ខេត្តកំពង់ឆ្នាំង…
ខេត្ដកំពង់ឆ្នាំងជាទឹកដីចំណាស់មួយ ដែលល្បីល្បាញខាងសិប្បកម្មផលិតក្អមឆ្នាំងធ្វើពីដីឥដ្ឋដែលជាកេរដំណែល បន្សល់ទុកតាំងពីដូនតា ចាស់បុរាណខ្មែរយើងរហូតដល់សព្វថ្ងៃ។
អ្វីមួយទៀតដែលខេត្តនេះល្បីល្បាញ ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានស្គាល់និងឮនិយមនិយាយស្ងើចសសើរតៗគ្នាពីឥស្សរភាព ចិត្តស្រលាញ់ស្មោះភក្ដីរបស់នារីម្នាក់ចំពោះស្វាមីខ្លួន…ស៊ូពលីខ្លួនស្លាប់រង់ចាំស្វាមីខ្លួន កកើតក្លាយជាភ្នំនោះគឺ នាងកង្រី ក្នុងរឿងព្រេងខ្មែរ រឿង«ឬទ្ធិសែននាងកង្រី »។
ភ្នំនាងកង្រី ដែលមានរាងសណ្ឋានដូចជាមនុស្សស្រីសណ្ដូកខ្លួនមួយចំហៀង ស្ថិតចំពាក់កណ្ដាលទីរួមខេត្ដនិង បឹងទន្លេសាបដ៏ធំមួយជាប់និងជើងភ្នំ ជាទីតាំងប្រវត្ដិសាស្ដ្ររបស់ខេត្ដនេះ និងក្លាយជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ សម្រាប់ភ្ញៀវជាតិនិងបរទេស អញ្ជើញមកទស្សនាលេងនៅទីនេះគ្រប់រដូវកាល។
រឿងមួយចម្លែកដែលអ្នកស្រុកនេះ និយមនិយាយ ជឿតគ្នានោះគឺនៅចង្កេះភ្នំគឺមានម្អមដុះណែនតែនតាប់ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ម្អមនោះកើតពីរោមនាងកង្រី យក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោមយោនី នៃនាងកង្រីនោះឯង ។
នៅលើភ្នំនាងកង្រី ក៏មានដើមឈើតូចធំជាច្រើនប្រភេទ និងមានទន្លេយ៉ាងធំល្វឹងល្វើយ អាចឱ្យអ្នកទេសចរជាតិអន្តរជាតិ ជិះទូកកម្សាន្ត គយគន់មើលពីសម្រស់ភ្នំនាងកង្រី ពីត្រើយម្ខាងនៃទន្លេផ្សារក្រោមផងដែរ។
ថ្ងៃនេះក៏មិនខុសពីរាល់ដង មនុស្សម្នាភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុក នាំគ្នាហូហែរមកដើរលេង ទស្សនាក្នុងតំបន់រមណីដា្ឋនធម្មជាតិមួយនេះ។ ក្នុងចំណោមនោះ គេឃើញមានរថយន្តទំនើបថ្មីពណ៌ខ្មៅមួយគ្រឿង បើកបរជិះចុះចតឈប់នៅត្រង់កំពង់បឹង នារីម្នាក់ស្រស់សោភា ក្នុងវ័យម្ភៃឆ្នាំក្រាស់ គ្រងពាក់ឈុតខ្មៅស្រោបខ្លួន បើកទ្វារដើរចុះពីឡាន ដោយក្នុងដៃកាន់កោដ្ឋតម្កល់ធាតុ ក្រោមផ្ទៃមុខក្រៀមក្រំ ដើរជាចុះជាមួយអ្នកកំលោះសង្ហាម្នាក់ ទំនងជាសង្សាររបស់ខ្លួនបើមើលតាមភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់អ្នកកំលោះទៅកាន់នារីម្នាក់នោះ។
នាយកំលោះសង្ហាដើរគៀកស្មានារីស្រី ឈរក្បែរកំដរ លួងលោមនាង មួយសន្ទុះអ្នកទាំងពីរតម្រង់ទៅរកកន្លែងអង្គុយសម្រាកនៅឯក្រោមម្លប់ដើមពោធិ៍ដ៏ធំមួយបែកមែកសាខា សម្លឹងមើលទៅកាន់វាលល្វឹងល្វើយនៃដងទន្លេសាបនិងភ្នំពណ៌បៃតងដ៏ស្រស់ត្រកាលនៅមុខខ្លួន។
- ១០ ឆ្នាំហើយ ដែលអូនខានមកទីនេះ…គ្រប់យ៉ាងផ្លាស់ប្ដូរច្រើនណាស់!
នាងនិយាយទាំងដកដង្ហើមធំ ហត់នឿយទាំងកាយទាំងចិត្ត ផ្ដេកក្បាលខ្លួនឯងផ្អែកស្មាទៅអ្នកម្ខាងទៀត ដៃទាំងពីរកាន់ណែនជាប់កោដ្ឋធាតុនៅនិងដៃ
– មាលតី! បងធ្លាប់ប្រាប់អូនទេ ការពិតបងក៏ជាអ្នកមានដើមកំណើតរស់នៅទីនេះដែរ។ ប៉ុន្ដែបងខានមកទីនេះយូរដែរហើយ ព្រោះរវល់នឹងការងារអាជីវកម្មខ្លួននៅទីក្រុង មិននឹកស្មានថាអូនក៏ជាអ្នកស្រុកមានកំណើតជាតិដូចបងដែរសោះ! បងនិងអូន ពិតជាគូព្រេង ទេវតាផ្សំផ្គុំមែន
– បងសានីន! នេះខ្ញុំពិតជាមិនដឹងថាបងមានដើមកំណើតរស់នៅទីនេះដែលសោះ! អូនចួបបងដំបូងកាលនៅស្រុកបារាំង ខ្ញុំស្មានតែបងជាអ្នករស់នៅទីនោះឬយ៉ាងហោចណាស់ បងក៏មាន មានសាច់ញាតិខ្សែស្រឡាយមកពីទីក្រុងដែរ…គិតមិនដល់ ស្មានមិនត្រូវថាបងក៏ជាអ្នកមកពីខេត្តនេះសោះ! អូនពិតជាភ្ញាក់ផ្អើលមែនពេលឮបងនិយាយបែបនេះ។
– បងក៏ដូចគ្នា គិតមិនដល់ថាអូនមានស្រុកកំណើតចេញពីស្រុកខេត្តដូចបងសោះ…តែនេះបងពិតជាមិនយល់ថា ហេតុអ្វីអូនមិនព្រមត្រលប់មកប្រទេសយើងវិញ? មកធ្វើការងាររស់នៅទីនេះវិញ? ឬមួយអូនយល់ថាទីនេះ រកចំណូលមិនបានខ្ពស់ដូចស្រុកគេនោះ? អូន ស្រុកខ្មែរឥឡូវមិនដូចពីមុនទេ ប្រាក់ខែបៀវត្សក្រុមហ៊ុនឯកជនផ្ដល់ជូនមិនតិចដូចមុនដែរ…ការពិតបងមិនចង់ឱ្យអូនរស់នៅស្រុកគេតែម្នាក់ឯងបែបនេះទេ…មាលតី អូនឈប់វិលត្រលប់ទៅវិញបានទេ? មករស់នៅទីនេះ សាងគ្រួសារមួយជាមួយបងបានទេ?
