អរគុណដែលបង្រៀនខ្ញុំឱ្យចេះរស់ឯកា!

ពិតជាបទពិសោធន៍ ​និង​អារម្មណ៍​ដ៏​អាក្រក់​បំផុត​មួយ ​នៅ​ពេល​ដែល​ត្រូវ​​បោក​បញ្ឆោត​ដោយមនុស្ស​ដែលយើងទុកចិត្ត​បំផុត។ នរណា​ម្នាក់​ដែល​យើង​ទុក​ចិត្ត គិតថា​ គេល្អ ​និង​ចូលចិត្ត​គេខ្លាំង។

ខ្ញុំបានឆ្លងកាត់រឿងមួយនោះ​ដែលធ្ងន់និងពិបាកសះស្បើយ។ ជឿចុះថា ការឈឺចាប់ដំបូងតែងតែជ្រៅនិងចុះស្នាម​ ប៉ុន្តែបន្ទាប់មក​យើងព្រមរស់នៅជាមួយវា រៀនពីវា  ហើយក្លាហាន​ដើរ​បន្តទៅមុខទៀត។

ថ្ងៃទី០៨​ នៃខែមីនា នៅក្នុងប្រទេសកម្ពុជាជាថ្ងៃដែលនារីៗដូចយើង​តែងតែមាន​អារម្មណ៍រំភើប ចង់គេនិយាយថាយើងតាមពិតមាន​សិទ្ធិជារៀងរាល់ថ្ងៃហើយក៏ដោយ។

នៅកន្លែងធ្វើការរបស់​ខ្ញុំ ទោះជា​មិនផ្អាកសេវាកម្ម ​​ក៏តែមាន​កម្មវិធីសម្រាប់​បុគ្គលិកជាពិសេស​ដែរ….

ដូច្នេះ​ធម្មតា​ នាទិវានារីអន្តរជាតិឬហៅថា ថ្ងៃ​សិទ្ធិនារី គ្រប់គ្នា​ស្លៀកពាក់ស្អាតបាតមក​ជុំគ្នា ដើម្បីត្រៀមទទួលបានផ្កាកុលាបនិងថតរូប​សប្បាយៗ រីឯរឿងខ្ញុំវិញ គឺ​ខ្ញុំត្រូវ​បានប្រធានហៅទូរសព្ទរក​ទាំងព្រឹក​ព្រោះមានបេសកកម្មបន្ទាន់…

«អាដា! ​ក្រោកពីគេងនៅ? អរុណសួស្តី!»

នោះគឺមេដ៏សោះកក្រោះរបស់ខ្ញុំ គាត់ឈ្មោះបង​ធាន​។ ឈ្មោះគាត់ដូចចិន ​តែតាមពិតគាត់ជាកូនខ្មែរ អ្នកកំពង់ឆ្នាំងយើងនេះឯង។ ខ្ញុំជាជំនួយការរបស់គាត់មកបីឆ្នាំ​ដែរហើយ ទោះបីជាខ្ញុំរាងស្និទ្ធស្នាលបាននិយាយ​នឹងគាត់ច្រើន​ជាងអ្នកដទៃ ប៉ុន្តែតាម​ពិត​ទៅ​គាត់នៅតែជាមនុស្សសោះកក្រោះដែលមិនសមថាមកខលរកខ្ញុំទាំងព្រឹកនេះ​នាំ ឱ្យខូចថ្ងៃល្អអស់។​

«ដាឯងស្រូត​ទៅ​កុម៉្មង់ផ្កាមួយបាច់ធំ ឱ្យខ្ញុំយកឱ្យស៊ីណា! »

ស៊ីណាជាភរិយា​របស់គាត់។ ចង់ឱ្យខ្ញុំទៅកុម្ម៉ង់ផ្កាជាពិសេសសម្រាប់ភរិយារបស់គាត់ នេះជារឿងចម្លែកមួយព្រោះកន្លងមក​គាត់ក្នុងភ្នែកគ្រប់គ្នា​គ្មាន​អ្នកគិតថាគាត់ជាមនុស្ស​មាន​មនោសញ្ចេតនាអ្វីនោះទេ។

អាចថា ភរិយារបស់គាត់ចុងក្រោយនេះ​រករឿង ឬគាត់បានដឹងខ្លួន​ពីចរិត​សោះអង្គើយ​រប​ស់ខ្លួន​បានជា​គាត់ព្រមអើពើ?

«ឱ្យគេយកទៅដល់ព្រលាន​យន្តហោះមុនម៉ោង៨កន្លះព្រោះគេឡើងម៉ោង៩ហើយ!»ថៅកែធាន​របស់ខ្ញុំបញ្ជាមកបន្ថែម។

ខ្ញុំស្ទុះក្រោកពីគ្រែស្លន់ស្លោ។

ម៉ោងម៉ានហើយ?

អូយម៉ោង៧? ទោះទៅរៀបចងផ្កាខ្លួនឯង​ក៏មិនដឹងថារៀបទាន់អត់ដែរផង? ចំណែក​​ហាងណាគេ​បើកទ្វារថ្មើរណេះ?

សាកល្បងជោគវាសនាខ្ញុំណាស់នៀក? ឱ្យរត់ទាំងព្រឹក៨មិនា? និយាយទៅចម្លែកណាស់​មេ​មិនដែលប្រើខ្ញុំឱ្យទិញរបស់ជូនភរិយារបស់គាត់ទេរឿងដែលអាចសរុបបាន​គឺព្រឹកនេះ​ប្រហែលជាគ្មានពេល​Make Up និង​ធ្វើសក់​ដូចដែលបានគ្រោងទុកទេខ្ញុំមើលទៅ។

ខ្ញុំត្រូវចាកចេញពីផ្ទះទាំងព្រឹកព្រលឹមនេះ​តែ​ ដោយ​សារ​តែខ្ញុំស្លៀកសំពត់ខ្លីនិងប៉ោង ទោះ​ជា​ចង់ជិះម៉ូតូខ្លួនឯងក៏ពិបាក មានតែ​​ទូរសព្ទទៅហៅសង្សាររបស់ខ្ញុំ ។

«សាលមកដឹក គេតិចបានអត់ មាន​ធុរៈមេប្រើ!»

«ព្រឹកនេះដេកងើបអត់រួចទេ យប់មិញReportធ្វើដល់ម៉ោងពីរ!» គេឆ្លើយទាំងក្ងួរៗ ដូចឈឺ។

«អូ!​ចឹងឆាប់ជាណា៎!»

«អូខេ រកអីជិះទៅណា​ចាំល្ងាចញ៉ាំបាយរ៉ូមេនទិកជាមួយគ្នាអូខេ!»

