ពូសោភ័ណដូចជាមនុស្សម្នាក់ដែលអភ័ព្វបន្តិចនៅក្នុងគំនិតនិងទស្សនៈខ្មែរយើង។ អភ័ព្វយ៉ាងម៉េច? អភព្វ័ ត្រង់ថា គាត់មិនមានកូនដូចគេទោះបីជាគាត់មានប្រពន្ធពីរនាក់មកហើយ។
ប្រពន្ធពីរនាក់យ៉ាងម៉េច? គឺប្រពន្ធដំបូងរបស់គាត់បានលែងលះគាត់ចោល ដោយសារបន្ទោសថាគាត់ជាមនុស្សប្រមឹកមិនប្រឹងរកស៊ី ចំណែកភរិយាទីពីររបស់គាត់គឺជាមនុស្សស្រីដ៏អស្ចារ្យណាស់ អស្ចារ្យយ៉ាងម៉េច? គឺបន្ទាប់ពីរៀបការជាមួយពូសោភ័ណបានត្រឹមប្រាំបីខែជាង អ្នកក្នុងភូមិរបស់យើងឃើញថា ពូសោភ័ណនេះ បានត្រឡប់មកជួយធ្វើការផ្ទះក្រោកដាំបាយលក់ ជាមួយមីង ដាំដំណាំចិញ្ចឹមសត្វជុំវិញផ្ទះ មិនខ្វះអី។
គាត់មិនបានផឹកស្រាដូចមុនទេ។
យូរៗម្ដងនៅពេលដែលមានបុណ្យនៅក្នុងភូមិ គេឃើញពូគាត់ដើរកាត់ គេហូបជុំគ្នាគេបានហៅគាត់ចំអកឱ្យគាត់ តែគាត់នៅតែមិនព្រមចូលរួម។
ទោះគេនាំគ្នាសរសើរផង បង្អាប់ផងនៅតែគាត់មិនវិលមករកសុរាវិញ។
អាថ៌កំបាំងនេះគ្មានអ្នកណាដឹងទេថា តើម៉េចបានមីងស៊ីនួន ប្រពន្ធទីពីរដែលមានអាយុខុសគ្នាជាមួយប្ដីគាត់មិនដល់ពីឆ្នាំផងអាចធ្វើយ៉ាងម៉េចឱ្យពូសោភ័ណម្នាក់នេះមកបោះ ចោលនូវទម្លាប់មិនល្អ ធ្វើជាស្វាមីល្អឡើងវិញបាន។
ទោះបីជាពូនិងមីងវ័យជាងហាហើយនៅតែមិនមានកូនមួយគ្រាប់ ប៉ុន្តែគាត់មានកូនក្មួយជាច្រើនចេញចូលមិនដាច់ មកស្នាក់នៅជាមួយគាត់។
ដោយសារតែពួកគាត់នៅក្បែរផ្សារ នៅជិតសាលារៀន មីងស៊ីនួនបានបើកលក់ដូរហូបចុកសម្រាប់សិស្ស ត្រូវការកម្លាំងមកជួយផង អាចនិយាយបានថា កូនក្មួយអាចមកស្នាក់រៀនបានមិនចាំបាច់ធ្វើដំណើរជិះកង់កាត់ដីភក់ តាំងពីក្នុងភូមិមកបែកញើសកក្លាក់ ម្ល៉ោះហើយ ក្នុងផ្ទះមានអ្នកមកនៅ៧ទៅ៨នាក់ជាប្រចាំភាគច្រើនជាក្មួយជំទង់។
ស្ថិតក្នុងចំណោមនោះ មានក្មួយស្រីម្នាក់ ខាងមីងស៊ីនួនឈ្មោះថា ម៉ាឡា។ ម៉ាឡាម្នាក់នេះដែលមកនៅបានទើបតែជាងមួយសប្ដាហ៍ទេ។
