នៅលើផ្លូវវិលមកស្រុកកំណើត បេះដូងលោតចោលដោយស្ងប់ឈឹងរាប់ពាន់សែនដង្ហើម ក៏គ្មានពាក្យពេចន៍ណាអាចនិយាយចេញមកឱ្យធូរទ្រូងខ្លះបានឡើយ។ ពេលវេលាកន្លងទៅដូចជាផ្សែងស្រអាប់ គ្រប់យ៉ាងលឿនណាស់ នៅសល់តែសំណោកអនុស្សាវរីយ។
ទោះថ្ងៃនោះមិនស្គាល់គ្នា ឬបានជាជ្រុលស្គាល់គ្នា ហេតុអ្វីយើងត្រូវមានលទ្ធផលចុងក្រោយរបៀបនេះ។
ឡានឈ្នួលឈប់តាមការបង្គាប់របស់គេ។
វិសាលចុះជាមួយសាក់កាដូកម្សត់។
វិទ្យាល័យនេតយ៉ង់នៅក្រៀមក្រំឯត្រើយម្ខាង បេះដូងមួយនេះលាន់សូរសំណើចរងំកាលពីពេលក្មេងៗមក។ ពេលជួបមុខគ្នាចុងក្រោយនាប្របមាត់ស្ទឹង នាងពេញទៅដោយទឹកភ្នែក ពាក្យមិនចង់បែក បានក្លាយជាទឹកកករលាយក្រោមកំដៅព្រះទិនករ។
«រឿងយើងចប់ហើយមែនទេ?»
ពាក្យនាងបានសួរចុងក្រោយបង្អស់។
គេមិនអាចសន្យាអ្វីបាន ព្រោះគេគ្មានអ្វីសម្រាប់សន្យា។
សូម្បីស្នាមថើបមួយក៏មិនធ្លាប់មានជាមួយគ្នា ចុះហេតុអ្វីអាចស្រក់ទឹកភ្នែកឱ្យគ្នាបានរាប់ពាន់ខ្សែ?
«វិសាលមែនទេ?វិសាលហើយថាមិនវិសាល!»
បងស្រីលក់ទឹកកកឈូសក៏ចាស់ច្រើនដែរ។ គាត់ញញឹមរត់មករាក់ទាក់។ វិសាលញញឹមដែរតែជាស្នាមញញឹមនៃបេះដូងប្រេះស្រាំខ្ទេច។
«អង្គុយមកសាលអើយ!»
«បាទ!»
គេអង្គុយចុះ។ អតីតកាលរំលេចមកវិញ ទឹកកកមួយកែវពីរនាក់អត់ដាក់គ្រាប់ជី ដាក់សណ្តែកក្រហមឱ្យច្រើនព្រោះគេចូលចិត្ត។
«មកបុណ្យមុនីមែនទេសាល?!»
បងអ្នកលក់សួរមក រំពឹងដែរទេថាបេះដូងមួយនេះត្រូវបានខូចខ្ទេចខ្ទីនឹងអនុស្សារនៅនេតយ៉ង់។ ពន្លឺព្រះអាទិត្យខ្សោយៗ ភ្លៀងស្រោចមករពុយៗ ស្នាមញញឹមដែលបាត់បង់ទៅបណ្តើរៗក្នុងរយៈពេលដប់ឆ្នាំមកនេះ ចិត្តគេស្លាប់ហើយ …..បើទោះបីជាបានរស់ ក៏រស់នៅងងឹតសូន្យឈឹងគ្មានពន្លឺទេ។
«មុនីឈឺអីបង ហេតុអីគេស្លាប់?»
«ឮអ្នកនៅជិតខាងប្រាប់ថាជា រោគស្រី្តឈឺយូរហើយ ! ដែលរឹតតែអនោចអធម៌ ប្តីបានចុះចោល ទុកគ្នាឈឺស្លាប់ម្នាក់ឯង !»
