រឿង៖ គ្រាប់ភ្នែកឆ្មា

គ្រឹង គ្រឹងៗៗ….គ្រឹង គ្រឹងៗៗ…
ចប់ហើយម៉ាក់ខ្ញុំ ភ្លេចមកយកកូនសំណព្វចិត្តចេញពីរៀនទៀតហើយ។ បើមួយអាទិត្យរៀន៥ថ្ងៃ គាត់ភ្លេចមកយក៤ថ្ងៃ ដល់ពេលខ្ញុំដើរដល់ផ្ទះ គាត់និយាយថា៖
“ម៉ាក់កំពុងរៀបចំទៅយកហើយតាស! កូនឯងដើរមកចឹងហត់ស្លាប់ហើយ”
ចេញពីរៀនម៉ោង១១ តែគាត់ជិះមកយកម៉ោង១២ ចឹងខ្ញុំដើរទៅផ្ទះមិនលឿនជាង? ផ្លូវមិនដល់១០០ម៉ែត្រផង។ ហើយពេលខ្លះខ្ញុំតែងតែងាកឆ្វេង ងាកស្តាំចង់បាក់ក ពេលខ្លះមើលម៉ាក់គេច្រឡំម៉ាក់ខ្លួនឯង ខំលើកដៃស្រែកហៅ
“ម៉ាក់ ម៉ាក់” ដល់ពេលគាត់បែរមុខមក ទម្លាក់មុខចុះមួយសូន្យ។ ពេលខ្លះអាមិត្តឱ្យជិះទៅជាមួយអត់ទេ គឺខ្លាច គ្មានខ្លាចរឿងវាឌុបនាំទៅណាទៅណីអីទេ កុំគិតអីផ្តេសផ្តាស ខ្លាចពេលដល់ផ្ទះ៖
“អញខំទៅយកវា ចាំទាំងហាលថ្ងៃនៅមុខសាលា ឥឡូវវាមកដល់ផ្ទះបាត់”
ពេលគាត់ខឹងនិយាយអញហើយ ម៉ាក់ខ្ញុំនោះ។
សូមណែនាំខ្លួនបន្តិច ខ្ញុំឈ្មោះទេពី រៀនថ្នាក់ទី១១ សម្បុរអូនសកាត់កូនចិនតិចៗ មុខអូនប៉ោងៗ អូនកាត់សក់សេះ អូនរាងទាបមិនសូវខ្ពស់ប៉ុន្មានទេ (គេហៅអូនតឿៗ)។
ខ្ញុំដើរមកដល់មុខផ្ទះភ្លាម ស្រាប់តែខ្ញុំឮសំឡេង៖
“ម៉ែវ… ម៉ែវ…” ចេញពីគុម្ពផ្កាមុខផ្ទះខ្ញុំ។ គឺជាកូនឆ្មាដ៏តូច សម្បុរខ្មៅរលោង គួរឱ្យស្រលាញ់ គ្រាន់តែឃើញភ្លាមខ្ញុំចាប់បីយកចូលផ្ទះភ្លាមតែម្តង មិនគិតច្រើន គ្រាន់តែឈានចូលផ្ទះភ្លាម៖
“មកដល់ហាស! ម៉ាក់ថារកជិះម៉ូតូទៅយកកូន”
ឮអត់ តែគាត់កំពុងតែឈរធ្វើម្ហូបនៅចង្ក្រានបាយសោះហ្នឹង
“ចាសម៉ាក់! កូនដើរមកលឿនជាង”
ខ្ញុំនិយាយតិចៗ ខ្លាចគាត់ថាខ្ញុំឆ្លើយឌឺគាត់ រួចខ្ញុំទម្លាក់កាតាបពីស្មា រួចដើរទៅជិតគាត់
“ហើយបានឆ្មាមកពីណាហ្នឹង! បីនៅដៃហ្នឹង ខ្មៅរលោងល្អម្ល៉េះ យកវាទៅលែងរកម្ចាស់គេវិញទៅ កុំឱ្យបាបកូន” ម៉ាក់គាត់មិនចេះចង់បានរបស់អ្នកដទៃទេ លុះត្រាគេឱ្យបានគាត់យក តែម៉ាក់គាត់មើលទៅឆ្មានោះមិនដាក់ភ្នែកសោះ បែបចង់យកមកវាចិញ្ចឹមដែរ
“កូនឃើញវានៅមុខផ្ទះយើង ហើយអត់ទៅណាសោះមកតាមកូនរហូត”
សុំនិយាយកុហកបន្តិច ដើម្បីបានវាចិញ្ចឹម
“ម៉ាក់ហើយម្ដុំបុរីយើង ក៏មិនដែលឃើញគេមានឆ្មាចិញ្ចឹមដែរ យើងយកវាមកចិញ្ចឹមទៅម៉ាក់ អាណិតវាណាស់ ទុកឱ្យខ្ញុំអ្នកទទួលខុសត្រូវ” ខ្ញុំចូលតួបន្តិច ហើយភ្នែកបែបរលីងរលោងរកយំ
“អើ…អើ! ចិញ្ចឹមក៏ចិញ្ចឹមទៅ ទៅដូរខោអាវមកអាលមកញ៉ាំបាយ ន៎! ប៉ាកូនចេញពីធ្វើការហើយ”