នាងមកពីឆ្ងាយណាស់តំបន់ទល់ដែនស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យឯណោះ នាងមិនមែនមករៀនដូចជាក្មួយៗផ្សេងៗទៀតទេ គឺដោយសារនាងមានវ័យរាងជ្រេហើយ អាយុជាងម្ភៃអត់ការងារ គ្មានស្រែធ្វើនឹងគេ បានរសាត់ទៅនៅស្រុកថៃទើបនឹងវិលមកពីស្រុកថៃធ្វើជាកម្មករចំណាកស្រុកតែពេលនេះកូវីដមិនមានការងារសម្រាប់នាងក៏ត្រូវបញ្ជូនមកវិញ។
នៅទីនេះជាមួយម្តាយមីង នាង តែងតែឈរអាំងសាច់និងជួយលក់បាយជាមួយនឹងមីងស៊ីនួនជានិច្ច។
ឥឡូវនេះកន្លែងរបស់មីងស៊ីនួនមិនមែនសម្រាប់តែលក់បាយ សម្ល ដល់គ្រូនិងសិស្សនៅក្នុងសាលាប្រព្រឹត្តិដូចរាល់ដងទេ សូម្បីតែគាត់ផ្តើមលក់បាយថ្ងៃត្រង់ក៏ដាច់ជាងគេដែរ។
ម្យ៉ាងដោយសារគាត់លក់ថោកហើយម្ហូបក៏ឆ្ងាញ់មានអនាម័យ ម្យ៉ាងទៀតដោយសារក្មួយស្រីឈ្មោះម៉ាឡារបស់គាត់គឺពិតជាត្រូវដងត្រូវផ្លែគ្នា ជាមួយនឹងបុគ្គលិកធនាគារមីក្រូហិរញ្ញវត្ថុដែលមកធ្វើការក្បែរៗណាស់ ។
សិស្សជាច្រើនរអ៊ូថាពួកគេរកកន្លែងចូលញ៉ាំបាយមិនបានទេដោយសារពួកមន្ត្រីខាងធនាគារតែងតែមកដល់មុនហើយអង្គុយដំអក់នៅទីនោះយូរដើម្បីគយគន់សម្រស់បុប្ផាម៉ាឡៃ។
រយៈពេលកន្លងផុតទៅប្រហែលជាយូរបន្តិច គេក៏ឃើញបាត់ខ្លួននាងម៉ាឡាមកពីស្រុកម៉ាឡៃនោះទៅ ចំណែកដែលធ្លាប់តែលក់ដាច់គគ្រឹកគគ្រេងនៅម្តុំផ្ទះពូសោភ័ណចាប់ផ្តើម បានវិលទៅរកសភាពដើមធម្មតាមួយៗវិញ។
ខ្ញុំ ជាអ្នកនិពន្ធម្នាក់មានផ្ទះនៅក្រោយផ្ទះមួយទៀតដែលទល់នឹងមុខផ្ទះគាត់ ដូច្នេះខ្ញុំក៏បានឮពាក្យមិនល្អជាហូរហែនិយាយអំពីរឿងរ៉ាវកើតឡើងនៅក្នុងផ្ទះពូសោភ័ណគឺថានាងម៉ាឡាដែលមកស្នាក់នៅទើបតែបានប៉ុន្មាន ខែនោះមានផ្ទៃពោះ។
ដំបូងមីងនាងខឹងណាស់ ស្មានថា ជាស្នាដៃពួកមន្ត្រីហិរញ្ញវត្ថុក្មេងៗ។ មុនពេលម៉ាឡាសុំត្រឡប់ទៅស្រែវិញមីង ស៊ីនួនបានហៅមកសួរនាំជីកឬសគល់ ចុងក្រោយមីងស៊ីនួនមុខមិនដែលរីកនោះទេ។
ខ្ញុំចង់ដឹងដែរថា តើនរណាទៅដែលជាប្តីរបស់ម៉ាឡា ធ្វើឱ្យមាននាងមានផ្ទៃពោះទាំងមិនទាន់បានរៀបការ បើមិនមែនជាពួកកំលោះមកពីធនាគារដែលចោលភ្នែកដាក់គ្នារាល់ព្រឹកទេ?