ឮ សំនួនវោហារពាក្យពេចន៍ចេញពីមាត់សង្សារខ្លួនបែបនេះ នាងពិតជារំភើបណាស់ ប៉ុន្ដែរឿងរ៉ាវមួយចំនួនដែលនាងបានលាក់ទុកក្នុងដួងចិត្តមិនហ៊ានប្រាប់នរណាម្នាក់ឱ្យដឹង បានផុសលេចចេញក្នុងអារម្មណ៍ ញ័ររំជួយយក្នុងទ្រូងខាងឆ្វេងស្រី
– បងការពិតនោះ…រឿងប្រាក់ខែអីនោះ អូនមិនសូវខ្វល់ពីវាទេ! ខ្លួនអូនតែម្នាក់ឯង ប្រាក់ដែលអូនបានខំរកពីមុន សន្សំទាំងនោះគឺវាគ្រប់គ្រាន់សម្រាប់ជីវិតរស់នៅរបស់អូននៅខាងមុខហើយ…បងក៏ដឹងថា អូនមិនមែនជាអ្នកឡូយឆាយ ចាយវាយមិនចេះគិតនោះទេ។
– បើបែបនេះ ហេតុអ្វីរាល់ពេលដែលបងសុំអូនមករស់នៅស្រុកយើងវិញ អូនតែងតែរកហេតុផលគេចវេស បដិសេធបងបែបនេះនោះ? ឬអូនមានបញ្ហាអ្វី លាក់បាំងក្នុងចិត្តមែនទេ?
ឮសំនួរគេសួរនាងបែបនេះទៀត មាលតី ខាំមាត់សង្កត់ចិត្ត ប្រាប់ខ្លួនឯង វាដល់ពេលដែលនាងតាំងចិត្តក្លាហាន ហ៊ានប្រាប់រឿងក្នុងចិត្តទៅកាន់មនុស្សដែលខ្លួនស្រលាញ់ម្នាក់នោះហើយ…នាងឆ្លើយតបទៅកាន់អ្នកកំលោះ ទាំងញ័រមាត់ទទ្រើក ប្រាប់ពីរបួសក្នុងចិត្តខ្លួន ទៅកាន់គេ
– បង…អូន…អូនស្អប់ជីវិតរស់នៅទីនេះ អូន…មិនចង់រម្លឹកពីអតីតកាលអាក្រក់ទាំងនោះទេ…ស្លាកស្នាមកាលពីអតីតដែលអូនចង់បំភ្លេច ចង់គេចមិនចង់ចួបមនុស្សប្រុសម្នាក់នោះទេ! អូនមិនហ៊ានចង់និយាយចេញមកក្រៅ ប្រាប់ឱ្យបងដឹងនោះទេ អូនខ្លាច…ខ្លាចដែលអូននិយាយចេញមកហើយ បងនឹងស្អប់អូន…ស្អប់ស្រីដែលអាក្រក់ម្នាក់នេះ!
- អូន ហេតុអ្វីអូនគិតបែបនេះ?
– បងដឹងទេ អ្វីដែលអូនស្អប់ អូនខ្លាច មិនចង់ប្រឈមនិងវា អ្វីដែលអូនតែងតែចង់គេចវេស ចៀសមិនចង់ចួប ពេលនេះវាបានសម្រេចសមដូចបំណងហើយ! អូនលែងអាចចួបឃើញមុខគេទៀតទេ ប៉ុន្ដែហេតុអ្វី…ហេតុអ្វីទ្រូងខាងឆ្វេងរបស់អូនឈឺចាប់យ៉ាងនេះ ពេលអូនទទួលបានដំណឹងថ្មីពីរូបគេ បន្ទាប់ពីរយៈពេលជាង១០ឆ្នាំដែលយើងទាំងពីរមិនទាក់ទងនេះ? វាឈឺចុងចាប់ណាស់បង…វាមិនដូចអូនគិតសោះ នេះមិនមែនជាអ្វីដែលខ្លួនអូនចង់បានទេឬ?
– អូន នេះមានរឿងអ្វីកើតឡើង ទើបអូនត្រូវតែគេចពីគេនោះ? ម្នាក់នោះជានរណា អូនប្រាប់បងបានទេ?
– បង…វាជារឿងអតីតកាលពីក្មេងរបស់ខ្ញុំ! ខ្ញុំខ្លាច…ខ្លាចដែលបងដឹងហើយ បងនឹងចាកចេញពីរូបខ្ញុំដូចអ្នកផ្សេងទៀតដែរ
– កុំគិតបែបនេះ អូន! ក្នុងកែវភ្នែករបស់បង អូនបច្ចុប្បន្នឬអតីតកាលក្ដី ម្នាក់ៗសុទ្ធតែជាមនុស្សល្អបំផុត! រឿងអតីតកាលវាជាអតីត បងមិនគិតពីវាទេ អូនកុំខ្វល់ខ្វាយពីរឿងនេះ! មាលតី បងក៏មានរឿងសារភាព ចង់ប្រាប់អូនដូចគ្នា បងក៏មិនខុសពីអូនទេ…កាលពីអតីត បងមិនមែនជាមនុស្សប្រុសល្អភើហ្វិច មានកិត្តិយស មានគេគោរពកោតស្ញប់ស្ញែង ក្នុងកែវភ្នែកអ្នកគ្រប់គ្នាដូចពេលនេះនោះទេ…បងចង់សួរទៅកាន់អូនវិញ បើជាបងវិញ អតីតរបស់បង តើវាសំខាន់សម្រាប់អូនទេ?
– បងសានីន កុំចាំបាច់និយាយមកលួងលោមអូនអី
– បងមិនបាននិយាយបែបនេះ ដើម្បីមកលួងលោមអូនទេ តែនេះវាជារឿងពិត…អូនស្ដាប់ណា កាលពីកុមារភាព បងជាអ្នកក្រីក្រណាស់ គ្មាននរណាម្នាក់មិនស្អប់ក្មេងកំព្រា អនាថាគ្មានម្ដាយឪពុក រស់នៅប្រើជីវិតកណ្ដោចកណ្ដែង ដូចក្មេងអ្នកសុំទាននោះទេ…ឮបែបនេះ អូនស្អប់បងទេ?
