រឿង៖ ភ្លេងជីវិត

គ្មានអ្វីគួរឱ្យសង្ស័យនោះទេ!

ធម្មតាជីវិតរស់នៅ គឺពិបាកហើយ ពីព្រោះថា ជីវិតគឺជាការផ្តល់ឱ្យ មិនមែនយើងចង់បានអ្វីពីជីវិតមកវិញទេ តែយើងយល់ខុស មិនព្រមក្រោកមកបង្កើត​បែរជាអង្គុយ​រង់ចាំបានជាគ្រប់យ៉ាងមិនបានដូចចិត្តចង់បានសោះ​វាមិនខុសអ្វីពី កាប់បំពង់រង់ចាំទឹកភ្លៀង។

«កាលគេងកើយភ្លៅរស់នៅជិតគ្នា យើងមាន​ផ្កាស្លាអំបោះហត្ថាក្រៀករឹត រស្មីភ្លើងទៀន​ព្រមានដួងចិត្ត​​ឱ្យគិតអាណិតស្នេហា»

ខ្ញុំតែងច្រៀងបទនេះ​ ទំនួញទ្រខ្មែរ ដែលជាបទមួយ​ពុកបង្រៀនឱ្យច្រៀងដំបូង។​ អ្នកនៅក្បែរៗតែងសួររកម៉ែខ្ញុំរាល់ពេលឮខ្ញុំច្រៀងបទនេះឡើង។ ពួកគេគិតថា ពុកខ្ញុំប្រហែលជាមាន​ មនោសញ្ចេតនា​សោកសៅណាមួយ​ជាមួយម៉ែ​បានជាមកបង្រៀនកូនស្រីឱ្យច្រៀងបទរបៀបនេះរហូតមក។

«ខ្ញុំមិនដឹងពីម៉ែទេមីង! កាលនៅស្រុកអ៊ំៗប្រាប់ថាម៉ែស្លាប់!»

ខ្ញុំឈ្មោះ ធីណា​អាយុ​១៥ឆ្នាំ។

«ស៊ាន​ ធីណា»

គេប្រកូកហៅឈ្មោះខ្ញុំហើយ។

ខ្ញុំកំពុង​ត្រៀមចូលរួមកម្មវិធីប្រលងរើសអ្នកចម្រៀងរបស់ភោជនីយដ្ឋានមួយ។ មនុស្ស​គ្រប់គ្នាគេពេញវ័យទាំងអស់ សុទ្ធតែ​មើលទៅតឹងតែង​ចំណែកខ្ញុំៗមិនអីទេ ខ្ញុំក្មេង​ជាងគេ​ហើយស្រស់ស្រាយណាស់។

ពុកខ្ញុំតែង​ទូន្មាន​ប្រាប់ថា លទ្ធផល​នៅក្នុងជីវិត គឺជាសកម្មភាពរបស់យើងដែលផ្តល់ទៅឱ្យភពផែនដី ផ្តល់ទៅឱ្យកន្លែងដែលផ្តល់កំណើតដល់យើង ។

ដូច្នេះ​បើយើងគ្មានលុយ​​មានតែសំឡេងត្រូវខំច្រៀងលួងលោម បើយើងមាន​ធ្មេញសស្អាត​ត្រូវខំសើច បើយើងមាន​ពាក្យសម្តីពីរោះត្រូវខំនិយាយទៅកាន់មនុស្សដែលបានធ្វើល្អចំពោះយើងបណ្ដុះបណ្ដាលយើង បង្កើតជីវិតយើងឡើងមក និងផ្តល់ទៅឱ្យអ្នកដែលមានឱកាសតិចជាងយើង។

ខ្ញុំក្រយ៉ាងនេះហើយ​ពុកនៅគិតថានៅមាន​គេណាមានឱកាស​តិចជាងយើងទៀត?