អ្នកភូមិដែលស្គាល់គ្នាឮខ្សឹបខ្សៀវបពិត្រប្រាប់ ម្ដាយខ្ញុំថា តាមពិតនាងម៉ាឡាមានផ្ទៃពោះជាមួយពូសោភ័ណ។
រឿងនេះដូចជាស្មុគស្មាញចំពោះខ្ញុំ ពីព្រោះខ្ញុំមិនដឹងថា បុរសម្នាក់ដែលមានវ័យចាស់ហើយមិនអាចមានកូនសោះ ហូតបានមានប្រពន្ធដល់ទៅពីរ ចុងក្រោយបែរជាមាន ជាមួយនឹងក្មួយស្រីរបស់ប្រពន្ធទីពីររបស់ខ្លួនទៅវិញ ។
តើគាត់ដោះស្រាយបញ្ហានេះដោយវិធីណា?
មិនយូរទេ យើងក៏លែងបានឃើញពូសោភ័ណទៀត។ ឯមីងស៊ីនួននៅតែបន្តលក់បាយចិញ្ចឹមក្មួយៗរបស់គាត់ដែលក្នុងចំណោមនោះភាគច្រើនគឺជាក្មួយខាងប្ដីគាត់ទេ ។
អ្នកជិតខាងម្នាក់ៗតែងតែរអ៊ូខឹងនាងម៉ាឡាហើយនិយាយសរសើរថា មីងស៊ីនួនមានចិត្តស្មោះចំពោះប្តីរបស់គាត់ នៅទ្រាំលក់ដូរចិញ្ចឹមក្មួយទាំងសម្បុក ទោះពូម្នាក់នោះបានដាច់ដាបរត់ទៅតាមប្រពន្ធក្រោយរបស់គាត់ គឺប្រពន្ធទីបីឈ្មោះនាងម៉ាឡាទៅហើយ។
តាមដំណឹងមកគឺពួកគេរស់នៅឯស្រុកម៉ាឡៃធ្វើចំការសង់ផ្ទះកសាងអនាគតថ្មីជាមួយគ្នាទៅហើយ។
ខ្ញុំចេះតែនឹកហួសចិត្តដែរ។
ខ្ញុំមិនចង់សរសេរពីគ្រួសារនេះទេតែមិនយូរប៉ុន្មាន ពេលក្រោយខ្ញុំទៅលេងផ្ទះរំលងបានប្រហែលជាជាងមួយខែ ឮម៉ែប្រាប់ថា មានក្មួយម្នាក់ដែលនៅផ្ទះជាមួយនឹងមីងស៊ីនួន បានប្រាប់អ្នកជិតខាងឮល្ហិចល្ហៀងតគ្នាមកថា ពួកគេជិតលែងបាននៅទីនោះហើយ គឺផ្ទះលក់បាយនេះ ព្រោះពូសោភ័ណបានទូរស័ព្ទមកប្រាប់ថា គាត់ចង់លក់ដីនោះចោលដោយលែងលះជាមួយមីងស៊ីនួន។
ក្មួយៗនិងអ្នកជិតខាងនាំគ្នាខឹងខ្លាំងណាស់ថា ហេតុអីបានជាក្មួយរបស់មីងស៊ីនួនធ្វើយ៉ាងដូច្នេះចំពោះម្តាយមីងខ្លួនដែលបានយកខ្លួនមកស្នាក់អាស្រ័យជាមួយ។
ខ្លួនមិនត្រឹមតែដណ្តើមប្តីរបស់គាត់ទៅ ថែមទាំងអាចធ្វើឱ្យប្តីព្រមលក់កេរអាករចាស់ពីពុកម្តាយទៅរត់ចោលស្រុក ដោយសារស្រីក្មេង ចោលញាតិ ចោលប្រពន្ធល្អ ចោលកូនក្មួយទាំងសម្បុកទៅនៅដីថ្មី ជាមួយស្រីក្មេងនៅស្រុកម៉ាឡៃទៅវិញ?
