នាកណ្ដាលទីក្រុងដ៏ធំសម្បើម មានហាងលក់ស្បែកជើងមួយកន្លែង ដែលនៅទីនោះមានលក់ស្បែកជើងគ្រប់ប្រភេទ តែក្នុងចំណោមស្បែកជើងទាំងនោះ មានស្បែកជើងកែងពណ៌ក្រហមដ៍ស្រស់ស្អាតមួយគូ ត្រូវបានដាក់តាំងបង្ហាញយ៉ាងលេចធ្លោជាងគេនៅពីមុខហាងតែម្ដង ដើម្បីបង្អួតសម្រស់ហាង ក៏ដូចជាភាពទាក់ទាញ ពីព្រោះថាស្បែកជើងកែងមួយគូនោះ មានរូបរាងស្លីមស្រស់ស្អាត ពន្លឺភ្លឺចិញ្ចាច គួរជាទីចាប់អារម្មណ៍ខ្លាំងណាស់។
ប៉ុន្តែស្បែកជើងកែងមួយគូនោះ វាពិតជាមានតម្លៃថ្លៃខ្លាំងណាស់ ព្រោះតែវាត្រូវបានផលិតឡើងពីសាច់ក្រណាត់ដ៏កម្រ និងទទួលបានការរចនាយ៉ាងហ្មត់ចត់ ជាពិសេសស្បែកជើងកែងមួយគូនេះត្រូវបានច្នៃម៉ូតដោយDesigner ដ៏ល្បីល្បាញម្នាក់ទៀតផង ជាហេតុធ្វើឱ្យវាមានមោទនភាពចំពោះខ្លួនឯងជាខ្លាំង ហើយមើលស្រាលគ្រប់ស្បែកជើងដទៃទៀតដែលមានតម្លៃទាបជាងវា និងមិនឆើតឆាយដូចវា ។
ពីមួយថ្ងៃទៅមួយថ្ងៃ ស្បែកជើងកែងពណ៌ក្រហមដ៏សែនស្រស់ស្អាតមួយគូនោះ ចេះតែវាយឬកក្រអឺតក្រទម និងមើលងាយគ្រប់បណ្ដាស្បែកជើងដទៃ កាន់តែខ្លាំងឡើងៗ ធ្វើឱ្យបណ្ដាស្បែកជើងដទៃទៀតដែលនៅក្នុងហាងជាមួយវាពុំសូវចូលចិត្តវាប៉ុន្មានទេ ហើយកាន់តែធុញទ្រាន់ជាមួយនឹងស្បែកជើងកែងមួយគូនោះខ្លាំងឡើង ក៏ព្រោះតែជារៀងរាល់ថ្ងៃវាតែងតែនិយាយអួតពីតម្លៃ និង ភាពស្រស់ស្អាតរបស់វា ហើយនិយាយបង្អាប់ស្បែកជើងដទៃទៀតរហូតៈ
-នៅក្នុងហាងមួយនេះ គ្មានស្បែកជើងមួយគូណា ដែលស្រស់ស្អាត និងមានតម្លៃអាចទាក់ទាញចិត្តមនុស្សបានច្រើន ដូចយើងឡើយ! គ្រប់គ្នាដែលបានឃើញយើង គឺត្រូវតែដើរចូលមកមើល ហើយស្ញើចសរសើរ ពីភាពស្រស់ស្អាតរបស់យើង គ្រប់ៗគ្នា
ដោយអត់ទ្រាំនឹងភាពអំនួត ក្អេងក្អាងរបស់ស្បែកជើងកែងមួយគូនោះពុំបាន ស្បែកជើងដែលតាំងនៅក្បែរនោះក៏និយាយឡើងដោយភាពធុញទ្រាំៈ
-ត្រូវហើយ! ឯងជាស្បែកជើងដែលល្អ ស្អាត និងមានតម្លៃជាងគេក្នុងហាងនេះ ទាំងស្អាត ទាំងមានតម្លៃ ថ្លៃរហូតដល់ថ្នាក់ គ្មានអ្នកណាគេចង់ទិញយកទៅពាក់
-ត្រូវហើយឯងល្អណាស់ គ្រប់យ៉ាងសុទ្ធតែត្រូវបានគេរចនាឡើងយ៉ាងប្រណិត មិនថាសាច់ក្រណាត់ ពណ៌ ម៉ូត សូម្បីតែអ្នកចៃ្នម៉ូតក៏ជាអ្នកល្បី លំដាប់អន្តរជាតិទៀត តែគួរឱ្យស្ដាយ….
ពាក្យសម្ដីដែលមិនពេញអត្ថន័យ របស់ស្បែកជើងមួយគូទៀត ធ្វើឱ្យស្បែកជើងកែង មានភាពរសាប់រសល់ក្នុងចិត្តជាខ្លាំង ក៏ប្រញាប់សួរយ៉ាងរន្ថាន់ ៖
-គួរឱ្យស្ដាយរឿងអី? យើងល្អគ្រប់យ៉ាង មានអ្វីដែលគួរឱ្យស្ដាយ?