តាមពិត​យើងមាន​ដីមានផ្ទះមានចម្ការខ្លះនៅកំពង់ចាម​តែពុកជួបគ្រោះថ្នាក់កាលខ្ញុំអាយុ៨ឆ្នាំ លក់ដូរមើលជើងគាត់អស់។​លុះដល់ពេលនេះពុកនៅតែ ដើរមិនបាន​មាំនៅឡើយ។

បើខ្ញុំក្លាយជាអ្នកចម្រៀងល្បីម្នាក់​ខ្ញុំនឹងមានលុយ​មើលជើងពុកជាវិញ។

ដំបូងគ្មាន​អ្នកណាជឿថា ពុកនឹងមកភ្នំពេញទេ​គេគ្រប់គ្នា​គិត​ថាវាទៅមិនរួចឡើយ។ គាត់ជាតិនេះនឹងមិនចាក​ចេញពី​មេមត់កំពង់ចាមឡើយ។

មិនដឹងថា​អ្វីដែលដឹងមកពិតឬក៏ក្លែងក្លាយប៉ុន្តែ ពួកគេ​និយាយថា ចង់ល្បីឈ្មោះ​ទាល់តែទៅភ្នំពេញ។

ខ្ញុំសប្បាយចិត្តនឹងឮដូច្នេះ ភ្នំពេញជាក្តីស្រមៃរបស់ខ្ញុំ។

ពេលនេះ​យើងមកជួលផ្ទះ​នៅទីនេះ​នៅភូមិក្រីក្រមួយក្បែររោងចក្រព្រោះថា ខ្ញុំមាន​ជំងឺរបេង​ត្រូវនៅព្យាបាល។

«កុំច្រៀងច្រើនពេកកូនចាំជាសិនទៅ!»

ព្រោះស្អែកត្រូវសាកសំឡេងហើយ។ ចុះឈ្មោះរួចហើយ​ ចិត្តនៅតែខំជានិច្ច​មិនព្រម​ផ្តេកផ្តួលឡើយ។

ខ្ញុំនេះ​ធ្លាប់ទៅហើយ​ក្នុងការផ្សងព្រេងឆ្លងកាត់ការលំបាក ហើយការផ្សងព្រេងរបស់ខ្ញុំអាចទៅដល់ទីតាំងណា មួយតាមក្តីស្រមៃ​ឬអត់​វាអាស្រ័យ​លើខ្លួនខ្ញុំខ្លួនឯង។

 នៅភូមិនេះ​មនុស្ស​ប្រុសមាន​ដៃជើងល្អភាគច្រើនរស់នៅជាមួយដបស្រា ឬប៊ីយែរ​ប៉ុន្តែពុកវិញ គាត់មិនដែល ស្ត្រេសដល់ថ្នាក់ជ្រើសរើសយកសុរាធ្វើជាត្រីមុខចោលកូន​ស្រីតូចម្នាក់នេះទេ។

មុននេះច្រើនឆ្នាំពុកធ្លាប់មាន​ប្រពន្ធក្រោយឈ្មោះមីង​ថាច តែមីងនោះស្អាតពេក បានក្លាយទៅជាអ្នកចម្រៀង​នៅតាមព្រែក​ហើយក្រោយមកគាត់ក៏មាន​ប្តីថ្មី ជាអណិកជន​ដោយធុញនឹងជំងឺពុកខ្ញុំ។

នៅជាប់ផ្ទះជួលនេះ មាន​បងស្រីម្នាក់ឈ្មោះថា បងសាំងឌី ដែលជាម៉េម៉ាយកូនម្នាក់ វ័យប្រហែលខ្ញុំ។ គាត់ធ្វើការនៅទូរទស្សន៍ជាអ្នកកាន់ឃ្លាំងឱ្យគេ។ គាត់បាននិយាយថា វាគ្មានអ្វីអស្ចារ្យទេ ទាំងលំបាកនិងស្រណុកនៅក្នុងជីវិតរបស់មនុស្សយើង។ គាត់ធ្លាប់ជាកូនស្រីអ្នកមាន ហើយរត់មកនៅជាមួយសង្សារព្រោះមិនចង់រៀបការតាមបញ្ជា​ប៉ាម៉ាក់ជាមួយមនុស្ស​ដែលគាត់មាន​អារម្មណ៍អាក្រក់ជាមួយ។

ចុងក្រោយប្តីគាត់ចេញចោលគាត់ដដែល។ ទោះយ៉ាងណា​គាត់អាចចិញ្ចឹមកូនឱ្យចូលរៀនបាន។ កូនគាត់ឈ្មោះពិដោរអាយុ១៤ឆ្នាំ​រៀនថ្នាក់ទី៧ហើយ។ ​ពិដោរតែងមកលេងជាមួយខ្ញុំពេលម្តាយទៅធ្វើការបាត់ ​ហើយនាង​អត់មាន​សោរចូលផ្ទះ ក្រោយនាង​មកពីសាលាវិញ។​

