រឿង៖ ចុះបើខ្ញុំមិនត្រឡប់

ខ្ញុំជាមនុស្សដែលឧស្សាហ៍កាត់យល់សប្តិខ្លាំងណាស់។ ទោះយល់សប្តិឃើញអ្វីក៏ខ្ញុំយកមកកាត់យកមកគិតដែរ ពីព្រោះថាតាំងពីដើមមកខ្ញុំជាមនុស្សដែលម្តាយខ្ញុំប្រាប់ថាមានគ្រូបាធ្យាយខាងឪពុកតាមថែរក្សា ឱ្យខ្ញុំដឹងរឿងទាំងអស់មុនៗបានជានិច្ច។

នៅពេលខ្ញុំបានអាយុដប់បីឆ្នាំខ្ញុំចាប់អារម្មណ៍ឃើញថាខ្ញុំ តែងតែដឹងហេតុការណ៍អ្វីៗមុនបើសិនជារឿងនោះបម្រុងថា​នឹង​កើតមាន​ឡើងចំពោះគ្រួសារខ្ញុំ។

គ្មានសមាជិកណាម្នាក់ក្នុងគ្រួសារខ្ញុំត្រូវបានគេពន្យល់សប្ដិឲ្យដឹងមុនដូច្នេះនោះទេ។ ប្រាកដណាស់គឺជារូបខ្ញុំហើយ ពិសេសគឺនៅពេលជិតភ្លឺឲ្យតែខ្ញុំសុបិនឃើញអ្វីមួយដែលក្នុងចិត្តខ្ញុំភ័យខ្លាចគឺហេតុការណ៍អាក្រក់ប្រាកដជាកើតឡើងចំពោះគ្រួសារខ្ញុំ ប៉ុន្តែដូចគ្នានោះបើសិនជាខ្ញុំមានអារម្មណ៍សប្បាយចិត្តគឺយល់សប្តិនោះក្លាយជាសុបិនមួយដែលប្រាប់ខ្ញុំថា អ្វីមួយល្អកំពុងតែកើតឡើងចំពោះអ្នកផ្ទះរបស់ខ្ញុំ។

ជាពិសេសរឿងការងាររបស់ខ្ញុំ ក៏ឧស្សាហ៍ដឹងជាមុន។

មិត្តភក្តិខ្ញុំម្នាក់ស្រលាញ់សត្វណាស់​គេឈ្មោះ ហ្សានី។ គេហៅខ្ញុំថា​នែត​ មានរឿងអីទាក់ទងនឹង​សត្វមកប្រាប់ខ្ញុំមុនគេ​។​ថ្ងៃនេះហ្សានីនិយាយថា៖

នែត ឆ្មានោះរបួសហើយ ប្រហែលលួចត្រីគេឆីគេទាន់

ខ្ញុំមានឈ្មោះសុដានី ប៉ុន្តែខ្ញុំចូលចិត្តឲ្យមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំហៅថានែតដោយសារខ្ញុំស្រឡាញ់ឈ្មោះនេះខ្លាំងណាស់ ខ្ញុំដាក់ឈ្មោះខ្លួនឯងនៅក្នុងហ្វេសប៊ុកថា នែត ខនស្តេន បានន័យថាខ្ញុំគឺជាមនុស្សដែលមិនងាយផ្លាស់ប្តូរចិត្តឡើយ។

បើខ្ញុំគិតចំពោះរឿងអ្វីមួយខ្ញុំតែងតែគិតវាលុះណាតែដល់ពេលមួយបានសម្រេចឬមួយក៏មានឧបសគ្គច្បាស់លាស់រហូតដល់មិនអាចទៅមុខរួចទើបខ្ញុំបោះបង់ចោល។

«ថ្ងៃនេះមិនទៅរៀន កាត់ដេរទេ បានជាតាមមើលឆ្មា?»

«មិនមែន​ទេ! ហ្សានាថាវារបួសជើងបងលាយថ្នាំក្នុងបាយឱ្យវាសិន»

តាមពិតអ្នកសួរនេះគឺជាប្អូនជីដូនមួយខ្ញុំឈ្មោះថានិមល វាមានអាយុតិចជាងខ្ញុំបីឆ្នាំ។ យើងទាំងពីរមានលក្ខណៈជាមិត្តជិតស្និទ្ធច្រើនជាងជាបងប្អូនជីដូនទៅទៀត ។