ស្បែកជើងជាច្រើនគូ ដែលនៅក្នុងហាងក៏សម្លឹងមើលមុខគ្នាទៅមក ក្រសែភ្នែកនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យខុសៗគ្នា តែអ្វីដែលស្បែកជើងទាំងអស់ ដឹងច្បាស់ក្នុងចិត្តរៀងៗខ្លួននោះ គឺពួកគេពុំចូលចិត្តនូវអត្តចរិត ក្រអឺតក្រទម របស់ស្បែកជើងកែងក្រហមនោះឡើយ ដោយឃើញគ្រប់ស្បែកជើងនៅស្ងៀមមិនមាត់បែបនោះ ស្បែកជើងកែងក្រហមក៏បានចិត្ត តម្កើងឬកនិយាយបន្តយ៉ាងឮៗថា៖
-ឃើញទេ? តាមពិតគឺពួកឯងគ្រប់គ្នាច្រណែនយើង មកពីភាពល្អឥតខ្ចោះរបស់យើងធ្វើឱ្យពួកឯងគ្រប់គ្នានៅមិនសុខ ក៏បង្កើតរឿងមកនិយាយមិនល្អពីយើង! រាល់ថ្ងៃថៅកែក៏ស្រឡាញ់ពេញចិត្តយើងជាងគេ គ្រប់អតិថិជនក៏ចាប់អារម្មណ៍តែយើង ទើបពួកឯងគ្រប់គ្នាកើតចិត្តច្រណែន ព្យាយាមនិយាយបង្កាច់បង្ខូចយើង។
ឃើញស្បែកជើងកែងកាន់តែអំនួតបែបនោះ ស្បែកជើងកែងពណ៌ទឹកមាសដ៏ស្រស់ស្អាតមួយគូទៀត ដែលនៅស្ងៀមជាយូរមកហើយនោះ ក៏បន្លឺវាចាឡើង ដោយសំនៀងស្រាលៗ តែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅមកថា៖
-បានហើយគ្រប់គ្នា ឈប់ឈ្លោះប្រកែកគ្នាទៀតទៅ គ្រប់យ៉ាងសុទ្ធតែមានហេតុ និងផលជានិច្ច ដាំដើមអ្វីប្រាកដជាទទួលបានផ្លែហ្នឹង! យើងគ្រប់គ្នាគ្មានអ្នកណាល្អជាង ឬសំខាន់ជាងអ្នកណាទេ គ្រប់យ៉ាងសុទ្ធតែមានតួនាទី និងភាពសំខាន់រៀងៗខ្លួន!
ក្រឡេកមកមើលស្បែកជើងកែងពណ៌ក្រហមបន្តិច ទើបស្បែកជើងកែងពណ៌មាសបន្ត៖
-ហាងលក់ស្បែងជើង មិនអាចដំណើរការទៅបានទេ បើមានស្បែកជើងតែមួយគូ ទោះជាស្បែកជើងមួយគូនោះ មានតម្លៃឬល្អប្រណីតយ៉ាងណាក៏ដោយ!
ថារួច ស្បែកជើងកែងពណ៌មាស ក៏បិទភ្នែក សំងំដេកបាត់ទៅ។ រីឯស្បែកជើងដទៃ ក៏ឈប់មាត់កសំងំដេករៀងៗខ្លួនដែរ គ្មានអ្នកណាចង់ឆ្លងឆ្លើយ ជាមួយស្បែកជើងកែងមួយគូនោះទៀតទេ ព្រោះគ្រប់គ្នាដឹងថា ស្បែកជើងកែងក្រហមមួយគូនេះ រឹងចចេស និងមានអំនួតខ្លាំងណាស់ ដរាបណាមិនស្គាល់មេរៀន ឬជួបនឹងហេតុការណ៍ផ្ទាល់ទេ វាគ្មានថ្ងៃជ្រួតជ្រាប ឬកែប្រែខ្លួនឡើយ ។
ទោះបីជាមានស្បែកជើងជាច្រើនគូ មិនពេញចិត្ត ឬណែនាំយ៉ាងណាក៏ដោយ ក៏ស្បែកជើងកែងក្រហម ពុំបានស្ដាប់ ឬយកចិត្តទុកដាក់អ្វីឡើយ វានៅតែប្រកាន់ខ្ជាប់នូវគោលគំនិតរបស់ខ្លួន ហើយជឿជាក់ថាថ្លៃណាមួយ នឹងមានអ្នកមាន នារីហាយសូណាម្នាក់ មកទិញវាយកទៅប្រើជាមិនខាន ។
កាលវេលាចេះតែកន្លងទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ស្បែកជើងដទៃដែលនៅក្នុងហាងមួយនោះ ក៏ត្រូវបានគេទិញយកទៅ ជាបន្តបន្ទាប់ ពីមួយគូទៅមួយគូ មិនថាម៉ូតចាស់ ឬម៉ូតថ្មី ឱ្យតែមានតម្លៃសមរម្យ ល្មមគេអាចទទួលយកបាន បូករួមទាំងការPromotionរបស់ហាង ធ្វើឱ្យស្បែកជើងនៅទីនោះ ត្រូវបានគេទិញមិនលស់ថ្ងៃឡើយ ។
គ្រប់ស្បែកជើងដែលត្រូវបានគេទិញយកទៅ សុទ្ធតែចាកចេញដោយទឹកមុខក្រៀមក្រំ អាល័យអាឡោះស្រណោះគ្នាជាពន់ពេក តែយ៉ាងណាក៏ពួកវាសប្បាយចិត្តដែរ ដែលត្រូវបានគេជ្រើសយកទៅប្រើប្រាស់ ព្រោះវាប្រៀបដូចជាការផ្ដល់ជីវិតថ្មីឱ្យពួកវាដូច្នេះដែរ។