យប់ៗឡើង​ពេលខ្ញុំចូលលេងផ្ទះគាត់​គាត់ប្រាប់ជារឿយៗថា តាមពិតទៅគ្រប់យ៉ាងគឺទទេស្អាត កុំបាច់ចង់បានពេកកុំបណ្តោយពេកដែរ។ បើសិនជាធីណាឯងចង់ ចាប់យកអាជីពសិល្បៈហើយអាចទុកចិត្តខ្លួនឯងថា អាចធ្វើបានល្អ​ កុំឆ្ងល់ច្រើន ក៏ធ្វើទៅ។

ពេលទៅប្រលងក៏មិនបាច់ធ្វើការប្រៀបធៀប មិនបាច់ខ្វល់ពីអ្វី ធ្វើតែទេពកោសល្យ​ខ្លួនឯងឱ្យអស់លទ្ធភាព​ក៏បាន ព្រោះ​កាន់តែចេះគិត កាន់តែពិបាកចិត្ត​។ ឮ?

ជីវិតមនុស្ស​គឺ​ជាការឈឺចាប់ ទោះបីជាយើងខំប្រឹងមិនប្រឈមមុខជាមួយវា ឬមួយក៏មិនយកចិត្តទុកដាក់ជាមួយវា ប៉ុន្តែយើងនៅតែគេចពីវាមិនផុតនោះទេ បន្តិចម្តងៗដោយចាប់ផ្ដើមដឹងពីរឿងអាក្រក់ៗ ជាច្រើនកើតមានឡើងនៅក្នុងពិភពសិល្បៈមួយនេះ ភាពអាត្មានិយមបក្ខពួកឱកាសកេងចំណេញផ្លូវភេទនិងការរើសអើងដោយសារតែយើងមានសម្បុរស្បែកជាកូនអ្នកស្រែមិនស័ក្តិសមនឹងឡើងឆាកមិនស្រស់ស្អាតដាច់គេអ្នកដែលប្ដូរស្បែកទាំងអស់នេះនៅតែក្លាយទៅជាឌីប្រេសសិនដ៏សំខាន់សម្រាប់អ្នកផ្សេង។

នេះជាអ្វីដែលខ្ញុំបានឮបងម្នាក់ឈ្មោះស៊ីន ដែលមកកន្លែង​ប្រឡងដែរ បាននិយាយខ្សឹបខ្សៀវគ្នា​នឹងប្អូនស្រីស្រីគាត់ពេល រង់ចាំឈ្មោះឡើងសមសំឡេង។

«ស៊ាន ​ធីណា»

គេហៅខ្ញុំទៀតហើយ  អាចថាខ្ញុំជាប់ដឹង?

ខ្ញុំក្រោក​ដើរទៅ។

«មកតាមបង!»

បងប្រុសម្នាក់ដែលរៀបចំការប្រឡងនេះ​នាំផ្លូវខ្ញុំទៅក្រោយឆាក​ទុកបងសាំងឌីនិងពិដោរនៅអង្គុយចាំ កន្លែងដដែល។​ពុកមិនបានមកទេគាត់ផ្ញើខ្ញុំនឹងបងសាំងឌី។

«ពុកក្មួយឈ្មោះអី?»

មនុស្ស​ស្រីម្នាក់ស្អាត​ខ្ញង់ និងមាន​ងារជាថៅកែ​ទីនោះ​បាន​ហៅខ្ញុំទៅជួបក្រោយឆាក។ ​សង្ឃឹមថា​នេះក៏ព្រោះ​តែគាត់ពេញ​ចិត្ត​នឹង​សំឡេងរបស់​ខ្ញុំទៅចុះ។

ដោយសម្លឹង​មុខ​ខ្ញុំពីលើដល់ក្រោម គាត់ចាប់ផ្តើមបណ្តេញ​មនុស្ស​ចេញ​ហើយ​សួរខ្ញុំសំណួរប្លែកៗ​​ ។

«គាត់ឈ្មោះឈឿន ស៊ាន!»

ស្ត្រីនោះស្រងូត ពេលឮសម្តីខ្ញុំ។

«គាត់មកទេ?!»

«គាត់មិនមកទេអ្នកមីង!»

«ហេតុអី បើកូនមកប្រឡងបានអ្នកណាជូនមក?!»

«អ្នកជិតខាង!»

«ទុកចិត្ត​គេម្ល៉េះ?!»

