«ដែលឃើញគេថើបក្មេងឈ្លើយស្មើនេះអត់?»
ប៉ស៊ីង សួរសំណួរមិនគួរសួរទាំងទឹកមុខស្មើធេង។ លែងឱ្យអ្នកដែលក្លាហានមុននេះទៅជាធ្មឹងមិនដឹងថាត្រូវនិយាយតបតទៅគេវិញយ៉ាងម៉េច? ព្រះអង្គអើយឃើញនៅស្ងៀមៗធ្មឹងៗចឹងសោះតែលេងហាមាត់សួរម្ដងមកសុទ្ធតែសំណួរធ្វើឱ្យក្រញ៉ាញ់ខួរ។
«នែ…» អ៊ីហ្វុង ឈានជើងថយក្រោយថ្នមៗតិចៗ ខំប្រឹងលួចរត់ពីនគរខាងលិចមកដើម្បីប្រលង មិនមែនរត់មកដើម្បីឱ្យគេកេងចំណេញទេ។
«ហឹម!» លោកមន្រ្តីកំលោះដកដង្ហើមធំ រួចសម្លឹងមុខសង្ហាដែលនៅក្រោមស្បៃមុខពណ៌ខ្មៅនោះបន្តិចទើបដើរទៅមុខទៀតទាំងមិនព្រមព្រលែងដៃចេញពីដៃគ្រើមៗនោះ។
ព្រះរាជបុត្រា ទ្រង់សម្លឹងមើលទៅខ្នងស្រឡូនស្អាតរបស់បុរសខ្ពស់ស្រឡៈនៅចំពោះមុខទាំងទឹកមុខឆ្ងល់ បេះដូងរបស់ទ្រង់ដែលតែងតែរឹងមាំរហូតមកពេលនេះក៏លោតដុកដាក់ៗនៅពេលដែលត្រូវដៃទន់រលោងរបស់បុរសម្នាក់នេះកាន់។
អ៊ីហ្វុង ដើរតាមពីក្រោយលោកមន្ត្រីប៉ស៊ីងយ៉ាងស្ងៀមស្ងាត់ គេលួចសម្លឹងមើលទៅទម្រង់មុខដ៏ល្អឥតខ្ចោះនោះ ពិនិត្យពិច្ច័យតាំងពីថ្ងាសរហូតដល់ភ្នែកមុតស្រួចហាក់ដូចជាភ្នែកកញ្ជ្រោងដែលមានកែវភ្នែកថ្លាឈ្វេងនៅពីក្រៅប្រស្រីភ្នែកពណ៌ត្នោតចាស់ ព្រះរាជបុត្រសង្ហាម្នាក់នេះបន្តពិនិត្យមកដល់ច្រមុះស្អាតស្រួចមានខ្ទង់យ៉ាងខ្ពស់សន្លឹមនិងចុងបញ្ចប់គឺបបូរមាត់ស្ដើងពណ៌ផ្កាឈូកស្រាលពីធម្មជាតិនេះឯង។
ភ្នែកមុត ច្រមុះស្រួច បបូរមាត់ស្ដើង ដោយសារតែលក្ខណៈសម្បត្តិទាំងអស់នេះហើយដែលធ្វើឱ្យបុរសនៅចំពោះមុខគេនេះមានមុខមាត់កាចសាហាវ ព្រៃផ្សៃ ហ្មត់ចត់ តែហេតុអ្វីបានជាមនុស្សប្រុសមានមុខមាត់បែបនេះបែរជាមានដៃទន់រលោងដូចជាដៃមនុស្សស្រីទៅវិញ?
«លោក!!»
អ៊ីហ្វុង បញ្ឈប់ជើងដែលកំពុងដើរតាមគេត្រឹកៗមុននេះឱ្យនៅស្ងៀមឈប់កម្រើកនៅពេលឃើញថាគេត្រូវបានអូសមកដល់វាំង ព្រះរាជបុត្របុកពោះភឹបៗព្រោះនឹកស្មានថាខ្លួនប្រាកដជាត្រូវគេចាប់បានហើយថាបន្លំខ្លួនជារាស្រ្តសាមញ្ញចូលមកក្នុងក្រុង ប្រុសម្នាក់នេះច្បាស់ជាភ្នាក់ងារសម្ងាត់ណាម្នាក់របស់ឪពុកគេមិនខាន។
«យើងទៅណា?» អ៊ីហ្វុង លេបទឹកមាត់ដើម្បីផ្សើមបំពង់កបន្តិច ទើបឆ្លៀតហើបមាត់សួរទៅកាន់អ្នកដែលកំពុងងាកមុខមករកខ្លួន។
«ផ្ទះ» ប៉ស៊ីង ថាតែមួយម៉ាត់រួចក៏បែរខ្នង បម្រុងនឹងដឹកដៃគេចូលទៅក្នុងហើយតែក៏ត្រូវអ្នកដែលមានអាយុក្មេងជាងទាញឱ្យបែរមកវិញ។
«ផ្ទះ…អឺ…ផ្ទះអ្នកណា?»
«ផ្ទះយើង!» និយាយចប់លោកមន្ត្រីវ័យក្មេងក៏ចាប់កញ្ឆក់ដៃគេចូលទៅក្នុងវាំង សំដៅទៅកាន់ដំណាក់របស់គាត់។
ពេលថ្ងៃរសៀល…
ដំណាក់ជីង…
«ម៉េចក៏លោកនាំខ្ញុំមកទីនេះ?»
អ៊ីហ្វុង ជ្រួញចិញ្ចើមសម្លឹងមើលបរិស្ថានដ៏គួរឱ្យចង់រស់នៅជុំវិញខ្លួន ដំណាក់នេះមិនធំតែក៏មិនតូច មានសុទ្ធតែដើមម៉ាក់ប្រាង ខ្ពស់ៗស្រឡៈ ដើមស្រឡូនៗស្អាត ដើមឈើហូបផ្លែម៉ាក់ប្រាងនេះវានិយមចេញផ្លែតែនៅលើចុងៗ តែពេលផ្លែវាទុំពេលណាវាក៏ចោលក្លិនក្រអូបមកតាមខ្យល់ បណ្ដាលឱ្យទីធ្លាបរិវេណនៅក្នុងដំណាក់នេះទាំងអស់គ្របដណ្ដប់ដោយក្លិនម៉ាក់ប្រាងឈ្ងុយទ្រប់គ្រប់កន្លែង។
«ទីនេះជាផ្ទះរបស់យើង»
ប៉ស៊ីង តបទាំងមិនព្រលែងដៃរបស់អ៊ីហ្វុង គេចាប់ដៃគ្រើមនោះអូសឱ្យដើរទៅតាមចូលមកដល់ក្នុងបន្ទប់ដេករបស់ខ្លួន។ ពេលមកដល់នៅក្នុងបន្ទប់ដេកហើយលោកមន្រ្តីវ័យក្មេងក៏បន្តអូសព្រះរាជបុត្រសង្ហាឱ្យចូលមកក្នុងបន្ទប់ជាមួយខ្លួនរួចទើបបិទទ្វារចាក់សោរជាប់ទាំងទឹកមុខស្មើធ្វើដូចគ្មានរឿងអ្វីកើតឡើង។ អ៊ីហ្វុងឈរលេបទឹកមាត់តិចៗសម្លឹងមើលទីធ្លាបន្ទប់ឆ្លាស់គ្នាជាមួយនឹងម្ចាស់បន្ទប់ដែលកំពុងតែអង្គុយចាក់តែនៅលើតុជិតនោះធ្វើដូចគ្មានអ្វីកើតឡើង ទាំងដែលគេនេះកំពុងតែមានសញ្ញាសួរជិតពេញក្បាលទៅហើយ។
«លោក?» អ៊ីហ្វុងដើរមកដាក់បង្គុយនៅជិតម្ចាស់ផ្ទះ ព្រមទាំងហៅគេតិចៗផង តាមពិតទៅព្រះរាជបុត្រសង្ហាម្នាក់នេះមិនបានខ្លាចអ្នកដែលចាប់លោកមកឡើយ ដ្បិតអីអ្នកដែលចាប់មកនេះមានដៃរលោងៗ ខ្លួនប្រាណក៏ស្រឡូនមិនបានមានសាច់ដុំអ្វីធំដុំឡើយគួរឱ្យខ្លាចឡើយ បើមើលតាមរូបរាងនិងកាយវិការនោះ អ៊ីហ្វុង អាចវិនិច្ឆ័យបានថាបើគេចង់សម្លាប់មនុស្សម្នាក់នេះគឺមិនពិបាកទេ។
ប៉ស៊ីង ដកភ្នែកចេញពីពែងតែដែលមានឆ្លាក់រូបនាគយ៉ាងមានក្បាច់ក្បូរល្អវិចិត្រ មកមើលភ្នែកមូលក្រឡង់ដែលកំពុងសម្លឹងគេវិញ៖
«ហេតុអីចាំបាច់យកស្បៃនេះមកបាំងមុខ?» ស្របជាមួយសម្ដីរគ្មានទិសគ្មានតំបន់របស់គាត់នេះ ដៃស្រឡូនៗស្អាតរបស់លោកមន្ត្រីក៏ស្រវារទៅចាប់ទាញស្បៃស្ដើងពណ៌ខ្មៅដែលគ្របបាំងមុខមាត់សស្អាតនោះចេញ ដៃវែងៗនោះធ្វើកាយវិការរហ័សដូចផ្លេកបន្ទោររកតែអ្នកម្ខាងទៀតដែលជាអ្នកហ្វឹកហាត់ក្បាច់គុណរាល់ថ្ងៃហាមមិនទាន់។
ប៉ស៊ីងភ្លឹកនឹងសម្រស់របស់ក្មេងប្រុសនៅចំពោះមុខ បបូរមាត់តូចហាក់ដូចជាក្លែបក្រូចមានពណ៌ក្រហមស្រស់ ច្រមុះស្រួចតូចមានខ្ទង់ស្អាត ភ្នែកមូលក្រឡង់ បូករួមជាមួយនឹងថ្ពាល់ប៉ោងៗទៀតនោះ ក្មេងប្រុសដែលនៅចំពោះមុខគេនេះគឺមានរូបសម្បត្តិស្អាតលើសអស់នារីទាំងពួងដែលគាត់បានចួបពីមុនមក។
លោកមន្ត្រីវ័យក្មេងរូបសង្ហា ស្រវារចាប់ដើមដៃរបស់ក្មេងប្រុសនៅចំពោះមុខ ទាញឱ្យដើរតាមគាត់ ប៉ស៊ីងចាប់ផ្ដួលអ៊ីហ្វុងឱ្យដេកទៅលើគ្រែរបស់ខ្លួនហើយក៏ឡើងទ្រោបពីលើ។ នៅសុខៗត្រូវគេអូសប៉ាតណាប៉ាតណីមកដល់ក្នុងផ្ទះគេ ហើយត្រូវគេចាប់ផ្ដួលឱ្យដេកលើពូកបែបនេះទៀត អ៊ីហ្វុងបើកភ្នែគធំៗសម្លឹងមើលមុខសង្ហាខាបព្រលឹងដែលកំពុងតែនៅជិតបង្កើយនឹងមុខរបស់គេ ប្រុសម្នាក់នេះមានកែវភ្នែកដែលអាចសណ្ដំគេឱ្យមិនអាចប្រឆាំងបាន បេះដូងរឹងមាំរបស់ព្រះរាជបុត្រាដែលសម្លាប់មនុស្សមិនញញើតដៃលោតញាប់ទៀតហើយ តើប្រុសម្នាក់នេះចង់ធ្វើអីគេ?
