ប្រើប្រាស់ពេលវេលាតិច តែបានផលច្រើន(ពីសៀវភៅពេលវេលា)

ធម្មតា មិនមែនយើងទំាងអស់គ្នាសុទ្ធតែអាចក្លាយជាមនុស្សជោគជ័យក្នុងជីវិតបាននោះទេ។

មូលហេតុសំខាន់គឺលទ្ធភាពរបស់យើងក្នុងការបង្កើនទំហំផលិតផល ឬអាចហៅថា តម្លៃនៃពេលវេលារបស់យើង។ខ្ញុំទទួលស្គាល់ថា តម្លៃនៃពេលវេលា អ្នកណាក៏ចេះនិយាយដែរ គ្រប់គ្នាទទួលស្គាល់ថា ពេលវេលាមានតម្លៃ ប៉ុន្តែតក្កវិជ្ជានៅក្នុងពិភពលោកនេះគឺផ្តោតលើតែលទ្ធផលប៉ុណ្ណោះ។វិធីដាក់តម្លៃពេលវេលាសម្រាប់ម្នាក់ៗ នឹងជួយឲ្យយើងអាចធ្វើការថេរវេលាតិចជាងមុន ប៉ុន្តែកម្រិតប្រាក់ចំណូលនៅដដែល ឬអាចលើសមុនផង។

វិធីនេះ ទោះបីជាមិនមានបង្កើនឲ្យយើងនូវសន្ទុះប្រាក់ចំណូលច្រើនអាចក្លាយជាសេដ្ឋីបានក៏ពិតមែន តែហោចណាស់ បន្សល់ទុកនូវពេលវេលាបន្ថែមទៀតក្នុងថ្ងៃនីមួយៗរបស់យើង សម្រាប់ទៅធ្វើកិច្ចការផ្សេងៗទៀត ដូចជា បង្កើតបានស្នាដៃថ្មីៗ។ល។យើងឃើញមនុស្សភាគច្រើនអាចឈានទៅដល់ចំណុចនេះបាន អាស្រ័យដោយសមត្ថភាព ការទទួលស្គាល់ និងស្នាដៃកន្លងមករបស់ពួកគេ។ ឧទាហរណ៍៖ គេបានឆ្លងកាត់ការលត់ដំ ធ្វើការពេញម៉ោង ៥ ទៅ ១០ ឆ្នាំ ក្រោយមកគេក៏អាចចេញទទួលយកការងារជា Freelancer ក្នុងលំដាប់ផ្សេងៗបាន ដោយមិនចាំបាច់ចំណាយពេលពេញដូចកាលពីមុនឡើយ។បច្ចុប្បន្ននេះមានការងារមួយចំនួនដែលអាចជួយយើងឲ្យបង្រួញការចំណាយពេលវេលាបាន មានដូចជា ការបង្កើតផលិតផល ឬសេវាកម្មលក់ចេញតាមអ៊ីនធឺណិត ការសរសេរសៀវភៅអេឡិចត្រូនិក និងកម្មវិធីបណ្តុះបណ្តាលនានាជាលក្ខណៈ E-Learning ដែលបោះបង់ចោលការធ្វើដំណើរទៅមករកគ្នារវាងភ្ញៀវ និងអ្នកផ្តល់សេវាកម្ម។

នេះទំនងជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលញ៉ាំងឲ្យទីផ្សារអនឡាញកាន់តែមានអានុភាពខ្លាំងឡើង (ខ្ញុំបានសរសេរអំពីទីផ្សារនេះ និងការប្រែសម្រួលជីវិតអ្នកប្រើប្រាស់សេវាកម្មនៅក្នុងសៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ»)។

នេះមានន័យថា ការកេងយកពេលវេលាមកទុកធ្វើអ្វីផ្សេង ត្រូវម៉ាច់នឹងការកើនឡើងនូវប្រសិទ្ធភាពទីផ្សារអនឡាញ ហើយអត្ថប្រយោជន៍គឺបានលើភាគីទំាងសងខាង។មួយវិញទៀត ចង់ក្លាយជាអ្នកដែលអាចប្រើទុនពេលវេលាបានច្រើន គឺចំណេះដឹងដែលអាចនាំទៅដល់ការប្រើប្រាស់បណ្តាមធ្យោបាយស្វ័យប្រវត្តិទំាងឡាយនៅក្នុងអាជីវកម្ម និងការងារប្រចាំថ្ងៃរបស់យើង។

