រឿង៖ ព្រះរាជបុត្រាកំពូលស្នេហ៍ ភាគ៤

ម៉ោងប្រាំព្រឹក…

ប៉ស៊ីងបើកភ្នែកមុតស្អាតរបស់ខ្លួនសម្លឹងមើលទៅក្រៅបង្អួចដែលមិនទាន់មានពន្លឺព្រះអាទិត្យនៅឡើយ ហើយក៏ដកកែវភ្នែកមកមើលអ្នកនៅដែលកំពុងគេងនៅក្នុងរង្វង់ដៃវិញ ដោយខ្សែភ្នែកស្រទន់ដូចរាល់ដង។ លោកគ្រូពេទ្យញញឹមចុងមាត់តិចៗ រួចក៏យកម្រាមដៃវៃងស្រឡូនៗរបស់ខ្លួនទៅប៉ះបបូរមាត់ស្លេកស្លាំងនោះថ្នមៗ។ ពេលគេងស្ងៀមៗ មិនស្រែកឡូឡា មិនសួរនាំច្រើន បែបនេះក៏គួរឱ្យស្រឡាញ់ដែរណា ប៉ស៊ីងគេងសម្លឹងមើលមុខស្អាតនោះមួយសន្ទុះដោយលួចគិតក្នុងចិត្តស្ងាត់ៗថាបើសិនមានពេល គាត់អាចគេងសម្លឹងមុខស្អាតៗនេះមួយថ្ងៃពេញក៏បានដែរ តែដោយសារតែមានការងារត្រូវធ្វើដើម្បីដូរយកបាយមកចិញ្ចឹមខ្លួន និងមើលថែអ៊ីហ្វុងផងនោះ ប៉ស៊ីងក៏ត្រូវងើបចេញពីគ្រែទាំងសោកស្ដាយ។ គាត់ក្រោកមកហើយក៏ទាញភួយយកទៅដណ្ដប់ឱ្យអ្នកដែលកំពុងគេងយ៉ាងគួរឱ្យស្រឡាញ់ លោកគ្រូពេទ្យឱនទៅខ្សឹបក្បែត្រចៀកតូចស្អាតតិចៗមុននឹងដើរចេញទៅ៖

«ឆាប់ក្រោកមកណា បងចាំ​!​»

«រាជពេទ្យ!! មកមើលខាងនេះបន្តិច»គ្រាន់តែដើរចេញពីបន្ទប់ទឹកភ្លាមមិនទាន់ទាំងបានបាយចូលមាត់ផង សំឡេងពេទ្យស្រីម្នាក់ក៏ស្រែកខ្លាំងៗដោយអាការៈភ័យស្លន់ស្លោ ព្រមទាំងជួយគ្រាហ៍អ្នកជំងឺដែលពេលនេះមានឈាមហូរស្រោចខ្លួនដើរមករកប៉ស៊ីងផង។

«មកខាងនេះ»លោកគ្រូពេទ្យសង្ហាប្រញាប់ស្ទុះទៅជួយទ្រអ្នកជំងឺដែលមានមាឌធំដំបងនោះម្ខាង ព្រមទាំងនឹងឆ្ងល់ក្នុងចិត្តផងថា តើគេទៅធ្វើស្អីមក បានជាមានឈាមស្រោចខ្លួនទាំងកណ្ដាលព្រលឹមអុរបែបនេះ?

បន្ទាប់ពីលាងរបួសត្រង់ក្បាល ដែលបែកឈាមប្រហែលកន្លះចំអាមរបស់អ្នកជំងឺដែលមកដល់មន្ទីពេទ្យនេះមុនគេទាំងព្រលឹមហើយ ក៏ដូចជាបានឮការសាកសួរពីអ្នកគ្រូពេទ្យទើបប៉ស៊ីងដឹងថា អ្នកជំងឺម្នាក់នេះគឺជាទាហានដែលប្រចាំការនៅឯជាយដែន គេប្រឹងត្រលប់មកផ្ទះ មកលែងប្រពន្ធទាំងយប់ដោយមិនបានប្រាប់ឱ្យនាងដឹងមុន ពេលមកដល់ក៏ពេលជិតព្រលឹមនេះឯង ហើយអ្វីដែលធ្វើឱ្យក្បាលរបស់គេឈាមនោះគឺពេលដែលប្រពន្ធរបស់គេជួយរើខោអាវចេញពីបង្វិច ចង្រៃយ៍អ្នកណាទៅដឹងទៅថាក្នុងបង្វិចដាក់ខោអាវនោះមានអាវក្នុងពណ៌ក្រហមស្រស់មួយដែលមិនមែនជារបស់ប្រពន្ធគេ ដូច្នេះហើយហេតុការណ៍បន្តទៀតសូមអ្នកអានស្រមៃខ្លួនឯងចុះ ព្រោះបើមើលតាមរបួសលើក្បាលរបស់ពូទាហាននេះមិនតូចប៉ុន្មានទេ បើមិនត្រូវនឹងត្បាល់ថ្ម ក៏ប្រហែលជាត្រូវនឹងខ្នងកាំបិតប៉័ងតោដែរ អាណិតណាស់។

«រាជពេទ្យលីខាងនេះបន្តិច!»សំឡេងរបស់អ្នកគ្រូពេទ្យស្រីម្នាក់ទៀតបន្លឺឡើងភ្លាមៗ បន្ទាប់ពីប៉ស៊ីងរៀបចំប្រដាប់ប្រដាសម្រាប់លាងរបួសរួច។ លោកគ្រូពេទ្យសង្ហាក៏ប្រញាប់រត់ទៅមើលអ្នកជំងឺដែលមានរាងស្គមរីងរៃ កំពុងតែប្រកាច់នៅលើគ្រែភ្លាមដោយមិនដំអែដំអង់យូរឡើយ។ គិតៗទៅក៏ល្អដែរ ដែលបានត្រលប់មកធ្វើការបែបនេះវិញម្ដងទៀត ការបានរត់ទៅរត់មកមើលអ្នកជំងឺយ៉ាងសស្រាក់សស្រាំគ្មានពេលសម្រាក បែបនេះក៏ធ្វើឱ្យប៉ស៊ីងនឹកឃើញទៅដល់កាលពីប៉ុន្មានឆ្នាំមុនដែលគាត់នៅមិនទាន់មានឋានៈធំនៅឡើយ កាលដែលគាត់នៅដើរតាមព្រឹទ្ធាចារ្យសុង ឈី ពេលនោះជាពេលវេលាដែលរវល់បំផុតនៅក្នុងជីវិតរបស់លោកគ្រូពេទ្យប៉ស៊ីងហើយ គាត់ត្រូវងើបពីព្រលឹមម៉ោង៣ព្រឹករាល់ថ្ងៃដើម្បីដាំថ្នាំ រៀបចំប្រដាប់ប្រដាសម្រាប់លាងរបួស បោស ជូត សម្អាតកន្លែងព្យាបាល រៀបចំគ្រប់បែបសព្វយ៉ាងទាំងអស់ រហូតដល់ម៉ោង៨យប់គាត់ក៏បន្តមេរៀនរបស់គាត់ជាមួយនឹងលោកគ្រូសុងមិនដែលខាន ប៉ស៊ីងចាំបានថានៅថ្ងៃមួយនោះដោយហេតុតែចង់ដឹងចង់ឮខ្លាំងពេកគេក៏សម្រេចចិត្តដើរទៅកន្លែងដែលគេបោះចោលសាកសព ដើម្បីយកគ្រោងឆ្អឹងរបស់សពដែលគេយកទៅបោះចោលទាំងនោះមកសិក្សាវិភាគឱ្យបានច្បាស់លាស់ បើតាមគាត់ចាំពេលនោះគាត់ទើបតែមានអាយុប្រហែលជា១៣ ១៤ ឆ្នាំប៉ុណ្ណោះ។

ពេលនឹកឃើញដល់អតីតកាល នឹកឃើញដល់ការព្យាយាមរបស់គាត់កាលពីមុនទាំងប៉ុន្មាន ទម្រាំនឹងមកឈរកន្លែងនេះបានហើយ ប៉ស៊ីងក៏ហាក់បីដូចជាមានមោទនៈភាពលើខ្លួនឯងខ្លះដែរ។

លោកគ្រូពេទ្យកំលោះជូតដៃនឹងកន្សែងស្អាតដែលជ្រលក់ទឹកក្ដៅអ៊ុនៗ ដើម្បីជូតសម្អាតឈាមដែលប្រប្រឡាក់ពេញដៃចេញ ប៉ស៊ីងយកដៃដែលជូតស្អាតហើយនោះទៅជូតញើសដែលហូរចេញមកតាមជើងសក់ស្អាតនោះយឺតៗ ភ្នែកក៏រំពៃ សម្លឹងមើលជុំវិញខ្លួនដោយខ្សែភ្នែករវាសរវៃតាមទម្លាប់។ ត្រឹមមួយប៉ព្រិចភ្នែកសោះ ពេលរសៀលក៏ជ្រាតខ្លួនចូលមកបាត់ទៅហើយ ប៉ស៊ីងដែលទើបតែសម្រាកលាងដៃហើយនោះ ក៏តម្រូវឱ្យទៅមើលអ្នកជំងឺដែលទើបតែបញ្ជូនមកម្នាក់ទៀតហើយ ឆ្លៀតពេលកំពុងតែលាងរបួសដៃឱ្យបុរសអ្នកជំងឺនោះ លោកគ្រូពេទ្យសង្ហាក៏ក្រឡេកទៅឃើញអ្នកគ្រូពេទ្យម្នាក់ដែលគាត់តែងពឹងឱ្យទៅអើតមើល អ៊ីហ្វុង ជំនួស ប៉ស៊ីងស្រែកហៅអ្នកគ្រូពេទ្យវ័យក្មេងម្នាក់នោះដោយអាការៈចង់ដឹងចង់ឮ៖