«ស្អាត!» ប៉ស៊ីងយកម្រាមដៃវែងស្អាតរបស់ខ្លួនទៅប៉ះមុខរបស់អ៊ីហ្វុងថ្នមៗចុះឡើងៗ រួចទើបពោលសរសើរមួយម៉ាត់ទាំងទឹកមុខនៅសោះកក្រោះដដែល កែវភ្នែកដែលសម្លឹងដេញតាំងពីថ្ងាសរហូតដល់ច្រមុះក៏ត្រូវបញ្ឈប់នៅត្រង់បបូរមាត់តូចគួរឱ្យស្រឡាញ់នោះ ឈាមនៅក្នុងខ្លួនរបស់មន្រ្តីកំលោះចាប់ផ្ដើមពុះកញ្ជោ្រលយ៉ាងចម្លែករកប្រាប់មិនត្រូវ គាត់ឱនមុខទៅប្រថាប់បបូរមាត់របស់ខ្លួននៅលើបបូរមាត់តូចស្អាតរបស់អ្នកនៅខាងក្រោមថ្នមៗតាមដែលបេះដូងបញ្ជា ខួរក្បាលដ៏ឈ្លាសវៃរបស់គាត់ពេលនេះវាលែងដំណើរការទៅហើយ ទោះបីដឹងហើយថាការធ្វើបែបនេះវាមិនត្រូវតែគាត់ក៏មិនអាចហាមចិត្តខ្លួនឯងបាន ក្មេងប្រុសម្នាក់នេះហាក់បីដូចជាមានឥទ្ធិពលស្រូបទាញយ៉ាងចម្លែកមកលើខ្លួនគេ។
ប៉ស៊ីង កម្រើកបបូរមាត់ថ្នមៗថើបជញ្ជក់លើបបូរមាត់ស្អាតនោះ កាន់តែថើបមានអារម្មណ៍ថាបបូរមាត់មួយនេះកាន់តែផ្អែម ទន់គួរឱ្យឈ្លក់វង្វេងជាទីបំផុតហើយ ដៃវែងៗនោះក៏មិននៅស្ងៀម ដៃរបស់គាត់ស្ទាបថ្នមៗទៅលើដើមទ្រូងរបស់អ្នកនៅខាងក្រោម កំពុងតែមានក្ដីសុខមិនបានប៉ុន្មានផងស្រាប់តែ៖
«អួយយ…អួយ…យួយយ…» ប៉ស៊ីងដែលទើបស្លុងអារម្មណ៍ជាមួយការថើបអម្បាញ់មិញ ពេលនេះក៏រមៀលធ្លាក់ពីលើគ្រែមកដេកនៅលើឥដ្ឋ ដៃស្រឡូនវែងៗនោះក៏យកមកក្ដោបកន្លែងសំខាន់ជាប់ បន្ទាប់ពីតំបន់នោះត្រូវមួយជង្គង់ពិឃាតរបស់ក្មេងប្រុសដែលកំពុងតែអង្គុយសម្លឹងមុខគេនៅលើគ្រែភ្លឹសៗ។
អ៊ីហ្វុង អង្គុយគងអន្ទាក់ខ្លាសម្លឹងមើលមុខមនុស្សព្រានទាំងសមចិត្ត វាមិនដែលអាណាចួបគ្នាភ្លាមមកចាប់អូសដៃចូលបន្ទប់ហើយចាប់ថើបភ្លាមនោះទេវាមិនដែលមាន នៅពេលអង្គុយហួសចិត្តជាមួយប្រុសសង្ហានៅចំពោះមុខមួយសន្ទុះហើយព្រះរាជបុត្រក៏ងើបឈរឡើងបម្រុងនឹងដើរចេញទៅវិញតែក៏ត្រូវអ្នកដែលរមួលនៅគៀននោះចាប់ជើងជាប់។
«កុំទៅ!» ប៉ស៊ីងនិយាយទាំងដៃមិនព្រមព្រលែងចេញពីកជើងរបស់ព្រះរាជបុត្ររូបសង្ហា ដៃវែងៗស្អាតនោះចាប់កាន់កជើងរបស់អ៊ីហ្វុងយ៉ាងស្អិតរមួតមិនបង្ហាញអាការៈខ្ពើមរអើមអ្វីបន្តិចណាឡើយ ទាំងដែលនេះវាមិនមែនជាចរិតរបស់គាត់ពីមុនមកទេ អ្នកណាដែលគេមិនដឹងថាលោកគ្រូពេទ្យរូបសង្ហាម្នាក់នេះស្រឡាញ់ខ្លួនហើយខ្ពើមរបស់កខ្វក់ប៉ុនណានោះ ត្រឹមតែយកដៃទៅប៉ះភក់បន្តិចក៏គាត់មិនដែលប៉ះផង មិនសូម្បីគិតថាលោកគ្រូពេទ្យប៉ស៊ីងនឹងមានថ្ងៃមកចាប់កាន់កជើងអ្នកណាស្និទ្ធស្នាលបែបនេះទេ។
«យើងមិនទាន់ស្គាល់ឈ្មោះឯងទេអាល្អិត»
«អ្នកណាជាអាល្អិតរបស់ឯងទៅ?» អ៊ីហ្វុងសែនជ្រេញសម្ដី ចរិត និងកាយវិការរបស់អ្នកនៅចំពោះមុខខ្លាំងណាស់ ត្រឹមត្រូវមួយជើងក៏ដេករមិលរមួលពេញដីហើយនៅមានមុខមកធ្វើឡូយទៀត មិនដែលចួបមនុស្សអីចរិតបែបនេះពីមុនមកទេលោកព្រះ។
ប៉ស៊ីង ងើបឈរ ដើរទៅជិតព្រះរាជបុត្ររហូតដល់ទ្រូងរបស់គេសឹងតែជល់នឹងមុខរបស់ព្រះរាជបុត្រាទៅហើយ លោកគ្រូពេទ្យយកដៃទៅចាប់ចង្ការអ្នកនៅចំពោះមុខឱ្យងើយឡើង គាត់យកមេដៃទៅអង្អែលបបូរមាត់តូចនោះថ្នមៗរួចក៏ឱនមុខទៅជិតនឹងមុខតូចស្អាតនោះហើយនិយាយដាក់បបូរមាត់អ៊ីហ្វុងតិចៗថា៖
«ឯងឈ្មោះអី?» ព្រះ!!!នេះជារបៀបសួរឈ្មោះរបស់អ្នកស្រុកភូមិភាគខាងកើតតើមែនដែរទេ? អួយ!បេះដូងរបស់អ៊ីហ្វុងលោតញាប់ទៀតហើយ ប្រុសមុខសង្ហាម្នាក់នេះហាក់មានឥទ្ធិពលយ៉ាងចម្លែកមកលើបេះដូងរបស់គេ ត្រឹមគេឈរជិត គេប៉ះ គេថើបតិចតួចអាបេះដូងឈាមខ្មៅនេះវាក៏លោតខុសចង្វាក់តែរហូត។
«អ៊ីហ្វុង» ស្របជាមួយចម្លើយនេះព្រះរាជបុត្រាក៏រុញអ្នកដែលមានរាងខ្ពស់តែមាឌស្រឡូនចេញ ឯប៉ស៊ីងក៏សើចតិចៗនៅចុងមាត់ហើយព្រមដើរថយចេញតិចៗតាមកម្លាំងច្រានដែរ។
«នេះជារបៀបរាក់ទាក់ភ្ញៀវរបស់ពួកលោកមែនទេ?» អ៊ីហ្វុងសួរទាំងយកដៃទៅជួតបបូរមាត់ខ្លាំងៗដូចជាខ្ពើមរអើមនូវការប៉ះពាល់មុននេះផង ដែលកាយវិការបែបនោះវាបង្កការមិនពេញចិត្តជាខ្លាំងដល់លោកគ្រូពេទ្យប៉ស៊ីង។
«ថាម៉េច?»
«គឺដែលនៅសុខៗចាប់គេចូលបន្ទប់ហើយថើបគ្នារួចបានសួរឈ្មោះ តើទាំងអស់នេះជារបៀបដែលពួកលោកស្វាគមន៍ភ្ញៀវឬ?»
អ៊ីហ្វុងសួរទាំងឆ្ងល់ ព្រោះគេជាបុគ្គលចំណូលថ្មីក្នុងទឹកដីនេះហើយក៏ជាប្រជាជនភាគខាងលិចទៀត ទោះបីជាមានព្រំប្រទល់ជាប់គ្នាក៏ដោយប៉ុន្តែវប្បធម៌ អរិយធម៌ ក៏ដូចជារបៀបរបបការរស់នៅ ការស្លៀកពាក់ ហូបចុកគឺខុសគ្នាទាំងស្រុង។
«ជាអ្នកមកពីភូមិភាគខាងលិចមែនដែរទេ?»
ប៉ស៊ីងមិនឆ្លើយហើយបែរជាសួរទៅកាន់អ្នកដែលសួរគាត់វិញព្រមទាំងយកដៃមកចាប់ចង្ការហើយភ្នែកសម្លឹង ពិនិត្យរាងកាយអ្នកនៅចំពោះមុខមួយៗផង។
«អឺ…នឹងឯង» ព្រះរាជបុត្រាឆ្លើយទាំងយកដៃទៅអេះកអឹមអៀនបន្តិចផង គឺវារៀងអៀនៗមាត់ដែរនឹងណា មានម្ដាយជាព្រះនាងនៃនគរខាងកើតទាំងមូលតែខ្លួនបែរជាមិនដឹង មិនយល់ពីវប្បធម៌នៅខាងកើតបន្តិចសោះ ព្រោះឱ្យតែដល់ម៉ោងរៀនគឺតែងតែលួចទៅបាញ់សត្វ ចាប់ត្រី ហាត់ក្បាច់គុណ ហាត់បាញ់ព្រួញអីជាដើម។ល។
«អរ…ប្រជាជនខាងលិច…ប្រជាជនខាងលិច» ប៉ស៊ីងមិនចម្លែកទេដែលអ្នកនៅចំពោះមុខសួរសំណួរប្លែកៗបែបល្ងីល្ងើ ព្រោះថាចរិតឡប់ៗបែបនេះហើយដែលអាចបញ្ជាក់បានយ៉ាងងាយថាពួកគេមកពីភាគខាងលិច។
«ប្រជាជនខាងលិចទៅវាយ៉ាងម៉េច? ពេលនេះក៏មានអាកាសធាតុធម្មតាដូចជាពួកលោកហើយ មិនត្រឹមតែប៉ុណ្ណោះនៅទីនោះគឺសប្បាយជាងនៅស្រុករបស់ពួកលោកទៀតខ្ញុំគ្រាន់តែប្រាប់» ព្រះរាជបុត្រាចាប់ផ្ដើមបញ្ចេញចរិតអួតចេញមកដោយភ្លេចខ្លួនទៅហើយ នេះហើយបានគេថាចរិតអ្នកខាងលិចគឺនៅតែខាងលិចមិនអាចកែបាននោះទេ។ លោកគ្រូពេទ្យប៉ស៊ីងសើចនៅចុងមាត់បន្តិចរួចទើបដើរទៅអង្គុយនៅលើកៅអីជិតនោះ៖
«មានយ៉ាងម៉េច តែប្រឹងមកទីនេះធ្វើអី?»
«មកប្រលង» អ៊ីហ្វុង មានអារម្មណ៍ថាប្រុសមុខស្អាតម្នាក់នេះគឺប្រាកដជាអ្នកមានមុខមាត់ធំ មានចំណេះដឹងខ្ពង់ខ្ពស់មិនខាន ព្រោះបើសង្កេតតាមកាយវិការ ពាក្យសម្ដីនិងដំណាក់របស់គេទៅគឺមនុស្សធម្មតាមិនអាចធ្វើដល់ថ្នាក់នេះបានទេ(រួចមានអ្នកធម្មតាណាទៅនៅក្នុងវាំងលោក?)
«ហឺម…ល្ងីល្ងើបែបនេះប្រលងមិនជាប់ទេ»
«ម៉េចក៏លោកដឹង? ម៉េចក៏ដឹងថាយើងល្ងីល្ងើ?» អ៊ីហ្វុងទៅជាក្ដៅឆេវ ក្ដៅស្លឹកត្រចៀកមួយរំពេច អ្នកណាដែលមិនខឹងបើនៅសុខៗគេមកថាខ្លួនបែបនេះ?
«ទោះជាឯងពូកែក៏ប្រលងមិនជាប់ដែរ» ប៉ស៊ីងដាក់មួយប្រយោគទៀតធ្វើឱ្យអ្នកដែលឈរស្ដាប់កាន់តែមិនយល់ មិនសុខចិត្តរហូតត្រូវដាច់ចិត្តមកអង្គុយនៅជិតគេដើម្បីសួរនាំឱ្យបានយល់ច្បាស់។
«ហេតុអ្វី?»
«ព្រោះឯងមិនចេះប្រវត្តិសាស្រ្ត ភូមិសាស្រ្ត វប្បធម៌ ប្រពែណី ទំនៀមទម្លាប់ អក្សរសាស្រ្ត របស់អ្នកស្រុកភាគខាងកើត» មួយប្រយោគរបស់ប៉ស៊ីងនេះហាក់ដូចជាមើលធ្លុះចិត្តរបស់អ៊ីហ្វុងអ៊ីចឹងគេមិនដឹងថារបស់អស់នោះជាអ្វីផងនឹង?
«…» ដោយសារតែឃើញអ្នកម្ខាងទៀតនៅស្ងៀមហើយធ្វើមុខស្អុយនោះ ប៉ស៊ីងក៏សាកនិយាយលួងលោម៖
«មិនអីទេយោគយល់ដល់ឯងមានមុខមាត់ស្អាតយើងទទួលបង្រៀនចុះ តែថាឯងចង់ប្រលងអី?»
