវិញលាន់ខ្ទរពេញហុយដីទ្រលោម។

ហេតុអី?

ចម្លែកៗ!

ខ្ញុំអង្គុយ​ចុះមកលើបង់ថ្មចាស់​ស្អាតបាត ជាសញ្ញាថាមានមនុស្ស​ថែរក្សា។ ភ្នែកខ្ញុំពេលនេះ​សម្លឹងទិសបីគឺ សម្លឹងចាំផ្លូវពូម្នាក់អម្បាញ់មិញដែលដើរទៅក្រោយអាគារសាលា​និងងាកមកផ្លូវចូលក្រែងមានអ្នកលួចចូលមកផ្តេសផ្តាស​ ចុងក្រោយខ្ញុំងើបមុខមើលជាន់ខាងលើ។

ខ្ញុំឃើញ​សិ្នត​ចេកខ្លួនឯងសែនមុននេះ​នៅលើគែមបង្អួច។

ចេកក្មួយសែនមែនទេ?

ពូម្នាក់ផ្សេងទៀត​មកដល់ទាំងញញឹម​ញញែមបណ្តើរកង់ចូលមក។ ខ្ញុំឃើញគាត់ សម្លឹងទៅចេកនៅលើបង្អួចជាន់ទីមួយ ដែលកម្ពស់ប្រមាណជាប្រាំម៉ែត្រពីទីនេះ ។

មិនទាន់ដឹងថា​គាត់ជាអ្នកណា និងមិនទាន់បានឆ្លើយសំណួរគាត់នៅឡើយ​តែចិត្ត​ខ្ញុំអំណរ​ដែរ​បើមាន​ម្នាក់ទៀតមកដល់ខ្ញុំក៏មិនសូវជាអផ្សុកអ្វី។

គាត់ប្រាប់មកខ្ញុំទៀតភ្លាម​ថា ៖

«បើថ្ងៃក្រោយពេលសែនចេក ត្រូវបង្វែរស្និតចេករបស់ក្មួយមកចំខ្លួនក្មួយដែលជាអ្នកអុជធូបសែន កុំបង្វែរស្និតចេកទៅខាងក្រៅបែបដូច្នេះ !»

«អូខេ!ថ្មីទៀត​ហើយ​សម្រាប់ខ្ញុំ! ខ្ញុំមិនដែលដឹងទេ ខ្ញុំដឹងតែសែន! ចេះតែសែន តែ​ខ្ញុំអត់ចាប់អារម្មណ៍រឿងនេះឡើយព្រោះម៉ែខ្ញុំមិនដែលប្រាប់!»

«ពូទៅលើដែរអត់? ស្ងាត់ពេក​ខ្ញុំ ក៏មិនហ៊ានឡើងទៅបង្វែរវិញដែរពូ!»

គ្រាន់តែឮបែបនេះ គាត់ងក់ក្បាល៖

«តោះពូនាំឡើងទៅបង្វែរចេកសារដើម!»

 គាត់ដើរត្រឹកៗទៅមុនដូចជារឿងនេះសំខាន់ណាស់អ៊ីចឹង។ ខ្ញុំនៅដំអក់ទីទើរបន្តិចសិនទើបចាប់ផ្ដើមក្រោកដើរតាមពីក្រោយគាត់ទៅ។

ទៅដល់ខាងលើគាត់ឱ្យខ្ញុំបង្វែរចេកដោយខ្លួនឯងហើយអុជធូបប្រាំសរសៃផ្សេងទៀតមកឱ្យខ្ញុំ ។

«មិញនេះខ្ញុំអុជធូបបីសរសៃទេ ហេតុអីលើកនេះគាត់ឱ្យខ្ញុំប្រាំសរសៃ?»

« ថ្ងៃក្រោយនៅទីនេះពេលមកអុជធូបអុជប្រាំបីសរសៃ​ ហើយចេកត្រូវបែរមកខាងខ្លួនយើង កុំបែរមុខស្និតចេញទៅក្រៅ!»

«បាទ!»