ចូលចិត្តផ្នែកកាត់ដេរជាខ្លាំង ខ្ញុំចង់បានហាងកាត់ដេរមួយទៅថ្ងៃអនាគតដូច្នេះហើយក្រៅពីធ្វើការងារ នៅគ្លីនិកមួយជា ខ្ញុំបានខិតខំ រៀនមុខរបរមួយទៀតសង្ឃឹមថានឹងប្រែក្លាយជាថៅកែហាងកាត់ដេរមួយហ្នឹងគេនៅពេលណាដែលខ្ញុំមានទន់គ្រប់គ្រាន់។

«ផ្ទះមីងកាត់ដេរ គាត់ប្រាប់ថា នៅក្បែរផ្ទះគាត់គេព័ទ្ធរបង មានអ្នកជំងឺកូវីដ ពីរអាទិត្យទៀតមិនដឹងថាបានទៅរៀនឬក៏អត់ផង!» (ខ្ញុំឆ្លើយតបទៅនឹងប្អូនជីដូនមួយរបស់ខ្ញុំ)

និមល ប្អូនជីដូនមួយរបស់ខ្ញុំគឺជាមនុស្ស ដែលមិនមានជំនឿសូម្បីតែបន្តិចចំពោះរឿងអបិយជំនឿយល់សប្ដិយល់សូងចូលឆ្នាំឬក៏អ្វីក៏ដោយ ឬសូម្បីអុជធូបបីសរសៃប្រហែលវាមិនដែល​ឱ្យមាន​ផង។ យាយខ្ញុំតែងតែហៅនិមលថា ចៅគ្រីស្ទាន។

ខ្ញុំសុំទោសដែលខ្ញុំប្រើភាសានេះ ប៉ុន្តែនេះសម្រាប់អ្នកនៅក្នុងគ្រួសារខ្ញុំ ។

ថ្ងៃនេះមេឃភ្លៀងតាំងពីម៉ោងបីរសៀលគ្រប់យ៉ាងស្រពេចស្រពិលងងឹត។  ខ្ញុំត្រជាក់ផង ហត់ផងសំងំៗ​បើកភ្នែកលែងរួចតែម្ដង។

ពេល​ខ្ញុំដេកលក់នៅលើកៅអីវែងនៅពីមុខទូរទស្សន៍ខ្ញុំដឹងថាគ្រប់គ្នាកំពុងតែមើលរឿងភាគថៃ ប៉ុន្តែមិនដឹងហេតុអីបានជាខ្ញុំក្រោកមិនរួចទេ។

ទោះបីជាចិត្តខ្ញុំប្រាប់ថា ម៉ោងប្រាំល្ងាចហើយ បើសិនជាខ្ញុំមិនក្រោកទៀតយប់នេះខ្ញុំនិងបញ្ឈរភ្នែកទល់ភ្លឺមើលពួកគេដេកវិញម្ដង។

 ភ្លាមនោះខ្ញុំឮសំឡេងអ្វីមួយខ្សាវៗក្បែរត្រចៀកខ្ញុំថា ក្រោមដើមគគីរក្រោយផ្ទះ។

ខ្ញុំគ្មានដើមគគីរទេកុំមកបោក។ ទោះបីខ្ញុំគិតឃើញអ៊ីចឹងហើយក៏ដោយប៉ុន្តែខ្ញុំនៅតែខំរូតរះក្រោកឡើងពីកៅអីឈើស្រវេស្រវាទៅកាន់ដើមគគីរក្រែងលោមានកំណប់អ្វីនៅកន្លែងនោះទៅតាមជំនឿរាល់ដងរបស់ខ្ញុំប៉ុន្តែខ្ញុំក្រោកច្រត់ដៃមិនរួចព្រលឹងរបស់ខ្ញុំពិបាកក្រោក ដង្ហើមរបស់ខ្ញុំកាន់តែពិបាកភ្លេចដក ម្ល៉ោះហើយខ្ញុំបានបែរបន់ថា ពេលនេះខ្ញុំក្រោកមិនរួចទេបើសិនជាមានកំណត់មែន សូមប្រាប់ខ្ញុំឲ្យច្បាស់ទៅ ខ្ញុំនឹងទៅរក ។

ភ្លាម​នោះ ខ្ញុំក៏អាចបើកភ្នែកឡើងមែន។

នៅពេលដែលមូសរោមខាំខ្ញុំពេញខ្លួន បន្ទប់នេះប្រែជាងងឹតស្លុបមិនទាន់មានអ្នកណាបើកភ្លើងនៅឡើយ នេះគឺជាទម្លាប់ផ្ទះខ្ញុំ។ យាយខ្ញុំក៏សន្សំសំចៃណាស់បើសិនជាមិនយប់ខ្លាំង គឺគាត់មិនបើកភ្លើងដែរ។ សុខចិត្តដើររាវៗទាំងចំណាំ ។

ខ្ញុំត្រដុសមុខងើបចេញទៅទាំងពាក់កណ្តាលស្វាងផង គិតពីយល់សប្តិផង។ ដើរទៅខាងមុខឃើញពុកខ្ញុំកំពុងតែហាលក្រមា ទំនងជាគាត់ទើបតែងូតទឹក។

រួចខ្ញុំក៏ប្រាប់គាត់ថា៖

«ពុក! ខ្ញុំយល់សប្តិឃើញដើមគគីរមួយធំ! ម្ដុំនេះមានដើមគគីរដែរទេ?»