នៅពេលខ្យល់បោកគ្រាប់ភ្លៀងមក រឿងចាស់ៗ ដែលចិត្តមិនព្យាយាមចងចាំទេបែរជារម្លឹកមកវិញព្រោះ
ការភ្លេចមនុស្សម្នាក់ដែលបេះដូងយើងបានចងចាំ គឺពិបាកណាស់។
ងាកទៅម្ខាងកុំឱ្យអ្នកដទៃឃើញទឹកភ្នែកនេះ គេក៏ឃើញដើមជ្រៃក្រឹមចាស់។ រុក្ខានៅអមផ្លូវចូលទៅអនុស្សាវរីយពីកុមារភាព។ មនុស្សពីរនាក់ធំឡើងមកជាមួយគ្នា ហើយក៏ស្រឡាញ់គ្នា។ សម្ព័ន្ធសន្យាមិនបានថ្លាថ្លែងជាសម្តី តែក្រោយមកអ្វីៗក្លាយជារឿងបេះដូងដ៏ជ្រាលជ្រៅ។
«ភ្លៀងហើយ! តោះៗទទូរសិនទៅ!»
«កុំណា៎វិសាល ប្រយ័ត្នទទឹកកម្រាលតុគ្រូទេ!»
«ភ្លៀងអ៊ីចឹងស្មានថាគ្រូមក?»
«ចុះបើគាត់មក!»
«ប្រាប់ថាសាចភ្លៀងត្រូវទៅ!»
«ប៉ិនកុហកម៉្លេះដឹងបាបដែរ?!»
«បាបម៉េចខ្លះ?!»
«បាបឱ្យសាលឯងនៅម្នាក់ឯងអត់ប្រពន្ធមួយជីវិត!»
«អូយយ៉ូយ ភ័យណាស់! ចុះបើចឹងមែន មុនីនេះបានអ្នកណាយក?!»
«អ្នកណាយកអ្ហះ? ស្មានថា គេខ្វះមនុស្សស្រឡាញ់?!»
ផ្លូវឆ្ងាយពីគ្នាឆ្លងកាត់មកជាងបីពាន់រាត្រី គេមិនបានក្បត់ចិត្តនាង តែគ្រួសារនាងមិនត្រូវការមនុស្សក្រគ្មានអ្វីដូចជាគេ ។ ការចាកចេញជាជម្រើសចុងក្រោយ ជាគំនិតដែលចង់ឃើញមនុស្សជាទីស្រឡាញ់មានអនាគតចុះហេតុអ្វីអនាគតទៅជាបែបនេះ។
តើគេអាចនិយាយថាម៉េចបាន?
មានទេវតាទាញពេលវេលាថយក្រោយបានទេ? គាត់នៅឯណា?តួស្រីនៅវិទ្យាល័យនេតយ៉ង់មិនសមមានចុងបញ្ចប់ទៅបែបនេះឡើយ។ ពីមួយឆ្នាំទៅមួយឆ្នាំ ដំណឹងពីបាត់ដំបងតែងតែធ្វើឱ្យបេះដូងគេឈឺស្ពឹក តែគេនៅតែចង់ដឹង។
«សុខទុក្ខអ្នកជាសុខទុក្ខខ្ញុំ ចុះហេតុអ្វីអ្នកចាកចេញទាំងមិនបាននិយាយពាក្យលា? ហេតុអ្វីជីវិតពេលដឹងក្តីក៏ពិបាកខ្លាំងយ៉ាងនេះ?» ខ្ញុំបានសួរខ្លួនឯងទាំងសោកសៅស្តាយពេលកន្លង។
សំឡេងខ្សឹកខ្សួលបានមកពីមនុស្សម្នាក់ដែលនៅក្បែរៗ។ សំណោកនាំគេឱ្យបន្ទាន់ក្រឡេកទៅ។ នាងឈរក្បែរតូបលក់សៀវភៅកំពុងសម្លឹងមកដែរ។ គេខំញញឹម តែញញឹមក៏ញញឹមមិនចេញមានតែដកដង្ហើមធំ។
នាងជូតទឹកភ្នែករួចដើរមកក្បែរ គេក៏លាន់មាត់សួរ៖
«ចិន្តានៅបាត់ដំបងដដែល?!»