«អ្នកគ្រូ! អ្នកជំងឺម្នាក់នោះយ៉ាងម៉េចហើយ?» អ្នកគ្រូពេទ្យរូបស្រស់ងាកមកញញឹមដាក់ប៉ស៊ីងវិញ នេះបើពេលធម្មតាគេគ្រប់គ្នាប្រហែលជាឆ្ងល់ហើយ ព្រោះនៅសុខៗលោកគ្រូពេទ្យដែលមិនដែលហើបមាត់និយាយរកអ្នកណាបែរជាមកស្រែកប្រកូកប្រកាសកណ្ដាលវាលបែបនេះ ប៉ុន្តែពេលនេះវាក៏ក្លាយទៅជាទម្លាប់ ទាំងគ្រូពេទ្យ ទាំងអ្នកជំងឺនៅទីនេះសុទ្ធតែស៊ាំនឹងការស្រែកសួររបស់ប៉ស៊ីងពីអាការៈរបស់អ៊ីហ្វុងទៅហើយ បើថ្ងៃណាដែលគាត់មិនបានស្រែកសួរបានចម្លែក។

«អ្នកជំងឺម្នាក់នោះឃើញមានសាច់ញាតិមកទទួលចេញទៅបាត់ហើយ រាជពេទ្យមិនដឹងទេហេ?»អ្នកគ្រូពេទ្យម្នាក់នោះនិយាយទាំងលើកចិញ្ចើមរបស់នាងម្ខាងផង ឃើញលោកគ្រូពេទ្យលះបង់មើលថែអ្នកជំងឺម្នាក់នោះដិតដល់ណាស់ បើសិនជាគ្រូសារគេមកទទួលហោចណាស់ក៏គួរតែមកលាគាត់ខ្លះដែរ មិនមែនថាទៅក៏ទៅបែបនេះទេ។

«អ្នកគ្រូមកបន្តជំនួសខ្ញុំបន្តិច» ប៉ស៊ីងប្រញ់ាប់រត់ទៅរកបន្ទប់របស់អ៊ីហ្វុងភ្លាមៗបន្ទាប់ពីស្ដាប់សម្ដីរបស់អ្នកគ្រូពេទ្យចប់ មិនអាចទេ អាហ្វុងមិនដែលមានសាច់ញាតិនៅនគរភាគខាងកើតនេះផង តើគេមានសាច់ញាតិមកពីណាមកទទួលនោះ? ឬថាពួកនោះជាអ្នកដែលប្រលងធ្លាក់ហើយមានគំនុំ គុំគួននឹងអ៊ីហ្វុងរបស់គាត់?

លោកគ្រូពេទ្យសង្ហាត់សំដៅទៅបន្ទប់ដែលគាត់ចេញចូលសឹងតែរាល់ថ្ងៃទាំងបេះដូងប្រះបែក គាត់ត្រូវមកមើលឱ្យប្រាកដចិត្តថា តើអ៊ីហ្វុងរបស់គាត់ពិតជាបាត់ខ្លួនមែនក៏អត់?

ក្រាក

គ្រាន់តែទ្វារបន្ទប់ឈើនោះរបើកភ្លាម បេះដូងរបស់គេក៏ធ្លាក់ទៅដល់ដី ដៃជើងវែងៗស្រឡូនស្អាតក៏ញ័រទទ្រើក ទឹកភ្នែកកូនប្រុសស្រក់ចុះមកម៉ាត់ៗដោយហាមមិនបាន។ នៅលើគ្រែដែលតែងតែមានរូបរាងតូចស្អាតគេងលើរាល់ថ្ងៃមិនកម្រើកទៅណានោះ ពេលនេះក៏ទទេស្អាត គ្មានសូម្បីតែស្រមោលរបស់មនុស្សដែលគាត់តាមរក តើគេទៅណាបានបើគេឈឺដល់ថ្នាក់ងើបមិនរួចផងនោះ? ប៉ស៊ីងលើកជើងដែលធ្ងន់កន្តុករបស់ខ្លួនដើរទៅរកគ្រែដែលមានភួយនៅខ្ទក់ខ្ទាំយឺតៗ គាត់សម្លឹងមើលទៅភួយដែលមានជាប់ក្លិនរបស់អ៊ីហ្វុងដោយខ្សែភ្នែកអាឡោះអាល័យ នៅក្នុងភាពអាឡោះអាល័យនោះក៏មានលាយឡំភាពអស់សង្ឃឹមឡើងមក តើសាច់ញាតិរបស់អាហ្វុងជាអ្នកណា? ហើយបើមិនមែនសាច់ញាតិមែននោះតើគាត់ធ្វើម៉េចនឹងដឹង? តើត្រូវទៅតាមរកអាហ្វុងនៅឯណាទៀត? ប៉ស៊ីងមានអារម្មណ៍ថាក្រញាញ់ខួរភ្លាមមួយរំពេច គាត់ដាក់បង្គុយចុះលើគ្រែដែលខ្លួនតែងតែគេងរាល់យប់ ដៃក៏ស្រវាយកភួយដែលមានជាប់ក្លិនម្ចាស់ចិត្តរបស់គាត់យកមកហិតតិចៗ។

ខ្ពោក!!

លោកគ្រូពេទ្យក្រឡេកទៅមើលរបស់ដែលជ្រុះចេញពីភួយមុននេះ វាជាស្រោមសំបុត្រពណ៌មាស ដែលត្រូវបានបត់យ៉ាងមានរបៀបភ្លឹង បញ្ជាក់បានពីសមាសភាពរបស់អ្នកផ្ញើរមកថាមិនមែនជាមនុស្សធម្មតា គាត់ប្រញាប់យកសំបុត្រមកបើកអានយ៉ាងថ្នមៗដោយអារម្មណ៍រំជើបរំជួល អួលដើមក៖

“លី ប៉ស៊ីង លោកគ្រូពេទ្យធំលឿនណាស់ សូមទោសផងដោយសារតែប្រញាប់ពេកយើងនិងស្វាមីមិនអាចនៅលាលោកគ្រូពេទ្យបានទេ។ អរគុណណាស់ដែលបានមើលថែអ៊ីហ្វុងរបស់យើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ សង្ឃឹមថាបានចួបគ្នាឆាប់ៗម្ដងទៀត ផ្ដាំសួរសុខទុក្ខ ប៉វិន និង សៀវស៊ីងផង។ អរគុណម្ដងទៀត លាហើយ»

តួអក្សរដែលត្រូវបានសរសេរយ៉ាងផ្ចិតផ្ចង់នៅលើក្រដាសពណ៌មាស រំលេចចេញមកនូវពាក្យពេចន៍របស់គ្រួសាររាជវង្ស បូករួមជាមួយនឹងត្រារបស់ព្រះរាជនីនៃនគរខាងលិចទៀតនោះ ប៉ស៊ីងអាចសន្មតបានថា សំបុត្រមួយច្បាប់នេះមិនមែនជាសំបុត្រក្លែងក្លាយនោះទេ ពិតណាស់វាជាសំបុត្រដែលមានតម្លៃយ៉ាងមហាសាល ព្រោះត្រូវបានសរសេរដោយដៃរបស់ព្រះរាជនីផ្ទាល់ មានទាំងត្រាព្រះនាមរបស់ទ្រង់នៅជាយសំបុត្រផង តែទាស់ត្រង់ពាក្យថា “អ៊ីហ្វុងរបស់យើង” ប៉ស៊ីងអានលិខិតនេះម្ដងហើយម្ដងទៀត ដើម្បីឱ្យប្រាកដចិត្តថាខ្លួនមិនបានកាត់ន័យច្រឡំ បើតាមការវិភាគរបស់គេ មានន័យថាអ៊ីហ្វុងជាបុត្រានៃនគរខាងលិចឬ? បើអ៊ីចឹងមែនគេក៏ជាចៅរបស់ព្រះរាជាចូវជីយ៉ាង ចុះហេតុអ្វីបានជាព្រះអង្គព្យាយាមឃាត់គេពីការព្យាបាលរបួសឱ្យអ៊ីហ្វុងខ្លាំងម្ល៉េះ? ហើយហេតុអ្វីបានជាព្រះរាជនីនៅនគរខាងលិចស្គាល់ពុកម៉ែរបស់គេទៅវិញ? សំនួរជាច្រើនផុសព្រងព្រាតពេញក្បាលរបស់ប៉ស៊ីង គេសម្លឹងមើលសំបុត្រនៅក្នុងដៃដោយអារម្មណ៍ប្រកាប់ប្រចាក់គ្នា ច្របូកច្របល់ តើគេគួរតែតាមរកអ៊ីហ្វុងទៀតឬក្នុងពេលដែរដឹងការពិតបែបនេះហើយ? តើគាត់ត្រូវធ្វើអ្វីបន្តទៀត?

