អបអរសាទរ MST Writer ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមករា

ក្រោយពីកម្មវិធី MST Writer រដូវកាលទីមួយបានបញ្ចប់ទៅ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងមក ស្នាដៃនិពន្ធជាច្រើននៅតែមានអ្នកចុចអានជាបន្តបន្ទាប់ ជាពិសេសការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តប្រចាំខែដល់ម្ចាស់ស្នាដៃដែលមានចំនួនអ្នកអានច្រើនជាងគេ ក៏នៅតែបន្ត បើទោះជារដូវកាលទីមួយបានបញ្ចប់យ៉ាងណាក្ដី។

សម្រាប់ខែមករានេះ ស្នាដៃនិពន្ធដែលបានឈរនៅក្នុងកំពូលមាតិកាប្រចាំខែ គឺបានទៅលើស្នាដៃក្រុមនាគា «សុបិនដើរ»។ នាគាបានបញ្ចប់ការបណ្ដុះបណ្ដាលរបស់ខ្លួនជាស្ថាពរជាមួយអ្នកនិពន្ធម៉ីសន សុធារី និងបានផ្សព្វផ្សាយជាផ្លូវការស្នាដៃរួមគ្នាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ត្រឹមតែរយៈពេល១ខែប៉ុននោះ ស្នាដៃអ្នកនិពន្ធវ័យក្មេងមួយក្រុមនេះបានហក់ឡើងក្នុងមាតិកាកំពូលទី៩ ប្រចាំខែមករា។

ខាងក្រោមនេះជាចំណាប់អារម្មណ៍ផ្ទាល់របស់សមាជិកក្រុមនាគា៖

«នាងខ្ញុំជាសមាជិកមួយរូបនៅក្នុងក្រុមនាគា និងជាម្ចាស់ស្នាដៃរឿង “១AM” ផងដែរ។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគ្រូសម្រាប់ការបង្ហាត់បង្រៀននិងលើកទឹកចិត្ត ព្រមទាំងក្រុមការងារនៃ MST Writer ដែលបានជួយសម្របសម្រួល និងជ្រោមជ្រែងកន្លងមក ហើយក៏មិនអាចរំលងបាននូវការអរគុណទៅដល់មិត្តអ្នកអានដែលបានចូលចិត្ត និងគាំទ្រស្នាដៃរបស់ពួកយើងទាំងអស់គ្នា នេះពិតជាបទពិសោធនិងអនុស្សាវរីយ៍ដែលមិនងាយបំភ្លេចបានមួយ។» អេង ស៊ិនវិច្ឆិកា

«ជម្រាបសួរ! នាងខ្ញុំជាសមាជិកក្នុងក្រុមនាគា ដែលជាម្ចាស់រឿង “បន្តសុបិន”។ នាងខ្ញុំពិតជារីករាយណាស់ដែលរឿងរបស់ក្រុមពួកយើងបានជាប់ក្នុងចំណោមអ្នកចុចអានច្រើនជាងគេ ដែលទទួលបានចំណាត់ថ្នាក់លេខ៩។ នាងខ្ញុំសូមអរគុណដល់អ្នកគ្រូ ម៉ីសន សុធារី ដែលបានជួយបណ្ដុះបណ្ដាលពួកខ្ញុំបន្ថែមនូវរាល់ចំណុចខ្វះខាតក្នុងការតែងនិពន្ធ និងជាពិសេសសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ដែលបានជួយគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក។» ស៊ាម ស៊ិនវីរៈបូរមី

«ជម្រាបសួរប្រិយមិត្តអ្នកអានទាំងអស់គ្នា នាងខ្ញុំជាសមាជិកក្រុមនាគា ហើយក៏ជាម្ចាស់ស្នាដៃរឿង “យប់ថ្ងៃអាទិត្យ” ដែលបានបញ្ចប់ការសិក្សាវគ្គខ្លីជាមួយអ្នកគ្រូម៉ីសន សុធារី។ ក្នុងឱកាសនេះនាងខ្ញុំពិតជារំភើបក្រៃលែងដែលស្នាដៃក្រុមនាគារបស់យើងបានជាប់ក្នុង Top 9 ប្រចាំខែមករា។ ខ្ញុំមានតែពាក្យថាអរគុណសម្រាប់អ្នកអានទាំងអស់គ្នាដែលតែងតែគាំទ្រស្នាដៃអ្នកនិពន្ធវ័យក្មេងរបស់យើងកន្លងមក ហើយព្រមទាំងអរគុណទៅកាន់បងៗក្រុមការងារ ក៏ដូចជាអ្នកគ្រូម៉ីសន សុធារី ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការបង្ហាត់បង្ហាញនិងបណ្ដុះបណ្ដាលដល់អ្នកនិពន្ធក្មេងខ្ចីដូចជារូបខ្ញុំក៏ដូចជាសមាជិកក្រុមដទៃទៀត។» ឈឿន អូនធំ