– បងសានីន!
– មាលតី បងមានស្លាកស្នាមអតីតកាលឈឺចាប់ជាច្រើន ដែលបងជឿថា វាមិនតិចជាងអូននោះទេ…បងសង្ឃឹមថាអូនក៏ដូចបង ហ៊ានប្រឈមមុខជាមួយវា…ហ៊ានបាត់បង់តែកុំលះបង់ពីក្ដីឈឺចាប់ការតស៊ូទាំងនោះ ព្រោះវានោះហើយដែលធ្វើឱ្យយើងអាចឈរមកដល់ត្រង់នេះ
– បង ដឹងទេ អតីតកាលជារឿងដែលអូនស្អប់ តែអូនមិនអាចកែប្រែវាបាន ចេះតែចង់គេចវេសពីវានោះគឺ…
នាងគគ្រើតធ្មេញ ងើយទៅមើលមេឃដែលអួអាប់ ខ្មួលខ្មាញ់ដោយពពកខ្មៅ ខ្លួនប្រាណញ័រទទ្រើក បែកញើសធំលេចចេញជោកខ្នងនាងមិនដឹងមកពីណា អាការៈនាងពេលនេះមិនខុសពីអ្នកជំងឺtrauma ប្រតិកម្មប៉ះទង្គិចនិងរឿងគ្រោះថ្នាក់អ្វីមួយ ពេលនាងនឹកដល់គ្រាមួយនោះ…គ្រាដែលនាងចង់បំភ្លេច។ អ្នកកំលោះ ឃើញសភាពខុសប្លែកសង្សារខ្លួនបែបនេះ នរៈទាញរាងកាយស្រីមកឱបយ៉ាងយ៉ាងណែន រួចឱនថើបលើថ្ងាសនាង លួចខ្សឹបក្បែរត្រចៀកនាងថា
– កុំខ្លាច មានបងនៅទីនេះហើយ
សំឡេងអ្នកកំលោះប្រៀបដូចជាឱសថទិព្វ រាងកាយស្រីក៏វិលមករកសភាពធម្មតា ផ្ទៃមុខសស្លេកនាង ងើយទៅមើលកែវភ្នែកដ៏ស្រទន់បង្កប់ក្ដីស្រលាញ់ពីអ្នកម្ខាងទៀត ជាកម្លាំងថាមពល ជម្រុញឱ្យនាងហ៊ានហើបមាត់និយាយបន្ដប្រាប់ទៅអ្នកម្ខាងទៀតឱ្យដឹងថា
– អរគុណបងណាស់ដែលតែងតែនៅក្បែរអូន កំដរអូនគ្រប់ពេល…បងសានីន ជាតិនេះអូនសំណាងណាស់ដែលបានចួបបង
– មាលតី! បងទេជាអ្នកសំណាងដែលមានស្រីល្អដូចអូនជាសង្សារ
– បង អូនប្រហែលជាមិនមែនមនុស្សល្អដូចបងសសើរទេ…អូនស្អប់អតីតកាលកាលពីក្មេងរបស់ខ្លួន…អូនស្អប់…អូនស្អប់…ស្ពប់…ស្អប់ពុកខ្លួនឯង!
ឮឃ្លាពាក្យថា «ស្អប់ពុកខ្លួនឯង» ចេញពីមាត់សង្សារខ្លួនបែបនេះ សានីនប្រែទឹកមុខ សម្លឹងទៅកាន់នាង បែបមន្ទិលសង្ស័យ ព្រោះមាលតី នាងមិនមែនជាមនុស្សដែលស្អប់នរណាម្នាក់ ដោយគ្មានហេតុផល ហើយនេះជាពិសេសជាឪពុកបង្កើតខ្លួនបែបនេះទៀត
– បងស្អប់ អូនទេ ដែលខឹងស្អប់ពុកបង្កើតខ្លួនបែបនេះ?
– ហេតុអ្វីអូនស្អប់គាត់?
ឮសំនួរសង្សារខ្លួនសួរបែបនេះ មាលតីនៅស្ងៀមមួយសន្ទុះ ដកដង្ហើមធំ ងើយទៅមើលមេឃខ្មៅងងឹត នឹកគ្រាកម្សត់មួយគ្រានោះ នាងនិយាយដោយសំឡេងត្រជាក់…
– ព្រោះតែគេ ទើបម៉ាក់របស់ខ្ញុំចាកចេញពីផ្ទះ…
និយាយត្រឹមនេះ តំណក់ទឹកភ្លៀងក៏ចាប់ផ្ដើមបង្អុរធ្លាក់ចុះមក មាលតីនិងសានីន ក៏ប្រញាប់ក្រោក រត់រកកន្លែងជ្រកភ្លៀង តូបរោងប្រក់ស្លឹកស័ង្កសីដែលម្ចាស់តូបបានបិទទ្វារទុកចោលថ្ងៃនេះ ក្លាយជាទីបណ្ដោះអាសន្នសម្រាប់គេទាំងពីរ។
អ្នកកំលោះសម្លឹងមើលទៅមុខផែនថ្ពាល់ មុខនាង រូចទាញកូនកន្សែងដែលខ្លួនដាក់ជាប់និងខ្លួន ជូតតំណក់ទឹកសើមនៅជាប់និងមុខសង្សារ…អារម្មណ៍ភ័យខ្លាចញាប់ញ័រក្នុងចិត្ត ក្រោយគេដឹងថាកែវភ្នែកនាង ក្រហម តំណក់ទឹកសើមជាតំណក់ទឹកភ្លៀង លាយជាមួយទឹកភ្នែកដែលកំពុងស្រក់ហូរចុះមក
– មាលតី!
– បងដឹងទេ កាលពី១០ឆ្នាំមុន គ្រួសារខ្ញុំមានជីវភាពយ៉ាប់យ៉ឺនណាស់ ប៉ុន្ដែអ្នកគ្រប់គ្នាតែងតែយល់ថា ពួកយើងរស់នៅមានជីវភាពធូរធារទៅវិញ…ប្រាកដណាស់ មិនខុសទេ បើវាមិនមែនកើតចំខ្លួនឯងនោះ ខ្ញុំក៏យល់ច្រឡំគិតបែបនោះដែរ! នរណាគិតបានទៅថា គ្រួសារតូចមានគ្នាតែ៣នាក់ ម្ដាយឪពុកមានមុខរបរ ធ្វើការងាររដ្ឋទាំងពីរ មានម្ដាយជាគ្រូពេទ្យ មានឪពុកធ្វើដល់ទៅគ្រូគណិតវិទ្យាបង្រៀននៅវិទ្យាល័យ រឿងអីគ្មានចំណូលផ្គត់ផ្គង់គ្រួសារនោះ ប៉ុន្តែវាមិនអ៊ីចឹងទេ តាំងពីខ្ញុំកើតមករហូតដល់ខ្ញុំធំដឹងក្ដីអាយុ១៤ឆ្នាំ ពុកខ្ញុំគ្មានបានផ្ដល់ប្រាក់មួយរៀលជួយគ្រួសារនេះទេ…ប្រាក់ខែគាត់ចាយខ្លួនឯងមិនចង់គ្រប់ផង ចំណូលរ៉ាប់រងបន្ទុកគ្រួសារទាំងមូលធ្លាក់មកជាម្ដាយខ្ញុំជាអ្នកទទួលខុសត្រូវទាំងអស់…នេះបងគិតថា វាជារឿងអស់សំណើចទេ?