«ប្រលងធ្វើឃាតកៈស៊ីឈ្នួល»អ៊ីហ្វុង ឆ្លើយប្រាប់ទៅអ្នកដែលកំពុងអង្គុយជិតយ៉ាងមានទំនុកចិត្តនិងមានភាពជឿជាក់ គេចូលចិត្តរឿងកាប់ចាក់ វាយគ្នា សម្លាប់គ្នា មកតាំងតែពីតូចហេតុនេះហើយត្រូវមកប្រលងមួយដងដើម្បីឱ្យបានអស់ចិត្ត។
«អាល្អិត!!ជីវភាពគ្រួសារឯងខ្វះខាតណាស់មែនទេ?» ប៉ស៊ីង សម្លឹងក្មេងប្រុសអង្គុយជិតដោយខ្សែភ្នែកអាណិតអាសូរ មើលចុះលោកអើយមុខមាត់ស្លូតបូត ស្អាត គួរឱ្យស្រឡាញ់ គួរឱ្យឱបក្រសោប គួរឱ្យថែរក្សាបែបនេះបើបណ្ដោយឱ្យទៅធ្វើជាឃាតកៈមិនអាចទៅរួចទេ ឃាតកៈឯណាមានមុខមាត់ដូចជាតុក្កតាបែបនេះ? ក្មេងម្នាក់នេះប្រហែលជាខ្វះខាតខ្លាំងហើយបានជាសម្រេចចិត្តមកធ្វើជាអ្នកស៊ីឈ្នួលសម្លាប់មនុស្ស មែនហើយគេគួរតែសង្កេតដឹងថាក្មេងម្នាក់នេះមកពីគ្រួសារក្រខ្សត់យូហើយតាំងពីពេលដែលគេដេញចាប់ស្រីដែលឆក់ថង់ប្រាប់មកម្ល៉េះ អួយក្មេងតូចដ៏គួរឱ្យស្រឡាញ់អើយ។
«អឺ…គឺ» ព្រះរាជបុត្រាមិនដឹងត្រូវតបថាយ៉ាងម៉េច បើប្រាប់គេថាមិនមែន ខ្លាចគេសួរជីកឬសជីកគល់វែងឆ្ងាយ បើកុហកគេក៏មិនដឹងកុហកថាយ៉ាងម៉េចឱ្យសម ហេតុអីក៏ពិបាកហើបមាត់បែបនេះ?
ប៉ស៊ីងឃើញម្នាក់ទៀតស្ទាក់ស្ទើរហើបមាត់មិនចង់រួច ក៏អាចស្មានថាប្រហែលជាការនិយាយរឿងគ្រួសារជាមួយគេធ្វើឱ្យអ៊ីហ្វុងអៀនហើយ គិតបានបែបនេះហើយលោកមន្ត្រីកំលោះក៏យកដៃទៅអង្អែលខ្នងក្មេងតូចដែលអង្គុយជិតថ្នមៗជាការលួងលោម៖
«មិនអីទេ បើមិនចង់និយាយក៏មិនអីដែរ ឯងមិនបាច់ចាំប្រលងធ្វើជាឃាតកៈទេ ចាំយើងបង្រៀនឯងឱ្យបានប្រលងជាប់ចូលធ្វើជាមន្ត្រីនៅក្នុងរាជវាំងនេះ» ប៉ស៊ីងនិយាយដោយទឹកមុខមុតមាំ គេតាំងចិត្តយ៉ាងប្រាកដថានឹងបង្រៀន អប់រំក្មេងម្នាក់នេះឱ្យក្លាយទៅជាមន្ត្រីធំមួយរូបនៅក្នុងព្រះរាជនគរនេះ ព្រោះបើមើលតាមក្រសែរភ្នែករបស់គេ ក្មេងប្រុសម្នាក់នេះជាមនុស្សរវាសរវៃ មានប្រាជ្ញា ប៉ុន្តែប្រហែលជាគ្រួសារគ្នាក្រខ្សត់ពេកទើបបានជាមិនបានរៀនសូត្រជ្រៅជ្រះបែបនេះ ហើយណាមួយនៅឯភូមិភាគខាងលិចក៏មិនទាន់អភិវឌ្ឍន៍បានដូចជានគរខាងកើតមួយរយភាគរយឡើយ គឺប្រពន្ធ័អប់រំនៅមានកម្រិតនៅឡើយ នេះមិនរាប់បញ្ជូលពីភាពខុសគ្នារវាងប្រាជ្ញារបស់អ្នកនៅខាងលិចនិងខាងកើតដែលបណ្ដាលមកពីអាកាសធាតុដ៏ក្ដៅហែងកាលពីមុនរបស់ភូមិភាគខាងលិចផង ដោយសារតែអាកាសធាតុក្ដៅបែបនោះហើយទើបធ្វើឱ្យការលូតលាស់ខួរក្បាលរបស់អ្នកនៅភាគខាងលិចមិនសូវលូតលាស់បានល្អដូចប្រជាជននៅភាគខាងកើត ដែលមានអាកាសធាតុអំណោយផលនិងមានអាហាររូបត្ថម្ភគ្រប់គ្រាន់។
«តែ…» ព្រះរាជបុត្រាទៅជាស្ទាក់ស្ទើរ ព្រោះគោលបំណងរបស់ខ្លួនគឺមិនចង់ធ្វើការរាជការអ្វីឡើយ រឹតតែមិនចង់ធ្វើមន្ត្រីធ្វើមន្រ្តួយស្អីទៀត គេគ្រាន់តែចង់បានជីវិតសាមញ្ញៗ មានការងារធ្វើធម្មតាហើយធ្វើការងារដែលគេស្រឡាញ់ រស់នៅធម្មតាៗប៉ុណ្ណឹងឯង មិនបានចង់ទៅឈឺក្បាលវិលមុខនឹងរឿងប្រទេសជាតិអស់នឹងឡើយ។
«ឯងកុំបារម្ភអី យើងសន្យាថានឹងបង្រៀនឯងហើយជួយឯងឱ្យប្រលងជាប់ចូលធ្វើមន្រ្តីឱ្យបាន»
«ចុះតម្លៃបង្រៀនគិតយ៉ាងម៉េចវិញ?» ដោយសារតែមើលទៅអ្នកម្ខាងទៀតហាក់ដូចជាច្បាស់ក្នុងកិច្ចការប្រលងនេះខ្លាំងណាស់ហេតុនេះហើយអ៊ីហ្វុងក៏មិនអាចប្រកែកតទៀតបាន បានត្រឹមតែបន់ស្រន់ក្នុងចិត្តថាប្រសិនបើគេប្រាប់តម្លៃមកហើយតម្លៃនោះវាថ្លៃខ្លាំងពេកគេនឹងយកលេសថាគ្មានប្រាក់រៀនតែម្ដង។
«បង្រៀនមិនយកប្រាក់ទេ តែឯងត្រូវមកដេកជាមួយយើងរាល់យប់រហូតដល់ចប់មេរៀន» ប៉ស៊ីងនិយាយដោយសំឡេងស្អកៗ ព្រមទាំងយកដៃទៅអង្អែលខ្នងក្មេងតូចតិចៗផងឯមុខវិញក៏ញញឹមចុងមាត់យ៉ាងខិលកំណាច ហាក់បីដូចជាចង់បញ្ជាក់ន័យដល់ពាក្យ “ដេក” ដែលគាត់និយាយមុននេះថាវាមានន័យជ្រាលជ្រៅលើសពីការដេកធម្មតា។
«ក៏បាន គ្រាន់តែមកដេកជាមួយលោករាល់យប់គ្មានអ្វីនឹងពិបាកផង» អ៊ីហ្វុងញ៉ាក់ស្មារតបទៅកាន់អ្នកដែលកំពុងតែអង្អែលខ្នងគេថ្នមៗដោយមិនខ្លាចញញើត ប្រុសម្នាក់នេះគ្មានត្រង់ណាគួរឱ្យខ្លាចសម្រាប់គេសូម្បីតែបន្តិច ដៃជើង ខ្លួនប្រាណ និងមុខមាត់ហាក់ដូចជាមនុស្សស្រី បើគេចង់សម្លាប់មែននោះគឺមិនហត់ឡើង អាចនិយាយបានថាសម្លាប់គ្រូរបស់គេនៅចំណោះមុខនេះងាយស្រួលជាងសម្លាប់ជ្រូកមួយក្បាលទៅទៀត។
«ល្អ ចឹងចាប់ពីថ្ងៃនេះទៅឯងត្រូវរើមកនៅទីនេះជាមួយយើងមក ហើយត្រូវហៅយើងថាលោកគ្រូស៊ីង»
ចាប់តាំងពីព្រមព្រៀងគ្នាមក លោកគ្រូស៊ីងក៏ចាប់បង្រៀនអ៊ីហ្វុងតាំងពីព្រឹកម៉ោង៥រហូតដល់ម៉ោង៩ទើបសម្រាកហើយនៅពេលថ្ងៃត្រង់ឡើងមកពីធ្វើការវិញគាត់ក៏បង្រៀនទៀតចាប់តាំងពីម៉ោង២ថ្ងៃត្រង់រហូតដល់ម៉ោង៧យប់ ទើបចប់ មុខវិជ្ជាដែលគាត់បង្រៀនមានដូចជា វប្បធម៌ អរិយធម៌របស់អ្នកស្រុកខាងកើត ភូមិសាស្រ្ត តារាសាស្រ្ត អក្សរសាស្រ្ត បូករួមជាមួយនឹងក្បួនច្បាប់ផ្សេងៗទៀត។
ការនៅជិតស្និទ្ធគ្នាពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងប្រុសសង្ហាមិនមែនជារឿងដែលមានសុវត្ថិភាពសម្រាប់បេះដូងយើងនោះទេ ព្រោះថាបើទោះបីជាស្អប់គេយ៉ាងណាក៏ដោយ តែឱ្យតែហ៊ាននៅជិតគេរាល់ថ្ងៃ ស្ដាប់សំឡេងគេ បោកខោអាវឱ្យគេ និងយប់ឡើងដេកគ្រែជាមួយគេរាល់យប់ទៀតនោះ ប្រាកដណាស់យើងច្បាស់ជាត្រូវពិសរបស់គេមិនខាន គឺត្រូវពិសស្នេហ៍ ហិហិ។
បេះដូងរបស់សិស្សស្អាតម្នាក់នេះតែងតែលោតញ៉ាប់ខុសចង្វាក់នៅពេលដែលលោកគ្រូសង្ហាឱនមុខមកពន្យល់មេរៀនជិតៗម្ដងៗ ខ្យល់ដង្ហើមនិងរាងកាយ របស់លោកគ្រូក្រអូបប្រហើរហាក់ដូចក្លិនរបស់ជាផ្ការសួគ៍ លោកគ្រូមានដៃទន់រលោងស្រិលដែលពេលបានចាប់ពេលណាក៏មិនចង់ព្រលែង លើសពីនេះទៅទៀតបេះដូងរបស់គេស្ទើរតែឈប់លោតនៅពេលដែលយប់ៗឡើងពេលដែលពន្លត់ចង្កៀងហើយលោកគ្រូស៊ីងស្រវាឱបគេពីខាងក្រោយយកទាញទៅផ្អឹបជាប់នឹងដើមទ្រូងរបស់គាត់ ទោះបីជាគាត់មិនមានសាច់ដុំដើមទ្រូងធំៗក៏ពិតមែន ប៉ុន្តែដើមទ្រូងដែលមានសាច់ទន់គួរឱ្យចង់ស្ទាបអង្អែលរបស់លោកគ្រូស៊ីងនេះគឺមានក្លិនក្រអូបដូចជាដើមទ្រូងស្រីក្រមុំ ហើយក៏កក់ក្ដៅហាក់បីដូចជាសំបុកដង្កូវនាងអ៊ីចឹងឯង។
ជារៀងរាល់ថ្ងៃនៅពេលដែលចូលដេកបានមួយសន្ទុះ ពេលឃើញថាអ៊ីហ្វុងដេកលក់ហើយនោះ ប៉ស៊ីងតែងតែងើបឡើងហើយខ្សឹបពាក្យស្នេហាផ្អែមល្ហែម ឬមួយក៏ពាក្យញ៉ោះលេងសើចដាក់ក្បែត្រចៀកតូចស្អាតរបស់អ៊ីហ្វុងហើយលួចថើបបបូរមាត់ស្អាតនោះថ្នមៗតិចៗរួចទើបដេកទៅវិញ គេលួចធ្វើបែបនេះរហូតដល់ក្លាយទៅជាទម្លាប់ដែលមិនអាចកែបានរហូតដល់ថ្ងៃមួយ ថ្ងៃដែលមានព្រិលធ្លាក់ដំបូងបំផុតនៅក្នុងឆ្នាំ។ បន្ទាប់ពីពន្លត់ចង្កៀងហើយ ប៉ស៊ីងក៏ស្រវាអ៊ីហ្វុងមកឱបជាប់នៅនឹងដើមទ្រូងដូចរាល់ដង ព្រះរាជបុត្រាខំប្រឹងបិទភ្នែកសំងំដេករង់ចាំឱ្យលោកគ្រូស៊ីងថើប តែមិនថាគេចាំយូរប៉ុនណាលោកគ្រូប៉ស៊ីងក៏នៅតែមិនថើបគេសោះ៖
«លោកគ្រូ» អ៊ីហ្វុងសម្រេចចិត្តហៅលោកគ្រូដែលកំពុងតែឱបគេណែនដៃថ្នមៗហាក់ដូចចង់សួរគាត់ថាតើថ្ងៃនេះមិនថើបគេមែនឬ? មកថើបគ្នារហូតក្លាយជាទម្លាប់ហើយនៅសុខៗចង់ឈប់វិញឬ?ហើយចុះពាក្យផ្អែមល្ហែមដែលតែងតែឮរាល់យប់នោះហេតុអីក៏យប់នេះមិនឮទៅវិញ? តើមានរឿងអីកើតឡើងមែនទេ?