«ពុកខ្ញុំដើរមិនបានស្រួល  ម្យ៉ាងទៀត​គាត់មិនសូវចូលចិត្ត​អ៊ូអរ!»

មីងនោះងក់ក្បាល។

«ខ្ញុំជាប់ទេអ្នកមីង?!»

«ប៉ុន្តែហេតុអីបានជាឯងជ្រើសរើសយកការងារជាអ្នកចម្រៀងកូនស្រី?»

«ខ្ញុំចូលចិត្តណាស់ៗ​ខ្ញុំចង់បានលុយ​ព្យាបាលជើងពុកដែរ!»

គាត់ដកដង្ហើមធំដោយ​អាកប្បកិរិយាវិជ្ជមាន​ហើយ​សម្លឹងខ្ញុំយឺតៗទៀត។ មុនពេល​ភ្នែករបស់គាត់បានប្រែក្លាយទៅជារលីងរលោង ការគិតរបស់ខ្ញុំដែលពោរពេញទៅដោយភាពសង្ឃឹម​បានរសាត់បាត់​ជំនួស​ដោយភាពងឿងឆ្ងល់។

មកផ្ទះវិញ​​ខ្ញុំប្រាប់ពុកថា ៖

«ខ្ញុំបានការងារហើយពុក ទទួលបាន​មួយថ្ងៃ​១០ដុល្លារ​ច្រៀងម៉ោង៥ល្ងាចដល់៩យប់!»

ពុកខ្ញុំនៅស្ងៀម ដោយ​កំហឹងនិងការខកចិត្ត។

ជាបណ្តើរៗ ទឹកមុខគាត់​បាន​ក្លាយទៅជាភាពរឹងមាំ ហើយតបនឹង​ខ្ញុំ៖

«មិនអីទេ​ ទោះ​វាតិចពេក​ណាស់ តែជាកម្លាំងដំបូងរបស់កូន!»

យ៉ាងហោចណាស់ យើងបានលុយ​ហើយ​ម៉េចគាត់គិតថាតិចទៀត?

ខ្ញុំមិនយល់ដែរតែសប្បាយចិត្ត​ពេក​ក៏​ខ្ជិលសួរនាំច្រើន។

ពិភពលោកនេះមិនយុត្តិធម៌ទេ  ខ្ញុំចូលចិត្តលេងហ្គីតាណាស់តែលេងមិនបានល្អ ចំណែក​ពិដោរមិនចូលចិត្ត​ទេ​តែចាប់រៀនភ្លាម​លេងបានល្អជាងខ្ញុំទៅហើយ។

នាង​មិនពូកែអក្សរសាស្ត្រ មិនពូកែភាសាបរទេស មិនពូកែកុំព្យូទ័រ ដូច្នេះខ្ញុំបែរជាពូកែជាង​នាង​ទាំងដែលឈប់រៀនកណ្តាលទីទៅហើយ។

មិនអាចធ្វើអ្វីបានទេ ព្រោះចុងក្រោយនេះ​ជើងពុករបស់ខ្ញុំឈឺត្រូវឆែកមើល​ឡើងវិញ​ហើយ​យើងអត់លុយ ចំណែក​ខ្ញុំក៏មានជំងឺរបេងទើបនឹងធូរបានជាតែនៅលេបថ្នាំប្រចាំ។

តែទីបំផុតទៅយ៉ាងហោចណាស់ក៏ខ្ញុំមានបងសាំងឌី គ្រូពេទ្យផ្លូវចិត្តដ៏ល្អម្នាក់ ។

«ហើយចុះបើថ្ងៃក្រោយធីណាក្លាយជាអ្នកចម្រៀងល្បីតើបងឯងនឹងនឹកឃើញខ្ញុំទៀតដែរអត់? បងឯងនឹងអាត្មានិយមដូចពួកគេដែលម៉ាក់និយាយ ហើយ​រើសអើងអ្នកនៅផ្ទះជួល​ដូចយើង​ដែរ?!»

នៅផ្ទះជួលមានអីមិនល្អ?