«អត់ទេខ្ញុំធ្វើការនៅពោធិ៍សាត់! វិសាលមកដល់យូរនៅ?! គ្នាយើងច្រើនទៀតនៅហូបកាហ្វេជិតបណ្ណាល័យ!»
នាងឈ្មោះចិន្តាជាមិត្តរួមថា្នក់ទី១០ ជាមួយវិសាលនិងមុនី។ នាងជាអ្នកស្រុកគាស់ក្រឡ តែមករៀននៅទីនេះស្នាក់នៅផ្ទះជាមួយមីងក្បែរគ្នាជាមួយផ្ទះមុនីជិតរបងសាលា។
មិនចាំបាច់ប្រាប់ក៏ដឹងថាមិត្តភក្តិចាស់ៗមកបុណ្យមុនីបានណាត់គ្នាមកជុំនៅបណ្ណាល័យ។ ឥឡូវនេះមានកន្លែងលក់កាហ្វេគេមិនដឹងទេ តែពីមុនវាជាកន្លែងផ្តុំសម្រាប់យុវវ័យជុំគ្នានិយាយពីរឿងភាគទូរទស្សន៍និង អាន សៀវភៅរឿងខ្មោចខ្លាចៗជាមួយគ្នា ឬអានចម្រៀងហើយរៀនច្រៀងផង។
«តោះភ្លៀងរាំងហើយ យើងទៅជុំពួកគេទៅ!»
វិសាលបបួលនាង។
ចិន្តារៀបចំកាបូបនិងសម្ភារៈរបស់នាង៖
«ឈប់ៗ ខ្ញុំទិញប្រេងខ្យល់បន្តិច កំពុងចាំគាត់អាប់លុយ!»
គេបានក្រោកឡើងទៅក្បែរដោយទៅឈោងចាប់សៀវភៅមួយពីលើកន្លែងតាំង ដើម្បីបន្លាយពេលរង់ចាំចិន្តា។
សំឡេងពីអតីតកាលលាន់មកក្នុងត្រចៀកគេ។
«សៀវភៅហ្នឹងល្អមើលណាស់ ណ៎ា!» មុនីជាក្មេងស្រីជំទង់ដែលជក់អានសៀវភៅ ណាស់។
នាងតែងណែនាំគ្រប់គ្នាឱ្យអានសៀវភៅ។ នាងមានសំឡេងស្រួយៗ និងរបៀបនិយាយដោយញញឹមញញែម។ កាលដំបូង វិសាលក៏ស្គាល់នាងដោយការមកអានសៀវភៅដែរ។ ដ្បិតតែរៀនជាមួយគ្នា តែប្រុសៗតែងលបមើលសម្រស់នាង គ្មានអ្នកណាហ៊ានចូលនិយាយលេងទេ។
មុនីមានម្រាមដៃស្អាតណាស់ ដូចបន្លាក្រូច។ វិសាលតាមលបសង្កេតពេលនាងកាន់សៀវភៅនិងបើកផ្ទាត់សន្លឹកនីមួយៗ…..
«ធ្លាប់អាន» គេបានសួរមុនីដោយសំឡេងស្រគត់ស្រគំតែបេះដូងលោតព្រោះអៀននិងអំណរ។
«២ដងហើយ!»នាងតបផងញញឹមស្រស់។ វិសាលមិនស្មានថាការនិយាយអំពីប្រធានបទអានសៀវភៅទទួលបានស្នាមសើចដំបូងដ៏អស្ចារ្យនេះពីស្រីស្អាតប្រចាំវិទ្យាល័យទេ។
គេភ្លឹកនឹងការញញឹមនេះ។
«លើកទីមួយខ្ចីគ្រូជីវៈយកមកអាន លើកទីពីរទិញយកទុកអាន!»