ទោះបីជាយ៉ាងណ មិនដែលឃើញផ្ទះលក់បាយនោះបិទផ្អាកសោះ។
គាត់ក្រោយមកកាន់តែដាក់លក់អីវ៉ាន់ ច្រើនឡើងៗគឺរោងក្រោយប្រមូលទិញជីនិងស្រូវខាងមុខលក់បាយ។
មីងស៊ីនួនក៏មានទឹកមុខស្រស់ស្រាយ។
ខ្ញុំស្មានថាពូមកវិញ អ្វីៗគ្រប់យ៉ាងដែលនាងម៉ាឡាមានឧបាយកលមិនបានដំណើរការដឹងអី
ពេលសួរនាំដឹងរឿងទៅ ប្រធានភូមិគឺអ៊ុំមេត ប្រាប់ម្តាយខ្ញុំប្រាប់ថា តាមពិតទៅមីងស៊ីនួនមានកេរអាកររបស់គាត់នៅស្រុកគាត់។
ពេលមានរឿងជាមួយពូសោភ័ណ មីងបានត្រឡប់ទៅស្រុក លក់ស្រែចម្ការខ្លះ ហើយមកទូទាត់លុយឱ្យពូហ្នឹងយកទៅអស់ជាមួយប្រពន្ធក្មេងរបស់គាត់។
ឮចឹងខ្ញុំងឿងឆ្ងល់យ៉ាងខ្លាំងពីព្រោះខ្ញុំនៅឃើញក្មួយៗខ្លះខាងពូសោភ័ណនៅបន្តរួមរស់លក់បាយសម្លរជាមួយមីងស៊ីនួននឹងមានប្រាក់ខែគ្រប់ៗគ្នា។
ថ្ងៃមួយខ្ញុំបានចូលទៅញ៉ាំបាយ។
បានឱកាសស្ងាត់ ខ្ញុំលបកេះសួរកូនក្មេងប្រុសម្នាក់អាយុប្រហែលជាដប់បីឆ្នាំកំពុងលាងចានថា ៖
«ឯងជាក្មួយរបស់មីងស៊ីនួន?»
ក្មេងឆ្លើយភ្លាមថា៖
« ខ្ញុំខាងពូ!»
ខ្ញុំជជីកបន្តទៅមុខទៀតភ្លាមថា៖
« អូ! ឮសូរថាគាត់លែងជាមួយមីងហើយ?!»
ឮដូច្នេះក្មួយក៏ឆ្លើយទៀត៖
« ត្រូវហើយ តែមីងល្អណាស់ គាត់ទុកជាមីងបង្កើតរបស់ខ្ញុំចំណែកពូខ្ញុំ ពួកក្មួយៗកាត់កាលចោលអស់ហើយ!»
ខ្ញុំឮហើយអស់សំណើចថា ក្មេងៗគឺនិយាយត្រង់ចេញតែពីពោះមក ដោយសារវាមិនពេញចិត្តចំពោះពូសោភ័ណដែល ទៅតាមក្មួយស្រីខ្ចីល្ហក់។
មាននាងម្នាក់ទៀតឈ្មោះថា ហាក់ស៊ី ជាក្មួយសាច់ឆ្ងាយរបស់ពូសោភ័ណដូចគ្នា ប៉ុន្តែអាយុច្រើនបន្តិច ហើយទើបតែប្រឡងជាប់បាក់ឌុប ប៉ុន្តែថ្ងៃនេះមកលេងពួកគេហើយជួយលក់បាយ នាងបាន បន្ទោសក្មេងប្រុសដែលនិយាយផ្ដេសផ្ដាសរួចដេញឱ្យទៅក្រោយហាលត្រីទៅ។ក្មេងទៅបាត់នាងហាក់ស៊ីងាកមកនិយាយជាមួយខ្ញុំថា បងឯងកុំស្ដាប់វាពេក ក្មេងមិនដឹងអីនោះទេ ថ្ងៃណាមួយពូខ្ញុំ នឹងវិលត្រឡប់មកនៅជាមួយមីងស៊ីនួនវិញ ដោយសារមីងស៊ីនួនគឺជាមនុស្សល្អនិងអាចថែរក្សាគាត់រហូតដល់ចាស់បាន ចំណែកឯម៉ាឡាស្អីគេនោះ ដោយសារតែមានកូនទៅហើយបានជាពូមិនដឹងត្រូវធ្វើម៉េច។