ខ្ញុំដែលធំឡើងជាមួយការមិនដឹងមិនឮអំពីការរើសអើងនានាលើលោកនេះ ចាប់ផ្តើមដឹងច្រើនឡើងៗ ពេលមក​នៅក្បែរនឹងស្គាល់គ្រួសារបងសាំងឌី។ ព្រោះពីតូចមក ​ពុកខ្ញុំមិនដែលនិយាយអំពីរឿង វណ្ណៈនិងការឈឺចាប់ ទាំងអស់រវាងអ្នកក្រនិងអ្នកមានទេ ​គាត់មិននិយាយ។

ចេញពីមនុស្សគ្មានអី្វទាំងអស់ដូចខ្ញុំនឹង មិនដែល​បោះបង់ចោលការស្រមៃ​មិនដែលមិនសប្បាយចិត្ត​ចំពោះ​អ្វី​ដែល​ខ្ញុំមាន​នោះឡើយ ដូច្នេះខ្ញុំមិនស្រពោនដូចពិដោរទេ។

នាង​និយាយជានិច្ច​ថា៖

«កូនគេប៉ុនយើង គេមានiPhoneកាន់​និងមានប៉ាមកឌុបឡានទៅរៀន!»

រម្លឹកអំពីទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងគ្រួសារ​បងសាំងឌី ខ្ញុំចង់បញ្ជាក់រឿងមួយថា តាំងពីខ្ញុំដឹងក្ដីកាលណាដាក់ក្នុងនាមជាក្មេងមិនមានម្ដាយ ខ្ញុំរស់នៅជាមួយអ៊ំស្រីរបស់ខ្ញុំនិងពុក។ មុនពេលអ៊ំ​ស្លាប់ បាត់ពីពិភពលោកនេះទៅខ្ញុំបានត្រឹមដឹងថា ឧបសគ្គជីវិតដែលយើងកំពុងជួបភាគច្រើនបង្កើតឡើងមកដោយសមាជិកគ្រួសារយើងខ្លួនឯង ភាគច្រើនគឺពុករបស់ខ្ញុំដែលគាត់ឈឺនិងមិនព្រមមើល​​ហើយ​មិនព្រមចាប់កាន់ការងារអ្វីនៅភ្នំពេញ​ព្រោះមានតែភ្នំពេញ​ទើបសម្បូរការងារ​ដែលស្រាលៗសមនឹង​មនុស្ស​របួសដូចគាត់។

ពុក​មិនព្រមគ្រប់គ្រងជីវិតរបស់គាត់ឱ្យល្អប្រសើរឡើងទេ ​ព្រោះជាប់សម្ងំលាក់មុខមិនហ៊ានប្រកបរបរចិញ្ចឹមជីវិតតាមរបៀបផ្សេងៗ នេះជាសម្តីអ៊ំខ្ញុំប្រាប់ តាមដែលខ្ញុំនៅជាមួយ។

«ហេតុអ្វីបងមិនឱ្យកូនបានទៅរៀន?!»

សំឡេងនេះខ្ញុំដូចធ្លាប់ស្គាល់?

ខ្ញុំទើបតែចេញ​មកពីផ្ទះបងសាំងឌី ដើរកាត់តាមសួនច្បារសាធារណៈមួយ ប្រុងថានឹងទៅរកទិញ​ សាច់ខ្លះ ដើម្បីយកមកជូនពុកខ្ញុំហូបអបអរសាទរស្អែកខ្ញុំត្រូវចូលច្រៀងថ្ងៃដំបូង ស្រាប់តែខ្ញុំឃើញឡានទំនើបមួយ អែបក្បែរសួនដែល​នៅក្បែរនោះបានឮសំឡេងអ្នកណាម្នាក់ដូចជាខ្ញុំធ្លាប់ស្គាល់ប៉ុន្តែរកនឹកមិនទាន់ឃើញ ។

«បើសិនជាបងយកកូនខ្ញុំទៅចិញ្ចឹម បងគួរតែចិញ្ចឹមគេឱ្យបានល្អមិនគួរឱ្យមកធ្វើអ្វីដែលខ្ញុំធ្លាប់ធ្វើកាលពីអតីតកាលនោះទេ !ឥឡូវនេះខ្ញុំសុំយកគេទៅនៅជាមួយខ្ញុំវិញហើយ! បងថាម៉េចដែរ? ទោះយ៉ាងណា​ខ្ញុំមានលទ្ធភាពឱ្យគេស្រណុកសុខស្រួលបាន »

«សួរកូនទៅ! បើសិនជាគេព្រមទៅ ខ្ញុំមិនថាអ្វីទេ !»

