ម្ចាស់សៀវភៅ ពេលវេលា អ្នកស្រី ម៉ីសន សុធារី ជាអ្នកនិពន្ធដែលមានស្នាដៃនិងការទទួលស្គាល់ជាទូទៅក៏ជាម្ចាស់វេបសាយ meysansotheary.com បានសរសេរនៅព្រឹកនេះថា អ្នកនិពន្ធខ្មែរវ័យក្មេង ពិតជាមានស្នាដៃខ្ពស់ឡើងៗហួសពីការស្មានរបស់អ្នកស្រី។
![](https://www.meysansotheary.com/wp-content/uploads/2022/04/DSC08349-840x1024.jpg)
តាមរយៈការសរសេរនេះ ក្រុមការងារបានធ្វើសំណួរចំនួនប្រាំបីទៅកាន់អ្នកនិពន្ធខាងលើរួមមាន៖
១. តើអ្វីខ្លះដែលបានបំផុសគំនិតអ្នកស្រីឲ្យសរសេរអំពីអ្នកនិពន្ធវ័យក្មេង?
ចាស៎ ខ្ញុំឃើញប្រលោមលោកនីមួយៗចេញមកពិតជាគួរចាប់អារម្មណ៍ទាំងចំណងជើងនិងដំណើររចនាសម្ព័ន្ធមាតិកា។ ពេលខ្ញុំក្រឡេកមើលសៀវភៅរបស់ខ្ញុំ កាលពីខ្ញុំវ័យស្មើពួកគេគឺកម្រិតខុសគ្នាខ្លាំងណាស់ ។ ដ្បិតតែតិចណូឡូជីផ្លាស់ប្តូរ ជួយពន្លឿនរបៀបដែលយើងធ្វើការ ប៉ុន្តែពួកគេពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំង។ គឺភ្ញាក់ខាងវិជ្ជមាន! ល្អហើយខ្លាំង! ពួកគេខ្ញុំសំដៅលើ សយ ស៊ីណា ធឿន វុទ្ធី ឆាន់ វុត្ថា ពៅ មករា ច្រើនទៀត ដូចជា ហ៊ុយ សារ៉ាត់ ឆោម សុពៅ អ្នកនិពន្ធល្បីៗចាំមិនអស់ ចំណងជើងមួយណាក៏ខ្ញុំត្រូវសរសើរ ។ របៀបរើសចំណងជើងរបស់ពួកគាត់ ឬមិនថាក្រុម ទសប៉ាកកា និង MST ឥន្ទ្រីយ៍ ហង្សៈ នាគា ដែលចេញរឿងជាបន្តបន្ទាប់ហើយស្នាដៃពីមួយទៅមួយ ឡើងកម្រិតថ្មីលឿន បង្ហាញថា នេះជារបៀបនៃការផ្លាស់ប្តូរដ៏រហ័សមួយ។
២. តើការផ្លាស់ប្តូរជំនាន់អ្នកស្រីយ៉ាងម៉េចវិញ បាទ?
ជាមនុស្សផ្សេងគ្នា កាលៈទេសៈខុសគ្នា! ពេលខ្ញុំសរសេរសៀវភៅនោះខ្ញុំតែងជឿថា សៀវភៅផ្លាស់ប្តូរយើង។ កាលយើងបង្កើតតួអង្គល្អហើយចិត្តយើងមិនល្អស្មើតួ យើងក៏ខ្មាស យើងក៏រៀនបានច្រើនជាមួយនឹងសៀវភៅនេះដដែល។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានសង្កេតនៅក្នុងប្រទេសយើង ជាពិសេសនៅភ្នំពេញ វាបានជ្រាបចូលទៅក្នុងប្រលោមលោកនេះជានិច្ចជាកាល ឧទាហរណ៍ខ្ញុំបង្កើតសេចក្តីល្អទប់នឹងសេចក្តីអាក្រក់ខ្ញុំមិនឱ្យតួអង្គដោះស្រាយជាអំពើហិង្សាទះតប់ដោយទះតប់តបទេ ថ្វីដ្បិតតែប្រលោមលោកជាការស្រមើស្រមៃក៏ដោយអ្នកនិពន្ធនឹងទទួលខុសត្រូវ ចំពោះប្រតិកម្មអ្នកអានក្រោយពីអានការសរសេរសៀវភៅយើង។
៣. រឿងដ៏ស្មុគស្មាញមួយគឺ សៀវភៅល្អមិនល្បីខ្លាំងដូចសាច់រឿងភាគដែលតម្រូវចិត្តឱ្យស្រើបស្រាល ឬភ្ញោចខឹងសម្បា គុំ ស្អប់ទះតប់ ឈ្នានីស អ្នកស្រីរក្សាគុណតម្លៃខ្លួនឯងដោយរបៀបណា?