«ជាដំបូងខ្ញុំបាទសូមជម្រាបសួរដល់អ្នកគ្រូនិងបងៗក្រុម MST Writer ទាំងអស់។ ខ្ញុំបាទមាននាមប៉ាកកា “គ្រាប់ខ្សាច់” ជាសមាជិកក្រុមនាគានិងជាម្ចាស់ស្នាដៃ “រឿងអ្នកបន្តវេន” ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធី MST Writer រដូវកាលទី១នេះ សូមអរគុណដល់អ្នកគ្រូ ម៉ីសន សុធារី ដែលជួយបណ្តុះបណ្តាលដល់ក្រុមខ្ញុំ និងបងៗក្រុមMST Writer ទាំងអស់ដែលបានចែករំលែកនូវបទពិសោធល្អៗដល់ក្រុមខ្ញុំ និងរៀបចំដាក់ផ្សាយស្នាដៃរបស់សមាជិកគ្រប់គ្នា។ ជាចុងក្រោយសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលតែងតែគាំទ្រស្នាដៃរបស់ពួកយើង។» លុយ ចំរើន

«នាងខ្ញុំជាសមាជិកម្នាក់មកពីក្រុមនាគា ក៏ជាម្ចាស់ស្នាដៃរឿង “ប្រអប់អថព្វ” សូមអរគុណយ៉ាងជ្រាលជ្រៅទៅដល់បងៗក្រុមការងារ MST Writer និងអ្នកគ្រូម៉ីសនសុធារី ដែលបានបណ្តុះបណ្តាលផ្នែកនិពន្ធនិងតាក់តែងរឿងដល់ខ្ញុំ ឱ្យបានយល់ដឹងពីវិធីតែងនិពន្ធកាន់តែច្បាស់ ដែលធ្វើឱ្យខ្ញុំបានទទួលនូវបទពិសោធល្អៗ មានឱកាសបានពិភាក្សាជាក្រុមនិងចងសម្ព័ន្ធមិត្ត ជាមួយអ្នកនិពន្ធដទៃ។ ម៉្យាងទៀត កម្មវិធីនេះបានផ្តល់ឱកាសឱ្យខ្ញុំបានដាក់ផ្សាយស្នាដៃទៅដល់អ្នកអានបន្ថែមទៀត។ បន្ថែមពីនេះខ្ញុំមានអារម្មណ៍រំភើបនិងសប្បាយរីករាយជាខ្លាំងដែលបានរួមចំណែកក្នុងការសរសេររឿងខ្លី។ បន្ទាប់ពីការដាក់រឿងស្នាដៃរបស់ក្រុមទាំងមូលក្រោមប្រធានបទតែមួយ បានជាប់ក្នុងចំណោម Top 9 ផងដែរ។ ខ្ញុំសូមជូនពរដល់អ្នកអាននិងក្រុមការងារទាំងអស់ឱ្យមានសុខភាពនិងជោគជ័យគ្រប់ភារកិច្ច។» អ៊ឹម អានដាដាណេត