ខ្ញុំភ្ញាក់ធ្លាក់របូតថង់សាច់បែកខ្ចាយទៅលើចិញ្ចើមថ្នល់។ នោះគឺជាសំឡេងរបស់ពុកខ្ញុំ ។ គាត់និយាយគ្នាធម្មតាសោះ ហេតុអីបានជាខ្ញុំភ្ញាក់យ៉ាងនេះ។

មនុស្សពីរនាក់ចេញពីក្រោយឡានដែលកំបាំងពីមុខខ្ញុំ ហើយបង្ហាញខ្លួនមុខខ្ញុំ ប្រហែលពួកគេ​ឮថង់បែកខ្ចាយ​របស់ខ្ញុំ។​ពួកគេ​នោះគឺពុករបស់ខ្ញុំហើយម្នាក់ទៀតគឺអ្នកមានដែលបានជ្រើសរើសខ្ញុំយកចូលធ្វើការ។

 អ្នកទាំងពីរស្គាល់គ្នាពីពេលណាខ្ញុំរកនឹកមិនឃើញទេ ?

អាថ៌កំបាំងនៅលើលោកយើងនេះមានច្រើនពេកហើយ!

នោះគឺជាល្ងាចដែលខ្ញុំបានដឹងថាតាមពិតខ្ញុំគឺជាកូនចិញ្ចឹមរបស់ឪពុកខ្ញុំ ។

គាត់ធ្លាប់ជាសន្តិសុខម្នាក់នៅភ្នំពេញ។ ចំណែកមីងដែលខ្ញុំស្គាល់នោះឈ្មោះថា ម៉ាលីសគាត់គឺជាអ្នកចម្រៀងល្បីម្នាក់កាលពីជំនាន់នោះ ប៉ុន្តែគាត់ មិនដែល​បាន​ថតឌីសនោះទេ។ ក្រោយមកគាត់ត្រូវបានគេអ្នកមានម្នាក់ស្រឡាញ់ប៉ុន្តែគាត់ជ្រុលខ្លួនមានកូនម្នាក់ជាមួយនឹងប្រុសផ្សេងទៀត ជាភ្ញៀវគាត់ ដែល​ស្រឡាញ់និងចូលមកហាងនេះជាប្រចាំ ។

បុរសនោះមិនទទួលខុសត្រូវចំពោះអនាគតកូនគាត់បានទេដោយសារគេមានភរិយារួចហើយចំណែកបុរសនោះឯងគឺជាឪពុកបង្កើតរបស់ខ្ញុំ ហើយខ្ញុំក៏មិនដឹងថាគាត់ជាអ្នកណាដែរ ខ្ញុំរឹតតែមិនចង់ដឹង ប៉ុន្តែមីងនេះគឺជាម្តាយរបស់ខ្ញុំគាត់គឺជាមនុស្សដែលជិតស្និទ្ធជាមួយពុកធម៌យកខ្ញុំមកចិញ្ចឹម​ដល់ធំ​នេះ។

ពួកគេ​ដូចជាមិត្តម្នាក់ ម្ល៉ោះហើយដើម្បីឱ្យគាត់អាចរៀបការជាមួយប្តីអ្នកមានបានពុករបស់ខ្ញុំបានទទួល ខ្ញុំនេះមកចិញ្ចឹមហើយចាកចេញទៅកំពង់ចាមប្រាប់អ្នកភូមិប្រាប់អ្នកផ្ទះប្រាប់អ៊ំខ្ញុំថា ខ្ញុំគឺជាកូនរបស់ពុកខ្ញុំ តាមពិតពុកខ្ញុំមិនដែលរៀបការទេ។

គាត់មិនដែលមានភរិយាឡើយ។

ហេតុអ្វីពុកខ្ញុំធ្វើដូច្នេះ? ខ្ញុំបានសួរទៅគាត់វិញនោះទេ ខ្ញុំមិនព្រមទុកគាត់ត្រឹមជា​ឪពុកចិញ្ចឹម​ទេ ហើយបញ្ជាក់ថា ក្នុងបេះដូងខ្ញុំមានតែពុកម្នាក់ប៉ុណ្ណោះ ។

ពួកគាត់ក្រោយមក​បាន​ប្រាប់ថារឿងពិត​ដើមឡើយ ពួកគាត់បានស្គាល់គ្នា​ពេលមករកការងារធ្វើ​​ក្នុងភោជនីយដ្ឋាននោះ។ មកពីពុកខ្ញុំស្រឡាញ់ម្តាយ​ខ្ញុំខ្លាំងប៉ុន្តែគាត់មិនដែលបានសារភាព​រហូត​ម្តាយខ្ញុំទៅលង់ស្រឡាញ់បុរសម្នាក់ដែលជាភ្ញៀវទៅវិញ។