ឮពាក្យរៀបរាប់នាងបែបនេះ សានីនជ្រួញចិញើម នៅស្ងៀម មិនតបឆ្លើយទៅកាន់មាលតី រង់ចាំនាងបន្ដប្រាប់ពាក្យដំបៅក្នុងចិត្តបន្ថែមទៀត
– ពុកខ្ញុំគាត់ជាមនុស្សចិត្តបានខ្លាំងណាស់ គាត់ធ្វើបុណ្យ បរិច្ចាគ ផ្ដល់ជំនួយ ស្ទើរគ្រប់យ៉ាងដល់ជនក្រីក្រ កុមារកំព្រា ជនអនាថា ខ្វះខាត ឬតាមអង្គការសប្បុរសធម៌គ្រប់កន្លែង បងដឹងទេ រឿងដែលកាន់តែហួសចិត្តទៀត ប្រាក់ខែគ្រូបង្រៀនរបស់គាត់ពី៨០ទៅ៩០ភាគរយ គាត់ទុកបរិច្ចាគ ចំណាយលើរឿងធ្វើបុណ្យគាត់អស់ហើយ…គាត់គ្មានទុកប្រើសម្រាប់ចំណាយក្នុងគ្រួសារគាត់អីបន្ដិចទេ! ប្រាក់កាក់ គាត់មិនផ្ដល់ឱ្យមកកាន់គ្រួសារនោះក៏ហីចុះ កាន់តែធ្វើជាបន្ទុកទៀតនោះ ការងារក្នុងផ្ទះគាត់មិនចាប់អារម្មណ៍ធ្វើអ្វីសោះ សូម្បីតែពេលវេលាផ្ដល់ឱ្យសមាជិកក្នុងគ្រួសារតូចមួយនេះ ក៏គ្មានផង…គ្រប់ពេលវេលារបស់គាត់ តែងតែចំណាយ គិតតែលើការចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើររៃអង្គាសប្រាក់ ខ្នះខ្នែងជួយតែអ្នកដទៃតែប៉ុណ្ណោះ..អូននៅចាំបានថា កាលនោះ អូនមានអាយុ១៤ឆ្នាំ ម្ដាយទ្រាំលែងបាន គាត់ឈ្លោះជាមួយពុកជាខ្លាំង ព្រោះតែគាត់ទទូចសុំឱ្យគាត់ ទិញសម្លៀកបំពាក់សិស្សវិទ្យាល័យថ្មីឱ្យអូន តែពុកគាត់បដិសេដ ដោយនិយាយខ្លាំងៗថា ខោអាវទាំងនោះ វានៅប្រើបាន ហេតុអ្វីចាំបាច់ត្រូវទិញថ្មីថែមនោះ? នេះសំណាងដែលយើងមានលទ្ធភាព បានចូលរៀន ស្លៀកពាក់ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ អ្នកខ្លះគេក្រខ្សត់នោះ រកតែសម្លៀកបំពាក់ស្លៀកជាប់នឹងខ្លួន គ្មានផង…ទុកលុយទាំងនោះ ទុកបរិច្ចាគជួយអ្នកទាំងនោះ ដែលកំពុងត្រូវការជំនួយយើង មិនល្អទេឬ?
មែនហើយ…ចុងក្រោយម្ដាយអូនឆ្អែតចិត្ត ចុះចាញ់ព្រមទទួលយកអំពើល្អរបស់គាត់ និងពេលនោះជាពេលចុងក្រោយដែលអូនឃើញមុខគាត់…ម្ដាយអូនអូសវ៉ាលីស ចុះចាកចេញពីផ្ទះ លែងចង់រស់នៅជាមួយប្ដីគ្មានទំនួលខុសត្រូវ គ្មានពេលវេលាផ្ដល់ឱ្យគ្រួសារនេះដូចគាត់ទៀតឡើយ តែអូនដឹងក្នុងចិត្តរបស់គាត់ ប្រសិនបើពេលនោះ គេព្រមទៅអង្វរសុំគាត់ត្រលប់មកវិញ ម្ដាយអូនមិនសម្រេចចិត្តលែងលះ ហើយទៅរស់នៅបារាំងតែម្នាក់ឯង លែងមកជាន់ទីនេះទៀតឡើយ…ម្ដាយអូនក្នុងចិត្ត នៅស្រលាញ់ប្រុសម្នាក់នោះ យល់ព្រមទន់ចិត្តតាមគេ ប៉ុន្ដែពេលនោះគ្មានទេ គាត់រវល់ជាប់នៅមន្ទីរពេទ្យ ទៅមើលថែក្មេងចិញ្ចឹមម្នាក់ណាទៅវិញ! គាត់នេះហើយដែលជាមូលហេតុធ្វើឱ្យគ្រួសារនេះបែកបាក់! បើជាបងជារូបខ្ញុំ បងនឹងស្អប់គេទេ?