ខ្ញុំអររំភើបណាស់នឹងពាក្យ​«បាយរ៉ូមែនទិក»ក៏លា​គេដោយ​ប្រញាប់​ចុចAppហៅរឺម៉កមកជិះទៅរកហាងផ្កាទាំងប្រផិតប្រផើយ។ ទុកថា សំណាង​ខ្ញុំមាន បានរៀបចំផ្កាជា​បាច់យ៉ាងពិចិត្រស្អាតផូរផង់មែន​ សំខាន់គេមិនព្រមទទួលដឹកទៅព្រលានឱ្យទេ។

ខ្ញុំជិះទៅព្រលានម្នាក់ឯងទាំងមើលនាឡិកាជិ​ត១០០ដង។

ម៉ោង៨កន្លះត្រឹម​ខ្ញុំបានទៅដល់មែន។

ខ្ញុំរត់ដូចមនុស្សយ៉ាប់ មិនខ្វល់នឹងក្រសែភ្នែកអ្នកណាទាំងអស់​​ទម្រាំតែ​អាច​​រកឃើញ​«អ្នកស្រីស៊ីណា»អង្គុយពិសាកាហ្វេបែរខ្នង ​ហើយបាន​​ជូនផ្កាទៅឱ្យគាត់​ទាំងដែលគាត់នឹកឆ្ងល់បើកភ្នែកធំៗ ពិនិត្យ​ពិច្ច័យខ្ញុំ។

«រីករាយថ្ងៃសិទ្ធិនារី! គឺ គឺបងធាន​ប្រើខ្ញុំយកមកជូនអ្នកបង!»

ខ្ញុំសើចស្ញាញ​សឹងស្ងួតជើងធ្មេញ​ទម្រាំ​តែគាត់លូកដៃមកទទួលយក​។

ភារកិច្ច​ខ្ញុំចប់ហើយ​ខ្ញុំញញឹ​មនឹង​លំឱនកាយលាគាត់​គាត់និយាយពាក្យខ្លីៗថា៖

«អរគុណ!»

ខ្ញុំថយមកឈរនៅជ្រុង​កំបាំងមួយ​ឆ្ងាយពី​គាត់ដើម្បីចុច​ហៅ​រឺម៉កជិះត្រលប់មកធ្វើការ​។ រំពេចដែល​កង់រឺម៉ក់បង្វិល​ចេញ​ទៅក្រៅ ខ្ញុំក៏ក្រឡេកទៅរកឃើញភោជនីយដ្ឋាន​ ដែលអ្នកបងស៊ីណា​កំពុង​តែ​មានវត្តមានកាលមុននេះ ស្រាប់តែឃើញបាច់ផ្កាត្រូវបានទុកចោលនៅលើតុនោះ។

គាត់ទៅណា?

គាត់ទៅបន្ទប់ទឹកទេដឹង?

ខ្ញុំគិតបែបហ្នឹងចុះ​ គិតថាគ្មានមនុស្សស្រីណាដែលដាច់ចិត្ត​បោះបង់ចោលបាច់ផ្កាស្អាតបែបនេះទេ។​ រ៉ឺម៉ក​រត់ចច្រប់ កាត់តា​មរបាំងកញ្ចក់វែងអន្លាយ​នៃ​អាកាសយាន្ដដ្ឋាន ខ្ញុំបាន​ឃើញអ្នកបងស៊ីណា​កាន់ដៃបុរសម្នាក់ទៀតនៅលើជណ្តើរយន្ត​ដែល​កំពុងអណ្តែតឡើងទៅជាន់ខាងលើ។

លើកដៃមើលម៉ោង…..ម៉ោងជិត៩ហើយ….គាត់មិនមែន​ទៅបន្ទប់ទឹកទេ …គាត់ពិតជាឡើងទៅ​ជិះយន្តហោះ ដោយ​មិនយកបាច់ផ្កាបញ្ញើ​របស់ប្តីគាត់ទៅជាមួយមែន។

ព្រលឹងខ្ញុំ ដូចជាអណ្តែតត្រសែត ភ័យ​ស្លន់​ អាក់អន់ម៉េចមិនដឹង….ក៏មិនយល់ខ្លួនឯងដែរ ថាតើមាន​កំហុសអី? ខ្ញុំបានធ្វើការងារខ្លួនឯងរួចហើយ ម្នាក់ស្រីនោះមិនយកបាច់ផ្កា​ដោយខ្លួនគាត់សោះ ​ហេតុអ្វី​បានជាបន្សល់ឱ្យខ្ញុំ​នូវ​អារម្មណ៍មួយមិនស្រណុកចិត្តរហូត​បែបនេះ?

ជំនិះរត់ស្លេវ​ទៅដល់ណាហើយ​មិនដឹង​ ឯចិត្តខ្ញុំនៅតែវិលវល់ពេញព្រលាន​យន្តហោះដដែលជាដដែល។

ទោះណា​ជាមាន​វិធីកាន់ដៃជាច្រើនបែប ​រវាងស្រីនិងប្រុស ព្រមជា​មួយ​ការបកស្រាយខុសគ្នា​អំពីកម្រិតនៃទំនាក់ទំនងពួកគេ តែ​នៅក្នុងទិដ្ឋភាពចុងក្រោយ​ដែលអ្នកស្រីស៊ី​ណាផ្តល់ឱ្យខ្ញុំ មាន​ពីរគត់ គឺ ទីមួយ​គាត់សោះអង្គើយណាស់ពេលឃើញ​ផ្កាដែល​​ប្តីគាត់ខំចាត់ខ្ញុំឱ្យយកមក ចំណែកទឹកមុខ​គាត់នៅពេលកាន់ដៃជាមួយ​បុរសសង្ហាម្នាក់ទៀត​ឡើងជណ្តើរ​ត្រៀមហោះហើរ​គឺ​«ស្រស់ប៉ប្រឹម»។

«ពូ!ពូ!ឈប់សិនណា៎ ឈប់ហ្នឹងចុះ!»

ខ្ញុំគិតរឿងនេះរហូតមក តែមិនទាន់ដល់ក្បែរកន្លែងធ្វើការទេ កាន់តែ​តែឈឺក្បាលពេក ​ប្រុង​ថា​ចុះដាក់កាហ្វេមួយពែងឱ្យចាស់ឱ្យ​​បានស្វាងបន្តិច​សិនក៏ល្អ។

បាន​ជាខ្ញុំបញ្ឈប់ជំនិះ។

ឱ្យលុយគេ​រួច ប្រុង​ងាកមក​ថា​នឹងឆ្លងបន្តទៅហាង​នៅនឹងមុខ ស្រាប់តែខ្ញុំឃើញដាលី បង្ហាញខ្លួននៅក្នុងហាងនោះជាមួយនឹងបុរសម្នាក់ ។ ដាលី​ជាមិត្ត​ជិតដិត​របស់ខ្ញុំតាំងពីរៀនវិទ្យាល័យ និង​មហាវិទ្យាល័យ ក្រោយមកក៏ខ្ញុំជួយធានា ណែនាំឱ្យមកធ្វើការជាមួយខ្ញុំទៀត។

ដំបូងគិតថា ចង់រត់ទៅរកមិត្តដោយសប្បាយរីករាយនឹងបានជជែក​ក្អាកក្អាយបំភ្លេចរឿងចម្លែកៗ​នៃគ្រួសារប្រធានខ្ញុំ ​រួចសឹម​​ជិះទៅកន្លែងធ្វើការជាមួយ​គ្នា ប៉ុន្តែនៅពេលឈានបានមួយជំហាន​ទៀត បុរសឡូយសង្ហា​ក្មេង​ម្នាក់បង្ហាញ​ខ្លួន ​ហើយ​កាន់ដៃនាង។

ដាលីមិនមែនមកម្នាក់ឯងទេ។

ខ្ញុំភ្ញាក់អារម្មណ៍យ៉ាងខ្លាំង ព្រោះនាងមិនដែលឮថាមានសង្សារផង?