«ឯងគួរតែសប្បាយចិត្តដែលដឹងថាគេបានទៅកន្លែងដែលមានសុវត្ថិភាពជាងនៅជាមួយឯង» គាត់ញញឹមហើយនិយាយចម្អកឱ្យខ្លួនឯងតិចៗ ពេលនេះក៏រាងធូរចិត្តដែលដឹងថាអាហ្វុងរបស់គាត់បានទៅផ្ទះរបស់គេវិញ តែអារម្មណ៍ពិបាកចិត្តវាមានច្រើនជាង គាត់មិនទុកចិត្តគ្រូពេទ្យនៅភាគខាងលិច ហើយអ្វីដែលសំខាន់គឺបន្ទោសខ្លួនឯងតែម្ដង។ ប៉ស៊ីងពេលនេះគិតថាមកពីខ្លួនឯងមិនបានការទើបអ៊ីហ្វុងត្រូវព្រាត់ព្រាស់ពីគាត់បែបនេះ អ្វីៗគ្រប់យ៉ាងគឺមកពីគាត់ទាំងអស់ ប៉ុន្តែពេលដែលភ្នែករបស់គាត់ប្រទាក់ទៅនឹងតួអក្សរប៉ុន្មានតួចុងក្រោយនៃសំបុត្រដ៏មានតម្លៃនោះប៉ស៊ីងក៏ស្រាប់តែញញឹមស្រាលៗឡើងមក។

ឯជើងភ្នំនៃទីជនបទដាច់ស្រយាលមួយ…

«ឱ្យលឿនមក នៅដើររាប់ស្មៅនៅនឹងហើយ» សំឡេងចេចចាចរបស់មនុស្សម្នាក់បន្លឺឡើងមិនដាច់សូរ សំឡេងស្រួយស្រេនេះឮសឹងតែពីជើងភ្នំទៅដល់កំពូលភ្នំទៅហើយ ម្ចាស់សំឡេងមានអាយុប្រហែលជា៤០ឆ្នាំស្ដើងតែប៉ុណ្ណោះ ប៉ុន្តែស្បែកមុខរបស់គាត់គឺគ្មានសភាពជ្រីវជ្រួញទាល់តែសោះ ស្បែកដៃ ស្បែកជើងក៏រលោងស្អាតបញ្ជាក់ថាគាត់គឺរស់នៅស្រណុកសុខស្រួលណាស់ ប្រសិនបើយើងមើលមួយភ្លែតទៅគឺស្មានតែមនុស្សស្រីអាយ២០ឆ្នាំជាងកំពុងតែដើរឡើងភ្នំតាមផ្លូវលំធំមួយ។

«បងចាស់ហើយដើរមិនលឿនដូចជាអូនទេ» សំឡេងធំគ្រលរមួយបន្លឺឡើងពីខាងក្រោយខ្នងរបស់សៀវស៊ីងដែលកំពុងដើរស្ពាយកន្រ្តកដាក់ដំឡូង លោកមេទ័ពប៉វិនដែលពេលនេះមានអាយុ៥៥ឆ្នាំ ប៉ុន្តែនៅតែមានមាឌមាំ រូបរាងក៏ខ្ពស់ស្រឡៈ ដំណើរមិនបានកោងតែបែរជារហ័សរហួនដូចនៅក្មេងធម្មតា តែអ្វីដែលផ្លាស់ប្ដូររនោះគឺស្បែកនិងសក់របស់គាត់ ស្បែកសស្អាតកាលពីមុន ពេលនេះក៏ប្រែមកជាស្រគាំព្រោះតែការធ្វើស្រេក្រោមកម្ដៅថ្ងៃយូ ហើយសក់ក្បាលដែលធ្លាប់តែខ្មៅរលោងស្អាតនោះពេលនេះក៏ប្រែមកជាមានស្កូវខ្លះៗ មុខមាត់សង្ហានោះពេលនេះក៏មានពុកមាត់ពុកចង្ការមករឹមៗ ព្រោះប្រពន្ធរបស់គាត់មិនឱ្យកោរចេញ។

«លោកមេទ័ព ឈប់យកលេសទៅបានទេ» សៀវស៊ីងងាកមកសម្លក់ប្ដីដែលកំពុងតែដើរធ្វើត្រឹកៗពីខាងក្រោយខ្នងខ្លួនយ៉ាងខ្ជិលច្រអូស ហើយអ្នកដែលត្រូវសម្លក់ក៏សើចតិចៗដាក់ម្ចាស់ស្នេហ៍របស់គាត់។

«មិនបានយកលេសទេ បងចាស់ពិតមែន» មិនត្រឹមតែនិយាយឆ្លើយឆ្លងជាមួយប្រពន្ធច្រើនជាងមុនទេ ពេលនេះគាត់ក៏ចេះទាំងឌឺ ចេះទាំងលេបខាយ បើនិយាយពីសម្ដីវិញចាក់ទឹកមិនលិច តិចថាសៀវស៊ីងនិយាយឈ្នះទៀតចុះ?

សៀវស៊ីងខាំមាត់សម្លក់មុខដែលញញឹមច្រឡឺមដាក់គេតិចៗសែនក្នាញ់ គេដើរបកទៅក្រោយវិញហើយលូកដៃទៅច្រវាចាប់ប្រអប់ដៃធំមាំនោះឱ្យដើរតាមខ្លួន តែលោកមេទ័ពក៏នៅតែក្រាញននៀលមិនព្រមទៅតាមងាយៗ។

«កុំទាន់ដើរលឿនពេក ថ្ងៃនេះបងមានប្រផ្នូល»ប៉វិនក្រសោបដៃទន់រលោងរបស់ភរិយាព្រមទាំងនិយាយអង្វរដោយទឹកមុខគួរឱ្យអាណិត។

«ប្រផ្នូលស្អីរបស់បង?​»

«ប្រផ្នូលថា ថ្ងៃនេះនឹងមានរឿងល្អកើតឡើងណា»លោកមេទ័ពនិយាយបញ្ចុះបញ្ជូលសៀវស៊ីងឱ្យជឿស្លុងទៅតាមគាត់ ហើយពេលឃើញអ្នកម្ខាងទៀតកំពុងតែឈរស្ដាប់ហើយគាត់ក៏អូសរាងតូចស្អាតនោះទៅអង្គុយនៅលើថ្មជិតផ្លូវ។

«រឿងល្អដែលនិយាយដល់នោះជារឿងអ្វីទៅ? ជាលាភដែរទេ? បើជាលាភពិតមែនត្រូវប្រញាប់ទៅផ្ទះឱ្យឆាប់ឡើងព្រោះដើម្បីកុំឱ្យលាភរត់បាត់»

ចប់សម្ដីរបស់សៀវស៊ីងក្បាលខូចភ្លាម ប៉វិនក៏យកដៃទៅអង្អែលក្បាលមនុស្សដែលខ្លួនស្រឡាញ់ថ្នមៗលែងហើយនិយាយ៖

«មិនមែនទេ អូនគិតមើល ព្រឹកមិញនេះមកដើរចូកព្រៃក៏ប្រទះឃើញផ្សិតយ៉ាងច្រើន វាជាប្រផ្នូលល្អដែលប្រាប់យើងថា ថ្ងៃនេះយើងនឹងមានភ្ញៀវមកលែងផ្ទះ»លោកមេទ័ពនិយាយព្រមទាំងសម្លឹងមើលមុខសៀវស៊ីងទាំងញញឹមដដែលផង។

«បែបនោះមែនទេ ទើបបងបបួលខ្ញុំមកផ្សារទិញម្ហូបពាសពេញបែបនេះ?​»សៀវស៊ីងនិយាយព្រមទាំងចង្អុលទៅកន្ត្រកធំៗពីរដែលមួយជារបស់ខ្លួនមានផ្ទុកសុទ្ធតែដំឡូង មិនថាដំឡូងជ្វា ដំឡូងបារាំង ដំឡូងដៃខ្លា ដំឡូងទាន ឡើងពេញមួយកន្ត្រក និងកន្ត្រកមួយទៀតដែលនៅលើស្មារលោកមេទ័ពគឺមានសុទ្ធតែបន្លែ ត្រី សាច់មាន់ សាច់ទា សាច់ពពែ សាច់ជ្រូក សាច់គោ យ៉ាងហូហៀរ ព្រមទាំងស្រា២ ៣ឪទិនផង។

«មែន អូនគិតទៅមើល បើភ្ញៀវមកផ្ទះហើយគ្មានអីទទួលគេនោះគិតយ៉ាងម៉េច?​»លោកមេទ័ពដាក់បង្គុយនៅលើដុំថ្មហើយទាញសៀវស៊ីងឱ្យមកអង្គុយនៅលើភ្លៅ រៀបរាប់ដោយសំឡេងពីរោះ។

«លី ប៉វិន បងបង្ហិនលុយច្រើនបែបនេះព្រោះតែដើម្បីភ្ញៀវក្នុងក្ដីស្រស្រមៃរបស់បងមែនទេ?​​»សៀវស៊ីងចាប់ផ្ដើមមួម៉ៅឡើងមក គេក្ដាប់ដៃហើយគក់ទ្រូងធំ មាំរបស់ម្ចាស់ភ្លៅដោយមិនក្រែងរអែងចិត្ត តែដៃតូចៗពីរនោះក៏ត្រូវដៃរបស់លោកមេទ័ពចាប់ជាប់យកមកថើប ជុបៗយ៉ាងគួរឱ្យស្រឡាញ់។

«លី សៀវស៊ីង យូៗទៅអូនក៏លែងខ្លាចបងអស់ហើយ បែបនេះត្រូវតែដាក់ទោសម្ដង»

«ដាក់ទោសយ៉ាងម៉េច? បងនឹងហើយធ្វើខុសហើយមកចង់ដាក់ទោសគេវិញ កញ្ចាស់ប៉វិន នេះបងមិនចេះគិតសន្សំសំចៃខ្លះទេហី?»

«អីយ៉ា!! អ្នកណាចាស់ អូនហៅម្ដងទៀតភ្លាម»

«បងនឹងហើយ កញ្ចាស់ប៉វិន»

«លី សៀវស៊ីង»

«យ៉ាងម៉េចកញ្ចាស់ប៉វិន ខ្លួនចាស់មិនចង់ឱ្យគេហៅចាស់»មិនសូវមានទេពេលដែលបានឃើញលោកមេទ័ពឆេះដុំបែបនេះ ហេតុនេះហើយត្រូវតែញ៉ោះឱ្យដល់ទីបំផុត។

«អូនជឿថាបងថើបអូនកណ្ដាលវាលនេះទេ?​»ប៉វិនលើកចញ្ចើមម្ខាងសួរទៅអ្នកអង្គុយលើភ្លៅយ៉ាងច្រឡឺម ដៃរហ័សនោះក៏ស្រវាឱបចង្កេះអ្នកម្ខាងទៀតជាប់ភ្លាមៗ។

«ជឿ!!»សំឡេងប្លែកមួយបន្លឺឡើងពីចុងផ្លូវមកឡើងភ្នំមក ធ្វើឱ្យប៉វិន និងសៀវស៊ីងប្រញាប់បំបែកគ្នា ទៅឈររៀងខ្លួនភ្លាមមួយរំពេច ទាំងភ្នែកក៏នៅចាំមើលថាអ្នកណាដើរឡើងភ្នំពេលរសៀលបែបនេះ?