ខុសប្លែកអី តែស្បែកជើងកែងពណ៌ក្រហម ដែលពុំមានអ្នកណាព្រមទិញវាយក ទៅប្រើប្រាស់សោះ ទោះបីជាវា មានរូបរាងទាក់ទាញខ្លាំងយ៉ាងណាក៏ដោយ ក៏គ្រប់ភ្ញៀវដែលបានចូលមក ក្នុងហាងមួយនេះ គ្រាន់តែទាក់ភ្នែក ក្រឡេកមើលមួយសន្ទុះ ហើយក៏ដើរចេញទៅមើល និងទិញស្បែកជើងផ្សេងទៀតទៅវិញ ។
ពីមួយថ្ងៃទៅមួយថ្ងៃ រំលងទៅជា អាទិត្យ ប្រែជាខែ ស្បែកជើងកែងក្រហម នៅតែគ្មានអ្នកណាព្រមទិញវាយកទៅប្រើប្រាស់ទៀត បណ្ដាស្បែកជើងដែលនាំចូលដំណាល នឹងវាស្ទើរតែត្រូវបានគេទិញ យកទៅប្រើប្រាស់អស់ទៅហើយ ស្ដុកថ្មី ក៏ចេះតែយកចូលជាបន្ត តែស្បែកជើងកែងក្រហម ហាក់គ្មានសង្ឃឹមថា នឹងមាននរណាព្រមទិញយកទៅ ពាក់ទេ ប្រហែលមកពីតម្លៃវាថ្លៃខ្លាំងពេក ទើបគ្រប់មនុស្សដែលចូលមក គ្រាន់តែមើលលេង ហើយក៏ទៅវិញ ។ យូរៗទៅ ស្បែកជើងកែងក្រហម ដ៏ស្រស់ស្អាតមួយគូនោះ ក៏ប្រែជាឯកា ស្រងេះស្រងោចតែឯង ព្រោះទោះបីជាមានស្បែកជើង នាំចូលមកជាច្រើនទៀតក៏ដោយ តែគ្មានស្បែកជើងគូណា អាចចុះសម្រុងជាមួយវាបានឡើយ ។
ប៉ុន្តែវានៅតែមានអំនួត ចំពោះភាពឡូយឆាយរបស់វាជានិច្ច ហើយវាជឿជាក់ថា ថ្ងៃណាមួយ ប្រាកដជាមានមនុស្ស ទិញវាយកទៅប្រើប្រាស់ជាមិនខាន ។
ចៃដន់អ្វី នាព្រលឹមថ្ងៃមួយ ក៏មាននារីរូបស្រស់ម្នាក់ បានដើរចូលមកក្នុងហាង ជាមួយដំណើរយ៉ាងទាក់ទាញ រូបរាងស្រស់ស្អាត រាងខ្ពស់ស្រឡះ ប្រៀបដូចជានារីម៉ូឌែលអ៊ីចឹងដែរ បានដើរសំដៅចូលក្នុងហាងជាមួយនឹង ទឹកមុខញញឹមពព្រាយ រង្វង់ភ័ក្ររាងពងក្រពើសែនសម ក្នុងឈុតពណ៌ក្រហមស្រាល ជាមួយស្បែកជើងកែងដ៏សែនស្រស់ស្អាត របស់នាង ដែលមានពណ៌ខ្មៅ រឹងរឹតតែធ្វើឱ្យស្រីស្អាត Sexyមួយកម្រឹតទៀត ។
ហេតុតែឃើញភាព ឡូយឆាយរបស់នារីម្នាក់នោះ ធ្វើឱ្យស្បែកជើងកែងពណ៌ក្រហម ចាប់អារម្មណ៍ ព្រមទាំងមានក្ដីសង្ឃឹមជាខ្លាំង វារំពឹងទុកក្នុងចិត្តរួចហើយថា វាត្រូវតែធ្វើឱ្យនារីម្នាក់នោះ ទិញវាយកទៅឱ្យបាន នារីម្នាក់នោះច្បាស់ជាអ្នកមានលំដាប់មិនខាន មិនថា ការស្លៀកពាក់ រូបរាង ដំណើរឬកពារ ការនិយាយស្ដី សុទ្ធតែបង្ហាញ យ៉ាងច្បាស់ពីភាពជាអភិជនរបស់នាង គិតហើយ វាក៏និយាយយ៉ាងឮៗ បង្អួតទៅស្បែកជើងដទៃទៀតថា៖
-នែពួកឯង! ពួកឯងមានឃើញនារីរូបស្រស់ម្នាក់នោះទេ?
-ឃើញតើ!ឃើញ !
-ពួកយើងឃើញ ហើយវាយ៉ាងម៉េច?
-ត្រូវហើយ ពួកយើងឃើញដូចតែគ្នានឹង ហើយវាយ៉ាងម៉េច? ឬឯងគិតថានាងនឹងមកទិញឯង?
គ្រប់ស្បែកជើង ក៏សួរទៅស្បែកជើងកែងក្រហមដោយការមិនពេញចិត្ត តែទោះជាដឹងថាមានស្បែកជើងផ្សេង មិនចូលចិត្តវាយ៉ាងណាក៏ដោយ ក៏វាមិនខ្វល់ ហើយនៅតែ និយាយទាំងមោទនភាពចំពោះខ្លួនឯងថាៈ
-ប្រាកដណាស់! ពួកឯងចាំមើលទៅ មនុស្សស្រីម្នាក់នោះ ប្រាកដជាទិញយើង ជាមិនខាន
-មិចក៏ឯងច្បាស់ខ្លាំងម្ល៉េះ? ឯងមានតម្លៃពេកហើយ តើមានអ្នកណាគេហ៊ានទិញឯងទៅ?