ស្ដាប់ពីការរៀបរាប់ និងដឹងរឿងបែបនេះហើយ សានីនទាញរាងកាយរបស់ស្រីតូចមកឱបណែន គេមិនដឹងថាគួរប្រើពាក្យអ្វីលួងលោមសង្សារខ្លួនឡើយ ព្រោះខ្លួនជាក្មេងកំព្រា គ្មានម្ដាយឪពុកនិងគេ តាំងពីតូច គេតែងតែលួចច្រណែនទៅនិងក្មេងៗដទៃទៀតដែលមានឪពុកម្ដាយតាមយកចិត្ត ប៉ុន្ដែក្រោយពេលគេដឹងពីរឿងមិត្តស្រីខ្លួនហើយ គេមិនដឹងថាផ្ដល់ចម្លើយបែបណាតបទៅនាងវិញ…បើជាគេ ខ្លួនប្រហែលជាស្អប់ឪពុកម្នាក់នោះដែរទេ? ប៉ុន្ដែនេះចម្លែកណាស់ កាន់តែស្ដាប់ពីរឿងនេះ សានីនកើតកូនចិត្តសង្ស័យ ព្រោះបើគ្មានមនុស្សចិត្តល្អសប្បុរសធម៌បែបនេះទេ ជីវិតគេក៏មិនអាចផ្លាស់ប្ដូរ មានឱកាសរស់នៅបានសុខស្រួលដូចនេះដែរ
– ខ្ញុំធ្លាប់គិតចង់ឈប់រៀន ចាកចេញពីទីនេះ ឈប់ទៅសាលាព្រោះតែខ្មាស់អៀនសិស្សដទៃទៀត ដែលគេចំអកមើលងាយពីសម្លៀកបំពាក់ដែលខ្ញុំស្លៀក ពីកាបូបកញ្ចាស់ខ្ញុំស្ពាយដែលពេញដោយស្នាមប៉ះដេរគ្រប់ពណ៌និងក្រណាត់ផ្សេងៗ…ពេលខ្លះ ខ្ញុំលើកដៃជូតទឹកភ្នែកលួចយំម្នាក់ឯង សម្លឹងមើលទៅគាត់ ដែលកំពុងហុចចែកលុយទៅកុមារកំព្រាអនាថាទាំងនោះ ទាំងដុំៗ ហាក់ធ្វើខ្លួនជាអ្នកមានលុយចាយមិនអស់…បងដឹងទេ ក្នុងចិត្តខ្ញុំពេលនោះ ខ្ញុំខឹងគាត់ណាស់…ហេតុអ្វីគាត់ចិត្តល្អយ៉ាងនេះ? ខំធ្វើបុណ្យ ជួយពួកគេធ្វើអ្វី? ហេតុអ្វី គាត់មិនងាកមើលមកកូនស្រីគាត់ខ្លះ ថានាងចង់បានអ្វី…ត្រូវការអ្វីខ្លះ? នេះគាត់មើលមិនឃើញថា អាវដែលនាងកំពុងស្លៀកពេលនោះ វាមានអាយុកាលជាង៣ឆ្នាំហើយ កាបូបដែលនាងកំពុងស្ពាយក៏ប្រើតាំងពីបឋមសម័យដែរ ហេតុអ្វីគាត់ធ្វើជាមិនដឹងនោះ? ពេលខ្លះខ្ញុំតូចចិត្តខ្លួនឯង សួរមកកាន់ខ្លួនថា នេះខ្ញុំជាកូនស្រីបង្កើតរបស់គាត់ឬទេ? ម៉េចបានជាខ្ញុំយល់ថា គាត់ធ្វើល្អជាមួយអ្នកដទៃខ្លាំងជាងកូនស្រីខ្លួនឯងទៀត ឬខ្ញុំជាកូនស្រីដែលគាត់រើសមកចិញ្ចឹមទេ?
– អូន ពុករបស់អូនមានឈ្មោះអ្វី អាចប្រាប់បងឱ្យដឹងផងបានទេ?
– គាត់ឈ្មោះ…ឈ្មោះ ម៉ាក សុផល
គ្រាន់តែឮឈ្មោះចេញពីមាត់សង្សារខ្លួនភ្លាម សានីនឧទានភ្ញាក់ សម្លឹងមើលមុខនាងភា្លម
– លោកគ្រូសុផល?
– បងស្គាល់គាត់ឬ? ប្រហែលហើយ គាត់ជាគ្រូបង្រៀននៅទៅទីនេះ បើបងរៀននៅទីនេះច្បាស់ជាស្គាល់ ធ្លាប់រៀនជាមួយគាត់ដែរហើយ
– បាទ! មាលតី បងគិត អូនកុំយល់បែបនេះ ការពិតពុកអូនគាត់ជាមនុស្សល្អ..
– អូនគិតមិនខុសទេ បងក៏មិនខុសពីអ្នកដទៃ គ្រប់គ្នាយល់ថា គាត់ជាមនុស្សចិត្តបាន ចិត្តល្អ ធ្វើសប្បុរសធម៌ ជួយសង្គ្រោះអ្នកផ្សេងទៀតដែលខ្វះខាត ពិតជាគំរូប្រពៃដល់សង្គមណាស់ គាត់មិនខុសពីព្រះវេស្សន្តរនោះទេ! ប៉ុន្ដែពួកគេមិនដឹងថា គ្រួសារគាត់ត្រូវរងទុក្ខលំបាកអ្វីខ្លះព្រោះតែរូបគាត់នោះទេ…បើអូនអាចរើសបាន ខ្ញុំមិនចង់មកកើតជាកូនគាត់ឡើយ…គាត់មិនមែនជាឪពុកល្អសម្រាប់ខ្ញុំទេ…
ឃើញសង្សារខ្លួនកំពុងស្រណោះសោកសៅ យល់ឃើញខុសពីឪពុកខ្លួនបែបនេះ សានីន មានអារម្មណ៍ដឹងខុសឡើង ព្រោះបើស្ដាប់គេ ខ្លួនគេក៏មានចំណែកដែលធ្វើឱ្យនាងយល់ឃើញថាគាត់ជាមនុស្សអាក្រក់ដែរ
– មាលតី អូនសម្លឹងមើលទៅភ្នំនាងកង្រី លើផ្ទៃដងទន្លេសាបពីមុន មិនមែនទំនេរស្អាតដូចបច្ចុប្បន្ននេះទេ…នៅលើផ្ទៃដងទន្លេដ៏ធំល្វឹងល្វើយនេះ ពេញដោយកូនផ្ទះលើទូក អណ្ដែតរស់នៅពេញនៅទីនេះ…ពិតណាស់ វាជាសំណង់អនាធិបតេយ្យ ខុសរំលោភច្បាប់ ប៉ុន្ដែអូនដឹងទេ វាជាផ្ទះមួយរបស់បង កាលពី១០ឆ្នាំមុន…
មាលតី ឮសានីនពោលបែបនេះ នាងភ្ញាក់ក្រញាង មិននឹកស្មានថា សង្សារខ្លួនមានប្រវត្តិជូរចត់បែបនេះសោះ
– ជីវិតរស់នៅលើផ្ទៃទឹក កណ្ដោចកណ្ដែង រណ្ដេករណ្ដកតាមរលកជលសាបក់ផាត់ ពិតជាមិនស្រួលនោះទេ ជាពិសេសរដូវវស្សា មេឃភ្លៀងធ្លាក់ចុះបែបនេះទៀត! អូនដឹងទេ ពេលខ្លះ ភ្លៀងម្ដងៗ អ្នករស់នៅលើទូកដូចបង ត្រូវមកអង្គុយហាលភ្លៀង ចុះមកបាចទឹកចេញពីទូក ភ័យខ្លាចទឹកជន់លេចទូក ខ្លួនញាក់ញ័ររងាឃ្លាន ភ័យខ្លាចសំឡេងផ្គររន្ទះ ពេលខ្លះគ្រុនឈឺក្ដៅខ្លួន ហត់លំបាកតែម្នាក់ឯង…ពេលខ្លះលួចយំតូចចិត្តខ្លួនឯង ហេតុអ្វីជីវិតខ្លួនឯងកម្សត់យ៉ាងនេះ? តើនេះប្រឹងរស់នៅដើម្បីអ្វី? ស្លាប់ទៅមិនល្អទេឬ?