«ហឺមម…» ប៉ស៊ីងឆ្លើយនៅដើមក គាត់កាន់តែបន្តឹងរង្វង់ដៃកាន់តែខ្លាំងហើយមិនព្រមនិយាយពាក្យអ្វីច្រើនជាមួយអ៊ីហ្វុងឡើយ អត់ទេ គឺគាត់មិននិយាយសូម្បីតែមួយម៉ាត់តែម្ដង តើមានរឿងអ្វីនឹង?
«លោកគ្រូមិនថើបខ្ញុំទេមែនទេ?» ចប់សម្ដីអ៊ីហ្វុងក៏លោមុខទៅថើបអ្នកដែលកំពុងតែឱបខ្លួនតែក៏ត្រូវគេងាកចេញ ព្រមទាំងដេកបែរខ្នងដាក់។
«យប់ហើយ ដេកទៅ» សំឡេងក្ងួរៗរបស់ប៉ស៊ីងបន្លឺចេញមកយ៉ាងធូររហុយ ខុសពីចិត្តរបស់អ៊ីហ្វុងដែលកំពុងតែតឹងស្ទើរដាច់ ហេតុអីក៏សុខៗគេប្រែជាបែបនេះ?
«ខ្ញុំធ្វើអីឱ្យលោកគ្រូមិនពេញចិត្តមែនដែរទេ?» ព្រះរាជបុត្រាងើបអង្គុយស្រែកសួរទៅអ្នកដែលកំពុងដេកធ្វើដូចគ្មានរឿងអ្វីទាំងដែលគេក្ដៅក្រហាយសឹងប្រះទ្រូង បើមិនពេញចិត្តអីក៏ប្រាប់គេតាមត្រង់មកចាំបាច់ធ្វើឬកពារបែបនេះធ្វើអី?
«តើខ្ញុំបានធ្វើអីខុសឱ្យលោកគ្រូមិនពេញចិត្តមែនទេ?» អ៊ីហ្វុងនៅតែមិនអស់ចិត្ត គេស្រែកសួរទៅអ្នកដេកបែរខ្នងម្ដងទៀតខ្លាំងៗឮៗជាងមុន មិនយល់ទេហេតុអីក៏លោកគ្រូរបស់គេប្រែប្រួល១៨០ដឺក្រេយ៉ាងនេះ? ព្រះរាជបុត្រាសម្លឹងមើលទៅខ្នងដែលបែរមុខចេញពីគេដោយខ្សែភ្នែកឈឺចាប់ គេកំពុងតែក្ដៅងំនៅក្នុងទ្រូងដូចជាភ្លើងប៉ុន្តែអ្នកបង្កបែរជាសំងំដេកធ្វើមិនដឹងទៅវិញ។
«បើលោកគ្រូមិននិយាយរកខ្ញុំទេ ខ្ញុំទៅដេកនៅបន្ទប់ផ្សេងហើយ» អ៊ីហ្វុងរងចាំចម្លើយពីអ្នកម្ខាងទៀតយ៉ាងអន្ទះអន្ទែង គេបន់ស្រន់ក្នុងចិត្តសូមឱ្យលោកគ្រូសង្ហាបែរមុខមករកគេហើយនិយាយប្រាប់គេថាគាត់ចង់ឱ្យគេគេងនៅទីនេះជាមួយគ្នា ចង់ឱ្យគាត់ថើបគេដូចរាល់យប់ ហើយក៏ចង់ឱ្យគាត់ខ្សឹបពាក្យផ្អែមល្ហែមដាក់បែបដូចដែលតែងធ្វើ តែនៅពេលដែលរងចាំបានមួយស្របក់ហើយនោះនៅតែមិនឃើញសញ្ញាថាអ្នកដែលកំពុងតែដេកបែរមុខនោះនឹងឃាត់គេ អ៊ីហ្វុងក៏សម្រេចចិត្តងើបចេញពីគ្រែហើយដើរសំដៅទៅកាន់បន្ទប់មួយផ្សេងទៀតទាំងអារម្មណ៍អន់ចិត្តនិងមិនយល់ពេញខួរក្បាល។
អ្នកដែលឱ្យគេទៅក៏មិនប្រាកដថាមិនឈឺចាប់…
ប៉ស៊ីងក្ដាប់ដៃណែន ភ្នែកក៏បញ្ឈរទ្រឹងមិនបានទន់ត្របកងងុយបន្តិចណាឡើយ ដួងចិត្តរបស់គេក៏ស្ទើរតែប្រះបែក បេះដូងរបស់លោកគ្រូពេទ្យសង្ហាយំស្រែក ទាមទារត្រូវការឱប ថើបមនុស្សជាទីស្រឡាញ់ស្ទើរតែប្រះទ្រូង ប៉ុន្តែដៃជើងក៏រឹងមិនអាចធ្វើទៅបានព្រោះតែខួរក្បាលវាហាម វាបញ្ជាមកថាមិនអាចធ្វើបែបនេះបានទេ មាត់និងច្រមុះក៏នឹកក្លិនក្រអូបៗរបស់អ្នកដែលធ្លាប់តែដេកជិតទ្រូងរាល់យប់ តែក៏មិនអាចធ្វើអ្វីបានដដែលព្រោះតែការហាមប្រាមរបស់ខួរក្បាល។ លោកគ្រូពេទ្យប៉ស៊ីងគេងសម្លឹងមើលព្រិលដែលធ្លាក់មកពីលើមេឃជាលើកដំបូងនៅក្នុងឆ្នាំនេះ ខួរក្បាលរបស់គាត់នឹកឃើញទៅដល់សម្ដីរបស់លោកពុកកាលពីគេនៅអាយុ៦ឆ្នាំ កាលនោះប៉ស៊ីង ប៉វិន ជាមួយនិងសៀវស៊ីង គ្រួសាររបស់ពួកគេកំពុងតែឈរមើលព្រិលធ្លាក់លើកដំបូងនៃឆ្នាំជាមួយគ្នាយ៉ាងមានក្ដីសុខ លោកពុករបស់គេសម្លឹងមើលមុខអ្នកម៉ែ រួចញញឹមស្រាលៗហើយក៏ថើបបបូរមាត់អ្នកម៉ែគេថ្នមៗ គាត់ងាកមកមើលក្មេងតូចនៅជិតជើងហើយក៏និយាយប្រាប់៖
«អាស៊ីង!! កូនត្រូវចាំទុកណា ពេលកូនធំសមល្មមនឹងរើសគូរអនាគតបានហើយ ចូរកូនសម្លឹងមើលមនុស្សម្នាក់ណាដែលកូនស្រឡាញ់ពេញចិត្ត ហើយគេនោះក៏ពេញចិត្តកូនដូចគ្នា ហើយនៅពេលដែលមានព្រិលធ្លាក់លើកដំបូងនៅក្នុងឆ្នាំកូនត្រូវថើបគេ ព្រោះថាគូរស្នេហាណាដែលបានថើបគ្នានៅអំឡុងពេលព្រិលធ្លាក់លើកដំបូងនេះនឹងមិនបែកបាក់គ្នាជាដាច់ខាត ក្ដីស្រឡាញ់របស់ពួកគេនឹងគង់វង្សជាអមតៈ ប៉ុន្តែប្រសិនបើកូនគ្រាន់តែមានគូរកំណាន់ដែលកូនមានអារម្មណ៍ថាគ្រាន់តែចាប់អារម្មណ៍លើរាងកាយគេនោះ ចូរកូនកុំប៉ះពាល់ខ្លួនប្រាណគេឬនិយាយរកសាសងគេនៅក្នុងថ្ងៃព្រិលធ្លាក់លើកដំបូងនេះឱ្យសោះ ព្រោះប្រសិនបើយើងមិនស្រឡាញ់គេពិតទេកុំយកគេមកពាក់ពន្ធ័នឹងជីវិតយើងរហូតអី»
សម្ដីររបស់ឪពុកលាន់រងំពេញត្រចៀកទាំងសងខាងរបស់លោកគ្រូពេទ្យវ័យក្មេង
«បើកូនមិនស្រឡាញ់គេពិត កុំយកគេមកពាក់ព័ន្ធនឹងជីវិតយើងរហូតអី»
ប៉ស៊ីងប្រ៉ះទៅប្រ៉ះមកគេងមិនលក់ បក់មិនល្ហើយ គាត់សួរសំនួរខ្លួនឯងដដែលៗថា តើគាត់ស្រឡាញ់អ៊ីហ្វុងមែនឬមួយក៏គ្រាន់តែជាអារម្មណ៍របស់ក្មេងយុវវ័យមួយពេលៗទេ? បើក្រឡេកទៅមើលអ្នកម្ខាងទៀតដែលកំពុងតែគេងប្រ៉ះទៅប្រ៉ះមកដូចគ្នានៅបន្ទប់ជាប់នេះ យើងក៏ឃើញថាគេក៏មិនបានគេងលក់ដូចគ្នាដែរ អ៊ីហ្វុងកំពុងតែគេងរម្លឹកសកម្មភាពរបស់ខ្លួនតាំងពីព្រឹករហូតដល់ស្មើនេះថាតើគេបានធ្វើខុសអ្វី? ហេតុអីក៏លោកគ្រូមិនព្រមនិយាយជាមួយគេ? ទាំងពីរនាក់គេងមិនលក់រហូតដល់ម៉ោងទាបភ្លឺបានទន់ត្របកភ្នែករៀងៗខ្លួនលក់ទៅ។
ព្រឹកថ្ងៃថ្មី…
ម៉ោង៤ព្រឹក…
ប៉ស៊ីងងើបពីព្រឹក ក្រោកឡើងគាត់រៀបចំកន្លែងគេងយ៉ាងមានរបៀបតាមទម្លាប់ បន្ទាប់មកទៀតក៏ទៅងូតទឹក ផ្លាស់សម្លៀកបំពាក់ រួចចូលទៅក្នុងចង្ក្រានបាយដើម្បីដាំបាយ ធ្វើម្ហូប ធ្វើបង្អែម ទុកលួងចិត្តអ្នកដែលគាត់មិននិយាយរកកាលពីយប់។
ចំណាយពេលជាងពីរម៉ោង ក្នុងការធ្វើម្ហូបដែលមានដូចជា ឆាទាខ្វៃ ឆាស្ពៃខៀវជាមួយពងទា ស្ងោរស៊ុបផ្កាថាំងជាមួយឆ្អឹងគោ ដាំបាយ ចៀនសាច់គោងៀត និង ធ្វើបង្អែមបបរឈូក បូករួមជាមួយនឹងការរៀបចំតុដ៏ស្រស់ស្អាតនៅក្នុងសួនច្បារដែលជាកន្លែងគាត់តែងអង្គុយបង្រៀនអ៊ីហ្វុងទៀតនោះ ប៉ស៊ីងហាក់បីដូចជាមានមទនៈភាពនឹងខ្លួនឯងដែរ ដែលអាចធ្វើម្ហូបបានច្រើនមុខក៏ដូចជាមានរសជាតិឆ្ងាញ់(ទេដឹង?)ទៀតផង។
«ភ្ញាក់ហើយ?» នៅពេលអង្គុយចាំគេជិតមួយសន្ទុះហើយទម្រាំនឹងឃើញគេដើរមកនោះ ប៉ស៊ីងក៏ធ្វើជាសួរនូវសំនួរដែលមិនគួរឱ្យសួរជាទីបំផុត បើគេមិនទាន់ងើបស្មានតែដើរមកបានហី? សួរដូចឡប់ចឹង។
«នៅទេដឹង» អ៊ីហ្វុងតបមួយម៉ាត់ទៅវិញមុននឹងដើរមកពត់ខ្លួនពត់ប្រាណ តែក៏មានអារម្មណ៍ថាដូចជាមានធុំក្លិនឈ្ងុយចម្លែក។ ព្រះរាជបុត្រាក្រឡេកភ្នែកដ៏ស្រស់ស្អាតរបស់ទ្រង់ទៅលើតុរៀន ដែលជាតុមូលមានជើងខ្លីៗសម្រាប់ដាក់សៀវភៅសរសេរលើនោះក៏ឃើញមានសុទ្ធតែម្ហូបឆ្ងាញ់ៗ គួរឱ្យចង់ហូបទាំងអស់ តែបញ្ហានៅត្រង់ថាតើម្ហូបទាំងអស់នេះញ៉ាំបានឬអត់?