ដូចជា បទចម្រៀងស្រី Sad Movie ដែរ​ ចាំអីនិយាយ ព្រោះតែខ្ញុំឈរភ្លឹកនោះ​​គឺ​បុរសនោះ ជាវិសាលសង្សាររបស់ខ្ញុំ ។ គេទើប​តែប្រាប់ថា «ព្រឹកនេះក្រោកមិនរួច!»។

ពួកគេបានថាសអាហារពេលព្រឹក ក៏បណ្តើរគ្នាយ៉ាងរីករាយអង្គុយចុះក្បែររបាំងកញ្ចក់ហាង។

ចាញ់បោកគេ!!!

ពាក្យបីម៉ាត់នេះ​មិនពិបាកទទួលដឹងទេ ! មិនបាច់សួរ មិនបាច់​បកស្រាយ វាសាមញ្ញដូច្នេះហើយ រូបភាពប៉ុណ្ណឹង​អាចបញ្ជាក់គ្រប់យ៉ាង។

គេមិនដែលរាប់អានគ្នា​ក្នុងនាមមិត្តជិតដិតរបស់សង្សារ​ ហើយ​មកកាន់ដៃគ្នាកណ្តាលក្រុងភ្នំ​ពេញ ​និង​កុហកសង្សារខ្លួនឯងថា ជាប់ធ្វើReport ដល់ម៉ោងពីរភ្លឺទេ។

គ្រប់យ៉ាង​សាមញ្ញ​ ប៉ុន្តែអារម្មណ៍ដែលភ្ជាប់មកជាមួយព្រឹត្តិការណ៍នេះ វាមិនសាមញ្ញទេណាញាតិអើយ!  អារម្មណ៍ត្រូវបាន​ក្បត់ អារម្មណ៍​ខឹង អាម៉ាស់ និងខូចចិត្ត ដូចជា​ទីក្រុងនេះកំពុងរលត់ពន្លឺ​ឈឹបៗ​ទៅទាំងស្រុង។

ព្រោះតែចិត្តទ្រុស្តក្បត់របស់ពួកគេ យើងបែរជាមិនចោទសួរអំពី​ចរិត​ពួកគេ​ដែលលាក់ពុតប្រព្រឹត្តិអ្វីៗទាំងអស់នៅពីក្រោយ​ខ្នង​យើងជាមនុស្ស«ត្រង់ម្នាក់»បែរជាឱ្យយើង​មកសួរខ្លួនឯងឡើងវិញ ថា​ ហេតុអ្វី?ហេតុអ្វី?​ហេតុអ្វី?

គ្មានចម្លើយទេ! គ្មានឡើយ!

ខ្ញុំដើរថយមកវិញ គឺដើររហូត​ មិនរវល់នឹងអ្វីជុំវិញខ្លួន មិនខ្វល់ស្បែកជើងខ្ញុំឈឺនិងខ្ពស់ ព្រោះចិត្តខ្ញុំកំពុងឈឺជាង ផង។

សំណួរជាច្រើន​បានវាយលុកខ្ញុំ …..ពួកគេ​ស្គាល់គ្នា​ពីពេលណា?​ក្រែងខ្ញុំជាអ្នកណែនាំ​ដាលីឱ្យស្គាល់សាលទេហ្អី?  ស្នេហា?​គេស្រលាញ់ខ្ញុំឬដាលី? ហេតុអីញ៉ាំអាហារពេលព្រឹកជាមួយគេហើយ​ពេលល្ងាចនេះសន្យាមានបាយ​រ៉ូមេនទិក​ជាមួយខ្ញុំ?

ដាលី​ក្បត់ខ្ញុំធ្វើអី? គេដឹងតាំងពីដំបូង​មកថា ខ្ញុំស្រលាញ់សាលណាស់!

សរុបមកពួកគេ​លួចលាក់​!​កំបាំង​ពីចិត្តខ្ញុំ!​ពួកគេ​ប្រុងធ្វើដល់ពេលណា?ស្នេហាត្រីកោណ​ធុនថោកៗ​អស់នេះ?ហេតុអ្វីមិនបង្ហាញច្បាស់ថា​យើងចប់គ្នា ហើយពួកគេជាអ្នកក្បត់ខ្ញុំ?

​    ដោយសារតែគិតថាខ្ញុំជាប់រវល់ ជាមួយ​ប្រធានខ្ញុំទៅហើយ ដូច្នេះពួកគេរឹតតែមានឱកាសក្នុងការចួបគ្នា ? ចាំបាច់អីធ្វើអ៊ីចឹង?​ ជើងមួយជាន់ទូកពីរ​? ប្រុសម្នាក់ហ្នឹងថាអ៊ីចឹងចុះ ចុះស្រីម្នាក់ហ្នឹងវិញ? ​នាង​ខ្វះមនុស្សប្រុសណាស់ ដល់ថ្នាក់លូកថ្លើម​មិត្ត?

ធម្មតាខ្ញុំគួរតែទៅបង្ហាញខ្លួនដល់តុហ្នុង ដល់ពួកគេដឹងថា ខ្ញុំបានឃើញសកម្មភាពក្បត់របស់ពួកគេច្បាស់ៗហើយ ប៉ុន្តែមិនអ៊ីចឹងទេ ខ្ញុំហត់ណាស់ !​ខ្ញុំបានដកថយ​ត្រលប់មកកន្លែងធ្វើការវិញយ៉ាងស្ងៀមស្ងាត់…..ឱនេះ ជាថ្ងៃប្រាំបីមីនាដ៏ស្ងប់ស្ងាត់បំផុតមួយ​សម្រាប់ខ្ញុំ!

នៅក្នុងជណ្តើរ​យន្តដែលមានសេរីភាពក្នុងការលេងទឹកមុខ​ព្រោះគ្មានអ្នកណានៅ​ ​ខ្ញុំ​អាចធ្វើមុខ​ដូចជិតស្លាប់បាន មិនចាំបាច់ធ្វើធម្មតាឬញញឹម​ដាក់ពូសន្តិសុខ​ មីងបោសសម្អាត​ដូចនៅខាងក្រៅមុននេះឡើយ។

«អាដា! ទោះ​មាន​អ្វី​កើតឡើង​​ក៏​មិន​មែន​ជា​កំហុស​របស់​ឯងអាដា! ​ដែល​មាន​នរណា​ម្នាក់​បោក​ប្រាស់យើងហើយ យើង​មកខឹងខ្លួនឯងថែមទៀតនោះអាដា! »

ខ្ញុំប្រាប់ខ្លួនឯងបែបនេះ​រហូត​ព្រោះជាមនុស្ស​មានទស្សនវិជ្ជាពេញខ្លួន ខ្ញុំចូលចិត្ត​អានQuoteលើកទឹកចិត្ត​ណាស់ ។

«​មនុស្សខ្លះធ្វើរឿងដែលគួរឱ្យឈឺចាប់ អាច​ដោយសារហេតុផលជាច្រើន ដែលយើងមិនដឹង! ហើយប្រហែលជាល្ងាចនេះ​វិសាល​អាច​ ពន្យល់បាន»

ទោះគិតវិជ្ជមាន​បែបណាក្តី​ចិត្ត​ខ្ញុំមិនបានវិជ្ជមាន​ទេ។ ទទួល​យក​ចុះថា ​អ្វី​ៗ​បាន​កើតមាន​បែបហ្នឹង​មកហើយ​គ្រាន់តែយើង​ទើបតែដឹង…ក៏ល្អ….យើង​ដឹងយើងបានឃើញ​ផ្ទាល់ភ្នែក​ក៏ល្អហើយ ល្អជាងមិនដឹងអី!  …ទោះជា​ត្រូវការពេលវេលាដើម្បីព្យាបាល និងរៀន​ដកដង្ហើមហើយទទួលយកថាអ្វីៗនឹងចុកឈឺ និងរបួស​មួយរយៈតែទទួលយកចុះ!