«ពុក ម៉ែ»ប៉ស៊ីងកំលោះសង្ហា ឈរគ្រវីដៃដាក់ពុកម៉ែចាស់ៗតែចរិតក្មេងរបស់ខ្លួន ស្នាមញញឹមយ៉ាងធំក៏បង្ហាញនៅលើផ្ទៃមុខរបស់ប្រុសសង្ហា ធ្វើឱ្យសម្រស់របស់គេកាន់តែស្រស់ជាងមុនមួយកម្រិតថែមទៀត។ សៀវស៊ីងប្រញាប់រត់យ៉ាងលឿនទាំងទឹកភ្នែកហូររហាមព្រោះតែភាពសប្បាយចិត្ត។

«រត់មួយៗប្រយត្ន័ដួល»លោកមេទ័ពនិយាយមួយៗ ព្រមទាំងដើរតាមពីក្រោយអ្នកដែលប្រឹងរត់យកងាប់រស់ទៅរកកូនប្រុសបណ្ដូលចិត្តផង។

«អាស៊ីង! អាស៊ីងសំណព្វចិត្តម៉ែ»ពេលរត់មកដល់ដៃដែលលាតចាំទទួលស្រាប់ហើយនោះ សៀវស៊ីងក៏លោតទៅឱបកូនប្រុសយ៉ាងណែនភ្លាម ដៃ តូចស្អាតលើកឡើងអង្អែលក្បាលប្រុសកំលោះថ្នមៗដោយក្ដីស្រឡាញ់ ឯទឹកភ្នែកក៏នៅតែហូរមកមិនបាត់។

«ម៉ែនឹកកូនទេ​?​»ប៉ស៊ីងដែលកំពុងតែឱបម្ដាយណែនដៃសួរសំនួរដ៏សែនល្ងីល្ងើបំផុតទៅកាន់អ្នកដែលខានចួបគេជាង៤ឆ្នាំមកហើយ។

«អត់នឹកទេដឹង»សៀវស៊ីងនៅបន្តឱបកូនប្រុសដែលមានកម្ពស់ខ្ពស់ស្រឡៈជាប់នឹងដើមទ្រូង តែមាត់ក៏ឆ្លើយផ្ទុយពីចិត្តព្រោះអាកូនម្នាក់នេះវាសួរសំនួរដែលមិនសមសួរ។

«អួយ ម៉ែកូនទើបមកពីឆ្ងាយណា!​»

«យ៉ាងម៉េចទើបនឹកឃើញមែនទេថាខ្លួនឯងមានពុកម៉ែនឹងគេដែរ?​»បន្ទាប់ពីលែងដៃចេញ សៀវស៊ីងក៏ប្រញាប់ស្ដីឱ្យកូនប្រុសភ្លែត តែអ្នកដែលត្រូវស្ដីឱ្យក៏ញញឹមខ្ជឹបស្រវាយកកន្ត្រកធំៗពីខ្នងឪពុកម្ដាយមកស្ពាយទាំង២។

«ឃ្លានណាស់នែក»ប៉ស៊ីងរអ៊ូ ព្រមទាំងធ្វើមុខជូរហើយយកដៃអង្អែលពោះតិចៗផង ដើម្បីបង្វែរចំណាប់អារម្មណ៍ម្ដាយគេទៅរឿងផ្សេងវិញ។

«មកឆាប់ដើរមក មកពីពុកឯងនឹងហើយនៅដើររាប់ស្មៅបានជាស្មើនេះហើយមិនទាន់ដល់ផ្ទះទៀត»សៀវស៊ីងងាកទៅបន្ទោសប៉វិនដែលកំពុងតែដើរជិតខ្លួនទាំងមុខញញឹមមិនបាត់ ទាំងបីនាក់ ម៉ែ ពុក កូនដើរទន្ទឹមគ្នាពេញផ្លូវ ទោះបីជាពេលនេះប៉ស៊ីងមិននិយាយអី ប៉ុន្តែទឹកមុខរបស់គាត់គឺពិតជាមានក្ដីសុខខ្លាំងណាស់។

«យប់នេះកូនចង់ញ៉ាំអី ពុកទិញម្ហូបមកច្រើនណាស់» ប៉វិនសួរទៅកូនប្រុសព្រមទាំងសម្លឹងមើលទៅកន្ត្រកបន្លែសាច់យ៉ាងមានមោទនៈភាព។

«ម្ហូបផ្ទះយើងទាំងអស់នេះមែនទេពុក​?​»ប៉ស៊ីងសួរទាំងបើកភ្នែកធំៗសម្លឹងមើលកន្រ្តកធំៗពីរដែលខ្លួនកំពុងស្ពាយ បើពុកគេមិននិយាយ ស្មានតែម្ហូបជ្រូកទេតើនែក ច្រើនម្លឹងៗ។

«មែន ពុកឯងបង្ហិនលុយដែលរកបានសឹងទាំងអស់យកទៅទិញម្ហូបអស់នេះ តែកុំរម្លឹកទៀតអីព្រោះលុយរកបានតាមក្រោយទៀតមិនអ៊ីចឹង»សៀវស៊ីងងាកមកនិយាយយ៉ាងមានហេតុផលទៅកូនប្រុស តែក៏ងាកសម្លក់ទៅប៉វិនដែលកំពុងតែដើរជិតខ្លួន។

«ត្រូវហើយៗ»លោកមេទ័ពប្រឹងងក់ក្បាលនិយាយយកចិត្តប្រពន្ធក្មេង។

«លុយរកបានពេលក្រោយ ប៉ុន្តែទំនុកចិត្តដែលម៉ែមានចំពោះពុកក្នុងការទុកដាក់លុយគឺមិនអាចហៅត្រលប់មកវិញបានទេ ត្រូវទេម៉ែ?​»គ្រាន់តែចាក់ចុចចប់មិនទាន់ ប៉ស៊ីងក៏ត្រូវរត់ប្រុយយ៉ាងលឿងដើម្បីគេចពីកណ្ដាប់ដៃរបស់ពុកគេ ដែលត្រូវមួយដៃៗសឹងតែចេញធ្លាយក្អួត។

ក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនៅកំពូលភ្នំ…

នៅខាងមុខផ្ទះតូចមួយដែលតែងតែស្ងាត់ជ្រងំ តែពេលនេះក៏ស្រាប់តែឮសំឡេងសើច ជជែកគ្នាពេញផ្ទះយ៉ាងចម្លែក។ ប៉ស៊ីងអង្គុយនៅលើកៅអី កំពុងតែនិយាយ ពីរឿងដែលគេលួចចេញពីរាជវាំងទៅកាន់ឪពុកម្ដាយដោយមានមោទនៈភាពនឹងខ្លួនឯង ក្នុងពេលដែលឪពុក ម្ដាយដែលកំពុងតែអង្គុយស្ដាប់នោះនាំគ្នាធ្វើមុខឆ្ងល់ ដោយទ្រាំមិនបានសៀវស៊ីងក៏សួរឡើង៖

«អាស៊ីង!! ក្រែងកូនជារាជពេទ្យធំក្នុងវាំង ហេតុអ្វីគ្រាន់តែចង់មកលែងពុកម៉ែក៏ត្រូវលបលួចកូន?»

សំនួរនេះធ្វើឱ្យមុខដែលញញឹមស្រស់របស់ប៉ស៊ីងអម្បាញ់មិញទៅជាស្ងួតភ្លាមៗមួយរំពេច គេមានអារម្មណ៍ថាម៉ែរបស់គេសួរត្រូវ ហើយអ្នកដែលខុសគឺគេ គេជាអ្នកខុស តែក៏មិនដឹងថាខ្លួនឯងខុសអ្វីដែរ គេគ្រាន់តែធ្វើដើម្បីមនុស្សដែលខ្លួនស្រឡាញ់ តែក៏នៅតែមានអារម្មណ៍ថាមិនសមចំពោះម្ដាយ ឪពុកដដែល។

«ម៉ែ» លោកគ្រូពេទ្យសង្ហាហៅម្ដាយតិចៗហាក់បីដូចជាចង់ពិភាក្សាជាមួយ តែក៏ត្រូវប្ដូរចិត្តវិញភ្លាមៗ ព្រោះមិនចង់ឱ្យអ្នកមានគុណមកពិបាកចិត្តជាមួយខ្លួនដែរ។