ឮពាក្យផ្លែផ្កា របស់ស្បែកជើងផ្សេងទៀត ក៏ធ្វើឱ្យស្បែកជើងកែងក្រហម កើតមានចិត្តរសាប់រសល់បន្តិចដែរ តែព្រោះភាពជឿជាក់លើខ្លួនឯង វានៅតែបន្ដនិយាយយ៉ាងឮៗថាៈ
– ពួកឯងបើកភ្នែក ចាំមើលឱ្យច្បាស់ទៅ! ថ្ងៃនេះយើងប្រាកដជាបានចេញពីហាងនេះ ជាមួយមនុស្សស្រីម្នាក់នេះ
គ្រប់ស្បែកជើងទាំងអស់ក្នុងហាង គ្មានគូណាជឿលើសម្ដី ស្បែកជើងកែងក្រហមទេព្រោះវានិយាយ ពាក្យបែបនេះ ច្រើនលើកច្រើនសារមកហើយ តែនៅឡើយគ្មាននរណាទិញវាយកទៅនោះទេ ចុងក្រោយក៏បានត្រឹមតែអាម៉ាស់ចំពោះសម្ដីខ្លួនប៉ុណ្ណោះ ។
បរិយាកាសក្នុងហាង នៅតែមានសភាពអ៊ូអរដដែល ភ្ញៀវជាច្រើនចេញចូលពុំដាច់ ប៉ុន្តែស្បែកជើងកែងក្រហម រំពៃមើលតែនារីរូបស្រស់ម្នាក់នោះ ពុំព្រមក្រឡកមើលទៅអតិថិជនដទៃទៀតសោះ ព្រោះវាយល់ថា មានតែនារីម្នាក់នេះគត់ ទើបសក្ដិសមនឹងពាក់វា បើទោះបីជាមានអតិថិជនជាច្រើនទៀត បានចាប់អារម្មណ៍ នឹងព្យាយាមតថ្លៃវាពីម្ចាស់ហាងជាច្រើនសារ តែហាក់ពុំបានផលសោះ។
ស្បែកជើងកែងក្រហមនេះ ហាក់ចេះសណ្ដំចិត្តម្ចាស់ហាងវា មិនឱ្យព្រមលក់ឱ្យអ្នកណាទេ ក្រៅពីនារីរូបស្រស់ម្នាក់នោះ ។ ពិតដូចទាយទុក មិនយូរប៉ុន្មាន ម្ចាស់ហាងក៏បានណែនាំ នារីម្នាក់នោះឱ្យសាកល្បងលស្បែកជើងកែងក្រហម មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងបានបញ្ចុះតម្លៃជាពិសេសជូននារីម្នាក់នោះថែមទៀតផង៖
-ដោយសារ ថ្ងៃនេះជាថ្ងៃពិសេស ខាងហាងយើងខ្ញុំមានPromotionពិសេស បើសិនជាអ្នកនាងទិញស្បែកជើងមួយគូនេះ ខាងហាងយើងខ្ញុំនឹងមានការបញ្ចុះតម្លៃ២៥%
មិនត្រឹមតែនិយាយ ម្ចាស់ហាងថែមទាំង ឱនទៅខ្សឹបអ្វីម្យ៉ាង ក្បែរត្រចៀកនារីស្រស់ស្អាតទៀតផង។ មួយសន្ទុះ ខ្សែភ្នែកដ៏មុតថ្លា តែបង្កប់នូវអត្ថន័យអ្វីម្យ៉ាងរបស់នាង ក៏ត្របាញ់មករកស្បែកជើងកែងក្រហម មិនយល់ថានាងកំពុងតែគិតអ្វីដែរ ។ រីឯស្បែកជើងកែងក្រហម កាលបាននារីម្នាក់នោះ ចាប់អារម្មណ៏បែបនោះក៏ ព្យាយាមបង្អួតសម្រស់ បញ្ចេញពន្លឺរបស់ខ្លួន ឱ្យកាន់តែមានភាពទាក់ទាញទ្វេដង។
បន្ទាប់ពីម្ចាស់ហាងបញ្ចុះបញ្ជូល បានមួយសន្ទុះ នារីម្នាក់នោះ ក៏ដើរតម្រង់មករកស្បែកជើងកែងក្រហម ហើយក៏លើកយកវាមកពាក់សាកល្បងមើល។
គ្រាន់តែបាន នារីម្នាក់នោះពាក់វាភ្លាម ស្បែកជើងកែង ត្រេកអរជាខ្លាំង វាខំបង្រួមខ្លួនដើម្បីឱ្យត្រូវនឹងជើងរបស់នារីម្នាក់នោះ ។ ថ្វីដ្បិតតែ ជើងនារីម្នាក់នោះ មានទំហំជើងរាងតូចជាងស្បែកជើងនេះបន្តិច តែដោយសារពាក្យឃោសនា របស់ម្ចាស់ហាង ព្រមទាំងការខំប្រឹងប្រែងបង្រួមខ្លួន របស់ស្បែកជើងកែងក្រហមទៀតនោះ ទីបំផុតនារីរូបស្រស់ ក៏សម្រេចចិត្តទិញយកស្បែកជើងកែងនោះ ជាមួយតម្លៃមួយដែលមិននឹកស្មាន ធ្វើឱ្យស្បែកជើងដទៃដែលនៅក្បែរនោះលាន់ពាក្យគ្រប់គ្នា៖
-ពុទ្ធោ! នេះម្ចាស់ហាងលក់ស្បែកជើងកែងនោះ ត្រឹមតែតម្លៃប៉ុណ្ណឹងទេ?