ខ្ញុំមិនសូវស្គាល់តំបន់នេះទេ ព្រោះនេះគឺជាផ្ទះរបស់លោកយាយខ្ញុំ។ ខ្ញុំនិងប្អូនជីដូនមួយខ្ញុំមកលេងដោយសារតែយើងបានសម្រាកពីការងារ​ ផ្នែកគិលានុបដ្ឋាកដោយសារគេកាត់បុគ្គលិក។ អ្នកបាត់បង់ការងារដូចខ្ញុំ ហើយប្រើពេលខូចចិត្ត​មករៀនកាត់ដេរ ក៏ឥឡូវនេះម្ដុំផ្ទះដែលកាត់ដេរគេព័ទ្ធខ្សែគូរពីរទៀតអ៊ីចឹងមានតែមកគេងលេងផ្ទះយាយបម្រើគាត់យកបុណ្យម្តង។

និយាយអ៊ីចឹងហេតុអីបានជាខ្ញុំយល់សប្តិឃើញបែបដូច្នេះ?

ខ្ញុំក៏បានជម្រាបប្រាប់ពុកខ្ញុំពីដើមដល់ចប់គាត់ក៏ចាប់ផ្ដើមចុះទៅក្រោមជាមួយខ្ញុំសួរនាំលោកយាយខ្ញុំថា មាន​ដើម​គគីរត្រង់ណាដែរអត់?

យាយ​រកនឹកក្រោយមក​លោកយាយឆ្លើយថា ធ្លាប់មានពីរបីដើមប៉ុន្តែតាំងពីជំនាន់គាត់ទើបតែរៀបការម្លេះគឺមុនសង្គ្រាមទៅទៀត ប៉ុន្តែក្រោយមកអ្នកស្រុក​ក៏បានកាប់គាស់រំលើងចោលខ្ទេចខ្ទីអស់ហើយមានតែដាំដើមស្វាយជំនួសដោយសារ​ការ​ដាំដើមឈើហូបផ្លែផ្សេងៗជាបញ្ជា របស់ប៉ុលពត។

ទៅតាមទម្លាប់របស់អ្នកស្រុកនេះមិនសូវមានទេ ​ដើមហូបផ្លែសម្បូរ​ដោយសារ​គេចង់បានផ្លែឈើហូបផ្លែច្រើនជាង។

ខ្ញុំក៏សួរគាត់ថា៖

«តើមាន​អ្នកណានៅចំណាំកន្លែងដាំដើមគគីរនោះបានទេ?»

យាយខ្ញុំតបមកវិញ​ថា អាចមាន​អ៊ំម្នាក់ឈ្មោះថាធៀប។ តែដោយ​សារគាត់ឥឡូវនេះប្តូរ​ទៅរស់​នៅភូមិខាងលិចបាត់ហើយ ទើបមិនដឹងរកជួបអត់។

ដោយសារយើងមិនអាចសួរនាំរកដើម​រុក្ខាបានដូចចិត្ត ខ្ញុំក៏បានបំភ្លេចរឿងនោះចោល។ ពេលបីថ្ងៃក្រោយមកខ្ញុំដេកលក់មួយភាំងនៅពេលជិតភ្លឺខ្ញុំក៏សុបិនឃើញមានដើមគគីរមួយធំ ដុះលូតវែងទប់មិនទាន់ទេ​នៅ​ចំកណ្ដាលផ្ទះដោយ​បែកមែកសាខា។

នៅលើដើមគគីរ បានឃើញព្រះពុទ្ធអង្គគង់ភាវនា។

ឃើញដូច្នេះដៃខ្ញុំទាំងសងខាងក៏លើកប្រណមហើយទូលសួរថាតើអនាគតរបស់ខ្ញុំនឹងក្លាយទៅជាមានបានដូចគេមានផ្ទះធំទ្រនំខ្ពស់ឬក៏អាចហោះហើរដើរលេងទៅបរទេសដូចអ្នកដទៃដែរឬអត់ ព្រះពុទ្ធមិនមានចម្លើយអ្វីទាំងអស់ មានតែស្នូរជួងទូងមកល្វើយៗ​ជាស្នូរដូចជា ជួងឮមកពីពេល​អុំទូកឬ​នៅរាល់ពេលមានបុណ្យនៅក្នុងវត្តម្ដងៗ។