ទ្វាររបើក​ហើយ ! ខ្ញុំប្រាប់ខ្លួនឯងថា នេះមិនមានន័យថា ខ្ញុំបាន​យល់ព្រមឬយល់ស្រប​ជាមួយរឿងក្បត់ចិត្ត​នេះទេ  វាគ្រាន់តែមានន័យថា ខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាក្នុងការប្រយុទ្ធនឹងអ្វីមួយដែលយើង​មិនអាចផ្លាស់ប្តូរវា។

ខ្ញុំមិនមែន​ជាមនុស្ស​ងាយចុះចាញ់ឡើយ ខ្ញុំអាចច្បាំងដើម្បីជិវិត​បាន​ ផ្ទុយ​ទៅ​វិញពេលនេះ​ច្បាំង​យកមនុស្ស​ក្បត់ខ្ញុំគ្មានកម្លាំងចិត្ត​ទេ មិនចង់បានឡើយ។

អង្គុយ​មកលើតុធ្វើការ​ ខ្ញុំងាកមើលទូរសព្ទខ្លួនឯង! គេរវល់ហើយ! សូម្បីតែ​ពាក្យជូនពរសិទ្ធិនារីមួយក៏អត់មានដែរ! ងាកទៅតុដាលី! នាង​ក៏អត់ទាន់ឃើញមកដល់ដែរ! ​ខ្ញុំសើចចំអកខ្លួនឯង។

ក្រុមហ៊ុន​ខ្ញុំនេះ​ ធម្មតាបុគ្គលិក​ផ្នែក​ខាងខ្ញុំ ត្រូវ​ចូលធ្វើការនៅម៉ោង១០ព្រឹក ​ដោយសាររាល់យប់យើង​ចេញពីធ្វើការម៉ោង​៨ឯណោះ ​ព្រោះ​យើងជាដៃគូប្រចាំប្រទេសនៃក្រុមហ៊ុនបារាំងមួយ​ដែលត្រូវ​ទាក់ទងជាមួយ​តំណក្រុមហ៊ុនវេចខ្ចប់នឹងដឹកជញ្ជូនបញ្ញើទៅប៉ារីស ក៏ដូចជាទីក្រុងអឺរ៉ុបមួយចំនួនទៀត។

នេះ​គឺជាថ្ងៃប្រាំបីមីនាដោយស្ងប់ស្ងាត់បំផុតសម្រាប់ខ្ញុំ ដែលខ្ញុំមកOfficeមុនគេពេក មិនទាន់មាននរណាមកនៅឡើយ​ពួកគេរវល់ហើយតួយ៉ាងដូចជា​ដាលី…..

ស្នូរគ្រហែម… ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញបងធានថៅកែ​របស់ខ្ញុំនៅក្នុងបន្ទប់គាត់។ គាត់មកឆាប់ម្ល៉េះ?

ខ្ញុំមិនបាននិយាយសួរគាត់ទេ ​គិតតែក្នុងចិត្ត​ហើយក៏នឹកឃើញ​ភ្លាម​ដល់ស្ថានភាព​ប្រពន្ធស្រស់ស្អាតរបស់គាត់«អ្នកស្រីស៊ីណា»នៅព្រលាន​យន្តហោះ!

ហ៊ឹម…គាត់ក៏មិនគ្រាន់បើជាងខ្ញុំដែរ ខំប្រឹងរកស៊ីឈ្មុសឈ្មុល​ធ្វើការដល់ថ្នាក់មិនដឹងថាប្រពន្ធ……

គិតហើយ​មិនដឹងចិត្ត​អ្វី​ទេ​រុញខ្ញុំឱ្យក្រោក​ ដើរទៅគោះទ្វារបន្ទប់តិចៗ​ព្រោះត្រូវរាយការណ៍​រឿង​ការងារទិញផ្កា​រួចរាល់…..

«ផ្កាទិញរួចហើយបង!»

ខ្ញុំទម្លាប់ហៅគាត់«បង»ព្រោះមេដឹកនាំខ្ញុំចូលចិត្ត​បែបនេះតាំងពីដើម​មក គាត់​មិនដែល​ចង់ឱ្យបុគ្គលិកណាហៅថា«មេ»ឬ bossអីទេ។ អកប្បកិរិយាបងធាន គឺកំពុងពិនិត្យ​បញ្ជីនិង​ឆ្លើយMailមមាញឹកដូចរាល់ដង។

«ក៏បានយកទៅដល់ Airport ដែរ!»

«ពួកគេ ​flight សប្បាយចិត្ត​ទេ?!»

គាត់និយាយតបមក​ដោយមិនងើបមុខទេ។

«ពួកគេ?»

បានន័យថា គាត់ដឹងពីរឿងប្រពន្ធគាត់ទៅជាមួយបុរសនោះ?

«បងធាន​ដឹងដែរ?»ខ្ញុំសួរភ្លាមៗ។

«បាច់ផ្កាហ្នឹងបងជូនគេ​ជាចុងក្រោយ​! ពួកគេ​ទៅ​ស្រុកក្រៅ​នៅជាមួយ​គ្នាហើយ​! បងនឹង​គេចប់ហើយ​អាដា!»

ខ្ញុំមិនដែលដឹងរឿងគាត់ច្បាស់ទេពីមុនមកដ្បិតជាជំនួយការផ្ទាល់ តែសម្តីគាត់ពេលនេះ បានន័យថាប្តីប្រពន្ធគាត់បែកគ្នា? ខ្ញុំមិនមាត់ នៅរង់ចាំស្តាប់គាត់ព្រោះខ្ញុំយល់ចិត្ត​អ្នកដែលកំពុង«ខូចចិត្ត»។

«បងបែកជាមួយគេហើយ! តែនៅព្យាយាម​ជូនពរសិទ្ធិនារីគេ!»

ខ្ញុំនឹកឃើញ​ភ្លាម​ដល់រឿងបាច់ផ្កា ប៉ុន្តែខ្ញុំមិនអាចជម្រាបគាត់រឿង​មនុស្ស​ស្រីចិត្ត​ទឹកកកនោះទុកផ្កាគាត់ចោលទេ។

«​បង​ធាន​បន្ត​ទៅ​មុខ​ដោយ​របៀប​ណា​នៅ​ពេល​ដែល​……»

ឃើញខ្ញុំនៅទីទើរយូរពេក គាត់ងើបមុខមកសើចសួរ៖

«ដែលអី?»

ទំនងជា​ទឹកមុខខ្ញុំSadអាក្រក់ពេកបានជា​ពេលនេះ​គាត់ភាំងមើលមកលែងសួរនាំ។ ខ្ញុំរកពាក្យផ្សេងមកឱ្យបានបន្លប់៖

« ត្រូវការកាហ្វេទេ? ខ្ញុំប្រុងថាចុះទៅទិញដែរ!»