នាងបន្ថែមទៀតថាតាមពិត ម៉ាឡា គេគឺជាកម្មកររោងចក្រធ្លាប់ទៅនៅភ្នំពេញ កំពង់សោម និងទៅនៅធ្វើការនៅថៃច្រើនកន្លែងទៀត គេមានប្តីជាច្រើនដងរួចមកហើយ ប៉ុន្តែគេមកនៅទីនេះមានបំណងក្នុងការចាប់យកពូខ្ញុំរហូតមានរឿងលែងលះគ្នា។
ខ្ញុំនឹកហួសចិត្ត ដែលម៉ាឡាមានចិត្តធ្វើបែបនេះទៅលើម្តាយមីងរបស់ខ្លួន។ ទោះបីថាម្ដាយមីងរបស់នាងត្រូវជាមីងជីដូនមួយរបស់ម្ដាយនាង មិនមែនពោះមួយក៏ប៉ុន្តែក៏ជាសាច់ឈាម។
ទោះបីជាមិនមែនសាច់ឈាមក្តី គេរស់នៅមានសេចក្តីសុខខំទៅហៅនាងយកមកនៅជាមួយឃើញមកពីថៃអត់បាយហូប ក៏មិនមែនមកឱ្យនាងធ្វើជាសត្វក្រពើបំបែកបំបាក់សុភមង្គលក្នុងគ្រួសារគេនោះដែរ។
ខ្ញុំហូបបាយផងរួចសម្លឹងទៅមុខរបស់មីងស៊ីនួនពីចម្ងាយ។ គាត់មមារញឹកកិនស្រូវលក់ មិនដឹងខ្ញុំតាមមើលទេ។
ហើយកោតតែក្នុងចិត្តគិតឃើញថា ហេតុអីបានជានៅក្នុងផែនដីជាមួយគ្នា យើងមានមនុស្សគ្រប់ប្រភេទសន្តានជាមនុស្ស សន្តានជាសត្វ សន្តានជាក្រពើ?
ដូចយ៉ាងមីងស៊ីនួននេះទោះបីជាពូសោភ័ណបាននាំគាត់ឱ្យជួបរឿងមិនល្អខកចិត្តក្តី ទោះបីយ៉ាងណាគាត់នៅតែធ្វើទឹកមុខធម្មតា មិនមានការខឹងសម្បាឬឮស្រែកឡូឡាអ្វី ដូចអ្នកលក់បាយផ្សេងៗខ្លះដែលស្ត្រេសស្រែកឡូឡាជេរបញ្ចោរឡើងអ្នករត់តុខ្លះ ចោលការងារទៅស្រុកវិញអស់ក៏មាន។
តើមកពីមីងស៊ីនួនមានអំណត់ពេក ឬក៏ស្លូតពេក បានជាទៅឱ្យពួកមនុស្សអាក្រក់ មានចន្លោះអាចជ្រាតមកបំពានចិត្តស្មោះត្រង់របស់គាត់បាន?
ប៉ុន្តែទោះបីយ៉ាងណាខ្ញុំគិតថា វាសនារបស់សត្វក្រពើនៅថ្ងៃណាមួយគង់តែក្លាយទៅជាសត្វសាហាវដែលត្រូវរស់នៅដោយភាពស្អប់ខ្ពើមជាក់ជាមិនខាន។
ខ្ញុំទាយអីខុស មិនយូរប៉ុន្មាន ឆ្នាំ២០២១នេះគឺរំលងបានជាង១០ខែដែលខ្ញុំមកភ្នំពេញ ពេលវិលទៅវិញ ឃើញរោងលក់បាយគាត់ រុះចោលហើយវាយបុកគ្រឹះសង់ធ្វើថ្មច្រើនជាន់ឡើងលើ។
ខ្ញុំស្មានតែថា មីងនេះបានលក់ផ្ទះនេះទៅឱ្យគេថ្មីហើយ។
ខ្ញុំចង់ចងចាំគាត់ទុកក្នុងចិត្តទោះបីខ្ញុំចេញមកធ្វើការលើភ្នំពេញហើយក៏ដោយប៉ុន្តែពេលទៅស្រុកម្តងៗ ខ្ញុំតែងតែឆ្លៀតទៅមើលថា តើមីងម្នាក់មានសន្តានចិត្តសែនទូលាយនេះ ខ្លួនគាត់បានសុខដែរឬទេ?