ខ្ញុំបានត្រឹមឆ្លើយបាទ ទោះបីចិញ្ចឹមចិត្តសង្ស័យបែបណាក៏ដោយក៏ខ្ញុំមិនហ៊ានសួរគាត់ទៀតនោះដែរ ព្រោះឃើញ​គាត់រួសរាន់ទំនង​មានការងារ​រវល់ច្រើន។

«អ៊ីចឹងខ្ញុំចុះទៅក្រោមវិញ ចាំអ្នកឯទៀតនៅខាងក្រោមវិញ!»

ពូនោះងក់ក្បាលហើយគាត់ដើរចូលទៅបន្ទប់មួយនៅឆ្វេងដៃ។ ខ្ញុំមិនភ្លេចទេក្រឡេក​សម្លឹងទៅ​ស្លាកមួយលើទ្វារនោះ​ដាក់ថា ឃ្លាំង១២។ បានឱកាសនេះខ្ញុំរៀបចំ ប្រមូលសំពៀតនិងកំព្យូទ័រយួរដៃបកចុះមកក្រាម​វិញ។

សួនខាងក្រោមរឹតតែស្ងាត់ជាងពីមុនទៅទៀត។

ខ្ញុំមិនបានឃើញពន្លឺថ្ងៃរះមកច្បាស់ទេ ម្យ៉ាងបរិវេណនេះម្លប់ព្រោះដើមឈើ​ច្រើន ​ម្យ៉ាងព្រឹកនេះស្រទំរហូត ពេលនេះទៀតមាន​តំណក់ទឹកភ្លៀងធ្លាក់មកមួយល្អៗផ្សែងក្រូចហើយ។

គិតទៅអង្គុយចាំឯណាវិញទៅខ្ញុំ?

ខ្ញុំ​ងើប​មុខ​រំពៃ​ជុំវិញ​នោះ​រក​មើល​ក្រែងអ៊ំមុននេះបកពីក្រោយមកវិញតែសូន្យមិនឃើញអ្នកណាទាំងអស់។ ចំណែកពូនៅខាងលើក៏ស្ងាត់បាត់មិន​ទាន់បានស្គាល់​និយាយ​គ្នា​អី​បានច្រើន​ផង។ ​ភ្លាមនោះ ស្រាប់តែខ្ញុំក្រឡេកឡើងលើ ​ឃើញ​បុរសចំណាស់ម្នាក់ទៀត​គាត់ដោះអាវ ​បង្ហាញ​ខ្លួន​ដើរ​កាត់​អគារខាងលើ​ជាន់​ទី​មួយ​​នៅជ្រុង​ទិស​លិចឆៀងត្បូង។

គាត់ងាកមកមើលហើយ​​ញញឹមរក​ខ្ញុំ​។ ក្រោយបន្តិចគាត់ចូលក្នុងអាគារបាត់។ មាន​មនុស្ស​ដល់ទៅពីរនាក់បាននៅលើជាន់ខាងលើ ទៅហើយ ​ហេតុអ្វី​ខ្ញុំមកទ្រាំអង្គុយ​ឱ្យសើមភ្លៀងនៅក្រោមនេះ​ធ្វើអ្វី?

គ្រូៗផ្សេងៗមិនមកទេ មកអីតែខ្ញុំម្នាក់? ព្រឹកមិញមកទល់ឥឡូវនេះ​ខ្ញុំឃើញមនុស្សប្រុសបួននាក់ហើយ​ចុះម៉េចបានជានៅតែមានអារម្មណ៍​ថា ទីនេះស្ងាត់ម៉្លេះ?​ ពួកគេ​បាត់ទៅណា​អស់ទៅ?

ខ្ញុំ​សម្លឹង​រក​មើល​អ្វីៗ​ជុំវិញ​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ មុន​ពេល​ក្រោកឡើងដើរត្រុកៗ​សំដៅ​ជាន់​ខាងលើសម្រាក​​តាម​ពូៗនោះវិញ។

សូរទូរស័ព្ទខ្ញុំរោទ៍៖

«វាសនា​ឯងមិនបាន​មកបង្ហាញខ្លួនទេ?»