គាត់សម្លឹង​ភ្នែក​ខ្ញុំដែលខំលាក់លៀមទុក្ខព្រួយ។​ ចិត្តមួយខ្ញុំយល់ចិត្តគាត់ខ្លាំង​ ព្រោះយកចិត្ត​គាត់ដាក់ក្នុងចិត្ត​ខ្លួនឯង ចិត្ត​មួយទៀត​ខ្ញុំដឹងថា រឿងបាច់ផ្កានឹង​មិននិយាយប្រាប់គាត់ឱ្យខូចចិត្ត​ដាច់ខាត ដូច្នេះហើយបានជាព្យាយាម​គេចភ្នែក​ចេញពីគាត់។

គាត់បន្តសួរខ្ញុំដោយស្ងួតស្ងប់៖

«ព្រលឹមម្ល៉េះ?!»

«ខ្ញុំបានកុម្ម៉ង់ផ្ការួចហើយ…ចេញមក​មិនដឹងទៅណា….ក៏ត្រលប់មក Office ហ្មងទៅ!»

«រាល់ដង៨មិនាឃើញតែងខ្លួនស្អាតៗ នៅម៉ោងច្រើនតើ!»

«គ្មានអារម្មណ៍​ទេបង….ឆ្នាំនេះ!»

មនុស្ស​ស្រស់ស្រាយដូចខ្ញុំស្រាប់តែក្លាយជាបែបនេះ ​ដឹងតែលាក់គាត់មិនជិតទេ។

គាត់បន្តសម្លឹងខ្ញុំ ខ្ញុំទ្រាំមិនបានទៀតដឹង? ភ្នែក​គាត់សម្លឹង​ដូចមានសំណួរច្រើន​តែគ្មាន​សំឡេង​។ ទឹកភ្នែកខ្ញុំខំទប់ណាស់ តែ​ស្រាប់តែ​វាក៏ស្រក់ចុះមករហាម​ឆ្វាច មិនដឹងថាទប់យ៉ាងណា។

«មានរឿងអី?»

សួរបីម៉ាត់នេះ​ហើយ គាត់ក៏ហៅខ្ញុំអង្គុយចុះ។

ខ្ញុំស្រវាយកក្រដាស់ជូតទឹកភ្នែកហើយ​ចាប់ផ្តើម​អង្គុយ​ឆ្ងក់។ បងធានដើរមកក្បែរខ្ញុំហើយគោះស្មាខ្ញុំតិចៗនិងសួរនាំ​៖

«ប្រពន្ធខ្ញុំស្តីឱ្យអាដាឯង!»

ខ្ញុំរាដៃបដិសេធភ្លាម៖

«អត់ទេៗ មិនមែនរឿងគាត់ទេបង! អត់ទាក់ទងទេ!»

«អីចឹងប្រាប់បានទេ ​ហេតុអី​ធ្វើមុខយ៉ាប់ទាំងព្រឹក?!»

ខ្ញុំនៅស្ងៀមបន្តិចទម្រាំដាច់ចិត្តសួរគាត់បកវិញ៖

«បងធាន​បែកបាក់គ្រួសារទាំងមូល បងធ្វើចិត្ត​របៀបណាបាន? ឬមួយ…មកពីបងជាមនុស្សប្រុស?»

គាត់ចង្អុលខ្ញុំ រេម្រាម​ដៃចុះឡើងៗបង្អាប់៖

«បែកបាក់សង្សារហ្មង!»

«អាក្រក់ជាងហ្នឹងទៀត!»ខ្ញុំនិយាយអណ្តឺតអណ្តកហើយជូតទឹកភ្នែក​ដែល​ហូរមក ទើប​និយាយបញ្ចប់៖

«សំខាន់មិនទាន់បែកគ្នា​ទេ! ​តែគេលបមាន​​អ្នកផ្សេង​ក្រោយខ្នង​យើង! ជាមនុស្ស​យើង​ទុកចិត្ត​បំផុតទៀត​»

បាននិយាយ​ចប់ដូចបាន​បញ្ចប់ភាពតឹងទ្រូង​។ ​ខ្ញុំក៏យំហ៊ូតែម្តង​ ​ក្រោយមក​ខំ​ទប់វិញ។

មេដឹកនាំខ្ញុំនិយាយខ្សឹបៗ៖

«យំទៅអ្ហ៎ា! ចង់យំ យំមកអាដា​! ហើយ​ជឿបង!  អារម្មណ៍ឈឺចាប់ ជារឿងធម្មតាមួយ កុំទប់វា!»

ខ្ញុំបានឮប៉ុណ្ណឹងក៏ស្រក់ទឹកភ្នែកមកដូចបាក់ទំនប់។ ខ្ញុំមិនចង់ឱ្យគាត់​ពិនិត្យ​ខ្ញុំពេកទេ ចង់ដឹងពីរឿងគាត់វិញដើម្បីបាន​​បន្លប់ចិត្ត​ខ្លះ​ ទើបខ្ញុំព្យាយាម​សួរ៖

«ខ្ញុំចង់រឹងមាំដូចបងធាន!»

គាត់សើចស្ងួត​តែខ្ញុំក៏មើលឃើញការ​ឈឺចាប់ក្នុងស្នាម​សើចនោះ។ គាត់គោះតុហើយហៅខ្ញុំ៖

«តោះទៅផឹកកាហ្វេ បងប៉ាវព្រោះសិទ្ធិនារី!»

«ខ្ញុំហើមភ្នែកហើយមិនចង់ទៅណាទេបង!»

«អ្ហើយខ្លាចអ្នកណា?​ អ្នកណាមិនធ្លាប់យំអ្ហះ?!»

ខ្ញុំសម្លឹងមុខគាត់ គាត់ក៏បន្ត៖

«​ហើយ​បើអាដាឯង​នៅ​​ព្យាយាម​បដិសេធ​អារម្មណ៍ពិតរបស់ខ្លួនឯង​បែប​នេះ អត់បានការទេ ផ្ទុយទៅវិញ​ វា​កាន់តែ​ស្អិតStick ​នៅ​ជាប់​នឹង​ខ្លួន​យើងកាន់​តែ​យូរឡើងៗ​ក្លាយជាមានវិបត្តិជា​ទម្លាប់តែម្តង!»

ជាការពិតសម្តីគាត់ត្រូវចិត្តខ្ញុំ។

សម្តីខ្លះមួយម៉ាត់ពីរ ក៏មាន​ឥទ្ធិបលជាងអានសៀវភៅ១០ក្បាលឬនិយាយមិនបានការ១០ម៉ោង។

គាត់ចុះទៅមុន ឯខ្ញុំបានលាងមុខពេលសម្រេចចិត្តទៅជាមួយគាត់រកស្រស់ស្រូបចេញ។

​    បេះដូងខ្ញុំទទេហើយ​ក្រពះមិនអាចទទេតាមទេ។

ចុះមកនេះ​ ខ្ញុំ​បាន​ព្យាយាម​ដាក់​ទឹក​មុខ​ក្លាហាន ហើយ​ធ្វើ​មិនឱ្យរាងកាយ​​អើពើ​នឹង​អារម្មណ៍​របស់​ខ្ញុំ ប៉ុន្តែ​….វា​មិន​បាន​ផល​…..ព្រោះ…..