ខ្ញុំទម្លាក់ឆ្មាចុះ ដើរទៅយកកាតាប រួចឡើងទៅបន្ទប់ដូរខោអាវ។ ខ្ញុំមិនដឹងថាមានរឿងអ្វីទេ ឮប៉ានិយាយរអ៊ូៗជាមួយម៉ាក់។ ខ្ញុំចុះទៅខាងក្រោម ក៏បានដឹងថាប៉ានិយាយរឿងឆ្មា គាត់មិនចង់ឱ្យចិញ្ចឹមទេ។ តែខ្ញុំនិយាយចុះនិយាយឡើង ប៉ាទន់ចិត្តក៏គាត់ព្រមតាម ខ្ញុំកូនទោលអ៊ីចឹងហើយ ប៉ាម៉ាក់តាមចិត្តណាស់។
“ចឹងកូនទទួលខុសត្រូវមើលវា កុំឱ្យម៉ាក់កូនហត់ដោយសារវាណា រឿងអាចមន៍នោម រោមវាអីហ្នឹងត្រូវសម្អាតឱ្យស្អាត”
ប៉ានិយាយមុខឡើងមាំ ភ្នែកគាត់សម្លឹងទៅឆ្មា មិនដាក់ភ្នែកបែបមិនចូលចិត្ត
“ចាសប៉ា! កូនសន្យា” ខ្ញុំរត់ទៅលើកឆ្មាយកមកឱប
“ម៏ៗ! ពិសាបាយទៅ ថ្ងៃនេះខ្ញុំស្លម្ជូរគ្រឿង” ម៉ាក់គាត់និយាយកាត់ ហើយពួកយើងក៏ញ៉ាំបាយជុំគ្នា។
ព្រលឹមឡើងខ្ញុំក្រោកពីគេ ភ័យស្លន់ស្លោបាត់ឆ្មាមិនដឹងទៅណា បើពេលយប់ខ្ញុំយកវាមកដេកជាមួយហើយបិទទ្វារជិតហ្នឹង។ ខ្ញុំស្រែកសួរម៉ាក់ពីលើផ្ទះ ម៉ាក់ថាមករកតនៅក្រោម។ ខ្ញុំសើចម៉ាក់ហៅឈ្មោះឆ្មា៖
“ឈ្មោះឡើងបូរាណ សុទ្ធតែមរកតឈ្មោះដូចត្បូងពេជ្យ”
ដល់ពេលចុះទៅក្រោម វាដេកនៅក្បែរជើងម៉ាក់ធ្វើមិនដឹងរឿង។ ម៉ាក់ប្រាប់ថាវាទៅដេកជាមួយម៉ាក់យប់មិញ ហើយម៉ាក់យល់សប្តិ៖
“ឆ្មាហ្នឹងប្រែជាមនុស្សស្រីស្អាតណាស់ទេពី ហើយមានគ្រឿងអលង្ការពេញខ្លួនដូចកូនសេដ្ឋី ហើយគេគ្រប់គ្នាហៅ អ្នកនាងមរកត”
ខ្ញុំឮហើយធ្វើស្លឺដូចមិនជឿម៉ាក់និយាយ តែភ្ញាក់នឹងសម្តីប៉ានិយាយ៖
“បាយទឹកធ្វើរួចនៅម៉ាក់វា! និយាយតែរឿងឆ្មាហ្នឹងហើយ ខ្ញុំប្រញាប់ទៅប្រជុំផងថ្ងៃហ្នឹង!”
ម៉ាក់ឆ្លើយតបយ៉ាងលឿន៖
“ចាស! រួចហើយប៉ាវាមកហូបបាយ” ខ្ញុំរៀងអន់ចិត្តនឹងសម្តីប៉ានិយាយជាមួយម៉ាក់ គាត់និយាយបែបគំរោះគំរើយ តាំងពីខ្ញុំយកឆ្មាមកចិញ្ចឹម។
រំលងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ាមកផ្ទះយប់ហើយស្រវឹងសឹងរាល់ថ្ងៃ។ ចៃដន់អីថ្ងៃមួយ ខ្ញុំកំពុងអង្គុយមើលទូរទស្សន៍ដៃឱបឆ្មា ប៉ាមកដល់គោះទ្វារ។ ចំណែកម៉ាក់កំពុងលាងចាននៅផ្ទះបាយ ម៉ាក់ប្រើខ្ញុំឱ្យទៅបើកទ្វារឱ្យប៉ា។ ប៉ាដើរចូលមកទាំងស្រវឹង តែគាត់នៅមានស្មារតីទេ។ ខ្ញុំទៅអង្គុយមើលរឿងបន្ត អត់ដឹងថាឆ្មាវាទៅក្បែរជើងប៉ាសោះ។ ខ្ញុំកន្លែងតែជក់ចិត្តមើលរឿងមិនចាប់អារម្មណ៍អ្វីទាំងអស់។ ស្រាប់តែឮម៉ាក់ស្រែកពីចង្រ្កានបាយ៖
“សម្លាប់វាឱ្យងាប់ហ្មងទៅ បើទាត់វាចឹងនោះ” ឆ្មានៅតែត្រដុសកវានៅលើជើងប៉ា។