-ត្រូវហើយ ចុះក្រែងថា ថ្លៃណាស់នោះអី?
ទោះបីជាមិនដឹងតម្លៃពិត ដែលខ្លួនត្រូវបានគេលក់ចេញ ក៏ស្បែកជើងកែងក្រហមនៅតែសប្បាយចិត្តជាខ្លាំង មុនចាកចេញ វាថែមទាំងបាននិយាយសើចចំអក ឱ្យស្បែកជើងដទៃទៀតថា៖
-យ៉ាងម៉េចដែរ? ឃើញហើយឬនៅ? លាសិនហើយណា ពួកគ្មានអ្នកត្រូវការ!
ត្រូវបានគេទិញយកទៅបែបនោះ វាកាន់តែមានមោទនភាពចំពោះខ្លួនឯង ហើយញញឹមចាកចេញ ដោយមានក្ដីសុខបំផុត ។ ប៉ុន្តែជាក់ស្ដែង ស្បែកជើងដែលនៅក្នុងហាងនោះទៅវិញទេ ដែលជាអ្នកមានក្ដីសុខបំផុត ពីព្រោះពួកវាពុំចាំបាច់ត្រូវស្ដាប់ពាក្យអួតក្អេងក្អាង របស់ស្បែកជើងកែងមួយគូនោះតទៅទៀតឡើយ៖
-មិនដឹងថាគួរអាណិត ឬសប្បាយចិត្តទេ ដែលឃើញបែបនេះ
-ហ៉ើយ! មិនបាច់ទៅគិតច្រើនជំនួសវាទេ បានវាចេញទៅក៏ល្អដែរមិនបាច់ទ្រាំថ្លង់ ស្ដាប់ពាក្យអត់ប្រយោជន៍ របស់វារាល់ថ្ងៃ
-តែយ៉ាងណាក៏វា ធ្លាប់ជាមិត្តនៅរួមគ្នាជាមួយពួកយើងយូរដែរហើយ ពួកឯងមិនស្រណោះវាខ្លះទេ?
ស្បែកជើងរាបស្មើ ពណ៌សាច់ បានសួរទៅស្បែកជើងដទៃ៖
-ទៅស្រណោះអី? ឯងមិនឃើញពេលវាត្រូវបានគេយកទៅ វាធ្វើមុខយ៉ាងម៉េច និយាយអ្វីខ្លះ ដាក់ពួកយើងទេ?
-ត្រូវហើយ! ដូចវាសក្តិសមហើយ ដែលជួបម្ចាស់បែបនឹង មើលតែមុខរូបរាងក៏ដឹងថាល្អតែរូបដែរ ។ អួតរាល់ៗថ្ងៃថាខ្លួន មានតម្លៃ ល្អអ៊ីចេះ ល្អអ៊ីចុង តែចុះក្រោយក៏ត្រូវគេលក់បញ្ចុះតម្លៃដដែល
-មែននឹង! បានហើយៗ ឈប់និយាយពីវាទៀតទៅ។ ពីពេលនេះទៅដឹងត្រឹមថាពួកយើង នឹងរស់នៅដោយមានក្ដីសុខ មិនបាច់រំខានត្រចៀកទៀតទេ។
និយាយពីស្បែកជើងកែងក្រហម មួយគូនោះវិញ ក្រោយពីបាននារីម្នាក់នោះ ទិញយកទៅហើយ វាត្រូវបាន គេយកទៅប្រើប្រាស់ស្ទើររាល់ថ្ងៃ ស្ទើរគ្រប់កម្មវិធី។ ម្ចាស់ស្រីថ្មី របស់វា ហាក់ស្រឡាញ់វាណាស់ ទុកវាក្នុងទូឈើយ៉ាងប្រណីត បោសជូតសម្អាតវាយ៉ាងដិតដល់ទៀតផង ។ ក្រោយពីបានមកនៅជាមួយម្ចាស់ថ្មី ស្បែកជើងកែងក្រហមពិតជាសប្បាយចិត្តណាស់ គ្រប់យ៉ាងហាក់ល្អខ្លាំងណាស់សម្រាប់វា ប៉ុន្តែវានៅតែមិនចោលចរិត ចូលចិត្តអួតក្អេងក្អាងរបស់វាដដែល៖
-ហ៉ើយ! ត្រូវគេពាក់ចេញទៅដើរហើរ ក្នុងកម្មវិធីស្ទើររាល់ថ្ងៃ ពិតជានឿយហត់ខ្លាំង ណាស់
វាចារផ្លែផ្លារបស់ស្បែកជើងកែងក្រហម ពិតជាធ្វើឱ្យស្បែកជើងដទៃ សង្កៀរចិត្តជាខ្លាំង តែពួកវាហាក់ដឹងច្បាស់ពីរឿងអ្វីម្យ៉ាង ទើបមិនសូវចាប់អារម្មណ៍ នូវសម្តីរបស់ស្បែកជើងកែងប៉ុន្មានទេ តែក៏មានស្បែកជើងពណ៌ស កែងខ្ពស់បន្តិច ដែលដាក់នៅខាងក្រោមវាមួយធ្នើរ ពោលឡើងថា៖
-ទាន់មានឱកាសសប្បាយ ក៏សប្បាយឱ្យហើយទៅ តែត្រូវចាំថាផែនដី មានរាងមូល
សម្ដីរបស់វាក៏ធ្វើឱ្យស្បែកជើងកែងក្រហម ងើងឆ្ងល់បន្តិចដែរ តែព្រោះស្ថិតក្នុងសភាព ត្រូវបានគេថ្នាក់ថ្នមយ៉ាងខ្លាំង ទើបវាពុំបានចាប់អារម្មណ៍ខ្វល់ខ្វាយច្រើន ។…………..