«អេ្ហ! ញ៉ាំអីអត់​ទិញផ្ញើ!»

សាររបស់ដាលី។

បើមិនបានឃើញរឿងពីព្រឹក​ខ្ញុំច្បាស់ជា​ផ្ញើទិញកាហ្វេនិងអ្វីៗ​យ៉ាងមានឱជារសហើយ….​តែ…..

«គ្នាឆ្អែតហើយ!»

ខ្ញុំសរសេរបីម៉ាត់នេះ​ទាំងញញឹម​ចុកក្នុងបេះដូង។

សន្យានឹងខ្លួនឯងមិនចុកឱ្យលើសពីបីនាទីទេ។

ខ្ញុំនឹងទាត់ចោល​ការឈឺចាប់ដែលពួកគេ​កំពុងបញ្ជូន​មកឱ្យជីវិតខ្ញុំ។

បងធានផ្ញើទីតាំងមក…..ខ្ញុំដើរទៅ….នេះជាហាងកាហ្វេតូចមួយស្ងាត់ មិនដាច់ និងល្អបំផុត​សម្រាប់មនុស្ស​ខូចចិត្ត​ដូចខ្ញុំ។ និយាយទៅ​ ពេលកន្លងមកចូលចិត្ត​តែកន្លែងមនុស្សច្រើន បានជាអត់ដឹងថា​ក្នុងដឿងហែម​មាន​កូនPubមួយokយ៉ាងនេះ។

«បងធាន​ស្គាល់កន្លែងនេះ​យូរហើយ?»

«បងដើរមើល! បងចូលចិត្ត​ដើរមើលរកអ្វីថ្មីៗ !»

ខ្ញុំបាន​ហៅអីញ៉ាំ​ជាមួយគាត់។ ខ្ញុំបានព្យាយាមធ្វើដូចជា​ធម្មតានៅខណៈពេលដែលមនុស្សគ្រប់គ្នា​ប្រហែលជាស្មានថា ខ្ញុំមិនអីទេ មិនធំដុំឡើយ​សម្រាប់យុវវ័យ​សម័យនេះ​ក្នុងការ​ខូចចិត្ត តែតាមពិត​ នៅខាងក្នុងជម្រៅ​បេះដូង​ខ្ញុំ កំពុងឈឺចាប់…..ខ្លាំង….។

«ធូរចិត្តនៅ?»

គាត់សួរ។ តាមពិត​ ទើបតែមួយម៉ោងជាងនេះ មិនទាន់ដល់ពេលដែលខ្ញុំអាចទទួលស្គាល់ថាខ្ញុំ«ធូរ»នៅឡើយទេ។ ការឈឺចាប់ តូចចិត្ត និងខឹងមនុស្ស​ក្បត់បាន​ចាប់ផ្តើមដំណើរការឡើងស្រឹបៗជា​បន្តបន្ទាប់។ អ្នកទាំងពីរនៅតែអណ្តែតមកបិទបាំង​កែវភ្នែកខ្ញុំ រាល់សម្តីចាស់ថ្មី ត្របាញ់មកក្នុងការចងចាំរបស់ខ្ញុំ។ ជាការពិតណាស់ ការរៀនទទួលយកអារម្មណ៍ធ្លាក់ចុះមិនមែនស្រួល​ទេ ចង់ទាញ​មកធម្មតា​ភ្លាមៗ​ក៏រឹតតែពិបាក។

«ខ្ញុំមិន​កុហកទេបង! ខ្ញុំកំពុងស្អប់គ្រប់យ៉ាង​!»

«កុំស្អប់ដោយទាំង​ជីវិតខ្លួនឯង ណ៎ា!»

«ហេតុអីបងចំណាយពេលជាមួយខ្ញុំ បងធាន​!»

«ព្រោះបងយល់!»

«បងនៅមិនទាន់ឆ្លើយទេ ថាបងធ្វើចិត្តបាន​​របៀបណា?»

គាត់ញញឹម។

«សម្រាប់​បងណ៎ាអាដា!  អារម្មណ៍ឈឺចាប់របស់បង មិនមែនជារឿងដែលបងមិនរំពឹងទុកទេ បងដឹងថា យើងមិនល្អគ្រប់យ៉ាង​ហើយថ្ងៃណាមួយអ្នកណាម្នាក់នឹង​និយាយរឿងនេះចេញមក ចំណែក​បើគេនោះជាមនុស្ស​ដែលយើងស្រលាញ់ហើយទាមទារ​ចង់ចាកចេញ យើងរឹតតែឈឺ តែធ្វើម៉េច?!»

«បងគ្រាន់បើ ជាងខ្ញុំ! បើអ្នកស្រី​ចាកចេញតាមសម្រួល និយាយគ្នា​តាមត្រង់ក៏គ្រាន់!  ចំណែកខ្ញុំត្រូវគេបោកក្រោយខ្នង!»

គាត់ពន្យល់ខ្ញុំ៖

«ពេលអាដាឯងខឹង សោកសៅ ឬត្រូវគេ​ប្រូ គេ​ក្បត់ ស្អី​ក៏ដោយ​យើងអាច​ស្អប់ខ្លួនឯង​ដែលមិនល្អគ្រប់គ្រាន់ទាក់ទាញគេបានយូរ ស្អប់ខ្លួនឯងដែល​​ត្រូវ​បាន​ច្រាន​ចោល ឬ​ស្អប់ខ្លួនឯងដែលឱ្យគេ​យកប្រៀបបាន​​ដោយ​សារ​តែ​ចិត្ត​ល្អ យល់​ចិត្ត និងប្រហែស​! ​កុំបន្ទោសខ្លួនឯង! អារម្មណ៍ដែលថា​ត្រូវ​គេ​ក្បត់នឹង​ធ្វើឱ្យគ្រប់យ៉ាង​រឹតតែ​អាក្រក់ទៅៗ! កុំ​បំផ្លាញការគោរពខ្លួនឯង…..!»

«ត្រូវណាស់បង ខ្ញុំកំពុង​មានអារម្មណ៍ថា ខ្ញុំមិនល្អគ្រប់គ្រាន់ទេមើលទៅ!»

«គ្មានអ្នកណា​ល្អឥតខ្ចោះទេ ! ប៉ុន្តែទុកថា មនុស្សខ្លះ ចង់បានរឿងលើសពីធម្មតា! ហេតុផល​ដែលមិនគួរឱ្យជឿ គឺពួកគេ​ចង់បានរបស់ដែលគេមិនទាន់បាន! ជាគំនិតមាយាទ​ភ្លើតភ្លើន​របស់គេ កុំដោយសារគេ​មក​ស្តីបន្ទោសខ្លួនឯង!​សំខាន់ត្រូវរកពេលល្អ សម្រេចចិត្ត​ថា ចង់ជួយគេមកការពិតវិញ ឬ ចង់ចាកចោលមនុស្សប្រភេទនេះកសាងជីវិតជាថ្មី?»

ពេញមួយ​ថ្ងៃ ខ្ញុំវិលមកកន្លែងវិញ សួរខ្លួនឯងនូវសំណួរដែលបងធានបានចោទមក។ តើវិសាលពិតជា​ចង់សាកជើងមួយទូកពីរឬ? តើខ្ញុំគួរទាញគេមកវិញ ឬក៏ដើរហួសទៅចោលគេឱ្យសប្បាយនឹងភាពភ្លើតភ្លើនរបស់គេចុះ?