ស្រាប់តែឮសំឡេងផូង ម៉ែវ…ឆ្មាស្រែកឡើងគ្រលួងមួយទំហឹង ក្បាលឆ្មាបោកទៅនឹងឥដ្ឋការ៉ូ។ ខ្ញុំភ្ញាក់ព្រើតស្លុតចិត្ត ឆ្មាលែងកម្រើកខ្លួន។ ពេលនោះម៉ាក់ស្រាប់តែរត់មកតាំងៗ ដៃកាន់អង្រែ។ គាត់បានលើកអង្រែវាយក្បាលផាំង ផាំង ហើយស្រែកថា៖
“សម្លាប់វាឱ្យងាប់ទៅ! ឱ្យងាប់ទៅ! កុំឱ្យវានៅទើសចិត្តទើសភ្នែកឯង”
ម៉ាក់វាយវា៤អង្រែ ទាំងខ្ញុំតក់ស្លុតនៅស្ញៀមស្ងាត់បាត់មាត់ឈឹង បានត្រឹមឮសំឡេងឆ្មាស្រែក ម៉ែវ… ម៉ែវ… រើខ្លួនដៃជើង ចង់ឱ្យយើងជួយវា។ សំឡេងម៉ែវ…ម៉ែវ… វានៅតែកត់ក្នុងខួរក្បាលខ្ញុំដល់ឥឡូវ។ វាងាប់គួរឱ្យអាណោចអាធ័មណាស់ ទាំងងាប់បិទភ្នែកមិនជិតសម្លឹងមុខមករកខ្ញុំ។
លើអង្រែម៉ាក់កាន់ប្រឡាក់សុទ្ធតែឈាមនិងរោមឆ្មា សាច់និងខួរឆ្មាបែកខ្ទេចខ្ទីពេញផ្ទះ ទាំងឈាមនិងរោមហើរពេញលើឥដ្ឋការ៉ូយ៉ាងរប៉ាត់របាយ។ ប៉ាគាត់ដើរទៅបន្ទប់គេង ម៉ាក់គាត់ដើរទៅចង្រ្កានបាយទាំងញ័រដៃជើង បែកញើសជោកខ្លួន សក់សំពីងសំពោង។ ខ្ញុំក្រោកឈរ ដោយយកដៃជូតទឹកភ្នែកជោកថ្ពាល់យំអណ្តឺតអណ្តក ហើយក៏មិនដែលឃើញម៉ាក់គាត់ធ្វើរឿងបែបហ្នឹងពីមុនមកដែរ។
ខ្ញុំបោសប្រមូលសាកសពឆ្មា រួចដាក់ថង់ខ្មៅ បោះក្នុងធុងសំរាមមុខផ្ទះ ហើយក៏មកជូតសម្អាតឈាមវា។ ក្នុងយប់នោះខ្ញុំគេងមិនលក់ទេ គឺដេកហូរទឹកភ្នែកអាណិតឆ្មាណាស់ ហើយរូបភាពវាដក់ក្នុងខួរក្បាលខ្ញុំរហូត។
រំលងបានពីរថ្ងៃ ស្រាប់តែម៉ាក់ធ្លាក់ឈាមយ៉ាងច្រើនណាស់ ទាំងគាត់កំពុងអង្គុយយកដៃច្រត់ចង្ការនៅផ្ទះបាយ មិនដឹងគិតរឿងអ្វី។ ហើយចំពេលដែលប៉ាគាត់មិននៅ គាត់ត្រូវចុះខេត្តការងាររបស់គាត់។ ខ្ញុំខលទៅប៉ាមិនលើកសោះ ម៉ាក់ខ្ញុំបានសន្លប់បាត់ទៅហើយ។ ខ្ញុំក៏បានចេញទៅហៅអ្នកជិតខាងជូនម៉ាក់ទៅមន្ទីរពេទ្យ។ ម៉ាក់ត្រូវសម្រាកក្នុងមន្ទីពេទ្យ២ថ្ងៃ ហើយពេទ្យប្រាប់ថាម៉ាក់រលូតកូន។ ការពិតកូនរលូតពីរថ្ងៃហើយ តែវាទើបតែធ្លាក់ឈាម។
ខ្ញុំឮហើយស្លុតចិត្តថាម៉ាក់មានអាអូន ទាំងម៉ាក់មិនដែលនិយាយសោះ។ ខ្ញុំព្យាយាមខលទៅប្រាប់ប៉ាតែខលមិនចូលសោះ។ ម៉ាក់បាននិយាយមកខ្ញុំទាំងស្រក់់ទឹកភ្នែក៖
“ទេពី ម៉ាក់ដឹងថាប៉ាកូនគេមានប្រពន្ធចុងថ្មីយូរហើយ បានជាឥឡូវគេមិនសូវខ្វល់ខ្វាយពីម៉ាក់និងកូន ម៉ាក់ឈឺចាប់ណាស់ ដែលប៉ាកូនធ្វើបែបនេះដាក់ម៉ាក់។ ម៉ាក់ចង់តែស្លាប់ទេពី ចង់តែស្លាប់ទេ” ម៉ាក់និយាយទាំងយកដៃវាយដើមទ្រូងខ្លួនឯង។ ខ្ញុំមានតែចាប់ដៃម៉ាក់ ហើយនិយាយថា៖