ខ្ញុំក៏មិនដឹងថា នេះជាប្រផ្នូលអ្វីឡើយ។

 សាជាថ្មីខ្ញុំដឹងខ្លួនមកវិញ កើតមិនអស់ចិត្តមិនសុខស្រណុកប្រាណ​សោះ​ថា ហេតុអីបានជាខ្ញុំយល់សប្តិឃើញដើមគគីរទៀតហើយ ប៉ុន្តែនៅតែគ្មានចម្លើយ។

 ថ្ងៃនោះខ្ញុំចាប់ផ្ដើមទៅចំការជាមួយនឹងប្អូនជីដូនមួយរកបេះផ្លែក្រូចឆ្មាមកជ្រក់ទុក។ យើងក៏ហួសទៅបេះផ្លែឈើជាច្រើនមុខបង្គួរ មកស្តុក​ក្នុងផ្ទះហូបដូចជា ផ្លែស្វាយ ព្រីង ត្របែក ម៉ាក់ប្រេង ខ្នុរ និងទៀប។

 តាមផ្លូវ​ដឹក​ម៉ូតូធ្វើដំណើរមកផ្ទះវិញខ្ញុំបាននិយាយរឿងទាំងអស់នេះប្រាប់នាង។​ និមលសួរថា

«ម៉េចបងនែតឯងយល់សប្តិដដែលៗ​ពីរដងហើយ?»

ប៉ា​ខ្ញុំសម្រាន្តលើអង្រឹងក្រោយផ្ទះ។ ប្រហែលជាគាត់ដឹងរឿងយល់សប្តិឃើញដើមគគីរ នេះ​ដោយសារបានឮនិមលនិយាយ​ គាត់ធ្វើជាភ្ញាក់ហើយនិយាយប្រាប់ខ្ញុំថា កូនអ៊ុំធៀបទើប បណ្តើរគោ​ឆីស្មៅកាត់តាមនេះ​កាលពីព្រឹកមិញ ។

ឮសូរអ៊ីចឹងបានន័យថាគាត់បាន​ ត្រឡប់មកភូមិវិញហើយ។

ខ្ញុំនឹកឃើញដល់បុរសចំណាស់ម្នាក់ យាយរបស់ខ្ញុំធ្លាប់រំឮកថា​គាត់នោះជាអ្នកដឹងរឿងទីតាំងដើមគគីរ ។

អ្នកម្ដាយរបស់ខ្ញុំបានស្លាប់ដោយជំងឺទៅតាំងពីជំនាន់ក្រោយប៉ុលពតបន្តិចមកម្ល៉េះ ច្រើនឆ្នាំមកនេះពុកខ្ញុំបានរៀបចំ​សែន​ម្តាយក្រោយម្នាក់ដែរតែបែកគ្នាពីរបីឆ្នាំមកហើយ។

ខ្ញុំបានរៀបចំលាង​ចិតផ្លែឈើយកទៅជូនលោកយាយពិសារ​សំពះសុំពរជ័យពីគាត់ ។

ខ្ញុំក៏ឡើងទៅជួបពុកខ្ញុំពេលដែលគាត់កំពុងតែរៀបចំ ថ្នាំបុរាណរបស់គាត់ ។ គាត់ឃើញដូច្នេះ​ក៏សួរខ្ញុំវិញ​ថា នឹងទៅជួបអ៊ំធៀបដើម្បីសួរនាំរឿងដើមគគីរដែរទេ?

ពុកខ្ញុំថា​ជួនជាមានផ្លែឈើហើយ ទៅតែម្តងទៅ។

ផ្ទះអ៊ំធៀបបច្ចុប្បន្ននេះ គឺជាផ្ទះរបស់កូនស្រីច្បងគាត់។ នៅខាងក្រៅផ្ទះមានលក់នំចំណីបន្តិចបន្តួច ខ្មែរយើងហៅថាលក់ចាប់ហួយ ប៉ុន្តែនៅខាងលើ គឺជាផ្ទះម៉ូដខ្មែរបុរាណ។

ពុកខ្ញុំឡើងទៅមុន ទុកឱ្យខ្ញុំនៅអង្គុយលេងជាមួយកូនស្រីគាត់។ ខ្ញុំបានជម្រាបសួរមីងនោះ ពីរឿងដែលខ្ញុំយល់សប្តិមុននេះ គាត់ឮភ្លាម​ក៏ប្រាប់ខ្ញុំថាយល់សប្តិដូច្នេះល្អខ្លាំងណាស់ក្មួយ ប្រហែលជា ចាស់ៗមក ឱ្យកំណប់យើង។