«ជម្រាបសួរ នាងខ្ញុំមាននាមប៉ាកកា “កូនដំបងយក្ស” ជាម្ចាស់ស្នាដៃរឿង “លម្ហបេះដូង” និង “ផ្ទះB17”។ នាងខ្ញុំជាសមាជិកម្នាក់នៃក្រុមនាគារបស់កម្មវិធី MST Writer រដូវកាលទី១ ប្រធានបទ អ្នកនិពន្ធក្រៅសាលា ដែលទើបបញ្ចប់ទៅនាពេលកន្លងទៅ។ ខ្ញុំរីករាយណាស់ដែលបានដាក់ផ្សាយអត្ថបទនៅលើ meysansotheary.com និងបានទទួលនូវមតិយោបល់ណែនាំពីបងៗអ្នកសម្របសម្រួលនៅ MST writer។ តាមរយៈសាច់រឿងកន្លងមកដែលខ្ញុំបានប្រតិដ្ឋឡើងនេះ ខ្ញុំចង់ផ្តល់ឲ្យអ្នកអាននូវអ្វីដែលលើសពីការកម្សាន្តអារម្មណ៍។ នៅក្នុងកម្មវិធីដែរ ខ្ញុំបានទទួលការបណ្តុះបណ្តាលវគ្គតែងនិពន្ធខ្លីពីអ្នកគ្រូ ម៉ីសន សុធារី។ MST Writer ធ្វើឱ្យខ្ញុំមានទំនុកចិត្តក្នុងការសរសេរច្រើនឡើង ទោះបីស្នាដៃខ្ញុំនៅមានកម្រិតក្តី ប៉ុន្តែខ្ញុំបានដឹងថាខ្ញុំមិនបាននៅឯកោដូចកាលពីមុនទៀតទេ វាមិនមែនកិច្ចការដែលខុសគេខុសឯងឡើយ។ ខ្ញុំបានចួបបងៗជាអ្នកនិពន្ធ អាចសុំការណែនាំពីពួកគាត់។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលគិតថាខ្លួនមានទេពកោសល្យផ្នែកនេះឱ្យសាកល្បងចាប់ផ្តើមធ្វើអ្វីដែលខ្លួនស្រឡាញ់។ វាមិនមែនជារឿងចម្លែកនិងគ្មានប្រយោជន៍ឡើយ។» ចាន់ ពុទ្ធី

«ជម្រាបសួរ! នាងខ្ញុំជាសមាជិកក្នុងក្រុមនាគា ហើយក៏ជាម្ចាស់ស្នាដៃរឿង “អាថ៌កំបាំងរាជដំណាក់” ។ នាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមកម្មវិធី MST Writer ក្រោមប្រធានបទ អ្នកនិពន្ធក្រៅសាលា។ សូមអរគុណទៅដល់អ្នកគ្រូ ម៉ីសន សុធារី និងបងៗដែលបានបង្កើតកម្មវិធីនេះឡើង។ ជាមួយគ្នានេះនាងខ្ញុំក៏សូមអរគុណដល់សមាជិកក្រុមនាគា ដែលមានសាមគ្គីភាពល្អនិងចែករំលែកបទពិសោធជាច្រើនជាមួយគ្នា។ ជាចុងក្រោយគឺអរគុណអ្នកអានគ្រប់ៗគ្នាដែលបានគាំទ្រស្នាដៃយើងខ្ញុំរហូតទទួលបាន Top 9» ជាតិ បុលឡា

«ជម្រាបសួរ នាងខ្ញុំមាននាមប៉ាកកា​ “បក្សីតូច” ជាសមាជិកម្នាក់នៅក្នុងក្រុមនាគា ហើយក៏ជាម្ចាស់ស្នាដៃរឿង “ឧក្រិដ្ឋកម្ម7ថ្ងៃ”​ ផងដែរ។ នាងខ្ញុំពិតជារីករាយជាខ្លាំងដែលបានចូលរួមជាមួយនឹងកម្មវិធី MST Writer​​  រដូវកាលទី១  ហើយកាន់តែរីករាយបំផុតនោះគឺស្នាដៃរបស់នាគាទទួលបានការគាំទ្ររហូតទទួលបាន Top 9។ ដូច្នេះហើយខ្ញុំគ្មានអ្វីក្រៅពីអរគុណដល់ អ្នកគ្រូម៉ីសន សុធារី និងក្រុមការងារ MST Writer ដែលបានផ្ដល់ឱកាសនិងជួយបណ្ដុះបណ្ដាលដល់រូបនាងខ្ញុំ ហើយកាន់តែមិនភ្លេចនោះ គឺអរគុណដល់អ្នកទាំងអស់គ្នាចំពោះការស្រឡាញ់ចូលចិត្ត។ ការគាំទ្ររបស់អ្នកទាំងអស់គ្នាគឺជាកម្លាំង   ជម្រុញចិត្តដ៏ធំសម្រាប់ពួកយើង។» ដោយក្ដីគោរពស្រឡាញ់ពីនាងខ្ញុំ វុត រចនា “”បក្សីតូច””

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែធ្នូ