ទីបំផុតម្តាយខ្ញុំប្រាប់ថ្មីៗនេះថា អ្នកដែលសង់ផ្ទះថ្មជាមួយគាត់គឺប្តីរបស់គាត់ ពូសោភ័ណសង់ក្រោយបានវិលត្រឡប់មកផ្ទះវិញ។
គ្រប់គ្នាគិតថា នេះជារឿងល្អសម្រាប់ឃុំមួយនេះ ។
រឿងដែលខ្ញុំបានដឹងចុងក្រោយគឺពូសោភ័ណបានលែងលះជាមួយនឹងនាងម៉ាឡាទៅហើយ ដោយសារតែកាលនៅរស់នៅជាមួយនាង គាត់បានបង់ខាតអស់លុយកាក់ជាច្រើនពេក ពេលមួយដែលគាត់ចាប់ផ្តើមក្លាយជាជំពាក់គេ ដោយសារតែការរកស៊ីនៅឆ្ងាយពីភូមិកំណើតរបស់ខ្លួនមិន ជួញចិត្ត មិនស្គាល់ក្តៅត្រជាក់។
ពេលនោះធ្វើឱ្យនាងចាប់ផ្ដើមធុញទ្រាន់ហើយរកលេស នៅក្នុងការលែងលះជាមួយគាត់ ដោយរិះគន់ថា គាត់ចាស់ស្មើនឹងឪពុកធ្វើការមិនអាចចិញ្ចឹមនាងនិងកូនព្រោះនាងបានប្តូរចិត្តទៅស្រឡាញ់គ្នាជាមួយនឹងអ្នករកស៊ីម្នាក់ឡើងចុះស្រុកម៉ាឡៃ ទៅថៃ។
ខ្ញុំឮដូច្នេះក៏សប្បាយចិត្ត ម្យ៉ាងគិតថា សមមុខពូសោភ័ណ។ ម្យ៉ាងទៀតគិតថា មីងស៊ីនួនចិត្តបានដែលព្រមទទួលយកពូសោភ័ណមកវិញ ប៉ុន្តែម្តាយខ្ញុំប្រាប់ថា មីងស៊ីនួននេះហេតុតែស្រឡាញ់និងរង់ចាំប្តីដល់ថ្ងៃកែខ្លួន គាត់បានឱបក្រសោបចិញ្ចឹមកូនក្មួយខាងប្តីរហូតមក។
ដូច្នេះហើយនេះជាជាតិសរសៃដែលមិនអាចកាត់ផ្តាច់បាននៅក្នុងគ្រួសារខ្មែរ។
ម៉ែថាយើងមនុស្សស្រី បើមានសមានចិត្ត ចំពោះគ្រួសារខាងប្រុសមិនងាយត្រូវប្តីដាច់ចិត្តចោលនោះទេដូច្នេះម្តាយខ្ញុំតែងតែប្រាប់ថាខ្ញុំជាមនុស្សស្រីថ្ងៃក្រោយបើមានគ្រួសារ ខ្ញុំគួរតែមានចិត្តល្អនិងចិត្តទូលាយចំពោះគ្រួសារខាងប្តី ពីព្រោះទោះបីជាប្តីប្រពន្ធស្រឡាញ់គ្នាប៉ុនណាក្ដីបើសិនជាយើងមានចំណុចល្អក់សេសសល់ជាមួយគ្រួសារខាងប្តីការទាស់ទែងខ្វែងគំនិតគ្នាជារឿយៗថ្ងៃណាមួយគង់តែបែកបាក់គ្នាបានជាក់ជាមិនខាន។
ដល់ ពេលដែលចាប់ផ្ដើមផ្ទុះកូវីដ ខ្លាំងមែនទែន លើកចុងក្រោយនៅខែមីនាខ្ញុំបានវិលត្រឡប់ទៅនៅផ្ទះវិញខ្ញុំព្រោះការងារបានបាត់បង់ផ្អាក។