“ម៉ាក់នៅមានកូន ម៉ាក់កុំទៅចោលកូនណា” ហើយខ្ញុំឱបម៉ាក់យំ មិនដឹងនិយាយអ្វីបានទេ។ ម៉ាក់បានចេញពីពេទ្យ រំលងបានមួយថ្ងៃ ប៉ាបានត្រលប់មកផ្ទះវិញ។ ម៉ាក់ក៏បានឈ្លោះគ្នាជាមួយប៉ា ហើយសុំប៉ាលែងលះគ្នា៖
“ដល់ថ្ងៃនេះហើយ ទើបបងឯងទើបតែមកផ្ទះ បងឯងមានគិតខ្ញុំនឹងកូនឬអត់ តេទៅក៏មិនចូលមិនលើក ម៉េចមានប្រពន្ធចុងថ្មីហ្នឹង ភ្លេចអស់ហើយអីប្រពន្ធកូននៅផ្ទះនេះ”
“ម៉ែវាឯងនិយាយស្អី! ខ្ញុំមានប្រពន្ធចុងមកពីណា ខ្ញុំរវល់ការងាររបស់ខ្ញុំ តែវាមានបញ្ហាតិចតួច ខ្ញុំខ្លាចម៉ាក់វាឯងបារម្ភទើបខ្ញុំមិននិយាយ”
“បញ្ហាស្អី! ក្រៅពីមានស្រីហ្នឹង លែងលះគ្នាហ្មងទៅ! ខ្ញុំហត់ចិត្តណាស់!”
ខ្ញុំជាកូនមិនដឹងធ្វើយ៉ាងម៉េចទេ មានតែសំងំក្នុងបន្ទប់ស្តាប់គាត់ឈ្លោះគ្នា ហើយយំតែប៉ុណ្ណឹង។ ប៉ាគាត់យល់ព្រមលែងលះតាមពាក្យសម្តីរបស់ម៉ាក់សុំ។ ខ្ញុំគិតថាគាត់ប្រហែលជាមានប្រពន្ធក្រោយមែនហើយ បានជាលែងខ្វល់ខ្វាយនឹងប្រពន្ធកូន ហើយសុខចិត្តព្រមតាមការលែងលះរបស់ម៉ាក់។
រំលងបានមួយខែម៉ាក់មានអាការៈចម្លែកៗ ឱ្យតែយប់ម៉ោង១១ឡើងម៉ាក់គាត់ស្រែក គាត់យំនៅក្នុងបន្ទប់ ហើយចាក់សោបន្ទប់ខ្លួនឯង។ ហើយស្រែកថា៖
“ឆ្មា! ឆ្មា! ចេញទៅ ចេញទៅ កុំមកក្បែរយើង កុំមកក្បែរយើង កូន កូនម៉ាក់! កូនសម្លាញ់ម៉ាក់ កូនមករកម៉ាក់មកណាកូន មីឆ្មាចង្រៃកុំខាំកូនយើង កុំខាំកូនយើង យកកូនយើងទៅណា! យកកូនយើងទៅ!”។
ពេលខ្លះខ្ញុំព្យាយាមគោះទ្វារក៏គាត់មិនបើក មួយសន្ទុះក្រោយស្ងាត់ឈឹងលែងឮអ្វីទាំងអស់។ ថ្ងៃមួយខ្ញុំចង់ដឹង ខ្ញុំក៏យកសោបន្ទប់លាក់ ដល់ពេលមានរឿងខ្ញុំក៏ចាក់ចូលមើល គឺគួរឱ្យខ្លាចខ្លាំងណាស់ ខ្ញុំគិតថាប្រហែលគាត់មិនមែនម៉ាក់ខ្ញុំទេ សក់សំពីងសំពោងស្រែកដេញឆ្មា និងហៅកូនក្មេងទាំងក្នុងបន្ទប់គ្មានអ្វីទាំងអស់។ ខ្ញុំរត់ទៅឱបគាត់ថាគ្មានអ្វីទេ បានមួយសន្ទុះគាត់ក៏សន្លប់សម្រាន្តបាត់ទៅ។ ខ្ញុំបន្តនៅក្នុងបន្ទប់ជាមួយគាត់ដេកទាំងស្រក់ទឹកភ្នែក គិតថាម៉ាក់គាត់មានកំហុសអី ឬក៏កំហុសពេលដែលគាត់សម្លាប់ឆ្មានោះមែន។
ថ្ងៃមួយម៉ាក់ត្រលប់មកពីផ្សារ មានបន្លែត្រីសាច់ក្នុងកន្រ្តក តែចម្លែកមានកញ្ចប់ថង់ក្រហមតូចមួយ គាត់ដកចេញពីកាបូបលើកដៃបួងសួង ហើយដាក់នៅជើងពានជំនាងផ្ទះ។