អូនដឹងទេ បងពីមុនមិនមែនជាអ្នកស្រលាញ់ការសិក្សាអ្វីនោះទេ មនុស្សរកតែរស់មួយថ្ងៃៗដូចជាបង រឿងអ្វីមកខ្វល់ពីរឿងរៀនសូត្រ កាន់ប៊ិកកាន់សៀវភៅនោះ ប៉ុន្ដែមានមនុស្សម្នាក់ដែលធ្វើឱ្យជីវិតរបស់បងផ្លាស់ប្ដូរ។ អូនដឹងទេថាមនុស្សម្នាក់នោះជានរណា?
មាលតី ងឿងឆ្ងល់ពេលឮសំនួររបស់សានីនសួរមកកាន់នាង…នេះជាលើកដំបូងហើយ ដែលសង្សារខ្លួននិយាយរឿងអតីតកាលប្រាប់មកដល់ខ្លួន…នាងពិតជាមិននឹកស្មានសោះ នាយកសហគ្រិនវ័យក្មេងឆ្នើមប្រចាំឆ្នាំ មានអតីតកាលកម្សត់ លើផ្ទៃជលសាច្រើនដល់ម្លឹង
– គាត់គឺជា…ជាពុករបស់អូន លោកគ្រូ សុផល! បងគ្មានថ្ងៃណាបំភ្លេចឈ្មោះរបស់គាត់ឡើយ
នាងភ្ញាក់ក្រញាង ងើយមុខសម្លក់មើលសានីនដោយខ្សែភ្នែកមុចស្រួច នេះជីវិតមួយនេះដូចក្នុងរឿងកុន មិននឹកស្មានរឿងចៃដន្យបែបនេះកើតលើរូបខ្លួន…វាសនានាងពិតជាកំប្លែងលេងសើចណាស់…កាន់តែស្អប់កាន់តែជាប់ នាងធ្លាប់គិតក្នុងចិត្តខ្លួនឯងថាអ្នកទាំងនោះសុទ្ធតែជាឈ្លើងតោងជញ្ចក់ឈាមពុកខ្លួន ហើយក៏ជាមូលហេតុដែលធ្វើឱ្យគ្រួសារនាងបែកបាក់!
– ជាពុកខ្ញុំ? ហេតុអ្វីជាបង…បងដឹងទេថាខ្ញុំស្អប់ពួកទាំងនោះខ្លាំងកម្រិតណា?
– សូមទោសអូន…បងមិនគិតថាមនុស្សស្រីដែលខ្លួនស្រលាញ់ ជាកូនអ្នកមានគុណរបស់បងទេ! អូន…សម្រួលចិត្តឱ្យត្រជាក់ ស្ងប់អារម្មណ៍ឡើង ចាំស្ដាប់បងបកស្រាយសិន! ពុករបស់អូន…បងចាត់ទុកគាត់ដូចជាឪពុករបស់បងម្នាក់ដែរ…គាត់ប្រៀបបានជាពន្លឺព្រះអាទិត្យថ្មី រះបំភ្លឺលើស្បៃអន្ធិកាលងងឹតដែលគ្មានសង្ឃឹម មើលរកផ្លូវមិនឃើញ…ជីវិតបងមានមកដល់សព្វថ្ងៃនេះ គឺជាឱកាសដែលគាត់បានប្រគល់ឱ្យបង
– មិនអាចទេ ពុកខ្ញុំធ្វើបែបនេះបានដោយរបៀបណា?
មាលតី ឧទានបដិសេធ មិនជឿពាក្យសម្ដីសង្សារខ្លួន
– អូនប្រហែលជាយល់ខុសរឿងខ្លះពីគាត់ ប៉ុន្ដែអូនមិនអាចបដិសេធបានទេថាទឹកចិត្តសប្បុរសធម៌ សេចក្តីល្អដែលគាត់ធ្វើឡើងនោះ មិនមែនជាការសម្តែង ប៉ុន្តែធ្វើចេញពីទឹកចិត្តខាងក្នុងជាមួយសេចក្ដីបរិសុទ្ធ បំណងល្អ…
– បានហើយ អូនមិនជឿពាក្យបងនិយាយទេ គាត់មិនមែនជាព្រះ ហេតុអ្វីគាត់មកតាំងខ្លួនជាព្រះនោះ?
– ព្រោះគាត់ដឹងពីសេចក្ដីត្រូវការរបស់អ្នកក្រដូចជាបង…
សានីន ពោលត្រឹមនេះ គេផ្អាកប្រយោគឃ្លាខ្លួនបន្ដិច ដកដង្ហើមធំ សម្រួលអារម្មណ៍ដែលលេចផុសពីរឿងអតីតកាល ដែលគេមិនខុសពីសង្សារខ្លួន ពេលគេចួបលោកគ្រូ សុផលជាលើកដំបូង…
– មាលតី ពុកអូនធ្លាប់និយាយរឿងប្រវត្តិចាស់របស់គាត់ឱ្យអូនស្ដាប់ទេ?
– ចាស៎…ធ្លាប់!