ខ្ញុំតបថាសង្ឃឹមអ៊ីចឹងទៅចុះ។ ពេលពុកចុះមកវិញ គាត់បក់ដៃហៅខ្ញុំឡើងទៅលើជាមួយគាត់ ។ តាមពិតពេលឡើងទៅដល់លើ ទើបខ្ញុំដឹងថាអ៊ុំធៀបមិនត្រឹមតែជាមនុស្សដែលដឹងដំណឹងអំពីរឿងដើមគ្រប់គ្នាកាលពីជំនាន់បារាំងនោះទេ គាត់ថែមទាំងជាអ្នកអាចហៅ​វិញ្ញាណ​ចូលខ្លួន ដែល​គេ​ចំណាំហៅថា ជាន់រូបឬចូលរូបនោះអី។

អ្នកក្នុងភូមិណា ដែលមានជំងឺតម្កាត់ឬក៏ចង់ដឹងអំពីរបៀបសង់ផ្ទះ ទិញលក់ដូរដីផ្សេងៗ ឬក៏កាត់យល់សប្តិ កាត់សំឡេងសត្វបូល តែងតែមកកាន់ផ្ទះអ៊ំធៀបនេះ ។

សូម្បីលោកយាយរបស់ខ្ញុំដែលខ្ញុំមកស្នាក់ជាមួយ ក៏មិនបានដឹងថា អ៊ំធៀបមានមុខរបរនេះមួយ​ទៀតដែរ ប្រហែលមកពីយាយចាស់បន្តិច គាត់មិនសូវដើរទៅណាមកណាច្រើន​។

 ពេលនោះពុកក៏បានអុចធូប​ហើយ​ជូនផ្លែឈើ​លុយកាក់តិចតួច មានស្លានិងម្លូភ្ជាប់ ទើបជម្រាបប្រាប់ដំណើរ​រឿង​យល់សប្តិ​របស់ខ្ញុំឱ្យទៅអ៊ំគ្រូម្នាក់នេះ។  អ៊ីចឹងអ៊ំធៀប​ក៏សុំឲ្យខ្ញុំលាបាតដៃសម្រាប់គាត់ពិនិត្យមើល។

គាត់បានយកខ្មៅដៃមកគូសវាសលើដៃរបស់ខ្ញុំ។ តែវាមិនបានចេញជារូបរាងអ្វីនោះទេ ពីព្រោះខ្មៅដៃនិងបាតដៃម៉េចនឹង​អាចគូរ​បាន?

ដើរបានឡើយ បើមិនបានឡើយ ប៉ុន្តែទោះបីយ៉ាងណាគាត់បាននិយាយប្រាប់ខ្ញុំថា ខ្ញុំមាននិស្ស័យជាមួយនឹងកំណប់ទ្រព្យពីព្រេងនាយនៅក្រោមដើមគគីរនោះ។

ទោះបីគាត់ដឹងកន្លែងនោះ ប៉ុន្តែមានតែខ្ញុំទេដែលអាចមានវាសនាទទួលយកបាន។

ខ្ញុំបានសួរគាត់ថា តើខ្ញុំគួរជីករកដែរឬធ្វើយ៉ាងណា?

គាត់បានប្រាប់ថា ខ្ញុំត្រូវតែអុជធូបបួងសួងសុំឱ្យមានការ​ពន្យល់សប្តិខ្ញុំនោះឱ្យបានច្បាស់លាស់បន្ថែមទៀត ឱ្យចប់ចុងចប់ដើម។

ខ្ញុំគិតស្ងប់ស្ងាត់តែគិតមិនយល់ទៀត​ក៏សួរថា

«ដូចម្ដេចដែលហៅថាចប់ចុងចប់ដើម?»

រឿងយល់សប្តិនោះ អ៊ំ​ធៀបគាត់ក៏ប្រាប់ថា យល់សប្តិនោះត្រូវមាន​ការ​ពន្យល់ផងថា ខ្ញុំត្រូវធ្វើម្ដេចខ្លះនៅក្រោមគល់ឈើនោះហើយត្រូវ​បញ្ជាក់សួរ​ថាឱ្យខ្ញុំយកទេ?