“ម៉ាក់កញ្ចប់អីហ្នឹងម៉ាក់!” ខ្ញុំសួរទៅគាត់រាងឆ្ងល់ៗចម្លែក ពីព្រោះប៉ុន្មានថ្ងៃហ្នឹងម៉ាក់តែងតែអុបធូប ហើយចំណែកអាការៈយប់ឡើង យូរៗកើតមានម្តង។
“អូ! យ័ន្តកូន ការពារផ្ទះយើងសុខសប្បាយ កុំឱ្យត្រូវអំពើអាបធ្មប់មកយាយីផ្ទះយើង”
ខ្ញុំក៏លែងសួរ គិតថាប្រហែលជាម៉ាក់គាត់បារម្ភពីក្រុមគ្រួសារ ខ្លាចមានបញ្ហាអីផ្សេងជាមួយនឹងអមនុស្ស។
ព្រលឹមឡើងម៉ាក់រម្ងាស់ស៊ុប ឱ្យខ្ញុំហូបមុនពេលព្រឹកទៅរៀន។ ដំបូងសប្បាយចិត្តញ៉ាំ ដោយសារតែខែរងារ អ៊ីចឹងញ៉ាំទៅបានកម្តៅខ្លួន មិនសូវរងារឆាប់ឈឺ។ តែដល់ពេលឡើងដល់៤ថ្ងៃ គ្រាន់តែងើបឡើង ធុំក្លិនចង់ក្អួត តែធ្វើយ៉ាងម៉េចបើមិនញ៉ាំខ្លាចម៉ាក់អន់ចិត្ត គាត់ខំធ្វើ។
“ម៉ាក់ស្ញោរស៊ុបទៀតហើយ ឱ្យតែងើបព្រលឹមឡើងដឹងតែឈ្ញុយស៊ុបម៉ាក់រាល់ព្រឹក ឃ្លានចង់ញ៉ាំតែម្តង ថ្ងៃហ្នឹងស៊ុបអីគេម៉ាក់”
ខ្ញុំនិយាយកុហកខ្លួនឯងទេ ដើម្បីបានម៉ាក់សប្បាយចិត្ត
“ស៊ុបខ្មងគោកូន នេះមកញ៉ាំមកម៉ាក់ដួសឱ្យ”
គាត់និយាយញញឹមសប្បាយចិត្តដាក់ខ្ញុំ។ ខ្ញុំមើលទៅម៉ាក់ដូចលែងអី គឺដូចមនុស្សធម្មតា ដូចគេដូចឯង។
“ម្សិលមិញស៊ុបមាន់ខ្មៅ តែរសជាតិដូចតែគ្នា” ខ្ញុំនិយាយក្នុងចិត្ត
“ម៉ាក់អីគេខ្មៅៗសហ្នឹងម៉ាក់”
ខ្ញុំកូរៗមើល ឮគេនិយាយថាខួរក្នុងខ្មងគោឆ្ងាញ់ មិនដែលបានញ៉ាំសោះ
“ថ្នាំចិនសែកូន ញ៉ាំទៅម៉ាក់ចិញ្ច្រាំដាក់ជាមួយរម្ងាស់វាកូន ពីរថ្ងៃទៀតម៉ាក់ឈប់ធ្វើញ៉ាំហើយ កុំឱ្យកូនត្រឡាន់” ខ្ញុំឮចឹងសប្បាយចិត្ត ហើយក៏មិនគិតអីច្រើនដែរ។
យប់ឡើងខ្ញុំគេងមិនលក់សោះ ស្រេកតែទឹក មិនដឹងថាយ៉ាងម៉េច បិទភ្នែកតែក៏នៅតែគេងមិនលក់។ ខ្ញុំក៏ចុះមកក្រោមហូបទឹក ស្រាប់តែឮសំឡេងឆ្មាស្រែកយំដូចរកញី រកឈ្មោល ខ្ញុំឮវាដូចនៅបន្ទប់ដាក់អីវ៉ាន់។ ខ្ញុំក៏បើកទ្វារនៅចង្រ្កានបាយមើល បានពន្លឺអំពូលពីផ្ទះអ្នកជិតខាង។ ស្លាប់ហើយខ្ញុំ ឃើញម៉ាក់ខ្ញុំសក់សំពីងសំពោង កំពុងតែខាំហែកកឆ្មា ឈាមវាហូរកក្លិកកក្លាក់ជោកអាវម៉ាក់។
ឆ្មាគិតតែពីស្រែកយំម៉េវ ម៉េវ ដល់ពេលដាច់បំពង់ខ្យល់ទៅ សំឡេងស្រែកយំខ្សោយទៅៗ ដល់ដង្ហើមចុងក្រោយ។ ខ្ញុំមិនអាចស្រែកបានទេ បើខ្ញុំស្រែកខ្ញុំខ្លាចអ្នកជិតខាង ចេញមកហ្នឹងមានបញ្ហា ខ្លាចគេនឹងចោទម៉ាក់ថាជាអាបធ្មប់។ ខ្ញុំមានតែយកដៃខ្ទប់មាត់ រួចទាញទ្វារបិទថ្មមៗ រួចរត់ឡើងទៅលើផ្ទះ តែខ្ញុំដេកមិនលក់ទេ រង់ចាំតែភ្លឺប៉ុណ្ណោះ។ ខ្ញុំគិតថាម៉ាក់លែងកើតអី តែហេតុអ្វីកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត តើអ្នកណាអាចជួយម៉ាក់ខ្ញុំឱ្យជាដូចដើមវិញ។