– បើអ៊ីចឹង អូនក៏អាចដឹងបានខ្លះៗដែរ ឪពុកអូនក៏មានជីវីតជាអ្នករស់នៅពឹងលើដងផ្ទៃជលសា លើទូកប្រក់ស្លឹកតូចមួយកម្សត់ រសាត់អណ្តែតតាមរលក ទម្រាំគាត់មានជីវិតល្អ មានគ្រួសារមួយ គាត់តស៊ូប្រឆាំង រកទុក្ខលំបាកអ្វីខ្លះ…គាត់ធ្លាប់ប្រាប់បងថា លើផ្ទៃជលសា បឹងទន្លេសាបដ៏ធំល្វឹងល្វើយមួយនេះ ស្ទើរតែកន្លះជីវិតរបស់គាត់ហើយ ដែលត្រូវចំណាយនៅទីនេះ។ វាពោរពេញទៅដានអនុស្សារ បទពិសោធន៍ជីវិត ដែលគាត់មិនចង់ឱ្យនរណាម្នាក់ ឆ្លងកាត់ប្រើជីវិតបែបនេះដូចរូបគាត់ទេ…ជីវិតគាត់ផ្លាស់ប្ដូរព្រោះទឹកចិត្តសប្បុរសរបស់ព្រះចៅអធិការ គាត់ក៏តាំងចិត្តធ្វើជាអ្នកផ្លាស់ប្ដូរជីវិតអ្នកដទៃ ជួយគ្រាហ៍ដឹកដៃគេហែលឆ្លងពីជីវិតកម្សត់នោះ ប្រសិនគេហុចដៃសុំជំនួយ…
មាលតីឮហើយរំជួលចិត្ត…ពិតណាស់នាងធ្លាប់ឮពុកខ្លួននិយាយពីរឿងរ៉ាវ ជីវិតលំបាកដែលខ្លួនគាត់ធ្លាប់តស៊ូ លំបាកឆ្លងកាត់ រស់នៅមកពីមុន បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្ដែនាងបានត្រឹមគិតថា ពាក្យសម្ដីទាំងនោះ វាគ្រាន់តែជាលេសដោះសាររបស់គាត់
– អូនប្រហែលជាមិនដឹងទេ ជីវិតអ្នករស់នៅផ្ញើជីវិតលើផ្ទៃជលសាវាត្រូវរងទុក្ខលំបាក ក្រីក្រខ្វះខាតប៉ុណ្ណានោះ ហើយបងជាក្មេងកំព្រារស់នៅតែម្នាក់ឯងទៀត វាពិតជាត្រូវស៊ូទ្រាំខ្លាំងប៉ុណ្ណា ប៉ុន្ដែបងពិតជាអរគុណគាត់ ដែលផ្ដល់ឱកាស ផ្ដល់ជីវិតថ្មីឱ្យបង…គាត់ហុចដៃជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់នេះដែលតែងតែផ្ញើជីវិតនៅមាត់ទ្វារមច្ចុរាជ…
– “…”
– បងតែងតែគិតថាជីវិតខ្លួនពេលនោះ វាខ្មៅងងឹតណាស់…អូនដឹងទេ បងធ្លាប់នៅខាងក្រៅសាលា លួចអើតមើលគេរៀនតាមបង្អួច ឃើញសិស្សគ្រប់គ្នាអង្គុយក្នុងថ្នាក់ កាន់សៀវភៅអាន ឮសំឡេងអ្នកអាន បងច្រណែនអ្នកទាំងនោះណាស់ ទាំងការពិតនោះ ខ្លួនឯងមិនមែនជាអ្នកស្រលាញ់ការអាន ការរៀនសូតនោះទេ បងគ្រាន់តែដឹងថាមានតែការអាន មានចំណេះដឹងក្នុងខ្លួននោះទេ ដែលអាចកែប្រែជោគវាសនាខ្លួនឯងបាន ប៉ុន្ដែតើបងធ្វើយ៉ាងម៉េចទើបអាចមករៀនដូចគេបាននោះ បើពេលនោះខ្លួនឯងគ្មានអ្វីសោះ? កាន់តែអាក្រក់ទៀតនោះ ទូកដែលជាទ្រព្យតែមួយគត់របស់បង ត្រូវបានអជ្ញាធរសមត្ថកិច្ចខេត្តចាប់រឹបអូស ត្រូវបង្ខំឱ្យរើផ្លាស់លំនៅ មិនឱ្យរស់នៅលើផ្ទៃទឹកទន្លេទៀត ព្រោះនេះរំលោភលើដីរដ្ឋ…ជីវិតបងពេលនោះពិតជាអាក្រក់ណាស់!
ឮបែបនេះ មាលតី ស្ងាត់មាត់ជ្រៀប វាពិតជាលំបាកមែនក្នុងជីវិតរបស់សានីន
– ពេលនោះ បងមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ជីវិតអនាថា ដើរគ្មានទិសដៅ មានតែផ្លូវធ្វើជាផ្ទះ រស់នៅមួយពោះរស់មួយថ្ងៃព្រោះតែទឹកចិត្តបុណ្យដែលគេដាក់ទានឱ្យ…ពេលខ្លះ បងក៏ធ្លាប់លួចសួរខ្លួនឯង ហេតុអ្វីប្រឹងរស់នៅធ្វើអ្វីទៀត? រស់នៅបែបនេះ នាំតែធ្ងន់ដល់ពិភពលោកទេ ស្លាប់ទៅវាមិនល្អទេឬ? ប៉ុន្ដែចិត្តមួយបងខ្លាច បងកំសាក បងខ្លាចឈឺ…អរគុណក្ដីខ្លាចដែលធ្វើឱ្យបងអាចបន្ដដង្ហើមរស់មកដល់សព្វថ្ងៃ…ហើយថ្ងៃមួយបងក៏ចួបពុកអូន…អូនដឹងទេ ពេលគាត់ចួបបងដំបូង គាត់ពោលពាក្យអ្វី?
មាលតី នៅស្ងៀមព្រោះមិនដឹងតបចម្លើយទៅកាន់គេបែបណា ព្រោះខ្លួនពិតជាមិនដឹងថាពុកនាងនឹងធ្វើយ៉ាងណា
– អូនដឹងទេ អ្វីដែលគាត់ហុចមកឱ្យបងដំបូងនោះ មិនមែនជាប្រាក់ឬរបស់ញុំាអ្វីនោះទេ គឺជាសៀវភៅសរសេរដៃ រៀនពីមុនៗ…ទោះបីបងមិនធ្លាប់រៀន តែបងឃើញអក្សរដែលសរសេរនៅក្នុងនោះ ស្អាតផ្ចិតផ្ចង់ បងក៏ដឹងដែលថា ម្ចាស់សៀវភៅទាំងនោះ គឺគេយកចិត្តទុកដាក់ក្នុងការសិក្សារបស់ខ្លួនណាស់…ឃើញបងយកចិត្តទុកដាក់បែបនេះ គាត់សួរមកកាន់បងថា “បងស្អប់សៀវភៅសរសេរទាំងនេះទេ?” បងតបទៅវិញថា បងមិនស្អប់ទេ តែមានអារម្មណ៍ថាបងចូលចិត្តអក្សរទាំងនោះទៅវិញ! គាត់សួរបងតទៀតថា “ចង់បានទេ? បើចង់បាន គ្រូឱ្យ” បងតបទៅវិញ មិនបង្អង់យូរ “បាទចង់បាន!”