ខ្ញុំចូលចិត្តសរសេរសៀវភៅជារបៀបខ្ញុំ ហើយក្រុមរបស់យើងសរសេរជារបៀបគាត់ មិនចាំបាច់ដូចខ្ញុំទេ អ៊ីចឹងហើយ អ្នកនិពន្ធផ្សេងគេកំណត់គុណតម្លៃរបស់គេជារឿងរបស់គេនិងសិទ្ធិរបស់គេ ប្រសិនគេនឹងទទួលខុសត្រូវបានទៅថ្ងៃមុខចំពោះមនសិកាខ្លួនឯងឬមិត្តអ្នកអាន។ សម្រាប់ខ្ញុំ ពណ៌ចម្រុះជាភាពស្រស់ស្អាត នៃថ្នាលប្រលោមលោកខ្មែរ កុំដណ្តើមគ្នាថាពណ៌ណាល្អជាង ខ្ញុំកាលពីមុនចូលចិត្តស្វាយ ក្រោយមក ខៀវ ក្រោយមកស ឥឡូវចូលចិត្តលឿង ថ្ងៃក្រោយអាចបៃតង! បើគ្រប់គ្នាងាកមកតាមខ្ញុំ ឬឱ្យខ្ញុំគិតថាខ្ញុំល្អតែឯង នេះមិនមែនអ្វីដែលយើងចង់បានទេ! ដុតអារម្មណ៍ឬមិន ក៏អាស្រ័យលើសាច់រឿង។ ឧទាហរណ៍ រៀបការសងគំនុំ មានខ្លះយល់ថាខ្ញុំសរសេរ ព្រោះរឿងនេះកំពុងស្ថិតក្នុងលំដាប់កំពូល តែ….ហេតុអ្វីអ្វីៗនៅទីខ្ពស់បង្អស់ហ្វេនតែងតែសង្ស័យថា ជារបស់ខ្ញុំ? ដែលខ្ញុំចាប់អារម្មណ៍បំផុតគឺឥទ្ធិពលនៃការទុកចិត្តគ្នា! ខ្ញុំយល់ថាបើអ្នកណាម្នាក់សរសេររឿងបែបដូចម្តេច ជាការសម្រេចចិត្តមានហេតុផលច្រើនយ៉ាងយើងមិនយល់ និងពិបាកវិនិច្ឆ័យថាខុសឬត្រូវដែរ ចួនកាលសំណូមពរហ្វេនរបស់គាត់ ខ្លះថាជាតម្រូវការ Sponsor ខ្លះជាយុទ្ធសាស្ត្រសាមីស្ថាប័ន។ នេះជាសករាជនៃការគាំទ្ររបៀបខុសគ្នា កុំបន្តវប្បធម៌ចង្អុលនិងបន្ទោស វាអត់ជួយអីទាំងអស់!
៤. តើមានអារម្មណ៍បែបណាដែលសៀវភៅអ្នកជំនាន់ក្រោយល្បីជាងអ្នកស្រីជាអ្នកជំនាន់មុន? តើបំបាក់ទឹកចិត្ត ក្នុងការសរសេរបន្តទៀតទេ?