គេនៅតែសម្លឹងនាងភ្លឹក ធ្វើឱ្យនាងហាក់ដូចជាដឹងខ្លួនមកវិញហើយបង្ហាញកែវភ្នែកដែលពិតជាអៀនណាស់។ នាងនិយាយបន្ថែម៖
«មិនដែលដឹងសោះថាវិសាលឯងក៏ចូលចិត្តអាន!»
ពេលនោះហើយដែលវិសាលដឹងថាគេមានវាសនាជាងមិត្តរួមថ្នាក់ផ្សេងទៀតដែលបាននាងញញឹមនិងនិយាយរកច្រើនព្រោះតែរឿង«អាន»។
«អឺ តាមពិត មុនីដឹងអត់? ខ្ញុំមិនសូវបានអានច្រើនទេ! តែឮមុនីថាល្អ ខ្ញុំត្រូវតែយកមួយទុកអាន!»
នាងស្រាប់តែលូកដៃមកទាញអាវគេឱ្យថយទៅជាមួយនាងដោយខ្សឹបប្រាប់៖
«មិនបាច់យកទេចាំខ្ញុំឱ្យខ្ចី!»
គេសឹងភាំងដែលមិត្តភាពនេះបានមកជិតស្និទ្ធភ្លាមៗឥតហ៊ានប៉ងទុកមកសោះ ព្រោះតែរឿងសៀវភៅ។
ជាមួយទឹកមុខក្រៀមលង់ក្នុងអតីតកាល សំឡេងចិន្តាខ្សឹបមកតឿន៖
«តោះសាល!»
គេដកអារម្មណ៍ពីការចងចាំវិលមកការពិតវិញ ។ ម្ចាស់ស្នាមញញឹមដំបូងនៅវិទ្យាល័យនេតយ៉ង់លែងមានទៀតហើយ។ ថ្ងៃនេះមិត្តចាស់ៗទាំងអស់មកចូលរួមបុណ្យសពនាង។
គេដាក់សៀវភៅទុកចុះវិញមាត់និយាយទាំងក្រៀមក្រំថា៖
« អូខេ!»
ឃើញនាងងក់ក្បាល ពួកគេដើរទៅបណ្ណាល័យជាមួយគ្នាទាំងទ្រូងធ្ងន់ណាស់ ដូចបានផ្ទុកទៅដោយកំហុសនិងអនុស្សារចាស់ច្រើនពេក។
«បើខ្ញុំមានលទ្ធភាពជាងនេះ គេមិនរៀបការហើយមិនមានលទ្ធផលចុងក្រោយបែបនេះទេដឹង?!»
វិសាលគិតរហូតមកនូវសំណួរមួយនេះសម្រាប់ខ្លួនឯងទាំងដឹងចម្លើយហើយថាវាមិនមែនជាកំហុសរបស់គេទេ។
«សាលឯងធ្វើការងារនៅភ្នំពេញ?»ចិន្តាសួរផងដើរទៅជាមួយគ្នាផង។
«បាទ!ហើយក៏រៀនបន្តដែរនៅពេលយប់!»
«វ៉ាវកូនគេ! ហើយ….រៀនផ្នែកអ្វី? !»
«ធនាគារនិងហិរញ្ញវត្ថុ?»ខាងប្រុសឆ្លើយ។
«ល្អតើ!»
ចិន្តាចាប់ផ្តើមដើរឆ្ពោះទៅជាន់ជណ្តើរសម្រាប់ឡើងបណ្ណាល័យដែលនៅទទឹកខ្លះៗដោយតំណក់ភ្លៀងរលឹមមួយឆាវ។ គេក៏ដើរតាមពីក្រោយនាងយ៉ាងប្រកិតជិត។
«កាលមុនីរៀបការក៏យើងមកជុំគ្នានៅហ្នឹងដែរ!»