ឮបែបនេះ បងឃើញគាត់ញញឹមឡើង រួចប្រគល់សៀវភៅសរសេរទាំងនោះមកឱ្យបង រួចនិយាយយ៉ាងស្រទន់មកបងទៀតថា បើបងចង់រៀន គាត់អាចជួយបងបាន! បងដឹងតាំងពីតូចថា បងមិនគួរទាញយកប្រយោជន៍ពីអ្នកដ៏ទៃបានទេ ប៉ុន្តែនៅពេលនោះ បងមិនដឹងថាត្រូវធ្វើយ៉ាងណាពិតមែន…បងសូមទោស បងពិតជាត្រូវការជំនួយឧបត្ថម្ភពីពុករបស់អូនណាស់! បងមានតែតាំងចិត្ត តបស្នងទៅកាន់គាត់វិញខ្លាំងៗប៉ុណ្ណោះ ហើយតាំងចិត្ត ជម្នះខ្លួនឯង ខិតខំប្រឹងប្រែងរៀនសូត្រ តាំងខ្លួនជាមនុស្សល្អ បម្រើជួយសង្គម និងផ្ដល់ឱកាសឱ្យអ្នកដែលត្រូវការជំនួយដូចអ្វីដែលពុកអូនធ្វើចំពោះបងដែរ ព្រោះអ្វីគ្រប់យ៉ាងដែលបងមាននៅពេលនេះ គឺជាការជួយជ្រោមជ្រែងពីពុករបស់អូន…លោកគ្រូម៉ាក សុផល គ្រូម្នាក់ដែលបង្រៀនសិស្សឱ្យស្គាល់តម្លៃជីវិតរស់នៅ។ បងដឹងថារឿងនេះបងក៏មានចំណែកធ្វើឱ្យគ្រួសារអូនបែកបាក់ដែរ តែបងចង់ឱ្យអូនគិតសារថ្មីចំពោះរូបគាត់…បងមិនគិតថាគាត់មិនស្រលាញ់កូនស្រីតែម្នាក់របស់ខ្លួនឡើយ!
ស្ដាប់ពាក្យពន្យល់បរិយាយរបស់សានីនរួចមក មាលតី មានអារម្មណ៍ច្របូកច្របល់នៅក្នុងខ្លួន នាងមិនដឹងថាគួរធ្វើយ៉ាងណា មួយស្របក់ នាងដកដង្ហើម រួចនិយាយដោយសំឡេងស្មើថា
– បងនិយាយបែបហ្នឹង ដើម្បីអ្វីទៅវិញ? អ្នកដែលត្រូវសូមទោសចំពោះខ្ញុំ មិនមែនជាបងទេ ប៉ុន្ដែជាគាត់…គាត់តែម្នាក់គត់ដែលខ្ញុំចង់ឮពាក្យសូមទោសចេញពីមាត់របស់គាត់ ប៉ុន្ដែគ្រប់យ៉ាងវាហួសពេលអស់ទៅហើយ គាត់ចាកចេញពីលោកនេះ បន្សល់ទុកតែធាតុមួយកោដ្ឋតែប៉ុណ្ណោះ…
– មាលតី!
– បានហើយបង ឈប់រម្លឹកពីរឿងគាត់ទៀតទៅ…មិនខុសទេ ប្រហែលខ្ញុំមិនមែនជាកូនស្រីដ៏ល្អ បំពេញកតញ្ញូតាធម៌ជូនដល់គាត់ និងមិនធ្លាប់យល់ពីទឹកចិត្ត ចាប់អារម្មណ៍ពីខ្លួនគាត់កាលពីមុន ប៉ុន្ដែខ្ញុំមិនសោកស្ដាយនូវកំហុសរបស់ខ្លួនទេ ដូចជាគាត់ដែលមិនសោកស្ដាយអំពើរបស់ខ្លួនបានសាងពីមុនមកដែរ!
– មាលតី! អូនកុំធ្វើបែបនេះអី លោកគ្រូ គាត់មិនដែលប្រកាន់យកទោសពៃរ៍ ឬស្អប់អូនដូចដែលអូនកំពុងយល់ទេ! អូនកុំយកសេចក្ដីស្អប់ខឹង មកដុតកម្លោចខ្លួនឯងបែបនេះ
– ទេ បង! ខ្ញុំមិនខឹងស្អប់និងគាត់ទៀតទេ ហេតុអ្វីខ្ញុំត្រូវធ្វើខ្លួនជាមនុស្សសម្អប់ចំពោះអ្នកដែលបានស្លាប់ហើយនោះ?
ឮសំនួនឃ្លាមួយប្រយោគនេះ សានីន ស្ងាត់មាត់ដូចគេចុក…នាយដឹង ចរិតស្រស់ស្រី មិនខុសពីឪពុកនាងឡើយ បើប្រកាន់ថានឹងធ្វើអ្វីត្រូវហើយ គាត់នឹងធ្វើវាដោយមិនរុញរា មិនស្ដាប់ពាក្យនរណានិយាយអ្វីឡើយ គឺចចេស រឹងទទឹងតែម្ដង
– បងសានីន ភ្លៀងក៏ចាប់ផ្ដើមរាំងរួចហើយដែរ រសៀលថ្ងៃជ្រេនឹងរៀបលិច ដល់ពេលដែលយើងត្រូវមកបំពេញបំណងចុងក្រោយរបស់គាត់ដែរ
– បាទ
និយាយរួច សានីននិងមាលតី ដើរទៅរកម្ចាស់ទូកកាណូតដែលចតនៅក្បែរនោះ ជួលគេដែលបើកបរលើផ្ទៃជលសាដងទន្លេបឹងទន្លេសាប នាំធាតុឪពុករបស់ខ្លួនមកបាចនៅទីនេះ
– ពុក នេះជាអ្វីដែលពុកចង់បានឬ ស្លាប់ឆ្ងាយដល់ទីណា ចុងក្រោយត្រូវមកវិលត្រលប់រកទីដែនស្រុកកំណើតខ្លួនវិញ…. បឹងទន្លេសាប ដងទន្លេដ៏ធំល្វឹងល្វើយ សង្ឃឹមអ្នកនឹងក្លាយជាទីកន្លែងចុងក្រោយសម្រាប់ឱ្យគាត់បានសម្រាកនៅសុខស្រួលផង! ជីវិតរបស់គាត់ ហត់នឿយ លំបាកខ្លាំងណាស់ហើយ លើផ្ទៃជលសា ពេញដោយដានអនុស្សារ! ពុក សូមពុកទៅកាន់សុគតិភពចុះ!
មាលតីបើកគម្របកោដ្ឋ ចាប់នាំធាតុដែលដាក់នៅក្នុងនោះ យកមកបាចទៅលើដងមាត់ទឹកទន្លេដែលកំពុងហូរកាត់ ខ្យល់បក់ផាត់ នាំធាតុរសាត់ទៅលើអាកាស ហោះហើរពេញដោយសេរីភាព…នាងឃើញបែបនេះ ទឹកភ្នែកដែលមិនបម្រុងនឹងស្រក់ហូរ ចាប់ផ្ដើមលិចជន់ ហូរកាត់ផែនថ្ពាល់ស្រី…ចុងក្រោយនាងនៅតែស្រក់ទឹកភ្នែក ហូរចុះមកដដែល ព្រោះតែឪពុកសម្ពប់របស់ខ្លួន ប៉ុន្ដែការស្រក់ទឹកភ្នែកលើកនេះ មិនមែនស្រក់ព្រោះតែការខឹងស្អប់នោះទេ ប៉ុន្ដែព្រោះតែចិត្តស្រលាញ់ពីកូនស្រីចំពោះឪពុកម្នាក់៕
ចប់