ខ្ញុំយល់ហើយ ពុកខ្ញុំក៏ព្រម​តាមហេតុផលនេះ។ អ៊ុំនោះបានឱ្យដីខ្ញុំមួយក្បង់​ខ្ចប់ទុកក្នុងក្រដាសសៀវភៅ ។​គាត់ថា​យករបស់នេះទុកចុងជើងគ្រែពេលចូលគេងហើយត្រូវ​ដាក់ផ្កានិងទឹកនៅម្ចាស់ដី​ដើម្បី​សុំ​យល់សន្តិឆាប់ៗ។

ខ្ញុំត្រឡប់ទៅវិញក៏បានអុជធូបនិងទុកកញ្ចប់នោះក្រោមពូកគ្រែដូចគាត់ប្រាប់។ បន្តរយៈពេលដែលខ្ញុំនៅផ្ទះលោកយាយច្រើនថ្ងៃមកទៀត ខ្ញុំក៏នៅតែ​មិនបានយល់សប្តិឃើញដើមគគីរទៀតទាល់តែសោះ។

រហូតដល់ជាងមួយខែក្រោយមកនេះ ខ្ញុំបានឡើងមកនៅភ្នំពេញវិញដើម្បីចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ។

មុខផ្ទះពួកខ្ញុំនៅភ្នំពេញដែល​ទុកចោលពោរពេញទៅដោយសម្រាម​ពង្រាយ​។

ពុកនៅបន្តសម្រាកថែរក្សាម្ដាយគាត់នៅឯស្រុក ចំណែកខ្ញុំឡើងមកនេះតែ២នាក់ប្អូនជីដូនមួយខ្ញុំ បានមកស្នាក់នៅក្នុងផ្ទះរបស់យើង។ គ្រានោះដោយមានបងប្រុសជីដូនមួយរបស់ខ្ញុំម្នាក់ទៀតជាបងបង្កើត​របស់និមល និងម្តាយមីងខ្ញុំម្នាក់ទៀត​នឹង​​មកដល់ពេលល្ងាចដែរ​រង់ចាំចាក់ថ្នាំ ​។

ល្ងាចនោះយើងទាំង​បួន​ហូបបាយអាំងសាច់ដូចជុំគ្នា​រាល់ដង។ ក្រោយមក​ខ្ញុំក៏លង់លក់មួយភាំងព្រោះស្តាប់ចម្រៀង​លេងៗប្អូនខ្ញុំវាច្រៀង។

ក្រោយពេលសុបិនឃើញ​ថា​បានវេចនំ​មួយកន្ទេលធំ​ សម្រាប់ទុកជូនលោកយាយខ្ញុំយក​ទៅវត្តពេលភ្ជុំ ស្រាប់តែខ្ញុំបន្ត​មក​យល់សប្តិឃើញមានបុរសម្នាក់លីដើមគគីរមួយមកលក់ដល់នៅមុខផ្ទះខ្ញុំនេះ។

ក្នុងនោះ​ខ្ញុំភ្លេចអស់រឿងអ៊ុំធៀប​។

ខ្ញុំប្រាប់ទៅអ្នកលីដើមឈើម្នាក់នោះថា ផ្ទះខ្ញុំតូចណាស់ ដាំដើមឈើនេះអត់បានទេ។ គាត់ប្រាប់ខ្ញុំថា ការដាំវាបានមិនចាំបាច់ដាក់វាទៅក្នុងដីទេ វានឹងងាប់មិនខាន។

ខ្ញុំក៏នឹកឃើញភ្លាមទាំងនៅក្នុងយល់សប្តិនោះរឿងដើមគគីរនិងព្រះពុទ្ធរូប។

ខ្ញុំងើយមុខ​ទៅសម្លឹង​ចុងឈើ​ក្រែងឃើញអ្វីល្អទៀត ស្រាប់តែតាដែលលីដើមគគីរមកលក់នោះបានប្រែខ្លួនក្លាយជាមនុស្សស្រីវ័យចំណាស់ទៅវិញ។ គាត់មានសក់សពេញក្បាលហើយច្រងេងច្រងាងណាស់ គាត់ខំខ្ចប់ក្រមាយ៉ាងណាក៏សក់គាត់នៅតែបន្តលូតចេញមក លៀនមកយ៉ាងវែងមិនឈប់វាសពាសពេញព័ទ្ធចោមទាំង​ខ្លួនខ្ញុំដែលមានការសង្ស័យនិងភ័យយ៉ាងខ្លាំងផង។

ក៏ស្រែកសួរថា​៖

«អ៊ំឯងជាព្រាយឬក៏មិនមែន?»

«គាត់ឆ្លើយថា មីនាងឯងខ្លាចដែរទេ?»