ពេលវេលាចេះតែកន្លងផុតទៅ ស្បែកជើងកែងក្រហម ត្រូវបានគេប្រើប្រាស់ ស្ទើរតែគ្រប់ពេលដែលម្ចាស់វាចេញក្រៅ រហូតសូម្បីថ្ងៃធម្មតា ក៏ម្ចាស់ស្រីវាពាក់វាដែរជាហេតុធ្វើឱ្យស្បែកជើងកែងក្រហម ត្រូវសឹករេចរឹលជាខ្លាំង ពេលខ្លះដែលម្ចាស់វា មកពីនឿយហត់ខ្លាំង ក៏ដោះវាចេញ បោះចោលក្នុងបន្ទប់ ទាំងគ្មានសណ្ដាប់ធ្នាប់ យូរទៅស្បែកជើងកែងដ៏ស្រស់ស្អាត ក៏លែងមានភាពស្រស់ស្អាតទាក់ទាញដូចមុន ។ ឃើញសភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែយ៉ាប់យឺនទៅៗវាពិតជា ពិបាកចិត្ត និងតូចចិត្តជាខ្លាំង៖
-បើដឹងថានាងនេះជាមនុស្សបែបនេះ ខ្ញុំនឹងមិនមកនៅជាមួយនាងទេ
សំនៀងដ៏សោកសៅរបស់ស្បែកជើងកែងក្រហម ពិតជាគួរឱ្យអាណិតជាពន់ពេក ធ្វើឱ្យស្បែកជើងដទៃក៏កើតចិត្តស្រណោះវាខ្លះដែរ ។ វាក៏ចាប់ផ្ដើមនឹកឃើញ នូវទិដ្ឋភាព ពេលដែលនៅក្នុងហាងលក់ស្បែកជើង ទោះបីជាមិនបានចេញទៅណា ប៉ុន្តែម្ចាស់ហាងពិតជាយកចិត្តទុកដាក់នឹងវាខ្លាំងណាស់ ស្រឡាញ់វា និង មើលថែវាយ៉ាងដិតដល់ស្ទើរគ្រប់ពេល។ ពេលនឹកឃើញម្ដងៗ ដំណក់ទឹកថ្លាក៏ស្រក់ចុះមកជាបន្តបន្ទាប់ វាពិតជានឹកស្រណោះពេលវេលានោះខ្លាំងណាស់ ។…………….
ក្រោយមក ប្រហែលជា៣ខែ ឬ៤ខែ នារីជាម្ចាស់ ក៏ត្រូវទៅចូលរួមកម្មវិធីទៀត ហើយស្បែកជើងកែងក្រហម ក៏ត្រូវបានគេយកទៅប្រើម្ដងទៀត ប៉ុន្តែព្រោះតែខានប្រើរយៈពេលយូរ ហើយនៅលាយឡំគ្នាផង ពុំដែលទទួលបានការសម្អាតដិតដល់ផង និងដោយហេតុនារីជាម្ចាស់ មានស្បែកជើងជាច្រើនគូ សម្រាប់ផ្លាស់ប្ដូរ ធ្វើឱ្យគូម្ខាងរបស់ស្បែកជើងកែងក្រហម ត្រូវរេចរឹលសាកពណ៌ លែងស្អាតដូចមុន រឹតតែធ្វើឱ្យស្បែកជើងកែងក្រហម មានការឈឺចាប់ និងអន់ចិត្តជាខ្លាំង តែពុំអាចធ្វើអ្វីបាន ។
ក្រោយមកនារីជាម្ចាស់ស្បែកជើង ក៏ទៅរើរយកស្បែកជើង ដែលមានម៉ូតដូចគ្នានឹងស្បែកជើងកែងក្រហមនោះ ពីទូណាមកក៏មិនដឹង មកពាក់ជាមួយស្បែកជើងកែង ដែលនៅថ្មីម្ខាងនោះ ឃើញបែបនោះ ស្បែកជើងកែងខំប្រឹងស្រែកហាមនារីជាម្ចាស់ភ្លាមៗ តែនាងពុំបានឮសម្ដីវាទេៈ
-នាងច្រឡំគូហើយ! នោះមិនមែនជាគូរបស់ខ្ញុំទេ កុំយកស្បែកជើងថោកៗបែបនោះ មកពាក់គូជាមួយខ្ញុំ។
ប៉ុន្តែទោះជាវាខំប្រឹងតវ៉ាយ៉ាងណាក៏ដោយ ក៏នារីជាម្ចាស់ ពុំបានស្ដាប់ឮតាមពាក្យតវ៉ា របស់វាដែរ ដោយការទើសចិត្តខ្លាំងពេក ស្បែកជើងដែលមានពណ៌ខ្មៅមួយគូ ក៏និយាយទៅកាន់វាថាៈ
-ឈប់ឡូឡាទៀតទៅ នាងមិនបានច្រឡំគូទេ ឯងទៅវិញទេដែលវង្វេងគូ វង្វេងនឹងខ្លួនឯង
-វង្វេងយ៉ាងម៉េច? នោះពិតជាមិនមែនជាគូរបស់យើងពិតមែន
វានៅតែតវ៉ាជាមួយស្បែកជើងដទៃ ទាំងពុំដឹងច្បាស់ថាគេចង់សំដៅទៅលើអ្វីផង៖
-ឯងពិតជាមិនដឹង ឬក៏ធ្វើពុតជាមិនដឹង?