«ឆាប់ញ៉ាំបាយទៅ ប្រយ័ត្នម្ហូបត្រជាក់អស់» ប៉ស៊ីងហៅអ៊ីហ្វុងដែលកំពុងតែឈរសម្លឹងអាហារលើតុមិនដាក់ភ្នែកដោយសំឡេងពិរោះពិសារគួរឱ្យចង់ស្ដាប់ ហើយក៏បានផលព្រោះអ្នកម្ខាងទៀតគ្រាន់តែគេហៅមិនទាន់ចប់ស្រួបបួលផងក៏ដើរត្រឹកៗមកដាក់បង្គុយជិតតុ ចាប់ចានបាយ ហៀបនឹងញុកបាយចូលទៅក្នុងមាត់បាត់ទៅហើយ ចំជាមានមាយាទដូចពូជពង្សស្ដេចមែន។
លោកគ្រូពេទ្យប៉ស៊ីងអង្គុយសម្លឹងមើលអ្នកដែលកំពុងតែសប្បាយអរជាមួយនឹងម្ហូបនៅចំពោះមុខដោយខ្សែភ្នែកអស់សំណើច គាត់យកចង្កិះទៅចាប់សាច់ទាមួយដុំដាក់ចូលទៅក្នុងចានដែលពេញប្រៀបដោយសាច់និងបន្លែរបស់អ៊ីហ្វុង កាយវិការ ក្រសែភ្នែក បូករួមជាមួយនឹងពាក្យសម្ដីរបស់លោកគ្រូស៊ីងថ្ងៃនេះគឺពិតជាកក់ក្ដៅខ្លាំងណាស់។
«ឆ្ញាញ់ដែរទេ?» អ្នកដែលប្រឹងក្រោកពីព្រលឹមដើម្បីធ្វើម្ហូបសួរទៅកាន់អ្នកដែលគិតតែពីញ៉ាំមិនខ្វល់មើលមុខគេដោយសំឡេងទន់ស្រាលមិនផ្លាស់ប្ដូរ។
«ឆ្ងាញ់» អ៊ីហ្វុងតបតាមការពិត វាមិនដែលមានមនុស្សណាមិនឆ្ងាញ់ថាឆ្ងាញ់ទេ ព្រោះមនុស្សគ្រប់គ្នាគួរតែស្មោះត្រង់ត្រូវដែរទេ? មានការអីក៏ត្រូវនិយាយប្រាប់តាមការពិត។
«បើឆ្ងាញ់ញ៉ាំឱ្យច្រើនទៅ»
«ខ្ញុំកុំពុងតែញ៉ាំហើយ លោកគ្រូក៏ឃើញ យ៉ាងម៉េចត្រូវការឱ្យយកវែកឆាមកញ៉ាំជំនួសចង្កិះដែរទេដើម្បីបញ្ជាក់ថាវាឆ្ងាញ់ពិតមែន»
«មិនបាច់ទេ អឺ…អ៊ីហ្វុង» នៅសុខៗប៉ស៊ីងក៏រអៀសខ្លួននឹងទង្វើរម្សិលមិញឡើងមក គាត់ពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ដែលបណ្ដោយឱ្យអ៊ីហ្វុងដើរចេញទៅគេងនៅបន្ទប់ផ្សេងទាំងកណ្ដាលយប់បែបនោះ គាត់ពិតជាចង់សូមទោសក្មេងម្នាក់នេះបំផុតហើយ ហើយអ្វីដែលលោកគ្រូពេទ្យម្នាក់នេះចង់ធ្វើខ្លាំងបំផុតនោះគឺចង់ទាញពេលវេលាឱ្យត្រលប់ក្រោយគាត់ចង់ត្រលប់ទៅកាន់ពេលដែលមានព្រិលធ្លាក់ដើមឆ្នាំលើកដំបូងម្ដងទៀត គាត់ចង់ត្រលប់ទៅកាន់យប់មិញវិញ ហើយគាត់នឹងឱបអ៊ីហ្វុងនៅក្នុងដៃឱ្យជាប់រួចថើបបបូរមាត់គេថ្នមៗនិងខ្សឹបប្រាប់គេថាគាត់ស្រឡាញ់គេខ្លាំងណាស់ តើគាត់អាចនៅមានឱកាសបែបនោះម្ដងទៀតដែរទេ?
«បាទ?» អ្នកដែលកំពុងតែកាយបាយដាក់ចូលមាត់សុខៗក៏ងើបមុខឡើងមើលទៅកាន់បុរសនៅចំពោះមុខដោយខ្សែភ្នែកមិនដឹងអីគួរឱ្យស្រឡាញ់បំផុតហើយ។
«សូមទោស»
«សូមទោសរឿងអ្វីទៅ?» អ៊ីហ្វុងមិនយល់ថាលោកគ្រូរបស់គេកើតអីទេ សូមអត់យល់តែម្ដងហើយ។
«រឿងយប់មិញ មិនបានថើប មិនបាននិយាយពាក្យផ្អែមល្ហែមដាក់» ចប់សម្ដីនិងកែវភ្នែកដឹងកំហុសរបស់ប៉ស៊ីងមិនទាន់ស្រួលបួលផង អ៊ីហ្វុងក៏ក្រោកឈរគ្រូកទាំងអាការៈខឹងច្រឡោតភ្លាមៗមួយរំពេច។
«លោកគ្រូចាត់ទុកខ្ញុំជាស្អីឱ្យប្រាកដទៅរាល់ថ្ងៃនេះ?»
«គឺ…» អ្នកដែលមានប្រាជ្ញាឈ្លាសវៃរហូតមក គិតរឿងអ្វីក៏ចេញមិនដែលអាក់ មិនដែលស្កាល់ពាក្យថាចាញ់ តែពេលនេះបែរជាមិនដឹងនឹងត្រូវឆ្លើយតបបែបណា មិនដឹងនិយាយពាក្យអ្វីនឹងសមព្រោះខ្លួនឯងក៏មិនដឹងថាទុកអ៊ីហ្វុងជាអ្វីដូចគ្នា ដឹងត្រឹមចង់ការពារ ចង់ថ្នាក់ថ្នម ថើប ចង់ថែរក្សា ហើយក៏ហួងហែង តែគាត់មិនដឹងថាត្រូវបរិយាយអារម្មណ៍អស់នេះថាយ៉ាងណា រឹតតែពិបាកក្នុងការពន្យល់អ្នកម្ខាងទៀតឱ្យយល់។
«បើលោកគ្រូទុកខ្ញុំត្រឹមតែជាសិស្សលោកគ្រូមិនគួរឱប មិនគួរថើប មិនគួរនិយាយពាក្យផ្អែមល្ហែមដាក់ខ្ញុំរាល់យប់ទេ ហើយបើលោកគ្រូធ្វើដាក់ខ្ញុំសឹងតែរាល់ថ្ងៃរហូតដល់ខ្ញុំសឹងតែទម្លាប់ទៅហើយនោះហេតុអីក៏យប់មិញនេះលោកគ្រូបែរជាសោះអង្គើយដាក់ខ្ញុំ ធ្វើហាក់បីដូចជាខ្ញុំនឹងគ្មានរូបរាងទៅវិញ?» អ្នកណាមិនខឹង? មនុស្សធ្លាប់ស្និទ្ធស្នាល ល្អូកល្អើនជាមួយគ្នារាល់យប់សុខៗក៏ព្រងើយកន្ដើយ សុខៗក៏ធ្វើពើយ?
«អ៊ីហ្វុង ខ្ញុំ…»
«ខ្ញុំយ៉ាងម៉េចលោកគ្រូ? លោកគ្រូចាត់ទុកខ្ញុំជាអ្វីក៏និយាយប្រាប់ខ្ញុំតាមត្រង់មក កុំឱ្យពួកយើងនៅក្នុងទំនាក់ទំនងស្រពិចស្រពិលបែបនេះយូទៀតអី ខ្ញុំហត់» នៅចុងប្រយោគអ្នកដែលតែងតែរឹងមាំក៏បញ្ចេញសំឡេងមករាងខ្សោយៗ ដែលវាបញ្ជាក់ថាគេពិតជាហត់ដូចពាក្យគេនិយាយពិតមែន ទោះបីរាងកាយនៅរឹងមាំតែចិត្តនេះវាក៏ហត់សឹងតែដាច់ខ្យល់ស្លាប់ម្ដងៗ គេព្រមទទួលស្គាល់ថាខ្លួនឯងពេលនេះលង់ស្រឡាញ់លោកគ្រូណាស់ទៅហើយ ប៉ុន្តែប្រសិនបើជាលោកគ្រូរបស់គេមិនបានស្រឡាញ់គេទេនោះ អ៊ីហ្វុងក៏មិនអី គេនៅអាចកាត់ចិត្តទាន់ បើគាត់ប្រាប់ថាស្រឡាញ់គេដូចគ្នាដែរនោះ ព្រះរាជបុត្រាក៏មិនស្ទាក់ស្ទើរនៅក្នុងការចាប់ផ្ដើមកសាងស្នេហាជាមួយគាត់ដូចគ្នា និយាយរួមគឺគេចង់បានចម្លើយច្បាស់ៗដែលចេញពីមាត់របស់មនុស្សដែលគេស្រឡាញ់ ថាតើគាត់មានអារម្មណ៍មកលើគេដូចអារម្មណ៍ដែលគេមានចំពោះគាត់ដែរឬអត់? មិនមែនចង់ឱបក៏ឱប ចង់ថើបក៏ថើប ហើយចង់ធ្វើពើដាក់ក៏ធ្វើបែបនោះទេ គេទទួលយកមិនបាន។
«ឆាប់ហូបបាយទៅ» ប៉ស៊ីងបែរជាមិនហ៊ានប្រឈមមុខនឹងអ្នកដែលធ្វើឱ្យបេះដូងរបស់គាត់លោតញាប់ ភាពក្លាហានដែលមានមុននេះក៏រលាយបាត់ទៅណាអស់មិនដឹង គាត់មានអារម្មណ៍ល្អចំពោះក្មេងនៅចំពោះមុខ ប៉ុន្តែមិនទាន់ប្រាកដចិត្តថាវាជាអារម្មណ៍អ្វី ហេតុនេះគាត់សូមមិនទាន់ប្រាប់គេពីអារម្មណ៍របស់គាត់ឡើយ លោកគ្រូពេទ្យគិតទុកក្នុងចិត្តថាពេលណាដែលគាត់យល់ច្បាស់ពីអារម្មណ៍របស់កាត់នេះហើយសឹមគាត់ប្រាប់អ្នកនៅចំពោះមុខតាមក្រោយក៏មិនហួសពេលអ្វីដែរ។
«មិនហូប លោកគ្រូត្រូវប្រាប់ខ្ញុំឱ្យច្បាស់សិនមកថាពួកយើងត្រូវជាអីនឹងគ្នា ហើយលោកគ្រូទុកខ្ញុំជាអ្វី?» អ៊ីហ្វុងចាប់ផ្ដើមច្រឡោតតូងឡើងមួយរំពេច គេងើបឈរទម្លាក់ចានបាយទៅលើតុខ្លាំងៗ ហើយស្រែកសួរទៅអ្នកដែលកំពុងតែអង្គុយញ៉ាំបាយធ្វើដូចគ្នារឿងអ្វីកើតឡើង។
ប៉ស៊ីងងើបមុខសង្ហារបស់គេយឺតៗសម្លឹងមើលអ្នកដែលកំពុងឈរសម្លក់គាត់សឹងតែជ្រុះគ្រាប់ភ្នែក អំឡុងពេលដែលត្រូវសម្លឹងហាក់ដូចជាសត្រូវស៊ីសាច់ហុតឈាមបែបនេះហើយ ក៏លោកគ្រូពេទ្យរូបសង្ហាម្នាក់នេះនៅតែអាចរក្សាបាននូវទឹកមុខនឹងធឹងបានដដែល។
«ឯងជាសិស្ស យើងជាគ្រូ ប៉ុណ្ណឹងចប់ទេ?» សំឡេងស្រទន់ ធម្មតាៗរបស់ប៉ស៊ីងហាក់ដូចជាសាំងដែលចាក់បន្ថែមទៅលើភ្លើងកំហឹងដែលកំពូងឆេះនៅក្នុងទ្រូងរបស់អ៊ីហ្វុងបែបនោះឯង ជាគ្រូសិស្សអ៊ីចឹងហេ? គ្រូសិស្សឯណាគេមកដេកឱប ថើបគ្នារាល់យប់បែបនេះ?