សំឡេងបន្លឺមកពីចម្ងាយ ឮមកតាមកម្លាំងខ្យល់បក់។ ស្គាល់ហើយថាជាសំឡេងហេង កូនអ្នកបិទស្រាទំពាំងបាយជូនៅរតនៈមណ្ឌល។ គេនេះកាលពីមុនក៏ល្បីថាតាមស្រឡាញ់មុនីដែរ តែមុនីមិនមានសញ្ញាភ្លើងខៀវឱ្យ។
កាលមុនីរៀបការ វិសាលមិនបានមកចូលរួមទេ។ ម្យ៉ាងរឿងអតីតកាលរវាងគេនិងនាងដែលមិត្តភក្តិវិទ្យាល័យដឹងគ្រប់គ្នា ម្យ៉ាងកាលណោះគេសឹងគ្មានលុយហូបបាយនៅភ្នំពេញផង បានអីមកចងដៃមុនីហើយបានអីឱ្យថ្លៃជិះឡានមកបាត់ដំបង។
«ថ្ងៃនេះមកជុំគ្នាវិញមកបុណ្យឱ្យមុនីសោះ!»
ចិន្តាងាកមកសម្លឹងវិសាលព្រោះទាំងពីរនាក់បានឮសម្តីហេង។ នាងលើកកន្សែងក្រដាស់ជូតទឹកភ្នែក ហើយបន្តដើរចុះជណ្តើរទៅខាងក្រោយបណ្ណាល័យ។ ទីនោះមិត្ត៤នាក់មានប្រុស៣ស្រីម្នាក់អង្គុយនិយាយគ្នាឮៗក្នុងសម្លៀកបំពាក់មកបុណ្យ។
ធម្មតាផ្ទះមុនីនៅក្រោយរបងនេះឯង បើឆ្លងកាត់តាមសាលានិងបណ្ណាល័យនេះគឺហៅថាផ្លូវកាត់ហើយឆាប់ដល់ផ្ទះនាង។
មិត្តៗងាកមកព្រោះឃើញវត្តមានចិន្តានិងវិសាល។ ចំណែកវិសាលរំពៃសម្លឹងរកមើលរោងបុណ្យនៅផ្ទះមនុស្សអតីតទាំងស្រងេះស្រងោច។
«វិសាល!»
មនុស្សម្នាក់ក្នុងចំណោមតុកាហ្វេរត់មកស្វាគមន៍។ វិសាលងាកមកវិញព្រោះស្គាល់និងនឹករលឹកខ្លាំង។
«ម៉ាប់! មកដល់យូរហើយ?!»
គ្រប់គ្នាសម្លឹងមកម៉ាប់ដែលឱបទទួលវិសាល។ ហេងក៏ក្រោកមកដែរ ចំណែកពីរនាក់ទៀតអង្គុយសម្លឹងទាំងញញឹមរាក់ទាក់។
វិសាលរាក់ទាក់មិត្តទាំងអស់ទាំងញញឹមទោះបីបេះដូងកំពុងបែករហែក។
«ពួកឯងទៅមុនទៅ! ចាំយើងនាំវិសាលទៅក្រោយ!»
ម៉ាប់និយាយបណ្តេញពួកគេដូចមានរឿងច្រើនចង់និយាយជាមួយវិសាល។ ចិន្តាដឹងថាហេតុអ្វីដូច្នេះនាងក៏បានទាញមិត្តផ្សេងៗចាកចេញទុកឱ្យម៉ាប់នាំវិសាលចូលអង្គុយ។
« និយាយដោយស្មោះត្រង់ ខ្ញុំមិនដឹងថា ហេតុអ្វីឯងនៅដដែលវិសាល?!»
វិសាលញញឹមសម្លឹងទិដ្ឋភាពនៅទីនេះដោយស្រពោន។
«គ្រប់យ៉ាងនៅទីនេះគ្មានអីប្រែប្រួលទាំងអស់!»