ខ្ញុំងើបឡើង គឺដូចរាល់ដងគឺគ្មានក្លិនអ្វីក្រៅពីស៊ុបម៉ាក់រម្ងាស់ញ៉ាំសឹងរាល់ថ្ងៃ។ ខ្ញុំចុះមក មិនហ៊ានសម្លឹងមុខម៉ាក់ចំទេ បែបជាខ្លាចគាត់ដូចគាត់ខ្មោចអ៊ីចឹង ទាំងគាត់ស្លៀកពាក់ស្អាតបាតមិនដូចយប់មិញខ្ញុំឃើញ។ ថ្ងៃនេះថ្ងៃសៅរ៍ខ្ញុំមិនទៅសាលាទេ តែខ្ញុំបែបជាស្លៀកពាក់សិស្សសាលា មិនចង់នៅផ្ទះមិនហ៊ាននៅជាមួយម៉ាក់តទៅទៀត។ ស្រាប់តែម៉ាក់ខ្ញុំហៅ៖
“ទេពី ទេពីកុំទាន់ទៅសាលាកូន ដាក់បាត្រលោកសិនកូន ព្រះអង្គនិមន្តនៅមុខផ្ទះយើងនោះកូន”
ក្រឡេកទៅម៉ាក់ គាត់កំពុងរៀបចំបាយសម្លដាក់ប្រអប់ឡើងញាប់ដៃខ្ញុំឆ្លើយឡើងញ័រមាត់ភ័យៗ៖
“ចាស… ចាស…ម៉ាក់” ខ្ញុំរាងប្លែកចិត្ត តាំងពីយូរយារមកមិនដែលមានព្រះសង្ឃអង្គណាមកបិណ្ឌបាត្រសោះ ចុះថ្ងៃនេះអីប្លែកម្ល៉េះ។ ម៉ាក់គាត់រៀបចំបាយសម្លរួច ខ្ញុំកាន់យកទៅមុខផ្ទះ បានថ្វាយបង្គំបីដង រួចប្រគេនចង្ហាន់។ ក្រោយពីព្រះអង្គសូត្រធម៌ឱ្យពរចប់គាត់មានសង្ឃដីកាថា៖
“សូមញោមទៅហៅម្តាយញោមមកជួបអាត្មា អាត្មាមានរឿងចង់និយាយជាមួយម្តាយញោម”
ខ្ញុំឆ្ងល់នឹងសង្ឃដីការលោកចង់ជួបម៉ាក់។ ខ្ញុំស្ទុះទៅវឹង ហៅម៉ាក់ពីចម្ងាយមិនហ៊ានទៅជិត។ ម៉ាក់គាត់ក៏ដើរហើយបានថ្វាយបង្គំបីដង រួចបត់ជើងលើកដៃសំពះ។
“ឈប់ប្រព្រឹត្តទៅញោម ពៀររំងាប់ដោយការមិនចងពៀរ។ អ្វីដែលញោមកំពុងធ្វើគឺកំពុងតែសាងបាបហើយ ត្រូវធ្វើបុណ្យដាក់ទានឱ្យបានច្រើន។ អាការៈញោមទាំងប៉ុន្មាន វាគ្រាន់តែជាជំងឺផ្លូវចិត្តដែលញោមគិត ការស្រលាញ់ ការស្តាយស្រណេះ ការភ័យខ្លាចបាត់បង់ ការប្រចណ្ឌ ការហួងហែង ការដែលចង់ឱ្យគេនៅក្បែរយើងខ្លាំងពេក ការខកចិត្ត នេះជាមូលហេតុពិតប្រាកដមិនមែនរឿងអំពើអាបធ្មប់ទេញោម”
ឮសង្ឃដីការហើយខ្ញុំកាន់តែយល់ថាអាការៈរបស់ម៉ាក់ជាជំងឺផ្លូវចិត្ត ខ្ញុំងាកទៅមើលម៉ាក់ទាំងគួរឱ្យអាណិត។
“ហើយឆ្មានោះទៀតសោត ញោមគួរតែធ្វើបុណ្យបញ្ចូលកុសលឱ្យគេទៅ។ កុំឱ្យនៅចងកម្មចងពៀរនៅជាតិមុខទៀត ជាតិមុនឆ្មាខ្មៅនេះជាកូនសេដ្ឋីជាម្ចាស់របស់ញោម តែគេបានសម្លាប់ញោមជាមួយនឹងឆ្មាដោយសារតែឆ្មាចិញ្ចឹមរបស់ញោមក្រញៅមុខគេ។ គេក៏មកចាប់ជាតិជាឆ្មានៅក្បែរញោម ដើម្បីរំដោះកម្មពៀររបស់គេ តែមិនទាន់ដល់វេលារួចកម្មពៀរផង ញោមបានសម្លាប់គេបាត់ទៅហើយ។ ដូច្នេះអហោសិកម្មឱ្យគ្នាទៅវិញទៅមកទៅញោម អាត្មាលាញោមទៅវិញហើយ សុខចម្រើនចម្រើនពរញោម”