ស្បែកជើងមួយគូទៀតដែលមានភាពថ្មីជាងវាមិនច្រើនណាស់ណា បានសួរទៅវា៖
– ដឹងរឿងអី?
ស្បែកជើងកែងក្រហមនៅតែសួរបកទៅវិញ ទាំងចម្ងល់ដដែល៖
-ឯងមកនៅទីនេះប៉ុន្មានខែហើយ? ដែលឃើញម្ចាស់ស្រីពួកយើង មើលថែស្បែកជើងចាស់ៗដូចពួកយើង បានដិតដល់ដូចឯងកាលពីដំបូងទេ?
-ក្នុងលោកនេះណា គ្មានអ្វីដែលអាចនៅគង់វង្ស ស្ថិតស្ថេរបានរហូតទេ។ របស់ថ្មី គេតែងតែស្រឡាញ់ និងឱ្យតម្លៃជារឿងធម្មតា ប៉ុន្តែបើថ្ងៃណាមួយ វាចាស់ លែងស្អាតអស់តម្លៃ គេក៏អាចមើលរំលង ហើយយកអ្វីផ្សេងមកជំនួសបានដូចគ្នា
ស្ដាប់ពាក្យណែនាំរបស់ស្បែកជើង ដែលនៅទីនោះយូរជាងគេ មិនទាន់ចប់ផង វាក៏ត្រូវនារីជាម្ចាស់បង្ខំពាក់ជាមួយគូផ្សេងចេញទៅក្រៅបាត់ទៅ ។
អំឡុងពេលចូលរួមក្នុងកម្មវិធី ស្បែកជើងកែងក្រហម គ្មានភាពសប្បាយរីករាយដូចគ្រាមុនសោះឡើយ វាមានអារម្មណ៍តូចចិត្ត និងស្រងេះស្រងោចជាខ្លាំង រហូតធ្វើឱ្យស្បែកជើងគូជាមួយវា ទ្រាំមិនបានក៏បន្លឺវាចាខ្លាំងៗ ដាក់វាថា៖
-ឯងល្មមឈប់ធ្វើចឹងបានហើយ! វាគ្មានអ្វីគួរឱ្យពិបាកចិត្តទេ នេះសំណាងហើយដែលគេមិនបោះឯងចោល នៅយកមកប្រើទៀត បើឯងនៅតែមិនសហការណ៍ ប្រយ័ត្នតែគេឈឺជើង គេចោលឯងគ្មានស្ដាយទេ។
-នាងហ៊ានបោះយើងចោលដែរហ្ន? ឯងដឹងថាយើងមានតម្លៃប៉ុន្នារទេ? យើងមិនមែនស៊េរី របស់Copyដូចឯងទេ
ស្បែកជើងកែងក្រហមនៅតែជជែក ប្រកែកពុំព្រមទទួលស្គាល់ការពិតឡើយ កាន់តែនិយាយ ស្បែកជើងមួយគូ ដែលមានម៉ូតដូចគ្នា តែមានចរិតខុសគ្នានេះ កាន់តែក្ដៅឆួលរៀងខ្លួន ប្រកែកតវ៉ាទៅមកៗ រហូតធ្វើឱ្យនារីជាម្ចាស់ឈឺជើង ស្ទើរតែគ្រិចដួលទៅហើយ៖
-អីយ៉ូយ! នេះកើតស្អីនឹង? ស្បែកជើងនេះ!
-ឃើញទេ ឯងធ្វើឱ្យនាងឈឺជើងហើយ វ៉ីសនឹងដួលទៀតផងយើងពិតជាមិនយល់ពីឯងសោះ របស់ប្រ៊ែនៗដូចជាឯងហេតុអីក៏មិនយល់ គ្រាន់តែហេតុផលងាយៗបែបនេះសោះ
ទោះបីជាស្បែកជើងកែងក្រហមមានចរិតក្រអើតក្រទម តែវាក៏មិនដែលមានចិត្តចង់ឱ្យម្ចាស់វាមានបញ្ហាដោយសារវាដែរ។ ប៉ុន្ដែហាក់ដូចជាយឺតពេលទៅហើយ ម្ចាស់ស្រីរបស់វា ហាក់គ្មានការអត់ធ្មត់ជាមួយ អ្វីដែលធ្វើឱ្យនាងឈឺចាប់ទេ កម្មវិធីមិនទាន់ចប់ស្រួលបួលផង នាងក៏បានត្រលប់មកវិញជាមួយអារម្មណ៍មួរម៉ៅយ៉ាងខ្លាំង៖
-ពិតជាចង្រៃមែន! របស់ថ្លៃ របស់ប្រ៊ែនស្អី អន់ជាងរបស់ជជុះនៅតាមផ្លូវទៅទៀត ធ្វើឱ្យយើងឈឺជើង វ៉ីសនឹងដួលខ្មាស់គេពេញកម្មវិធី!