គេនិយាយដោយចង្អុលទៅបន្ទប់មួយដែលមានទ្វារចំហនៅខាងក្រោមសាលអាន។ ទីកន្លែងអនុស្សារនៅក្រោមនោះ បានធ្វើឱ្យម៉ាប់ស្រពោនព្រោះនឹកឃើញ។ បីនាក់គេតែងតែមានវត្តមានឈរលាក់លៀមនៅទីនោះហើយនិយាយបង្អាប់គ្នាទៅវិញទៅមក។ ម៉ាប់តែងធ្វើជាមេអណ្តើកជួយចូកជួយចែវ រឿងរបស់វិសាលនិងមុនីព្រោះវិសាលជាមនុស្សអៀនបំផុតកាលនៅជំទង់។
«អ៊ីចឹងពីនាក់ឯងត្រូវគ្នាព្រោះរឿងអានសៀវភៅ?»
នេះជាពាក្យបង្អាប់ចាស់ៗក្នុងអតីតកាលដែលម៉ាប់តែងតែចំអន់ពួកគេ។
ចំណែកនាងវិញក៏ពូកែសម្តីដែរ៖
«មិនមែនទេខ្ញុំរកស៊ីជួលសៀវភៅ!»
«តែមុនីមិនដែលយកលុយខ្ញុំផង!»
«ឱ្យជំពាក់សិនតើ!»
«តិចយូរពេកច្រើនពេកសងមិនរួចទៅ បានអីសង?!»
«ឯងដណ្តឹងគេធ្វើប្រពន្ធទៅ រួចគ្នា!»ម៉ាប់ជាអ្នកកាត់សេចក្តី។
ដៃម៉ាប់លូកមកកៀកវិសាលបញ្ចប់ការស្រមើស្រមៃទៅរកអតីត។
«ម៉េចយើងមិនទៅជាមួយពួកគេ?»វិសាលសួរស្រងូតស្រងាត់។
«ទៅគង់តែទៅ តែមានរឿងខ្លះ អញចង់និយាយជាមួយវិសាលឯង!»
វិសាលនឹងថារឿងអ្វីហើយ ថែមទាំងដឹងផងដែរថា គ្រប់គ្នាបារម្ភពីផ្លូវចិត្តរបស់គេ។ វិសាលងក់ក្បាលរង់ចាំស្តាប់ ម៉ាប់បែរជាមិននិយាយតែបើកយកអ្វីមួយពីក្នុងសាក់កាដូហុចមកឱ្យ។
វាជាសៀវភៅ…..
បេះដូងហាក់ឈឺឈឹបៗថែមឡើង។
« កុំប្រាប់ថា មានប្តីហើយ គេនៅតែផ្ញើសៀវភៅនេះទុកឱ្យនៅនឹងម៉ាប់?» វិសាលគិតយ៉ាងកម្សត់។
ស្រាប់តែម៉ាប់និយាយប្រាប់៖
«ប្រហែលជាជាងមួយខែមុន ពួកអញមកលេងមុនី! ពេលហ្នឹងគេគេងឈឺហើយ! គេឱ្យសៀវភៅនេះមកហើយផ្តាំថា បើបានទៅភ្នំពេញ ត្រូវយកផ្ញើឯង!»
គេនៅដំអក់សម្លឹងមិនទទួលទេ …..ព្រោះបេះដូងដូចលែងធ្វើចលនា….ដង្ហើមដូចផ្អាក…. សរសៃឈាមដូចកករឹង……ចិត្តដូចស្លាប់បាត់….
«ធ្វើដូចម្តេចដើម្បីចាកចេញពីអតីតកាល!»
វាជាចំណងជើងលើសៀវភៅ។
វិសាលងើបមុខដែលក្រហមទុំសម្លឹងមកម៉ាប់ព្រោះម៉ាប់បានប្រើដៃម្ខាងដែលនៅសល់ ជូតទឹកភ្នែកដក់នៅតាមកន្ទុយភ្នែកសងខាង។
«សំណួរដែលយើងជាច្រើនសួរខ្លួនឯងរាល់ពេលដែលយើងនៅម្នាក់ឯង គឺ ….គេដឹងថា….គេមិនរស់?….ហើយជីវិតគេជួបប្រទះនឹងការឈឺចាប់ក្នុងចិត្ត ត្រូវគេបង្ខំឱ្យរៀបការ ត្រូវអ្នកដែលរៀបការជាប្តីបោះបង់ចោលពេលធ្លាក់ខ្លួនឈឺ តែគេមិនព្រមចាកចេញចោលការឈឺចាប់ពីអតីតកាលទេ គេនៅតែបន្តគិតពីឯង!»