    សំណួរ​បែបនេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ស្មុគ…..ព្រោះ​ខ្ញុំ​មិន​អាច​ផ្តល់​ចម្លើយ​ត្រឹមត្រូវ​មួយដល់​ខ្លួន​ខ្ញុំ​បាន​ទេ។

ខ្ញុំយល់ សម្តីគាត់ពន្យល់។ អ្វី​ដែល​ដៃ​គូ​របស់​យើង​​បាន​ជ្រើសរើស​ធ្វើ ជាចរិតរបស់គេ ​មិន​មាន​ពាក់ព័ន្ធ​នឹងកំហុសគុណសម្បត្តិ​យើង​​ទេ។ យើង​មិនគួរមានអារម្មណ៍ទទួលខុសត្រូវចំពោះសកម្មភាពក្បត់ ឬបន្ទោស​ខ្លួនឯងដោយសារមនុស្ស​អប្រិយអស់នោះដែរ….ប៉ុន្តែ ចំពោះមុខ ខ្ញុំបោះបង់ឬព្យាយាមដណ្តើម?

«ជិតដល់ម៉ោងហើយណ៎ា កុំខំធ្វើការពេក!»

វិសាលឆាតមក។ គេមិនដឹងរឿង​រហែកមេឃដែលខ្ញុំរកឃើញទេ។ ខ្ញុំវិញ​គ្មានអារម្មណ៍អ្វីទាំងអស់ក្រៅពីងើបមុខ​លបមើលដាលី។ នាង​ញញឹម​ញញែមនឹងថែមក្រែមថែមម្សៅ។ នាង​កំពុងសប្បាយដែលមាន​ស្នេហា​…..ok….

ដូច្នេះល្ងាចដដែលនោះខ្ញុំបានណាត់ដាលី ចេញទៅញ៉ាំ Dinner។ នាងក៏បានយល់ព្រមចេញមកជាមួយខ្ញុំតាមធម្មតាលក្ខណៈជាមិត្ត​ស្និទ្ធស្នាល។

បើពួកគេស្រលាញ់គ្នាហេតុអីបានជាពួកគេមិនទៅចំណាយពេលល្ងាច​ដ៏ពិសេសនេះជាមួយ​គ្នា? មកពីគេកំពុងបិទពួនក្រោយខ្នងខ្ញុំ? គេខ្លាចខ្ញុំឬអាណិតខ្ញុំឱ្យប្រាកដទៅ?

វិសាល​រុញទ្វារ​ហាងចូលមកដល់ ក៏ទំនងជាភ្ញាក់ផ្អើលនៅពេលដែលឃើញយើងនៅជាមួយគ្នា។

ខ្ញុំញញឹម​ស្រស់​បក់ដៃហៅឱ្យសង្សារត្បាញអាយនេះមកអង្គុយ។

ពេលនោះហើយអ្នកទាំងពីរធ្វើដូចជាប់ពិរុទ្ធ សប្បាយមិនសប្បាយ ទុក្ខក៏មិនដូចជាទុក្ខ។

មិនដឹងថា គេសង្ស័យ​ខ្ញុំដឹងរឿងរបស់គេឬអ្វី ដាលីស្លេកមុខ មិនមាត់ ចំណែកសាលរកតែចង់ងើបចេញ។

«រឿងនេះកើតឡើងតាំងពីពេលណា ?»

ខ្ញុំសួរធម្មតា! គ្មាននរណាម្នាក់ឆ្លើយទេ ចំណែកខាងស្រីងាកមកមើលមុខខ្ញុំដោយទឹកមុខ​ស្ងួត។

មិនបាច់ធ្វើអាណិតទេ ដែលយើងលូកថ្លើមមិត្ត​គឺយើងបានសម្លាប់ខ្ញុំយូរហើយ តែខ្ញុំស្មានថាខ្លួនខ្ញុំនៅរស់។

ខ្ញុំក៏សួរទៀត៖

«គិតថាលាក់ខ្ញុំដល់ពេលណា ?»

វិសាលដកដង្ហើមឃូរ ក៏ជាពេលដែលនាង​ដាលីសម្លាញ់អាប់របស់ខ្ញុំ ​ស្ទុះចាប់ដៃគេធ្វើដូចនាងភ័យ​។ ខាងប្រុសមិនបានច្រានម្រាម​នាង​ចេញ​ទេ។

សារជាថ្មី ខ្ញុំដឹងថា ខ្ញុំនៅរស់ដែរ ព្រោះបេះដូងកំពុងលោតឈឺនិង ស្ពឹក…..។

«ខ្ញុំ…..ខ្ញុំមិនចង់ឱ្យឯងឯកោ!»

ដាលីនិយាយធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់មកច្រោក។ ខ្ញុំងាកមករក​នាង ….មនុស្សនេះ​ជួរជាតិហើយ ធ្វើចិត្ត​ល្អបានទៀត?

ខ្ញុំនិយាយទាំងឈឺចាប់៖

« បើឯងភ័យខ្លាចខ្ញុំឯកោ ម៉េចឯង ចង់យកមនុស្ស​ដែលខ្ញុំស្រលាញ់ទៅ!»

សាលនិយាយកាត់៖

«រឿងអីក៏យើងដោះស្រាយបានដែរ!»

«ឥឡូវយើងកំពុងតែដោះស្រាយហើយ!»ខ្ញុំឆ្លើយតបវិញភ្លាមទៅនឹង​វិសាលឈ្មោះដែល​ខ្ញុំគិតថា​គម្រក់បំផុត​ក្នុងការ​ចងចាំទាំងអស់របស់ខ្ញុំ។

ខ្ញុំចង់​បញ្ជាក់ប្រាប់គេថា មិនបាច់មកធ្វើអាណិតអាសូរខ្ញុំទេ។ ប្រភេទមនុស្សក្បត់ដូចគេប្រហែលគិតថា  ខ្ញុំស្លូតត្រង់ មិនទាន់ចាស់ទុំ  ស្រួលលួង ស្រួល​ប្រើល្បិចបោកប្រាស់ខ្ញុំ ហើយទុកឱ្យខ្ញុំនៅម្នាក់ឯងហើយនិយាយថា ខ្លាចខ្ញុំឯកា?

«ខ្ញុំជាអ្នកខុស​ ខ្ញុំនឹងចាកចេញ!»

ដាលីនិយាយ។

ខ្ញុំក្រពាត់ដៃសើច ព្រោះខាងប្រុសនៅចាប់ដៃនាងជាប់នៅឡើយ។ ប្រហែលជាគេនៅព្រោះតែអាណិតខ្ញុំចំណែក​គេចង់ទៅព្រោះស្រលាញ់«នាង»។

«ខ្ញុំមិនមែន​ស្មូមសុំរបស់គេ និងមិនមែន​ចោរលួចរបស់អ្នកណា! អ្វីមិនមែនជារបស់ខ្ញុំ ខ្ញុំមិនយកទេ! ស្រលាញ់គ្នាបើកចំហរទៅ ហើយ​កុំមកឱ្យខ្ញុំឃើញ​មុខ!»