ព្រះសង្ឃមានពុទ្ធដីការចប់គាត់ក៏និមន្តទៅបាត់។ ខ្ញុំនិងម៉ាក់ថ្វាយបង្គំបីដងលាព្រះអង្គ ម៉ាក់ខ្ញុំគាត់មិននិយាយអ្វីទាំងអស់ ប្រៀបដូចជាគាត់ភ្ញាក់ដឹងខ្លួនពីរឿងគ្រប់យ៉ាង។ ខ្ញុំឮសង្ឃដីការហើយខ្ញុំកាន់តែមិនចង់ជឿរឿងរ៉ាវកន្លងមក ហេតុអ្វីលោកដឹងរឿងគ្រប់យ៉ាង។ ខ្ញុំបានគាស់សពឆ្មានៅគុម្ពផ្កាដែលខ្ញុំបានកប់ ម៉ាក់បានធ្វើបាយសម្លទៅវត្ត ធ្វើបុណ្យឧទ្ទិសកុសលឱ្យ ហើយខ្ញុំបានដើរទៅក្រោយចង្រ្កាន្តបាយ សុទ្ធតែសាកសពឆ្មា តែគ្មានគ្រាប់ភ្នែកទាំងអស់ សុទ្ធដង្ហូវហើយឡើងស្អុយរលួយនៅក្នុងបន្ទប់ដាក់អីវ៉ាន់។
ខ្ញុំក៏ប្រមូលវាយកទៅបូជាជាមួយសាកសពឆ្មាខ្មៅនៅវត្តទាំងអស់។ ម៉ាក់គាត់ក៏បានទៅវត្ត ហើយបានសាងផ្នួសជាដូនជីមួយរយៈ ដើម្បីព្យាបាលផ្លូវចិត្តរបស់គាត់ជាមួយមាគ៌ាព្រះធម៌។ រឿងទាំងអស់គឺកើតឡើងបែបនេះ ពេលខ្ញុំបានទៅជួបម៉ាក់នៅវត្តគាត់ប្រាប់។ ក្រោយពីគាត់យល់សប្តិឃើញឆ្មានោះហើយ គាត់បានទៅផ្សារពេលព្រឹក គ្រូទាយម្នាក់ហៅគាត់ថាម៉ាក់មានគ្រោះធំ។ ម៉ាក់ឮគេល្បីគ្រប់គ្នាក្នុងផ្សារ ថាគ្រូនោះទាយឆុតក៏ព្រមឱ្យទាយ។ គ្រូនោះបាននិយាយចំណុចត្រូវៗជាច្រើន៖
“ផ្ទះកូនមានឆ្មាខ្មៅមួយក្បាលទើបមកនៅត្រូវឬអត់? ចង្រៃណាស់កូន ឆ្មាខ្មៅ តាំងពីវាមកនៅហាស! ប្តីកូនមិនសូវនៅផ្ទះទេ ចេញក្រៅបាត់ៗ ផឹកស្រវឹងរាល់ថ្ងៃ ហើយប្តីកូនឥឡូវចេះមានសម្តីតូច សម្តីធំដាក់កូនទៀត”
ម៉ាក់គាត់កាន់តែជឿស៊ប់និយាយត្រូវពេកជាមួយគ្រូទាយនោះ គ្រូនោះបានប្រាប់ម៉ាក់ទៀតថា៖
“ឆ្មានោះជាឆ្មាអំពើកូន ស្រីចុងប្តីកូនជាអ្នកធ្វើ ដើម្បីសម្លាប់គ្រួសារកូន។ ឆ្មានោះជាអំពើអាបធ្មប់មកសន្ធិតផ្ទះកូន នាំតែភាពចង្រៃៗដល់គ្រួសារកូន បើកូនមិនជឿក៏មិនអីដែរ តែត្រូវតាមសង្កេតមើលខ្លួនឯងទៅកូន”។
ចឹងបានថ្ងៃហ្នឹងម៉ាក់ត្រលប់មកផ្ទះវិញ ម៉ាក់ប្លែកៗហើយភ្លឹកៗខ្ញុំហៅពីរបីដងបានគាត់ឆ្លើយ ហើយឆ្មាដើរទៅជិតគាត់ គាត់ចេះតែដើរចេញពីវា។ ហើយចៃដន់ពេលយប់ប៉ាស្រវឹងដែលមានរឿងនោះ ម៉ាក់ក៏យកសេលសម្លាប់ឆ្មានោះតែម្តង។ តែរំលងបាន២ថ្ងៃគាត់បាត់បង់អាអូនគាត់កាន់តែភ័យ កាន់តែជឿលើរឿងបែបនេះ។ គាត់ក៏បានទៅជួបគ្រូនោះម្តងទៀតឱ្យជួយគាត់។ គ្រូនោះថា៖
“ចាសកូន អំពើនេះជាអំពើមន្តឆ្មាខ្មៅ ធ្វើដោយគ្រូចាមពិបាកបន្សាបណាស់ បើកូនចង់បន្សាប គឺមានតែយកពិសបន្សាបពិស”។