ឮពាក្យត្មិះដៀលរបស់ម្ចាស់មកលើខ្លួន កាន់តែធ្វើឱ្យស្បែកជើងកែងក្រហម ខូចចិត្តទ្វេដង ហេតុអ្វីក៏នាងប្រែប្រួលខ្លាំងម្ល៉េះ? ពីដំបូងស្រឡាញ់និងឱ្យតម្លៃវាណាស់ ហេតុអីពេលនេះក៏នាងដូចមនុស្ស២ផ្សេងគ្នាចឹង? ហើយហេតុអីក៏បន្ទោសវាខ្លាំងយ៉ាងនេះ? តាមពិតខ្លួននាងទេដែលប្រើវាឥតឈប់ឈរ មិនយកចិត្តទុកដាក់សម្អាត ទុកដាក់គ្មានសណ្ដាប់ធ្នាប់ធ្វើឱ្យវាខូចខាត នៅយកស្បែកជើងផ្សេង មកពាក់លាយឡំនឹងវាទៀតម្យ៉ាងវាក៏គ្មានចេតនាធ្វើឱ្យនាងឈឺដែរ ។
កំពុងតែលិចលង់ជាមួយភាពសោកសៅ មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែនារីជាម្ចាស់បានយកស្បែកជើងកែងក្រហមមួយគូនោះ កាន់សំដៅទៅមុខរបងទ្វារផ្ទះ ទាំងអារម្មណ៍មួរហ្មងជាខ្លាំង ស្បែកជើងដទៃដែលយល់ពីហេតុការណ៍ ព្រោះធ្លាប់ឃើញជាច្រើនសារមកហើយ ក៏ពោលឡើងដោយចិត្តអាណិត៖
-មួយគូទៀតហើយ! ហ៉ើយ….
-របស់ថ្លៃបែបនឹង គេនៅដាច់ចិត្តបោះចោល ចុះទម្រាំដូចពួកយើង?
-នៅលើលោកនេះគ្មាន អ្វីដែលល្អឥតខ្ចោះនោះទេ ភាពល្អឆើតឆាយសម្បកក្រៅវាមិនគង់វង្សបានយូរទេ ដល់កាលវេលា វាក៏ត្រូវផ្លាស់ប្ដូរ ខូចខាត បាត់បង់ ទៅតាមនោះ។ ភាពល្អសម្បកក្រៅ គេអាចយកអ្វីផ្សេងមកជំនួសបាន មានតែភាពល្អស្រស់ពីខាងក្នុងចិត្តប៉ុណ្ណោះ ទើបគ្មានអ្វីអាចមកជំនួសឬ កាត់ថ្លៃបានឡើយ ។
-ត្រូវហើយ បំពេញតែតួនាទីខ្លួនឯងឱ្យល្អទៅបានហើយ ជួនកាល របស់ធូរថ្លៃ តែមានគុណភាព អាចនឹងត្រូវបានគេចង់ថែរក្សាជាង របស់ដែលថ្លៃតែងាយខូចខាតច្រើនជាង
មកដឹងខ្លួនម្ដងទៀត ស្បែកជើងកែងក្រហម ដែលធ្លាប់តែមានសភាពស្រស់ឆើតឆាយ មានមោទនភាព នឹងតម្លៃរបស់ខ្លួន ក៏បានប្រែក្លាយជាស្បែកជើង ស្លកពណ៌ សឹករេចរឹល ប្រឡូកប្រឡាក់ ហើយត្រូវបានគេបោះចោលក្នុងធុងសំរាមទៅហើយ។
ចុងក្រោយ ស្បែកជើងកែងក្រហម មិនអាចធ្វើអ្វីបាន ក្រៅតែពីសម្រក់ទឹកនេត្រា ទ្រាំខាំមាត់សង្កត់ចិត្ត ទាំងការខូចចិត្តជាខ្លាំង ទ្រាំទទួលយកការពិតទាំងចិត្តសោគសង្រែង នឹកស្រណោះកាលកន្លងដែលធ្លាប់តែលេចធ្លោ មានមនុស្សម្នាជាច្រើន ស្រឡាញ់ចូលចិត្ត ស្ញើចសរសើរពីភាពស្រស់ស្អាតរបស់វា តែខណៈនេះបែរជាត្រូវមកនៅទីស្មោគគ្រោក ជាមួយគំនរសំរាមជាច្រើនទៅវិញ ។
ប៉ុន្តែទោះជាយ៉ាងណា វាក៏ដឹងកំហុស និងភាពអំនួត មើលងាយអ្នកដទៃ ដែលវាធ្លាប់ធ្វើកន្លងមកដែរ ហើយសង្ឃឹមថា ថ្ងៃណាមួយ នឹងអាចមានអ្នកណាម្នាក់ មើលឃើញវាម្ដងទៀត ព្រមយកវាទៅកែច្នៃ ប្រើប្រាស់សារជាថ្មី ហើយបើមានថ្ងៃនោះមែន វានឹងប្ដេជ្ញាកែប្រែខ្លួនជាថ្មី ឈប់អាត្មានិយម និងមានមោទនភាពចំពោះខ្លួនឯងជ្រុលទៀតហើយ ៕
ចប់