«មានរឿងអីនិយាយជាមួយម៉ែ ពុកបានណាកូន» ដោយឃើញកូនមិនចង់និយាយ សៀវស៊ីងក៏ប្រញាប់ងើបឡើងហើយចាប់ផ្ដើមរៀបចំចាន ឆ្នាំង និងនិយាយទៅកាន់កូនប្រុសដែលកំពុងតែអង្គុយទល់មុខគាត់ដោយសំឡេងពីរោះមិនប្រែប្រួល។ ឪពុក ម្ដាយណាមិនពិបាកចិត្តក្នុងពេលដែលឃើញកូនធ្វើមុខបែបនេះនោះ? ជាពិសេសកូនដែលរឹងមាំរហូតមកមិនដែលរអ៊ូរទាំពីភាពពិបាករបស់ខ្លួនប្រាប់នរណាទៀត ពិតណាស់ថានៅក្នុងចិត្តរបស់គេគឺមិនស្រួលដូចដែលតែងតែបង្ហាញប្រាប់អ្នកគ្រប់គ្នាទេ។ ចំពោះមនុស្សដែលតែងតែបង្ហាញអារម្មណ៍មកខាងក្រៅ ពេលសប្បាយចិត្តក៏បង្ហាញ ពេលកើតទុក្ខ មានរឿងមិនសប្បាយចិត្តក៏និយាយចេញមកក្រៅបាននោះមិនមែនជារឿងគួរឱ្យបារម្ភទេ តែអ្នកដែលពូកែប្រឡាក់អារម្មណ៍ មាត់រឹងដូចជាប៉ស៊ីងនេះគឺពិតជាគួរឱ្យបារម្ភខ្លាំងណាស់ ពេលគេសប្បាយចិត្តគេនឹងញញឹមចេញមក តែគេមិននិយាយថាគេសប្បាយចិត្តរឿងអ្វីទេ ពេលពិបាកចិត្តក៏ពិបាកនឹងមើលដឹង ព្រោះតែទឹកមុខស្មើពីធម្មជាតិរបស់គេ។ សៀវស៊ីងសែនកង្វល់ចិត្តនឹងកូនប្រុសម្នាក់នេះ តើថ្ងៃណាដែលវាព្រមបើកចិត្តនិយាយរឿងក្នុងចិត្តទៅ? ឬវាគិតថានៅលើលោកនេះមានតែម្នាក់ឯង គ្មានពុកម៉ែ សាច់ញាតិដែលនៅជាមួយគ្រាន់រំលែកទុក្ខរបស់វាទេ?

«ម៉ែទៅសម្រាកទៅចាំកូនធ្វើ»ប៉ស៊ីងងើបមកស្រវាចានពីដៃម្ដាយ ហើយក៏ប្រញាប់រៀបចំបន្តដោយមិនមាត់មិនក ពេលគេងាកទៅកន្លែងដែលម៉ែគេឈរម្ដងទៀតក៏ឃើញពុកម៉ែរបស់គេកំពុងតែឈរសម្លឹងមើលមកគេដដែល។

«អាស៊ីង កូនមានរឿងអីប្រាប់ពុកម៉ែបានណាកូន»សៀវស៊ីងនិយាយដោយសំឡេងពីរោះទៅកាន់កូនមិនប្ដូរ គេជាអ្នកបង្កើតក្មេងម្នាក់នេះចេញមក ទោះមិនបានចិញ្ចឹមមើលថែដោយផ្ទាល់ ទោះមិនបានដឹងពីសភាពដែលកូនរស់នៅក្នុងអំឡុងពេលដែលគេធំពេញវ័យ ប៉ុន្តែគេក៏ដឹងថា ការដែលរស់នៅម្នាក់ឯងក្នុងទីក្រុងមិនមែនជារឿងងាយស្រួលជាពិសេសការឋានៈធំនៅក្នុងររាជវាំងទៀត គេដឹងថាកូនរបស់ខ្លួនជាមនុស្សរឹងមាំ ប៉ុន្តែមនុស្សដែលរឹងមាំបំផុតក៏ជាមនុស្សដែលគួរឱ្យបារម្ភបំផុតដែរ គេអាចប្រឡាក់បាំងភាពមិនសប្បាយចិត្តពីមនុស្សគ្រប់គ្នាបាន តែមិនអាចប្រឡាក់បាំងជិតពីភ្នែកអ្នកជាម្ដាយ ឪពុកបានទេ។

«បាទ»ប៉ស៊ីងឆ្លើយយ៉ាងសុភាព ព្រមទាំងញញឹមតិចៗសម្លឹងមើលមុខ ពុក ម៉ែចាស់ៗរបស់ខ្លួនឆ្លាស់គ្នាទៅមក គេសម្លឹងមើលទៅដៃមាំរបស់ពុកគេដែលកំពុងតែឱបស្មារតូចរបស់ម្ដាយគេ ពេលខ្លះប៉ស៊ីងក៏សួរខ្លួនឯងដែរថា តោះគេចង់បានអ្វីបំផុតនៅក្នុងជីវិតមួយនេះ? ចង់ឱ្យឪពុកម្ដាយរស់នៅស្រួល? ចង់មានមុខមាត់? ចង់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ? ឬគ្រាន់តែចង់មានជីវិតសាមញ្ញធម្មតាដូចជាពុកម៉ែគេទេ? កាលពីមុនលោកគ្រូពេទ្យច្បាស់ជាឆ្លើយយ៉ាងងាយថា គេចង់ក្លាយជាមនុស្សមានមុខមាត់ក្នុងសង្គម មានឋានៈតួនាទីល្អ មានកិត្តិយស កេរ្តិ៍ឈ្មោះ មានប្រាក់អីបែបនោះ ប៉ុន្តែនៅពេលដែលស្គាល់អ៊ីហ្វុងភ្លាម គេក៏ហ៊ានលះបង់របស់អស់នោះដោយមិនស្ដាយស្រណោះ គេហ៊ានលះបង់របស់ដែលចំណាយទាំងញើសឈាម ការខំប្រឹងប្រែង ការឈឺចាប់ សេចក្ដីនឹករឭក គ្រប់បែបយ៉ាងទម្រាំយកមកបាន ជាមួយនឹងការដែលបានត្រឹមជួយសង្គ្រោះជីវិតមនុស្សម្នាក់ដែលគេទើបតែស្គាល់មិនដល់មួយឆ្នាំស្រួលបួលផង។ តើការធ្វើបែបនេះត្រឹមត្រូវដែរទេ? កាន់តែឃើញឪពុក ម្ដាយកាន់តែចាស់ ហើយខ្លួនឯងមិនទាន់អាចជួយអ្វីគាត់បានគេក៏កាន់តែបន្ទោសខ្លួនឯងថែមមួយកម្រិតទៀត។

ឃើញកូនប្រុសមិនចង់និយាយអី ប៉វិនក៏បបួលសៀវស៊ីងចូលផ្ទះស្ងាត់ៗ ឯប៉ស៊ីងក៏បន្តជូតតុ ជូតកៅអី លាងចាន លាងឆ្នាំង រៀបចំតុហូបបាយនៅខាងមុខផ្ទះឱ្យហើយ ទើបដាក់បង្គុយនៅលើកៅអីសម្លឹងមើលទៅព្រះចន្ទចិត្តក៏នឹករឭកទៅដល់អ្នកម្ខាងទៀតដែលកំពុងតែមានរបួស មិនដឹងជាពេលនេះគឺមមើទៀតឬមួយក៏អត់? តើគេមានអ្នកនៅចាំមើលថែពេលយប់ដែរទេ ព្រោះពេលយប់អាហ្វុងតែងតែមមើ បើគ្មានអ្នកនៅចាំឱបនៅចាំលួងលោមទេ គេច្បាស់ជារវើរវាយកាន់តែខ្លាំង? កាន់តែគិត បេះដូងមួយដួងតូចនេះក៏កាន់តែលោតញាប់ វាយំ ទារស្រែកចង់ទៅឱបគេម្នាក់នោះដែលនៅសែនឆ្ងាយ រហូតដល់ម្ចាស់វាត្រូវយកដៃទៅទប់ដើម្បីកុំឱ្យវាឈឺចាប់ខ្លាំងពេក។

«មានរឿងក្នុងចិត្តដែលពិបាកនិយាយចេញមកក្រៅមែនទេ?» នៅសុខៗប៉វិនក៏ប្រាកដខ្លួននៅពីក្រោយខ្នងរបស់អ្នកដែលមានមុខមាត់សឹងតែដូចខ្លួន ពេលពួកគេអង្គុយជិតគ្នាបែបនេះ មើលមួយភ្លែតទៅហាក់បីដូចជាមនុស្សតែម្នាក់ដែលគ្រាន់តែខុសវ័យគ្នាប៉ុណ្ណោះ។

«ពុកនៅមិនទាន់សម្រាន្តទេ? នៅដល់យប់ជ្រៅពេកមិនល្អសម្រាប់សុខភាពទេពុក» ប៉ស៊ីងនិយាយដោយកែវភ្នែកបារម្ភ សម្លឹងមើលទៅពុកចាស់ឆ្លាស់គ្នាជាមួយនឹងផ្ទះឈើតូចល្មមរបស់ពួកគេ ពុកកាន់តែចាស់ហើយ ចំណែកខ្លួនឯងក៏មិនអាចយកប្រាក់មកជួយយិតយោងគ្រួសារបាន ពិតជាកូនដ៏សែនគម្រក់ពិតមែន។

«ឃើញឯងមិនសប្បាយចិត្តបែបនេះ ពុកម៉ែ ដេកមិនលក់ទេ» ប៉វិននិយាយតាមការពិត គ្មានឪពុកម្ដាយណាចង់ឃើញកូនមិនសប្បាយចិត្តទេ កូនគឺជាជីវិតជាកែវភ្នែករបស់ពួកគាត់ទាំងពីរ ចុះបើកូនមិនស្រួលចិត្តមិនសប្បាយចិត្តហើយតើពុក ម៉ែឯណាអាចនៅស្ងប់ចិត្តបាននោះ?