ខ្ញុំថាខ្ញុំមិនខ្លាចទេ? ប៉ុន្តែបើអ៊ំដឹង សូមប្រាប់ខ្ញុំផង​ថា ហេតុអ្វីខ្ញុំយល់សប្តិឃើញដើមគគីរដល់ទៅពីរបីដង។

កាន់សក់សវែងៗ​របស់គាត់យកទៅចងព័ទ្ធនឹងដើមគគីរ​ គាត់ឆ្លើយថា៖

«ពីព្រោះថា នាង​ជាម្ចាស់ដីដើមគគីរនេះតាំងពីជំនាន់មុន ជាអ្នកដាំវាដោយផ្ទាល់ដៃ។ នៅពេលដែលនាងស្លាប់បាត់ទៅ អ្នកក្រោយៗគេខ្ជិលថែរក្សាគេគាស់គេយកទៅបោះចោលតែដោយសារនាងបានកប់របស់ខ្លះនៅក្រោមដើមនោះជំនាន់មុនលុនណុល នាង​អាចទៅយករបស់នាងវិញ ប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយ ។»

«លក្ខខណ្ឌអ្វីទៅ?»

ខ្ញុំចាប់ផ្ដើមភ័យផងអរផង។

ខ្ញុំមើលទឹកមុខរបស់គាត់គឺជាលក្ខខណ្ឌមិនងាយស្រួលនោះទេ។ អារម្មណ៍សម្ងាត់របស់ខ្ញុំដែលនៅដឹងខ្លួនឯងច្បាស់ថា ការយល់សប្តិច្រើនតែជាអារម្មណ៍ពិត នៅពេលក្រោកមកវិញ ម្ល៉ោះ​ហើយ​បើខ្ញុំមានអារម្មណ៍ភ័យ គ្រប់យ៉ាងច្បាស់ជារឿងរន្ធត់ជាជាងរឿងល្អ។

ខ្ញុំមិនចង់យល់សប្តិបន្តទេ ប៉ុន្តែខ្ញុំចេញពីយល់សប្តិនោះមិនកើតសោះ ។

ភ្លាមៗនោះ ត្រចៀក​ខ្ញុំឮសំឡេង​យាយសក់សនិយាយប្រាប់ខ្ញុំបន្ថែមទៀតថា នៅពេលទៅយករបស់របរនាងពីដើមឈើមកវិញ បើសិនជាមានឮសំឡេងមនុស្សសួរ មិនអាចឆ្លើយតបបាននោះទេ។ អ្នកណាហៅឈ្មោះនាងក៏ដោយ បើមានចម្លើយឆ្លើយពីមាត់នាង នាង​នឹងមិនអាចត្រឡប់ចេញពីយល់សប្តិមកវិញជារៀងរហូត។

ខ្ញុំភ័យខ្លាំងណាស់ ហើយខ្ញុំប្រាប់គាត់ថា ខ្ញុំអត់ចង់ទៅយកទេ បើទៅត្រូវឱ្យពុកខ្ញុំទៅយកទៅ។ ខ្ញុំចង់ចេញពីយល់សប្តិនេះវិញ គាត់ក៏និយាយថា ហួសពេលហើយ។ នៅពេលដែលនាងដឹងពីការសម្ងាត់របស់ឋានទាំងបី នាងមិនអាចវិលត្រឡប់ទៅក្រោយវិញបានងាយស្រួល​ទេ។

ខ្ញុំយំ ហើយបែរបន់។

យាយសក់ស​គាត់ក៏បាត់ខ្លួនទៅដែរ ដើមគគីរ​ចាប់ផ្តើមឈរខ្លួនវា​ឡើង​ដោយ​លូតទៅសំដៅមេឃា។ ខ្ញុំចាប់ផ្ដើមឃើញ ខ្លួនឯងឈរយំលើស្ពាន​ គ្មានមនុស្ស​ ។

ចិត្តនេះ​ចាប់ផ្ដើមនឹកអាណិតដល់ឪពុករបស់ខ្ញុំថា បានអ្នកណាថែរក្សាគាត់ទៅបើសិនជាខ្ញុំទៅដល់នោះដោយ​ច្រឡំឆ្លើយឆ្លងជាមួយអ្នកណាម្នាក់។

ពេលនោះស្រាប់តែខ្ញុំដើរទៅ សំដៅបង្វេចមួយដូចជាមិនពិតក្នុងរឿងល្ខោនឬក៏រឿងបុរាណចិនកំពុងត្រូវគេទុកចោលនៅក្រោមគល់ឈើ ដ៏ធំនោះ។

អារម្មណ៍មួយប្រាប់ខ្ញុំថាបង្វិចនេះខ្ញុំស្គាល់។

គឺជារបស់ខ្ញុំមុនសង្គ្រាម​ដូចដែលគេមកប្រាប់មែន។ ខ្ញុំបានភ្លេចទ្រព្យសម្បត្តិមានតម្លៃរបស់ខ្ញុំមុនពេលស្រុកមានសង្គ្រាមដោយកាលណោះ​ ខ្ញុំបានជីកវាលាក់ទុកនៅក្រោមដើមគគីរមួយនេះ។ គឺជារឿងខុសពីជាតិមុនរបស់ខ្ញុំ!