ខ្ញុំបានរស់នៅភូមិជាមួយម៉ែដោយមិនមានការងារធ្វើនិងបានជួយការងារស្រែចម្ការជាមួយម៉ែផងស្រាប់តែ ពេលនោះហើយដែលខ្ញុំបានឃើញក្មេងប្រុសម្នាក់ត្រូវបានមីងស៊ីនួនពរដើរលេងពេញភូមិ។ ក្មេងប្រុសនោះមានអាយុប្រហែលជាបីឆ្នាំជាងហើយ ប៉ុន្តែស្គមខ្លាំងតូចហួសហេតុណាស់។ មើលទៅស្លេកស្លាំងដូចជាក្មេងដែលចិញ្ចឹមមកមិនបានល្អឬក៏មានជំងឺជាប់ខ្លួន។
ខ្ញុំឮអ្នកនៅក្នុងផ្សារមួយចំនួននិយាយថា ក្មេងនោះ តាមពិតទៅ ជាកូនរបស់ពូសោភ័ណជាមួយនឹងម៉ាឡាដែលមីងយកមកចិញ្ចឹម។
ប៉ុន្តែមិនដែលឃើញនាងនោះបានឡើងមកទីនេះនោះទេ ។
ថ្ងៃមួយខ្ញុំបានស្ដាប់ឮមេម៉ាយម្នាក់ដែលជាអ្នកបោះដុំសំលៀកបំពាក់មកពីថៃ បាននិយាយប្រាប់ខ្ញុំថាឥឡូវនេះគាត់ឈប់លក់ខោអាវហើយ ព្រោះពិបាកឡើងបាងកក។ គាត់បានទទួលការងារពីមីងស៊ីនួន ក្នុងការធ្វើជាមេដោះជួយមើលប្រុសរាជ្យតូចនោះ។
ខ្ញុំក៏ឆ្លៀតឱកាសនេះសួរ តើម្ដាយរបស់ប្រុសរាជ្យនោះនៅឯណាហេតុអីបានជាទុកកូនឱ្យមីងមើលទៅវិញ មីងនោះបាន និយាយប្រាប់ខ្ញុំថាម៉ាឡា នោះមិនអាចមកវិញទេព្រោះ នាងត្រូវបានប្តី ក្រោយបោកប្រាស់ យកទៅនៅដល់ស្រុកថៃអស់លុយអស់កាក់អស់ទ្រព្យសម្បត្តិជាប់ខ្លួននៅទីនោះក្លាយជាកម្មករមកវិញមិនរួច។
ចំណែកឯម្ដាយចាស់របស់នាងនៅម៉ាឡៃ ជាបងជីដូនមួយនៃមីងស៊ីនួន ព្រោះតែមិនអាចមានលទ្ធភាពថែរក្សាកូនតូចមួយនេះបានទៀតក៏បានប្រាប់ប្អូនជីដូនមួយឱ្យ ជួយចិញ្ចឹមផងទៅយកតែបុណ្យទៅព្រោះថាកូនស្រីគាត់នៅទីនោះលំបាកវេទនា ជំពាក់ប្រាក់ថៅកែថៃមិនបានត្រឡប់មកវិញទេ។
ដូច្នេះកូននេះប្រាកដជាគ្មានអនាគតឡើយប្រសិនបើនៅនឹងគាត់រង់ចាំម្ដាយផ្គត់ផ្គង់។
ពូសោភ័ណមិនហ៊ាននិយាយអ្វីទាំងអស់ ឯមីងស៊ីនួនក៏សម្រេចចិត្តយកចៅនេះយកមកថែរក្សា មិនដឹងត្រូវហៅថាកូនឬចៅនោះទេ ដោយសារ ជាកូនប្តីរបស់គាត់ ជាមួយនឹងក្មួយគាត់។
ចុងក្រោយទៅ នៅតែជាសាច់ញាតិខាងមីងស៊ីនួនខ្លួនឯងជាអ្នកបង្ករឿង។
ឱ្យអ្នកណាជាអ្នកស្ដីបន្ទោសអ្នកណា?