«សូមទោស ដែលធ្វើឱ្យពុកម៉ែបារម្ភ» ប៉ស៊ីងឱនមុខចុះ និយាយតិចៗដោយអារម្មណ៍ដឹងខុសពេញទ្រូង។

«មានរឿងអីក៏និយាយមក សុទ្ធតែជាគ្រួសារឯងមិនមែនអ្នកក្រៅឯណា» ឃើញកូនប្រុសឱនមុខចុះបែបនេះ ទ្រូងរបស់ឪពុកក៏ស្ទើរតែប្រះបែកព្រោះអាណិតកូន តែក៏មិនដឹងជួយគេយ៉ាងម៉េចបានបើគេមិនព្រមហើបមាត់និយាយចេញមក។

«គ្មានអីទេពុក គ្រាន់តែមានអារម្មណ៍ថាខ្លួនឯងមិនបានការ មិនអាចជួយអីពុកម៉ែបាន»

ប៉វិនយកដៃទៅអង្អែលខ្នងមាំរបស់កូនប្រុស ក្នុងគោលបំណងលើកទឹកចិត្ត ជាឪពុក ប៉ុន្តែគាត់ក៏មិនសូវចេះនិយាយអ្វីច្រើន មិនដឹងថាត្រូវលើកទឹកចិត្តកូនបែបណា តែលើកនេះលោកមេទ័ពក៏និយាយមួយៗយ៉ាងពីរោះទៅកាន់កូនប្រុសវិញ៖

«ពុកម៉ែកាន់តែចាស់ៗ ត្រឹមបានកូនមកនៅជិតក៏គ្រប់គ្រាន់ហើយ» សម្ដីរបស់ប៉វិន ហៅបានស្នាមញញឹមតិចៗនៅលើមុខរបស់ប្រុសកំលោះបានភ្លាមៗ ប្រុសកំលោះសម្លឹងមើលមុខឪពុកដោយអារម្មណ៍ធូរស្រាលជាងមុន។

«មិនអីទេកូន សម្រាប់ពុក កូនពូកែស្រាប់ហើយ»លោកមេទ័ពមិនដឹងថាកូនប្រុសរបស់គាត់ចួបរឿងអ្វីខ្លះទេព្រោះគាត់មិនដឹង ហើយកូនរបស់គាត់ក៏មិននិយាយ តែអ្វីដែលគាត់ចង់ឱ្យកូនប្រុសតែម្នាក់នេះដឹងនោះគឺ គាត់ចង់ឱ្យគេដឹងថា ខ្លួនរបស់គេគឺល្អគ្រប់គ្រាន់ហើយ គេជាកូនរបស់លោកមេទ័ពប៉វិននិងសៀវស៊ីង ហេតុនេះហើយគេមិនត្រូវមានអារម្មណ៍ថាខ្លួនឯងអន់ឡើយ ព្រោះបើគេអន់ពិតមែន គេមិនអាចកើតចេញមកបានទេ ត្រូវទេ? នៅពេលដែលគេនៅជាស្ពែម៉ាតូសូអ៊ីតនោះ គេក៏អាចប្រជែងឈ្នះស្ពែម៉ាតូសូអ៊ីតរាប់សិបលាន់ក្បាលបានហេតុនេះហើយគេមិនមែនអន់ទេ។

«មែនឬពុក? ពេលខ្លះយើងសម្រេចចិត្តខុសម្ដង វាហាក់បីដូចជាខុសមួយជីវិតតែម្ដងមែនទេពុក?»ប៉ស៊ីងញញឹមស្រាលៗ សម្លឹងមើលចុងជើងរបស់ខ្លួនឯង ខួរក្បាលពេលនេះហាក់ដូចជាមិនអាចបែងចែកដាច់ថា តើគេគួរតែសប្បាយចិត្ត? ឬមួយក៏គួរតែពិបាកចិត្ត? អាចមកពីការដែលនៅឆ្ងាយឪពុកម្ដាយយូរ អំឡុងពេលដែលធំឡើងមកក៏មិនសូវមានអ្នកណាស្ដីប្រដៅ គ្មានអ្នកចាំលើកទឹកចិត្ត ការទម្លាប់រស់នៅរបៀបនេះហើយដែលវាធ្វើឱ្យប៉ស៊ីងរឹងមាំអាចរស់នៅម្នាក់ឯងបាន ប៉ុន្តែ ដោយសារតែរឿងអស់នេះដូចគ្នាដែរ ដែលវាធ្វើឱ្យប៉ស៊ីងពូកែប្រឡាក់អារម្មណ៍ តាមពិតទៅមិនមែនគេមិនចង់បង្ហាញពីទុក្ខពិបាករបស់ខ្លួនទេ តែព្រោះតែលោកគ្រូពេទ្យកំលោះម្នាក់នេះមិនដឹងថាត្រូវបង្ហាញវាចេញមកតាមរបៀបណា។

«មែនឬមិនមែនកូនគិតមើលខ្លួនឯងទៅ តែពុកគ្រាន់តែចង់ប្រាប់ថា ការសម្រេចចិត្តរបស់យើងគឺយើងជាខ្លួនឯងជាអ្នកធ្វើ ដូច្នេះហើយគ្មានអ្នកណាដឹងច្បាស់ជាងយើងទេថាការសម្រេចចិត្តនោះខុសឬមួយក៏ត្រូវ ពុកគិតថាកូនឆ្លាតល្មមយល់មែនទេ?»

លោកមេទ័ពលួងលោមកូនប្រុស ហាក់បីដូចជានិយាយពីប្រវត្តិខ្លួនឯងដែរ គាត់សម្លឹងមើលទៅដៃធំៗរបស់ខ្លួន អ្នកណាទៅស្មានដល់ទៅថាមេទ័ពដ៏អង់អាច ក្លាហាន ក្នុងសមរភូមិ តែពេលនេះក៏មកក្លាយជាកសិករធ្វើស្រែនោះ? ប៉ស៊ីងអង្គុយគិតពីសម្ដីដ៏មានន័យរបស់ឪពុកម្នាក់ឯង ក្នុងពេលដែលពុករបស់គេក្រោកដើរចូលទៅក្នុងផ្ទះវិញ។ ក៏ពិតដូចជាគាត់និយាយពិតមែន ការសម្រេចចិត្តគឺយើងជាអ្នកធ្វើវាដោយខ្លួនឯងគ្មានអ្នកណាបង្ខំទេ ហេតុនេះហើយហេតុអ្វីចាំបាច់មកអង្គុយសោកស្ដាយនៅពេលទទួលបានលទ្ធផលនោះ? បើរឿងកន្លងហួសទៅហើយ ឱ្យវាហួសទៅចុះ ព្រោះបើរវល់តែអង្គុយសោកស្ដាយក៏វាឥតប្រយោជន៍ដដែល គួរតែយកពេលវេលាដែលអង្គុយកើតទុក្ខនេះទោធ្វើអ្វីដែលជាប្រយោជន៍វិញ។ គិតបានបែបនេះហើយ ប៉ស៊ីងក៏ប្រញាប់ងើបឈរ ហើយដើរចូលទៅក្នុងផ្ទះដោយអារម្មណ៍បានធូរស្រាលជាងមុន។ ពេលខ្លះការដើរមួយជំហានគិតមួយជំហានវាក៏ល្អដែរ មិនសូវឈឺក្បាល មិនសូវខ្វល់ច្រើន ដើរដល់ណាគិតដល់នឹង។

ដប់ថ្ងៃក្រោយមក…

«ដើរឱ្យលឿនមកពុកវា» សំឡេងចេចចាចរបស់សៀវស៊ីបន្លឺឡើងនៅឯមុខផ្ទះ ទាំងដែលថ្មើនេះម៉ោងទើបតែ៣ព្រឹកសោះ មិនដឹងជាគាត់ប្រញាប់ទៅណាទេទាំងព្រលឹមអុរស្មើនេះ មើលចុះនៅស្ពាយអ្វីមួយកន្ត្រកទៅថែមទៀត។

«កំពុងតែពាក់ទ្រនាប់ជើង អូនកុំប្រញាប់ពេកបានទេ»ប៉វិនដែលពេលនេះកំពុងតែរត់តាមប្រពន្ធក្មេងរបស់គាត់រអ៊ូឡើងមិនឈប់ មេឃក៏មិនទាន់មានពន្លឺនៅឡើយ ប៉ុន្តែតាយាយមួយគូរនេះបែរជាដើរតាមផ្លូវងងឹតៗនោះ ដោយមានតែចង្កៀងមួយគ្រាន់តែបំភ្លឺផ្លូវប៉ុណ្ណោះ។

«មិនប្រញាប់មិនបានទេ បើទៅយឺតគេចាប់កន្លែងបាត់មិនខាន»សៀវស៊ីងនៅតែដើរញាប់ៗមិនខ្វល់ពីស្វាមីវ័យចំណាស់របស់ខ្លួនដែលកំពុងតែរត់តាមពីក្រោយឡើយ ទាំងពីរនាក់មានស្ពាយកន្រ្តកធំៗជាប់នឹងខ្នងទាំង២ ដើរបណ្ដើរគ្នាត្រសងចុះទៅជើងភ្នំ។

«បងគិតថា បើអូននៅតែបន្តរបរនេះទៀត ថ្ងៃណាមួយបងដាច់ខ្យល់ស្លាប់មិនខានទេ»លោកមេទ័ពមិនបានកុហក គាត់ចាស់ហើយ ហើយមកត្រូវក្រោកពីព្រឹកព្រលឹមបែបនេះរាល់ថ្ងៃ បើមិនដាច់ខ្យល់ ក៏គាំងបេះដូងស្លាប់ដែរ។ ខំថានាំប្រពន្ធមកប្រកបរបរសាមញ្ញហើយ តែសៀវស៊ីងក្មេងរពិសម្នាក់នេះនៅតែរកការងាររវល់ឱ្យទាល់តែបាន។

«បងកុំរអ៊ូពេកបានទេ អត់ហុងស៊ុយសោះ» សៀវស៊ីងឈប់ដើរបន្តិច ងាកមកសម្លក់និងស្ដីឱ្យស្វាមីមុខសង្ហារបស់ខ្លួន។ ពេលនេះពួកគាត់កំពុងតែស្ពាយម្ហូបបាយដែលក្រោកធ្វើតាំងពីម៉ោង២យប់ទើបតែហើយយកទៅឯជើងភ្នំ ជាកន្លែងដែលប៉ស៊ីងបើកតង់ពិនិត្យព្យាបាលជំងឺ ហេតុនេះហើយអ្នកដែលចង់មកឱ្យលោកគ្រូពេទ្យសង្ហាពិនិត្យមើលនោះ ប្រាកដជាមកពីព្រឹកៗមិនខាន ពួកអ្នកជំងឺអស់នោះតែងតែមកទិញបាយម្ហូបដែលសៀវស៊ីងស្ពាយយកទោលក់នេះឯង នេះបានគេហៅថាបាញ់ព្រួញមួយបានចាបពីរពិតប្រាកដមែន។