«បើចាត់ទុកខ្ញុំត្រឹមជាសិស្សមែនហេតុអីក៏លោកគ្រូចាំបាច់ឱបនិងថើបខ្ញុំរាល់យប់ធ្វើអី?»
«ព្រោះនោះវាជាកិច្ចព្រមព្រៀងរបស់យើង ឯងក៏ដឹង ហើយជាអ្នកយល់ព្រមខ្លួនឯង» ប៉ស៊ីងនិយាយដោយសំឡេងម៉ាត់ៗទៅកាន់អ្នកដែលឈរស្រែកដាក់គាត់វិញ ម្នាក់ៗមុខមាំមិនចាញ់គ្នា សម្លឹងគ្នាទៅវិញទៅមកហាក់ដូចជាសត្រូវស៊ីសាច់ហុតឈាមគ្នារាប់ជាតិអ៊ីចឹង។
«ហើយចុះនៅមានពាក្យផ្អែមល្ហែមដែលលោកគ្រូខ្សឹបដាក់ត្រចៀកខ្ញុំរាល់យប់ទៀតនោះ? លោកគ្រូហៅទង្វើរបែបនោះថាស្អីវិញទៅ?» បេះដូងរបស់ព្រះរាជបុត្រាខ្ពង់ខ្ពស់ឈឺភ្លាមៗមួយរំពេចនៅពេលបានឮសម្ដីរដ៏សែនចុកចាប់របស់បុរសដែលឱប ថ្នាក់ថ្នមគេរាល់យប់ ហើយមកប្រាប់គេថាទុកត្រឹមសិស្ស គេមិនជឿ លោកគ្រូរបស់គេច្បាស់ជាស្រឡាញ់គេដូចគ្នា គ្រាន់តែគាត់មាត់រឹងតែប៉ុណ្ណោះ។
«យើងខ្លាចថាឯងមានអារម្មណ៍មិនល្អនៅពេលដែលត្រូវដេកជាមួយយើងរាល់យប់…»
«ទើបលោកគ្រូខ្សឹបពាក្យបែបនោះដាក់ខ្ញុំដើម្បីឱ្យខ្ញុំទន់ចិត្តមែនទេ? លោកគ្រូខំប្រឹងធ្វើល្អដាក់ខ្ញុំគ្រប់បែបយ៉ាងព្រោះលោកគ្រូដឹងថាខ្លួនឯងមិនអាចយកឈ្នះខ្ញុំដោយកម្លាំងកាយពិតទេ?» ទឹកភ្នែករបស់ព្រះរាជបុត្រាស្រក់មកមួយតំណក់កាត់ថ្ពាល់ដែលម៉ដ្ដរលោងស្អាតនោះ កែវភ្នែកដែលសម្លឹងប៉ស៊ីងមុននេះក៏ប្រែពីកែវភ្នែកដែលពោពេញដោយកំហឹងមកជាកែវភ្នែកដែលមានតែភាពឈឺចាប់ នេះសំណាងហើយដែលមិនទាន់បានសារភាពប្រាប់គេមុន កុំអីមិនដឹងជាខ្មាស់គេប៉ុនណាទេ ខំស្រឡាញ់គេតែចុងក្រោយគេទុកយើងត្រឹមជាសិស្ស។
«មែន» មួយម៉ាត់ៗរបស់ប៉ស៊ីងថ្ងៃនេះគឺមុតខ្លាំងណាស់ វាប្រៀបដូចជាឡាមដែលត្រូវបានគេយកមកឆូតបេះដូងដ៏សែនបរិសុទ្ធរបស់រាជបុត្រាបន្តិចម្ដងៗ ពាក្យសម្ដី ទឹកមុខ កាយវិការរបស់ប៉ស៊ីងបង្ហាញបានយ៉ាងច្បាស់ថាគេពិតជាមិនបានច្រឡោតតូង ឬមួយក៏ក្ដៅក្រហាយជាមួយឡើយ គេនៅតែត្រជាក់ស្រេបប្រៀបដូចជាទឹកសមុទ្រដែលគ្មានរលោក ងងឹតសូន្យសុងមើលមិនធ្លុះដល់បាត មិនដឹងថាគេកំពុងគិតអ្វី។
«ហេតុអីក៏លោកគ្រូធ្វើបែបនេះ? លោកគ្រូក៏ដឹងថាលេងសើចនឹងអារម្មណ៍របស់អ្នកដទៃវាគ្រោះថ្នាក់យ៉ាងណា?» ទឹកភ្នែកថ្លារដូចកញ្ចក់របស់អ៊ីហ្វុងស្រក់ចុះម៉ាត់ៗ មនុស្សដែលខំទុកចិត្តបែរជាមកបោកទំនុកចិត្ត ខំស្រឡាញ់តែគេបែរជាប្រែក្រឡាស់ម្ដងខ្នងដៃម្ដងបាតដៃ តើនៅភូមិភាគខាងកើតនេះមានអ្វីអាចឱ្យបុត្រាកំសត់ទុកចិត្តបានទៀតទៅ?
ប៉ស៊ីងងាកទៅសម្លឹងមុខអ្នកដែលកំពុងយំដោយទឹកមុខស្មើព្រិញ តែក្នុងចិត្តរបស់លោកគ្រូពេទ្យកំលោះក៏ឈឺមិនចាញ់គ្នាប៉ុន្មានដែរ រឹតតែឈឺរឹតតែធ្វើឱ្យបបូរមាត់របស់គាត់រឹងមិនអាចបង្ហើបមាត់ពោលនូវពាក្យដែលចង់និយាយបាន។
«…»(ព្រោះបងស្រឡាញ់ឯង ព្រោះបងចង់ឱ្យឯងញញឹមមានក្ដីសុខ បងឱបឯងព្រោះចង់ថ្នាក់ថ្នមឯង មិនមែនចង់គេងចំណេញឬមួយក៏លែងសើចជាមួយអារម្មណ៍របស់ឯងទេ)ពាក្យសម្ដីរទាំងប៉ុន្មានបានត្រឹមតែពោលខ្សឹបៗនៅក្នុងចិត្ត ព្រោះបបូរមាត់វារឹងបង្ហើបមិនចេញ និយាយមិនឮ នេះឯងជាមនុស្សមាត់រឹង ចុងក្រោយឈឺចាប់តែខ្លួនឯង។
អ៊ីហ្វុងបែរខ្នងដើរយឺតៗសំដៅចេញទៅក្រៅដំណាក់ទាំងដែលពេលនេះព្រិលកំពុងតែធ្លាក់ចុះមកទៀតហើយ ព្រះរាជបុត្របោះជំហានយឺតៗទាំងបេះដូងប្រះស្រាំ គេគ្រាន់តែខូតចិត្តដែលគ្រូមិនបានស្រឡាញ់គេដូចគេស្រឡាញ់គាត់ ត្រឹមតែរឿងប៉ុណ្ណេះសោះក៏អ៊ីហ្វុងសម្រក់ទឹកភ្នែកដែរ ចុះបើទម្រាំគេដឹងពីមូលហេតុដែលលោកគ្រូមិនឱបថើបគេកាលពីយប់មិញទៀតនោះ តើរាជបុត្រាកំសត់នឹងខូចចិត្តយ៉ាងណាទៅ?
ប៉ស៊ីងអង្គុយសម្លឹងមើលទៅផែនខ្នងស្អាតរបស់អ្នកដែលដើរចេញកាត់តំណក់ព្រិលទាំងបេះដូងឈឺចាប់ គាត់ក៏ឈឺពេលឃើញគេយំ គាត់ក៏ចេះអន់ចិត្តដែរ មាត់បម្រុងនឹងហាឃាត់គេទៅហើយតែក៏ត្រូវបិទជិតវិញ ព្រោះវាក៏ដូចដែលអ៊ីហ្វុងនិយាយពិតមែន បើមិនច្បាស់លាស់ជាមួយគេទេគួរកុំអូសគេចូលមកក្នុងទំនាក់ទំនងអំពិលអំពែកបែបនេះអី។ គិតបានបែបនេះហើយ លោកគ្រូពេទ្យកំលោះក៏ដើរទៅយកសម្ពាយរបស់ខ្លួនហើយធ្វើដំណើរទៅធ្វើការបាត់ទៅ។
ត្រឹមឈានជើងមួយជំហានផុតពីដំណាក់ជីង ដែលជាដំណាក់របស់លោកគ្រូពេទ្យប៉ស៊ីងភ្លាម ទឹកភ្នែករបស់ព្រះរាជបុត្រាកំសត់ក៏ហូរមកទៀតហើយ គេងាកទៅសម្លឹងមើលកន្លែងដែលខ្លួនរស់នៅជិតបីខែមកនេះដោយខ្សែភ្នែកសៅហ្មង កន្លែងដែលគេចូលមកដោយមិនបានព្រាងទុក មិនដែលគិតថានឹងមករៀនសូត្រជាមួយនឹងគ្រូណាឡើយ តែបែរជាបានមកនៅជាប់ខ្លួនជាប់ប្រាណរហូតដល់ទៅបីខែ បើជាប់ត្រឹមតែខ្លួនប្រាណវាមិនអីទេតែនេះវាជាប់ទាំងបេះដូងថែមទៀត បេះដូងរបស់គេវាល្ងង់ទៅលង់ស្រឡាញ់មនុស្សដែលគ្រាន់តែយកគេលេងសើចមួយពេលមួយពេល អ៊ីហ្វុងរត់ចេញពីមុខដំណាក់ភ្លាមនៅពេលឃើញថាអ្នកដែលគេកំពុងគិតដល់ដើរជិតមកដល់មុខទ្វារ ព្រះរាជបុត្រារត់មិនដឹងទិសមិនដឹងតំបន់ ទ្រង់បន្តរត់មិនសម្រាកមួយសន្ទុះក៏មកដល់នូវមាត់ទន្លេមួយដែលមានសុទ្ធតែថ្មនៅជុំវិញមាត់ច្រាំងទាំងសងខាង ទន្លេនេះមានទឹកខួបប្រាំងខួបវស្សាមិនចេះរីងស្ងួត ថ្មដែលនៅជុំវិញមាត់ទន្លេនេះទៀតសោតក៏មានកម្ពស់ខ្ពស់ៗសឹងតែដូចភ្នំទៅហើយតែបើសង្កេតឱ្យយូៗទៅថ្មទាំងអស់នេះហាក់ដូចជាត្រូវបានគេលើកបន្តុបដាក់គរលើគ្នាអ៊ីចឹង អ្វីដែលគួរឱ្យចម្លែកចិត្តជាងនេះទៀតនោះគឺនៅទីនេះគ្មានខ្យល់ទេតែទឹកទន្លេបែរជាមានរលកម្រិចៗគួរឱ្យគយគន់។ អ៊ីហ្វុងក្រឡេកមើលមួយជុំនោះអស់ហើយទើបដើរត្រឹកៗទៅរកដើមផ្កាប៉េសដែលមានតែមួយដើមគត់នៅជិតមាត់ទន្លេរនេះ គេដាក់បង្គុយនៅលើមែកផ្កាដែលដុះទេទៅរកនឹងទឹកទន្លេដែលមានសភាពថ្លាបៃតងចាស់គួរឱ្យញញើត។ ព្រះរាជបុត្រាអង្គុយយកដៃទាំងពីរទៅទប់ក្បាលជង្គង់ចូលគ្នាហើយដាក់ចង្ការនៅពីលើដៃនោះសញ្ជឹងគិតតែម្នាក់ឯង មួយសន្ទុះក្រោយមកគេក៏យកបាតដៃមកអង្អែលមុខរបស់ខ្លួនព្រោះតែរងារ តែក៏នៅធ្មឹងហើយសម្លឹងមើលបាតដៃគ្រើមៗរបស់ខ្លួនឯខួរក្បាលក៏រំពឹងរម្លឹកទៅដល់អនុស្សាវរីយ៍កាលពី២-៣ខែមុន នៅពេលយប់មួយដែលលោកគ្រូរបស់គេឱបគេពីខាងក្រោយហើយទាញខ្នងគេទៅផ្អឹបជាប់នឹងទ្រូងរបស់គាត់ដូចសព្វមួយដង ពេលនោះអ៊ីហ្វុងក៏យកដៃគ្រើមៗរបស់ខ្លួនទៅស្ទាបម្រាមដៃវែងៗស្រឡូនរបស់ប៉ស៊ីងលែង តែក៏ត្រូវអ្នកម្ខាងទៀតចាប់ដៃខ្លីគ្រើមៗរបស់គេមើលដោយទឹកមុខឆ្ងល់គួរឱ្យអស់សំណើចទៅវិញ។
«ទៅធ្វើស្អីមកបានជាដៃគ្រើមៗបែបនេះ?» ប៉ស៊ីងសួរទាំងដៃនៅក្ដោបដៃរបស់កូនសិស្សជាប់។
«ធ្វើអីដែលមនុស្សប្រុសគួរធ្វើ មិនមែនដូចលោកគ្រូទេ» អ៊ីហ្វុងកញ្ឆក់ដៃតូចៗរបស់ខ្លួនមកវិញ គឺថាដៃរបស់គេនេះម្ង៉ៃៗក៏កាន់តែដាវ កាន់តែព្រួញ កាន់តែលំពែង សម្លាប់មនុស្ស សម្លាប់សត្វ បិតសន្ទួចស្ទួចត្រី មុតឡើងសុះអស់ទៅហើយ នៅតាមបាតដៃក៏ក្រិនទៀត បើមិនគ្រើមទើបចម្លែក។
«អ្វីទៅដែលមនុស្សប្រុសគួរធ្វើ?» ប៉ស៊ីងជ្រួញចិញ្ចើមឆ្ងល់ គេសួរទាំងសំឡេងពិរោះស្ដាប់ទៅកាន់អ្នកដែលត្រូវគេឱបហើយមកប្រាប់គេថាខ្លួនធ្វើអ្វីដែលមនុស្សប្រុសគួរធ្វើ តើមានមនុស្សប្រុសឯណាមកសំងំឱ្យគេដេកឱប ដេកថើបបែបនេះ?