ប្រសិនធ្វើការងារមួយហើយគិតថា វាត្រូវតែទទួលបានការសរសើរនោះ គឺយើងរំពឹងការឱ្យតម្លៃពីមជ្ឈដ្ឋានក្រៅខ្លួន! នេះជាការលំបាកមួយក្នុងការមានអារម្មណ៍ល្អ ព្រោះគ្មានអ្នកណាមានពេលមកគាំទ្រតែយើងម្នាក់ និងជារៀងរហូតទេ។ ការសរសេរសៀវភៅជាការលំបាកណាស់ សូម្បីខ្ញុំសរសេរយូរហើយក៏នៅលំបាក ចុះទម្រាំឱ្យខ្ញុំរង់ចាំការលើកទឹកចិត្តពីក្រៅទៀត ប្រហែលលែងសរសេរយូរហើយ! ខ្ញុំចូលចិត្តកំណត់ជោគជ័យដោយវិធីផ្ទាល់ខ្លួន! បើខ្ញុំកំណត់ថារឿងនេះមានផ្សារភ្ជាប់នឹងនយោបាយឬប្រវត្តិសាស្ត្រ ទោះលំបាកយ៉ាងណាខ្ញុំធ្វើវា! បើខ្ញុំបញ្ចប់រឿងនោះបាន ខ្ញុំជោគជ័យ! កុំឱ្យគំនិតឬការវិនិច្ឆ័យរបស់អ្នកដទៃកំណត់ព្រំដែននៃអាជីពយើង យើងខ្លួនឯងត្រូវកំណត់វា។ សម្រាប់ខ្ញុំ ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលឱ្យតម្លៃខ្លួនឯងខ្ពស់ គោរពខ្លួនឯង ព្រោះខ្ញុំដឹងពីការច្នៃប្រតិដ្ឋដែលខ្ញុំបានខិតខំរកមក និងការពុះពារដែលមិនចាំបាច់មានសញ្ញាបត្របញ្ជាក់។ អ្នកនិពន្ធផ្សេងក៏ដូចគ្នា ទម្រាំគេជោគជ័យ មិនដឹងគេបានឆ្លងកាត់អ្វីខ្លះទេ ហេតុអ្វីខ្ញុំត្រូវអន់ចិត្តពេលឃើញអ្នកដទៃជោគជ័យ! ប្រហែលជាកាល២០ឆ្នាំមុន ខ្ញុំមានទស្សនៈបែបនេះភាគខ្លះក្នុងជីវិត តែពេលឥឡូវ វាហួសសម័យហើយ គំនិតបែបនេះ!»
៥. ឮថាអ្នកស្រីមានគម្រោងចេញសៀវភៅទម្រាំស្គាល់ខ្លួនឯងតែក៏ផ្អាកវិញ?
ខ្ញុំសរសេរចប់ហើយ តែអានទៅ ឃើញអត់មានអីថ្មីច្រើន ខុសពីសៀវភៅទម្រាំក្លាយជាអ្នកនិពន្ធ ខ្ញុំផ្អាកសិន! ខ្ញុំមិនចង់ឱ្យអ្នកទិញទៅហើយឃើញតែភាពដដែលៗ មិនចាំបាច់! ខ្ញុំនៅមានបច្ចេកទេសខ្លះទាក់ទងនឹងការប្រើទស្សនៈស្វែងយល់ខ្លួនឯងឱ្យបានងាយយល់ជាងនេះ! របស់ល្អ រមែងត្រូវការពេល!
៦. អ្នកស្រីមានគម្រោងអ្វីក្នុងការចូលរួមប្រឆាំងនឹងការប្រើហិង្សាក្នុងបទនិពន្ធសម័យថ្មី?
ក្រឡេកមើលប្រវត្តិផ្ទាល់ខ្លួនរបស់ខ្ញុំ ប្អូនដឹងស្រេចហើយថា ការពិត ខ្ញុំបានឆ្លងកាត់ការងារនៅមណ្ឌលព័ត៌មានស្ត្រីជិត១០ឆ្នាំ ដែលការគិតអំពីសិទ្ធិស្ត្រីនិងជនទន់ខ្សោយ មានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតខ្ញុំ ផ្នត់គំនិតខ្ញុំ។ កម្ពុជាយើងនៅដូចប្រទេសដទៃច្រើនទៀតក្នុងលោកដែលមានអន្តរកាលនៅឡើយនៃការយល់ដឹង ម្តេចទៅហៅថាបៀតបៀនសម្តី និងប្រើដៃជើង! គ្រប់គ្នាទាំងរដ្ឋាភិបាលនិងថ្នាក់ដឹកនាំស្ត្រី ស្ត្រីគ្រប់គ្នាបាននិងព្យាយាមឥតឈប់ឈរទេក្នុងរឿងនេះ ហើយខ្ញុំគិតថា បើអ្នកនិពន្ធឱ្យតួអង្គចេះដោះស្រាយដោយមិនស្រែក មិនវាយដំ ចុងក្រោយនឹងធ្វើឱ្យមានភាពខុសគ្នាខ្លាំងលើផ្នត់គំនិតអ្នកអានទូទៅ។ ខ្ញុំមិនចង្អុលអ្នកណាទេ ខ្ញុំធ្វើខ្លួនឯងតែម្តង ព្យាយាមកាត់បន្ថយនិងពិនិត្យពិច័យជានិច្ច!