ខ្ញុំចងចិញ្ចើម​ហើយងើយមុខទៅលើ។

«អ្នកណាខលខ្ញុំ!»

«ខ្ញុំនៅក្រោមបាទ!»

ដូច្នេះ​ខ្ញុំឆ្លើយ​ផង​ដើរសំដៅឡើងលើរហ័សជាងមុន។ ទូរសព្ទដាច់បាត់ហើយគិតថាពួកគេ​ឃើញខ្ញុំ​ ​មកដល់បានជាផ្តាច់។

 ខ្ញុំ ទៅជា​ភាំងពេលមកដល់ជាន់លើនេះ គ្មាន​អ្នកណាដដែល។ ដោយ​ងាកទៅបន្ទប់មួយ​ដែលដាក់ស្លាក​ថា ឃ្លាំង១២​ដដែល​នោះ ​ខ្ញុំដើរទៅ​ទីនោះទាំងយួរកាតាប ហើយចាប់លើកម្រាម​​គោះទ្វារ។

គ្មានចម្លើយ!

រុញទៅទ្វារជាប់ម៉ឺង។

លេងសើចនឹងខ្ញុំណាស់!

​ខ្ញុំ​រម្លឹក​ស្នាម​ញញឹមពូដោះអាវនៅជ្រុងខាងត្បូង​​មក​វិញ ហើយដើរមួយៗទៅកាន់បង្អួចខាងត្បូង​រកមើលគាត់។ ​ភ្ញាក់ដូចគេ​អង្រួន​​ពី​ដេក ខាងក្រៅបង្អួច អត់មានកន្លែងដើរបានដូចមើលឃើញ​ពីក្រោមទេ តើគាត់ដើរតាម​ណាទៅក្រោយ?

សឹងដួលផ្ងារ​​​​ បះ​ដៃ​បះ​ជើង​ម្នាក់ឯង​កណ្ដាល​បន្ទប់សាលា​​ស្ងាត់​សូន្យសុងនេះ​ព្រោះនៅក្រោមអាគារ​ខ្ញុំឃើញ​ត្រពាំងចាស់មួយ។ បិទជាប់ពីមុខអាគារ​ដល់ក្រោយ។

ចុះអ៊ំដែលកាន់ធុងទឹក​នៅក្រោម​គាត់ដើរទៅក្រោយតាមនេះ គាត់ដើរទៅណាមាន​តែដើរជាន់លើត្រពាំង?

របូតកាតាបពីដៃ ហើយនៅដល់ណា?

« អូយ! មានអ្នកណានៅទេ?ពូៗៗៗៗ»

ខ្ញុំរត់ប្រែន​ទៅគោះរន្ថើនបន្ទប់ឃ្លាំង ​គឺគោះហើយគោះទៀតទាំងបែកញើសស្រាក់…..សង្ឃឹមបានជួបពូម្នាក់ដែលប្រាប់ខ្ញុំពីរឿងសែនចេក។

ទ្វារបាក់ផុយប្រាវរបូតភ្លុចទៅក្នុង។ ខ្ញុំ​បានចូលដល់​បន្ទប់ឃ្លាំង​ហើយ ភ្លឺ​​ចែសដោយបង្អួចគ្រប់ទិស។ គ្មានមនុស្ស​ទេ។

មានតែ​តុមួយរុំដោយដី​និង​ពីលើជញ្ជាំងក្រោយតុនោះ​មាន​តារាង​បុគ្គលិក​សិក្សា​។ ខ្ញុំឃើញមនុស្សជាច្រើនស្លៀកមពាក់ដូចមិនមែនជំនាន់យើងនេះ​ ក្នុងរូបថតពេញលើជញ្ជាំងនោះ។

​ស្រាល​ខ្លួន​ស្ងើកហើយខ្ញុំ​តែបណ្តែតចាកចេញមិនបានផងកុំថារត់។

ខ្ញុំស្គាល់៤នាក់ក្នុងនោះ ​យ៉ាង​រហ័ស គឺមនុស្ស​បួននាក់ដែលខ្ញុំបានឃើញ​កាលពីព្រឹក​បន្តបន្ទាប់គ្នា។ ពួកគេ​សុទ្ធតែមានថ្ងៃខែឆ្នាំកំណើតកាលពី១៩០១​និង១៩០៣ ខ្ញុំ​ស្រែក​ស្លន់ស្លោ៖

«ស្អី​គេ? អាយុជាង១០០ឆ្នាំអស់ហើយហ្នឹង ឥឡូវឆ្នាំ២០២១ហើយទេតើ!»