«ហាត់ក្បាច់គុណ បរបាញ់សត្វ ការពារអ្នកទន់ខ្សោយ» អ៊ីហ្វុងរៀបរាប់ដោយមានភាពជឿជាក់ បើរឿងមេរៀនអីគេមិនដឹងទេ តែបើរឿងវាយគ្នាវិញម្នាក់នេះសូមធានាបើគេវាយមិនរត់ហើយដេញវាយគេវិញទៀត តាំងពីតូចដល់ធំប៉ុននេះវ៉ាង អ៊ីហ្វុងមិនដែលស្គាល់ពាក្យថាចាញ់អ្នកណាម្នាក់ឡើយ។
«អូ…» លោកគ្រូពេទ្យស៊ីងសែនហួសចិត្តនឹងសម្ដីមិនដឹងអីរបស់អ្នកម្ខាងទៀត តែអ្វីដែលអ៊ិហ្វុងនិយាយក៏ត្រូវម្យ៉ាងដែរមនុស្សប្រុសគួរតែចេះក្បាច់គុណ ចេះបរបាញ់សត្វ មិនមែនដូចជាគេដែលក្បាច់គុណក៏មិនចេះ សត្វមួយក្បាលក៏មិនដែលសម្លាប់ គិតតែពីមើលជំងឺ រៀនសូត្រ និងដោះស្រាយចំណោទនោះទេ។
«លោកគ្រូតើពុកម៉ែលោកគ្រូនៅឯណា?»
«នៅឆ្ងាយណាស់»
«ឆ្ងាយប៉ុនណា?»
«ចាំពេលខែរងាយើងជូនឯងទៅ»
«ហេតុអីក៏ត្រូវរងចាំដល់ខែរងាដែរលោកគ្រូ?» អ៊ីហ្វុងសួរទាំងមិនយល់គ្រាន់ចង់ទៅលែងពុកម៉ែហេតុអីចាំបាច់ត្រូវរងចាំដល់ខែរងាដែរ?
«ព្រោះពួកគាត់ចាស់ៗអស់ហើយ សន្លាក់ដៃសន្លាក់ជើង ចង្កេះ សរសៃរសងួងទាំងប៉ុន្មានក៏វារួញឈឺនៅខែរងានេះ ពេលយើងទៅលែងគាត់ក្នុងខែរងាយើងអាចជួយសម្រួលកិច្ចការគាត់ខ្លះ»
ប៉ស៊ីងនិយាយរៀបរាប់ពីឪពុកម្ដាយដែលរស់នៅឯស្រែចម្ការដោយទឹកមុខញញឹមស្អាត តាមពិតពុកម៉ែរបស់គេមិនបានចាស់ណាស់ណាទេ តែមកពីគេស្រឡាញ់និងគោរពគាត់ទើបមិនចង់ឱ្យគាត់ពិបាក ចង់ឱ្យតែគាត់ស្រណុក ការដែលគេខំប្រឹងធ្វើការត្រុកៗរាល់ថ្ងៃនេះក៏ព្រោះតែមិនចង់ឱ្យពួកគាត់ហត់នឹងឯង ជាគុណបុណ្យរបស់លោកមេទ័ពនិងសៀវស៊ីងដែរ ដែលបានកូនប្រុសកត្តញ្ញូម្នាក់នេះ កូនប្រុសប្រពៃល្អគ្រប់ដប់ ប្រសព្វគ្រប់យ៉ាង មិនថារឿងអ្វីក៏ដោយក៏មិនដែលធ្វើឱ្យឪពុកម្ដាយលំបាកចិត្តឡើយ។
គិតបានមកដល់ត្រឹមនេះទឹកភ្នែកមួយតំណក់ទៀតរបស់អ៊ីហ្វុងក៏ហូរស្រក់ចុះមកកាត់ថ្ពាល់រលោងស្អាតនោះទៀតហើយកាន់តែគិតបេះដូងរបស់គេកាន់តែឈឺចាប់ វាឈឺខ្ទោកៗហាក់បីដូចជាមានអ្នកណាម្នាក់កំពុងតែយកកាំបិតមកហាន់ ចិញ្ច្រាំបេះដូងរបស់គេលែងអ៊ីចឹង គេបង្ហើបមាត់តិចៗនិយាយខ្សឹបៗម៉ាល្មមតែស្ដាប់ឮម្នាក់ឯង៖
«ពេលនេះខែរងារហើយ ហេតុអីក៏លោកគ្រូមិនទាន់នាំខ្ញុំទៅទៀត?» សំឡេងខ្សឹបៗនោះហាក់បីដូចជាពិបាកខ្លាំងណាស់ទម្រាំតែអាចធ្វើដំណើរចេញពីបំពង់សំឡេងចេញមកខាងក្រៅបាន អ៊ីហ្វុងបិទភ្នែកគេងនៅត្រង់នោះក្នុងអាកប្បកិរិយាបែបនោះដដែល មួយសន្ទុះទើបគេមានអារម្មណ៍ថាដូចជាមានដៃរបស់អ្នកណាម្នាក់កំពុងតែលូកមកស្មាខាងស្ដាំរបស់គេតិចៗ ព្រះរាជបុត្រាប្រញាប់ងាកទៅមើលក៏ឃើញកូនក្មេងតូចមួយអាយុប្រហែលជា៧ ៨ឆ្នាំកំពុងតែឈរញញឹមស្ញេញមកកាន់គេ៖
«ឡើងមកធ្វើអីប្រយត្ន័ធ្លាក់ទឹក» អ៊ីហ្វុងស្ដីឱ្យក្មេងតូចដែលប្រឹងតោងឡើងមកឈរលើមែកឈើជាមួយគេ មានអាម៉ាកខំមកអង្គុយកើតទុក្ខម្នាក់ឯងហើយនៅមានអ្នកមករំខានទៀតលោកអើយ។
«ចុះបងប្រុសមិនខ្លាចធ្លាក់ទឹកទេហេស?» សំឡេងស្រួយស្រេស តូចឆ្មាបន្លឺឡើងតាមរបៀបមិនដឹងខ្យល់អី និយាយចប់គេក៏ដាក់បង្គុយនៅជិតអ៊ីហ្វុងដែរ ធ្វើឫកហាក់ដូចជាមនុស្សស្គាល់គ្នាហើយមកអង្គុយស្ដាប់រឿងក្នុងចិត្តរបស់គ្នាទៅវិញទៅមកអ៊ីចឹង។
«ហេតុអីត្រូវខ្លាច យើងជាមនុស្សប្រុសត្រឹមទឹកទន្លេប៉ុណ្ណឹងគ្មានអ្វីធំដុំទេ»
អ៊ីហ្វុងតបទាំងមិនមើលមុខអ្នកអង្គុយជិត ភ្នែកដ៏ស្រស់ស្អាតទាំងគូរនោះរវល់តែសម្លឹងមើលទឹកទន្លេពណ៌បៃតងចាស់ ថ្លាឈ្វេងនៅខាងក្រោមជើងឯណោះវិញ។
«មនុស្សប្រុសក៏ចេះខ្លាចដែរ ហើយបងមិនដឹងទេហេថានៅក្នុងទឹកទន្លេនេះមានអ្វី?»
«ក្នុងទឹកមានត្រី ឬថាមានអ្វីផ្សេង?»
«បងជាអ្នកមកពីភូមិភាគខាងលិចមែនទេ?»
«យ៉ាងម៉េចអាល្អិត?» អ៊ីហ្វុងស្រាប់តែមួម៉ៅឡើងមកភ្លាមៗមួយរំពេច ហេតុអ្វីក៏ប្រជាជនខាងកើតមិនថាក្មេងមិនថាចាស់សុទ្ធតែសួរគេដោយសំណួរនេះអ៊ីចឹង? អ្នកខាងលិចទៅវាយ៉ាងម៉េច?
«ព្រោះប្រជាជននៅភាគខាងកើតនេះអ្នកណាក៏គេដឹងពីរឿងរ៉ាវនៃទន្លេនេះដែរ» ក្មេងតូចសម្លឹងមុខរបស់ព្រះរាជបុត្រាភ្លៀកៗ គេសែនចូលចិត្តមើលលមនុស្សមុខស្អាតៗបែបនេះណាស់ អួយមើលមួយព្រឹកដល់ល្ងាចក៏មិនធុញដែរ។
«រឿងរ៉ាវអ្វីទៅ?»
«គឺគេនិយាយថាមានស្ដេចនាគមួយក្បាលរស់នៅក្នុងទឹកទន្លេនេះដើម្បីរងចាំស្នេហ៍ពិតរបស់ទ្រង់ណា»
«មែនឬ?» រោមនៅលើខ្លួនប្រាណរបស់អ៊ីហ្វុងទាំងអស់ស្រាប់តែបះជ្រោងឡើងភ្លាមៗមួយរំពេច ក្រពេញចង់ដឹងចង់ឮរបស់គេវាក៏បញ្ចេញអរម៉ូនរមាស់ចង់ឮបន្ថែមទៀត រំញោចឱ្យគេងាកមកមើលមុខក្មេងប្រុសដែលអង្គុយជិត ប្រើខ្សែភ្នែកអង្វរកឱ្យវានិយាយបន្ថែមយ៉ាងកំហូច។
ម៉ោង៨យប់…
ប៉ស៊ីងអង្គុយអានសៀវភៅទាំងខាងក្រៅមានព្រិលធ្លាក់មកខ្លាំងៗ ដៃកាន់សៀវភៅតែភ្នែករបស់គាត់បែរជារំពៃមើលទៅតែផ្លូវច្រកចូល ហាក់បីដូចជាកំពុងតែចាំផ្លូវអ្នកណាម្នាក់ តែបើថាចាំផ្លូវគេដដែលៗម៉េចមិនព្រមដើរទៅតាមរកគេបណ្ដោយទៅ? ដឹងទេថាការមកអង្គុយចាំផ្លូវគេបែបនេះវាធ្វើឱ្យតឹងទ្រូង អន្ទះអន្ទែអក្នុងចិត្តអង្គុយសឹងតែមិននឹងទៅហើយ ព្រិលនៅខាងក្រៅបន្តធ្លាក់មកម៉ឹបៗ ព្រិលកាន់តែធ្លាក់មកច្រើនឡើងៗខ្លាំងៗ ពេលវេលាកាន់តែដើរទៅមុខ បេះដូងរបស់លោកគ្រូពេទ្យសង្ហាក៏លោតកាន់តែញ៉ាប់ទៅៗយ៉ាងអន្ទះសារ បេះដូងមួយដួងនេះវាកំពុងតែយំសុំអង្វរឱ្យម្ចាស់របស់វាទៅតាមរកគេម្នាក់នោះដែលវាត្រូវការ តែខួរក្បាលវាប្រាប់មកថាមិនត្រូវធ្វើបែបនោះទេ ធ្វើបែបនោះវាមិនត្រូវ ហេតុនេះហើយមានតែទ្រាំអង្គុយចាំគេបែបនេះហើយ។
ម៉ោង៩យប់…
ម៉ោង១០យប់…
ម៉ោង១១យប់…
ម៉ោង១២យប់ កណ្ដាលអធ្រាត្រ…
ផាំង!!!!