ខ្ញុំក្រោកចេញ​ចោលពួកគេ តែដាលីផ្ញើសារមកច្រើណាស់។

ខ្ញុំមិនប្លុកតែខ្ញុំមិនអាន​និងមិនទាក់ទង។ គិតឡើងវិញតាម​រយៈការពន្យល់របស់បងធាន ខ្ញុំមិនទុកនាងថា​ជាគូប្រជែងរបស់ខ្ញុំទេ ខ្ញុំមិនយកមនុស្ស​ដែលមិនចង់បានខ្ញុំឡើយ។

វិសាលជាមនុស្ស​ម្នាក់បាត់បង់ការ​គោរពទាំងស្រុង​ពីក្នុងបេះដូងខ្ញុំ ខ្ញុំមិនអាចស្រលាញ់មនុស្ស​បែបនេះ​ទៀតឡើយ។

ចំពោះ​ដាលី​ដែល​ ធ្លាប់ជាមិត្តដ៏ស្មោះនិងស្និទ្ធអស្ចារ្យរបស់ខ្ញុំច្រើនឆ្នាំមកហើយ ខ្ញុំទុកថា ការ​លាក់ពុតរបស់នាងនឹង​នាំនាង​ទៅរស់នៅក្បែរៗមនុស្ស​ប្រភេទដូចគ្នា។

ពេលវេលា​ តែងជួយច្រើនមែន ជួយនាំរឿងសៅហ្មង​ឱ្យរលុប​ព្រាល នាំរឿងមិនល្អឱ្យក្លាយជាអតីត និង​បាននាំមនុស្សមិនល្អចាកចេញពីយើងទៅផងដែរ​។

ខ្ញុំចាត់ទុកនាងថា ជាមនុស្សដែលបង្រៀនខ្ញុំច្រើន​អំពីជីវិតរបស់ខ្ញុំ ហើយរៀនចប់​ខ្ញុំត្រូវ​បន្តដើរ​ទៅមុខដោយផ្អែកលើអ្វីដែលមនុស្ស​ល្អៗបានណែនាំខ្ញុំ។ ដាលី​បានរកការងារផ្សេងហើយ​ចាកចេញព្រោះខ្ញុំមិននិយាយរកនាង​ឬមើលមុខនាង​ទេ។

ខ្ញុំមិនចង់ធ្វើពុត​ឬធ្វើពើអ្វីទាំងអស់ជាមួយ​មនុស្ស​ដូចនាង។

៦ខែកន្លងផុត…..ស្រាប់តែខ្ញុំទទួលបានសាររបស់វិសាលថាគេ​ចង់ជានាគ្នាវិញ។ នេះគឺជាស្ថានភាពគួរឱ្យចាប់អារម្មណ៍ ដែលមានការពន្យល់ជាច្រើនឱ្យខ្ញុំយល់ដឹងអំពី​វដ្តនៃជីវិត​និងអំណាចនៃពេលវេលា​។  ខ្ញុំនឹងព្យាយាមរក្សាការគិត​អំពីវាឱ្យសាមញ្ញ គឺមិនសើចយំ មិនសងសឹក និងមិនរំភើបអីទាំងអស់។

ពេលឃើញខ្ញុំSeen គេក៏voice មកនឹងប្រាប់ហេតុផលវែងឆ្ងាយណាស់ ទាំងអារម្មណ៍សោកសៅ និងការឈឺចាប់ការ​​ដឹង​ពី​កំហុសនិងចង់បន្ត ទំនាក់ទំនងទំនងចាស់ជាមួយខ្ញុំ។

​    មិនមែន​ថារយៈពេលនេះ ខ្ញុំអាចភ្លេចស្នេហា​ជាមួយគេបានដោយងាយទេ ប៉ុន្តែខ្ញុំរៀនរស់នៅឯកាបាន​ដោយមិនមាន​ការ​ភ័យខ្លាច។

ការទម្លាប់បែបនេះ គ្រាន់តែធ្វើឱ្យប្រាកដថា ខ្ញុំមានការតាំងចិត្ត និងភាពចាស់ទុំនៃអារម្មណ៍ អាចថា ប្រើទំនាក់ទំនងលើកក្រោយ​វិធីណាក៏ដោយ ខ្ញុំនឹងធ្វើឱ្យល្អជាងមុន តែសម្រាប់ការ«ក្បត់»ខ្ញុំមិនអាច​អធ្យាស្រ័យ​ទេ ព្រោះខ្ញុំមិនស្រលាញ់មនុស្ស​ដែលខ្ញុំមិនគោរពឡើយ។

«សូមសំណាងល្អ​ពីនេះទៅមុខ! យើងអត់ពាក់ព័ន្ធគ្នាទេ!»

ខ្ញុំសរសេរខ្លីបែបនេះទៅកាន់គេ។

ក្រោយមក បងធានបានជជែកលេងជាមួយខ្ញុំ។

ករណីភរិយា​គាត់ក៏ចង់វិលវិញដូចគ្នា តែគាត់ក៏មិនទទួលដែរ។

គាត់និយាយត្រង់ៗជាមួយខ្ញុំថា៖

«ហាក់​ដូចជា​មនុស្ស​ម្នាក់​នោះ ​មិនសូវ​​គោរព​ខ្លួន​ឯង​ទេបានជា ចាកចោលកន្លែងមួយ​ហើយ មកជាន់ទីនេះវិញ​ហាក់មិនខ្មាស់អៀនខ្លះ! ទោះនៅស្រលាញ់ប៉ុនណា​យើងគួរគិតដែរថា មនុស្ស​ខ្លះ​​នឹង​ទាញ​យើង​ឱ្យធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​របស់​ពួកគេ​ ហើយ​ធ្វើ​ឱ្យ​ជីវិត​យើង​​វេទនាវិលវល់លើរឿងដដែលៗ! កុំធ្វើជាមនុស្សល្ងីល្ងើ២ដង!  ទុក​ឱ្យ​ពួកគេ​​ដោះស្រាយ​ភាព​រញ៉េរញ៉ៃ​របស់គេជាមួយ​អ្នកផ្សេងចុះ! ​ជួនកាល យើងអាណិត​តែមិនបាច់បកក្រោយទេ !»

វា​ជារឿង​ធម្មតា​សម្រាប់​​អារម្មណ៍​នៃការ​ដឹង​​កំហុស។

តែមិនមែន​យើងគ្រប់គ្នា​ត្រូវតែចូលទៅជាភាគី​ឱ្យគេ​បានរំលត់កំហុសគេ​ឡើងវិញទេ។

​    ការរំលោភ​លើ​ទំនុកចិត្ត ជាពិសេស​ការ​បោកប្រាស់​មិនមែន​ជាកំហុស​ធម្មតាៗ​ដូចកំហុស​ឯទៀតឡើយ…..«ខ្ញុំអាចបំភ្លេច​តែខ្ញុំមិនអាចបកក្រោយទេ!»។

ប្រហែលជាអ្នកស្រីស៊ីណា​ឬ​វិសាល​សោកស្ដាយចំពោះអ្វីដែលខ្លួន​បានធ្វើ….តែយើងមិនពាក់ព័ន្ធទៀតឡើយ….។

កុំក្បត់គ្នា….បើលែងស្រលាញ់ចាកចេញនិងនិយាយគ្នាត្រង់ៗ……!

ចប់!