ព្រោះថា នាងម៉ាឡា ដើមឡើយគឺជាក្មួយស្រីដែលមីងស៊ីនួនខ្លួនឯងឱបក្រសោបយកមក។ មានឱកាសក៏ហូបឆ្អែតក្លាយជាសត្វក្រពើគ្រវាត់កន្ទុយពន្លិចទូកម្ចាស់ ប៉ុន្តែម្ចាស់មិនចេះលិចទូកដោយសារសន្ដានចិត្តជាព្រះរបស់គាត់បែរជាខ្លួនឯងជាសត្វក្រពើនៅតែព្រះមិនប្រោស។
ដំណឹងចុងក្រោយដែលខ្ញុំទទួលបានគឺថានាងម៉ាឡាដែលធ្វើការសំណង់យ៉ាងលំបាកវេទនានៅក្នុងខេត្តមួយនៃប្រទេសថៃ បានសរសេរសំបុត្រផ្ញើមកមីងស៊ីនួន សុំគាត់ជួយផ្តល់ឱកាសឱ្យនាងអាចលស់ខ្លួននាងដែលជំពាក់បំណុលគេវ័ណ្ឌកដោយសារប្រុសថ្មីរបស់នាងយកទៅបោកបញ្ឆោត ប៉ុន្តែមីងស៊ីនួនមិនបានឬអាចឆ្លើយតបអ្វីចំពោះក្មួយស្រីគាត់ឡើយ ។
គាត់ធ្វើនេះត្រូវហើយ គាត់មិនអាចទៅជួយសារជាថ្មីទេ។
ចំពោះមនុស្ស យើងអាចជួយប៉ុន្មានដងក៏ដោយ តែយើងមិនគួរធ្វើជំនួយជាមួយសត្វតិរច្ឆាន ដែលស្ថិតនៅក្នុងស្រោមជាមនុស្សនោះទេ។
ទង្វើបែបនេះគឺជាទង្វើមិនយុត្តិធម៌ចំពោះខ្លួនយើងថែមទាំងធ្វើឱ្យខ្លួនយើងអាចធ្លាក់ទៅក្នុងអន្ទាក់គ្រោះថ្នាក់សាជាថ្មីព្រោះមនុស្សដែលបានក្បត់ចំពោះយើងហើយនឹងឈានមកសុំក្ដីមេត្តាពីយើងសុំឱ្យយើងជួយបានទៀតគឺពិតជាមនុស្សដែលគ្មានសេចក្ដីអៀនខ្មាស។
មនុស្សដែលគ្មានសេចក្ដីអៀនខ្មាស ស្អីក៏ហ៊ានធ្វើគឺជាមនុស្សប្រភេទគ្រោះថ្នាក់បំផុតនៅក្នុងលោកយើងនេះ ។
សួស្ដីទាំងអស់គ្នានេះគឺជាការសរសេរដំបូងរបស់ខ្ញុំ ខ្ញុំមិនចេះនិពន្ធរឿងទេប៉ុន្តែថ្ងៃណាមួយខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយទៅជាអ្នកសរសេររឿងស៊ើបអង្កេតបានល្អ។
ចំណែករឿងខ្លីនេះ ខ្ញុំបានមើលឃើញពិតៗនៅមុខផ្ទះខ្ញុំ ។
ជួយស៊ែរជាកម្លាំងចិត្តសម្រាប់ខ្ញុំផង។
សូមអរគុណម្ដងទៀត។ ចំណែកសារដែលខ្ញុំចង់ចែករំលែកជាចុងក្រោយ គឺចង់ប្រាប់ថា កុំធ្វើជាមនុស្សស៊ីបាយបោកឆ្នាំងពីព្រោះគ្រប់យ៉ាងលើលោកនេះសុទ្ធតែមានវេនកម្ម។
សត្វក្រពើ ដែលខ្ញុំដាក់ចំពោះចំណងជើងនៅក្នុងទីនេះ មិនមែនដោយការស្អប់ខ្ពើមនោះទេពីព្រោះថា ជាមេរៀន ដែលមនុស្សយើងនៅពេលខ្លះ អាចភ្លេចខ្លួនដោយសារតែសេចក្ដីលោភលន់និងភាពរមិលគុណ។
វាដែលជាបិសាចក្នុងចិត្តយើង តែងតែចង់ជ្រៀតចូលមកក្នុងខួរក្បាលនិងបេះដូងរបស់យើងប្រសិនហើយមិនព្រមរៀនធ្វើចិត្តឱ្យបាននឹងនរភ្លឺស្វាង៕