ខ្ញុំនឹកដល់រទេះលក់ភេសជ្ជៈដែលបត់ក្បាលមកច្រលំផ្លូវនេះហើយបកក្រោយរត់ពេលឃើញខ្ញុំបក់ដៃហៅ។ សំឡេងអ៊ំនៅក្រោមនិយាយលាន់ឡើងមកវិញ«ធ្លាប់ជាសាលារៀនចាស់មួយ! ឥឡូវគេរុះចោលអស់ហើយ!»។

«ខ្មោច!​សាលារៀនខ្មោច!»

​ខ្ញុំបែរក្រោយ​ប្រុងរត់ តែ​បែរមកកាលណា​ត្រូវ​​ស្រលាំងកាំងនឹងផ្សែងធូបដែលអុចលើគែមបង្អួច។ ចេកដែលខ្ញុំទិញសែននោះ ត្រូវអ្នកណាមិនដឹងទេ​គេ​បកហូបទាំងធូបនៅឡើយ។

​ខ្ញុំ​ខ្លួន​ឯង​ដែល​ដេក​ស្រមៃ សង្ឃឹមអ៊ីចឹងចុះ។

ខ្ញុំទន់ជើង​ទាំងគូរ ​ដើរលែងរួចដួលទៅលើឥដ្ឋ។ មនុស្ស​ចាស់ៗទាំងបួន​ឡើងមកពីបួនទិស​ហើយចូលមកទាំង​ញញឹមប្រើទឹកមុខ​គួរឱ្យព្រឺ ព្រួច។ គ្មាន​អ្នកណាម្នាក់ក្នុងចំណោមពួកគេ​ជ្រីវជ្រួញ​សមថា​កើតតាំងពីឆ្នាំ១៩០១ទេ។

ខ្ញុំស្រែករន្ធត់ឡើងនិង​បាន​លើកម្រាមដៃស្តាំទាំង​៥វាសចុះឡើងបណ្តេញ​៖

«ចេញៗៗៗៗ»

នរណាម្នាក់មកដល់នៅក្រោយ​ខ្ញុំ​ដែលស្ពឹក​និងទន់ខ្លួន​គេខំទាញខ្ញុំក្រោក​ឡើងជាមួយកម្លាំងយ៉ាង     អស្ចារ្យ​។  ក្រោកបានហើយ​ខ្ញុំ​រត់លឿនណាស់ ​ដូច​ព្យុះសង្ឃរាមួយវឹបមកដល់ក្រោមភ្លាម ។

ខ្ញុំ​មាន​ការភ័យខ្លាច​ពេក ដៃ​ជើង​ញាប់ញ័រព្រោះបរិវេណខាងក្រោម​ចាស់គគ្រឹក​ដូចទីឋានដែលត្រូវគេបោះបង់ចោល។ មិនដូចគ្រប់យ៉ាងដែលបានឃើញមកដល់ព្រឹកមិញឡើយ។

ជាមួយការឈរញាក់​​រន្ធត់ឃើញម៉ូតូខ្លួនឯងនៅកណ្តាលព្រៃស្មៅ ខ្ញុំអស់សង្ឃឹមព្រោះគ្មានសោរទេ។

«ណេះសោរម៉ូតូ!»