៧. យើងគួរតែអប់រំអ្នកទស្សនានិងអ្នកអានសិនដែរទេ?
គំនិតចោលបញ្ហាទៅលើទស្សនិកជនមិនមែនជារឿងត្រឹមត្រូវទេ!
ប៉ុន្មានឆ្នាំមកនេះ ខ្ញុំមានអ្នកអានជាច្រើនដែលទាក់ទងមកវ័យក្មេងនិងចាស់ គំនិតខុសគ្នា! អ្នកអានខ្លះប្រាប់ខ្ញុំថា ធ្លាប់មើលខ្ញុំពេជ្របណ្ឌិតល្អមើល ខ្លះថាចូលចិត្តសុភាប្រុស ខ្លះថាចូលចិត្តស្រទន់តែមិនចូលចិត្ត បេះដូងមេគង្គ ខ្លះខឹងដែលខ្ញុំសរសេរ BL ខ្លះថាស្គាល់ខ្ញុំដោយសារ BL។ លទ្ធភាពដែលអ្នកនិពន្ធម្នាក់អាចធ្វើបានគឺស្តាប់ពួកគេ តែមិនអាចធ្វើតាមទាំងអស់ទេ ដូច្នេះហេតុអ្វីចង់ផ្លាស់ប្តូរពួកគេ? បរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងយើងនិងអាន គឺមកពីយើងគិតថាយើងត្រូវ ពួកគេខុស! ភាពជ្រុលនិយមមិនដែលជួយអ្វីបានច្រើនទេ ការបន្ទោសគ្នាមានតែនាំឱ្យសង្គមដើរថយក្រោយ ដូច្នេះអ្នកអានមានសិទ្ធិជ្រើស អ្នកសរសេរមានសិទ្ធិកំណត់គុណតម្លៃ។
៨. នៅចុងបញ្ចប់អ្នកស្រីមានសារអ្វីទៅកាន់អ្នកនិពន្ធវ័យក្មេងទៀត?
ដ្បិតប្រលោមលោកជាការងារនៃការស្រមើលស្រមៃ ប៉ុន្តែឈុតឆាកធំៗ នៅក្នុងចំណងជើងល្អៗ ល្បីៗក៏ត្រូវមានភាពប្រាកដនិយមដែរ។ និទានកថាដែលមានសាច់រឿងស្រមៃតែមានសកម្មភាពប្រាកដនិយម ពិបាកក្នុងការសរសេរមែន តែជាការងារត្រឹមត្រូវនៃអ្នកនិពន្ធម្នាក់ៗ។ មួយទៀត កុំចោលឫសគល់វប្បធម៌របស់យើង! ក្រមាលើខ្លួនយើង ឬស្លៀកក្បិន សំឡុយលើគម្របមិនបង្ហាញ ប្រពៃណីទំនៀមទម្លាប់ស្មើនឹងពាក្យពេចន៍រសន្ទនា ឬសកម្មភាពដោះស្រាយបញ្ហារបស់តួអង្គយើងទេ! ខ្មែរមានប្រតិកម្មបែបណា ក្នុងកាលអាកាសដែលយើងកំពុងតែងនិពន្ធ ត្រូវការការស្រាវជ្រាវនិងជជែកជាមួយមនុស្សច្រើន! សាច់ខាងក្នុងនៃសៀវភៅគឺជា មាស!
![](https://www.meysansotheary.com/wp-content/uploads/2022/04/photo_2022-02-08_08-57-11-2-1024x768.jpg)
អ្នកស្រី ម៉ីសន សុធារី គឺជាអ្នកនិពន្ធ ដែលត្រូវបានគេស្គាល់តាមរយៈសៀវភៅជាច្រើនចំណងជើង ជារឿងប្រលោមលោកល្បីៗដូចជា ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ ពេលវេលា ស្ទូឌីយោលេខ៧ អាគមបរព្រៃ សំណុំឯកសារ Z22 និងសីមាអំបោះលឿង។ល។
អ្នកនិពន្ធរូបនេះកំពុងតែបង្កើតកម្មវិធីលើទឹកចិត្តអ្នកនិពន្ធថ្មីៗបន្ថែមឱ្យឈ្មោះថា«អ្នកនិពន្ធជុំវិញបឹងទន្លេសាប»។ ចូលរួមចុចទីនេះ
បូឡា MST
![](https://www.meysansotheary.com/wp-content/uploads/2022/04/photo_2021-03-29_17-39-09-722x1024.jpg)