ចំណែកពុកខ្ញុំមានឋានៈត្រឹមជាសន្តិសុខ ចុងក្រោយទៀត ដើម្បីឱ្យគាត់បានទៅរៀបការជាមួយនឹងអ្នកមាន​មានអនាគត​ល្អ ពុកខ្ញុំបានទទួលយកខ្ញុំមកចិញ្ចឹមរយៈពេលដប់ប្រាំឆ្នាំមកហើយ។

នេះគឺជាមូលហេតុដែល​ពុកខ្ញុំមិនដែលឡើងមកភ្នំពេញនោះទេ ។

ថ្ងៃក្រោយមក​ម្តាយ​ខ្ញុំបាន​នាំខ្ញុំទៅហូបបាយនៅហាងរបស់គាត់។

គាត់ឥឡូវនេះគឺជាថៅកែហាង គាត់នៅតែមិនមានកូននោះទេ ចំណែកប្ដីរបស់គាត់បានស្លាប់កាលពីឆ្នាំមុនទៅហើយ។ គាត់ឡើងច្រៀងបទចម្រៀងដែលមានចំណងជើងថា ទំនួញទ្រខ្មែរ ធ្វើឱ្យខ្ញុំដឹងពីមូលហេតុថាហេតុអីបានជាពុកខ្ញុំចូលចិត្តបទនេះ។

 ហើយគាត់បានប្រាប់ខ្ញុំថា គាត់មានបទចម្រៀងមួយទៀត ដែលជាស្នាដៃតែងបទភ្លេងរបស់ពុកខ្ញុំតែងទុកឱ្យគាត់ច្រៀង​ជាយូរមកហើយ។

គាត់បានឱ្យខ្លឹមសារទំនុកច្រៀងមកខ្ញុំហើយបានបង្រៀនខ្ញុំអំពីទំនុកច្រៀងបទនោះមានចំណងជើងថា «ព្រោះតែស្រឡាញ់ »។

តាមរយៈបទនោះ គាត់បានប្រាប់ខ្ញុំថាតាមពិតពុកជាអ្នកលេងព្យាណូម្នាក់ដ៏ពូកែ​និងចេះតែងបទភ្លេងចង់បានអនាគតមួយនៅភ្នំពេញ តែ​ឆាក​ជីវិតមនុស្ស​រមែងតែ​មានលក្ខណៈបត់បែន មានហេតុមានផលរាប់សែន និង​ប្លែកគ្នា​រាប់លានប្រការរកតែយើងដាក់កំហុសទៅអ្នកណាថាខុសមិនបាន។

ដំបូងពុកក៏បាន​ចូលជាអ្នកលេងភ្លេង​ ម៉ាក់ខ្ញុំជាអ្នកច្រៀង។ ពួកគេជាយុវវ័យក្រីក្រ ។ ម៉ាក់ក៏ដឹងថាពុកជាមនុស្សប្រុសល្អ​និងលួចស្រលាញ់គាត់ ប៉ុន្តែដោយសារម៉ាក់ជាកូនស្រីច្បងដែលមានប្អូនដល់ប្រាំមួយនាក់ក្នុងបន្ទុកនិងមានឪពុកម្តាយក្រីក្រ គាត់មានក្ដីសុបិនវែងឆ្ងាយក៏ចង់ក្លាយជាអ្នកចម្រៀងល្បីដូច្នេះ ហើយគាត់មិនអាចស្រឡាញ់ឬក៏សារភាពថា ស្រឡាញ់ពុកខ្ញុំដែរ​នោះទេ។

ក្រោយមកទៀតពួកភ្ញៀវដែលច្រណែនជាមួយពុកថាស្និទ្ធនឹងម៉ាក់ខ្ញុំ  បានស្ដីឱ្យថៅកែឮ ឱ្យពុកខ្ញុំបាត់បង់ការងារនៅលើឆាក កុំឱ្យមាន​ឱកាស​ស្និទ្ធស្នាលជាមួយនឹងម្ដាយខ្ញុំ។