តើវាជាអ្វីខ្លះខ្ញុំរកនឹកមិនឃើញទេប៉ុន្តែក្នុងចិត្តខ្ញុំពិតជាអរភ័យខ្លាំងណាស់។

ខ្ញុំភ័យដល់ថ្នាក់មិនចង់បានវាមកវិញឡើយនៅទីទើរ។

 ភ្លាមនោះជើងខ្ញុំដើរទៅដល់វា ដោយមិនបានព្រាងទុក។

ដែលខ្ញុំចាប់ផ្តើមដាក់ដៃ​ដល់បង្វេច ស្រាយបង្វេចចេញ ឃើញសុទ្ធតែមាសនិងមានខ្សែកជាច្រើនខ្សែរួមជាមួយយន្ត​និងសន្លឹក​ ភ្លឺរលោងចែងចាំងស័ក្ដិសមជាមាសសុទ្ធ។

ទោះបីយ៉ាងណានេះគ្រាន់តែជាយល់សប្តិ ខ្ញុំប្រាប់ខ្លួនឯង ខ្ញុំមិនអាចឃើញវាទេពេលភ្ញាក់មកវិញ។ ខ្ញុំក៏លាមើលហើយលើកខ្លះយកមកពាក់ក បួងសួងសុំសំណាង​ម្ដងមួយៗចុងក្រោយ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា បើវាជារបស់ខ្ញុំៗសូមផ្សងឱ្យនៅក្នុងជីវិតពិតខ្ញុំនឹងទទួលបានរបស់ខ្ញុំត្រឡប់មកវិញតាមនិស្ស័យទ្រព្យសម្បត្តិរបស់ខ្ញុំ នឹងអំពើល្អរបស់ខ្ញុំដែលបានសាងជាយូមកហើយនោះ។

ប្អូនខ្ញុំនិមលវាមក​អង្រួនខ្ញុំ។

«បងនែត!​បងក្រោកឡើង! ដឹងទេក្រោកឡើង ក្រោកឡើង!»

ខ្ញុំក៏ឆ្លើយ​ប្រាប់វិញថា៖

«មិនអីទេ!បងក្រោកឡើងបាន!»

ខ្ញុំនៅតែ​ក្រោកមិនរួចសោះ។ អារម្មណ៍មួយប្រាប់ខ្ញុំថា ហេតុអ្វីបានជាខ្ញុំឆ្លើយឆ្លងជាមួយនាង? ខ្ញុំនៅមុខដើមគគីរនៅឡើយហេតុអីបានជាខ្ញុំឆ្លើយជាមួយមនុស្ស?

ខ្ញុំមិនអាចចេញពីយល់សប្តិនេះវិញ​ទេមែនទេ?

ខ្ញុំស្លប់ស្លោណាស់ ខំងាករកអ្វីៗតែដើមនេះវាស្រូបខ្ញុំចូលបន្តិចម្តងៗហើយ​។ ពុកអើយ យាយអើយជួយខ្ញុំផង។ នៅក្នុងនោះខ្ញុំឃើញម្តាយរបស់ខ្ញុំកំពុងអង្គុយបំពេរខ្ញុំ ដែលតូចក្នុងអង្រឹង។

គាត់ស្លៀកពាក់ខ្មៅដូចប៉ុលពត។

ខ្ញុំចេញមិនរួចទេ ហើយជាប់ក្នុងនោះតែម្តង។

ខ្ញុំមើលមកក្រៅឃើញពួកគេ​អុចធូប និមលយំយែក ដាក់ខ្ញុំ។ ខ្ញុំមិនដឹងថា នេះជាអ្វីទេ។ ខ្ញុំជាប់ក្នុងសុបិននេះហើយ! ខ្ញុំមិនសមណាលេងសើចជាមួយ​សុបិនសោះ។ ខ្ញុំខ្លាចណាស់!​អ្នកណាអាចជួយខ្ញុំបានទៅ?

នេះ ជាការតាក់តែងនិពន្ធដំបូងរបស់ខ្ញុំ បើសិនជាអ្នកទាំងអស់គ្នាអាចអានចប់ហើយកុំភ្លេច​ជួយខមមិនបញ្ចប់សាច់រឿងរបស់ខ្ញុំផងបានទេ?