«បងតែងតែឃើញកូនគេ ពេលពុកម៉ែចាស់ក៏មកជំនួសដៃជំនួសជើង តែកូនយើងនេះពេលវាត្រលប់មកវិញក៏យកការងារមកបន្ថែមឱ្យពុកម៉ែវាឱ្យហត់សឹងតែស្លាប់» ប៉វិនរអ៊ូតាមផ្លូវមិនឈប់់ មាត់ក៏ស្ងាបហមៗមិនបាត់ដូចគ្នា មនុស្សធ្លាប់នឹងភាពគេងឆ្អែតទៅហើយ ហើយមកឱ្យក្រោកពីព្រឹកព្រលឹមៗអីបែបនែក អួយនឹកជីវិតកាលមិនទាន់មានកូនណាស់។ សៀវស៊ីងសម្លក់មុខសង្ហារបស់ប្ដីបន្តិច ព្រមទាំងញញឹមហួសចិត្តឡើងមក គេគិតក្នុងចិត្តស្ងាត់ៗម្នាក់ឯង “លោកមេទ័ពសង្ហារបស់អូនអើយ បងលំបាកហើយ”

ជុប!

សៀវស៊ីងញញឹមអៀនៗបន្ទាប់ពីលួចថើបថ្ពាល់រឹងៗនោះហើយ ឯអ្នកដែលត្រូវថើបក៏ស្រវាឱបចង្កេះតូចជាប់ ហើយក៏…

ជុប ជុប ជុប

គាត់ថើបថ្ពាល់ឆ្វេង ថ្ពាល់ស្ដាំ និងថ្ងាសរបស់ប្រពន្ធជាទីស្រឡាញ់ថ្នមៗ ហើយក៏ព្រលែងសៀវស៊ីងវិញ ដើរទៅមុខ ហួចយ៉ាងសប្បាយចិត្ត ឯអ្នកដែលត្រូវគេចាប់ថើបក៏ឈររឹងខ្លួនអៀននៅមួយកន្លែង រហូតដល់ប៉វិនត្រូវងាកមកស្រែកសួរ៖

«កូនមួយហើយនៅអៀនដល់ណា ឆាប់ដើរមក លក់ឆាប់អស់អាលនឹងបានទៅផ្ទះវិញ បងឃ្លានគេងឱបអូនស្ទើរដាច់ខ្យល់ទៅហើយ»

«លោកមេទ័ព ឈប់ភ្លាម!! កុំរត់» សៀវស៊ីងសែនក្នាញ់ចរិតរប៉ិលរប៉ូចរបស់ប្ដីខ្លាំងណាស់ ចង្កៀងមានតែមួយហើយនៅរត់កាន់យកទៅមុខតែម្នាក់ឯងទៀត មិនមែនក្មេងទេនេះ ចាស់ឡើងស្កូវសឹងពេញក្បាលហើយនៅរត់ឡេឡឺពេញផ្លូវ ចុះបើដួលដំទៅគិតយ៉ាងម៉េច? មិនចេះស្រឡាញ់សុខភាពខ្លួនឯងទេដឹងឆ្ងល់ដែរ?

«មុននេះក៏បង្ខំឱ្យរត់ ដល់ឥឡូវមកស្រែកឱ្យឈប់វិញ»ប៉វិន នៅឈប់ឈរចាំសៀវស៊ីងដែលកំពុងរត់តេសតាសៗ តាមមកពីក្រោយយ៉ាងគួរឱ្យស្រឡាញ់ គាត់រអ៊ូរទាំ ទាំងមិនពេញសំឡេង នេះបើប្រៀបធៀបជាមួយកាលពីមុន គឺឃើញថាខុសគ្នាដូចមេឃហើយនឹងដី លោកមេទ័ពដែលស្ងប់ស្ងាត់កាលពីមុនបាត់អស់ហើយ ជំនួសមកវិញដោយបុរសមាឌធំដែលពូកែរអ៊ូ ពូកែឈ្លោះយកឈ្នះទៅវិញ។

«ខ្ញុំប្រាប់បងឱ្យដើរឱ្យលឿន មិនមែនឱ្យរត់ទេ» ពេលមកដល់ជិតអ្នកដែលប្រឹងរត់មុននេះហើយ សៀវស៊ីងក៏វាយស្មាមាំនោះមួយដៃ មុននឹងប្រាប់ហេតុផល មនុស្សស្អីមិនដឹង ចរិតមិនព្រមចាស់តាមអាយុសោះ។

«ដើរឱ្យលឿននឹងរត់តើវាខុសគ្នាត្រង់ណា?​» លោកមេទ័ពរអ៊ូរទាំតាមផ្លូវដើរមិនឈប់ គាត់ពេលនេះមានអារម្មណ៍ថាសប្បាយប្លែកបន្ទាប់ការបានញ៉ោះសៀវស៊ីងឱ្យឈឺខួរលេង។

«លោកមេទ័ព បងកុំធ្វើល្ងង់មួយថ្ងៃបានទេ?​» សៀវស៊ីងស្រែកសួរទាំងហត់ចិត្ត កាលនៅក្មេងក៏ឆ្លាត សង្ហា តែពេលនេះក៏ក្លាយជាតាចាស់ដែលពូកែឆ្ងល់គ្រប់រឿង ហាក់ដូចជាក្មេងអាយុ៣ឆ្នាំ។ ប្រហែលជាលោកមេទ័ពកាលនៅពីក្មេងមិនបានញ៉ិកញ៉ក់មែនទេ? បានជាមកញ៉ិកញ៉ក់ពេលចាស់បែបនេះ?

«បាន តែនេះមិនមែនជាពេលថ្ងៃទេ អ៊ីចឹងមានន័យថាបងនៅធ្វើល្ងង់បាន»

«លី ប៉វិន បងចង់ឱ្យអូនឆ្កួតស្លាប់បានបងសុខចិត្តឬ?​»

«អូនស្លាប់ទាំងក្មេងបែបនេះបងស្ដាយណាស់ កុំស្លាប់អី»

នៅឯជើងភ្នំ…

អាកាសធាតុត្រជាក់ស្រេងនាពេលព្រឹកព្រលឹម តំណក់ទឹកសន្សើមដែលនៅជាប់តាមស្លឹករុក្ខជាតិខ្ពស់ៗ និងស្មៅទាបៗ ដែលដុះពេញវាលពេញកាល ធ្វើឱ្យបរិយាកាសនៅពេលនេះមានពណ៌ស្រស់បំព្រង ខៀវស្រងាត់ ត្រជាក់ភ្នែកល្អ។ បើយើងក្រឡេកភ្នែកមកមើលរោងសម្រាប់ព្យាបាលអ្នកជំងឺនៅជិតជើងភ្នំវិញ វាជារោងដែលសាងឡើងដោយមានសរសរធំ មាំ ចំនួន៤ដើម មានដំបូលស្បូវ និងមានជញ្ជាំងដែលក្រងដោយឬស្សីដែលត្រូវបានបិតយ៉ាងស្ដើង។ រោងព្យាបាលនេះមានបែងចែកជា៣ផ្នែកគឺ ផ្នែកខាងមុខដែលមិនមានជញ្ជាំង សម្រាប់ពិគ្រោះព្យាបាលជំងឺស្រាល នៅត្រង់នោះមានតុនិងកៅអី សម្រាប់លោកគ្រូពេទ្យសង្ហាអង្គុយសួរនាំ និងផ្ដល់យោបលដល់អ្នកមកព្យាបាល ឯផ្នែកទី២ដេលមានបាំងដោយជញ្ជាំងឬស្សីនោះ គឺជាផ្នែកសម្រាប់ការព្យាបាលកម្រិតមធ្យម ដូចជាជំងឺរោគស្ត្រី ជំងឺកាមរោគ និងការសម្រាលកូនជាដើម ហើយផ្នែកចុងក្រោយគេ វាគឺជាបន្ទប់សម្រាករបស់លោកគ្រូពេទ្យ ដែលសម្រាប់លោកគ្រូពេទ្យសម្រាកនៅក្នុងករណីដែលព្យាបាលអ្នកជំងឺហើយវាយប់អធ្រាត្រខ្លាំងពេកមិនអាចត្រលប់ទៅផ្ទះវិញបាន។ ដោយហេតុថាលោកគ្រូពេទ្យសង្ហា និងការព្យាបាលរបស់គាត់មានប្រសិទ្ធភាពទៀតនោះ មិនយូរប៉ុន្មាន ឈ្មោះរបស់លោកគ្រូពេទ្យប៉ស៊ីងក៏ល្បីរន្ធឺ រហូតដល់ថ្នាក់អ្នកស្រុកដែលមកពីស្រុកឆ្ងាយៗក៏មកទទួលការព្យាបាលរបស់គាត់ដែរ អ្នកស្រុកខ្លះទៀតដល់ថ្នាក់ដេកផ្លូវក៏មាន។ ដូចជាពេលនេះអ៊ីចឹង ម៉ោងមិនទាន់ប្រាំព្រឹកស្រួលបួលទេ ប៉ុន្តែក៏មានអ្នកមកតម្រង់ជួរត្រៀមទទួលការព្យាបាលយ៉ាងកកកុញ មានអ្នកខ្លះមុខស្លេក មាត់ស្លាំង ពោះកំប៉ោង ហាក់ដូចជាជិតស្លាប់ពិតៗ អ្នកខ្លះទៀតក៏ក្អកតិចៗ និងមនុស្សស្រីស្អាតៗមួយគំនរដែលមានមុខមាត់ស្រស់បស់ លាបក្រេម លាបម្សៅ ធ្វើសក់ស្អាតបាតមកតម្រង់ជួរដែរ មិនដឹងថាពួកនាងឈឺអ្វីឱ្យប្រាកដទេ។