ខ្ញុំ​ងាក​មក​មើលម្ចាស់សំឡេង​​​ដោយ​ក្រសែ​ភ្នែក​ចម្លែក ។ គឺ​អាខុម មិត្តខ្ញុំ​កាលពីក្មេង។​ វា

មាន​មុខ​ស្លេកហើយ​ហុចសោរនិងកាតាបមកឱ្យខ្ញុំ។​ខ្ញុំនៅញ័រទទ្រើក​និយាយមិនចេញ​

ពេញដោយ​​ភាព​ភ័យ​ខ្លាច។ ពីរ​នាក់យើង​​បែរ​មើល​មុខ​គ្នា​ខ្ញុំបែកអាសុខុមនេះ​យូរណាស់ហើយ។ ម្តេចវាមកដល់កន្លែងនេះ?

«អ្ហែងឡើងម៉ូតូទៅ!»

សុខុមរុញខ្ញុំមួយវឹប ខ្ញុំឃើញខ្លួនឯងឱបកាតាបមកដល់ម៉ូតូ​ហើយកំពុងអង្គុយជិះស្រេចទៅហើយ។

វាបាត់ទៅណា​ខ្ញុំរកប្រាប់វាឱ្យឡើងមកជិះពីក្រោយមក តែ​មិនឃើញ​ទេ។ ពីក្រោយខ្នងខ្ញុំជាអាគារ​ចាស់រេចរឹល ព័ទ្ធពេញទៅដោយស្លែ និងភាព​រុះរោយនៃរុក្ខជាតិ​ដុះចេញពីថ្មបែកបាក់ កោតតែខ្ញុំមុននេះ​ឡើងទៅដល់ជាន់លើបាន?

ខ្ញុំ​យល់​ថា ​ខ្មោច​លង​ខ្ញុំ ​អាច​បំភ្លៃ​​ខ្ញុំ​ ​ឃើញអ្វីផ្សេងពី​ការពិត។ ខ្ញុំបិទភ្នែក​យំហើយ​មួលហ្គែ​

​ជិះ​ម៉ូតូ ទៅង៉ោង ខ្ញុំ​និយាយ​ម្ហបៗថា ៖

«​ជួយ!ជួយផង!»

តាមពិត​សុខុមស្លាប់ច្រើនឆ្នាំហើយតាំងពីខ្ញុំនៅអនុវិទ្យាល័យ។​ ព្រលឹងសុខុមបានតាមការពារ​និង​ស្រែកដាក់ខ្ញុំតាមកាសតាំងពីព្រឹកនៅជាន់លើ ​ហើយបាន​តាមជួយយក​ខ្ញុំឱ្យចេញផុត​ពី​អតីតសាលារៀនមួយ ដែលត្រូវបានគេបោះបង់ចោលនេះ….ខ្ញុំឈឺជ្រុះសក់មិនខាន។

ខ្ញុំជិះម៉ូតូ​ចេញមករហូតដល់ផ្លូវធំ ទើបឃើញ​គេលក់ដូរព្រាត​ខ្ញុំទន់ជើងទៅមុខលែងរួច ក៏ឈប់ហើយ​អង្គុយលើចិញ្ចើមថ្នល់យំយែករកគេជួយ។

អ្នកស្រុករត់មករោមខ្ញុំគក់ច្របាច់ញីដោយប្រេងទម្រាំខ្ញុំនិយាយរួច។

«ជួយផង! ខ្ញុំវង្វេងចូលកន្លែងខ្មោច!»

មានសំឡេងមួយលាន់ឡើងនាំមុខគេថា​«សាលារៀនចាស់ហ្នឹងទៀតហើយ!»​។

ខ្ញុំខំបើកភ្នែក​រកមើលប្រភពសំឡេង។
តែមិនឃើញអ្នកណាជាអ្នកណីទេ មនុស្សរោមច្រើនឡើងៗ។

ស្រាប់តែពីចន្លោះក្រោយស្មាពូម្នាក់ដែល​កំពុង​រឹតឱ្យខ្ញុំ ខ្ញុំឃើញ​សុខុម….គេឈរញញឹម​សម្លឹងខ្ញុំពីថ្នល់ម្ខាងក្រោមដើមត្របែកធំសាខា…..

«អរគុណហើយសម្លាញ់​ឯងបានជួយខ្ញុំ…»