អ្នកដែលនៅឆ្ងាយពីបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗជុំវិញអ៊ីនធឺណិត ជាទូទៅគឺខូចពេលវេលាច្រើនជាងអ្នកដែលគេចេះប្រើមធ្យោបាយទំនើបថ្មីៗ។ខ្ញុំឧទាហរណ៍ដូចជា ពេលយើងប្រើប៊ូតុង Google ដូចគ្នា អ្នកណាក៏ចេះប្រើដែរ ប៉ុន្តែមធ្យោបាយ និងពាក្យគន្លឹះសម្រាប់រុករក គឺខុសគ្នា ដូច្នេះហើយ ពេលវេលាក៏ចំណាយទៅក្នុងរបៀបខុសគ្នាដែរ។
កាលណាយើងចេះប្រើប្រព័ន្ធកាន់តែច្រើនឡើង មិនថាប្រព័ន្ធទំនាក់ទំនងមនុស្ស ឬប្រព័ន្ធស្វ័យប្រវត្តិនានា យើងនឹងកាត់បន្ថយការចំណាយ មកផ្តោតលើយុទ្ធសាស្រ្តយូរអង្វែងក្នុងការកសាងទំនាក់ទំនងដែលធ្វើឱ្យអាជីព និងអាជីវកម្មរបស់យើងកាន់តែរីកចម្រើន។ទទួលស្គាល់អត់ថា យើងនៅយឺត មិនទាន់អាចស្វ័យប្រវត្តិ និងមានប្រព័ន្ធដ៏មានប្រសិទ្ធភាពនៅឡើយក្នុងបរិយាកាសការងារ ឬក្នុងដំណើរការជីវិតយើងទំាងស្រុង?

វិធីនេះស្រួលរកចម្លើយជាង។ ឧទាហរណ៍៖ សួរខ្លួនយើងជានិច្ច រម្លឹកខ្លួនឯងជានិច្ចថា តើយើងមានពេលប៉ុន្មាននាទីក្នុងមួយសប្តាហ៍សម្រាប់សម្រេចផលផ្សេងៗ? តើយើងស្តាយវាប៉ុនណា បើវារំលងទៅដោយមិនបានសម្រេចអ្វីសោះ?វិធីដាក់វិន័យដ៏សាមញ្ញនេះ គួរតែរម្លឹកឡើងវិញជារៀងរាល់ថ្ងៃ។ ការបង្កើតផែនការពេលវេលាច្បាស់លាស់ អាចជួយឲ្យយើងមិនសូវខាតបង់ដូចមុន។ ដោយសារការគិតពីពេលវេលាជានិច្ចនេះដែរ ជួនកាលក៏ជួយយើងឈានទៅផ្លាស់ប្តូរសកម្មភាពការងារ ឬកាលវិភាគឲ្យកាន់តែមានប្រសិទ្ធភាពឡើង។អ្នកចេះធ្វើកាលវិភាគការងារ ភាគច្រើនជាមនុស្សដែលមានលទ្ធផលការងារច្រើន ហើយមិនសូវមានអារម្មណ៍ធុញថប់ ឬធ្លាក់ទឹកចិត្ត ដោយសារពួកគេដឹងថា អ្វីទៅនឹងដំណើរការរលូន អ្វីទៅដែលត្រូវការការតស៊ូតំាំងពីដំបូង។ មនុស្សប្រភេទនេះតែងមានជម្រើស A និង B សម្រាប់មកចំណាយលើពេលវេលារបស់គេ បានន័យថា ពេលជម្រើសដំបូងមិនប្រកប គេមានជម្រើសផ្សេងភ្លាមៗ។

របាយការណ៍ ឬផែនការច្បាស់លាស់ ជាវិធីត្រូវ និងមានតែមួយគត់ ដើម្បីដឹងថា តើយើងកំពុងចំណាយទ្រព្យពេលវេលាត្រូវកន្លែង ឬមួយកំពុងខ្ជះខ្ជាយ។មនុស្សភាគច្រើនរវល់ណាស់ រវល់ដល់ថ្នាក់គ្មានពេលគេងគ្រប់គ្រាន់ និងហាត់ប្រាណ ប៉ុន្តែបែរជាមានពេលសម្រាប់ធ្វើរឿងមិនមានប្រយោជន៍ ដូចជា តាមដានជីវិតអ្នកដទៃ ច្រណែន និន្ទារិះគន់ឈានដល់ធ្វើសកម្មភាពព្យាបាទ។

ការប្រើពេលវេលារបៀបនេះ ជាការខ្ជះខ្ជាយដែលកំពុងកើតមានទូទាំងប្រទេស។ ប្រសិនបើមនុស្សយើងចំណាយពេលគិតអវិជ្ជមាន ឬពេលវេលាដែលលូកលាន់រឿងអ្នកដទៃទៅជាការពន្លូតសមត្ថភាព ឬរិះគន់ចំណុចអវិជ្ជមានរបស់ខ្លួនឯងឲ្យទៅជាមេរៀនកែលម្អវិញ ពេលវេលាប្រហែលជារឹតតែមានតម្លៃជាងបច្ចុប្បន្នឆ្ងាយ។


#ពេលវេលា ដោយម៉ីសន សុធារីតម្លៃ២៥០០០រៀល​