ម៉ាប់ជូតទឹកភ្នែកញាប់ឡើងៗ សៀវភៅនៅតែរក្សាក្នុងដៃគេ។
ឱ្យវិសាលលូកដៃទៅទទួលយកមកដោយរបៀបណា?
ម៉ាប់ដាក់មកលើដៃមិត្ត។ គេគោះស្មាមិត្តដែលឈរធ្មឹងដូចចម្លាក់នាវត្តដំរីស។ ការមានអារម្មណ៍ថា ឈឺចាប់មួយនេះចម្លងមកគ្នាដូចចរន្តអគ្គីសនីមានតែនេតយ៉ង់វិទ្យាល័យដែលបានដឹងរឿងពិតនៃយុវជនយុវនារីប៉ុន្មាននាក់នេះ។ តួស្រីបានផុតរលត់ទៅនៅសល់តែស្លាកស្នាមសម្រស់ក្នុងនាមបុប្ផាវិទ្យាល័យដែលល្បីជាសិស្សពូកែ មានផ្ទះក្រោយសាលារៀន ហើយនាងប៉ិនអានសៀវភៅ។
ម៉ាប់ងាកមុខចេញព្រោះចង់ទប់ទឹកភ្នែកតែដៃនៅកៀកកមិត្ត។
«អាសាលយើងទាំងអស់គ្នាសុទ្ធតែមានបទពិសោធន៍នៃការឈឺចាប់! អ្វីដែលហៅថាជីវិតគឺ បានន័យថាយើងកើតមកសម្រាប់ដោះស្រាយជាមួយនឹងការឈឺចាប់អស់ទាំងនោះ!»
ទឹកភ្នែកអ្នកទទួលសៀវភៅស្រក់មកតក់ៗគ្មានសំឡេងនោះទេ។ ជាសញ្ញាបង្ហាញថា ការជាប់គាំងក្នុងអារម្មណ៍ឈឺចាប់និងការចងចាំកំពុងតែមានអនុភាព។
«គេជាមនុស្សល្អណាស់!……ហេតុអី?»
វិសាលនិយាយអណ្តឺតអណ្តកបន្ថែមទៀតព្រោះមិនអស់ចិត្ត៖
«អញមិនចង់ជឿថា រឿងនេះបានកើតឡើងចំពោះគេទេ! គេនិយាយថា ការនិរាសគ្នាចេញទៅឆ្ងាយបាត់ឱ្យផុត អាចជួយឱ្យគ្រប់គ្នាបានល្អហេតុអីបានជា…..!»
«ឯងមិនភ្លេចគេ គេក៏មិនភ្លេចឯងនេះជាការពិត!»ម៉ាប់និយាយទាំងគោះស្មា។
«ហេតុអី? ហេតុអីគេមិនចេះរស់នៅឱ្យល្អឱ្យសប្បាយចិត្ត?!»វិសាលយំគគ្រូក
«គេជាមនុស្សអភ័ព្វ ជួបតែរឿងមិនល្អ ហេតុអីគេខ្លួនឯងមិនព្រមបំភ្លេចរឿងចាស់ៗ!»
ម៉ាប់ងក់ក្បាលជូតទឹកភ្នែកហើយនិយាយ៖
«ប្រហែលមកពី…..រឿងចាស់នៅនេតយ៉ង់ ជារឿងល្អតែមួយគត់ដែលគេមានក្នុងជីវិតរបស់គេ…..បានជាគេមិនដាច់ចិត្តបំភ្លេចចោល!»
វិសាលទ្រហោយំ។
ខ្ញុំទើបតែសរសេរដំបូងសូមជួយឱ្យយោបល់ផងថាអ្នកចង់បានភាគបន្តទៀតដែរឬទេ?