«អាចង្រៃយ៍ប៉ស៊ីង!!»សំឡេងក្ងួរបន្លឺឡើងពីមាត់ទ្វារ មួយប៉ព្រិចភ្នែកក្រោយមកក៏លេចចេញនូវរូបរាងរបស់បុរសសង្ហាម្នាក់កំពុងតែដើរទ្រេតទ្រោត ម្ដងទ្រេតទៅឆ្វេង ម្ដងទ្រេតទៅស្ដាំ បើមើលតាមដំណើរ សម្ដី បូករួមជាមួយកាយវិការដែលបង្ហាញចេញមកនេះ បញ្ជាក់បានថាអ៊ីហ្វុងពិតជាកំពុងតែស្រវឹងជោកជាំតែម្ដង បើយ៉ាងហោចណាស់ក៏អស់ស្រា៤ ១០ឪទិនដែរ។ ប៉ស៊ីងរត់ចេញមកក្រៅទាំងប្រញាប់ប្រញាល់ដើម្បីមកជួយទប់អ្នកដែលកំពុងតែដើរទ្រេតទ្រោតចង់ដួល កែវភ្នែកស្អាតដូចភ្នែកកញ្ជ្រោងក៏សម្លឹងមុខអ្នកដែលស្រវឹងមិនដាក់ភ្នែកដោយខ្សែភ្នែកខឹងបន្តិច អន់ចិត្តបន្តិច និងអស់សំណើចបន្តិច។ លោកគ្រូពេទ្យកំលោះចាប់ដៃខាងឆ្វេងរបស់រាជបុត្រាមកឱ្យឱបស្មាររបស់ខ្លួនហើយដៃម្ខាងទៀតក៏ចាប់ឱបចង្កេះដែលគាត់តែងតែឱបរាល់យប់ ប៉ស៊ីងគ្រាហ៍មនុស្សជាទីស្រឡាញ់របស់ខ្លួនដើរចូលទៅក្នុងដំណាក់ទាំងត្រដាបត្រដួសព្រោះនៅខាងក្រៅនេះព្រិលក៏ធ្លាក់មកខ្លាំងហើយអ្វីដែលសំខាន់នោះគឺអ្នកម្ខាងទៀតមិនចង់ដើរតាមគាត់តាមសម្រួលតែម្ដង ពេលគាត់នាំដើរទៅឆ្វេងអាហ្វុងក៏ប្រទាញទៅស្ដាំ ដល់ពេលគាត់នាំដើរទៅស្ដាំវាបែរជាប្រទាញទៅខាងឆ្វេងវិញ ដោយសារតែរវល់តែប្រទាញប្រទង់គ្នាបែបនេះឯងបានជាគ្រាន់តែដើរពីមាត់ទ្វារទៅកាន់ដំណាក់ដែលធម្មតាដើរមិនដល់៥នាទីក៏ដល់នោះ ពេលនេះដើរអស់រយៈពេល១៥នាទីហើយនៅពាក់កណ្ដាលផ្លូវនៅឡើយ ប៉ស៊ីងក្ដាប់មាត់ជាប់ក្លាយជាបន្ទាត់ត្រង់ គាត់សម្លឹងមើលមុខដែលក្រហមព្រើងៗរបស់មនុស្សស្រវឹង រួចទើបដកដង្ហើមធំមួយឃូសនិងចាប់បីអ្នកដែលមានក្បាច់គុណពូកែជាងខ្លួនឱ្យផុតជើងពីដី លោកគ្រូពេទ្យញញឹមចុងមាត់តិចៗពេលឃើញថាការធ្វើបែបនេះវាស្រួលជាងការចាប់គ្រាហ៍គេដើរឆ្ងាយណាស់។
ប៉ស៊ីងបោះជំហានមួយៗ វែងៗតែប៉ុន្មានជំហានក៏មកដល់ក្នុងដំណាក់ គាត់បន្តដើរទៅកាន់បន្ទប់ដេករបស់ខ្លួន ហើយក៏ផ្ដេកអ៊ីហ្វុងថ្នមៗឱ្យគេងទៅលើគ្រែ។លោកគ្រូពេទ្យសង្ហាអង្គុយសម្លឹងមុខតូចៗស្អាតនោះមួយសន្ទុះរួចរៀបនឹងដើរចេញទៅហើយ ស្រាប់តែដៃគ្រើមៗនោះមកស្រវាចាប់កដៃរបស់គាត់ជាប់ ឯបបូរមាត់ស្អាតក៏បង្ហើបថ្នមៗ៖
«លោកគ្រូ? លោកគ្រូមែនទេ?» អ៊ីហ្វុងមានអាការៈហាក់បីដូចជាមនុស្សរវើរវាយ មាត់បង្ហើបនិយាយទាំងភ្នែកបិទជិត ឯដៃក៏ចាប់កាន់ដៃរបស់ប៉ស៊ីងណែន។
«ហឹម! យើងនៅជិតនេះឯង» ប៉ស៊ីងប្រញាប់យកដៃស្រឡូនស្អាតរបស់ខ្លួនទៅក្រសោបដៃដែលប្រឹងចាប់កដៃរបស់គេវិញដោយកាយវិការយ៉ាងថ្នាក់ថ្នម គាត់ប្រើសំឡេងស្រទន់ៗខ្សឹបទៅជិតត្រចៀកតូចស្អាតរបស់អ្នកដែលកំពុងតែគេងរវើរវាយនៅលើគ្រែ។
«ចេញ…លោកគ្រូកុំមកនៅជិតខ្ញុំទៀត» នៅពេលឮចម្លើយរបស់អ្នកម្ខាងទឿតហើយនោះ ត្របកភ្នែកដែលជ្រួញស្រាប់របស់អ៊ីហ្វុងក៏កាន់តែជ្រួញចូលគ្នាថែមទៀត ដៃរបស់គេក៏ព្រលែងចេញពីកដៃដែលចាប់មុននោះហាក់មិនស្រណោះ។
«ហេតុអីក៏ដេញយើងចេញ?» ចប់សម្ដីរប៉ស៊ីងក៏ថើបទងត្រចៀកស្អាតនោះតិចៗដោយហាមមិនបាន ឯអ្នកដែលត្រូវគេថើបក៏រួញកកគេចចេញទាំងញញឹមជាប់មាត់ខ្ជិប ដោយសារតែកាយវិការតបតបែបគួរឱ្យស្រឡាញ់បែបនេះឯងទើបធ្វើឱ្យបេះដូងរបស់លោកគ្រូពេទ្យកំលោះកាន់តែពុះកញ្ជ្រោលកាន់តែខ្លាំង កាន់តែអ្នកម្ខាងទៀតគេចកាត់កាន់តែចង់ថើប ប៉ស៊ីងថើបទងត្រចៀកនោះថើរៗហើយក៏អូសច្រមុះស្រួចរលេមរបស់ខ្លួនសំដៅទៅកាន់កញ្ចឹងកសខ្ចីរបស់អ្នកដែលកំពុងតែញញឹមជាប់ គ្រាន់តែបបូរមាត់ទៅប៉ះនឹងកញ្ចឹងកទន់រលោងនោះភ្លាមបេះដូងរបស់គាត់ក៏កន្ត្រាក់ភ្លែត វារំញោចអារម្មណ៍ឱ្យក្ដៅពុះកញ្ជ្រោលហាក់បីដូចជាទឹកពុះដែលបណ្ដាលឱ្យការតាំងចិត្តពីដំបូងដែលតាំងចិត្តថាគ្រាន់តែថើបសើៗថ្នមៗតិចៗឥឡូវក៏ក្លាយជាការបឺតជញ្ជក់ ខាំរហូតដល់ថ្នាក់ចេញស្នាមធំៗឡើងមកពេញទាំងកញ្ចឹងកទាំងអស់។
«លោកគ្រូ…ចេញ!!!» អ៊ីហ្វុងដែលបិទភ្នែកញញឹមខ្ជឹបមុននេះក៏ស្រាប់តែភ្ញាក់បើកភ្នែកធំៗសម្លឹងមើលអ្នកដែលកំពុងតែថើបញីញក់កញ្ចឹងករបស់គេរហូតដល់មានអារម្មណ៍ថាឈឺឆៀបៗ ព្រះរាជបុត្រារុញអ្នកដែលកំពុងតែទ្រោមលើខ្លួនគេចេញមួយទំហឹងរហូតធ្វើឱ្យប៉ស៊ីងដួលត្រលប់ត្រឡិនធ្លាក់ពីលើគ្រែមួយរំពេច។
«អាហ្វុង…» បបូរមាត់ស្អាតដែលនៅជាប់ក្លិនរបស់ព្រះរាជបុត្រានៅឡើយបង្ហើបតិចៗ បង្ហើរនូវសូរសំឡេងក្រអួនក្រអៅចេញមកហៅឈ្មោះអ្នកដែលងើបអង្គុយលើគ្រែកំពុងសម្លឹងមុខគាត់ទាំងកែវភ្នែកគ្រលួងៗ។
«អាហ្វុងទៅណា?» ប៉ស៊ីងប្រញាប់ងើបទៅចាប់ដៃអ៊ីហ្វុងដែលកំពុងតែដើរមិនត្រង់ផ្លូវសំដៅចេញពីបន្ទប់គេងរបស់គេចេញទៅ។
«ទៅណាក៏បានជារឿងរបស់ខ្ញុំ» ព្រះរាជបុត្រានិយាយទាំងសំឡេងក្ងួរៗ ឯភ្នែកក៏បើកមិនចង់រួចព្រោះតែជាតិស្រាដែលមាននៅក្នុងខ្លួនវាច្រើនលើសលុប។ ប៉ស៊ីងស្រវេស្រវារត់ទៅចាប់ឱបចង្កេះរបស់អាហ្វុងជាប់មិនឱ្យដើរចេញទៅក្រៅបាន ត្រឹមឃើញគេស្រវឹងធ្លាក់ភ្នែកប៉ុណ្ណេះសោះក៏អាបេះដូងនែកវាអាណិត វាហួងហែង ស្ទើរតែប្រះបែកទៅហើយ ចុះទម្រាំបណ្ដោយឱ្យដើរចេញទៅទាំងស្រវឹងបែបនេះទៀតតើគេមិនផ្ទុះទ្រូងស្លាប់ទៅហើយទេហេ?
«មិនបាច់ទៅណាទេ នៅទីនេះហើយ» ប៉ស៊ីងខ្សឹបៗដាក់ខ្នងតូចស្អាតដែលខ្លួនកំពុងតែឱបណែនដៃនោះ។
«មិននៅទេ លែង!» អ៊ីហ្វុងរុញអ្នកដែលកំពុងតែឱបរឹតខ្លួនចេញមួយទំហឹងទាំងភ្នែកនៅបិទជិត គេហត់ អស់កម្លាំងណាស់ គ្មានថាមពលឯណាមកឈរឈ្លោះជាមួយទេ ហើយរឹតតែមិនចង់នៅជិតបុរសម្នាក់នេះថែមទៀត។ អ៊ីហ្វុងមិនដឹងទេថាកម្លាំងដែលខ្លួនច្រានប៉ស៊ីងអម្បាញ់មិញវាខ្លាំងក្លាប៉ុនណា ប៉ុន្តែសម្រាប់អ្នកដែលមិនដែលកាន់ដាវដូចជាលោកគ្រូពេទ្យស៊ីងនេះត្រឹងត្រូវគេច្រានប៉ុណ្ណេះក៏ដួលត្រលប់ត្រឡិនទៅបុកក្បាលនឹងគ្រែហូរឈាមចេញមកបាត់ទៅហើយ។
«វ៉ាង អ៊ីហ្វុង!!» ព្រះរាជបុត្រាឈប់ដើរភ្លាមៗមួយរំពេចបន្ទាប់ពីឮសំឡេងស្រែកហៅឈ្មោះរបស់ខ្លួនពីខាងក្រោយខ្នង នេះជាលើកទីមួយហើយដែលលោកគ្រូដំឡើងសំឡេងដាក់គេរបៀបនេះ តាំងពីដើមមកគាត់មិនដែលប្រើសំឡេងរបៀបនេះដាក់គេទេ។ ព្រះរាជបុត្រាបែរយឺតៗមកក្រោយសម្លឹងមើលអ្នកដែលកំពុងតែក្ដៅក្រហាយ ទឹកភ្នែកក៏ស្រក់ចុះមកមួយតំណក់ទៀតហើយ ត្រឹមគេគំហកដាក់តែបន្តិចសោះអាទឹកភ្នែកនេះវាក៏ងាយហូរមកដោយឯងៗទាំងដែលម្ចាស់វាមិនចង់ឱ្យហូរសូម្បីតែបន្តិច។
កែវភ្នែកទាំង២គូរប៉ះគ្នា សម្លឹងគ្នាមិនព្រិច ដោយម្នាក់ៗសម្អាងចង់តែឈ្នះរាងៗខ្លួន ប៉ស៊ីងបោះជំហានយឺតៗដើរសំដៅរទៅកាន់ព្រះរាជបុត្រា ឯអ៊ីហ្វុងក៏មិនចាញ់ដូចគ្នាគេមិនដើរចេញ មិនងាកមុខទៅណា គឺនៅឈរធ្មឹងនៅមួយកន្លែង ក៏ចង់ដឹងដូចគ្នាណាថាតើប៉ស៊ីងកំសាកញីម្នាក់នេះនឹងធ្វើអីគេ?
មានភាគបន្ត…