សៀវស៊ីង កំពុងតែលក់បាយម្ហូបឱ្យទៅអ្នកជំងឺយ៉ាងញាប់ដៃស្មេញ ទាំងមុខញញឹមពព្រាយ ភ្នែកមូលស្អាតមួយគូរនោះសម្លឹងមើលមុខស្វាមីដែលកំពុងតែពុះអុសជិតរោងព្យាបាល សម្រាប់ដាំទឹកក្ដៅ ហើយក៏ងាកទៅសម្លឹងមើលកូនប្រុសរូបសង្ហាដែលកំពុងតែស្ទាបជីពចរឱ្យអ្នកជំងឺយ៉ាងយកចិត្តទុកដាក់។

បើសិនជាអាច សៀវស៊ីងពេលនេះចង់ស្រែកឱ្យខ្លាំងៗថា “អរគុណណាស់ទេវតា” អរគុណដែលផ្ដល់បុរសដ៏សែនកក់ក្ដៅនិងកូនប្រុសដ៏សែនត្រជាក់ស្រេងមកឱ្យគេ។ បុរសពីរនាក់ដែលមានមុខមាត់ស្រដៀងគ្នាបេះដាក់ តែម្នាក់ក៏អាចញញឹម អាចរៀបរាប់ប្រាប់គេនូវអ្វីគ្រប់យ៉ាងបានយ៉ាងកក់ក្ដៅ តែមនុស្សម្នាក់ទៀតដែលកើតចេញពីគេនិងប៉វិនសោះ បែរជាត្រជាក់ស្រេងដូចទឹកកក មាត់ហើបមិនរួច មានរឿងអ្វីក៏ទុកក្នុងចិត្តតែម្នាក់ឯង។ សៀវស៊ីងបានតែដកដង្ហើមធំ ពេលឃើញអាការៈរបស់កូនប្រុស មុខសង្ហារបស់គេនោះវាគ្មានអារម្មណ៍អ្វីទាល់តែសោះ សូម្បីតែពេលដែលវាញញឹមសម្លឹងមកកាន់គេដែលជាឪពុក ម្ដាយ ក៏ស្នាមញញឹមមួយនោះនៅតែបង្កប់ដោយភាពសោកសៅ ខកចិត្ត អាឡោះអាល័យ ទ្រូងអ្នកដែលបង្កើតវាចេញមកនេះក៏ស្ទើរតែប្រះទៅហើយ តែមិនដឹងថាត្រូវជួយកូនយ៉ាងម៉េចបាន មានតែបណ្ដោយតាមពេលវេលាទៅចុះ។

កណ្ដាលយប់អធ្រាត្រដ៏សែនត្រជាក់ស្រេង…

ប៉ស៊ីងលាងដៃនឹងទឹកក្ដៅអ៊ុនៗនៅខាងមុខរោងព្យាបាលជំងឺដោយកាយវិការមួយៗដដែលមិនផ្លាស់ប្ដូរ ការរស់នៅក្នុងរបៀបជាអ្នកខ្ពង់ខ្ពស់របស់ប៉ស៊ីងវាបានក្លាយទៅជាទម្លាប់ទៅហើយ ទោះបីជាគេកំពុងស្ថិតនៅទីជនបទ ចុងកាត់មាត់ញកបែបនេះ ក៏គេនៅតែរក្សាបាននូវ អាកប្បកិរិយាថ្នៃថ្នូ ប្រៀបដូចជាអ្នកប្រុសដ៏សែនខ្ពង់ខ្ពស់របស់គេមិនប្រែ។ ប៉ស៊ីងសម្លឹងមើលទៅចានបាយដែលម្ដាយរបស់គេរៀបចំឱ្យស្រេចនៅលើតុឈើ ដែលជាកន្លែងគេពិគ្រោះជំងឺ ត្រឹមឃើញចានបាយ ដែលក្នុងនោះមានបាយស សាច់ជ្រូកអាំង និងស្ពៃស្ងោបីទង ប៉ស៊ីងក៏នឹកឃើញទៅដល់ស្នាមញញឹមដ៏ធំនៅលើមុខម្ដាយរបស់គេ។ ម៉ែជាមនុស្សទន់ភ្លន់ ស្លូតបូត តែក៏រវៀសរវៃគួរឱ្យស្រឡាញ់ បែបនេះហើយបានជាពុកស្រឡាញ់ថ្នាក់ថ្នមគាត់ដូចជាត្បូងក្នុងបាតដៃ ជឿដែរទេថា ពុករបស់គេសុខចិត្តឱ្យគេដេកក្រៅផ្ទះក៏មិនឱ្យម៉ែរបស់គេចេញពីផ្ទះពេលយប់ព្រលប់? មិនដែលចួបទេអ្នកណាលង់នឹងប្រពន្ធថ្នាក់នេះ។

លោកគ្រូពេទ្យសង្ហាកំពុងតែអង្គុយហូបបាយសុខៗ ស្រាប់តែមានអារម្មណ៍ថាមានអ្នកណាកំពុងតែតាមមើលគាត់ តែពេលរកមើលក៏មិនឃើញមាន ប៉ស៊ីងបន្តហូបបាយយ៉ាងស្ងៀមស្ងាត់បន្តទៀត ធ្វើពេទ្យមកយូហើយ មិនដែលមានអារម្មណ៍ព្រឺឆ្អឹងខ្នងបែបនេះពីមុនមកទេ។ គាត់ប្រញាប់កាយបាយញ៉ុកចូលទៅក្នុងមាត់លឿនៗ ឯអារម្មណ៍ដែលមានអ្នកមើលនោះ ពេលនេះក៏កាន់តែមានអារម្មណ៍ថាភ្នែកមួយគូរនោះកាន់តែមកជិតខ្នងរបស់គាត់ទៅ ជិតទៅហើយ តែលោកគ្រូពេទ្យមិនហ៊ានងាកក្រោយទេ(ឱ្យប្រាប់ថាខ្លាចខ្មោចទាំងដែលខ្លួនឯងជាពេទ្យមែនទេ?)សុខចិត្តទ្រាំព្រឺឆ្អឹងខ្នងនៅនឹង។ ប៉ស៊ីងងើបមុខឡើង មានអារម្មណ៍ថាព្រលឹងនៅក្នុងខ្លួនហោះចេញទៅស៊ីព្រលឹតអស់ ព្រោះតែនៅសុខៗមានដៃត្រជាក់ស្រេងមួយមកប៉ះនឹងស្មាខាងស្ដាំរបស់គាត់ លោកគ្រូពេទ្យបែរមុខយឺតៗទៅរករបស់ត្រជាក់ៗនៅលើស្មាទាំងព្រឺព្រួច ព្រមទាំងបន់ដល់គុណម៉ែគុណឪជាប់នៅក្នុងចិត្តផង។

«លោកគ្រូ» សំឡេងខ្សោះៗរបស់អ្នកដែលធ្លាប់ស្គាល់ច្បាស់ ហៅឱ្យចង្វាក់បេះដូងរបស់ប៉ស៊ីងកន្ត្រាក់មួយវឹបភ្លែត អាចទេដែលគាត់នឹកគេរហូតដល់ក្លាយជាឆ្កួតបែបនេះ?

«លោកគ្រូ សុខសប្បាយជាទេ?​» អ៊ីហ្វុងហៅឈ្មោះមនុស្សដែលខ្លួនស្រឡាញ់យ៉ាងនឹករឭក គ្រាន់តែភ្ញាក់ពីឈឺភ្លាម គេក៏ប្រញាប់មករកបុរសដែលបង្ហាញខ្លួនក្នុងក្ដីសុបិន្តរាល់យប់ភ្លាម គេប្រញាប់មកតាមរកម្ចាស់សំឡេងដែលតែងតែនិយាយលួងលោមគេរាល់ពេលគេខ្លាច គេមកតាមរកមនុស្សតែម្នាក់ដែលកំដរគេក្នុងពេលដែលគេជាប់នៅក្នុងភពចម្លែកនោះម្នាក់ឯង ហើយប្រុសម្នាក់នោះគឺជាលោកគ្រូដែលកំពុងតែអង្គុយបែរខ្នងដាក់គេនេះឯង។

«…» ប៉ស៊ីងងាកមកសម្លឹងម្ចាស់ដៃដែលដាក់លើស្មាខ្លួន អារម្មណ៍នឹករឭក ត្រេកអរ រំភើប សប្បាយចិត្ត វាកើតឡើងភ្លាមៗខ្លាំងពេក ដល់ថ្នាក់មិនដឹងថាត្រូវនិយាយអី មិនដឹងថាត្រូវធ្វើបែបណា។ តើគាត់គួរតែស្រវាឱបគេ ឬក៏រុញច្រានគេចេញទៅ?

អ៊ីហ្វុងស្រវាឱបបុរសរាងខ្ពស់ស្រឡៈនៅចំពោះមុខជាប់ គេឱបយ៉ាងណែនដៃ រហូតដល់ថ្នាក់មានអារម្មណ៍ថាឈឺមុខរបួសឆៀបៗ តែក៏មិនខ្វល់ គេចង់ឱបបុរសមានរាងខ្ពស់នេះខ្លាំងណាស់ គេនឹកដល់ទ្រូងដ៏សែនកក់ក្ដៅ នឹកដល់ក្លិនក្រអូបប្រហើរចេញពីខ្លួនបុរសម្នាក់នេះស្ទើរតែឆ្កួតទៅហើយ។

មានភាគបន្ត…