ដោយថៅកែត្រូវឱ្យមាន​ម្នាក់ចុះចេញពីឆាក ពុកខ្ញុំបានយល់ព្រម​ក្លាយទៅជាសន្តិសុខយាមហាង​វិញនឹងអាលបានឃើញម្តាយខ្ញុំតាមការពារពេលម្តាយចេញពីច្រៀង  ចំណែកឯម្ដាយរបស់ខ្ញុំបានក្លាយជាអ្នកចម្រៀងដែលមានសេចក្ដីស្នេហាជាមួយនឹងបុរសអ្នកមានម្នាក់ក្នុងក្ដីសង្ឃឹមថា គេនឹង​អាចជួយផ្គត់ផ្គង់គ្រួសាររបស់គាត់។

នៅទីបំផុតទៅបុរសនោះបានបោកប្រាស់គាត់ហើយបន្សល់ទុកឱ្យខ្ញុំរស់នៅលើលោកនេះ ទាំងមិនស្គាល់ថា ឈាមនៅក្នុងខ្លួនខ្ញុំតាមពិតជាកម្មសិទ្ធិរបស់បុរសណា។

ប្រសិនជាថ្ងៃណាមួយខ្ញុំដើរកាត់តាមផ្លូវ ឃើញ​គាត់ក៏ខ្ញុំមិនស្គាល់ដែរ ។

ខ្ញុំមិនខ្វល់ថាគាត់ជាអ្នកណាទេ ហើយខ្ញុំមិនចង់ស្គាល់គាត់នោះឡើយ។

ខ្ញុំបាននិយាយប្រាប់ម្តាយខ្ញុំថា ខ្ញុំនឹង​ចាប់ផ្ដើមឡើងច្រៀងបទចម្រៀងនោះតែកែវាមក ចំណងជើងថា«ភ្លេងជីវិត»។

គឺខ្ញុំច្រៀងបាន​យ៉ាងពីរោះ។

 នៅពេលដែលពួកគេទះដៃ ភ្ញៀវទាំងឡាយបានឱ្យធីបខ្ញុំ ហើយ​ប្រុសចំណាស់ម្នាក់តាមសួរនាំរឿងប្រវត្តិគ្រួសារខ្ញុំ។

ចេញមកក្រៅ ម្តាយខ្ញុំបាន​ទាញដៃ​ខ្ញុំទៅចូលឡាន​ហើយប្រាប់ខ្ញុំថា នេះគឺជាយប់ចុងក្រោយដែលកូនឡើងច្រៀង!

គាត់ថា​នឹងនាំកូនចាកចេញពីទីនេះ លក់ហាងនេះចោលហើយយើងនឹងទៅរស់នៅកន្លែងឆ្ងាយ ម៉ែមិនឱ្យកូនធ្វើជាអ្នកចម្រៀងនោះទេ។

 ខ្ញុំបានប្រកែក​ថា ខ្ញុំមិនទៅណាចោលឪពុកខ្ញុំឡើយ ម្តាយខ្ញុំប្រាប់ថា គាត់បានបបួលពុកខ្ញុំទៅហើយប៉ុន្តែពុកខ្ញុំមិនព្រមទៅដូច្នេះគាត់បាន ស្ដីដណ្ដឹងអ្នកសាំងឌីនៅជិតខាងដែលមានការយោគយល់អធ្យាស្រ័យចំពោះគ្រួសារខ្ញុំ ឱ្យធ្វើជាភរិយាឪពុកខ្ញុំ។

ខ្ញុំសប្បាយចិត្ត​ឡើងវិញព្រោះពួកគាត់ក៏បានព្រមព្រៀងគ្នារៀបជាគ្រួសារដែរ។

ដូច្នេះម្តាយខ្ញុំបានសងគុណពុកដែលបីបាច់ខ្ញុំដោយទុនរកស៊ីខ្លះ នឹងនាំខ្ញុំឱ្យដើរហើរជាមួយគាត់បង្រៀនធ្វើជំនួញ និង​ណែនាំឱ្យ​ស្គាល់អត្ថន័យនៃជីវិតជាច្រើនអន្លើ ដែលពួកគាត់បានជួបប្រទះ។

បើអ្នកជាខ្ញុំ តើគួរទៅជាមួយគាត់ ឬបន្តនៅជាមួយឪពុកខ្ញុំ?

ខ្ញុំទើបតែនិពន្ធរឿងនេះដំបូងសូមទាំងអស់គ្នាជួយដាក់ពិន្ទុ​និងឱ្យយោបល់ផង៕