គ្រូនោះក៏ឱ្យកញ្ចប់ថ្នាំឱ្យម៉ាក់ តែម៉ាក់កុហកខ្ញុំថាយ័ន្ត។ ហើយវិធីនោះគឺត្រូវឱ្យម៉ាក់ខ្វេះគ្រាប់ភ្នែកឆ្មា មកហូបរយៈពេល៧ថ្ងៃដើម្បីឱ្យអំពើនោះសាប។ ស្រាប់តែម៉ាក់ធ្វើតាមដោយខ្វេះភ្នែកឆ្មាទាំងនោះ យកមកធ្វើស៊ុបញ៉ាំរាល់ព្រឹកនោះជាមួយថ្នាំដែលគ្រូឱ្យនោះ។
នឹកដល់រឿងហ្នឹងខ្ញុំចង់តែក្អួត តែក្អួតមិនចេញ ស៊ុបដែលខ្ញុំញ៉ាំរាល់ព្រឹកនោះ ខ្ញុំឆ្ងល់អីខ្មៅៗលាយសគឺគ្រាប់ភ្នែកឆ្មា ដែលម៉ាក់គាត់ចិញ្រ្ចាំដាក់ ជឿតាមគ្រូទាយម្នាក់នោះ ទាំងការពិតគ្មានរឿងអ្វីទាំងអស់។ រឿងគ្រប់យ៉ាងម៉ាក់យល់ច្រឡំខ្លួនឯងទាំងអស់។ ទាំងរឿងម៉ាក់រលូតកូនមិនមែនមកពីអំពើទេ មកពីម៉ាក់មិនដឹងថាម៉ាក់មានអាអូន ហើយគាត់ប្រើកម្លាំងខ្លាំងទៅវាយលើឆ្មា។ ហើយរឿងប៉ាវិញ ខ្ញុំបានជួបប៉ាគាត់បាននិយាយប្រាប់ខ្ញុំថា៖
“ប៉ាប្រតិកម្មជាមួយរោមឆ្មាកូន ប៉ាធ្លាប់កើតហឺតកាលប៉ានៅពីតូច តែប្រហែលម៉ាក់កូនមិនចាំ ចឹងបានប៉ាមិនសូវចូលចិត្តឆ្មាដូចកាលពីតូច”។
ទើបខ្ញុំដឹងថាប៉ាគាត់សុខចិត្តតាមចិត្តខ្ញុំ យកឆ្មានោះមកចិញ្ចឹមទាំងគាត់មិនអាចនៅក្បែរឆ្មាបាន។ ហើយប៉ាគាត់ព្រមទទួលខុស រឿងទាត់ឆ្មា គាត់យកជើងឆ្កោះឆ្មាទេ តែមិននឹកស្មាតែវាធ្ងន់ធ្ងរបែបនេះពេលគាត់កំពុងស្រវឹង។
ចំណែករឿងប៉ាមានស្រីវិញគឺអត់ទេ សព្វថ្ងៃប៉ានៅជាមួយតាយាយរាល់ថ្ងៃ តាំងពីបែកពីម៉ាក់៖
“ប៉ាមិនមានស្រីដូចម៉ាក់កូននិយាយទេ ប៉ាស្រវឹងដោយសារតែក្រុមហ៊ុនធ្វើគំរោងជោគជ័យធំៗ ដូច្នេះប៉ាត្រូវចូលរួម ហើយកូនខលមកប៉ា ពេលប៉ាចុះខេត្តមិនលើកទូរស័ព្ទនោះ គឺប៉ាត្រូវបានចោរឆក់កាបូបប៉ា អស់អ្វីៗទាំងអស់ ហើយការងារបន្ទាប់ទៀត ប៉ាមិនបានខ្វល់រឿងម៉ាក់និងកូន ឱ្យប៉ាសុំទោស”។
ប៉ាគាត់និយាយទាំងមានវិប្បសារីជាខ្លាំងដែលមិនបានមើលថែម៉ាក់ ខ្ញុំ និងប្អូនមិនបានល្អ។ ហើយគាត់មិនចង់ប្រកែកយកឈ្នះចាញ់ជាមួយម៉ាក់ឱ្យម៉ាក់ពិបាកចិត្តតទៅទៀត ទាំងគាត់ដឹងរឿងថាម៉ាក់បានចូលពេទ្យ រលូតអាអូនគ្រប់យ៉ាងពីតាយាយខាងម៉ាក់ប្រាប់គាត់។ ដូច្នេះគាត់ក៏សម្រេចចិត្តលែងលះតាមម៉ាក់ សង្ឃឹមថាម៉ាក់គាត់រស់នៅដោយសប្បាយចិត្តលែងពិបាកចិត្តរឿងប៉ា។ ពេលខ្លះគ្រប់រឿងរ៉ាវកុំទាន់សម្រេចចិត្តជឿគេនិយាយខ្លាំងពេក ខ្លាចតែវាជារឿងមិនពិតវារិតតែធ្វើឱ្យខ្លួនយើងនិងមនុស្សជាទីស្រលាញ់ជួបនូវវិប្បដិសារីបែបនេះ៕

ចប់